ថ្ងៃអាទិត្យ-អាទិត្យទី១៧-ធម្មតាប្រចាំឆ្នាំ«គ»

អាទិត្យទី១៧ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៨,២០-៣២

ភ្ញៀវបីនាក់ដែលស្នាក់នៅជំរំលោកអប្រាហាំ បម្រុងនឹងចេញដំណើរទៅក្រុង​​សូដុម។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖​«ពាក្យដែលគេចោទ​​ប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ាធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្ដអំពើបាបជាច្រើនដែរ។ យើងត្រូវ​តែចុះទៅមើល ដើម្បីឱ្យដឹងថា អំពើដែលគេប្រព្រឹត្ដនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើង ឬយ៉ាងណា។ បើពិត ឬមិន​ពិត យើងមុខជាដឹងមិនខាន»។ ភ្ញៀវទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯលោកអប្រា​ហាំ​វិញ លោកឈរនៅជា​មួយព្រះអម្ចាស់ដដែល។ លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖«តើព្រះអង្គនឹងធ្វើឱ្យមនុស្សសុចរិតបាត់បង់ជីវិតរួមជា​មួយ​មនុស្សទុច្ចរិតមែនឬ? ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិត​ហា​សិប​នាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែន​ឬ? តើព្រះអង្គមិនលើកលែង​ទោសឱ្យគេដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះ​ទេ​ឬ? ព្រះអង្គធ្វើដូច្នេះមិនកើតទេ! សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយ​មនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតរួមជា​មួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើត ទេ! ចៅក្រមនៃ​ផែន​ដី​ទាំង​មូលតោងតែវិនិច្ឆ័យដោយយុត្ដិធម៌!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឱ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។ លោកអប្រាហាំទូលសាជាថ្មីថា៖«ទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្ដាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ ប្រហែលជាមនុស្សសុចរិតមិនបានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើព្រះអង្គនឹងរំលាយទីក្រុងទាំងមូលចោលព្រោះតែប្រាំ​នាក់​នោះឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្ស​សុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ លោក​អប្រាហាំនៅតែទូលព្រះអង្គថា៖«ប្រហែលមាន​តែសែសិបនាក់ទេ»។ ព្រះអម្ចាស់​​មានព្រះបន្ទូលថា៖«ព្រោះតែអ្នកសែសិបនាក់នោះ យើងនឹងមិនធ្វើអ្វីឡើយ»។ លោកអប្រាហាំទូល​ថា៖«សូមព្រះអម្ចាស់មេត្ដាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំ​សូមអង្វរម្ដងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះ​បន្ទូលថា៖«ព្រោះតែអ្នកសាមសិបនាក់នោះ យើងនឹងមិនធ្វើអ្វីឡើយ»។ លោក​អប្រាហាំទូលថា៖ សូមមេត្ដាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយ​ព្រះ​​​​​អម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ព្រោះតែអ្នកម្ភៃនាក់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ លោកអប្រាហាំ​ទូល​ថា៖«សូមព្រះអម្ចាស់មេត្ដាកុំខ្ញាល់នឹងទូលបង្គំ ទូលបង្គំសូមអង្វរ​តែម្ដង​ទៀត​ទេ។ ប្រហែលជាមានតែដប់នាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ព្រោះ​​​​​​​តែអ្នកដប់នាក់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។

ទំនុកតម្កើងលេខ ១៣៨ (១៣៧), ១-៣.៦-៨ បទកាកគតិ

ខ្ញុំសូមតម្កើងព្រះម្ចាស់ខ្ពស់ឡើងអស់ពីដួងចិត្ដ
នៅមុខទេវតាទូលបង្គំស្មូត្របទតម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ
ខ្ញុំក្រាបបែរមុខតម្រង់ទៅរកវិហារប្រពៃ
ខ្ញុំលើកតម្កើងព្រះនាមថ្លាថ្លៃដោយព្រះហឫទ័យ
ស្មោះស្ម័គ្រឥតស្បើយ
នៅថ្ងៃដែលខ្ញុំស្រែកអង្វរសុំព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទានឥតមានកន្ដើយឱ្យខ្ញុំបានស្បើយ
ក្នុងចិត្ដក្លាហាន
ទោះបីព្រះម្ចាស់ខ្ពង់ខ្ពស់ខ្លាំងណាស់ក៏ទ្រង់សំភី
គិតមនុស្សលោកគ្រប់វិនាទីមនុស្សកាចយាយី
ទ្រង់ស្គាល់ពីឆ្ងាយ
ពេលទូលបង្គំជួបអាសន្នធំទ្រង់ឥតជិនណាយ
ជួយការពារខ្ញុំវាយខ្មាំងខ្ចាត់ខ្ចាយសង្គ្រោះខ្ញុំដោយ
ឫទ្ធីបារមី
បពិត្រព្រះម្ចាស់ការគ្រប់យ៉ាងនេះពិតជាប្រពៃ
ព្រះអង្គប្រកបដោយព្រះហឫទ័យករុណាក្រៃ
ឥតបីបោះបង់

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ២,១២-១៤

បងប្អូនជាទីស្រឡាញ់!
ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុង​​ផ្នូររួមជាមួយព្រះគ្រីស្ដ ហើយដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ដ បងប្អូនក៏មានជីវិត​រស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឱ្យមានព្រះជន្មរស់ឡើងវិញ។ ពី​ដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន។ តែឥឡូវ នេះ ព្រះជាម្ចាស់បានប្រោសឱ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រីស្ដ។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។ ព្រះអង្គបាន​លុបបញ្ជីដែលចោទប្រកាន់ទាស់នឹងយើងតាមធម្មវិន័យ​នោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹង​ឈើ​ឆ្កាង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រម ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១-១៣

មានមួយថ្ងៃ ព្រះយេស៊ូអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួច​ហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមបង្រៀនយើង​ខ្ញុំ​ឱ្យចេះអធិដ្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេ​ថា៖«ពេលអ្នករាល់គ្នាអធិដ្ឋាន ត្រូវពោលថា ឱព្រះបិតាអើយ! សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះ​រាជ្យព្រះអង្គបានមកដល់។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ សូមអត់ទោសយើងខ្ញុំឱ្យរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឱ្យអស់​​​​អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយ​​​​​​​ឱ្យ​​យើង​​ខ្ញុំចាញ់កា​រល្បួ​ងឡើយ»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀត​​ថា៖«ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្ដសម្លាញ់មករកទាំងពាក់កណ្ដាល​អធ្រាត្រ ហើយពោលថា “សម្លាញ់​អើយ! ឱ្យគ្នាខ្ចីនំប័ុងបីដុំសិនមក ព្រោះមានមិត្ដភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀតកូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោក​ទៅយកនំប័ុងឱ្យសម្លាញ់ឯងបានទេ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំប័ុង ព្រមទាំងអ្វីៗដែលមិត្ដសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោក ទៅ​យកដូច្នេះ មិនមែនមកពីគាត់យោគយល់ដល់មិត្ដសម្លាញ់ទេ គឺមកពីមិត្ដសម្លាញ់នោះចេះតែរំខានមិនឈប់។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសុំនោះព្រះជាម្ចាស់នឹងប្រទានឱ្យ ចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាសុំ អ្នកនោះរមែង​តែង​តែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារ​ឱ្យអ្នក​ដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រី មិនដែលមានឪពុកណាយកពស់អសិរពិសឱ្យវាទេ បើកូនសុំពង់មាន់ក៏មិនដែលមានឪពុកណាយកខ្យាដំរីឱ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គ នឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។

192 Views