ថ្ងៃអាទិត្យ-អាទិត្យទី០៧-ធម្មតា-ប្រចាំឆ្នាំ«គ»

អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យទី២០ ខែកុម្ភៈ ឆ្នាំ២០២២

អាទិត្យទី០៧ រដូវធម្មតា
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាម៉ូអែលទី១ ១សម ២៦,២.៧.៩.១២-១៣.២២-២៣

ព្រះបាទសាអ៊ូលចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់លោក ដាវីឌ។ ទ្រង់នាំទាហានដ៏អង់អាចចំនួនបីពាន់នាក់ទៅជាមួយ។ យប់នោះ លោកដាវីឌ និងលោកអប៊ីសាយ ចូលទៅក្នុងជំរំ ហើយឃើញព្រះបាទសាអ៊ូល​ផ្ទំនៅកណ្ដាលជំរំ ព្រម ទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអាប់នែរ និង​ពលទាហានដេកលក់នៅជុំវិញស្ដេច។ លោកអប៊ី​សាយ​ជម្រាបលោកដាវីឌថា៖«យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុង​កណ្ដាប់ដៃរបស់លោកហើយ!។ សូមអនុញ្ញាតឱ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេច​ជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់ចាក់ពីរដងទេ»។ ប៉ុន្ដែលោកដាវីឌមាន​ប្រសាសន៍ទៅលោកអប៊ីសាយ​ថា៖«ទេ! កុំធ្វើ​គុតព្រះករុណា ដ្បិតអ្នកណាលើក​ដៃប្រហារស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក អ្នកនោះមិនអាចរួចខ្លួន​បាន​ឡើយ»។ លោកដាវីឌយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ព្រះបាទសាអ៊ូល ហើយនាំគ្នាចាកចេញទៅដោយគ្មានទាហានម្នាក់ ឃើញនិង​ដឹង​ឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះ​ព្រះអម្ចាស់ធ្វើឱ្យគេដេកលង់លក់ឥតដឹងខ្លួន។ លោកដាវីឌឆ្លងទៅភ្នំម្ខាងទៀត ហើយឡើងទៅឈរលើកំពូលភ្នំដែលនៅដាច់ឆ្ងាយពីជំរំ។ លោកដាវីឌ​ទូល ថា៖«នេះជាលំពែងរបស់ព្រះករុណា! សូមចាត់សេនាម្នាក់ឱ្យមកយកទៅវិញចុះ! សូម​​ព្រះអម្ចាស់ប្រព្រឹត្ដចំពោះយើងតាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើង​ម្នាក់​​ៗ​។​​​ ថ្ងៃនេះ ព្រះអម្ចាស់បានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ តែទូល​បង្គំមិនព្រមលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឡើយ»​។

ទំនុកតម្កើងលេខ ១០៣ (១០២), ១-៤.៨.១០.១២-១៣ បទកាកគតិ

ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ដ
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា ។
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្ដា
ខ្ញុំសូមរំឭកព្រះហស្ដអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ ។
ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្ដព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ ។
ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្ដៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្ដា ។
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្ដោសគ្រប់ពេលវេលាដល់មនុស្សគ្រប់គ្នា
មិនឱ្យមានភ័យ ។
១០ព្រះអង្គមិនដាក់ទោសយើងម្នាក់ៗឱ្យឈឺគ្រាំគ្រា
សមតាមអំពើបាបច្រើនមហិមាទ្រង់តែងមេត្ដា
មិនយកទោសពៃរ៍ ។
១២ទិសកើតទិសលិចឆ្ងាយគ្នាមិនតិចឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យអំពើបាបបែរឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ ។
១៣ឪពុកអាណិតថ្នាក់ថ្នមផ្ដេកផ្ដិតកូនមានទាំងអស់
ព្រះក៏មេត្ដាអាសូរស្រះណោះដល់អ្នកដែលស្មោះ
គោរពរាល់ថ្ងៃ ។

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,៤៥-៤៩

បងប្អូនជាទីស្រឡាញ់!
មានចែងទុកក្នុងគម្ពីរមកថា «មនុស្សទីមួយ គឺលោកអដាំ បានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ គឺព្រះគ្រីស្ដបានទទួលព្រះវិញ្ញាណដែលផ្ដល់ជីវិត។ មិនមែនរូបកាយប្រកបដោយព្រះវិញ្ញាណទេដែលកើតមុន គឺរូបកាយធម្មជាតិវិញឯណោះទេតើដែលបានកើតមុន ទើបរូបកាយប្រកបដោយព្រះវិញ្ញាណកើតមកតាមក្រោយ។ មនុស្សទីមួយកើតចេញពីដីមកមានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញ កើតមកពីស្ថានបរមសុខ។ អស់អ្នកដែលកើតពីដី ក៏មានលក្ខណៈដូចអ្វីៗនៅលើ​ដីនេះ ហើយអស់​អ្នក​ដែល​កើតពីស្ថានបរមសុខ ក៏មានលក្ខណៈដូចព្រះអង្គដែលនៅស្ថានបរមសុខដែរ។ យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយដូចព្រះអង្គដែលគង់នៅស្ថានបរមសុខយ៉ាងនោះដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៣,៣៤

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានប្រទានវិន័យថ្មីដល់យើង គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,២៧-៣៨

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់បណ្ដាជនថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុង ស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់ គ្នា ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់សូមទ្រង់ ប្រទានពរដល់អស់អ្នកដែលមួលបង្កាច់អ្នករាល់គ្នា។ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឱ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឱ្យគេយកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ ហើយបើគេរឹប​អូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ បើអ្នករាល់គ្នាចង់ឱ្យគេប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នាស្រឡាញ់​តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី?សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែចំពោះមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឱ្យគេខ្ចីដោយសង្ឃឹមថា នឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាប ក៏ឱ្យគ្នាគេខ្ចីដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយធ្វើល្អដល់គេព្រមទាំងឱ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឱ្យសោះ ពេលនោះអ្នករាល់គ្នានឹងបានទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះ​​​ជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្ដមេត្ដាករុណាដូចព្រះបិតារបស់អ្នករាល់​គ្នា ដែលមានព្រះហឫទ័យមេត្ដាករុណា»។ កុំថ្កោលទោសអ្នកដទៃឱ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឱ្យ​សោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឱ្យ​អ្នក​ដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់​អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាស់ឱ្យអ្នក តាមរង្វាល់ដែលអ្នក​វាល់ឱ្យ អ្នកដទៃ»។

340 Views