ថ្ងៃព្រហស្បតិ៍-អាទិត្យទី០២-នៃបុណ្យចម្លង
អត្ថបទព្រះគម្ពីរ
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២
សប្តាហ៍នៃព្រះហឫទ័យមេត្តាករុណា
ពណ៌ស
រដូវបុណ្យចម្លង
ឬសន្ដសិលា សាណែល ឬសន្ដល្វីស ម៉ារី ហ្រ្គីនៀន ជាបូជាចារ្យ
លោកសិលា សាណែល (១៨០៣-១៨៤១) កើតនៅប្រទេសបារាំង។ លោកធ្វើជាសាសនទូតនៅកោះហ្វ័រទូណា។ ដោយឃើញមានអ្នកស្រុកជាច្រើនជឿលើព្រះគ្រីស្ត អ្នកាន់រដ្ឋអំណាចច្រណែនហើយប្រហារជីវិតលោក។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,២៧-៣៣
នៅគ្រានោះមេកងរក្សាព្រះវិហារ នាំក្រុមគ្រីស្តទូតមកឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ លោកមហាបូជាចារ្យសួរក្រុមគ្រីស្តទូតថា៖ «យើងបានហាមប្រាមអ្នករាល់គ្នាមិនឱ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះអ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង!»។
លោកសិលា និងគ្រីស្តទូតឯទៀតៗឆ្លើយឡើងថា៖«យើងខ្ញុំត្រូវស្តាប់បង្គាប់ព្រះជាម្ចាស់ ជាជាងស្តាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះឱ្យភ្ញាក់ឡើងវិញ។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីឱ្យប្រជាជនអ៊ីស្រាអែលកែប្រែចិត្តគំនិត និងលើកលែងទោសឱ្យរួចពីបាប។ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។ កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេហួសចិត្ត ហើយចង់សម្លាប់ក្រុមគ្រីស្តទូតថែមទៀតផង។
ទំនុកតម្កើងលេខ ៣៤ (៣៣) ,២.៩.១៧-២០ បទកាកគតិ
២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
ឈប់ឈរសោះឡើយ ។ | |||
៩ | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ |
ទ្រង់មានមេត្តា | សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី | |
មានជ័យមង្គល ។ | |||
១៧ | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា |
នឹងមនុស្សអាក្រក់ | ទុច្ចរិតពាលា | កុំមាននរណា | |
នឹកនាដល់ឡើយ ។ | |||
១៨ | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្តើយ |
ព្រះអង្គសណ្តាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ | |
ផុតគ្រោះទាំងឡាយ ។ | |||
១៩ | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ |
ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ | |
ផុតទុក្ខរីងរៃ ។ | |||
២០ | មនុស្សសុចរិត | រមែងជួបពិត | ទុក្ខលំបាកក្រៃ |
ប៉ុន្តែព្រះម្ចាស់ | តែងជួយលកលៃ | រំដោះផុតភ័យ | |
បានសុខគ្រប់គ្រា ។ |
អបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៥; ៥,១
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះពិតជាកើតមកពីព្រះជាម្ចាស់មែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,៣១-៣៦
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍ នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់ ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីទាំងអស់ដែលទ្រង់បានឃើញ និងបានឮ ប៉ុន្តែគ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបញ្ជាក់ថា ព្រះជាម្ចាស់បានសម្តែងសេចក្តីពិតមែន ដ្បិតព្រះអង្គដែលព្រះជាម្ចាស់ចាត់ឱ្យយាងមកថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពីព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៍។ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឱ្យនៅក្រោមអំណាចរបស់ព្រះបុ្រតា។ អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រាទេ អ្នកនោះនឹងមិនទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។