សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីសាការី
ពាក្យលំនាំ
សាការី
(ព្យាការីសាការី)
ពាក្យលំនាំ
យើងអាចដាក់ឈ្មោះកណ្ឌគម្ពីរសាការីនេះថាជាកណ្ឌគម្ពីរ «សេចក្ដីសង្ឃឹម»ក៏បាន ដ្បិតខ្លឹមសារនៃកណ្ឌគម្ពីរនេះចែងអំពីសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល នៅជំនាន់នោះ។ យើងអាចបែងចែកកណ្ឌគម្ពីរសាការីជាពីរផ្នែក។
ផ្នែកទីមួយ (ចំពូក ១‑៨) ជាសេចក្ដីដែលព្យាការីប្រកាសនៅអំឡុងឆ្នាំ ៥២០-៥១៨ មុនគ្រីស្តសករាជ គឺក្នុងពេលជាមួយគ្នានឹងព្យាការីហាកាយដែរ។ សេចក្ដីដែលព្យាការីថ្លែងក្នុងផ្នែកនេះ មានលក្ខណៈជានិមិត្តហេតុដ៏អស្ចារ្យ ហើយចែងអំពីការសង់ព្រះវិហារ និងក្រុងយេរូសាឡឹមឡើងវិញ ដែលជាទីសម្គាល់មួយនៃយុគសម័យថ្មី។ ព្រះជាម្ចាស់បានជ្រើសរើសលោកទេសាភិបាលសូរ៉ូបាបិល ជាពូជពង្សរបស់ព្រះបាទដាវីឌ ព្រមទាំងមហាបូជាចារ្យយ៉ូស៊ូអា ធ្វើជាអ្នកដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គ នៅដើមដំបូងនៃយុគសម័យនេះ។
សេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល ផ្ចង់ទៅរកគ្រាដែលព្រះជាម្ចាស់យាងមកគ្រងរាជ្យលើផែនដីទាំងមូល ហើយសេចក្ដីសង្ឃឹមនេះក៏ជាប់ពាក់ព័ន្ធទៅលើមនុស្សម្នាក់ ដែលព្រះជាម្ចាស់ជ្រើសរើសដែរ។ នៅផ្នែកទីពីរ(ចំពូក ៩‑១៤) ចែងអំពីសេចក្ដីសង្ឃឹមនេះឯង គឺមានបរិយាយអំពីអ្នកដែលព្រះជាម្ចាស់តែងតាំងឲ្យរៀបចំព្រះរាជ្យរបស់ព្រះអង្គ។ ព្យាការីបង្ហាញអំពីលោកនោះក្នុងឋានៈជាស្តេចដែលមានចិត្តទន់ទាប ជាគង្វាលរបស់ហ្វូងចៀម និងជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលត្រូវគេសម្លាប់។ គម្ពីរសម្ពន្ធមេត្រីថ្មីបង្ហាញឲ្យយើងឃើញថា ព្រះយេស៊ូមានលក្ខណសម្បត្តិខាងលើ ដូចលោកសាការីបានប្រកាស ជាពិសេស ត្រង់អត្ថបទដែលបរិយាយអំពីការសោយទិវង្គតរបស់ព្រះអង្គ (ម៉ាថាយ ២១.៤-៥; ម៉ាថាយ ២៦.៣១; ម៉ាកុស ១៤.២៧; យ៉ូហាន ១៩.៣៧)។
១
ព្រះអម្ចាស់ត្រាស់ហៅជនជាតិអ៊ីស្រាអែលឲ្យវិលមករកព្រះអង្គវិញ
១ នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគីយ៉ា និងជាចៅរបស់លោកអ៊ីដូ ដូចតទៅ:
២ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។ ៣ ចូរប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ៤ កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៥ ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកព្យាការីក៏មិននៅរស់រហូតដែរ។ ៦ ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងវិន័យដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចព្រះអង្គបានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
និមិត្តហេតុអស្ចារ្យអំពីសេះ
៧ នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគីយ៉ា និងជាចៅរបស់លោកអ៊ីដូដូចតទៅ:
៨ នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយលោក មានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។ ៩ ខ្ញុំក៏សួរថា៖ «លោកម្ចាស់ អ្នកទាំងនោះជានរណា?»។ ទេវទូត*ដែលនិយាយជាមួយខ្ញុំ ពោលថា៖ «ខ្ញុំនឹងបង្ហាញឲ្យលោកដឹងថា អ្នកទាំងនោះជានរណា»។ ១០ បុរសដែលនៅកណ្ដាលគុម្ពផ្កាយីថោ ពោលថា៖ «ពួកគេជាអ្នកដែលព្រះអម្ចាស់បានចាត់ឲ្យធ្វើដំណើរឆ្លងកាត់ផែនដី»។ ១១ អ្នកទាំងនោះពោលទៅកាន់ទេវទូតរបស់ព្រះអម្ចាស់ ដែលនៅកណ្ដាលគុម្ពផ្កាយីថោថា៖ «យើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផែនដី ឃើញមនុស្សម្នាទាំងអស់រស់នៅយ៉ាងសុខសាន្ត ឥតមានកង្វល់»។
១២ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់ពោលឡើងថា៖ «បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល តើដល់ពេលណាទើបព្រះអង្គអាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ព្រះអង្គខ្ញាល់នឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។ ១៣ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្ត និងសម្រាលទុក្ខទេវទូត*ដែលនិយាយជាមួយខ្ញុំ។ ១៤ ពេលនោះ ទេវទូតដែលនិយាយជាមួយខ្ញុំ ពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ:
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់ ១៥ តែយើងក្រេវក្រោធយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។ ១៦ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ១៧ ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។
២
និមិត្តហេតុអស្ចារ្យអំពីស្នែងបួន និងជាងដែកបួននាក់
១ (១.១៨) ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញស្នែងបួន។ ២ (១៩) ខ្ញុំក៏សួរទេវទូតដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ទេវទូតតបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកម្ចាត់កម្ចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រាអែល និងអ្នកក្រុងយេរូសាឡឹម»។
៣ (២០) បន្ទាប់មក ព្រះអម្ចាស់ប្រទានឲ្យខ្ញុំឃើញជាងដែកបួននាក់។ ៤ (២១) ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកម្ចាត់កម្ចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកម្ទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកម្ចាត់កម្ចាយប្រជាជន»។
និមិត្តហេតុអស្ចារ្យអំពីខ្សែរង្វាស់
៥ (២.១) ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។ ៦ (២) ខ្ញុំសួរបុរសនោះថា លោកអញ្ជើញទៅណា។ លោកតបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្តោយ»។ ៧ (៣) ពេលនោះ ទេវទូតដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានទេវទូតមួយរូបទៀតមកជួប ៨ (៤) ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។ ៩ (៥) រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏ទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអម្ចាស់ហៅអ្នកជាប់ជាឈ្លើយត្រឡប់មកវិញ
១០ (៦) «យើងបានកម្ចាត់កម្ចាយអ្នករាល់គ្នា
ទៅតាមទិសទាំងបួន!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់
រត់ចាកចេញពីស្រុកខាងជើងមក!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ (៧) ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅ
ក្នុងស្រុកបាប៊ីឡូនអើយ
ចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។
១២ (៨) ព្រះអម្ចាស់នៃពិភពទាំងមូល
ព្រះអង្គប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ
ប្រាប់ប្រជាជាតិនានា
ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា:
«អ្នកណាប៉ះពាល់អ្នករាល់គ្នា
ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
១៣ (៩) យើងនឹងលើកដៃប្រហារ
ប្រជាជាតិទាំងនោះ
ពួកគេនឹងក្លាយទៅជាឈ្លើយ
នៃពួកទាសកររបស់ខ្លួន»
ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
ព្រះអម្ចាស់នៃពិភពទាំងមូល
ពិតជាបានចាត់ខ្ញុំឲ្យមកមែន។
១៤ (១០) «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ
ចូរស្រែកហ៊ោដោយអំណរ!
ចូរសប្បាយរីករាយឡើង!
ដ្បិតយើងមករកអ្នកហើយ
យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៥ (១១) «នៅថ្ងៃនោះ ប្រជាជាតិជាច្រើន
នឹងជំពាក់ចិត្តលើយើង ជាព្រះអម្ចាស់
ហើយធ្វើជាប្រជារាស្ដ្ររបស់យើង
តែយើងនឹងស្ថិតនៅជាមួយអ្នក»។
ពេលនោះ អ្នកនឹងទទួលស្គាល់ថា
ព្រះអម្ចាស់នៃពិភពទាំងមូល
បានចាត់ខ្ញុំឲ្យមករកអ្នក។
១៦ (១២) ព្រះអម្ចាស់នឹងយកស្រុកយូដា
ធ្វើជាទឹកដីរបស់ព្រះអង្គផ្ទាល់
ក្នុងទឹកដីដ៏វិសុទ្ធ
ព្រះអង្គនឹងជ្រើសរើសក្រុងយេរូសាឡឹម
ដូចពីមុន។
១៧ (១៣) សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ដ្បិតព្រះអង្គតើនឡើង ហើយយាងចេញ
ពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។
៣
និមិត្តហេតុអស្ចារ្យអំពីលោកមហាបូជាចារ្យ
១ ព្រះអម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជាចារ្យ*យ៉ូស៊ូអា ឈរនៅមុខទេវទូត*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្តាំ ដើម្បីចោទប្រកាន់លោក។ ២ ទេវទូតរបស់ព្រះអម្ចាស់ពោលទៅកាន់មារសាតាំងថា៖ «សូមព្រះអម្ចាស់ផ្តន្ទាទោសអ្នក! សាតាំងអើយ សូមព្រះអម្ចាស់ផ្តន្ទាទោសអ្នក! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយ៉ូស៊ូអាវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។
៣ ពេលនោះ លោកយ៉ូស៊ូអាមានសម្លៀកបំពាក់កខ្វក់ លោកឈរនៅមុខទេវទូត។ ៤ ទេវទូតនេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក!»។ ទេវទូតពោលមកកាន់លោកយ៉ូស៊ូអាថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយឲ្យលោកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។ ៥ បន្ទាប់មក ទេវទូតពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឆ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនលោក។ ទេវទូតរបស់ព្រះអម្ចាស់ឈរនៅក្បែរនោះ។
៦ ទេវទូតរបស់ព្រះអម្ចាស់ថ្លែងមកកាន់លោកយ៉ូស៊ូអាថា៖ ៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។ ៨ ដូច្នេះ មហាបូជាចារ្យយ៉ូស៊ូអាអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ ៩ យើងនឹងដាក់ថ្មមួយនៅមុខយ៉ូស៊ូអា លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ១០ នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
៤
និមិត្តហេតុអំពីជើងចង្កៀងមាស និងអូលីវពីរដើម
១ ទេវទូតដែលសន្ទនាជាមួយខ្ញុំពីមុននោះវិលមកវិញ ហើយដាស់ខ្ញុំឲ្យភ្ញាក់ស្មារតីដូចដាស់មនុស្សឲ្យក្រោកពីដំណេក។ ២ ទេវទូតនោះពោលមកខ្ញុំថា៖ «តើលោកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងមួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំពីរ ហើយមានបំពង់បញ្ឆេះប្រាំពីរភ្ជាប់ទៅនឹងក្បាលចង្កៀង ដែលនៅចុងខាងលើ។ ៣ នៅក្បែរជើងចង្កៀងនោះមានអូលីវពីរដើម មួយនៅខាងស្តាំកន្លែងដាក់ប្រេង មួយទៀតនៅខាងឆ្វេង»។ ៤ ខ្ញុំពោលទៅកាន់ទេវទូតដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។ ៥ ទេវទូតតបមកខ្ញុំវិញថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំប្របាទមិនដឹងទេ លោកម្ចាស់»។ ៦ ៦ក ពេលនោះ ទេវទូតក៏ពោលមកខ្ញុំទៀតថា៖ ១០ខ «ចង្កៀងទាំងប្រាំពីរនេះជាព្រះនេត្ររបស់ព្រះអម្ចាស់ ដែលទតមើលផែនដីទាំងមូល»។ ១១ ខ្ញុំសួរទេវទូតថា៖ «ចុះអូលីវទាំងពីរដើម ដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វីដែរ?»។ ១២ ខ្ញុំសួរទេវទូតទៀតថា៖ «តើមែកអូលីវពីរ នៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវ ទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។ ១៣ ទេវទូតតបមកខ្ញុំថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។ ១៤ ទេវទូតពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលព្រះអម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំង ឲ្យនៅបម្រើព្រះអង្គ»។
៦ខ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយព្រះវិញ្ញាណរបស់យើងវិញ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
៧ ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលព្រះវិហារ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ ៩ «សូរ៉ូបាបិលបានចាក់គ្រឹះព្រះដំណាក់នេះ រួចគាត់ក៏បង្ហើយការសាងសង់ដែរ។ ពេលហេតុការណ៍នេះសម្រេចជារូបរាង អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ១០ មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលគេផ្តើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្តើមចាក់គ្រឹះដូច្នេះ»។
៥
និមិត្តហេតុអស្ចារ្យអំពីក្រាំង និងហិប
១ ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញក្រាំងមួយកំពុងហោះ។ ២ ទេវទូតសួរខ្ញុំថា «តើអ្នកឃើញអ្វី?»។ ខ្ញុំតបថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ»។ ក្រាំងនោះមានបណ្តោយម្ភៃហត្ថ និងទទឹងដប់ហត្ថ។ ៣ ទេវទូតពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។ ៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងឲ្យបណ្ដាសានេះចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកនិយាយស្បថបំពាន ក្នុងនាមយើង។ បណ្ដាសានឹងស្ថិតនៅក្នុងផ្ទះនោះ ហើយធ្វើឲ្យផ្ទះនោះឆេះ ទាំងឈើធ្នឹម ទាំងថ្មសំណង់»។
៥ ទេវទូតដែលសន្ទនាជាមួយខ្ញុំ បានខិតចូលមកជិតខ្ញុំ ប្រាប់ថា៖ «ចូរងើយសម្លឹងមើលទៅវត្ថុដែលកំពុងតែចេញមកនោះ!»។ ៦ ខ្ញុំសួរថា៖ «តើវត្ថុនោះជាអ្វី?»។ ទេវទូតឆ្លើយថា៖ «វត្ថុចេញមកនោះគឺហិប ដែលពោរពេញទៅដោយអំពើអាក្រក់របស់មនុស្ស នៅក្នុងស្រុកទាំងមូល»។ ៧ ពេលគម្របសំណរបើកឡើង ខ្ញុំឃើញមានស្ត្រីម្នាក់អង្គុយនៅក្នុងហិប។ ៨ ទេវទូតប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក លោកបោះនាងទៅក្នុងហិបវិញ ហើយយកគម្របស្ពាន់បិទពីលើ។
៩ ខ្ញុំក្រឡេកមើលទៅ និមិត្តឃើញស្ត្រីពីរនាក់ចេញមកមានស្លាបដូចស្លាបកុក ហើយខ្យល់បក់មកប៉ះនឹងស្លាបរបស់នាង។ នាងទាំងពីរលើកហិបឡើង ផុតពីដី។ ១០ ខ្ញុំសួរទេវទូតដែលសន្ទនាជាមួយខ្ញុំនោះថា៖ «តើនាងទាំងពីរយកហិបទៅណា?»។ ១១ ទេវទូតឆ្លើយថា៖ «នាងទាំងពីរសង់ផ្ទះមួយនៅស្រុកមេសូប៉ូតាមីសម្រាប់ស្ត្រីនៅក្នុងហិបនោះ។ ពេលសង់រួចរាល់ហើយ ពួកនាងយកហិបទៅដាក់នៅកន្លែងរបស់វា»។
៦
និមិត្តហេតុអស្ចារ្យអំពីរទេះបួន
១ ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។ ២ រទេះទីមួយទឹមដោយសេះសម្បុរក្រហម រទេះទីពីរទឹមដោយសេះសម្បុរខ្មៅ ៣ រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ ៤ ខ្ញុំក៏សួរទេវទូតដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។ ៥ ទេវទូតតបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលព្រះអម្ចាស់នៃផែនដីទាំងមូលគង់នៅ»។ ៦ សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។ ៧ សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះអម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។ ៨ ព្រះអង្គហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំវិញ្ញាណរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។
ព្រះបន្ទូលណែនាំ និងព្រះបន្ទូលសន្យា ស្តីអំពីការសង់ព្រះវិហារឡើងវិញ
៩ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ ១០ «ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូស្យាស ជាកូនរបស់សេផានី ទទួលយកតង្វាយរបស់ប្រជាជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែលដាយ តូប៊ីយ៉ា និងយេដាយ៉ា ដែលមកពីស្រុកបាប៊ីឡូន។ ១១ ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដបំពាក់ឲ្យមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់យូសាដាក។ ១២ ចូរប្រាប់គាត់ថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ:
“បុរសម្នាក់ឈ្មោះពន្លក លោកនៅទីណា
អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។
លោកនឹងសង់ព្រះវិហាររបស់ព្រះអម្ចាស់។
១៣ គឺលោកនោះហើយដែលនឹងសង់ព្រះវិហារ
របស់ព្រះអម្ចាស់។
លោកនឹងពាក់គ្រឿងឥស្សរិយយស
ដ៏ថ្កុំថ្កើងរុងរឿង
លោកអង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់លោក។
បូជាចារ្យមួយរូបអង្គុយលើបល្ល័ង្កមួយទៀត
ហើយលោកទាំងពីរមានទំនាក់ទំនង
យ៉ាងជិតស្និទ្ធជាមួយគ្នា។
១៤ មកុដទាំងនេះត្រូវទុកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីរំឭកដល់ហែលដាយ តូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានី។ ១៥ អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ព្រះវិហាររបស់ព្រះអម្ចាស់”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តស្មោះ»។
៧
ពិធីតមអាហារ
១ នៅឆ្នាំទីបួននៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាការី នៅថ្ងៃទីបួន ក្នុងខែទីប្រាំបួន ត្រូវនឹងខែមិគសិរ។ ២ ពេលនោះ ប្រជាជននៅក្រុងបេតអែលបានចាត់លោកសារេតស៊ែរ និងលោករេគីម-មេឡេក ព្រមទាំងមនុស្សមួយក្រុម ឲ្យទៅទូលសូមការប្រណីសន្ដោសពីព្រះអម្ចាស់ ៣ ហើយសួរពួកបូជាចារ្យដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល និងសួរពួកព្យាការីថា៖ «តើយើងខ្ញុំត្រូវតែកាន់ទុក្ខ និងតមអាហារ នៅខែទីប្រាំ ដូចយើងខ្ញុំធ្លាប់ធ្វើតាំងពីយូរយារណាស់មកហើយឬ?»។
៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ៥ «ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកបូជាចារ្យថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ? ៦ ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ៧ ពីដើម កាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកព្យាការីជំនាន់ដើមក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងព្រះនាមព្រះអម្ចាស់ដែរ»។
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាការីដូចតទៅ៖ ៩ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ចូរវិនិច្ឆ័យដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។ ១០ មិនត្រូវសង្កត់សង្កិនស្ត្រីមេម៉ាយ ក្មេងកំព្រា ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា និងជនទុរគត ហើយកុំមានចិត្តប្រព្រឹត្តអំពើអាក្រក់ ចំពោះគ្នាទៅវិញទៅមកឡើយ!»។ ១១ «ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។ ១២ ពួកគេតាំងចិត្តរឹងដូចដុំថ្ម ពួកគេមិនព្រមស្ដាប់ដំបូន្មាន និងព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈព្យាការីនៅជំនាន់មុន ដោយព្រះវិញ្ញាណរបស់ព្រះអង្គឡើយ។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គព្រះពិរោធយ៉ាងខ្លាំងទាស់នឹងពួកគេ។ ១៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។ ១៤ យើងបានធ្វើឲ្យពួកគេខ្ចាត់ព្រាត់ រសាត់ទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងប៉ុន្មាន ដែលពួកគេពុំធ្លាប់ស្គាល់។ ក្រោយពួកគេចេញផុតទៅ ទឹកដីរបស់ពួកគេក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ គ្មាននរណារស់នៅ។ ស្រុកដ៏សម្បូណ៌សប្បាយបានក្លាយទៅជាទីស្មសាន”»។
៨
ព្រះអម្ចាស់នឹងស្តារក្រុងយេរូសាឡឹមឡើងវិញ
១ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ ២ «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងមានចិត្តស្រឡាញ់ក្រុងស៊ីយ៉ូនពន់ពេកក្រៃ យើងជំពាក់ចិត្តយ៉ាងខ្លាំង! ៣ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ ៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: មនុស្សចាស់ជរា ទាំងប្រុសទាំងស្រី នឹងអង្គុយនៅតាមទីធ្លាក្រុងយេរូសាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ។ ៥ នៅតាមទីធ្លាក្រុងក៏មានក្មេងប្រុសស្រីរត់លេងពាសពេញដែរ។ ៦ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ ប្រជាជនដែលនៅសេសសល់យល់ថា ហេតុការណ៍នេះដូចជាអស្ចារ្យពេក ក៏ប៉ុន្តែ យើងយល់ថាមិនមែនជាការអស្ចារ្យពេកទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងសង្គ្រោះប្រជារាស្ដ្ររបស់យើងដែលនៅស្រុកខាងកើត និងស្រុកខាងលិច។ ៨ យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់យើង ហើយយើងជាព្រះរបស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិត។
៩ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ចូរមានចិត្តក្លាហានឡើង អ្នករាល់គ្នាឮសេចក្ដីផ្សេងៗដែលព្យាការីប្រកាសប្រាប់ក្នុងនាមយើង នៅគ្រាដែលគេចាក់គ្រឹះសង់ដំណាក់របស់យើង ជាព្រះអម្ចាស់នៃពិភពទាំងមូល។ ១០ កាលពីមុន គ្មាននរណាឲ្យថ្លៃឈ្នួលមនុស្ស ឬសត្វដែលបំពេញការងារទេ ហើយព្រោះតែខ្មាំងសត្រូវក៏គ្មាននរណាធ្វើដំណើរដោយសុខសាន្តដែរ ដ្បិតយើងបានបណ្តោយឲ្យមនុស្សទាំងអស់ប្រហារគ្នាទៅវិញទៅមក។ ១១ ប៉ុន្តែ ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះប្រជាជនដែលនៅសេសសល់ ដូចយើងធ្លាប់ប្រព្រឹត្តពីអតីតកាលឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ១២ យើងនឹងផ្តល់ឲ្យស្រុកបានប្រកបសេចក្ដីសុខសាន្ត: ដើមទំពាំងបាយជូរនឹងមានផ្លែផ្កាឡើងវិញ ដីនឹងផ្តល់ភោគផល ហើយមេឃក៏បង្អុរទឹកភ្លៀងមកដែរ។ យើងនឹងឲ្យប្រជាជនដែលនៅសេសសល់ទទួលភោគសម្បត្តិទាំងនោះទុកជាមត៌ក។ ១៣ កូនចៅយូដា និងកូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នាធ្លាប់បង្ហាញឲ្យប្រជាជាតិនានាឃើញបណ្ដាសាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ដើម្បីបង្ហាញព្រះពរឲ្យពួកគេឃើញយ៉ាងនោះដែរ! កុំភ័យខ្លាចអ្វីឡើយ ចូរមានចិត្តក្លាហានឡើង!។
១៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ដោយដូនតារបស់អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង យើងបានសម្រេចចិត្តធ្វើឲ្យអ្នករាល់គ្នារងទុក្ខទោស ដោយឥតនឹកស្តាយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ១៥ ប៉ុន្តែ នៅពេលនេះ យើងដូរគំនិត ហើយសម្រេចចិត្តផ្តល់ឲ្យអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា បានចម្រុងចម្រើន កុំភ័យខ្លាចអ្វីឡើយ! ១៦ ចូរនាំគ្នាប្រតិបត្តិតាមសេចក្ដីទាំងនេះ ចូរនិយាយការពិតចំពោះគ្នាទៅវិញទៅមក។ នៅពេលកាត់ក្តីត្រូវវិនិច្ឆ័យតាមសេចក្ដីពិត ហើយសម្រុះសម្រួលគ្នាតាមយុត្តិធម៌។ ១៧ កុំឲ្យគិតគូរប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នានឹងគ្នាឡើយ។ កុំចូលចិត្តស្បថបំពានឲ្យសោះ ដ្បិតយើងស្អប់អំពើទាំងនោះណាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ១៩ «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។
២០ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ជាតិសាសន៍នានា ព្រមទាំងប្រជាជនពីទីក្រុងជាច្រើននឹងនាំគ្នាមកក្រុងយេរូសាឡឹម។ ២១ អ្នកក្រុងមួយនឹងធ្វើដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា: “មក៍! យើងនាំគ្នាទៅទូលអង្វរព្រះអម្ចាស់ យើងនាំគ្នាទៅរកព្រះអម្ចាស់នៃពិភពទាំងមូល!” ម្នាក់ទៀតតបថា “ខ្ញុំក៏ទៅជាមួយដែរ!”។ ២២ ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាច នឹងនាំគ្នាមករកព្រះអម្ចាស់នៃពិភពទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីទូលអង្វរព្រះអង្គ។
២៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា ព្រះជាម្ចាស់គង់ជាមួយអ្នករាល់គ្នា”»។
៩
ព្រះអម្ចាស់វិនិច្ឆ័យទោស និងសង្គ្រោះប្រជាជាតិជិតខាងអ៊ីស្រាអែល
១ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងអំពីស្រុកហាដ្រាក់។
ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងដាម៉ាស
ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់
ព្រះអម្ចាស់ដូចកុលសម្ព័ន្ធទាំងប៉ុន្មាន
នៃជនជាតិអ៊ីស្រាអែលដែរ។
២ ព្រះអង្គមានព្រះបន្ទូលទៅកាន់
អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស
ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស
និងអ្នកក្រុងស៊ីដូន
ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។
៣ ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំ
ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី
ហើយមានមាសច្រើន ដូចភក់ដែលគេដើរ
ជាន់នៅតាមផ្លូវ។
៤ ប៉ុន្តែ ព្រះអម្ចាស់នឹងយកចេញពីពួកគេទាំងអស់
ព្រះអង្គនឹងរុញកំពែងក្រុងរបស់គេ
ទម្លាក់ទៅក្នុងសមុទ្រ
ក្រុងនេះនឹងត្រូវរលាយ ដោយសារភ្លើង។
៥ ពេលឃើញហេតុការណ៍នេះ
ក្រុងអាស្កាឡូននឹងភ័យតក់ស្លុត
ក្រុងកាសានឹងឈឺចុកចាប់យ៉ាងខ្លាំង
ក្រុងអេក្រូនបាត់បង់សេចក្ដីសង្ឃឹមអស់រលីង។
ក្រុងកាសានឹងលែងមានស្តេច
ក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅ។
៦ ពូជសាសន៍នានានឹងរស់នៅចម្រុះគ្នា
ក្នុងក្រុងអាស្តូដ
យើងនឹងបំបាត់អំនួតរបស់ពួកភីលីស្ទីន។
៧ យើងនឹងយកសាច់ដែលមានជាប់ឈាម
ចេញពីមាត់របស់គេ។
គឺសាច់ដែលគេសែនដល់ព្រះដ៏គួរស្អប់ខ្ពើម
ប្រជាជនភីលីស្ទីនដែលនៅសេសសល់
នឹងធ្វើជាប្រជារាស្ដ្ររបស់យើង
ពួកគេនឹងធ្វើជាមេដឹកនាំ
ដូចកុលសម្ព័ន្ធយូដាដែរ។
ប្រជាជននៅក្រុងអេក្រូន
នឹងចូលរួមជាមួយប្រជារាស្ដ្ររបស់យើង
ដូចអ្នកក្រុងយេបូសដែរ។
៨ យើងនឹងការពារដំណាក់របស់យើងមិនឲ្យ
កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ
ហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិន
ប្រជារាស្ដ្ររបស់យើងបានទៀតដែរ
ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។
ព្រះអម្ចាស់សង្គ្រោះក្រុងយេរូសាឡឹម
៩ ប្រជាជនក្រុងស៊ីយ៉ូនអើយ
ចូរមានអំណររីករាយដ៏ខ្លាំងឡើង
ប្រជាជនក្រុងយេរូសាឡឹមអើយ
ចូរស្រែកហ៊ោយ៉ាងសប្បាយ
មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក
យាងមករកអ្នកហើយ
ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក
ព្រះអង្គមានព្រះហឫទ័យស្លូតបូត
ព្រះអង្គគង់នៅលើខ្នងលា
គឺព្រះអង្គគង់នៅលើខ្នងកូនលា។
១០ ព្រះអង្គនឹងយករទេះចម្បាំងចេញពីស្រុកអេប្រាអ៊ីម
យកទ័ពសេះចេញពីក្រុងយេរូសាឡឹម
ព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។
ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានា
អំពីសន្តិភាព។
ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាង
ទៅសមុទ្រម្ខាងទៀត
ហើយចាប់ពីទន្លេអឺប្រាតរហូតដល់
ទីដាច់ស្រយាលនៃផែនដី។
១១ ចំណែកឯអ្នកវិញ ដោយយល់ដល់លោហិតនៃ
សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក
យើងនឹងដោះលែងប្រជាជនរបស់អ្នក
ដែលជាប់ទោស
ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
១២ អ្នកទោសដែលពោរពេញទៅដោយ
សេចក្ដីសង្ឃឹមអើយ
ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល
មានកំពែងដ៏រឹងមាំវិញចុះ!
ថ្ងៃនេះយើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា
អ្វីៗដែលអ្នករាល់គ្នាខាតបង់
យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
១៣ យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង
យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ
ក្រុងស៊ីយ៉ូនអើយ
យើងនឹងចាត់កូនចៅរបស់អ្នក
ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន
យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។
១៤ ព្រះអម្ចាស់នឹងលេចមក ស្ថិតនៅពីលើពួកគេ
ព្រួញរបស់ព្រះអង្គប្រៀបបាននឹងផ្លេកបន្ទោរ
ព្រះជាអម្ចាស់នឹងផ្លុំស្នែង
ព្រះអង្គយាងទៅមុខក្នុងព្យុះសង្ឃរា
ដែលបក់មកពីទិសខាងត្បូង។
១៥ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ
ពួកគេបំផ្លាញ និងកិនកម្ទេចខ្មាំងសត្រូវដែល
ប្រើដង្ហក់បាញ់គ្រាប់គ្រួសមកលើពួកគេ។
ពួកគេបង្ហូរឈាមសត្រូវឲ្យហូរ
ដូចស្រាទំពាំងបាយជូរ
ឬដូចឈាមសត្វដែលគេសម្លាប់ធ្វើយញ្ញបូជា
ហូរពេញចាន នៅជ្រុងអាសនៈ។
១៦ នៅថ្ងៃនោះ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ
នឹងសង្គ្រោះពួកគេ
ដូចគង្វាលសង្គ្រោះហ្វូងចៀមរបស់ខ្លួន។
ពួកគេនឹងភ្លឺចិញ្ចែងចិញ្ចាចលើទឹកដីរបស់ខ្លួន
ដូចត្បូងពេជ្រភ្លឺចាំងពីមកុដ។
១៧ នៅគ្រានោះ ពួកគេនឹងមានសុភមង្គល
ហើយសម្ផស្សដ៏ល្អបំផុត
ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្តល់ឲ្យ
យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
១០
មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រាអែល
១ ចូរទូលសូមព្រះអម្ចាស់ប្រទាន
ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ!
ព្រះអម្ចាស់នឹងធ្វើឲ្យមានខ្យល់ព្យុះ
ព្រះអង្គប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌
ព្រះអង្គធ្វើឲ្យដំណាំលូតលាស់
នៅតាមចម្ការរបស់អ្នករាល់គ្នា។
២ រីឯរូបព្រះក្លែងក្លាយ
ដែលអ្នករាល់គ្នាទៅសាកសួរ
ផ្តល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ
ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ
សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ
ពាក្យលើកទឹកចិត្តរបស់ពួកគេ
ក៏ឥតបានការដែរ។
ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា
វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានគង្វាល។
៣ «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់
យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ
ប្រជារាស្ដ្ររបស់យើង»។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ
កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះអង្គ។
ព្រះអង្គប្រោសប្រទានឲ្យពួកគេ
ទទួលកិត្តិយស ដូចសេះចម្បាំងដ៏ចំណាន។
៤ មេដឹកនាំទាំងអស់នឹងកើតចេញ
ពីកុលសម្ព័ន្ធយូដា
ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់
រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចម្បាំង។
៥ ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច
ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។
ពួកគេវាយសម្រុកទៅលើខ្មាំង
ដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។
រីឯទ័ពសេះរបស់ខ្មាំងសត្រូវ
នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
៦ «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា
យើងនឹងសង្គ្រោះកូនចៅយ៉ូសែប
យើងនឹងស្តារស្ថានភាពរបស់ពួកគេឡើងវិញ
ដ្បិតយើងនឹងអាណិតអាសូរពួកគេ។
ពួកគេនឹងប្រៀបដូចជាប្រជាជន
ដែលយើងមិនបានបោះបង់ចោលសោះ
ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ
យើងនឹងឆ្លើយតបទៅពួកគេវិញ។
៧ អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច
ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។
ពេលឃើញដូច្នេះ
កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ
ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ
ព្រោះតែព្រះអម្ចាស់។
៨ យើងនឹងហៅប្រជារាស្ដ្ររបស់យើង
ឲ្យមកជួបជុំគ្នា
ដ្បិតយើងបានរំដោះពួកគេ។
ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។
៩ យើងនឹងកម្ចាត់កម្ចាយពួកគេ
ទៅនៅក្នុងចំណោមប្រជាជាតិនានា
ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង
ពួកគេនឹងបង្កើតកូនចៅ
ហើយនាំគ្នាវិលត្រឡប់មកវិញ។
១០ យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប
យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី
យើងនឹងនាំពួកគេទៅនៅ
ស្រុកកាឡាដ និងស្រុកលីបង់
រហូតទាល់តែចង្អៀតទឹកដី។
១១ ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ
យើងនឹងវាយរលកសមុទ្រ
ហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។
យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត
ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។
១២ យើងនឹងពង្រឹងកម្លាំងប្រជារាស្ដ្ររបស់យើង
ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១
ការវិនាសរបស់មហាអំណាច
១ ស្រុកលីបង់អើយ
ចូរបើកចំហទ្វាររបស់អ្នក!
ចូរឲ្យភ្លើងឆាបឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ!
២ ដើមកកោះអើយ
ចូរស្រែកឲ្យអស់ទំហឹងទៅ
ដ្បិតដើមតាត្រៅរលំហើយ!
ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ!
ដើមគគីរនៅស្រុកបាសានអើយ
ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ
ដ្បិតព្រៃស្រោងវិនាសអស់ហើយ!
៣ ចូរស្ដាប់សម្រែកថ្ងូររបស់ពួកមេដឹកនាំ
ដ្បិតពួកគេបាត់បង់យសសក្តិអស់ហើយ។
ចូរស្ដាប់សម្រែករបស់សិង្ហស្ទាវ
ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន
ព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។
គង្វាលពីរនាក់
៤ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។ ៥ អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។ ៦ យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្តេចរបស់ខ្លួន។ ពួកគេនឹងកម្ទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។
៧ ពេលនោះ ខ្ញុំក៏ឃ្វាលចៀមដែលគេត្រូវយកទៅសម្លាប់ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរមក ខ្ញុំហៅដំបងមួយថា «ចំណងមេត្រី» ដំបងមួយទៀតថា «មិត្តភាព» ហើយខ្ញុំឃ្វាលចៀមទាំងនោះ។ ៨ ខ្ញុំកម្ចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។ ៩ ខ្ញុំពោលទៅហ្វូងចៀមថា “ខ្ញុំលែងឃ្វាលអ្នករាល់គ្នាទៀតហើយ!”។ ចៀមដែលត្រូវបាត់បង់ជីវិតឲ្យវាបាត់បង់ជីវិតទៅ! ចៀមដែលត្រូវវិនាសឲ្យវាវិនាសទៅ! រីឯចៀមដែលនៅសេសសល់ឲ្យវាហែកគ្នាស៊ីទៅ! ១០ ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។ ១១ សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈខ្ញុំមែន។
១២ ខ្ញុំពោលទៅកាន់ពួកគេថា: “ប្រសិនបើអ្នករាល់គ្នាយល់ឃើញថា គួរគប្បីបង់ឈ្នួល នោះចូរបង់ឲ្យខ្ញុំមក”។ បើអ្នករាល់គ្នាយល់ថា មិនគួរគប្បីបង់ នោះមិនបាច់បង់ទេ។ ពួកគេបានថ្លឹងប្រាក់សាមសិបស្លឹង*ឲ្យខ្ញុំ ទុកជាប្រាក់ឈ្នួល។ ១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ពួកគេសន្មតថា យើងមានតម្លៃតែប៉ុណ្ណឹងទេ ដូច្នេះ ចូរយកប្រាក់ដ៏ថ្លៃថ្នូរបំផុតរបស់ពួកគេទៅឲ្យជាងស្មូនទៅ!»។ ខ្ញុំក៏យកប្រាក់សាមសិបស្លឹងនោះទៅដាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទុកសម្រាប់ជាងស្មូន។ ១៤ បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំ គឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រាអែល។
១៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្លែងខ្លួនជាគង្វាលដ៏ល្ងីល្ងើទៀតទៅ! ១៦ ដ្បិតយើងធ្វើឲ្យមានគង្វាលមួយរូបងើបឡើងនៅក្នុងស្រុក។ គង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួន ដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនឲ្យចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។
១៧ គង្វាលពាលមុខជាត្រូវវេទនាពុំខាន!
ព្រោះគេបោះបង់ចោលហ្វូងចៀមរបស់ខ្លួន។
សូមឲ្យដាវកាប់បំបាក់ដៃ
និងចាក់ចំភ្នែកស្តាំរបស់គេ!
សូមឲ្យដៃរបស់គេស្វិតប្រើការលែងបាន
ហើយភ្នែកស្តាំរបស់គេមើលអ្វីលែងឃើញ»។
១២
ការរំដោះក្រុងយេរូសាឡឹម
១ សេចក្ដីប្រកាស
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់
ថ្លែងអំពីស្រុកអ៊ីស្រាអែល។
ព្រះអម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ
ហើយចាក់គ្រឹះផែនដី
ព្រមទាំងផ្តល់ដង្ហើមជីវិតឲ្យមនុស្សលោក
ព្រះអង្គមានព្រះបន្ទូលថា៖
២ «យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្តាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញ ព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។ ៣ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។ ៤ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួលច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែរក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។ ៥ ពួកមេដឹកនាំរបស់ជនជាតិយូដានឹងគិតគ្នាថា: ប្រជាជននៅក្រុងយេរូសាឡឹមមានកម្លាំង ព្រោះព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។ ៦ នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
៧ ព្រះអម្ចាស់នឹងសង្គ្រោះអំបូរនានានៃជនជាតិយូដាជាមុនសិន ដើម្បីកុំឲ្យរាជវង្សរបស់ព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹមមើលងាយជនជាតិយូដាឯទៀតៗ។ ៨ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះអង្គនឹងធ្វើឲ្យគេមានកម្លាំងដូចព្រះបាទដាវីឌ ហើយពូជពង្សរបស់ព្រះបាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវទូតរបស់ព្រះអម្ចាស់ នៅមុខពួកគេ។
ពួកគេកាន់ទុក្ខព្រះអង្គដែលគេបានចាក់ទម្លុះ
៩ នៅថ្ងៃនោះ យើងនឹងកម្ទេចប្រជាជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូសាឡឹម។ ១០ យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជវង្សរបស់ដាវីឌ និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។ ១១ នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខព្រះហាដាដ-រីម៉ូននៅវាលមេគីដូ។ ១២ អ្នកស្រុកទាំងមូលនឹងកាន់ទុក្ខដាច់ឡែកពីគ្នា តាមអំបូររបស់គេរៀងៗខ្លួន គឺព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកណាថាន ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ ១៣ អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ ១៤ រីឯអំបូរឯទៀតៗក៏ដូច្នោះដែរប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។
១៣
ព្រះបន្ទូលព្រមានព្យាការីក្លែងក្លាយមួយចំនួន
១ នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្រះញាតិវង្សព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹម។
២ «នៅថ្ងៃនោះ យើងនឹងដកព្រះក្លែងក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ព្យាការីក្លែងក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ៣ ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ ៤ នៅថ្ងៃនោះ ព្យាការីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្តហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។ ៥ ម្នាក់ៗបែរជាពោលថា “ខ្ញុំមិនមែនជាព្យាការីទេ ខ្ញុំជាអ្នកស្រែចម្ការ ខ្ញុំភ្ជួររាស់ដីដែលគេឲ្យខ្ញុំទិញតាំងពីក្មេងមក”។ ៦ ប៉ុន្តែ គេនឹងតបទៅអ្នកនោះវិញថា “តើស្នាមនៅទ្រូងរបស់អ្នកជាអ្វី!” គាត់នឹងតបវិញថា “នេះជាស្នាមរបួសដែលគេឆូតសាច់ខ្ញុំ ក្នុងវិហាររបស់ព្រះនានាដែលស្រឡាញ់ខ្ញុំ”»។
ដាវប្រហារមេដឹកនាំ
៧ «ដាវអើយ ចូរភ្ញាក់ឡើងប្រហារគង្វាលដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។ ៨ ពេលនោះ នៅក្នុងស្រុកទាំងមូល ប្រជាជនពីរភាគបីនឹងវិនាសបាត់បង់ តែមួយភាគបីនឹងនៅសេសសល់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ៩ យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: អ្នកទាំងនេះជាប្រជាជនរបស់យើង ហើយគេនឹងពោលថា: ព្រះអម្ចាស់ជាព្រះរបស់ពួកយើង»។
១៤
ថ្ងៃរបស់ព្រះអម្ចាស់
១ ថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ!
ប្រជាជនក្រុងយេរូសាឡឹមអើយ
ថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិ
របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។
២ យើងនឹងប្រមូលប្រជាជាតិទាំងអស់
ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។
ពួកគេនឹងវាយយកបានទីក្រុង
ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ
ព្រមទាំងរំលោភលើស្រីៗទៀតផង។
អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ
យកទៅជាឈ្លើយ
តែប្រជាជនដែលនៅសេសសល់
មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
៣ ព្រះអម្ចាស់នឹងយាងចេញមក
ប្រហារប្រជាជាតិទាំងនោះ
ដូចនៅថ្ងៃព្រះអង្គធ្វើសឹកសង្គ្រាម
និងថ្ងៃព្រះអង្គប្រយុទ្ធនឹងគូសត្រូវ។
៤ នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទា
លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង
ក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។
ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាល
ពីទិសខាងកើតទៅទិសខាងលិច
ហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។
ចំហៀងភ្នំម្ខាងកម្រើកទៅខាងជើង
ម្ខាងទៀតទៅទិសខាងត្បូង។
៥ ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន
ទៅនៅតាមជ្រលងភ្នំរបស់យើង
ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង
រហូតដល់អាសាល់។
អ្នករាល់គ្នានឹងរត់ភៀសខ្លួន
ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី
នៅជំនាន់អសារីយ៉ា ជាស្តេចស្រុកយូដា។
ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ នឹងយាងមក
ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ
ក៏មកជាមួយដែរ។
៦ នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃ
លែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។
៧ ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតា
មានតែព្រះអម្ចាស់ទេដែលជ្រាប។
ពេលនោះ គ្មានថ្ងៃគ្មានយប់ទេ
សូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ
៨ នៅថ្ងៃនោះ នឹងមានទឹកផ្តល់ជីវិត
ហូរចេញពីក្រុងយេរូសាឡឹម
មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត
មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច
រដូវប្រាំង ក៏ដូចជារដូវវស្សាដែរ។
៩ ព្រះអម្ចាស់នឹងធ្វើជាព្រះមហាក្សត្រគ្រងរាជ្យ
លើផែនដីទាំងមូល។
នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំ
ព្រះអម្ចាស់តែមួយព្រះអង្គគត់
គឺមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ។
១០ ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីមម៉ូន
ដែលនៅខាងត្បូងក្រុងយេរូសាឡឹម
នឹងទៅជាវាលទំនាប។
គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ
នៅលើកន្លែងដដែល
គឺចាប់តាំងពីទ្វារបេនយ៉ាមីន
រហូតដល់កន្លែងដែលមានទ្វារកាលពីមុន
និងរហូតដល់ទ្វារមុម
ហើយចាប់តាំងពីប៉មហាណានេអែល
រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូរ
របស់ហ្លួង។
១១ ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញ
ហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរ
យេរូសាឡឹមនឹងបានសុខសាន្តត្រាណ។
១២ ព្រះអម្ចាស់នឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន
ដែលបានលើកទ័ពមកវាយលុក
ក្រុងយេរូសាឡឹម
ដោយប្រើគ្រោះកាចដូចតទៅ:
សាច់របស់ពួកគេនឹងត្រូវរលួយ
នៅពេលពួកគេឈរ
គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក
អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
១៣ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើឲ្យកើត
វឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេ
ម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។
១៤ អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹម
ពួកគេនឹងប្រមូលយកជយភណ្ឌ
ពីប្រជាជាតិទាំងអស់ដែលនៅជុំវិញ
គឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។
១៥ គ្រោះកាចក៏នឹងកើតមានចំពោះសេះ
លាកាត់ អូដ្ឋ លា និងសត្វទាំងអស់
នៅក្នុងជំរំរបស់ពួកគេ
គ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។
១៦ ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់
ដែលបានវាយលុកក្រុងយេរូសាឡឹម
អស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមក
ជារៀងរាល់ឆ្នាំ
ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល
ដែលជាព្រះមហាក្សត្រ
ហើយពួកគេប្រារព្ធពិធីបុណ្យបារាំ។
១៧ ប្រសិនបើមានអំបូរណានៅលើផែនដី
មិនឡើងមកក្រុងយេរូសាឡឹម
ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល
ដែលជាព្រះមហាក្សត្រទេ
នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។
១៨ ប្រសិនបើអំបូររបស់ជនជាតិអេស៊ីប
មិនឡើងមកទេ
ព្រះអម្ចាស់នឹងធ្វើឲ្យគ្រោះកាចកើតមាន
ចំពោះពួកគេ
ដូចប្រជាជាតិនានាដែលមិនព្រមឡើងមក
ប្រារព្ធពិធីបុណ្យបារាំដែរ។
១៩ ទោសនេះនឹងកើតមានចំពោះស្រុកអេស៊ីប
និងប្រជាជាតិទាំងអស់ដែលមិនឡើងមក
ប្រារព្ធពិធីបុណ្យបារាំ។
២០ នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើ
កណ្តឹងដែលគេពាក់ឲ្យសេះថា
“ញែកថ្វាយព្រះអម្ចាស់”។
រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុង
ព្រះដំណាក់របស់ព្រះអម្ចាស់
ក៏គេចាត់ទុកជាសក្ការៈ
ដូចចានសម្រាប់ប្រោះឈាម
ដែលស្ថិតនៅក្បែរអាសនៈដែរ។
២១ ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹម
និងនៅក្នុងស្រុកយូដា
ត្រូវញែកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល។
អស់អ្នកដែលមកថ្វាយយញ្ញបូជា
នឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។
នៅថ្ងៃនោះ លែងមានអ្នកលក់ដូរ
នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
នៃពិភពទាំងមូលទៀតហើយ។
903 Views