សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ជំរឿនប្រជាជន

ពាក្យលំនាំ

ជំរឿន​ប្រជាជន

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​នេះ​មាន​ឈ្មោះ​ថា «ជំរឿន​ប្រជាជន» ដូច្នេះ មក​ពី​នៅ​ផ្នែក​ដំបូង​មាន​កត់‌ត្រា​អំពី​ការ​រាប់​ចំនួន ឬ​ជំរឿន​ប្រជាជន ក្នុង​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ក្នុង​កណ្ឌ​គម្ពីរ​នេះ​ទាំង​មូល​ពុំ​មាន​រៀប‌រាប់​អំពី​ជំរឿន​ប្រជាជន​រហូត​ទេ គឺ​រៀប‌រាប់​អំពី​ដំណើរ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ក្នុង​វាល​រហោ‌ស្ថាន។
ក្រោយ​ពី​បាន​ទទួល​វិន័យ​ពី​ព្រះ‌ជាម្ចាស់ តាម‌រយៈ​លោក​ម៉ូសេ​នៅ​ភ្នំ​ស៊ីណៃ​រួច​ហើយ
• ជន​ជាតិ​អ៊ីស្រា‌អែល​រៀប‌ចំ​ខ្លួន​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ​ពួក​គេ ទុក​ជា​កេរ‌មត៌ក (១.១‑១០.១០)។
• ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ទៅ​កាដែស-‌បារណេអា ដែល​ជា​ច្រក​ចូល​ទៅ​កាន់​ទឹក​ដី​សន្យា តែ​ពួក​គេ​ពុំ​ហ៊ាន​ចូល​ទៅ​ទេ។ ដូច្នេះ ពួក​គេ​បក​ក្រោយ​វិញ ហើយ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​ពី​បាន​ត្រាច់‌ចរ​យ៉ាង​យូរ​នៅ​វាល​រហោ‌ស្ថាន​នោះ ពួក​គេ​ទៅ​ដល់​ស្រុក​ម៉ូអាប់ ដែល​នៅ​ខាង​កើត​សមុទ្រ​មរណៈ (១០.១១‑២១.៣៥)។
• បន្ទាប់​មក មាន​រៀប‌រាប់​អំពី​ព្រឹត្តិ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ មុន​ពេល​ពួក​គេ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ស្រុក​កាណាន (២២.១‑៣៦.១៣)។
កណ្ឌ​គម្ពីរ​នេះ​រៀប‌រាប់​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​បន្ត​ពី​គម្ពីរ «ដំណើរឆ្ពោះទៅកាន់សេរីភាព»និង​«លេវី‌វិន័យ» ព្រម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​គ្រាន់​តែ​ជា​មនុស្ស​លោក​សាមញ្ញ​ធម្មតា​ប៉ុណ្ណោះ។ ពួក​គេ​ចេះ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ តែ​ពួក​គេ​ក៏​ចេះ​សង្ស័យ​ដែរ ពេល​ខ្លះ​ពួក​គេ​មាន​កម្លាំង​មាំ‌មួន ពេល​ខ្លះ​ទៀត​ទន់​ខ្សោយ ពេល​ខ្លះ​រុង‌រឿង ពេល​ខ្លះ​អាប់​ឱន។ តាម‌រយៈ​កណ្ឌ​គម្ពីរ​នេះ យើង​ឃើញ​ថា​ព្រះ‌ជាម្ចាស់​តែង‌តែ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ជា‌និច្ច ហើយ​តាម‌រយៈ​ការ​តឹង‌រ៉ឹង ព្រះ‌អង្គ​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ថា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សុចរិត និង​យុត្តិ‌ធម៌។
ចំណែក​ឯ​លោក​ម៉ូសេ​វិញ លោក​មាន​បេសក‌កម្ម​មួយ​ដ៏​លំបាក គឺ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​ដ៏‌វិសុទ្ធ​យក​ទៅ​ប្រាប់​ប្រជាជន​ដែល​ចេះ​តែ​បះ‌បោរ ហើយ​លោក​ក៏​តស៊ូ​ព្យាយាម​ការ‌ពារ​ប្រជាជន​ដែល​មាន​ចិត្ត​មិន​ស្មោះ‌ត្រង់​នេះ ដោយ​ទូល‌អង្វរ​ព្រះ​ដ៏​សុចរិត សូម​ព្រះ‌អង្គ​មេត្តា​ប្រណី​សន្ដោស​ដល់​ពួក​គេ។

ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស៊ីណៃ

ការ​ជំរឿន​ប្រជាជន​អ៊ីស្រា‌អែល​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ
 នៅ​ថ្ងៃ​ទី​មួយ ខែ​ពិសាខ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ប្រជាជន​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ក្នុង​ពន្លា​ជួប​ព្រះ‌អង្គ​ដូច​ត​ទៅ:  «ចូរ​ជំរឿន​ប្រជាជន​ក្នុង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដោយ​រាប់​ឈ្មោះ​ប្រុសៗ​ទាំង​អស់ តាម​អំបូរ តាម​គ្រួសារ​របស់​គេ។  អរ៉ុន និង​អ្នក​ផ្ទាល់ ត្រូវ​ជំរឿន​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ តាម​កង‌ពល​របស់​ពួក​គេ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន និង​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។  ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​យក​បុរស​ម្នាក់​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ មក​ជួយ​អ្នក​ទាំង​ពីរ​ក្នុង​ការ​ជំរឿន​ប្រជាជន។  អស់​អ្នក​ដែល​ត្រូវ​មក​ធ្វើ​ការ​ជា​មួយ​អ្នក​ទាំង​ពីរ មាន​រាយ​នាម​ដូច​ត​ទៅ: អេលី‌សួរ ជា​កូន​របស់​សេដេ‌អួរ ពី​កុល‌សម្ព័ន្ធ​រូបេន។  សេលូ‌មីអែល​ជា​កូន​របស់​ស៊ូរី‌សា‌ដាយ ពី​កុល‌សម្ព័ន្ធ​ស៊ីម៉ូន។  ណាសូន​ជា​កូន​របស់​អាំមី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។  នេតា‌ណា‌អែល​ជា​កូន​របស់​ស៊ូអារ ពី​កុល‌សម្ព័ន្ធ​អ៊ីសាកា។  អេលីយ៉ាប​ជា​កូន​របស់​ហេឡូន ពី​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន។ ១០ ក្នុង​ពូជ‌ពង្ស​របស់​យ៉ូសែប គឺ​អេលី‌សាម៉ា​ជា​កូន​របស់​អាំមី‌ហ៊ូដ ពី​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម និង​កាំលីអែល​ជា​កូន​របស់​ពេដាសួរ ពី​កុល‌សម្ព័ន្ធ​ម៉ាណាសេ។ ១១ អប៊ីដាន​ជា​កូន​របស់​គីដេ‌អូនី ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន។ ១២ អហ៊ី‌យេ‌ស៊ែរ​ជា​កូន​របស់​អាំមី‌សា‌ដាយ ពី​កុល‌សម្ព័ន្ធ​ដាន់។ ១៣ ប៉ាគី‌អែល​ជា​កូន​របស់​អូក្រាន ពី​កុល‌សម្ព័ន្ធ​អស៊ែរ។ ១៤ អេលី‌យ៉ា‌សាប​ជា​កូន​របស់​ដេអ៊ូ‌អែល ពី​កុល‌សម្ព័ន្ធ​កាដ។ ១៥ អហ៊ីរ៉ា​ជា​កូន​របស់​អេណន ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។
១៦ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេ‌ទ័ព​អ៊ីស្រា‌អែល។ ១៧ លោក​ម៉ូសេ និង​លោក​អរ៉ុន បាន​នាំ​អស់​អ្នក​ដែល​មាន​រាយ​នាម​ខាង​លើ​នេះ​មក ១៨ ហើយ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្តុំ​សហគមន៍​ទាំង​មូល។ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។ ១៩ លោក​ម៉ូសេ​ជំរឿន​ប្រជាជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។
២០ កូន​ចៅ​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ២១ ក្នុង​កុល‌សម្ព័ន្ធ​រូបេន​ជំរឿន​បាន​ទាំង​អស់ ៤៦៥០០ នាក់។
២២ កូន​ចៅ​លោក​ស៊ីម៉ូន រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ២៣ ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម៉ូន​ជំរឿន​បាន​ទាំង​អស់ ៥៩៣០០ នាក់។
២៤ កូន​ចៅ​លោក​កាដ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ២៥ ក្នុង​កុល‌សម្ព័ន្ធ​កាដ​ជំរឿន​បាន​ទាំង​អស់ ៤៥៦៥០ នាក់។
២៦ កូន​ចៅ​លោក​យូដា រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ២៧ ក្នុង​កុល‌សម្ព័ន្ធ​យូដា​ជំរឿន​បាន​ទាំង​អស់ ៧៤៦០០ នាក់។
២៨ កូន​ចៅ​លោក​អ៊ីសាកា រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ២៩ ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសាកា ជំរឿន​បាន​ទាំង​អស់ ៥៤៤០០​នាក់។
៣០ កូន​ចៅ​លោក​សាប៊ូ‌ឡូន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ៣១ ក្នុង​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន​ជំរឿន​បាន​ទាំង​អស់ ៥៧៤០០ នាក់។
៣២ រីឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប កូន​ចៅ​លោក​អេប្រា‌អ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ៣៣ ក្នុង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ជំរឿន​បាន​ទាំង​អស់ ៤០ ៥០០ នាក់។
៣៤ កូន​ចៅ​លោក​ម៉ាណាសេ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ៣៥ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ជំរឿន​បាន​ទាំង​អស់ ៣២២០០ នាក់។
៣៦ កូន​ចៅ​លោក​បេន‌យ៉ា‌មីន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ៣៧ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន ជំរឿន​បាន​ទាំង​អស់ ៣៥៤០០ នាក់។
៣៨ កូន​ចៅ​លោក​ដាន់ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ៣៩ ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ជំរឿន​បាន​ទាំង​អស់ ៦២៧០០ នាក់។
៤០ កូន​ចៅ​លោក​អស៊ែរ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ៤១ ក្នុង​កុល‌សម្ព័ន្ធ​អស៊ែរ ជំរឿន​បាន​ទាំង​អស់ ៤១៥០០ នាក់។
៤២ រីឯ​កូន​ចៅ​លោក​ណែប‌ថាលី រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន ៤៣ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ជំរឿន​បាន​ទាំង​អស់ ៥៣៤០០ នាក់។
៤៤ នេះ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ លោក​អរ៉ុន និង​មេ​ដឹក​នាំ​ទាំង​ដប់‌ពីរ ជា​តំណាង​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល បាន​ជំរឿន។ ៤៥ ចំនួន​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន រាប់​តាម​គ្រួសារ​របស់​គេ ៤៦ ជំរឿន​បាន​ទាំង​អស់ ៦០៣៥៥០ នាក់។
តួ‌នាទី​ពិសេស​របស់​កុល‌សម្ព័ន្ធ​លេវី
៤៧ គេ​ពុំ​បាន​ជំរឿន​ប្រជាជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី​ជា​មួយ​អ្នក​ឯ​ទៀតៗ​ទេ ៤៨ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ៤៩ «កុំ​ជំរឿន​ប្រជាជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។ ៥០ ចូរ​ប្រគល់​ភារ‌កិច្ច​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌ពន្លា*​នៃ​សន្ធិ‌សញ្ញា* និង​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នោះ។ ៥១ ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ចាក‌ចេញ ពួក​លេវី​ត្រូវ​រុះ​ព្រះ‌ពន្លា ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ព្រះ‌ពន្លា​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ព្រះ‌ពន្លា​នឹង​មាន​ទោស​ដល់​ស្លាប់។ ៥២ ជន​ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​តាម​កន្លែង​របស់​ខ្លួន ក្បែរ​ទង់​សញ្ញា​នៃ​កង‌ពល​របស់​គេ​រៀងៗ​ខ្លួន។ ៥៣ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រា‌អែល​មិន​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា»។
៥៤ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។
ការ​ចាត់​ចែង​របៀប​បោះ​ជំរំ
« ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖  «ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សម្គាល់​កុល‌សម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កង‌ពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តែ​នៅ​ឆ្ងាយ​បន្តិច។
 នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អាំមី‌ណា‌ដាប់។  កង‌ពល​របស់​យូដា​មាន​ចំនួន ៧៤៦០០ នាក់។  កុល‌សម្ព័ន្ធ​អ៊ីសាកា​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​យូដា មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អ៊ីសាកា គឺ​នេតា‌ណា‌អែល ជា​កូន​របស់​ស៊ូអារ។  កង‌ពល​របស់​អ៊ីសាកា​មាន​ចំនួន ៥៤៤០០ នាក់។  បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន គឺ​អេលីយ៉ាប ជា​កូន​របស់​ហេឡូន។  កង‌ពល​របស់​សាប៊ូ‌ឡូន​មាន​ចំនួន ៥៧៤០០ នាក់។  កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា​សរុប​ទាំង​អស់​មាន​ចំនួន ១៨៦៤០០ នាក់។ អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន​គេ​បង្អស់។
១០ នៅ​ខាង​ត្បូង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌សួរ ជា​កូន​របស់​សេដេ‌អួរ។ ១១ កង‌ពល​របស់​រូបេន​មាន​ចំនួន ៤៦៥០០ នាក់។ ១២ កុល‌សម្ព័ន្ធ​ស៊ីម៉ូន​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​រូបេន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ស៊ីម៉ូន គឺ​សេលូ‌មី‌អែល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ។ ១៣ កង‌ពល​របស់​ស៊ីម៉ូន​មាន​ចំនួន ៥៩៣០០ នាក់។ ១៤ បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺ​អេលី‌យ៉ា‌សាប ជា​កូន​របស់​ដេអ៊ូ‌អែល។ ១៥ កង‌ពល​របស់​កាដ មាន​ចំនួន ៤៥៦៥០ នាក់។ ១៦ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន​សរុប​ទាំង​អស់​មាន​ចំនួន ១៥១៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​ពីរ បន្ទាប់​ពី​កង‌ពល​ធំ​យូដា។
១៧ បន្ទាប់​មក ពន្លា​ជួប​ព្រះ‌អម្ចាស់​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់‌លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។
១៨ នៅ​ខាង​លិច ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រា‌អ៊ីម។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមី‌ហ៊ូដ។ ១៩ កង‌ពល​របស់​អេប្រា‌អ៊ីម​មាន​ចំនួន ៤០ ៥០០ នាក់។ ២០ កុល‌សម្ព័ន្ធ​ម៉ាណាសេ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ គឺ​កាំលីអែល ជា​កូន​របស់​ពេដាសួរ។ ២១ កង‌ពល​របស់​ម៉ាណាសេ​មាន​ចំនួន ៣២២០០ នាក់។ ២២ បន្ទាប់​មក កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន គឺ​អប៊ីដាន ជា​កូន​របស់​គីដេ‌អូនី។ ២៣ កង‌ពល​របស់​បេន‌យ៉ា‌មីន​មាន​ចំនួន ៣៥៤០០ នាក់។ ២៤ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រា‌អ៊ីម​សរុប​ទាំង​អស់​មាន​ចំនួន ១០៨១០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​បី បន្ទាប់​ពី​កុល‌សម្ព័ន្ធ​លេវី។
២៥ នៅ​ខាង​ជើង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ដាន់ គឺ​អហ៊ី‌យេ‌ស៊ែរ ជា​កូន​របស់​អាំមី‌សា‌ដាយ។ ២៦ កង‌ពល​របស់​ដាន់​មាន​ចំនួន ៦២៧០០ នាក់។ ២៧ កុល‌សម្ព័ន្ធ​អស៊ែរ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​ដាន់ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អស៊ែរ គឺ​ប៉ាគីអែល ជា​កូន​របស់​អូក្រាន។ ២៨ កង‌ពល​របស់​អស៊ែរ​មាន​ចំនួន ៤១៥០០ នាក់។ ២៩ បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​អហ៊ីរ៉ា ជា​កូន​របស់​អេណាន។ ៣០ កង‌ពល​របស់​ណែប‌ថាលី​មាន​ចំនួន ៥៣៤០០ នាក់។ ៣១ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់​សរុប​ទាំង​អស់​មាន​ចំនួន ១៥៧៦០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​មួយ​ទង់​របស់​ខ្លួន ក្រោយ​គេ​បង្អស់»។
៣២ ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង‌ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣៥៥០ នាក់។ ៣៣ ចំណែក​ឯ​កុល‌សម្ព័ន្ធ​លេវី​វិញ គេ​ពុំ​បាន​រាប់​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ គឺ​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
៣៤ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ គឺ​ពួក​គេ​បោះ​ជំរំ​តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។
ការ​ជំរឿន​កុល‌សម្ព័ន្ធ​លេវី
 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អរ៉ុន និង​លោក​ម៉ូសេ នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ។
 កូន​របស់​លោក​អរ៉ុន​មាន​រាយ​នាម​ដូច​ត​ទៅ: ណាដាប់ ជា​កូន​ច្បង អប៊ី‌ហ៊ូ អេឡាសារ និង​អ៊ីតា‌ម៉ារ។  នេះ​ជា​ឈ្មោះ​កូន​ប្រុស​របស់​លោក​អរ៉ុន ដែល​បាន​ទទួល​ការ​តែង‌តាំង​ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។  លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូ បាន​បាត់‌បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ ចូល​ទៅ​ក្នុង​ទី​សក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។ លោក​ទាំង​ពីរ​គ្មាន​កូន​ប្រុស​ទេ។ លោក​អេឡាសារ និង​លោក​អ៊ីតា‌ម៉ារ បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ ក្រោម​បន្ទុក​របស់​លោក​អរ៉ុន ជា​ឪពុក។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖  «ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​ចូល​មក ហើយ​ឲ្យ​ពួក​គេ​នៅ​ក្រោម​បង្គាប់​របស់​បូជា‌ចារ្យ​អរ៉ុន ដើម្បី​ជួយ​បំពេញ​ការ‌ងារ​គាត់។  ពួក​គេ​មាន​ភារ‌កិច្ច​បំពេញ​មុខ‌ងារ​បម្រើ​អរ៉ុន និង​បម្រើ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​បម្រើ​កិច្ច‌ការ​នៅ​ក្នុង​ព្រះ‌ពន្លា។  ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា។  ចូរ​ប្រគល់​កុល‌សម្ព័ន្ធ​លេវី​ទៅ​ឲ្យ​អរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជាជន​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​អរ៉ុន។ ១០ ចូរ​តែង‌តាំង​អរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទី​សក្ការៈ​នេះ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ ១២ «យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។ ពួក​លេវី​ជា​ចំណែក​ដែល​យើង​ញែក​ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ១៣ ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង គឺ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់»។
១៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ថា៖ ១៥ «ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាម​អំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។
១៦ លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួក​គេ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ ១៧ កូន​ប្រុស​របស់​លោក​លេវី​មាន​នាម​ដូច​ត​ទៅ: គែរសូន គើហាត់ និង​មេរ៉ារី។ ១៨ កូន​របស់​លោក​គែរសូន​មាន​លីបនី និង​ស៊ីម៉ៃ ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ ១៩ កូន​របស់​លោក​គើហាត់​មាន​អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ី‌អែល ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ ២០ កូន​របស់​លោក​មេរ៉ារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។
២១ លោក​គែរសូន​ត្រូវ​ជា​បុព្វ‌បុរស​របស់​អំបូរ​គែរសូន ដែល​ចែក​ចេញ​ជា​ត្រកូល​លីបនី និង​ត្រកូល​ស៊ីម៉ៃ។ ២២ នៅ​ពេល​ជំរឿន​ប្រជាជន ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៧៥០០ នាក់។ ២៣ អំបូរ​គែរសូន​បោះ​ជំរំ​នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​នៅ​ទិស​ខាង​លិច។ ២៤ មេ​ដឹក​នាំ​ក្រុម​គ្រួសារ​គែរសូន គឺ​លោក​អេលី‌យ៉ា‌សាប់ ជា​កូន​របស់​លោក​ឡាអែល។ ២៥ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ កូន​ចៅ​គែរសូន​ទទួល​បន្ទុក​ផ្នែក​ខាង​ព្រះ‌ពន្លា និង​ពន្លា ព្រម​ទាំង​ក្រណាត់​បាំង​ពី​លើ វាំងនន​ច្រក​ចូល​ពន្លា​ជួប​ព្រះ‌អម្ចាស់ ២៦ ដំបូល​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ខ្សែ​ចង​ពន្លា​ទាំង​អស់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​របស់​ទាំង​នោះ។
២៧ លោក​គើហាត់​ត្រូវ​ជា​បុព្វ‌បុរស​របស់​អំបូរ​គើហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូស៊ី‌អែល។ ២៨ ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៨៦០០ នាក់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ទី​សក្ការៈ។ ២៩ អំបូរ​នានា​របស់​កូន​ចៅ​គើហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ព្រះ‌ពន្លា។ ៣០ មេ​ដឹក​នាំ​ក្រុម​គ្រួសារ​គើហាត់ គឺ​លោក​អេលី‌សាផាន ជា​កូន​របស់​លោក​អ៊ូស៊ី‌អែល។ ៣១ កូន​ចៅ​គើហាត់​ទទួល​បន្ទុក​ផ្នែក​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី តុ​សក្ការៈ ជើង​ចង្កៀង អាសនៈ គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទី​សក្ការៈ វាំងនន​ខាង​ក្នុង និង​របស់​ឯ​ទៀតៗ​ដែល​ស្ថិត​នៅ​ក្នុង​ទី​សក្ការៈ។
៣២ មេ​ដឹក​នាំ​កំពូល​របស់​កូន​ចៅ​លេវី គឺ​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អរ៉ុន។ លោក​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​បំពេញ​មុខ‌ងារ​ក្នុង​ទី​សក្ការៈ។
៣៣ លោក​មេរ៉ារី​ត្រូវ​ជា​បុព្វ‌បុរស​របស់​អំបូរ​មេរ៉ារី ដែល​ចែក​ចេញ​ជា​ត្រកូល​ម៉ាលី និង​ត្រកូល​ម៉ូស៊ី។ ៣៤ ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៦២០០ នាក់។ ៣៥ មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​អំបូរ​មេរ៉ារី គឺ​លោក​ទូរី‌អែល ជា​កូន​របស់​លោក​អប៊ី‌ហាអ៊ីល។ ពួក​គេ​បោះ​ជំរំ​នៅ​ខាង​ជើង​ព្រះ‌ពន្លា។ ៣៦ កូន​ចៅ​មេរ៉ារី​ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្តារ​របស់​ព្រះ‌ពន្លា រនុក សសរ ជើង​សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។ ៣៧ ពួក​គេ​ក៏​ទទួល​បន្ទុក​ផ្នែក​ខាង​សសរ​របស់​ទី‌លាន​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ជើង​សសរ ចម្រឹង និង​ខ្សែ​សន្ធឹង​ដែរ។
៣៨ លោក​ម៉ូសេ ព្រម​ទាំង​លោក​អរ៉ុន និង​កូន​ចៅ​របស់​លោក បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ‌ងារ​ក្នុង​ទី​សក្ការៈ តាង​នាម​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល អ្នក​ឯ​ទៀតៗ​ចូល​មក​ជិត​ទី​សក្ការៈ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។
៣៩ ចំនួន​ក្រុម​លេវី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ម៉ូសេ និង​លោក​អរ៉ុន រាប់​តាម​អំបូរ​របស់​ពួក​គេ ដោយ​គិត​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន ២២ ០០០ នាក់។
ការ​លោះ​កូន​ច្បង
៤០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ជំរឿន​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​គិត​ចាប់​តាំង​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ។ ចូរ​កត់‌ត្រា​ទុក​ក្នុង​បញ្ជី តាម​ឈ្មោះ​របស់​គេ​រៀងៗ​ខ្លួន។ ៤១ ចូរ​ញែក​ពួក​លេវី​ទុក​ដោយ​ឡែក សម្រាប់​យើង ជា​ព្រះ‌អម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ក៏​ញែក​ហ្វូង​សត្វ​របស់​ពួក​លេវី ជំនួស​កូន​ដំបូង​ទាំង​អស់​នៃ​ហ្វូង​សត្វ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ»។ ៤២ លោក​ម៉ូសេ​ជំរឿន​ចំនួន​កូន​ច្បង​ទាំង​អស់​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ ៤៣ កូន​ប្រុស​ច្បង​ទាំង​អស់​ដែល​គេ​រាប់​តាម​ឈ្មោះ ដោយ​គិត​ចាប់​តាំង​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ ឃើញ​មាន​ចំនួន ២២២៧៣​នាក់។
៤៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ ៤៥ «ចូរ​ញែក​ពួក​លេវី​ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី​ក៏​ជំនួស​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ពួក​លេវី​ជា​កម្ម‌សិទ្ធិ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់៤៦ ដើម្បី​លោះ​ចំនួន​ពួក​លេវី​ដែល​លើស​២៧៣​នាក់​នោះ ៤៧ ត្រូវ​ថ្លឹង​ប្រាក់​ប្រាំ​ណែន​សម្រាប់​លោះ​មនុស្ស​ម្នាក់ ដោយ​ប្រើ​ទម្ងន់​ប្រាក់​ណែន​របស់​ទី​សក្ការៈ ពោល​គឺ​ម្ភៃ​កេរ៉ា*។ ៤៨ ចូរ​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី​ឲ្យ​អរ៉ុន និង​កូន​ចៅ​របស់​គាត់»។ ៤៩ លោក​ម៉ូសេ​ក៏​យក​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី ៥០ គឺ​លោក​យក​ប្រាក់​ពី​កូន​ច្បង​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ចំនួន​ទាំង​អស់ ១៣៦៥​ណែន គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។ ៥១ លោក​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​ទាំង​នោះ​ជូន​លោក​អរ៉ុន និង​កូន​ចៅ​របស់​លោក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។
មុខ‌ងារ​របស់​ក្រុម​លេវី
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖  «ក្នុង​ចំណោម​កូន​ចៅ​លេវី ត្រូវ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​គើហាត់ ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ  ហើយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។
 កូន​ចៅ​គើហាត់​បំពេញ​មុខ‌ងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​សក្ការៈ​បំផុត។  ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ចេញ​ដំណើរ អរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំងនន​ដែល​ខណ្ឌ​ទី​សក្ការៈ​បំផុត  យក​ទៅ​គ្រប​លើ​ហិប​នៃ​សន្ធិ‌សញ្ញា។ បន្ទាប់​មក ពួក​គេ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ ហើយ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ពី​លើ​មួយ​ជាន់​ទៀត រួច​ទើប​ស៊ក​ឈើ​សម្រាប់​សែង។  ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​ក្រាល​លើ​តុ​សម្រាប់​តម្កល់​នំបុ័ង រួច​យក​ចាន ពែង ចាន‌គោម ព្រម​ទាំង​ថូ​សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា មក​ដាក់​ពី​លើ។ រីឯ​នំបុ័ង​ស្ថិត​នៅ​លើ​តុ​នោះ​ស្រាប់។  បន្ទាប់​មក ពួក​គេ​ក្រាល​ក្រណាត់​ពណ៌​ក្រហម​ទុំ​ពី​លើ​របស់​ទាំង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។  ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ជើង​ចង្កៀង​សម្រាប់​បំភ្លឺ ចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សម្រាប់​ដុត​ចង្កៀង​នោះ ១០ ហើយ​យក​ស្បែក​ផ្សោត​មក​ខ្ចប់​រួម​ជា​មួយ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ប្រើ​ជា​មួយ​របស់​ទាំង​នោះ រួច​យក​ទៅ​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។ ១១ ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​ក្រាល​លើ​អាសនៈ​មាស ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។ ១២ ពួក​គេ​ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី​សក្ការៈ មក​ខ្ចប់​ក្នុង​ក្រណាត់​ពណ៌​ស្វាយ​មួយ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ដាក់​លើ​ប្រដាប់​សម្រាប់​ស្នែង។ ១៣ ពួក​គេ​ត្រូវ​យក​ផេះ​ចេញ​ពី​អាសនៈ ហើយ​យក​ក្រណាត់​ពណ៌​ក្រហម​ក្រាល​ពី​លើ​អាសនៈ​នោះ។ ១៤ បន្ទាប់​មក ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ​នោះ គឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់​អាសនៈ ដាក់​ពី​លើ​អាសនៈ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ រួច​ស៊ក​ឈើ​សម្រាប់​សែង។ ១៥ នៅ​ពេល​លើក​ជំរំ កាល​អរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​គើហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារ‌កិច្ច​របស់​កូន​ចៅ​គើហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១៦ អេឡាសារ ជា​កូន​របស់​បូជា‌ចារ្យ​អរ៉ុន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​អចិន្ត្រៃយ៍ និង​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង។ គាត់​ក៏​មើល​ខុស​ត្រូវ​លើ​ព្រះ‌ពន្លា​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ព្រម​ទាំង​ទី​សក្ការៈ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុង​ទី​សក្ការៈ»។
១៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ ១៨ «មិន​ត្រូវ​ដក​អំបូរ​គើហាត់​ចេញ​ពី​កុល‌សម្ព័ន្ធ​លេវី​ឡើយ។ ១៩ ពេល​ណា​អំបូរ​គើហាត់​ចូល​មក​ជិត​ទី​សក្ការៈ​បំផុត អរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ និង​ភារ‌កិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។ ២០ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​មើល​គ្រឿង​សក្ការៈ​ជា​ដាច់​ខាត សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​បាន​ដែរ ក្រែង​លោ​បាត់‌បង់​ជីវិត»។
២១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ ២២ «ចូរ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​គែរសូន ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ២៣ ចូរ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ២៤ អំបូរ​គែរសូន​មាន​ភារ‌កិច្ច​លី​សែង​គ្រឿង​សម្ភារៈ​ដូច​ត​ទៅ: ២៥ ពួក​គេ​ត្រូវ​សែង​ក្រណាត់​ព្រះ‌ពន្លា និង​ក្រណាត់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រណាត់​សម្រាប់​គ្រប​ពី​លើ និង​ស្បែក​ផ្សោត​សម្រាប់​រុំ ព្រម​ទាំង​វាំងនន​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ២៦ ក្រណាត់​ដំបូល​ទី‌លាន វាំងនន​ទ្វារ​ចូល​ទី‌លាន ក្រណាត់​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ច‌ការ​ទាំង​អស់​ដែល​យើង​តម្រូវ​ឲ្យ​ធ្វើ។ ២៧ អរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​ឲ្យ​កូន​ចៅ​គែរសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។ ២៨ នេះ​ហើយ​ជា​មុខ‌ងារ​ដែល​អំបូរ​គែរសូន​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីតាមារ ជា​កូន​របស់​បូជា‌ចារ្យ​អរ៉ុន។
២៩ ចូរ​ជំរឿន​កូន​ចៅ​មេរ៉ារី តាម​អំបូរ តាម​គ្រួសារ​របស់​ពួក​គេ។ ៣០ ត្រូវ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ៣១ ចំពោះ​កិច្ច‌ការ​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​នោះ គឺ​មើល​ថែ​ទាំ​បន្ទះ​ក្តារ​របស់​ព្រះ‌ពន្លា រនុក សសរ និង​ជើង​សសរ ៣២ សសរ និង​ជើង​សសរ​នៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។ ៣៣ នេះ​ហើយ​ជា​មុខ‌ងារ​ដែល​អំបូរ​មេរ៉ារី​ត្រូវ​បំពេញ គឺ​មុខ‌ងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​របស់​អ៊ីតា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អរ៉ុន»។
៣៤ លោក​ម៉ូសេ លោក​អរ៉ុន និង​មេ​ដឹក​នាំ​របស់​សហគមន៍ បាន​ជំរឿន​កូន​ចៅ​គើហាត់ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ ៣៥ អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ៣៦ ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២៧៥០​នាក់។ ៣៧ នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​គើហាត់ គឺ​អស់​អ្នក​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ និង​លោក​អរ៉ុន បាន​ជំរឿន​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
៣៨ រីឯ​កូន​ចៅ​គែរសូន​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ ៣៩ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ៤០ ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២៦៣០ នាក់។ ៤១ នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​គែរសូន គឺ​អស់​អ្នក​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ និង​លោក​អរ៉ុន​បាន​ជំរឿន​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក។
៤២ អស់​អ្នក​ក្នុង​អំបូរ​មេរ៉ារី​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ ៤៣ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ៤៤ ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ៣២០០ នាក់។ ៤៥ នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​មេរ៉ារី។ លោក​ម៉ូសេ និង​លោក​អរ៉ុន បាន​ជំរឿន​ពួក​គេ ស្រប​តាម​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
៤៦ ពួក​លេវី​ទាំង​អស់​ដែល​លោក​ម៉ូសេ លោក​អរ៉ុន និង​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ ៤៧ ដោយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ‌ងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​លី​សែង​សម្ភារៈ ៤៨ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ៨៥៨០ នាក់។ ៤៩ លោក​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដោយ​បញ្ជាក់​ឲ្យ​ម្នាក់ៗ​ស្គាល់​ភារ‌កិច្ច និង​សម្ភារៈ​ដែល​ខ្លួន​ត្រូវ​សែង។ គេ​បាន​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
វិន័យ​អំពី​មនុស្ស​មិន​បរិសុទ្ធ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ:  «ចូរ​បញ្ជា​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​បណ្តេញ​មនុស្ស​ឃ្លង់ មនុស្ស​មាន​ជំងឺ​កាម​រោគ ឬ​មនុស្ស​មិន​បរិសុទ្ធ​ដោយ​ប៉ះ‌ពាល់​សាក‌សព ចេញ​ពី​ជំរំ។  ទោះ‌បី​ប្រុស ឬ​ស្រី​ក្តី ត្រូវ​បណ្តេញ​ពួក​គេ​ចេញ​ពី​ជំរំ។ ដូច្នេះ ពួក​គេ​មិន​ធ្វើ​ឲ្យ​ជំរំ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នេះ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។  ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម គឺ​បណ្តេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ជំរំ។ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ។
វិន័យ​អំពី​ការ​ប្រគល់​របស់​ទៅ​ម្ចាស់​ដើម​វិញ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:
“ប្រសិន​បើ​នរណា​ម្នាក់ ទោះ‌បី​ប្រុស ឬ​ស្រី​ក្តី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស។  អ្នក​នោះ​ត្រូវ​តែ​ទទួល​សារភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​របស់​ដែល​ខ្លួន​យក​មក​ដោយ​ទុច្ចរិត​ទៅ​ម្ចាស់​ដើម​វិញ ទាំង​បង់​ជំងឺ​ចិត្ត​ឲ្យ​គេ​មួយ​ភាគ​ប្រាំ​ផង។  ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ ត្រូវ​យក​របស់​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ប្រគល់​ជូន​បូជា‌ចារ្យ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ ជា​តង្វាយ​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។  អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​បូជា‌ចារ្យ។ ១០ អ្វីៗ​ដែល​ប្រជាជន​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ជា​ចំណែក​របស់​ខ្លួន ហើយ​អ្វីៗ​ដែល​គេ​ប្រគល់​ជូន​បូជា‌ចារ្យ នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​បូជា‌ចារ្យ”»។
វិន័យ​អំពី​ស្ត្រី​ដែល​គេ​សង្ស័យ​ថា​ក្បត់​ចិត្ត​ប្ដី
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១២ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស​ម្នាក់​មាន​ប្រពន្ធ ហើយ​ប្រពន្ធ​នោះ​ក្បត់​ចិត្ត​ខ្លួន ១៣ គឺ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​មិន​ឲ្យ​ប្ដី​ដឹង។ ប្រសិន​បើ​នាង​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​នេះ​ដោយ​លួច​លាក់ ឥត​មាន​សាក្សី​ណា​បាន​ឃើញ ឥត​មាន​នរណា​ចាប់​ភស្តុតាង​បាន​ទេ ១៤ តែ​ប្ដី​របស់​នាង​មាន​ចិត្ត​ប្រច័ណ្ឌ និង​សង្ស័យ​ថា ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន ទោះ‌បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​មិន​បាន​ប្រព្រឹត្ត ១៥ ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​បូជា‌ចារ្យ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ‌ក្រាម ជា​តង្វាយ​សម្រាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ និង​ជា​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។ ១៦ បូជា‌ចារ្យ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់១៧ បូជា‌ចារ្យ​យក​ទឹក​វិសុទ្ធ​ដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះ‌ពន្លា​នោះ​ដាក់​ក្នុង​ទឹក។ ១៨ បូជា‌ចារ្យ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ លោក​ដាក់​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​នោះ ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​លោក​វិញ លោក​កាន់​ទឹក​សម្បថ ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដាសា ក្នុង​ដៃ​របស់​លោក​ផ្ទាល់។ ១៩ បូជា‌ចារ្យ​ប្រាប់​ឲ្យ​នាង​ស្បថ រួច​ពោល​ថា “ប្រសិន​បើ​គ្មាន​បុរស​ផ្សេង​រួម​ដំណេក​ជា​មួយ​នាង ក្នុង​ពេល​នាង​រួម​រស់​ជា​មួយ​ប្ដី ហើយ​ប្រសិន​បើ​នាង​មិន​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ទេ នោះ​សូម​កុំ​ឲ្យ​ទឹក​សម្បថ​នេះ​នាំ​បណ្ដាសា​មក​លើ​នាង​ឡើយ។ ២០ ផ្ទុយ​ទៅ​វិញ ក្នុង​ពេល​នាង​នៅ​រួម​រស់​ជា​មួយ​ប្ដី នាង​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង ដោយ​រួម​ដំណេក​ជា​មួយ​ប្រុស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន ២១ នោះ​សូម​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​នាង​ត្រូវ​បណ្ដាសា និង​ទទួល​ទោស តាម​ពាក្យ​ដែល​នាង​បាន​ស្បថ‌ស្បែ សូម​ព្រះ‌អង្គ​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ប្រជាជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ ២២ សូម​ទឹក​សម្បថ​នេះ​ចូល​ទៅ​ក្នុង​ពោះ​របស់​នាង ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ក្លាយ​ទៅ​ជា​ស្ត្រី​អារ!”។ នាង​ត្រូវ​ឆ្លើយ​ថា “សូម​ឲ្យ​កើត​មាន​ដូច្នោះ​មែន! អាម៉ែន!”។ ២៣ បូជា‌ចារ្យ​ត្រូវ​សរសេរ​ពាក្យ​សម្បថ​ទុក​ក្នុង​សៀវភៅ​មួយ រួច​យក​ទឹក​សម្បថ​នោះ​មក​លុប។ ២៤ បន្ទាប់​មក លោក​ឲ្យ​ទឹក​សម្បថ​ទៅ​នាង​ផឹក ទឹក​សម្បថ​នោះ​ចូល​ទៅ​ក្នុង​ពោះ​នាង ធ្វើ​ឲ្យ​នាង​ឈឺ​ចុក‌ចាប់។ ២៥ បូជា‌ចារ្យ​ទទួល​យក​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង លោក​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​តង្វាយ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។ ២៦ បូជា‌ចារ្យ​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ក្តាប់​ធ្វើ​ជា​ទី​រំឭក ហើយ​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក ទើប​លោក​បង្គាប់​ឲ្យ​ស្ត្រី​នោះ​ផឹក​ទឹក។ ២៧ ក្រោយ​ពី​ឲ្យ​នាង​ផឹក​ទឹក​រួច​ហើយ ប្រសិន​បើ​នាង​ពិត​ជា​សៅ‌ហ្មង ហើយ​ក្បត់​ចិត្ត​ប្ដី​របស់​ខ្លួន​មែន ទឹក​សម្បថ​ដែល​ចូល​ទៅ​ក្នុង​ពោះ​នាង នឹង​បណ្តាល​ឲ្យ​នាង​ឈឺ​ចាប់ ប៉ោង​ពោះ ទៅ​ជា​ស្ត្រី​អារ។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្ដាសា ហើយ​ប្រជាជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ ២៨ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នាង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង គឺ​នាង​មិន​បាន​ក្បត់​ប្ដី​ទេ នោះ​នាង​នឹង​បាន​រួច​ខ្លួន ហើយ​នាង​នឹង​មាន​កូន​ចៅ។
២៩ នេះ​ជា​វិន័យ​ស្តី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង ៣០ និង​ក្នុង​ករណី​ប្ដី​ដែល​មាន​ចិត្ត​ប្រច័ណ្ឌ សង្ស័យ​ថា​ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន។ បូជា‌ចារ្យ​ត្រូវ​នាំ​ស្ត្រី​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់ ហើយ​អនុវត្ត​សព្វ​គ្រប់​ទាំង​អស់​តាម​ច្បាប់​នេះ។ ៣១ ពេល​នោះ ប្ដី​គ្មាន​ទោស​អ្វី​ទេ រីឯ​ប្រពន្ធ​វិញ នាង​ត្រូវ​ទទួល​ផល​វិបាក​តាម​អំពើ​បាប​របស់​ខ្លួន»។
វិន័យ​ស្តី​អំពី​ពួក​ណាសៀរ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:
ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់ សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ*​ថ្វាយ​ព្រះ‌អម្ចាស់  អ្នក​នោះ​ត្រូវ​តម​សុរា និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក​ខ្មេះ​ធ្វើ​អំពី​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ទឹក​ខ្មេះ​ធ្វើ​ពី​គ្រឿង​ស្រវឹង​ផ្សេង​ទៀត ហើយ​ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ស្រស់ ឬ​ក្រៀម​ដែរ។  ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ គេ​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ជា​ផល​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​របស់​ផ្លែ​ទំពាំង‌បាយ‌ជូរ ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ជា​ដាច់​ខាត។  ក្នុង​ពេល​គេ​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ មិន​ត្រូវ​កាត់​សក់​ឡើយ។ ក្នុង​អំឡុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ គេ​ជា​មនុស្ស​ដ៏‌វិសុទ្ធ គេ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង​រហូត​ទាល់​តែ​ផុត​ចំនួន​ថ្ងៃ ដែល​គេ​បាន​កំណត់​ទុក។  ក្នុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព​ឡើយ  សូម្បី​តែ​សព​ឪពុក​ម្ដាយ និង​បង‌ប្អូន​ប្រុស​ស្រី​របស់​ខ្លួន ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ ដ្បិត​គេ​បាន​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​សក់​របស់​គេ​ជា​សញ្ញា​សម្គាល់​ស្រាប់។  ក្នុង​អំឡុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ​នោះ គេ​ញែក​ខ្លួន​ជា​វិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់
 ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ក្បែរ​គាត់ ទោះ‌បី​គាត់​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់​ក្តី ក៏​គាត់​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។ ដូច្នេះ គាត់​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ គឺ​កោរ​សក់​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។ ១០ នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​លលក​ពីរ និង​ព្រាប​ជំទើរ​ពីរ មក​ជូន​បូជា‌ចារ្យ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១១ បូជា‌ចារ្យ​យក​សត្វ​មួយ​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ព្រោះ​តែ​បាន​ប៉ះ‌ពាល់​សាក‌សព។ ធ្វើ​ដូច្នេះ នៅ​ថ្ងៃ​នោះ អ្នក​ណាសៀរ​ញែក​ខ្លួន​ជា​សក្ការៈ​សា​ជា​ថ្មី។ ១២ គាត់​ត្រូវ​ចាប់​ផ្តើម​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​ពេល​វេលា​សា​ជា​ថ្មី គឺ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ជា​តង្វាយ​សុំ​លើក‌លែង​ទោស។ ពេល​វេលា​ពី​មុន​ត្រូវ​ចាត់​ទុក​ជា​អាសា‌បង់ ព្រោះ​គាត់​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ក្នុង​អំឡុង​ដែល​គាត់​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ​កាល​ពី​មុន​នោះ។
១៣ រីឯ​វិន័យ​ស្តី​អំពី​អ្នក​ណាសៀរ​មាន​ដូច​ត​ទៅ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ​ហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ១៤ គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ ១៥ គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយ‌ជូរ សម្រាប់​ច្រួច​លើ​យញ្ញ‌បូជា មក​ជា​មួយ​ផង។ ១៦ បូជា‌ចារ្យ​យក​តង្វាយ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប និង​តង្វាយ​ដុត​ទាំង​មូល។ ១៧ លោក​ថ្វាយ​ចៀម​ឈ្មោល​ទៅ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព ថែម​ពី​លើ​ល្អី​នំបុ័ង​ឥត​មេ។ បូជា‌ចារ្យ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួច‌ស្រា​ទំពាំង‌បាយជូរ​ដែរ។ ១៨ ពេល​នោះ អ្នក​ណាសៀរ​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត​ក្នុង​ភ្លើង​អាសនៈ ដែល​គេ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព។ ១៩ បូជា‌ចារ្យ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចម្អិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសៀរ ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។ ២០ បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​បូជា‌ចារ្យ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសៀរ​អាច​បរិភោគ​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។
២១ នេះ​ជា​វិន័យ​ស្តី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ ស្តី​អំពី​តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសៀរ ប្រសិន​បើ​គេ​មាន​លទ្ធ‌ភាព​នោះ គេ​អាច​ថ្វាយ​តង្វាយ​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​វិន័យ​សម្រាប់​ពួក​ណាសៀរ»។
គំរូ​ពាក្យ​ជូន​ពរ
២២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៣ «ចូរ​ប្រាប់​អរ៉ុន និង​កូន​ចៅ​របស់​គាត់ ឲ្យ​ជូន​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:
២៤ “សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ និង​ថែ‌រក្សា​អ្នក។
២៥ សូម​ព្រះ‌អម្ចាស់​ទត​មក​អ្នក
ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា
សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​អ្
២៦ សូម​ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស
ចំពោះ​អ្នក
និង​ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត”។
២៧ ពេល​ពួក​បូជា‌ចារ្យ​ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល​ក្នុង​នាម​យើង​ដូច្នេះ យើង​នឹង​ឲ្យ​ពរ​ពួក​គេ»។
តង្វាយ​របស់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ក្នុង​ឱកាស​ពិធី​សម្ពោធ​ព្រះ‌ពន្លា
 នៅ​ថ្ងៃ​លោក​ម៉ូសេ​ដំឡើង​ព្រះ‌ពន្លា​រួច​រាល់​ហើយ លោក​បាន​ចាក់​ប្រេង​លើ​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ដើម្បី​ញែក​ជា​សក្ការៈ ហើយ​លោក​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែក​ជា​សក្ការៈ​ដែរ។  ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ថ្វាយ​តង្វាយ។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ ដែល​បាន​ចូល​រួម​ជំរឿន​ប្រជាជន។  ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌អម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះ‌ពន្លា។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួក​គេ យក​ទៅ​ប្រើ‌ប្រាស់ សម្រាប់​កិច្ច‌ការ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ឲ្យ​ពួក​លេវី តាម​មុខ‌ងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។  លោក​ម៉ូសេ​ក៏​ប្រគល់​រទេះ និង​គោ ឲ្យ​ពួក​លេវី។  លោក​ឲ្យ​រទេះ​ពីរ និង​គោ​ពីរ​នឹម ទៅ​កូន​ចៅ​គែរសូន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ​របស់​គេ។  លោក​ឲ្យ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​មេរ៉ារី សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ការ‌ងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីតា‌ម៉ារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អរ៉ុន។  លោក​ពុំ​បាន​ឲ្យ​ទៅ​កូន​ចៅ​គើហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារ‌កិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។
១០ នៅ​ថ្ងៃ​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ​មក​ថ្វាយ​នៅ​មុខ​អាសនៈ។ ១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​តង្វាយ​មួយ​ថ្ងៃ​ម្នាក់ មក​ថ្វាយ​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។
១២ អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណាសូន ជា​កូន​របស់​លោក​អាំមី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។ ១៣ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ១៤ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ១៥ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ១៦ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ១៧ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ណាសូន ជា​កូន​របស់​លោក​អាំមី‌ណា‌ដាប់។
១៨ នៅ​ថ្ងៃ​ទី​ពីរ លោក​នេតា‌ណា‌អែល ជា​កូន​របស់​លោក​ស៊ូអារ ពី​កុល‌សម្ព័ន្ធ​អ៊ីសាកា នាំ​យក​តង្វាយ​របស់​គាត់​មក​ថ្វាយ។ ១៩ តង្វាយ​ដែល​គាត់​ថ្វាយ​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ២០ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ២១ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ២២ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ២៣ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​នេតា‌ណា‌អែល ជា​កូន​របស់​លោក​ស៊ូអារ។
២៤ នៅ​ថ្ងៃ​ទី​បី គឺ​លោក​អេលីយ៉ាប ជា​កូន​របស់​លោក​ហេឡូន ជា​មេ​ដឹក​នាំ​របស់​កូន​សាប៊ូ‌ឡូន។ ២៥ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ២៦ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ២៧ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ២៨ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ២៩ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលីយ៉ាប ជា​កូន​របស់​លោក​ហេឡូន។
៣០ នៅ​ថ្ងៃ​ទី​បួន គឺ​លោក​អេលី‌សួរ ជា​កូន​របស់​លោក​សេដេ‌អួរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​រូបេន។ ៣១ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង​សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៣២ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៣៣ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៣៤ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៣៥ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលី‌សួរ ជា​កូន​របស់​លោក​សេដេ‌អួរ។
៣៦ នៅ​ថ្ងៃ​ទី​ប្រាំ គឺ​លោក​សេលូ‌មី‌អែល ជា​កូន​របស់​លោក​ស៊ូរី‌សា‌ដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ស៊ីម៉ូន។ ៣៧ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ‌តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៣៨ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៣៩ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៤០ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៤១ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​សេលូ‌មី‌អែល ជា​កូន​របស់​លោក​ស៊ូរី‌សា‌ដាយ។
៤២ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ គឺ​លោក​អេលី‌យ៉ាសាប ជា​កូន​របស់​លោក​ដេឌូអែល ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​កាដ។ ៤៣ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៤៤ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៤៥ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៤៦ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៤៧ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលី‌យ៉ា‌សាប់ ជា​កូន​របស់​លោក​ដេអ៊ូ‌អែល។
៤៨ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ គឺ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រា‌អ៊ីម។ ៤៩ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៥០ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៥១ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៥២ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៥៣ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ។
៥៤ នៅ​ថ្ងៃ​ទី​ប្រាំ‌បី គឺ​លោក​កាំលីអែល ជា​កូន​របស់​លោក​ពេដាសួរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ម៉ាណាសេ។ ៥៥ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៥៦ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៥៧ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៥៨ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៥៩ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​កាំលីអែល ជា​កូន​របស់​លោក​ពេដាសួរ។
៦០ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន គឺ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដេ‌អូនី ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​បេន‌យ៉ា‌មីន។ ៦១ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៦២ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៦៣ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៦៤ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៦៥ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដេ‌អូនី។
៦៦ នៅ​ថ្ងៃ​ទី​ដប់ គឺ​លោក​អហ៊ី‌យេ‌ស៊ែរ ជា​កូន​របស់​លោក​អាំមី‌សា‌ដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ដាន់។ ៦៧ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៦៨ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៦៩ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៧០ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៧១ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ី‌យេ‌ស៊ែរ ជា​កូន​របស់​លោក​អាំមី‌សា‌ដាយ។
៧២ នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​លោក​ប៉ាគីអែល ជា​កូន​របស់​លោក​អូក្រាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អស៊ែរ។ ៧៣ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៧៤ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៧៥ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៧៦ ពពែ​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៧៧ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​ប៉ាគី‌អ៊ែល ជា​កូន​របស់​លោក​អូក្រាន។
៧៨ នៅ​ថ្ងៃ​ទី​ដប់‌ពីរ គឺ​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែប‌ថាលី។ ៧៩ តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។ ៨០ បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ ៨១ គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ៨២ ពពែ​ឈ្មោល​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ៨៣ ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន។
៨៤ តង្វាយ​ដែល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់‌ពីរ ថូ​ប្រាក់​ដប់‌ពីរ ពែង​មាស​ដប់‌ពីរ។ ៨៥ ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំ​ពីរ‌រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។ ៨៦ រីឯ​ពែង​មាស​ទាំង​ដប់‌ពីរ​ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ពែង​នីមួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាម‌សិប​ប្រាំ​មួយ​តម្លឹង។ ៨៧ រីឯ​ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់‌ពីរ ចៀម​ឈ្មោល​ដប់‌ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញ‌បូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់‌ពីរ។ ៨៨ ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​តង្វាយ​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។
៨៩ នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះ‌អង្គ លោក​បាន​ឮ​ព្រះ‌សូរ‌សៀង​ពី​លើ​គម្រប​ហិប​នៃ​សន្ធិ‌សញ្ញា ដែល​ស្ថិត​នៅ​ចន្លោះ​ខេរូ‌ប៊ីម​ទាំង​ពីរ។ លោក​ក៏​សន្ទនា​ជា​មួយ​ព្រះ‌អង្គ  ។
របៀប​តម្កល់​ចង្កៀង
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​អរ៉ុន​ដូច​ត​ទៅ: “ពេល​ណា​តម្កល់​ចង្កៀង ចូរ​រៀប‌ចំ​យ៉ាង​ណា​ឲ្យ​ចង្កៀង​ទាំង​ប្រាំ​ពីរ​នោះ ភ្លឺ​ចាំង​មក​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង”»។
 លោក​អរ៉ុន​ក៏​ធ្វើ​តាម គឺ​លោក​ដាក់​ចង្កៀង​នៅ​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បង្គាប់​មក​លោក​ម៉ូសេ។  ជើង​ចង្កៀង​ធ្វើ​ពី​មាស​មាន​ក្បាច់​រចនា គឺ​ចាប់​ពី​ជើង​រហូត​ដល់​ចុង​ខាង​លើ សុទ្ធ​តែ​មាន​ក្បាច់​ទាំង​អស់។ គេ​បាន​ធ្វើ​ជើង​ចង្កៀង​នេះ​តាម​គំរូ ដែល​ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​លោក​ម៉ូសេ​ឃើញ ។
ពិធី​តែង‌តាំង​ក្រុម​លេវី
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​នាំ​ពួក​លេវី​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ធ្វើ​ពិធី​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ។  អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ដូច​ត​ទៅ គឺ​ធ្វើ​ពិធី​ប្រោះ​ទឹក​រំដោះ​បាប ត្រូវ​ឲ្យ​ពួក​គេ​កោរ​រោម​នៅ​លើ​រូប​កាយ​របស់​ខ្លួន ឲ្យ​ពួក​គេ​បោក​សម្លៀក‌បំពាក់ និង​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ។  បន្ទាប់​មក ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​មក ព្រម​ទាំង​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ គឺ​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង។ អ្នក​ត្រូវ​យក​គោ​បា​មួយ​ទៀត​មក សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប។  ចូរ​នាំ​ពួក​លេវី​ឲ្យ​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ប្រមូល​ផ្តុំ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។ ១០ ចូរ​នាំ​ពួក​លេវី​ចូល​មក​ជិត​យើង ហើយ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ដាក់​ដៃ​លើ​ពួក​គេ។ ១១ អរ៉ុន​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​លេវី ទុក​ជា​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​យើង ដើម្បី​ឲ្យ​បម្រើ​យើង។ ១២ ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​ទាំង​ពីរ រួច​ហើយ​អ្នក​​ត្រូវ​ថ្វាយ​គោ​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល ដើម្បី​ជម្រះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។ ១៣ បន្ទាប់​មក ចូរ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អរ៉ុន និង​កូន​ចៅ​របស់​គាត់ ហើយ​អ្នក​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សម្រាប់​យើង។ ១៤ ចូរ​ញែក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។ ១៥ បន្ទាប់​មក​ទៀត ពួក​លេវី​ត្រូវ​មក​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ និង​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សម្រាប់​យើង​បែប​នេះ​ឯង។ ១៦ យើង​ញែក​ពួក​គេ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ១៧ ដ្បិត​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល និង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​គេ ត្រូវ​បាន​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង។ ១៨ ហេតុ​នេះ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ។ ១៩ យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ប្រគល់​ទៅ​ឲ្យ​អរ៉ុន និង​កូន​ចៅ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ការ‌ងារ​បម្រើ​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ធ្វើ​ដូច្នេះ អ៊ីស្រា‌អែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទី​សក្ការៈ​ឡើយ»។
២០ លោក​ម៉ូសេ លោក​អរ៉ុន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​អនុវត្ត​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្តី​អំពី​ពួក​លេវី។ ២១ ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ និង​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន។ លោក​អរ៉ុន​បាន​ធ្វើ​ពិធី​ញែក​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ពិធី​លោះ​បាប​ពួក​គេ និង​ជម្រះ​ពួក​គេ​ឲ្យ​បរិសុទ្ធ។ ២២ បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខ‌ងារ​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អរ៉ុន និង​កូន​ចៅ​របស់​លោក។ គេ​បាន​អនុវត្ត​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ស្តី​អំពី​ពួក​លេវី។
២៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៤ «ពួក​លេវី​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​ទៅ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា។ ២៥ ចាប់​ពី​អាយុ​ហា‌សិប​ឆ្នាំ​ទៅ គេ​នឹង​ចូល​និវត្តន៍ លែង​បម្រើ​យើង​ទៀត​ហើយ។ ២៦ គេ​នឹង​ជួយ​បង‌ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ មើល​ថែ​ទាំ​អ្វីៗ​ដែល​ជា​ភារ‌កិច្ច​របស់​ខ្លួន ប៉ុន្តែ គេ​លែង​មាន​បន្ទុក​បម្រើ​យើង​ទៀត​ហើយ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ពួក​លេវី តាម​ភារ‌កិច្ច​របស់​ពួក​គេ»។
ពិធី​បុណ្យ​ចម្លង*​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ
 នៅ​ខែ​ទី​មួយ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ត​ទៅ៖  «ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ថ្ងៃ​ដែល​បាន​កំណត់​ទុក។  ចូរ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ថ្ងៃ​កំណត់​ទុក គឺ​នៅ​ថ្ងៃ​ទី​ដប់‌បួន​កើត​ក្នុង​ខែ​នេះ ក្រោយ​ពេល​ថ្ងៃ​លិច។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ តាម​វិន័យ និង​តាម​ក្បួន‌តម្រា​ដែល​មាន​ចែង​ទុក»។
 លោក​ម៉ូសេ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ធ្វើ​ពិធី​បុណ្យ​ចម្លង។  ពួក​គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ នា​ថ្ងៃ​ទី​ដប់‌បួន​កើត​ក្នុង​ខែ​ទី​មួយ ក្រោយ​ពេល​ថ្ងៃ​លិច។ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។  ពេល​នោះ មាន​អ្នក​ខ្លះ​ត្រូវ​សៅ‌ហ្មង ព្រោះ​បាន​ប៉ះ‌ពាល់​សាក‌សព ហើយ​មិន​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ឡើយ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អរ៉ុន  ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​បាន​ប៉ះ‌ពាល់​សាក‌សព។ តើ​យើង​ខ្ញុំ​មាន​សិទ្ធិ​ចូល​រួម​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់ ដូច​ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឬ​ទេ?»។  លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​រង់‌ចាំ​ខ្ញុំ​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់​ស្តី​អំពី​ករណី​របស់​អ្នក​រាល់​គ្នា​សិន»។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១០ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​អ្នក​នៅ​ជំនាន់​ក្រោយ ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ គេ​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​បាន។ ១១ ប៉ុន្តែ គេ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ពិសាខ ថ្ងៃ​ទី​ដប់‌បួន​កើត ក្រោយ​ពេល​ថ្ងៃ​លិច។ គេ​ត្រូវ​បរិភោគ​សាច់​ចៀម​នៃ​បុណ្យ​ចម្លង​ជា​មួយ​នំបុ័ង​ឥត​មេ និង​បន្លែ​ល្វីង។ ១២ គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ព្រឹក ហើយ​ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ គេ​ត្រូវ​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង។ ១៣ ប្រសិន​បើ​នរណា​ម្នាក់​មិន​សៅ‌ហ្មង ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង​ទេ អ្នក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន ដ្បិត​គេ​មិន​បាន​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់។ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។ ១៤ ប្រសិន​បើ​មាន​ជន​បរ‌ទេស​ណា​ម្នាក់​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ នោះ​គេ​ត្រូវ​ធ្វើ​តាម​វិន័យ និង​ក្បួន‌តម្រា​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង​នេះ ដ្បិត​មាន​ក្បួន‌តម្រា​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា ទោះ‌បី​ជន​បរ‌ទេស​ក្តី ម្ចាស់​ស្រុក​ក្តី»។
ពពក​គ្រប​បាំង​លើ​ទី​សក្ការៈ
១៥ នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះ‌ពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះ‌ពន្លា គឺ​ពន្លា​នៃ​សក្ខី‌ភាព។ ពពក​នោះ​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះ‌ពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។ ១៦ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពក​នោះ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង។ ១៧ ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បោះ​ជំរំ។ ១៨ ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះ‌អង្គ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​អស់‌រយៈ​ពេល​ប៉ុន‌ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់‌រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។ ១៩ ពេល​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​យ៉ាង​យូរ​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។ ២០ ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​តែ​ប៉ុន្មាន​ថ្ងៃ នោះ​ពួក​គេ​ត្រូវ​បោះ​ជំរំ និង​រើ​ជំរំ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់២១ ជួន​កាល ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ពី​ល្ងាច​ដល់​ព្រឹក ហើយ​ពេល​ព្រលឹម ពពក​អណ្ដែត​ឡើង នោះ​ពួក​គេ​ត្រូវ​ចេញ​ដំណើរ។ ជួន​កាល​ពពក​ស្ថិត​នៅ​មួយ​ថ្ងៃ​មួយ​យប់ ពេល​ពពក​អណ្ដែត​ឡើង ពួក​គេ​ក៏​ត្រូវ​ចេញ​ដំណើរ​ដែរ។ ២២ ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ចំនួន​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​មួយ​ឆ្នាំ ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​តែ​បោះ​ជំរំ​នៅ​ទី​នោះ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ឡើយ។ ពេល​ណា​ពពក​អណ្ដែត​ឡើង ទើប​ពួក​គេ​ចេញ​ដំណើរ។ ២៣ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះ‌អង្គ​ដែរ។ ពួក​គេ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បង្គាប់​មក​លោក​ម៉ូសេ។
១០
ត្រែ​ធ្វើ​អំពី​ប្រាក់
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ធ្វើ​ត្រែ​ពីរ​អំពី​ប្រាក់​ដែល​មាន​ក្បាច់​រចនា។ ត្រែ​ទាំង​ពីរ​នេះ​ប្រើ​សម្រាប់​កោះ​ហៅ​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា និង​ប្រកាស​រើ​ជំរំ​ចេញ​ដំណើរ។  ពេល​ណា​គេ​ផ្លុំ​ត្រែ សហគមន៍​ទាំង​មូល​ត្រូវ​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​អ្នក ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។  ប្រសិន​បើ​គេ​ផ្លុំ​ត្រែ​មួយ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ត្រូវ​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​អ្នក។  ពេល​ណា​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​កើត ត្រូវ​នាំ​គ្នា​ចេញ​ដំណើរ។  ពេល​ណា​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់​លើក​ទី​ពីរ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ត្បូង​ត្រូវ​នាំ​គ្នា​ចេញ​ដំណើរ។ ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់​ជា​សញ្ញា​ចេញ​ដំណើរ។  នៅ​ពេល​ប្រមូល​ផ្តុំ​អង្គ​ប្រជុំ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ផ្លុំ​ត្រែ​ដែរ តែ​ផ្លុំ​យ៉ាង​វែង។  ពួក​បូជា‌ចារ្យ ជា​កូន​ចៅ​របស់​លោក​អរ៉ុន ជា​អ្នក​ផ្លុំ​ត្រែ។ នេះ​ជា​ក្រឹត្យ‌វិន័យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។  ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នៅ​ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​បច្ចា‌មិត្ត​ដែល​មក​ឈ្លាន‌ពាន​អ្នក​រាល់​គ្នា ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា ហើយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ។ ១០ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ​នៅ​ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​ឲ្យ​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ ឆ្ពោះ​ទៅ​ព្រំ‌ប្រទល់​ស្រុក​ម៉ូអាប់

ការ​ចេញ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ
១១ នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក*​បាន​អណ្ដែត​ឡើង​ពី​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ១២ ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចាក‌ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់‌លំដោយ ដែល​កំណត់​ទុក​ស្តី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ន។ ១៣ ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ១៤ ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អាំមី‌ណា‌ដាប់ ១៥ កង‌ពល​របស់​កុល‌សម្ព័ន្ធ​អ៊ីសាកា ដឹក​នាំ​ដោយ​លោក​នេតា‌ណា‌អែល ជា​កូន​របស់​លោក​ស៊ូអារ ១៦ និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន ដឹក​នាំ​ដោយ​លោក​អេលីយ៉ាប ជា​កូន​របស់​លោក​ហេឡូន។
១៧ គេ​បាន​រើ​ព្រះ‌ពន្លា ហើយ​កូន​ចៅ​គែរសូន និង​កូន​ចៅ​មេរ៉ារី នាំ​គ្នា​សែង​ព្រះ‌ពន្លា​នោះ​ចេញ​ដំណើរ​ទៅ។ ១៨ បន្ទាប់​មក ទង់​សញ្ញា​នៃ​ជំរំ​រូបេន​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​រូបេន ដឹក​នាំ​ដោយ​លោក​អេលី‌សួរ ជា​កូន​របស់​លោក​សេដេ‌អួរ ១៩ កង‌ពល​របស់​កុល‌សម្ព័ន្ធ​ស៊ីម៉ូន ដឹក​នាំ​ដោយ​លោក​សេលូ‌មីអែល​ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ ២០ និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​កាដ ដឹក​នាំ​ដោយ​លោក​អេលី‌យ៉ា‌សាប ជា​កូន​របស់​លោក​ដេអ៊ូ‌អែល។
២១ បន្ទាប់​មក កូន​ចៅ​គើហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទី​សក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេវី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​ពួក​គេ​ទៅ​ដល់។
២២ បន្ទាប់​មក​ទៀត ទង់​សញ្ញា​នៃ​ជំរំ​អេប្រា‌អ៊ីម​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​អេប្រា‌អ៊ីម ដឹក​នាំ​ដោយ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ២៣ កង‌ពល​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដឹក​នាំ​ដោយ​លោក​កាំលីអែល ជា​កូន​របស់​លោក​ពេដាសួរ ២៤ និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន ដឹក​នាំ​ដោយ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដេ‌អូនី។
២៥ ក្រោយ​គេ​បង្អស់ ទង់​សញ្ញា​នៃ​ជំរំ​ដាន់​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​ដាន់ ដឹក​នាំ​ដោយ​លោក​អហ៊ី‌យេ‌ស៊ែរ ជា​កូន​របស់​លោក​អាំមី‌សា‌ដាយ ២៦ កង‌ពល​របស់​កុល‌សម្ព័ន្ធ​អស៊ែរ ដឹក​នាំ​ដោយ​លោក​ប៉ាគីអែល ជា​កូន​របស់​លោក​អូក្រាន ២៧ និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ដឹក​នាំ​ដោយ​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណន។ ២៨ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ជា​ក្បួន​ទ័ព​របស់​គេ តាម​លំដាប់‌លំដោយ​បែប​នេះ​ឯង។
២៩ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូបាប់ ជា​កូន​របស់​លោក​រេអ៊ូអែល ជន​ជាតិ​ម៉ាឌីយ៉ាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ថា៖ «ពួក​យើង​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​សន្យា​ប្រទាន​ឲ្យ​ពួក​យើង។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា​មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ផ្តល់​ឲ្យ​បង​មាន​សុភមង្គល ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល»។ ៣០ លោក​ហូបាប់​តប​ថា៖ «ខ្ញុំ​មិន​ទៅ​ទេ គឺ​ខ្ញុំ​ទៅ​ស្រុក​របស់​ខ្ញុំ ជួប‌ជុំ​នឹង​ក្រុម​ញាតិ​របស់​ខ្ញុំ​វិញ»។ ៣១ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «សូម​កុំ​បោះ‌បង់​ចោល​ពួក​យើង​ឡើយ ដ្បិត​បង​ស្គាល់​កន្លែង​ដែល​យើង​អាច​បោះ​ជំរំ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​បង​នឹង​នាំ​ផ្លូវ​ពួក​យើង។ ៣២ ប្រសិន​បើ​បង​ទៅ​ជា​មួយ​ពួក​យើង នោះ​ពួក​យើង​នឹង​ឲ្យ​បង​បាន​សប្បាយ​រួម​ជា​មួយ​ពួក​យើង នៅ​ពេល​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌ពរ​មក​ពួក​យើង»។
៣៣ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក‌ចេញ​ពី​ភ្នំ​របស់​ព្រះ‌អម្ចាស់ ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បី​ថ្ងៃ​នោះ គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៅ​ខាង​មុខ ដើម្បី​ស្វែង​រក​កន្លែង​ស្រួល​ឈប់​សម្រាក។ ៣៤ ពេល​ពួក​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ព្រះ‌អម្ចាស់​ស្ថិត​ពី​លើ​ពួក​គេ នៅ​ពេល​ថ្ងៃ។ ៣៥ ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ ត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ!»។ ៣៦ ពេល​គេ​ដាក់​ហិប​ចុះ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​គង់​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​យ៉ាង​ច្រើន​អនេក‌អនន្ត»។
១១
ភ្លើង​របស់​ព្រះ‌អម្ចាស់
 ពេល​នោះ ប្រជាជន​នាំ​គ្នា​រអ៊ូ‌រទាំ​ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។ ពេល​ឮ​ពួក​គេ​រអ៊ូ‌រទាំ​ដូច្នេះ ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ភ្លើង​របស់​ព្រះ‌អម្ចាស់​ក៏​ឆាប‌ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។  ប្រជាជន​នាំ​គ្នា​ស្រែក​សុំ​ឲ្យ​លោក​ម៉ូសេ ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ភ្លើង​ក៏​ស្ងប់​ទៅ​វិញ។  គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «តាបេ‌រ៉ា» ដ្បិត​ភ្លើង​របស់​ព្រះ‌អម្ចាស់​បាន​ឆេះ​បំផ្លាញ​ពួក​គេ។
ប្រជាជន​ទាម‌ទារ​សាច់​បរិភោគ
 ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ?  ពួក​យើង​ធ្លាប់​បរិភោគ​ត្រី ឥត​គិត​ថ្លៃ នៅ​ស្រុក​អេស៊ីប ហើយ​ពួក​យើង​ក៏​ធ្លាប់​បរិភោគ​ត្រសក់ ឪឡឹក ស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម ខ្ទឹម​ស​ដែរ ពួក​យើង​នឹក​ម្ហូប​អាហារ​ទាំង​នោះ​ណាស់!  ឥឡូវ​នេះ ពួក​យើង​បាក់​កម្លាំង គ្មាន​អ្វី​បរិភោគ គឺ​មាន​តែ​នំ​ម៉ាណា​ប៉ុណ្ណោះ!»។
 នំ​ម៉ាណា​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង ស និង​មាន​ពណ៌​ភ្លឺ​ថ្លា។  ប្រជាជន​តែង​នាំ​គ្នា​ចេញ​ទៅ​រើស​នំ​ម៉ាណា​នោះ យក​មក​កិន ឬ​បុក​នឹង​ត្បាល់ រួច​យក​ទៅ​ស្ងោរ ឬ​ធ្វើ​នំ​ក្រៀប។ នំ​ម៉ាណា​មាន​រស‌ជាតិ​ដូច​នំ​ដែល​គេ​ចៀន​ជា​មួយ​ប្រេង។  ពេល​ណា​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​វេលា​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា​មួយ​ដែរ។
១០ លោក​ម៉ូសេ​បាន​ឮ​ប្រជាជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់‌អន់​ចិត្ត​ដែរ។ ១១ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​ពិបាក​ចិត្ត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​អាណិត​មេត្តា​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ឲ្យ​ទូល‌បង្គំ​ទទួល​បន្ទុក​លើ​ប្រជាជន​ទាំង​នេះ? ១២ តើ​ទូល‌បង្គំ​ជា​អ្នក​បង្កើត​ប្រជាជន​ទាំង​នេះ តើ​ទូល‌បង្គំ​ជា​ឪពុក​របស់​ពួក​គេ​ឬ បាន​ជា​ព្រះ‌អង្គ​បង្គាប់​ឲ្យ​ទូល‌បង្គំ​បី​បាច់​ថែ‌រក្សា​ពួក​គេ ដូច​ម្ដាយ​ថែ‌រក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​ដូន‌តា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ? ១៣ តើ​ទូល‌បង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​ប្រជាជន​ទាំង​នេះ​បរិភោគ​បាន? ពួក​គេ​នាំ​គ្នា​យំ​សោក​ដាក់​ទូល‌បង្គំ ទទូច​ថា “សូម​រក​សាច់​មក​ឲ្យ​ពួក​យើង​បរិភោគ!”។ ១៤ ទូល‌បង្គំ​ពុំ​អាច​មើល​ខុស​ត្រូវ​លើ​ប្រជាជន​នេះ​តែ​ម្នាក់​ឯង​ទេ ព្រោះ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ទូល‌បង្គំ។ ១៥ ប្រសិន​បើ​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ទូល‌បង្គំ​ដូច្នេះ សូម​មេត្តា​ដក​ជីវិត​ទូល‌បង្គំ​ទៅ។ ប្រសិន​បើ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ទូល‌បង្គំ សូម​កុំ​ទុក​ឲ្យ​ទូល‌បង្គំ​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ឡើយ»។
១៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ចិត‌សិប​នាក់​ឲ្យ​មក​ជួប​យើង គឺ​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ពិត​ជា​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ​របស់​ប្រជាជន​មែន។ ចូរ​នាំ​ពួក​គេ​មក​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ទី​នោះ​ជា​មួយ​អ្នក។ ១៧ យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​វិញ្ញាណ​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជាជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។ ១៨ ចូរ​ប្រាប់​ប្រជាជន​ថា “ចូរ​នាំ​គ្នា​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ សម្រាប់​ថ្ងៃ​ស្អែក ព្រោះ​អ្នក​រាល់​គ្នា​នឹង​មាន​សាច់​បរិភោគ។ អ្នក​រាល់​គ្នា​បាន​យំ​សោក​ដាក់​ព្រះ‌អម្ចាស់​ថា: តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ? នៅ​ស្រុក​អេស៊ីប​ពួក​យើង​សប្បាយ​ជាង។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។ ១៩ អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​នោះ តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ប្រាំ​ថ្ងៃ ដប់​ថ្ងៃ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ២០ អ្នក​រាល់​គ្នា​នឹង​បរិភោគ​ពេញ​មួយ​ខែ គឺ​រហូត​ទាល់​តែ​ឆ្អែត‌ឆ្អន់ ហើយ​ជិន‌ណាយ​ទៀត​ផង ដ្បិត​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​យំ​សោក​ដាក់​ព្រះ‌អង្គ ទាំង​ពោល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យើង​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?”»។
២១ លោក​ម៉ូសេ​ទូល​ថា៖ «កង‌ទ័ព​ដែល​នៅ​ជា​មួយ​ទូល‌បង្គំ មាន​គ្នា​ទាំង​អស់​ប្រាំ​មួយ​សែន​នាក់ តើ​ព្រះ‌អង្គ​ប្រទាន​សាច់​ឲ្យ​ពួក​គេ​បរិភោគ ដល់​ទៅ​មួយ​ខែ ដូច​ម្ដេច​បាន! ២២ ទោះ‌បី​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ឲ្យ​ពួក​គេ​បរិភោគ ក៏​មិន​គ្រប់‌គ្រាន់ ហើយ​ទោះ‌បី​ទៅ​បង់​ត្រី​ឲ្យ​អស់​ពី​សមុទ្រ​យក​មក​ឲ្យ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់‌គ្រាន់​ដែរ»។ ២៣ ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ូសេ​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សម្រេច ឬ​ក៏​មិន​សម្រេច»។
ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​ដល់​ព្រឹទ្ធា‌ចារ្យ​ទាំង​ចិត‌សិប​រូប
២៤ លោក​ម៉ូសេ​ចាក‌ចេញ​ពី​ព្រះ‌ពន្លា ហើយ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៅ​ប្រាប់​ប្រជាជន។ លោក​ប្រមូល​ព្រឹទ្ធា‌ចារ្យ​ចិត‌សិប​រូប​ពី​ក្នុង​ចំណោម​ប្រជាជន ហើយ​នាំ​មក​ឈរ​នៅ​ជុំ‌វិញ​ពន្លា។ ២៥ ព្រះ‌អម្ចាស់​យាង​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​លោក។ ព្រះ‌អង្គ​យក​វិញ្ញាណ​មួយ​ចំណែក​ពី​លោក ប្រគល់​ទៅ​ឲ្យ​ព្រឹទ្ធា‌ចារ្យ​ទាំង​ចិត‌សិប​រូប។ ពេល​ព្រះ‌វិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្តើម​ថ្លែង​ព្រះ‌បន្ទូល តែ​ថ្លែង​មិន​យូរ​ទេ។
២៦ មាន​ព្រឹទ្ធា‌ចារ្យ​ពីរ​រូប ម្នាក់​ឈ្មោះ​អេល‌ដាដ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉េដាដ ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​ព្រះ‌វិញ្ញាណ​ក៏​បាន​គង់​ជា​មួយ​លោក​ទាំង​ពីរ​ដែរ។ លោក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ព្រឹទ្ធា‌ចារ្យ តែ​ពុំ​បាន​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ លោក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ។ ២៧ យុវ‌ជន​ម្នាក់​រត់​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «លោក​អេល‌ដាដ និង​ម៉េដាដ កំពុង​តែ​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ»។ ២៨ ពេល​នោះ លោក​យ៉ូស៊ូអា​ជា​កូន​របស់​លោក​នូន និង​ជា​សហ‌ការី​របស់​លោក​ម៉ូសេ តាំង​ពី​យុវ‌វ័យ​មក មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ សូម​ឃាត់​លោក​ទាំង​ពីរ​ទៅ!»។ ២៩ លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។ ៣០ បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​វិញ។
សត្វ​ក្រួច
៣១ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្យល់​បក់​ពី​សមុទ្រ នាំ​សត្វ​ក្រួច​ឲ្យ​មក​ធ្លាក់​លើ​ជំរំ។ សត្វ​ក្រួច​ទាំង​នោះ​មាន​ពាស‌ពេញ​ជុំ‌វិញ​ជំរំ ចម្ងាយ​ផ្លូវ​ដើរ​ប្រមាណ​មួយ​ថ្ងៃ ហើយ​គរ​ពី​លើ​គ្នា កម្ពស់​ប្រមាណ​ពីរ​ហត្ថ។ ៣២ ក្នុង​អំឡុង​ពេល​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជាជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំ‌វិញ​ជំរំ។ ៣៣ ពេល​ពួក​គេ​ដាក់​សាច់​ក្រួច​ក្នុង​មាត់ ហើយ​មិន​ទាន់​ទំពា​ស្រួល‌បួល​ផង​នោះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ប្រជាជន ព្រះ‌អង្គ​ប្រហារ​ពួក​គេ ដោយ​ភយន្ដ‌រាយ​មួយ​ដ៏​ខ្លាំង។ ៣៤ គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា គីប្រូត-‌ហាត់តាវ៉ា ព្រោះ​គេ​បាន​បញ្ចុះ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភ‌លន់ នៅ​ទី​នោះ។
៣៥ បន្ទាប់​មក ប្រជាជន​ចេញ​ដំណើរ​ពី​គីប្រូត-‌ហាត់តាវ៉ា​ឆ្ពោះ​ទៅ​កាន់​ហាសេ‌រ៉ូត ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។
១២
អ្នក​ស្រី​មៀរីយ៉ាម និង​លោក​អរ៉ុន នាំ​គ្នា​រអ៊ូ‌រទាំ អ្នក​ស្រី​មៀរីយ៉ាម​កើត​ឃ្លង់
 អ្នក​ស្រី​មៀរីយ៉ាម និង​លោក​អរ៉ុន​មាន​ប្រសាសន៍​ជំទាស់​នឹង​លោក​ម៉ូសេ ស្តី​អំពី​ស្ត្រី​សាសន៍​គូស ដែល​លោក​បាន​យក​មក​ធ្វើ​ជា​ភរិយា។  អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ពុំ​មែន​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ​តែ​ប៉ុណ្ណោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ពួក​យើង​ដែរ!»។ ពេល​នោះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​នេះ។  លោក​ម៉ូសេ​សុភាព​រាប‌សា​ជាង​គេ​បំផុត ក្នុង​ចំណោម​មនុស្ស​នៅ​លើ​ផែន‌ដី​នេះ។
 រំពេច​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ លោក​អរ៉ុន និង​អ្នក​ស្រី​មៀរីយ៉ាម​ថា៖ «ចូរ​អ្នក​ទាំង​បី​នាំ​គ្នា​ចេញ​ទៅ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៅ!»។ អ្នក​ទាំង​បី​ក៏​ចេញ​ទៅ​ទាំង​អស់​គ្នា។  ព្រះ‌អម្ចាស់​យាង​ចុះ​មក​ជា​មួយ​ដុំ​ពពក* ហើយ​គង់​នៅ​មាត់​ទ្វារ​ពន្លា។ ព្រះ‌អង្គ​ហៅ​លោក​អរ៉ុន និង​អ្នក​ស្រី​មៀរីយ៉ាម អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ជិត​ព្រះ‌អង្គ។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្ដាប់​ពាក្យ​យើង​ឲ្យ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ព្យាការី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ព្រះ‌អម្ចាស់ សម្ដែង​ឲ្យ​ព្យាការី​នោះ​ស្គាល់​យើង តាម‌រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ តាម‌រយៈ​សុបិន​និមិត្ត។  ចំណែក​ឯ​ម៉ូសេ ដែល​ជា​អ្នក​បម្រើ​របស់​យើង​វិញ មិន​ដូច្នោះ​ទេ ម៉ូសេ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​កិច្ច‌ការ​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។  យើង​និយាយ​ទៅ​កាន់​ម៉ូសេ ដោយ​ផ្ទាល់​មាត់ យើង​សម្ដែង​ឲ្យ​ម៉ូសេ​ឃើញ ដោយ​ឥត​ប្រើ​ប្រស្នា ហើយ​ម៉ូសេ​អាច​សម្លឹង​មើល​មក​យើង​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​មិន​កោត​ក្រែង និយាយ​ប្រឆាំង​នឹង​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ?»។
 ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​អ្នក​ទាំង​ពីរ ហើយ​ព្រះ‌អង្គ​ក៏​យាង​ចាក‌ចេញ​ទៅ។ ១០ ពពក*​ក៏​រសាត់​ឡើង​ចាក‌ចេញ​ពី​ពន្លា​ដែរ។ ពេល​នោះ អ្នក​ស្រី​មៀរីយ៉ាម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ លោក​អរ៉ុន​បែរ​ទៅ​រក​អ្នក​ស្រី​មៀរីយ៉ាម ឃើញ​គាត់​កើត​ឃ្លង់។ ១១ លោក​ក៏​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​ប្អូន​ជា​ម្ចាស់ មេត្តា​យល់​អធ្យាស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប!។ ១២ សូម​កុំ​ឲ្យ​មៀរីយ៉ាម​ដូច​កូន​ដែល​កើត​មក​ស្លាប់ មាន​ស្បែក‌រយីក‌រយាក​ដូច្នេះ​ឡើយ!»។ ១៣ លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​បង​មៀរីយ៉ាម​ឲ្យ​ជា​ឡើង​វិញ​ផង!»។ ១៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «ប្រសិន​បើ​ឪពុក​របស់​គាត់​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គាត់ តើ​គាត់​ត្រូវ​បាក់​មុខ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ​មែន ឬ​មិន‌មែន? ដូច្នេះ ចូរ​បណ្តេញ​គាត់​ឲ្យ​ចេញ​ទៅ​នៅ​ខាង​ក្រៅ​ជំរំ ចំនួន​ប្រាំ​ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គាត់​អាច​វិល​មក​វិញ​បាន»។ ១៥ គេ​ឲ្យ​អ្នក​ស្រី​មៀរីយ៉ាម​នៅ​ខាង​ក្រៅ​ជំរំ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ពេល​នោះ ប្រជាជន​មិន​ចេញ​ដំណើរ​ទៅ​មុខ​ឡើយ គឺ​គេ​នៅ​រង់‌ចាំ​រហូត​ដល់​អ្នក​ស្រី​មៀរីយ៉ាម​អាច​វិល​ចូល​មក​ក្នុង​ជំរំ​វិញ។ ១៦ បន្ទាប់​មក ប្រជាជន​ចាក‌ចេញ​ពី​ហាសេ‌រ៉ូត ទៅ​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ន។
១៣
លោក​ម៉ូសេ​ចាត់​អ្នក​ស៊ើប‌ការណ៍​ដប់‌ពីរ​នាក់​ទៅ​ស្រុក​កាណាន
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​តែ​ជា​មេ​ដឹក​នាំ»។
 លោក​ម៉ូសេ​ក៏​ចាត់​ពួក​គេ​ពី​វាល​រហោ‌ស្ថាន​ប៉ារ៉ន​ឲ្យ​ទៅ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ បុរស​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល  ដែល​មាន​រាយ​នាម​ដូច​ត​ទៅ: កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​សាមូអា ជា​កូន​របស់​លោក​សាគួរ។
 កុល‌សម្ព័ន្ធ​ស៊ីម៉ូន គឺ​លោក​សាផាត ជា​កូន​របស់​លោក​ហូរី។
 កុល‌សម្ព័ន្ធ​យូដា គឺ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ។
 កុល‌សម្ព័ន្ធ​អ៊ីសាកា គឺ​លោក​យីកាល់ ជា​កូន​របស់​លោក​យ៉ូសែប។
 កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម គឺ​លោក​ហូសេអា ជា​កូន​របស់​លោក​នូន។
 កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន គឺ​លោក​ប៉ាល់‌ទី ជា​កូន​របស់​លោក​រ៉ាភូ។
១០ កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន គឺ​លោក​កាឌីអែល ជា​កូន​របស់​លោក​សូឌី។
១១ កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​ជា​កូន​ចៅ​លោក​យ៉ូសែប គឺ​លោក​កាឌី ជា​កូន​របស់​លោក​ស៊ូស៊ី។
១២ កុល‌សម្ព័ន្ធ​ដាន់ គឺ​លោក​អាំមីអែល ជា​កូន​របស់​លោក​គើម៉ា‌លី។
១៣ កុល‌សម្ព័ន្ធ​អស៊ែរ គឺ​លោក​សេទួរ ជា​កូន​របស់​លោក​មីកាអែល។
១៤ កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​ណាប៊ី ជា​កូន​របស់​លោក​វ៉ូប‌ស៊ី។
១៥ កុល‌សម្ព័ន្ធ​កាដ គឺ​លោក​កេអ៊ូ‌អែល ជា​កូន​របស់​លោក​ម៉ាគី។
១៦ នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ដាក់​ឈ្មោះ​លោក​ហូសេអា ជា​កូន​របស់​លោក​នូន​ថា យ៉ូស៊ូអា។
១៧ លោក​ម៉ូសេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ពី​ទី​នេះ​តាម​តំបន់​ណេកិប រួច​ឡើង​ទៅ​តាម​តំបន់​ភ្នំ។ ១៨ ចូរ​សង្កេត​មើល​ថា តើ​ស្រុក​នោះ​មាន​លក្ខណៈ​ដូច​ម្ដេច តើ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ខ្លាំង​ពូកែ ឬ​ខ្សោយ ពួក​គេ​មាន​គ្នា​តិច ឬ​ច្រើន។ ១៩ តើ​ស្រុក​ដែល​ពួក​គេ​រស់​នៅ​នោះ​ល្អ ឬ​អាក្រក់ តើ​ក្រុង​ដែល​ពួក​គេ​រស់​នៅ​ជា​ជំរំ ឬ​ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។ ២០ ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជី‌ជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជី‌ជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទុំ។
២១ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​សង្កេត​មើល​ស្រុក ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន​រហូត​ដល់​រេហូប ដែល​ជា​ច្រក​ចូល​ក្រុង​ហាម៉ាត់។ ២២ ពួក​គេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​ហេប្រូន ដែល​មាន​អហ៊ី‌ម៉ាន សេសាយ និង​តាល់‌ម៉ាយ ជា​កូន​របស់​លោក​អណាក់​រស់​នៅ។ គេ​បាន​សង់​ក្រុង​ហេប្រូន​ប្រាំ​ពីរ​ឆ្នាំ មុន​ក្រុង​សូអាន នៅ​ស្រុក​អេស៊ីប។ ២៣ ពួក​គេ​បាន​ទៅ​ដល់​ជ្រលង​ភ្នំ​អេកូល។ នៅ​ទី​នោះ ពួក​គេ​បាន​កាត់​មែក​ទំពាំង‌បាយ‌ជូរ​ដែល​មាន​ផ្លែ​មួយ​ចង្កោម រួច​ឲ្យ​គ្នា​គេ​ពីរ​នាក់​យក​ដង​រែក​សែង។ ពួក​គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​ខ្លះ មក​ជា​មួយ​ដែរ។ ២៤ គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អេកូល» ព្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​ទី​នោះ។
២៥ ក្រោយ​ពី​បាន​ទៅ​សង្កេត​មើល​ស្រុក​អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ ពួក​គេ​ក៏​វិល​ត្រឡប់​មក​វិញ។ ២៦ ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អរ៉ុន ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​កាដែស ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ន។ ពួក​គេ​បាន​រាយ‌ការណ៍​ជម្រាប​លោក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។ ២៧ ពួក​គេ​ជម្រាប​លោក​ម៉ូសេ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ស្រុក​នោះ​ពិត​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយមែន សូម​មើល​ផ្លែ​ឈើ​ទាំង​នេះ​ចុះ!។ ២៨ ប៉ុន្តែ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ទី‌ក្រុង​របស់​គេ​ធំៗ ហើយ​មាន​កំពែង​រឹង‌មាំ​ទៀត​ផង។ យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​លោក​អណាក់ ដែល​មាន​មាឌ​ដ៏​សម្បើម។ ២៩ ជន​ជាតិ​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ជន​ជាតិ​ហេត ជន​ជាតិ​យេប៊ូស និង​ជន​ជាតិ​អាម៉ូរី រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន​ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។
៣០ ប្រជាជន​ក៏​នាំ​គ្នា​រក​រឿង​លោក​ម៉ូសេ តែ​លោក​កាលែប​បាន​ប្រាប់​ពួក​គេ​ឲ្យ​នៅ​ស្ងៀម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​យើង​នាំ​គ្នា​ឡើង​ទៅ​ដណ្ដើម​យក​ស្រុក​នោះ​ទៅ ដ្បិត​ពួក​យើង​មុខ​ជា​មាន​ជ័យ‌ជម្នះ​មិន​ខាន!»។ ៣១ ប៉ុន្តែ អស់​អ្នក​ដែល​ឡើង​ទៅ​សង្កេត​មើល​ស្រុក​ជា​មួយ​លោក នាំ​គ្នា​ពោល​ថា៖ «ពួក​យើង​ពុំ​អាច​ឡើង​ទៅ​វាយ​ប្រជាជន​នោះ​ឡើយ ព្រោះ​ពួក​គេ​មាន​កម្លាំង​ជាង​ពួក​យើង!»។ ៣២ ពួក​គេ​នាំ​គ្នា​និយាយ​បង្ខូច​ស្រុក ដែល​ពួក​គេ​បាន​ទៅ​សង្កេត​មើល​នោះ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល។ ពួក​គេ​ពោល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​បំផ្លាញ​ប្រជាជន។ ពួក​យើង​បាន​ឃើញ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​មនុស្ស​មាន​មាឌ​ខ្ពស់។ ៣៣ យើង​ក៏​បាន​ឃើញ​មនុស្ស​មាន​មាឌ​ធំ​សម្បើម ជា​កូន​ចៅ​លោក​អណាក់ គឺ​ពូជ​មនុស្ស​ដែល​មាន​មាឌ​យ៉ាង​ធំ​សម្បើម។ បើ​ធៀប​ទៅ​នឹង​ពួក​គេ ពួក​យើង​ប្រៀប​បី​ដូច​ជា​កណ្ដូប ហើយ​ពួក​គេ​ចាត់​ទុក​យើង​ដូច​សត្វ​កណ្ដូប»។
១៤
ប្រជាជន​បដិសេធ​ចូល​ទៅ​ក្នុង​ស្រុក​កាណាន
 សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​នាំ​គ្នា​យំ​ពេញ​មួយ​យប់​នោះ។  ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អរ៉ុន។ សហគមន៍​ទាំង​មូល​ពោល​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «បើ​ទុក​ឲ្យ​ពួក​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីប​នោះ ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​នេះ!។  ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​នាំ​ពួក​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ដោយ​មុខ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូន​តូចៗ​របស់​យើង មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន។ ហេតុ​នេះ គួរ​តែ​ពួក​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ប្រសើរ​ជាង»។  ពួក​គេ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ជ្រើស‌រើស​មេ​ដឹក​នាំ​មួយ​រូប ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ»។
 លោក​ម៉ូសេ និង​លោក​អរ៉ុន ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល។  ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ នាំ​គ្នា​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន  ហើយ​ពោល​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​មួយ​ដ៏​ល្អ​បំផុត។  ប្រសិន​បើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ពួក​យើង ព្រះ‌អង្គ​មុខ​ជា​នាំ​ពួក​យើង​ចូល​ទៅ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ​នោះ​មក​ឲ្យ​ពួក​យើង​ជា​ពុំ‌ខាន។  សូម​បង‌ប្អូន​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ ឬ​ភ័យ‌ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការ‌ពារ​ពួក​គេ​បាន​ទេ។ ព្រះ‌អម្ចាស់​គង់​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។
១០ ពេល​នោះ សហគមន៍​ទាំង​មូល​គិត​គ្នា​បម្រុង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​លោក ប៉ុន្តែ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​លើ​ពន្លា​ជួប​ព្រះ‌អង្គ ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។
លោក​ម៉ូសេ​ទូល​សូម​ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​ប្រជាជន
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជាជន​នេះ​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សម្ដែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?។ ១២ យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​លុប​បំបាត់​ពួក​គេ។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង និង​មាន​កម្លាំង​ជាង​ពួក​នេះ»។ ១៣ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ជន​ជាតិ​អេស៊ីប​ដឹង​ថា ព្រះ‌អង្គ​បាន​នាំ​ប្រជាជន​នេះ​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។ ១៤ ពួក​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ស្រុក​កាណាន។ អ្នក​ស្រុក​នោះ​ធ្លាប់​ឮ​ថា ព្រះ‌អង្គ​ដែល​ជា​ព្រះ‌អម្ចាស់ គង់​នៅ​ជា​មួយ​ប្រជាជន​នេះ។ ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ព្រះ‌អង្គ​ផ្ទាល់​នឹង​ភ្នែក។ ពពក*​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រះ‌អង្គ​យាង​ពី​មុខ​ពួក​គេ​ក្នុង​ដុំ​ពពក​នៅ​ពេល​ថ្ងៃ ក្នុង​ដុំ​ភ្លើង​នៅ​ពេល​យប់។ ១៥ ប្រសិន​បើ​ព្រះ‌អង្គ​ប្រហារ​ប្រជាជន​នេះ​ឲ្យ​វិនាស​ទាំង​ស្រុង​ដូច្នេះ ប្រជា‌ជាតិ​ដែល​ធ្លាប់​ឮ​ល្បី​អំពី​ព្រះ‌អង្គ​នឹង​ពោល​ថា: ១៦ ព្រះ‌អម្ចាស់​មិន​អាច​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​ព្រះ‌អង្គ​បាន​សន្យា​ប្រទាន​ឲ្យ​ពួក​គេ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រល័យ​ជីវិត​ពួក​គេ នៅ​ក្នុង​វាល​រហោ‌ស្ថាន។ ១៧ ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​សម្ដែង​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​ធ្លាប់​ប្រកាស​ថា ១៨ “ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា។ ព្រះ‌អង្គ​លើក‌លែង​ទោស និង​កំហុស ប៉ុន្តែ ព្រះ‌អង្គ​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះ‌អង្គ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។ ១៩ សូម​មេត្តា​អត់‌ទោស​ឲ្យ​ប្រជាជន​នេះ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​តែង‌តែ​អត់‌ទោស​ឲ្យ​ពួក​គេ ចាប់​តាំង​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​ទី​នេះ»។ ២០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សុខ​ចិត្ត​អត់‌ទោស​ឲ្យ​ពួក​គេ តាម​ពាក្យ​របស់​អ្នក!។ ២១ ប៉ុន្តែ យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​មាន​សិរី‌រុង​រឿង​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល​ថា: ២២ អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុង​រឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បង‌ល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង។ ២៣ ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូន‌តា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើល‌ងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។ ២៤ រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។ ២៥ ជន​ជាតិ​អាម៉ា‌ឡេក និង​ជន​ជាតិ​កាណាន​រស់​នៅ​តាម​វាល​ទំនាប។ ដូច្នេះ ស្អែក​អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ»។
២៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ដូច​ត​ទៅ៖ ២៧ «តើ​សហគមន៍​ដ៏​អាក្រក់​នេះ​នៅ​តែ​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង​ហើយ។ ២៨ ចូរ​ប្រាប់​ពួក​គេ​ថា: យើង​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​បាន​ឮ​អ្នក​រាល់​គ្នា​និយាយ។ ២៩ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​ក្នុង​វាល​រហោ‌ស្ថាន​នេះ គឺ​អ្នក​ទាំង​អស់​គ្នា​ដែល​គេ​បាន​ជំរឿន មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ហើយ​បាន​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​យើង។ ៣០ អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើក‌លែង​តែ​កាលែប​ជា​កូន​របស់​យេភូនេ និង​យ៉ូស៊ូអា ជា​កូន​របស់​នូន។ ៣១ រីឯ​កូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​នឹង​ស្គាល់​ស្រុក ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យក។ ៣២ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។ ៣៣ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ពនេ‌ចរ នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ​អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ ហើយ​ពួក​គេ​ត្រូវ​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន។ ៣៤ អ្នក​រាល់​គ្នា​បាន​ទៅ​សង្កេត​មើល​ស្រុក អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រង​នូវ​កំហុស​របស់​ខ្លួន​ចំនួន​សែ‌សិប​ឆ្នាំ​ដែរ គឺ​មួយ​ឆ្នាំ​សម្រាប់​មួយ​ថ្ងៃ។ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ដឹង​ថា ពេល​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា តើ​កើត​មាន​ផល​វិបាក​យ៉ាង​ណា។ ៣៥ យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ចំពោះ​សហគមន៍​ដ៏​អាក្រក់​ដែល​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​នឹង​ស្លាប់​បាត់‌បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន​នេះ»។
៣៦ អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ហើយ​ត្រឡប់​មក​វិញ បាន​និយាយ​បង្ខូច​ស្រុក​ធ្វើ​ឲ្យ​សហគមន៍​ទាំង​មូល​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក ៣៧ គឺ​ពួក​គេ​បាន​រាយ‌ការណ៍​បង្ខូច​ស្រុក​នោះ។ ហេតុ​នេះ ពួក​គេ​ត្រូវ​ស្លាប់​ដោយ​គ្រោះ​កាច​មួយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់៣៨ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ​ប៉ុណ្ណោះ ដែល​រួច​ជីវិត។
៣៩ លោក​ម៉ូសេ​បាន​នាំ​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ធ្វើ​ឲ្យ​ប្រជាជន​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ៤០ ពួក​គេ​ក្រោក​ពី​ព្រលឹម ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ ទាំង​ពោល​ថា៖ «មក៍! ពួក​យើង​ឡើង​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដ្បិត​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប»។ ៤១ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​ពុំ​សម្រេច​តាម​បំណង​ឡើយ។ ៤២ កុំ​ឡើង​ទៅ​ធ្វើ​អ្វី! ព្រះ‌អម្ចាស់​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ។ កុំ​ទុក​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។ ៤៣ ជន​ជាតិ​អាម៉ា‌ឡេក និង​ជន​ជាតិ​កាណាន​ស្ថិត​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​បាន​ងាក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ»។ ៤៤ ប្រជាជន​តាំង​ចិត្ត​មានះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ តែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​លោក​ម៉ូសេ​ពុំ​បាន​ចាក‌ចេញ​ពី​ក្នុង​ជំរំ​ទេ។ ៤៥ ពេល​នោះ ជន​ជាតិ​អាម៉ា‌ឡេក និង​ជន​ជាតិ​កាណាន ដែល​រស់​នៅ​លើ​ភ្នំ នាំ​គ្នា​ចុះ​មក ហើយ​វាយ​ប្រហារ​ពួក​គេ ព្រម​ទាំង​ដេញ​តាម​កម្ទេច​ពួក​គេ រហូត​ដល់​ហ៊រម៉ា។
១៥
វិន័យ​អំពី​តង្វាយ​ម្សៅ ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:
កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​តាំង​ទី​លំ‌នៅ  ហើយ​ពេល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ទោះ‌បី​ជា​តង្វាយ​ដុត​ទាំង​មូល​ក្តី ឬ​យញ្ញ‌បូជា​លា​បំណន់ តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត ឬ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ក្តី នោះ​ត្រូវ​យក​គោ ឬ​ចៀម មក​ថ្វាយ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។  អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ ត្រូវ​យក​ម្សៅ​បី​គីឡូ‌ក្រាម លាយ​ជា​មួយ​ប្រេង​មួយ​លីត្រ​កន្លះ  និង​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​លីត្រ​កន្លះ មក​ថ្វាយ​ជា​មួយ​កូន​ចៀម ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត ឬ​យញ្ញ‌បូជា។  ប្រសិន​បើ​អ្នក​ថ្វាយ​ចៀម​ឈ្មោល ត្រូវ​យក​ម្សៅ​ប្រាំ​មួយ​គីឡូ‌ក្រាម លាយ​ជា​មួយ​ប្រេង​ពីរ​លីត្រ  និង​ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​លីត្រ មក​ថ្វាយ​ជា​មួយ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។  ប្រសិន​បើ​អ្នក​យក​គោ​បា​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ឬ​ជា​យញ្ញ‌បូជា​លា​បំណន់​ក្តី ឬ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​ក្តី  ចូរ​យក​ម្សៅ​ប្រាំ​បួន​គីឡូ‌ក្រាម លាយ​ជា​មួយ​ប្រេង​បី​លីត្រ មក​ថ្វាយ​ជា​មួយ​គោ​បា​នោះ ១០ ហើយ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​បី​លីត្រ​មក​ថ្វាយ​ជា​មួយ​ដែរ។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់
១១ ត្រូវ​ថ្វាយ​គោ​ឈ្មោល ចៀម​ឈ្មោល កូន​ចៀម ឬ​កូន​ពពែ​តាម​របៀប​នេះ។ ១២ សត្វ​មាន​ចំនួន​ច្រើន​ប៉ុន​ណា តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​សត្វ​ក៏​កើន​ឡើង​តាម​ចំនួន​នោះ​ដែរ។ ១៣ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​ជា‌ម្ចាស់​ស្រុក ត្រូវ​ធ្វើ​តាម​របៀប​ខាង​លើ នៅ​ពេល​ថ្វាយ​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់១៤ ពេល​ជន​បរ‌ទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ថ្វាយ​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ ១៥ គឺ​មាន​ក្បួន​តម្រា​តែ​មួយ សម្រាប់​សហគមន៍​ទាំង​មូល ទោះ‌បី​អ្នក​រាល់​គ្នា​ក្តី ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ក្តី។ ត្រូវ​ធ្វើ​តាម​ក្បួន​តម្រា​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គ្រប់​តំណ​ត​ទៅ ទោះ‌បី​ជន​បរ‌ទេស​ក្តី ឬ​អ្នក​រាល់​គ្នា​ក្តី។ ១៦ មាន​វិន័យ​តែ​មួយ ច្បាប់​តែ​មួយ សម្រាប់​អ្នក​រាល់​គ្នា និង​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។
វិន័យ​ស្តី​អំពី​ផល​ដំបូង​បង្អស់
១៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៨ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ចូល​ទៅ​នៅ ហើយ​ពេល​អ្នក​រាល់​គ្នា​បាន​អាហារ​ពី​ស្រុក​នោះ​បរិភោគ ១៩ ត្រូវ​ញែក​មួយ​ចំណែក​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់២០ ត្រូវ​ញែក​ម្សៅ​ដំបូង​មួយ​ចំណែក​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​នំ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​គេ​ញែក​ស្រូវ ដែល​ជា​ផល​ដំបូង នៅ​លាន​បោក​ស្រូវ​ដែរ។ ២១ ត្រូវ​ញែក​ម្សៅ​ដំបូង ធ្វើ​នំ​ថ្វាយ​ព្រះ‌អម្ចាស់ តាម​របៀប​នេះ​គ្រប់​តំណ​ត​ទៅ។
យញ្ញ‌បូជា​លោះ​បាប​ដែល​ប្រព្រឹត្ត​ដោយ​អចេតនា
២២ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស ដោយ​អចេតនា គឺ​មិន​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ២៣ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បង្គាប់​មក​លោក​ម៉ូសេ ចាប់​ពី​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​បទ‌បញ្ជា​ពី​ដំបូង​ជា​រៀង​រហូត​មក ២៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេតនា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ថ្វាយ​គោ​ស្ទាវ​មួយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយ‌ជូរ ស្រប​តាម​វិន័យ។ សហគមន៍​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ ២៥ បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នោះ​ព្រះ‌អម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។ ពួក​គេ​ត្រូវ​យក​តង្វាយ​ដុត ព្រម​ទាំង​សត្វ​ដែល​ត្រូវ​ធ្វើ​យញ្ញ‌បូជា មក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​លុប‌លាង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​អចេតនា​នោះ។ ២៦ ព្រះ‌អម្ចាស់​នឹង​អត់‌ទោស​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ព្រម​ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ គឺ​ប្រជាជន​ទាំង​មូល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។
២៧ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​មួយ​អាយុ​មួយ​ខួប ជា​យញ្ញ‌បូជា​រំដោះ​បាប។ ២៨ បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដោយ​មិន​ដឹង​ខ្លួន និង​ដោយ​អចេតនា នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ។ ២៩ ច្បាប់​ស្តី​ពី​អំពើ​បាប​ដែល​គេ​ប្រព្រឹត្ត​ដោយ​អចេតនា​នេះ ត្រូវ​អនុវត្ត​ដូច​គ្នា ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ជា‌ម្ចាស់​ស្រុក និង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ។
៣០ ផ្ទុយ​ទៅ​វិញ បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស ប្រព្រឹត្ត​អំពើ​បាប ដោយ​ចេតនា បាន​សេចក្ដី​ថា​គេ​ប្រមាថ​ព្រះ‌អម្ចាស់។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។ ៣១ គេ​បាន​មើល‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​បំពាន​លើ​វិន័យ​របស់​ព្រះ‌អង្គ។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ ឲ្យ​គេ​ទទួល​ទោស ព្រោះ​តែ​កំហុស​របស់​ខ្លួន»។
អ្នក​រំលោភ​លើ​ថ្ងៃ​សប្ប័ទ
៣២ ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​វាល​រហោ‌ស្ថាន គេ​បាន​ឃើញ​បុរស​ម្នាក់​ដើរ​រើស​អុស នៅ​ថ្ងៃ​សប្ប័ទ*។ ៣៣ អស់​អ្នក​ដែល​ឃើញ​បុរស​នោះ​រក​អុស បាន​នាំ​គាត់​យក​ទៅ​ជូន​លោក​ម៉ូសេ និង​លោក​អរ៉ុន ព្រម​ទាំង​សហគមន៍​ទាំង​មូល។ ៣៤ គេ​បាន​ឃុំ​គាត់​ទុក ដ្បិត​គេ​ពុំ​ទាន់​ដឹង​ថា​ត្រូវ​ប្រព្រឹត្ត​ដូច​ម្ដេច​ចំពោះ​គាត់។ ៣៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «មនុស្ស​នេះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ឲ្យ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ នៅ​ខាង​ក្រៅ​ជំរំ»។ ៣៦ សហគមន៍​ទាំង​មូល​ក៏​នាំ​បុរស​នោះ​ចេញ​ទៅ​ក្រៅ​ទី‌ក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។ គាត់​ក៏​ស្លាប់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
រំយោល​នៅ​ជាយ​អាវ
៣៧ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ៣៨ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​គ្រប់​ជំនាន់​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ ហើយ​ដេរ​បូ​ពណ៌​ស្វាយ​មួយ​ពី​លើ​រំយោល​នៅ​ជាយ​អាវ​ផង។ ៣៩ អាវ​របស់​អ្នក​រាល់​គ្នា​ត្រូវ​មាន​រំយោល ដូច្នេះ ពេល​ណា​អ្នក​រាល់​គ្នា​មើល​រំយោល នោះ​អ្នក​រាល់​គ្នា​នឹក​ឃើញ​វិន័យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់​ដែល​ត្រូវ​ប្រតិ‌បត្តិ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា និង​តណ្ហា​របស់​ខ្លួន ដែល​បណ្តាល​ឲ្យ​ក្បត់​ព្រះ‌ជាម្ចាស់ ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ឡើយ។ ៤០ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​វិន័យ​របស់​យើង ហើយ​ប្រតិ‌បត្តិ​តាម។ អ្នក​រាល់​គ្នា​នឹង​បាន​វិសុទ្ធ*​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៤១ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។
១៦
ការ​បះ‌បោរ​របស់​លោក​កូរេ ដាតាន និង​អប៊ី‌រ៉ាម
 លោក​កូរេ​ជា​កូន​លោក​យីសារ ជា​ចៅ​របស់​លោក​គើហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី បាន​ចូល​ដៃ​ជា​មួយ​លោក​ដាតាន និង​លោក​អប៊ី‌រ៉ាម ដែល​ត្រូវ​ជា​កូន​របស់​លោក​អេលីយ៉ាប ព្រម​ទាំង​លោក​អុន ជា​កូន​របស់​លោក​ពេ‌ឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។  អ្នក​ទាំង​នោះ​លើក​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ ដោយ​មាន​ជន​ជាតិ​អ៊ីស្រា‌អែល​ពីរ‌រយ​ហា‌សិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ និង​ជា​តំណាង​សហគមន៍ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ជួ​គាំ‌ទ្រ​ផង។  ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អរ៉ុន ដោយ​ពោល​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​លោក​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជាជន​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។
 កាល​លោក​ម៉ូសេ​ឮ​ដូច្នេះ លោក​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។  លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នរណា​ជា​មនុស្ស​ដ៏‌វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ ហើយ​ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។  ចូរ​ធ្វើ​ដូច​ត​ទៅ​នេះ គឺ​លោក​កូរេ និង​អ្នក​នៅ​ជា​មួយ​គាត់ ត្រូវ​យក​ពាន​មក  ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​ជ្រើស‌រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​វិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។
 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «កូន​ចៅ​លោក​លេវី​អើយ ចូរ​នាំ​គ្នា​ស្ដាប់!  ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជិត​ព្រះ‌អង្គ ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ និង​ឲ្យ​អ្នក​រាល់​គ្នា​បំពេញ​កិច្ច‌ការ​ក្នុង​នាម​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ? ១០ ព្រះ‌អង្គ​ឲ្យ​លោក និង​បង‌ប្អូន​របស់​លោក​ទាំង​អស់ ដែល​ជា​កូន​ចៅ​លោក​លេវី ចូល​ទៅ​ជិត​ព្រះ‌អង្គ​ប៉ុណ្ណឹង​ហើយ អស់​លោក​បែរ​ជា​ចង់​បាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​ថែម​ទៀត! ១១ ហេតុ​នេះ​ហើយ​បាន​ជា​លោក និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​លោក លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ តើ​លោក​អរ៉ុន​ជា​អ្វី បាន​ជា​ពួក​លោក​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​គាត់​ដូច្នេះ?»។
១២ លោក​ម៉ូសេ​ចាត់​ឲ្យ​គេ​ទៅ​ហៅ​លោក​ដាតាន និង​លោក​អប៊ី‌រ៉ាម ជា​កូន​របស់​លោក​អេលីយ៉ាប។ លោក​ទាំង​ពីរ​ពោល​ថា៖ «ពួក​យើង​មិន​ទៅ​ទេ! ១៣ លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ បាន​ជា​លោក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត?។ ១៤ លោក​មិន​បាន​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ ហើយ​លោក​ក៏​មិន​បាន​ប្រគល់​ស្រែ​ចម្ការ ឬ​ចម្ការ​ទំពាំង‌បាយ‌ជូរ​មក​យើង​ខ្ញុំ ទុក​ជា​មត៌ក​ដែរ តើ​លោក​ស្មាន​ថា​ប្រជាជន​ទាំង​នេះ​ជា​មនុស្ស​ខ្វាក់​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។ ១៥ លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង លោក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​កុំ​រវី‌រវល់​នឹង​តង្វាយ​របស់​ពួក​គេ​ឡើយ។ ទូល‌បង្គំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ​ក៏​ទូល‌បង្គំ​មិន​បាន​យក​ដែរ ទូល‌បង្គំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។
ព្រះ‌អម្ចាស់​ដាក់​ទោស​លោក​កូរេ និង​បក្ស‌ពួក​របស់​គាត់
១៦ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «ស្អែក សូម​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អរ៉ុន ១៧ ម្នាក់ៗ​កាន់​ពាន​ដែល​មាន​ដាក់​គ្រឿង​ក្រអូប គឺ​មាន​ពាន​ទាំង​អស់​ចំនួន​ពីរ‌រយ​ហា‌សិប ហើយ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អម្ចាស់។ រីឯ​លោក​អរ៉ុន និង​ខ្លួន​លោក​ផ្ទាល់ ក៏​ត្រូវ​កាន់​ពាន​មួយ​ម្នាក់​ដែរ»។ ១៨ ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​មួយ​លោក​ម៉ូសេ និង​លោក​អរ៉ុន។ ១៩ លោក​កូរេ ប្រមូល​បក្ស‌ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​លោក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពេល​នោះ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​សហគមន៍​ទាំង​មូល​ឃើញ។ ២០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ ២១ «ចូរ​នាំ​គ្នា​ចាក‌ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។ ២២ លោក​ទាំង​ពីរ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ទូល​ថា៖ «ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌អង្គ​ជា‌ម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ព្រះ‌អង្គ​គួរ​ព្រះ‌ពិរោធ​នឹង​សហគមន៍​ទាំង​មូល​ឬ?»។
២៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៤ «ចូរ​ប្រាប់​សហគមន៍​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​កូរេ ដាតាន និង​អប៊ី‌រ៉ាម»។ ២៥ លោក​ម៉ូសេ​ក្រោក​ឡើង ដើរ​ទៅ​រក​លោក​ដាតាន និង​លោក​អប៊ី‌រ៉ាម ដោយ​មាន​ពួក​ព្រឹទ្ធា‌ចារ្យ​ដើរ​តាម​ក្រោយ​ផង។ ២៦ លោក​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​តង់ត៍​របស់​មនុស្ស​អាក្រក់​ទាំង​នេះ មិន​ត្រូវ​ប៉ះ‌ពាល់​អ្វីៗ​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ដែរ»។ ២៧ ប្រជាជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​លោក​កូរេ លោក​ដាតាន និង​លោក​អប៊ី‌រ៉ាម។ លោក​ដាតាន និង​លោក​អប៊ី‌រ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន ជា​មួយ​ប្រពន្ធ កូន និង​ចៅ។ ២៨ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​កិច្ច‌ការ​ទាំង​នេះ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ!។ ២៩ ប្រសិន​បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា គឺ​ប្រសិន​បើ​ពួក​គេ​ស្លាប់​ដូច​មនុស្ស​ឯ​ទៀតៗ នោះ​បាន​សេចក្ដី​ថា ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។ ៣០ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ‌អម្ចាស់​ធ្វើ​កិច្ច‌ការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់‌ងាយ​ព្រះ‌អម្ចាស់​មែន»។
៣១ លោក​ម៉ូសេ​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាតាន និង​លោក​អប៊ី‌រ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា ៣២ ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។ ៣៣ ពួក​គេ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន។ ដី​បាន​គ្រប​ពី​លើ​ពួក​គេ ឲ្យ​បាត់​សូន្យ​ពី​ចំណោម​សហគមន៍។ ៣៤ ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដែល​នៅ​ជុំ‌វិញ ឮ​សម្រែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។ ៣៥ មាន​ភ្លើង​ចេញ​មក​ពី​ព្រះ‌អម្ចាស់ ឆេះ​កម្ទេច​មនុស្ស​ទាំង​ពីរ‌រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ថ្វាយ​គ្រឿង​ក្រអូប​នោះ​ដែរ។
១៧
ពាន​ដាក់​ភ្លើង​របស់​បក្ស‌ពួក​លោក​កូរេ
 (១៦.៣៦) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  (៣៧) «ចូរ​ប្រាប់​អេឡា‌សារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អរ៉ុន ឲ្យ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​ឲ្យ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ។  (៣៨) ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់‌បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ​ស្រោប​អាសនៈ ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់»។  (៣៩) បូជា‌ចារ្យ​អេឡា‌សារ​ក៏​យក​ពាន​លង្ហិន ដែល​អស់​អ្នក​បាត់‌បង់​ជីវិត​នៅ​ក្នុង​ភ្លើង​យក​មក​ថ្វាយ​នោះ ទៅ​ដំ​ជា​បន្ទះ​ស្រោប​អាសនៈ  (៤០) ទុក​ជា​ទី​រំឭក​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា ក្រៅ​ពី​ពូជ‌ពង្ស​របស់​លោក​អរ៉ុន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អម្ចាស់​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដូច​លោក​កូរេ និង​បក្ស‌ពួក​របស់​គាត់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក តាម‌រយៈ​លោក​ម៉ូសេ។
ប្រជាជន​ទិតៀន​លោក​ម៉ូសេ និង​លោក​អរ៉ុន
 (៤១) នៅ​ថ្ងៃ​បន្ទាប់ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ «លោក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ប្រជាជន​របស់​ព្រះ‌អម្ចាស់​បាត់‌បង់​ជីវិត!»។  (៤២) សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អរ៉ុន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ពន្លា​ជួប​ព្រះ‌អម្ចាស់ នោះ​ស្រាប់​តែ​មាន​ពពក*​គ្រប​បាំង​ពន្លា ហើយ​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ក៏​លេច​មក​ដែរ  (៤៣) លោក​ម៉ូសេ និង​លោក​អរ៉ុន នាំ​គ្នា​ទៅ​ដល់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។  (៤៤) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១០ (៤៥) «ចូរ​ដក​ខ្លួន​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។ លោក​ទាំង​ពីរ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ ១១ (៤៦) លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អរ៉ុន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍ ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ ហើយ​គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ដែរ»។ ១២ (៤៧) លោក​អរ៉ុន​ក៏​យក​ពាន តាម​ពាក្យ​របស់​លោក​ម៉ូសេ រួច​លោក​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ក្នុង​ចំណោម​ប្រជាជន។ លោក​ក៏​ថ្វាយ​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ប្រជាជន។ ១៣ (៤៨) លោក​ឈរ​នៅ​ចន្លោះ​សាក‌សព និង​អស់​អ្នក​ដែល​នៅ​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។ ១៤ (៤៩) មាន​ប្រជាជន​មួយ‌ម៉ឺន​បួន‌ពាន់​ប្រាំ​ពីរ‌រយ​នាក់​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​នេះ ថែម​ពី​លើ​ចំនួន​អស់​អ្នក​ដែល​ស្លាប់​នៅ​ពេល​លោក​កូរេ​បះ‌បោរ។ ១៥ (៥០) លោក​អរ៉ុន​វិល​ទៅ​រក​លោក​ម៉ូសេ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។
ដំបង​របស់​លោក​អរ៉ុន
១៦ (១៧.១) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៧ (២) «ចូរ​បង្គាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ យក​ដំបង​ម្នាក់​មួយៗ​មក​ឲ្យ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។ ១៨ (៣) ចូរ​ចារ​ឈ្មោះ​អរ៉ុន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​មាន​ដំបង​មួយ។ ១៩ (៤) ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ពី​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​អ្នក​រាល់​គ្នា។ ២០ (៥) ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស‌រើស។ យើង​នឹង​បញ្ឈប់​ជន​ជាតិ​អ៊ីស្រា‌អែល លែង​ឲ្យ​រអ៊ូ‌រទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។
២១ (៦) លោក​ម៉ូសេ​នាំ​ព្រះ‌បន្ទូល​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​លោក គឺ​មាន​ដំបង​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​លោក​អរ៉ុន​ស្ថិត​នៅ​កណ្ដាល​ដំបង​របស់​ពួក​គេ។ ២២ (៧) លោក​ម៉ូសេ​បាន​ដាក់​ដំបង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា។ ២៣ (៨) នៅ​ថ្ងៃ​បន្ទាប់ ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា លោក​ឃើញ​ដំបង​របស់​លោក​អរ៉ុន ដែល​ជា​តំណាង​កុល‌សម្ព័ន្ធ​លេវី មាន​ពន្លក ចេញ​ផ្កា ហើយ​មាន​ទាំង​ផ្លែ​ទៀត​ផង។ ២៤ (៩) លោក​ម៉ូសេ​យក​ដំបង​ទាំង​នោះ​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ទៅ​បង្ហាញ​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​គេ​យក​ដំបង​របស់​ខ្លួន​វិញ។
២៥ (១០) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង​របស់​អរ៉ុន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រក្សា​ទុក​ជា​ទី​សម្គាល់​ព្រមាន​ពួក​បះ‌បោរ ដើម្បី​បញ្ឈប់​ពួក​គេ​ឲ្យ​លែង​រអ៊ូ‌រទាំ ហើយ​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់»។ ២៦ (១១) លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។
២៧ (១២) ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​មុខ​ជា​ផុត​ដង្ហើម វិនាស​សូន្យ​ទាំង​អស់​គ្នា​មិន​ខាន! ២៨ (១៣) ដ្បិត​អ្នក​ដែល​ចូល​ជិត​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។
១៨
មុខ‌ងារ​របស់​ពួក​បូជា‌ចារ្យ និង​ពួក​លេវី
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​ក្រុម​ញាតិ​របស់​អ្នក នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​កើត​មាន​ក្នុង​ទី​សក្ការៈ។ អ្នក និង​កូន​ចៅ​របស់​អ្នក ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ផ្សេងៗ​ដែល​ទាក់‌ទង​នឹង​មុខ‌ងារ​ជា​បូជា‌ចារ្យ។  ចូរ​នាំ​បង‌ប្អូន​រួម​លោហិត​របស់​អ្នក ក្នុង​កុល‌សម្ព័ន្ធ​លេវី​មក​នៅ​ជាប់​ជា​មួយ ដើម្បី​ឲ្យ​ពួក​គេ​ជួយ​បំពេញ​កិច្ច‌ការ នៅ​ពេល​អ្នក និង​កូន​ចៅ​របស់​អ្នក ធ្វើ​ការ​ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា។  ពួក​គេ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក ហើយ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ពន្លា​ទាំង​មូល។ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​គ្រឿង​បរិក្ខារ​សក្ការៈ ឬ​អាសនៈ​ឡើយ ក្រែង​លោ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​គេ ត្រូវ​ស្លាប់។  ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​អ្នក ហើយ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ពន្លា​នៃ​សន្ធិ‌សញ្ញា និង​បម្រើ​ការ​ទាំង​អស់​ក្នុង​ពន្លា។ រីឯ​អ្នក​ផ្សេង​ទៀត គ្មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ទេ។  អ្នក​រាល់​គ្នា​មើល​ខុស​ត្រូវ​ទី​សក្ការៈ និង​ថែ‌រក្សា​អាសនៈ។ ធ្វើ​ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​មិន​ធ្វើ​ឲ្យ​យើង​មាន​កំហឹង​នឹង​ពួក​គេ​ឡើយ។  យើង​បាន​ជ្រើស‌រើស​ពួក​លេវី ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។  ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ គឺ​បម្រើ​ការ‌ងារ​នៅ​អាសនៈ និង​ការ‌ងារ​ក្នុង​ទី​សក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំងនន។ យើង​បាន​ប្រគល់​មុខ‌ងារ​ជា​បូជា‌ចារ្យ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។
បៀ‌វត្សរ៍​របស់​ពួក​បូជា‌ចារ្យ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អរ៉ុន​ថា៖ «យើង​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​លើ​អ្វីៗ​ដែល​ប្រជាជន​ញែក​ទុក​សម្រាប់​យើង។ យើង​ប្រគល់​តង្វាយ​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កម្រៃ សម្រាប់​មុខ‌ងារ​ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​បំពេញ ជា​រៀង​រហូត​ត​ទៅ។  ក្នុង​បណ្តា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង មាន​តង្វាយ​ផ្សេងៗ តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។ ១០ ត្រូវ​បរិភោគ​របស់​ទាំង​នេះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិភោគ​បាន ដ្បិត​របស់​ទាំង​នោះ​សុទ្ធ​តែ​សក្ការៈ​សម្រាប់​អ្នក។
១១ ចំណែក​ដែល​អ្នក​អាច​យក​បាន​ទៀត​នោះ គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​យក​មក​លើក​ថ្វាយ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក រហូត​ត​ទៅ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។ ១២ យើង​ក៏​ប្រគល់​ផល​ដំបូង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង​ឲ្យ​អ្នក​ដែរ គឺ​ប្រេង​ដ៏​ល្អ​បំផុត ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​ដ៏​ល្អ​បំផុត និង​ស្រូវ​ថ្មី។ ១៣ ផល​ដំបូង​នៃ​ភោគ‌ផល​ដុះ​ចេញ​ពី​ដី ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង ក៏​នឹង​បាន​ទៅ​អ្នក​ដែរ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។ ១៤ អ្វីៗ​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ផ្ដាច់​ដល់​យើង នោះ​យើង​ប្រគល់​ឲ្យ​អ្នក។ ១៥ កូន​ដំបូង​ទាំង​អស់​ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង គឺ​ទាំង​កូន​មនុស្ស ទាំង​កូន​សត្វ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ប៉ុន្តែ ចូរ​ឲ្យ​គេ​លោះ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​បរិសុទ្ធ។ ១៦ ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ តាម​តម្លៃ​គិត‌គូរ​របស់​អ្នក គឺ​ប្រាក់​ប្រាំ​ណែន គិត​តាម​ទម្ងន់​ប្រាក់​ណែន​របស់​ទី​សក្ការៈ ពោល​គឺ​ម្ភៃ​កេរ៉ា*។ ១៧ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​គេ​លោះ​កូន​ដំបូង​របស់​គោ កូន​ដំបូង​របស់​ចៀម និង​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​ទុក​សម្រាប់​ថ្វាយ​យញ្ញ‌បូជា។ ត្រូវ​យក​ឈាម​របស់​វា​ប្រោះ​នៅ​លើ​អាសនៈ ហើយ​ដុត​ខ្លាញ់​វា​ក្នុង​ភ្លើង ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់១៨ រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ​ជា​តង្វាយ និង​សាច់​ភ្លៅ​ស្តាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ១៩ អ្វីៗ​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។
២០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អរ៉ុន​ថា៖ «អ្នក​នឹង​គ្មាន​ទឹក​ដី​ជា​កេរ‌មត៌ក​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​ចំណែក​អ្វី​រួម​ជា​មួយ​ពួក​គេ​ដែរ គឺ​យើង​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​អ្នក នៅ​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល។ ២១ យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ច‌ការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ២២ មិន​ត្រូវ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។ ២៣ ពួក​លេវី​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​សេចក្ដី​ដែល​ត្រូវ​ណែ‌នាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ២៤ យើង​ប្រគល់​ភោគ‌ផល​មួយ​ភាគ​ដប់ ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ញែក​ទុក​ដោយ​ឡែក​សម្រាប់​យើង ឲ្យ​កូន​ចៅ​លេវី។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រកាស​អំពី​ពួក​គេ​ថា: “ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ”»។
២៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៦ «ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ភោគ‌ផល​មួយ​ភាគ​ដប់​មក​ឲ្យ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគ‌ផល​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌អម្ចាស់២៧ តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នេះ ត្រូវ​រាប់​ដូច​ជា​តង្វាយ ដែល​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ញែក​ទុក​ពី​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ​ដែរ។ ២៨ ដូច្នេះ ភោគ‌ផល​មួយ​ភាគ​ដប់​ដែល​ប្រជាជន​អ៊ីស្រា‌អែល​យក​មក​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់ ទុក​ថ្វាយ​ព្រះ‌អម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ជូន​លោក​បូជា‌ចារ្យ​អរ៉ុន។ ២៩ ភោគ‌ផល​ដែល​ប្រជាជន​យក​មក​ជូន​អ្នក​រាល់​គ្នា​នោះ ត្រូវ​ញែក​មួយ​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ញែក​មួយ​ផ្នែក​ដ៏​ល្អ​វិសេស​ជា​ចំណែក​សក្ការៈ”។ ៣០ ចូរ​ប្រាប់​ពួក​លេវី​ថា: ពេល​ណា​អ្នក​រាល់​គ្នា​ញែក​ផ្នែក​ដ៏​ល្អ​វិសេស​មួយ​ភាគ​ដប់​ហើយ ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ដូច​ជា​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នៅ​សល់​របស់​ប្រជាជន​ដែរ។ ៣១ អ្នក​រាល់​គ្នា​បរិភោគ​ភោគ‌ផល​ទាំង​នេះ រួម​ជា​មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ‌ផល​ទាំង​នេះ​ជា​កម្រៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បំពេញ នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ៣២ ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សម្រាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប​នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្តាល​ឲ្យ​តង្វាយ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។
១៩
ធាតុ​របស់​គោ​ញី​ពណ៌​ទង់‌ដែង
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖  «នេះ​ជា​វិន័យ​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ទុក​ដូច​ត​ទៅ: ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​នាំ​គោ​ញី​ពណ៌​ទង់‌ដែង​មួយ​មក​ឲ្យ​អ្នក គោ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​មិន​ដែល​មាន​នរណា​ទឹម​នៅ​ឡើយ។  ចូរ​ប្រគល់​គោ​ញី​នេះ​ឲ្យ​បូជា‌ចារ្យ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។  បូជា‌ចារ្យ​អេឡាសារ​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​ប្រោះ​ឈាម​នោះ​ប្រាំ​ពីរ​ដង​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។  ត្រូវ​ដុត​គោ​ញី​នោះ​នៅ​ចំពោះ​មុខ​អេឡាសារ គឺ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​គ្រឿង​ក្នុង​ទាំង​អស់។  បូជា‌ចារ្យ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។  បូជា‌ចារ្យ​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក បូជា‌ចារ្យ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅ‌ហ្មង​រហូត‌ទល់​ល្ងាច។  រីឯ​អ្នក​ដុត​គោ​ញី​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​រូប​កាយ​របស់​ខ្លួន​ដែរ តែ​គាត់​នៅ​សៅ‌ហ្មង រហូត‌ទល់​ល្ងាច។  ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង រើស​ធាតុ​របស់​គោ​ញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ធាតុ​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រា‌អែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ ១០ អ្នក​រើស​ធាតុ​របស់​គោ​ញី​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គេ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត‌ទល់​ល្ងាច។ នេះ​ជា​ក្បួន‌តម្រា​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ត្រូវ​ប្រតិ‌បត្តិ​តាម​រហូត​ត​ទៅ។
វិន័យ​ស្តី​អំពី​ពិធី​ជម្រះ​កាយ
១១ អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១២ គេ​ត្រូវ​យក​ទឹក​នេះ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។ ១៣ អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​ទេ អ្នក​នោះ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត​ត​ទៅ។
១៤ នេះ​ជា​វិន័យ​ស្តី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១៥ រីឯ​ភាជន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គម្រប នឹង​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។
១៦ អ្នក​ណា​ប៉ះ​សាក‌សព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១៧ ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បរិសុទ្ធ គេ​ត្រូវ​យក​ធាតុ​របស់​គោ​ញី ដែល​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។ ១៨ ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង ប៉ះ‌ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ‌ពាល់​ផ្នូរ។ ១៩ អ្នក​ដែល​មិន​សៅ‌ហ្មង​ត្រូវ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​សៅ‌ហ្មង​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ​ពីរ ហើយ​ជម្រះ​អ្នក​នោះ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ រួច​គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ យក​ទឹក​លុប‌លាង​ខ្លួន នោះ​គាត់​នឹង​បរិសុទ្ធ​នៅ​ពេល​ល្ងាច។ ២០ បើ​នរណា​ម្នាក់​សៅ‌ហ្មង តែ​ពុំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ក្រុម‌ជំនុំ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទី​សក្ការៈ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ​នោះ គេ​ត្រូវ​នៅ​សៅ‌ហ្មង។ ២១ នេះ​ជា​ក្បួន‌តម្រា​ដែល​ពួក​គេ​ត្រូវ​ប្រតិ‌បត្តិ​តាម​រហូត​ត​ទៅ គឺ​អ្នក​ដែល​ធ្វើ​ពិធី​ប្រោះ​ទឹក​ឲ្យ​គេ ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​ទឹក​សម្រាប់​ប្រោះ​លើ​អ្នក​សៅ‌ហ្មង ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ ២២ អ្វីៗ​ដែល​អ្នក​សៅ‌ហ្មង​ប៉ះ‌ពាល់ ក៏​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​របស់​សៅ‌ហ្មង នឹង​ត្រូវ​សៅ‌ហ្មង​រហូត‌ទល់​ល្ងាច»។
២០
ប្រភព​ទឹក​នៅ​មេរី‌បា
(ជរ.១៧.១-៧)
 សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដែស។ អ្នក​ស្រី​មៀរីយ៉ាម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។
 ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អរ៉ុន។  ប្រជាជន​រក​រឿង​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បង‌ប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង!។  ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ឲ្យ​មក​ស្លាប់ នៅ​វាល​រហោ‌ស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ?  ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ពួក​យើង​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន‌មែន​ជា​កន្លែង​ដែល​យើង​អាច​សាប‌ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សម្រាប់​ផឹក​ក៏​គ្មាន»។  លោក​ម៉ូសេ និង​លោក​អរ៉ុន​នាំ​គ្នា​ចាក‌ចេញ​ពី​ក្រុម‌ជំនុំ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ទាំង​ពីរ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​យក​ដំបង រួច​អ្នក និង​អរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម‌ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។  លោក​ម៉ូសេ​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌អង្គ​បាន​បង្គាប់​លោក។ ១០ លោក​ម៉ូសេ និង​លោក​អរ៉ុន កោះ​ហៅ​សហគមន៍​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​មុខ​ថ្ម‌ដា។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​ស្ដាប់! តើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា បាន ឬ​មិន​បាន?»។ ១១ លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​លោក​វាយ​ថ្ម‌ដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។
១២ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ «អ្នក​ទាំង​ពីរ​ពុំ​បាន​ជឿ​លើ​យើង អ្នក​ទាំង​ពីរ​ពុំ​បាន​សម្ដែង​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ស្គាល់​ភាព​វិសុទ្ធ​របស់​យើង​ទេ ហេតុ​នេះ អ្នក​ទាំង​ពីរ​មិន​អាច​នាំ​ក្រុម‌ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ​ឡើយ»។ ១៣ គឺ​នៅ​ត្រង់​ទឹក​មេរី‌បា​នោះ​ហើយ ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រក​រឿង​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ។
ស្តេច​ស្រុក​អេដុម​មិន​ព្រម​ឲ្យ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​គេ
១៤ លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដែស ទៅ​គាល់​ស្តេច​ស្រុក​អេដុម ហើយ​ទូល​ថា៖ «សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​ព្រះ‌ករុណា។ ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង។ ១៥ បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ ប៉ុន្តែ ជន​ជាតិ​អេស៊ីប​បាន​ធ្វើ​បាប​ពួក​យើង គឺ​ទាំង​យើង​ខ្ញុំ​ផ្ទាល់ ទាំង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ។ ១៦ យើង​ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាត់​ទេវទូត*​មួយ​រូប ឲ្យ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​មក​ដល់​កាដែស ជា​ក្រុង​ដែល​នៅ​ជាប់​នឹង​ដែន​ដី​របស់​ព្រះ‌ករុណា។ ១៧ យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា តែ​យើង​ខ្ញុំ​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌ករុណា​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទទួល​ទាន​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ គឺ​យើង​ខ្ញុំ​គ្រាន់​តែ​សុំ​ដើរ​តាម​ផ្លូវ​ធំ ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ងាក​ទៅ​ស្តាំ​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។ ១៨ ស្តេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ទឹក​ដី​របស់​យើង​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លើក​ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ជា​មិន​ខាន!»។ ១៩ ជន​ជាតិ​អ៊ីស្រា‌អែល​ទូល​ស្តេច​ទៀត​ថា៖ «យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ ប្រសិន​បើ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះ‌ករុណា នោះ​យើង​ខ្ញុំ​នឹង​បង់​ថ្លៃ។ យើង​ខ្ញុំ​មិន​ធ្វើ​អ្វី​ឡើយ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​កាត់​ប៉ុណ្ណោះ»។ ២០ ស្តេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ដាច់​ខាត!»។ ជន​ជាតិ​អេដុម​លើក​ទ័ព​យ៉ាង​សន្ធឹក‌សន្ធាប់ ទាំង​ប្រដាប់​អាវុធ ចេញ​ទៅ​ទប់​ជន​ជាតិ​អ៊ីស្រា‌អែល ២១ មិន​ឲ្យ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។
លោក​អរ៉ុន​ទទួល​មរណ‌ភាព
២២ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ដំណើរ​ពី​កាដែស ទៅ​ដល់​ភ្នំ​ហ៊រ។ ២៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន នៅ​ភ្នំ​ហ៊រ ដែល​នៅ​ជាប់​នឹង​ព្រំ‌ប្រទល់​ស្រុក​អេដុម​ថា៖ ២៤ «បន្តិច​ទៀត អរ៉ុន​នឹង​ទៅ​ជួប‌ជុំ​ដូន‌តា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ‌បោរ​នឹង​បញ្ជា​របស់​យើង នៅ​ប្រភព​ទឹក​មេរី‌បា។ ២៥ ចូរ​នាំ​អរ៉ុន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់ ឡើង​ទៅ​លើ​ភ្នំ​ហ៊រ។ ២៦ នៅ​ទី​នោះ ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ពី​អរ៉ុន រួច​ពាក់​ឲ្យ​អេឡាសារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​អរ៉ុន​ត្រូវ​ទទួល​មរណ‌ភាព»។
២៧ លោក​ម៉ូសេ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ ពួក​លោក​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហ៊រ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។ ២៨ លោក​ដោះ​សម្លៀក‌បំពាក់​ចេញ​ពី​លោក​អរ៉ុន ហើយ​ពាក់​ឲ្យ​លោក​អេឡាសារ ជា​កូន។ លោក​អរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​កំពូល​ភ្នំ​នោះ។ លោក​ម៉ូសេ និង​លោក​អេឡាសារ​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក​វិញ។ ២៩ សហគមន៍​ទាំង​មូល​បាន​ឃើញ​លោក​អរ៉ុន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​លោក​អរ៉ុន អស់‌រយៈ​ពេល​សាម‌សិប​ថ្ងៃ។
២១
ជ័យ‌ជម្នះ​លើ​ជន​ជាតិ​កាណាន
 ស្តេច​ក្រុង​អរ៉ាដ គឺ​ស្តេច​របស់​ជន​ជាតិ​កាណាន ដែល​គង់​នៅ​តំបន់​ណេកិប បាន​ឮ​ដំណឹង​ថា​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​អាតារីម។ ស្តេច​ក៏​លើក​ទ័ព​មក​វាយ​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ពួក​គេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។  ពេល​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​បន់​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ជន​ជាតិ​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​បំផ្លាញ​ទី‌ក្រុង​ទាំង‌ឡាយ​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ»។  ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​អ៊ីស្រា‌អែល ហើយ​ប្រគល់​ជន​ជាតិ​កាណាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ អ៊ីស្រា‌អែល​បាន​បំផ្លាញ​ជន​ជាតិ​កាណាន ព្រម​ទាំង​ក្រុង​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ហ៊រម៉ា”។
ពស់​ភ្លើង
 ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ភ្នំ​ហ៊រ តាម​ផ្លូវ​សមុទ្រ​កក់ ដើម្បី​វាង​ស្រុក​អេដុម។ តាម​ផ្លូវ​ប្រជាជន​បាក់​ទឹក​ចិត្ត  ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ និង​លោក នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ‌ទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គម្រក់​នេះ​ដែរ!»។  ពេល​នោះ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្តាល​ឲ្យ​បាត់‌បង់​ជីវិត​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។  ប្រជាជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​បណ្តេញ​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះ‌អង្គ​ឲ្យ​ប្រជាជន។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។  លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។
អ៊ីស្រា‌អែល​វាយ​យក​ទឹក​ដី​ខាង​កើត​ទន្លេ​យ័រដាន់
១០ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ទៅ ហើយ​បោះ​ជំរំ​នៅ​អូបុត។ ១១ ពួក​គេ​ចាក‌ចេញ​ពី​អូបុត​ទៅ​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបារីម ក្នុង​វាល​រហោ‌ស្ថាន​នៅ​ខាង​កើត​ស្រុក​ម៉ូអាប់។ ១២ ពួក​គេ​ចាក‌ចេញ​ពី​ទី​នោះ​ទៅ​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​សេរេដ។ ១៣ ពួក​គេ​ចាក‌ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អារណូន ដែល​ហូរ​ចេញ​ពី​ស្រុក​អាម៉ូរី កាត់​តាម​វាល​រហោ‌ស្ថាន។ ស្ទឹង​អារណូន​ជា​ព្រំ‌ដែន​របស់​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចារ​ទុក​នៅ​ក្នុង​សៀវភៅ​«សង្គ្រាម​របស់​ព្រះ‌អម្ចាស់»​ស្តី​អំពី​ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​អូរ​ទាំង‌ឡាយ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​ស្ទឹង​នោះ ស្ទឹង​អារណូន ១៥ ព្រម​ទាំង​ស្ទឹង​ដង​អូរ​ឯ​ទៀតៗ ដែល​ហូរ​កាត់​តាម​ក្រុង​អារ ហើយ​ធ្វើ​ជា​ព្រំ‌ប្រទល់​របស់​ស្រុក​ម៉ូអាប់។
១៦ បន្ទាប់​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​បៀរ គឺ​ត្រង់​អណ្ដូង​ទឹក ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ឲ្យ​ប្រមូល​ប្រជាជន ដើម្បី​ប្រទាន​ទឹក​ឲ្យ​ពួក​គេ។ ១៧ នៅ​ទី​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ចម្រៀង​មួយ​បទ​ដូច​ត​ទៅ:
«អណ្ដូង​ទឹក​អើយ ចូរ​ឲ្យ​មាន​ទឹក​ផុស​ឡើង!
ចូរ​បន្លឺ​សំឡេង​អបអរ!
១៨ អណ្ដូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង
អណ្ដូង​ដែល​ពួក​វីរ‌ជន​បាន​ជីក
ដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។
១៩ បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​ម៉ាតា‌ណា ពី​ម៉ាតា‌ណា​ទៅ​ណាហា‌លី‌អែល ពី​ណាហា‌លី‌អែល​ទៅ​បាម៉ុត ២០ ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ហើយ​ទៅ​ដល់​កំពូល​ភ្នំ​ពីស្កា ដែល​ស្ថិត​នៅ​ពី​លើ​វាល‌រហោ‌ស្ថាន។
២១ ជន​ជាតិ​អ៊ីស្រា‌អែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូរី ទូល​ថា៖ ២២ «យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ។ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ធំ រហូត​ដល់​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។ ២៣ ព្រះ‌បាទ​ស៊ីហុន​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន​ទេ តែ​ស្តេច​ប្រមូល​កង‌ទ័ព​ទាំង​មូល​ចេញ​មក​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន គឺ​ស្តេច​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​យ៉ាហាស់។ ២៤ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្តេច ចាប់​តាំង​ពី​ស្ទឹង​អារណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។ ២៥ ជន​ជាតិ​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហេស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ។ ២៦ ក្រុង​ហេស‌បូន​ជា​រាជ​ធានី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូរី។ ព្រះ‌បាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្តេច​របស់​ជន​ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្តេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង​រហូត​ដល់​ស្ទឹង​អារណូន។ ២៧ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖
ចូរ​នាំ​គ្នា​មក​ហេស‌បូន!
ចូរ​សង់​ក្រុង​របស់​ស្តេច​ស៊ីហុន
ហើយ​រៀប‌ចំ​ឲ្យ​ដូច​ដើម​ឡើង​វិញ!
២៨ ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហេស‌បូន
អណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្តេច​ស៊ីហុន
ឆាប‌ឆេះ​ក្រុង​អារ​នៅ​ស្រុក​ម៉ូអាប់
និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ
ស្ទឹង​អារណូន។
២៩ ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ!
ប្រជាជន​ដែល​ថ្វាយ‌បង្គំ​ព្រះ‌កេម៉ូស​អើយ
អ្នក​អន្តរាយ​ហើយ!
ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន
រត់​ខ្ចាត់‌ខ្ចាយ
ហើយ​ប្រគល់​កូន​ស្រីរបស់​ខ្លួន​ទៅ​ជា​ឈ្លើយ
របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​ស្រុក​អាម៉ូរី!
៣០ ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ
យើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេ
ចាប់​ពី​ក្រុង​ហេស‌បូន រហូត​ដល់​ក្រុង​ឌីបូន
យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ
រហូត​ដល់​ក្រុង​ណូផា
ដែល​នៅ​ជាប់​នឹង​ក្រុង​មេដេបា។
៣១ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​តាំង​ទី​លំ‌នៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។ ៣២ លោក​ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ាស៊ែរ ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ដេញ​ជន​ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។
៣៣ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដូរ​ទិស ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ​បាទ​អុក ស្តេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​របស់​ខ្លួន​ចេញ​មក​វាយ​អ៊ីស្រា‌អែល នៅ​អេដ្រេយី។ ៣៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​យើង​ប្រគល់​ស្តេច​នេះ និង​កង‌ទ័ព​ទាំង​មូល ព្រម​ទាំង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្តេច​នេះ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​ស្រុក​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហេស‌បូន​ដែរ»។ ៣៥ ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​ស្តេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្តេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្តេច​នោះ។
២២

ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​តំបន់​វាល​ទំនាប​ស្រុក​ម៉ូអាប់

ព្យាការី​បាឡាម និង​ព្រះ‌បាទ​បាឡាក់
 ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។  ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីបពរ ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អាម៉ូរី។  ជន​ជាតិ​ម៉ូអាប់​ភ័យ‌ខ្លាច ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រា‌អែល ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ។  ពេល​នោះ ជន​ជាតិ​ម៉ូអាប់​ពោល​ទៅ​កាន់​ពួក​ចាស់​ទុំ​នៃ​ជន​ជាតិ​ម៉ាឌីយ៉ានថា៖ «មនុស្ស​ដ៏​ច្រើន​នេះ​មុខ​ជា​បង្ហិន​អ្វីៗ​ដែល​មាន​នៅ​ជុំ‌វិញ​ពួក​យើង ដូច​គោ​ស៊ី​ដំណាំ​នៅ​ក្នុង​ចម្ការ​មិន​ខាន»។ នៅ​គ្រា​នោះ ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីបពរ សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់។
 ព្រះ‌បាទ​បាឡាក់​បាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជួប​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ភូមិ​ពេទរ ដែល​ស្ថិត​នៅ​មាត់​ទន្លេ ជា​ស្រុក​កំណើត​របស់​លោក ប្រាប់​ថា៖ «មាន​ជន​ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក គឺ​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។  ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន​ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ យើង​ប្រហែល​ជា​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត​យើង​ដឹង​ថា ពេល​លោក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។
 ចាស់​ទុំ​របស់​ជន​ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ហោរ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប‌រាប់​ប្រាប់​លោក​នូវ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​បាឡាក់។  លោក​បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាម។
ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មនុស្ស‌ម្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជា​នរណា?»។ ១០ លោក​បាឡាម​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ស្តេច​បាឡាក់ ជា​បុត្រ​របស់​ស្តេច​ស៊ីបពរ​ដែល​សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​ចាត់​ពួក​គេ​ឲ្យ​មក​ប្រាប់​ទូល‌បង្គំ​ថា ១១ “មាន​ជន​ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុក។ ដូច្នេះ សូម​លោក​មក​ជួយ​ដាក់​បណ្ដាសា​ជន​ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ យើង​ប្រហែល​ជា​វាយ​ឈ្នះ​ពួក​គេ និង​បណ្តេញ​ពួក​គេ​បាន”»។ ១២ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ប្រជាជន​នោះ​ដែរ ដ្បិត​យើង​បាន​ឲ្យ​ពរ​ពួក​គេ​រួច​ហើយ!»។ ១៣ លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ​ដែល​ព្រះ‌បាទ​បាឡាក់​បាន​ចាត់​ឲ្យ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។ ១៤ មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​មក​គាល់​ព្រះ‌បាទ​បាឡាក់​វិញ ទូល​ថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។
១៥ ព្រះ‌បាទ​បាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​ឲ្យ​ទៅ​សា​ជា​ថ្មី មាន​គ្នា​ច្រើន​ជាង​មុន និង​មាន​យស‌ស័ក្តិ​ខ្ពស់​ជាង​មុន។ ១៦ ពួក​គេ​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ជម្រាប​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីបពរ មាន​រាជ‌ឱង្ការ​ថា “សូម​អញ្ជើញ​មក​ជួប​យើង កុំ​បី​អាក់‌ខាន ១៧ ដ្បិត​យើង​បាន​លើក​កិត្តិ‌យស​លោក​ច្រើន​ណាស់ ហើយ​បើ​លោក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ជួយ​ដាក់​បណ្ដាសា​ជន​ជាតិ​នេះ​ឲ្យ​យើង​ផង”»។
១៨ លោក​បាឡាម​ឆ្លើយ​ទៅ​កាន់​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះ‌បាទ​បាឡាក់​ថា៖ «ទោះ‌បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់ ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្តី ក៏​ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​អ្វី​តូច ឬ​ធំ ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត។ ១៩ ឥឡូវ​នេះ សូម​អស់​លោក​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​មួយ​យប់​សិន ខ្ញុំ​មុខ​ជា​ដឹង​អំពី​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​នឹង​ថ្លែង​ប្រាប់​ខ្ញុំ»។ ២០ នៅ​ពេល​យប់ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ណា​ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើ»។
២១ លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀប‌ចំ​កែប​លា ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ូអាប់។ ២២ ពេល​នោះ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវទូត*​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​លោក ដើម្បី​ជំទាស់​នឹង​លោក។ លោក​បាឡាម​ជិះ​លា​ញី​របស់​លោក ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។ ២៣ លា​ញី​បាន​ឃើញ​ទេវទូត​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។ ២៤ ទេវទូត​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ដែល​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។ ២៥ លា​ញី​ឃើញ​ទេវទូត​របស់​ព្រះ‌អម្ចាស់ វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​ឲ្យ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង។ លោក​បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។ ២៦ ទេវទូត​របស់​ព្រះ‌អម្ចាស់​ទៅ​ឆ្ងាយ​បន្តិច ត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។ ២៧ លា​ឃើញ​ទេវទូត​របស់​ព្រះ‌អម្ចាស់ វា​ក៏​ក្រាប​ចុះ ធ្វើ​ឲ្យ​លោក​បាឡាម​ខឹង​ជា​ខ្លាំង ហើយ​យក​ដំបង​វាយ​លា។ ២៨ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​លា​ញី​និយាយ​បាន វា​និយាយ​ទៅ​លោក​បាឡាម​ថា៖ «តើ​ខ្ញុំ​ធ្វើ​អ្វី​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»។ ២៩ លោក​បាឡាម​តប​ទៅ​លា​ញី​ថា៖ «មក​ពី​ឯង​មិន​ព្រម​ធ្វើ​តាម​អញ! ប្រសិន​បើ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​ភ្លាម!»។ ៣០ លា​ញី​តប​ថា៖ «ខ្ញុំ​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះ​គ្រប់​ពេល​វេលា រហូត​មក​ទល់​ថ្ងៃ​នេះ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ លោក​បាឡាម​តប​ថា «ទេ!»។
៣១ ពេល​នោះ ព្រះ‌អម្ចាស់​បំភ្លឺ​ឲ្យ​លោក​បាឡាម​មើល​ឃើញ​ទេវទូត​របស់​ព្រះ‌អម្ចាស់​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ លោក​ក៏​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ ៣២ ទេវទូត​របស់​ព្រះ‌អម្ចាស់​ពោល​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​លោក ដ្បិត​ផ្លូវ​ដែល​លោក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។ ៣៣ លា​ញី​បាន​ឃើញ​ខ្ញុំ វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​ឲ្យ​វា»។ ៣៤ លោក​បាឡាម​ពោល​ទៅ​កាន់​ទេវទូត​របស់​ព្រះ‌អម្ចាស់​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ប្របាទ​ពុំ​ដឹង​ថា លោក​ម្ចាស់​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ប្របាទ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ទេ នោះ​ខ្ញុំ​ប្របាទ​បក​ក្រោយ​វិញ»។ ៣៥ ទេវទូត​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែ​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។
៣៦ ព្រះ‌បាទ​បាឡាក់​ជ្រាប​ថា​លោក​បាឡាម​មក​ដល់ ស្តេច​ក៏​យាង​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អារណូន ក្បែរ​ជាយ​ដែន។ ៣៧ ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បាឡាម​ថា៖ «យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​មក​ជួប​យើង តើ​លោក​ស្មាន​ថា​យើង​មិន​អាច​លើក​កិត្តិ‌យស​លោក​ឬ?»។ ៣៨ លោក​បាឡាម​ទូល​ស្តេច​ថា៖ «ឥឡូវ​នេះ ទូល‌បង្គំ​មក​គាល់​ព្រះ‌ករុណា​ហើយ។ ប៉ុន្តែ ទូល‌បង្គំ​ពុំ​អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​ទូល‌បង្គំ​ថ្លែង​នោះ​ឡើយ»។ ៣៩ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ព្រះ‌បាទ​បាឡាក់ រហូត​ដល់​ក្រុង​គៀរីយ៉ាត-ហ៊ូសូត។ ៤០ ព្រះ‌បាទ​បាឡាក់​បាន​យក​គោ និង​ចៀម ធ្វើ​យញ្ញ‌បូជា ហើយ​ជូន​សាច់​ខ្លះ​ទៅ​លោក​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​លោក។
លោក​បាឡាម​ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល
៤១ លុះ​ព្រឹក​ឡើង ព្រះ‌បាទ​បាឡាក់​បាន​នាំ​លោក​បាឡាម​ឡើង​ទៅ​បាម៉ុត-‌បាល។ នៅ​កន្លែង​នោះ លោក​អាច​មើល​ឃើញ​ប្រជាជន​អ៊ីស្រា‌អែល​មួយ​ចំនួន។
២៣
លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ​ពីរ​នៅ​ទី​នេះ ហើយ​រៀប‌ចំ​គោ​បា​ប្រាំ​ពីរ និង​ចៀម​ឈ្មោល​ប្រាំ​ពីរ ឲ្យ​ទូល‌បង្គំ​ផង»។  ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។  លោក​បាឡាម​ទូល​ស្តេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូល‌បង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ព្រះ‌អម្ចាស់​ប្រហែល​យាង​មក​ជួប​ទូល‌បង្គំ។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​យ៉ាង​ណាៗ​នោះ ទូល‌បង្គំ​នឹង​នាំ​យក​មក​ទូល​ថ្វាយ​ព្រះ‌ករុណា»។ លោក​បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។  ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម លោក​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ទូល‌បង្គំ​បាន​ដំឡើង​អាសនៈ​ប្រាំ​ពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ទូល‌បង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។  ព្រះ‌អម្ចាស់​ក៏​ប្រាប់​លោក​បាឡាម​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។  លោក​បាឡាម​ក៏​វិល​ទៅ​ជួបព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន​ជាតិ​ម៉ូអាប់​ឈរ​ជា​មួយ​ផង។
 លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖
«ព្រះ‌បាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អា‌រ៉ាម
ស្តេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា:
ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប!
ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល!
 តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែល
ព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត!
តើ​ឲ្យ​ខ្ញុំ​ប្រទេច‌ផ្តាសា​អ្នក​ដែល
ព្រះ‌អម្ចាស់​មិន​ប្រទេច‌ផ្តាសា​ដូច​ម្ដេច​បាន!
 ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេ
ពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយ‌គន់​មើល​ពួក​គេ
ប្រជាជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃ
ពួក​គេ​ដឹង​ខ្លួន​ថា
ពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។
១០ តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុប
ដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី
តើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រា‌អែល
ដ៏​ច្រើន​ឥត​គណនា​បាន?
ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះ
សូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។
១១ ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។
១២ លោក​បាឡាម​ទូល​ស្តេច​ថា៖ «ទូល‌បង្គំ​ត្រូវ​ថ្លែង​តែ​សេចក្ដី​ណា ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​ថ្លែង​ប៉ុណ្ណោះ!»។ ១៣ ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ថា៖ «ដូច្នេះ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ លោក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។
លោក​បាឡាម​ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី
១៤ ស្តេច​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីស្កា។ នៅ​ទី​នោះ ស្តេច​សង់​អាសនៈ​ប្រាំ​ពីរ នៅ​លើ​អាសនៈ​នីមួយៗ ស្តេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។ ១៥ លោក​បាឡាម​ទូល​ស្តេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ទូល‌បង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់»។
១៦ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​បាឡាម ព្រះ‌អង្គ​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។ ១៧ លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន​ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ព្រះ‌បាទ​បាឡាក់​សួរ​លោក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»។
១៨ លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖
បពិត្រ​ព្រះ‌រាជា​បាឡាក់
សូម​ប្រុង‌ប្រៀប​ព្រះ‌សណ្ដាប់!
បពិត្រ​ព្រះ‌រាជ​បុត្រ​របស់​ព្រះ‌បាទ​ស៊ីបពរ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់!
១៩ ព្រះ‌ជាម្ចាស់​មិន‌មែន​ដូច​មនុស្ស​លោក​ទេ
ព្រះ‌អង្គ​មិន​ចេះ​កុហក​ឡើយ
ព្រះ‌អង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់
ដូច​ពូជ‌ពង្ស​របស់​លោក​អដាំ​ដែរ!
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា
ព្រះ‌អង្គ​នឹង​ធ្វើ​តាម​យ៉ាង​នោះ។
ព្រះ‌អង្គ​តែង‌តែ​សម្រេច​តាម​ព្រះ‌បន្ទូល
ដែល​ព្រះ‌អង្គ​បាន​ថ្លែង។
២០ ទូល‌បង្គំ​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ពរ​ប្រជាជន​នេះ
បើ​ព្រះ‌ជាម្ចាស់​ឲ្យ​ពរ
នោះ​ទូល‌បង្គំ​មិន​អាច​ផ្លាស់​ប្ដូរ​ទេ។
២១ គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់
កូន​ចៅ​លោក​យ៉ាកុប​ឡើយ
ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់
កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។
ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ
គង់​នៅ​ជា​មួយ​ពួក​គេ
ពួក​គេ​ប្រកាស​ថា
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​របស់​ពួក​គេ។
២២ ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក‌ចេញ
ពី​ស្រុក​អេស៊ីប
ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។
២៣ មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកុប​បាន​ទេ
អំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រា‌អែល​ដែរ។
នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យ
ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ចំពោះ​យ៉ាកុប
និង​អ៊ីស្រា‌អែល។
២៤ មើល​ចុះ ប្រជាជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញី
ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល
ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា
ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ
វា​មិន​ដេក​វិញ​ឡើយ។
២៥ ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ប្រសិន​បើ​លោក​មិន​ដាក់​បណ្ដាសា​ពួក​គេ​ទេ​នោះ ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។ ២៦ លោក​បាឡាម​តប​ថា៖ «ទូល‌បង្គំ​បាន​ទូល​ព្រះ‌ករុណា​រួច​ហើយ​ថា ទូល‌បង្គំ​នឹង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។
លោក​បាឡាម​ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​លើក​ទី​បី
២៧ ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះ‌ជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​លោក​ដាក់​បណ្ដាសា​ពួក​គេ»។ ២៨ ព្រះ‌បាទ​បាឡាក់​នាំ​លោក​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោ‌ស្ថាន។ ២៩ លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ​ពីរ​នៅ​ទី​នេះ ហើយ​រៀប‌ចំ​គោ​បា​ប្រាំ​ពីរ និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​ឲ្យ​ទូល‌បង្គំ​ផង»។ ៣០ ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម ហើយ​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​អាសនៈ​នីមួយៗ។
២៤
 លោក​បាឡាម​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ប្រទាន​ពរ​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះ‌ជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។  លោក​សម្លឹង​មើល​ទៅ ឃើញ​ជន​ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម  លោក​ថ្លែង​ដូច​ត​ទៅ៖
«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ
នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់
 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល
របស់​ព្រះ‌ជាម្ចាស់
អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ
ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
អ្នក​ដែល​ស្លុង​ស្មារតី
ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។
 កូន​ចៅ​យ៉ាកុប​អើយ
ពន្លា​របស់​អ្នក​ស្អាត​ណាស់!
កូន​ចៅ​អ៊ីស្រា‌អែល​អើយ
ទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ!
 គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ
ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ
ដូច​ដើម​ក្រឹស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំ
ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។
 ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌
គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់
ព្រោះ​សម្បូរ​ទឹក
ស្តេច​របស់​គេ​នឹង​មាន​ជ័យ‌ជម្នះ​លើ​ស្តេច​អកាក់
នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។
 ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប
ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។
ពួក​គេ​កម្ទេច​ប្រជា‌ជាតិ​នានា​ដែល​ជា​បច្ចា‌មិត្ត
ហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារ
អ្នក​ទាំង​នោះ​ទៀត​ផង។
 ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ
តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ?
អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែល
អ្នក​នោះ​នឹង​ទទួល​ពរ
អ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែល
អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។
១០ ពេល​នោះ ព្រះ‌បាទ​បាឡាក់​ក្រេវ‌ក្រោធ​ទាស់​នឹង​លោក​បាឡាម ស្តេច​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗ ទាំង​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។ ១១ ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្តល់​កិត្តិ‌យស​ឲ្យ​លោក តែ​ព្រះ‌អម្ចាស់​រា‌រាំង​លោក​មិន​ឲ្យ​ទទួល​កិត្តិ‌យស​នេះ​ទេ!»។ ១២ លោក​បាឡាម​ទូល​ស្តេច​វិញ​ថា៖ «ទូល‌បង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូល‌បង្គំ​រួច​ហើយ​ថា ១៣ “ទោះ‌បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្តី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ”។ ១៤ ឥឡូវ​នេះ មុន​ពេល​ទូល‌បង្គំ​វិល​ទៅ​ជួប‌ជុំ​នឹង​ប្រជាជន​របស់​ទូល‌បង្គំ​វិញ សូម​ព្រះ‌អង្គ​យាង​មក​ជិត​ទូល‌បង្គំ ដើម្បី​ទូល‌បង្គំ​ទូល ថ្វាយ​អំពី​ការ​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។
១៥ លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖
«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ
នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់
១៦ នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល
របស់​ព្រះ‌ជាម្ចាស់
អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ
ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
អ្នក​ដែល​ស្លុង​ស្មារតី
ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។
១៧ ខ្ញុំ​ឃើញ​ស្តេច​មួយ​អង្គ
តែ​មិន‌មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ
ខ្ញុំ​សម្លឹង​មើល​ស្តេច​នោះ
តែ​មិន‌មែន​នៅ​ជិត​ទេ។
មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប
មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែល
ស្តេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់
ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។
១៨ ស្តេច​នឹង​កាន់​កាប់​ស្រុក​អេដុម
នឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវ
ពេល​នោះ អ៊ីស្រា‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។
១៩ ស្តេច​ដែល​ចេញ​ពី​យ៉ាកុប​នឹង​គ្រង​រាជ្យ
ជា​ក្សត្រា‌ធិរាជ។
ព្រះ‌អង្គ​នឹង​កម្ទេច​អស់​អ្នក​ដែល​នៅ​សេស‌សល់
ក្នុង​ទីក្រុង»។
២០ ពេល​ឃើញ​ជន​ជាតិ​អាម៉ា‌ឡេក
លោក​បាឡាម​ថ្លែង​ថា៖
«អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែន
ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។
២១ ពេល​ឃើញ​ជន​ជាតិ​គីនី
លោក​ថ្លែង​ថា៖
«អ្នក​មាន​ទី​លំ‌នៅ​ដ៏​រឹង‌មាំ
ដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្ម‌ដា។
២២ ក៏​ប៉ុន្តែ គេនី​នឹង​ត្រូវ​ភ្លើង​ឆាប‌ឆេះ
អាស្សួរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។
២៣ លោក​ថ្លែង​ទៀត​ថា៖
«ពេល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស
តើ​នរណា​អាច​រស់​រាន​បាន!
២៤ មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម
ពួក​គេ​នឹង​បង្ក្រាប​អាស្សួរ និង​ហេប៊ែរ
ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។
២៥ លោក​បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះ‌បាទ​បាឡាក់​ក៏​ចាក‌ចេញ​ទៅ​ដែរ។
២៥
ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់
 ជន​ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​ស៊ីទីម ហើយ​នៅ​ទី​នោះ ប្រជាជន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក‌ទាប​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់។  ស្ត្រី​ទាំង​នោះ​បបួល​ប្រជាជន​ឲ្យ​ទៅ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។  ប្រជាជន​អ៊ីស្រា‌អែល​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល‌ពេអ៊រ ជា​ហេតុ​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ទាស់​នឹង​ពួក​គេ។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ហើយ​ព្យួរ​ក​ពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ពង្វាង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល»។  លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចៅ‌ក្រម​នៃ​ជន​អ៊ីស្រា‌អែល​ថា៖ «ចូរ​ប្រហារ​ជីវិត​ពួក​អ្នក​ដែល​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល‌ពេអ៊រ​ទៅ!»។
 ពេល​នោះ មាន​បុរស​ម្នាក់​ជា​ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌីយ៉ាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។  ឃើញ​ដូច្នេះ លោក​ភីនេ‌អាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អរ៉ុន ក៏​ក្រោក​ឡើង​នៅ​ចំពោះ​មុខ​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃ។  គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ពន្លា​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល ក៏​ស្ងប់​ទៅ​វិញ។  គ្រោះ​កាច​នេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ទាំង​អស់​ពីរ‌ម៉ឺន​បួន‌ពាន់​នាក់។
១០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១១ «ភីនេ‌អាស ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​បូជា‌ចារ្យ​អរ៉ុន បាន​សម្ដែង​ចិត្ត​ឈឺ​ចាប់​ជំនួស​យើង នៅ​ពេល​ឃើញ​អ៊ីស្រា‌អែល​ក្បត់​ចិត្ត​យើង។ ទោះ‌បី​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​អ៊ីស្រា‌អែល​ក្បត់​ចិត្ត​យើង​ក្តី ក៏​យើង​ពុំ​បាន​ប្រល័យ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ដែរ ព្រោះ​ភីនេ‌អាស​បាន​ពង្វាង​កំហឹង​របស់​យើង​ចេញ​ពី​ពួក​គេ។ ១២ ហេតុ​នេះ ចូរ​ប្រាប់​ភីនេ‌អាស​ថា យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ គឺ​សម្ពន្ធ‌មេត្រី​ដែល​ផ្តល់​សន្តិ‌ភាព។ ១៣ តាម‌រយៈ​សម្ពន្ធ‌មេត្រី​នេះ យើង​តែង‌តាំង​ភីនេ‌អាស និង​ពូជ‌ពង្ស​របស់​គេ ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ ព្រោះ​ភីនេ‌អាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​រួច​ពី​បាប​ផង»។
១៤ បុរស​អ៊ីស្រា‌អែល ដែល​លោក​ភីនេ‌អាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌីយ៉ាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម៉ូន។ ១៥ រីឯ​ស្ត្រី​សាសន៍​ម៉ាឌីយ៉ាន ដែល​ត្រូវ​លោក​ភីនេ‌អាស​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ី ជា​កូន​របស់​លោក​សួរ ដែល​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​មួយ​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន។
១៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៧ «ចូរ​ចាត់​ទុក​ជន​ជាតិ​ម៉ាឌីយ៉ាន​ជា​បច្ចា‌មិត្ត ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ ១៨ ដ្បិត​ពួក​គេ​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ក្នុង​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នៅ​ពេអ៊រ និង​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​ម៉ាឌីយ៉ាន ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​កាច​នៅ​ពេអ៊រ​នោះ»។
២៦
ការ​ជំរឿន​ប្រជាជន​លើក​ទី​ពីរ
១៩ បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អរ៉ុន​ថា៖  «ចូរ​ជំរឿន​ប្រជាជន​ក្នុង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​អាច​បម្រើ​កង‌ទ័ព​បាន​»។  លោក​ម៉ូសេ និង​លោក​អេឡាសារ ក៏​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ  ឲ្យ​ជំរឿន​ប្រជាជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​ចាក‌ចេញ​មក​ពី​ស្រុក​អេស៊ីប មាន​ដូច​ត​ទៅ៖
 កុល‌សម្ព័ន្ធ​រូបេន: កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល​មាន: អំបូរ​ហេណុក ជា​ពូជ‌ពង្ស​របស់​លោក​ហេណុក អំបូរ​ប៉ាលូ​ជា​ពូជ‌ពង្ស​របស់​លោក​ប៉ាលូ  អំបូរ​ហេស្រូន​ជា​ពូជ‌ពង្ស​របស់​លោក​ហេស្រូន អំបូរ​ការមី​ជា​ពូជ‌ពង្ស​របស់​លោក​ការមី។  អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​រូបេន មាន​ចំនួន​ទាំង​អស់ ៤៣៧៣០ នាក់។  កូន​របស់​លោក​ប៉ាលូ គឺ​អេលីយ៉ាប  កូន​របស់​លោក​អេលីយ៉ាប គឺ​នេមូ‌អែល ដាតាន និង​អប៊ី‌រ៉ាម។ លោក​ដាតាន និង​លោក​អប៊ី‌រ៉ាម ជា​តំណាង​របស់​ប្រជាជន ហើយ​ចូល​ដៃ​ជា​មួយ​បក្ស‌ពួក​របស់​លោក​កូរេ លើក​គ្នា​ប្រឆាំង​លោក​ម៉ូសេ និង​លោក​អរ៉ុន នៅ​គ្រា​ដែល​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់១០ ពេល​នោះ ផែន‌ដី​បាន​បើក​ចំហ ហើយ​ស្រូប​ពួក​គេ​ជា​មួយ​លោក​កូរេ និង​បក្ស‌ពួក ព្រម​ទាំង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ​អស់​ពីរ‌រយ​ហា‌សិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជាជន។ ១១ ចំណែក​ឯ​កូន​ចៅ​របស់​លោក​កូរេ​ពុំ​បាន​ស្លាប់​ទេ។
១២ កូន​ចៅ​របស់​លោក​ស៊ីម៉ូន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​នេមូអែល​ជា​ពូជ‌ពង្ស​របស់​លោក​នេមូអែល អំបូរ​យ៉ាមីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាមីន អំបូរ​យ៉ាគីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាគីន ១៣ អំបូរ​សេរ៉ា​ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉ា អំបូរ​សាអ៊ូល​ជា​ពូជ‌ពង្ស​របស់​លោក​សាអ៊ូល។ ១៤ អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ស៊ីម៉ូន មាន​ចំនួន​ទាំង​អស់ ២២២០០ នាក់។
១៥ កូន​ចៅ​របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេផូន​ជា​ពូជ‌ពង្ស​របស់​លោក​សេផូន អំបូរ​ហាគី​ជា​ពូជ‌ពង្ស​របស់​លោក​ហាគី អំបូរ​ស៊ូនី​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូនី ១៦ អំបូរ​អូសនី​ជា​ពូជ‌ពង្ស​របស់​លោក​អូសនី អំបូរ​អេរី​ជា​ពូជ‌ពង្ស​របស់​លោក​អេរី។ ១៧ អំបូរ​អរ៉ូដ​ជា​ពូជ‌ពង្ស​របស់​លោក​អរ៉ូដ អំបូរ​អរេ‌លី​ជា​ពូជ‌ពង្ស​របស់​លោក​អរេ‌លី។ ១៨ អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​កាដ ដែល​គេ​ជំរឿន​បាន ៤០ ៥០០ នាក់។
១៩ កូន​របស់​លោក​យូដា​មាន​អ៊ែរ និង​អូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។ ២០ កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេឡា​ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស​ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេរ៉ា​ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉ា។ ២១ កូន​ចៅ​របស់​ពេរេស គឺ​អំបូរ​ហេស្រូន​ជា​ពូជ‌ពង្ស​របស់​លោក​ហេស្រូន អំបូរ​ហាមូល​ជា​ពូជ‌ពង្ស​របស់​លោក​ហាមូល។ ២២ អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​យូដា ដែល​គេ​ជំរឿន​បាន ៧៦៥០០ នាក់។
២៣ កូន​ចៅ​របស់​លោក​អ៊ីសាកា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​តូឡា​ជា​ពូជ‌ពង្ស​របស់​លោក​តូឡា អំបូរ​ពូវ៉ា​ជា​ពូជ‌ពង្ស​របស់​លោក​ពូវ៉ា ២៤ អំបូរ​យ៉ាស៊ូប​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាស៊ូប អំបូរ​ស៊ីមរ៉ូន​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីមរ៉ូន។ ២៥ អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អ៊ីសាកា ដែល​គេ​ជំរឿន​បាន ៦៤៣០០ នាក់។
២៦ កូន​ចៅ​របស់​លោក​សាប៊ូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេរ៉េដ​ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉េដ អំបូរ​អេឡូន​ជា​ពូជ‌ពង្ស​របស់​លោក​អេឡូន អំបូរ​យ៉ាហែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាហែល។ ២៧ អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន ដែល​គេ​ជំរឿន​បាន ៦០ ៥០០ នាក់។
២៨ កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណាសេ និង​អេប្រា‌អ៊ីម។
២៩ កូន​ចៅ​របស់​លោក​ម៉ាណាសេ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ម៉ាកៀរ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ។ កូន​របស់​លោក​ម៉ាកៀរ គឺ​លោក​កាឡាដ ដែល​ជា​បុព្វ‌បុរស​របស់​អំបូរ​កាឡាដ។ ៣០ កូន​ចៅ​របស់​លោក​កាឡាដ​មាន: អំបូរ​យ៉េស៊ែរ​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាស៊ែរ អំបូរ​ហេឡេក​ជា​ពូជ‌ពង្ស​របស់​លោក​ហេឡេក ៣១ អំបូរ​អាស់រីអែល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌រាល អំបូរ​ស៊ីគែម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីគែម ៣២ អំបូរ​សេមីដា​ជា​ពូជ‌ពង្ស​របស់​លោក​សេមីដា អំបូរ​ហេភែរ​ជា​ពូជ‌ពង្ស​របស់​លោក​ហេភែរ។ ៣៣ លោក​សេឡូផាត​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហេភែរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​របស់​លោក​សេឡូផាត​មាន: ម៉ាឡា ណូអា ហូក្លា មីលកា និង​ទៀរសា។ ៣៤ អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​គេ​ជំរឿន​បាន ៥២៧០០ នាក់។
៣៥ កូន​ចៅ​របស់​លោក​អេប្រា‌អ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ស៊ូតេឡា​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូតេឡា អំបូរ​បេគ៊ែរ​ជា​ពូជ‌ពង្ស​របស់​លោក​បេគែរ អំបូរ​តាហាន​ជា​ពូជ‌ពង្ស​របស់​លោក​តាហាន។ ៣៦ កូន​ចៅ​របស់​លោក​ស៊ូតេឡា​មាន: អំបូរ​អេរ៉ាន​ជា​ពូជ‌ពង្ស​របស់​លោក​អេរ៉ាន។ ៣៧ អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម ដែល​គេ​ជំរឿន​បាន ៣២៥០០ នាក់។
៣៨ កូន​ចៅ​របស់​លោក​បេន‌យ៉ា‌មីន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​បេឡា​ជា​ពូជ‌ពង្ស​របស់​លោក​បេឡា អំបូរ​អាស‌បែល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌បែល អំបូរ​អហ៊ី‌រ៉ាម​ជា​ពូជ‌ពង្ស​របស់​លោក​អហ៊ី‌រ៉ាម។ ៣៩ អំបូរ​ស៊ូឡាម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូឡាម អំបូរ​ហ៊ូផាម​ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូផាម។ ៤០ កូន​ចៅ​របស់​លោក​បេឡា​មាន​លោក​អាដ និង​ណាម៉ាន។ អំបូរ​អាដ​ជា​ពូជ‌ពង្ស​របស់​លោក​អាដ អំបូរ​ណាម៉ាន​ជា​ពូជ‌ពង្ស​របស់​លោក​ណាម៉ាន។ ៤១ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥៦០០ នាក់។
៤២ កូន​ចៅ​របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ស៊ូហាំ​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូហាំ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ។ ៤៣ សរុប​អំបូរ​កូន​ចៅ​របស់​លោក​ស៊ូហាំ ដែល​គេ​ជំរឿន​បាន​មាន​ចំនួន ៦៤៤០០ នាក់។
៤៤ កូន​ចៅ​របស់​លោក​អស៊ែរ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យីមណា​ជា​ពូជ‌ពង្ស​របស់​លោក​យីមណា អំបូរ​យីសវី​ជា​ពូជ‌ពង្ស​របស់​លោក​យីសវី អំបូរ​បេរីយ៉ា​ជា​ពូជ‌ពង្ស​របស់​លោក​បេរីយ៉ា។ ៤៥ កូន​ចៅ​របស់​លោក​បេរីយ៉ា​មាន​អំបូរ​ហេប៊ែរ ជា​ពូជ‌ពង្ស​របស់​លោក​ហេប៊ែរ អំបូរ​ម៉ាល់‌គី‌អែល​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាល់‌គី‌អែល។ ៤៦ កូន​ស្រី​របស់​លោក​អស៊ែរ​គឺ​នាង​សេរ៉ា។ ៤៧ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​អស៊ែរ តាម​អំបូរ​របស់​ពួក​គេ ដែល​គេ​ជំរឿន​បាន ៥៣៤០០ នាក់។
៤៨ កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យ៉ាសេ‌អែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាសេ‌អែល អំបូរ​គូនី​ជា​ពូជ‌ពង្ស​របស់​លោក​គូនី ៤៩ អំបូរ​យ៉ាស៊ែរ​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាស៊ែរ អំបូរ​ស៊ីឡែម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីឡែម។ ៥០ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥៤០០ នាក់។
៥១ ចំនួន​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​គេ​បាន​ជំរឿន មាន​ទាំង​អស់ ៦០១៧៣០ នាក់។
៥២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ៥៣ «ត្រូវ​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទុក​ជា​កេរ‌មត៌ក តាម​ចំនួន​របស់​ពួក​គេ ៥៤ គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​ឲ្យ​តិច។ ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ តាម​ចំនួន​ដែល​បាន​ជំរឿន។ ៥៥ ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត គឺ​កុល‌សម្ព័ន្ធ​នីមួយៗ​នឹង​ទទួល​ទឹក​ដី តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។ ៥៦ ទឹក​ដី​នេះ​នឹង​ត្រូវ​ចែក​ឲ្យ​ពួក​គេ តាម​ចំនួន​តិច ឬ​ច្រើន ដោយ​ការ​ចាប់​ឆ្នោត»។
៥៧ ចំណែក​ឯ​ពួក​លេវី​ដែល​បាន​ជំរឿន តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: អំបូរ​គែរសូន​ជា​ពូជ‌ពង្ស​របស់​លោក​គែរសូន អំបូរ​គើហាត់​ជា​ពូជ‌ពង្ស​របស់​លោក​គើហាត់ និង​អំបូរ​មេរ៉ារី​ជា​ពូជ‌ពង្ស​របស់​លោក​មេរ៉ារី។ ៥៨ រីឯ​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​លេវី​មាន​អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាលី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​គើហាត់​ត្រូវ​ជា​ឪពុក​របស់​លោក​អាំរ៉ាម។ ៥៩ ភរិយា​របស់​លោក​អាំរ៉ាម​ឈ្មោះ​នាង​យ៉ូកេ‌បិត ជា​កូន​របស់​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អរ៉ុន លោក​ម៉ូសេ និង​នាង​មៀរីយ៉ាម ជា​បង​ស្រី​របស់​លោក។ ៦០ លោក​អរ៉ុន​បង្កើត​បាន​លោក​ណាដាប់ លោក​អប៊ី‌ហ៊ូ លោក​អេឡាសារ និង​លោក​អ៊ីតា‌ម៉ារ។ ៦១ លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូ បាន​ស្លាប់ នៅ​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់៦២ ចំនួន​ពួក​លេវី​ដែល​គេ​បាន​ជំរឿន គិត​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន ២៣ ០០០ នាក់។ គេ​ពុំ​បាន​រាប់​ពួក​លេវី​បញ្ចូល​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​ពួក​គេ​ពុំ​ត្រូវ​ទទួល​ចំណែក​ទឹក​ដី​ជា​កេរ‌មត៌ក ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ។
៦៣ នេះ​ជា​ចំនួន​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ជំរឿន នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ ៦៤ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​នេះ គ្មាន​នៅ​សល់​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អរ៉ុន បាន​ជំរឿន​លើក​មុន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ឡើយ ៦៥ ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ទាំង​អស់​គ្នា លើក‌លែង​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។
២៧
ច្បាប់​អំពី​កេរ‌មត៌ក​សម្រាប់​កូន​ស្រី
 ពេល​នោះ កូន​ស្រី​របស់​លោក​សេឡូផាត ជា​ចៅ​របស់​លោក​ហេភែរ ជា​ចៅ‌ទួត​របស់​លោក​កាឡាដ ក្នុង​អំបូរ​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម៉ាឡា ណូអា ហូក្លា មីលកា និង​ទៀរសា។  ពួក​នាង​ចូល​មក​ជួប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​នាង​ពោល​ថា៖  «ឪពុក​យើង​ខ្ញុំ​បាន​ទទួល​មរណ‌ភាព​នៅ​វាល​រហោ‌ស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស‌ពួក​របស់​លោក​កូរេ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់។ ឪពុក​របស់​យើង​ខ្ញុំ​គ្មាន​កូន​ប្រុស​ទេ។  មិន​គួរ​ឲ្យ​ឈ្មោះ​របស់​ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង‌ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។
 លោក​ម៉ូសេ​នាំ​រឿង​ហេតុ​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌អម្ចាស់។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «កូន​ស្រី​របស់​សេឡូផាត​និយាយ​ត្រូវ​មែន។ ចូរ​ប្រគល់​ទឹក​ដី​មួយ​ចំណែក ក្នុង​ចំណោម​បង‌ប្អូន​របស់​ឪពុក​ពួក​នាង ឲ្យ​ពួក​នាង គឺ​ចំណែក​មត៌ក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​បាន​ទៅ​លើ​ពួក​នាង។  អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ចូរ​ប្រគល់​កេរ‌មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។  ប្រសិន​បើ​គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បង‌ប្អូន​របស់​គាត់។ ១០ ប្រសិន​បើ​គាត់​គ្មាន​បង‌ប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បង‌ប្អូន​ឪពុក​គាត់។ ១១ ប្រសិន​បើ​ឪពុក​របស់​គាត់​គ្មាន​បង‌ប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​នោះ​ទៅ​ឲ្យ​សាច់‌ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេ ក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល‌មត៌ក​នេះ”»។ ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​អនុវត្ត​តាម​គោល‌ការណ៍​នេះ​ទុក​ជា​ច្បាប់ ស្រប​នឹង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
លោក​យ៉ូស៊ូអា​ទទួល​មុខ‌ងារ​ជំនួស​លោក​ម៉ូសេ
១២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៣ អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អរ៉ុន​ជា​បង​របស់​អ្នក​ដែរ ១៤ ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ‌បោរ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជាជន​បះ‌បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជាជន​បាន​បះ‌បោរ​អំពី​រឿង​ទឹក​នេះ​នៅ​កាដែស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។
១៥ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ ១៦ «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​ផង។ ១៧ អ្នក​នោះ​នឹង​នាំ​មុខ​ប្រជាជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អម្ចាស់​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។
១៨ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស៊ូអា ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។ ១៩ ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង‌តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។ ២០ ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ឮ​ផង។ ២១ យ៉ូស៊ូអា​ត្រូវ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​អ៊ូរីម* ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក យ៉ូស៊ូអា និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។ ២២ លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ លោក​នាំ​លោក​យ៉ូស៊ូអា​មក​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល។ ២៣ លោក​ដាក់​ដៃ​លើ​លោក​យ៉ូស៊ូអា ដើម្បី​ប្រគល់​តំណែង​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
២៨
យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​តង្វាយ និង​អាហារ​សម្រាប់​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​បាន​តាម​ពេល​កំណត់ គឺ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។
 រៀង‌រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ តង្វាយ​ដុត​ទាំង​មូល​នេះ​ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា‌និច្ច​និរន្តរ៍​ត​រៀង​ទៅ។  ចូរ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។  ត្រូវ​យក​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​ផង។  នេះ​ជា​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍​ដែល​គេ​ថ្វាយ​នៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។  ត្រូវ​យក​ស្រា​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ ចូរ​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ទី​សក្ការៈ។  ចូរ​ថ្វាយ​កូន​ចៀម​ទី​ពីរ​នៅ​ពេល​ល្ងាច ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា ដូច​នៅ​ពេល​ព្រឹក​ដែរ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់»។
យញ្ញ‌បូជា​នៅ​ថ្ងៃ​សប្ប័ទ
«នៅ​ថ្ងៃ​សប្ប័ទ* អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង និង​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច។ ១០ រាល់​ថ្ងៃ​សប្ប័ទ ចូរ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នេះ​ថែម​ពី​លើ​តង្វាយ​ដុត និង​ស្រា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ថ្ងៃ»។
យញ្ញ‌បូជា​ប្រចាំ​ខែ
១១ «នៅ​ដើម​ខែ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ​ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ ១២ គោ​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ត​ពីរ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ ១៣ កូន​ចៀម​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់១៤ រីឯ​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយ‌ជូរ​កន្លះ​ហ៊ីន* សម្រាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន​សម្រាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ ត្រូវ​ថ្វាយ​រៀង‌រាល់​ខែ។ ១៥ លើស​ពី​នេះ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ទៀត​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ​»។
យញ្ញ‌បូជា​សម្រាប់​ពិធី​បុណ្យ​ចម្លង
១៦ «នៅ​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​ទី​មួយ ជា​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ព្រះ‌អម្ចាស់១៧ ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ ជា​ថ្ងៃ​ផ្តើម​បុណ្យ។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១៨ នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ ១៩ ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ​ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ ២០ ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង សម្រាប់​គោ​មួយ ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល​មួយ ២១ មួយ​ភាគ​ដប់​នៃ​អេផា​សម្រាប់​កូន​ចៀម​មួយ។ ២២ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ ២៣ ត្រូវ​ថ្វាយ​សត្វ​ទាំង​នេះ​ជា​យញ្ញ‌បូជា​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នៅ​ពេល​ព្រឹក។ ២៤ រៀង‌រាល់​ថ្ងៃ ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ចូរ​យក​អាហារ​ទាំង​នោះ​មក​ដុត ថ្វាយ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។ ២៥ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ»។
យញ្ញ‌បូជា​សម្រាប់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប
២៦ «នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ជា​ថ្ងៃ​អ្នក​រាល់​គ្នា​យក​ស្រូវ​ទើប​នឹង​ច្រូត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ ២៧ ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ​ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់២៨ ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នីមួយៗ ២៩ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល និង​មួយ​ភាគ​ដប់​នៃ​អេផា​សម្រាប់​កូន​ចៀម​នីមួយៗ​ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ​ពីរ។ ៣០ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ ៣១ ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ទាំង​នេះ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ធ្វើ​ពិធី​ច្រួច​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ដែល​ត្រូវ​ថ្វាយ​ជា​មួយ។ ត្រូវ​យក​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ»។
២៩
យញ្ញ‌បូជា​សម្រាប់​ថ្ងៃ​បុណ្យ​ជយ‌ឃោសន៍
 «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ​ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ជយ‌ឃោសន៍។  ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ​ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។  ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ត​លាយ​នឹង​ប្រេង​ចំនួន​បី​ភាគ​ដប់​នៃ​អេផា​សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល  និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ​ពីរ។  ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា  ថែម​ពី​លើ​តង្វាយ​ដុត​ប្រចាំ​ខែ និង​តង្វាយ​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់»។
យញ្ញ‌បូជា​សម្រាប់​ថ្ងៃ​បុណ្យ​រំដោះ​បាប
 «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ​ពីរ​នេះ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។  ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ​ពីរ មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។  ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល ១០ និង​មួយ​ភាគ​ដប់​នៃ​អេផា​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ​ពីរ។ ១១ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។
យញ្ញ‌បូជា​សម្រាប់​បុណ្យ​បារាំ
១២ «នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ​ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ គឺ​ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១៣ ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ចំនួន​ដប់‌បួន មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់១៤ ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នីមួយៗ ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល​នីមួយៗ ក្នុង​ចំណោម​ចៀម​ឈ្មោល​ទាំង​ពីរ ១៥ និង​មួយ​ភាគ​ដប់​នៃ​អេផា​សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ដប់‌បួន។ ១៦ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
១៧ នៅ​ថ្ងៃ​ទី​ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់‌ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន ១៨ មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ ១៩ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
២០ នៅ​ថ្ងៃ​ទី​បី ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​មួយ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន ២១ មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ ២២ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
២៣ នៅ​ថ្ងៃ​ទី​បួន ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន ២៤ មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ ២៥ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
២៦ នៅ​ថ្ងៃ​ទី​ប្រាំ​ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បួន ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន ២៧ មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ ២៨ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ថ្វាយ​ជា​មួយ។
២៩ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន ៣០ មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ ៣១ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
៣២ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន ៣៣ មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ ៣៤ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។
៣៥ នៅ​ថ្ងៃ​ទី​ប្រាំ​បី​ជា​ថ្ងៃ​បុណ្យ​ធំ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ ៣៦ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ​ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់៣៧ ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។ ៣៨ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។
៣៩ នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ស្រា ព្រម​ទាំង​យញ្ញ‌បូជា​មេត្រី‌ភាព សម្រាប់​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត»។
៣០
 លោក​ម៉ូសេ​ថ្លែង​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក ។
វិន័យ​ស្តី​អំពី​បំណន់
 (៣០.១)  លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​នានា​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​បង្គាប់​មក​ដូច​ត​ទៅ:
 (២) ពេល​អ្នក​ណា​ម្នាក់​បន់​ព្រះ‌អម្ចាស់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ អ្នក​នោះ​ត្រូវ​តែ​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន គឺ​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ។
 (៣) ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​បន់​ព្រះ‌អម្ចាស់ ឬ​សន្យា​អំពី​រឿង​អ្វី​មួយ ក្នុង​គ្រា​ដែល​នាង​នៅ​ក្មេង ហើយ​រស់​នៅ​ជា​មួយ​ឪពុក​របស់​ខ្លួន  (៤) ប្រសិន​បើ​ឪពុក​របស់​នាង​បាន​ដឹង​ពី​បំណន់​នេះ តែ​គាត់​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់។  (៥) ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ឪពុក​នាង​បាន​ដឹង ហើយ​ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នាង​នឹង​មិន​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់​នោះ​ឡើយ។
 (៦) ប្រសិន​បើ​នាង​រៀប‌ការ ក្រោយ​ពេល​នាង​បាន​បន់ និង​ជំពាក់​បំណន់​នោះ  (៧) ហើយ​នៅ​ថ្ងៃ​ដែល​ប្ដី​នាង​ដឹង តែ​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ដែល​ខ្លួន​បាន​បន់។  (៨) ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ប្ដី​នាង​បាន​ដឹង ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នោះ​គាត់​អាច​ចាត់​ទុក​បំណន់​ដែល​នាង​បាន​បន់ ជា​អសារ‌បង់ ហើយ​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ឡើយ។
១០ (៩) រីឯ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ បើ​នាង​បន់​អំពី​រឿង​អ្វី​មួយ នាង​នឹង​ជំពាក់​បំណន់​នោះ។
១១ (១០) រីឯ​ស្ត្រី​ដែល​រស់​នៅ​ជា​មួយ​ប្ដី​បន់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ ១២ (១១) ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។ ១៣ (១២) ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ដឹង ប្រសិន​បើ​គាត់​ជំទាស់ នោះ​នាង​នឹង​មិន​ជំពាក់​បំណន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ និង​ស្បថ​ឡើយ។ ដោយ​ប្ដី​ចាត់​ទុក​បំណន់ និង​សម្បថ​របស់​នាង ជា​អសារ‌បង់ ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ទេ។ ១៤ (១៣) ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អសារ‌បង់​នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។ ១៥ (១៤) នៅ​ថ្ងៃ​ដែល​ប្ដី​បាន​ឮ​ដំណឹង ប្រសិន​បើ​គាត់​នៅ​ស្ងៀម​រហូត​ដល់​ថ្ងៃ​បន្ទាប់ បាន​សេចក្ដី​ថា​គាត់​រក្សា​ទុក​គ្រប់​បំណន់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​សន្យា។ ដោយ​គាត់​នៅ​ស្ងៀម​ក្នុង​ថ្ងៃ​ដែល​គាត់​ឮ​ដំណឹង បាន​សេចក្ដី​ថា​គាត់​យល់​ស្រប។ ១៦ (១៥) មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អសារ‌បង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។
១៧ (១៦) នេះ​ជា​ច្បាប់​ដែល​ព្រះ‌អម្ចាស់​ប្រគល់​មក​លោក​ម៉ូសេ ស្តី​អំពី​ទំនាក់‌ទំនង​រវាង​ប្ដី និង​ប្រពន្ធ រវាង​ឪពុក និង​កូន​ស្រី​មិន​ទាន់​រៀប‌ការ ដែល​រស់​នៅ​ជា​មួយ​ឪពុក​នៅ​ឡើយ។
៣១
ជ័យ‌ជម្នះ​លើ​ជន​ជាតិ​ម៉ាឌីយ៉ាន
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​វាយ​ប្រហារ​ជន​ជាតិ​ម៉ាឌីយ៉ាន ដើម្បី​សង‌សឹក​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល។ បន្ទាប់​មក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ជួប‌ជុំ​ជា​មួយ​ដូន‌តា​របស់​អ្នក»។
 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀប‌ចំ​ខ្លួន​ប្រដាប់​អាវុធ ចេញ​ទៅ​វាយ​ប្រហារ​ជន​ជាតិ​ម៉ាឌីយ៉ាន ដើម្បី​សង‌សឹក​នឹង​ពួក​គេ ក្នុង​នាម​ព្រះ‌អម្ចាស់។  ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល‌ទាហាន​មួយ​ពាន់​នាក់។  ត្រូវ​ជ្រើស‌រើស​ទាហាន​មួយ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ក្នុង​កង‌ពល​អ៊ីស្រា‌អែល គឺ​កង‌ទ័ព​ទាំង​មូល មាន​ទាហាន​មួយ‌ម៉ឺន​ពីរ‌ពាន់​នាក់»។  លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង ហើយ​ចាត់​បូជា‌ចារ្យ​ភីនេ‌អាស ជា​កូន​របស់​លោក​អេឡាសារ ជា​អ្នក​កាន់​គ្រឿង​សក្ការៈ និង​ត្រែ​សម្រាប់​ផ្លុំ​ប្រកាស​សឹក ទៅ​ជា​មួយ​ដែរ។  ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន​ជាតិ​ម៉ាឌីយ៉ាន តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេ​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់។  ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្តេច​ម៉ាឌីយ៉ាន​ទាំង​ប្រាំ គឺ​ស្តេច​អេវី ស្តេច​រេគែម ស្តេច​សួរ ស្តេច​ហួរ និង​ស្តេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។  កង‌ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​យក​ស្ត្រី​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន និង​កូនៗ​របស់​គេ​មក​ជា​ឈ្លើយ​សឹក ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​តូច​ធំ និង​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទៀត​ផង។ ១០ កង‌ទ័ព​អ៊ីស្រា‌អែល​ដុត​កម្ទេច​ទី‌ក្រុង និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​ម៉ាឌីយ៉ាន។ ១១ បន្ទាប់​មក ពួក​គេ​ប្រមូល​ជ័យ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​យក​បាន ទាំង​មនុស្ស ទាំង​សត្វ ១២ ហើយ​នាំ​ឈ្លើយ​សឹក និង​ជ័យ‌ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​បាន មក​ជូន​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។
១៣ លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍ បាន​ចេញ​មក​ជួប​ពួក​គេ​នៅ​ក្រៅ​ជំរំ។ ១៤ លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេ‌ទ័ព ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង‌ពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។ ១៥ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ទុក​ជីវិត​ឲ្យ​ស្ត្រី​ទាំង​នេះ? ១៦ គឺ​ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​ធ្វើ​តាម​ពាក្យ​លោក​បាឡាម និង​ទាក់‌ទាញ​អ៊ីស្រា‌អែល​ឲ្យ​ក្បត់​ចិត្ត​ព្រះ‌អម្ចាស់ នៅ​ពេអ៊រ បណ្តាល​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​សហគមន៍​របស់​ព្រះ‌អម្ចាស់១៧ ឥឡូវ​នេះ ចូរ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់​ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​បាន​រួម​រស់​ជា​មួយ​ប្រុសៗ ១៨ ប៉ុន្តែ ត្រូវ​ទុក​ជីវិត​ឲ្យ​ស្ត្រី​ក្រមុំ​សម្រាប់​អ្នក​រាល់​គ្នា គឺ​ស្ត្រី​ដែល​ពុំ​បាន​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ។ ១៩ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​នេះ ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​សាក‌សព ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ​ពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។ ២០ ត្រូវ​ធ្វើ​ពិធី​ជម្រះ​សម្លៀក‌បំពាក់​ទាំង​អស់ វត្ថុ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ស្បែក និង​ពី​រោម​ចៀម ព្រម​ទាំង​គ្រឿង​បរិក្ខារ​ធ្វើ​ពី​ឈើ»។
២១ លោក​បូជា‌ចារ្យ​អេឡាសារ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ធ្វើ​សឹក​ថា៖ «ក្នុង​វិន័យ​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ មាន​ចែង​ដូច​ត​ទៅ: ២២ មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និង​សំណ ២៣ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​ដុត​ជម្រះ​ឲ្យ​បាន​បរិសុទ្ធ។ រីឯ​វត្ថុ​ទាំង‌ឡាយ​ណា​ដែល​ពុំ​អាច​ដុត ត្រូវ​លាង​នៅ​ក្នុង​ទឹក​សម្រាប់​ធ្វើ​ពិធី​លាង​ជម្រះ​ឲ្យ​បរិសុទ្ធ។ ២៤ ត្រូវ​លាង​ជម្រះ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​វិញ»។
២៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២៦ «ចូរ​អ្នក និង​បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​សហគមន៍ នាំ​គ្នា​រាប់​ចំនួន​ជ័យ‌ភ័ណ្ឌ​ដែល​រឹប​អូស​បាន​ក្នុង​សង្គ្រាម ព្រម​ទាំង​ចំនួន​មនុស្ស និង​សត្វ។ ២៧ បន្ទាប់​មក ចូរ​បែង​ចែក​ជ័យ‌ភ័ណ្ឌ​នេះ​ឲ្យ​អ្នក​ដែល​បាន​ចេញ​ទៅ​ច្បាំង និង​សហគមន៍​ទាំង​មូល។ ២៨ ចូរ​ញែក​ជ័យ‌ភ័ណ្ឌ ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែក ថ្វាយ​ព្រះ‌អម្ចាស់ ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​ប្រាំ‌រយ​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​គោ ហ្វូង​លា និង​ហ្វូង​ចៀម​ប្រាំ‌រយ​ក្បាល ក៏​ត្រូវ​ញែក​ទុក​មួយ​ក្បាល​ដែរ។ ២៩ ចូរ​យក​ចំណែក​ដែល​ញែក​ចេញ​ពី​ជ័យ‌ភ័ណ្ឌ​របស់​ពួក​ដែល​ចេញ​ទៅ​ច្បាំង ប្រគល់​ឲ្យ​បូជា‌ចារ្យ​អេឡាសារ ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌អម្ចាស់៣០ រីឯ​ជ័យ‌ភ័ណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​យក​មួយ​ភាគ​ហា‌សិប​ពី​ចំនួន​មនុស្ស មួយ​ភាគ​ហា‌សិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់»។ ៣១ លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ៣២ ជ័យ‌ភ័ណ្ឌ​ដែល​កង‌ទ័ព​រឹប​អូស​យក​បាន មាន​នៅ​សល់​ចៀម​ចំនួន ៦៧៥ ០០០ ក្បាល ៣៣ គោ ៧២ ០០០​ក្បាល ៣៤ លា​ចំនួន ៦១ ០០០ ក្បាល ៣៥ និង​ស្ត្រី​ព្រហ្ម‌ចារី ៣២ ០០០​នាក់។
៣៦ ចំនួន​ពាក់​កណ្ដាល​នៃ​ជ័យ‌ភ័ណ្ឌ​នេះ​បាន​ទៅ​លើ​ពួក​ទាហាន​ដែល​ចេញ​ទៅ​ច្បាំង គឺ ចៀម ៣៣៧៥០០ ក្បាល ៣៧ ក្នុង​ចំនួន​នេះ ៦៧៥​ក្បាល​ថ្វាយ​ព្រះ‌អម្ចាស់ ៣៨ គោ ៣៦ ០០០ ក្បាល ក្នុង​ចំនួន​នេះ ៧២​ក្បាល​ថ្វាយ​ព្រះ‌អម្ចាស់ ៣៩ លា ៣០ ៥០០ ក្បាល ក្នុង​ចំនួន​នេះ ៦១​ក្បាល​ថ្វាយ​ព្រះ‌អម្ចាស់ ៤០ និង​មនុស្ស ១៦ ០០០ នាក់ ក្នុង​ចំនួន​នេះ ៣២ នាក់​ថ្វាយ​ព្រះ‌អម្ចាស់៤១ លោក​ម៉ូសេ​ប្រគល់​ជ័យ‌ភ័ណ្ឌ​ដែល​ញែក​ជា​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទៅ​បូជា‌ចារ្យ​អេឡាសារ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក។
៤២ រីឯ​ជ័យ‌ភ័ណ្ឌ​ចំនួន​ពាក់​កណ្ដាល​ទៀត​ដែល​ត្រូវ​បាន​ទៅ​ប្រជាជន​អ៊ីស្រា‌អែល លោក​ម៉ូសេ​ញែក​ទុក​ដោយ​ឡែក​ពី​ជ័យ‌ភ័ណ្ឌ ដែល​ត្រូវ​បាន​ទៅ​ពួក​ទាហាន។ ៤៣ ជ័យ‌ភ័ណ្ឌ​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​សហគមន៍ គឺ​ចៀម ៣៣៧៥០០ ក្បាល ៤៤ គោ ៣៦ ០០០ ក្បាល ៤៥ លា ៣០ ៥០០ ក្បាល ៤៦ និង​មនុស្ស ១៦ ០០០ នាក់។ ៤៧ ក្នុង​ចំនួន​ពាក់​កណ្ដាល​នៃ​ជ័យ‌ភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជាជន​អ៊ីស្រា‌អែល​នេះ លោក​ម៉ូសេ​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បង្គាប់​មក​លោក។
៤៨ ពួក​មេ‌ទ័ព មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ ៤៩ ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​ប្របាទ​បាន​រាប់​ចំនួន​ទាហាន ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​នរណា​ម្នាក់​សោះ​ឡើយ។ ៥០ យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ‌ក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែ‌ក មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​រំដោះ​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ»។ ៥១ លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ ក៏​ទទួល​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​ទាំង​នោះ​ពី​ពួក​គេ។ ៥២ មាស​ដែល​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ទម្ងន់​ទាំង​អស់​ប្រាំ‌ពាន់​ចិត‌សិប​ប្រាំ​តម្លឹង។ ៥៣ រីឯ​ពល‌ទាហាន​វិញ ម្នាក់ៗ​បាន​រឹប​អូស​យក​ជ័យ‌ភ័ណ្ឌ​ទុក​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។ ៥៤ លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ទទួល​មាស​របស់​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច យក​ទៅ​ដាក់​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ទុក​ជា​ទី​រំឭក​របស់​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។
៣២
កុល‌សម្ព័ន្ធ​កាដ និង​រូបេន ទទួល​ស្រុក​កាឡាដ​ជា​មត៌ក
 កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សម្បើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ាស៊ែរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ  កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន នាំ​គ្នា​មក​ជម្រាប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​សហគមន៍​ដូច​ត​ទៅ៖  «ក្រុង​អាណាតូត ឌីបូន យ៉ាស៊ែរ នីមរ៉ា ហេស‌បូន អេឡាលេ សេបាំ នេបូ និង​បេអូន  នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​វាយ​យក​បាន នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល ជា​ស្រុក​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​យើង​ខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។  ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​លោក​យល់​អធ្យាស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។
 លោក​ម៉ូសេ​ឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «ក្នុង​ពេល​ដែល​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​សំងំ​នៅ​ទី​នេះ​ឬ?  ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេ?  ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះ នៅ​ពេល​ខ្ញុំ​ចាត់​ពួក​គេ ពី​កាដែស-‌បារណេអា​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​ដែរ។  ពួក​គេ​បាន​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​អេស‌កុល ហើយ​បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ស្រុក​រួច ពួក​គេ​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេ ។
១០ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ ហើយ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ១១ “អស់​អ្នក​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ដោយ​ចិត្ត​ស្មោះ‌ត្រង់​ទេ។ ១២ មាន​តែ​កាលែប ជា​កូន​របស់​យេភូនេ ជា​ជន​ជាតិ​គេនីស៊ី និង​យ៉ូស៊ូអា ជា​កូន​របស់​នូន​ប៉ុណ្ណោះ ដែល​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​ស្មោះ‌ត្រង់”។ ១៣ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល‌វល់ នៅ​ក្នុង​វាល​រហោ‌ស្ថាន អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ត្រូវ​បាត់‌បង់​ជីវិត​អស់ ។ ១៤ ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តម្រាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឬ? ១៥ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​បណ្តោយ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ត​ទៅ​មុខ​ទៀត ហើយ​អ្នក​រាល់​គ្នា​បណ្តាល​ឲ្យ​ប្រជាជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។
១៦ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ។ ១៧ បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀប‌ចំ​ខ្លួន​ប្រដាប់​អាវុធ ដើរ​នៅ​មុខ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ការ‌ពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។ ១៨ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​សំបែង មុន​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី ទុក​ជា​ចំណែក​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​ឡើយ។ ១៩ បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។
២០ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ពាក្យ​នេះ​មែន ហើយ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើ​សឹក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ២១ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ប្រដាប់​អាវុធ ឆ្លង​ទន្លេ​យ័រដាន់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រហូត​ទាល់​តែ​ព្រះ‌អង្គ​បណ្តេញ​ខ្មាំង​សត្រូវ​ចេញ​ពី​ទឹក​ដី​នោះ ២២ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​វិញ នៅ​ពេល​យើង​យក​ស្រុក​មក​ថ្វាយ​ព្រះ‌អម្ចាស់​បាន អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​សន្យា​ចំពោះ​ព្រះ‌អម្ចាស់ និង​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល។ អ្នក​រាល់​គ្នា​អាច​នឹង​ទទួល​តំបន់​នេះ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់២៣ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ បាន​សេចក្ដី​ថា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​មិន​ខាន។ ២៤ ចូរ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​សង់​របង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា រួច​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នោះ​ចុះ!»។
២៥ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​ប្របាទ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម្ចាស់​បង្គាប់។ ២៦ យើង​ខ្ញុំ​នឹង​ទុក​កូន​ចៅ ប្រពន្ធ ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​កាឡាដ​នេះ ២៧ ហើយ​យើង​ខ្ញុំ​នឹង​រៀប‌ចំ​ខ្លួន​ជា​កង‌ទ័ព ទៅ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​ប្រសាសន៍​របស់​លោក​ម្ចាស់»។
២៨ លោក​ម៉ូសេ​បាន​ចេញ​បញ្ជា​ទៅ​បូជា‌ចារ្យ​អេឡាសារ លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​កុល‌សម្ព័ន្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ស្តី​អំពី​កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​រូបេន។ ២៩ លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ទាំង​ប្រដាប់​អាវុធ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ពេល​ណា​អ្នក​រាល់​គ្នា​ដណ្ដើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​ឲ្យ​ពួក​គេ ទុក​ជា​កម្ម‌សិទ្ធិ​ចុះ។ ៣០ ក៏​ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ប្រដាប់​អាវុធ​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ចូរ​ឲ្យ​ពួក​គេ​តាំង​ទី​លំ‌នៅ ក្នុង​ស្រុក​កាណាន​ជា​មួយ​អ្នក​រាល់​គ្នា»។
៣១ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ។ ៣២ យើង​ខ្ញុំ​នឹង​ប្រដាប់​អាវុធ ឆ្លង​ទៅ​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តែ​សូម​ឲ្យ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ជា​ចំណែក​មត៌ក» ។
៣៣ លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូរី នគរ​របស់​ព្រះ‌បាទ​អុក ជា​ស្តេច​ស្រុក​បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ទី‌ក្រុង ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ឲ្យ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។
៣៤ កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន អាតារ៉ូត អារ៉ូ‌អ៊ែរ ៣៥ អាតរ៉ូដ‌សូផាន យ៉ាស៊ែរ យ៉ុកបេហា ៣៦ បេត‌នីមរ៉ា និង​បេត‌ហារ៉ន ដែល​សុទ្ធ‌សឹង​ជា​ក្រុង​មាន​កំពែង​រឹង‌មាំ និង​វាល​ស្មៅ​សម្រាប់​ឲ្យ​ហ្វូង​សត្វ​រក​ស៊ី។
៣៧ កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហេស‌បូន អេឡាលេ គៀរីយ៉ាត‌តាអ៊ីម ៣៨ នេបូ និង​បាលមេអុន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​នានា ដែល​ពួក​គេ​បាន​សង់។
៣៩ ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណាសេ វាយ​លុក​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដី និង​ដេញ​ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ ៤០ លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​ពូជ‌ពង្ស​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណាសេ ហើយ​ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។ ៤១ ពូជ‌ពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណាសេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​យ៉ាអៀរ។ ៤២ លោក​ណូបា​បាន​វាយ​លុក​ក្រុង​គើណាត និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា ក្រុង​ណូបា តាម​ឈ្មោះ​របស់​គាត់។
៣៣
កន្លែង​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​បោះ​ជំរំ ចាប់​ពី​ស្រុក​អេស៊ីប​រហូត​ដល់​វាល​ទំនាប​ស្រុក​ម៉ូអាប់
 កាល​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប‌រយ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អរ៉ុន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។  លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​ពី​ដំណាក់​មួយ​ទៅ​ដំណាក់​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​ឆ្លង​កាត់​ដំណាក់​ដូច​ត​ទៅ:
 ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាម‌សែស នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ខែ​ទី​មួយ។ ក្រោយ​ពិធី​បុណ្យ​ចម្លង*​មួយ​ថ្ងៃ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​មាន​សេរី‌ភាព នៅ​ចំពោះ​មុខ​ជន​ជាតិ​អេស៊ីប​ទាំង​អស់។  ពេល​នោះ ជន​ជាតិ​អេស៊ីប​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ‌អម្ចាស់​ប្រហារ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់​បាន​វិនិច្ឆ័យ​ទោស​ព្រះ​ទាំង‌ឡាយ​របស់​ជន​ជាតិ​អេស៊ីប។
 ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក‌ចេញ​ពី​ក្រុង​រ៉ាម‌សែស មក​បោះ​ជំរំ​នៅ​ស៊ូកូត។  ពួក​គេ​ចាក‌ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេតាំ ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។  ពួក​គេ​ចាក‌ចេញ​ពី​អេតាំ វាង​ទៅ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេ‌ផុន ហើយ​បោះ​ជំរំ​នៅ​ក្បែរ​មីគដូល។  ពួក​គេ​ចាក‌ចេញ​ពី ពីហា‌ហ៊ីរ៉ុត ឆ្លង​កាត់​បាត​សមុទ្រ ឆ្ពោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន ពួក​គេ​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន​អេតាំ មក​បោះ​ជំរំ​នៅ​ម៉ារ៉ា។  ពួក​គេ​ចាក‌ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ និង​លម៉ើ​ចិត‌សិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។ ១០ ពួក​គេ​ចាក‌ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។ ១១ ពួក​គេ​ចាក‌ចេញ​ពី​សមុទ្រ​កក់ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន។ ១២ ពួក​គេ​ចាក‌ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដូបកា។ ១៣ ពួក​គេ​ចាក‌ចេញ​ពី​ដូបកា មក​បោះ​ជំរំ​នៅ​អាលូស។ ១៤ ពួក​គេ​ចាក‌ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេភីឌីម។ នៅ​កន្លែង​នោះ ប្រជាជន​រក​ទឹក​ផឹក​ពុំ​បាន​ទេ។ ១៥ ពួក​គេ​ចាក‌ចេញ​ពី​រេភីឌីម មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។
១៦ ពួក​គេ​ចាក‌ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ មក​បោះ​ជំរំ​នៅ​គីប្រូត-‌ហាត់‌តាវ៉ា។ ១៧ ពួក​គេ​ចាក‌ចេញ​ពី​គីប្រូត-‌ហាត់‌តាវ៉ា មក​បោះ​ជំរំ​នៅ​ហាសេរ៉ូត។ ១៨ ពួក​គេ​ចាក‌ចេញ​ពី​ហាសេរ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។
១៩ ពួក​គេ​ចាក‌ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ូន-‌ពេរេស។ ២០ ពួក​គេ​ចាក‌ចេញ​ពី​រីម៉ូន-‌ពេរេស មក​បោះ​ជំរំ​នៅ​លីប‌ណា។ ២១ ពួក​គេ​ចាក‌ចេញ​ពី​លីប‌ណា មក​បោះ​ជំរំ​នៅ​រីស្សា។ ២២ ពួក​គេ​ចាក‌ចេញ​ពី​រីស្សា មក​បោះ​ជំរំ​នៅ​គើហេ‌ឡាតា។ ២៣ ពួក​គេ​ចាក‌ចេញ​ពី​គើហេ‌ឡាតា មក​បោះ​ជំរំ​នៅ​ភ្នំ​សេភែរ។ ២៤ ពួក​គេ​ចាក‌ចេញ​ពី​ភ្នំ​សេភែរ មក​បោះ​ជំរំ​នៅ​ហារ៉ាដា។ ២៥ ពួក​គេ​ចាក‌ចេញ​ពី​ហារ៉ាដា មក​បោះ​ជំរំ​នៅ​ម៉ាគេឡូត។ ២៦ ពួក​គេ​ចាក‌ចេញ​ពី​ម៉ាគេឡូត មក​បោះ​ជំរំ​នៅ​តាហាត់។ ២៧ ពួក​គេ​ចាក‌ចេញ​ពី​តាហាត់ មក​បោះ​ជំរំ​នៅ​តារ៉ា។ ២៨ ពួក​គេ​ចាក‌ចេញ​ពី​តារ៉ា មក​បោះ​ជំរំ​នៅ​មីតកា។ ២៩ ពួក​គេ​ចាក‌ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាសម៉ូណា។ ៣០ ពួក​គេ​ចាក‌ចេញ​ពី​ហាសម៉ូណា មក​បោះ​ជំរំ​នៅ​ម៉ូសេរ៉ូត។
៣១ ពួក​គេ​ចាក‌ចេញ​ពី​ម៉ូសេរ៉ូត មក​បោះ​ជំរំ​នៅ​បេនេ-‌យ៉ាកាន។ ៣២ ពួក​គេ​ចាក‌ចេញ​ពី​បេនេ-‌យ៉ាកាន មក​បោះ​ជំរំ​នៅ​ហ៊រគីដកាដ។ ៣៣ ពួក​គេ​ចាក‌ចេញ​ពី​ហ៊រគីដ‌កាដ មក​បោះ​ជំរំ​នៅ​យ៉ូតបាតា។ ៣៤ ពួក​គេ​ចាក‌ចេញ​ពី​យ៉ូតបាតា មក​បោះ​ជំរំ​នៅ​អាប្រូណា។ ៣៥ ពួក​គេ​ចាក‌ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ីយ៉ូន-‌កេប៊ែរ។ ៣៦ ពួក​គេ​ចាក‌ចេញ​ពី​អេស៊ីយ៉ូន-‌កេប៊ែរ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​កាដែស។ ៣៧ ពួក​គេ​ចាក‌ចេញ​ពី​កាដែស មក​បោះ​ជំរំ​នៅ​ភ្នំ​ហ៊រ ដែល​នៅ​ជាយ​ដែន​ស្រុក​អេដុម។
៣៨ លោក​បូជា‌ចារ្យ​អរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហ៊រ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីបនៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ ៣៩ ពេល​លោក​អរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហ៊រ លោក​មាន​អាយុ​មួយ‌រយ​ម្ភៃ​បី​ឆ្នាំ។
៤០ ស្តេច​ក្រុង​អារ៉ាដ គឺ​ស្តេច​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន​ជាតិ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។
៤១ ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ភ្នំ​ហ៊រ មក​បោះ​ជំរំ​នៅ​សាល់‌ម៉ូណា។ ៤២ ពួក​គេ​ចាក‌ចេញ​ពី​សាល់‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។ ៤៣ ពួក​គេ​ចាក‌ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។ ៤៤ ពួក​គេ​ចាក‌ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបារីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។
៤៥ ពួក​គេ​ចាក‌ចេញ​ពី​អ៊ីយេ-‌អាបារីម មក​បោះ​ជំរំ​នៅ​ឌីបូន-‌កាដ។ ៤៦ ពួក​គេ​ចាក‌ចេញ​ពី​ឌីបូន-‌កាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូន-‌ឌីបឡា‌តាអ៊ីម។ ៤៧ ពួក​គេ​ចាក‌ចេញ​ពី​អាល់ម៉ូន-‌ឌីបឡា‌តាអ៊ីម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបារីម ទល់​មុខ​នឹង​ក្រុង​នេបូ។ ៤៨ ពួក​គេ​ចាក‌ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ ៤៩ ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-‌ហា‌យេស៊ី‌ម៉ូត រហូត​ដល់​អេបិល-ស៊ីទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។
៥០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​ក្រុង​យេរីខូ ៥១ ដូច​ត​ទៅ៖ «ចូរ​ប្រាប់​ប្រជាជន​អ៊ីស្រា‌អែល​ថា: នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន ៥២ ចូរ​បណ្តេញ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​ទី​សក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។ ៥៣ ចូរ​នាំ​គ្នា​ចាប់​យក​ស្រុក រួច​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កម្ម‌សិទ្ធិ​ហើយ។ ៥៤ ត្រូវ​បែង​ចែក​ទឹក​ដី​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ឲ្យ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​ឲ្យ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។ ៥៥ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្តេញ​ប្រជាជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កម្ទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ឬ​ដូច​ម្ជុល​ជាប់​នៅ​ក្នុង​ឆ្អឹង​ជំនីរ​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ជា​បច្ចា‌មិត្ត​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។ ៥៦ ចូរ​ប្រយ័ត្ន​ក្រែង​លោ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដូច​យើង​បាន​សម្រេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដែរ»។
៣៤
ព្រំ‌ប្រទល់​ស្រុក​កាណាន
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖  «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ត​ទៅ: ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ទឹក​ដី​ដែល​ត្រូវ​បាន​ជា​ចំណែក​មត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន មាន​ព្រំ‌ដែន​ដូច​ត​ទៅ:  ប៉ែក​ខាង​ត្បូង​គិត​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​ទៅ។ ព្រំ‌ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ពី​ចុង​សមុទ្រ​អំបិល ឆ្ពោះ​ទៅ​ខាង​កើត។  បន្ទាប់​មក ព្រំ‌ដែន​របស់​អ្នក​រាល់​គ្នា​បត់​ទៅ​ខាង​ត្បូង​ផ្លូវ​ឡើង​ទៅ​អាក្រា‌ប៊ីម ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ស៊ីន ទៅ​ដល់​ខាង​ត្បូង​កាដែស-‌បារណេអា។ បន្ទាប់​មក ព្រំ‌ដែន​នេះ​កាត់​តាម​ហាសារ-‌អាដា និង​អាស‌ម៉ូន។  ពី​អាស‌ម៉ូន ព្រំ‌ដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ។  សមុទ្រ​មេឌី‌ទែ‌រ៉ាណេ​ជា​ព្រំ‌ដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។  ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា លាត​សន្ធឹង​ចាប់​ពី​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ រហូត​ដល់​ភ្នំ​ហ៊រ។  ពី​ភ្នំ​ហ៊រ ត្រូវ​កំណត់​ព្រំ‌ដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហាម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។  ព្រំ‌ដែន​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីផូន បង្ហួស​ទៅ​ដល់​ហាសារ-‌អេណាន។ នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។ ១០ ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត​របស់​អ្នក​រាល់​គ្នា ចាប់​ពី​ហាសារ-‌អេណាន​ទៅ​សេផាម។ ១១ ព្រំ‌ដែន​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីបឡា ដែល​នៅ​ខាង​កើត​អាយ៉ីន ចុះ​ទៅ​ដល់​ត្រើយ​ខាង​កើត​សមុទ្រ​គីនេរ៉េត។ ១២ បន្ទាប់​មក ព្រំ‌ប្រទល់​ចុះ​តាម​ទន្លេ​យ័រដាន់​ទៅ​ដល់​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​កំណត់​ព្រំ‌ដែន​នៃ​ស្រុក​របស់​អ្នក​រាល់​គ្នា»។
១៣ លោក​ម៉ូសេ​នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត ១៤ ដ្បិត​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ​របស់​ពួក​គេ និង​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រួច​ហើយ។ រីឯ​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត ក៏​បាន​ទទួល​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ហើយ​ដែរ។ ១៥ កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ»។
ព្រះ‌បញ្ជា​បែង​ចែក​ទឹក​ដី
១៦ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ ១៧ «អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​បូជា‌ចារ្យ​អេឡាសារ និង​យ៉ូស៊ូអា​ជា​កូន​របស់​នូន។ ១៨ ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ឲ្យ​មេ​ដឹក​នាំ​មួយ​រូប​ជួយ​បែង​ចែក​ទឹក​ដី​ដែរ។ ១៩ អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ: កាលែប ជា​កូន​របស់​យេភូនេ តំណាង​កុល‌សម្ព័ន្ធ​យូដា។
២០ សាមូ‌អែល ជា​កូន​របស់​អាំមី‌ហ៊ូដ តំណាង​កុល‌សម្ព័ន្ធ​ស៊ីម៉ូន។
២១ អេលី‌ដាដ ជា​កូន​របស់​គីស‌ឡូន តំណាង​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន។
២២ ប៊ូគី ជា​កូន​របស់​យូគ្លី តំណាង​កុល‌សម្ព័ន្ធ​ដាន់។
២៣ ហាណានីអែល ជា​កូន​របស់​អេផូដ តំណាង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ជា​កូន​របស់​លោក​យ៉ូសែប។
២៤ គើមូអែល ជា​កូន​របស់​ស៊ីបតាន តំណាង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម។
២៥ អេលី‌សាផាន ជា​កូន​របស់​បាណាក់ តំណាង​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន។
២៦ ប៉ាលី‌ទី‌អែល ជា​កូន​របស់​អាស្សាន តំណាង​កុល‌សម្ព័ន្ធ​អ៊ីសាកា។
២៧ អហ៊ី‌ហ៊ូដ ជា​កូន​របស់​សេឡូមី តំណាង​កុល‌សម្ព័ន្ធ​អស៊ែរ។
២៨ ពេដា‌ហែល ជា​កូន​របស់​អាំមី‌ហ៊ូដ តំណាង​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។
២៩ គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​បែង‌ចែង​ស្រុក​កាណាន ដល់​ជន​ជាតិ​អ៊ីស្រា‌អែល។
៣៥
ក្រុង​របស់​ពួក​លេវី
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ដូច​ត​ទៅ៖ «ចូរ​បង្គាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រគល់​ទី‌ក្រុង ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​ដី​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។  ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សម្រាប់​រស់​នៅ ហើយ​មាន​ដី​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ។  ចូរ​វាស់​ដី​ជុំ‌វិញ​ទី‌ក្រុង​ប្រគល់​ឲ្យ​ពួក​គេ ដោយ​គិត​ចាប់​ពី​កំពែង​ក្រុង​ចេញ​ទៅ​ក្រៅ ប្រវែង​មួយ​ពាន់​ហត្ថ។  រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទី‌ក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ‌ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ‌ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ‌ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ‌ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​គេ ហើយ​ទី‌ក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។  ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​ដែល​សម្លាប់​គេ ចំនួន​ប្រាំ​មួយ និង​ក្រុង​ឯ​ទៀតៗ​ចំនួន​សែ‌សិប​ពីរ។  សរុប​ចំនួន​ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ទាំង​អស់​សែ‌សិប​ប្រាំ​បី ព្រម​ទាំង​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។  កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ប្រគល់​ក្រុង​ឲ្យ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែល​ខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ​ត្រូវ​ប្រគល់​ឲ្យ​ច្រើន កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច​ត្រូវ​ប្រគល់​ឲ្យ​តិច»។
ក្រុង​ដែល​ជា​ជម្រក
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១០ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​រួច​ហើយ ១១ ចូរ​ជ្រើស‌រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន។ ១២ ក្រុង​ទាំង​នោះ​ជា​ជម្រក​ការ‌ពារ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក។ ធ្វើ​ដូច្នេះ អ្នក​សង‌សឹក​មិន​ប្រហារ​ជីវិត​អ្នក​ដែល​សម្លាប់​គេ មុន​ពេល​សហគមន៍​កាត់​ក្តី​ឡើយ។ ១៣ ក្នុង​ចំណោម​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី​នោះ ត្រូវ​យក​ក្រុង​ប្រាំ​មួយ​ធ្វើ​ជា​ក្រុង​ជម្រក។ ១៤ ក្រុង​ជម្រក​បី​ត្រូវ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន។ ១៥ ប្រសិន​បើ​ជន​ជាតិ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា បាន​សម្លាប់​នរណា​ម្នាក់ ដោយ​អចេតនា គេ​អាច​រត់​មក​ជ្រក​កោន​ក្នុង​ក្រុង​ទាំង​ប្រាំ​មួយ​នេះ។
១៦ ប្រសិន​បើ​បុរស​ម្នាក់​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ១៧ ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ១៨ ប្រសិន​បើ​គេ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ១៩ អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន ត្រូវ​តែ​សម្លាប់​ចោល។ ២០ ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ​ដោយ​កំហឹង ឬ​យក​របស់​អ្វី​មួយ​គប់​ទៅ​លើ​គេ ដោយ​បាន​គិត​ជា​មុន បណ្តាល​ឲ្យ​គេ​ស្លាប់ ២១ ឬ​ប្រសិន​បើ​អ្នក​នោះ​លើក​ដៃ​វាយ​អ្នក​ដទៃ​ដោយ​ស្អប់ បណ្តាល​ឲ្យ​គេ​ស្លាប់ អ្នក​ដែល​សម្លាប់​គេ​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ព្រោះ​អ្នក​នោះ​ជា​ឃាតក។ អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ នៅ​ពេល​ចាប់​គេ​បាន។
២២ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ ដោយ​អចេតនា និង​ដោយ​គ្មាន​បំណង​អាក្រក់ ឬ​ប្រសិន​បើ​គាត់​ចោល​របស់​អ្វី​មួយ​ទៅ​លើ​គេ ដោយ​ពុំ​បាន​គិត‌គូរ​ជា​មុន ២៣ ឬ​ប្រសិន​បើ​គាត់​ធ្វើ​ឲ្យ​ថ្ម​ធ្លាក់​ទៅ​លើ​គេ បណ្តាល​ឲ្យ​ស្លាប់ តែ​គាត់​ធ្វើ​ដោយ​មិន​បាន​ដឹង ហើយ​ក៏​គ្មាន​ទំនាស់ ឬ​មាន​គំនិត​អាក្រក់​ចំពោះ​ជន​រង​គ្រោះ​ទេ​នោះ ២៤ សហគមន៍​ត្រូវ​សម្រុះ‌សម្រួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក តាម​ច្បាប់​ស្តី​អំពី​ករណី​នេះ។ ២៥ សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ​រហូត​ដល់​ពេល​មហា‌បូជា‌ចារ្យ ដែល​បាន​តែង‌តាំង​ដោយ​ប្រេង​សក្ការៈ ទទួល​មរណ‌ភាព។ ២៦ ប្រសិន​បើ​អ្នក​សម្លាប់​គេ​ចេញ​ទៅ​ក្រៅ​ទី‌ក្រុង​ដែល​ខ្លួន​រត់​ទៅ​ជ្រក ២៧ ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទី‌ក្រុង​ជម្រក រួច​សម្លាប់​គាត់ អ្នក​សង‌សឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាត‌កម្ម​នេះ​ទេ។ ២៨ អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រហូត​ដល់​មហា‌បូជា‌ចារ្យ​ទទួល​មរណ‌ភាព។ ក្រោយ​ពេល​មហា‌បូជា‌ចារ្យ​ទទួល​មរណ‌ភាព​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ខ្លួន​វិញ។
២៩ នេះ​ជា​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។ ៣០ គ្រប់​ឃាត‌កម្ម គេ​សម្លាប់​ឃាតក​បាន នៅ​ពេល​មាន​សាក្សី​ជា​ច្រើន​ដឹង​ឮ។ ប៉ុន្តែ បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​កាត់​ទោស​ប្រហារ​ជីវិត​នរណា​បាន​ឡើយ។ ៣១ មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ៣២ មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណ‌ភាព​របស់​មហា‌បូជា‌ចារ្យ។ ៣៣ មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្តាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម ក្រៅ​ពី​ឈាម​របស់​ឃាតក។ ៣៤ កុំ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ។ យើង​ក៏​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល»។
៣៦
ច្បាប់​ការ‌ពារ​ស្ត្រី​ដែល​រៀប‌ការ​ជា​មួយ​អ្នក​ផ្សេង ក្រៅ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន
 មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​ចៅ​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​លោក​នៅ​ចំពោះ​មុខ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ៖  «ព្រះ‌អម្ចាស់​បាន​បញ្ជា​លោក​ម្ចាស់​ឲ្យ​ប្រគល់​ស្រុក​នេះ​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល ទុក​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត។ លោក​ម្ចាស់​ក៏​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់ ដើម្បី​ប្រគល់​ទឹក​ដី​ជា​ចំណែក​របស់​លោក​សេឡូផាត ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។  បើ​ពួក​នាង​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូន‌តា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ ដោយ​ការ​ចាប់​ឆ្នោត​នោះ នឹង​ថយ​ចុះ។  លុះ​ដល់​ឆ្នាំ​មេត្តា​ករុណាសម្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូន‌តា​របស់​យើង​ខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។
 លោក​ម៉ូសេ​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖  «កុល‌សម្ព័ន្ធ​ដែល​ជា​កូន​ចៅ​យ៉ូសែប​និយាយ​ត្រូវ​មែន។ ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ស្រី​របស់​លោក​សេឡូផាត​ថា: ពួក​នាង​អាច​រៀប‌ការ​ជា​មួយ​នរណា​ក៏​បាន ឲ្យ​តែ​រៀប‌ការ​នឹង​បុរស​ដែល​មក​ពី​អំបូរ​មួយ ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។  ធ្វើ​ដូច្នេះ ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​ជន​ជាតិ​អ៊ីស្រា‌អែល​ម្នាក់ៗ​ត្រូវ​រក្សា​ទឹក​ដី​ទុក នៅ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​ខ្លួន។  កូន​ស្រី​ទាំង​អស់​ដែល​ទទួល​ចំណែក​មត៌ក ក្នុង​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ត្រូវ​រៀប‌ការ​ជា​មួយ​បុរស​ដែល​មក​ពី​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​នីមួយៗ​គ្រង​មត៌ក​ឪពុក​របស់​ខ្លួន។  ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន​ជាតិ​អ៊ីស្រា‌អែល មិន​ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។
១០ កូន​ស្រី​របស់​លោក​សេឡូផាត​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។ ១១ នាង​ម៉ាឡា ទៀរសា ហូក្លា មីលកា និង​ណូអា បាន​រៀប‌ការ​ជា​មួយ​បង‌ប្អូន​ជី​ដូន​មួយ​របស់​ខ្លួន។ ១២ ពួក​គេ​បាន​រៀប‌ការ​នឹង​បុរស​មក​ពី​អំបូរ​កូន​ចៅ​លោក​ម៉ាណាសេ ជា​កូន​របស់​លោក​យ៉ូសែប។ ដូច្នេះ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ស្ថិត​នៅ​ក្នុង​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។
១៣ នេះ​ជា​ច្បាប់ និង​បទ‌បញ្ជា​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ជន​ជាតិ​អ៊ីស្រា‌អែល តាម‌រយៈ​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។
2,178 Views

Theme: Overlay by Kaira