សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
កំណើតពិភពលោក (កណ) Genesis (Gn)
សេរីភាព (សរ) Exodus (Ex)
លេវីវិន័យ (លវ) Leviticus (Lv)
ជំរឿនប្រជាជន (ជរ) Numbers (Nm)
ទុតិយកថា (ទក) Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
យ៉ូស៊ូអា (យអ) Joshua (Jos)
វិរបុរស (វរ) Judges (Jdg)
នាងរូថ (នរ) Ruth (Ru)
១សាមូអែល (១សម) 1 Samuel (1 Sm)
២សាមូអែល (២សម) 2 Samuel (2 Sm)
១ពង្សាវតារក្សត្រ (១ពង្ស) 1 Kings (1 Kg)
២ពង្សាវតារក្សត្រ (២ពង្ស) 2 Kings (2 Kg)
១របាក្សត្រ (១របា) 1 Chronicles (1 Ch)
២របាក្សត្រ (២របា) 2 Chronicles (2 Ch)
អែសរ៉ា (អរ) Ezra (Ezr)
នេហេមី (នហ) Nehemiah (Neh)
យ៉ូឌីត (យឌ) Judith (Jdt)
តូប៊ីត (តប) Tobit (Tb)
អែសធែរ (អធ) Esther (Est)
១ម៉ាកាបាយ (១មបា) 1 Maccabees (1 Mc)
២ម៉ាកាបាយ (២មបា) 2 Maccabees (2 Mc)
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
ទំនុកតម្កើង (ទំន) Psalms (Ps)
យ៉ូប (យ៉ូប) Job (Jb)
សុភាសិត (សភ) Proverbs (Prv)
បទចម្រៀង (បច) Song of Songs (Sg)
សាស្តា (សស) Ecclesiastes (Eccl)
ព្រះប្រាជ្ញាញាណ (ប្រាញ) Wisdom (Wis)
បេនស៊ីរ៉ាក់ (បសរ) Sirach (Sir)
៤. គម្ពីរព្យាការី (Prophet) 18
អេសាយ (អស) Isaiah (Is)
យេរេមី (យរ) Jeremiah (Jer)
អេសេគីអែល (អគ) Ezekiel (Ez)
ហូសេ (ហស) Hosea (Ho)
យ៉ូអែល (យអ) Joel (Jl)
អម៉ូស (អម) Amos (Am)
អូបាឌី (អឌ) Obadiah (Ob)
យ៉ូណាស (យណ) Jonah (Jon)
មីកា (មីក) Micah (Mi)
ណាហ៊ូម (ណហ) Nahum (Na)
ហាបាគូក (ហគ) Habakkuk (Hb)
សេផានី (សផ) Zephaniah (Zep)
ហាកាយ (ហក) Haggai (Hg)
សាការី (សក) Zechariah (Zec)
ម៉ាឡាគី (មគ) Malachi (Mal)
សំណោក (សណ) Lamentations (Lam)
ដានីអែល (ដន) Daniel (Dn)
បារូក (បារ) Baruch (Ba)
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
ម៉ាថាយ (មថ) Matthew (Mt)
ម៉ាកុស (មក) Mark (Mk)
លូកា (លក) Luke (Lk)
យ៉ូហាន (យហ) John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
កិច្ចការគ្រីស្តទូត (កក) Acts of the Apostles (Acts)
៣. លិខិតសន្តប៉ូល (Paul Letters) 13
រ៉ូម (រ៉ូម) Romans (Rom)
១កូរិនថូស (១ករ) 1 Corinthians (1 Cor)
២កូរិនថូស (២ករ) 2 Corinthians (2 Cor)
កាឡាទី (កាឡ) Galatians (Gal)
អេភេសូ (អភ) Ephesians (Eph)
ភីលីព (ភីល) Philippians (Phil)
កូឡូស (កូឡ) Colossians (Col)
១ថេស្សាឡូនិក (១ថស) 1 Thessalonians (1 Thes)
២ថេស្សាឡូនិក (២ថស) 2 Thessalonians (2 Thes)
១ធីម៉ូថេ (១ធម) 1 Timothy (1 Tm)
២ធីម៉ូថេ (២ធម) 2 Timothy (2 Tm)
ទីតុស (ទត) Titus (Ti)
ភីលេម៉ូន (ភល) Philemon (Phlm)
៤. សំណេរសកល (Catholic Letters) 5
ហេប្រឺ (ហប) Hebrews (Heb)
យ៉ាកុប (យក) James (Jas)
១សិលា (១សល) 1 Peter (1 Pt)
២សិលា (២សល) 2 Peter (2 Pt)
យូដាស (យដ) Jude (Jude)
៥. សំណេរសន្តយ៉ូហាន (John Writings) 4
១យ៉ូហាន (១យហ) 1 John (1 Jn)
២យ៉ូហាន (២យហ) 2 John (2 Jn)
៣យ៉ូហាន (៣យហ) 3 John (3 Jn)
វិវរណៈ (វវ) Revelation (Rev)

សេផានី

សេផា‌នី

(ព្យាការី​សេផា‌នី)

ពាក្យ​លំនាំ

ពេល​ព្យាការី​សេផា‌នី​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទៅ​ថ្លែង​ប្រាប់​ប្រជាជន​យូដា​នោះ ប្រហែល​ជា​នៅ​ចុង​សតវត្ស​ទី​៧ មុន​គ្រីស្ត‌សករាជ។ ពេល​លោក​ថ្លែង​ព្រះ‌បន្ទូល​នេះ ព្រះ‌បាទ​យ៉ូស្យាស​ពុំ​ទាន់​បាន​ធ្វើ​ការ​កែ​ទម្រង់​ជំនឿ​សាសនា​នៅ​ឡើយ​ទេ (សូម​អាន ២​ពង្ស.២៣:១-២៨) ហើយ​ស្រុក​យូដា​កំពុង​តែ​ឆ្លង​កាត់​ស្ថាន‌ភាព​មួយ​ដ៏​សែន​លំបាក។ ដូច្នេះ ប្រហែល​ជា​លោក​បម្រើ​ព្រះ‌ជាម្ចាស់​មុន​ព្យាការី​ហាបា‌គូក។ នៅ​គ្រា​នោះ អ្នក​ដែល​មាន​ចិត្ត​សង្ស័យ​ហើយ​ចោទ​សួរ​ថា តើ​ព្រះ‌ជាម្ចាស់​រវី‌រវល់​នឹង​មនុស្ស​លោក​ឬ​យ៉ាង​ណា? តើ​ព្រះ‌អង្គ​ពិត​ជា​គ្រប់‌គ្រង​លើ​ប្រវត្តិ‌សាស្ត្រ​មែន​ឬ​ទេ? ព្យាការី​សេផា‌នី​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ ដោយ​ប្រកាស​ថា ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​អន្តរា‌គមន៍​មក​លើ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ តាម​របៀប​ពីរ​យ៉ាង: មុន​ដំបូង​ព្រះ‌អង្គ​នឹង​យាង​មក​វិនិច្ឆ័យ​ទោស​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម (១:១-២:៣) ព្រះ‌អង្គ​រំលាយ​ជាតិ​សាសន៍​ដែល​នៅ​ជុំ‌វិញ​ជន​ជាតិ​យូដា (២:៤-១៥)។ បន្ទាប់​មក ព្រះ‌អង្គ​នឹង​ស្តារ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​ចេញ​អស់​ពី​ទីក្រុង ហើយ​ទុក​ឲ្យ​មាន​ប្រជាជន​មួយ​ចំនួន ដែល​ក្រីក្រ​ទុរគត និង​មាន​ចិត្ត​ទន់‌ទាប ឲ្យ​នៅ​សេស‌សល់ ក្នុង​គោល​បំណង​បំផ្លាស់​បំប្រែ​មនុស្ស​ជាតិ​ទាំង​មូល (៣:១-២០)។
លោក​សេផា‌នី​ប្រកាស​ថា ដរាប​ណា​ប្រជាជន​មិន​ព្រម​កម្ចាត់​មនុស្ស​ដែល​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌ជាម្ចាស់ ឲ្យ​អស់​ពី​ក្នុង​ចំណោម​ពួក​គេ​ទេ នោះ​ពួក​គេ​ពុំ​អាច​មាន​ទំនាក់‌ទំនង​ដ៏​ពិត​ប្រាកដ​ជា​មួយ​ព្រះ‌អង្គ​បាន​ឡើយ។ ប៉ុន្តែ លោក​សម្ដែង​ភាព​ទន់‌ភ្លន់​ចំពោះ​មនុស្ស​ទន់‌ទាប​នៅ​ក្នុង​ស្រុក (២.៣, ៣.១២)។
 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​សេផា‌នី ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដេ‌លីយ៉ា ជា​ចៅ‌ទួត​របស់​លោក​អម៉ា‌រីយ៉ា និង​ជា​ចៅ‌លួត​របស់​លោក​អេសេខ្យាស នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូស្យាស ជា​បុត្រ​របស់​ព្រះ‌បាទ​អម៉ូន ស្តេច​ស្រុក​យូដា។
ព្រះ‌បន្ទូល​ព្រមាន​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​លុប​បំបាត់​អ្វីៗ​ឲ្យ​អស់​ពី​ផែន‌ដី
 យើង​នឹង​លុប​បំបាត់​ទាំង​មនុស្ស ទាំង​សត្វ
យើង​នឹង​លុប​បំបាត់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ
ព្រម​ទាំង​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។
យើង​នឹង​កម្ទេច​អ្វីៗ​ដែល​នាំ​ឲ្យ
មនុស្ស​អាក្រក់​ជំពប់​ដួល
ព្រម​ទាំង​លុប​បំបាត់​មនុស្ស​ឲ្យ​អស់​ពី​ផែន‌ដី
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
 យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដា
និង​ប្រជាជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម
យើង​នឹង​កម្ទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើ‌ប្រាស់
សម្រាប់​គោរព​ព្រះ​បាល
ព្រម​ទាំង​លែង​ឲ្យ​មាន​នរណា​នឹក​នា​ដល់
ពួក​អាចារ្យ និង​ពួក​បូជា‌ចារ្យ​របស់
ព្រះ​នោះ​ទៀត។
 យើង​ក៏​កម្ទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះ
ដើម្បី​ថ្វាយ‌បង្គំ​ផ្កាយ
ព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​យើង
ហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ព្រះ‌អម្ចាស់​ផង
ស្បថ​ក្នុង​នាម​ព្រះ​មីលកុម​របស់​គេ​ផង។
 យើង​នឹង​កម្ទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើង
ជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង
ហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។
ថ្ងៃ​របស់​ព្រះ‌អម្ចាស់
 ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។
ព្រះ‌អម្ចាស់​បាន​រៀបចំ​យញ្ញ‌បូជា
ព្រះ‌អង្គ​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង
ឲ្យ​បាន​បរិសុទ្ធ​ហើយ។
 «នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា យើង​នឹង​ដាក់​ទោស
ពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្តេច
ព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាម
សាសន៍​ដទៃ។
 នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល
លោត​ពី​លើ​ក្រប​ទ្វារ​ព្រះ‌វិហារ តាម​របៀប
សាសន៍​ដទៃ។
យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត
អំពើ​ឃោរ‌ឃៅ និង​កល‌ល្បិច
ពាស‌ពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។
១០ នៅ​ថ្ងៃ​នោះ​នឹង​មាន​ឮ​សម្រែក​លេច​ចេញ
ពី​ទ្វារ​មច្ឆា​សម្រែក​យំ​សោក​លេច​ឮ​ពី​ជាយ​ក្រុង​ម្ខាង
ហើយ​សំឡេង​មហន្ត‌រាយ​លេច​ឮ​យ៉ាង​ខ្លាំង
នៅ​តាម​ភ្នំ។
១១ ប្រជាជន​នៅ​ផ្សារ​ក្រោម​អើយ
ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ!
ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​វិនាស​អស់​ហើយ
ពួក​អស់​អ្នក​ដូរ​ប្រាក់​ក៏​ត្រូវ​អន្តរាយ​អស់​ដែរ។
១២ នៅ​គ្រា​នោះ យើង​នឹង​កាន់​ចន្លុះ
រុក‌រក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោស
នៅ​ក្រុង​យេរូ‌សាឡឹម។
អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា “ព្រះ‌អម្ចាស់
មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​ចំពោះ​ខ្ញុំ​បាន​ទេ”។
១៣ ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​រឹប​អូស​យក
ផ្ទះ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។
ពួក​គេ​សង់​ផ្ទះ តែ​មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ
ពួក​គេ​ដាំ​ទំពាំង‌បាយជូរ
តែ​ពុំ​អាច​ផឹក​ស្រា​ទំពាំង‌បាយជូរ​ដែរ»។
១៤ ថ្ងៃ​ដ៏​ឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អម្ចាស់
នៅ​ជិត​បង្កើយ​ហើយ
ថ្ងៃ​នោះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។
ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក
គេ​នឹង​ស្រែក​យំ​យ៉ាង​ជូរ‌ចត់
សូម្បី​តែ​ទាហាន​ដ៏​អង់‌អាច
ក៏​ស្រែក​ហៅ​គេ​ជួយ​ដែរ។
១៥ ថ្ងៃ​នោះ​ជា​ថ្ងៃ​ព្រះ‌អង្គ​ខ្ញាល់​យ៉ាង​ខ្លាំង
ជា​ថ្ងៃ​វេទនា និង​ថ្ងៃ​តប់‌ប្រមល់
ជា​ថ្ងៃ​មហន្ត‌រាយ និង​ហិន​វិនាស
ជា​ថ្ងៃ​ដ៏​ងងឹត ជា​ថ្ងៃ​អន្ធការ
ជា​ថ្ងៃ​ដែល​មាន​ពពក ងងឹត​អាប់‌អួ
១៦ ជា​ថ្ងៃ​ដែល​ឮ​សំឡេង​ស្នែង
និង​សម្រែក​សឹក​សង្គ្រាម​វាយ​យក​ក្រុង
ដ៏​មាន​កំពែង​រឹង‌មាំ និង​មាន​ប៉ម​យ៉ាង​ខ្ពស់។
១៧ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​វេទនា
ពួក​គេ​នឹង​ដើរ​ដូច​មនុស្ស​ខ្វាក់
ដ្បិត​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់
ឈាម​របស់​ពួក​គេ​នឹង​ខ្ចាយ
ទៅ​គ្រប់​ទី​កន្លែង​ដូច​ធូលី​ដី
សាក‌សព​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សំរាម។
១៨ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ខ្ញាល់​យ៉ាង​ខ្លាំង
ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​បាន​ទេ។
ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​រលាយ
ដោយ‌សារ​ភ្លើង​នៃ​ព្រះ‌ពិរោធ។
ពេល​ព្រះ‌អង្គ​លុប​បំបាត់​មនុស្ស​ទាំង​អស់
ពី​ផែន‌ដី​ជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។
ចូរ​កែ​ប្រែ​ចិត្ត​គំនិត
 ប្រជា‌ជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយ
ចូរ​ប្រមូល​ផ្តុំ​គ្នា​រិះ‌គិត​ពិចារណា
 មុន​ពេល​ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស
មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើង
ប៉ើង​តាម​ខ្យល់
និង​មុន​ពេល​ព្រះ‌អម្ចាស់​ធ្វើ​ទោស​អ្នក​រាល់​គ្នា
នៅ​ថ្ងៃ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!
 អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​ទន់‌ទាប
នៅ​ក្នុង​ស្រុក​អើយ
អ្នក​រាល់​គ្នា​តែង‌តែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ
ដូច្នេះ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ទៅ។
ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ហើយ​បន្ទាប​ខ្លួន
នោះ​ប្រហែល​ជា​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត
នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជាតិ​សាសន៍​នានា ដែល​នៅ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល
 ក្រុង​កាសា​នឹង​ត្រូវ​ប្រជាជន​បោះ​បង់​ចោល
ក្រុង​អាស្កា‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ក្រុង​អាស្ដូដ​នឹង​ត្រូវ​គេ​កៀរ​ប្រជាជន​ចេញ
ទាំង​កណ្ដាល​ថ្ងៃ​ត្រង់
ក្រុង​អេក្រូន​នឹង​ត្រូវ​គេ​ដក​ទាំង​ឫស។
 ប្រជា‌ជាតិ​កេរី‌ទី​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ
មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង
អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន
ស្រុក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក
លែង​ឲ្យ​មាន​ប្រជាជន​រស់​នៅ​ទៀត​ហើយ។
 ស្រុក​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ទៅ​ជា
វាល​ស្មៅ​សម្រាប់​សត្វ ជា​កន្លែង​ឃ្វាល​ហ្វូង​សត្វ
និង​ជា​កន្លែង​ដែល​គេ​ទុក​ឲ្យ​ហ្វូង​សត្វ​នៅ»។
 កូន​ចៅ​យូដា​ដែល​នៅ​សេស‌សល់​នឹង
ប្រើ​ទឹក​ដី​នេះ​សម្រាប់​ឃ្វាល​ហ្វូង​សត្វ​របស់​ខ្លួន។
ពួក​គេ​នឹង​យក​ផ្ទះ​នានា​នៅ​ក្នុង​ក្រុង​អាស្កា‌ឡូន
ធ្វើ​ជា​ជម្រក​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់។
ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ធ្វើ​ដូច្នេះ
ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ នៅ​ពេល
ព្រះ‌អង្គ​ស្តារ​ស្រុក​របស់​ពួក​គេ​ឡើង​វិញ។
 «យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ស្រុក​ម៉ូអាប់
និង​អ្នក​ស្រុក​អាំម៉ូន​ជេរ​ប្រមាថ
ត្មះ‌តិះ‌ដៀល​ប្រជា‌រាស្ដ្រ​របស់​យើង
ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ផង។
 ហេតុ​នេះ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ
យើង​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា:
ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុម
ស្រុក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ
គឺ​ជា​កន្លែង​ដែល​មាន​បន្លា​ដុះ​ពាស‌ពេញ
ជា​ស្រែ​អំបិល និង​ជា​ទី​ស្មសាន​រហូត​ត​ទៅ។
ប្រជា‌រាស្ដ្រ​របស់​យើង​ដែល​នៅ​សេស‌សល់
នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេ
ហើយ​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ​ទៀត​ផង»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព
ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។
១០ ហេតុ‌ការណ៍​កើត​មាន​ដូច្នេះ បណ្តាល​មក​ពី
ពួក​គេ​មាន​អំនួត ពួក​គេ​ត្មះ‌តិះ‌ដៀល
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ទៀត​ផង។
១១ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ញែង​ខ្លាច
ដ្បិត​ព្រះ‌អង្គ​នឹង​លុប​បំបាត់​ព្រះ​ទាំង​ប៉ុន្មាន
ឲ្យ​អស់​ពី​ផែន‌ដី
ប្រជា‌ជាតិ​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ
នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន។
១២ «ជន​ជាតិ​អេត្យូ‌ពី​អើយ
អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ
យើង​នឹង​ចាក់​ទម្លុះ​អ្នក​រាល់​គ្នា
ដោយ​ដាវ​របស់​យើង»។
១៣ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌ហស្ដ​វាយ​ប្រហារ
ស្រុក​ខាង​ជើង
ព្រះ‌អង្គ​នឹង​កម្ទេច​ស្រុក​អាស្ស៊ីរី
ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​នីនីវេ
ក្លាយ​ទៅ​ជា​ទី​ស្មសាន
ជា​កន្លែង​ហួត‌ហែង​ដូច​វាល​រហោ‌ស្ថាន។
១៤ ហ្វូង​សត្វ​នឹង​មក​ធ្វើ​ជម្រក​នៅ​កណ្ដាល​ក្រុង​នោះ
ហើយ​សត្វ​គ្រប់​ប្រភេទ គឺ​មាន​សត្វ​ទុង កាំ‌ប្រមា
ក៏​មក​ជ្រក​នៅ​តាម​សសរ​អាគារ​របស់​ក្រុង​នោះ​ដែរ។
សំឡេង​សត្វ​ព្រៃ​នឹង​លាន់​ឮ​នៅ​តាម​បង្អួច។
ក្រប​ទ្វារ​ផ្ទះ​បាក់​បែក​អស់
ហើយ​ឈើ​ដ៏​មាន​តម្លៃ​ក៏​បាក់​ជ្រុះ​អស់​ដែរ។
១៥ មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ
ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ហើយ​តែង​គិត​ថា
គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន
បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជម្រក​សត្វ​ព្រៃ។
អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ
នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​ព្រឺ​សម្បុរ។
អ្នក​ក្រុង​យេរូ‌សាឡឹម​មិន​ព្រម​ស្ដាប់​ព្រះ‌អម្ចាស់
 យេរូ‌សាឡឹម​ត្រូវ​វេទនា​ជា​ពុំ‌ខាន
ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះ‌បោរ
ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជិះ‌ជាន់​សង្កត់‌សង្កិន​គ្នា។
 ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់
ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះ‌អង្គ​ដែរ។
ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។
 មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ
ដែល​គិត​តែ​ពី​គ្រហឹម។
ចៅ‌ក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចក
ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច
ហើយ​ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​សម្រាប់​កកេរ
នៅ​ពេល​ព្រឹក​ឡើយ។
 ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង
ហើយ​ក្បត់​មុខ‌ងារ​របស់​ខ្លួន។
បូជា‌ចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ
ដែល​ជា​ទី‌សក្ការៈ ព្រម​ទាំង​បំពាន​លើ​វិន័យ។
 ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​គេ
ព្រះ‌អង្គ​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ
រៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​យុត្តិធម៌
ឲ្យ​ពួក​គេ​ឃើញ​ច្បាស់
មិន​ដែល​អាក់‌ខាន​ទេ។
ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​បាន​កម្ទេច​ប្រជា‌ជាតិ​នានា
យើង​បំផ្លាញ​ប៉ម​ការ‌ពារ​ក្រុង​របស់​ពួក​គេ
យើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ
គ្មាន​មនុស្ស​ដើរ!
ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ
លែង​មាន​ប្រជាជន​រស់​នៅ​ទៀត។
 យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាច
និង​ព្រម​ទទួល​ការ​ស្តី​ប្រដៅ​ពី​យើង
ដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ
វិនាស​អន្តរាយ​ទេ”។
ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ
ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប
គ្រប់​បែប​យ៉ាង។
 ហេតុ​នេះ ចូរ​ចាំ​យើង​សិន!
ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។
យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ
យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង
ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ
ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ
ផែន‌ដី​ទាំង​មូល
-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ព្រះ‌បន្ទូល​សន្យា
 ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់
ជាតិ​សាសន៍​នានា​ឲ្យ​បរិសុទ្ធ
ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក
នាម​យើង​ជា​ព្រះ‌អម្ចាស់
ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។
១០ អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កម្ចាត់‌កម្ចាយ
ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី
នឹង​នាំ​គ្នា​យក​តង្វាយ​មក​ឲ្យ​យើង។
១១ នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់
ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន
ដែល​អ្នក​បាន​ប្រព្រឹត្ត
គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង
ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង
ចេញ​ពី​ចំណោម​អ្នក
ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ
ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ដែរ។
១២ យើង​នឹង​ទុក​ប្រជាជន​មួយ​ចំនួន
ដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់
ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នក
ប្រជាជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង
ដែល​ជា​ព្រះ‌អម្ចាស់
១៣ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់
លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក
និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ
ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត
គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។
១៤ ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ!
ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស!
ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!
១៥ ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក
ព្រះ‌អង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។
ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​នៃ
ជន​ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នក
អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។
១៦ នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់
ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ!
ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ!
១៧ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​ជា​មួយ​អ្នក
ព្រះ‌អង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជម្នះ។
ព្រោះ​តែ​អ្នក ព្រះ‌អង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។
ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ
ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។
ព្រោះ​តែ​អ្នក ព្រះ‌អង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។
១៨ «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ
ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ
គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក
ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។
១៩ នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស
ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។
យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច
ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។
យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយស
និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង
ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។
២០ នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ
ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្តុំ​អ្នក​រាល់​គ្នា
ពេល​យើង​ស្តារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ
នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា
យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន
កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម
ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
860 Views

Theme: Overlay by Kaira