ថ្ងៃចន្ទ-អាទិត្យទី០២-នៃបុណ្យចម្លង
អត្ថបទព្រះគម្ពីរ
ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២
សប្តាហ៍នៃព្រះហឫទ័យមេត្តាករុណា
ពណ៌ក្រហម
បុណ្យគោរព
សន្ដម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
លោកយ៉ូហាន-ម៉ាកុស ពុំមែនជាគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្តទេ តែលោកបានប្រកាសដំណឹងល្អអំពីព្រះយេស៊ូរួមជាមួយគ្រីស្តទូតប៉ូល និងគ្រីស្ដទូតសិលា។ លោកនិពន្ធគម្ពីរដំណឹងល្អមួយកណ្ឌមុនគេ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,១២-១៦
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ។ ចូរទាក់ទងគ្នាទៅវិញទៅមកដោយសុភាពរាបសា ដ្បិត «ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។ ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។ ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងបងប្អូន។ ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារជាសត្រូវនឹងបងប្អូនកំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹមរកត្របាក់ស៊ីអ្នកណាម្នាក់។ ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។ បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូនឱ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រីស្ត ព្រះអង្គនឹងលើកបងប្អូនឱ្យមានជំហរឡើងវិញ ប្រទានឱ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឱ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។ សូមឱ្យព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ានជាអ្នកស្មោះត្រង់បានជួយ ដើម្បីលើកទឹកចិត្តបងប្អូន និងបញ្ជាក់ប្រាប់បងប្អូនថា បងប្អូនពិតជាស្ថិតនៅជាប់នឹងព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់មែន។ ព្រះសហគមន៍នៅក្រុងបាប៊ីឡូនសូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុស ជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។ សូមឱ្យបងប្អូនទាំងអស់ដែលរួមរស់នឹងព្រះគ្រីស្តបានប្រកបដោយសេចក្ដីសុខសាន្ត។
ទំនុកតម្កើងលេខ ៨៩ (៨៨),២-៣.៦-៧.១៦-១៧ បទកាកគតិ
២ | ឱ! ព្រះជាម្ចាស់ | ខ្ញុំមិនគេចប្រាស | នឹងច្រៀងតម្កើង |
បង្គំព្រះអង្គ | ព្រះទ័យខ្ពស់ថ្កើង | អស់កល្បយូរលង់ | |
អង្វែងតទៅ ។ | |||
៣ | ខ្ញុំប្រកាសថា | ព្រះទ័យមេត្តា | ករុណាត្រឹមត្រូវ |
របស់ព្រះអង្គ | ស្ថិតស្ថេរគង់នៅ | មាំមិនអាស្រូវ | |
ដូចផ្ទៃមេឃា ។ | |||
៦ | ឱព្រះម្ចាស់អើយ | ទេវតានេះហើយ | សរសើររៀងរាប់ |
ពីស្នាព្រះហស្ត | អស្ចារ្យគួរគាប់ | ច្រៀងកោតមិនឈប់ | |
ពីព្រះទ័យស្ម័គ្រ ។ | |||
៧ | នៅស្ថានសួគ៌ា | ឥតមាននរណា | ស្មើរព្រះអង្គជាក់ |
ពពួកទេវតា | ក៏មិនមានអ្នក | ឱ្យបានដូចព្រះ | |
អម្ចាស់នោះទេ ។ | |||
១៦ | បពិត្រព្រះម្ចាស់ | ប្រជាអរណាស់ | រស់ក្រោមចេស្តា |
ពន្លឺសប្បុរស | សន្តោសករុណា | រាស្រ្តផុតទុក្ខា | |
មានសុខមង្គល ។ | |||
១៧ | គេនឹងសប្បាយ | រីករាយរាល់ថ្ងៃ | ដោយស្មោះទទួល |
ព្រះនាមព្រះអង្គ | ឥតមានប្រែប្រួល | ខ្ពស់មុខសុខស្រួល | |
ឥតមានសៅហ្មង ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ករ ១,២៣-២៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តដែលសោយទីវង្គតតនៅលើឈើឆ្កាងពិតជាឫទ្ធានុភាព និងព្រះប្រាជ្ញាញាញរបស់ព្រះជាម្ចាស់មែន។
យើងប្រកាសដំណឹងអំពីព្រះគ្រីស្តបែបនេះ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១៦,១៥-២០
ព្រះយេស៊ូដែលទទួលព្រជន្មដ៏រុងរឿងមានព្រះបន្ទូលទៅកាន់សាវ័កថា៖ “ចូរនាំគ្នាទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពីធីជ្រមុជទឹកព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ឬផឹកអ្វីដែលមានជាតិពុល ក៏គេមិនមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ”។ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខឱ្យគង់នៅខាងស្តាំព្រះអង្គ។ ក្រុមសាវ័កនាំគ្នាទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្តែងទីសម្កាល់ផ្សេងៗជាប់ជាមួយផង។