ថ្ងៃអង្គារ-អាទិត្យ០៤-ធម្មតា-ប្រចាំឆ្នាំ«គ»
អត្ថបទព្រះគម្ពីរ
ថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា
ពណ៌បៃតង
ថ្ងៃធម្មតា
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២សម ១៨,៩-១០.១៤ខ.២៤-២៥ក.៣០-១៩,១-៤
ស្តេចអាប់សាឡុមរត់បាក់ទ័ព ក្រោយពីទ្រង់បានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ ទ្រង់ជិះលា លានោះដើរកាត់ក្រោមដើមឈើធំមួយដែលមានមែកសាខា ស្រាប់តែព្រះកេសារបស់ស្តេចអាប់សាឡុម ទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀតទុកស្តេចអាបសាឡុមនៅព្យួរផុតជើងពីដី។ ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជម្រាបលោកយ៉ូអាប់ថា៖«ខ្ញុំប្របាទឃើញស្តេចអាប់សាឡុម នៅព្យួរជាប់នឹងមែកឈើមួយ»។ លោកយ៉ូអាប់ចាប់យកជន្លួញបីដើម មកចាក់ទម្លុះត្រង់បេះដូចងស្តេចអាប់សាឡុម។ ពេលនោះព្រះបាទដាវីឌគង់នៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងនៃកំពែងក្រុង។ អ្នកយាមម្នាក់ឡើងទៅលើកំពែងក្រុង ហើយសម្លឹងមើលទៅឃើញមនុស្សម្នាក់កំពុងរត់តម្រង់មក។ គេស្រែកទូលស្តេច ហើយស្តេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អ្នកនាំសារថា៖«ចូរថយទៅឈរនៅជិតនោះចុះ។ គាត់ក៏ដកខ្លួន ហើយឈរចាំ។ រំពេចនោះ ជនជាតិអេធ្យូពីម្នាក់មកដល់ ទូលស្តេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់បានរកយុត្តិធម៌ថ្វាយព្រះករុណា ហើយព្រះអង្គបានរំដោះ ព្រះករុណាឱ្យរួចផុតពីកណ្តាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។ ព្រះបាទដាវីឌមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេធ្យូពីទូលថា៖ «បពិត្រព្រះករុណា! សូមឱ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណាត្រូវវិនាសដូចបុត្រនោះចុះ!»។ ពេលនោះ ព្រះបាទដាវីឌក្តុកក្តួលក្នុងព្រះហប្ញទ័យយ៉ាងខ្លាំង។ ទ្រង់យាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែងទាំងរៀបរាប់ថា៖ «អាប់សាឡុមបុត្របិតា! ឱបុត្របិតា! អាប់សាឡុមបុត្របិតាអើយ! គួរតែឱ្យបិតាស្លាប់ជំនួសបុត្រវិញ?អាប់សាឡុមបុត្របិតា ឱបុត្របិតាអើយ!»។ មានគេមកជម្រាបលោកយ៉ូអាប់ថា៖«ស្តេចទ្រង់ព្រះកន្សែងនិងអាឡោះអាល័យស្តេចអាប់សាឡុម»។ ជ័យជម្នះនៅថ្ងៃ នោះ បានក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូល ឮគេនិយាយថា ព្រះរាជាសោកសង្រេងអាឡោះអាល័យបុត្រ។ នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗដូចជាទាហានបាក់ទ័ព រត់ចោលសមរភូមិ ទាំងក្តីអាម៉ាស់។
ទំនុកតម្កើងលេខ ៨៦(៨៥),១-៦ បទព្រហ្មគីតិ
១ | ឱព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះកាណ៍ | |
ស្តាប់ស័ព្ទខ្ញុំវាចា | ហើយមេត្តាតបវិញផង | ។ | |
ដ្បិតខ្ញុំជាមនុស្ស | កំសត់ខុសគេទាំងពួង | ||
ទុគ៌តពេកកន្លង | តោកយ៉ាកយ៉ាប់រាល់វេលា | ។ | |
២ | សូមរក្សាជីវិត | ឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា | |
ដ្បិតខ្ញុំត្រង់ល្អជា | ស្ម័គ្រព្រះអង្គគ្មានគេចកែ | ។ | |
សូមមេត្តាសង្រ្គោះ | ដ្បិតខ្ញុំស្មោះឥតប្រួលប្រែល | ||
ជាបម្រើនៅក្បែរ | ពឹងផ្អែកតែលើម្ចាស់ថ្លៃ | ។ | |
៣ | ឱ! ព្រះអម្ចាស់អើយ | អាណិតហើយសូមប្រណី | |
ទូលបង្គំស្រែករាល់ថ្ងៃ | រកព្រះអង្គមិនឈប់ឈរ | ។ | |
៤ | ឱព្រះអម្ចាស់អើយ | សូមប្រោសឱ្យបម្រើល្អ | |
មានសប្បាយអំណរ | តម្រង់រកព្រះអម្ចាស់ | ។ | |
៥ | បពិត្រព្រះម្ចាស់ខ្ញុំ | ព្រះឧត្តមសប្បុរសណាស់ | |
អត់ឱនមិនថ្កោទោស | តែងសន្តោសខ្ញុំបរិបូណ៌ | ។ | |
ព្រះអង្គតែងអាណិត | អ្នកផ្តេកផ្តិតទ្រង់អាសូរ | ||
អ្នកដែលដង្ហោយថ្ងូរ | ហៅព្រះអង្គមកសង្រ្គោះ | ។ | |
៦ | ឱព្រះអម្ចាស់អើយ | ទ្រង់ផ្ទៀងហើយសូមសន្តោស | |
ពាក្យខ្ញុំស្រែករកនោះ | សូមទ្រង់ប្រោសរូបខ្ញុំផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០
អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៥,២១-៤៣
ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្តាជនច្រើនកុះករមកចោមរោមព្រះអង្គ។ ពេលនោះ អ្នកទទួលខុសត្រូវលើធម្មសាលាម្នាក់ឈ្មោះ យ៉ៃរ៉ូស មកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជីតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឱ្យមានជីវិត»។ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្តាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ នៅពេលនោះ មានស្រ្តីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់កាន់តែខ្លាំងឡើង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលសោះ។ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ ពេលឮគេនិយាយអំពីព្រះយេស៊ូ នាងក៏ចូលក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្រ្តរបស់ព្រះអង្គពីខាងក្រោយ ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំនឹងជាសះស្បើយមិនខាន»។ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានប្ញទ្ធានុភាពមួយចេញពីព្រះអង្គ។ ព្រះអង្គបែរទៅរកបណ្តាជន ហើយមានព្រះបន្ទូលសួរថា៖ «នរណាពាល់អាវខ្ញុំ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ! បណ្តាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្តេច បានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។ ព្រះយេស៊ូតទមើលជុំវិញ ដើម្បីឱ្យដឹងថាអ្នកណាបានពាល់ព្រះអង្គ។ ស្ដ្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុការណ៍ដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្រ្គោះនាងហើយ សូមអញ្ជើញទៅឱ្យបានសុខសាន្ត ហើយសូមឱ្យនាងជាសះស្បើយពីជំងឺចុះ!»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរ៉ូស ជម្រាប់គាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្តេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។ ព្រះយេស៊ូមិនយកព្រះហប្ញទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយតែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះបានហើយ!»។ ព្រះអង្គមិនអនុញ្ញាតឱ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូនរបស់គាត់។ កាលទៅដល់ផ្ទះលោកយ៉ៃរ៉ូស ជាអ្នកទទួលខុសត្រូវលើធម្មាសាលា ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ព្រះអង្គយាងចូលទៅក្នុងផ្ទះ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្តេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញ គេឱ្យចេញទៅក្រៅទាំងអស់គ្នា រួចទ្រង់នាំតែឪពុកម្តាយក្មេងនិងសាវ័កទាំងបីនាក់ ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលថា៖«តាលីថាគូម!»(ពាក្យនេះប្រែថា៖«នាងតូចអើយ! ខ្ញុំប្រាប់នាងថា ចូរក្រោកឡើយ!»)។ ក្មេងស្រីក៏ក្រោយឡើយ ដើរមួយរំពេចដ្បិតនាងមានអាយុដប់ពីឆ្នាំហើយ គេងឿយឆ្ងល់ពន់ប្រមាណ ប៉ុន្តែ ព្រះយេស៊ូហាមប្រាមគេមិនឱ្យប្រាប់នរណាដឹងរឿងនេះឡើយ ។ បន្ទាប់មក ព្រះអង្គប្រាប់គេឱ្យយកចំណីអាហារមកឱ្យក្មេងស្រីនោះបរិភោគ។