ថ្ងៃទី២៤ មិថុនា
កំណើតសន្តយ៉ូហានបាទីស្ត
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៥
បន្ទរទី១៖ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។
១ | ឱព្រះអម្ចាស់អើយ តើនរណាអាចស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គបាន ? តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គបាន ? |
២ | គឺមានតែមនុស្សឥតសៅហ្មងដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិត ដែលមាននៅក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។ |
៣ | គេមិននិយាយមួលបង្កាច់ មិនធ្វើបាបអ្នកដទៃ ហើយក៏មិនបង្អាប់បង្អោនកិត្តិយសបងប្អូនរួមជាតិរបស់ខ្លួនដែរ។ |
៤ | គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់មិនគាប់ព្រះហឫទ័យនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជានិច្ច។ |
៥ | គេឱ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះអ្នកនោះនឹងបានសុខជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។
ទំនុកតម្កើងលេខ ១១២
បន្ទរទី២៖ លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីសេចក្តីពិត។
(បទពាក្យ ៧)
១- | អ្នកអោនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
២- | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
៣- | ក្នុងផ្ទះមនុស្សដែលចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ | |
៤- | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
៥- | មនុស្សដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
៦- | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
មនុស្សគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
៧- | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនមានល្បិច | |
មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
៨- | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត | ។ | |
៩- | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ | |
១០- | ពេលជនអាក្រក់ឃើញដូច្នោះ | ចិត្តគេទោមនស្សខាំធ្មេញផង | |
បាក់ធ្លាក់ទឹកចិត្តខូចបំណង | ពុំសម្រេចម្តងណាសោះឡើយ | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីសេចក្តីពិត។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣ខ-៤)
បន្ទរទី៣៖ លោកយ៉ូហានប្រៀបដូចជាពន្លឺដែលបំភ្លឺយ៉ាងអស្ចារ្យ។
៣ | «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់ ! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់ ! |
៤ | បពិត្រព្រះអម្ចាស់ ! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ លោកយ៉ូហានប្រៀបដូចជាពន្លឺដែលបំភ្លឺយ៉ាងអស្ចារ្យ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,២៣-២៥)
ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទាន ឱ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានបានប្រកាសឱ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។ ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថាៈ “ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង” ។
បន្ទរ៖ ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ *ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ បន្ទរឡើងវិញ៖…
– “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ” ។ បន្ទរ៖ *…
– សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ កូននេះកើតមកមានឋានៈធំជាងព្យាការីណាៗទាំងអស់។ ព្រះសង្រ្គោះមានព្រះបន្ទូលអំពីគាត់ថា ៖ ក្នុងបណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្ដឡើយ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ កូននេះកើតមកមានឋានៈធំជាងព្យាការីណាៗទាំងអស់។ ព្រះសង្រ្គោះមានព្រះបន្ទូលអំពីគាត់ថា ៖ ក្នុងបណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងលោកយ៉ូហានបាទីស្ដឡើយ។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះជាម្ចាស់ជាព្រះបិតា ដោយអំណរសប្បាយ ដ្បិតព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ដើម្បីប្រកាសពីការយាងមកនៃព្រះរាជ្យរបស់ព្រះគ្រីស្ត ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គតម្រង់ផ្លូវយើងខ្ញុំឆ្ពោះទៅរកសេចក្ដីសុខសាន្ត !
បពិត្រព្រះបិតា ! ព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ឱ្យចេញពីផ្ទៃម្តាយ ដើម្បីរៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យដើរតាមផ្លូវដែលលោកយ៉ូហាន បាទីស្ត បានបើកនៅមុខព្រះអម្ចាស់យេស៊ូផង។ (បន្ទរ)
សូមឱ្យព្រះសហគមន៍យកតម្រាប់តាមលោកយ៉ូហាន បាទីស្ត ដែលមិនភ័យខ្លាចនឹងចង្អុលបង្ហាញថា ព្រះអង្គជាកូនចៀមរបស់ព្រះជាម្ចាស់
—ដូច្នេះ មនុស្សគ្រប់ជំនាន់នឹងទទួលស្គាល់ថា ព្រះអម្ចាស់យាងមករកពួកគេ។ (បន្ទរ)
លោកយ៉ូហាន បាទីស្ត មិនបានលើកតម្កើងខ្លួនលោក ប៉ុន្តែ លោកទទួលស្គាល់តួនាទីរបស់លោក ជាអ្នកនាំមុខព្រះគ្រីស្ត
—សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់ថា ព្រះអង្គគឺជាអ្នកផ្តល់ឱ្យអ្វីៗទាំងអស់ នូវព្រះអំណោយទានដ៏ល្អៗ ដែលយើងខ្ញុំត្រូវតែប្រើប្រាស់ក្នុងការបម្រើព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ឱ្យធ្វើជាបន្ទាល់អំពីព្រះអង្គ ដោយជីវិតរបស់លោក និងទោះបីជាសេចក្តីស្លាប់របស់លោកក៏ដោយ
—សូមជួយយើងខ្ញុំឱ្យយកតម្រាប់តាមសក្ខីភាពឥតឈប់ឈររបស់លោក ដែលថ្លែងប្រាប់អំពីសេចក្តីពិត។ (បន្ទរ)
សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលបានទទួលមរណភាពផុតទៅហើយ
—សូមប្រទានឱ្យពួកគេមានទីកន្លែងនៃពន្លឺ សេចក្តីសុខសាន្ត និងសុភមង្គលផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! សូមឱ្យមហាគ្រួសាររបស់ព្រះអង្គដើរតាមមាគ៌ានៃការសង្រ្គោះ ឆ្ពោះទៅរកព្រះគ្រីស្ត ដោយយកចិត្តទុកដាក់ស្តាប់តាមការប្រៀនប្រដៅរបស់សន្តយ៉ូហាន ដែលជាអ្នករៀបចំផ្លូវថ្វាយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។