ថ្ងៃអាទិត្យ-អាទិត្យទី២១-ធម្មតាប្រចាំឆ្នាំ«គ»

អាទិត្យទី២១ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦៦,១៨-២១

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងនឹងប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសា ឱ្យមក ពួកគេនឹងឃើញសិរីរុងរឿងរបស់យើង។ យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះ​ក្នុងចំណោមអស់អ្នក ដែលបាន រួចជីវិត ឱ្យទៅកាន់ប្រទេសនៃប្រជាជាតិ​ទាំង​ឡាយ គឺទៅកោះឆ្ងាយៗទាំងប៉ុន្មាន។ អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿង របស់យើងដែរ។ អ្នកដែលយើង​ចាត​់ឱ្យទៅ នឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុង ចំណោមប្រជាជាតិ​ទាំង​ឡាយ។ ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នាដែលរស់ នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះដែលជិះ រទេះសេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែល ធ្លាប់យកតង្វាយដាក់លើជើងពានដ៏វិសុទ្ធ មក​ថ្វាយនៅក្នុង ព្រះដំណាក់ដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិ ទាំងនោះ យើងជ្រើសរើសអ្នកខ្លះឱ្យធ្វើជាបូជាចារ្យ និងអ្នក​ខ្លះឱ្យធ្វើជាពួកលេវីដែរ។

ទំនុកតម្កើងលេខ ១១៧ (១១៦), ១-២ បទពាក្យ ៧

ឱប្រជាជនទាំងឡាយអើយចូរសរសើរហើយលើកតម្កើង
ទាំងប្រជារាស្រ្ដកុំឆ្មៃឆ្មើងតម្កើងសិរីនៃព្រះអង្គ
ដ្បិតព្រះអង្គមានហឫទ័យករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មងនឹងយើងរហូតតរៀងទៅ

អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ១២,៥-៧.១១-១៣

បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនកុំភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់​​​មកកាន់ បងប្អូនដូចឪពុកទូន្មានកូនដែរ គឺថា «កូនអើយ មិនត្រូវធ្វេស​ប្រហែសនឹងការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដនៅពេលព្រះអង្គស្ដីបន្ទោសដែរ ដ្បិតព្រះអម្ចាស់ប្រដៅអ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន»។ បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ? ការវាយប្រដៅតែងតែធ្វើឱ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឱ្យសប្បាយទេ។ ក្រោយ​មក ទើបការវាយប្រដៅផ្ដល់ឱ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះ មានសេចក្ដីសុខសាន្ដ និងសេចក្ដីសុចរិតទុកជាផល។ ហេតុនេះ «ចូរលើក​ដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែល​ទន់នោះឱ្យរឹងប៉ឹងឡើងដែរ»។ ត្រូវរៀប​​​ចំផ្លូវឱ្យបានត្រង់ ដើម្បីស្រួលដើរ កុំឱ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺ​ឱ្យគេបានជាវិញ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៣,២៩

អាលេលូយ៉ា! អាលេលូយ៉ា!
មនុស្សគ្រប់ជាតិសាសន៍មកពីទិសទាំងបួន ចូលរួមជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,២២-៣០

ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹម កាត់តាមក្រុងតាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុន្ដែ គេមិនអាចចូលបានឡើយ។ កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិត ហើយអ្នករាល់គ្នានឹងឈរនៅខាងក្រៅគោះទ្វារផ្ទះ ទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឱ្យយើងខ្ញុំផង”។ ម្ចាស់​​​​​ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ អ្នក​​រាល់​គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជា​មួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។ លោកនឹងប្រាប់អ្នករាល់គ្នា​វិញ​ថា “ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិត​អើយ! ចូរថយចេញឱ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោក​​អ៊ីសាក លោកយ៉ាកុប និងព្យាការីទាំងឡាយស្ថិតនៅក្នុងព្រះរាជ្យព្រះជាម្ចាស់ តែ​​​ព្រះអង្គចោលអ្នករាល់គ្នាឱ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោក ខឹងសង្កៀត​ធ្មេញ។ មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯ​អ្នកខ្លះដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។

210 Views