ថ្ងៃអាទិត្យ-អាទិត្យទី២៨-ធម្មតាប្រចាំឆ្នាំ«គ»
អាទិត្យទី២៨ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី ២ ២ពង្ស ៥,១៤-១៧
មេបញ្ជាការកងទ័ពស៊ីរី ឈ្មោះលោកណាម៉ាន់កើតជំងឺឃ្លង់។ លោកចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលព្យាការីអេលីសេបានប្រាប់ ស្រាប់តែសាច់របស់លោកឡើងស្អាត ដូចសាច់កូនក្មេង លោកក៏បានជាស្អាតបរិសុទ្ធ។ លោកត្រឡប់មកជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ជាមួយពួកបម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការីជម្រាបថា៖«ខ្ញុំប្របាទដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្ដាទទួលជំនូនពីខ្ញុំប្របាទផងចុះ»។ លោកអេលីសេមានប្រសាសន៍តបវិញថា៖«ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ ហើយដែលខ្ញុំគោរពបម្រើថា ខ្ញុំមិនទទួលជំនូនអ្វីពីលោកទេ!»។ លោកណាម៉ាន់ទទូចអង្វរសូមឱ្យព្យាការីទទួល តែព្យាការីមិនព្រមទទួលជាដាច់ខាត។ លោកណាម៉ាន់ក៏មានប្រសាសន៍ថា៖«បើលោកមិនព្រមទេនោះ សូមមេត្ដាអនុញ្ញាតឱ្យខ្ញុំប្របាទយកដីផ្ទុកលើខ្នងលាពីរដឹកទៅផង ដ្បិតចាប់តាំងពីពេលនេះតទៅ ខ្ញុំប្របាទមិនថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាចំពោះព្រះដទៃ ក្រៅពីព្រះអម្ចាស់ឡើយ។
ទំនុកតម្កើងលេខ ៩៨ (៩៧), ១-៤.៦ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ដ | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្ដា | |
យកជ័យជម្នះ | ។ | ||
២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្គ្រោះ |
ព្រះអង្គសម្ដែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
របស់ព្រះអង្គ | ។ | ||
៣ | ព្រះអង្គនៅតែ | សម្ដែងឥតប្រែ | ករុណាត្រចង់ |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
ចងចាំទាំងអស់ | ។ | ||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់ៗគ្នា | ។ | ||
៤ | មនុស្សទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោខ្ញៀវខ្ញារ | |
ដោយតូរ្យតន្រ្ដី | ។ | ||
៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
អបអរសាទរ | អង្គមហាក្សត្រា | ខ្ពស់លើលោកា | |
គ្មានអ្វីស្មើព្រះ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ធម ២,៨-១៣
ចូរនឹកដល់ព្រះយេស៊ូគ្រីស្ដដែលទទួលព្រះជន្មដ៏រុងរឿង ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះរហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្ដអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងបានឡើយ។ ហេតុនេះហើយ បានជាខ្ញុំសុខចិត្ដស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឱ្យគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។ ពាក្យនេះគួរឱ្យជឿ គឺថាប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរួមរស់ជាមួយព្រះអង្គដែរ។ ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងវិញដែរ។ ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៧,៨
អាលេលូយ៉ា! អាលេលូយ៉ា!
សូមអរព្រះគុណព្រះអម្ចាស់ ព្រះអង្គមានព្រះហប្ញទ័យមេត្ដាករុណា!។
សូមអរព្រះគុណព្រះអង្គដែលបានប្រព្រឹត្ដស្នាព្រះហស្ដដ៏អស្ចារ្យសម្រាប់មនុស្សលោក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១១-១៩
ព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេ។ ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយស្រែកឡើយថា៖«លោកគ្រូយេស៊ូអើយ! សូមអាណិតអាសូរ យើងខ្ញុំផង»។ ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូលថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឱ្យពួកបូជាចារ្យឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។ ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយបន្លឺសំឡេងខ្លាំងៗផង។ គាត់ក្រាបទាបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ។ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? មានតែជនបរទេសម្នាក់នេះវិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើង អញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។