រឿងលោកម៉ូសេ
Moses
១៥. ព្រះជាម្ចាស់ចាត់លោកម៉ូសេ (សរ ៣,១-១៤)
លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌីយ៉ាន។ ថ្ងៃមួយ ពេលលោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហូរែប ជាភ្នំរបស់ព្រះជាម្ចាស់ ទេវទូត*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឱ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។
លោកម៉ូសេ៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។ ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។
លោកម៉ូសេ៖ «ក្រាបទូល!»។
ព្រះអម្ចាស់៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។ យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។
លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។
ព្រះអម្ចាស់៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។ ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឱ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរីស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស។ ឥឡូវនេះ យើងចាត់អ្នកឱ្យទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ចេញពីស្រុកអេស៊ីប»។
លោកម៉ូសេ៖ «តើទូលបង្គំមានឋានៈអ្វី បានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។
ព្រះអម្ចាស់៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឱ្យទៅមែន»។
លោកម៉ូសេ៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ” ចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា»។
១៦. ជនជាតិអ៊ីស្រាអែលឆ្លងសមុទ្រក្រហម (សរ ១៤, ៥-៣១)
កាលស្តេចផារ៉ោនជ្រាបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ ទ្រង់ខ្ងាល់យ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា ៖ «ហេតុអ្វីបានជាពួកយើងបណ្តោយឱ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។ ព្រះចៅផារ៉ោនក៏ឱ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរ ដេញតាមជនជាតិអ៊ីស្រាអែល។
កាលឃើញព្រះចៅផារ៉ោន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រាអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកព្រះអម្ចាស់។ ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬបានជាលោកនាំពួកយើងឱ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប។ កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់លោកហើយថា: ទុកឱ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។
លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ចូរនាំគ្នានៅស្ងៀមចុះ ដ្បិតព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រាអែលឱ្យចេញដំណើរទៅ។ ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឱ្យញែកចេញពីគ្នា ដើម្បីឱ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឱ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឱ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ កងទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅផារ៉ោន ទាំងរទេះចម្បាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្ដាលសមុទ្រដែរ។ លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឱ្យកងទ័ពនោះជ្រួលច្របល់។ ព្រះអង្គធ្វើឱ្យរទេះចម្បាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឱ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចម្បាំង និងទ័ពសេះរបស់ពួកគេ»។ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះអម្ចាស់ធ្វើឱ្យពួកគេលិចលង់នៅកណ្ដាលសមុទ្រ។ 28 ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចម្បាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ព្រះចៅផារ៉ោន ដែលដេញតាមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់រត់រួចឡើយ។
ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ហើយគេកោតខ្លាចព្រះអង្គ។ ពួកគេជឿលើព្រះអម្ចាស់ និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
១៧. វិន័យដប់ប្រការ១០ (ទត ៥,១-២២)
លោកម៉ូសេបានកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ហើយមានប្រសាសន៍ទៅពួកគេថា៖ «អ៊ីស្រាអែលអើយ ចូរស្តាប់វិន័យ និងបទបញ្ជាដែលខ្ញុំប្រកាសប្រាប់ឱ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ។ ចូររៀនសេចក្ដីទាំងនេះឱ្យបានច្បាស់ ហើយកាន់ និងប្រតិបត្តិតាម។ ព្រះអម្ចាស់ ជាព្រះនៃយើង បានចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើង នៅភ្នំហូរែប។ ព្រះអង្គមានព្រះបន្ទូលថា:
- “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។
មិនត្រូវក្រាបថ្វាយបង្គំ ឬគោរពបម្រើព្រះក្លែងក្លាយឡើយ។
មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ។ - ចូរគោរពថ្ងៃសប្ប័ទ អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។
- ចូរគោរពមាតាបិតារបស់អ្នក ដូចព្រះអម្ចាស់ ជាព្រះនៃអ្នក បានបង្គាប់អ្នក ដើម្បីឱ្យអ្នកមានអាយុយឺនយូរ និងមានសុភមង្គល នៅលើដីដែលព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រទានដល់អ្នក។
- កុំសម្លាប់មនុស្ស។
- កុំប្រព្រឹត្តអំពើផិតក្បត់។
- កុំលួចប្លន់គេ។
- កុំធ្វើសាក្សីក្លែងក្លាយ នាំឱ្យអ្នកដទៃមានទោស។
- កុំលោភលន់ចង់បានប្រពន្ធគេ កុំប៉ងប្រាថ្នាចង់បានផ្ទះរបស់អ្នកដទៃ ឬក៏ចង់បានស្រែចម្ការ អ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ”។
នេះហើយជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែង ដោយបន្លឺព្រះសូរសៀងខ្លាំងៗ នៅលើភ្នំ រួចព្រះអង្គបានចារព្រះបន្ទូលទាំងនោះនៅលើបន្ទះថ្មពីរ ហើយប្រគល់មកឱ្យខ្ញុំ។
១៨. ពស់ភ្លើង (ជរ ២១,៤-៩)
ជនជាតិអ៊ីស្រាអែលចេញដំណើរតាមលោកម៉ូសេទៅវាលរហោស្ថាន តាមផ្លូវវែងឆ្ងាយ ហើយពិបាក។ ប្រជាជនបាក់ទឹកចិត្ត ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ និងលោកម៉ូសេ៖ «ហេតុអ្វីបានជាព្រះអង្គ និងលោក នាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឱ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះ គ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងអាហារដ៏ខ្សត់ខ្សោយនេះណាស់!»។ ពេលនោះ ព្រះអម្ចាស់ក៏ធ្វើឱ្យមានពស់ភ្លើងមកចឹកពួកគេ បណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើន។ ប្រជាជននាំគ្នាទៅជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្តេញពស់ទាំងនេះចេញឱ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឱ្យប្រជាជន។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។ លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។