ឆ្នាំ២០២៥នេះ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ប្រកាសយ៉ាងឱឡារិកជាឆ្នាំនៃព្រះមហា​ករុណាទិគុណ ក្រោមប្រធានបទ “បូជនីយេសក៍នៃសេចក្តីសង្ឃឹម” សម្រាប់ព្រះសហគមន៍កាតូលិកទូទាំងសកលលោក។ សម្តេចប៉ាបអញ្ជើញយើងឱ្យមានសេចក្តីសង្ឃឹមជានិច្ច “ដ្បិតសេចក្តីសង្ឃឹមដាស់យើងឱ្យចេះស្រេកឃ្លាន ចេះស្រូបយក ចេះ​ប៉ងប្រាថ្នាជីវិតគ្រប់លក្ខណៈ និងជោគជ័យ។ សេចក្តីសង្ឃឹមផ្តល់​ឱ្យមានឆន្ទៈ​ចង់បានឧត្តមភាពដែលបំពេញដួងចិត្តឱ្យបានស្កប់ស្កល់ និងលើកតម្កើងវិញ្ញាណយើងឱ្យស្គាល់សេចក្តីថ្លៃថ្នូរដូចជា សេចក្តីពិត សេចក្តីសប្បុរស សោភ័ណភាព យុត្តិធម៌ និងសេច​ក្តីស្រឡាញ់។ សេចក្តីសង្ឃឹមផ្ដល់ឱ្យមានចិត្តក្លាហាន ចេះសម្លឹងមើលហួសពីសេចក្តីសុខផ្ទាល់ខ្លួន គឺសុវត្ថិភាព និងរង្វាន់បន្តិចបន្តួចដែលបង្រួញទស្សនវិស័យវែងឆ្ងាយ ដើម្បីផ្តល់ឱ្យយើងមានឧត្ដមគតិដែលញ៉ាំងឱ្យជីវិតកាន់តែស្រស់​ស្អាត និងមានប្រយោជន៍ថែមទៀត។” (Fratelli Tutti, លេខ ៥៥)។

សេចក្តី​​សង្ឃឹមនៅក្នុងគ្រីស្តសាសនាមិនមែនជាទ្រឹស្ដី ឬជាទស្សនៈរបស់មនុស្សនោះទេ ពោលគឺជាព្រះអំណោយ​​ទាន​មក​ពី​ព្រះជាម្ចាស់ដែលប្រទានឱ្យយើង ក្នុងអង្គព្រះយេស៊ូគ្រីស្តដែលបានបំពេញសក្ខីភាពនៅក្នុង​ប្រត្តិសាស្រ្ត​​ស្របតាមព្រះបន្ទូល​សន្យា ក្នុងគម្ពីរធម្មវិន័យ និងគម្ពីរព្យាការី ដែលបានថ្លែងចំពោះប្រជារាស្រ្តអ៊ីស្រាអែលនៅក្នុងគម្ពីរសម្ពន្ធមេត្រីទី១។ សេចក្តីសង្ឃឹមគឺជាគុណធម៌មួយដ៏សំខាន់ក្នុងចំណោម​​គុណធម៌ទាំងបីក្នុងគ្រីស្តសាសនា គឺជំនឿ សេចក្តីសង្ឃឹម និងសេចក្ដីស្រឡាញ់ ដែលគ្រីស្តទូតប៉ូលបានប្រកាស (១ករ ១៣,១៣)។ កាលណានិយាយដល់សេចក្តីសង្ឃឹម នាំឱ្យខ្ញុំនឹកដល់សន្តប៉ូល ដ្បិតលោកគឺជាគ្រីស្តទូតដ៏ឧត្ដមបំផុតម្នាក់នៅក្នុងគ្រីស្តសាសនាដែលបានប្រកាស និងបង្រៀនយើងឱ្យស្គាល់ និងមានសេចក្តីសង្ឃឹមនេះ។ គ្រីស្តទូតប៉ូលស៊ូប្តូរជីវិត ធ្វើការនឿយ‌ហត់ច្រើនជាងគេ រងទុក្ខលំបាករាប់មិនអស់ ជាប់ឃុំឃាំង និងជួបគ្រោះថ្នាក់ជាញឹកញ៉ាប់ ក្នុងពេលធ្វើដំណើរផ្សងគ្រោះថ្នាក់ចម្ងាយរាប់ពាន់គីឡូម៉ែត្រចំនួនបីលើក នៅតំបន់សមុទ្រមេឌីទេរ៉ាណេរហូតដល់ទ្វីបអឺរ៉ុប ដើម្បីប្រកាសដំណឹង​ល្អដល់ជាតិសាសន៍នានា។ ជាពិសេស លោកខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយ​គិតដល់ព្រះ‌សហគមន៍ទាំងអស់ផងដែរ។

«ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ច្រើន​ជាងគេ ខ្ញុំ​បាន​ជាប់​ឃុំ‌ឃាំង​ច្រើន​ជាងគេ ខ្ញុំ​ត្រូវ​គេ​វាយ‌ដំ​ច្រើនហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹក‌ញាប់​ដែរ។ ខ្ញុំ​ត្រូវ​ជន​ជាតិ​យូដា​វាយ​សាម‌សិប​ប្រាំ​បួន​រំពាត់​ចំនួន​ប្រាំ​ដង។ គេ​វាយ​ខ្ញុំ​នឹង​ដំបង​ចំនួន​បី​លើក គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង ហើយ​មាន​ម្ដង​ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​មួយ​ថ្ងៃ​មួយ​យប់។ ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែង‌តែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹក‌ញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់ ព្រោះ​តែ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។ ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ខ្វល់‌ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ព្រះ‌សហគមន៍​ទាំង​អស់​ផង​ដែរ។»
(២ករ ១១,​២៣-២៨)។

ព្រះយេស៊ូគ្រីស្តបានត្រាស់ហៅលោកប៉ូលឱ្យធ្វើជាគ្រីស្តទូតប្រកាសព្រះបន្ទូលព្រះអង្គដល់មនុស្សគ្រប់ជាតិសាសន៍ ហើយគាត់ត្រូវរងទុក្ខលំបាកដោយសារតែព្រះនាមព្រះអង្គ (កក ៩,១៥-១៦)។ ការត្រាស់ហៅឱ្យបំពេញបេសកកម្មនេះ ព្រះយេស៊ូដូចជាដាក់ចំណងគាត់។ ដ្បិតគ្រីស្តទូតប៉ូលមិនអាចប្រកែកបានឡើយ រហូតត្រូវបូជាជីវិតថ្វាយព្រះអង្គ។ ដោយសារតែសេចក្តីសង្ឃឹមនេះ លោក​បានក្លាយជាគ្រីស្តទូតម្នាក់ដ៏ឆ្នើមជាងគេក្នុងការប្រកាសដំណឹងល្អដល់ជាតិសាសន៍នានា។ លោកគឺជាមនុស្សដែលមានឥទ្ធិពលធ្វើឱ្យអរិយធម៌គ្រីស្តសាសនារីកចម្រើន។ ទោះបីនៅពេលនេះក្តី ក៏គ្រីស្តទូតប៉ូលនៅតែមានចិត្តចង់ជួប និងចង់និយាយជាមួយយើង ដោយសារតែលោកជាប់ច្រវ៉ាក់ ព្រោះតែសេចក្តីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែលនេះ។

«ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បង‌ប្អូន
ដ្បិត​ខ្ញុំ​ជាប់​ចំណង ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។​»
(កក ២៨,២០)។

នៅថ្ងៃនេះ គឺដល់វេនរបស់យើងដែលត្រូវជួប និងស្តាប់ប្រសាសន៍របស់គ្រីស្តទូតប៉ូលនិយាយអំពីសេចក្តីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែលនេះ។ សេចក្តីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល គឺពួកគេ​ទន្ទឹង​រង់‌ចាំ​ព្រះ‌គ្រីស្ដ​ ដែល​ត្រូវ​យាង​មក និង​រង់‌ចាំ​មនុស្សស្លាប់មានជីវិតរស់ឡើងវិញ។ ព្រឹត្តិ​ការណ៍របស់ព្រះយេស៊ូ ដែលរងទុក្ខលំបាក សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី៣ កើតឡើងស្របតាមសេចក្តីសង្ឃឹមដែលមានថ្លែងអំពីព្រះអង្គនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ គឺក្នុងកណ្ឌគម្ពីរព្យា​ការី​ហូសេ នៅស.វទី៨ មុនគ.សបានថ្លែងថា៖

«ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិតមក​ពួក​យើង​វិញ។
នៅ​ថ្ងៃ​ទី​បី ព្រះ‌ជាម្ចាស់​នឹង​លើក​ពួក​យើងឡើង​វិញ
ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ។»
(ហស ៦,២)។

ដោយសារតែសំណូមពររបស់គ្រីស្តទូតប៉ូលនេះហើយ បានជាយើងយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់អំពីជីវិត កិច្ចការ និងស្នាដៃដែលលោកបានធ្វើ។ នៅក្នុងប្រវត្តិសាស្រ្ត២០០០ឆ្នាំរបស់ព្រះសហគមន៍ រហូតមកដល់សម័យកាលរបស់យើងនាពេលបច្ចុប្បន្ននេះ ដំណឹងល្អអំពីព្រះយេស៊ូគ្រីស្តរីកសាយនៅក្នុងពិភពលោកទាំងមូល។ នេះគឺជាភស្តុតាងដែលនាំឱ្យយើងអាចមើលឃើញ អាចជឿទុកចិត្ត និងអាចមានសេចក្តីសង្ឃឹម។ «សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​បី​ដូច​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំ‌មួន សម្រាប់​ព្រលឹង​របស់​យើង» (ហប ៦,១៩)។ ចូរមានចិត្តសង្ឃឹម កុំភ័យខ្លាចអ្វីឡើយ ហើយក៏មិនត្រូវតប់ប្រមល់អ្វីដែរ ដូចគ្រីស្តទូតប៉ូលបានបញ្ជាក់ថា៖

«សេចក្ដី​សង្ឃឹម​មិន​ធ្វើឱ្យ​យើង​ខក​ចិត្ត​ឡើយ
ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌ហឫទ័យ​
ស្រឡាញ់របស់​ព្រះ‌អង្គ​មក​ក្នុង​ចិត្ត​យើង
ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មក​យើង។»
(រ៉ូម ៥,៥)។

ការសិក្សាអំពីគ្រីស្តទូតប៉ូល ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីពង្រឹងសេចក្តីសង្ឃឹមខ្លួនឯងក្នុងនាមជាគ្រីស្តសាសនិកម្នាក់។ លោកគឺជាគំរូដ៏សំខាន់សម្រាប់ការរិះគិត ប្រកាស ការពារ និងផ្ដល់សក្ខីភាពអំពីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។ ហេតុនេះ ខ្ញុំមានអំណរសប្បាយចូលរួមចែករំលែកចំណេះដឹងបន្តិចបន្តួចតាមធនធាននៃការសិក្សា និងការស្រាវជ្រាវនេះ សម្រាប់ជាវិភាគទានក្នុងកសាងធនធានគ្រីស្តបរិស័ទ។ ខ្ញុំសង្ឃឹមថា ឯកសារនេះជួយឱ្យយើងស្គាល់គ្រីស្តទូតប៉ូលកាន់តែច្បាស់ និងដើម្បីបំភ្លឺយើងឱ្យចេះរស់នៅស្របតាមជំនឿ និងចេះធ្វើដំណើរក្នុងសេចក្តីសង្ឃឹម។ ជាពិសេស ផ្ដល់ឱ្យយើងមានឆន្ទៈមោះមុតដល់វេនដែលយើងក្លាយទៅជាទូតនាំសេចក្ដីសង្ឃឹមនេះដើម្បីបញ្ជូនបន្តដល់បងប្អូនឯទៀតៗ។ យើងជាគ្រីស្តបរិស័ទគប្បីយកចិត្ដទុកដាក់រិះគិតអំពីជំនឿ និងចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាពនៃការប្រកាសដំណឹងល្អ ជៀសវាងកុំបណ្ដោយខ្លួនឱ្យអសកម្ម និងធ្លាក់ចូលក្នុងការអូសទាញតាមលទ្ធិ ឬមនោគមវិជ្ជានានាដែលបំផ្លាញសាសនារបស់ខ្លួន។

សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់ ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង‌ប្អូន។ សូម​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង ដោយ​ឥត​មាន​ចិត្ត​ប្រែ‌ប្រួល​ឡើយ (អភ ៦,២៣-២៤)។

ថ្ងៃចន្ទបុណ្យចម្លង ទី២១ ខែមេសា ឆ្នាំ២០២៥
សិលា កាន់ ប៊ុយ
ប្រធានមជ្ឈមណ្ឌលសន្តអ៊ីរ៉េណេ


រាល់ពេលអភិបូជាថ្ងៃអាទិត្យ យើងតែងឮអំពីគ្រីស្តទូតប៉ូលជាប្រចាំ ដ្បិតនៅក្នុងពិធីលើកតម្កើងព្រះបន្ទូល អ្នកអានអត្ថបទទី២តែងប្រកាសឃ្លាចាប់ផ្ដើមនៅពេលអានអត្ថបទថា សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្ត​បរិស័ទក្រុងនេះ ឬក្រុងនោះ ឬផ្ញើជូនអ្នកនេះ ឬអ្នកនោះ។ ប៉ុន្តែ យើងពុំបានស្គាល់ជាក់លាក់ថា លោកជានរណានោះទេ។ ដើមឡើយ សន្ដប៉ូលមិនមែនជាសាវ័ករបស់ព្រះយេស៊ូក្នុងពេលព្រះអង្គនៅមានព្រះជន្មក្នុងលោកនេះនោះទេ។ មិនតែប៉ុណ្ណេះ លោកថែមទាំងបានធ្វើទុក្ខបុកម្នេញគ្រីស្ដបរិស័ទបន្ទាប់ពីព្រះអង្គសោយទិវង្គតថែមទៀតផង។ ប៉ុន្តែ លោកបានកែប្រែចិត្តគំនិត​ជឿលើព្រះយេស៊ូ ហើយបានប្រកាស​ព្រះបន្ទូលដំណឹងល្អអំពីព្រះអង្គដល់ជាតិសាសន៍នានា ព្រមទាំងការពារជំនឿយ៉ាងស្វិតស្វាញជាទីបំផុត។
តើហេតុអ្វីបានជាលោកបៀតបៀនគ្រីស្តបរិស័ទ?
តើហេតុអ្វីលោកកែប្រែចិត្តគំនិត?
តើលោកបានបំពេញមុខងារជាគ្រីស្តទូតយ៉ាងដូចម្តេច?
ការស្វែងរកចម្លើយនៃសំណួរទាំងអស់នេះ គឺជាគោលបំណងដ៏សំខាន់នៃការសិក្សាស្រាវ​ជ្រាវក្នុងអត្ថបទនេះ។ ហេតុនេះហើយ ខ្ញុំសូមលើកយកប្រធានបទ “សន្តប៉ូលជាគ្រីស្តទូតនៃជាតិសា​សន៍​នានា” ដើម្បីសិក្សាឱ្យបានស៊ីជម្រៅអំពីគ្រីស្តទូតប៉ូល ដោយយោងលើប្រភពឯកសារបីចំនុចដូចខាងក្រោម៖

  1. ទី១គឺ កណ្ឌគម្ពីរកិច្ចការគ្រីស្តទូតជាកណ្ឌគម្ពីរប្រវត្តិសាស្រ្តនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី។ សំណេរពីរភាគបីក្នុងកណ្ឌគម្ពីរនេះ គឺចាប់ពីជំពូកទី៨រហូតដល់ជំពូក២៨ រៀប​រាប់​អំពីកិច្ចការរបស់គ្រីស្តទូតប៉ូល និងសហការីរបស់លោកដែលបានបំពេញបេសកកម្មរួមជាមួយគ្នា។ ក្នុងកណ្ឌគម្ពីរកិច្ចការនេះ យើងនឹងឃើញអំពីដំណើរបេសកកម្មរបស់គ្រីស្តទូតប៉ូល ដែលបានបំពេញរវាងចន្លោះឆ្នាំ៤៦ ដល់៥៨ នៃគ.ស។
  2. ទី២គឺ លិខិតទាំង១៣របស់គ្រីស្តទូតប៉ូលមានៈ លិខិតរ៉ូម កូរិនថូសទី១និងទី២ កាឡាទី អេភេសូ ភីលីព កូឡូស ថេស្សាឡូនិកទី១និងទី២ ធីម៉ូថេទី១និងទី២ ទីតុស និងភីលេម៉ូន។ លិខិតទាំងនេះមានចំនួនពាក់កណ្ដាលនៃសំណេរក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីទាំងអស់ ដែលផ្តល់សារៈសំខាន់ឱ្យស្គាល់គ្រីស្តទូតប៉ូលកាន់តែច្បាស់ ជាពិសេសស្គាល់លក្ខណៈបុគ្គល គំនិត ទេវវិជ្ជា និងឥទ្ធិពលនៃការបង្រៀនរបស់លោក។ ជាក់ស្តែង សំណេរទាំងនេះឆ្លុះបញ្ចាំងអំពីដំណោះស្រាយបញ្ហានានា ដែលកើតឡើងក្នុងព្រះសហគមន៍សម័យដើមដំបូង។ សំណេរទាំងនេះជាសេចក្តីប្រៀនប្រដៅ និងទូន្មានអំពីសីលធម៌ និងការអប់រំជំនឿដល់គ្រីស្តបរិស័ទឱ្យរស់នៅសមស្របតាមជំនឿ។ ក្រៅពីនោះ យើងក៏សិក្សាគម្ពីរសម្ពន្ធមេត្រីទី១ផងដែរ ដើម្បីបំភ្លឺឱ្យយើងយល់អំពីសេចក្ដីដែលពាក់ព័ន្ធនឹងឯកសារយោងខាងលើនេះបន្ថែមទៀត ដ្បិតយើងមិនអាចយល់លិខិតទាំងអស់នេះ ប្រសិនបើយើងមិនសិក្សាគម្ពីរសម្ពន្ធមេត្រីទី១។
  3. ទី៣គឺ ប្រវត្តិសាស្រ្តចក្រភពរ៉ូម៉ាំង និងការស្រាវជ្រាវបុរាណវិជ្ជា ដើម្បីជាបរិបទជួយពន្យល់ឱ្យយើងយល់កាន់តែច្បាស់លាស់អំពីវប្បធម៌ សាសនា ភាសា ទំនាក់ទំនង សេដ្ឋកិច្ច និងមធ្យោបាយធ្វើដំណើរក្នុងសម័យនោះ។

ដើម្បីងាយស្រួលយល់ និងងាយស្រួលចងចាំអំពីគ្រីស្តទូតប៉ូល ខ្ញុំព្យាយាមរៀបចំឯកសារសិក្សានេះតាមលំដាប់លំដោយ យោងលើព្រឹត្តិការណ៍ និងសេចក្តីដែលមាននៅក្នុងប្រភពឯកសារយោងទាំងបីខាងលើនេះ។ ម្យ៉ាងទៀត ដោយសារបច្ចេកវិទ្យាទំនើបនាសម័យកាលបច្ចុប្បន្ន ខ្ញុំនឹងប្រើប្រាស់ Google Maps ដើម្បីសិក្សាអំពីរយៈពេល និងចម្ងាយផ្លូវតាមដំណើរនីមួយៗរបស់គ្រីស្តទូតប៉ូល ដែលបានធ្វើដំណើរនៅសម័យនោះ។


គ្រីស្តទូតប៉ូល
១. ព្រះយេស៊ូគ្រីស្ត
២. លោកសាអ៊ូល ឬសូលហៅប៉ូល
៣. ការសិក្សារបស់គ្រីស្តទូតប៉ូល
៤. លោកសូលបៀតបៀនក្រុមសាវ័ក
៥. លោកសូលប្រែចិត្តគំនិត
៦. លោកសូលជួបក្រុមគ្រីស្តទូត
៧. ដំណើរបេសកកម្មលើកទី១
៨. សន្និបាតក្រុងយេរូសាឡឹម
៩. ដំណើរបេសកកម្មលើកទី២
១០. ដំណើរបេសកកម្មលើកទី៣
641 Views

Theme: Overlay by Kaira