ថ្ងៃអាទិត្យ-អាទិត្យទី០៦-ធម្មតា-ប្រចាំឆ្នាំ«គ»
អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៦ រដូវធម្មតា
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៧,៥-៨
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ជនណាផ្ញើជីវិតលើមនុស្ស គឺទុកចិត្ដលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្ដចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវវេទនាពុំខាន គេប្រៀប បាននឹងដើមឈើក្រិននៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលបានឡើយ។ គេរស់នៅតាមកន្លែងក្ដៅហួតហែង ក្នុងវាលរហោស្ថាន ជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្សរស់នៅ។ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ និងយកព្រះអង្គធ្វើជាបង្អែក ពិតជាទទួលព្រះពរមិនខាន! អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹក ដែលមានឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកម្ដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។
ទំនុកតម្កើងលេខ ទំនុកតម្កើងលេខ ១,១-៤.៦ បទកាកគតិ
១ | អ្នកមិនប្រព្រឹត្ដ | តាមមនុស្សទុច្ចរិត | មិនស្ដាប់ទូន្មាន | ហើយមិនចូលចិត្ដ |
ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | មង្គលពេកក្រៃ | ។ | |
២ | តែតាមការពិត | ពួកគេចូលចិត្ដ | នឹងធម្មវិន័យ | របស់ព្រះម្ចាស់ |
ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | ឥតមានភ្លេចភ្លឹក | ។ | |
៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក | មិនស្លោកស្រពោន |
ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | តាមកាលរដូវ | ។ | |
៤ | រីមនុស្សអាក្រក់ | មានចិត្ដគម្រក់ | កេរិ៍្ដឈ្មោះអាស្រូវ | ពួកគេប្រៀបបាន |
អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | បាចសាចខ្ចាត់ខ្ចាយ | ។ | |
៦ | ដ្បិតព្រះអម្ចាស់ | ស្ដាប់ប្រាកដណាស់ | មាគ៌ាប្រណីត | នៃមនុស្សល្អ |
ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | នាំខ្លួនអន្ដរាយ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១២.១៦-២០
បងប្អូនជាទីស្រឡាញ់!
ប្រសិនបើយើងប្រកាសថា ព្រះគ្រីស្ដទទួលព្រះជន្មថ្មីដ៏រុងរឿង ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូន បែរជាពោលថា មនុស្សស្លាប់មិនទទួលជីវិតដ៏រុងរឿងដូច្នេះ? បើមនុស្សស្លាប់មិនទទួលជីវិតដ៏រុងរឿងទេ ព្រះគ្រីស្ដក៏មិនបានទទួលព្រះជន្មដ៏រុងរឿងដែរ ហើយបើព្រះគ្រីស្ដមិនបានទទួលព្រះជន្មដ៏រុងរឿងទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូនក៏នៅតែជាប់បាបដដែល។ រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រីស្ដ ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។ ប្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រីស្ដសម្រាប់តែជីវិតនេះប៉ុណ្ណោះទេ យើងជាអ្នកវេទនាជាងគេបំផុត ក្នុងចំណោមមនុស្សទាំងអស់ហើយ!។
ប៉ុន្ដែ ព្រះគ្រីស្ដពិតជាបានទទួលព្រះជន្មថ្មីដ៏រុងរឿងមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងមុនគេបង្អស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៦,២៣
អលេលូយ៉ា! អាលេលូយ៉ា!
ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១៧.២០-២៦
ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងដប់ពីរនាក់ ព្រះអង្គប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសាវ័កជាច្រើនអនេក និងមហាជនមកពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ ព្រះយេស៊ូងើបព្រះភ័ក្ដ្រទតមើលសាវ័ករបស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖«អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ! អ្នកមានសុភមង្គល ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ហើយ។ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លាន ឥឡូវនេះអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាដែលកំពុងតែយំសោកឥឡូវនេះអើយ! អ្នកមានសុភមង្គលហើយ ដ្បិតអ្នករាល់គ្នានឹង បានត្រេកអរ។ ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀល បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែបុត្រមនុស្ស អ្នករាល់គ្នាមានសុភមង្គលហើយ។ នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីដូច្នោះដែរ។
ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ! អ្នកពិតជាវេទនាមែន ព្រោះអ្នករាល់គ្នាបានទទួលការសម្រាលទុក្ខរួចស្រេចហើយ។ អ្នករាល់គ្នាដែលឆ្អែតឥឡូវនេះអើយ! អ្នក ពិតជាវេទនាមែន! ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរឥឡូវនេះអើយ! អ្នកពិតជាវេទនាមែន! ព្រោះអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកពិតជាវេទនាមែន ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។