ថ្ងៃសុក្រ-អាទិត្យទី០៦-បុណ្យចម្លង

អាទិត្យទី០៦ នៃបុណ្យចម្លង
ថ្ងៃសុក្រ​
ពណ៌ស

ឬសន្តអូគូស្តាំង នៅកាន់បេរីជាអភិបាលព្រះសហគមន៍

នៅឆ្នាំ ៥៩៦ សម្តេចប៉ាបក្រេក័រដ៏ប្រសើរឧត្តម ចាត់លោកអូគូស្តាំង​ ឱ្យនាំដំណឹងល្អទៅស្រុកអង់គ្លេស ដោយមានបព្វជិត ៤០ នាក់ទៅជាមួយផង។ លុះដល់ស្រុកនោះ ស្តេចអង់គ្លេសប្រែចិត្តគំនិតជឿព្រះយេស៊ូ ហើយនាំប្រជាជនទាំងមូលឱ្យជឿដែរ។ លោកយកចិត្តទុកដាក់អនុវត្តន៍តាមគោការណ៍ដែលសម្តេចប៉ាបក្រេករ័បានផ្តែផ្តាំលោកមុនពេលចេញដំណើរ គឺលោកមិនបំផ្លាញសាសនារបស់អ្នកស្រុកទេ ផ្ទុយទៅវិញ លោកយកប្រពៃណីស្រុកគេមកកែទម្រង់ឱ្យបានស្របនឹងជំនឿនៃគ្រីស្តសាសនា។ លោកទទួលមុខងារជាអភិបាលព្រះសកហគ​មន៍នៅក្រុងកាន់បេរី។ លោកទទួលមរណទុក្ខនៅឆ្នាំ ៦០៥។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៨,៩-១៨

នៅក្រុងកូរិនថូស យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី! ត្រូវ​និយាយ​តទៅទៀតទៅ កុំនៅស្ងៀមឡើយ! ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ! ពុំមាននរណា​អាចធ្វើ​បាប​អ្នកបាន​ទេ​ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើន ជាប្រជារាស្រ្តរបស់យើង»។ លោកប៉ូលស្នាក់នៅក្រុងកូរិនថូសអស់រយៈមួយ​ឆ្នាំ​​ប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
នៅគ្រាដែលលោកកៃលីយ៉ូន កាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូមុំាងនៅស្រុកអាខៃ សាសន៍​យូ​ដា​ស​មគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់​ក្តីទាំង​ចោទ​ថា៖ ​«ជន​នេះ​បញ្ចុះបញ្ចូល​មនុស្ស​ម្នាឱ្យគោរពថ្វាយបង្គំព្រះជាម្ចាស់តាម របៀបមួយខុសច្បាប់»។ ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោក​កៃ​លី​យ៉ូនមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជន ជាតិយូដាអើយ! ប្រសិនបើរឿង​នេះទាក់​ទង​នឹង​បទឧក្រិដ្ឋ ឬ​បទ​​​ល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្តាប់អ្នករាល់គ្នាមិនខាន។ ប៉ុន្តែ បើជារឿងជជែកវែកញែក ស្តីអំពី​ពាក្យ​ពេច​ន៍ អំ​ពីឈ្មោះ ឬអំពីធម្មវិន័យរបស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនព្រមកាត់ក្តីឱ្យអ្នក​រាល់​គ្នាអំ​ពីរឿង​នេះឡើយ»។ លោកក៏ដេញពួកគេចេញពីសាលាកាត់ក្តី។ ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នក​ទទួល​ខុសត្រូវលើធម្មសាលាមកវាយនៅមុខសាលាកាត់ក្តី តែលោកកៃលីយ៉ូនមិនអើពើទេ។
លោកប៉ូលស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកជម្រាបលាក្រុមបងប្អូនចុះសំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយមាននាងព្រីស៊ីឡា និងលោកអគីឡាស ជូនដំណើរទៅជាមួយដែរ។ លោកកោរសក់លា​បំណន់​នៅ​កំ​ពង់ផែសង់ក្រេ។

ទំនុកតម្កើងលេខ ៤៧ (៤៦), ២-៧ បទកាកគតិ

ឱ!ជនទាំងឡាយចូរអរសប្បាយទះដៃអបអរ
ច្រៀងលើកតម្កើងព្រះម្ចាស់បវរទទួលអំណរ
ដោយចិត្តរីករាយ
ដ្បិតព្រះអម្ចាស់ព្រះខ្ពង់ខ្ពស់ណាស់គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គជាមហាក្សត្រថ្លៃឧត្តមប្រពៃ
លើដីទាំងអស់
ព្រះអង្គបង្រ្កាបគ្រប់ជាតិឱ្យរាបមកជាចំណុះ
មិនឱ្យរួចខ្លួនជាតិណាមួយសោះស្ម័គ្រចិត្តស្រួលស្រុះ
ក្រោមអំណាចយើង
ព្រះអង្គជ្រើសរើសទឹកដីគ្រប់ទិសជាមរតកថ្កើង
ឱ្យយើងខ្ពស់មុខគ្មានអ្វីកើតឡើងវិសេសរុងរឿង
យ៉ាកុបល្អឯក
ព្រះអម្ចាស់យាងឡើងក្រោមសូរសៀងខ្ញៀវខ្ញាអនេក
ទ្រង់យាងទៅខ្ពស់ឥតមានរារែកអមដោយសម្រែក
សូរត្រែតន្រ្តី
ចូរយើងនាំគ្នារូតរះម្នីម្នាថ្វាយពរសិរី
ព្រះជាអម្ចាស់រុងរឿងពេកក្រៃស្មូតលាយតន្រ្តី
ថ្វាយព្រះនៃយើង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២៤,៤៦.២៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តត្រូវតែរងទុក្ខលំបាក ហើយមានព្រះជន្មថ្មី ដើម្បី​នឹង​ចូល​ទៅ​ទទួល​សិរីរុង​រឿង​របស់​ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,២០-២៣

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សាវ័ក​ថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្ស​លោក​នឹង​អរ​សប្បាយ។ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ពេល​ស្ត្រី​ម្នាក់ហៀបនឹងឆ្លងទន្លេ នាងតែងព្រួយចិត្ត ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់​នាង​សម្រាល​កូន​រួច​ហើ​យ នា​ងភ្លេចការឈឺចាប់ទាំងប៉ុន្មាន នាងក៏សប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ អ្នករាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវនេះអ្នករាល់គ្នាព្រួយចិត្ត។ ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយ​គ្មាន​​​នរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ។ នៅពេលនោះ អ្នករាល់គ្នាលែង​សួរអ្វី​ពី​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែល​អ្នករាល់គ្នា​ទូល​សុំព្រះ​បិតាក្នុងនាម​ខ្ញុំ ព្រះអង្គ​មុខជា​នឹង​ប្រ​ទាន​ឱ្យអ្នករាល់គ្នាជាមិនខាន»។

293 Views