សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
បទចម្រៀងព្រះបាទសាឡូម៉ូន
ពាក្យលំនាំ
បទចម្រៀងរបស់ព្រះបាទសាឡូម៉ូន
ពាក្យលំនាំ
«បទចម្រៀងរបស់ព្រះបាទសាឡូម៉ូន» មានលក្ខណៈខុសប្លែកពីកណ្ឌគម្ពីរឯទៀតៗ ព្រោះជាសៀវភៅចម្រៀងស្នេហា ដែលចងក្រងឡើងជាកំណាព្យ លាតត្រដាងនូវមនោសញ្ចេតនារបស់គូកំណាន់ចិត្តពីររូប។ ឃ្លាប្រយោគខ្លះក្នុងកណ្ឌគម្ពីរនេះ ធ្វើឲ្យអ្នកអាននឹកអៀនខ្លួន ចំពោះពាក្យពេចន៍ស្នេហាដែលប្រើនៅក្នុងនោះ។ ហេតុនេះហើយបានជាតាំងពីបុរាណកាលរៀងមក គេតែងចាត់ទុកកំណាព្យនៅក្នុងកណ្ឌគម្ពីរនេះ ជានិមិត្តរូបនៃសេចក្ដីស្រឡាញ់រវាងព្រះជាម្ចាស់ និងប្រជាជនរបស់ព្រះអង្គ។ ប៉ុន្តែ សេចក្ដីស្នេហារវាងបុរស និងស្ត្រីក៏ជាព្រះអំណោយទានមួយរបស់ព្រះជាម្ចាស់ដែរ។
យើងអាចបែងចែកកំណាព្យនៅក្នុងកណ្ឌគម្ពីរ «បទចម្រៀងរបស់ព្រះបាទសាឡូម៉ូន» ជាប្រាំពីរផ្នែក: ១.២‑២.៧, ២.៨-១៧, ៣.១-៥.១, ៥.២-៦.៣, ៦.៤-៧.១១, ១៧.១២-៨.៥ក, ៨.៥ខ-១៤។ កំណាព្យទាំងនេះថ្លែងអំពីគូស្នេហាដែលស្វែងរកគ្នា រហូតដល់បានជួបគ្នា រួចព្រាត់គ្នាវិញ និងចាប់ផ្តើមរត់រកគ្នាសាជាថ្មី។ ពេលខ្លះ មានពាក្យបន្ទរពីអ្នកក្រៅគឺ ពួកគង្វាល ដែលជាមិត្តភក្ដិរបស់យុវជន ព្រមទាំងម្ដាយ បងប្រុស ឬមិត្តសម្លាញ់របស់យុវនារី។ អ្នកទាំងនោះហាក់ដូចជាមានបំណងធ្វើអន្តរាគមន៍ជ្រៀតជ្រែកចូលមកក្នុងសេចក្ដីស្នេហារបស់អ្នកទាំងពីរ។ ប៉ុន្តែ សេចក្ដីស្នេហាមិនមែនជាកម្មសិទ្ធិរបស់អ្នកទាំងនោះទេ តែជាអំណោយទានដែលព្រះជាម្ចាស់ប្រទានដល់គូស្នេហាដែលមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។
១
1 នេះជាបទចម្រៀងដ៏ពីរោះជាងគេបំផុត
តែងឡើងដោយព្រះបាទសាឡូម៉ូន។
2 សូមបងថើបអូនឲ្យអស់ចិត្តមក
ដ្បិតសេចក្ដីស្រឡាញ់របស់បង
វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។
3 ក្លិនរបស់បងក្រអូបណាស់
ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។
ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ
នាំគ្នាស្រឡាញ់បង។
4 សូមបងដឹកដៃអូន
យើងប្រញាប់ទៅជាមួយគ្នា។
បងជាស្តេចរបស់អូន
សូមនាំអូនចូលក្នុងបន្ទប់របស់បងផង
យើងនឹងរួមសប្បាយជាមួយគ្នា។
យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង
ដែលវិសេសជាងស្រាទំពាំងបាយជូរ។
ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ
ពិតជាត្រឹមត្រូវមែន។
5 ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំមានសម្បុរខ្មៅមែន
តែខ្ញុំមានរូបឆោមល្អណាស់
គឺល្អដូចពន្លានៅស្រុកកេដារ
និងដូចកម្រាលព្រំរបស់ព្រះបាទសាឡូម៉ូន។
6 កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយ
ខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។
បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំ
ហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរ
តែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូរ
របស់ខ្ញុំផ្ទាល់ទេ។
7 ម្ចាស់ចិត្តរបស់អូនអើយ សូមប្រាប់អូនមកថា
តើបងឃ្វាលហ្វូងចៀមរបស់បងនៅទីណា
នៅពេលថ្ងៃត្រង់ តើបងឲ្យហ្វូងចៀម
សម្រាកនៅកន្លែងណា?
សូមកុំទុកឲ្យអូនដើររកបង
នៅក្បែរហ្វូងចៀមមិត្តភក្ដិរបស់បងឡើយ!
8 ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ
ប្រសិនបើនាងមិនដឹងទេ
ចូរដើរតាមដានរបស់ហ្វូងចៀម
ហើយឃ្វាលពពែរបស់នាង
នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
9 អូនសម្លាញ់អើយ អូនមានរូបឆោមល្អ
ដូចសេះដែលទឹមរាជរថរបស់
ព្រះចៅផារ៉ោន។
10 គ្រឿងអលង្ការរបស់អូន
ធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាត
ហើយខ្សែករបស់អូន
ក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។
11 យើងនឹងធ្វើក្រវិលមាស
ដែលមានលំអដោយប្រាក់ឲ្យនាងពាក់។
12 ពេលព្រះរាជាកំពុងសោយព្រះស្ងោយ
ទឹកអប់ទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូប។
13 ព្រះរាជាជាម្ចាស់ចិត្តរបស់ខ្ញុំ ប្រៀបបាននឹង
ផ្កាមួយបាច់នៅលើទ្រូងរបស់ខ្ញុំ។
14 ម្ចាស់ចិត្តរបស់ខ្ញុំប្រៀបបាននឹងលំអងផ្កា
ដែលដុះនៅតាមប្រភពទឹកអេនកេឌី
15 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់!
អូនល្អដាច់គេ!
កែវភ្នែករបស់អូនមានសម្រស់ដូចសត្វព្រាប។
16 ម្ចាស់ចិត្តអូនអើយ
បងក៏ស្អាត គួរឲ្យស្រឡាញ់ដែរ!
ស្លឹកឈើដ៏ខៀវខ្ចីនេះជាគ្រែរបស់យើង។
17 មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើង
ហើយដើមកកោះទាំងនេះ
ជាជញ្ជាំងផ្ទះរបស់យើង។
២
1 រូបអូនប្រៀបបាននឹងបុបា្ផ នៅវាលសារ៉ូន
និងដូចផ្កាក្រវាន់ដុះនៅតាមជ្រលងភ្នំ។
2 ក្នុងចំណោមស្រីៗទាំងឡាយ
អូនប្រៀបបាននឹងផ្កាក្រវាន់នៅក្នុងបន្លា។
3 ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង
ចំណោមយុវជនទាំងឡាយ
ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។
អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង
ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។
4 ម្ចាស់ជីវិតរបស់ខ្ញុំបាននាំខ្ញុំចូលទៅក្នុង
ដំណាក់ស្រាទំពាំងបាយជូរ
នៅពីលើខ្ញុំមានសរសេរថា «សេចក្ដីស្នេហា»។
5 សូមចម្អែតខ្ញុំ ដោយនំទំពាំងបាយជូរ
សូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទាន
ដើម្បីមានកម្លាំងឡើងវិញ
ដ្បិតខ្ញុំមានជំងឺស្នេហា។
6 ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ
ហើយដៃស្តាំរបស់បងឱបរឹតខ្ញុំ។
7 ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្តាន់
និងសត្វប្រើសធ្វើជាសាក្សីថា
មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប
កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
8 ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំ
គាត់កំពុងតែមក
ទាំងលោតផ្លោះនៅលើភ្នំតូចធំ។
9 ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្តាន់ ឬប្រើសស្ទាវ
មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ
គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។
10 ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា:
អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង
ស្រីស្រស់ស្អាតអើយ ចូរចេញមក!
11 ដ្បិតរដូវរងាបានកន្លងផុតទៅហើយ
រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។
12 បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញស្រុក
ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ
លលកបូលលាន់ឮពេញក្នុងស្រុកយើង។
13 ឧទុម្ពរចាប់ផ្តើមផ្លែ
ដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូប
អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង
ស្រីស្រស់ស្អាតអើយ ចូរចេញមក!
14 ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន
នៅតាមក្រហែងថ្ម
សូមបង្ហាញមុខឲ្យបងឃើញផង
សូមបន្លឺសំឡេងឲ្យបងឮផង
ដ្បិតសំឡេងរបស់អូនពីរោះ
ហើយមុខរបស់អូនស្អាតណាស់។
15 ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើង
កូនកញ្ជ្រោងទាំងនោះបំផ្លាញ
ទំពាំងបាយជូររបស់យើង
ដែលកំពុងតែចេញផ្កា។
16 ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ
ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ
គាត់ឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។
17 ម្ចាស់ជីវិតអូនអើយ សូមវិលទៅវិញ
ឲ្យបានមុនជំនោរពេលល្ងាច
ហើយមុនពេលស្រមោលរលាយបាត់ទៅ។
សូមវិលទៅវិញឲ្យបានលឿនដូចក្តាន់
និងប្រើសស្ទាវ នៅលើភ្នំដែលបែកគ្នា។
៣
1 ពេលយប់នៅលើគ្រែ
ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ
ខ្ញុំស្វែងរកគាត់ តែរកពុំឃើញទេ។
2 ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង
ដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ
នៅតាមផ្លូវ នៅតាមផ្សារ
ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។
3 ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង
ខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញ
ម្ចាស់ចិត្តរបស់ខ្ញុំទេ?»
4 ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិចទៅ
ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។
ខ្ញុំឱបគាត់ជាប់ ឥតដកដៃឡើយ
ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្ដាយខ្ញុំ
ចូលទៅក្នុងបន្ទប់របស់ម្ដាយ
ដែលបានបង្កើតខ្ញុំមក។
5 ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្តាន់
និងសត្វប្រើស ធ្វើជាសាក្សីថា
មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប
កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
6 តើនរណាឡើងពីវាលរហោស្ថាន
ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ
គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
7 នេះជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន
ដែលហែហមដោយទាហានដ៏អង់អាច
ចំនួនហុកសិបនាក់
គឺជាទាហានដ៏អង់អាចជាងគេ
នៃកងទ័ពអ៊ីស្រាអែល។
8 អ្នកទាំងនោះប្រដាប់អាវុធ
រៀបចំខ្លួនធ្វើសឹកសង្គ្រាម។
ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង
ភាពអាសន្ន នៅពេលយប់។
9 ព្រះបាទសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ
ពីឈើស្រុកលីបង់។
10 ស្តេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស
រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។
ផ្នែកខាងក្នុង លំអដោយក្រណាត់ប៉ាក់
ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម
ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។
11 ស្ត្រីនៅក្រុងស៊ីយ៉ូនអើយ
ចូរនាំគ្នាចេញមកមើលព្រះបាទសាឡូម៉ូន
ស្តេចពាក់មកុដដែលមាតាបានបំពាក់ថ្វាយ
នៅថ្ងៃស្តេចរៀបអភិសេក
ជាថ្ងៃដែលស្តេចមានព្រះហឫទ័យរីករាយ។
៤
1 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់!
នៅពីក្រោយស្បៃ
កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ
សក់របស់អូនមានពណ៌ខ្មៅ
ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។
2 ធ្មេញរបស់អូនមានពណ៌ស
ដូចហ្វូងចៀមដែលគេទើបនឹងកាត់រោម
ហើយនាំគ្នាឡើងពីអណ្ដូងទឹកមកវិញ។
វាសុទ្ធតែមានគូរបស់វា
ហើយគ្មានណាមួយនៅឯកោឡើយ។
3 បបូរមាត់របស់អូនប្រៀបបាននឹង
ខ្សែបូពណ៌ក្រហម
មាត់របស់អូនស្អាតណាស់
នៅពីក្រោយស្បៃ ថ្ពាល់របស់អូន
ក្រហមស្រស់ដូចផ្លែទទឹម។
4 ករបស់អូនប្រៀបបាននឹងប៉មរបស់ស្តេចដាវីឌ
ដែលមានរាងមូល ហើយរលោង
មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ
គឺជាខែលរបស់ទាហានដ៏អង់អាច។
5 សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះ
របស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។
6 ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ
និងភ្នំគ្រឿងក្រអូប
ឲ្យបានមុនជំនោរពេលល្ងាច
ហើយមុនពេលស្រមោលរលាយបាត់ទៅ។
7 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់
អូនល្អឥតខ្ចោះ។
8 សម្លាញ់ចិត្តបងអើយ
ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង!
ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង!
ចូរមើលពីកំពូលភ្នំអាម៉ាណា
កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ែរមូន។
ចូរចាកចេញពីលំនៅរបស់សិង្ហ
និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។
9 អូនស្រីសម្លាញ់ចិត្តបងអើយ
អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ
ដោយសារកែវភ្នែករបស់អូន
និងដោយសារលំអខ្សែកតែមួយរបស់អូន
អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ។
10 អូនស្រីសម្លាញ់ចិត្តបងអើយ
សេចក្ដីស្រឡាញ់របស់អូនទន់ភ្លន់ណាស់
សេចក្ដីស្រឡាញ់របស់អូន ប្រសើរជាង
ស្រាទំពាំងបាយជូរ
ហើយក្លិនរបស់អូនក្រអូបជាងគ្រឿងក្រអូប
ទាំងប៉ុន្មានទៅទៀត។
11 សម្លាញ់ចិត្តបងអើយ
បបូរមាត់អូនមានរសជាតិផ្អែម
ដូចទឹកដមរបស់ផ្កា
នៅក្រោមអណ្ដាតរបស់អូន
ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោ
ហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូប
ដូចព្រៃព្រឹក្សានៅស្រុកលីបង់។
12 អូនស្រីសម្លាញ់ចិត្តបងអើយ
អូនជាសួនឧទ្យានតែមួយគត់របស់បង
អូនជាអណ្ដូងទឹករបស់បង
និងជាប្រភពទឹករបស់បង។
13 ក្លិនរបស់អូនប្រៀបបាននឹងក្លិនរបស់
ចម្ការទទឹម ដែលមានផ្លែយ៉ាងល្អវិសេស។
ចម្ការនោះក៏មានដាំដើមខ្លឹមចន្ទន៍ និងទេព្វិរូដែរ
14 ដើមទេព្វិរូ និងរមៀត
ដើមចំប៉ី និងដើមសម្បុរល្វែង
ព្រមទាំងដើមឈើទាំងអស់សម្រាប់ធ្វើ
គ្រឿងក្រអូប ជ័រល្វីងទេស ក្រស្នា និងឈើក្រអូបដ៏វិសេស
គ្រប់យ៉ាង។
15 អូនជាប្រភពទឹក ហូរស្រោចស្រពសួនឧទ្យាន
អូនជាអណ្ដូងផ្តល់ទឹករស់
និងជាទឹកជ្រោះដែលហូរចុះពីភ្នំលីបង់។
16 ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង
ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មក
ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ
ដើម្បីឲ្យសាយក្លិនក្រអូប!
សូមម្ចាស់ចិត្តរបស់អូន
ចូលមកក្នុងសួនឧទ្យានរបស់បង
ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ!
៥
1 អូនស្រីសម្លាញ់ចិត្តបងអើយ
បងចូលក្នុងសួនឧទ្យានរបស់បងហើយ
បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង
បងនឹងបរិភោគទឹកឃ្មុំរបស់បង
បងនឹងផឹកស្រាទំពាំងបាយជូរ
និងទឹកដោះគោរបស់បង។
មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា
សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ
ឲ្យបានស្កប់ស្កល់ចុះ។
2 ខ្ញុំបានគេងលក់ទៅហើយ
តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។
ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា:
ប្អូនស្រីសម្លាញ់ចិត្តបងអើយ
ចូរបើកទ្វារឲ្យបងផង
អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។
ក្បាលរបស់បងទទឹកជោក
ដោយសន្សើមដែលធ្លាក់នៅពេលយប់។
3 អូនដោះសម្លៀកបំពាក់ចេញទៅហើយ
តើឲ្យអូនស្លៀកវិញដូចម្ដេចបាន?
អូនទើបនឹងលាងជើង
តើឲ្យអូនប្រឡាក់ជើងវិញដូចម្ដេចកើត?
4 ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាម
ប្រហោងទ្វារ
ធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។
5 ខ្ញុំក៏ស្ទុះឡើងដើម្បីបើកទ្វារ
ប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំ
ស្រក់ទៅលើរនុកទ្វារ។
6 ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំ
តែគាត់ចាកចេញទៅបាត់។
ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។
ខ្ញុំតាមរកគាត់ តែរកពុំឃើញ
ខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។
7 ពួកអ្នកយាមល្បាតទីក្រុងជួបខ្ញុំ
ពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួស
ពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួន
ចេញពីខ្ញុំ។
8 ស្ត្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាងថា
ប្រសិនបើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំ
តើពួកនាងប្រាប់គាត់ថាដូចម្ដេច?
ចូរប្រាប់គាត់ថា ខ្ញុំមានជំងឺស្នេហា។
9 ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ
តើម្ចាស់ចិត្តរបស់នាងមានអ្វីប្លែក
ជាងបុរសឯទៀត
បានជានាងសុំឲ្យយើងប្រាប់គាត់ដូច្នេះ។
10 ម្ចាស់ជីវិតរបស់ខ្ញុំ មានសម្បុរ ស
និងស្បែកភ្លឺរលោង
ទោះបីគាត់ស្ថិតនៅក្នុងចំណោមមនុស្ស
មួយម៉ឺននាក់ក្តី ក៏ឃើញប្លែកពីគេដែរ។
11 ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ
សក់របស់គាត់រួញដូចអង្គាសដី
ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។
12 ភ្នែករបស់គាត់ស្រស់ស្អាត
ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។
ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌ស
ហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។
13 ថ្ពាល់របស់គាត់ប្រៀបបីដូចថ្នាល
ដែលមានពេញដោយផ្កា សាយគន្ធពិដោរ
បបូរមាត់របស់គាត់ប្រៀបដូចជាផ្កាក្រវាន់
ដែលបញ្ចេញក្លិនយ៉ាងក្រអូប។
14 ដៃរបស់គាត់ប្រៀបបាននឹងកងមាស
ដែលមានដាំត្បូងពេជ្រ។
ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក
ដែលគេខាត់យ៉ាងរលើប
ព្រមទាំងមានដាំត្បូងកណ្ដៀងផង។
15 ជើងរបស់គាត់ប្រៀបបាននឹងសសរ
ធ្វើពីថ្មកែវពណ៌ស
ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។
គាត់មានរាងសង្ហាដូចភ្នំលីបង់
ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។
16 មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់
គាត់ជាមនុស្សគួរឲ្យនែបនិត្យ។
ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ
ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ
មានលក្ខណៈយ៉ាងនេះហើយ។
៦
1 ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ
តើម្ចាស់ចិត្តរបស់នាងទៅទីណា?
តើគាត់តម្រង់ទៅទិសណា?
យើងស្វែងរកគាត់ជាមួយនាងដែរ។
2 ម្ចាស់ចិត្តរបស់ខ្ញុំបានចុះទៅក្នុង
សួនឧទ្យានរបស់គាត់ឆ្ពោះទៅថ្នាល
ដែលមានពេញដោយផ្កាសាយគន្ធពិដោរ។
គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់
ព្រមទាំងបេះផ្កាក្រវាន់ផង។
3 ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ
ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ
គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។
4 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់
គឺស្អាតដូចក្រុងទៀរសា
ស្រស់ដូចក្រុងយេរូសាឡឹម
ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។
5 ចូរកុំសម្លឹងមើលមកបងដូច្នេះ
ដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតី
សក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែ
ចុះពីភ្នំនៅស្រុកកាឡាត។
6 ធ្មេញរបស់អូនមានពណ៌ស
ដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។
វាសុទ្ធតែមានគូរបស់វា
ហើយគ្មានណាមួយនៅឯកោឡើយ។
7 នៅពីក្រោយស្បៃ
ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។
8 ស្តេចមានមហេសីហុកសិបនាក់
មានស្រីស្នំប៉ែតសិបនាក់
ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា
9 ក៏ប៉ុន្តែ ចំពោះបងវិញ
មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត
អូនល្អឥតខ្ចោះ
អូនជាកូនតែមួយគត់របស់ម្ដាយ
ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។
ពួកយុវនារីឃើញនាង
ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល
ពួកមហេសី និងពួកស្រីស្នំ
ក៏កោតសរសើរនាងដែរ។
10 តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ
មានរូបឆោមល្អដូចព្រះច័ន្ទ
មានពន្លឺរស្មីដូចព្រះអាទិត្យ
ហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះ
ជានរណា?
11 ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ
ដើម្បីមើលកូនឈើដែលទើបនឹងដុះ
មើលទំពាំងបាយជូរដែលទើបនឹងពន្លក
មើលដើមទទឹម ក្រែងលោមានផ្កា។
12 ខ្ញុំភាន់ភាំងស្មារតី
ទោះបីខ្ញុំជាអ្នកត្រកូលខ្ពស់ក្តី
ក៏ខ្ញុំលែងយល់អ្វីទាំងអស់។
៧
1 ស្ត្រីសាសន៍ស៊ូឡាមអើយ
ចូរនាងរាំ ចូរនាងរាំ
ដើម្បីឲ្យយើងគយគន់មើលនាងផង។
ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល
ស្ត្រីសាសន៍ស៊ូឡាមនេះ
តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ
ទាំងពីរពួកឬ?
2 ម្ចាស់ក្សត្រិយ៍អើយ
អូនពាក់ស្បែកជើងដូច្នេះស្អាតណាស់!
ចង្កេះរបស់អូនរាងមូល ដូចខ្សែក
ដែលជាស្នាដៃរបស់ជាងដ៏ចំណាន។
3 ផ្ចិតរបស់អូនមានរាងដូចពែង
ពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។
ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី
ដែលមានផ្កាក្រវាន់លំអជុំវិញ។
4 សុដន់ទាំងពីររបស់អូន ប្រៀបបាននឹងកូនភ្លោះ
របស់ប្រើស។
5 ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។
ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង
នៅក្រុងហេសបូនដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម
ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់
ដែលបែរទៅរកក្រុងដាម៉ាស។
6 ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន
ដូចភ្នំកាម៉ែល។
សរសៃសក់របស់អូនប្រៀបបីដូចក្រណាត់ដ៏ទន់។
ព្រះរាជា
គាប់ព្រះហឫទ័យនឹង ផ្នួងសក់របស់អូនណាស់។
7 គូស្នេហ៍របស់បង ព្រលឹងមាសបងអើយ
អូនល្អស្អាត គួរឲ្យស្រឡាញ់ណាស់។
8 រូបរាងរបស់អូនល្អស្អាតដូចដើមទន្លាប់
សុដន់របស់អូនក៏ដូចផ្លែទន្លាប់ដែរ។
9 បងគិតថា ត្រូវតែឡើងដើមទន្លាប់នេះ
ដើម្បីបេះផ្លែរបស់វា។
សូមឲ្យសុដន់របស់អូនប្រៀបបាននឹង
ចង្កោមទំពាំងបាយជូរ
ហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូប
ដូចផ្លែចន្ទន៍។
10 មាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរ
យ៉ាងឆ្ងាញ់!
មែនហើយ សូមឲ្យស្រាទំពាំងបាយជូរនេះ
ហូរមកសម្រាប់ម្ចាស់ចិត្តអូន
សូមឲ្យស្រាទំពាំងបាយជូរនេះ
ស្រក់លើបបូរមាត់ដែលកំពុងតែលង់លក់។
11 ខ្ញុំប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់ខ្ញុំ
ហើយគាត់ចង់បានខ្ញុំណាស់។
12 ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមក
យើងទៅចម្ការជាមួយគ្នា
យប់នេះ យើងសម្រាកនៅតាមភូមិ។
13 ព្រលឹមឡើង យើងទៅចម្ការទំពាំងបាយជូរ
ដើម្បីមើល ក្រែងលោទំពាំងបាយជូរពន្លកឡើង
ហើយចេញផ្កា
រួចយើងមើល ក្រែងលោដើមទទឹមមានផ្កា។
នៅទីនោះ អូននឹងប្រគល់ស្នេហាជូនបង។
14 ផ្លែស្នេហ៍សាយក្លិនយ៉ាងក្រអូប
នៅមាត់ទ្វាររបស់យើង
មានផ្លែដ៏ល្អវិសេសគ្រប់មុខ
គឺទាំងផ្លែចាស់ និងផ្លែថ្មី។
ម្ចាស់ចិត្តអូនអើយ
អូនរក្សាផ្លែទាំងនោះទុកជូនបង។
៨
1 ប្រសិនបើបងជាបងប្រុសរបស់អូន
ដែលបៅដោះម្ដាយរបស់អូន
នោះអូនមុខជាចេញមកជួបបងនៅខាងក្រៅ
អូនមុខជាឱបថើបបង
ហើយគ្មាននរណាមើលងាយអូនឡើយ។
2 អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន
បងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់
ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់
ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។
3 ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ
ហើយដៃស្តាំរបស់បងឱបរឹតខ្ញុំ។
4 ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាងថា
មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប
កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
5 តើស្ត្រីដែលឡើងទៅវាលរហោស្ថាន
ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង
នោះជានរណា?
អូនបានដាស់បង នៅក្រោមដើមចន្ទន៍
ជាកន្លែងដែលមាតារបស់បងមានគភ៌
ហើយបង្កើតបងមក។
6 សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង
ដើម្បីកុំឲ្យភ្លេចឡើយ
ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច
សេចក្ដីស្លាប់
សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់
សេចក្ដីស្នេហានេះឆាបឆេះដូចភ្លើងរបស់ព្រះអម្ចាស់។
7 មហាសាគរពុំអាចពន្លត់ភ្លើង
នៃសេចក្ដីស្នេហាបានឡើយ
រីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្ដី
ស្នេហាបានដែរ
ផ្ទុយទៅវិញ អ្នកណាយកទ្រព្យសម្បត្តិ
ទាំងប៉ុន្មានរបស់ខ្លួនទិញសេចក្ដីស្នេហា
អ្នកនោះជាមនុស្សគួរឲ្យមើលងាយ។
8 យើងនៅមានប្អូនស្រីម្នាក់
តែនាងមិនទាន់ពេញរូបរាងទេ
នៅថ្ងៃដែលមានគេមកចែចង់នាង
តើយើងត្រូវធ្វើដូចម្ដេច?
9 ប្រសិនបើនាងជាកំពែងក្រុងមួយ
នោះយើងនឹងសង់ប៉មពីប្រាក់ការពារនាង
ប្រសិនបើនាងជាទ្វារក្រុង
នោះយើងនឹងយកបន្ទះឈើតាត្រៅ
មកបាំងនាង។
10 ខ្ញុំជាកំពែងក្រុងមួយ
សុដន់របស់ខ្ញុំប្រៀបបាននឹងប៉មរបស់ក្រុងនេះ
ខ្ញុំផ្តល់សេចក្ដីសុខសាន្តដល់ម្ចាស់ចិត្តរបស់ខ្ញុំ។
11 ព្រះបាទសាឡូម៉ូនមានចម្ការទំពាំងបាយជូរមួយ
នៅបាលហាម៉ូន
ស្តេចបានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា
មើលខុសត្រូវ។
ម្នាក់ៗត្រូវយកប្រាក់មួយពាន់ស្លឹងថ្វាយស្តេច។
12 បពិត្រព្រះបាទសាឡូម៉ូន
ព្រះករុណាទទួលយកប្រាក់មួយពាន់ស្លឹងនេះ
តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។
រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ
ខ្ញុំរក្សាទុកខ្លួនឯង។
13 អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ
មានគេលួចស្ដាប់សំឡេងរបស់អូន។
ចូរបន្លឺសំឡេងឲ្យបងឮផង!
14 សម្លាញ់ចិត្តអូនអើយ
សូមរត់ចេញពីទីនេះទៅ!
សូមរត់យ៉ាងលឿនដូចក្តាន់ និងប្រើសស្ទាវ
រត់នៅលើភ្នំដែលពោរពេញដោយ
គន្ធពិដោរ។
359 Views