សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងភីលីព
ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងភីលីព
ពាក្យលំនាំ
ក្រុងភីលីពៈ ជាក្រុងមួយមិនសូវធំប៉ុន្មានទេ សព្វថ្ងៃក្រុងនេះស្ថិតនៅក្នុងប្រទេសក្រិក។
គ្រីស្តទូតប៉ូលបានទៅផ្សាយដំណឹងល្អនៅគ.ស.៤៩-៥០ ដោយមានលោកស៊ីឡាស លោកធីម៉ូថេ និងលោកលូកាទៅជាមួយផង(កិច្ចការ ១៦.១០-៤០)។
លោកប៉ូលសរសេរសំបុត្រនេះ នៅពេលលោកជាប់ឃុំឃាំងនៅក្រុងអេភេសូ។ កាលគ្រីស្តបរិស័ទនៅក្រុងភីលីពបានទទួលដំណឹងថា លោកជាប់ឃុំឃាំងដូច្នេះ ពួកគេក៏ប្រមូលជំនួយខ្លះផ្ញើតាមលោកអេប៉ាប្រូឌីតទៅជូនលោក។ លុះធ្វើដំណើរមកដល់ក្រុងអេភេសូនេះ លោកអេប៉ាប្រូឌីតមានជំងឺ ហើយចង់ត្រឡប់ទៅក្រុងភីលីពវិញ។ លោកប៉ូលក៏សរសេរសំបុត្រផ្ញើតាមគាត់ ទៅថ្លែងអំណរគុណគ្រីស្តបរិស័ទទាំងនោះ។ លោកបានសរសេរសំបុត្រនេះនៅគ.ស.៥៦-៥៧។
គោលសំខាន់ៗ:
លោកប៉ូលបង្ហាញអំណរសប្បាយរបស់លោក ទោះបីលោកជាប់ឃុំឃាំងក៏ដោយ ក៏លោកយល់ថា លោករងទុក្ខលំបាកដូច្នេះ គឺដូចជារួមជាមួយព្រះគ្រីស្តដែលបានរងទុក្ខលំបាកនោះដែរ។ លោកបានដាស់តឿនគ្រីស្តបរិស័ទនៅក្រុងភីលីពឲ្យមានជំនឿខ្ជាប់ខ្ជួន និងឲ្យគេរស់នៅជាមួយគ្នាដោយសុខសាន្ត ព្រមទាំងសុខចិត្តដាក់ខ្លួនបម្រើគ្នាទៅវិញទៅមក ដូចព្រះគ្រីស្តធ្វើជាគំរូទុកមកស្រាប់។
លោកប៉ូលបានលើកយកអំណររបស់គ្រីស្តបរិស័ទមកនិយាយជាច្រើនលើកច្រើនសា។ លោកក៏បានបញ្ចូលទំនុកបុរាណមួយបទ ដែលបញ្ជាក់អំពីជំនឿរបស់គ្រីស្តបរិស័ទនៅជំនាន់ដើម(២.៦-១១)។
គម្រោងគម្ពីរភីលីពៈ
• សេចក្ដីផ្ដើម ១.១-១១
• ស្ថានភាពរបស់លោកប៉ូល ១.១២-២៦
• ជីវិតរួមជាមួយព្រះគ្រីស្ត ១.២៧‑២.១៨
• គម្រោងការរបស់លោកធីម៉ូថេ និងលោកអេប៉ាប្រូឌីត ២.១៩-៣០
• ការទូន្មានឲ្យរស់នៅស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ៣.១‑៤.៩
• លោកប៉ូលអរគុណគ្រីស្តបរិស័ទនៅក្រុងភីលីព ៤.១០-២០
• អវសានកថា ៤.២១-២៣
១
សេចក្ដីផ្ដើម
១ យើងខ្ញុំ ប៉ូល និងធីម៉ូថេ ជាអ្នកបម្រើរបស់ព្រះគ្រីស្ត*យេស៊ូ សូមជម្រាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ ដែលរួមជាមួយព្រះគ្រីស្តយេស៊ូនៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយ សូមជ្រាប។ ២ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្ត ប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។
ពាក្យអរព្រះគុណ និងពាក្យទូលអង្វរ
៣ ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ៤ គឺគ្រប់ពេល ខ្ញុំទូលអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្តរីករាយជាដរាប ៥ ព្រោះបងប្អូនរួមចំណែកក្នុងការផ្សាយដំណឹងល្អ តាំងពីថ្ងៃដំបូង រហូតមកទល់សព្វថ្ងៃ។ ៦ ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងបងប្អូន ព្រះអង្គក៏នឹងបង្ហើយការនេះរហូតដល់ថ្ងៃព្រះគ្រីស្តយេស៊ូយាងមក។ ៧ ខ្ញុំមានចិត្តគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្តី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អ*ក្តី បងប្អូនទាំងអស់គ្នា ក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលព្រះជាម្ចាស់ប្រណីសន្ដោស ឲ្យខ្ញុំបំពេញនេះដែរ។ ៨ ព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្តអាណិតមេត្តាមកពីព្រះគ្រីស្តយេស៊ូ។
៩ ខ្ញុំទូលអង្វរព្រះជាម្ចាស់ដូចតទៅនេះ គឺសូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់កាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់ ១៩ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃព្រះគ្រីស្តយាងមក បងប្អូននឹងបានបរិសុទ្ធ*ឥតមានកំហុសអ្វីឡើយ ១១ ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិត ដែលមកពីព្រះយេស៊ូគ្រីស្ត សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរព្រះជាម្ចាស់។
លោកប៉ូលជាប់ឃុំឃាំង
១២ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ហេតុការណ៍ដែលកើតមានដល់ខ្ញុំនោះ បែរជាជួយដំណឹងល្អវិញទេ ១៣ គឺនៅក្នុងសាលាកាត់ក្តីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗ មនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រីស្ត។ ១៤ ដោយឃើញខ្ញុំជាប់ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្តលើព្រះអម្ចាស់ ហើយរឹតតែមានចិត្តក្លាហានប្រកាសព្រះបន្ទូលឥតភ័យខ្លាចអ្វីឡើយ។ ១៥ មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីព្រះគ្រីស្ត ដោយចិត្តច្រណែនឈ្នានីស ចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ ១៦ បងប្អូនទាំងនេះប្រកាសដោយចិត្តស្រឡាញ់ ព្រោះដឹងថាព្រះអម្ចាស់បានតែងតាំងខ្ញុំឲ្យការពារដំណឹងល្អ។ ១៧ រីឯអ្នកដែលផ្សាយដំណឹងអំពីព្រះគ្រីស្ត ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធ*ទេ គឺគេស្មានថានឹងធ្វើឲ្យខ្ញុំរឹងរឹតតែវេទនាក្នុងទីឃុំឃាំងថែមទៀត។ ១៨ មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្តី ស្មោះសរក្តី ក៏គេផ្សាយដំណឹងអំពីព្រះគ្រីស្តដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត ១៩ ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រីស្តជួយខ្ញុំដែរ។ ២០ ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹង ឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្តី ខ្ញុំនឹងលើកតម្កើងព្រះគ្រីស្តក្នុងរូបកាយខ្ញុំ។ ២១ ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រីស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ ២២ ប៉ុន្តែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើឲ្យកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។ ២៣ ចិត្តខ្ញុំរារែកទាំងសងខាង គឺម្យ៉ាង ខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះទៅនៅជាមួយព្រះគ្រីស្ត នោះប្រសើរជាងឆ្ងាយណាស់ ២៤ ម្យ៉ាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសម្រាប់បងប្អូន។ ២៥ ខ្ញុំជឿជាក់ និងដឹងថា ខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីឲ្យបងប្អូនបានចម្រើនឡើង ទាំងមានអំណរមកពីជំនឿ ២៦ និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រីស្តយេស៊ូ ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។
ការតស៊ូស្វិតស្វាញក្នុងជំនឿ
២៧ សូមបងប្អូនកាន់កិរិយាមារយាទឲ្យបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រីស្តផង ទោះបីខ្ញុំមកឃើញបងប្អូនក្តី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្តី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្តគំនិតតែមួយ ព្រមទាំងរួមចិត្តថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អទៀតផង ២៨ គឺបងប្អូនមិនញញើតនឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្តុតាងសឲ្យឃើញថា ពួកគេនឹងត្រូវវិនាសអន្តរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីព្រះជាម្ចាស់ ២៩ ដ្បិតព្រះអង្គប្រណីសន្ដោសបងប្អូនឲ្យបម្រើព្រះគ្រីស្ត ដោយមិនគ្រាន់តែជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងរងទុក្ខលំបាក ដើម្បីព្រះអង្គទៀតផង។ ៣០ បងប្អូនបានតយុទ្ធរួមជាមួយខ្ញុំ ដូចបងប្អូនធ្លាប់បានឃើញខ្ញុំតយុទ្ធស្រាប់ហើយ ហើយដូចបងប្អូនឮថាខ្ញុំកំពុងតែតយុទ្ធនៅឡើយ។
២
ព្រះគ្រីស្តបន្ទាបខ្លួន និងទទួលសិរីរុងរឿង
១ ដូច្នេះ ប្រសិនបើបងប្អូនពិតជាបានទទួលការដាស់តឿនអ្វីមួយ ដោយរួមជាមួយព្រះគ្រីស្ត ប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាលើកទឹកចិត្តបងប្អូន ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានឲ្យបងប្អូនរួមរស់ជាមួយគ្នា ឬប្រសិនបើបងប្អូនពិតជាមានចិត្តអាណិតអាសូរ និងចិត្តមេត្តាករុណា ២ សូមបំពេញអំណររបស់ខ្ញុំ ដោយបងប្អូនមានចិត្តគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ មានចិត្តថ្លើមតែមួយ និងមានឆន្ទៈតែមួយ។ ៣ កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថា ប្រសើរជាងខ្លួន។ ៤ ក្នុងចំណោមបងប្អូន ម្នាក់ៗកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ។ ៥ ព្រះគ្រីស្តយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។
៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់
ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់
ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
៧ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់
មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជា
មនុស្សសាមញ្ញដែរ។
៨ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជា
រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាង
ថែមទៀតផង។
៩ ហេតុនេះហើយបានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គ
មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០ ដើម្បីឲ្យអ្វីៗទាំងអស់
ទាំងនៅស្ថានបរមសុខ*
ទាំងនៅលើផែនដី ទាំងនៅក្រោមដី
នាំគ្នាក្រាបថ្វាយបង្គំ
នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១ និងឲ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់
ជាព្រះបិតា។
គ្រីស្តបរិស័ទជាពន្លឺពិភពលោក
១២ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេស ពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល ១៣ ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។ ១៤ ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ ១៥ ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក ១៦ ទាំងនាំព្រះបន្ទូលដែលផ្ដល់ជីវិតមកឲ្យពួកគេ។ បើបងប្អូនធ្វើដូច្នេះ ខ្ញុំនឹងបានខ្ពស់មុខនៅថ្ងៃព្រះគ្រីស្តយាងមកព្រោះកិច្ចការដែលខ្ញុំបានខំប្រឹងធ្វើ ទាំងនឿយហត់នោះ មិនមែនអសារឥតការទេ។ ១៧ ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ ១៨ រីឯបងប្អូនវិញ សូមឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។
បេសកកម្មរបស់លោកធីម៉ូថេ និងលោកអេប៉ាប្រូឌីត
១៩ ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំសង្ឃឹមថា នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ត ដោយទទួលដំណឹងពីបងប្អូន ២០ ដ្បិតក្រៅពីគាត់គ្មាននរណាជួយរំលែកទឹកចិត្តរបស់ខ្ញុំ ហើយគ្មាននរណាខ្វល់ខ្វាយនឹងបងប្អូនពិតប្រាកដទេ។ ២១ អ្នកឯទៀតៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់គ្នា គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រីស្តទេ។ ២២ បងប្អូនជ្រាបអំពីទឹកចិត្តរបស់គាត់ស្រាប់ហើយថា គាត់ពួតដៃជាមួយខ្ញុំដូចកូននឹងឪពុក ដើម្បីបម្រើដំណឹងល្អ។ ២៣ ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលណារឿងរ៉ាវខ្ញុំបានជ្រះស្រឡះ។ ២៤ ដោយរួមជាមួយព្រះអម្ចាស់ ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំផ្ទាល់ក៏មុខជាមកក្នុងពេលឆាប់ៗខាងមុខនេះដែរ។
២៥ ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ាប្រូឌីត ជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។ ២៦ គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ ២៧ គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ គឺព្រះអង្គមិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ ២៨ ហេតុនេះហើយបានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយដោយឃើញគាត់សាជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។ ២៩ សូមទទួលគាត់ទុកដូចជាបងប្អូនរួមជំនឿ ដោយអរសប្បាយជាទីបំផុត សូមគោរពមនុស្សបែបគាត់នេះផង ៣០ ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រីស្ត គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។
៣
របៀបរស់នៅស្របតាមព្រះជាម្ចាស់
១ មួយវិញទៀត បងប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយព្រះអម្ចាស់។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបងប្អូនឡើយ ខ្ញុំសរសេរដូច្នេះ ដើម្បីពង្រឹងជំនឿរបស់បងប្អូន។
២ ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការមិនត្រឹមត្រូវ ចូរប្រយ័ត្ននឹងពួកអ្នកកាត់ស្បែកក្លែងក្លាយ ៣ ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រីស្ត*យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។ ៤ ខ្ញុំក៏មានហេតុនឹងពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹតតែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត ៥ គឺខ្ញុំបានទទួលពិធីកាត់ស្បែក*ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រាអែលក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺ កើតពីជាតិហេប្រឺ។ រីឯផ្នែកគោរពគម្ពីរវិន័យ*វិញ ខ្ញុំនៅខាងគណៈផារីស៊ី* ៦ បើនិយាយពីចិត្តខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនព្រះសហគមន៍ទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមវិន័យនោះវិញ ខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។ ៧ ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រីស្ត ៨ គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រីស្តយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឲ្យតែខ្ញុំបានព្រះគ្រីស្ត ៩ និងឲ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមវិន័យនោះឡើយ គឺបានសុចរិត ដោយជឿលើព្រះគ្រីស្ត ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ ១០ បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រីស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត ១១ ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។
ការសង្វាតឲ្យបានគ្រប់លក្ខណៈ
១២ ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខ ដើម្បីចាប់ឲ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រីស្តយេស៊ូចាប់ខ្ញុំជាមុនដែរ។ ១៣ បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ ១៤ ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឲ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅយើងពីស្ថានបរមសុខ ឲ្យទទួលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។ ១៥ ដូច្នេះ យើងទាំងអស់គ្នាដែលជា «មនុស្សគ្រប់លក្ខណៈ» ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុចណាមួយ ព្រះជាម្ចាស់មុខជាបំភ្លឺបងប្អូនឲ្យដឹងមិនខាន។ ១៦ ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។
១៧ បងប្អូនអើយ ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឲ្យបងប្អូនឃើញនោះទៅ។ ១៨ ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ត*។ ១៩ ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្តិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ ២០ រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ* ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រីស្តយាងមកពីស្ថាននោះ។ ២១ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើឲ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។
៤
១ បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្តិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន រួមជាមួយព្រះអម្ចាស់ដូច្នេះតរៀងទៅ!
សេចក្ដីដាស់តឿនផ្សេងៗ
២ ខ្ញុំសូមទូន្មាននាងអេវ៉ូឌី និងនាងស៊ីនទីកថា ចូរមានចិត្តគំនិតតែមួយ ឲ្យសមជាអ្នករួមរស់ជាមួយព្រះអម្ចាស់។ ៣ រីឯអ្នកវិញ មិត្តដ៏ស្មោះត្រង់អើយ សូមជួយនាងទាំងពីរនាក់នេះផង ដ្បិតនាងធ្លាប់បានតយុទ្ធរួមជាមួយខ្ញុំ ព្រោះតែដំណឹងល្អ* ជាមួយលោកក្លេម៉ង់ ព្រមទាំងជាមួយអ្នកឯទៀតៗ ដែលបានធ្វើការជាមួយខ្ញុំ ហើយដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតនោះផងដែរ។
៤ ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ៥ ចូរសម្ដែងឲ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ ៦ សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន* និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។ ៧ ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូមិនខាន។
៨ ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ គួរឲ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ។ ៩ សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮពីខ្ញុំ ហើយការអ្វីដែលបងប្អូនបានឃើញខ្ញុំធ្វើនោះ ចូរបងប្អូនប្រព្រឹត្តតាមទៅ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តនឹងគង់ជាមួយបងប្អូនមិនខាន។
លោកប៉ូលអរគុណគ្រីស្តបរិស័ទនៅក្រុងភីលីព
១០ ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបាននឹកគិតដល់ខ្ញុំជាថ្មីឡើងវិញ។ កាលពីមុន បងប្អូនក៏បាននឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសម្ដែងទឹកចិត្តរបស់បងប្អូនចំពោះខ្ញុំ។ ១១ ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈ។ ១២ ទោះបីទ័លក្រក្តី មានបរិបូណ៌ក្តី ខ្ញុំក៏ចេះរស់ដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គឺថាទោះបីបរិភោគឆ្អែតក្តី អត់ឃ្លានក្តី មានបរិបូណ៌ក្តី ឬខ្វះខាតក្តី ខ្ញុំស្កប់ចិត្តជានិច្ច។ ១៣ ខ្ញុំអាចទ្រាំបានទាំងអស់ ដោយរួមជាមួយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។ ១៤ ទោះជាយ៉ាងណាក្តី បងប្អូនរួមជាមួយខ្ញុំក្នុងពេលខ្ញុំមានទុក្ខវេទនាដូច្នេះ ជាការប្រសើរណាស់។
១៥ បងប្អូននៅក្រុងភីលីពអើយ បងប្អូនជ្រាបស្រាប់ហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អ គឺតាំងពីខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានព្រះសហគមន៍*ណាបានជួយខ្ញុំ ក្នុងការចំណាយ ឬចំណូលឡើយ។ ១៦ កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។ ១៧ ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់ឲ្យបងប្អូនបានទទួលព្រះពរដ៏បរិបូណ៌។ ១៨ ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះ ខ្ញុំ មានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ាប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងយល់ព្រមទទួល។ ១៩ ព្រះរបស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដោយរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។ ២០ សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់យើង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!។
អវសានកថា
២១ សូមជម្រាបសួរប្រជាជនដ៏វិសុទ្ធ*គ្រប់ៗរូប ក្នុងអង្គព្រះគ្រីស្ត*យេស៊ូឲ្យខ្ញុំផង។
២២ បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏វិសុទ្ធ* ជាពិសេស បងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
២៣ សូមព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្ដោសដល់វិញ្ញាណរបស់បងប្អូន!។
844 Views