ថ្ងៃអង្គារ-អាទិត្យទី២៤-ធម្មតា

អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ក្រហម

បុណ្យគោរព
លើកតម្កើងព្រះឈើឆ្កាង

ឈើឆ្កាងជាសញ្ញាសម្គាល់បង្ហាញពីជ័យជម្នះរបស់ព្រះគ្រីស្តលើសេចក្តីស្លាប់ និងលើចិត្តឃោរឃៅរបស់​មនុស្សលោក។ ព្រះគ្រីស្តជាអ្នកឈ្នះមារ ដែលជា “អម្ចាស់នៃពិភពលោកនេះ”។ ពីលើឈើឆ្កាងព្រះយេស៊ូទាក់ទាញមនុស្សទាំងអស់មកព្រះអង្គ។ ព្រះអង្គក៏ថ្វាយសក្ការបូជាដែលរំដោះមនុស្សលោកដែរ។
ថ្ងៃ ១៤ កញ្ញា ឆ្នាំ៣៣៥ គ្រីស្តបរិស័ទនាំគ្នាធ្វើពិធីបុណ្យឆ្លងព្រះវិហារសង់នៅលើផ្នូរព្រះយេស៊ូ គឺនៅក្បែរកន្លែង ដែលគេឆ្កាងព្រះអង្គ។ ព្រះវិហារនេះមានឈ្មោះថា “ព្រះគ្រីស្តរស់ឡើងវិញ”។ តាំងពីសតវត្សទី៤ រៀងមក គ្រីស្តបរិស័ទនាំគ្នាធ្វើពិធីគោរពឈើឆ្កាងព្រះគ្រីស្តនៅថ្ងៃ ១៤ កញ្ញា។

អត្ថបទទី១
សូមថ្លែងព្រះគម្ពីរជំនឿប្រជាជន ២១,៤-៩

ជនអ៊ីស្រាអែលចេញដំណើរពីភ្នំហ៊រតាមផ្លូវសមុទ្រកក់ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោកនាំពួកយើងចេញពីស្រុកអេស៊ីប ដើម្បីឱ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។ ពេលនោះព្រះជាម្ចាស់ក៏ធ្វើឱ្យមានពស់ភ្លើងមកចឹកពួកគេបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើន ក្នុងចំណោមជនជាតិអ៊ីស្រាអែល។ ប្រជាជននាំគ្នាទៅជួបលោកម៉ូសេជម្រាបថា៖ “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្តេញពស់ទាំងនេះចេញឱ្យឆ្ងាយពីយើងខ្ញុំផង”។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឱ្យប្រជាជន។
ព្រះជាម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើងព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជិវិត»។ លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយហើយព្យួរលើបង្គោល។ ពេលនណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជិវិត។

សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ២,៦-១១

បងប្អូនជាទីស្រឡាញ់!
ទោះបីព្រះគ្រីស្តមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធដាច់មុខរបស់ព្រះអង្គឡើយ។ ផ្ទុយទៅវិញព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយ បានជាព្រះម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដីនាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

ទំនុកតម្កើងលេខ ៧៨​ (៧៧), ៣-៤.៣៤-៣៩ បទព្រហ្មគីតិ

៣.យើងបានឮគេប្រាប់ ឱ្យយើងស្តាប់ជាដំណឹង
ដូនតាលោកខំប្រឹងតំណាលរឿងគ្រប់ទាំងអស់។
៤.តំណាលពីឫទ្ធានុភាពជាស្នាព្រះហស្ត
អស្ចារ្យគ្មានចន្លោះល្អឥតខ្ចោះទ្រង់ប្រព្រឹត្ត។
យើងនឹងនិយាយប្រាប់កូនចៅស្តាប់តទៅពិត
កូនចៅត្រូវរិះគិតមានគំនិតយល់មិនខាន។
៣៤.ពេលគេឃើញដូច្នេះគេរេរិះឈប់រួញរា
ប្រែចិត្តគំនិតជានាំគ្នីគ្នារកព្រះអង្គ។
៣៥.ពួកគេនឹកឃើញថាអង្គក្សត្រាមិនបោះបង់
ជាថ្មដាបិទបាំងការពារពាំងមាំមួនណាស់។
៣៦.ប៉ុន្តែតាមការពិតគេមានចិត្តចង់បោកប្រោស
និយាយពាក្យផ្តេសផ្តាស់ឃើញជាក់ច្បាស់ពាក្យកុហក។
៣៧.គេមានចិត្តវៀចវេរមិនទៀងទេសែនអាក្រក់
គេភូតភរកុហកក្បត់នឹងសម្ពន្ធមេត្រី។
៣៨.រីឯព្រះអង្គវិញទ្រង់បញ្ចេញព្រះហឫទ័យ
មេត្តាករុណាក្រៃលើកទោសពៃរ៍ដោយយល់យោគ។
៣៩.ព្រះអង្គនៅចាំថាគ្រប់អាត្មាជាមនុស្សលោក
ជីវិតសែនសោយសោកដូចខ្យល់បោកមិនត្រឡប់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះគ្រីស្ត! យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ សូមលើកតម្កើងព្រះអង្គ
ដ្បិតព្រះអង្គសង្គ្រោះមនុស្សលោក ដោយបានបូជាព្រះជន្មនៅលើឈើឆ្កាង!  អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ៣,១៣-១៧

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្សប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។ កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ​ មាន​ជីវិត​អស់​កល្ប‌ជានិច្ច។ ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់​កល្ប‌ជានិច្ច គឺ​មិន​ឱ្យគេ​វិនាស​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គឱ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ»។

ខែ​មិថុនា 2026
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
2930  
361 Views