ថ្ងៃអាទិត្យ-អាទិត្យក្រោយបុណ្យព្រះយេស៊ូប្រសូត ប្រចាំឆ្នាំ«គ»

អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២២
អាទិត្យក្រោយបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

ព្រះយេស៊ូមានរូបរាង មានសាច់ឈាមជាមនុស្សដូចយើងរាល់គ្នាបេះបិទ។ ព្រះអង្គជាប់ព្រះរាជវង្សានុវង្សរបស់ព្រះបាទដាវីឌ។ កាលពីដើម ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា នឹងចាត់ “ព្រះគ្រីស្ត” ជាស្តេចមួយអង្គ ដែលយាងមករំដោះប្រជាជនអ៊ីស្រាអែលឱ្យរួចពីខ្មាំងសត្រូវ។ យើងជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្តនោះមែន ទ្រង់រំដោះមនុស្សលោកឱ្យបានរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង។

ជនជាតិយូដាស្មានថា ព្រះគ្រីស្តមុខជានឹងយាងមកប្រកបដោយសិរីរុងរឿង និងប្រព្រឹត្តការអស្ចារ្យ ទាំងរំដោះប្រជាជនគេដោយឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច។ ផ្ទុយទៅវិញ ព្រះយេស៊ូយាងមករួមរស់ជាមួយមនុស្សយើង ដូចមនុស្សធម្មតា ព្រះអង្គធ្វើឱ្យជីវិតមនុស្សយើងទទួលតម្លៃដ៏ថ្លៃប្រសើរផង។

នាងម៉ារីនិងលោកយ៉ូសែប ជាតំណាងប្រជាជនអ៊ីស្រាអែលទាំងមូលដែលរង់ចាំព្រះគ្រីស្ត។ អ្នកទាំងពីរបានទទួលព្រះអង្គដោយចិត្តស្មោះ។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៥,១-៤

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«បេថ្លេហិមអេប្រាតាអើយ ! ក្នុងចំណោមអំបូរទាំងប៉ុន្មាននៃពូជពង្សយូដា អ្នកតូចជាងគេមែន តែស្តេចដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែលក្នុងនាមយើងនឹងប្រសូតចេញមកពីអ្នក។ ព្រះអង្គនោះ មានដើមកំណើតតាំងពីបុរាណកាលដ៏យូរអង្វែង ព្រះអម្ចាស់នឹងបោះបង់ចោលប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលស្ត្រីដែលជាមាតាសម្រាលព្រះរាជ្យបុត្រានោះមក។ នៅពេលនោះ បងប្អូនរបស់ព្រះរាជបុត្រដែលសេសសល់នឹងវិលមកជួបជុំគ្នាជាមួយប្រជាជនអ៊ីស្រាអែលវិញ។ ស្តេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្តារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះជាម្ចាស់ជាព្រះរបស់លោក។ ស្រុកអ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្តេចនោះមានអំណាចឧត្តុងឧត្តម រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្តេចនោះហើយដែលផ្តល់សុខសន្តិភាព!។

ទំនុកតម្កើងលេខ ៨០,២-៣.១៥-១៦.១៨-១៩ បទព្រហ្មគីតិ

២.ព្រះម្ចាស់ជាគង្វាលអ៊ីស្រាអែលសូមសណ្តាប់
ពូជពង្សលោកយ៉ូសែបដែលព្រះអង្គបានដឹកនាំ ។
ដូចជាអ្នកគង្វាលចាំយាមឃ្វាលចៀមថែទាំ
គេរស់ដោយសុខដុមសូមសម្តែងព្រះបារមី ។
៣.ឱ្យពួកកុលសម្ព័ន្ធអេប្រាអ៊ីមឃើញស្នាដៃ
និងជាតិផ្សេងៗក្តីសូមទ្រង់លៃជួយសង្គ្រោះ ។
១៥.ឱ! ព្រះជាម្ចាស់អើយកុំកន្តើយសូមទ្រង់ទត
ពីស្ថានសួគ៌ាមកជួយយើងខ្ញុំកុំខានឡើយ ។
១៦.សូមទ្រង់ជួយរក្សាថែចម្ការដែលមានហើយ
ការពារកុំបណ្តោយក្រែងថ្លោះធ្លោយខ្មាំងញាំញី ។
១៨.សូមទ្រង់ដាក់ព្រះហស្តលើស្តេចនោះគង់ខាងស្តាំ
បុត្រមនុស្សដ៏ឧត្តមដែលព្រះអង្គពង្រឹងឡើង ។
១៩.យើងខ្ញុំមិនបែកបែរចិត្តងាករេពីព្រះអង្គ
សូមប្រោសប្រទានផងឱ្យយើងខ្ញុំមានជីវិត ។
ពេលខ្ញុំរស់ឡើងវិញចិត្តពោរពេញនៅនែបនិត្យ
គោរពបម្រើពិតឥតមានក្បត់ឆ្ងាយពីទ្រង់ ។

អត្ថបទទី​ ២
សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,៥-១០

បងប្អូនជាទីស្រឡាញ់!
នៅពេលដែលព្រះគ្រីស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូទៅកាន់ព្រះជាម្ចាស់ថា៖«ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាបឡើយ។ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះជាម្ចាស់! ឥឡូវនេះទូលបង្គំសូមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមសេចក្តីដែលមានចែងទុកអំពីទូលបង្គំនៅក្នុងគម្ពីរ»។

​ជាបឋម ព្រះគ្រីស្តមានព្រះបន្ទូលថា“ព្រះអង្គមិនចង់បាន ហើយក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាប” ដែលគេថ្វាយ ទៅព្រះជាម្ចាស់ស្របតាមធម្មវិន័យដែរ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖”ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ”។ ដូច្នេះ ព្រះអង្គលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់ពីមុនចោល ហើយរករបៀបថ្មីមកតាំងជំនួសវិញ។ ព្រះយេស៊ូគ្រីស្ត បានថ្វាយព្រះកាយរបស់ព្រះអង្គម្តងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់។ ហេតុនេះហើយ បានជាព្រះអង្គប្រោសយើងឱ្យបានវិសុទ្ធ»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម សផ ៣,១៤.១៧

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះនាងព្រហ្មចារីនីម៉ារីអើយ! ចូរហ៊ោកញ្ជ្រៀវសប្បាយឡើង!
ពិភពលោកទាំងមូលសមនឹងទទួលព្រះអម្ចាស់ តែព្រះអង្គគង់នៅជាមួយព្រះនាងហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ១,៣៩-៤៥

នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំ ក្នុងស្រុកយូដា។ នាងចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖«ព្រះជាម្ចាស់បានប្រទានពរដល់នាង លើសស្ត្រីនានា ព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតានៃព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។ កាលខ្ញុំឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃបំរះឡើងដោយអំណរសប្បាយ។ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង។ មុខជានឹងសម្រេចមិនខាន»។

490 Views