ថ្ងៃអាទិត្យ-អាទិត្យទី០៣-ធម្មតា-ប្រចាំឆ្នាំ«គ»
អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២
អាទិត្យទី០៣ រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកនេហេមី នហ ៨,១-៤.៥-៦.៨-១០
ពេលបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងរៀងៗខ្លួន មកជួបជុំគ្នា ដោយមានចិត្ដគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេ សុំឱ្យលោកបូជាចារ្យអែសរ៉ាជាធម្មាចារ្យ យកគម្ពីរធម្មវិន័យរបស់លោកម៉ូសេ គឺធម្មវិន័យដែលព្រះអម្ចាស់ប្រទានមកឱ្យជនជាតិអ៊ីស្រាអែលកាន់តាម។ លោកបូជាចារ្យ អែសរ៉ា ក៏យកគម្ពីរធម្មវិន័យមកខាងមុខអង្គប្រជុំ ដែលមានប្រជាជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះ ជាថ្ងៃទីមួយនៃខែទីប្រាំពីរ។
លោកអែសរ៉ាអានគម្ពីរធម៌វិន័យនេះតាំងពីព្រឹក រហូតដល់ថ្ងៃត្រង់នៅខាងមុខ ព្រលានដែលស្ថិតនៅទល់មុខទ្វារគង្គាឱ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុស ទាំងស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្ដទុកដាក់ស្ដាប់លោកអានគម្ពីរធម៌វិន័យ។ លោកអែសរ៉ា ជាធម្មាចារ្យឈរនៅលើវេទិកាឈើមួយដែលគេ បានដំឡើងសម្រាប់ពេលនោះ។ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហរប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្ដុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់ ឱនមុខដល់ដី។ លោកអែសរ៉ាអានគម្ពីរធម៌វិន័យរបស់ព្រះជាម្ចាស់ រួចពួកលេវីបកស្រាយអត្ថន័យនៃសេចក្ដីដែលលោកអាននោះ ឱ្យប្រជាជនយល់។ ដូច្នេះ លោកទេសាភិបាលនេហេមី លោកបូជាចារ្យអែសរ៉ា ដែលជាធម្មាចារ្យដែរ និងក្រុមលេវី ដែលមាននាទីបកស្រាយវិន័យ ពោលទៅកាន់ប្រជាជន ទាំងមូលថា៖«ថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖«ចូរ នាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឱ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។
ទំនុកតម្កើងលេខ ១៩ (១៨), ១-៣.៧ បទព្រហ្មគីតិ
៨. | ព្រះធម្មវិន័យ | ល្អល្អះឥតបី | ប្រសើរថ្កើងថ្កាន | ផ្ដល់កម្លាំងចិត្ដ |
ឥតមានស្រាកស្រាន្ដ | អ្នកល្ងង់ប្រែប្រាណ | ជាមានប្រាជ្ញា | ។ | |
៩. | បញ្ជារបស់ | ព្រះមា្ចស់ទាំងអស់ | ត្រឹមត្រូវសត្យា | ឱ្យចិត្ដអំណរ |
សប្បាយក្រៃណា | បំភ្លឺចិន្ដា | ថ្លៃថ្លាត្រចង់ | ។ | |
១០. | ការគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ | ស្ថិតស្ថេរចីរកាល |
តទៅគង់វង្ស | ការវិនិច្ឆ័យទ្រង់ | ក៏សុទ្ធត្រឹមត្រូវ | ។ | |
១៥. | ទ្រង់ជាថ្មដា | ជាព្រះរក្សា | ការពាររូបខ្ញុំ | សូមប្រោសប្រណី |
តាមពាក្យទូលសុំ | សេចក្ដីនៃខ្ញុំ | ចំពោះព្រះអង្គ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១២,១២-៣០ (ឬអានយ៉ាងខ្លី ១២,១២-១៤,២៧)
បងប្អូនជាទីស្រឡាញ់ ព្រះគ្រីស្ដប្រៀបបានទៅនឹងរូបកាយមនុស្សដែលចែកចេញជា ច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជា រូបកាយតែមួយដែរ។ យើងទាំងអស់គ្នាទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារ ក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជា ព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
បើជើងនិយាយថា «ខ្ញុំមិនមែនដៃ! ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ ជើងនោះ នៅតែជាចំណែករបស់រូបកាយដដែល។ បើត្រចៀកនិយាយថា «ខ្ញុំមិនមែន ភ្នែក! ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះ នៅតែជាចំណែក របស់រូបកាយដដែល។ ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮ បាន?ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? តាមពិត ព្រះជាម្ចាស់ប្រទានឱ្យសរីរាង្គនីមួយៗមានមុខងារស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា?តាមពិតសរីរាង្គមានច្រើន ប៉ុន្ដែរូបកាយមានតែមួយប៉ុណ្ណោះ។
ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ»បានដែរ។ ផ្ទុយទៅវិញ សរីរាង្គ ណាដែលគេចាត់ទុក្ខថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់ ហើយ សរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។ រីឯសរីរាង្គណាដែលសមរម្យ ហើយសរីរាង្គនោះមិនត្រូវការឱ្យយើងយកចិត្ដទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរដល់សរីរាង្គណា ដែលខ្វះខាត ដើម្បីកុំឱ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឱ្យសរីរាង្គយកចិត្ដទុក ដាក់ជួយគ្នាទៅវិញទៅមក។ ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គ ទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គ ទាំងអស់ក៏អរសប្បាយជាមួយដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមអានឃ្លានេះ
បងប្អូនជាព្រះកាយរបស់ព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាម ចំណែករៀងៗខ្លួន។
ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ
ក្នុងព្រះសហគមន៍ មុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងឱ្យមានគ្រីស្ដទូត បន្ទាប់ មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នក បង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺឱ្យជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាង ណែនាំ ព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យ។ តើគ្រប់គ្នាសុទ្ធតែជាគ្រីស្ដ ទូតឬ?គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ?គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ?គ្រប់ គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នក ជំងឺឱ្យជាឬ?គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ?។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៤,១៨
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចាត់ព្រះយេស៊ូជាអ្នកបម្រើរបស់ព្រះអង្គ ឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ
និងឱ្យមកប្រកាសប្រាប់ជនជាប់ឃុំឃាំងថា គេនឹងមានសេរីភាព។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,១-៤; ៤,១៤-២១
សូមជម្រាបមកឯឧត្ដមថេអូភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្ដទុកដាក់កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ ស្របតាម អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែកតាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។ ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះតាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុកតាមលំដាប់លំដោយ ផ្ញើមកជូនលោក។ ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឱ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មានដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គល្បីល្បាញពាសពេញតំបន់នោះ។ ព្រះអង្គបង្រៀនអ្នកស្រុកក្នុងធម្មសាលារបស់ជនជាតិយូដា។ គេលើកតម្កើងសិរីរុង រឿងព្រះអង្គគ្រប់ៗគ្នា។
ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅធម្មសាលាតាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរ ឡើងដើម្បីអានគម្ពីរ។ គេយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរឃើញអត្ថបទមួយដែលមានចែងថា៖«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិត លើខ្ញុំ ដ្បិតព្រះអង្គចាក់ប្រេងអភិសេកខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ព្រះអង្គចាត់ខ្ញុំឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្ស ខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្ដាករុណា»។
លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅឱ្យអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗគ្នានៅក្នុងធម្មសាលាសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបស្ដាប់អម្បាញ់មិញ បានកើតជារូបរាងនៅថ្ងៃនេះហើយ»។