សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងរ៉ូម
ពាក្យលំនាំ
លិខិតរបស់លោកប៉ូល
ជីវប្រវត្តិរបស់គ្រីស្ដទូតប៉ូល
លោកប៉ូលកើតនៅក្រុងតារសុស (ក្នុងប្រទេសទួរគីសព្វថ្ងៃ) នាដើមគ្រីស្ដសករាជ។ លោកជាជនជាតិយូដា ដែលមានសញ្ជាតិរ៉ូម៉ាំង ដូច្នេះ លោកមានឈ្មោះពីរ គឺតាមភាសាហេប្រឺឈ្មោះ“សាអ៊ូល”(ឬ“សូល”) តាមភាសាឡាតាំងឈ្មោះ “ប៉ូល”។ កាលពីក្មេង លោកបានទទួលការអប់រំខាងគម្ពីរវិន័យនៅក្រុងយេរូសាឡឹម តាមរបៀបគណៈផារីស៊ី ពីសំណាក់លោកគ្រូកាម៉ាលីអែល ដែលមានឈ្មោះល្បីជាងគេ។
កាលពីដើម លោកប៉ូលមិនបានស្គាល់ព្រះយេស៊ូផ្ទាល់ទេ លោកគ្រាន់តែឮអ្នកខ្លះប្រកាសថា មានបុរសម្នាក់ឈ្មោះយេស៊ូ ជា “ព្រះគ្រីស្ដ” ជា “ព្រះបុត្រារបស់ព្រះជាម្ចាស់” និងជា “ព្រះអម្ចាស់”។ ដោយលោកប៉ូលកាន់តាមគម្ពីរវិន័យយ៉ាងតឹងរ៉ឹង លោកជំទាស់នឹងពួកគេយ៉ាងខ្លាំង ព្រោះលោកយល់ថាពួកគេប្រមាថព្រះជាម្ចាស់។ លោកក៏ចាប់ផ្ដើមធ្វើទុក្ខបៀតបៀនអ្នកជឿលើព្រះយេស៊ូ។ មានថ្ងៃមួយ ប្រហែលនៅគ.ស.៣៦ លោកបានធ្វើដំណើរទៅក្រុងដាម៉ាស ប៉ុនប៉ងនឹងចាប់ចងគ្រីស្ដបរិស័ទយកទៅឃុំឃាំង និងប្រហារជីវិត ស្រាប់តែព្រះយេស៊ូបង្ហាញព្រះអង្គផ្ទាល់ឲ្យលោកឃើញ នាំឲ្យលោកប្រែចិត្តគំនិតមកជឿទុកចិត្តទាំងស្រុងលើព្រះអង្គវិញ (កិច្ចការ ៩.១-១៩)។ បន្ទាប់មក លោកចាប់ផ្ដើមប្រកាសដំណឹងល្អនៅមជ្ឈិមបូព៌ាទាំងមូលថា ព្រះយេស៊ូជាព្រះគ្រីស្ដ។ លោកបានតែងតាំងព្រះសហគមន៍នៅតាមក្រុងនានាជាច្រើន។ ដោយគ្រីស្ដបរិស័ទក្នុងក្រុងទាំងនោះជួបប្រទះបញ្ហាផ្សេងៗ ពួកគេតែងតែសរសេរសំបុត្រមកសួរយោបល់ពីលោក។ លោកក៏សរសេរលិខិតជាច្រើនច្បាប់ ដើម្បីជួយដោះស្រាយបញ្ហារបស់គេ លើកទឹកចិត្តគេ ព្រមទាំងជួយកសាងជំនឿរបស់គេផង។
លោកប៉ូលបានសរសេរលិខិតទាំងនេះក្នុងចន្លោះគ.ស.៥១-៦៤ គឺមុនពេលលោកម៉ាកុស លោកលូកា លោកម៉ាថាយ និងលោកយ៉ូហាន ចងក្រងគម្ពីរដំណឹងល្អទៅទៀត។ ដូច្នេះ លិខិតទាំងនេះជាឯកសារដើមដំបូងនៃគម្ពីរសម្ពន្ធមេត្រីថ្មី ហើយមានសារសំខាន់ជាទីបំផុត។
ជនជាតិយូដានៅសម័យនោះយល់ថា លោកប៉ូលបានក្បត់សាសនារបស់គេ គេក៏ស្អប់លោក ហើយបង្ករឿងឲ្យលោកជាប់ឃុំឃាំងជាច្រើនលើកច្រើនសា។ នៅពេលចុងក្រោយ លោកបានសុំឲ្យគេបញ្ជូនសំណុំរឿងរបស់លោកទៅថ្វាយព្រះចៅអធិរាជនៅក្រុងរ៉ូមកាត់ក្តី។ លុះដល់គ.ស.៦៤ ព្រះចៅអធិរាជណេរ៉ុងបានចាប់ផ្ដើមធ្វើទុក្ខបៀតបៀនគ្រីស្ដបរិស័ទ ពេលនោះ គេបានធ្វើឃាតលោកសិលា ហើយក្រោយមកទៀត លោកប៉ូលក៏ត្រូវគេកាត់កប្រហារជីវិតដែរ។
លិខិតរបស់លោកប៉ូលផ្ញើជូន
គ្រីស្ដបរិស័ទនៅក្រុងរ៉ូម
ពាក្យលំនាំ
ក្រុងរ៉ូមៈ កាលពីដើម ក្រុងរ៉ូមជារាជធានីរបស់ចក្រភពរ៉ូម៉ាំង ដែលមានព្រះចៅអធិរាជសេសារគ្រប់គ្រង។ សព្វថ្ងៃក្រុងនេះជារដ្ឋធានីរបស់ប្រទេសអ៊ីតាលី។ មុនពេលសរសេរលិខិតនេះ លោកប៉ូលពុំដែលបានទៅក្រុងរ៉ូមទេ តែលោកស្គាល់គ្រីស្ដបរិស័ទជាតិយូដាជាច្រើននៅក្រុងនោះ ព្រោះជនជាតិយូដាតែងតែធ្វើដំណើរទៅមក ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។ លោកសរសេរលិខិតនេះក្នុងអំឡុងគ.ស.៥៧-៥៨ គឺពេលលោកស្នាក់នៅក្រុងកូរិនថូស (រ៉ូម ១៦.២៣)។ ប៉ុន្មានខែមុនលោកសរសេរលិខិតជូនគ្រីស្ដបរិស័ទនៅក្រុងរ៉ូម
លោកក៏បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនគ្រីស្ដបរិស័ទនៅស្រុកកាឡាទីដែរ ដើម្បីរំឭកគេឲ្យដឹងថា ព្រះជាម្ចាស់សង្គ្រោះមនុស្សមកពីគេជឿ មិនមែនមកពីគេសន្សំកុសលផលបុណ្យ ដោយប្រតិបត្តិតាមវិន័យនោះឡើយ។ ដូច្នេះ ក្នុងលិខិតផ្ញើទៅគ្រីស្ដបរិស័ទនៅក្រុងរ៉ូមនេះ លោកបានលាតត្រដាងជំនឿរបស់លោក តាមសេចក្ដីដែលលោកបានពន្យល់ត្រួសៗដល់គ្រីស្ដបរិស័ទនៅស្រុកកាឡាទី។
គោលសំខាន់ៗ
• ១‑៤:
លោកប៉ូលបញ្ជាក់ថា មនុស្សគ្រប់ៗរូបមិនថាជាតិណាសាសន៍ណាទេ សុទ្ធតែជាប់បាបទាំងអស់គ្នា គឺគ្មានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ ដូច្នេះ គេចាំបាច់ត្រូវតែជឿលើព្រះយេស៊ូជាព្រះសង្គ្រោះ ដើម្បីឲ្យបានសុចរិត និងទទួលជីវិតពីព្រះជាម្ចាស់។ ព្រះអង្គប្រោសតែអ្នកជឿឲ្យសុចរិត ដូចពីមុនព្រះអង្គបានប្រោសលោកអប្រាហាំក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ដែរ។
• ៥‑៦:
លោកប៉ូលបរិយាយអំពីអត្ថន័យនៃពិធីជ្រមុជទឹក គឺមនុស្សទាំងអស់ដែលជឿ បានចូលរួមជាមួយព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ មនុស្សគ្រប់ៗរូបសុទ្ធតែជាប់បាប រួមជាមួយលោកអដាំយ៉ាងណា គេក៏អាចទទួលការសង្គ្រោះ ដោយរួមជាមួយព្រះយេស៊ូយ៉ាងនោះដែរ ឲ្យតែគេជឿលើព្រះអង្គ។
• ៧‑៨:
បរិយាយអំពីការរារែករបស់មនុស្ស ព្រោះមានកិលេសតណ្ហាគ្រប់យ៉ាងទាក់ទាញចិត្តឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេ និងប្រទានព្រះវិញ្ញាណផ្ទាល់របស់ព្រះអង្គមកអ្នកជឿ ដើម្បីរំដោះគេឲ្យមានសេរីភាពដ៏ពិតប្រាកដ។
• ៩‑១១:
លោកប៉ូលបានយកប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល មករិះគិតអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍។
• ១២‑១៥:
បរិយាយអំពីរបៀបរស់នៅតាមជីវិតថ្មីរបស់គ្រីស្ដបរិស័ទ គឺទំនាក់ទំនងជាមួយព្រះជាម្ចាស់ ជាមួយអ្នកកាន់អំណាច និងជាមួយអ្នកមានជំនឿដូចគ្នា។
លិខិតនេះមានសារសំខាន់ជាងលិខិតឯទៀតៗ ព្រោះលោកប៉ូលវែកញែកយ៉ាងល្អិតល្អន់អំពីគោលជំនឿរបស់គ្រីស្ដបរិស័ទ គឺព្រះជាម្ចាស់សង្គ្រោះមនុស្សលោកដោយគេមានជំនឿលើព្រះយេស៊ូ មិនមែនដោយសន្សំផលបុណ្យ ឬគ្រាន់តែគោរពតាមវិន័យនោះឡើយ។
១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រីស្ដយេស៊ូ ព្រះជាម្ចាស់*បានត្រាស់ហៅខ្ញុំ ឲ្យធ្វើជាគ្រីស្ដទូត* និងជ្រើសរើសខ្ញុំ ឲ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ ២ ដំណឹងល្អនេះ ព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី*របស់ព្រះអង្គ ៣ ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្សព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ ៤ តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធ*វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។
៥ តាមរយៈព្រះបុត្រា គឺព្រះយេស៊ូគ្រីស្ដ ជាអម្ចាស់នៃយើង ព្រះជាម្ចាស់បានប្រណីសន្ដោសយើង និងប្រទានឲ្យយើងមានមុខងារជាគ្រីស្ដទូត ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។ ៦ បងប្អូនដែលព្រះយេស៊ូគ្រីស្ដបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។
៧ សូមជម្រាបមកបងប្អូនទាំងអស់ នៅក្រុងរ៉ូម ជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។
សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រីស្ដជាអម្ចាស់ ប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន!។
លោកប៉ូលមានបំណងទៅសួរសុខទុក្ខគ្រីស្ដបរិស័ទនៅក្រុងរ៉ូម
៨ ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រីស្ដ* ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។ ៩ ព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើយ៉ាងស្មោះ ដោយប្រកាសដំណឹងល្អ* អំពីព្រះបុត្រារបស់ព្រះអង្គ ព្រះអង្គធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច ១០ គ្រប់ពេលខ្ញុំអធិស្ឋាន* សូមព្រះអង្គប្រទានឲ្យខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។ ១១ ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង ១២ គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។
១៣ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគម្រោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយ ដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្តែ មកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។ ១៤ ខ្ញុំត្រូវតែបំពេញកិច្ចការក្នុងចំណោមសាសន៍ក្រិក និងក្នុងចំណោមសាសន៍ដទៃទៀត ក្នុងចំណោមអ្នកប្រាជ្ញ និងក្នុងចំណោមអ្នកល្ងង់។ ១៥ ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អ មកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ ១៦ ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។ ១៧ ដំណឹងល្អនេះសម្ដែងឲ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យមនុស្សសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ ដូចមានចែងទុកមកថាៈ «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»។
ទោសរបស់មនុស្សលោក
១៨ ព្រះជាម្ចាស់សម្ដែងព្រះពិរោធពីស្ថានបរមសុខ*មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ព្រះអង្គ ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ត ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក ១៩ ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្ដែងឲ្យគេឃើញ។ ២០ លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្ដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនឡើយ ២១ ដ្បិតគេបានស្គាល់ព្រះជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ឲ្យសមនឹងឋានៈរបស់ព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។ ២២ គេអួតអាងថាខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ ២៣ គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។ ២៤ ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេប្រព្រឹត្តអំពើសៅហ្មង តាមទំនើងចិត្តលោភលន់របស់គេ រហូតដល់ទៅបន្ថោករូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។ ២៥ ពួកគេនិយមព្រះក្លែងក្លាយជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបម្រើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។ ២៦ ហេតុនេះហើយបានជាព្រះជាម្ចាស់បណ្ដោយឲ្យពួកគេងប់នឹងតណ្ហាថោកទាប គឺស្រីៗនាំគ្នាលះបង់ការរួមបវេណីតាមរបៀបធម្មតា ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ ២៧ រីឯប្រុសៗក៏ដូច្នោះដែរ គេបានលះបង់ការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលស្រើបស្រាលតែនឹងប្រុសៗគ្នាឯង។ គេប្រព្រឹត្តអំពើដែលគួរឲ្យអៀនខ្មាស រវាងប្រុសនិងប្រុស។ ពួកគេទទួលទណ្ឌកម្មក្នុងរូបកាយគេផ្ទាល់ សមនឹងការវង្វេងរបស់គេ។
២៨ ដោយពួកគេយល់ថា មិនបាច់ស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្តអំពើដែលមិនត្រូវប្រព្រឹត្ត។ ២៩ ចិត្តរបស់ពួកគេពោរពេញដោយគំនិតទុច្ចរិតគ្រប់យ៉ាង គំនិតអាក្រក់ គំនិតលោភលន់ គំនិតពាល ពេញទៅដោយចិត្តច្រណែនឈ្នានីស ចង់សម្លាប់គេ ឈ្លោះប្រកែក ល្បិចកិច្ចកល និងអបាយមុខ។ ពួកគេចូលចិត្តបរិហារកេរ្តិ៍គ្នា ៣០ និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្តកំរោលឃោរឃៅ មានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្តអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។ ៣១ ពួកគេជាមនុស្សល្ងីល្ងើ មានចិត្តមិនទៀង ជាមនុស្សអត់ចិត្ត មិនចេះអាណិតអាសូរ។ ៣២ ពួកគេស្គាល់ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ស្រាប់ហើយថា អ្នកណាប្រព្រឹត្តបែបនេះនឹងត្រូវទទួលទោសដល់ស្លាប់។ គេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របជាមួយអ្នកដែលប្រព្រឹត្តអំពើបែបនោះផងដែរ។
២
ការវិនិច្ឆ័យត្រឹមត្រូវរបស់ព្រះជាម្ចាស់
១ ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះសាខ្លួនដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្តដូចគេដែរ។ ២ យើងដឹងថាព្រះជាម្ចាស់ព្រះអង្គវិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។ ៣ រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយព្រះជាម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ? ៤ ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស ព្រះហឫទ័យយោគយល់ និងព្រះហឫទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គ! តើអ្នកមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេឬ? ៥ ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ព្រះអង្គព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសម្ដែងការវិនិច្ឆ័យទោសដោយយុត្តិធម៌ ៦ គឺព្រះជាម្ចាស់នឹងប្រទានផលឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ៧ ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ ៨ តែព្រះអង្គព្រះពិរោធ និងដាក់ទោសយ៉ាងធ្ងន់ ចំពោះអស់អ្នក ដែលគិតតែឈ្លោះប្រកែក មិនព្រមស្ដាប់តាមសេចក្ដីពិត គឺបែរទៅស្ដាប់តាមសេចក្ដីទុច្ចរិតវិញ។ ៩ ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! ១០ រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក! ១១ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាឡើយ។
១២ អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់គម្ពីរវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានគម្ពីរវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់គម្ពីរវិន័យ គេនឹងត្រូវទទួលទោស ស្របតាមគម្ពីរវិន័យដែរ ១៣ ដ្បិតមិនមែនអ្នកឮគម្ពីរវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។ ១៤ ពេលសាសន៍ដទៃដែលពុំស្គាល់គម្ពីរវិន័យរបស់លោកម៉ូសេ នាំគ្នាប្រតិបត្តិតាមដោយឯកឯង នូវសេចក្ដីដែលវិន័យចែងទុក គឺទោះបីគេមិនស្គាល់វិន័យក៏ដោយ ក៏ខ្លួនគេនោះហើយជាវិន័យរបស់គេ។ ១៥ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ ១៦ ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រីស្ដយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ។
សាសន៍យូដា និងគម្ពីរវិន័យ
១៧ ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដា អ្នកពឹងផ្អែកលើគម្ពីរវិន័យរបស់លោកម៉ូសេ ហើយអួតអាងខ្លួនថា ជាកូនចៅរបស់ព្រះជាម្ចាស់ ១៨ អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងបានទទួលការអប់រំពីគម្ពីរវិន័យ* ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ ១៩ អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត ២០ ជាគ្រូអប់រំ មនុស្សល្ងង់ ជាគ្រូបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់ និងសេចក្ដីពិត សុទ្ធតែមានចែងនៅក្នុងគម្ពីរវិន័យទាំងអស់។ ២១ អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ! ២២ អ្នកប្រាប់គេមិនឲ្យប្រព្រឹត្តអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ! ២៣ អ្នកអួតអាងលើវិន័យ តែអ្នកបែរជាបង្អាប់កិត្តិយសព្រះជាម្ចាស់ ដោយប្រព្រឹត្តល្មើសវិន័យ ២៤ ដូចមានចែងទុកមកថា «ព្រោះតែអ្នករាល់គ្នា បានជាសាសន៍ដទៃប្រមាថព្រះនាមរបស់ព្រះជាម្ចាស់»។
២៥ ការកាត់ស្បែក*មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្តិតាមវិន័យ ប៉ុន្តែ បើអ្នកប្រព្រឹត្តល្មើសវិន័យ ការកាត់ស្បែករបស់អ្នកទុកដូចជាមិនកាត់ទៅវិញ។ ២៦ ប្រសិនបើមនុស្សមិនកាត់ស្បែកកាន់តាមបទបញ្ជារបស់វិន័យ ព្រះជាម្ចាស់ក៏ចាត់ទុកគេដូចជាបានកាត់ស្បែកដែរ!។ ២៧ ជនដែលមិនកាត់ស្បែកផ្នែកខាងរូបកាយ តែប្រតិបត្តិតាមវិន័យ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានវិន័យសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីកាត់ស្បែក តែអ្នកបែរជាប្រព្រឹត្តល្មើសវិន័យ។ ២៨ សាសន៍យូដាដ៏ពិតប្រាកដមិនស្ថិតនៅត្រង់សំបកក្រៅទេ រីឯការកាត់ស្បែកដ៏ពិតប្រាកដ ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយនោះដែរ ២៩ សាសន៍យូដាដ៏ពិតប្រាកដសំដៅទៅផ្នែកខាងក្នុងចិត្តឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ គឺជាការកាត់ស្បែកស្របតាមព្រះវិញ្ញាណ មិនមែនតាមវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។
៣
១ ដូច្នេះ តើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារប្រយោជន៍យ៉ាងណាដែរ? ២ សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកឲ្យសាសន៍យូដា។ ៣ បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្តមិនស្មោះត្រង់របស់គេនឹងនាំឲ្យព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ? ៤ មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្តី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថាៈ
«ត្រូវឲ្យគេទទួលស្គាល់ថាព្រះអង្គសុចរិត
ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ
ហើយព្រះអង្គនឹងមានជ័យជម្នះ
នៅពេលគេកាត់ក្តីព្រះអង្គ»។
៥ ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាព្រះជាម្ចាស់សុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះជាម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះអង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។ ៦ មិនដូច្នោះទេ! ប្រសិនបើព្រះជាម្ចាស់មិនសុចរិត តើឲ្យព្រះអង្គវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?។
៧ មួយវិញទៀត បើការកុហករបស់ខ្ញុំធ្វើឲ្យព្រះហឫទ័យសច្ចៈរបស់ព្រះជាម្ចាស់ លេចចេញមកយ៉ាងច្បាស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គមែននោះ ហេតុដូចម្ដេចបានជាខ្ញុំត្រូវតែទទួលទោស ក្នុងនាមជាមនុស្សបាបទៅវិញ? ៨ បើដូច្នេះ ម្ដេចក៏យើងមិននាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដើម្បីឲ្យមានផលល្អកើតចេញមក ដូចអ្នកខ្លះដែលមួលបង្កាច់យើងថា យើងបាននិយាយបែបនេះ! អ្នកទាំងនោះមុខតែទទួលទោសជាពុំខាន!។
គ្មានមនុស្សណាម្នាក់សុចរិតទេ
៩ បើដូច្នេះ យើងដែលជាសាសន៍យូដា តើយើងប្រសើរជាងគេឬ? ទេ យើងមិនប្រសើរជាងគេទាល់តែសោះ! ដ្បិតយើងបានបញ្ជាក់រួចមកហើយថា មនុស្សទាំងអស់ ទោះបីសាសន៍យូដាក្តី សាសន៍ក្រិកក្តី សុទ្ធតែមានបាបសោយរាជ្យពីលើទាំងអស់គ្នា ១០ ដូចមានចែងទុកមកថា៖
«គ្មានមនុស្សណាសុចរិតឡើយ
សូម្បីតែម្នាក់ក៏គ្មានផង
១១ គ្មាននរណាម្នាក់ដឹងខុសត្រូវ
គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។
១២ មនុស្សគ្រប់ៗរូបបានវង្វេង
ចេញឆ្ងាយពីព្រះជាម្ចាស់
ហើយវិនាសបាត់បង់ជាមួយគ្នា
គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ
សូម្បីតែម្នាក់ក៏គ្មានផង»។
១៣ «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច
នៅបើកចំហ
អណ្ដាតរបស់គេគ្រលាស់តែពាក្យ
បោកបញ្ឆោត
មាត់របស់គេមានបង្កប់នូវពិសពស់វែក»។
១៤ «មាត់របស់គេពោរពេញទៅដោយពាក្យ
អពមង្គល និងពាក្យជូរចត់»។
១៥ «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម
១៦ គេទៅកន្លែងណា
កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។
១៧ គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ»។
១៨ «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់
សោះឡើយ»។
១៩ យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងគម្ពីរវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ២០ ដូច្នេះ គ្មានមនុស្សណាសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមវិន័យទេ ព្រោះវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
ព្រះជាម្ចាស់ប្រោសឲ្យមនុស្សសុចរិត ដោយសារជំនឿលើព្រះយេស៊ូគ្រីស្ដ
២១ ឥឡូវនេះ ព្រះជាម្ចាស់សម្ដែងឲ្យយើងដឹង អំពីរបៀបព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺព្រះអង្គមិនគិតពីវិន័យ*ទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការី* បានបញ្ជាក់ទុកស្រាប់។ ២២ ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ លើព្រះយេស៊ូគ្រីស្ដឲ្យសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ ២៣ គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ ២៤ តែព្រះជាម្ចាស់ប្រោសគេឲ្យសុចរិត ដោយឥតគិតពីបុណ្យដែលគេសន្សំនោះទេ គឺព្រះអង្គប្រោសឲ្យគេសុចរិត តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ ដោយព្រះយេស៊ូគ្រីស្តលោះគេ។ ២៥ ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប ២៦ ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យបានសុចរិត ដើម្បីសម្ដែងថាព្រះអង្គសុចរិត ហើយព្រះអង្គប្រោសអ្នកដែលជឿលើព្រះយេស៊ូឲ្យសុចរិតផងដែរ។
២៧ ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ ២៨ ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្តតាមវិន័យនោះឡើយ។ ២៩ បើមិនដូច្នោះទេ ព្រះអង្គជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះ! តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃផងដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ។ ៣០ មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ដែលប្រោសសាសន៍យូដាឲ្យសុចរិត មកពីគេមានជំនឿ ហើយក៏ប្រោសសាសន៍ដទៃឲ្យសុចរិត ដោយគេមានជំនឿដែរ។ ៣១ ដូច្នេះ តើមានន័យថា យើងយកជំនឿមកលុបបំបាត់ចោលឬតម្លៃវិន័យ? ទេ មិនមែនដូច្នោះទេ! គឺយើងធ្វើឲ្យវិន័យរឹតតែមានតម្លៃថែមទៀត។
៤
លោកអប្រាហាំបានសុចរិតដោយសារជំនឿ
១ ដូច្នេះ ចំពោះលោកអប្រាហាំដែលជាបុព្វបុរស*របស់យើង តើយើងគិតដូចម្ដេច? ផ្នែកខាងលោកិយ តើលោកបានទទួលអ្វីខ្លះ? ២ ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយសារការប្រព្រឹត្តអំពើល្អនោះ លោកអាចនឹងអួតអាងខ្លួនបានមែន។ ប៉ុន្តែ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ ៣ ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ»។ ៤ ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។ ៥ ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍ព្រះអង្គឲ្យសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឲ្យសុចរិត ដោយយល់ដល់ជំនឿរបស់គេ។
៦ ហេតុនេះហើយបានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គល*របស់អ្នក ដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ដោយមិនគិតដល់ផលបុណ្យថាៈ
៧ «អស់អ្នកដែលព្រះជាម្ចាស់អត់ទោស
និងលុបបំបាត់អំពើបាបចោល
ពិតជាមានសុភមង្គលហើយ!
៨ បុរសណាដែលព្រះជាម្ចាស់មិនគិតគូរ
ពីបាបរបស់ខ្លួនទេ
បុរសនោះពិតជាមានសុភមង្គលហើយ!»។
៩ តើមានតែសាសន៍យូដាទេឬ ដែលអាចទទួលសុភមង្គលនេះ ឬមួយសាសន៍ដទៃក៏អាចទទួលបានដែរ?។ យើងទើបនឹងនិយាយថា «ព្រះអង្គប្រោសលោកអប្រាហាំឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់លោក»។ ១០ តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំឲ្យសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក* ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។ ១១ លោកបានទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិត ដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីកាត់ស្បែក តែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេឲ្យសុចរិត។ ១២ លោកក៏ជាឪពុករបស់សាសន៍យូដាដែលកាត់ស្បែកដែរ ជាអ្នកដែលមិនត្រឹមតែបានទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងបានយកតម្រាប់តាមជំនឿរបស់លោកអប្រាហាំជាឪពុករបស់យើង នៅគ្រាដែលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយនោះផង។
លោកអប្រាហាំបានទទួលព្រះបន្ទូលសន្យាដោយសារជំនឿ
១៣ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក ព្រះអង្គសន្យាដូច្នេះ មិនមែនមកពីលោកអប្រាហាំបានប្រតិបត្តិតាមវិន័យនោះទេ គឺមកពីលោកជាមនុស្សសុចរិត ដោយលោកមានជំនឿ។ ១៤ ប្រសិនបើមនុស្សទទួលមត៌ក ដោយគោរពតាមវិន័យនោះ បានសេចក្ដីថាជំនឿគ្មានប្រយោជន៍អ្វីសោះ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃអ្វីដែរ ១៥ ដ្បិតវិន័យបង្កើតឲ្យមានព្រះពិរោធ តែទីណាគ្មានវិន័យ នៅទីនោះក៏គ្មានការប្រព្រឹត្តល្មើសវិន័យដែរ។
១៦ ដូច្នេះ ព្រោះតែជំនឿ មនុស្សទទួលមត៌ក តាមការប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដូច្នេះ ព្រះបន្ទូលសន្យារបស់ព្រះអង្គ មានប្រយោជន៍សម្រាប់ពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែអស់អ្នកដែលប្រតិបត្តិតាមវិន័យប៉ុណ្ណោះទេ តែសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើងទាំងអស់គ្នាដែរ ១៧ ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នកឲ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឲ្យកើតមាន។ ១៨ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។ ១៩ កាលណោះ លោកមានអាយុជិតមួយរយឆ្នាំហើយ ទោះបីលោកមើលមករូបកាយរបស់លោក ឃើញថា ជិតស្លាប់ និងមើលទៅលោកយាយសារ៉ា ឃើញថា ពុំអាចបង្កើតកូនបានសោះនោះក៏ដោយ ក៏ជំនឿរបស់លោកមិនអន់ថយដែរ។ ២០ លោកមិនបាត់ជំនឿ ហើយមិនសង្ស័យនឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឲ្យលោកមានកម្លាំងចិត្តនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ២១ ព្រោះលោកជឿប្រាកដក្នុងចិត្តថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសម្រេចតាមមិនខាន។ ២២ ហេតុនេះហើយបានជា «ព្រះជាម្ចាស់ប្រោសលោកឲ្យសុចរិត»។ ២៣ ប៉ុន្តែ សេចក្ដីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសឲ្យសុចរិត» នេះ មិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ ២៤ គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសឲ្យបានសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញនេះដែរ។ ២៥ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត។
៥
សន្តិភាពជាមួយព្រះជាម្ចាស់
១ ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្ដ ជាអម្ចាស់នៃយើងដែរ។ ២ ដោយសារតែព្រះគ្រីស្ដ និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួន ទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ៣ មិនតែប៉ុណ្ណោះសោត នៅពេលយើងរងទុក្ខវេទនា យើងនៅតែខ្ពស់មុខដដែល ព្រោះយើងដឹងថា ទុក្ខវេទនានឹងនាំឲ្យយើងចេះអត់ធ្មត់ ៤ ការអត់ធ្មត់នាំឲ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ ៥ សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។ ៦ កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ ព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ ៧ កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិត ដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិត ដើម្បីមនុស្សល្អដែរមើលទៅ! ៨ រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ ៩ ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិតដោយសារព្រះលោហិតរបស់ព្រះគ្រីស្ដយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្គ្រោះយើងឲ្យរួចពីព្រះពិរោធ ដោយសារព្រះគ្រីស្ដថែមទៀតជាពុំខាន។ ១០ បើព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀត ជាពុំខាន។ ១១ មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ដែលព្រះអង្គបានសម្រុះសម្រួលឲ្យយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។
លោកអដាំ និងព្រះគ្រីស្ដ
១២ តាមរយៈមនុស្សតែម្នាក់ បាប*បានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។ ១៣ មុនពេលមានគម្ពីរវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានគម្ពីរវិន័យនៅឡើយ។ ១៤ ប៉ុន្តែ តាំងពីសម័យលោកអដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្តបទល្មើស ដូចលោកអដាំជានិមិត្តរូបនៃព្រះគ្រីស្ដដែលត្រូវយាងមកនោះក៏ដោយ។ ១៥ ប៉ុន្តែ កំហុសរបស់លោកអដាំ និងព្រះអំណោយទានរបស់ព្រះជាម្ចាស់ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទូទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ និងព្រះអំណោយទាននៃការប្រណីសន្ដោស ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូគ្រីស្ដយ៉ាងនោះដែរ។ ១៦ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងអំពើបាបរបស់មនុស្សតែម្នាក់វិញ ក៏មានលទ្ធផលខុសគ្នាទាំងស្រុងដែរ គឺដោយសារទោសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោស។ រីឯព្រះអំណោយទានវិញ ធ្វើឲ្យមនុស្សបានសុចរិត ទោះបីគេប្រព្រឹត្តខុសជាច្រើនយ៉ាងណាក៏ដោយ។ ១៧ ព្រោះតែមនុស្សម្នាក់បានប្រព្រឹត្តខុស ហើយដោយសារតែមនុស្សម្នាក់នេះ មច្ចុរាជបានសោយរាជ្យ ចំណង់បើតាមរយៈព្រះយេស៊ូគ្រីស្ដតែមួយព្រះអង្គវិញ អស់អ្នកដែលបានទទួលការប្រណីសន្ដោសដ៏បរិបូណ៍លើសលប់ ព្រមទាំងបានសុចរិតដោយសារព្រះអំណោយទាន នឹងរឹតតែបានសោយរាជ្យនៅក្នុងជីវិតថែមទៀតជាពុំខាន។
១៨ សរុបមក ដោយសារកំហុសរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ត្រូវជាប់ទោសយ៉ាងណា ដោយសារអំពើសុចរិតរបស់មនុស្សតែម្នាក់ មនុស្សទាំងអស់ក៏បានសុចរិត និងបានទទួលជីវិតយ៉ាងនោះដែរ ១៩ ហើយមនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់មិនស្ដាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់ឲ្យបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្ដាប់បង្គាប់យ៉ាងនោះដែរ។
២០ ព្រះជាម្ចាស់ប្រទានគម្ពីរវិន័យមក ដើម្បីឲ្យកំហុសចេញមុខកាន់តែច្រើនឡើងៗ។ នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ក៏រឹតតែមានច្រើនលើសលប់ថែមទៀត។ ២១ បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ព្រះហឫទ័យប្រណីសន្ដោសក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។
៦
ព្រះហឫទ័យប្រណីសន្ដោសនាំឲ្យអ្នកជឿរួចពីចំណងអំពើបាប
១ ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្តអំពើបាបតទៅមុខទៀត ដើម្បីឲ្យព្រះជាម្ចាស់ប្រណីសន្ដោសយើងរឹតតែបរិបូណ៌ឬយ៉ាងណា? ២ ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាបហើយ តើឲ្យយើងនៅតែប្រព្រឹត្តអំពើបាបតទៅទៀតដូចម្ដេចកើត! ៣ តើបងប្អូនមិនជ្រាបទេឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក* ដើម្បីរួមជាមួយព្រះគ្រីស្ដយេស៊ូនោះ គឺយើងបានជ្រមុជរួមជាមួយព្រះអង្គដែលសោយទិវង្គត។ ៤ ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រីស្ដមានព្រះជន្មរស់ឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ ៥ ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះអង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដែរ។ ៦ យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយ ដើម្បីឲ្យខ្លួនយើងដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាបតទៅទៀត ៧ ដ្បិតអ្នកដែលស្លាប់មិនទាក់ទាមនឹងបាបទៀតទេ។ ៨ ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះគ្រីស្ដ យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយព្រះអង្គដែរ ៩ ព្រោះយើងដឹងថា ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ ១០ ដ្បិតព្រះអង្គបានសោយទិវង្គតនោះ គឺសោយទិវង្គតឲ្យបានរួចផុតពីអំណាចបាប ម្ដងជាសូរេច។ ឥឡូវនេះ ព្រះអង្គមានព្រះជន្មរស់នោះ គឺរស់សម្រាប់ព្រះជាម្ចាស់។ ១១ រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថាខ្លួនបានស្លាប់ រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះគ្រីស្ដយេស៊ូ។
១២ ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ ១៣ ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូនឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើព្រះជាម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើសុចរិត។ ១៤ បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់វិន័យទេ គឺស្ថិតនៅក្រោមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់វិញ។
គ្រីស្ដបរិស័ទជាអ្នកបម្រើរបស់សេចក្ដីសុចរិត
១៥ បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចរបស់វិន័យ* គឺស្ថិតនៅក្រោមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ តើយើងត្រូវតែប្រព្រឹត្តអំពើបាបឬ? ទេ មិនកើតទេ! ១៦ បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលនាំឲ្យបងប្អូនសុចរិត។ ១៧ សូមអរព្រះគុណព្រះជាម្ចាស់! ពីដើម បងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល ១៨ បងប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។ ១៩ ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឲ្យប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ*យ៉ាងនោះដែរ។
២០ កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។ ២១ កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! ២២ ប៉ុន្ដែឥឡូវនេះ បងប្អូនបានរួចពីអំណាចបាប មកបម្រើព្រះជាម្ចាស់វិញ។ បងប្អូនបានផលដែលធ្វើឲ្យបងប្អូនទៅជាវិសុទ្ធ* ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច ២៣ ដ្បិតលទ្ធផលនៃបាប គឺសេចក្ដីស្លាប់ រីឯព្រះអំណោយទានរបស់ព្រះជាម្ចាស់វិញ គឺជីវិតអស់កល្បជានិច្ចរួមជាមួយព្រះគ្រីស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើង។
៧
គ្រីស្ដបរិស័ទរួចផុតពីអំណាចរបស់វិន័យ
១ បងប្អូនអើយ ខ្ញុំសូមនិយាយចំពោះបងប្អូន ដែលស្ទាត់ជំនាញខាងច្បាប់ បងប្អូនជ្រាបស្រាប់ហើយថា ច្បាប់មានអំណាចលើមនុស្ស តែក្នុងពេលដែលគេនៅមានជីវិតនៅឡើយ។ ២ ឧបមាថា ស្ត្រីម្នាក់មានប្ដីតាមច្បាប់ នាងនៅជាប់ជាមួយប្ដី តែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់ នាងនឹងរួចផុតពីច្បាប់ដែលចងនាងឲ្យនៅជាប់នឹងប្ដីនោះហើយ។ ៣ ដូច្នេះ ពេលប្ដីនៅរស់នៅឡើយ ប្រសិនបើនាងមានប្ដីមួយទៀត នាងមានឈ្មោះថាជាស្ត្រីផិតក្បត់។ ផ្ទុយទៅវិញ បើប្ដីនាងស្លាប់ នាងមានសេរីភាពរួចផុតពីច្បាប់ ហើយបើនាងមានប្ដីមួយទៀត នាងឥតមានឈ្មោះថាជាស្ត្រីផិតក្បត់ទេ។ ៤ រីឯបងប្អូនវិញក៏ដូច្នោះដែរ ដោយសារព្រះកាយរបស់ព្រះគ្រីស្ដ បងប្អូនបានស្លាប់ រួចផុតពីវិន័យ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងព្រះគ្រីស្ដដែលមានព្រះជន្មរស់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះជាម្ចាស់ ៥ ដ្បិតកាលយើងរស់នៅខាងលោកីយ៍នៅឡើយ ដោយមានវិន័យជំរុញ តណ្ហាអាក្រក់ផ្សេងៗបានសម្ដែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលបណ្ដាលឲ្យស្លាប់ ៦ តែឥឡូវនេះ ដោយយើងបានស្លាប់ រួចផុតពីវិន័យហើយ គឺរួចផុតពីអ្វីៗដែលបានឃុំឃាំងយើង ដូច្នេះ យើងបម្រើព្រះជាម្ចាស់តាមរបៀបថ្មី ដែលមកពីព្រះវិញ្ញាណ មិនមែនបម្រើតាមរបៀបចាស់ ដែលមកពីវិន័យសរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។
វិន័យពុំអាចរំដោះមនុស្សឲ្យរួចពីបាបឡើយ
៧ ដូច្នេះ តើយើងគិតដូចម្ដេច? វិន័យជាបាបឬ? ទេ មិនមែនទេ!។ ប៉ុន្តែ មានតែវិន័យប៉ុណ្ណោះដែលធ្វើឲ្យខ្ញុំស្គាល់បាប។ ប្រសិនបើវិន័យមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។ ៨ បាប*ក៏ឆ្លៀតឱកាសដែលបញ្ញត្តិហាមឃាត់ខ្ញុំនោះ បង្កើតឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានវិន័យទេ បាបក៏គ្មានដែរ។ ៩ ពីដើម កាលពុំទាន់មានវិន័យ ខ្ញុំមានជីវិត។ លុះបញ្ញត្តិមកដល់ បាបក៏កើតមានឡើង ១០ រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្តិដែលត្រូវនាំឲ្យខ្ញុំមានជីវិតនោះ បែរជាបណ្ដាលឲ្យខ្ញុំស្លាប់ទៅវិញ ១១ ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្តិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើឲ្យខ្ញុំស្លាប់ដោយសារបញ្ញត្តិនេះ។
១២ ដូច្នេះ វិន័យក៏វិសុទ្ធ* រីឯបញ្ញត្តិក៏វិសុទ្ធ សុចរិត ហើយល្អដែរ។ ១៣ តើអ្វីៗដ៏ល្អនោះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្តិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
មនុស្សដែលស្ថិតនៅក្រោមអំណាចរបស់បាប
១៤ យើងដឹងស្រាប់ហើយថា វិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សលោកីយ៍ ដែលលក់ខ្លួនដាច់ថ្លៃឲ្យបាប ១៥ ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។ ១៦ ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថា ខ្ញុំយល់ស្របនឹងវិន័យ ហើយទទួលស្គាល់ថា វិន័យពិតជាល្អមែន។ ១៧ ដូច្នេះ មិនមែនខ្ញុំទេដែលប្រព្រឹត្តកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំវិញទេតើដែលប្រព្រឹត្ត ១៨ ដ្បិតខ្ញុំដឹងថាអ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងចរិតលោកីយ៍របស់ខ្ញុំទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អឡើយ។ ១៩ ខ្ញុំមិនប្រព្រឹត្តអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ ២០ ប្រសិនបើខ្ញុំប្រព្រឹត្តអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថាមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ត។ ២១ ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថា ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។ ២២ ក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះជាម្ចាស់ណាស់ ២៣ ក៏ប៉ុន្តែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងវិន័យនៃគំនិតប្រាជ្ញារបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់ជាឈ្លើយរបស់បាប ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។ ២៤ ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំឲ្យរួចពីរូបកាយ ដែលតែងតែស្លាប់នេះបាន? ២៥ សូមអរព្រះគុណព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។
ដូច្នេះ ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ ខ្ញុំបម្រើវិន័យរបស់ព្រះជាម្ចាស់ តែដោយសារខ្ញុំជាមនុស្សខាងលោកីយ៍ ខ្ញុំបម្រើបាបវិញ។
៨
ជីវិតរួមជាមួយព្រះវិញ្ញាណ
១ ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រីស្ដយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ ២ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះគ្រីស្ដយេស៊ូ បានរំដោះខ្ញុំឲ្យរួចផុតពីបាប និងពីសេចក្ដីស្លាប់។ ៣ ការណាដែលវិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យវិន័យនោះទៅជាអស់ឫទ្ធិ ព្រះជាម្ចាស់បានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះអង្គចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ឲ្យយាងមក មានជាតិជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាប ក្នុងឋានៈជាមនុស្ស។ ៤ ព្រះអង្គធ្វើដូច្នេះ ដើម្បីប្រោសយើងឲ្យសុចរិត ស្របតាមការតម្រូវរបស់វិន័យ គឺចំពោះយើងដែលមិនរស់នៅតាមលោកីយ៍ តែរស់នៅតាមព្រះវិញ្ញាណវិញ ៥ ដ្បិតអ្នកដែលរស់នៅតាមលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍ រីឯអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែពីខាងព្រះវិញ្ញាណ។ ៦ ការគិតខាងលោកីយ៍នាំឲ្យស្លាប់ រីឯការគិតខាងព្រះវិញ្ញាណនាំឲ្យមានជីវិត និងសេចក្ដីសុខសាន្តវិញ ៧ ដ្បិតការគិតខាងលោកីយ៍ទាស់នឹងព្រះជាម្ចាស់ ព្រោះលោកីយ៍ពុំចុះចូលនឹងវិន័យរបស់ព្រះជាម្ចាស់ទេ ហើយថែមទាំងគ្មានសមត្ថភាពនឹងចុះចូលបានផង។ ៨ អស់អ្នកដែលរស់នៅក្នុងលោកីយ៍ ពុំអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។
៩ ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិននៅខាងលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ដ អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ១០ ប្រសិនបើព្រះគ្រីស្ដគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឲ្យសុចរិត។ ១១ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
១២ ហេតុនេះ បងប្អូនអើយ យើងមានជំពាក់ម្យ៉ាង តែមិនមែនជំពាក់ខាងលោកីយ៍ ដើម្បីរស់តាមលោកីយ៍ទៀតឡើយ។ ១៣ ប្រសិនបើបងប្អូនរស់នៅតាមលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមលោកីយ៍ បងប្អូនមុខតែមានជីវិត ១៤ ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ ១៥ បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឲ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! ១៦ គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឲ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន។ ១៧ ប្រសិនបើយើងពិតជាបុត្រធីតាមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រីស្ដ។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
សិរីរុងរឿងនៅបរលោក
១៨ ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាលពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលព្រះជាម្ចាស់សម្ដែងឲ្យយើងឃើញ នៅអនាគតកាលនោះឡើយ។ ១៩ អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្រធីតារបស់ព្រះអង្គ ២០ ដ្បិតអ្វីៗទាំងអស់នោះបែរទៅជាឥតន័យ តែមិនមែនដោយចិត្តឯងទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ។ ពិភពលោកនៅតែមានសង្ឃឹមថា ២១ ព្រះអង្គនឹងលោះឲ្យរួចផុតពីវិនាសអន្តរាយ ដើម្បីឲ្យមានសេរីភាព និងសិរីរុងរឿងនៃបុត្រធីតារបស់ព្រះជាម្ចាស់។ ២២ យើងដឹងហើយថា មកទល់ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ដូចជាស្ត្រីដែលហៀបនឹងសម្រាលកូន។ ២៣ មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងចិត្ត ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឲ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងលោះរូបកាយយើងទាំងស្រុងដែរ ២៤ ដ្បិតយើងបានទទួលការសង្គ្រោះតែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបានអ្វីដែលយើងសង្ឃឹមចង់បាន នោះមិនមែនហៅថាសង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើងបានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។ ២៥ ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្តព្យាយាម។
២៦ យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋាន*ដូចម្ដេច ដើម្បីឲ្យបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ព្រះអង្គទូលអង្វរឲ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ ២៧ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ព្រះអង្គជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
២៨ យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ព្រះអង្គ ២៩ ដ្បិតអស់អ្នកដែលព្រះអង្គបានជ្រើសរើស ព្រះអង្គក៏បានតម្រូវគេទុកជាមុន ឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គដែរ ដើម្បីឲ្យព្រះបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។ ៣០ អស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុននោះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអ្នកដែលព្រះអង្គបានត្រាស់ហៅនោះ ព្រះអង្គក៏ប្រោសឲ្យគេសុចរិត រីឯអស់អ្នកដែលព្រះអង្គប្រោសឲ្យសុចរិត ព្រះអង្គក៏ប្រទានឲ្យគេមានសិរីរុងរឿងដែរ។
ព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះជាម្ចាស់
៣១ បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន? ៣២ ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះបុត្រានោះដែរ។ ៣៣ តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេឲ្យសុចរិតហើយនោះ? ៣៤ តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រីស្ដយេស៊ូបានសោយទិវង្គត ហើយជាពិសេសព្រះអង្គ មានព្រះជន្មរស់ឡើងវិញ គង់នៅខាងស្ដាំព្រះបិតា និងទូលអង្វរឲ្យយើងដូច្នេះ? ៣៥ តើនរណាអាចបំបែកយើងចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ដបាន? ទុក្ខវេទនា ឬការតប់ប្រមល់ អន្ទះអន្ទែង ការបៀតបៀន ការស្រេកឃ្លាន ខ្វះសម្លៀកបំពាក់ គ្រោះថ្នាក់ ឬមួយត្រូវគេសម្លាប់? ៣៦ ដូចមានចែងទុកមកថាៈ
ព្រោះតែព្រះអង្គ
យើងត្រូវគេរកសម្លាប់ពីព្រឹកដល់ល្ងាច
គេចាត់ទុកយើងដូចជាចៀមដែលត្រូវគេ
យកទៅសម្លាប់។
៣៧ ប៉ុន្តែ ក្នុងការទាំងនោះ យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀត ដោយព្រះអម្ចាស់ដែលបានស្រឡាញ់យើង។ ៣៨ ខ្ញុំជឿជាក់ថា ទោះបីសេចក្ដីស្លាប់ក្តី ជីវិតក្តី ទេវទូត*ក្តី វត្ថុស័ក្តិសិទ្ធិនានាក្តី បច្ចុប្បន្នកាលក្តី អនាគតកាលក្តី អំណាចនានាក្តី ៣៩ អ្វីៗដែលនៅស្ថានលើក្តី នៅស្ថានក្រោមក្តី ឬអ្វីៗផ្សេងទៀតដែលព្រះជាម្ចាស់បង្កើតមកក្តី ក៏ពុំអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងព្រះគ្រីស្ដយេស៊ូ ជាអម្ចាស់នៃយើងបានឡើយ។
៩
ព្រះជាម្ចាស់បានជ្រើសរើសសាសន៍អ៊ីស្រាអែល
១ ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រីស្ដ ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា ២ ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ចផង ៣ ដ្បិតខ្ញុំបន់ឲ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រីស្ដ ព្រោះតែបងប្អូន និងញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ ៤ គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្រធីតារបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី*នានា មានគម្ពីរវិន័យ* ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ ៥ មានបុព្វបុរស ហើយព្រះគ្រីស្ដក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន!។
៦ ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ ៧ ហើយអស់អ្នកដែលកើតពីពូជពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថាជាពូជពង្សរបស់អ្នក» ៨ ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្រធីតារបស់ព្រះជាម្ចាស់ មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន ៩ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា «ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ»។
១០ មិនតែប៉ុណ្ណោះសោត នាងរេបេកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។ ១១ ព្រះជាម្ចាស់មានគម្រោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្តនោះទេ គឺជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះអង្គដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃពុំទាន់បានប្រព្រឹត្តអំពើល្អ ឬអាក្រក់នៅឡើយផងនោះ ១២ ព្រះអង្គក៏មានព្រះបន្ទូលទៅនាងរេបេកាថា «កូនច្បងនឹងបម្រើកូនប្អូន» ១៣ ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ»។
១៤ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេមិនមែនទេ! ១៥ ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថាៈ «យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណាដែលយើងអាណិតអាសូរដែរ»។ ១៦ ដូច្នេះ មិនមែនស្រេចតែបំណងចិត្ត ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណានោះវិញ ១៧ ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នកនិងឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល»។ ១៨ ដូច្នេះ ព្រះអង្គមេត្តាករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យចិត្តនរណាទៅជារឹងរូសក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
ព្រះពិរោធ និងព្រះហឫទ័យអាណិតអាសូរ
១៩ អ្នកប្រហែលជាសួរខ្ញុំថា «បើដូច្នេះ ម្ដេចក៏ព្រះជាម្ចាស់នៅតែបន្ទោសមនុស្សទៀត? តើមាននរណាអាចប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គ?»។ ២០ ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ?។ ២១ ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។
២២ រីឯព្រះជាម្ចាស់វិញ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញព្រះពិរោធ និងសម្ដែងឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង ព្រះអង្គស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធ ហើយត្រូវវិនាសអន្តរាយ។ ២៣ ព្រះអង្គក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ព្រះអង្គ ចំពោះអស់អ្នកដែលព្រះអង្គមេត្តាករុណាដែរ ជាអ្នកដែលព្រះអង្គបានតម្រូវទុកជាមុនឲ្យទទួលសិរីរុងរឿង ២៤ ពោលគឺយើងទាំងអស់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង ២៥ ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី*ហូសេថាៈ
«អ្នកដែលមិនមែនជាប្រជារាស្ដ្ររបស់យើង
យើងនឹងហៅគេថាជាប្រជារាស្ដ្ររបស់យើង
រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់
យើងនឹងហៅគេថាជាជាតិសាសន៍
ដ៏ជាទីស្រឡាញ់របស់យើង
២៦ ហើយត្រង់ណាដែលមានពោលទៅ
អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា
ប្រជារាស្ដ្ររបស់យើងទេ!”
ត្រង់នោះគេនឹងមានឈ្មោះថាជាប្រហែលជា
របស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់»។
២៧ រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រាអែលថាៈ
ទោះបីសាសន៍អ៊ីស្រាអែលបានកើនចំនួនច្រើន
ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ
មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ
ដែលនឹងទទួលការសង្គ្រោះ
២៨ ដ្បិតព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូល
របស់ព្រះអង្គគ្រប់ប្រការទាំងអស់
យ៉ាងឆាប់ៗនៅផែនដីនេះ។
២៩ មួយវិញទៀត ព្យាការីអេសាយក៏បានថ្លែងទុកជាមុនមកថាៈ
ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល
មិនបានទុកកូនចៅយើងមួយចំនួន
ឲ្យនៅសល់ទេ
នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម
ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង
កូម៉ូរ៉ាដែរ។
អ៊ីស្រាអែល និងដំណឹងល្អ
៣០ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។ ៣១ រីឯសាសន៍អ៊ីស្រាអែល គេខំប្រឹងធ្វើតាមវិន័យ* ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមវិន័យនោះឡើយ។ ៣២ ហេតុអ្វីបានជាដូច្នេះ? គឺមកពួកគេពឹងលើការប្រព្រឹត្តតាមវិន័យ មិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំឲ្យគេជំពប់» ៣៣ ដូចមានចែងទុកមកថាៈ
យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន
ជាថ្មដែលនាំឲ្យគេជំពប់ដួល
ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ
អ្នកណាជឿលើថ្មនេះ
អ្នកនោះមុខជាមិនខកចិត្តឡើយ។
១០
១ បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រាអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេដែរ។ ២ ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។ ៣ ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។ ៤ ព្រះគ្រីស្ដជាគោលដៅរបស់វិន័យ ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
ការសង្គ្រោះតាមរយៈជំនឿលើព្រះអម្ចាស់
៥ លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីវិន័យ*ថាៈ «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងវិន័យ អ្នកនោះនឹងមានជីវិតដោយសារវិន័យ»។ ៦ ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រីស្ដចុះមក ៧ «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រីស្ដឡើងពីចំណោមមនុស្សស្លាប់មក ៨ តើក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។ ៩ ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន ១០ ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿ នោះយើងនឹងទទួលការសង្គ្រោះ ១១ ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ»។ ១២ ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយ ដល់អស់អ្នកអង្វររកព្រះអង្គ ១៣ ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។
១៤ ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? ១៥ ឲ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថាៈ
«មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎!»។
១៦ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការី*អេសាយបានថ្លែងទុកមកថាៈ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?»។
១៧ ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះ កើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ដ។ ១៨ ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ!។
«សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញ
លើផែនដីទាំងមូល
ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ
រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
១៩ ខ្ញុំសូមសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានយល់ទេឬ?។ លោកម៉ូសេបានថ្លែងមុនគេថាៈ
«យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន
នឹងពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ
ដ៏ពិតប្រាកដ
យើងនឹងធ្វើឲ្យអ្នករាល់គ្នាមានកំហឹង
នឹងជាតិសាសន៍មួយដ៏ល្ងីល្ងើ»។
២០ រីឯព្យាការីអេសាយ លោកហ៊ាននិយាយលើសពីនេះទៅទៀតថាៈ
«អស់អ្នកដែលមិនស្វែងរកយើង
គេបានរកយើងឃើញ
ហើយអស់អ្នកដែលមិនសុំអ្វីពីយើង
យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់»។
២១ ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថាៈ
«មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរក
ប្រជារាស្ដ្រដែលមិនស្ដាប់បង្គាប់
ហើយចេះតែប្រកែកជំទាស់»។
១១
ព្រះជាម្ចាស់ពុំបោះបង់ចោលសាសន៍អ៊ីស្រាអែលឡើយ
១ ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន។ ២ ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី*អេលីទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថាៈ ៣ «បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និងរំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។ ៤ តើព្រះជាម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះអង្គមានព្រះបន្ទូលថាៈ «យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ»។ ៥ រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ ៦ ប្រសិនបើព្រះអង្គជ្រើសរើសគេដោយព្រះហឫទ័យប្រណីសន្ដោស ដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។ បើមកពីគេប្រព្រឹត្តតាមវិន័យ ព្រះហឫទ័យប្រណីសន្ដោសលែងមានលក្ខណៈជាព្រះហឫទ័យប្រណីសន្ដោសទៀតហើយ។ ៧ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើឲ្យគេមានចិត្តរឹងរូសវិញ ៨ ដូចមានចែងទុកមកថាៈ
«ព្រះជាម្ចាស់ព្រះអង្គធ្វើឲ្យគេមានវិញ្ញាណ
ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ
និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់
សព្វថ្ងៃនេះ»។
៩ ព្រះបាទដាវីឌក៏មានរាជឱង្ការថាៈ
«សូមឲ្យតុរបស់ពួកគេ
ក្លាយទៅជាអន្ទាក់ ឬជាមង
ដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ
និងឲ្យគេមានទោស!។
១០ សូមឲ្យភ្នែករបស់គេទៅជាងងឹត
មើលលែងឃើញ
ហើយសូមធ្វើឲ្យគេកោងខ្នង
រហូតតទៅ»។
១១ ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេបាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្តច្រណែន។ ១២ ប្រសិនបើកំហុសរបស់សាសន៍យូដានាំឲ្យពិភពលោកទទួលព្រះពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេនាំឲ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។
ព្រះជាម្ចាស់សង្គ្រោះសាសន៍ដទៃ
១៣ ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាគ្រីស្ដទូត*សម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឲ្យបានល្អប្រសើរ ១៤ ក្នុងគោលបំណងឲ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ១៥ ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើឲ្យមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន!។
១៦ ប្រសិនបើយើងយកផលដំបូងថ្វាយព្រះជាម្ចាស់ ម្សៅនំបុ័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ ហើយប្រសិនបើឫសជារបស់ព្រះជាម្ចាស់ មែកក៏ជារបស់ព្រះអង្គដែរ។ ១៧ សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែកដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ ១៨ ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! ១៩ អ្នកប្រហែលជាពោលថា “ព្រះជាម្ចាស់បានកាត់មែកទាំងនោះចោល ដើម្បីយកខ្ញុំមកផ្សាំជំនួស!”។ ២០ មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយ ត្រូវភ័យខ្លាចវិញ។ ២១ ប្រសិនបើព្រះជាម្ចាស់ពុំបានទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។ ២២ ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យប្រិតប្រៀងរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀងចំពោះអស់អ្នកដែលដួល ហើយព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។ ២៣ ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្តមិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខាន ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ ២៤ រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សាំនឹងដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។
ព្រះជាម្ចាស់សង្គ្រោះសាសន៍អ៊ីស្រាអែល
២៥ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺសាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្តរឹងរូស រហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ ២៦ ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថាៈ
«ព្រះអង្គដែលរំដោះនឹងយាងចេញពី
ក្រុងស៊ីយ៉ូន
ព្រះអង្គនឹងដកអំពើទមិឡ*ចេញពីកូនចៅ
លោកយ៉ាកុប
២៧ នេះហើយជាសម្ពន្ធមេត្រី*ដែលយើងនឹង
ចងជាមួយពួកគេ
នៅពេលដែលយើងដកអំពើបាប
ចេញពីពួកគេ»។។
២៨ បើគិតតាមដំណឹងល្អ* សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។ ២៩ កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ព្រះអង្គក៏មិនប្រែប្រួលដែរ។ ៣០ រីឯបងប្អូន ពីដើម បងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។ ៣១ រីឯពួកគេវិញ ពួកគេមិនស្ដាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្តាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្តាករុណាដល់ពួកគេនៅពេលនេះដែរ ៣២ ដ្បិតព្រះជាម្ចាស់បានបណ្ដោយឲ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងអស់។
៣៣ ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ព្រះអង្គឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គបានដែរ! ៣៤ តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? ៣៥ តើនរណាបានថ្វាយអ្វីមួយទៅព្រះអង្គ ដើម្បីឲ្យព្រះអង្គតបស្នងសងគុណវិញ?។
៣៦ អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ!។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។
១២
ជីវិតថ្មីស្របតាមព្រះហឫទ័យព្រះអម្ចាស់
១ ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយព្រះជាម្ចាស់មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិត ដ៏វិសុទ្ធ* ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើព្រះអង្គតាមរបៀបត្រឹមត្រូវមែន។ ២ មិនត្រូវយកតម្រាប់តាមលោកីយ៍នេះឡើយ ត្រូវទុកឲ្យព្រះជាម្ចាស់កែប្រែចិត្តគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងគ្រប់លក្ខណៈ។
៣ ខ្ញុំសូមជម្រាបបងប្អូន តាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឲ្យបានសមរម្យតាមកម្រិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានឲ្យម្នាក់ៗ។ ៤ រូបកាយមនុស្សយើងមានសរីរាង្គច្រើន ហើយសរីរាង្គនីមួយៗមានមុខងារខុសៗគ្នាយ៉ាងណា ៥ យើងក៏ដូច្នោះដែរ យើងមានគ្នាច្រើនរួមជាព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ដ ហើយម្នាក់ៗជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ ៦ យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះហឫទ័យប្រណីសន្ដោសដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែង*ព្រះបន្ទូល ត្រូវថ្លែងឲ្យស្របតាមជំនឿ ៧ អ្នកណាទទួលព្រះអំណោយទានខាងបម្រើ ចូរបម្រើទៅ អ្នកណាទទួលព្រះអំណោយទានខាងបង្រៀន ចូរបង្រៀនទៅ ៨ អ្នកដែលលើកទឹកចិត្តបងប្អូន ចូរលើកទឹកចិត្តគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្តស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្តខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឲ្យគេដោយចិត្តត្រេកអរ។
៩ ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ១០ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមក ដោយចិត្តគោរព។ ១១ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ១២ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន*។ ១៣ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។
១៤ ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ១៥ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ១៦ ត្រូវមានចិត្តគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាជាអ្នកមានប្រាជ្ញាឡើយ។
១៧ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ ត្រូវគិតតែពីប្រព្រឹត្តអំពើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។ ១៨ ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅ។ ១៩ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យព្រះជាម្ចាស់សម្ដែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថាៈ «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ”។ ២០ ផ្ទុយទៅវិញ “ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកម្ហូបអាហារឲ្យគេបរិភោគទៅ ប្រសិនបើគេស្រេក ចូរឲ្យទឹកគេផឹកផង ធ្វើដូច្នេះ ប្រៀបបីដូចជាប្រមូលរងើកភ្លើងទៅដាក់ពីលើក្បាលរបស់គេ”»។ ២១ មិនត្រូវចាញ់ការអាក្រក់ឡើយ គឺត្រូវឈ្នះការអាក្រក់ ដោយប្រព្រឹត្តអំពើល្អវិញ។
១៣
ការស្ដាប់បង្គាប់អាជ្ញាធរ
១ មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។ ២ ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញាធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលព្រះជាម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើឲ្យខ្លួនមានទោសមិនខាន។ ៣ អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញាធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញាធរនឹងសរសើរអ្នកជាមិនខាន ៤ ដ្បិតលោកទាំងនោះជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្តល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាចជាអាសាឥតការទេ គឺគេជាអ្នកបម្រើព្រះជាម្ចាស់ ដើម្បីធ្វើទណ្ឌកម្ម ដាក់ទោស អ្នកដែលប្រព្រឹត្តអំពើអាក្រក់។ ៥ ដូច្នេះ ត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការផង។
៦ ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ ៧ ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅលោកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅលោកណាដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចលោកណាដែលបងប្អូនត្រូវកោតខ្លាច គោរពលោកណាដែលបងប្អូនត្រូវគោរព។
ការស្រឡាញ់គ្នាទៅវិញទៅមក
៨ មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមគម្ពីរវិន័យ*សព្វគ្រប់ហើយ ៩ ព្រោះវិន័យដែលចែងថា «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់» និងវិន័យឯទៀតៗសង្ខេបមកជាវិន័យតែមួយនេះ ថា «ចូរស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ១០ អ្នកមានចិត្តស្រឡាញ់មិនដែលប្រព្រឹត្តអាក្រក់ចំពោះបងប្អូនឯទៀតៗឡើយ ដូច្នេះសេចក្ដីស្រឡាញ់នាំឲ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ។
ការរៀបចំខ្លួនរង់ចាំទទួលព្រះអម្ចាស់
១១ បងប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះ ការសង្គ្រោះខិតមកជិតយើងជាងកាលយើងទើបនឹងជឿ។ ១២ យប់ជិតផុតហើយ ហើយថ្ងៃក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹតចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសាស្ត្រាវុធនៃពន្លឺវិញ។ ១៣ ត្រូវរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតំរា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងមិនច្រណែនឈ្នានីសគ្នា។ ១៤ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូគ្រីស្ដ ហើយកុំបណ្ដោយខ្លួនឲ្យខ្វល់ខ្វាយ តាមការលោភលន់របស់លោកីយ៍នោះឡើយ។
១៤
គ្រីស្ដបរិស័ទត្រូវយល់អធ្យាស្រ័យគ្នា
១ ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។ ២ បើមាននរណាម្នាក់ជឿថា ខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ ៣ មិនត្រូវឲ្យអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។ ៤ តើអ្នកមានឋានៈអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់គេដូច្នេះ? អ្នកបម្រើនោះឈរក្តី ដួលក្តី ស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ប៉ុន្តែ អ្នកបម្រើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះអម្ចាស់មានអំណាចជួយគាត់ឲ្យឈរបាន។
៥ មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ ៦ ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះអង្គដែរ ៧ ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ៨ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ៩ ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ ១០ រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ ១១ ដ្បិតមានចែងទុកមកថាៈ
ព្រះអម្ចាស់មានព្រះបន្ទូលថា
ពិតដូចយើងមានជីវិតរស់យ៉ាងណា
មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង
ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់
យ៉ាងនោះដែរ។
១២ ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
កុំធ្វើឲ្យបងប្អូនបាត់បង់ជំនឿឡើយ
១៣ ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។ ១៤ ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនបរិសុទ្ធ*ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។ ១៥ ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្ត ព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់គេហើយ។ ១៦ អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកឲ្យគេមានឱកាសនិយាយនិន្ទាឡើយ ១៧ ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ១៨ អ្នកណាបម្រើព្រះគ្រីស្ដរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ ១៩ ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។ ២០ មិនត្រូវបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះតែរឿងអាហារនោះឡើយ។ តាមពិត អ្វីៗទាំងអស់សុទ្ធតែល្អបរិសុទ្ធ ក៏ប៉ុន្តែ បើយើងបរិភោគអ្វីមួយដែលបណ្ដាលឲ្យអ្នកផ្សេងជំពប់ចិត្ត បាត់ជំនឿនោះ គឺយើងបែរជាប្រព្រឹត្តការអាក្រក់ទៅវិញ។ ២១ ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និងមិនប៉ះពាល់របស់ណាដែលធ្វើឲ្យបងប្អូនជំពប់ចិត្តបាត់ជំនឿនោះ ជាការល្អប្រពៃហើយ។ ២២ អ្វីៗដែលអ្នកជឿថាត្រឹមត្រូវ ចូររក្សាទុកតែម្នាក់ឯងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ទៅ។ អ្នកណាមិនដាក់ទោសខ្លួនឯង ចំពោះការយល់ឃើញរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ! ២៣ ផ្ទុយទៅវិញ អ្នកណាមានចិត្តសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះមិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿ សុទ្ធតែជាអំពើបាបទាំងអស់។
១៥
ត្រូវធ្វើឲ្យអ្នកដទៃសប្បាយចិត្ត
១ ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្តនោះឡើយ។ ២ យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ត ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចម្រើនឡើង ៣ ដ្បិតព្រះគ្រីស្ដពុំបានស្វែងរកអ្វី ដែលធ្វើឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ»។ ៤ អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំ យើងមានសេចក្ដីសង្ឃឹម។ ៥ សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រោសប្រទានឲ្យបងប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រីស្ដយេស៊ូ ៦ ដើម្បីឲ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ ជាអម្ចាស់នៃយើង។
ដំណឹងល្អសម្រាប់ប្រជាជាតិទាំងអស់
៧ ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យបានដូចព្រះគ្រីស្ដទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ៨ ខ្ញុំសូមជម្រាបបងប្អូនថា ព្រះគ្រីស្ដបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលកាត់ស្បែក* ដើម្បីសម្រេចតាមព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស* និងសម្ដែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។ ៩ រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់គេ ដូចមានចែងទុកមកថាៈ
«ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល
ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា
ហើយទូលបង្គំនឹងច្រៀងលើកតម្កើង
ព្រះកិត្តិនាមរបស់ព្រះអង្គ»។
១០ មានចែងទៀតថាៈ
«ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ
ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គទៅ!»។
១១ ហើយមានចែងទៀតថាៈ
«ជាតិសាសន៍ទាំងឡាយអើយ
ចូរកោតសរសើរព្រះអម្ចាស់
ត្រូវឲ្យប្រជារាស្ដ្រផងទាំងពួង
ច្រៀងសរសើរព្រះអង្គ»។
១២ ព្យាការីអេសាយក៏មានប្រសាសន៍ថាៈ
«ពូជរបស់លោកយេសាយនឹងមកដល់
ព្រះអង្គនឹងក្រោកឡើង
ដើម្បីដឹកនាំជាតិសាសន៍នានា
ហើយជាតិសាសន៍ទាំងនោះ
នឹងសង្ឃឹមលើព្រះអង្គ»។
១៣ សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
សកម្មភាព និងគម្រោងការរបស់លោកប៉ូល
១៤ បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។ ១៥ ប៉ុន្តែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំឭកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ ១៦ ឲ្យបម្រើព្រះគ្រីស្ដយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យវិសុទ្ធ។ ១៧ ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រីស្ដយេស៊ូ ចំពោះកិច្ចការដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់ ១៨ ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយក្រៅពីការដែលព្រះគ្រីស្ដបានធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ ១៩ ព្រះអង្គសម្ដែងឫទ្ធានុភាពនៃទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រះអង្គសម្ដែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ដសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីល្លីរី។ ២០ ប៉ុន្តែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រីស្ដនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ ២១ គឺឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថាៈ
«អស់អ្នកដែលមិនទាន់បានទទួលដំណឹង
អំពីព្រះអង្គ មុខជាឃើញ
ហើយអស់អ្នកដែលមិនទាន់បានឮ
មុខជាបានយល់»។
គម្រោងការរបស់លោកប៉ូលធ្វើដំណើរទៅក្រុងរ៉ូម
២២ ការនេះហើយ ដែលធ្វើឲ្យខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។ ២៣ ប៉ុន្តែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម្យ៉ាងទៀត តាំងពីយូរឆ្នាំមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង ២៤ នៅពេលណាខ្ញុំទៅស្រុកអេស៉្បាញ។ ខ្ញុំសង្ឃឹមថា នឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ត ស្នាក់នៅជាមួយបងប្អូនបន្ដិចមក។ ២៥ ប៉ុន្តែ ពេលនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបម្រើប្រជាជនដ៏វិសុទ្ធ* ២៦ ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។ ២៧ បងប្អូនទាំងនោះបានសម្រេចចិត្តដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។ ២៨ ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ ២៩ ខ្ញុំដឹងថា ពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងព្រះពរគ្រប់យ៉ាងរបស់ព្រះគ្រីស្ដមកជាមួយផង។
៣០ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា សូមតយុទ្ធជាមួយខ្ញុំ ដោយទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំផង ៣១ ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏វិសុទ្ធនៅក្រុងយេរូសាឡឹមបានទទួលជំនួយដែលខ្ញុំនាំយកទៅនោះ ដោយអំណរ។ ៣២ ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូនទាំងសប្បាយចិត្ត ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។ ៣៣ សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ត គង់ជាមួយបងប្អូនទាំងអស់គ្នា! អាម៉ែន!។
១៦
ពាក្យសួរសុខទុក្ខ
១ ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងផេបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើព្រះសហគមន៍នៅក្រុងសង់ក្រេ ២ សូមបងប្អូនទទួលគាត់ ក្នុងព្រះនាមព្រះអម្ចាស់ឲ្យបានសមជាប្រជាជនដ៏វិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការឲ្យបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។
៣ សូមជម្រាបសួរនាងព្រីស្កា និងលោកអគីឡាសឲ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះគ្រីស្ដ រួមជាមួយខ្ញុំ ៤ គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ព្រះសហគមន៍ទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។ ៥ សូមជម្រាបសួរព្រះសហគមន៍ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រីស្ដមុនគេបង្អស់ នៅស្រុកអាស៊ី។ ៦ សូមជម្រាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើន ដើម្បីបងប្អូន។ ៧ សូមជម្រាបសួរលោកអង់ត្រូនីគូស និងនាងយូញ៉ាស ជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាគ្រីស្ដទូត*ដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿព្រះគ្រីស្ដមុនខ្ញុំផង។
៨ សូមជម្រាបសួរលោកអំព្លីយ៉ាទូសដ៏ជាទីស្រឡាញ់របស់ខ្ញុំ ក្នុងព្រះអម្ចាស់។ ៩ សូមជម្រាបសួរលោកអ៊ូរបាន់ដែលធ្វើការបម្រើព្រះគ្រីស្ដរួមជាមួយយើង និងជម្រាបសួរលោកស្តាគីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ ១០ សូមជម្រាបសួរលោកអប្ប៉ឺឡែស ដែលបានបង្ហាញជំនឿរឹងប៉ឹងលើព្រះគ្រីស្ដ។ សូមជម្រាបសួរបងប្អូន ដែលជាក្រុមញាតិរបស់លោកអរីស្តូប៊ូល។ ១១ សូមជម្រាបសួរលោកហេរ៉ូឌីយ៉ូនជាសាច់ញាតិរបស់ខ្ញុំ។ សូមជម្រាបសួរបងប្អូនដែលជឿព្រះអម្ចាស់ និងជាក្រុមញាតិលោកណារគីស។ ១២ សូមជម្រាបសួរនាងទ្រីភែន និងនាងទ្រីផូស នាងទាំងពីរបាននឿយហត់បម្រើព្រះអម្ចាស់។ សូមជម្រាបសួរនាងពែរស៊ីសដ៏ជាទីស្រឡាញ់ ដែលបាននឿយហត់បម្រើព្រះអម្ចាស់។ ១៣ សូមជម្រាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងជម្រាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។ ១៤ សូមជម្រាបសួរលោកអស៊ីនគ្រីត លោកផ្លេគូន លោកហ៊ែរម៉ែស លោកប៉ាត្រូបាស លោកហ៊ែរម៉ាស និងបងប្អូនដែលនៅជាមួយគេ។ ១៥ សូមជម្រាបសួរលោកភីឡូឡូក នាងយូលី លោកនេរេ និងប្អូនស្រីគាត់ ព្រមទាំងជម្រាបសួរលោកអូលីមប៉ាស និងប្រជាជនដ៏វិសុទ្ធទាំងអស់ដែលនៅជាមួយគេផងដែរ។ ១៦ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។
ព្រះសហគមន៍ទាំងអស់របស់ព្រះគ្រីស្ដ សូមជម្រាបសួរមកបងប្អូន។
ពាក្យដាស់តឿនចុងបញ្ចប់
១៧ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា និងនាំឲ្យបងប្អូនរវាតចិត្តចេញពីជំនឿ ដោយគេប្រព្រឹត្តផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួល សូមបងប្អូនចៀសចេញឲ្យឆ្ងាយពីអ្នកទាំងនោះទៅ ១៨ ដ្បិតមនុស្សប្រភេទនេះមិនបម្រើព្រះគ្រីស្ដជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្តស្លូតត្រង់ ដោយប្រើពាក្យសម្ដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។ ១៩ រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថា បងប្អូនស្ដាប់បង្គាប់ព្រះអម្ចាស់។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។ ២០ ព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ត នឹងកម្ទេចមារ*សាតាំងឲ្យនៅក្រោមបាតជើងរបស់បងប្អូន ក្នុងពេលឆាប់ៗ។ សូមព្រះគ្រីស្ដជាអម្ចាស់នៃយើងប្រណីសន្ដោសដល់បងប្អូន!។
២១ លោកធីម៉ូថេដែលធ្វើការរួមជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកលូស្យូស លោកយ៉ាសូន និងលោកសូស៊ីប៉ាទែរ ដែលជាសាច់ញាតិរបស់ខ្ញុំ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
២២ ខ្ញុំទែរទីយូសជាអ្នកសរសេរលិខិតនេះ សូមជម្រាបសួរមកបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ដែរ។ ២៣ លោកកៃយូសដែលទទួលខ្ញុំ និងទទួលព្រះសហគមន៍ទាំងមូល ឲ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ត្រ ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកគ័រទូស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ [២៤សូមព្រះគ្រីស្ដប្រណីសន្ដោសដល់បងប្អូនទាំងអស់គ្នា! អាម៉ែន]។
២៥ ព្រះជាម្ចាស់មានឫទ្ធានុភាពនឹងធ្វើឲ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រីស្ដ តាមតែព្រះជាម្ចាស់បានសម្ដែងអំពីគម្រោងការដ៏លាក់កំបាំង ដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក ២៦ តែព្រះអង្គបានសម្ដែងឲ្យយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យជាតិសាសន៍ទាំងអស់បានស្គាល់ ហើយឲ្យគេជឿ និងស្ដាប់តាម។ ២៧ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្ដអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
770 Views