ថ្ងៃចន្ទ-អាទិត្យទី០៤-បុណ្យចម្លង
អាទិត្យទី 0៤ នៃបុណ្យចម្លង
ថ្ងៃចន្ទ
ពណ៌ស
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១១,១-១៨
ក្រុមគ្រីស្តទូត និងបងប្អូននៅស្រុកយូដាឮដំណឹងថា សាសន៍ដទៃក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ កាលលោកសិលាឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដានាំគ្នារិះគន់លោកថា៖ «លោកបានចូលក្នុងផ្ទះសាសន៍ដទៃ ហើយលោកក៏បានបរិភោគជាមួយពួកគេថែមទៀតផង!» ។
លោកសិលារៀបរាប់ប្រាប់គេតាមលំដាប់លំដោយថា៖ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិដ្ឋាន ខ្ញុំលង់ស្មារតីនិមិត្តឃើញវត្ថុម្យ៉ាង ដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុងចុះពីលើមកដល់ខ្ញុំ។ ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ខ្ញុំក៏ឮព្រះសូរសៀងមួយបញ្ជាមកខ្ញុំថា៖ “សិលាអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!” ។ ប៉ុន្តែខ្ញុំទូលទៅវិញថា៖ “ទេ! បពិត្រព្រះអម្ចាស់! ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬអាហារមិនបរិសុទ្ធទាល់តែសោះ” ។ ព្រះសូរសៀងនោះ ក៏បន្លឺចុះពីលើមេឃមកជាលើកទីពីរថា៖ “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឱ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!” ។ ហេតុការណ៍នេះកើតមានឡើងដល់ទៅបីដងទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ នៅពេលនោះ ស្រាប់តែមានបុរសបីនាក់ដែលគេចាត់ពីក្រុងសេសារេឱ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ ។ ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឱ្យចេញដំណើរទៅជាមួយគេកុំរារែកឡើយ។ ពេលនោះមានបងប្អូនប្រាំមួយនាក់ជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកគ័រនេល្យូស។ លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវទូតមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថា៖ “សុំលោកចាត់មនុស្សឱ្យទៅក្រុងយ៉ុបប៉េ រកមនុស្សម្នាក់ឈ្មោះស៊ីម៉ូនហៅ “សិលា”។ គាត់នឹងប្រកាសព្រះបន្ទូលដែលផ្តល់ការសង្គ្រោះឱ្យលោក និងក្រុមគ្រួសាររបស់លោកទាំងមូល”។ នៅពេលខ្ញុំចាប់ផ្តើមនិយាយស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គយាងចុះមកសណ្ឋិតលើយើងកាលពីដើមដំបូងនោះដែរ។ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះ អម្ចាស់ថា៖ “លោកយ៉ូហានបានធ្វើពិធីជ្រមុជឱ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គបានប្រទានមកយើងដែលជឿលើព្រះអម្ចាស់យេស៊ូគ្រីស្តដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងទៅឃាត់ឃាំងព្រះជាម្ចាស់បាន?»។ កាលក្រុមអ្នកជឿបានឮសេចក្តីទាំងនេះគេធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏ព្រះជាម្ចាស់បានប្រោសប្រទានឱ្យគេកែប្រែចិត្តគំនិតដើម្បីទទួលជីវិតដែរ!»។
ទំនុកតម្កើងលេខ ៤២, ២-៣ បទកាកគតិ
២ | បពិត្រព្រះម្ចាស់ | ខ្ញុំប្រាថ្នាណាស់ | ចង់នៅជាមួយ |
គិតដេកមិនលក់ | យប់នឹកថ្ងៃព្រួយ | ចង់នៅជាមួយ | |
ដូចក្តាន់រកទឹក | ។ | ||
៣ | ខ្ញុំស្រេកខ្ញុំឃ្លាន | ព្រះម្ចាស់ក៏មាន | បារមីមានឫទ្ធិ |
ព្រះជន្មគង់នៅ | ស្ថិតស្ថេរពិតៗ | ខ្ញុំចង់នៅជិត | |
ព្រះភ័ក្រ្តព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៤៣, ៣-៤ បទពាក្យ ៧
៣ | សូមផ្តល់ពន្លឺនិងក្តីពិត | ឱ្យនៅស្ថេរស្ថិតហើយតម្រង់ | |
ទៅភ្នំវិសុទ្ធដ៏ផូរផង់ | ដំណាក់ព្រះអង្គសមសព្វគ្រប់ | ។ | |
៤ | ខ្ញុំនឹងឆ្ពោះទៅទីអាសនៈ | ព្រះអង្គឥតអាក់ជាប្រភព | |
នៃក្តីអំណរដ៏លើសលប់ | តម្កើងមិនឈប់ដោយតន្រ្តី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ប្រសើរ។ ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀមរបស់ព្រះអង្គក៏ស្គាល់ព្រះអង្គដែរ។
ព្រះអង្គក៏បានស៊ូប្តូរព្រះជន្មសម្រាប់ចៀមទាំងនោះ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,១-១០
ព្រះយេស៊ូមានព្រះបន្ទូលមកកាន់ពួកផារីស៊ីថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ រីឯអ្នកដែលចូលតាមទ្វារ ពិតជាគង្វាលរបស់ចៀម។ ឆ្មាំទ្វារ បើកទ្វារឱ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្តាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះវារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឱ្យគេស្តាប់ ប៉ុន្តែគេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។ ព្រះយេស៊ូមានព្រះ បន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារសម្រាប់ឱ្យចៀមចេញចូល។ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួច ចោរប្លន់ទាំងអស់ ចៀមមិនបានស្តាប់សំឡេងអ្នកទាំងនោះឡើយ។ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារថែមទៀតផង។ ចោរវាមក គិតតែពីលួចប្លន់ គិតតែ ពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌»។