ថ្ងៃអាទិត្យ-អាទិត្យទី២៣-ធម្មតាប្រចាំឆ្នាំ«គ»
អាទិត្យទី២៣ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ៩,១៣-១៨
បពិត្រព្រះអម្ចាស់! តើនរណាអាចស្គាល់ព្រះហឫទ័យរបស់ព្រះអង្គបាន? តើនរណាអាចស្មានយល់អំពីបំណងរបស់ព្រះអង្គ? មនុស្សតែងតែស្លាប់ មានគំនិតមិនប្រាកដប្រជាទេ ហើយការរិះគិតរបស់យើងខ្ញុំក៏រមែងប្រែប្រួលជានិច្ច។ រូបកាយរបស់យើងខ្ញុំដែលត្រូវរលួយ ជាបន្ទុកយ៉ាងធ្ងន់សង្កត់លើព្រលឹងរបស់យើងខ្ញុំ។ រូបកាយជាសំបកធ្វើពីដីក៏សង្កត់លើវិញ្ញាណដែលប្រទាញប្រទង់ដោយកង្វល់ផ្សេងៗ។ យើងខ្ញុំពិបាកស្រមៃឃើញពីអ្វីៗនៅលើផែនដី ហើយក៏មិនងាយយល់អំពីអ្វីៗដែលយើងអាចប៉ះពាល់បានប៉ុណ្ណឹងទៅហើយ ចុះចំណង់បើអ្វីៗដែលនៅឯស្ថានបរមសុខវិញ តើនរណាអាចស្វែងយល់បាន? ប្រសិនបើព្រះអង្គមិនបានប្រោសប្រទានព្រះប្រាជ្ញាញាណ ហើយមិនចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គពីស្ថានដ៏ខ្ពស់មកទេនោះ គ្មាននរណាអាចស្គាល់បំណងរបស់ព្រះអង្គបានឡើយ។ ដូច្នេះ ព្រះអង្គបានតំរែតម្រង់មនុសុ្សឱ្យរស់នៅដោយទៀងត្រង់នៅលើផែនដី ព្រះអង្គបានបង្រៀនពួកគេអំពីអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ ហើយព្រះប្រាជ្ញាញាណក៏សង្រ្គោះគេដែរ។
ទំនុកតម្កើងលេខ ៩០ (៨៩), ១.៣-៦.១២-១៤.១៧ បទពាក្យ ៧
១ | បពិត្រព្រះម្ចាស់ដ៏ប្រសើរ | ព្រះអង្គធ្លាប់ធ្វើជាជម្រក | |
ពីជំនាន់មុនតរៀងមក | ឱ្យយើងខ្ញុំជ្រកបានប្រពៃ | ។ | |
៣ | ព្រះអង្គធ្វើឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញណា | |
គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដាំវិលវិញ» | ។ | |
៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ | |
ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ | |
៥ | ព្រះអង្គដកយកជីវិតមនុស្ស | ជីវិតទាំងអស់សព្វអ្វីៗ | |
គឺប្រៀបបីដូចជាស្មៅខ្ចី | មិនពិបាកអីដូចយល់សប្ដិ | ។ | |
៦ | នៅពេលព្រឹកព្រាងមានរស្មី | ស្មៅដុះពីដីហើយត្រឡប់ | |
ជាក្រៀមស្រពោនសែនអភ័ព្វ | ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី | ។ | |
១២ | សូមណែនាំខ្ញុំឱ្យដឹងថា | អាយុសង្ខារខ្ញុំឥឡូវ | |
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ | |
១៣ | ឱព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត | |
កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្ដអ្នកបម្រើ | ។ | |
១៤ | សូមសម្ដែងហឫទ័យមេត្ដា | ដោយក្ដីករុណាដ៏ប្រសើរ | |
ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា | ។ | |
១៧ | ឱព្រះម្ចាស់អើយសូមសម្ដែង | សេចក្ដីស្រឡាញ់មកខ្ញុំផង | |
សូមជួយពង្រឹងការទាំងពួង | ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកភីលេមូ៉ន ភល ៩-១០.១២-១៧
បងប្អូនជាទីស្រឡាញ់!
ខ្ញុំប៉ូល ដែលកាន់តែចាស់ ហើយឥឡូវនេះក៏ជាប់ឃុំឃាំងព្រោះតែព្រះគ្រីស្ដយេស៊ូថែមទៀត ខ្ញុំសូមអង្វរលោកប្អូនឱ្យកូនរបស់ខ្ញុំ គឺអូនេស៊ីមដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។ ខ្ញុំសូមចាត់គាត់ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ ឱ្យវិលមករកលោកប្អូនវិញ។ ខ្ញុំមានបំណងចង់ទុកគាត់ឱ្យនៅជាមួយខ្ញុំដែរ ដើម្បីឱ្យនៅបម្រើខ្ញុំជំនួសលោកប្អូន ក្នុងពេលខ្ញុំជាប់ឃុំឃាំងព្រោះតែដំណឹងល្អនេះ ក៏ប៉ុន្ដែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឱ្យលោកប្អូនធ្វើអំពើល្អទាំងទើសទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្ដវិញ។ អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីឱ្យលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូន គាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។ ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំទុកជាបងរួមជំនឿមែន សូមទទួលគាត់ឱ្យបានដូចទទួលខ្ញុំផ្ទាល់ដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១៣៥
អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមសម្ដែងព្រះហឫទ័យមេត្ដាមកយើងខ្ញុំផង! សូមបង្រៀនយើងខ្ញុំឱ្យស្គាល់ក្រឹត្យវិន័យរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,២៥-៣៣
មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភក្រ្ដទៅរកគេ ហើយមានព្រះបន្ទូលថា៖«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំ ខ្លាំងជាងឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានដែរ។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកឱ្យមិនខាន។ គេនឹងពោលថា “មើល! បុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយ បានទេ!”។
ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាមតទល់នឹងស្ដេចមួយអង្គទៀត ទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ តើទ្រង់អាចតទល់នឹងបច្ចាមិត្ដដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា បើឃើញថា មិនអាចតទល់បានទេនោះ ទ្រង់នឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្ដិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើ់យ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។