ថ្ងៃអាទិត្យ-អាទិត្យទី២០-ធម្មតាប្រចាំឆ្នាំ«គ»
អាទិត្យទី២០ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣៨,៤-៦.៨-១០
ពេលខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡឹម មន្ត្រីដែលឃុំឃាំងព្យាការីយេរេមី ទៅទូលស្ដេចសេដេខ្យាសថា៖«សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឱ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ដ។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្រ្ដទេ គឺនាំទុក្ខវេទនាមកឱ្យពួកគេវិញ»។ ព្រះបាទសេដេខ្យាសតបថា៖«គាត់នៅក្នុងកណ្ដាប់ដៃរបស់អស់លោកស្រាប់ហើយ ខ្ញុំជាស្ដេចមែន តែខ្ញុំពុំអាចឃាត់អស់លោកបានទេ»។ គេចាប់លោកយេរេមីទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គីយ៉ាជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងលោកយេរេមីសម្រូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយលោកយេរេមីជាប់ផុងនៅក្នុងភក់នោះ។ លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី និងជាមហាតលឹកនៅក្នុងវាំង ចេញពីវាំង ហើយទូលស្ដេចដូចតទៅ៖«បពិត្រព្រះករុណាជាអម្ចាស់ អ្នកទាំងនេះប្រព្រឹត្ដអាក្រក់ចំពោះព្យាការីយេរេមីពន់ពេកណាស់ គឺគេយកលោកទម្លាក់ក្នុងអណ្ដូង លោកមុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។ ព្រះបាទសេដេខ្យាសបញ្ជាទៅលោកអេបេដ-មេលេកជាជនជាតិអេត្យូពីនោះថា៖«ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ព្យាការីយេរេមីចេញពីអណ្ដូងមក កុំឱ្យគាត់ស្លាប់ទាន់»។
ទំនុកតម្កើងលេខ ៤០ (៣៩),២-៤.១៤.១៨ បទពាក្យ ៧
២ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
ស្ដាប់សូរសម្រែកមិនលម្អៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
៣ | ព្រះអង្គយកខ្ញុំពីរណ្ដៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
មនុស្សច្រើននឹកឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កំថ្កើងគេកោតខ្លាច | ។ | |
១៤ | ឱព្រះអម្ចាស់សូមរំដោះ | រូបខ្ញុំឱ្យរស់កុំបីឃ្លាត | |
យាងមកសង្គ្រោះកុំរវាត | ជួយប្រោសម្ដងទៀតឱ្យបានរស់ | ។ | |
១៨ | រូបខ្ញុំជាមនុស្សក្រីក្រពិត | តែព្រះគូរគិតខ្ញុំឥតហ្មង | |
ព្រះអង្គតែងតែជួយចម្លង | សង្គ្រោះសណ្ដោងមិនដែលខាន | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ១២,១-៤
បងប្អូនជាទីស្រឡាញ់!
អ្នកដែលរស់នៅតាមជំនឿ មានចំនួនច្រើនឥតគណនាធ្វើជាបន្ទាល់ទុកឱ្យយើង។ យើងយកតម្រាប់តាមពួកគេ គឺត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខតាមព្រះអម្ចាស់ដាក់ឱ្យយើងរត់។ ត្រូវសម្លឹងមើលទៅ ព្រះយេស៊ូដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឱ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្ដលះបង់អំណរដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំឱ្យបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។ បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ល្អ ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ កូនចៀមក៏ស្គាល់ព្រះអង្គដែរ ទ្រង់បានស៊ូប្ដូរជីវិតសម្រាប់ចៀមរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៤៩-៥៣
ព្រះយេស៊ូមានព្រះបន្ទូលមកកាន់សាវ័កថា៖«ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្ដហើយ។ ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្ដក្រៃលែង ចង់តែឱ្យពិធីនោះបានសម្រេចឆាប់ៗ។ កុំនឹកស្មានថា ខ្ញុំមកដើម្បីផ្ដល់សេចក្ដីសុខសាន្ដឱ្យផែនដីនេះឡើយ គឺខ្ញុំនាំការបាក់បែកមកទេតើ។ ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់ ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។