កំណើតពិភពលោក-លោកណូអេ
Genesis – Noah
១. ការបង្តើតពិភពលោក (កណ ១,១-២,៦)
កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី។
នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ហៅពន្លឺថា “ថ្ងៃ” និងហៅភាពងងឹតថា “យប់”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់ហៅលំហដ៏រឹងមាំនោះថា “មេឃ”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីពីរ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឱ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានបង្កើតព្រះអាទិត្យដើម្បីបំភ្លឺនៅពេលថ្ងៃ និងព្រះចន្ទដើម្បីបំភ្លឺនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ព្រះអង្គប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឱ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្សជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឱ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សី លើសត្វស្រុក និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ជាតំណាងរបស់ព្រះអង្គ ព្រះអង្គបានបង្កើតគេឱ្យមានលក្ខណៈ ដូចព្រះជាម្ចាស់ ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី។
ព្រះជាម្ចាស់បានប្រទានពរឱ្យគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មាន ដែលលូនវារនៅលើដី»។
ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គឈ្វេងយល់ថាល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។
ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដីចប់សព្វគ្រប់ហើយ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គក៏ឈប់សម្រាក។ ព្រះជាម្ចាស់ប្រទានពរឱ្យថ្ងៃទីប្រាំពីរ។
២. លោកអាដាំ និងនាងអេវ៉ា (កណ ២,៧-៩.១៥.១៨-២៤)
ព្រះជាអម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី។ ពេលនោះពុំទាន់មានគុម្ពោតព្រៃ ឬស្មៅនៅឡើយទេ ត្បិតព្រះជាម្ចាស់មិនទាន់ធ្វើឱ្យមានភ្លៀងធ្លាក់។ ហើយក៏ពុំទាន់មានមនុស្សធ្វើការនៅលើដីដែរ។ ពេលនោះព្រះជាអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស គឺលោកអាដាំ រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគាត់ គាត់ក៏មានជីវិតរស់ឡើង។
ព្រះជាអម្ចាស់បានបង្កើតសួនអេដែន ដោយព្រះអង្គបានធ្វើឱ្យដើមឈើគ្រប់មុខដុះចេញពីដីមក មានសម្រស់គួរឱ្យទាក់ទាញចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្ដាលសួនឧទ្យានក៏មានដើមឈើដែលផ្តល់ជីវិត និងដើមឈើដែលនាំឱ្យស្គាល់ល្អស្គាល់អាក្រក់ដែរ។ ហើយមានទន្លេខ្វាត់ខ្វែងដើម្បីស្រោចស្រពលើសួនច្បារដែរ។
ព្រះជាអម្ចាស់បានយកលោកអាដាំទៅដាក់នៅក្នុងសួនអេដែន ដើម្បីឱ្យគេភ្ជួររាស់ និងថែរក្សាសួននោះ។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនស្រួលទេ។ យើងនឹងបង្កើតម្នាក់ទៀតឱ្យជួយ និងបានជាគ្នា។» ព្រះជាអម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះអង្គនាំឱ្យអាដាំដាក់ឈ្មោះឱ្យវា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់ឱ្យ។ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ ដូច្នេះ ព្រះជាអម្ចាស់បានធ្វើឱ្យអាដាំដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលព្រះអង្គបានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចព្រះអង្គនាំនាងមកជួបគាត់។ បុរសក៏ពោលឡើងថា៖
«លើកនេះពិតជាឆ្អឹង ដែលកើតចេញមកពីឆ្អឹងអញ
ជាសាច់ដែលកើតចេញមកពីសាច់អញត្រូវហៅនាងថា
“ស្ត្រី” ព្រោះនាងបានកើតចេញពីបុរសមក»។
ហេតុនេះ បុរសចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។
៣. មនុស្សចាញ់ការល្បួង (កណ ៣,១-១២.១៧-២៤)
ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលព្រះជាអម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។
ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឱ្យគយគន់ ហើយថែមទាំងអាចធ្វើឱ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឱ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។
អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រី ក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឱ្យព្រះជាអម្ចាស់ទតឃើញ។ ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឱ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឱ្យមកនៅជាមួយទូលបង្គំនោះ បានឱ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ ម្តេចក៏នាងធ្វើដូច្នេះ? ស្ត្រីឆ្លើយថា៖ ពស់បានបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំច្បាស់ក៏ទទួលទានផ្លែឈើនោះទៅ”។ ព្រះជាម្ចាស់ក៏បានដាក់បណ្តាសារសព្វពស់នោះ។ អាដាំដាក់ឈ្មោះឱ្យប្រពន្ធថា “អេវ៉ា” (មានន័យថា ជីវិត) ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ ព្រះជាអម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឱ្យលោកអដាំ និងភរិយារបស់គាត់។ ព្រះជាអម្ចាស់ក៏បណ្តេញលោកអាដាំ និងនាងអេវ៉ាចេញពីសួនឧទ្យានអេដែន។ ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ ព្រះអង្គដាក់ពួកទេវទូតនៅមុខសួន ដើម្បីការពារផ្លូវ មិនឱ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះឡើយ។
៤. មនុស្សសាងប្រាសាទបាបិល (កណ ១១,១-៩)
នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសម្ដីតែមួយ។ ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយនៅតំបន់មេសូប៉ូតាមី។ គេក៏តាំងទីលំនៅទីនោះ។ គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និងប្រើជ័រខ្មៅជាបាយអ។ បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឱ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។
ព្រះអម្ចាស់យាងចុះមកទតមើលទីក្រុង និងប្រាសាទដែលមនុស្សលោកបានសង់ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេទាំងអស់គ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ! បើគេធ្វើការនេះកើត គេក៏នឹងអាចធ្វើអ្វីៗផ្សេងទៀត តាមតែគេប្រាថ្នាចង់ធ្វើនោះបានដែរ គ្មានឧបសគ្គណារារាំងពួកគេឡើយ។ ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឱ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ ព្រះអម្ចាស់ក៏ធ្វើឱ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើឱ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
៥. លោកណូអេ (កណ ៦,៩-២០; ៧,១៧-២៣; ៨,៨-១៣)
លោកណូអេជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក។ លោកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ ខណៈពេលដែលមនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។ ព្រះជាម្ចាស់ទតមើលមនុស្ស ព្រះអង្គមានអារម្មណ៍ស្តាយជាខ្លាំងដែលបានដាក់មនុស្សនៅលើផែនដី។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឱ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឱ្យវិនាសសូន្យទៅជាមួយផែនដី។
ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្តាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីឱ្យវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។ ទឹកជំនន់ធំបានលិចផែនដី អស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង កម្ពស់ទឹកកើនឡើងយ៉ាងខ្ពស់ ធ្វើឱ្យលិចភ្នំខ្ពស់ៗទាំងអស់។ មនុស្ស សត្វលោកទាំងឡាយនៅលើផែនដីក៏វិនាសសូន្យអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។ ប្រហែលជិតមួយឆ្នាំកន្លងផុតទៅ លោកបានលែងសត្វព្រាបមួយ ព្រោះចង់ដឹងថា ទឹកបានស្រកចុះឬយ៉ាងណា។ ប៉ុន្តែ ព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកលោកក្នុងទូកធំវិញ ដ្បិតទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ។ លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឱ្យចេញពីទូកធំទៅសាជាថ្មី។ នៅពេលល្ងាចព្រាបបានវិលមករកលោកវិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ លោកណូអេដឹងថា ទឹកបានស្រកពីផែនដីហើយ។ លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឱ្យទៅ តែព្រាបមិនបានវិលត្រឡប់មករកលោកវិញទេ។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។
៦. សម្ពន្ធមេត្រីលោកណូអេ (កណ ៩,៨-១៥)
បន្ទាប់ពីទឹកជំនន់អស់រយៈពេល៤០ថ្ងៃ ហើយនៅពេលទឹកស្រក់ទៅអស់ ដីស្ងួតវិញ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា “ចូរនាំគ្នាចេញពីទូកមក” ! ព្រះអង្គក៏មានព្រះបន្ទូលមកកាន់លោកណូអេថា និងកូនប្រុសទាំងបីរបស់លោកទៀតថា៖ «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ ជាមួយសត្វមានជីវិតទាំងប៉ុន្មានដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។ ពេលណាយើងប្រមូលពពកឱ្យមូលផ្តុំគ្នាពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។ ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។