ថ្ងៃសៅរ៍ ទី០១ សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត

អត្ថបទព្រះគម្ពីរ
ថ្ងៃសៅរ៍ ទី០១ ខែមករា

សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
ពណ៌ស
បុណ្យឱឡារិក

បុណ្យគោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់

ព្រះនាងម៉ារីជាមនុស្សធម្មតា មានសាច់មានឈាមដូចយើងទាំងអស់គ្នាដែរ។ តែព្រះជាម្ចាស់បានជ្រើសរើសព្រះនាង និងតែងតាំងព្រះនាងឱ្យធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្។ ព្រះនាងម៉ារីបានប្រសូតបុត្រមួយ ហើយបុត្រនេះជាព្រះជាម្ចាស់។ នេះជាហេតុដែលគ្រីស្តបរិស័ទពីដើម តែងតែហៅព្រះនាងម៉ារីថា “ព្រះមាតារបស់ព្រះជាម្ចាស់” ដើម្បីបញ្ជាក់ថាព្រះយេស៊ូពិតជាព្រះជាម្ចាស់ផង និងពិតជាមនុស្សផង។ ការណ៍នេះអស្ចារ្យហួសនិស្ស័យដែលប្រាជ្ញាមនុស្សអាចយល់បាន។

អត្ថបទទី
សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖«ចូរប្រាប់អរ៉ុន និងកូនចៅរបស់គាត់ ឱ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ:“សូមព្រះអម្ចាស់ប្រទានពរ និង​ថែរក្សាអ្នក។ សូមព្រះអម្ចាស់ទតមកអ្នកដោយព្រះហឫទ័យមេត្តាករុណា សូមព្រះអង្គប្រណីសន្ដោសអ្នក។ សូមព្រះអម្ចាស់សម្ដែងព្រះហឫទ័យសប្បុរសចំពោះអ្នក និងប្រទានឱ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត”។ ពេលពួកបូជាចារ្យឱ្យពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឱ្យពរពួកគេ»។

ទំនុកតម្កើងលេខ ៦៧ (៦៦) ,២-៣.៥.៧-៨ បទពាក្យ ៧

២.ឱព្រះម្ចាស់អើយសូមមេត្តាសន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តមទតមើលយើងខ្ញុំដោយសប្បុរស
៣.ដូច្នេះមនុស្សលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ស្គាល់ការសង្គ្រោះនៃព្រះអង្គ
៥.ប្រជាទាំងឡាយនាំគ្នាច្រៀងបន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយប្រជាទាំងឡាយមិនឆ្មៃឆ្មើង
៧.ផែនដីបង្កើតនូវភោគផលមិនឱ្យយើងខ្វល់ពីអន្តរាយ
ព្រះម្ចាស់ជាព្រះយើងទាំងឡាយប្រទានពរឱ្យសុខគ្រប់គ្រា
៨.សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកខ្លាចព្រះអង្គ

អត្ថបទទី
សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទស្រុកកាឡាទី កាឡ ៤,៤-៧

បងប្អូនជាទីស្រឡាញ់ទាំងឡាយ! កាលពេលកំណត់បានមកដល់ហើយ ព្រះជាមា្ចស់ចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យមកប្រសូតចេញមកពីមនុស្សស្រី។ ព្រះបុត្រានេះស្ថិតនៅក្រោមអំណាចនៃធម្មវិន័យ ដើម្បីលោះអស់អ្នកស្ថិតក្រោមអំណាចនៃធម្មវិន័យ និងដើម្បីឱ្យយើងទទួលឋានៈជាបុត្រធីតារបស់ព្រះបិតា។ បងប្អូនពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណរបស់ព្រះបុត្រាឱ្យយាងមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងថា “អប្បា” “ឱព្រះបិតា អើយ!”។ ហេតុនេះ អ្នកមិនមែនជាអ្នកបម្រើទៀតឡើយ គឺជាបុត្រធីតារបស់ព្រះអង្គវិញ។ បើអ្នក ជាបុត្រធីតាមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់នឹងប្រទានឱ្យនោះដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១-២

អលេលូយ៉ា! អាលេលូយ៉ា!
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសដោយសារអស់លោកព្យាការី។
តែឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលមកយើងដោយសារព្រះបុត្រា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,១៦-២១

កាលពួកគង្វាលនាំគ្នាធ្វើដំណើរទៅដល់ភូមិបេថ្លេហិមហើយ គឺឃើញនាងម៉ារី លោកយ៉ូសែបព្រមទាំងព្រះឱរសផ្តុំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរស គេរៀបរាប់អំពីសេចក្តីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។ អស់អ្នកដែលឮពួកគង្វាលនិយាយ នឹងឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្តព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញ និងបានឮ ស្របតាមសេចក្តីដែលទេវទូតបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។ ប្រាំបីថ្ងៃកន្លង មកដល់ពេលកំណត់ធ្វើពិធីកាត់ស្បែកថ្វាយព្រះឱរស គេថ្វាយព្រះនាមថា “យេស៊ូ” ជាព្រះនាមដែលទេវទូតបានប្រាប់នាងម៉ារីមុនពេលមានផ្ទៃពោះ។

336 Views