រឿងលោកអប្រាហាំ-លោកយ៉ូសែប
Abraham – Joseph
៧. ព្រះជាម្ចាស់ត្រាស់ហៅលោកអប្រាហាំ (កណ ១២,១-៧; ១៥,១-៦; ១៦,១; ១៧,២-៦.៨)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាមថា៖ «ចូរចាកចេញពីស្រុករបស់អ្នក ចាកចេញពីញាតិសន្តាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក។ យើងនឹងឱ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឱ្យពរអ្នក។ យើងនឹងធ្វើឱ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។ យើងនឹងឱ្យពរដល់ជនទាំងឡាយណាដែលឱ្យពរអ្នកយើងក៏នឹងដាក់បណ្ដាសាដល់ជនទាំងឡាយណាដែលដាក់បណ្ដាសាអ្នកដែរក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក»។
នៅពេលលោកអប្រាមចាកចេញពីស្រុកហារ៉នទៅនោះ លោកមានអាយុចិតសិបប្រាំឆ្នាំ។ លោកបាននាំលោកស្រីសារ៉ាយជាភរិយា និងលោកឡុតជាក្មួយ ទៅជាមួយ។ លោកក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកលោករកបាន ព្រមទាំងអ្នកបម្រើដែលពួកលោកទិញបាន នៅស្រុកហារ៉នទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ ព្រះអម្ចាស់បានយាងមកឱ្យលោកអប្រាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ឱ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអប្រាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឱ្យលោកឃើញ។ ក្រោយហេតុការណ៍ទាំងនោះមក លោកអប្រាមនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អប្រាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
លោកអប្រាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ ព្រះអង្គពុំបានប្រទានឱ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។ ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។ លោកអប្រាមជឿលើព្រះអម្ចាស់ ហើយដោយយល់ដល់ជំនឿនេះ ព្រះអង្គប្រោសលោកឱ្យសុចរិត*។
លោកស្រីសារ៉ាយ ជាភរិយារបស់លោកអប្រាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាមថា «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក យើងនឹងធ្វើឱ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនជាអនេក»។ លោកអប្រាមក្រាបចុះឱនមុខដល់ដី ហើយព្រះជាម្ចាស់មានព្រះបន្ទូលមកលោកទៀតថា៖ «យើងចងសម្ពន្ធមេត្រីជាមួយអ្នកដូចតទៅ: អ្នកនឹងបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន គេលែងហៅអ្នកថា“អប្រាម”ទៀតហើយ តែអ្នកនឹងមានឈ្មោះថា“អប្រាហាំ”វិញ ដ្បិតយើងនឹងធ្វើឱ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។ យើងនឹងធ្វើឱ្យអ្នកមានកូនចៅច្រើនជាអនេក យើងនឹងធ្វើឱ្យអ្នកបង្កើតប្រជាជាតិជាច្រើន ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។
៨. លោកអប្រាហាំទទួលភ្ញៀវបីនាក់ (កណ ១៨,១-១៦)
ព្រះអម្ចាស់បានយាងមកឱ្យលោកអប្រាហាំឃើញ នៅដើមជ្រៃមួយ។ ពេលនោះ ថ្ងៃពេញកម្ដៅហើយ លោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំរបស់លោក លោកងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតលោក។ ភ្លាមនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបបុរសបីនាក់នោះ ក្រាបដល់ដី ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ សូមឱ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ ខ្ញុំប្របាទនឹងទៅយកនំបុ័ងមួយដុំមកជូនលោកពិសា ដើម្បីឱ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យលោកចុះ»។លោកអប្រាហាំប្រញាប់ប្រញាល់ចូលទៅរកនាងសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឱ្យបានរួសរាន់ទៅ»។ បន្ទាប់មក លោករត់ទៅរកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឱ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ ធ្វើម្ហូបជាបន្ទាន់។ លោកយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះ មកដាក់នៅមុខបុរសទាំងបី។ ខ្លួនលោកផ្ទាល់ឈរកំដរបុរសទាំងបីក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។បន្ទាប់មក បុរសទាំងបីពោលមកលោកថា៖ «នាងសារ៉ាភរិយារបស់លោកនៅឯណា?»។ លោកតបវិញថា៖ «នាងនៅក្នុងជំរុំឯណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឆ្នាំក្រោយ នៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្តាប់ក្រោយខ្នងលោក នៅមាត់ទ្វារជំរំ។ លោកអប្រាហាំ និងលោកស្រីសារ៉ាមានវ័យចាស់ណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតម្រេកទៀតឬ? រីឯលោកម្ចាស់របស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «ហេតុដូចម្តេចបានជាសារ៉ាសើច ទាំងពោលថា “តើខ្ញុំដែលចាស់ណាស់ហើយ អាចនឹងមានកូនទៅកើតឬ?” តើមានការអ្វីអស្ចារ្យពេកដែលព្រះអម្ចាស់ធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
៩. លោអប្រាហាំថ្វាយកូន (កណ ២២,១-១៣.១៥.១៧)
បន្ទាប់ពីអ៊ីសាកកើតយូរបន្តិចក្រោយមក ព្រះជាម្ចាស់ក៏ល្បងលមើលចិត្តរបស់លោកអប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំ!»។
លោកអប្រាហាំ៖ «ក្រាបទូលព្រះអម្ចាស់»។
ព្រះជាម្ចាស់៖ «ចូរយកអ៊ីសាក កូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសម្រាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះជាម្ចាស់បានប្រាប់លោក។ លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើងឃើញកន្លែងនោះពីចម្ងាយ។ លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំ ឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។
លោកអប្រាហាំយកអុសសម្រាប់ធ្វើយញ្ញបូជាមកឱ្យអ៊ីសាកជាកូនលី រីឯលោកវិញ លោកកាន់ភ្លើង និងកាំបិត ហើយទាំងឪពុក ទាំងកូន ដើរទៅជាមួយគ្នា។ ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។
អប្រាហាំ៖ «មានការអីកូន!»។
អ៊ីសាក៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។
អាប្រាហាំ៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។
បន្ទាប់មក ទាំងឪពុក ទាំងកូន ក៏ដើរទៅមុខជាមួយគ្នា។ លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាកជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។ បន្ទាប់មក លោកអប្រាហាំទាញកាំបិតបម្រុងនឹងអារកកូនធ្វើយញ្ញបូជា។
ពេលនោះ ស្រាប់តែទេវទូតរបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។
អប្រាហាំ៖ «ក្រាបទូល!»។
ទេវទូត៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឱ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។
លោកអប្រាហាំងើបមុខឡើង ក្រឡេកទៅខាងក្រោយ ឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកចៀមនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។ ទេវទូតរបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្តងទៀតថា យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឱ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
១០. លោកយ៉ាកុបសុបិននិមិត្ត (កណ ២៨,១-២២)
លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកហារ៉ន ជាស្រុកដែលលោកត្រូវរៀបការ។ ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។ លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវទូត*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។ ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរ ដោយសារអ្នក និងពូជពង្សរបស់អ្នក។ ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
លោកយ៉ាកុបភ្ញាក់ឡើង ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។ លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឱ្យស្ញែងខ្លាចណាស់! គឺពិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយពិតជាទ្វារនៃស្ថានបរមសុខ!»។ លោកយ៉ាកុបក្រោកឡើងពីព្រលឹម យកដុំថ្មដែលលោកកើយនោះ មកដាក់បញ្ឈរជាស្តូប រួចចាក់ប្រេងពីលើ។ លោកដាក់ឈ្មោះកន្លែងនោះថា«បេតអែល»។ ប៉ុន្តែ កាលពីដើម គេហៅកន្លែងនោះថា «លូស»។ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឱ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ទុកជាព្រះរបស់ខ្ញុំមែន។ ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់!
១១. កូនលោកយ៉ាកុបទាំង១២នាក់ (កណ ៣៧, ១-១១)
លោកយ៉ាកុបមានកូន១២នាក់។ លោកយ៉ាកុបស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឱ្យយ៉ូសែបពាក់។ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់ឡើយ។
យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឱ្យគេរឹតតែស្អប់គាត់ថែមទៀត។ គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្តាប់សុបិនរបស់ខ្ញុំ គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។
ក្រោយមក យ៉ូសែបយល់សប្តិម្តងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្តងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្តេចក៏អស្ចារ្យម៉្លេះ! តើម្តាយ បងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
១២. យ៉ូសែបនៅក្នុងអណ្តូង (កណ ៣៧,១២-៣៦)
នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឱ្យទៅស៊ីគែម។ យ៉ូសែបក៏តាមរកបងៗ។
កាលគេបានឃើញយ៉ូសែបពីចម្ងាយ គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថា សុបិនរបស់វានឹងបានទៅជាយ៉ាងណា»។ ពេលលោករូបេនឮដូច្នោះ គាត់ចង់ជួយយ៉ូសែបឱ្យរួចពីកណ្ដាប់ដៃពួកគេ។ គាត់ពោលថា៖ «កុំប្រហារជីវិតវាធ្វើអ្វី។ កុំបង្ហូរឈាមវាធ្វើអ្វី គឺគ្រាន់តែបោះវាទៅក្នុងអណ្ដូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។
ពេលយ៉ូសែបដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។ គេចាប់គាត់បោះទៅក្នុងអណ្ដូង។ អណ្ដូងនោះរីង គ្មានទឹកទេ។ បន្ទាប់មក គេអង្គុយបរិភោគអាហារ។ ពេលនោះ គេក្រឡេកទៅ ឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស យកទៅស្រុកអេស៊ីប។ លោកយូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ មក៍ យើងលក់វាឱ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្តាប់តាមពាក្យគាត់។ បន្ទាប់មក មានឈ្មួញជាតិម៉ាឌីយ៉ានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីអណ្ដូង រួចលក់ទៅឱ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅស្រុកអេស៊ីប។ បន្ទាប់មក ពួកបងៗក៏នាំគ្នាយកអាវបំពង់ដ៏ល្អប្រណីតរបស់យ៉ូសែបមក ហើយសម្លាប់ចៀមឈ្មោលមួយ រួចជ្រលក់អាវក្នុងឈាមវា។ បន្ទាប់មក គេផ្ញើអាវបំពង់ដ៏ល្អប្រណីតនោះទៅឪពុក ទាំងផ្តាំថា៖ «ពួកកូនបានរកឃើញអាវនេះ សូមលោកឪពុកពិនិត្យមើល តើអាវនេះពិតជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន?»។ លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។ កូនចៅរបស់លោកយ៉ាកុបទាំងប្រុសទាំងស្រីនាំគ្នាមករំលែកទុក្ខលោក តែលោកមិនព្រមឱ្យនរណារំលែកទុក្ខលោកឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុក ទាំងកាន់ទុក្ខ!» ហើយលោកក៏យំអាឡោះអាល័យកូន។ រីឯយ៉ូសែបវិញ ជនជាតិម៉ាឌីយ៉ានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឱ្យមន្ត្រីរបស់ព្រះចៅផារ៉ោន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្តេច។
១៣. លោកយ៉ូសែបនៅប្រទេសអេស៊ីប (កណ ៤០-៤១)
នៅប្រទេសអេស៊ីប លោកយ៉ូសែបបានរង់ការចោទប្រកាន់យ៉ាងអយុត្តិធម៌។ គេឃុំឃាំងលោក រួមជាមួយមន្ត្រីពីររូបទៀតរបស់ស្តេចផារ៉ោន។ ព្រឹកមួយ លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់ លោកក៏សួរទៅគេថា៖ «ថ្ងៃនេះ ហេតុដូចម្តេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។ លោកយ៉ូសែបពន្យល់ពួកគេអំពីអត្ថន័យនៃសុបិនរបស់ពួកគេ។ ហើយអ្វីៗដែលគាត់បានប្រាប់ពួកគេពិតជាកើតឡើងដូច្នេះមែន។
ពីរឆ្នាំក្រោយមក ព្រះចៅផារ៉ោនមានសុបិនមួយដែលគ្មាននរណាអាចបកស្រាយបាន។ មន្ត្រីម្នាក់ក្នុងចំណោមពីរនាក់ដែលបានជាប់ឃុំឃាំងជាមួយលោកយ៉ូសែបបាននឹកឃើញដល់លោក ហើយបានទូលដល់ស្តេច ស្តេចក៏បានបញ្ជារគេឱ្យហៅយ៉ូសែបមកឱ្យចូលគាល់ព្រះអង្គ។ ពេលនោះ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបថា៖ «យើងបានយល់សុបិនថា យើងកំពុងតែឈរនៅមាត់ទន្លេ។ ពេលនោះ មានគោញីធាត់ៗល្អប្រាំពីរក្បាល ឡើងពីទន្លេមក ស៊ីស្មៅតាមមាត់ច្រាំង។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗ អាក្រក់មើល សល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយដែរ យើងមិនដែលឃើញគោណាអាក្រក់មើលបែបនេះ នៅស្រុកអេស៊ីបទាំងមូលឡើយ។ គោញីស្គមៗសល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗ ដែលឡើងមកមុននោះអស់ទៅ។ ទោះបីគោញីស្គមៗលេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ បន្ទាប់មក យើងយល់សុបិនម្តងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានតំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឱ្យយើងបានឡើយ»។
លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាមានអត្ថន័យដូចគ្នាទេ គឺព្រះជាម្ចាស់បានបង្ហាញឱ្យព្រះករុណាជ្រាបអំពីកិច្ចការ ដែលព្រះអង្គបម្រុងនឹងធ្វើ។ គោញីធាត់ៗល្អទាំងប្រាំពីរក្បាលមានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ៖ គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូលនឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។ ប្រាំពីរឆ្នាំបន្ទាប់មកទៀតនឹងកើតទុរ្ភិក្ស។
ឥឡូវនេះ សូមព្រះករុណារកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឱ្យគ្រប់គ្រងលើស្រុកអេស៊ីប។ សូមព្រះករុណាតែងតាំងមន្ត្រីផ្សេងៗឱ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំ ពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។ មន្ត្រីទាំងនោះត្រូវប្រមែប្រមូលស្បៀងអាហារ ក្នុងរយៈពេលប្រាំពីរឆ្នាំសម្បូណ៌ហូរហៀរ បង្ការទុកនៅក្នុងឃ្លាំងតាមក្រុងនានា ក្រោមព្រះរាជបញ្ជារបស់ព្រះករុណាផ្ទាល់។ ស្បៀងនោះត្រូវរក្សាទុកសម្រាប់ស្រុកទេស ដើម្បីយកមកប្រើប្រាស់ក្នុងពេលទុរ្ភិក្សប្រាំពីរឆ្នាំ នៅស្រុកអេស៊ីប កុំឱ្យប្រជាជនត្រូវស្លាប់ដោយអត់ឃ្លាន»។ ព្រះចៅផារ៉ោនសព្វព្រះហប្ញទ័យនឹងពាក្យរបស់លោកយ៉ូសែប ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយ ដូចលោកនេះឡើយ»។ យើងសុំតែងតាំងលោកឱ្យគ្រប់គ្រងលើស្រុកអេស៊ីប ហើយប្រជារាស្ត្ររបស់យើងទាំងមូលនឹងស្ថិតនៅក្រោមបញ្ជារបស់លោក។ មានតែព្រះរាជបល្ល័ង្កមួយប៉ុណ្ណោះ ដែលធ្វើឱ្យយើងមានឋានៈខ្ពស់ជាងលោក»។ ពេលនោះ ព្រះចៅផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តព្រះអង្គ ពាក់ឱ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឱ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឱ្យលោកថែមទៀតផង។
១៤. លោកយ៉ូសែបជួបជុំគ្រួសារ (កណ ៤២-៤៦)
នៅស្រុកអេស៊ីប បានកើតមានហេតុការណ៍តាមសុបិន្តរបស់ស្តេចផារ៉ោន ដូចលោកយ៉ូសែបបានទស្សទាយទុកមែន។ ក្រោយកើតមានគ្រោះទុរ្ភិក្ស៧ឆ្នាំជាប់គ្នាៗមក នាំឱ្យកើតមានការអត់ឃ្លាន តាមស្រុកនានា។ ប៉ុន្តែនៅក្នុងស្រុកអេស៊ីបឯណោះវិញ មានស្បៀងបរិភោគយ៉ាងបរិបូរណ៍ ដោយសារយ៉ូសែបបានរៀបចំបម្រុងទុក។ នៅស្រុកកាណាន ជាកន្លែងដែលគ្រួសាររបស់យ៉ូសែបរស់នៅ ក៏កើតមានទុរ្ភិក្សយ៉ាងខ្លាំងដែរ។ លោកយ៉ាកុបជាឪពុក ដោយឮថាមានស្រូវអង្ករបរិបូណ៍នៅស្រុកអេស៊ីប ក៏ចាត់កូនៗរបស់លោកឱ្យទៅទីនោះ។ លោកទុកបេនយ៉ាមីនជាមួយគាត់ ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា។
ពេលទៅដល់ស្រុកអេស៊ីប បងៗរបស់លោកយ៉ូសែបនាំគ្នាមកក្រាបថ្វាយបង្គំលោក ឱនមុខចុះដល់ដី។ កាលលោកយ៉ូសែបឃើញបងៗ លោកស្គាល់ភ្លាម តែលោកមិនបានធ្វើឱ្យគេស្គាល់វិញទេ។ លោកថែមទាំងមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែង ដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។ ពួកគេតបវិញថា៖ «ប្របាទទេ លោកម្ចាស់! យើងខ្ញុំមកនេះ ដើម្បីសុំទិញស្បៀងទេតើ។ យើងខ្ញុំប្របាទមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយ នៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។
លោកយ៉ូសែបមានប្រសាសន៍ថា៖ ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ចូរយកស្បៀងអាហារត្រឡប់ទៅស្រុកដែលកំពុង ស្រេកឃ្លានរបស់ឯងសិនចុះ ប៉ុន្តែត្រូវនាំយកបេនយ៉ាមីនមកឱ្យខ្ញុំ។
ធ្វើដូច្នេះ យើងនឹងដឹងថាពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ យើងនឹងទុកបងប្អូនឯងម្នាក់ឱ្យនៅទីនេះ ដើម្បីធ្វើជាចំណាត់ខ្មាំង។
គេក៏យល់ស្របធ្វើតាមសំណើររបស់លោកយ៉ូសែប ដោយនឹកឃើញអំពីហេតុការណ៍ដែលគេធ្វើចំពោះលោកពីមុននោះផងដែរ។
លោកយ៉ូសែបបញ្ជាអ្នកបម្រើឱ្យច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់ទៅក្នុងថង់របស់គេរៀងៗខ្លួនវិញ ព្រមទាំងឱ្យស្បៀងសម្រាប់បរិភោគតាមផ្លូវទៀតផង។
ពេលពួកគេបានទៅជួបជុំនឹងលោកយ៉ាកុបជាឪពុកនៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់លោកនូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។
ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ កាលបរិភោគស្បៀងដែលគេបានយកមកពីស្រុកអេស៊ីបនោះអស់ហើយ កូនៗរបស់លោកយ៉ាកុបត្រូវត្រឡប់ទៅអេស៊ីបវិញដើម្បីរកស្បៀងអាហារបន្ថែម។ លោកយ៉ាកុបបានយល់ព្រមឱ្យបងៗយកបេនយ៉ាម៉ីនទៅជាមួយ។ លោកយ៉ូសែបរំជួលចិត្តយ៉ាងខ្លាំងពេលគាត់ឃើញបេនយ៉ាមីនមកដល់ស្រុកអេស៊ីប។ លោកអញ្ជើញពួកគេទាំងអស់ទៅផ្ទះរបស់លោកដើម្បីបរិភោគ។
បន្ទាប់មក លោកយ៉ូសែបបញ្ជាអ្នកបម្រើ យកពែងប្រាក់របស់លោកទៅក្នុងបាវរបស់បេនយ៉ាមីន រួមទាំងប្រាក់ទិញស្រូវនោះផងដែរ។ អ្នកបម្រើនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។ លុះភ្លឺឡើង គេអនុញ្ញាតឱ្យកូនៗរបស់លោកយ៉ាកុបដឹកលាចាកចេញទៅតាំងពីព្រលឹម។ ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច លោកយ៉ូសែបមានប្រសាសន៍ទៅកាន់អ្នកបម្រើលោក ឱ្យដេញតាមពីក្រោយពួកគេ ដោយចោទថាពួកគេបានលួចពែងប្រាក់របស់លោក។
អ្នកបម្រើរបស់លោកយ៉ូសែប បានឆែកឆេរមើលបាវរបស់អ្នកដែលចាស់ជាងគេ រហូតដល់អ្នកដែលក្មេងជាងគេ ហើយរកពែងនោះឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។
លោកយូដា និងបងប្អូនរបស់គាត់ បានត្រឡប់ទៅផ្ទះរបស់លោកយ៉ូសែបវិញ ពួកគេក្រាបថ្វាយបង្គំលោកដល់ដី។ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា «ឃើញទេ ពែងប្រាក់របស់ខ្ញុំគឺនៅក្នុងបាវរបស់បេនយ៉ាមីន! "សូមទុកគាត់ឱ្យនៅធ្វើជាទាសកររបស់ខ្ញុំនៅទីនេះ ក្រៅពីនេះ សូមនាំគ្នាត្រឡប់ទៅស្រុកវិញចុះ។”
លោកយ៉ូដាដែលជាបងមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «សូមលោកម្ចាស់មេត្តាផង ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញមុខបេនយ៉ាមីន។ ដូច្នេះ សូមលោកម្ចាស់មេត្តាអនុញ្ញាតឱ្យខ្ញុំប្របាទធ្វើជាទាសកររបស់លោកម្ចាស់នៅទីនេះ ជំនួសប្អូនផង។ សូមលោកម្ចាស់អនុញ្ញាតឱ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។ បន្ទាប់មក ដោយលោកយ៉ូសែបពុំអាចទប់ចិត្តបាន លោកចាប់ផ្ដើមយំ៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែបប្អូនរបស់បងៗ ដែលបងៗបានលក់ឱ្យគេនាំយកមកស្រុកអេស៊ីបនេះ។ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្តាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឱ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ សូមបងៗទៅអញ្ជើញលោកឪពុកឱ្យចុះមកទីនេះ កុំបង្អង់ឡើយ»។
លោកយ៉ាកុបបានចេញដំណើរទៅស្រុកអេស៊ីប ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ នៅតាមផ្លូវ ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកយ៉ាកុប ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ! យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឱ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។ យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។