ថ្ងៃព្រហស្បតិ៍-អាទិត្យទី០៧-បុណ្យចម្លង

អាទិត្យទី ០៧ នៃបុណ្យចម្លង
ថ្ងៃព្រហស្បត្ដិ៍
ពណ៌ស

ឬសន្តម៉ាសេឡាំង
និងសន្តសិលា ជាមរណសាក្សី

​លោកម៉ាសេឡាំង និងលោកសិលា ជាគ្រីស្តបរិស័ទជាតិរ៉ូម៉ាំង។ លោកម៉ាសេឡាំងជាបូជាចារ្យ រីឯលោកសិលាជាឧបដ្ឋាក។ ព្រះចៅឌីយ៉ូក្លេស៊ីយាំង បញ្ជាឱ្យគេកាត់កលោកទាំងពីរ ព្រោះលោកទាំ​ងពីរមិនព្រមលះបង់ជំនឿរបស់ខ្លួន។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២២,៣០;២៣,៦-១១

ជនជាតិយូដាចាប់លោកប៉ូលបញ្ជូនទៅនាយទាហានរ៉ូមុំាង។ នៅថ្ងៃបន្ទាប់ ដោយលោក​មេ​បញ្ជា​ការ​ ចង់​ដឹង​ច្បាស់​នូវមូលហេតុដែលនាំឱ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឱ្យគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាឱ្យពួកមហាបូជាចារ្យ និងក្រុមប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​ជួប​ជុំ​គ្នា ហើយឱ្យនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គ​ប្រជុំមាន​មួយផ្នែក​ជា​អ្នក​ខាងគណៈសាឌូស៊ី និងមួយផ្នែកទៀតខាងគណៈផារីស៊ី លោកមានប្រសាសន៍ខ្លាំងៗនៅកណ្តាលក្រុមប្រឹក្សាជាន់​ខ្ពស់​ថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារីស៊ី ឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំ​មកកាត់​ទោស​ ព្រោះ​តែ​សេចក្តីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាង​គណៈ​ផារីស៊ី និងពួកខាងគណៈសាឌូស៊ីឈ្លោះប្រកែកគ្នា ធ្វើឱ្យអង្គប្រជុំបាក់បែក។ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្ស​ស្លាប់​រស់​ឡើងវិញ និងពុំជឿថាមានទេវទូត ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹង​អឺងអាប់ ហើយធម្មាចារ្យខ្លះពី​ខាងគណៈផារីស៊ី​ ក្រោក​ឡើង​ប្រកែក​តវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវទូត​ណាមួយ​បាននិយាយ​មក​កាន់​គាត់ទេមើលទៅ»។ លោកមេបញ្ជាការឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ក៏បញ្ជាឱ្យ​កង​ទា​ហានចុះមកនាំលោកប៉ូលចេញពីកណ្តាលចំណោមពួកគេចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាច​គេហែក​ហួរសម្លាប់​លោក​។
នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល ហើយមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវ​តែ​ផ្តល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្តល់សក្ខីភាពអំពីយើងនៅក្រុងយេរូសាឡឹមនេះដែរ»។

ទំនុកតម្កើងលេខ ១៦(១៥),១.៥.៧-១១ បទពាក្យ ៧

ឱ!ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំសុំឱ្យសុខសាន
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
បពិត្រព្រះអម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយដោយសុខសាន្តហើយផុតកង្វល់
១០ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំឱ្យរងទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល់សពបម្រើផ្ទាល់ស្អុយរលួយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្ដាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ប្រសិនបើយើងស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់ យើងក៏ស្ថិតនៅជាប់នឹងព្រះជាម្ចាស់ដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,២០-២៦

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ទូលបង្គំមិនអង្វរព្រះអង្គឱ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឱ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នក ទាំងនេះថ្លែងប្រាប់ផងដែរ សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះ​អង្គ​ស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឱ្យគេរួម​គ្នាជាអង្គតែមួយ​នៅក្នុង​យើង​យ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមក​មែន​។ រីឯសិរីរុង​រឿង​ដែលព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំបានប្រគល់ឱ្យទៅគេហើយ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ ​គឺឱ្យ​ទូល​បង្គំ​នៅក្នុងគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន។ ដូច្នេះ មនុស្សលោក​ទទួល​ស្គាល់​ថា​ ព្រះអង្គបានចាត់ទូលបង្គំឱ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ឱព្រះបិតាអើយ! ទូលបង្គំចង់ឱ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំបាននៅជាមួយទូលបង្គំ ឯ​កន្លែង​ដែលទូលបង្គំនៅនោះដែរ ដើម្បី​ឱ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះ​អង្គបាន​ស្រឡាញ់ទូលបង្គំតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ។ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់​ព្រះ​អង្គ​ទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបាន​ចាត់​ទូល​បង្គំឱ្យមក​មែន។ ទូលបង្គំបានសម្តែងព្រះនាមព្រះអង្គឱ្យគេស្គាល់ ហើយទូលបង្គំនឹងសម្តែងឱ្យគេរឹតតែស្គាល់ថែមទៀត ដើម្បី​ឱ្យ​សេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។

249 Views