ថ្ងៃពុធ-អាទិត្យ០៤-ធម្មតា-ប្រចាំឆ្នាំ«គ»
អត្ថបទព្រះគម្ពីរ
ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២
អាទិត្យទី០៤ រដូវធម្មតា
ពណ៌ស
បុណ្យគោរព
បុណ្យថ្វាយព្រះឱរសយេស៊ូ
នៅក្នុងព្រះវិហារ
សែសិបថ្ងៃក្រោយព្រះយេស៊ូប្រសូត ព្រះនាងម៉ារី និងលោកយ៉ូសែបយកព្រះឱរសយេស៊ូទៅថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារក្រុងយេរ៉ូសាឡឹមតាមធម្មវិន័យរបស់លោកម៉ូសេ (ដណ១៣,១១-១៣)។
ព្រះសហគមន៍យល់ឃើញថា ពេលព្រះយេស៊ូយាងចូលក្នុងព្រះវិហារ ក៏ដូចជាព្រះជាម្ចាស់ផ្ទាល់យាងមក ចូលតាមពាក្យទំនាយរបស់ព្យាការីម៉ាឡាគី (អត្ថបទទី ១ )។ព្រះយេស៊ូរួមសាមគ្គីជាមួយមនុស្សលោកទាំងមូល ព្រះអង្គពិតជាមហាបូជាចារ្យរបស់យើង។ ទ្រង់យាងចូលក្នុងព្រះវិហារ ដើម្បីផ្សះផ្សាមនុស្សលោកទាំងអស់ ឱ្យជានាជាមួយព្រះជាម្ចាស់ (អត្ថបទទី ២)។ ព្រះយេស៊ូពិតជាពន្លឺដែលបំភ្លឺមនុស្សលោក (ដំណឹងល្អ )។
សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី មគ ៣,១-៤
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ « យើងចាត់ទូតរបស់យើងឱ្យទៅមុនដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។ រីឯគ្រីស្តទូតនៃសម្ព័ន្ធមេត្រីដែលអ្នករាល់គ្នារង់ចាំកំពុងតែមកហើយ។ ប៉ុន្ត នៅថ្ងៃដែលព្រះអង្គយាងមកដល់ តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។ ព្រះអង្គនឹងកាត់ក្តីដូចជាងទងអង្គុយរំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះអង្គនឹងជំរះកូនចៅលេវីឱ្យបានវិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធមាសនិងប្រាក់។ ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យមកថ្វាយព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់។ ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួលតង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមដូចកាលពីដើមនៅជំនាន់មុនៗ។
ឬសូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,១៤-១៨
ដោយមនុស្សទាំងអស់ជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារដែលមានអំណាចលើសេចក្តីស្លាប់ និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវទូតទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ ដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឱ្យរួចផុតពីបាបផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ ។
ទំនុកតម្កើង ២៤ (២៣),៧-១០ បទពាក្យ ៧
៧ | ឱទ្វារទាំងឡាយចូរកក្រើក | ចូរអ្នកខំបើកកុំឈរឈប់ | |
ចូរបើកចំហទាំងថ្ងៃយប់ | មហាក្សត្រជាម្លប់យាងចូលមក | ។ | |
៨ | តើព្រះមហាក្សត្រជានរណា | រុងរឿងថ្លៃថ្លាជាជម្រក | |
គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមក | មានជ័យមានជោគលើពិភព | ។ | |
៩ | ឱទ្វារទាំងឡាយចូរកក្រើក | ចូរអ្នកខំបើកកុំឈរឈប់ | |
ចូរបើកចំហទាំងថ្ងៃយប់ | មហាក្សត្រជាម្លប់យាងចូលមក | ។ | |
១០ | តើព្រះមហាក្សត្រជានរណា | រុងរឿងថ្លៃថ្លាជាជម្រក | |
គឺទ្រង់ជាម្ចាស់ពិភពលោក | ពីដើមរៀងមកលុះឥឡូវ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០
អលេលូយ៉ា! អាលេលូយ៉ា!
កូននេះជាពន្លឺដែលបំភ្លឺឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ! កូននេះជាសិរីរុងរឿងរបស់អ៊ីស្រាអែល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,២២-៤០ (ឬយ៉ាងខ្លី ២២-៣២)
ដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារីត្រូវធ្វើពិធីជំរះកាយឱ្យបានបរិសុទ្ធតាមធម្មវិន័យរបស់លោកម៉ូសេ អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដ្បិតក្នុងធម្មវិន័យរបស់ព្រះអម្ចាស់មានចែងទុក្ខមកថា “កូនប្រុសច្បងទាំងអស់ ត្រូវញែកថ្វាយព្រះអម្ចាស់”។ អ្នកទាំងពីរថ្វាយយញ្ញបូជាតាមធម្មវិន័យរបស់ព្រះអម្ចាស់មានចែងទុកមក គឺថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ”។
នៅក្រុងយេរូសាឡឹមមានបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាមនុស្សសុច្ចរិត។ គាត់គោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ត្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ហើយសម្តែងឱ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបមិនទាន់បានឃើញព្រះគ្រីស្តដែលព្រះអម្ចាស់ចាត់ឱ្យមកទេនោះ។ព្រះវិញ្ញាណនាំលោកតាស៊ីម៉ូនចូលក្នុងព្រះវិះហារ។ ពេលមាតាបិតានាំព្រះឧិរសយេស៊ូមកថ្វាយព្រះជាម្ចាស់ តាមធម្មវិន័យ លោកតាស៊ីម៉ូនយកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖« បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គលាចាកលោកនេះទៅដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ»។
មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្តីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឧិរសណាស់។ លោកតាស៊ីម៉ូនជូនពរលោកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឱ្យជនជាតិអ៊ីស្រាអែលច្រើនអ្នកដួលឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយ បង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះធ្វើឱ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើង រីឯនាងវិញនាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។
មានព្យាការីម្នាក់ឈ្មោះ ហណ្ណា ជាកូនរបស់លោកផានូអែលក្នុងកុលសម្ព័ន្ធអរសែ៊រ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្តីគាត់ក៏ទទួលមរណៈភាពចោលទៅ គាត់នៅមេម៉ាយរហូត ឥឡូវនេះគាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិដ្ឋានផង។ ពេលនោះលោកយាយហាណ្ណាក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឧិរសនោះប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។
កាលមាតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ស្របតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែតជាភូមិរបស់គាត់ ក្នុងស្រុកកាលីឡេវិញ។ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់ ។