សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
សុភាសិត
ពាក្យលំនាំ
សុភាសិត
ពាក្យលំនាំ
«ព្រះគម្ពីរសុភាសិត» ផ្សំឡើងដោយដំបូន្មាន ពាក្យប្រៀនប្រដៅ និងគតិបណ្ឌិតផ្សេងៗ ស្តីអំពីប្រាជ្ញា និងដំណើរជីវិតរស់នៅរៀងរាល់ថ្ងៃ សមស្របតាមសីលធម៌។ សេចក្ដីបង្រៀនទាំងនេះមានប្រភពមកពីព្រះបាទសាឡូម៉ូន ជាស្តេចស្រុកអ៊ីស្រាអែល ព្រមទាំងអ្នកប្រាជ្ញបណ្ឌិតជាតិអ៊ីស្រាអែល និងជាតិដទៃជាច្រើនរូបទៀត។ គេហៅកណ្ឌគម្ពីរនេះថា «សុភាសិតរបស់ព្រះបាទសាឡូម៉ូន» ព្រោះព្រះបាទសាឡូម៉ូន ជាស្តេចស្រុកអ៊ីស្រាអែល ដែលគេចាត់ទុកជាអ្នកប្រាជ្ញបណ្ឌិតមួយរូបដ៏ចំណាននៅបុរាណកាល។ គេរាប់បញ្ចូលព្រះគម្ពីរសុភាសិតក្នុងចំណោមស្នាដៃអក្សរសិល្ប៍របស់ប្រជាជាតិនានា នៅមជ្ឈិមបូព៌ាប្រទេស ជាសេចក្ដីដែលចាស់ព្រឹទ្ធាចារ្យនៅជំនាន់ដើម ចងក្រងគោលគំនិត ដែលបានមកពីបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃ សម្រាប់អប់រំកូនចៅនៅជំនាន់ក្រោយ។
ព្រះគម្ពីរសុភាសិតនេះជាគោលគំនិត ចងក្រងឡើងនៅជំនាន់ផ្សេងៗគ្នា ដែលយើងអាចចែកចេញជាបីផ្នែក:
• ១. សេចក្ដីបង្រៀនអំពីប្រាជ្ញា (១.១‑៩.១៨):
ក្នុងផ្នែកនេះ មានបរិយាយអំពីប្រាជ្ញា ដែលគេប្រដូចទៅនឹងបុគ្គលមួយរូប។ ប្រាជ្ញានេះមានប្រភពមកពីព្រះជាម្ចាស់ ហើយការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រភពនៃប្រាជ្ញា។
• ២. សុភាសិតរបស់ព្រះបាទសាឡូម៉ូន (១០.១‑២៩.២៧):
ក្នុងផ្នែកនេះ មានសេចក្ដីអប់រំរបស់ព្រះបាទសាឡូម៉ូន ព្រមទាំងមានសេចក្ដីប្រៀនប្រដៅរបស់អ្នកប្រាជ្ញបណ្ឌិតមួយចំនួន (២២.១៧‑២៤.៣៤)។
• ៣. សុភាសិតផ្សេងៗ (៣០-៣១):
ផ្សំឡើងដោយបួនផ្នែកខ្លីៗ ដែលមានខ្លឹមសារប្លែកៗពីគ្នា។ ក្នុងផ្នែក នេះមានពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញបណ្ឌិតសាសន៍ដទៃ រាប់បញ្ចូលជាមួយពាក្យទូន្មានរបស់អ្នកប្រាជ្ញបណ្ឌិតសាសន៍អ៊ីស្រាអែលដែរ។
«ព្រះគម្ពីរសុភាសិត» មិនសង្កត់ទៅលើប្រវត្តិរបស់ជនជាតិអ៊ីស្រាអែល ដូចកណ្ឌគម្ពីរឯទៀតៗនៃព្រះគម្ពីរសម្ពន្ធមេត្រីចាស់ទេ។ ផ្ទុយទៅវិញ ជាពាក្យប្រៀនប្រដៅ និងពាក្យដាស់តឿន ចំពោះបុគ្គលម្នាក់ៗ ឲ្យចេះរស់នៅត្រឹមត្រូវ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតាមគន្លងធម៌ ដែលផ្តល់ឲ្យមានសុភមង្គល។ រីឯមនុស្សអាក្រក់ មនុស្សល្ងីល្ងើ មនុស្សរកប្រាក់បានដោយអយុត្តិធម៌…រមែងបោះជំហានទៅរកសេចក្ដីវិនាស។
ព្រះគម្ពីរសុភាសិតបំភ្លឺយើងឲ្យស្គាល់គោលគំនិតដ៏ល្អៗ ដែលជាលទ្ធផលនៃបទពិសោធន៍ក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិអ៊ីស្រាអែល។ លោកអ្នកអាចស្វែងយល់អំពីរបៀបដែលអ្នកប្រាជ្ញបណ្ឌិតគិតគូរ និងដោះស្រាយក្នុងពេលជួបប្រទះបញ្ហា ឬស្ថានភាពអ្វីមួយ។ ពេលអានកណ្ឌគម្ពីរនេះចប់ លោកអ្នកមុខជាឃើញថា នៅបច្ចុប្បន្នកាលនេះ យើងតែងតែប្រឈមមុខទល់នឹងស្ថានភាពស្រដៀងគ្នា។ ដូច្នេះ យើងអាចយកគោលគំនិតពី «ព្រះគម្ពីរសុភាសិត» ទុកជាជំហរ សម្រាប់រកដំណោះស្រាយក្នុងជីវិតរបស់យើងផ្ទាល់។
១
អារម្ភកថា
១ សុភាសិតរបស់ព្រះបាទសាឡូម៉ូនជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែល។
២ សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ ៣ ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ ៤ ហើយផ្តល់ឲ្យមនុស្សឆោតចេះប្រុងប្រយ័ត្ន និងផ្តល់ឲ្យយុវជនចេះគិតចេះពិចារណា។
៥ សូមឲ្យអ្នកប្រាជ្ញត្រងត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមឲ្យមនុស្សឈ្លាសវៃស្រង់យកមាគ៌ា ដែលត្រូវប្រកាន់យក ៦ ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្តៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។
៧ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។
ពាក្យទូន្មានយុវជន
៨ កូនអើយ ចូរស្ដាប់ឪពុកប្រៀនប្រដៅ ហើយត្រងត្រាប់ស្ដាប់ម្ដាយទូន្មាន ៩ ដ្បិតដំបូន្មានរបស់ឪពុកម្ដាយនឹងកសាងចរិយាសម្បត្តិរបស់កូន ឲ្យបានល្អដូចមកុដ និងខ្សែកមាស។ ១០ កូនអើយ បើមានជនពាលមកបបួលកូនទៅប្រព្រឹត្តអំពើអាក្រក់ កុំទៅតាមគេឡើយ។ ១១ បើជនពាលបបួលកូនថា: «ចូរមកជាមួយពួកយើង យើងនឹងស្ទាក់ផ្លូវចាំបង្ហូរឈាម ហើយយើងនឹងវាយឆ្មក់សម្លាប់មនុស្សស្លូតត្រង់លេង។ ១២ យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ១៣ រួចហើយយើងរឹបអូសរបស់មានតម្លៃទាំងប៉ុន្មាន ពីពួកគេយកទៅដាក់ឲ្យពេញផ្ទះយើង។ ១៤ ចូរមករួមជាមួយយើង យើងនឹងចែករបស់ដែលរឹបអូសយកបាននោះជាមួយគ្នា!»។ ១៥ កូនអើយ កុំសេពគប់ជាមួយអ្នកទាំងនោះឡើយ តែត្រូវងាកចេញឲ្យឆ្ងាយពីពួកគេ។ ១៦ ពួកនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយងាយបង្ហូរឈាមណាស់។ ១៧ ដាក់អន្ទាក់ឲ្យសត្វស្លាបឃើញ ជាការឥតប្រយោជន៍។ ១៨ រីឯអ្នកទាំងនោះវិញ គេកំពុងតែរាយអន្ទាក់សម្រាប់ទាក់កខ្លួនឯង ហើយឃុបឃិតប្រហារជីវិតរបស់ខ្លួនឯង។ ១៩ អស់អ្នកដែលរកស៊ីលួចប្លន់ទ្រព្យសម្បត្តិ តែងតែបាត់បង់ជីវិតបែបនេះឯង។
ការប្រកាសរបស់ព្រះប្រាជ្ញាញាណ
២០ ព្រះប្រាជ្ញាញាណស្រែកនៅតាមផ្លូវ ហើយបន្លឺសំឡេងនៅតាមទីសាធារណៈ ២១ ព្រមទាំងអំពាវនាវតាមច្រកដ៏អ៊ូអរ និងប្រកាសនៅមាត់ទ្វារក្រុងថា: ២២ មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត?។ ២៣ ចូរនាំគ្នាមកស្ដាប់ដំបូន្មានរបស់យើង យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើអ្នករាល់គ្នា ហើយយើងនឹងបង្ហាញឲ្យអ្នករាល់គ្នាស្គាល់ចំណេះរបស់យើង។ ២៤ យើងបានហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើមិនឮ យើងបានបោយដៃហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើព្រងើយ។ ២៥ ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ ២៦ ពេលណាអ្នករាល់គ្នាមានមហន្តរាយយើងនឹងសើច ហើយពេលណាអ្នករាល់គ្នាជួបភ័យអាសន្ន យើងនឹងចំអកឲ្យអ្នករាល់គ្នាវិញជាមិនខាន។ ២៧ ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា ២៨ ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។ ២៩ អ្នករាល់គ្នាស្អប់ការចេះដឹង អ្នករាល់គ្នាមិនសុខចិត្តគោរពកោតខ្លាចព្រះអម្ចាស់ ៣០ អ្នករាល់គ្នាមិនព្រមទទួលយោបល់ពីយើង ហើយមើលងាយដំបូន្មានទាំងប៉ុន្មានរបស់យើងថែមទៀតផង។ ៣១ អ្នករាល់គ្នានឹងទទួលផលស្របតាមកិរិយាមារយាទរបស់ខ្លួន ហើយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត នឹងនាំឲ្យអ្នករាល់គ្នាឆ្អែតឆ្អន់ ៣២ ដ្បិតចិត្តរឹងរូសរបស់មនុស្សល្ងង់ នឹងធ្វើឲ្យគេបាត់បង់ជីវិត ហើយចិត្តអួតអាងរបស់មនុស្សលេលា នឹងធ្វើឲ្យគេវិនាស។ ៣៣ រីឯអ្នកដែលស្ដាប់យើង នឹងរស់នៅយ៉ាងសុខដុមរមនា ឥតភ័យខ្លាចទុក្ខលំបាកអ្វីឡើយ។
២
ប្រាជ្ញាការពារមនុស្សពីអំពើអាក្រក់
១ កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក
កុំភ្លេចសេចក្ដីដែលឪពុកផ្តែផ្តាំនេះឡើយ
២ ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា
ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។
៣ ចូរយកតម្រិះមកធ្វើជាជំនួយ
ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។
៤ ចូរខំប្រឹងស្វែងរកប្រាជ្ញា
ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។
៥ ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព
កោតខ្លាចព្រះអម្ចាស់
ព្រមទាំងអាចស្គាល់ព្រះអង្គបានទៀតផង។
៦ មានតែព្រះអម្ចាស់ទេ ដែលប្រទានប្រាជ្ញា។
ចំណេះវិជ្ជា និងការដឹងខុសត្រូវ
សុទ្ធតែមកពីព្រះអង្គទាំងអស់។
៧ ព្រះអង្គជួយមនុស្សទៀងត្រង់
ហើយធ្វើជាខែលការពារ
អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។
៨ ព្រះអង្គជួយការពារ
អស់អ្នកដែលដើរតាមគន្លងធម៌
ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
៩ ប្រសិនបើកូនស្ដាប់ឪពុក
កូននឹងយល់អំពីមាគ៌ាដ៏សុចរិត
ទៀងត្រង់ និងត្រឹមត្រូវ
ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។
១០ ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញា
ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។
១១ ការចេះគិតពិចារណានឹងការពារកូន
ហើយការដឹងខុសត្រូវនឹងថែរក្សាកូន
១២ មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់
ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស
ដែលពោលពាក្យខិលខូច
១៣ ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់
ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។
១៤ ជនទាំងនោះសប្បាយចិត្តតែនឹង
ប្រព្រឹត្តអំពើអាក្រក់
ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
១៥ អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរ
មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។
១៦ ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែម
របស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន
១៧ គឺស្ត្រីផិតប្ដីរបស់ខ្លួន
និងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។
១៨ អាកប្បកិរិយារបស់ស្ត្រីបែបនេះ
រមែងបណ្តាលឲ្យគ្រួសាររបស់ខ្លួនស្លាប់
និងនាំគេឯងឲ្យវិនាសបាត់បង់។
១៩ ជនណាភប់ប្រសព្វជាមួយស្ត្រីនេះ
ក៏ត្រូវអន្តរាយរួមជាមួយនាងដែរ
គឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។
២០ ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អ
និងយកតម្រាប់តាមមនុស្សសុចរិត
២១ ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ
ហើយមនុស្សឥតកំហុស
នឹងនៅស្ថិតស្ថេររហូតតទៅ។
២២ រីឯមនុស្សពាលវិញ
ព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុក
ហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យ
ចេញពីស្រុកដែរ។
៣
ប្រាជ្ញានាំឲ្យកោតខ្លាចព្រះជាម្ចាស់
១ កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្តែផ្តាំជានិច្ច។ ២ ឱវាទរបស់ឪពុកនឹងផ្តល់ឲ្យកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។ ៣ ចូរកាន់ចិត្តភក្តី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ ៤ ពេលនោះ កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។
៥ កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង។ ៦ ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។ ៧ កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ហើយងាកចេញពីអំពើអាក្រក់។ ៨ ការប្រព្រឹត្តដូច្នេះ ជាឱសថព្យាបាលខ្លួនឲ្យបានជាសះស្បើយពីជំងឺ។ ៩ ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសម្ដែងការគោរពចំពោះព្រះអង្គ។ ១០ ធ្វើដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។
១១ កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្តីបន្ទោសដែរ ១២ ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។
ប្រាជ្ញានាំឲ្យមានសុភមង្គល
១៣ អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គលហើយ ១៤ ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្តល់ឲ្យគេបានចំណេញច្រើនជាងមានមាសទៅទៀត។ ១៥ ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។
១៦ ប្រាជ្ញាផ្តល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។ ១៧ ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។ ១៨ ប្រាជ្ញាជាដើមឈើផ្តល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះមានសុភមង្គលហើយ។ ១៩ ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។ ២០ ព្រះអង្គបានធ្វើឲ្យទឹកផុសចេញពីទីជម្រៅ និងឲ្យពពកបង្អុរភ្លៀងចុះមក ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ។
ព្រះអម្ចាស់ការពារអ្នកមានប្រាជ្ញា
២១ កូនអើយ ចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច កុំធ្វេសប្រហែសឡើយ ២២ ដ្បិតការដឹងខុសត្រូវ និងការរិះគិតពិចារណាផ្តល់ឲ្យកូនមានជីវិត មានកិរិយាមារយាទថ្លៃថ្នូរ។ ២៣ ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើឲ្យកូនជំពប់ដួលបានឡើយ។ ២៤ កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។ ២៥ កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ ២៦ ដ្បិតព្រះអម្ចាស់នឹងការពារកូន ព្រះអង្គមិនបណ្តោយឲ្យកូនធ្លាក់ទៅក្នុងអន្ទាក់ណាមួយឡើយ។
ត្រូវមានចិត្តស្រឡាញ់អ្នកដទៃ
២៧ មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។ ២៨ បើអ្នកដទៃមកសុំអ្វីពីកូន ហើយបើកូនមាន មិនត្រូវពោលទៅគេថា «ទៅសិនចុះ ចាំស្អែក សឹមត្រឡប់មកវិញ ខ្ញុំនឹងប្រគល់ជូន!»។ ២៩ មិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។ ៣០ កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។ ៣១ កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ ៣២ ដ្បិតព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សខិលខូចទេ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។ ៣៣ ព្រះអម្ចាស់ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែព្រះអង្គប្រទានពរឲ្យក្រុមគ្រួសារមនុស្សសុចរិត។ ៣៤ ព្រះអង្គមើលងាយអស់អ្នកដែលមើលងាយគេ តែព្រះអង្គសម្ដែងព្រះហឫទ័យប្រណីសន្ដោស ចំពោះអស់អ្នកដែលគ្មានទីពឹង។ ៣៥ អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។
៤
ផលប្រយោជន៍នៃប្រាជ្ញា
១ កូនអើយ ចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង ២ ដ្បិតឪពុកបង្រៀនកូនអំពីគោលគំនិតដ៏ល្អ កុំបោះបង់ចោលដំបូន្មានរបស់ឪពុកឡើយ។ ៣ ពីដើម ឪពុកធ្លាប់ស្ដាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណព្វរបស់ជីដូនឯងដែរ។ ៤ ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។ ៥ ចូររកប្រាជ្ញា និងការចេះដឹងឲ្យបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។ ៦ កុំបោះបង់ប្រាជ្ញាឲ្យសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែរក្សាកូន។ ៧ រីឯប្រភពនៃប្រាជ្ញាចាប់ផ្តើមដូចតទៅ: គឺត្រូវរកប្រាជ្ញាឲ្យបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកឲ្យបានការចេះដឹង។ ៨ ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។ ៩ ប្រាជ្ញានឹងផ្តល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និងជាគ្រឿងអលង្ការដ៏ថ្លៃបំផុតសម្រាប់កូន»។
កុំយកតម្រាប់តាមជនពាល
១០ កូនអើយ ចូរស្ដាប់ពាក្យរបស់ឪពុក នោះកូននឹងមានអាយុវែង។ ១១ ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ ១២ បើកូនប្រកាន់យកមាគ៌ានេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនឲ្យជំពប់ដួលឡើយ។ ១៣ ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។ ១៤ មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរ។ ១៥ ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងឲ្យឆ្ងាយ។ ១៦ អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ ១៧ ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។
១៨ មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។ ១៩ រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។
ចរិយាសម្បត្តិដ៏ថ្លៃថ្នូរ
២០ កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងឱវាទរបស់ឪពុក។ ២១ កុំបំភ្លេចពាក្យឪពុក គឺត្រូវរក្សាទុកឲ្យជាប់នៅក្នុងដួងចិត្តជានិច្ច។ ២២ ដ្បិតឱវាទនេះនឹងផ្តល់ជីវិត និងសុខភាពដល់អស់អ្នកដែលសុខចិត្តទទួល។ ២៣ ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។ ២៤ ចូរទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរ។ ២៥ ចូរសម្ដែងឲ្យមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូន គឺកុំមើលទៅនរណាដោយចិត្តវៀចវេរឡើយ។ ២៦ ចូររៀបចំផ្លូវដែលកូនត្រូវដើរឲ្យត្រង់ គឺធ្វើយ៉ាងណាឲ្យផ្លូវនោះបានត្រឹមត្រូវ ២៧ កុំងាកស្តាំ ងាកឆ្វេង ហើយចៀសឲ្យឆ្ងាយពីផ្លូវអាក្រក់។
៥
ត្រូវប្រយ័ត្ននឹងស្ត្រីដែលក្បត់ប្ដី
១ កូនអើយ ចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់ឪពុក ហើយចាប់អារម្មណ៍នឹងតម្រិះរបស់ឪពុកដែរ
២ ដើម្បីឲ្យកូនស្គាល់ការរិះគិត និងការនិយាយស្តីដឹងខុសត្រូវ។ ៣ ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង ៤ តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។ ៥ ស្ត្រីប្រភេទនេះបណ្តាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ ៦ ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ តែនាំឲ្យគេវង្វេងដោយមិនដឹងខ្លួន។
៧ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ ៨ ចូរដើរវាងឲ្យឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេឲ្យសោះ ៩ ក្រែងលោអ្នកផងទាំងពួងប្រមាថមាក់ងាយកេរ្តិ៍ឈ្មោះកូន ហើយមនុស្សគ្មានចិត្តមេត្តាបំផ្លាញជីវិតកូន ១០ ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។ ១១ នៅទីបំផុត កូនលែងមានកម្លាំងអ្វីទៀត ហើយកូននឹងស្រែកថ្ងូរដូចសត្វ។ ១២ ពេលនោះ កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ! ១៣ ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសម្ដីគ្រូ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ!។ ១៤ ខ្ញុំវិះតែអាម៉ាស់មុខ នៅក្នុងចំណោមសហគមន៍របស់ប្រជាជន»។
១៥ ប្រពន្ធរបស់កូនប្រៀបបាននឹងប្រភពទឹក ដែលផុសចេញពីអណ្ដូងរបស់កូនផ្ទាល់ ចូរផឹកតែទឹកនេះចុះ ១៦ កុំបណ្តោយឲ្យទឹកនេះហូរទៅក្រៅ តាមដងផ្លូវឡើយ។ ១៧ ចូរប្រើទឹកនេះតែម្នាក់ឯងបានហើយ កុំចែកឲ្យអ្នកដទៃ។ ១៨ ចូរផ្តល់សុភមង្គលឲ្យភរិយារបស់កូន ចូររួមរស់យ៉ាងសប្បាយជាមួយភរិយា ដែលកូនបានរៀបការតាំងពីកំលោះក្រមុំ។ ១៩ ភរិយារបស់កូនមានចរិយាសមសួនគួរឲ្យស្រឡាញ់ សម្រស់របស់នាងគួរជាទីគាប់ចិត្ត។ ចូរត្រេកត្រអាលនឹងសម្ផស្សរបស់នាង ចូរស្រឡាញ់នាងយ៉ាងអស់ពីចិត្តរហូតតទៅ។ ២០ កូនអើយ ហេតុអ្វីបានជាកូនមានចិត្តស្រឡាញ់ប្រពន្ធរបស់គេទៅវិញ? ហេតុអ្វីបានជាកូនចង់សប្បាយជាមួយស្រីផ្សេងដូច្នេះ? ២១ អ្វីៗដែលមនុស្សលោកប្រព្រឹត្ត ព្រះអម្ចាស់ជ្រាបទាំងអស់ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។ ២២ កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។ ២៣ គេនឹងត្រូវស្លាប់ ព្រោះខ្វះការអប់រំ គេនឹងត្រូវវិនាស ព្រោះតែអំពើលេលាហួសល្បត់របស់ខ្លួន។
៦
កុំធានាសងបំណុលជំនួសគេ
១ កូនអើយ ប្រសិនបើកូនធានាបងប្អូនណាម្នាក់ដែលជំពាក់បំណុលគេ ២ ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និងជាប់សម្ដីក្នុងរឿងនេះ ៣ បានសេចក្ដីថា កូនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បងប្អូននោះហើយ។ ដូច្នេះ កូនត្រូវតែទៅជួបអ្នកនោះ ហើយអង្វរករ និងរំអុកសុំរំដោះខ្លួនឲ្យរួច ៤ កុំដេក កុំសម្រាកឡើយ ៥ គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន ឲ្យរួចពីអន្ទាក់របស់ព្រាន។
មនុស្សកម្ជិល
៦ កូនកម្ជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកមេរៀនពីវាទៅ។ ៧ វាគ្មានអ្នកត្រួតត្រា គ្មានមេកើយ គ្មានថៅកែទេ ៨ តែនៅរដូវក្ដៅវាប្រមូលចំណី នៅរដូវចម្រូត វាសន្សំស្បៀងទុក។ ៩ ជនកម្ជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង? ១០ អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច ដេកឱបដៃបន្តិច។ ១១ ធ្វើដូច្នេះ អ្នកនឹងខ្វះខាត ហើយធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។
មនុស្សពាល
១២ អ្នកណាដើរសាបព្រោះពាក្យមិនពិត អ្នកនោះជាមនុស្សចោលម្សៀត និងទុច្ចរិត ១៣ គេមិចភ្នែក លើកដៃលើកជើងជាសញ្ញា ១៤ មានចិត្តពាល ហើយរិះគិតធ្វើអាក្រក់គ្រប់ពេលវេលា និងបង្កជម្លោះ។ ១៥ ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។
អំពើដែលពុំគាប់ព្រះហឫទ័យព្រះអម្ចាស់
១៦ មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ហើយមិនអាចទ្រាំទ្របានគឺ: ១៧ ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់ ១៨ ការរិះគិតធ្វើអំពើទុច្ចរិត ការរត់ទៅប្រព្រឹត្តអំពើអាក្រក់ ១៩ ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជម្លោះបំបាក់បំបែកបងប្អូន។
កុំផិតក្បត់ស្វាមីភរិយា
២០ កូនអើយ ចូរស្ដាប់ឱវាទរបស់ឪពុក កុំចោលដំបូន្មានរបស់ម្ដាយ។ ២១ ចូរចងចាំទុកក្នុងចិត្ត ចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។ ២២ ពេលកូនទៅណាមកណាដំបូន្មាននេះនាំផ្លូវកូន ការពារកូនក្នុងពេលដេក ហើយសារស័ព្ទជាមួយកូននៅពេលកូនភ្ញាក់ ២៣ ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។ ២៤ ពាក្យដាស់តឿនទាំងនេះការពារកូន កុំឲ្យចាញ់បោកស្រីទុច្ចរិត កុំឲ្យចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។ ២៥ កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្តោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ ២៦ ស្រីពេស្យាចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ រីឯស្ត្រីក្បត់ប្ដីវិញ គេទាមទារយកអ្វីៗទាំងអស់ដ៏មានតម្លៃ។
២៧ តើមាននរណាយកភ្លើងមកឱប ហើយភ្លើងមិនឆេះអាវទាំងមូល? ២៨ តើមាននរណាដើរលើរងើកភ្លើង ហើយមិនរលាកជើង? 29 រីឯអ្នកដែលប៉ះពាល់ប្រពន្ធគេក៏ដូច្នោះដែរ គឺត្រូវតែទទួលផលវិបាកជានិច្ច។ ៣០ ចោរលួចគេ ដើម្បីគ្រាន់តែចម្អែតក្រពះដែលឃ្លាននោះ គ្មាននរណាមើលងាយទេ ៣១ តែបើគេចាប់បាន ចោរនោះត្រូវតែសងមួយជាប្រាំពីរ ហើយខាតបង់អ្វីៗទាំងអស់ដែលខ្លួនមានផង។ ៣២ អ្នកណាលួចប្រពន្ធគេ អ្នកនោះជាមនុស្សមិនចេះពិចារណា ដ្បិតប្រព្រឹត្តយ៉ាងនេះនាំតែវិនាសខ្លួនឯង។ ៣៣ អ្នកនោះនឹងទទួលទោសបាត់បង់កិត្តិយស ហើយត្រូវខ្មាសគេរហូត ៣៤ ដ្បិតប្ដីគេនឹងប្រច័ណ្ឌ ហើយថ្ងៃមួយគេនឹងសងសឹកឥតត្រាប្រណីឡើយ។ ៣៥ គេមិនព្រមទទួលសំណង គេមិនអត់ទោសឲ្យ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។
៧
ស្ត្រីក្បត់ប្ដី
១ កូនអើយ កុំភ្លេចពាក្យបណ្តាំឪពុក ចូរចងចាំពាក្យដែលឪពុកទូន្មាន ២ ចូររក្សាពាក្យដែលឪពុកទូន្មាននេះ ទើបកូនមានជីវិត។ ចូររក្សាពាក្យដែលឪពុកប្រៀនប្រដៅទុកដូចជាកែវភ្នែក។ ៣ ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។ ៤ ចូរចាត់ទុកប្រាជ្ញាដូចជាបងស្រី និងចាត់ទុកតម្រិះដូចជាមិត្ត។ ៥ ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។
៦ មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះ សម្លឹងទៅផ្លូវកែង ៧ ក្នុងចំណោមយុវជនដែលមិនសូវដឹងខុសត្រូវ ឪពុកឃើញក្មេងកំលោះម្នាក់ គ្មានប្រាជ្ញាទាល់តែសោះ។ ៨ ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។ ៩ ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ ១០ ស្ត្រីនោះចេញមកជួបអ្នកកំលោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យា ដើម្បីទាក់ទាញចិត្តគេ។ ១១ នាងពុះកញ្ជ្រោល ស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។ ១២ នាងនេះដើររកប្រុសនៅតាមដងផ្លូវ នៅតាមផ្សារ និងនៅគ្រប់កៀនកោះ។ ១៣ នាងចាប់អ្នកកំលោះមកឱបរឹត ហើយនិយាយទាំងងងើលថា ១៤ «ថ្ងៃនេះ ខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណ ដើម្បីលាបំណន់។ ១៥ ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវ ខ្ញុំជួបបងមែន!។ ១៦ ខ្ញុំបានរៀបចំគ្រែខ្ញុំ ដែលមានភួយចម្រុះពណ៌ និងមានផាហ៊ុមល្អៗមកពីស្រុកអេស៊ីប។ ១៧ ខ្ញុំបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។ ១៨ សូមអញ្ជើញមក យើងរួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នារហូតដល់ព្រឹកស្អែក។ ១៩ ប្ដីខ្ញុំមិននៅផ្ទះទេ គាត់បានចេញដំណើរទៅស្រុកឆ្ងាយបាត់ហើយ។ ២០ គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។ ២១ នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសម្ដីផ្អែមល្ហែម។ ២២ អ្នកកំលោះក៏ទៅតាមនាងភ្លាម ដូចគោដែលគេនាំទៅទីសត្តឃាត និងដូចមនុស្សឆ្កួតដែលបណ្តោយឲ្យគេចងជើងចងដៃ យកទៅធ្វើទោស។ ២៣ អ្នកនោះប្រៀបបាននឹងសត្វស្លាប ហើរបោះពួយទៅរកអន្ទាក់ ដោយមិនដឹងថា ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតទេ លុះត្រាតែមានព្រួញមកទំលុះដល់បេះដូង។
២៤ ឥឡូវនេះ កូនអើយ ចូរស្ដាប់ឪពុក ចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលឪពុកទូន្មាន។ ២៥ កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយវាដែរ ២៦ ដ្បិតស្ត្រីនេះបានធ្វើឲ្យមានជនរងគ្រោះជាច្រើន សូម្បីតែអ្នកខ្លាំងពូកែក៏ត្រូវស្លាប់ដោយសារស្នាដៃនាងដែរ។ ២៧ ផ្ទះរបស់នាងជាស្ថានមច្ចុរាជ អ្នកដែលចូលទៅក្នុងផ្ទះនោះ មុខជាស្លាប់មិនខាន។
៨
ព្រះប្រាជ្ញាញាណប្រកាសហៅសាជាថ្មី
១ ចូរត្រងត្រាប់ស្ដាប់!
ព្រះប្រាជ្ញាញាណស្រែកប្រកាសហើយ!
តម្រិះក៏បន្លឺសំឡេងឡើងដែរ!
២ ព្រះប្រាជ្ញាញាណឈរលើទួល
ក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក
៣ ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល
ហើយស្រែកឡើងថា៖
៤ បណ្តាជនទាំងឡាយអើយ!
ខ្ញុំស្រែកហៅអ្នករាល់គ្នា
ខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។
៥ មនុស្សមិនដឹងខុសត្រូវអើយ
ចូររៀនពិចារណាឡើង
មនុស្សឥតប្រាជ្ញាអើយ
ចូររៀនឲ្យមានតម្រិះឡើង។
៦ ចូរនាំគ្នាស្ដាប់
ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា
ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់
៧ ខ្ញុំថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះ
ខ្ញុំមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។
៨ អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់
គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។
៩ អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់
រីឯអស់អ្នកចេះដឹងក៏យល់ថា
ខ្ញុំនិយាយត្រឹមត្រូវមែនដែរ។
១០ ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់
រីឯការចេះដឹងមានតម្លៃ
លើសមាសទឹកដប់ទៅទៀត។
១១ ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ
គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។
១២ ខ្ញុំជាប្រាជ្ញា
ការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំ
ខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។
១៣ អ្នកគោរពកោតខ្លាចព្រះអម្ចាស់
តែងតែស្អប់អំពើអាក្រក់
ខ្ញុំមិនចូលចិត្តការអួតបំប៉ោង
ការព្រហើន អំពើអាក្រក់
និងការពោលពាក្យបោកបញ្ឆោតឡើយ។
១៤ ខ្ញុំមានប្រាជ្ញា និងយោបល់
ខ្ញុំផ្តល់តម្រិះ និងកម្លាំង
១៥ ស្តេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំ
ហើយមេដឹកនាំទាំងឡាយ
តែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
១៦ អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំ
ហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។
១៧ អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ
អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
១៨ ខ្ញុំផ្តល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង
ភាពចម្រុងចម្រើន និងសេចក្ដីសុចរិត។
១៩ ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់
អ្វីៗដែលខ្ញុំផ្តល់ឲ្យ
មានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
២០ ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត
និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។
២១ ខ្ញុំផ្តល់ទ្រព្យសម្បត្តិយ៉ាងបរិបូណ៌
ឲ្យអ្នកដែលស្រឡាញ់ខ្ញុំ។
២២ ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់
គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។
២៣ ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំ
តាំងពីអស់កល្បរៀងមក
គឺនៅគ្រាដំបូងបង្អស់
មុនកំណើតពិភពលោកទៅទៀត។
២៤ កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹក
ហើយក៏មិនទាន់មានប្រភពទឹកដែរ។
២៥ ព្រះអង្គបង្កើតខ្ញុំមក
មុនព្រះអង្គធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។
២៦ ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដី
និងលំហអាកាសទេ
ហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។
២៧ កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ
និងគូរវាសជើងមេឃពីលើមហាសមុទ្រ
ខ្ញុំក៏នៅទីនោះដែរ។
២៨ កាលព្រះអង្គដាក់ពពកនៅលើអាកាស
ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំង
ពីទីជម្រៅ
២៩ កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ
ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ
កាលព្រះអង្គចាក់គ្រឹះផែនដី
៣០ នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ
ហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរ
ជារៀងរាល់ថ្ងៃ។
ខ្ញុំកំសាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
គ្រប់ពេលវេលា។
៣១ ខ្ញុំកំសាន្តនៅលើដីដែលព្រះអង្គបានបង្កើត
ខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។
សុភមង្គលរបស់អ្នកដែលស្ដាប់ព្រះប្រាជ្ញាញាណ
៣២ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក
អ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុក
អ្នកនោះពិតជាមានសុភមង្គល!។
៣៣ ចូរស្ដាប់ដំបូន្មានរបស់ឪពុក
ដោយឥតធ្វេសប្រហែសឡើយ
នោះកូននឹងទៅជាអ្នកមានប្រាជ្ញា។
៣៤ អ្នកណាស្ដាប់ខ្ញុំ
ហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃ
អ្នកនោះពិតជាមានសុភមង្គល។
៣៥ អ្នកណារកខ្ញុំឃើញ អ្នកនោះមានជីវិត
ហើយព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកនោះ។
៣៦ អ្នកណារកខ្ញុំមិនឃើញ
អ្នកនោះធ្វើបាបខ្លួនឯង
អ្នកណាស្អប់ខ្ញុំ
អ្នកនោះស្រឡាញ់សេចក្ដីស្លាប់។
៩
ការអញ្ជើញរបស់ព្រះប្រាជ្ញាញាណ
១ ព្រះប្រាជ្ញាញាណបានរៀបចំសសរប្រាំពីរ សម្រាប់សង់ផ្ទះ។ ២ ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ ៣ ព្រះប្រាជ្ញាញាណចាត់អ្នកបម្រើឲ្យទៅប្រកាស នៅតាមទួលខ្ពស់ៗ ក្នុងទីក្រុងថា: ៤ «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា ៥ ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ ៦ ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្តល់ការចេះដឹងវិញ!»។
អ្នកប្រាជ្ញ និងអ្នកវាយឫកខ្ពស់
៧ អ្នកណាស្តីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្តីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។ ៨ កុំស្តីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្តីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ ៩ សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើឲ្យគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើឲ្យគេកាន់តែចេះដឹងថែមទៀត។
១០ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញា ការស្គាល់ព្រះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។ ១១ ប្រាជ្ញាផ្តល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។ ១២ បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។
ដំណើរលេលា
១៣ ភាពលេលាប្រៀបបាននឹងស្រីឡូឡា ឆោតល្ងង់ គ្មានដឹងអ្វីទាំងអស់។ ១៤ ស្រីនោះតែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង ១៥ ហើយស្រែកហៅមនុស្សត្រឹមត្រូវ ដែលដើរកាត់តាមនោះថា: ១៦ «មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា ១៧ សុំអញ្ជើញចូលមកពិសាទឹកលួចគេដ៏ផ្អែមត្រជាក់ ហើយបរិភោគអាហារលួចលាក់ដ៏ឆ្ងាញ់ពិសា»។ ១៨ អ្នកដែលស្ដាប់តាមស្រីនោះ ពុំបានដឹងខ្លួនថាកំពុងតែដើរឆ្ពោះទៅរកមច្ចុរាជ ហើយក៏ពុំដឹងថាភ្ញៀវដែលស្រីនោះអញ្ជើញមកមុនៗ ធ្លាក់ទៅក្នុងស្ថានមនុស្សស្លាប់អស់ទេ។
១០
កម្រងសុភាសិតអំពីសីលធម៌
១ សុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនខិលខូចធ្វើឲ្យម្ដាយព្រួយបារម្ភ។
២ ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចម្រុងចម្រើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។
៣ ព្រះអម្ចាស់មិនបណ្តោយឲ្យមនុស្សសុចរិតអត់ឃ្លានទេ តែព្រះអង្គមិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយ។
៤ មនុស្សខ្ជិលនាំឲ្យខ្លួនក្រ មនុស្សឧស្សាហ៍នាំឲ្យខ្លួនមាន។
៥ អ្នកណាប្រមូលស្បៀងទុកនៅរដូវចម្រូត អ្នកនោះជាមនុស្សចេះគិតគូរ រីឯអ្នកដែលគិតតែដេកនៅរដូវចម្រូត ជាមនុស្សគួរឲ្យមើលងាយ។
៦ មនុស្សសុចរិតរមែងទទួលពរ រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
៧ គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
៨ មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
៩ អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត រីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
១០ អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
១១ ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
១២ ចិត្តស្អប់រមែងបង្កជម្លោះ រីឯចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។
១៣ គេអាចសម្គាល់មនុស្សមានប្រាជ្ញា តាមរយៈពាក្យសម្ដីដ៏ឆ្លាតវាងវៃ រីឯមនុស្សនិយាយដោយឥតគិតពិចារណា រមែងត្រូវរំពាត់។
១៤ អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសម្ដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។
១៥ ទ្រព្យសម្បត្តិរបស់អ្នកមានប្រៀបបាននឹងក្រុងមួយដែលមានកំពែងរឹងមាំ រីឯភាពទុរគតរបស់អ្នកក្រក្សត់ រមែងនាំឲ្យគេវិនាស។
១៦ មនុស្សសុចរិតធ្វើការ ដើម្បីចិញ្ចឹមជីវិត រីឯមនុស្សទុច្ចរិតធ្វើការបានប្រាក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់។
១៧ អ្នកណាប្រតិបត្តិតាមដំបូន្មាន អ្នកនោះដើរទៅកាន់ផ្លូវជីវិត រីឯអ្នកដែលមិនព្រមទទួលការស្តីប្រដៅរមែងវង្វេងផ្លូវ។
១៨ អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។
១៩ និយាយច្រើននាំតែមានបាបច្រើន រីឯអ្នកដែលចេះទប់សម្ដីជាអ្នកមានប្រាជ្ញា។
២០ ពាក្យសម្ដីរបស់មនុស្សសុចរិត មានតម្លៃស្មើនឹងប្រាក់សុទ្ធ តែចិត្តគំនិតរបស់មនុស្សពាល គ្មានតម្លៃអ្វីសោះ។
២១ ពាក្យសម្ដីរបស់មនុស្សសុចរិត តែងតែផ្តល់ប្រយោជន៍ឲ្យមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើតែងតែស្លាប់ ដោយខ្វះការពិចារណា។
២២ មានតែព្រះពរមកពីព្រះអម្ចាស់ទេ ដែលធ្វើឲ្យមនុស្សចម្រុងចម្រើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
២៣ មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ទុកដូចជាល្បែងកំសាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។
២៤ មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី ព្រះជាម្ចាស់រមែងប្រទានឲ្យ។
២៥ ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
២៦ ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកម្ជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។
២៧ មនុស្សគោរពកោតខ្លាចព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។
២៨ សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។
២៩ ព្រះអម្ចាស់ជាបន្ទាយការពារមនុស្សទៀងត្រង់ តែព្រះអង្គបំផ្លាញមនុស្សពាលដែលប្រព្រឹត្តអំពើអាក្រក់។
៣០ មនុស្សសុចរិតមិនត្រូវរង្គើឡើយ រីឯមនុស្សពាលវិញពុំអាចរស់នៅលើផែនដីបានទេ។
៣១ ពាក្យសម្ដីរបស់មនុស្សសុចរិតតែងតែផ្តល់ប្រាជ្ញា រីឯអណ្ដាតរបស់មនុស្សពាលវិញ ត្រូវតែកាត់ចោល។
៣២ មនុស្សសុចរិតរមែងពោលពាក្យដែលធ្វើឲ្យគេពេញចិត្ត រីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវ។
១១
១ ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។
២ អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។
៣ ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ រីឯចិត្តវៀចវេរវិញ តែងតែនាំមនុស្សពាលឲ្យវិនាស។
៤ នៅថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោស ទ្រព្យសម្បត្តិគ្មានប្រយោជន៍អ្វីទេ គឺមានតែសេចក្ដីសុចរិតប៉ុណ្ណោះ ទើបអាចជួយឲ្យរួចពីស្លាប់បាន។
៥ សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។
៦ សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រមែងជួយការពារខ្លួនគេ រីឯមនុស្សវៀចវេរ តែងតែជាប់អន្ទាក់ដោយសារចិត្តលោភលន់របស់ខ្លួន។
៧ ពេលមនុស្សអាក្រក់ស្លាប់ សេចក្ដីសង្ឃឹមរបស់គេក៏វិនាស ហើយការពឹងផ្អែកលើទ្រព្យសម្បត្តិក៏រលាយសូន្យទៅជាមួយដែរ។
៨ ព្រះជាម្ចាស់តែងតែរំដោះមនុស្សសុចរិតឲ្យរួចពីទុក្ខកង្វល់ តែព្រះអង្គឲ្យមនុស្សអាក្រក់រងទុក្ខជំនួសវិញ។
៩ មនុស្សទមិឡតែងតែបំផ្លាញអ្នកដទៃ ដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតវិញ តែងតែរួចខ្លួនដោយសារការចេះដឹង។
១០ ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។
១១ ពេលមនុស្សត្រឹមត្រូវទទួលពរ ទីក្រុងទាំងមូលក៏ចម្រុងចម្រើនដែរ ផ្ទុយទៅវិញ ដោយសារពាក្យសម្ដីរបស់មនុស្សអាក្រក់ ទីក្រុងត្រូវរលំ។
១២ អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សមិនចេះពិចារណា រីឯមនុស្សចេះដឹងតែងតែនៅស្ងៀម។
១៣ អ្នកនិយាយដើមគេមិនអាចរក្សារឿងសម្ងាត់ជិតឡើយ រីឯអ្នកដែលគេទុកចិត្តតែងតែលាក់រឿងសម្ងាត់ទាំងនោះបាន។
១៤ ប្រទេសដែលគ្មានអ្នកដឹកនាំ ប្រជាជនតែងតែវិនាស រីឯប្រទេសដែលមានទីប្រឹក្សាច្រើន តែងតែមានជោគជ័យ។
១៥ អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
១៦ ស្ត្រីរូបស្អាតតែងតែមានគេសរសើរ រីឯមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។
១៧ អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល រីឯមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។
១៨ មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។
១៩ សេចក្ដីសុចរិតតែងតែនាំទៅកាន់ជីវិត រីឯអ្នកដែលដើរតាមផ្លូវអាក្រក់រមែងស្លាប់ខ្លួន។
២០ ព្រះអម្ចាស់ស្អប់មនុស្សវៀចវេរ តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សទៀងត្រង់។
២១ មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។
២២ ស្ត្រីមានរូបស្អាតតែឥតគំនិត ប្រៀបដូចជាចិញ្ចៀនមាស ដែលគេយកទៅពាក់នៅច្រមុះជ្រូក។
២៣ មនុស្សសុចរិតមានបំណងតែមួយគត់ គឺធ្វើអំពើល្អ រីឯសេចក្ដីប៉ងប្រាថ្នារបស់មនុស្សអាក្រក់រមែងធ្វើឲ្យខ្លួនទទួលទោស។
២៤ មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើន រីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។
២៥ មនុស្សមានចិត្តសទ្ធាតែងតែបានចម្រុងចម្រើន រីឯអ្នកដាក់ទានទឹកឲ្យគេ តែងតែទទួលទឹកពីគេវិញ។
២៦ អ្នកដែលទុកស្រូវក្នុងឃ្លាំង ដើម្បីដំឡើងថ្លៃ តែងតែត្រូវប្រជាជនដាក់បណ្ដាសា រីឯអ្នកដែលសុខចិត្តលក់ស្រូវរបស់ខ្លួននឹងបានទទួលពរ។
២៧ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកដែលព្យាយាមប្រព្រឹត្តល្អ រីឯអ្នកដែលគិតតែពីប្រព្រឹត្តអាក្រក់ តែងតែទទួលផលអាក្រក់។
២៨ មនុស្សដែលពឹងផ្អែកលើទ្រព្យសម្បត្តិ មុខជាត្រូវអន្តរាយ រីឯមនុស្សសុចរិតប្រៀបបាននឹងស្លឹកឈើលាស់ខៀវខ្ចី។
២៩ អ្នកណាធ្វើឲ្យគ្រួសាររបស់ខ្លួនមានទុក្ខកង្វល់ អ្នកនោះនឹងមិនទទួលផលអ្វីទាំងអស់។ មនុស្សល្ងីល្ងើនឹងធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់មនុស្សមានប្រាជ្ញា។
៣០ អំពើដែលមនុស្សសុចរិតប្រព្រឹត្ត ប្រៀបបាននឹងដើមឈើផ្តល់ជីវិត ហើយអ្នកប្រាជ្ញតែងតែទាក់ទាញចិត្តមនុស្ស។
៣១ មនុស្សសុចរិតតែងតែទទួលរង្វាន់ នៅលើផែនដីនេះ រីឯមនុស្សអាក្រក់ និងមនុស្សបាប តែងតែទទួលផល តាមអំពើដែលគេប្រព្រឹត្ត។
១២
១ អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។
២ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សសប្បុរស តែព្រះអង្គដាក់ទោសមនុស្សមានល្បិច។
៣ គ្មាននរណាពង្រឹងអំណាចរបស់ខ្លួន ដោយអំពើឃោរឃៅបានទេ តែមនុស្សសុចរិតនឹងមិនត្រូវរង្គើឡើយ។
៤ ភរិយាថ្លៃថ្នូរតែងតែផ្តល់កិត្តិយសឲ្យស្វាមី រីឯប្រពន្ធថោកទាប ប្រៀបដូចជាជំងឺមហារីកនៅក្នុងឆ្អឹងរបស់ប្ដី។
៥ មនុស្សសុចរិតគិតតែពីធ្វើអ្វីដែលស្របច្បាប់ រីឯមនុស្សអាក្រក់គិតតែពីធ្វើអំពើល្មើសច្បាប់។
៦ ពាក្យសម្ដីរបស់មនុស្សអាក្រក់សុទ្ធតែជាអន្ទាក់សម្លាប់គេ រីឯសម្ដីរបស់មនុស្សទៀងត្រង់តែងតែសង្គ្រោះគេវិញ។
៧ បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។
៨ មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ រីឯមនុស្សមានចិត្តវៀចវេរតែងតែមានគេមើលងាយ។
៩ រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបម្រើតែម្នាក់ នោះប្រសើរជាងវាយឫកហ៊ឺហា តែខ្វះអង្ករច្រកឆ្នាំង។
១០ មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។
១១ អ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញជាមនុស្សខ្វះការពិចារណា។
១២ មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចម្រើនឡើង។
១៣ មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតតែងតែរួចពីទុក្ខកង្វល់។
១៤ មនុស្សម្នាក់ៗរកបានសុភមង្គល ដោយសារពាក្យសម្ដី ដូចគេរកប្រាក់បាន ដោយសារខំប្រឹងប្រែងធ្វើការដែរ។
១៥ មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។
១៦ មនុស្សខ្លៅឆាប់ច្រឡោតខឹង រីឯមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។
១៧ មនុស្សនិយាយការពិតរមែងធ្វើឲ្យមានយុត្តិធម៌ រីឯសាក្សីក្លែងក្លាយតែងតែធ្វើឲ្យមានអយុត្តិធម៌។
១៨ អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។
១៩ ពាក្យពិតនៅមានតម្លៃរហូត រីឯពាក្យភូតភរស្ថិតនៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
២០ អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។
២១ គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។
២២ ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សដែលកាន់ពាក្យសច្ចៈ។
២៣ មនុស្សឆ្លាតមិនលាតត្រដាងចំណេះខ្លួនទេ រីឯមនុស្សខ្លៅចូលចិត្តអួតអាងអំពីអវិជ្ជារបស់ខ្លួន។
២៤ មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង រីឯមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាខ្ញុំគេ។
២៥ ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់កម្លាំងចិត្ត រីឯពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។
២៦ មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមមាគ៌ាល្អ រីឯកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
២៧ ព្រានកម្ជិលគ្មានសាច់អាំងទេ ចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។
២៨ នៅក្នុងផ្លូវសុចរិតមានជីវិត ហើយផ្លូវនេះមិននាំមនុស្សទៅរកសេចក្ដីស្លាប់ឡើយ។
១៣
១ កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្តីប្រដៅទេ។
២ មនុស្សម្នាក់ៗទទួលផលល្អដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សក្បត់រមែងទទួលអំពើហិង្សា។
៣ អ្នកណាចេះប្រយ័ត្នពាក្យសម្ដី អ្នកនោះការពារជីវិតរបស់ខ្លួន រីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាស។
៤ សេចក្ដីប៉ងប្រាថ្នារបស់មនុស្សខ្ជិល មិនដែលបានសម្រេចទេ រីឯមនុស្សឧស្សាហ៍ រមែងទទួលនូវអ្វីៗដែលខ្លួនចង់បាន។
៥ មនុស្សសុចរិតតែងតែស្អប់ពាក្យកុហក រីឯមនុស្សអាក្រក់តែងតែនិយាយមួលបង្កាច់ និងបង្ខូចឈ្មោះគេ។
៦ សេចក្ដីសុចរិតតែងតែការពារមនុស្សទៀងត្រង់ រីឯអំពើបាបបណ្តាលឲ្យមនុស្សអាក្រក់វិនាស។
៧ អ្នកខ្លះតាំងខ្លួនជាអ្នកមានតែក្ររហាម រីឯអ្នកខ្លះទៀតដាក់ខ្លួនជាអ្នកក្រតែមានស្តុកស្តម្ភ។
៨ អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។
៩ មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់ រីឯមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។
១០ ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។
១១ ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ រីឯទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។
១២ ការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្ត រីឯការសម្រេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។
១៣ អ្នកណាមើលងាយព្រះបន្ទូល អ្នកនោះរមែងមានទោស រីឯអ្នកដែលគោរពវិន័យតែងតែទទួលរង្វាន់។
១៤ ការប្រៀនប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
១៥ មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។
១៦ មនុស្សឆ្លាតរមែងគិតមុននឹងគូរ រីឯមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួន។
១៧ អ្នកនាំសារដែលជាមនុស្សអាក្រក់ តែងតែធ្លាក់ខ្លួនអន្តរាយ រីឯទូតដ៏ស្មោះត្រង់តែងតែនាំសេចក្ដីសុខ។
១៨ អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការស្តីប្រដៅ តែងតែមានកិត្តិយស។
១៩ សេចក្ដីប៉ងប្រាថ្នាដែលបានសម្រេច រមែងនាំឲ្យសប្បាយចិត្ត រីឯមនុស្សខ្លៅមិនចូលចិត្តលះបង់គំនិតអាក្រក់របស់ខ្លួនចោលទេ។
២០ នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។
២១ មនុស្សមានបាបតែងតែជួបនឹងទុក្ខវេទនា រីឯមនុស្សសុចរិតតែងតែទទួលសុភមង្គលទុកជារង្វាន់។
២២ មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។
២៣ ស្រែចម្ការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌ ប៉ុន្តែ មានអ្នកខ្លះស្លាប់ ព្រោះតែខ្វះយុត្តិធម៌។
២៤ អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ រីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវា។
២៥ មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប រីឯមនុស្សអាក្រក់តែងតែអត់បាយ។
១៤
១ ស្ត្រីមានប្រាជ្ញាតែងតែកសាងគ្រួសាររបស់ខ្លួន រីឯស្ត្រីឥតមារយាទតែងតែបំផ្លាញគ្រួសារ ដោយដៃរបស់ខ្លួនផ្ទាល់។
២ អ្នកដែលដើរតាមផ្លូវទៀងត្រង់ តែងតែគោរពកោតខ្លាចព្រះអម្ចាស់ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ តែងតែមើលងាយព្រះអង្គ។
៣ មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាង រីឯពាក្យសម្ដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួន។
៤ អ្នកណាគ្មានគោភ្ជួរស្រែ អ្នកនោះក៏គ្មានស្រូវដាក់ក្នុងជង្រុកដែរ។ គេទទួលបានភោគផលច្រើន ដោយសារកម្លាំងរបស់គោ។
៥ សាក្សីគួរឲ្យទុកចិត្ត មិនដែលនិយាយកុហកទេ រីឯសាក្សីក្លែងក្លាយតែងតែស្រដីចេញនូវពាក្យកុហកគ្រប់យ៉ាង។
៦ មនុស្សព្រហើនខំស្វែងរកប្រាជ្ញា តែរកមិនឃើញទេ រីឯមនុស្សដែលចេះគិតពិចារណា រកតម្រិះបានយ៉ាងងាយ។
៧ ចូរចៀសឲ្យឆ្ងាយពីមនុស្សខ្លៅ ព្រោះមិនដែលមានពាក្យចេះដឹងណាចេញពីមាត់អ្នកនោះឡើយ។
៨ ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ រីឯភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់ខ្លួន។
៩ មនុស្សល្ងីល្ងើមិនរវីរវល់នឹងបាបរបស់ខ្លួនទេ រីឯមនុស្សទៀងត្រង់តែងតែគាប់ព្រះហឫទ័យព្រះជាម្ចាស់។
១០ ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។
១១ ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ រីឯជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។
១២ មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែនៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
១៣ ការសើចសប្បាយអាចបង្កប់នូវទុក្ខលំបាកក្នុងចិត្ត ហើយនៅទីបំផុតអំណរសប្បាយ អាចក្លាយទៅជាទុក្ខព្រួយ។
១៤ មនុស្សគ្មានសីលធម៌តែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត រីឯមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។
១៥ មនុស្សឆោតជឿពាក្យគេទាំងអស់ រីឯមនុស្សឆ្លាត មិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ។
១៦ មនុស្សមានប្រាជ្ញាតែងតែខ្លាច និងចៀសវាងប្រព្រឹត្តអំពើអាក្រក់ រីឯមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ ព្រោះទុកចិត្តលើខ្លួនឯង។
១៧ អ្នករហ័សខឹងតែងតែប្រព្រឹត្តអំពើផ្តេសផ្តាស រីឯអ្នកដែលមានកលល្បិច តែងតែធ្វើឲ្យគេស្អប់។
១៨ មនុស្សឆោតតែងតែទទួលភាពល្ងីល្ងើទុកជាមត៌ក រីឯមនុស្សឆ្លាត រមែងទទួលយកការចេះដឹងទុកជាកិត្តិយស។
១៩ មនុស្សអាក្រក់មុខជាឱនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។
២០ អ្នកក្រីក្រតែងតែមានគេស្អប់ សូម្បីតែអ្នកជិតដិតក៏មិនរាប់អានដែរ រីឯអ្នកមានវិញ សម្បូណ៌អ្នករាប់អានណាស់។
២១ អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។
២២ អស់អ្នកដែលមានបំណងអាក្រក់តែងតែត្រូវវង្វេង រីឯអ្នកដែលមានបំណងល្អរមែងមានចិត្តសប្បុរស និងស្មោះត្រង់។
២៣ អ្នកណាធ្វើការ អ្នកនោះតែងតែទទួលប្រាក់ចិញ្ចឹមជីវិត រីឯអ្នកដែលពូកែព្រោកប្រាជ្ញរមែងធ្លាក់ខ្លួនក្រ។
២៤ សម្បត្តិស្តុកស្តម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា រីឯមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅដដែល។
២៥ សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិតមនុស្សច្រើន រីឯអ្នកដែលស្រដីចេញនូវពាក្យកុហករមែងនាំឲ្យវិនាស។
២៦ អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះមានទីបង្អែកដ៏រឹងមាំ ហើយព្រះអង្គធ្វើជាជម្រកដល់កូនចៅរបស់គេ។
២៧ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់។
២៨ ព្រះមហាក្សត្របានរុងរឿងដោយសារមានប្រជារាស្ដ្រ តែបើប្រជារាស្ដ្រចុះអន់ថយ ស្តេចក៏អស់អំណាចដែរ។
២៩ អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ រីឯអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។
៣០ ចិត្តស្ងប់តែងតែធ្វើឲ្យមានសុខភាពល្អ រីឯចិត្តច្រណែននិន្ទា ប្រៀបដូចជាមហារីកនៅក្នុងឆ្អឹង។
៣១ អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។
៣២ មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្តី ក៏នៅតែមានទីពឹងជានិច្ច។
៣៣ មនុស្សចេះគិតពិចារណាតែងតែមានប្រាជ្ញា រីឯមនុស្សខ្លៅមិនដែលមានប្រាជ្ញាទេ។
៣៤ សេចក្ដីសុចរិតតែងតែលើកតម្កើងប្រជាជាតិមួយ រីឯអំពើបាបរមែងធ្វើឲ្យជាតិសាសន៍ទាំងឡាយត្រូវអាម៉ាស់មុខ។
៣៥ ព្រះមហាក្សត្រតែងតែសព្វព្រះហឫទ័យនឹងមន្ត្រីណាដែលមានសុភនិច្ឆ័យ តែព្រះអង្គខ្ញាល់នឹងមន្ត្រីដែលបង្កភាពអាម៉ាស់។
១៥
១ ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង រីឯសម្ដីគំរោះគំរើយតែងតែធ្វើឲ្យច្រឡោតខឹង។
២ សម្ដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង រីឯមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។
៣ ព្រះអម្ចាស់ទតឃើញសព្វអន្លើ ព្រះអង្គសង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
៤ ពាក្យលើកទឹកចិត្តប្រៀបដូចជាដើមឈើផ្តល់ជីវិត រីឯសម្ដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។
៥ មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក រីឯអ្នកដែលស្ដាប់តាមពាក្យស្តីប្រដៅជាមនុស្សឆ្លាត។
៦ ផ្ទះរបស់មនុស្សសុចរិតតែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។
៧ សម្ដីរបស់អ្នកមានប្រាជ្ញារមែងបណ្តុះបណ្តាលចំណេះ រីឯមនុស្សខ្លៅវិញ មិនអាចបណ្តុះបណ្តាលបានទេ។
៨ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។
៩ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។
១០ អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្តីប្រដៅតែងតែស្លាប់។
១១ ព្រះអម្ចាស់ជ្រាបអ្វីៗនៅស្ថានមច្ចុរាជ និងនៅនរកអវិចី ចំណែកឯចិត្តមនុស្សវិញ ព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។
១២ មនុស្សវាយឫកខ្ពស់មិនចូលចិត្តឲ្យនរណាស្តីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។
១៣ ចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយ រីឯចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់។
១៤ អ្នកចេះពិចារណាតែងតែស្វែងរកចំណេះ រីឯមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើ។
១៥ ចំពោះមនុស្សកំសត់ទុរគត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ។
១៦ ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។
១៧ កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។
១៨ មនុស្សខឹងច្រើនតែងតែបង្កជម្លោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួល កុំឲ្យមានការទាស់ទែងគ្នា។
១៩ ផ្លូវរបស់មនុស្សខ្ជិលមានសុទ្ធតែបន្លា រីឯផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើល្អ។
២០ កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនល្ងីល្ងើតែងតែមើលងាយម្ដាយ។
២១ មនុស្សមិនដឹងខុសត្រូវតែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើ រីឯមនុស្សចេះគិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់។
២២ ខ្វះការពិគ្រោះគ្នា គម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។
២៣ ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។
២៤ មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។
២៥ ព្រះអម្ចាស់រំលំផ្ទះរបស់មនុស្សអំនួត តែព្រះអង្គការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។
២៦ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងគំនិតអាក្រក់ទេ តែព្រះអង្គគាប់ព្រះហឫទ័យនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធ។
២៧ មនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួន រីឯអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។
២៨ មនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយ រីឯមនុស្សអាក្រក់រមែងនិយាយមួលបង្កាច់ភ្លាមៗ។
២៩ ព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេ តែព្រះអង្គស្ដាប់ពាក្យទូលអង្វររបស់មនុស្សសុចរិត។
៣០ ទឹកមុខដែលសម្ដែងសេចក្ដីមេត្តារមែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។
៣១ អ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្តីប្រដៅ ដែលនាំឲ្យមានជីវិត អ្នកនោះអាចរស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។
៣២ អ្នកណាបដិសេធការប្រៀនប្រដៅ អ្នកនោះបានប្រមាថជីវិតខ្លួនឯង រីឯអ្នកដែលស្ដាប់តាមពាក្យស្តីប្រដៅតែងតែទទួលសុភនិច្ឆ័យ។
៣៣ ការគោរពកោតខ្លាចព្រះអម្ចាស់តែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
១៦
១ មនុស្សគិតគូរគម្រោងការរបស់ខ្លួន តែការសម្រេចស្ថិតនៅលើព្រះអម្ចាស់។
២ មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ ព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។
៣ ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។
៤ អ្វីៗដែលព្រះអម្ចាស់ធ្វើសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្ម នៅថ្ងៃព្រះអង្គវិនិច្ឆ័យទោសដែរ។
៥ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សវាយឫកខ្ពស់ទេ ព្រះអង្គពិតជាដាក់ទោសគេមិនខាន។
៦ ព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់រមែងចៀសផុតពីអំពើបាប។
៧ កាលណាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
៨ រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។
៩ មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។
១០ ស្តេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ព្រះអង្គជំនុំជម្រះក្តីដោយឥតលំអៀង។
១១ ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងការលក់ដូរទៀងត្រង់ដែរ។
១២ ស្តេចមិនត្រូវប្រព្រឹត្តអំពើអាក្រក់ទេ ដ្បិតរាជសម្បត្តិអាចរឹងមាំបាន ដោយសារសេចក្ដីសុចរិត។
១៣ ស្តេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។
១៤ សេចក្ដីក្រោធរបស់ស្តេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្តេច។
១៥ ព្រះភ័ក្ត្ររីករាយរបស់ស្តេចរមែងផ្តល់ជីវិត ហើយព្រះហឫទ័យសប្បុរសរបស់ស្តេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
១៦ ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។
១៧ ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។
១៨ អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។
១៩ ដាក់ខ្លួនរស់នៅជាមួយជនក្រីក្រ ប្រសើរជាងចែកជ័យភ័ណ្ឌជាមួយមនុស្សអួតអាង។
២០ អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចម្រុងចម្រើន រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់រមែងមានសុភមង្គល។
២១ មនុស្សដែលចេះគិតពិចារណាជាមនុស្សឈ្លាសវៃ រីឯអ្នកដែលចេះនិយាយទន់ភ្លន់ រមែងធ្វើឲ្យគេទុកចិត្ត។
២២ សុភនិច្ឆ័យប្រៀបដូចជាប្រភពនៃជីវិតសម្រាប់អ្នកចេះគិតគូរ រីឯជនល្ងង់ខ្លៅត្រូវទទួលទោស ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។
២៣ មនុស្សដែលចេះពិចារណារមែងរិះគិតមុននឹងនិយាយ ហើយអ្វីៗដែលអ្នកនោះនិយាយ រមែងធ្វើឲ្យគេទុកចិត្ត។
២៤ សម្ដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្តល់សុខភាពល្អ។
២៥ មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
២៦ ការអត់ឃ្លានបង្ខំឲ្យមនុស្សធ្វើការ ដ្បិតក្រពះគេទាមទារ។
២៧ មនុស្សចោលម្សៀតគិតតែពីប្រព្រឹត្តអំពើអាក្រក់ អណ្ដាតរបស់គេប្រៀបដូចជាភ្លើងឆេះបំផ្លាញ។
២៨ មនុស្សទុយ៌សរមែងបង្កជម្លោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។
២៩ មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេឲ្យដើរក្នុងផ្លូវអាក្រក់។
៣០ អ្នកណាបិទភ្នែក ហើយខាំបបូរមាត់ អ្នកនោះក៏ដូចជាបានប្រព្រឹត្តអំពើអាក្រក់ ដែលខ្លួនគ្រោងទុករួចហើយ។
៣១ សក់ស្កូវជាមកុដដ៏រុងរឿង មានតែមនុស្សសុចរិតទេ ដែលទទួលមកុដនេះ។
៣២ មនុស្សមិនចេះខឹង ប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
៣៣ មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺព្រះអម្ចាស់ទេ ដែលសម្រេចអ្វីៗទាំងអស់។
១៧
១ បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។
២ អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ព្រមទាំងទទួលចំណែកមត៌កក្នុងគ្រួសារនោះផង។
៣ គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង រីឯចិត្តមនុស្សវិញ មានតែព្រះអម្ចាស់ទេដែលអាចលត់ដំ ដើម្បីស្គាល់តម្លៃ។
៤ មនុស្សមានបំណងអាក្រក់រមែងយកចិត្តទុកដាក់ស្ដាប់ពាក្យអាក្រក់ ហើយមនុស្សកុហករមែងផ្ទៀងត្រចៀកស្ដាប់ពាក្យមួលបង្កាច់។
៥ អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។
៦ ចៅរមែងធ្វើឲ្យជីតាមានកិត្តិយស រីឯកូនបានខ្ពស់មុខ ព្រោះតែឪពុក។
៧ ពាក្យថ្លៃថ្នូរមិនសមជាសម្ដីរបស់មនុស្សល្ងីល្ងើទេ ហើយពាក្យកុហកក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។
៨ អ្នកសូកនឹកស្មានថា សំណូកប្រៀបបាននឹងត្បូងទិព្វដែលនាំឲ្យមានជោគជ័យក្នុងគ្រប់កិច្ចការដែលគេធ្វើ។
៩ អ្នកចង់បានមិត្តភាពតែងតែបំភ្លេចកំហុស រីឯអ្នកដែលរំឭកកំហុសរមែងធ្វើឲ្យមិត្តភាពរលាយ។
១០ ស្តីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។
១១ មនុស្សទុច្ចរិតគិតតែបះបោរ ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាចឲ្យទៅបង្ក្រាបអ្នកនោះ។
១២ ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។
១៣ អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
១៤ បង្កជម្លោះប្រៀបបាននឹងទំលាយទំនប់ទឹក ចូរដកខ្លួនថយមុននឹងជម្លោះផ្ទុះឡើង។
១៥ អ្នកដែលចាត់ទុកមនុស្សជាប់ទោសថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សគ្មានកំហុសថាមានកំហុស មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
១៦ ប្រាក់នៅក្នុងដៃមនុស្សខ្លៅគ្មានប្រយោជន៍អ្វីទេ ព្រោះទិញប្រាជ្ញាមិនបាន ដ្បិតអ្នកនោះមិនចេះគិតពិចារណាអ្វីសោះ។
១៧ កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខធុរៈ។
១៨ អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។
១៩ អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។
២០ មនុស្សមានកលល្បិចមិនស្គាល់សុភមង្គលទេ ហើយមនុស្សសម្ដីអាក្រក់រមែងជួបគ្រោះកាច។
២១ អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ រីឯឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។
២២ ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ រីឯចិត្តព្រួយរមែងធ្វើឲ្យរីងរៃ។
២៣ មនុស្សអាក្រក់លួចទទួលសំណូក ដើម្បីបង្ខូចយុត្តិធម៌។
២៤ ប្រាជ្ញារមែងនៅក្បែរមនុស្សឈ្លាសវៃ រីឯមនុស្សល្ងីល្ងើវិញ គិតតែពីសម្លឹងមើលអ្វីដែលខ្លួនឈោងមិនដល់។
២៥ កូនភ្លីភ្លើធ្វើឲ្យឪពុកព្រួយ និងធ្វើឲ្យម្ដាយសោកស្តាយ។
២៦ ដាក់ទោសមនុស្សសុចរិតជាការមិនល្អទេ ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ក៏មិនល្អដែរ។
២៧ អ្នកណាទប់ពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សចេះដឹង រីឯអ្នកតាំងចិត្តស្ងប់ស្ងៀមជាមនុស្សឈ្លាសវៃ។
២៨ បើមនុស្សល្ងីល្ងើនៅស្ងៀម គេចាត់ទុកគាត់ជាមនុស្សមានប្រាជ្ញា បើគាត់បិទមាត់មិននិយាយអ្វី គេចាត់ទុកគាត់ជាមនុស្សឈ្លាសវៃ។
១៨
១ អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។
២ មនុស្សខ្លៅមិនចូលចិត្តការយល់ដឹងទេ គឺគិតតែចង់បញ្ចេញគំនិតខ្លួនវិញ។
៣ ការអាក្រក់មាននៅទីណា ការប្រមាថក៏មាននៅទីនោះ ហើយទីណាមានការមាក់ងាយ ទីនោះក៏មានការអាម៉ាស់មុខដែរ។
៤ សម្ដីរបស់មនុស្សមានជម្រៅដូចបាតសមុទ្រ ប្រភពនៃប្រាជ្ញាប្រៀបដូចជាទឹកជ្រោះ ដែលហូរចេញមកយ៉ាងខ្លាំង។
៥ អត់ឱនឲ្យមនុស្សពាល ហើយមិនរកយុត្តិធម៌ឲ្យមនុស្សសុចរិត ជាការមិនល្អទេ។
៦ សម្ដីរបស់មនុស្សខ្លៅបណ្តាលឲ្យមានការឈ្លោះប្រកែកគ្នា ពេលណាអ្នកនោះនិយាយរមែងធ្វើឲ្យមានការវាយតប់គ្នា។
៧ មាត់របស់មនុស្សខ្លៅរមែងធ្វើឲ្យខ្លួនវិនាស ហើយពាក្យសម្ដីរបស់អ្នកនោះ ជាអន្ទាក់សម្រាប់ដាក់ខ្លួនឯង។
៨ ពាក្យសម្ដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ក្នុងចិត្ត។
៩ អ្នកធ្វេសប្រហែសក្នុងការងារ និងអ្នកបំផ្លាញការងារ ជាបងប្អូននឹងគ្នា។
១០ ព្រះនាមរបស់ព្រះអម្ចាស់ជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
១១ រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។
១២ ចិត្តអំនួតរមែងនាំឲ្យអន្តរាយ។ មុននឹងទទួលសិរីរុងរឿងតោងដាក់ខ្លួនជាមុនសិន។
១៣ អ្នកណាប្រញាប់ឆ្លើយមុននឹងស្ដាប់ អ្នកនោះជាមនុស្សល្ងង់ ហើយត្រូវបាក់មុខ។
១៤ ចិត្តចង់រស់ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺ តែបើបាក់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។
១៥ មនុស្សឈ្លាសវៃរមែងរកបានចំណេះ រីឯមនុស្សមានប្រាជ្ញាតែងតែស្ដាប់ ដើម្បីស្វែងរកចំណេះ។
១៦ ជំនូនអាចបើកផ្លូវឲ្យមនុស្សចូលទៅជិតអ្នកធំបាន។
១៧ ដើមចោទតែងតែយល់ថា ក្តីរបស់ខ្លួនត្រឹមត្រូវ លុះចុងចោទមកដល់ គេឲ្យដើមចោទនោះបង្ហាញភស្តុតាង។
១៨ ការស្បថស្បែអាចបញ្ឈប់ជម្លោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។
១៩ ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយដែលមានកំពែងរឹងមាំទៅទៀត។ រីឯជម្លោះប្រៀបបាននឹងរនុកទ្វារដែកមួយ។
២០ មនុស្សអាចរកអាហារបាន ដោយសារពាក្យសម្ដី ហើយអ្វីៗដែលគេនិយាយធ្វើឲ្យគេអាចចិញ្ចឹមជីវិតបាន។
២១ ស្លាប់ ឬរស់ ព្រោះតែសម្ដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសម្ដីរបស់ខ្លួន។
២២ អ្នកណារកបានប្រពន្ធ ក៏ដូចជារកឃើញសុភមង្គល ដែលជាព្រះអំណោយទានមកពីព្រះអម្ចាស់ដែរ។
២៣ ជនក្រីក្រតែងតែពោលពាក្យអង្វរករ រីឯអ្នកមានឆ្លើយតបទាំងគំរោះគំរើយ។
២៤ អ្នកណាមានមិត្តភក្ដិច្រើន អ្នកនោះរមែងកើតទុក្ខ តែមិត្តភក្ដិខ្លះមានចិត្តស្មោះត្រង់លើសបងប្អូនបង្កើតទៅទៀត។
១៩
១ មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងមនុស្សល្ងង់និយាយភូតភរ។
២ ខ្វះការចេះដឹងមិនប្រសើរទេ សម្រាប់មនុស្ស ហើយអ្នកដែលប្រញាប់ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយ រមែងមានកំហុស។
៣ ភាពល្ងីល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួន ហើយគេបែរជាខឹងនឹងព្រះអម្ចាស់ទៅវិញ។
៤ ទ្រព្យសម្បត្តិរមែងធ្វើឲ្យមានមិត្តភក្ដិច្រើន រីឯអ្នកក្រវិញ មិត្តភក្ដិតែងតែបោះបង់ចោល។
៥ សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរក៏មិនរួចខ្លួនដែរ។
៦ មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។
៧ មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។
៨ អ្នកណាចេះគិតពិចារណា អ្នកនោះស្រឡាញ់ខ្លួនឯង អ្នកណារក្សាការយល់ដឹង អ្នកនោះមានសុភមង្គល។
៩ សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរ ក៏មិនរួចខ្លួនដែរ។
១០ ជីវភាពខ្ពង់ខ្ពស់មិនស័ក្តិសមនឹងមនុស្សខ្លៅទេ ហើយលើសពីនេះ អ្នកបម្រើក៏មិនសមត្រួតត្រាលើមេដឹកនាំដែរ។
១១ មនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។
១២ សេចក្ដីក្រោធរបស់ស្តេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្តេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
១៣ កូនល្ងង់រមែងធ្វើឲ្យឪពុកហិនហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទដែលបង្ហូរទឹកមិនចេះអស់។
១៤ ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីព្រះអម្ចាស់។
១៥ ការខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សងោកងុយ ហើយមនុស្សច្រអូសត្រូវអត់បាយ។
១៦ អ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេសប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។
១៧ អ្នកដែលចែកទានដល់ជនទុរគត ទុកដូចជាឲ្យព្រះអម្ចាស់ខ្ចី ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
១៨ ចូរប្រដៅកូនក្នុងពេលដែលអ្នកមានសង្ឃឹមថានឹងអាចកែវាបាន កុំខឹងរហូតដល់ធ្វើឲ្យវាស្លាប់នោះឡើយ។
១៩ មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្តោយឲ្យគេនៅតែមានកំរោលដដែល។
២០ ចូរស្ដាប់ឱវាទ និងទទួលការប្រៀនប្រដៅ នោះអ្នកនឹងមានប្រាជ្ញា។
២១ មនុស្សគិតគូរគម្រោងការជាច្រើន ប៉ុន្តែ មានតែគម្រោងការរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដែលសម្រេចជារូបរាង។
២២ ចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្ស ហេតុនេះហើយបានជាមនុស្សក្រីក្រប្រសើរជាងមនុស្សកុហក។
២៣ ការគោរពកោតខ្លាចព្រះអម្ចាស់នាំទៅរកជីវិត អ្នកធ្វើដូច្នេះនឹងបានសប្បាយ ហើយដេកលក់យ៉ាងស្កប់ស្កល់ឥតមានកង្វល់អ្វីឡើយ។
២៤ មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។
២៥ បើអ្នកវាយមនុស្សចំអកឡកឡឺយ អ្នកនឹងធ្វើឲ្យមនុស្សភ្លើចេះកែគំនិត។ បើអ្នកស្តីបន្ទោសមនុស្សឆ្លាត អ្នកនឹងធ្វើឲ្យគេយល់អំពីចំណេះ។
២៦ អ្នកណាធ្វើបាបឪពុក ហើយបណ្តេញម្ដាយរបស់ខ្លួន អ្នកនោះជាកូនដែលនាំឲ្យអាម៉ាស់មុខ និងអាប់យស។
២៧ កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។
២៨ ជនពាលធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់និយមពោលពាក្យទុច្ចរិត។
២៩ មនុស្សចំអកឡកឡឺយត្រូវតែទទួលទោស រីឯមនុស្សល្ងង់ខ្លៅត្រូវរំពាត់ស៊ីខ្នង។
២០
១ សុរារមែងធ្វើឲ្យមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើឲ្យមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។
២ កំហឹងរបស់ស្តេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើឲ្យស្តេចខ្ញាល់ រមែងនាំឲ្យខ្លួនមានទោស។
៣ អ្នកណាដកខ្លួនចេញឆ្ងាយពីជម្លោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។
៤ នៅរដូវវស្សា មនុស្សកម្ជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចម្រូត គេរកអ្វីច្រូតពុំបានឡើយ។
៥ គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។
៦ មនុស្សជាច្រើនអះអាងថាខ្លួនសប្បុរស តែមនុស្សគួរឲ្យទុកចិត្តពិបាករកណាស់។
៧ មនុស្សសុចរិតតែងតែរស់នៅ ដោយទៀងត្រង់ ហើយកូនរបស់គាត់រមែងទទួលសុភមង្គល។
៨ កាលណាស្តេចប្រកបដោយយុត្តិធម៌គង់លើរាជបល្ល័ង្ក ព្រះអង្គពិចារណាឃើញអំពើអាក្រក់ភ្លាម។
៩ តើអ្នកណាអាចពោលថា «ខ្ញុំមានចិត្តបរិសុទ្ធ ខ្ញុំគ្មានបាបទាល់តែសោះ»?។
១០ បំបាត់ភ្នែកជញ្ជីង ឬវាល់មិនគ្រប់ សុទ្ធតែជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។
១១ សូម្បីតែកូនក្មេងក៏អាចបង្ហាញឲ្យគេឃើញនូវកិរិយាល្អត្រឹមត្រូវរបស់វា តាមអំពើដែលវាប្រព្រឹត្តដែរ។
១២ ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះអម្ចាស់បង្កើតមកដូចគ្នា។
១៣ បើអ្នកគិតតែពីដេក អ្នកមុខជាធ្លាក់ខ្លួនក្រ បើអ្នកចង់មានអាហារគ្រប់គ្រាន់ ចូរក្រោកឡើងពីព្រលឹម។
១៤ អ្នកទិញតែងពោលថា «របស់នេះមិនល្អទេ! របស់នេះមិនល្អទេ!» លុះចេញផុតទៅ គាត់សរសើរខ្លួនឯង។
១៥ មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសម្ដីប្រកបដោយប្រាជ្ញាមានតម្លៃលើសអ្វីៗទាំងអស់។
១៦ បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
១៧ អាហារដែលបានមកពីការបញ្ឆោតឆ្ងាញ់តែមុនដំបូងទេ ក្រោយមក អាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។
១៨ យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ជាមុន។
១៩ អ្នកនិយាយដើមគេរមែងបើកកកាយការសម្ងាត់ កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។
២០ អ្នកណាប្រទេចផ្តាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។
២១ អ្នកណាប្រមូលទ្រព្យសម្បត្តិបានរហ័សពេក ទៅថ្ងៃក្រោយ អ្នកនោះមិនបានទទួលព្រះពរឡើយ។
២២ កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងសង្គ្រោះអ្នក។
២៣ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងកូនជញ្ជីងមិនត្រឹមត្រូវទេ ហើយការបំបាត់ភ្នែកជញ្ជីងក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។
២៤ ព្រះអម្ចាស់តែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិសដៅនៃជីវិតរបស់ខ្លួនបានទេ។
២៥ ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ដើម្បីកុំឲ្យស្តាយក្រោយ។
២៦ ស្តេចមានប្រាជ្ញាតែងតែកម្ចាត់មនុស្សអាក្រក់ ហើយដាក់ទោសពួកគេឥតប្រណី។
២៧ វិញ្ញាណរបស់មនុស្ស ជាចង្កៀង ដែលមកពីព្រះអម្ចាស់ ចង្កៀងនោះបំភ្លឺរហូតដល់ជម្រៅចិត្តរបស់គេ។
២៨ សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្តេច ហើយព្រះអង្គពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។
២៩ កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។
៣០ របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។
២១
១ ព្រះហឫទ័យរបស់ស្តេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។
២ មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។
៣ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។
៤ ទឹកមុខក្រអឺតក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។
៥ អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងម៉ត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។
៦ អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។
៧ ចិត្តឃោរឃៅរបស់មនុស្សអាក្រក់ នាំឲ្យខ្លួនគេវិនាស ដ្បិតគេមិនព្រមធ្វើអំពើយុត្តិធម៌ទេ។
៨ ជនឧក្រិដ្ឋដើរតាមផ្លូវវៀចវេរ រីឯមនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់។
៩ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។
១០ មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្តសម្លាញ់របស់ខ្លួនក៏វាមិនត្រាប្រណីដែរ។
១១ បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើឲ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញា នោះគេនឹងទទួលចំណេះ។
១២ ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើឲ្យគេអន្តរាយ។
១៣ អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សទុរគត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។
១៤ ជំនូនដែលជូនដោយសម្ងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ ក៏ធ្វើឲ្យស្ងប់កំរោលដែរ។
១៥ ការប្រព្រឹត្តដោយយុត្តិធម៌រមែងផ្តល់ឲ្យមនុស្សសុចរិតមានអំណរ តែធ្វើឲ្យមនុស្សទុច្ចរិតភ័យតក់ស្លុត។
១៦ អ្នកណាលះបង់សុភនិច្ឆ័យ អ្នកនោះនឹងទៅនៅជាមួយមនុស្សស្លាប់។
១៧ អ្នកដែលភ្លើតភ្លើននឹងការសប្បាយតែងតែធ្លាក់ខ្លួនក្រ រីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយ។
១៨ មនុស្សអាក្រក់តែងតែរងទុក្ខជំនួសមនុស្សសុចរិត ហើយមនុស្សក្បត់រងទុក្ខជំនួសមនុស្សទៀងត្រង់។
១៩ ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។
២០ ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញ រមែងបង្ហិនទាំងអស់។
២១ អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែង ជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។
២២ មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកម្ទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។
២៣ អ្នកដែលប្រយ័ត្នពាក្យសម្ដី តែងតែចៀសផុតពីទោសពៃរ៍។
២៤ មនុស្សអួតបំប៉ោង និងព្រហើន តែងតែចំអកឲ្យអ្នកដទៃ អ្វីៗដែលគេធ្វើសុទ្ធតែបង្ហាញនូវការអួតបំប៉ោងរបស់ខ្លួន។
២៥ បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ ព្រោះគេមិនព្រមធ្វើការ។
២៦ មនុស្សខ្លះគិតតែពីលោភចង់បាន រីឯមនុស្សសុចរិតវិញ តែងតែធ្វើទានដោយឥតសំចៃ។
២៧ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។
២៨ សាក្សីក្លែងក្លាយរមែងវិនាស រីឯអ្នកដែលដឹងរឿងច្បាស់ ទើបអាចនិយាយបាន។
២៩ មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។
៣០ គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បានឡើយ។
៣១ គេរៀបទ័ពសេះសម្រាប់ថ្ងៃប្រយុទ្ធ តែជ័យជម្នះស្ថិតនៅលើព្រះអម្ចាស់។
២២
១ ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ មានគេរាប់អានច្រើន ប្រសើរជាងមានមាសប្រាក់។
២ អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។
៣ កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតឱនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
៤ មនុស្សរាបសាតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
៥ ផ្លូវអសីលធម៌មានសុទ្ធតែបន្លា និងអន្ទាក់។ អ្នកស្រឡាញ់ជីវិតតែងតែដើរចៀសឆ្ងាយពីផ្លូវនោះ។
៦ ចូរអប់រំកូនក្មេងឲ្យមានទំលាប់ល្អ តាំងពីតូច គេនឹងរក្សាទំលាប់នេះរហូតដល់ចាស់។
៧ អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។
៨ អ្នកសាបព្រោះអំពើអាក្រក់តែងតែទទួលគ្រោះកាច ហើយកម្លាំងដែលជំរុញគេឲ្យប្រព្រឹត្តអំពើឃោរឃៅ នឹងរលាយសូន្យទៅ។
៩ មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនទុរគត។
១០ បំបាត់មនុស្សចំអកឡកឡឺយ ជម្លោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយ លែងមានទៀតហើយ។
១១ អ្នកណាប្រកាន់ចិត្តបរិសុទ្ធ ហើយមានពាក្យសម្ដីសុភាពរាបសា អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្តេច។
១២ ព្រះអម្ចាស់តែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។
១៣ មនុស្សកម្ជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។
១៤ ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យព្រឺខ្លាច អ្នកដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យតែងតែជាប់អន្ទាក់នោះ។
១៥ ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។
១៦ ជនទុរគតដែលត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន រីឯអ្នកដែលយកទ្រព្យទៅឲ្យអ្នកមាន នឹងបណ្តាលឲ្យធ្លាក់ខ្លួនក្រ។
ដំបូន្មានរបស់អ្នកប្រាជ្ញ
១៧ ចូរផ្ទៀងត្រចៀកស្ដាប់អ្នកប្រាជ្ញ ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់ខ្ញុំ ១៨ នោះអ្នកនឹងសប្បាយចិត្ត ដោយចងចាំ ហើយត្រៀមខ្លួនស្រដីចេញមកជានិច្ច។ ១៩ ខ្ញុំចង់ឲ្យអ្នកស្គាល់ការយល់ដឹងនៅថ្ងៃនេះ ដើម្បីឲ្យអ្នកផ្ញើជីវិតលើព្រះអម្ចាស់។ ២០ ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសម្រាប់អ្នក ២១ ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្តល់ចម្លើយដ៏ពិតប្រាកដដល់មនុស្សដែលចាត់អ្នកឲ្យមក។
២២ កុំរឹបអូសយកទ្រព្យពីជនទុរគត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ ២៣ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
២៤ កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយរួមគំនិតជាមួយមនុស្សកំរោល ២៥ ក្រែងលោអ្នកយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកជាប់អន្ទាក់។
២៦ កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។ ២៧ បើអ្នកគ្មានអ្វីសងទេ គេមុខជាដកហូតយកគ្រែដេករបស់អ្នកពុំខាន។
២៨ កុំដកបង្គោលព្រំចម្ការ ដែលដូនតារបស់អ្នកបានបោះទុកនោះឡើយ។
២៩ ប្រសិនបើអ្នកឃើញមនុស្សម្នាក់ប៉ិនប្រសប់បំពេញការងាររបស់ខ្លួន តោងដឹងថា អ្នកនោះអាចចូលបម្រើស្តេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សដែលគ្មានកេរ្តិ៍ឈ្មោះឡើយ។
២៣
១ កាលណាអ្នកអង្គុយរួមតុជាមួយអ្នកធំ តោងគិតថា តើនរណាអង្គុយនៅមុខអ្នក។ ២ បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ ៣ កុំលោភចង់បានម្ហូបឆ្ងាញ់របស់គេ ក្រែងលោម្ហូបនោះជាគ្រឿងបញ្ឆោតអ្នក។
៤ កុំខំប្រឹងស្វែងរកទ្រព្យសម្បត្តិពេក ហើយក៏កុំគិតតែពីចង់មាន ចង់បានដែរ។ ៥ អ្នកតាមសម្លឹងមើលប្រាក់ តែប្រាក់នឹងហើរបាត់ទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។
៦ កុំរួមតុជាមួយមនុស្សដែលមានបំណងអាក្រក់ ហើយកុំចង់បរិភោគម្ហូបដ៏ឆ្ងាញ់របស់គេឲ្យសោះ។ ៧ ចិត្តរបស់គេមិនដូចសម្ដីរបស់គេទេ គេពោលថា “សូមអញ្ជើញពិសាចុះ” ប៉ុន្តែ តាមពិត គេមិនស្មោះត្រង់ជាមួយអ្នកឡើយ។ ៨ ក្រោយមក អ្នកនឹងខ្ជាក់អាហារនោះចោល ហើយពាក្យទន់ភ្លន់របស់អ្នកក្លាយទៅជាអសាបង់។
៩ កុំប្រដៅមនុស្សខ្លៅ ព្រោះគេនឹងមើលងាយពាក្យប្រកបដោយសុភនិច្ឆ័យរបស់អ្នក។
១០ កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ ១១ ដ្បិតព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពនឹងការពារគេ ព្រះអង្គប្រឆាំងនឹងអ្នក ដើម្បីរកយុត្តិធម៌ឲ្យគេ។
១២ ចូរយកចិត្តទុកដាក់ទទួលការអប់រំ ហើយត្រងត្រាប់ស្ដាប់សេចក្ដីដែលគ្រូបង្រៀន។
១៣ កុំរុញរានឹងវាយប្រដៅកូនឡើយ ទោះបីអ្នកវាយវានឹងរំពាត់ ក៏វាមិនស្លាប់ដែរ។
១៤ បើអ្នកវាយវា អ្នកនឹងជួយការពារវាឲ្យរួចពីស្លាប់។ ១៥ កូនអើយ បើកូនមានប្រាជ្ញា ឪពុកសប្បាយចិត្តណាស់។ ១៦ បើកូនពោលពាក្យទៀងត្រង់ នោះឪពុកនឹងមានអំណរយ៉ាងខ្លាំង។
១៧ កុំចង់យកតម្រាប់តាមមនុស្សបាបឡើយ តែត្រូវកោតខ្លាចព្រះអម្ចាស់ ទាំងយប់ទាំងថ្ងៃ ១៨ ធ្វើដូច្នេះ កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។
១៩ កូនអើយ ចូរស្ដាប់ឪពុក នោះកូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូនជំពាក់ចិត្តនឹងផ្លូវទៀងត្រង់។ ២០ កុំសេពគប់នឹងមនុស្សប្រមឹក ឬមនុស្សល្មោភស៊ីឡើយ ២១ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ី រមែងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសម្លៀកបំពាក់។
២២ ចូរស្ដាប់ឪពុក ព្រោះគាត់បង្កើតអ្នកមក ហើយកុំមើលងាយម្ដាយ ក្នុងកាលគាត់ចាស់ជរា។ ២៣ ចូរស្វែងរកសេចក្ដីពិត ហើយរក្សាទុកឲ្យជាប់លាប់។ ចូរស្វែងរកប្រាជ្ញា ការអប់រំ និងការពិចារណា ២៤ ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលប់ ហើយឪពុករបស់អ្នកប្រាជ្ញក៏សប្បាយចិត្តដែរ។ ២៥ ចូរធ្វើឲ្យឪពុកម្ដាយសប្បាយចិត្ត ព្រោះតែកូន ហើយសូមឲ្យម្ដាយដែលបានបង្កើតកូនមក មានអំណរដ៏លើសលប់។
២៦ កូនអើយ ចូរទុកចិត្តលើឪពុក ហើយពេញចិត្តយកតម្រាប់តាមឪពុក។ ២៧ ស្រីពេស្យាប្រៀបបាននឹងរណ្ដៅដ៏ជ្រៅ រីឯប្រពន្ធគេប្រៀបបាននឹងអណ្ដូងដ៏ចង្អៀត។ ២៨ ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។
២៩ តើអ្នកដែលត្រូវគេមើលងាយ អ្នកដែលគេនឹកហួសចិត្ត អ្នកដែលរករឿងឈ្លោះ អ្នករអ៊ូរទាំ អ្នកដែលត្រូវគេវាយដោយឥតហេតុ អ្នកក្រហមភ្នែកជានរណា? ៣០ គឺអ្នកវក់នឹងស្រា អ្នកដែលចូលចិត្តស្រាខ្លាំង។ ៣១ កុំចាប់ចិត្តនឹងស្រាដែលមានពណ៌ស្រស់ល្អ ធ្វើឲ្យកែវភ្លឺថ្លា ហើយហូរចូលក្នុងបំពង់កយ៉ាងស្រួលនោះឡើយ។ ៣២ នៅទីបំផុត ស្រានោះធ្វើឲ្យអ្នកឈឺចាប់ដូចពស់អាសិរពិសចឹក។ ៣៣ ភ្នែករបស់អ្នកព្រិល មើលអ្វីៗឃើញសុទ្ធតែចម្លែកទាំងអស់ ហើយអ្នកនឹងនិយាយឥតដឹងខុសត្រូវ។ ៣៤ អ្នកនឹងប្រៀបដូចជាមនុស្សដេកនៅកណ្ដាលសមុទ្រ និងដូចមនុស្សដេកនៅលើចុងក្តោងសំពៅ។ ៣៥ អ្នកនឹងពោលថា: «បើគេវាយខ្ញុំ ក៏ខ្ញុំមិនឈឺ បើគេសំពងខ្ញុំ ក៏ខ្ញុំមិនដឹងខ្លួនដែរ។ ពេលណាខ្ញុំដឹងខ្លួន ខ្ញុំនឹងទៅរកផឹកទៀត»។
២៤
១ កុំច្រណែននឹងមនុស្សអាក្រក់ ហើយកុំសេពគប់ជាមួយពួកគេឡើយ។ ២ ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ ហើយពោលពាក្យប្រទូស្តរាយ។
៣ ដោយសារប្រាជ្ញា គេសង់ផ្ទះបាន ដោយសារការឈ្លាសវៃ គេធ្វើឲ្យផ្ទះនោះរឹងមាំ ៤ ហើយដោយសារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។
៥ អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ។ ៦ មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននាំឲ្យមានជោគជ័យ។
៧ មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ ពេលណាមានរឿងសំខាន់ដែលត្រូវពិភាក្សា អ្នកនោះពុំអាចហាមាត់និយាយឡើយ។
៨ អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់ អ្នកនោះមានឈ្មោះថាជាមនុស្សទុយ៌ស។ ៩ មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប រីឯមនុស្សចំអកឡកឡឺយតែងតែធ្វើឲ្យគេស្អប់គ្រប់គ្នា។
១០ បើអ្នកបាត់បង់សេចក្ដីក្លាហានក្នុងពេលមានអាសន្ន បានសេចក្ដីថា កម្លាំងរបស់អ្នកទន់ខ្សោយណាស់។
១១ ចូរជួយសង្គ្រោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត ហើយខំប្រឹងរំដោះអស់អ្នកដែលគេនាំទៅសម្លាប់។ ១២ បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា ព្រះជាម្ចាស់ដែលស្គាល់ចិត្តមនុស្ស ព្រះអង្គជ្រាបទាំងអស់។ ព្រះអង្គពិនិត្យមើលអ្នក ព្រះអង្គឈ្វេងយល់ចិត្តអ្នក ហើយព្រះអង្គតបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។
១៣ កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតទឹកឃ្មុំមានរសជាតិឆ្ងាញ់ ហើយផ្អែមជាប់មាត់។ ១៤ រីឯប្រាជ្ញាក៏ដូច្នោះដែរ ចូរកូនចងចាំថា បើកូនរកបានប្រាជ្ញា កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។
១៥ កុំធ្វើដូចមនុស្សអាក្រក់ ដែលយកអន្ទាក់ទៅដាក់នៅមុខផ្ទះរបស់មនុស្សសុចរិតឡើយ ហើយក៏កុំបំផ្លិចបំផ្លាញទីលំនៅរបស់គេដែរ ១៦ ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
១៧ ពេលឃើញខ្មាំងសត្រូវរបស់អ្នកបរាជ័យ កុំត្រេកអរឡើយ ហើយបើឃើញគេជំពប់ដួលក៏មិនត្រូវសប្បាយរីករាយដែរ ១៨ ក្រែងលោព្រះអម្ចាស់ទតឃើញ ព្រះអង្គមិនសព្វព្រះហឫទ័យ ហើយព្រះអង្គលែងធ្វើទោសគេ។
១៩ កុំក្ដៅចិត្តនឹងមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយក៏កុំច្រណែននឹងមនុស្សអាក្រក់ឲ្យសោះ។ ២០ មនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។
២១ កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្តេច។ កុំចូលដៃនឹងអ្នកបះបោរឡើយ ២២ ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់ហន់ ហើយគ្មាននរណាដឹងថា តើព្រះអម្ចាស់ ឬស្តេច ដាក់ទោសពួកគេយ៉ាងណាទេ។
ដំបូន្មានផ្សេងៗរបស់អ្នកប្រាជ្ញ
២៣ អ្នកប្រាជ្ញពោលទៀតថា: ពេលកាត់ក្តីមិនត្រូវរើសមុខអ្នកណាឡើយ។ ២៤ បើចៅក្រមនិយាយទៅកាន់ឧក្រិដ្ឋជនថា “អ្នកគ្មានទោសទេ!” ប្រជាជននឹងដាក់បណ្ដាសាចៅក្រមនោះ ហើយប្រជាជាតិនានាក៏ស្អប់ចៅក្រមនោះដែរ។
២៥ ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋមុខជាបានសុខ ព្រមទាំងទទួលពរ និងសុភមង្គល។
២៦ ចម្លើយស្មោះត្រង់ជាភស្តុតាងនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។
២៧ ចូរបំពេញកិច្ចការខាងក្រៅផ្ទះ និងបង្ហើយការងារនៅឯស្រែចម្ការសិន រួចសឹមសង់ផ្ទះ។
២៨ កុំចោទប្រកាន់អ្នកដទៃដោយគ្មានហេតុផល ហើយក៏កុំនិយាយកុហក បោកបញ្ឆោតគេដែរ។ ២៩ កុំពោលថា «គេប្រព្រឹត្តចំពោះខ្ញុំបែបណា ខ្ញុំនឹងប្រព្រឹត្តចំពោះគេវិញបែបនោះដែរ ខ្ញុំនឹងតបស្នងដល់គេម្នាក់ៗ តាមអំពើដែលពួកគេបានប្រព្រឹត្ត»។
មនុស្សកម្ជិល
៣០ ខ្ញុំបានដើរជិតចម្ការរបស់មនុស្សកម្ជិលម្នាក់ ហើយខ្ញុំក៏បានដើរជិតចម្ការទំពាំងបាយជូររបស់មនុស្សឥតគំនិតម្នាក់ដែរ។ ៣១ មានបន្លា និងស្មៅដុះពាសពេញ រីឯរបងក៏រលំដួលអស់។ ៣២ ខ្ញុំពិចារណាមើលអ្វីៗដែលខ្ញុំបានឃើញ ហើយដកស្រង់បានមេរៀនដូចតទៅ: ៣៣ អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច និងដេកឱបដៃបន្តិច។ ៣៤ ធ្វើដូច្នេះ អ្នកនឹងខ្វះខាត ធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។
២៥
សុភាសិតផ្សេងៗ
១ នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ចងក្រងឡើងដោយមន្ត្រីរបស់ព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា។
២ សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្តេចស្ថិតនៅលើសុភនិច្ឆ័យ។
៣ ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ស្តេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់ទេ។
៤ បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។
៥ បើស្តេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គជាមុនសិន។
៦ កុំធ្វើព្រហើននៅចំពោះព្រះភ័ក្ត្រស្តេច ហើយក៏កុំចង់បានកន្លែងរបស់អ្នកធំដែរ។
៧ ប្រសិនបើគេប្រាប់អ្នកថា «សូមអញ្ជើញមកអង្គុយនៅទីនេះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។
៨ កុំប្រញាប់យករឿងរ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅក្រមឡើយ ដ្បិតប្រសិនបើចុងចោទទំលាក់កំហុសមកលើអ្នកវិញ តើអ្នកដោះសាខ្លួនដូចម្ដេចបាន!
៩ បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ ១០ ក្រែងលោអ្នកនោះដឹងឮ គេដៀលអ្នក ហើយអ្នកត្រូវអាម៉ាស់ងើបមុខមិនរួច។
១១ និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។
១២ យកចិត្តទុកដាក់ស្ដាប់ពាក្យស្តីប្រដៅរបស់អ្នកប្រាជ្ញ ប្រៀបដូចជាមានចិញ្ចៀនមាស ឬខ្សែកធ្វើពីមាសសុទ្ធ។
១៣ អ្នកនាំសារស្មោះត្រង់រមែងធ្វើឲ្យម្ចាស់របស់ខ្លួនសប្បាយចិត្ត ដូចទឹកដ៏ត្រជាក់នៅរដូវប្រាំង។
១៤ អ្នកណាអួតពីទានដែលខ្លួនមិនបានធ្វើ អ្នកនោះប្រៀបដូចជាពពក និងខ្យល់ដែលមិនបង្អុរទឹកភ្លៀង។
១៥ ការអត់ធ្មត់រមែងបន្ទន់ចិត្តមេដឹកនាំ ហើយពាក្យសម្ដីទន់ភ្លន់អាចឈ្នះចិត្តរឹងរូស។
១៦ បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។
១៧ ចូរកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេក ក្រែងគេធុញទ្រាន់ រហូតដល់ស្អប់អ្នក។
១៨ អ្នកណាចោទប្រកាន់អ្នកដទៃទាំងបំពាន អ្នកនោះប្រៀបដូចជាវាយគេនឹងព្រនង់ កាប់គេនឹងដាវ ឬបាញ់គេនឹងព្រួញមុតស្រួច។
១៩ នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។
២០ ច្រៀងឲ្យមនុស្សមានទុក្ខស្ដាប់ ប្រៀបដូចជាដោះអាវនៅពេលរងា ឬដូចចាក់ទឹកខ្មេះលើមុខរបួស។
២១ ប្រសិនបើខ្មាំងសត្រូវរបស់អ្នកឃ្លាន ចូរយកអាហារទៅឲ្យគេបរិភោគ បើគេស្រេក ចូរយកទឹកឲ្យគេផឹកផង ២២ ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។
២៣ ខ្យល់បក់ពីទិសខាងត្បូងរមែងនាំទឹកភ្លៀងមកជាមួយផង រីឯការនិយាយដើមគេរមែងនាំឲ្យគេខឹង។
២៤ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។
២៥ ដំណឹងល្អមកពីស្រុកឆ្ងាយ ប្រៀបបាននឹងទឹកត្រជាក់មកផ្សើមបំពង់កស្ងួត។
២៦ អណ្ដូងទឹកល្អក់ ឬប្រភពទឹកក្រខ្វក់ ប្រៀបដូចជាមនុស្សសុចរិត ដែលយកតម្រាប់តាមមនុស្សទុច្ចរិត។
២៧ បរិភោគទឹកឃ្មុំច្រើនមិនល្អទេ ហើយចង់បានកិត្តិយសខ្លាំងពេកក៏មិនល្អដែរ។
២៨ មនុស្សមិនចេះទប់ចិត្តខ្លួនឯង ប្រៀបដូចជាទីក្រុងដែលគ្មានកំពែងការពារ។
២៦
១ លើកមនុស្សខ្លៅឲ្យមានកិត្តិយសមិនទំនងទេ គឺប្រៀបដូចជាមេឃធ្លាក់ព្រឹល នៅរដូវក្ដៅ និងដូចភ្លៀងនៅរដូវចម្រូត។
២ ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។
៣ រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។
៤ កុំឆ្លើយទៅមនុស្សខ្លៅតាមរបៀបខ្លៅ ក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។
៥ ចូរឆ្លើយទៅមនុស្សខ្លៅតាមគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។
៦ អ្នកដែលប្រើមនុស្សខ្លៅឲ្យនាំសារ ប្រៀបដូចជាកាត់ជើងរបស់ខ្លួន ហើយត្រូវពិបាកចិត្ត។
៧ សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។
៨ លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។
៩ សុភាសិតចេញពីមាត់មនុស្សខ្លៅ ប្រៀបដូចជាបន្លាដែលមនុស្សប្រមឹកគ្រវីនៅក្នុងដៃ។
១០ ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សខ្ចាត់ព្រាត់មកធ្វើការ រមែងធ្វើឲ្យគេឯងអំពល់ទុក្ខគ្រប់គ្នា។
១១ មនុស្សខ្លៅមិនបោះបង់ចោលគំនិតខ្លៅរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វា។
១២ ប្រសិនបើអ្នកឃើញនរណាម្នាក់ អួតខ្លួនថាជាមនុស្សមានប្រាជ្ញា តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។
មនុស្សកម្ជិល
១៣ មនុស្សកម្ជិលតែងពោលថា «មានកូនសិង្ហមួយនៅខាងក្រៅ ហើយមានសិង្ហឈ្មោលមួយនៅតាមផ្លូវ»។
១៤ ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ រីឯមនុស្សកម្ជិលនៅននៀលជាប់នឹងគ្រែជានិច្ច។
១៥ មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយត្អូញថាហត់ពេក។
១៦ មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ ដែលចេះឆ្លើយដោយវាងវៃ។
សុភាសិតផ្សេងៗ
១៧ ជ្រៀតជ្រែកចូលក្នុងជម្លោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។
១៨ អ្នកណាបោកបញ្ឆោតគេ រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេង» ១៩ អ្នកនោះប្រៀបដូចជាមនុស្សកំរោលចូល ដែលចោលអង្កត់អុសជុំវិញខ្លួន ហើយបាញ់ព្រួញដើម្បីសម្លាប់គេ។
២០ ពេលណាអស់អុស ភ្លើងក៏រលត់ ពេលណាអស់មនុស្សនិយាយមួលបង្កាច់គេ ជម្លោះក៏បាត់អស់ដែរ។
២១ មនុស្សអុជអាលធ្វើឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗ ប្រៀបដូចជាធ្យូង និងអុស ដែលធ្វើឲ្យភ្លើងរឹតតែឆេះឡើង។
២២ ពាក្យសម្ដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ចិត្ត។
២៣ សម្ដីផ្អែមល្ហែម តែចិត្តអាក្រក់ ប្រៀបដូចជាប្រាក់ដែលស្រោបលើភាជន៍ធ្វើពីដីឥដ្ឋ។
២៤ មនុស្សស្អប់គេតែងតែនិយាយលាក់ពុត រីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។
២៥ កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។
២៦ ទោះបីអ្នកនោះចេះលាក់បាំងចិត្តស្អប់របស់ខ្លួនក៏ដោយ មនុស្សគ្រប់គ្នាគង់តែឃើញចិត្តអាក្រក់របស់គេ។
២៧ អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។
២៨ បើយើងនិយាយមួលបង្កាច់នរណា បានសេចក្ដីថាយើងស្អប់អ្នកនោះ ហើយបើយើងនិយាយបញ្ចើចបញ្ចើអ្នកណា យើងនឹងធ្វើឲ្យអ្នកនោះត្រូវអន្តរាយ។
២៧
១ កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។
២ កុំសរសើរខ្លួនឯងឡើយ ត្រូវទុកឲ្យអ្នកដទៃសរសើរពីអ្នកវិញ គឺដាច់ខាតកុំសរសើរខ្លួនឯង។
៣ ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងីល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។
៤ កំរោលរបស់មនុស្សឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ រីឯចិត្តប្រច័ណ្ឌវិញ តើនរណាអាចទប់ទល់បាន។
៥ រិះគន់ដោយចំហ ប្រសើរជាងលាក់សេចក្ដីស្រឡាញ់។
៦ ពាក្យស្តីបន្ទោសរបស់មិត្តសម្លាញ់ ផុសចេញពីចិត្តភក្តីភាព រីឯពាក្យស្និទ្ធស្នាលរបស់សត្រូវ ផុសចេញពីចិត្តបោកបញ្ឆោត។
៧ អ្នកឆ្អែតឃើញទឹកឃ្មុំក៏ណាយដែរ រីឯអ្នកឃ្លាន អ្វីៗដែលល្វីងជូរចត់ក៏ផ្អែមដែរ។
៨ មនុស្សវង្វេងឆ្ងាយពីស្រុកកំណើត ប្រៀបដូចជាសត្វចាបហើរវង្វេងសំបុក។
៩ ប្រេងក្រអូប និងទឹកអប់ រមែងធ្វើឲ្យចិត្តរីករាយ រីឯយោបល់របស់មិត្តសម្លាញ់ដ៏ស្លូតបូតរឹងរឹតតែប្រសើរលើសនេះទៅទៀត។
១០ កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើតរបស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើត ដែលនៅឆ្ងាយទៅទៀត។
១១ កូនអើយ ចូរមានប្រាជ្ញាឡើង នោះឪពុកនឹងសប្បាយចិត្ត ហើយបើមាននរណាដៀលឪពុក នោះឪពុកអាចនឹងឆ្លើយវិញបាន។
១២ កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់គេលាក់ខ្លួន រីឯមនុស្សឥតគំនិតឱនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
១៣ បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
១៤ បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹម គេចាត់ទុកពរបែបនេះជាបណ្ដាសាទៅវិញ។
១៥ ស្ត្រីពូកែឈ្លោះប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះឈប់ នៅថ្ងៃមានភ្លៀង។ ១៦ នរណាចង់ឃាត់នាង ក៏ដូចជាចង់ឃាត់ខ្យល់ ឬចង់យកដៃចាប់ប្រេងដែរ។
១៧ ដែករមែងសំលៀងដែកយ៉ាងណា មនុស្សក៏បង្រៀនគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
១៨ អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ រីឯអ្នកយកចិត្តទុកដាក់បម្រើចៅហ្វាយ នឹងទទួលកិត្តិយស។
១៩ មនុស្សអាចឆ្លុះមើលឃើញមុខរបស់ខ្លួននៅក្នុងទឹក ហើយអាចឃើញចិត្តរបស់ខ្លួនដោយសម្លឹងមើលអ្នកដទៃ។
២០ ស្ថានមនុស្សស្លាប់ និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។
២១ គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយដុតក្នុងភ្លើង រីឯមនុស្សវិញ គេអាចស្គាល់តម្លៃដោយសារកេរ្តិ៍ឈ្មោះ។
២២ ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។
២៣ ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់។
២៤ ទ្រព្យសម្បត្តិមិនស្ថិតស្ថេរគង់វង្សរហូតទេ រីឯកិត្តិយសក៏មិននៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅដែរ។
២៥ ចូរកាត់ស្មៅនៅក្នុងចម្ការ ទុកជាចំណីសម្រាប់សត្វ។ ពេលស្មៅថ្មីកំពុងដុះ ត្រូវទៅប្រមូលស្មៅពីភ្នំមកទុក។ ២៦ អ្នកអាចមានសម្លៀកបំពាក់ ដោយសាររោមចៀមរបស់អ្នក ហើយអ្នកអាចទិញចម្ការថ្មីដោយសារលក់ចៀមឈ្មោល។
២៧ ចូរយកទឹកដោះដ៏បរិបូណ៌របស់ពពែ ធ្វើជាអាហារចិញ្ចឹមជីវិតអ្នក និងគ្រួសាររបស់អ្នក ព្រមទាំងស្រីបម្រើរបស់អ្នក។
២៨
១ អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
២ ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។
៣ មនុស្សក្រីក្រសង្កត់សង្កិនមនុស្សទុរគត ប្រៀបបាននឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ជន់បំផ្លាញដំណាំអស់។
៤ អស់អ្នកដែលបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ រមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមវិន័យ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។
៥ មនុស្សទុច្ចរិតមិនយល់អំពីយុត្តិធម៌ទេ រីឯអ្នកស្វែងរកព្រះអម្ចាស់យល់សព្វគ្រប់ទាំងអស់។
៦ មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀចវេរ។
៧ អ្នកណាប្រតិបត្តិតាមវិន័យរបស់ព្រះជាម្ចាស់ អ្នកនោះជាកូនចេះដឹង រីឯអ្នកដែលសេពគប់នឹងមនុស្សខិលខូច ធ្វើឲ្យឪពុកបាក់មុខ។
៨ អ្នកណាប្រមូលទ្រព្យសម្បត្តិ ដោយចងការប្រាក់ហួសកម្រិត ធនធានរបស់អ្នកនោះនឹងធ្លាក់ទៅក្នុងដៃរបស់មនុស្ស ដែលមានចិត្តមេត្តាចំពោះជនក្រីក្រ។
៩ អ្នកណាមិនប្រតិបត្តិតាមវិន័យរបស់ព្រះជាម្ចាស់ទេ សូម្បីតែពាក្យអធិស្ឋានរបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។
១០ អ្នកណានាំមនុស្សទៀងត្រង់ឲ្យដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលសុភមង្គល។
១១ អ្នកមានទ្រព្យ រមែងស្មានថាខ្លួនមានប្រាជ្ញា តែមនុស្សទុរគតដែលឈ្លាសវៃ អាចផ្ចាញ់អ្នកមាននោះបាន។
១២ កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះ គេនឹងរត់ពួនគ្រប់ៗគ្នា។
១៣ អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។
១៤ អ្នកណាប្រយ័ត្នខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមានសុភមង្គលហើយ រីឯអ្នកកាន់ចិត្តរឹងរូសមុខជាជួបនឹងទុក្ខលំបាក។
១៥ មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទុរគត ប្រៀបបាននឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រប់។
១៦ អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ដ្រកាន់តែខ្លាំងឡើងៗ រីឯអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។
១៧ អ្នកដែលមានទោសព្រោះសម្លាប់គេ ទោះបីគ្មាននរណាតាមចាប់ក៏ដោយ ក៏គង់តែអ្នកនោះត្រូវធ្លាក់ក្នុងរណ្ដៅដែរ។
១៨ អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខ រីឯអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។
១៩ អ្នកដែលខំធ្វើស្រែចម្ការតែងតែមានអាហារបរិបូណ៌ រីឯអ្នកខ្ជិលច្រអូសរមែងធ្លាក់ខ្លួនក្រតោកយ៉ាក។
២០ មនុស្សស្មោះត្រង់តែងតែទទួលពរបរិបូណ៌ រីឯអ្នកដែលគិតតែពីខំប្រឹងរកទ្រព្យឲ្យបានធ្វើជាអ្នកមានឆាប់ៗ រមែងទទួលទោស។
២១ មិនត្រូវកាត់ក្តីដោយរើសមុខឡើយ ក៏ប៉ុន្តែ មានចៅក្រមខ្លះកាត់ក្តីដោយអយុត្តិធម៌ ដើម្បីដូរបាយមួយចាន។
២២ មនុស្សលោភលន់គិតតែពីខំប្រឹងស្វែងរកទ្រព្យសម្បត្តិ ដោយឥតដឹងថា គេនឹងធ្លាក់ខ្លួនក្រឡើយ។
២៣ អ្នកណាស្តីបន្ទោសគេ ថ្ងៃក្រោយ គេនឹងដឹងគុណ លើសអ្នកដែលនិយាយបញ្ជោរ។
២៤ អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថាគ្មានបាបទេ អ្នកនោះមិនខុសពីចោរប្លន់ឡើយ។
២៥ អ្នកមានចិត្តលោភលន់រមែងបង្កជម្លោះ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ តែងតែបានចម្រើនឡើង។
២៦ អ្នកណាទុកចិត្តលើខ្លួនឯង អ្នកនោះជាមនុស្សល្ងង់ខ្លៅ រីឯអ្នកដែលដើរដោយប្រាជ្ញា រមែងមានសេចក្ដីសុខ។
២៧ អ្នកណាចែកទានដល់ជនក្រីក្រ អ្នកនោះនឹងមិនខ្វះខាតអ្វីឡើយ រីឯអ្នកដែលមិនរវល់នឹងអ្នកក្រ តែងតែទទួលបណ្ដាសាជាច្រើន។
២៨ ពេលមនុស្សទុច្ចរិតឈ្នះ ប្រជាជននឹងរត់ពួនគ្រប់ៗគ្នា ប៉ុន្តែ ពេលពួកនោះវិនាស មនុស្សសុចរិតនឹងកើនចំនួនឡើង។
២៩
១ អ្នកដែលរឹងរូស មិនព្រមទទួលការស្តីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។
២ កាលណាមានមនុស្សសុចរិតច្រើនគ្រប់គ្រងស្រុក ប្រជារាស្ដ្ររមែងមានអំណរ ប៉ុន្តែ បើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ដ្រនឹងស្រែកថ្ងូរ។
៣ អ្នកដែលស្រឡាញ់ប្រាជ្ញាតែងតែធ្វើឲ្យឪពុកសប្បាយចិត្ត រីឯអ្នកដែលសេពគប់ជាមួយស្រីពេស្យា រមែងបង្ហិនទ្រព្យសម្បត្តិ។
៤ ស្តេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចម្រើនឡើង រីឯស្តេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិនហោច។
៥ អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។
៦ មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិតតែងតែមានអំណរសប្បាយយ៉ាងខ្លាំង។
៧ មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។
៨ មនុស្សចំអកឡកឡឺយ រមែងបង្កឲ្យមានចលាចលពេញទីក្រុង រីឯមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។
៩ ប្រសិនបើមនុស្សមានប្រាជ្ញាឡើងក្តីជាមួយមនុស្សល្ងង់ខ្លៅ ទោះបីគាត់ខឹង ឬសើចក្តី ក៏គាត់មិនបានស្ងប់ចិត្តដែរ។
១០ ពួកឃាតករមែងស្អប់មនុស្សទៀងត្រង់ រីឯមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។
១១ មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ រីឯមនុស្សមានប្រាជ្ញាតែងតែចេះទប់កំហឹង។
១២ កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
១៣ អ្នកទុរគត និងអ្នកជិះជាន់គេ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់ប្រទានឲ្យអ្នកទាំងពីរមើលឃើញពន្លឺថ្ងៃ។
១៤ ស្តេចដែលវិនិច្ឆ័យទោសប្រជារាស្ដ្រក្រីក្រដោយយុត្តិធម៌ រមែងពង្រឹងអំណាចរហូតតទៅ។
១៥ ការវាយប្រដៅ និងការស្តីបន្ទោស រមែងធ្វើឲ្យមនុស្សមានប្រាជ្ញា រីឯក្មេងដែលគេបណ្តោយឲ្យធ្វើអ្វីតាមចិត្ត តែងតែបំបាក់មុខម្ដាយ។
១៦ កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។
១៧ ចូរវាយប្រដៅកូន នោះវានឹងមិនធ្វើឲ្យអ្នកព្រួយបារម្ភអ្វីឡើយ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកសប្បាយចិត្ត។
១៨ ពេលណាគ្មាននិមិត្តហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ទេ ប្រជាជននឹងជ្រួលច្របល់ រីឯអ្នកដែលប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ ពិតជាមានសុភមង្គល។
១៩ គេមិនអាចប្រដៅខ្ញុំបម្រើនឹងពាក្យសម្ដីបានទេ ដ្បិតទោះបីវាយល់ក្តី ក៏វាមិនធ្វើតាមដែរ។
២០ ប្រសិនបើអ្នកឃើញនរណាម្នាក់និយាយមិនចេះគិត តោងដឹងថា យើងអាចទុកចិត្តលើមនុស្សខ្លៅជាងទុកចិត្តអ្នកនោះ។
២១ បើអ្នកទំរើសខ្ញុំបម្រើខ្លាំងពេក កាលវានៅពីក្មេង ថ្ងៃក្រោយ វានឹងមិនស្ដាប់បង្គាប់អ្នកឡើយ។
២២ មនុស្សឆាប់ខឹងរមែងបង្កជម្លោះ រីឯអ្នកដែលមានចិត្តកំរោល រមែងប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
២៣ អំនួតរបស់មនុស្សរមែងធ្វើឲ្យគេបាក់មុខ រីឯអ្នកដែលមានចិត្តសុភាពរាបសា តែងតែទទួលកិត្តិយស។
២៤ អ្នកណាសមគំនិតជាមួយចោរ អ្នកនោះស្អប់ខ្លួនឯង ព្រោះគេដឹងថា ខ្លួនត្រូវបណ្ដាសា តែមិនហ៊ានធ្វើជាសាក្សីទេ។
២៥ ភ័យខ្លាចមនុស្ស រមែងធ្វើឲ្យខ្លួនជាប់អន្ទាក់ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់តែងតែបានសេចក្ដីសុខ។
២៦ មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលរកយុត្តិធម៌ឲ្យមនុស្សគ្រប់ៗរូប។
២៧ មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។
៣០
សុភាសិតរបស់លោកអកួរ
១ នេះជាពាក្យទូន្មានរបស់លោកអកួរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលលោកថ្លែងទៅកាន់លោកអ៊ីទីយ៉ែល និងលោកអ៊ូកាល់
២ មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។
៣ ខ្ញុំមិនបានរៀនអំពីប្រាជ្ញាទេ តែខ្ញុំស្គាល់វិជ្ជាស្តីអំពីព្រះដ៏វិសុទ្ធ។
៤ តើមាននរណាបានឡើងទៅស្ថានបរមសុខ រួចចុះមកវិញ? តើមាននរណាក្តាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកម្រិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង!
៥ ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់គួរឲ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
៦ កុំយកអ្វីមកបន្ថែមពីលើព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្តីបន្ទោសថា អ្នកជាមនុស្សកុហក។
៧ ព្រះអម្ចាស់អើយ! ទូលបង្គំទូលសូមសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមប្រោសប្រទានតាមសំណូមពររបស់ទូលបង្គំ មុនពេលទូលបង្គំស្លាប់។ ៨ សូមកុំបណ្តោយឲ្យទូលបង្គំចេះពោលពាក្យកុហកបោកប្រាស់។ សូមកុំឲ្យទូលបង្គំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យទូលបង្គំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។ ៩ ប្រសិនបើទូលបង្គំមានទ្រព្យច្រើនពេក ក្រែងលោទូលបង្គំវង្វេងឆ្ងាយពីព្រះអង្គ ដោយពោលថា «តើព្រះអម្ចាស់ជានរណា?» ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះរបស់ទូលបង្គំ។
១០ កុំមួលបង្កាច់អ្នកបម្រើប្រាប់ចៅហ្វាយឡើយ ក្រែងលោអ្នកបម្រើនោះដាក់បណ្ដាសាអ្នក ហើយអ្នកត្រូវទទួលទោស។
១១ ជនប្រភេទខ្លះដាក់បណ្ដាសាឪពុក ហើយមិនដែលដឹងគុណម្ដាយទេ។
១២ ជនប្រភេទខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។
១៣ ជនប្រភេទខ្លះវាយឫកខ្ពស់ ហើយមើលងាយអ្នកដទៃ។
១៤ ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុរគតឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។
១៥ ឈ្លើងមានកូនពីរដែលមានឈ្មោះថា «សុំ!»«សុំ!»។ មានការបីបួនយ៉ាងដែលមិនចេះស្កប់ និងមិនចេះឆ្អែតឆ្អន់ ១៦ គឺស្ថានមច្ចុរាជ ស្ត្រីអារ ដីហួតហែង និងភ្លើងដែលឆេះមិនចេះអស់មិនចេះហើយ។
១៧ អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។
១៨ មានរឿងបីបួនយ៉ាង ហួសពីសមត្ថភាពដែលខ្ញុំអាចយល់បាន ១៩ គឺផ្លូវដែលត្មាតហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។
២០ ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។
២១ មានរឿងបីបួនយ៉ាងដែលធ្វើឲ្យក្រឡាប់ផែនដី ព្រោះផែនដីទ្រាំពុំបាន ២២ គឺមនុស្សខ្ញុំគេឡើងសោយរាជ្យ មនុស្សខ្លៅមានអាហារបរិបូណ៌ ២៣ ស្ត្រីចិត្តអាក្រក់មានប្ដី និងអ្នកបម្រើយកប្ដីរបស់ចៅហ្វាយស្រី។
២៤ មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ:
២៥ ស្រមោចជាសត្វដែលគ្មានកម្លាំង តែចេះប្រមូលអាហារគរទុកនៅរដូវក្ដៅ។
២៦ ទន្សាយជាសត្វខ្សោយ តែចេះធ្វើរូងនៅក្រោមផ្ទាំងថ្ម។
២៧ កណ្ដូបជាសត្វគ្មានស្តេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។
២៨ ជីងចក់ជាសត្វដែលគេអាចចាប់បាននឹងដៃ តែចេះជ្រៀតចូលទៅនៅក្នុងវាំងរបស់ស្តេច។
២៩ មានសត្វលោកបីបួនប្រភេទ ដែលមានដំណើរយ៉ាងសង្ហា គួរឲ្យគយគន់ គឺ: ៣០ សិង្ហជាសត្វដ៏អង់អាច ដែលមិនចេះរាថយនៅមុខអ្វីសោះឡើយ ៣១ មាន់ជល់ដែលអួតដាក់គ្នា ពពែឈ្មោល និងស្តេចដែលយាត្រានៅមុខកងទ័ព។
៣២ បើអ្នកភ្ញាក់ស្មារតីដឹងថា ខ្លួនជាមនុស្សល្ងង់ ចង់លើកខ្លួន ចូរទប់មាត់តាំងពីពេលនេះទៅ។
៣៣ បើអ្នកចម្រាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជម្លោះ។
៣១
១ នេះជាព្រះបន្ទូលរបស់ព្រះបាទលេមូអែល ជាសេចក្ដីទូន្មាន ដែលព្រះអង្គបានទទួលពីមាតា។
២ កូនអើយ ម្ដាយបានបន់ស្រន់សុំឲ្យមានកូន ហើយម្ដាយបានបង្កើតកូនមក ហេតុនេះ ចូរស្ដាប់ពាក្យម្ដាយ!។
៣ ចូរកុំឲ្យស្រីៗដណ្ដើមយកកម្លាំងរបស់កូនឡើយ ហើយក៏កុំទុកឲ្យស្រីៗ ដែលធ្លាប់តែធ្វើឲ្យស្តេចវិនាស អាចដឹកមុខកូនដែរ។
៤ ចូរកូនចាំឲ្យច្បាស់ថា ស្តេច និងមេដឹកនាំទាំងឡាយ មិនត្រូវសេពសុរា និងគ្រឿងស្រវឹងផ្សេងៗឡើយ។ ៥ កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ដ្រក្រីក្រ។
៦ គួរឲ្យគ្រឿងស្រវឹងទៅអ្នកជិតស្លាប់ និងឲ្យស្រាទៅអ្នកដែលកើតទុក្ខកង្វល់វិញ ៧ ដ្បិតកាលណាគេផឹក គេនឹងភ្លេចភាពក្រីក្រ ហើយលែងនឹកឃើញទុក្ខព្រួយរបស់ខ្លួនទៀត។
៨ ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។ ៩ ចូរនិយាយការពារ និងរកយុត្តិធម៌ឲ្យអ្នកក្រីក្រ និងជនទុរគត។
ស្ត្រីគ្រប់លក្ខណ៍
១០ ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។
១១ ស្វាមីទុកចិត្តលើនាង នាងតែងតែធ្វើឲ្យស្វាមីចម្រុងចម្រើន។
១២ នាងតែងតែផ្តល់សុភមង្គលឲ្យស្វាមីអស់មួយជីវិត គឺនាងមិនធ្វើឲ្យស្វាមីជួបអពមង្គលឡើយ។
១៣ នាងខិតខំរកអំបោះ និងសូត្រ មកត្បាញរវៃយ៉ាងស្វាហាប់។
១៤ នាងនាំអាហារមកពីឆ្ងាយ ដូចនាវាដឹកទំនិញ។
១៥ នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើធ្វើ។
១៦ នាងរិះគិតពិចារណា ហើយទៅទិញចម្ការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ។
១៧ នាងប្រឹងប្រែងធ្វើការយ៉ាងស្វាហាប់ មិនឲ្យទំនេរដៃឡើយ។
១៨ នាងឃើញកិច្ចការរបស់នាងបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។
១៩ នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។
២០ នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុរគត។
២១ នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសម្លៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។
២២ នាងត្បាញភួយសម្រាប់ខ្លួនឯង នាងមានសម្លៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។
២៣ ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ស្រុក។
២៤ នាងដេរសម្លៀកបំពាក់លក់ ហើយក៏ដេរខ្សែក្រវាត់លក់ឲ្យអ្នកជំនួញដែរ។
២៥ នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសម្លឹងមើលទៅអនាគត ដោយឥតបារម្ភអ្វីឡើយ។
២៦ នាងនិយាយស្តីប្រកបដោយប្រាជ្ញា ហើយទូន្មានគេដោយចិត្តសប្បុរស។
២៧ នាងមើលខុសត្រូវកិច្ចការក្នុងផ្ទះ ឥតទំនេរដៃសោះឡើយ។
២៨ កូនរបស់នាងនាំគ្នាកោតសរសើរនាង រីឯស្វាមីរបស់នាងក៏លើកតម្កើងនាង ដោយពោលថា:
២៩ «មានស្ត្រីជាច្រើនគ្រប់លក្ខណ៍ តែនាងគ្រប់លក្ខណ៍លើសគេទាំងអស់»។
៣០ រូបឆោមលោមពណ៌រមែងបញ្ឆោតចិត្ត រីឯសម្រស់ល្អស្អាត មិននៅស្ថិតស្ថេររហូតទេ មានតែស្ត្រីគោរពកោតខ្លាចព្រះអម្ចាស់ប៉ុណ្ណោះ ដែលគួរកោតសរសើរ។
៣១ នាងត្រូវតែទទួលផលពីកិច្ចការដែលនាងធ្វើ ហើយទទួលការកោតសរសើរពីមនុស្សទាំងអស់ក្នុងទីក្រុង។
1,110 Views