សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
តូប៊ីត

ពាក្យលំនាំ

លោកតូប៊ីត

ពាក្យលំនាំ

រឿង​លោក​តូប៊ីត ជា​រឿង​មួយ​ពី​រោះ​ស្តាប់ ដូច​ជា​រឿង​ប្រលោម​លោក​ដែរ។ ក្នុង​កណ្ឌ​នេះ មាន​និទាន​អំពី​ក្រុម​គ្រួសារ​ជន​ជាតិ​យូដា​ពីរ​គ្រួសារ ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌ជាម្ចាស់​ជា‌និច្ច។ ពួក​គេ​ត្រូវ​ជន​ជាតិ​អាស្ស៊ីរី​កៀរ មុន​ពេល​ក្រុង​សាម៉ារី​ត្រូវ​វិនាស​អន្ត‌រាយ (គឺ​មុន​ឆ្នាំ ៧២២ មុន គ.ស.)។ ទោះ​បី​គ្រួសារ​ទាំង​ពីរ​នេះ​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ផ្សេងៗ​ក៏​ដោយ ក៏​គេ​នៅ​តែ​កាន់​តាម​ធម្ម‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ជា‌និច្ច។ មាន​ទេវទូត​រ៉ាផា‌អែល ដែល​និមិត្ត​ខ្លួន​ជា​មនុស្ស​ធម្មតា តាម​ជួយ​ពួក​គេ​ឲ្យ​សម្រេច​គម្រោង‌ការ​របស់​ខ្លួន។
អ្នក​និពន្ធ​កណ្ឌ​នេះ មាន​គោល​បំណង​ចង់​ដាស់​តឿន​ជន​ជាតិ​យូដា ដែល​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ដទៃ ឲ្យ​គោរព​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​ព្រះ‌ជាម្ចាស់​ដោយ​ចិត្ត​ស្មោះ ដូច​លោក​តូប៊ីត​ដែរ គឺ​ជឿ សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ជា‌និច្ច គោរព​កោត​ខ្លាច​ឪពុក‌ម្តាយ ចែក‌ទាន និង​ធ្វើ​បុណ្យ​ផ្សេងៗ រៀប​អាពាហ៍‌ពិពាហ៍​ស្រប​តាម​ព្រះ‌ហប្ញទ័យ​ព្រះ‌ជាម្ចាស់ និង​អធិដ្ឋាន​ជា‌និច្ច។ ប្រសិន​បើ​ជន​ជាតិ​យូដា ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ប្រព្រឹត្ត​ដូច្នេះ ពួក​គេ​មុខ​ជា​រក្សា​ទុក​នូវ​លក្ខណៈ​របស់​ខ្លួន​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​មុខ​ជា​សង្រ្គោះ​គេ ដូច​ព្រះ‌អង្គ​បាន​សង្គ្រោះ​មនុស្ស​សុចរិត​ពី​ដើម​ពុំ​ខាន។ មនុស្ស​សុចរិត​តែង‌តែ​រងទុក្ខ​វេទនា​មែន ប៉ុន្តែ ព្រះ‌ជាម្ចាស់​មើល​ថែ‌រក្សា​ពួក​គេ ហើយ​នឹង​ប្រទាន​ឲ្យ​គេ​បាន​សុភមង្គល។ ក្នុង​កណ្ឌ​នេះ មាន​បង្ហាញ​អំពី​ជំនឿ​លើ​ទេវទូត តាម​របៀប​ជន​ជាតិ​យូដា​ធ្លាប់​ចែង​នៅ​ជំនាន់​នោះ។ គេ​រៀប​រាប់​អំពី​ទេវទូត​ដូច្នេះ ដើម្បី​ប្រកាស​ថា ព្រះ‌ជាម្ចាស់​តាម​ថែ‌រក្សា​មនុស្ស​លោក​ជា‌និច្ច។
រឿង​នេះ​ប្រហែល​និពន្ធ​នៅ​ឆ្នាំ ២០០ មុន​គ.ស.។

លោក​តូប៊ីត

បុរេ‌កថា

 នេះ​ជា​សៀវ‌ភៅ​រៀប​រាប់​អំពី​ជីវ‌ប្រវត្តិ​របស់​លោក​តូប៊ីត ជា​កូន​របស់​លោក​តូប៊ី‌អែល ជា​កូន​របស់​លោក​អាណា‌នីអែល ជា​កូន​របស់​លោក​អឌូ‌អែល ជា​កូន​របស់​លោក​កាបា‌អែល ជា​កូន​របស់​លោក​រ៉ាផា‌អែល ជា​កូន​របស់​រ៉ាគូ‌អែល ជាពូជ‌ពង្ស​របស់​លោក​អរី‌អែល ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។  លោក​រស់​នៅ​តំបន់​ណែប‌ថាលី​នៃ​ស្រុក​កាលីឡេ​ប៉ែក​ខាង​លើ ក្នុង​ភូមិ​ទីសបេ ដែល​ស្ថិត​នៅ​ខាង​ត្បូង​ភូមិ​គីដូស នៅ​ខាង​កើត​ភូមិ​ហាត់​ស៊រ និង​នៅ​ខាង​ជើង​ភូមិ​ផូគរ។ នៅ​រជ្ជ‌កាល​ព្រះ‌ចៅ​សាល‌ម៉ាណា​សារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរ លោក​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។
លោក​តូប៊ីត
 ខ្ញុំ​តូប៊ីត បាន​ដើរ​តាម​មាគ៌ា​នៃ​សេចក្ដី​ពិត គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ និង​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។ ខ្ញុំ​តែង​តែ​ចែក​ទាន​ដល់​បង‌ប្អូន និង​ដល់​ជន​រួម​ជាតិ​ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​មួយ​ខ្ញុំ ទៅ​ក្រុង​នីនីវេ ក្នុង​ស្រុក​អាស្ស៊ីរី។
 កាល​ពី​ក្មេង ខ្ញុំ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្ញុំ គឺ​នៅ​ស្រុក​អ៊ីស្រា‌អែល។ កុល‌សម្ព័ន្ធ​ទាំង​មូល​របស់​ខ្ញុំ គឺ​កុល‌សម្ព័ន្ធ​ណែប‌ថាលី បុព្វ‌បុរស​របស់​ខ្ញុំ បាន​ឃ្លាត​ចេញ​ពី​រាជ​វង្សា‌នុវង្ស​របស់​ព្រះ‌បាទ​ដាវីឌ និង​ពី​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ក្រុង​នេះ ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន របស់​ជន​ជាតិ​អ៊ីស្រា‌អែល សម្រាប់​ធ្វើ​ជា​កន្លែង​ថ្វាយ​យញ្ញ‌បូជា។ នៅ​ក្រុង​នេះ គេ​សង់​ព្រះ‌វិហារ ដែល​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​មនុស្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។  ញាតិ​សន្ដាន​របស់​ខ្ញុំ និង​កុល‌សម្ព័ន្ធ​ណែប​ថាលី​ជា​បុព្វ‌បុរស​របស់​ខ្ញុំ ធ្លាប់​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​ភ្នំ​ក្នុង​ស្រុក​កាលី‌ឡេ ថ្វាយ​រូប​កូន​គោ​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​អ៊ីស្រា‌អែល​បាន​តម្កល់​នៅ​ក្រុង​ដាន់។  រីឯ​ខ្ញុំ​វិញ ខ្ញុំ​តែង​តែ​ធ្វើ​ដំណើរ​ម្នាក់​ឯង ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម តាម​ធម្ម‌វិន័យ​របស់​លោក​ម៉ូសេ ដែល​បាន​បញ្ជា​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ទុក​ជា​ក្រឹត្យ​សម្រាប់​អនុវត្ត​រហូត​តរៀង​ទៅ។ ខ្ញុំ​តែង​យក​ផល​ដំបូង​នៃ​ភោគ​ផល​របស់​ខ្ញុំ កូន​សត្វ​កើត​មុន​គេ សត្វ​មួយ​ភាគ​ដប់​ក្នុង​ហ្វូង​សត្វ ព្រម​ទាំង​រោម​ចៀម​ដែល​កាត់​មុន​គេ មក​ថ្វាយ​ព្រះ‌អង្គ។  ខ្ញុំ​តែង​តែ​ជូន​អស់​លោក​បូជា‌ចារ្យ ជា​ពូជ‌ពង្ស​លោក​អរ៉ុន សម្រាប់​ថ្វាយ​លើ​អា‌សនៈ។ ខ្ញុំ​ក៏​យក​ស្រូវ ស្រា ផ្លែ​អូលីវ ផ្លែ​ទទឹម ផ្លែ​ឧទុម្ពរ និង​ផ្លែ​ឈើ​ដទៃ​ទៀត​មួយ​ភាគ​ដប់ ជូន​កូន​ចៅ​លោក​លេវី ដែល​បម្រើ​ក្នុង​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​តែ​យក​ប្រាក់​មួយ​ភាគ​ដប់​របស់​ខ្ញុំ ទៅ​ចាយ​ក្នុង​ក្រុង​យេរូ‌សាឡឹម  ហើយ​មួយ​ភាគ​ដប់​ទៀត ទៅ​ចែក​ឲ្យ​ក្មេង​កំ​ព្រា ស្ត្រី​មេ‌ម៉ាយ និង​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល។ បី​ឆ្នាំ​ម្ដង ខ្ញុំ​តែង​យក​ប្រាក់​នេះ​ទៅ​ទិញ អា​ហារ​បរិ‌ភោគ​ជា​មួយ​គ្នា ដូច​មាន​ចែង​ក្នុង​គម្ពីរ​ធម្ម‌វិន័យ​របស់​លោក​ម៉ូសេ និង​តាម​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ស្រី​ដេ‌បូរា ជា​ម្ដាយ​លោក​អាណា‌នីអែល ដែល​ត្រូវ​ជា​ឪពុក​ខ្ញុំ។ លោក​ឪពុក​ខ្ញុំ​បាត់​បង់​ជីវិត​ទៅ ទុក​ឲ្យ​ខ្ញុំ​នៅ​កំព្រា​តាំង​ពី​កុមារ​ម៉្លេះ។  ពេល​ខ្ញុំ​ពេញ​វ័យ​ចម្រើន​ឡើង ខ្ញុំ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ស្ត្រី​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​របស់​ដូន‌តា​យើង។ នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​ខ្ញុំ​ដាក់​ឈ្មោះ​ថា​តូ‌ប៊ីយ៉ា។ ១០ ពេល​ខ្មាំង​កៀរ​ប្រជាជន​អ៊ីស្រា‌អែល យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី ខ្ញុំ​ក៏​ត្រូវ​គេ​កៀរ​ទៅ​ជា​មួយ​ពួក​គេ ហើយ​មក​រស់​នៅ​ក្នុង​ក្រុង​នីនីវេ​ដែរ។ ញាតិ​សន្តាន និង​ជន​រួម​ជាតិ​របស់​ខ្ញុំ នាំ​គ្នា​បរិភោគ​ចំណី​អាហារ​របស់​សាសន៍​ដទៃ។ ១១ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​បរិភោគ​អាហារ​របស់​ជាតិ​សាសន៍​ដទៃ ជា​ដាច់​ខាត។ ១២ ដោយ​ខ្ញុំ​នឹក​ដល់​ព្រះ​របស់​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ១៣ ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ប្រោស‌ប្រទាន​ឲ្យ​ខ្ញុំ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ចៅ​សាលម៉ា‌ណាសារ។ ព្រះ‌រាជា​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទិញ​របស់​របរ​ដែល​ព្រះ‌អង្គ​ត្រូវ​ការ។ ១៤ ដូច្នេះ ខ្ញុំ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ ដើម្បី​ទិញ​អីវ៉ាន់​ថ្វាយ​ព្រះ‌រាជា រហូត​ដល់​ស្ដេច​សោយ​ទិវង្គត។ នៅ​ថ្ងៃ​មួយ ខ្ញុំ​យក​ប្រាក់​បី‌រយ​គីឡូ​ដាក់​ក្នុង​ថង់ ផ្ញើ​នឹង​លោក​កាបា‌អែល ដែល​ជា​បង‌ប្អូន​របស់​លោក​កាព្រី រស់​នៅ​ស្រុក​ម៉ែដ​នោះ។
១៥ ពេល​ព្រះ‌ចៅ​សាលម៉ា‌ណាសារ​សោយ​ទិវង្គត ព្រះ‌បាទ​សេណា‌កេរិប ជា​រាជ‌បុត្រ ក៏​ឡើង​ស្នង​រាជ្យ​ជំ​នួស​បិតា។ ពេល​នោះ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ម៉ែដ គ្មាន​សន្តិ‌សុខ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ទៅ​ស្រុក​នោះ​ទៀត​ដែរ។ ១៦ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​សាលម៉ា‌ណាសារ ខ្ញុំ​តែង​តែ​ធ្វើ​ទាន​ជា​ច្រើន​ចំពោះ​បង‌ប្អូន​រួម​ឈាម​របស់​ខ្ញុំ ១៧ ដោយ​ចែក​រំលែក​អាហារ​របស់​ខ្ញុំ ឲ្យ​អ្នក​ស្រេក​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ឲ្យ​អ្នក​ដែល​គ្មាន។ ប្រសិន‌បើ​ខ្ញុំ​ឃើញ​សាក​សព​របស់​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​គេ​ទុក​ចោល​ក្រៅ​កំពែង​ក្រុង​នីនីវេ ខ្ញុំ​តែង​តែ​យក​សព​ទាំង​នោះ​ទៅ​កប់។ ១៨ ខ្ញុំ​ក៏​បាន​បញ្ចុះ​សាក​សព អស់​អ្នក ដែល​ព្រះ‌បាទ​សេណា‌កេរិប​ប្រហារ​ជីវិត នៅ​ពេល​ស្ដេច​បាក់​ទ័ព ស្ដេច​ត្រឡប់​ពី​ស្រុក​យូដា​វិញ។ ពេល​នោះ ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា​ក្សត្រ​នៃ​ស្ថាន​បរម‌សុខ បាន​ដាក់​ទោស​ស្ដេច ព្រោះ​ស្ដេច​បាន​ប្រមាថ​ព្រះ‌ជាម្ចាស់។ ដូច្នេះ ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ហើយ​សម្លាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​នាក់។ ប៉ុន្តែ ខ្ញុំ​លួច​សាក​សព​របស់​ពួក​គេ​ទៅ​បញ្ចុះ។ ព្រះ‌បាទ​សេណា‌កេរិប ឲ្យ​គេ​រក​សាក​សព​ទាំង​នោះ តែ​រក​មិន​ឃើញ។
១៩ ពេល​នោះ អ្នក​ក្រុង​នីនីវេ​ម្នាក់ ទៅ​ទូល​ព្រះ‌រាជា​ថា ខ្ញុំ​ជា​អ្នក​បញ្ចុះ​សាក​សព​ទាំង​នោះ។ ហេតុ​នេះ ខ្ញុំ​ត្រូវ​លាក់​ខ្លួន។ កាល​ខ្ញុំ​ដឹង​ថា ព្រះ‌រាជា​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​ឲ្យ​គេ​តាម​រក​ខ្ញុំ ដើម្បី​ប្រហារ​ជីវិត ខ្ញុំ​ភ័យ​ខ្លាច ហើយ​ក៏​រត់​គេច​ខ្លួន​ទៅ។ ២០ រដ្ឋ​អំណាច រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​របស់​ខ្ញុំ ដាក់​ចូល​ក្នុង​ឃ្លាំង​រាជ​ទ្រព្យ នៅ​សល់​តែ​នាង​ហាណ្ណា​ជា​ភរិយា និង​តូប៊ីយ៉ា​ជា​កូន​ប៉ុណ្ណោះ។
២១ សែ‌សិប​ថ្ងៃ​ក្រោយ​មក ព្រះ‌រាជ‌បុត្រ​ពីរ​អង្គ បាន​ធ្វើ​គុត​ព្រះ‌ចៅ​សេណា‌កេរិប​ជា​បិតា រួច​រត់​គេច​ខ្លួន​ទៅ​កាន់​ភ្នំ​អរ៉ា‌រ៉ាត់។ ព្រះ‌បាទ​អសា‌រ៉ាដូន ជា​ព្រះ‌រាជ​បុត្រ​មួយ​អង្គ​ទៀត ក៏​ឡើង​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​តែង​តាំង​លោក​អហ៊ីការ ដែល​ជា​កូន​របស់​លោក​អណ្ណា‌អែល ជា​បង‌ប្អូន​ខ្ញុំ ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ហិរញ្ញ‌វត្ថុ ក្នុង​រាជា‌ណាចក្រ។ ដូច្នេះ ក្មួយ​របស់​ខ្ញុំ​មាន​អំណាច​ត្រួត​ត្រា​រាជការ​ទាំង​មូល។ ២២ ក្នុង​រជ្ជ‌កាល ព្រះ‌ចៅ​សេណា‌កេរិប ស្ដេច​ស្រុក​អាស្ស៊ីរី លោក​អហ៊ីការ​ទទួល​មុខ​ងារ​ជា​រាជ​បម្រើ ចាក់​ស្រា​ថ្វាយ​ព្រះ‌រាជា ជា​មន្ត្រី​ក្រសួង​យុត្តិធម៌ អ្នក​គ្រប់​គ្រង​រាជ‌ការ និង​ជា​មន្ត្រី​ទទួល‌ខុស​ត្រូវ​លើ​ផ្នែក​ហិរញ្ញ‌វត្ថុ។ ក្រោយ​មក ព្រះ‌ចៅ​អសា‌រ៉ាដូន តែង​តាំង​ឲ្យ​លោក​បន្ត​មុខ​ងារ​ទាំង​នេះ​តទៅ​ទៀត។ លោក​អហ៊ីការ ជា​ញាតិ‌សន្តាន​របស់​ខ្ញុំ ជួយ​ធ្វើ​អន្ត‌រាគមន៍​ឲ្យ​ខ្ញុំ អាច​ត្រឡប់​មក​រស់​នៅ​ក្រុង​នីនីវេ​វិញ។
លោក​តួប៊ីត​កើត​ទុក្ខ
 ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អសា‌រ៉ាដូន ខ្ញុំ​ត្រឡប់​មក​ផ្ទះ​របស់​ខ្ញុំ នៅ​ក្រុង​នីនីវេ ខ្ញុំ​ជួប​ជុំ​ជា​មួយ​នាង​ហាណ្ណា ជា​ភរិយា និង​តូប៊ីយ៉ា​ជា​កូន​របស់​ខ្ញុំ​វិញ។ ក្នុង​ឱកាស​បុណ្យ «ថ្ងៃ​ទី​ហា‌សិប» គឺ​ជា​ថ្ងៃ​បុណ្យ​ដ៏‌វិសុទ្ធ នៃ​សប្ដាហ៍​ទី​ប្រាំ​ពីរ ក្រោយ​បុណ្យ​ចម្លង គេ​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចូល​អង្គុយ ដើម្បី​បរិ‌ភោគ។  គេ​ក៏​លើក​ម្ហូប‌អាហារ​ដ៏​ឆ្ងាញ់​ជា​ច្រើន មក​ដាក់​លើ​តុ​ឲ្យ​ខ្ញុំ​ទទួល​ទាន។ ខ្ញុំ​ប្រាប់​តូប៊ី‌យ៉ា​កូន​ខ្ញុំ​ថា៖ «ចូរ​កូន​ចេញ​ទៅ​រក​អ្នក​ក្រីក្រ​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន​រួម​ជាតិ​យើង ដែល​ខ្មាំង​បាន​កៀរ​មក​ក្រុង​នីនីវេ ជា​អ្នក​នឹក​ដល់​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ រួច​នាំ​គេ​មក​បរិភោគ​អាហារ​ជា​មួយ​ពុក។ ពុក​រង់​ចាំ​រហូត​ដល់​កូន​ត្រឡប់​មក​វិញ»។  តូប៊ីយ៉ា​ចេញ​ទៅ​រក​អ្នក​ក្រីក្រ​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន​របស់​យើង តែ​វា​ត្រឡប់​មក​វិញ ទាំង​ប្រាប់​ថា៖ «លោក​ឪពុក!»។ ខ្ញុំ​ក៏​ឆ្លើយ​ថា៖ «មាន​ការ​អ្វី​កូន?» កូន​ខ្ញុំ​ពោល​ថា៖ «មាន​គេ​ច្របាច់​ក​សម្លាប់​ជន​ជាតិ​យើង​ម្នាក់ ហើយ​ទុក​សាក​សព​ចោល​នៅ​ទី​ផ្សារ»។  ខ្ញុំ​ស្ទុះ​ក្រោក​ឡើង​ចោល​អាហារ ដែល​មិន​ទាន់​បរិភោគ​ផង រត់​ទៅ​យក​សាក​សព​នោះ​ចេញ​មក​ទុក​ក្នុង​រោង​តូច​មួយ ចាំ​ដល់​ថ្ងៃ​លិច ទើប​យក​ទៅ​បញ្ចុះ។  ក្រោយ​មក ខ្ញុំ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​ងូត​ទឹក​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ រួច​បរិភោគ​អាហារ​ទាំង​ក្ដី​សោក‌សៅ  ដោយ​នឹក​ដល់​ពាក្យ​ដែល​ព្យាការី​អម៉ូស បាន​ថ្លែង​ប្រឆាំង​នឹង​អ្នក​ក្រុង​បេត‌អែល​ថា៖ «ថ្ងៃ​បុណ្យ​របស់​អ្នក​រាល់​គ្នា នឹង​ក្លាយ​ទៅ​ជា​ថ្ងៃ​កាន់​ទុក្ខ ហើយ​បទ​ចម្រៀង​របស់​អ្នក​រាល់‌គ្នា ក៏​ក្លាយ​ទៅ​ជា​បទ​ទំនួញ​វិញ​ដែរ» រួច​ខ្ញុំ​ក៏​យំ។  លុះ​ដល់​ថ្ងៃ​លិច ខ្ញុំ​ចេញ​ទៅ​ជីក​រណ្ដៅ​បញ្ចុះ​សាក​សព​នោះ។  អ្នក​ជិត​ខាង​ចំអក​ដាក់​ខ្ញុំ​ថា៖ «គាត់​មិន​រាង​ចាល​ទេ! គេ​បាន​តាម​រក​ចាប់​គាត់ ដើម្បី​ប្រហារ​ជីវិត​ម្ដង​ទៅ​ហើយ ព្រោះ​តែ​រឿង​បញ្ចុះ​សាក​សព គាត់​ក៏​រត់​គេច​ខ្លួន! នៅ​ពេល​នេះ គាត់​បញ្ចុះ​សាក​សព​ទៀត!»។  នៅ​យប់​នោះ ខ្ញុំ​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ រួច​ខ្ញុំ​ចេញ​ទៅ​ទី​ធ្លា​ខាង​ក្រៅ ហើយ​ដេក​តាម​ជញ្ជាំង​នៃ​ធ្លា​នោះ តែ​ខ្ញុំ​មិន​បាន​គ្រប​មុខ​ទេ ព្រោះ​ក្ដៅ។ ១០ ខ្ញុំ​ដឹង​ថា នៅ​លើ​ជញ្ជាំង​ចំ​ពី​លើ​ក្បាល​ខ្ញុំ​នោះ មាន​សំបុក​ចាប​ទេ ចាប​វា​ជុះ​អាចម៍​ដាក់​ចំ​ភ្នែក​ខ្ញុំ​ទាំង​សង​ខាង បណ្ដាល​ឲ្យ​គ្រាប់​ភ្នែក​ខ្ញុំ​ឡើង​ពណ៌​ស។ ខ្ញុំ​ទៅ​ឲ្យ​ពេទ្យ​ជា​ច្រើន​នាក់​ពិនិត្យ​ព្យាបាល ទោះបី​គេ​ដាក់​ថ្នាំ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ភ្នែក​ខ្ញុំ​កាន់​តែ​ឡើង​ស​ខ្លាំង​ជាង​មុន​ទៅ​ទៀត រហូត​ដល់​ងងឹត​ទាំង​ស្រុង។ ខ្ញុំ​មើល​អ្វីៗ​មិន​ឃើញ​សោះ​អស់‌រយៈ​ពេល​បួន​ឆ្នាំ។ បង‌ប្អូន​សាច់‌ញាតិ​របស់​ខ្ញុំ ព្រួយ‌បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ហើយ​លោក អហ៊ីការ ផ្គត់​ផ្គង់​ខ្ញុំ​អស់‌រយៈ​ពេល​ពីរ​ឆ្នាំ មុន​ពេល​គាត់​ចាក​ចេញ​ទៅ​ស្រុក​អ៊ី‌លីមៃ។
១១ ពេល​នោះ នាង​ហាណ្ណា​ជា​ប្រពន្ធ​ខ្ញុំ ក៏​ចេញ​ទៅ​ស៊ី​ឈ្នួល​គេ​ដែរ។ ១២ នាង​ធ្វើ​ការ​ឲ្យ​គេ ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ខែ​ចេត្រ នាង​ត្បាញ​បាន​ក្រណាត់​មួយ​ដុំ ហើយ​ប្រគល់​ឲ្យ​ម្ចាស់​ក្រណាត់។ ម្ចាស់​នោះ​ប្រគល់​ថ្លៃ​ឈ្នួល​ត្បាញ​ឲ្យ​គ្រប់​ចំនួន ព្រម​ទាំង​ឲ្យ​កូន​ពពែ​មួយ​ក្បាល​បន្ថែម​ទៀត​ផង។ ១៣ ពេល​កូន​ពពែ​នោះ​ចូល​មក​ជិត​ខ្ញុំ វា​ក៏​ស្រែក។ ខ្ញុំ​ហៅ​ប្រពន្ធ​ខ្ញុំ​មក​សួរ​ថា៖ «តើ​កូន​ពពែ​នេះ​មក​ពី​ណា? លួច​គេ​ទេ​ឬ? ចូរ​យក​វា​ទៅ​ឲ្យ​ម្ចាស់​វា​វិញ! យើង​គ្មាន​សិទ្ធិ​បរិភោគ​អ្វី ដែល​បាន​មក​ពី​ការ​លួច​គេ​នោះ​ទេ!»។ ១៤ នាង​ឆ្លើយ​តប​ថា «កូន​ពពែ​នេះ​ជា​អំណោយ​ដែល​គេ​ឲ្យ​បន្ថែម​ពី​លើ​ប្រាក់​ឈ្នួល​ទេ​តើ!»។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​មិន​ព្រម​ជឿ​នាង ហើយ​ទទូច​ឲ្យ​នាង​យក​កូន​ពពែ​នេះ ទៅ​ប្រគល់​ឲ្យ​ម្ចាស់​វា​វិញ។ ខ្ញុំ​ខឹង​នាង​ជា​ខ្លាំង ព្រោះ​តែ​កូន​ពពែ​នេះ។ ពេល​នោះ នាង​តប​មក​ខ្ញុំ​ថា៖ «តើ​ឯណា​ទាន​របស់​លោក? តើ​អំពើ​ល្អ​របស់​លោក​នៅ​ឯណា? មែន​ហើយ អំពើ​ល្អ​របស់​លោក​អត់​បាន​ការ​អ្វី​ឡើយ»។
ពាក្យ​អង្វរ​របស់​លោក​តូប៊ីត
 ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​ថ្ងូរ ហើយ​សម្រក់​ទឹក‌ភ្នែក។ បន្ទាប់​មក ខ្ញុំ​ចាប់​ផ្ដើម​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ ទាំង​សោក​សៅ​ថា៖  «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ពិត​ជា​សុច‌រិត ស្នា​ព្រះ‌ហស្ត​ទាំង​អស់​របស់​ព្រះ‌អង្គ ពិត​ជា​ត្រឹម‌ត្រូវ។ ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​អាណិត‌មេត្តា ដោយ​ស្មោះ‌ត្រង់។ គឺ​ព្រះ‌អង្គ​ហើយ ដែល​វិនិច្ឆ័យ​ពិភព​ទាំង​មូល។  ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌អង្គ​កុំ​បំភ្លេច​ទូល​បង្គំ! សូម​ទត​មើល​មក​ទូល​បង្គំ! សូម​កុំ​ដាក់​ទោស​ទូល​បង្គំ! ព្រោះ​តែ​អំពើ​បាប​របស់​ទូល‌បង្គំ និង អំពើ​បាប​ដែល​ដូន‌តា​របស់​ទូល​បង្គំ បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។  ដូន‌តា​របស់​ទូល‌បង្គំ មិន​បាន​គោរព​ប្រណិ‌ប័តន៍​តាម​បញ្ជា​របស់​ព្រះ‌អង្គ​ទេ ហេតុ​នេះ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស យក​ទ្រព្យ‌សម្បត្តិ ព្រម​ទាំង​កៀរ​យើង‌ខ្ញុំ​ទៅ​ជា​ឈ្លើយ និង​ប្រហារ​ជីវិត​យើង‌ខ្ញុំ​ផង។ ប្រជា‌ជាតិ​នានា​ចំ​អក​ឡកឡឺយ ជេរ‌ប្រមាថ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​យើង​ខ្ញុំ​ឲ្យ​ទៅ​នៅ។  ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ពិត​ជា​ត្រឹម​ត្រូវ ព្រះ‌អង្គ​ដាក់​ទោស​ទូល​បង្គំ ព្រោះ​តែ​អំពើ​បាប​របស់​ទូល​បង្គំ និង​អំពើ​បាប​ដូន‌តា​របស់​ទូល​បង្គំ។ យើង​ខ្ញុំ ពុំ​បាន គោរព​ប្រណិ‌ប័តន៍​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ក៏​មិន​បាន​ដើរ​តាម​សេចក្ដី​សុចរិត នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អង្គ​ដែរ។  ឥឡូវ​នេះ សូម​ប្រព្រឹត្ត​ចំពោះ​ទូល​បង្គំ​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ចុះ! សូម​ដក​យក​ខ្យល់​ដង្ហើម​របស់​ទូល​បង្គំ​ត្រឡប់​ទៅ​វិញ! សូម​ព្រះ‌អង្គ​មេត្តា​ផ្ដាច់​ជីវិត​ទូល​បង្គំ ឲ្យ​ទូល​បង្គំ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ចុះ។ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់ ប្រសើរ​ជាង​រស់​នៅ​តទៅ​ទៀត ដ្បិត​ទូល​បង្គំ​ឮ​តែ​ពាក្យ​ជេរ‌ប្រមាថ ហើយ​ទូល​បង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ពន់‌ពេក! ឱ​ព្រះ‌អម្ចាស់​អើយ! សូម​មេត្តា​ជួយ​រំដោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​នេះ​ផង សូម​រំដោះ​ទូល​បង្គំ ឲ្យ​បាន​សម្រាក​អស់​កល្ប‌ជា‌និច្ច! ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​បែរ​ព្រះ‌ភ័ក្រ្ត​ចេញ​ពី​ទូល​បង្គំ​ឡើយ! ពិត​មែន​ហើយ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់​ប្រសើរ​ជាង​រង​ទុក្ខ​វេទនា​បែប​នេះ​អស់​មួយ​ជីវិត ហើយ​ចៀស​ផុត​ពី​ការ​ជេរ‌ប្រមាថ​ទៀត​ផង!»។
ទុក្ខ​វេទនា​របស់​នាង​សារ៉ា
 នា​ថ្ងៃ​នោះ​ដែរ នៅ​ក្រុង​អែក‌បាថាន​ក្នុង​ស្រុក​ម៉ែដ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូ‌អែល ឮ​ស្រី​បម្រើ​របស់​ឪពុក​ជេរ‌ប្រមាថ​នាង។  នាង​សារ៉ា​ធ្លាប់​រៀប​អាពាហ៍‌ពិពាហ៍​ចំនួន​ប្រាំពីរ​ដង​រួច​មក​ហើយ ប៉ុន្តែ អារក្ខ​កំណាច​ម្នាក់​ឈ្មោះ​អា‌ស្មូដេ បាន​សម្លាប់​ស្វាមី​ទាំង​ប្រាំពីរ​របស់​នាង​ជា​រៀង​រាល់​លើក មុន​ពេល​រួម​បវេណី​ជាមួយ​នាង។ ហេតុ​នេះ ស្រី​បម្រើ​នោះ​ចោទ​ប្រកាន់​នាង​សារ៉ា​ថា៖ «គឺ​នាង​ហើយ​ដែល​សម្លាប់​ប្ដី​ទាំង​ប្រាំពីរ​នាក់! គេ​លើក​នាង​ឲ្យ​មាន​ប្ដី​ប្រាំពីរ​លើក ប៉ុន្តែ នាង​គ្មាន​ឈ្មោះ ជា​ប្រពន្ធ​របស់​បុរស​ណា​ម្នាក់​ឡើយ!  ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​បាប​យើង ព្រោះ​តែ​ប្ដី​ទាំង​ប្រាំពីរ​នាក់​ស្លាប់​ដូច្នេះ? ចូរ​នាង​ទៅ​នៅ​ជា​មួយ​ប្ដី​នាង​ចុះ! កុំ​ឲ្យ​នាង​មាន​កូន​ប្រុស ឬ​កូន​ស្រី​ឡើយ!»។ ១០ នៅ​ថ្ងៃ​នោះ នាង​សារ៉ា​កើត​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង នាង​យំ ហើយ​ឡើង​ទៅ​បន្ទប់​ខាង​លើ​របស់​ឪពុក​នាង ដោយ​មាន​បំណង​ចង​ក​សម្លាប់​ខ្លួន។ ប៉ុន្តែ ក្រោយ​មក នាង​បាន​រិះ​គិត​ពិចារណា​ថា បើ​ខ្ញុំ​ចង​ក​សម្លាប់​ខ្លួន​មែន​នោះ គេ​មុខ​ជា​ប្រមាថ​ឪពុក​ខ្ញុំ​ថា៖ «លោក​មាន​កូន​ស្រី​ជា​ទី​ស្រឡាញ់​តែ​ម្នាក់​គត់ នាង​ចង​ក ព្រោះ​តែ​កើត​ទុក្ខ​ខ្លាំង​ពេក។ ធ្វើ​ដូច្នេះ ឪពុក​របស់​ខ្ញុំ​ដែល​កាន់​តែ​ចាស់​ជរា​ហើយ​នេះ មុខ​ជា​លា​ចាក​លោក​នេះ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន។ ហេតុ​នេះ ខ្ញុំ​សម្រេច​ចិត្ត​ថា ខ្ញុំ​មិន​គួរ​ចង​ក​ទេ ប៉ុន្តែ ខ្ញុំ​ត្រូវ​អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​ដក​ជីវិត​ខ្ញុំ​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ជេរ‌ប្រមាថ​ខ្ញុំ​អស់​មួយ​ជីវិត​ដូច្នេះ»។
ពាក្យ​ទូល‌អង្វរ​របស់​នាង​សារ៉ា
១១ ពេល​នោះ នាង​សារ៉ា លើក​ដៃ​បែរ​ទៅ​រក​បង្អួច ហើយ​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​ថា៖ ១២ «បពិត្រ​ព្រះ‌អម្ចាស់ ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា! នាង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អង្គ! សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ! សូម​ឲ្យ​ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ លើក​តម្កើង​រហូត​តរៀង​ទៅ​ផង។ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​បែរ​មុខ​ទៅ​រក​ព្រះ‌អង្គ នាង​ខ្ញុំ​សូម​បែរ​ភ្នែក​ទៅ​រក​ព្រះ‌អង្គ! ១៣ សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​ឲ្យ​នាង​ខ្ញុំ​លា​ចាក​លោក​នេះ កុំ​ឲ្យ​នាង​ខ្ញុំ​ឮ​ពាក្យ គេ​ជេរ‌ប្រមាថ​ទៀត​ឡើយ!។ ១៤ បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ខ្ញុំ​ម្ចាស់​នៅ​ព្រហ្មចារី​នៅ​ឡើយ ដោយ​មិន​បាន​ខូច​ខ្លួន​នឹង​បុរស​ណា​ម្នាក់​ទេ ១៥ ខ្ញុំ‌ម្ចាស់​ពុំ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍‌ឈ្មោះ​របស់​ខ្ញុំ‌ម្ចាស់ ឬ ឈ្មោះ​របស់​ឪពុក​ខ្ញុំ‌ម្ចាស់​មាន​សៅ‌ហ្មង នៅ​ក្នុង​ស្រុក ដែល​ខ្មាំង​សត្រូវ​កៀរ​យើង​ខ្ញុំ​ឲ្យ​មក​រស់​នៅ​នោះ​ទេ ឪពុក​ខ្ញុំ‌ម្ចាស់​មាន​កូន​ស្រី​តែ​ម្នាក់​គត់ គាត់​គ្មាន​កូន​ណា​ទៀត​ដែល​អាច​ទទួល​មត៌ក​ស្នង​ពី​គាត់​ឡើយ ហើយ​គាត់​ក៏​គ្មាន​បង‌ប្អូន​ញាតិ‌សន្តាន​ឯណា​ទៀត​ដែល​អាច​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ខ្ញុំ‌ម្ចាស់​ដែរ។ ប្ដី​ខ្ញុំ‌ម្ចាស់​ទាំង​ប្រាំពីរ​នាក់ បាត់‌បង់​ជីវិត​អស់​ហើយ ដូច្នេះ តើ​ខ្ញុំ‌ម្ចាស់​រស់​នៅ​តទៅ​ទៀត​ដើម្បី​អ្វី? បពិត្រ​ព្រះ‌អម្ចាស់! ប្រសិន​បើ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដក​ជីវិត​ខ្ញុំ‌ម្ចាស់​ទេ សូម​ព្រះ‌អង្គ​មេត្តា​សណ្ដាប់​ពាក្យ​ដែល​គេ​ជេរ​មក​រក​ខ្ញុំ‌ម្ចាស់​ផង!»។
ព្រះ‌ជាម្ចាស់​ព្រះ‌សណ្ដាប់ ពាក្យ​អង្វរ​អ្នក​ទាំង​ពីរ
១៦ ពេល​ដដែល​នោះ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី​រុង‌រឿង ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​អ្នក​ទាំង​ពីរ ១៧ ហើយ​ចាត់​ទេវ​ទូត​រ៉ាផា‌អែល ទៅ​ព្យាបាល​អ្នក​ទាំង​ពីរ​ឲ្យ​ជា​សះ‌ស្បើយ គឺ​ដក​ស្បែក​ស​ចេញ​ពី​ភ្នែក​របស់​លោក​តូប៊ីត ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ពន្លឺ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដេញ​អា‌ស្មូដេ ជា​អារក្ខ​កំណាច​ចេញ​ពី​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូ‌អែល ដើម្បី​លើក​នាង​ឲ្យ​រៀប​អាពាហ៍‌ពិពាហ៍​ជាមួយ​លោក​តូប៊ីយ៉ា ជា​កូន​ប្រុស​របស់​លោក​តូប៊ីត។ ក្នុង​ចំណោម​សាច់‌ញាតិ​ទាំង​អស់ មាន​តែ​លោក​តូប៊ីយ៉ា​នេះ​ទេ ដែល​មាន​សិទ្ធិ​ដណ្ដឹង​នាង​មុន​គេ។ ពេល​នោះ លោក​តូប៊ីត​ដើរ​ពី​ទី​ធ្លា ចូល​មក​ក្នុង​ផ្ទះ​គាត់ រីឯ​នាង​សារ៉ា​ជា​កូន​ស្រី​របស់​លោក​រ៉ាគូ‌អែល ក៏​ចុះ​ពី​បន្ទប់​ខាង​លើ​មក​ដែរ។
ពាក្យ​បណ្ដាំ​របស់​លោក​តូប៊ីត
 នៅ​ថ្ងៃ​នោះ លោក​តូប៊ីត​នឹក​ឃើញ​ដល់​ប្រាក់​ដែល​គាត់​បាន​ផ្ញើ​ទុក នឹង​លោក​កាបា‌អែល ក្នុង​ក្រុង​រ៉ា‌កែស នៅ​ស្រុក​ម៉ែដ។  គាត់​គិត​ថា «ខ្ញុំ​សូម​ព្រះ‌ជាម្ចាស់​ដក​ជីវិត​ខ្ញុំ​រួច​ហើយ មុន​ពេល​ខ្ញុំ​បាត់​បង់​ជីវិត ខ្ញុំ​គួរ​ហៅ​កូន​ខ្ញុំ​មក​ប្រាប់​ឲ្យ​ដឹង​ពី​ប្រាក់​នោះ»។  គាត់​ហៅ​តូប៊ី‌យ៉ា ជា​កូន​មក ហើយ​ប្រាប់​ថា៖ «កូន​ប្រុស​អើយ! នៅ​ពេល​ពុក​ចែក​ស្ថាន​ទៅ ចូរ​កូន​យក​សព​ពុក​ទៅ​បញ្ចុះ ឲ្យ​បាន​សម​រម្យ​ផង! ចូរ​គោរព​ម្ដាយ​កូន! ចូរ​ថែ​រក្សា​ម្ដាយ​អស់​មួយ​ជីវិត​របស់​គាត់ កុំ​បោះ​បង់​ចោល​គាត់​ឡើយ! ចូរ​ខិត​ខំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គាត់​សប្បាយ​ចិត្ត! កុំ​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ម្ដាយ​ព្រួយ​ចិត្ត  កូន​អើយ! សូម​នឹក​ថា​ម្ដាយ​បាន​ទ្រាំ​នូវ​ទុក្ខ​លំបាក ពេល​ដែល​កូន​នៅ​ក្នុង​ផ្ទៃ​របស់​គាត់។ ពេល​ម្ដាយ​បាត់​បង់​ជីវិត ចូរ​យក​សព​របស់​គាត់ ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ជា​មួយ​ពុក។  កូន​អើយ! ចូរ​កូន​នឹក​ដល់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត​របស់​កូន កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ឬ​បំពាន​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ! ចូរ​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​របស់​កូន។ កុំ​ប្រព្រឹត្ត​អំពើ​ទុច្ច‌រិត​ឡើយ  ដ្បិត​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត តែង​បាន​ចម្រុង​ចម្រើន​ឡើង ក្នុង​គ្រប់​កិច្ច‌ការ​របស់​ខ្លួន  ចូរ​យក​សម្បត្តិ​របស់​ខ្លួន ដាក់​ទាន​ដល់​អ្នក ដែល​ប្រព្រឹត្ត តាម​សេចក្ដី​សុចរិត។ ពេល​កូន​ដាក់​ទាន ចូរ​កុំ​នឹក​ស្ដាយ​ឲ្យ​សោះ! ចូរ​កូន​កុំ​ងាក​ចេញ​ពី​ជន​ក្រីក្រ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​បែរ​ព្រះ‌ភ័ក្រ្ត​ចេញ​ពី​កូន​ដែរ។  ចូរ​ដាក់​ទាន​តាម​លទ្ធ‌ភាព និង​តាម​ទ្រព្យ‌សម្បត្តិ​របស់​កូន។ ប្រសិន​បើ​កូន​មាន​សម្បត្តិ​តិច ចូរ​កុំ​ខ្លាច​យក​អ្វីៗ​ដ៏​តិច‌តួច​នោះ​ទៅ​ចែក​ទាន​ដល់​គេ​ឡើយ។  ធ្វើ​ដូច្នេះ កូន​នឹង​សន្សំ​សម្បត្តិ​ដ៏​ប្រសើរ​ថ្លៃ​ថ្លា សម្រាប់​ថ្ងៃ​ដែល​កូន​មាន​ទុក្ខ​វេទនា ១០ ព្រោះ​ទាន តែង‌តែ​រំដោះ​មិន​ឲ្យ​ស្លាប់ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត ១១ អស់​អ្នក​ដែល​ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ ហាក់​ដូច​ជា​បាន​ថ្វាយ​តង្វាយ​ដ៏​ប្រសើរ​ចំពោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ ១២ កូន​អើយ! ចូរ​កុំ​រៀប​អាពាហ៍‌ពិពាហ៍​ខុស​ធម្ម‌វិន័យ! ជា​បឋម ចូរ​កូន​ដណ្ដឹង​កូន​ស្រី​ក្នុង​ពូជ​ពង្ស​ដូន‌តា​របស់​យើង។ កុំ​យក​ប្រពន្ធ​ជា​សាសន៍​ដទៃ​ឡើយ គឺ​ប្រពន្ធ​ដែល​មិន​ជាប់​នឹង​កុល‌សម្ព័ន្ធ​របស់​យើង ព្រោះ​យើង​ជា​កូន​ចៅ​របស់​អស់​លោក​ព្យាការី។ ចូរ​កូន​នឹក​គិត​ដល់​លោក​ណូអេ លោក​អប្រា‌ហាំ លោក​អ៊ីសាក លោក​យ៉ាកុប​ជា​បុព្វ‌បុរស​របស់​យើង។ តាំង​ពី​បុរាណ​កាល​មក បុព្វ‌បុរស​បាន​យក​ភរិយា​ក្នុង​ចំណោម​សាច់‌ញាតិ​របស់​គាត់។ ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​អស់​លោក​មាន​កូន​ចៅ និង​កាន់​កាប់​ទឹក​ដី​ទុក​ជា​មត៌ក​ផង។ ១៣ កូន​អើយ! ចូរ​ស្រឡាញ់​បង‌ប្អូន​សាច់‌ញាតិ​ឲ្យ​ខ្លាំង​ជាង​គេ! កុំ​វាយ​ឫក​ដាក់​បង‌ប្អូន កូន​ប្រុស កូន​ស្រី ដែល​ជា​ជន​រួម​ឈាម​របស់​កូន រហូត​ដល់​មិន​យក​ភរិយា ក្នុង​ចំណោម​ជន​ជាតិ​របស់​ខ្លួន។ អ្នក​វាយ​ឫក​ខ្ពស់ មុខ​ជា​ត្រូវ​អន្ត‌រាយ ហើយ​ត្រូវ​ខក​ចិត្ត រីឯ​អ្នក​ខ្ជិល រមែង​ក្រ​តោក​យ៉ាក​បំផុត ដ្បិត​ការ​ខ្ជិល​ជា​ប្រភព​នៃ​ការ​អត់​ឃ្លាន។ ១៤ កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ គឺ​ត្រូវ​បើក​ឈ្នួល​ឲ្យ​គេ​ភ្លាម។ ប្រសិន​បើ​កូន​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​មុខ​ជា​សង​ឲ្យ​កូន​វិញ​ពុំ​ខាន។ ចូរ​ប្រយ័ត្ន​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​កូន​ប្រព្រឹត្ត ហើយ​កាន់​កិរិយា​មារ‌យាទ ជា​អ្នក​ទទួល​ការ​អប់រំ​ល្អ។ ១៥ អ្វីៗ​ដែល​កូន​មិន​ចូល​ចិត្ត ចូរ​កូន​កុំ​ធ្វើ​ការ​នោះ​លើ​អ្នក​ដទៃ​ឲ្យ​សោះ!។ ១៦ ចូរ​ចែក​អាហារ​របស់​កូន ដល់​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក​បំពាក់​ដល់​អ្នក​ដែល​គ្មាន​ផង។ ចូរ​យក​អ្វីៗ​ដែល​លើស​ពី​សេចក្ដី​ត្រូវ​ការ​របស់​កូន​ទៅ​ចែក​ទាន​ឲ្យ​អ្នក​ក្រីក្រ។ ពេល​ណា​កូន​ធ្វើ​ទាន ចូរ​កុំ​នឹក​ស្ដាយ​ក្រោយ​ឲ្យ​សោះ! ១៧ ចូរ​យក​អាហារ ទៅ​ឲ្យ​អ្នក​កំពុង​យំ​កាន់​ទុក្ខ​មនុស្ស​សុចរិត​ស្លាប់ ប៉ុន្តែ កុំ​យក​អាហារ ទៅ​ឲ្យ​មនុស្ស​ទុច្ច‌រិត​ស្លាប់​ឡើយ! ១៨ ចូរ​សួរ​យោ‌បល់​ពី​អ្នក​ប្រាជ្ញ ហើយ​កុំ​មើល​ងាយ​អ្នក​ដែល​ផ្តល់​យោបល់​ល្អ។ ១៩ ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ្នក​គ្រប់​កាលៈ‌ទេសៈ ចូរ​ទូល​អង្វរ​ព្រះ‌អង្គ​ឲ្យ​តម្រង់​ផ្លូវ​កូន និង​ប្រោស​ឲ្យ​កូន​បាន​សម្រេច​គ្រប់​កិច្ច‌ការ គ្រប់​គម្រោង‌ការ​របស់​កូន។ គ្មាន​ប្រជាជន​ណា​មាន​ប្រាជ្ញា​ដឹង​ខុស​ត្រូវ​ឡើយ គឺ​មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ ប៉ុណ្ណោះ​ដែល​ប្រោស​ប្រទាន​អ្វីៗ​ដ៏​ល្អ ព្រះ‌អង្គ​មាន​បំណង​ចង់​បន្ទាប​នរណា ក៏​ព្រះ‌អង្គ​បន្ទាប​គេ​រហូត​ដល់​ស្លាប់​ដែរ។ ឥឡូវ​នេះ ចូរ​កូន​ចង​ចាំ​ពាក្យ​បណ្ដាំ​ទាំង​នេះ​នៅ​ក្នុង​ចិត្ត​កុំ​ភ្លេច​ឲ្យ​សោះ។ ២០ ពុក​សូម​ប្រាប់​កូន​ថា ពុក​ផ្ញើ​ប្រាក់​ចំនួន​បី‌រយ​គីឡូ នឹង​លោក​កាបា‌អែល ជា​កូន​លោក​កាព្រី នៅ​ក្រុង​រ៉ា‌កែស ក្នុង​ស្រុក​ម៉ែដ។ ២១ កូន​អើយ ចូរ​កុំ​ខ្លាច! ប្រសិន​បើ​យើង​ធ្លាក់​ខ្លួន​ក្រ។ ប្រសិន​បើ​កូន​ចៀស​វាង​អំពើ​បាប​គ្រប់​បែប​យ៉ាង និង​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​កូន!។ កូន​នឹង​មាន​សម្បត្តិ​ដ៏​ស្ដុក‌ស្ដម្ភ បើ​កូន​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់‍»។
លោក​តូប៊ី‌យ៉ា​រៀបចំ​ធ្វើ​ដំណើរ
១​ ពេល​នោះ តូប៊ី‌យ៉ា​ឆ្លើយ​តប​នឹង​លោក​តូប៊ីត​ជា​ឪពុក​ថា៖ «បាទ​លោក​ឪពុក! កូន​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​បណ្ដាំ​របស់​លោក​ឪពុក!  ប៉ុន្តែ តើ​កូន​នឹង​យក​ប្រាក់​ទាំង​នេះ​ពី​គេ​ដូច​ម្ដេច បើ​កូន​មិន​ស្គាល់​គេ​ផង ហើយ​គេ​ក៏​មិន​ស្គាល់​កូន​ដែរ!។ តើ​កូន​មាន​អ្វី​អាច​ឲ្យ​គេ​ស្គាល់ និង​ទុក​ចិត្ត​កូន ដើម្បី​ឲ្យ​គេ​ប្រគល់​ប្រាក់​នេះ មក​ឲ្យ​កូន? ម្យ៉ាង​ទៀត កូន​មិន​ស្គាល់​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​ម៉ែដ​ទេ!»។  លោក​តូប៊ីត​ឆ្លើយ​ទៅ​តូប៊ី‌យ៉ា​ជា​កូន​ថា៖ «លោក​កាបា‌អែល​បាន​ចុះ​ហត្ថ‌លេខា​លើ​សំបុត្រ​ព្រម​ព្រៀង​មួយ ហើយ​ពុក​ក៏​បាន​ចុះ​ហត្ថ‌លេខា​ដែរ។ ពុក​បាន​ហែក​សំបុត្រ​នោះ​ជា​ពីរ ទុក​ម្នាក់​ពាក់​កណ្ដាល ហើយ​ពុក​បាន​ទុក​ពាក់​កណ្ដាល​ទៀត និង​ប្រាក់​នោះ​នៅ​នឹង​គាត់។ ពុក​បាន​ផ្ញើ​ប្រាក់​នោះ​ម្ភៃ​ឆ្នាំ​មក​ហើយ! ឥឡូវ​នេះ ចូរ​កូន​រក​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ម្នាក់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​កូន។ យើង​នឹង​ជូន​ប្រាក់​ឈ្នួល​ឲ្យ​គេ នៅ​ពេល​កូន​វិល​ត្រឡប់​មក​វិញ។ ចូរ​កូន​ទៅ​យក​ប្រាក់​នេះ​ពី​ផ្ទះ​លោក​កាបា‌អែល​មក!»។
 លោក​តូប៊ី‌យ៉ា ចេញ​ទៅ​រក​មនុស្ស​ម្នាក់ ដែល​ស្គាល់​ផ្លូវ​ច្បាស់ អាច​រួម​ដំណើរ​ជា​មួយ​គាត់​ទៅ​ស្រុក​ម៉ែដ។ ពេល​ចេញ​មក​ក្រៅ​ផ្ទះ គាត់​ជួប​ទេវទូត​រ៉ាផា‌អែល ដែល​ឈរ​នៅ​ពី​មុខ​គាត់ តែ​គាត់​មិន​ដឹង​ថា លោក​ជា​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​ទេ!។  គាត់​សួរ​ទេវទូត​ថា៖ «តើ​អ្នក​មក​ពី​ណា?» ទេវទូត​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​ម្នាក់ ជា​បង‌ប្អូន​របស់​ប្អូន ខ្ញុំ​មក​រក​ការ‌ងារ​ធ្វើ​នៅ​ទី​នេះ»។ លោក​តូប៊ី‌យ៉ា​សួរ​ថា៖ «តើ​បង​ស្គាល់​ផ្លូវ​ទៅ​កាន់​ស្រុក​ម៉ែដ​ឬ​ទេ?»  ទេវទូត​ឆ្លើយ​ថា៖ «បាទ! បង​ធ្លាប់​ទៅ​ទី​នោះ​ជា​ញឹក‌ញាប់ បង​ស្គាល់​ផ្លូវ​ច្បាស់​ណាស់! បង​ធ្លាប់​ទៅ​ស្រុក​ម៉ែដ​ជា​ច្រើន​ដង ហើយ​បង​ធ្លាប់​ស្នាក់​នៅ​ផ្ទះ​លោក​កាបា‌អែល ជា​សាច់​ញាតិ​របស់​យើង​ដែល​រស់​នៅ​ក្រុង​រ៉ា‌កែស ក្នុង​ស្រុក​នោះ​ដែរ។ ពី​ក្រុង​អែកបាតាន​ទៅ​ក្រុង​រ៉ា‌កែស ដើរ​ធម្មតា​ពីរ​ថ្ងៃ​ទើប​ដល់ ដ្បិត​ក្រុង​ទាំង​ពីរ​នោះ​នៅ​តាម​តំបន់​ភ្នំ។  លោក​តូប៊ី‌យ៉ា​ប្រាប់​គាត់​ថា៖ «សូម​បង​ចាំ​ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​ទៅ​ជម្រាប​ឪពុក​ខ្ញុំ​សិន ដ្បិត​ខ្ញុំ​ត្រូវ​ការ​បង​ធ្វើ​ដំណើរ​ជា​មួយ ហើយ​ខ្ញុំ​នឹង​ជូន​ប្រាក់​ឈ្នួល​ដល់​បង»  ទេវទូត​តប​ថា៖ «បាទ! បង​ចាំ​នៅ​ទី​នេះ ប៉ុន្តែ​សូម​កុំ​យូរ​ពេក»
 លោក​តូប៊ី‌យ៉ា​ចូល​ទៅ​ជម្រាប​លោក​តូប៊ីត ជា​ឪពុក​ថា៖ «កូន​រក​បាន​មនុស្ស​ម្នាក់​ហើយ គឺ​គាត់​ជា​ជន​ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​យើង»។ លោក​តូប៊ីត​ពោល​ថា៖ «ចូរ​ហៅ​គេ​មក ដើម្បី​ឲ្យ​ពុក​ស្គាល់​ថា តើ​គាត់​នៅ​ក្នុង​អំបូរ​ណា កុល‌សម្ព័ន្ធ​ណា តើ​ពុក​អាច​ទុក​ចិត្ត​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​កូន​បាន​ឬ​ទេ?» លោក​តូប៊ី‌យ៉ា​ចេញ​ទៅ​ហៅ​ទេវទូត​ថា៖ «បង​សម្លាញ់​អើយ! ឪពុក​ខ្ញុំ​មាន​ប្រសាសន៍!»។ ១០ ទេវ​ទូត​ចូល​ក្នុង​ផ្ទះ ហើយ​លោក​តូប៊ីត​ក៏​លើក​ដៃ​ជម្រាប​សួរ​គាត់​មុន។ ទេវទូត​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ សេចក្ដី​សុខ​សាន្ត​យ៉ាង​បរិបូណ៌!។ លោក​តូប៊ីត​តប​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​បាន​សេចក្ដី​សុខ​យ៉ាង​ដូច​ម្ដេច បើ​ភ្នែក​ខ្ញុំ​ខ្វាក់​ដូច្នេះ មើល​ពន្លឺ​ថ្ងៃ​ក៏​មិន​ឃើញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ដូច​មនុស្ស​ស្លាប់​ដែល​មិន​ឃើញ​អ្វី! ទោះ​បី​ខ្ញុំ​មាន​ជីវិត​ក្ដី ក៏​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទៅ​ហើយ​ដែរ។ ខ្ញុំ​ឮ​សំឡេង​គេ តែ​មើល​គេ​មិន​ឃើញ​សោះ!»។ ទេវទូត​តប​ថា៖ «ចូរ​ក្លា​ហាន​ឡើង! បន្តិច​ទៀត ព្រះ‌ជាម្ចាស់​នឹង​ប្រោស​លោក​ឲ្យ​ជា​មិន​ខាន! ចូរ​ក្លាហាន​ឡើង!»។ លោក​តូប៊ីត​ពោល​ថា៖ «តូប៊ី‌យ៉ា​កូន​ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ។ តើ​លោក​អាច​រួម​ដំណើរ​ជា​មួយ ព្រម​ទាំង​ណែនាំ​ផ្លូវ​កូន​ខ្ញុំ​បាន​ទេ? ខ្ញុំ​នឹង​ជូន​ប្រាក់​ឈ្នួល​ដល់​លោក»។ ទេវទូត​តប​ថា៖ «ខ្ញុំ​អាច​រួម​ដំណើរ​ទៅ​ជា​មួយ​បាន ខ្ញុំ​ស្គាល់​ផ្លូវ​ទាំង​អស់ ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ែដ​ជា​ញឹក‌ញាប់ ខ្ញុំ​ធ្លាប់​ដើរ​កាត់​វាល និង​ភ្នំ​ទាំង​ប៉ុន្មាន ខ្ញុំ​ស្គាល់​ផ្លូវ​ទាំង​អស់!»។ ១១ លោក​តូប៊ីត​សួរ​ថា៖ «តើ​លោក​ជា​កូន​ចៅ​អ្នក​ណា? ក្នុង​កុល‌សម្ព័ន្ធ​ណា? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង»។ ១២ ទេវទូត​តប​ថា៖ «តើ​លោក​ចង់​ដឹង​កុល‌សម្ព័ន្ធ​របស់​ខ្ញុំ​ធ្វើ​អ្វី?»។ លោក​តូប៊ីត​ពោល​ថា៖ «ខ្ញុំ​ចង់​ដឹង​ការ​ពិត លោក​ជា​កូន​ចៅ​អ្នក​ណា? ហើយ​មាន​ឈ្មោះ​អ្វី? ១៣ ទេវ​ទូត​ឆ្លើយ​តប​ថា៖ ខ្ញុំ​ឈ្មោះ​អសារី‌យ៉ា ជា​កូន​របស់​លោក​អណា‌នីយ៉ា​ដ៏​ប្រសើរ​ឧត្ដម ដែល​ជា​សាច់​ញាតិ​របស់​លោក»។ ១៤ លោក​តូប៊ីត​ពោល​ថា៖ «ល្អ​ណាស់​ប្អូន! សូម​កុំ​ខឹង ព្រោះ​ខ្ញុំ​ចង់​ដឹង​ការ​ពិត ពី​ញាតិ‌សន្តាន​របស់​លោក។ លោក​ច្បាស់​ជា​ជាប់​សាច់​ញាតិ​យើង ហើយ​កើត​ក្នុង​វង្ស​ត្រកូល​ដ៏​ប្រសើរ! ខ្ញុំ​ធ្លាប់​ស្គាល់​លោក​អណា‌នីយ៉ា និង​លោក​ណា‌ថាន ជា​កូន​ទាំង​ពីរ​របស់​លោក​សេមេ‌លីយ៉ា​ដ៏​ប្រសើរ​ឧត្ដម។ លោក​ទាំង​ពីរ​ធ្លាប់​ធ្វើ​ដំណើរ ទៅ​ថ្វាយ​បង្គំ​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ខ្ញុំ។ លោក​ទាំង​ពីរ​មិន​វង្វេង​ជំនឿ​ដូច​គេ​ទេ! ញាតិ‌សន្តាន​របស់​លោក​ជា​មនុស្ស​ល្អ​ត្រឹម​ត្រូវ លោក​ជា​មនុស្ស​មាន​ពូជ‌ពង្ស​ល្អ។ សូម​ឲ្យ​លោក​បាន​សេចក្ដី​សុខ‌សាន្ត!»។ ១៥ លោក​ពោល​តទៅ​ទៀត​ថា៖ «ខ្ញុំ​ជូន​ប្រាក់​ឈ្នួល​ដ៏​សម​រម្យ​ដល់​លោក គឺ​មួយ​ថ្ងៃ​មួយ​ដួង។ ខ្ញុំ​នឹង​ផ្ដល់​ស្បៀង​អាហារ​ជូន​លោក ដូច​ខ្ញុំ​ឲ្យ​កូន​របស់​ខ្ញុំ​ដែរ។ ១៦ ចូរ​នាំ​ផ្លូវ​កូន​ខ្ញុំ ឲ្យ​បាន​ល្អ​ផង ខ្ញុំ​នឹង​ជូន​រង្វាន់​បន្ថែម​ទៀត​ពី​លើ​ប្រាក់​ឈ្នួល!»។ ១៧ ទេវទូត​ពោល​ថា៖ «បាទ! ខ្ញុំ​នឹង​រួម​ដំណើរ​ជា​មួយ​កូន​របស់​លោក! សូម​កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ត្រឡប់​មក​ជួប​លោក​វិញ​ដោយ​សេចក្ដី​សុខ‌សាន្ត ដូច​ពេល​យើង​ចេញ​ដំណើរ​ទៅ​ដែរ ដ្បិត​តាម​ផ្លូវ​មាន​សន្តិ‌សុខ​ល្អ​ទេ។ លោក​តូប៊ីត​មាន​ប្រសាសន៍​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រទាន‌ពរ​ដល់​លោក!» រួច​លោក​ហៅ​កូន​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​អ្វី​ដែល​កូន​ត្រូវ​ការ​សម្រាប់​ធ្វើ​ដំណើរ រួច​ចេញ​ទៅ​ជា​មួយ​បង​ប្រុស​ឯង​ចុះ! សូម​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ស្ថាន‌បរម​សុខ តាម​ថែ​រក្សា​អ្នក​ទាំង​ពីរ​នៅ​ស្រុក​នោះ ព្រម​ទាំង​នាំ​អ្នក​ទាំង​ពីរ​មក​រក​ខ្ញុំ​វិញ ដោយ​សុវត្ថិ‌ភាព! សូម​ឲ្យ​ទេវទូត​របស់​ព្រះ‌អង្គ រួម​ដំណើរ​ជា​មួយ និង​តាម​ថែ​រក្សា​អ្នក​ទាំង​ពីរ​ផង»។ លោក​តូប៊ី‌យ៉ា​រៀបចំ​ខ្លួន​ចេញ​ដំណើរ រួច​ឱប​ថើប​ឪពុក‌ម្ដាយ។ លោក​តូប៊ីត​ប្រាប់​កូន​ថា៖ ចូរ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិ‌ភាព! ១៨ ម្ដាយ​របស់​តូប៊ី‌យ៉ា​យំ ហើយ​ពោល​ទៅ​លោក​តូប៊ីត​ថា៖ «ហេតុ​អ្វី​ក៏​លោក​ឲ្យ​កូន​ខ្ញុំ​ចេញ​ទៅ​ដូច្នេះ! មាន​តែ​វា​ទេ​ដែល​ជួយ​ផ្គត់‌ផ្គង់ និង​គាំ​ទ្រ​យើង! ១៩ លោក​គិត​តែ​ពី​ប្រាក់ សូម​ចោល​ប្រាក់​នេះ​ទៅ! ទុក​ជីវិត​កូន​យើង​ប្រសើរ​ជាង! ២០ យើង​ស្កប់​ចិត្ត​នឹង​ជីវភាព ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ»។ ២១ ប៉ុន្តែ​លោក​តូប៊ីត ប្រាប់​ភរិយា​របស់​គាត់​ថា៖ «កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ! កូន​យើង​នឹង​ត្រឡប់​មក​ជួប​យើង​វិញ ដោយ​សេចក្ដី​សុខ‌សាន្ត​ដូច​នៅ​ពេល​នេះ​ដែរ! ម៉ែ​វា​នឹង​ឃើញ​កូន​ដោយ​ផ្ទាល់​ភ្នែក នៅ​ថ្ងៃ​គេ​ត្រឡប់​មក​វិញ​ជា​មិន​ខាន! ២២ កុំ​បារម្ភ​អ្វី​ឡើយ! ចូរ​ឈប់​ខ្លាច​កើត​មាន​អ្វី ដល់​អ្នក​ទាំង​ពីរ​ទៀត​ទៅ! ទេវទូត​ដ៏​ល្អ​មួយ​អង្គ មុខ​ជា​រួម​ដំណើរ​ជា​មួយ​គេ ហើយ​កិច្ច‌ការ​ទាំង​អស់​នឹង​សម្រេច​ដូច​បំណង ហើយ​គេ​នឹង​ត្រឡប់​មក​ជួប​យើង​វិញ​ដោយ​សុខ‌សាន្ត»។ ២៣ ពេល​នោះ អ្នក​ស្រី​ហាណ្ណា​ក៏​ឈប់​យំ។
លោក​តូប៊ី‌យ៉ា​ចាប់​ត្រី​មួយ
 យុវជន​តូប៊ី‌យ៉ា​ចេញ​ដំណើរ ដោយ​មាន​ទេវទូត​ទៅ​ជា​មួយ ហើយ​ឆ្កែ​គាត់​ក៏​ទៅ​ជា​មួយ​ដែរ។ នៅ​យប់​ទី​មួយ អ្នក​ទាំង​ពីរ​សម្រាក​នៅ​មាត់​ទន្លេ​ទីគ្រ។  ចំណែក​តូប៊ី‌យ៉ា ចុះ​ទៅ​លាង​ជើង​ក្នុង​ទន្លេ ស្រាប់​តែ​មាន​ត្រី​មួយ​យ៉ាង​ធំ​លោត​ចេញ​ពី​ទឹក​មក ដូច​ជា​ចង់​ត្របាក់​លេប​ជើង​គាត់។ យុវជន​ស្រែក។  ទេវទូត​ប្រាប់​គាត់​ថា៖ «ចូរ​ចាប់​វា! ចូរ​ចាប់​វា​ឲ្យ​ជាប់!»។ តូប៊ី‌យ៉ា​ចាប់​ត្រី​នោះ​ជាប់ ហើយ​អូស​វា​ឡើង​មក​លើ​គោក។  ទេវទូត​ប្រាប់​ថា៖ «ចូរ​វះ​ត្រី​យក​ប្រមាត់ បេះ​ដូង និង​ថ្លើម​ទុក​ដោយ​ឡែក រួច​យក​ពោះ​វៀន​វា​ចោល។ ប្រមាត់ បេះ​ដូង និង​ថ្លើម​វា អាច​យក​ធ្វើ​ជា​ថ្នាំ​ដ៏​ពូកែ​ស័ក្ដិ‌សិទ្ធិ។  យុវជន វះ​ត្រី​យក​ប្រមាត់ បេះ​ដូង និង​ថ្លើម រួច​យក​សាច់​ខ្លះ​មក​អាំង​បរិភោគ ហើយ​ប្រឡាក់​អំបិល​ទុក​ខ្លះ។
 អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ជា​មួយ​គ្នា ទៅ​ទៀត រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​ម៉ែដ។  ពេល​នោះ យុវជន​សួរ​ទៅ​ទេវទូត​ថា៖ «បង​អាសា‌រីយ៉ា! តើ​ក្នុង​បេះ​ដូង ក្នុង​ថ្លើម និង​ក្នុង​ប្រមាត់​ត្រី មាន​ថ្នាំ​អ្វី​ខ្លះ?»  ទេវទូត​ឆ្លើយ​ថា៖ «កាល​ណា​មាន​បុរស​ឬ​ស្រ្តី​ណា​ម្នាក់ ត្រូវ​អារក្ខ​ឬ​ខ្មោច​ចូល ត្រូវ​យក​បេះ​ដូង និង​ថ្លើម​ទៅ​ដុត​នៅ​ចំពោះ​មុខ​អ្នក​នោះ។ ផ្សែង​ដែល​ហុយ​ឡើង​អាច​បណ្ដេញ​អារក្ខ ឬ​ខ្មោច​ឲ្យ​ចេញ​ពី​រូប​អ្នក​នោះ​រហូត។  រីឯ​ប្រមាត់ គេ​យក​ទៅ​លាប​ភ្នែក​អ្នក​ខ្វាក់ រួច​គេ​ផ្លុំ ហើយ​បក​ស្បែក​ស​ដែល​ជាប់​នឹង​ភ្នែក​ចេញ អ្នក​ខ្វាក់​នឹង​ភ្លឺ​វិញ!»។
គម្រោង‌ការ​រៀប​អាពាហ៍‌ពិពាហ៍
១០ អ្នក​ទាំង​ពីរ​មក​ដល់​ស្រុក​ម៉ែដ ហើយ​មក​ជិត​ដល់​ក្រុង​អែកបាតាន។ ១១ កាល​នោះ ទេវទូត​រ៉ាផា‌អែល​ពោល​ទៅ​កាន់​យុវជន​តូប៊ី‌យ៉ា​ថា៖ «ប្អូន​តូប៊ី‌យ៉ា​អើយ!» លោក​តូប៊ី‌យ៉ា​តប​ថា៖ «មាន​ការ​អ្វី​បង?»។ ទេវទូត​មាន​ប្រសាសន៍​ថា៖ «យប់​នេះ​យើង​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក​រ៉ាគូ‌អែល។ លោក​ជា​ញាតិ‌សន្តាន​របស់​ប្អូន។ គាត់​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​សារ៉ា។ ១២ ក្រៅ​ពី​កូន​ស្រី​នេះ គាត់​គ្មាន​កូន​ឯណា​ទៀត​ទេ។ ប្អូន​ជា​សាច់​ញាតិ​ជិត​ជាង​គេ​ក្នុង​ចំណោម​សាច់​ញាតិ​ទាំង​ប៉ុន្មាន​របស់​នាង ប្អូន​មាន​សិទ្ធិ​ដណ្ដឹង​នាង​ជា​ភរិយា​មុន​គេ។ ប្អូន​ក៏​មាន​សិទ្ធិ​ទទួល​ទ្រព្យ‌សម្បត្តិ​របស់​ឪពុក​នាង​ទុក​ជា​មត៌ក​ដែរ។ នាង​នេះ​មាន​ប្រាជ្ញា​វាង​វៃ មាន​ចិត្ត​ក្លាហាន មាន​រូប​ឆោម​ល្អ​ស្អាត ហើយ​ឪពុក​នាង​ក៏​ជា​មនុស្ស​ល្អ​ដែរ។ ១៣ ប្អូន​មាន​សិទ្ធិ​រៀប​អាពាហ៍‌ពិពាហ៍ ជា​មួយ​នាង។ ចូរ​ស្ដាប់​បង​សិន! ល្ងាច​នេះ​បង​នឹង​ទៅ​ស្ដី​ដណ្ដឹង​នាង ដើម្បី​ប្អូន​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​នាង។ ពេល​យើង​ត្រឡប់​ពី​ក្រុង​រ៉ាកែស​វិញ ប្អូន​នឹង​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង។ បង​ដឹង​ច្បាស់​ថា លោក​រ៉ាគូ​អែល​ពុំ​អាច​បដិ‌សេធ​ប្អូន ឬ​លើក​នាង​ឲ្យ​អ្នក​ផ្សេង​ទៀត​ឡើយ។ តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ប្រសិន​បើ​គាត់​លើក​នាង​ឲ្យ​អ្នក​ផ្សេង គាត់​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ព្រោះ​គាត់​ដឹង​ច្បាស់​ថា ប្អូន​មាន​សិទ្ធិ​ទទួល​នាង​ធ្វើ​ជា​ភរិយា​មុន​អ្នក​ដទៃ។ ហេតុ​នេះ ចូរ​ស្ដាប់​បង​សិន! ល្ងាច​នេះ លោក​រ៉ាគូ‌អែល និង​បង​ពិភាក្សា​ជា​មួយ​គ្នា​អំពី​នាង ហើយ​បង​ស្តី​ដណ្ដឹង​នាង​ឲ្យ​ប្អូន។ ពេល​យើង​ធ្វើ​ដំណើរ​ត្រឡប់​ពី​ក្រុង​រ៉ាកែស​វិញ យើង​នាំ​នាង​ទៅ​នៅ​ផ្ទះ​របស់​ប្អូន»។
១៤ លោក​តូប៊ី‌យ៉ា​តប​ទៅ​ទេវទូត​រ៉ាផា‌អែល​ថា៖ បង​អសា‌រីយ៉ា! ប្អូន​ឮ​គេ​និយាយ​ថា៖ គេ​លើក​នាង​ឲ្យ​រៀប​អាពាហ៍‌ពិពាហ៍ ចំនួន​ប្រាំពីរ​ដង​រួច​មក​ហើយ! ប៉ុន្តែ ប្ដី​របស់​នាង​ទាំង​ប្រាំពីរ​នាក់ បាន​បាត់​បង់​ជីវិត​ក្នុង​បន្ទប់​រៀប​ការ នៅ​ពេល​ដែល​បុរស​ទាំង​នោះ​ចូល​ទៅ​ជិត​នាង។ ខ្ញុំ​ឮ​គេ​និយាយ​ថា មាន​អារក្ខ​មួយ​សម្លាប់​ពួក​គេ។ ១៥ ដូច្នេះ​នៅ​ពេល​នេះ ខ្ញុំ​ខ្លាច​ណាស់! អារក្ខ​មិន​ធ្វើ​បាប​នាង​ទេ តែ​ពេល​មាន​បុរស​ម្នាក់​ចង់​ទៅ​ជិត​នាង អារក្ខ​នោះ​សម្លាប់​មនុស្ស​នោះ​ភ្លាម។ ឪពុក​ខ្ញុំ​មាន​កូន​តែ​មួយ​គត់ គឺ​រូប​ខ្ញុំ​នេះ។ ប្រសិន​បើ​ខ្ញុំ​ស្លាប់ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ឪពុក‌ម្ដាយ​ខ្ញុំ​ស្លាប់​យ៉ាង​វេទនា​ដែរ។ គាត់​គ្មាន​កូន​ណា​ទៀត​នឹង​បញ្ចុះ​សព​គាត់​ឡើយ»។ ១៦ ទេវទូត​ផារ៉ា‌អែល​ប្រាប់​ថា៖ «កុំ​ភ្លេច​ពាក្យ​បណ្ដាំ​ឪពុក​ប្អូន! គឺ​លោក​បាន​ផ្ដាំ​ឲ្យ​ប្អូន​យក​ភរិយា​ក្នុង​ញាតិ‌សន្តាន​របស់​គាត់! ឥឡូវ​នេះ ចូរ​ស្ដាប់​បង! កុំ​បារម្ភ​នឹង​អារក្ខ​នោះ​ឲ្យ​សោះ ហើយ​រៀបការ​ជា​មួយ​នាង​ទៅ! បង​ដឹង​ថា ល្ងាច​នេះ ឪពុក​នាង នឹង​លើក​នាង​ឲ្យ​ប្អូន។ ១៧ ប៉ុន្តែ ពេល​រៀប​ការ​រួច ពេល​ប្អូន​ចូល​បន្ទប់​នាង ចូរ​យក​ថ្លើម​មួយ​ដុំ និង​បេះដូង​ត្រី​នោះ ទៅ​ដាក់​លើ​រងើក‌ភ្លើង​ក្នុង​ចាន​ដុត​គ្រឿង​ក្រអូប។ ក្លិន​នោះ​នឹង​សាយ​ភាយ​ចេញ​ទៅ នោះ​អារក្ខ​នឹង​ធំ​ក្លិន ហើយ​វា​នឹង​រត់​គេច​ទៅ​ជា​រៀង​រហូត។ អារក្ខ​មិន​មក​រំខាន​នាង​ទៀត​ឡើយ! ១៨ មុន​ពេល​រួម​បវេណី អ្នក​ទាំង​ពីរ​ត្រូវ​ក្រោក​ឡើង​សិន រួច​អធិដ្ឋាន​អង្វរ​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌បរម​សុខ សូម​ព្រះ‌អង្គ​ព្រះ‌មេត្តា​អាណិត​សង្គ្រោះ​អ្នក​ទាំង​ពីរ។ ចូរ​កុំ​ខ្លាច​អ្វី ដ្បិត​ព្រះ‌ជាម្ចាស់ តម្រូវ​នាង​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​ប្អូន​តាំង​ពី​ដើម​រៀង​មក ហើយ​ប្អូន​នឹង​សង្គ្រោះ​នាង។ នាង​នឹង​តាម​ប្អូន ហើយ​ខ្ញុំ​ហ៊ាន​ធានា​អះ​អាង​ថា ប្អូន​នឹង​មាន​កូន​ជា​មួយ​នាង ហើយ​ប្អូន​នឹង​ស្រឡាញ់​កូន​ទាំង​នោះ​យ៉ាង​ខ្លាំង! ចូរ​កុំ​ព្រួយ​បារម្ភ​ឡើយ!»។ ១៩​ ក្រោយ​ពី​បាន​ឮ ទេវទូត​រ៉ាផា‌អែល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ និង​ដឹង​ថា​នាង​សារ៉ា​ជា​ជន​រួម​ជាតិ និង​ជា​ញាតិ‌សន្តាន​របស់​ឪពុក លោក​តូប៊ី‌យ៉ា ក៏​ចាប់​ចិត្ត​ស្រឡាញ់​នាង​យ៉ាង​ខ្លាំង។
លោក​តូប៊ី‌យ៉ា​រៀប​អាពាហ៍‌ពិពាហ៍
 ពេល​លោក​តូប៊ី‌យ៉ា ចូល​ក្រុង​អែកបាតាន គាត់​មាន​ប្រសាសន៍​ថា៖ «បង​អសារី‌យ៉ា! សូម​នាំ​ប្អូន​ទៅ​ផ្ទះ​លោក​រ៉ាគូ‌អែល ជា​សាច់​ញាតិ​របស់​យើង​ភ្លាម​ទៅ!»។ ទេវទូត​នាំ​គាត់​ទៅ​ផ្ទះ​លោក​រ៉ាគូ‌អែល ឃើញ​លោក​អង្គុយ​នៅ​មាត់​ទ្វារ​ទី​ធ្លា ហើយ​ក៏​នាំ​គ្នា​ជម្រាប​សួរ​លោក។ លោក​ជម្រាប​សួរ​អ្នក​ទាំង​ពីរ​វិញ៖ «ជម្រាប​សួរ​ក្មួយ!»។ លោក​ក៏​នាំ​អ្នក​ទាំង​ពីរ​ចូល​ក្នុង​ផ្ទះ។  គាត់​ប្រាប់​អ្នក​ស្រី​អេដ‌ណា​ជា​ភរិយា​ថា៖ «យុវជន​នេះ មុខ​ដូច​តូប៊ីត​បេះ​បិទ!»។  អ្នក​ស្រី​អេដ‌ណា​សួរ​អ្នក​ទាំង​ពីរ​ថា៖ «តើ​ប្អូន​ទាំង​ពីរ​មក​ពី​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​ជា​កុល‌សម្ព័ន្ធ​ណែប‌ថាលី ដែល​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ក្រុង​នីនីវេ»។  នាង​សួរ​ពួក​គេ​ថា «តើ​ប្អូន​ទាំង​ពីរ​មាន​ស្គាល់​លោក​បង​តូប៊ីត​ឬ​ទេ?»។ ពួក​គេ​តប​ថា៖ «បាទ​អ្នក​ស្រី! យើង​ស្គាល់»  នាង​សួរ​ថា៖ «តើ​គាត់​សុខ​សប្បាយ​ឬ​ទេ?»។ ពួក​គេ​ឆ្លើយ​ថា៖ «បាទ​អ្នក​ស្រី! គាត់​សុខ​សប្បាយ​ជា​ទេ! គាត់​នៅ​មាន​ជីវិត​នៅ​ឡើយ!»។ រួច​លោក​តូប៊ី‌យ៉ា​ពោល​ឡើង​ថា៖ «លោក​ឪពុក​របស់​ខ្ញុំ​ទេ​តើ!»  លោក​រ៉ាគូ‌អែល​ក្រោក​ឈរ​ឡើង ស្ទុះ​ទៅ​ឱប‌ថើប​តូប៊ី‌យ៉ា ហើយ​សម្រក់​ទឹក​ភ្នែក។ បន្ទាប់​មក លោក​ពោល​ថា៖ សូម​ព្រះ‌ជាម្ចាស់​ប្រទាន‌ពរ​ដល់​កូន! កូន​មាន​ឪពុក​ដ៏​ល្អ​ប្រសើរ! គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​សុចរិត​ដូច​គាត់ ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​យ៉ាង​ច្រើន បែរ​ជា​ក្លាយ​ខ្លួន​ជា​មនុស្ស​ខ្វាក់​ដូច្នេះ ហើយ​គាត់​ឱប​តូប៊ី‌យ៉ា រួច​យំ។  នាង​អេដ‌ណា​ជា​ភរិយា​ក៏​យំ​អាណិត​លោក​តូប៊ីត រីឯ​នាង​សារ៉ា​ជា​កូន​របស់​លោក​ក៏​យំ​ដែរ។  ក្រោយ​មក លោក​រ៉ាគូ‌អែល​សម្លាប់​ចៀម​ឈ្មោល​មួយ ដើម្បី​ធ្វើ​ម្ហូប​ទទួល​អ្នក​ទាំង​ពីរ​យ៉ាង​រាក់​ទាក់។  កាល​អ្នក​ទាំង​ពីរ​ងូត​ទឹក និង​ធ្វើ​ពិធី​ជម្រះ​កាយ​រួច ពួក​គេ​អង្គុយ​រួម​តុ​ជា​មួយ​គ្នា។ លោក​តូប៊ី‌យ៉ា​ប្រាប់​ទេវទូត​រ៉ាផា‌អែល​ថា៖ «បង​អសារី‌យ៉ា! សូម​ស្ដី​ដណ្ដឹង​នាង​សារ៉ា​ជា​សាច់​ញាតិ​ខ្ញុំ ពី​លោក​រ៉ាគូ‌អែល​មក!»។ ១០ លោក​រ៉ាគូ‌អែល​ឮ​ពាក្យ​នេះ ហើយ​ប្រាប់​យុវជន​តូប៊ី‌យ៉ា​ថា៖ «អញ្ជើញ​ពិសា​សាច់ និង​ស្រា! ចូរ​សប្បាយ​ក្នុង​រាត្រី​នេះ ព្រោះ​មាន​តែ​ក្មួយ​ឯង​ទេ ដែល​អាច​រៀប​ការ​ជាមួយ​សារ៉ា​កូន​ស្រី​អ៊ំ​បាន! ក្រៅ​ពី​ក្មួយ គ្មាន​នរណា មាន​សិទ្ធិ​ដណ្ដឹង​នាង​បាន​ឡើយ! សូម្បី​តែ​អ៊ំ ក៏​អ៊ំ​គ្មាន​សិទ្ធិ​លើក​នាង​ឲ្យ​នរណា​ផ្សេង ក្រៅ​ពី​ក្មួយ​ដែរ ព្រោះ​ក្មួយ​ជា​សាច់​ញាតិ​ជិត​ជាង​គេ។ ប៉ុន្តែ អ៊ំ​ត្រូវ​តែ​ប្រាប់​ពី​សេចក្ដី​ពិត​សព្វ​គ្រប់​ឲ្យ​ក្មួយ​បាន​ដឹង។ ១១ អ៊ំ​បាន​លើក​កូន​ស្រី​អ៊ំ​ឲ្យ​ទៅ​ជន​ជាតិ​អ៊ីស្រា‌អែល​ចំនួន​ប្រាំពីរ​នាក់​រួច​ទៅ​ហើយ ប៉ុន្តែ បុរស​ទាំង​នោះ​បាត់​បង់​ជីវិត នៅ​ពេល​យប់​ដែល​គេ​បម្រុង​នឹង​រួម​បវេណី​ជា​មួយ​នាង។ ឥឡូវ​នេះ ចូរ​ក្មួយ​បរិភោគ​សាច់ និង​ស្រា​ទាំង​នេះ​ទៅ! ព្រះ‌អម្ចាស់​មុខ​ជា​ជួយ​កូន​ទាំង​ពីរ​មិន​ខាន»។ ១២ លោក​តូប៊ី‌យ៉ា​តប​ថា៖ «ក្មួយ​មិន​ព្រម​ទទួល​ទាន​សាច់ និង​ស្រា​នៅ​ទី​នេះ មុន​ពេល​លោក​អ៊ំ​សម្រេច​រឿង​នេះ​ឡើយ!»។ លោក​រ៉ាគូ‌អែល​មាន​ប្រសាសន៍​ថា៖ «យល់​ព្រម! អ៊ំ​នឹង សម្រេច។ នាង​ជា​ភរិយា​របស់​ក្មួយ ស្រប​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះ‌ជាម្ចាស់​បាន​សម្រេច​លើក​នាង​ឲ្យ​ក្មួយ។ ដូច្នេះ ចូរ​ក្មួយ​ទទួល​នាង​ធ្វើ​ជា​ភរិយា​ចុះ។ តាំង​ពី​ពេល​នេះ​តទៅ ក្មួយ​ជា​ស្វាមី​របស់​នាង ហើយ​នាង​ក៏​ជា​ភរិយា​របស់​ក្មួយ។ ព្រះ‌ជាម្ចាស់​ប្រទាន​នាង​ឲ្យ​ក្មួយ​ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន‌បរម​សុខ នឹង​ប្រោស​ឲ្យ​កូន​ទាំង​ពីរ​បាន​សុខ​ស្រួល ក្នុង​យប់​នេះ សូម​ព្រះ‌អង្គ​អាណិត‌មេត្តា និង​ប្រទាន​សេចក្ដី​សុខ​សាន្ត ដល់​កូន​ទាំង​ពីរ»។ ១៣ លោក​រ៉ាគូ‌អែល​ហៅ​នាង​សារ៉ា ជា​កូន​មក។ កាល​នាង​មក​ដល់ លោក​រ៉ាគូ‌អែល​ចាប់​ដៃ​កូន​ស្រី នាំ​ទៅ​រក​លោក​តូប៊ី‌យ៉ា ទាំង​ពោល​ថា៖ «ចូរ​ក្មួយ​ទទួល​នាង​ធ្វើ​ជា​ភរិយា ដើម្បី​ឲ្យ​ស្រប​តាម​ធម្ម‌វិន័យ និង​ស្រប​តាម​សេចក្ដី​សម្រេច ដែល​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ចុះ។ ចូរ​ទទួល​នាង ហើយ​នាំ​យក​នាង​ទៅ​ផ្ទះ​ឪពុក​របស់​ក្មួយ​ឲ្យ​បាន​សេចក្ដី​សុខ​សាន្ត​ចុះ។ សូម​ព្រះ​នៃ​ស្ថាន‌បរម​សុខ ដឹក‌នាំ​កូន​ទាំង​ពីរ ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត»។ ១៤ បន្ទាប់​មក លោក​ហៅ​ម្ដាយ​របស់​នាង​សារ៉ា ហើយ​ឲ្យ​យក​ក្រដាស និង​ស្លាប​ប៉ាកា​មក​សរសេរ។ គាត់​ធ្វើ​លិខិត​ចុះ​កិច្ច‌សន្យា​អាពាហ៍‌ពិពាហ៍ ដើម្បី​បញ្ជាក់​ថា គាត់​ពិត​ជា​លើក​កូន​ស្រី​របស់​គាត់ ឈ្មោះ​នាង​សារ៉ា ឲ្យ​ធ្វើ​ជា​ភរិយា​របស់​លោក​តូប៊ី‌យ៉ា ស្រប​តាម​ក្រឹត្យ​ដែល​មាន​ចែង​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ ចាប់​ពី​ពេល​នេះ​តទៅ។ បន្ទាប់​មក ទើប​ពួក​គេ​ចាប់​ផ្ដើម​បរិភោគ​អាហារ និង​ស្រា។
យប់​ផ្សំ​ដំណេក
១៥ លោក​រ៉ាគូ‌អែល​ហៅ​នាង​អេដ‌ណា​ជា​ភរិយា​មក ហើយ​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​បន្ទប់​មួយ​ទៀត ហើយ​នាំ​សារ៉ា​កូន​របស់​យើង ចូល​ក្នុង​បន្ទប់​នោះ​ទៅ!»។ ១៦ នាង​អេដ‌ណា​ទៅ​រៀប​ចំ​គ្រែ​ក្នុង​បន្ទប់ តាម​បង្គាប់​របស់​ប្ដី។ គាត់​នាំ​កូន​ស្រី​ទៅ ហើយ​យំ​អាណិត​នាង រួច​គាត់​ជូត​ទឹក​ភ្នែក ពោល​ទៅ​កូន​ស្រី​ថា៖ ១៧ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង​ណា​កូន! សូម​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌បរម​សុខ ប្រែ​ទុក្ខ​ព្រួយ​របស់​កូន​ទៅ​ជា​អំណរ​សប្បាយ! ចូរ​ក្លាហាន​ឡើង​ណា​កូន​ស្រី​អើយ!»។ បន្ទាប់​មក គាត់​ក៏​ដើរ​ចេញ​ទៅ។
 ពេល​បរិភោគ​អាហារ និង​ស្រា​រួច​ហើយ គេ​ក៏​ចង់​ទៅ​សម្រាក។ គេ​នាំ​យុវជន​តូប៊ី‌យ៉ា​ចូល​ក្នុង​បន្ទប់។  ពេល​នោះ​លោក​តូប៊ី‌យ៉ា​នឹក​ឃើញ​ដល់​ពាក្យ​របស់​ទេវទូត​រ៉ាផា‌អែល គាត់​ក៏​យក​ថ្លើម និង​បេះ​ដូង​ត្រី ចេញ​ពី​ថង់​មក​ដាក់​លើ​រងើក​ភ្លើង ក្នុង​ចាន​សម្រាប់​ដុត​គ្រឿង​ក្រអូប។  ក្លិន​ត្រី​ឃាត់​អារក្ខ​មិន​ឲ្យ​ចូល ហើយ​វា​ក៏​រត់​ចេញ​តាម​អាកាស​វេហាស៍ រហូត​ដល់​ស្រុក​អេស៊ីប។ ទេវទូត​រ៉ាផា‌អែល​ដេញ​តាម​ទៅ​ដល់​ស្រុក​នោះ​ដែរ បង្ក្រាប​វា ហើយ​ចាប់​ចង​វា​ភ្លាម។  បន្ទាប់​មក គេ​ទុក​លោក​តូប៊ី‌យ៉ា​នៅ​ក្នុង​បន្ទប់ គេ​ក៏​នាំ​គ្នា​ចេញ ហើយ​បិទ​ទ្វារ។ លោក​តូប៊ី‌យ៉ា​ចុះ​ពី​គ្រែ ហើយ​ពោល​ទៅ​កាន់​នាង​សារ៉ា​ថា៖ «ចូរ​ក្រោក​ឡើង​អូន​អើយ! យើង​នាំ​គ្នា​អធិដ្ឋាន ទូល​អង្វរ​ព្រះ‌អម្ចាស់​នៃ​យើង សូម​ព្រះ‌អង្គ​អាណិត​មេត្តា និង​សង្គ្រោះ​យើង​ផង!»។  នាង​ក្រោក​ឡើង ហើយ​អ្នក​ទាំង​ពីរ​នាំ​គ្នា​អធិដ្ឋាន​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ។ លោក​តូប៊ី‌យ៉ា​ទូល​អង្វរ​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ! យើង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អង្គ! សូម​ឲ្យ​មនុស្ស​គ្រប់​ជំនាន់ ក្រោយៗ​ទៀត នាំ​គ្នា​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ជា​ដរាប​ត​រៀង​ទៅ។ សូម​ឲ្យ​ផ្ទៃ​មេឃ និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន​ដី​នេះ នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ!  ព្រះ‌អង្គ​បាន​បង្កើត​លោក​អដាំ ហើយ​ព្រះ‌អង្គ​ក៏​បាន​បង្កើត​នាង​អេវ៉ា​ជា​ភរិយា​ឲ្យ​ជួយ និង​បាន​ជា​គ្នា គឺ​អ្នក​ទាំង​ពីរ​នេះ​ហើយ ដែល​ផ្ដល់​កំណើត​ឲ្យ​មនុស្ស​ជាតិ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ស្រួល​ទេ! យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា។  បពិត្រ​ព្រះ‌អម្ចាស់ ឥឡូវ​នេះ ខ្ញុំ​រៀប​ការ​ជា​មួយ​នាង​មិន‌មែន​មាន​បំណង​បំពេញ​តណ្ហា​ទេ គឺ​ដើម្បី​ឲ្យ​ស្រប​តាម​ធម្ម‌វិន័យ! ហេតុ​នេះ សូម​ព្រះ‌អង្គ​ព្រះ‌មេត្តា​អាណិត‌អាសូរ​ដល់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់! សូម​ឲ្យ​យើង​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ បាន​រស់​នៅ​ជា​មួយ​គ្នា រហូត​ដល់​ចាស់​ជរា​រៀងៗ​ខ្លួន​ផង!»។  បន្ទាប់​មក អ្នក​ទាំង​ពីរ​ឆ្លើយ​ព្រម​គ្នា​ថា៖ «អាម៉ែន! អាម៉ែន!»  ហើយ​ក៏​រួម​ដំណេក​ជា​មួយ​គ្នា នៅ​យប់​នោះ​ទៅ។ ១០ រីឯ លោក​រ៉ាគូ‌អែល​ក្រោក​ឡើង ហើយ​ប្រមូល​អ្នក​បម្រើ​របស់​គាត់ ដើម្បី​ទៅ​ជីក​រណ្ដៅ ដ្បិត​លោក​រ៉ាគូ‌អែល​នឹក​ថា៖ «ប្រសិន​បើ​ក្មួយ​របស់​យើង​ស្លាប់ គេ​មុខ​ជា​សើច​ចំអក និង​ជេរ​ប្រមាថ​យើង​មិន​ខាន!»។ ១១ កាល​ពួក​អ្នក​បម្រើ​ជីក​រណ្ដៅ​រួច លោក​រ៉ាគូ‌អែល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ហៅ​ភរិយា ១២ មក​ប្រាប់​ថា៖ «ចូរ​ចាត់​អ្នក​បម្រើ​ស្រី​ម្នាក់​ទៅ​បន្ទប់​នេះ​មើល តើ​តូប៊ី‌យ៉ា​នៅ​មាន​ជីវិត ឬ​យ៉ាង​ណា? ប្រសិន​បើ​តូប៊ី‌យ៉ា​ស្លាប់​មែន យើង​អាច​យក​សព​របស់​គេ​ទៅ​កប់​ទាំង​យប់ កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឡើយ»។ ១៣ លោក​ទាំង​ពីរ​ហៅ​ស្រី​បម្រើ​ម្នាក់​មក​អុជ​ចង្កៀង ហើយ​បើក​ទ្វារ​បន្ទប់។ ស្រី​នោះ​ចូល​ទៅ ឃើញ​អ្នក​ទាំង​ពីរ​កំពុង​តែ​ដេក​លង់‌លក់​ជា​មួយ​គ្នា។ ១៤ នាង​ចេញ​ទៅ​ជម្រាប​ថា៖ «គាត់​នៅ​មាន​ជីវិត! អ្វីៗ​ទាំង​អស់​ក៏​ស្រួល​បួល​ដែរ!»។ ១៥ ពេល​នោះ គេ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន‌បរម​សុខ​ដោយ​ពោល​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់! សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ទាំង​អស់ លើក​តម្កើង​ព្រះ‌អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ១៦ សូម​លើក​តម្កើង​ព្រះ‌អង្គ ដែល​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ពោរ​ពេញ​ដោយ​អំណរ​បរិបូណ៌! ដ្បិត​គ្មាន​រឿង​អ្វី​កើត​ឡើង​ដូច​ខ្ញុំ​នឹក​ស្មាន​នោះ​ឡើយ។ ប៉ុន្តែ ព្រះ‌អង្គ​បាន​ប្រោស​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះ‌អង្គ។ ១៧ សូម​លើក​តម្កើង​ព្រះ‌អង្គ ដែល​អាណិត​មេត្តា​ដល់​កូន​ទោល​ទាំង​ពីរ​នាក់​របស់​យើង​ខ្ញុំ​នេះ។ បពិត្រ​ព្រះ‌ជាម្ចាស់! សូម​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា សង្គ្រោះ​កូន​ទាំង​ពីរ​នាក់​នេះ! និង​សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​ដល់​គេ ឲ្យ​មាន​អំណរ​សប្បាយ​ផង» ១៨ លោក​រ៉ាគូ‌អែល បង្គាប់​ពួក​អ្នក​បម្រើ​ឲ្យ​លុប​រណ្ដៅ​មុន​ពេល​ថ្ងៃ​រះ។
ពិធី​ជប់​លៀង​ក្នុង​ពេល​រៀប​អាពាហ៍‌ពិពាហ៍
១៩ លោក​រ៉ាគូ‌អែល​ប្រាប់​ភរិយា ឲ្យ​រៀបចំ​អាហារ​យ៉ាង​បរិបូណ៌ រួច​គាត់​ដើរ​សំដៅ​ទៅ​ហ្វូង​សត្វ ហើយ​ចាប់​គោ​ពីរ​ក្បាល និង​ចៀម​ឈ្មោល​បួន​ក្បាល ឲ្យ​គេ​កាប់​យក​សាច់​ធ្វើ​ម្ហូប។ ពួក​គេ​រៀប​ចំ​ពិធី​មង្គល‌ការ។ ២០ លោក​រ៉ាគូ‌អែល​ហៅ​លោក​តូប៊ី‌យ៉ា ហើយ​ប្រកាស​ថា៖ «ក្នុង​អំឡុង​ពេល​ដប់​បួន​ថ្ងៃ​កូន​មិន​ត្រូវ​ចេញ​ពី​នេះ​ទេ! ត្រូវ​បរិភោគ​អាហារ និង​ស្រា​នៅ​ផ្ទះ​អ៊ំ ហើយ​ធ្វើ​ឲ្យ​កូន​ស្រី​អ៊ំ មាន​អំណរ​សប្បាយ​ឡើង​វិញ ព្រោះ​នាង​មាន​ទុក្ខ​ព្រួយ​នៅ​ឡើយ។ ២១ ចាប់​ពី​ពេល​នេះ​ទៅ​អ៊ំ​ចែក​ទ្រព្យ‌សម្បត្តិ​របស់​អ៊ំ ចំនួន​ពាក់​កណ្ដាល​ឲ្យ​កូន ហើយ​កូន​ត្រឡប់​ទៅ​ជួប​ឪពុក​របស់​កូន​វិញ ដោយ​សុខ‌សាន្ត​ចុះ! ពេល​អ៊ំ និង​អ៊ំ​ស្រី​ចែក​ស្ថាន​ទៅ ទ្រព្យ‌សម្បត្តិ​ចំនួន​ពាក់​កណ្ដាល​ទៀត ដែល​នៅ​ក្នុង​ផ្ទះ​នេះ នឹង​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​កូន​ទាំង​ពីរ​ដែរ។ កូន​អើយ! ចូរ​ក្លាហាន​ឡើង! អ៊ំ​ជា​ឪពុក​របស់​កូន ហើយ​នាង​អេដ‌ណា ក៏​ជា​ម្ដាយ​របស់​កូន​ដែរ។ តាំង​ពី​ពេល​នេះ​ទៅ យើង​ជាប់​ចិត្ត​នឹង​កូន​ទាំង​ពីរ​ជា​រៀង​រហូត! ចូរ​ក្លាហាន​ឡើង​កូន​អើយ!»។
លោក​តូប៊ី‌យ៉ា​ទទួល​ប្រាក់​ជា​បញ្ញើ
 ពេល​នោះ លោក​តូប៊ី‌យ៉ា​ហៅ​ទេវទូត​រ៉ាផា‌អែល​មក​ប្រាប់​ថា៖  «បង​អសារី‌យ៉ា! សូម​យក​អ្នក​បម្រើ​បួន​នាក់ និង​អូដ្ឋ​ពីរ​ក្បាល​ទៅ​ផ្ទះ​លោក​កាបា‌អែល នៅ​ក្រុង​រ៉ាកែស សូម​បង​យក​សំបុត្រ​ផ្ញើ​ប្រាក់​ជូន​គាត់ ហើយ​ទទួល​យក​ប្រាក់​នោះ​មក​វិញ រួច​ចូរ​នាំ​លោក​កាបា‌អែល​មក​ជា​មួយ​បង​ផង ដើម្បី​ចូល​រួម​ពិធី​មង្គល‌ការ។  បង​ដឹង​ស្រាប់​ហើយ​ថា ឪពុក​ខ្ញុំ​មុខ​ជា​ទន្ទឹង​មើល​ផ្លូវ​ខ្ញុំ​ត្រឡប់​ទៅ​វិញ។ ប្រសិន​បើ​ខ្ញុំ​យឺត​តែ​មួយ​ថ្ងៃ​នោះ ខ្ញុំ​មុខ​ជា​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​មិន​ខាន។  ម៉្យាង​ទៀត បង​ជ្រាប​ហើយ​ថា អ៊ំ​រ៉ាគូ‌អែល​បាន​ស្បថ‌ស្បែ មិន​ឲ្យ​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​គាត់​ឡើយ។ ហេតុ​នេះ​ខ្ញុំ​មិន​អាច​បំពាន​ពាក្យ​សម្បថ​របស់​គាត់​ទេ!»។  ទេវទូត​រ៉ាផា‌អែល​នាំ​អ្នក​បម្រើ​បួន​នាក់ និង​អូដ្ឋ​ពីរ​ក្បាល​ចេញ​ទៅ​ក្រុង​រ៉ាកែស នៅ​ស្រុក​ម៉ែដ ហើយ​ស្នាក់​នៅ​ផ្ទះ​លោក​កាបា‌អែល​មួយ​យប់។ គាត់​ប្រគល់​សំបុត្រ​ព្រម​ព្រៀង​ផ្ញើ​ប្រាក់ និង​ជម្រាប​លោក​អំពី​លោក​តូប៊ី‌យ៉ា ជា​កូន​លោក​តូប៊ីត ដែល​បាន​រៀប​ការ ហើយ​អញ្ជើញ​លោក ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល‌ការ​នោះ​ផង។ លោក​កាបា‌អែល​រាប់​ថង់ ដែល​មាន​បិទ​ត្រា​ហើយ​យក​ថង់​ប្រាក់​ទាំង​នោះ​ដាក់​លើ​ខ្នង​អូដ្ឋ។  រួច​គេ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​តាំង​ពី​ព្រលឹម ដើម្បី​ចូល​រួម​ក្នុង​ពិធី​អាពាហ៍‌ពិពាហ៍។ ពួក​គេ​ចូល​ទៅ​ដល់​ផ្ទះ​លោក​រ៉ាគូ‌អែល ហើយ​ជួប​លោក​តូប៊ី‌យ៉ា​អង្គុយ​រួម​តុ​ជា​មួយ​គ្នា។ គាត់​ស្ទុះ​ក្រោក​ឡើង ហើយ​ជម្រាប​សួរ​លោក​កាបា‌អែល។ លោក​កាបា‌អែល​យំ ហើយ​ជូន​ពរ​លោក​តូប៊ីត​ដូច​ត​ទៅ៖ «កូន​ដ៏​ប្រពៃ​របស់​មនុស្ស​ម្នាក់​ដ៏​ប្រសើរ​ដែល​សុចរិត និង​ចិត្ត​ល្អ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន‌ពរ​ពី​ស្ថាន‌បរម​សុខ មក​ក្មួយ មក​ប្រពន្ធ​របស់​ក្មួយ មក​ឪពុក‌ម្ដាយ​របស់​ប្រពន្ធ​ក្មួយ​ផង! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ឃើញ​កូន​គាត់ ក៏​ដូច​ជា​ខ្ញុំ​បាន​ឃើញ​បង​តូប៊ីត​ផ្ទាល់​ដែរ»។
១០
លោក​តូប៊ីត និង​អ្នក​ស្រី​ហាណ្ណា​រង់‌ចាំ​កូន​ត្រឡប់​មក​វិញ
 ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក​តូប៊ីត​អង្គុយ​រាប់​ចំនួន​ថ្ងៃ ដែល​កូន​ធ្វើ​ដំណើរ​ទៅ និង​ថ្ងៃ​ដែល​កូន​ត្រូវ​ត្រឡប់​មក​វិញ។ កាល​ចំនួន​ថ្ងៃ​ទាំង​នោះ បាន​កន្លង​ផុត​ទៅ​ហើយ នៅ​តែ​មិន​ទាន់​ឃើញ កូន​ត្រឡប់​មក​វិញ​ទៀត។  គាត់​នឹក​គិត​ថា «គេ​ប្រហែល​ជា​ឃាត់​វា​នៅ​ទី​នោះ​ទេ​ដឹង? ឬ​លោក​កាបា‌អែល​ប្រហែល​ជា​ស្លាប់ ហើយ​គ្មាន​នរណា​អាច​ប្រគល់​ប្រាក់​ឲ្យ​វា​ទេ​មើល​ទៅ?»  គាត់​ចាប់​ផ្ដើម​ព្រួយ​បារម្ភ។  អ្នក​ស្រី​ហាណ្ណា​ជា​ភរិយា​ពោល​ថា៖  «កូន​ខ្ញុំ​ស្លាប់​ហើយ! វា​មិន​រស់​ទៀត​ទេ!» អ្នក​ស្រី​ចាប់​ផ្ដើម​យំ និង​រៀប​រាប់​អាណិត​កូន ដោយ​ប្រាប់​ថា៖ «កូន​អើយ! ម្ដាយ​ត្រូវ​តែ​កើត​ទុក្ខ​វេទនា! ម្ដាយ​បណ្ដោយ​ឲ្យ​កូន​ដែល​ជា​កែវ​ភ្នែក​របស់​ម្ដាយ​ចាក​ចេញ​ទៅ!»។  លោក​តូប៊ីត​និយាយ​តប​ទៅ​គាត់​ថា៖ «នៅ​ឲ្យ​ស្ងៀម​ម៉ែ​វា! កុំ​ព្រួយ​បារម្ភ​អ្វី! កូន​យើង​សុខ​សប្បាយ​ទេ! ពួក​គេ​ទាំង​ពីរ​មុខ​ជា​ជួប​ឧប‌សគ្គ​អ្វី​មួយ​នៅ​ទី​នោះ​ហើយ ព្រោះ​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​វា ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត និង​ជា​សាច់​ញាតិ​របស់​យើង​ទៀត។ កុំ​បារម្ភ​ពី​កូន​អី! បន្តិច​ទៀត កូន​យើង​មុខ​ជា​ត្រឡប់​មក​វិញ​មិន​ខាន!»។  ប៉ុន្តែ អ្នក​ស្រី​ឆ្លើយ​ថា៖ «កុំ​មាន​ប្រសាសន៍​ទៀត! សូម​ឈប់​និយាយ​កុហក​ខ្ញុំ​ទៅ! កូន​ខ្ញុំ​បាត់​បង់​ជីវិត​ទៅ​ហើយ!»។ រៀង​រាល់​ថ្ងៃ អ្នក​ស្រី​ហាណ្ណា​តែង​រូត​រះ​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ទៅ​សម្លឹង​មើល​ផ្លូវ​ដែល​កូន​របស់​គាត់​ចាក​ចេញ​ទៅ ដ្បិត​គាត់​មិន​ទុក​ចិត្ត​នរណា​ទាល់​តែ​សោះ។ ពេល​ថ្ងៃ​លិច ទើប​គាត់​ចូល​ផ្ទះ​វិញ ហើយ​យំ​សោក​សៅ​ពេញ​មួយ​យប់​សម្រាន្ត​មិន​លក់​សោះ។
 លុះ​ពិធី​រៀប​មង្គល‌ការ​កូន​ស្រី​របស់​លោក​រ៉ាគូ‌អែល​ក្នុង‌រយៈ​ពេល​ដប់​បួន​ថ្ងៃ តាម​ពាក្យ​សម្បថ​របស់​លោក បាន​ចប់​សព្វ​គ្រប់​ហើយ លោក​តូប៊ី‌យ៉ា ទៅ​ជម្រាប​លោក​រ៉ាគូ‌អែល​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុ‌ញ្ញាត ឲ្យ​កូន​ចាក​ចេញ​ទៅ​ផ្ទះ​របស់​ឪពុក​កូន​វិញ ដ្បិត​កូន​ដឹង​ច្បាស់​ថា ឪពុក​ម្ដាយ​របស់​កូន មុខ​ជា​អស់​សង្ឃឹម​ថា​បាន​ជួប​មុខ​កូន​ទៀត​ហើយ!។ ហេតុ​នេះ សូម​លោក​ឪពុក​មេត្តា​អនុ‌ញ្ញាត​ឲ្យ​កូន​ត្រឡប់​ទៅ​ផ្ទះ​របស់​ឪពុក​កូន​វិញ​ផង! ដូច​កូន​ធ្លាប់​បាន​រៀប​រាប់ អំពី​សភាព​រស់​នៅ​របស់​ឪពុក​កូន ជូន​លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ!»។  ប៉ុន្តែ លោក​រ៉ាគូ‌អែល​ប្រាប់​លោក​តូប៊ី‌យ៉ា​ថា៖ «កូន​អើយ! ចូរ​នៅ​ទី​នេះ​ជា​មួយ​ឪពុក​ហើយ! ពុក​នឹង​ចាត់​អ្នក​នាំ​សារ ឲ្យ​យក​ដំណឹង​នេះ ទៅ​ប្រាប់​ឪពុក​របស់​កូន»។ លោក​តូប៊ី‌យ៉ា​តប​ថា៖ «ទេ! សូម​លោក​ឪពុក​មេត្តា​អនុ‌ញ្ញាត​ឲ្យ​កូន​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​កូន​វិញ​ផង!»។ ១០ ពេល​នោះ លោក​រ៉ាគូ‌អែល​ប្រគល់​នាង​សារ៉ា​ជា​ភរិយា​ទៅ​ឲ្យ​លោក​តូប៊ី‌យ៉ា ព្រម​ទាំង​ទ្រព្យ‌សម្បត្តិ​ចំនួន​ពាក់​កណ្ដាល​របស់​លោក អ្នក​បម្រើ​ប្រុស​ស្រី គោ ចៀម លា អូដ្ឋ សម្លៀក‌បំពាក់ មាស ប្រាក់ និង​របស់​របរ​ផ្សេងៗ​ទៀត​ជា​ច្រើន។ ១១ លោក​បាន​អនុ‌ញ្ញាត​ឲ្យ​ពួក​គេ​ចាក​ចេញ​ទៅ ទាំង​សប្បាយ​រីក​រាយ។ លោក​ជូន​ពរ​លោក​តូប៊ី‌យ៉ា​ដូច​ត​ទៅ៖ «សូម​ឲ្យ​កូន​មាន​សុខ‌ភាព​ល្អ! កូន​អើយ សូម​ធ្វើ​ដំណើរ​ទៅ​ដោយ​សុវត្តិ‌ភាព! សូម​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌បរម​សុខ​ដឹក​នាំ​កូន និង​នាង​សារ៉ា​ជា​ភរិយា​របស់​កូន​ផង! សូម​ឲ្យ​ពុក​អាច​ឃើញ​មុខ​ចៅ មុន​ពេល​ពុក​ចែក​ស្ថាន​ទៅ!»។ ១២ លោក​ពោល​ទៅ​កាន់​នាង​សារ៉ា​ជា​កូន​ស្រី​គាត់​ថា៖ «ចូរ​កូន​ទៅ​ផ្ទះ​ឪពុក​ក្មេក​របស់​កូន​ចុះ! តាំង​ពី​ពេល​នេះ​ត​ទៅ ឪពុក‌ម្ដាយ​របស់​ប្ដី​កូន​ក៏​ដូច​ជា​ឪពុក‌ម្ដាយ​បង្កើត​របស់​កូន​ដែរ។ ចូរ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! កូន​ស្រី​អើយ! សូម​ឲ្យ​ពុក​ឮ​គេ​និយាយ​ល្អ​អំពី​កូន​ស្រី គ្រប់​ពេល​ដែល​ឪពុក​នៅ​មាន​ជីវិត»។ បន្ទាប់​មក គាត់​លើក​ដៃ​ជូន‌ពរ​គេ ហើយ​ឲ្យ​ពួក​គេ​ចាក​ចេញ​ទៅ។ ១៣ អ្នក​ស្រី​អេដណា​ពោល​ទៅ​កាន់​លោក​តូប៊ី‌យ៉ា​ថា៖ «កូន​ដ៏​ជា​ទី​ស្រឡាញ់! សូម​ព្រះ‌អម្ចាស់​នាំ​កូន​ត្រឡប់​មក​វិញ! សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ដាយ​មាន​អាយុ​វែង ដើម្បី​បាន​ឃើញ​មុខ​ចៅ មុន​នឹង​ម្ដាយ​ចែក​ស្ថាន​ទៅ។ ដោយ​មាន​ព្រះ‌អម្ចាស់​ជា​សាក្សី ម្ដាយ​សូម​ប្រគល់​កូន​ស្រី ឲ្យ​កូន​ថែ​រក្សា​នាង។ ចូរ​កូន​កុំ​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​អស់​មួយ​ជីវិត​កូន​អើយ! សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ! ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ម្ដាយ​គឺ​ជា​ម្ដាយ​របស់​កូន ហើយ​នាង​សារ៉ា​ជា​ភរិយា​របស់​កូន។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ជួប​តែ​សេចក្ដី​សុខ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត ដូច​នៅ​ថ្ងៃ​នេះ!»។ រួច​គាត់​ឱប​ថើប​កូន​ទាំង​ពីរ និង​ឲ្យ​គេ​ចេញ​ដំណើរ​ដោយ​សប្បាយ​រីក​រាយ។ ១៤ ដូច្នេះ លោក​តូប៊ី‌យ៉ា​ចាក​ចេញ​ពី​ផ្ទះ​លោក​រ៉ាគូ‌អែល​ទាំង​ចិត្ត​អំណរ​សប្បាយ និង​លើក​តម្កើង​ព្រះ‌អម្ចាស់​នៃ​ផ្ទៃ​មេឃ និង​ផែន​ដី គឺ​ជា​ព្រះ‌មហា​ក្សត្រ​នៃ​ពិភព​ទាំង​មូល ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​គាត់​ធ្វើ​ដំណើរ​ប្រកប​ដោយ​ជោគ‌ជ័យ។ លោក​រ៉ាគូ‌អែល​ប្រាប់​លោក​តូប៊ី‌យ៉ា​ថា៖ «សូម​ឲ្យ​កូន​មាន​អំណរ​សប្បាយ ដោយ​គោរព​បម្រើ​ឪពុក‌ម្ដាយ​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត»។
១១
លោក​តូប៊ីត​បាន​ជា​សះ​ស្បើយ
 ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​ជិត​ដល់​កាសេ‌រិន នៅ​ក្បែរ​ក្រុង​នីនីវេ ទេវ​ទូត​រ៉ាផា‌អែល​ប្រាប់​លោក​តូប៊ី‌យ៉ា​ថា៖  «ប្អូន​ជ្រាប​ហើយ​ថា យើង​បាន​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​សភាព​ណា!  ដូច្នេះ យើង​គួរ​នាំ​គ្នា​ទៅ​មុន ដើម្បី​រៀប​ចំ​ផ្ទះ​ទទួល​នាង​សារ៉ា និង​អ្នក​ឯ​ទៀតៗ​មក​តាម​ក្រោយ»។  អ្នក​ទាំង​ពីរ​ក៏​ទៅ។ ទេវទូត​រ៉ាផា‌អែល​ប្រាប់​លោក​តូប៊ី‌យ៉ា​ឲ្យ​យក​ប្រមាត់​ត្រី​ទៅ​ជា​មួយ​ផង។ ឆ្កែ​ក៏​ដើរ​តាម​ពី​ក្រោយ​ពួក​គេ​ដែរ។  អ្នក​ស្រី​ហាណ្ណា​កំពុង​អង្គុយ​រង់​ចាំ​មើល​ផ្លូវ​កូន​ដែល​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ។  ពេល​គាត់​ឃើញ​កូន​មក គាត់​ស្រែក​ប្រាប់​លោក​តូប៊ីត​ថា៖ «កូន​យើង​មក​ហើយ គឺ​មក​ជា​មួយ​បុរស​ដែល​រួម​ដំណើរ​ជា​មួយ!»។  មុន​ពេល​លោក​តូប៊ី‌យ៉ា​ទៅ​ដល់​ជិត​ឪពុក ទេវទូត​រ៉ាផា‌អែល​ប្រាប់​លោក​តូប៊ី‌យ៉ា​ថា៖ «បង​ដឹង​ច្បាស់​ថា ភ្នែក​របស់​ឪពុក​ប្អូន​នឹង​ភ្លឺ​ឡើង​វិញ!  ចូរ​យក​ប្រមាត់​ត្រី​ទៅ​ដាក់​លើ​ភ្នែក​របស់​គាត់​ទៅ។ ថ្នាំ​នេះ​នឹង​ធ្វើ​ឲ្យ​ស្បែក​សរ​លុប​បាត់។ ពេល​នោះ ភ្នែក​របស់​ឪពុក​ប្អូន​នឹង​ជា​សះ‌ស្បើយ ហើយ​គាត់​នឹង​មើល​ឃើញ​ពន្លឺ​ជា​ថ្មី​ឡើង​វិញ»។
អ្នក​ស្រី​ហាណ្ណា​រត់​ទៅ​ឱប​កូន ហើយ​ពោល​ថា៖ «ម្ដាយ​ឃើញ​កូន​ត្រឡប់​មក​វិញ ម្ដាយ​ត្រេក​អរ​ណាស់! កូន​សម្លាញ់​ម្ដាយ! ឥឡូវ​នេះ ម្ដាយ​ស្លាប់​បិទ​ភ្នែក​ជិត​ហើយ!» គាត់​ក៏​យំ។ ១០ តូប៊ីត​ក៏​ក្រោក​ឡើង​ដែរ ហើយ​ដើរ​ចេញ​តាម​ទ្វារ​ទី​ធ្លា ទាំង​ពពីម​ពពើម។ ១១ លោក​តូប៊ី‌យ៉ា​ដើរ​តម្រង់​ទៅ​រក​ឪពុក ទាំង​កាន់​ប្រមាត់​ត្រី​ទៅ​ជា​មួយ​ផង គាត់​ផ្លុំ​ដាក់​លើ​ភ្នែក​ឪពុក ហើយ​កាន់​ឪពុក​ជាប់ ទាំង​ពោល​ថា៖ «ពុក​អើយ! សូម​ក្លាហាន​ឡើង!»។ គាត់​ដាក់​ថ្នាំ​លើ​ភ្នែក​ឪពុក ហើយ​ទប់​ថ្នាំ​នោះ​ជាប់។ ១២ បន្ទាប់​មក យក​ដៃ​ទាំង​ពីរ ចាប់​បក​ស្បែក​ស​ពី​កន្ទុយ​ភ្នែក​នីមួយៗ​ចេញ។ ១៣ ពេល​នោះ លោក​តូប៊ីត​ឱប​កូន​ទាំង​យំ ហើយ​មាន​ប្រសាសន៍​ថា៖ «ពុក​មើល​ឃើញ​កូន​ហើយ! កូន​អើយ! គឺ​កូន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពុក​ភ្លឺ!» ១៤ គាត់​ពោល​ទៀត​ថា៖ «សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់! សូម​លើក​តម្កើង​ព្រះ‌នាម​ដ៏​ប្រសើរ​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ‌អង្គ! សូម​លើក​តម្កើង​ពួក​ទេវទូត​របស់​ព្រះ‌អង្គ សូម​ព្រះ‌នាម​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ‌អង្គ តាម​ថែ​រក្សា​ការ‌ពារ​យើង! សូម​លើក​តម្កើង​ពួក​ទេវទូត​របស់​ព្រះ‌អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ‌អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ តែ​ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ​តូប៊ី‌យ៉ា​កូន​ខ្ញុំ​វិញ​ហើយ!»។ ១៥ លោក​តូប៊ី‌យ៉ា​ចូល​ផ្ទះ​ទាំង​មាន​អំណរ ហើយ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ដោយ​សំឡេង​យ៉ាង​ខ្លាំង។ គាត់​រៀប​រាប់​ឲ្យ​ឪពុក​ស្ដាប់ ពី​ដំណើរ​របស់​គាត់​ដែល​ប្រកប​ដោយ​ជោគ‌ជ័យ គឺ​គាត់​បាន​យក​ប្រាក់​មក​វិញ និង​រៀប​ការ​ជា​មួយ​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូ‌អែល។ គាត់​ប្រាប់​ថា៖ «នាង​មក​ជិត​ដល់​ហើយ! នាង​នៅ​ក្បែរ​ទ្វារ​ក្រុង​នីនីវេ»។
១៦ លោក​តូប៊ីត​ត្រេក​អរ ហើយ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ផង រួច​ចេញ​ទៅ​ទទួល​កូន​ប្រសា​នៅ​មាត់​ទ្វារ​ក្រុង​នីនីវេ។ អ្នក​ក្រុង​នីនីវេ​ឃើញ​គាត់​ដើរ​ទៅ​មក​ដោយ​ស្រួល គ្មាន​នរណា​ដឹក​ដៃ​ដូច្នេះ គេ​នាំ​គ្នា​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។ លោក​តូប៊ីត ប្រកាស​នៅ​ចំពោះ​មុខ​ពួក​គេ​ថា ព្រះ‌ជាម្ចាស់​អាណិត​មេត្តា​គាត់ ហើយ​ប្រោស​គាត់​ឲ្យ​មើល​ឃើញ។ ១៧ គាត់​មក​ជិត​នាង​សារ៉ា ជា​ភរិយា​របស់​លោក​តូប៊ី‌យ៉ា កូន​ប្រុស​របស់​គាត់ ហើយ​ជូន​ពរ​នាង​ដូច​ត​ទៅ៖ «សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​សេចក្ដី​សុខ! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​របស់​កូន ដែល​នាំ​កូន​ឲ្យ​មក​ផ្ទះ​យើង។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន‌ពរ​ដល់​ឪពុក​កូន! សូម​ព្រះ‌អង្គ​ប្រទាន‌ពរ​ដល់​តូប៊ី‌យ៉ា​កូន​របស់​ខ្ញុំ! និង​ដល់​កូន​ផង​ដែរ។ សូម​ចូល​ក្នុង​ផ្ទះ​មក​កូន! សូម​ស្វាគមន៍! សូម​ព្រះ‌ជាម្ចាស់​ប្រទាន‌ពរ​កូន! សូម​ឲ្យ​កូន​មាន​អំណរ​សប្បាយ! ចូល​មក​កូន​ស្រី!»។ ១៨ នៅ​ថ្ងៃ​នោះ​ជន​ជាតិ​យូដា​ទាំង​អស់​ក្នុង​ក្រុង​នីនីវេ មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ១៩ លោក​អហ៊ីការ និង​លោក​ណាដន ជា​ក្មួយ​របស់​លោក​តូប៊ីត ក៏​អញ្ជើញ​មក​ផ្ទះ​របស់​លោក ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស​លប់​ដែរ។
១២
ទេវទូត​រ៉ាផា‌អែល​បង្ហាញ​ខ្លួន
 កាល​ពិធី​មង្គល‌ការ ចប់​សព្វ​គ្រប់​ហើយ លោក​តូប៊ីត​ហៅ​លោក​តូប៊ី‌យ៉ា​ជា​កូន​មក ហើយ​មាន​ប្រសាសន៍​ថា៖ «កូន​អើយ ចូរ​កុំ​ភ្លេច​ជូន​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​កូន! ចូរ​ថែម​ប្រាក់​ខ្លះ​ទៀត​បន្ថែម​ឲ្យ​គាត់​ផង»។  លោក​តូប៊ី‌យ៉ា​តប​ទៅ​ឪពុក​ថា៖ «ពុក! តើ​កូន​ត្រូវ​ជូន​គាត់​ប៉ុន្មាន? ទោះ​បី​កូន​ចែក​ទ្រព្យ​ដែល​យើង​នាំ​យក​មក​ជា​មួយ​នោះ ពាក់​កណ្ដាល ក៏​មិន​សម​ល្មម​ដែរ។  គាត់​នាំ​កូន​មក​វិញ​ដោយ​សុខ‌សាន្ត គាត់​បាន​ព្យាបាល​ប្រពន្ធ​របស់​កូន​ឲ្យ​ជា។ គាត់​បាន​នាំ​យក​ប្រាក់​មក​ជា​មួយ​កូន និង​ព្យាបាល​ពុក​ឲ្យ​ជា​សះ‌ស្បើយ តើ​យើង​ត្រូវ​ជូន​គាត់​ប៉ុន្មាន ដើម្បី​តប​ស្នង​គុណ​ទាំង​នេះ?»។  លោក​តូប៊ីត មាន​ប្រសាសន៍​ទៅ​កូន​ថា៖ «កូន​អើយ! ពិត​មែន​ហើយ ចូរ​ចែក​ទ្រព្យ​ដែល​គាត់​នាំ​យក​មក​ពាក់​កណ្ដាល ជូន​ទៅ​គាត់»។  លោក​តូប៊ី‌យ៉ា ហៅ​ទេវទូត​រ៉ាផា‌អែល ហើយ​ជម្រាប​គាត់​ថា៖ «សូម​បង​ទទួល​ទ្រព្យ​ដែល​បង​បាន​នាំ​យក​មក​ជា​មួយ​ខ្ញុំ​នេះ​ចំនួន​ពាក់​កណ្ដាល​ទុក​ជា​ប្រាក់​ឈ្នួល​ចុះ ហើយ​សូម​បង​អញ្ជើញ​ត្រឡប់​ទៅ​វិញ ដោយ​សុខ‌សាន្ត!»។  ពេល​នោះ ទេវទូត​រ៉ាផា‌អែល​នាំ​អ្នក​ទាំង​ពីរ​ចេញ​ដោយ​ឡែក​ពី​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់! ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ជីវិត និង​ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ទាំង​ពីរ។ ចូរ​លើក​តម្កើង និង​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ។ ចូរ​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ស្គាល់​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។ ចូរ​លើក​តម្កើង​ព្រះ‌អង្គ​ដោយ​ឥត​ឈប់​ឈរ!  គួរ​ឲ្យ​លាក់​រឿង​សម្ងាត់​របស់​ព្រះ‌មហា​ក្សត្រ ផ្ទុយ​ទៅ​វិញ ត្រូវ​លើក​តម្កើង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ប្រកាស​ឲ្យ​គេ​បាន​ស្គាល់​គ្រប់​គ្នា​ផង។ ចូរ​លើក​តម្កើង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។
ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​មុខ​ជា​មិន​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ឡើយ។  ការ​អធិដ្ឋាន​ដោយ​ស្មោះ និង​ការ​ចែក​ទាន​ដោយ​ចិត្ត​សុចរិត ប្រសើរ​ជាង​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​បរិបូណ៌ ដោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត! ការ​ចែក​ទាន​ឲ្យ​គេ ប្រសើរ​ជាង​ប្រមូល​មាស​ទុក។  ដ្បិត​ការ​ចែក​ទាន រំដោះ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ជម្រះ​ឲ្យ​រួច​ពី​អំពើ​បាប​គ្រប់​យ៉ាង។ អ្នក​ធ្វើ​ទាន រមែង​មាន​អាយុ​វែង ១០ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត រមែង​ក្លាយ​ជា​ខ្មាំង​សត្រូវ​របស់​ខ្លួន​ផ្ទាល់។ ១១ ពេល​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ទាំង​អស់​ឥត​លាក់​លៀម​អ្វី​ឡើយ។ ខ្ញុំ​ទើប​នឹង​បង្រៀន​អ្នក​ទាំង​ពីរ​ថា៖ គួរ​ឲ្យ​លាក់​រឿង​សម្ងាត់​របស់​ព្រះ‌មហា​ក្សត្រ ផ្ទុយ​ទៅ​វិញ ត្រូវ​បង្ហាញ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ជាក់​ស្តែង ឲ្យ​គេ​ស្គាល់​ផង។ ១២ កាល​លោក និង​នាង​សារ៉ា​ទូល​អង្វរ​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​នាំ​ពាក្យ​អង្វរ​នេះ ទៅ​ទូល​ថ្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អង្គ ដែល​ប្រកប​ដោយ​សិរី​រុង‌រឿង។ នៅ​ពេល​ដែល​លោក​បញ្ចុះ​សាក‌សព ក៏​ខ្ញុំ​ថ្វាយ​ការ​នេះ​ទៅ​ព្រះ‌ជាម្ចាស់​ដែរ។ ១៣ នៅ​គ្រា​ដែល​លោក​មិន​រួញ​រា​នឹង​ក្រោក​ឡើង ដោយ​ទុក​អាហារ​ចោល ដើម្បី​ទៅ​បញ្ចុះ​សព​បុគ្គល​ម្នាក់។ ពេល​នោះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក ដើម្បី​ល្បង​ល​លោក។ ១៤ ប៉ុន្តែ នៅ​ពេល​ជា​មួយ​គ្នា​នេះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ព្យាបាល​លោក និង​នាង​សារ៉ា​ជា​កូន​ប្រសា​លោក ឲ្យ​ជា​សះ‌ស្បើយ។ ១៥ ខ្ញុំ​ឈ្មោះ​រ៉ាផា‌អែល ជា​ទេវទូត​មួយ​រូប ក្នុង​ចំណោម​ទេវទូត​ទាំង​ប្រាំពីរ​ដែល​ឈរ​នៅ ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អម្ចាស់ ប្រកប​ដោយ​សិរី​រុង‌រឿង​នឹង​ចាំ​បម្រើ​ព្រះ‌អង្គ​ជា‌និច្ច»។ ១៦ អ្នក​ទាំង​ពីរ​ស្រឡាំង​កាំង ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​ទាំង​ភ័យ។ ១៧ ប៉ុន្តែ ទេវទូត​ប្រាប់​គេ​ថា៖ «កុំ​ខ្លាច​អ្វី! សូម​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ១៨ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ គឺ​មក​ពី​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ពុំ​មែន​ដោយ​ខ្ញុំ​មាន​ចិត្ត​មេត្តា​ទេ គឺ​ព្រះ‌ជាម្ចាស់​ហើយ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​លើក​តម្កើង​ព្រះ‌អង្គ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។ អ្នក​ទាំង​ពីរ​ត្រូវ​ច្រៀង​សរសើរ​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ១៩ ឥឡូវ​នេះ អ្នក​ទាំង​ពីរ​ដឹង​ថា កាល​ខ្ញុំ​បរិ‌ភោគ​នោះ ខ្ញុំ​មិន​បាន​បរិ‌ភោគ​អ្វី​ឡើយ គឺ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​ហាក់​ដូច​ជា​បរិ‌ភោគ​ប៉ុណ្ណោះ។ ២០ ហេតុ​នេះ​ហើយ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​កោត​សរសើរ​ព្រះ‌ជាម្ចាស់​នៅ​លើ​ផែន​ដី​នេះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រឡប់​ទៅ​រក​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក! ចូរ​កត់​ត្រា​ទុក​ព្រឹត្តិ‌ការណ៍​ទាំង​អស់ ដែល​កើត​ឡើង​ចំពោះ​អ្នក​ទាំង​ពីរ»។ លុះ​ពោល​សេចក្ដី​រួច​ហើយ ទេវ​ទូត​ក៏​យាង​ឡើង​បាត់​ទៅ។ ២១ លោក​ទាំង​ពីរ​ក្រោក​ឈរ​ឡើង ប៉ុន្តែ ពុំ​អាច​ឃើញ​ទេវទូត​ទៀត​ទេ។ ២២ លោក​ទាំង​ពីរ​នាំ​គ្នា​លើក​តម្កើង និង​ច្រៀង​កោត​សរសើរ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​គេ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ត​ដ៏​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នោះ គឺ​មាន​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​បង្ហាញ​ខ្លួន​ឲ្យ​ពួក​គេ​ឃើញ។
១៣
បទ​ចម្រៀង​របស់​លោក​តូប៊ីត
 លោក​តូប៊ីត​មាន​ប្រសាសន៍​ដូច​តទៅ៖  សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​គ្រង​រាជ្យ​អស់​កល្ប‌ជានិច្ច! ព្រះ‌អង្គ​ដាក់​ទោស ហើយ​ក៏​អាណិត‌អាសូរ​ដែរ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ចុះ​ទៅ​ស្ថាន​មច្ចុរាជ​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែន​ដី​ក្រោយ​មក ព្រះ‌អង្គ​ប្រោស​ឲ្យ​រួច​ផុត​ពី​អន្ត‌រាយ។ គ្មាន​អ្វី​អាច​គេច​ផុត​ពី​បារមី​របស់​ព្រះ‌អង្គ​ឡើយ!។  ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ដែល​ព្រះ‌អង្គ​កម្ចាត់​កម្ចាយ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។  នៅ​ទី​នោះ ព្រះ‌អង្គ​បាន​សម្ដែង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ ឲ្យ​អ្នក​រាល់​គ្នា​ឃើញ ចូរ​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ចំពោះ​សត្វ​លោក​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់​របស់​យើង ពិត​ជា​ព្រះ​របស់​យើង ពិត​ជា​ព្រះ‌បិតា​របស់​យើង!។ ព្រះ‌អង្គ​ជា​ព្រះ‌ជាម្ចាស់​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។  ព្រះ‌អង្គ​ដាក់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ប៉ុន្តែ ព្រះ‌អង្គ​មុខ​ជា​អាណិត‌អាសូរ​អ្នក​រាល់​គ្នា នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ ដែល​ព្រះ‌អង្គ​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។  នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អង្គ​វិញ ដោយ​ស្មោះ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ប្រាជ្ញា ដើម្បី​ប្រព្រឹត្ត​យ៉ាង​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ នៅ​ថ្ងៃ​នោះ ព្រះ‌អង្គ​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​ជា​ពុំ​ខាន ព្រះ‌អង្គ​មិន​គេច​ព្រះ‌ភ័ក្រ្ត ចេញ​ពី​អ្នក​រាល់​គ្នា​ទៀត​ឡើយ។  ឥឡូវ​នេះ ចូរ​គិត​ពិចារ‌ណា​អំពី​ការ​ដែល​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ចូរ​លើក​តម្កើង​ព្រះ‌អង្គ​យ៉ាង​ពេញ​ទំហឹង។ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ ចូរ​កោត​សរសើរ​ព្រះ‌មហា​ក្សត្រ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។  រីឯ​ខ្ញុំ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អង្គ​នៅ​លើ​ដែន​ដី​ដែល​ខ្មាំង​កៀរ​ឲ្យ​មក​រស់​នៅ។ ខ្ញុំ​បង្ហាញ​ឫទ្ធា‌នុភាព និង​ភាព​ឧត្ដុង្គ​ឧត្ដម​របស់​ព្រះ‌អង្គ ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ដែល​ប្រព្រឹត្ត​អំពើ​បាប បាន​ស្គាល់។ អស់​អ្នក​បាប​អើយ! ចូរ​ត្រឡប់​មក​វិញ! ចូរ​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រហែល​អាណិត​មេត្តា​ប្រោស​ប្រណី ដល់​អ្នក​រាល់​គ្នា​ទេ​ដឹង?  សូម​លើក​តម្កើង​ព្រះ​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សារ​ព្រះ‌មហា​ក្សត្រ​នៃ​ស្ថាន‌បរម​សុខ។ ១០ សូម​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​គេ​លើក​តម្កើង​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។ យេរូ‌សាឡឹម​ជា​ក្រុង​ដ៏‌វិសុទ្ធ​អើយ! ព្រះ‌អង្គ​ដាក់​ទោស​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​កូន​ចៅ​អ្នក! ប៉ុន្តែ ព្រះ‌អង្គ​មុខ​ជា​អាណិត​មេត្តា​កូន​ចៅ​របស់​ជន​សុចរិត​ពុំ​ខាន។ ១១ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​ឱឡារិក សូម​លើក​តម្កើង​ព្រះ‌មហា​ក្សត្រ ដែល​សោយ​រាជ្យ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ដើម្បី​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​ឡើង​វិញ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម នាំ​ឲ្យ​ប្រជាជន​សប្បាយ​រីក​រាយ។ ១២ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ដល់​អស់​អ្នក​ដែល​ខ្មាំង​កៀរ​យក​ទៅ​នោះ បាន​អំណរ​សប្បាយ​ផង! សូម​ព្រះ‌អង្គ​ស្រឡាញ់​ជន​កម្សត់​ទុរគត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​ប្រជាជន​អ្នក នៅ​គ្រប់​តំណ​ត​រៀង​ទៅ។ ១៣ មាន​ពន្លឺ​ចិញ្ចែង​ចិញ្ចាច នឹង​ភ្លឺ​រហូត​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី។ មាន​ប្រជា‌ជាតិ​ជា​ច្រើន​នៅ​ទី​ឆ្ងាយៗ និង​អ្នក​ស្រុក​ពី​ចុង​កាត់​មាត់​ញក​នៃ​ផែន​ដី នាំ​គ្នា​មក​រក​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ គេ​មា​ន​កាន់​តង្វាយ​គ្រប់​ដៃ មក​ថ្វាយ​ព្រះ‌មហា​ក្សត្រ​នៃ​ស្ថាន‌បរម​សុខ។ មនុស្ស​គ្រប់​តំណ​ក្រោយៗ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ។ មនុស្ស​ម្នា​នៅ​ជំនាន់​ក្រោយ នឹង​ចាំ​ពី​ឈ្មោះ​ដ៏​ល្បី​នៃ​ក្រុង ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស។ ១៤ សូម​ឲ្យ​ជន​ទាំង‌ឡាយ​ដែល​គំរាម​កំហែង​អ្នក ត្រូវ​បណ្ដា‌សា!។ សូម​ឲ្យ​អស់​ជន​ណា​ដែល​បំផ្លាញ​អ្នក រំលំ​កំពែង រំលំ​ប៉ម​របស់​អ្នក និង​ដុត​ផ្ទះ​អ្នក​ចោល ត្រូវ​បណ្ដា‌សា! ផ្ទុយ​ទៅ​វិញ សូម​ព្រះ‌អង្គ​ប្រទាន‌ពរ​អស់​កល្ប‌ជានិច្ច​ដល់​អស់​ជន​ណា ដែល​គោរព​កោត​ខ្លាច​អ្នក!។ ១៥ ចូរ​ត្រេក​អរ​សប្បាយ​ឡើង ព្រោះ​តែ​កូន​ចៅ​របស់​ជន​សុចរិត! ដ្បិត​ព្រះ‌អង្គ​នឹង​ប្រមូល​ផ្ដុំ​ពួក​គេ! ហើយ​គេ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច ជន​ណា​ស្រឡាញ់​អ្នក ពិត​ជា​មាន​សុភមង្គល! ជន​ណា​សប្បាយ​រីក​រាយ ដោយ​ជួយ​អប​អរ​ដល់​សេចក្ដី​សុខ‌សាន្ត​របស់​អ្នក ជន​នោះ​ពិត​ជា​មាន​សុភមង្គល! ១៦ ជន​ទាំង‌ឡាយ​ដែល​ព្រួយ​ចិត្ត ដោយ​ឃើញ​អ្នក​ទទួល​ទណ្ឌ‌កម្ម ពិត​ជា​មាន​សុភមង្គល! ដ្បិត​ពួក​គេ​នឹង​ត្រេក​អរ​សប្បាយ រួម​ជា​មួយ​អ្នក គេ​នឹង​ឃើញ​អំណរ​សប្បាយ​របស់​អ្នក អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ពិត​មែន​ហើយ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌មហា​ក្សត្រ ១៧ ដ្បិត​គេ​នឹង​កសាង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ហើយ​នៅ​ទីក្រុង​នោះ គេ​នឹង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ឲ្យ​នៅ​ស្ថិត‌ស្ថេរ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ប្រសិន​បើ​ប្រជា‌ជាតិ​របស់​ខ្ញុំ ដែល​នៅ​សេស​សល់​ពី​ស្លាប់ ឃើញ​សិរី​រុង‌រឿង​របស់​ក្រុង​យេរូ‌សាឡឹម និង​លើក​តម្កើង​ព្រះ‌មហា​ក្សត្រ​នៃ​ស្ថាន‌បរម​សុខ ខ្ញុំ​ពិត​ជា​មាន​សុភមង្គល។ គេ​នឹង​យក​ត្បូង​កណ្ដៀង និង​ថ្ម​កែវ​មត៌ក​មក​សង់​ទ្វារ​ក្រុង​យេរូ‌សាឡឹម។ គេ​យក​ពេជ្រ​មក​សង់​កំពែង​ទាំង‌ឡាយ ហើយ​យក​មាស​មក​សង់​ប៉ម និង​មាស​សុទ្ធ​មក​សង់​កំពែង​។ គេ​យក​ត្បូង​កណ្ដៀង និង​ត្បូង​ទទឹម​មក​ក្រាល​ផ្លូវ​ក្រុង ១៨ អ្នក​ក្រុង​នឹង​ច្រៀង​ដោយ​អំណរ​នៅ​ទ្វារ​ទីក្រុង។ អ្នក​ក្រុង​ច្រៀង​ថា៖ «អាលេ‌លូយ៉ា សូម​លើក​តម្កើង​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល! អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស នឹង​លើក​តម្កើង​ព្រះ​នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។
១៤
លោក​តូប៊ីត បញ្ជាក់ ពាក្យ​អរ​ព្រះ‌គុណ​ដូច្នេះ។
លោក​តូប៊ីត​ទទួល​មរណ‌ភាព
 លោក​តូប៊ីត​ទទួល​មរណ‌ភាព យ៉ាង​សុខ​ស្រួល ក្នុង​ជន្មា‌យុ មួយ‌រយ​ដប់‌ពីរ​ឆ្នាំ។ គេ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​យ៉ាង​អធិក‌អធម នៅ​ក្រុង​នីនីវេ។ កាល​លោក​ខ្វាក់​ភ្នែក លោក​មាន​អាយុ​ហុក‌សិប​ពីរ​ឆ្នាំ។ ក្រោយ​ពី​ភ្នែក​គាត់​ភ្លឺ​ឡើង​វិញ គាត់​មាន​ទ្រព្យ‌សម្បត្តិ​សម្បូរ​ហូរ‌ហៀរ ហើយ​តែង​តែ​ចែក​ទាន​ដល់​អ្នក​ក្រីក្រ។ លោក​តែង​តែ​លើក​តម្កើង​ព្រះ‌ជាម្ចាស់ និង​កោត​សរសើរ ភាព​ឧត្តុង្គ​ឧត្ដម​របស់​ព្រះ‌អង្គ​ជា‌និច្ច។
 កាល​លោក​តូប៊ីត ហៀប​នឹង​ទទួល​មរណ‌ភាព លោក​ហៅ​លោក​តូប៊ី‌យ៉ា​ជា​កូន ហើយ​ផ្ដែ‌ផ្ដាំ​ដូច ត​ទៅ៖ «កូន​អើយ! ចូរ​នាំ​ចៅ  ទៅ​ស្រុក​ម៉ែដ​ជា​ប្រញាប់ ដ្បិត​ពុក​ជឿ​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល​ថ្លែង​តាម‌រយៈ​ព្យាការី​ណាហ៊ូម ប្រឆាំង​នឹង​ក្រុង​នីនីវេ។ អ្វី​ដែល​ថ្លែង​ប្រឆាំង​នឹង​ស្រុក​អាស្ស៊ីរី ព្រម​ទាំង​ក្រុង​នីនីវេ នឹង​កើត​ជា​រូប​រាង​មិន​ខាន។ សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អស់​លោក​ព្យាការី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ថ្លែង​ទុក គឺ​ព្យាការី​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក នឹង​កើត​មាន​មិន​ខាន។ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​បាន​ថ្លែង​ទុក នឹង​កើត​ឡើង​តាម​ពេល​កំណត់ គ្មាន​ចន្លោះ​ត្រង់​ណា​ឡើយ។ អ្នក​ស្រុក​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត នៅ​ស្រុក​ម៉ែដ ជាង​នៅ​ស្រុក​អាស្ស៊ីរី និង​នៅ​ក្រុង​បាប៊ីឡូន។ ខ្ញុំ​ជឿ‌ជាក់​ថា សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល នឹង​កើត​មាន​មិន​ខាន។ គ្មាន​ព្រះ‌បន្ទូល​ណា​មួយ​មិន​សម្រេច​នោះ​ឡើយ។ បង‌ប្អូន​យើង​ដែល​រស់​នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​នៅ​ឡើយ សុទ្ធ​តែ​ត្រូវ​ខ្មាំង​សត្រូវ​ជំរឿន ហើយ​កៀរ​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​ដ៏​សែន​សប្បាយ​នោះ។ ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន។ ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​ខ្មាំង​ដុត​បំផ្លាញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ អស់​មួយ‌រយៈ។  ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា​ពួក​គេ​ម្ដង​ទៀត ហើយ​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រា‌អែល​វិញ។ ពួក​គេ​នឹង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​សា​ជា​ថ្មី តែ​ព្រះ‌ដំណាក់​នោះ​ពុំ​ល្អ​ដូច​ព្រះ‌ដំណាក់​ជំនាន់​មុន លុះ​ដល់​ពេល​កំណត់ ទើប​បាន​ល្អ​ឡើង​វិញ។ ក្រោយ​មក ពួក​គេ​វិល​ត្រឡប់​មក​ទាំង​អស់​គ្នា គេ​នឹង​សាង​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ល្អ​ប្រសើរ​ឡើង​វិញ។ គេ​កសាង​ព្រះ‌ដំណាក់​ព្រះ‌អង្គ​តាម​សេចក្ដី ដែល​អស់​លោក​ព្យាការី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ថ្លែង​ទុក។  មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល នឹង​ប្រែ​ចិត្ត​គំនិត ហើយ​នាំ​គ្នា​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ដោយ​ស្មោះ។ ពួក​គេ​នាំ​គ្នា​ឈប់​គោរព​បម្រើ​ព្រះ‌ក្លែង‌ក្លាយ ដែល​ចេះ​តែ​បញ្ឆោត​គេ និង​នាំ​ពួក​គេ​ឲ្យ​វង្វេង​ទៀត​ហើយ។ ពួក​គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត។  ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នឹង​ទទួល​ការ​សង្គ្រោះ នៅ​ថ្ងៃ​នោះ ព្រោះ​ពួក​គេ​នឹក​គិត​ដល់​ព្រះ‌ជាម្ចាស់​ដោយ​ចិត្ត​ស្មោះ គេ​ជួប​ជុំ​គ្នា និង​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម​វិញ។ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​រស់​នៅ​លើ​ទឹក​ដី​របស់​លោក​អប្រា‌ហាំ​ដោយ​សុខ‌សាន្ត អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌ជាម្ចាស់​ដោយ​ចិត្ត​ស្មោះ នឹង​មាន​អំណរ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ព្រម​ទាំង​អំពើ​ទុច្ចរិត នឹង​ត្រូវ​អន្ត‌រាយ​បាត់​ពី​ផែន​ដី​នេះ។
 ឥឡូវ​នេះ កូន​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដាំ​របស់​ពុក! ចូរ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដោយ​ចិត្ត​ស្មោះ ចូរ​ប្រព្រឹត្ត​អំពើ​ដែល​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ ចូរ​ប្រៀន​ប្រដៅ​កូន​ចៅ​ឲ្យ​ប្រព្រឹត្ត​តែ​សេចក្ដី​សុចរិត និង​ចែក​ទាន។ ចូរ​នឹក​គិត​ដល់​ព្រះ‌ជាម្ចាស់ និង​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ គ្រប់​ពេល​វេលា​ដោយ​ចិត្ត​ស្មោះ និង​អស់​ពី​កម្លាំង។  រីឯ​កូន ចូរ​ចាក​ចេញ​ពី​ក្រុង​នីនីវេ​នេះ​ទៅ! កុំ​នៅ​ទី​នេះ​ទៀត​ឡើយ។ ក្រោយ​ពី​បាន​បញ្ចុះ​សព​ម្ដាយ​របស់​កូន នៅ​ក្បែរ​ពុក​រួច ចូរ​កូន​កុំ​នៅ​ក្រុង​នេះ​ត​ទៅ​ទៀត​ឡើយ សូម្បី​តែ​មួយ​យប់​ក៏​មិន​បាន​ដែរ! ដ្បិត​ពុក​ឃើញ​អំពើ​ទុច្ច‌រិត​បាន​សាប​ព្រោះ​ក្នុង​ក្រុង ហើយ​អ្នក​ក្រុង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ច‌រិត​ជា​ច្រើន តែ​គ្មាន​នរណា​អៀន​ខ្មាស​ឡើយ។ ១០ ចូរ​កូន​នឹក​ដល់​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​លោក​ណាដន​បាន​ប្រព្រឹត្ត ចំពោះ​លោក​អហ៊ីការ ជា​ឪពុក​ចិញ្ចឹម​របស់​គាត់ គឺ​គាត់​បាន​យក​លោក​អហ៊ីការ ទៅ​ដាក់​គុក​ងងឹត នៅ​ក្រោម​ដី​ទាំង​រស់។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​គាត់​អាម៉ាស់ នៅ​ចំពោះ​មុខ​លោក​អហ៊ីការ! គឺ​លោក​អហ៊ីការ​ចេញ​មក​ឃើញ​ពន្លឺ​វិញ។ រីឯ​លោក​ណាដន ធ្លាក់​ក្នុង​ទី​ងងឹត​អស់​កល្ប‌ជានិច្ច ដ្បិត​គាត់​ចង់​សម្លាប់​លោក​អហ៊ីការ។ លោក​អហ៊ីការ​ធ្លាប់​ចែក​ទាន លោក​បាន​រួច​ផុត​ពី​អន្ទាក់ ដែល​លោក​ណាដន​ដាក់​ពី​មុខ​លោក តែ​លោក​ណាដន​បាន​ជាប់​អន្ទាក់​របស់​ខ្លួន ហើយ​ត្រូវ​អន្ត‌រាយ​វិញ។ ១១ ដូច្នេះ កូន​អើយ! ចូរ​សង្កេត​មើល​ផល​នៃ​ទាន និង​ផល​នៃ​អំពើ​ទុច្ចរិត! គឺ​អំពើ​ទុច្ចរិត​បង្ក​បង្កើត​សេចក្ដី​ស្លាប់ ប៉ុន្តែ ឥឡូវ​នេះ ជីវិត​របស់​ពុក​ជិត​ផុត​រលត់​ហើយ!»។ គេ​ដាក់​លោក​តូប៊ីត​លើ​គ្រែ ហើយ​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។ គេ​ធ្វើ​បុណ្យ​បញ្ចុះ​សព យ៉ាង​អធិក‌អធម។
ពាក្យ​បញ្ចប់
១២ កាល​ម្ដាយ​របស់​លោក​តូប៊ីយ៉ា ទទួល​មរណ‌ភាព លោក​បាន​យក​សព​របស់​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ជា​មួយ​ឪពុក។ បន្ទាប់​មក លោក​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ែដ ជា​មួយ​ភរិយា​របស់​លោក។ គាត់​រស់​នៅ​ស្រុក​អែកបាតាន ក្បែរ​លោក​រ៉ាគូ‌អែល ជា​ឪពុក​ក្មេក។ ១៣ គាត់​គោរព​ឪពុក‌ម្ដាយ​ក្មេក​យ៉ាង​ខ្លាំង ក្នុង​ពេល​គាត់​ចាស់​ជរា។ គាត់​បញ្ចុះ​សព​អ្នក​ទាំង​ពីរ នៅ​ក្បែរ​ក្រុង​អែក​បាតាន ក្នុង​ស្រុក​ម៉ែដ រួច​គាត់​ទទួល​កេរ​មត៌ក​ពី​លោក រ៉ាគូ‌អែល និង​ទទួល​កេរ​មត៌ក​ពី​លោក​តូប៊ីត ជា​ឪពុក​គាត់​ដែរ។ ១៤ គេ​តែង​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា ហើយ​គាត់​ទទួល​មរណ‌ភាព​ក្នុង​ជន្មាយុ​មួយ‌រយ​ដប់​ប្រាំពីរ​ឆ្នាំ។ ១៥ មុន​ពេល​គាត់​ទទួល​មរណ‌ភាព គាត់​ទទួល​ដំណឹង​ថា ក្រុង​នីនីវេ​ត្រូវ​អន្ត‌រាយ​ហើយ គាត់​ក៏​ឃើញ​អ្នក​ក្រុង​នីនីវេ​ដែល​ព្រះ‌មហា​ក្សត្រ​ស៊ី‌អាសារ ស្ដេច​ស្រុក​ម៉ែដ​កៀរ​មក​ដែរ។ គាត់​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ចំពោះ​ការ​ទាំង​អស់ ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ក្រុង​នីនីវេ និង​ស្រុក​អាស្ស៊ីរី។ មុន​ពេល​គាត់​ទទួល​មរណ‌ភាព គាត់​មាន​អំណរ​សប្បាយ​ដោយ​ក្រុង​នីនីវេ​ត្រូវ​អន្ត‌រាយ ហើយ​គាត់​លើក​តម្កើង​ព្រះ‌ជាម្ចាស់ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ «អាម៉ែន!»
785 Views

Theme: Overlay by Kaira