ថ្ងៃអាទិត្យ-អាទិត្យទី០២-ធម្មតា-ប្រចាំឆ្នាំ«គ»
អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២
អាទិត្យទី០២ រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦២,១-៥
យើងគិតដល់ក្រុងស៊ីយ៉ូន យើងនឹងមិននៅស្ងៀមទេ! ដោយយើងគិតដល់ក្រុងយេរូសាឡឹម យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ! ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញពីក្រុងនេះដូចថ្ងៃរះ ហើយការសង្គ្រោះកើតមានដល់ក្រុងនេះយ៉ាងច្បាស់ដូចពន្លឺភ្លើង។ ពេលនោះ ប្រជាជាតិនានានឹងឃើញសេចក្ដីសុចរិតរបស់អ្នក ហើយស្ដេចទាំង ប៉ុន្មាននឹងឃើញសិរីរុងរឿងរបស់អ្នកដែរ។ គេនឹងហៅអ្នកតាមឈ្មោះថ្មី ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឱ្យ។ អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត នៅក្នុងព្រះហស្ដ របស់ព្រះអម្ចាស់ និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក គេនឹងលែងហៅអ្នកថា “ស្រ្ដីដែលស្វាមីលះបង់ចោល” ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា” ដីដែលគេបោះបង់ចោល” ដែរ។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា” ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិតុ្ដ” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជាស្រ្ដីដែលជានានឹងប្ដីឡើងវិញ។ ព្រះអង្គដែលបានសង់អ្នក និងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មី ផ្ដល់អំណរសប្បាយឱ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
ទំនុកតម្កើងលេខ ៩៦ (៩៥), ១-៣.៧ បទព្រហ្មគីតិ
១. | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
២. | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
តម្កើងរាល់ថ្ងៃផង | ការសង្គ្រោះដ៏ថ្លាថ្លៃ | ។ | |
៣. | សូមប្រកាសនៅក្នុង | អង្គប្រជុំពីសិរី | |
រុងរឿងដ៏ប្រពៃ | ព្រះហស្ដថ្លៃនៃព្រះម្ចាស់ | ។ | |
៧. | ប្រជាជាតិទាំងឡាយ | ចូរខ្វល់ខ្វាយតម្កើងទ្រង់ | |
តម្កល់យសព្រះអង្គ | ព្រមទាំងឬទ្ធានុភាព | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,៤-១១
បងប្អូនជាទីស្រឡាញ់
មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយ ព្រះអង្គទេដែលប្រទានឱ្យ។ មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែមួយព្រះអង្គដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះនៅក្នុងមនុស្សទាំងអស់។ ព្រះជាម្ចាស់បានប្រោសប្រទានឱ្យម្នាក់ៗសម្ដែងព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម គឺព្រះអង្គប្រទានឱ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ដោយសារព្រះវិញ្ញាណ ហើយទ្រង់ប្រទានឱ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដោយសារព្រះវិញ្ញាណដដែល។ ព្រះអង្គប្រទានឱ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែលប្រទានឱ្យម្នាក់ទៀតចេះប្រោសអ្នកជំងឺឱ្យបានជា ឱ្យម្នាក់ទៀតធ្វើការអស្ចារ្យ ឱ្យម្នាក់ទៀតចេះថ្លែងព្រះបន្ទូល ឱ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឱ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ ឱ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ ប៉ុន្ដែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយចែកព្រះអំណោយទានផ្សេងៗពីគ្នា ឱ្យម្នាក់ៗតាមព្រះហឫទ័យរបស់ព្រះអង្គ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩,៧-៩
អលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាត្រេកអរសប្បាយឡើង ព្រោះតែសម្ពន្ធមេត្រីថ្មី អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅ
ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២,១-១១
មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ ហើយគេក៏បានយាងព្រះយេស៊ូ និងអញ្ជើញក្រុមសាវ័ករបស់ព្រះអង្គទៅចូលរួម ក្នុងពិធីមង្គលការនោះដែរ។ ពេលនោះគេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖«គេអស់ស្រាទំពាំងបាយជូរហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖«អ្នកអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «អ្វីៗដែលលោកប្រាប់ឱ្យធ្វើ ចូរធ្វើទៅ!»។ នៅទីនោះមានពាងប្រាំមួយ ដែលជនជាតិយូដាដាក់ទឹកសម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអម្រែក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖«សុំដងទឹកមកចាក់ឱ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ព្រះអង្គមានព្រះបន្ទូលថា៖«ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ»។ គេក៏ដងយកទៅជូន។ លោកចៅមហាភ្លក់ទឹកដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើ ដែលបានដងទឹកមកចាក់ពាងទើបដឹង។ គាត់ហៅកូនកំលោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
នេះជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយក្រុមសាវ័កក៏បានជឿលើ ព្រះអង្គ។