សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
នេហេមី
ពាក្យលំនាំ
នេហេមី
ពាក្យលំនាំ
លោកនេហេមីរស់នៅជំនាន់លោកបូជាចារ្យអែសរ៉ាដែរ។ លោកជាមន្ត្រីមួយរូបដ៏សំខាន់របស់ព្រះចៅអ័រតាស៊ែរសេស ជាអធិរាជរបស់ចក្រភពពែរ្ស។ លោកបានទទួលរាជានុញ្ញាតវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីស្តារស្រុកទេសឡើងវិញ ផ្នែកខាងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច (១.១‑២.១០)។ ពេលទៅដល់ ទោះបីមានការប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួនក្តី ក៏មានជនរួមជាតិរបស់លោកជាច្រើនបានជួយគាំទ្រលោក ក្នុងការសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ (២.១១‑៧.៧២)។ បន្ទាប់មក លោកបានរួមសហការជាមួយលោកបូជាចារ្យអែសរ៉ា ក្នុងការប្រារព្ធពិធីបុណ្យដ៏សំខាន់ផ្សេងៗ ហើយនៅពេលនោះ លោកអែសរ៉ាអានគម្ពីរវិន័យឲ្យប្រជាជនស្ដាប់។ ក្រុមលេវីមានភារកិច្ចពន្យល់គម្ពីរវិន័យ និងបកប្រែឲ្យអស់អ្នកដែលពុំយល់ភាសាហេប្រឺស្ដាប់។ ដូច្នេះ ប្រជាជននាំគ្នាប្ដេជ្ញាចិត្តសម្ដែងភក្តីភាពចំពោះព្រះអម្ចាស់សាជាថ្មី (៨.១‑១០.៤០)។ ក្រោយពីបានរៀបចំសណ្ដាប់ធ្នាប់សម្រាប់ស្រុកទេស ជាពិសេស សណ្ដាប់ធ្នាប់ផ្នែកនយោបាយចប់សព្វគ្រប់ហើយ (១១.១‑១២.២៦) លោកនេហេមីនាំមុខប្រជាជនធ្វើពិធីសម្ពោធកំពែងក្រុង ដែលគេទើបនឹងសង់រួច (១២.២៧-៤៣)។ បន្ទាប់មកទៀត លោករៀបចំកែទម្រង់ខ្លះផ្នែកខាងជំនឿសាសនា (១២.៤៤-១៣.៣១)។
គម្ពីរនេហេមីបង្ហាញឲ្យយើងស្គាល់មនុស្សម្នាក់ ដែលមានចិត្តពុះពារ ធ្វើសកម្មភាពផ្សេងៗ ដើម្បីសម្ដែងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងជាតិមាតុភូមិ។ លោកនេហេមីជាមនុស្សមានចិត្តទៀងត្រង់ មានចិត្តក្លាហាន ហើយបំពេញកិច្ចការទាំងអស់ដោយអធិស្ឋាន។
១
លោកនេហេមីទូលអង្វរឲ្យជនជាតិយូដា
១ នេះជាពាក្យរបស់លោកនេហេមី ជាកូនលោកហាកាលីយ៉ា។
នៅខែមិគសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសា ជាបុរីរបស់ស្តេច ២ មានបងប្អូនខ្ញុំម្នាក់ឈ្មោះហាណានី រួមជាមួយអ្នកខ្លះទៀត ធ្វើដំណើរពីស្រុកយូដាមកដល់ទីនោះ។ ខ្ញុំបានសួរដំណឹងពួកគេស្តីអំពីជនជាតិយូដាដែលនៅសេសសល់ គឺពួកអ្នកដែលជាប់ជាឈ្លើយ ហើយត្រឡប់ទៅស្រុកវិញ រួចខ្ញុំក៏បានសួរដំណឹងអំពីក្រុងយេរូសាឡឹមដែរ។ ៣ អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកម្ទេចដែរ។
៤ ពេលខ្ញុំឮពាក្យទាំងនោះ ខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូលអង្វរព្រះនៃស្ថានបរមសុខ។ ៥ ខ្ញុំទូលព្រះអង្គដូចតទៅ:
«បពិត្រព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ* ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម គួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយសម្ដែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងគោរពតាមបទបញ្ជារបស់ព្រះអង្គ។ ៦ សូមផ្ទៀងព្រះកាណ៌ស្ដាប់ ព្រមទាំងទតមើលមកទូលបង្គំ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គផង។ ទូលបង្គំកំពុងតែទូលអង្វរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទាំងថ្ងៃ ទាំងយប់ សូមព្រះអង្គប្រណីសន្ដោសជនជាតិអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ។ ទូលបង្គំសូមសារភាពអំពើបាបក្នុងនាមជនជាតិអ៊ីស្រាអែល គឺយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។ ៧ យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ក្រឹត្យវិន័យ និងបញ្ញាត្តិទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ ៨ សូមនឹកចាំពីព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។ ៩ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាវិលមករកយើងវិញ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើងនោះ ទោះបីអ្នករាល់គ្នាត្រូវគេកៀរទៅនៅជើងមេឃក្តី ក៏យើងប្រមូលផ្តុំ និងនាំអ្នករាល់គ្នាវិលត្រឡប់មកទីកន្លែង ដែលយើងបានជ្រើសរើសសម្រាប់សម្ដែងនាមយើងនេះវិញដែរ”។ ១០ យើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គបានរំដោះចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិ និងបារមីដ៏ខ្លាំងពូកែ។ ១១ បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានឲ្យទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះ ខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។
២
លោកនេហេមីធ្វើដំណើរទៅទីក្រុងយេរូសាឡឹម
១ នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស ក្នុងពេលដែលស្តេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្តេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះព្រះភ័ក្ត្រស្តេចឡើយ។ ២ ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។ ៣ ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។ ៤ ព្រះចៅអធិរាជមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។
ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរមសុខ ៥ រួចខ្ញុំទូលស្តេចវិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំមែននោះ សូមចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។ ៦ ព្រះរាជាដោយមានព្រះមហេសីគង់នៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។
ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្តេចក៏យល់ព្រមឲ្យខ្ញុំចេញដំណើរ។ ៧ បន្ទាប់មក ខ្ញុំទូលព្រះចៅអធិរាជទៀតថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំយកទៅជូនអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ដើម្បីអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើររហូតដល់ស្រុកយូដា ៨ ហើយរាជសារមួយទៀតជូនលោកអសាភ ដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យគាត់ផ្តល់ឈើមកទូលបង្គំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរព្រះដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលទូលបង្គំត្រូវស្នាក់នៅ»។
ព្រះចៅអធិរាជប្រទានរាជសារតាមសំណូមពររបស់ខ្ញុំ ដ្បិតព្រះដ៏សប្បុរសរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ។
៩ ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ ឲ្យជូនដំណើរខ្ញុំដែរ។ ១០ ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូន និងលោកតូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេ ព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យជនជាតិអ៊ីស្រាអែល។
លោកនេហេមីពិនិត្យមើលកំពែងក្រុងយេរូសាឡឹម
១១ ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។ ១២ បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលព្រះរបស់ខ្ញុំបណ្តាលចិត្តខ្ញុំឲ្យគិតគូរធ្វើ ចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។ ១៣ នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។ ១៤ ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះហ្លួង ប៉ុន្តែ គ្មានច្រកអាចឲ្យសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតឡើយ។ ១៥ ដូច្នេះ ខ្ញុំក៏ឡើងតាមជ្រោះទៅទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុង រួចខ្ញុំវិលត្រឡប់មកវិញ ដោយចូលតាមទ្វារជ្រលងភ្នំ។ ១៦ ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណា ហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះ ខ្ញុំពុំបានប្រាប់ប្រជាជនយូដា ពួកបូជាចារ្យ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ ឲ្យដឹងពីគម្រោងការរបស់ខ្ញុំឡើយ។
១៧ បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កម្រិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំឲ្យយើងបាក់មុខទៀត!»។
១៨ ពេលនោះ ខ្ញុំបានរៀបរាប់ឲ្យពួកគេដឹងថាព្រះដ៏សប្បុរសរបស់ខ្ញុំដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហានបំពេញកិច្ចការដ៏ល្អប្រសើរនេះ។
១៩ លោកសាន់បាឡាត់ជាអ្នកស្រុកហូរ៉ូន លោកតូប៊ីយ៉ាជាមន្ត្រីសាសន៍អាំម៉ូន និងកេសិមជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើង ដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះចៅអធិរាជឬ?»។ ២០ ខ្ញុំឆ្លើយទៅពួកគេថា៖ «ព្រះនៃស្ថានបរមសុខមុខជាប្រទានឲ្យពួកយើងទទួលជោគជ័យមិនខាន! ពួកយើង ជាអ្នកបម្រើរបស់ព្រះអង្គ នឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។
៣
ការបែងចែកសំណង់ក្រុងយេរូសាឡឹម
១ នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមហាបូជាចារ្យ បានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មម៉េអារហូតដល់ប៉មហាណានេអែលដែរ។ ២ នៅក្បែរពួកលោក មានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មក មានលោកសាគួរ ជាកូនរបស់លោកអ៊ីមរី។ ៣ កូនចៅរបស់លោកសេណានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ ៤ នៅក្បែរពួកគេមានលោកមេរេម៉ុត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមេស៊ូឡាម ជាកូនរបស់លោកបេរេខ្យា និងជាចៅរបស់លោកមសេសាបែល។ បន្ទាប់មក មានលោកសាដុក ជាកូនរបស់លោកបាណា។ ៥ នៅក្បែរនោះ មានអ្នកស្រុកតេកូអា ប៉ុន្តែពួកអភិជនរបស់គេមិនព្រមចូលរួមធ្វើការ តាមបញ្ជាមេដឹកនាំរបស់ខ្លួនឡើយ។ ៦ លោកយ៉ូយ៉ាដា ជាកូនរបស់លោកពេសា និងលោកមេស៊ូឡាម ជាកូនរបស់លោកបេសូឌីយ៉ា នាំគ្នាជួសជុលទ្វារចាស់ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ ៧ នៅក្បែរនោះ មានលោកមេឡាទីយ៉ា ជាអ្នកស្រុកកាបូន លោកយ៉ាដូន អ្នកស្រុកម៉េរូន ព្រមទាំងអ្នកឯទៀតៗពីក្រុងកាបូន និងក្រុងមីសប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេសាភិបាល របស់អាណាខេត្តនៅខាងលិចទន្លេអឺប្រាត។ ៨ នៅក្បែរពួកគេ មានលោកអ៊ូស៊ីអែល ជាកូនរបស់លោកហារហាយ៉ា ដែលជាជាងរចនាគ្រឿងអលង្ការ ហើយបន្ទាប់មក មានលោកហាណានីយ៉ា ជាអ្នកផ្សំគ្រឿងក្រអូប ពួកគេបានបង្ហើយសំណង់ក្រុងយេរូសាឡឹមរហូតដល់កំពែងធំ។ ៩ លោករេផាយ៉ាធ្វើការនៅក្បែរពួកគេ គាត់ត្រូវជាកូនរបស់លោកហួរ និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀង។ ១០ បន្ទាប់មកមានលោកយ៉ាដាយ៉ា ជាកូនរបស់លោកហេរូម៉ាប ធ្វើការផ្នែកដែលនៅខាងមុខផ្ទះគាត់។ លោកហាទូស ជាកូនរបស់លោកហាសាបនីធ្វើការនៅក្បែរគាត់។ ១១ លោកម៉ាល់គីយ៉ា ជាកូនរបស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកប៉ាហាត់-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។ ១២ នៅក្បែរពួកគេមានលោកសាលូម ជាកូនរបស់លោកហាឡូហេស និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀងទៀត ធ្វើការជាមួយកូនស្រីៗរបស់គាត់។ ១៣ លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។ ១៤ លោកម៉ាល់គីយ៉ា ជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរិម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ ១៥ លោកសាលូន ជាកូនរបស់លោកកុលហូស៊ែរ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ គាត់បានជួសជុលកំពែងស្រះសេឡា ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរចុះមកពីបុរីព្រះបាទដាវីឌ។ ១៦ បន្ទាប់ពីគាត់ មានលោកនេហេមី ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេតសួរមួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។ ១៧ បន្ទាប់មក មានក្រុមលេវីធ្វើការនៅក្បែរគាត់ គឺមានលោករេហ៊ូម ជាកូនរបស់លោកបានី និងលោកហាសាប៊ីយ៉ា ជាចៅសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការក្នុងនាមសង្កាត់របស់គាត់។ ១៨ បន្ទាប់មក មានបងប្អូនរបស់ពួកគេ គឺលោកបាវ៉ាយ ជាកូនរបស់លោកហេណាដាដ និងជាចៅសង្កាត់កៃឡាមួយចំហៀងទៀត។ ១៩ បន្ទាប់មក លោកអេស៊ែរជាកូនរបស់លោកយ៉ូស៊ូអា និងជាចៅហ្វាយក្រុងមីសប៉ា ជួសជុលផ្នែកមួយទៀត ដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងសាស្ត្រាវុធ ត្រង់មុមកំពែង។ ២០ បន្ទាប់ពីគាត់ មានលោកបារូក ជាកូនរបស់លោកសាបៃ ខំប្រឹងជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីមុមកំពែង រហូតដល់មាត់ទ្វារផ្ទះរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប។ ២១ បន្ទាប់មក មានលោកមេរេម៉ុតជាកូនរបស់លោកអ៊ូរី និងជាចៅរបស់លោកហាកូស ជួសជុលមួយផ្នែកទៀត ចាប់ពីមាត់ទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់កៀនរបងផ្ទះ។ ២២ បន្ទាប់មក ពួកបូជាចារ្យដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។ ២៣ បន្ទាប់មក មានលោកបេនយ៉ាមីន និងលោកហាស៊ូប ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់ពួកគេ។ បន្ទាប់មក មានលោកអសារីយ៉ា ជាកូនរបស់លោកម៉ាសេយ៉ា និងជាចៅរបស់លោកអណានីយ៉ា ជួសជុលនៅក្បែរផ្ទះរបស់គាត់។ ២៤ បន្ទាប់មកទៀត មានលោកប៊ីនូអ៊ី ជាកូនរបស់លោកហេណាដាដ ជួសជុលមួយផ្នែកទៀត ចាប់ពីផ្ទះរបស់លោកអសារីយ៉ា រហូតដល់ជ្រុង និងរហូតដល់មុមកំពែង។ ២៥ លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្តេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មក មានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។ ២៦ ក្រុមអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។ ២៧ បន្ទាប់មក មានអ្នកស្រុកតេកូអាជួសជុលមួយផ្នែកទៀត គឺពីមុខនឹងប៉មធំដែលលយចេញ រហូតដល់ជញ្ជាំងអូផែល។
២៨ នៅខាងលើទ្វារសេះ ពួកបូជាចារ្យជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់គេរៀងៗខ្លួន។ ២៩ បន្ទាប់មក លោកសាដុក ជាកូនលោកអ៊ីមែរ ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់លោក។ បន្ទាប់ពីលោក មានលោកសេម៉ាយ៉ា ជាកូនរបស់លោកសេកានីយ៉ា ជាឆ្មាំទ្វារខាងកើត។ ៣០ បន្ទាប់មក មានលោកហាណានីយ៉ា ជាកូនរបស់លោកសេឡេមីយ៉ា និងលោកហានូន ជាកូនទីប្រាំមួយរបស់លោកសាឡាប ជួសជុលកំពែងមួយផ្នែកទៀត។ បន្ទាប់មក មានលោកម៉ាស៊ូឡាម ជាកូនរបស់លោកបេរេគីយ៉ា ជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់របស់លោក។
៣១ បន្ទាប់មក លោកម៉ាល់គីយ៉ា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្តុំផ្ទះរបស់ក្រុមអ្នកបម្រើព្រះវិហារ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីភកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។ ៣២ ពួកជាងរចនាគ្រឿងអលង្ការ និងអ្នកជំនួញ នាំគ្នាជួសជុលផ្នែកដែលនៅចន្លោះបន្ទប់ខាងលើនៃមុមកំពែង និងទ្វារចៀម។
បច្ចាមិត្តរបស់ជនជាតិយូដាចង់បញ្ឈប់ការជួសជុល
៣៣ (៤.១) ពេលលោកសាន់បាឡាត់ទទួលដំណឹងថា ពួកយើងជួសជុលកំពែងក្រុងឡើងវិញដូច្នេះ គាត់ខឹងមួរម៉ៅជាខ្លាំង។ គាត់ចំអកឲ្យជនជាតិយូដា ៣៤ (២) ដោយពោលនៅមុខបងប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើយញ្ញបូជាថ្វាយព្រះរបស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះ មកដាក់គរលើគ្នាវិញកើតឬ?»។ ៣៥ (៣) លោកតូប៊ីយ៉ា ជាជនជាតិអាំម៉ូន ដែលនៅក្បែរនោះ ពោលឡើងថា៖ «ទុកឲ្យពួកគេសង់ទៅ! ពេលណាកញ្ជ្រោងឡើងពីលើ នោះកំពែងថ្មមុខជារលំមិនខាន!»។
៣៦ (៤) «ឱព្រះនៃយើងខ្ញុំអើយ សូមព្រះសណ្ដាប់ចុះ ពួកគេមើលងាយយើងខ្ញុំខ្លាំងណាស់! សូមឲ្យពាក្យប្រមាថមាក់ងាយទាំងនេះធ្លាក់ទៅលើពួកគេវិញ! សូមឲ្យខ្មាំងសត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ និងកៀរពួកគេទៅជាឈ្លើយ ៣៧ (៥) សូមកុំលើកលែងទោសពួកគេឡើយ ហើយក៏កុំលុបបំបាត់អំពើបាបរបស់ពួកគេ ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គដែរ ដ្បិតពួកគេបានជេរប្រមាថយើងខ្ញុំ ជាអ្នកសង់កំពែងក្រុងនេះឡើងវិញ»។
៣៨ (៦) ពួកយើងនាំគ្នាសង់កំពែងក្រុងឡើងវិញ រហូតដល់បានកម្ពស់ពាក់កណ្ដាល ដ្បិតប្រជាជនខំប្រឹងខ្នះខ្នែងធ្វើការនេះដោយស្មោះអស់ពីចិត្ត។
៤
១ (៧) ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកតូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាស្តូដ ទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹមមានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្តើមភ្ជិតឡើងវិញនោះ ពួកគេខឹងជាខ្លាំង។ ២ (៨) ពួកគេលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម ដើម្បីបង្កឲ្យមានការខូចខាត។
៣ (៩) ពេលនោះ យើងក៏ទូលអង្វរព្រះនៃយើង រួចចាត់ចែងឲ្យមានអ្នកយាមល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីការពារក្រុង ក្រែងពួកគេវាយលុក។ ៤ (១០) ប៉ុន្តែ ជនជាតិយូដាពោលថា៖ «កម្លាំងអ្នកលីសែងកាន់តែចុះអន់ថយទៅៗ គំនរថ្មដែលបាក់បែកនោះមានច្រើនពេក យើងពុំអាចសង់កំពែងក្រុងបានឡើយ»។
៥ (១១) បច្ចាមិត្តរបស់ពួកយើងពោលថា៖ «ពួកគេមិនដឹងខ្លួន មិនឃើញអ្វីទាំងអស់ យើងនឹងលបចូលទៅដល់កណ្ដាលចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការរបស់ពួកគេ»។
៦ (១២) ពេលនោះ ជនជាតិយូដាដែលរស់នៅក្បែរពួកគេ បាននាំគ្នាមកប្រាប់យើងដល់ទៅដប់ដងថា សត្រូវលើកគ្នាពីគ្រប់ទិសទីមកវាយប្រហារពួកយើង។ ៧ (១៣) ហេតុនេះ ខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេ ឲ្យឈរយាមនៅពីក្រោយកំពែង ទាំងកាន់ដាវ កាន់លំពែង និងធ្នូ។ ៨ (១៤) ពេលពិនិត្យសព្វគ្រប់ហើយ ខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កុំភ័យខ្លាចពួកគេឡើយ! សូមចងចាំថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្ដមគួរស្ញែងខ្លាច។ ដូច្នេះ ចូរនាំគ្នាប្រយុទ្ធការពារបងប្អូន កូនប្រុស កូនស្រី ភរិយា និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។
៩ (១៥) ខ្មាំងសត្រូវឮថា ពួកយើងដឹងខ្លួន ហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។ ១០ (១៦) ចាប់ពីថ្ងៃនោះមក គ្នាខ្ញុំចំនួនពាក់កណ្ដាលធ្វើកិច្ចការសំណង់ ហើយចំនួនពាក់កណ្ដាលទៀតកាន់លំពែង កាន់ខែល កាន់ធ្នូ និងប្រដាប់ការពារខ្លួន។ ពួកមេដឹកនាំជួយត្រួតមើលកូនចៅយូដាទាំងអស់គ្នា។ ១១ (១៧) អស់អ្នកដែលសង់កំពែង អស់អ្នកដែលលីសែង ឬដឹកជញ្ជូន ធ្វើការដៃម្ខាង កាន់អាវុធដៃម្ខាង។ ១២ (១៨) រីឯអ្នកបូកឥដ្ឋវិញ គេស្ពាយដាវនៅនឹងចង្កេះ ហើយបំពេញការងាររបស់ខ្លួន។ រីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំ។ ១៣ (១៩) ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «យើងនៅសល់កិច្ចការច្រើនណាស់ ព្រោះកំពែងវែង ហើយយើងក៏នៅឆ្ងាយពីគ្នាទៀត។ ១៤ (២០) ហេតុនេះ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ចូរប្រមូលគ្នាមកជិតយើង។ ព្រះរបស់យើងនឹងប្រយុទ្ធ ដើម្បីយើងទាំងអស់គ្នា»។ ១៥ (២១) យើងបានបន្តសំណង់របស់យើងរបៀបនេះ គឺពួកយើងចំនួនពាក់កណ្ដាលកាន់លំពែង តាំងពីព្រលឹមទល់ព្រលប់។ ១៦ (២២) នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសម្រាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបម្រើរបស់ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ ១៧ (២៣) ដូច្នេះ ខ្ញុំ និងបងប្អូនខ្ញុំ ព្រមទាំងអ្នកបម្រើ និងពួកទាហានដែលមកតាមខ្ញុំ គ្មាននរណាម្នាក់ដោះសម្លៀកបំពាក់ចេញឡើយ យើងកាន់អាវុធជាប់នឹងខ្លួនជានិច្ច។
៥
លោកនេហេមីរកយុត្តិធម៌ឲ្យប្រជាជនដែលត្រូវអ្នកធំជិះជាន់
១ នៅពេលនោះ មានប្រជាជនយូដាទាំងប្រុស ទាំងស្រី នាំគ្នារអ៊ូរទាំទាស់នឹងបងប្អូនរួមជាតិរបស់ខ្លួនមួយចំនួន។ ២ អ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំមានគ្នាច្រើនណាស់ យើងខ្ញុំចង់បានស្រូវមកទទួលទាន ដើម្បីចិញ្ចឹមជីវិត»។ ៣ អ្នកខ្លះពោលថា៖ «នៅពេលអត់ឃ្លាន យើងខ្ញុំបញ្ចាំដីស្រែចម្ការទំពាំងបាយជូរ និងផ្ទះសំបែង»។ ៤ អ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែ និងចម្ការទំពាំងបាយជូរ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្តេច។ ៥ សាច់ឈាមរបស់យើងខ្ញុំមិនខុសពីសាច់ឈាមបងប្អូនរបស់យើងខ្ញុំទេ កូនប្រុសរបស់យើងខ្ញុំក៏មិនខុសពីកូនប្រុសរបស់គេដែរ ប៉ុន្តែ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុស កូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ។ កូនស្រីរបស់យើងខ្ញុំជាច្រើននាក់លក់ខ្លួនទៅឲ្យគេ ព្រោះយើងខ្ញុំទាល់ច្រក។ រីឯដីស្រែ និងចម្ការទំពាំងបាយជូររបស់យើងខ្ញុំ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់បំណុលដែរ»។
៦ ពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះ ខ្ញុំក្ដៅក្រហាយជាខ្លាំង។ ៧ ខ្ញុំក៏សម្រេចចិត្តស្តីបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំពោលទៅពួកគេថា៖ «អស់លោកឲ្យប្រាក់បងប្អូនរួមជាតិខ្ចី ដោយយកការយ៉ាងធ្ងន់បែបនេះឬ!»។ ខ្ញុំបានកោះហៅពួកគេឲ្យមកជួបជុំគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។ ៨ ខ្ញុំពោលទៅកាន់ពួកគេថា៖ «យើងតែងតែរកគ្រប់មធ្យោបាយ ដើម្បីលោះជនរួមជាតិរបស់យើង ដែលត្រូវគេលក់ទៅឲ្យសាសន៍ដទៃ។ ចំណែកឯអស់លោកវិញ អស់លោកបែរជាយកបងប្អូនរួមជាតិរបស់ខ្លួនទៅលក់ឲ្យជនជាតិយូដាដូចគ្នា!»។ ពួកគេនៅស្ងៀមទាំងអស់គ្នា រកពាក្យឆ្លើយមិនបានឡើយ។ ៩ ខ្ញុំក៏ពោលទៀតថា៖ «អស់លោកប្រព្រឹត្តបែបនេះមិនល្អទេ! អស់លោកគួរតែរស់នៅ ដោយគោរពកោតខ្លាចព្រះជាម្ចាស់នៃយើង ដើម្បីកុំឲ្យសាសន៍ដទៃ ដែលជាខ្មាំងសត្រូវរបស់យើងប្រមាថមាក់ងាយយើងបាន។ ១០ ចំពោះរូបខ្ញុំផ្ទាល់ ព្រមទាំងបងប្អូន និងអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់ និងស្រូវ ទៅពួកគេខ្ចីដែរ។ ដូច្នេះ យើងមិនត្រូវទារបំណុលពីពួកគេឡើយ។ ១១ ចូរប្រគល់ដីស្រែចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះរបស់គេឲ្យគេវិញ នៅថ្ងៃនេះទៅ ហើយក៏កុំទារប្រាក់ ស្រូវ ស្រា និងប្រេង ដែលអស់លោកចាត់ទុកជាការនោះដែរ»។ ១២ អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។
ពេលនោះ ខ្ញុំបានហៅអស់លោកបូជាចារ្យមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខបូជាចារ្យទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសម្ដីរបស់ខ្លួន។ ១៣ បន្ទាប់មក ខ្ញុំរលាស់ហោប៉ៅអាវធំរបស់ខ្ញុំ ទាំងពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសម្ដីរបស់ខ្លួនទេ សូមព្រះជាម្ចាស់រលាស់អ្នកនោះដូច្នេះដែរ។ សូមឲ្យគេបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិ សូមកុំឲ្យគេនៅសល់អ្វីសោះឡើយ!»។ អង្គប្រជុំទាំងមូលឆ្លើយថា “អាម៉ែន!” រួចគេនាំគ្នាលើកតម្កើងព្រះអម្ចាស់។ បន្ទាប់មក ប្រជាជនធ្វើតាមពាក្យដែលខ្លួនបានសន្យា។
១៤ ចាប់ពីពេលដែលព្រះរាជាបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរនៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀរវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។ ១៥ ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចព្រះជាម្ចាស់។ ១៦ លើសពីនោះ ខ្ញុំយកចិត្តទុកដាក់ជួសជុលកំពែងក្រុង។ មួយវិញទៀត ខ្ញុំពុំបានឆ្លៀតឱកាសទិញដីស្រែចម្ការណាឡើយ រីឯពួកសហការីដែលជួសជុលកំពែងរួមជាមួយខ្ញុំ ក៏ធ្វើដូចខ្ញុំដែរ។ ១៧ អស់អ្នកដែលបរិភោគអាហាររួមតុជាមួយខ្ញុំ មានចំនួនមួយរយហាសិបនាក់ ជាជនជាតិយូដា ដែលគ្រប់គ្រងស្រុក ហើយក្រៅពីនោះ ក៏មានភ្ញៀវមកពីប្រជាជាតិនានាដែលនៅជុំវិញដែរ។ ១៨ រៀងរាល់ថ្ងៃ គេតែងសម្លាប់គោមួយ ចៀមដ៏ល្អៗចំនួនប្រាំមួយ ព្រមទាំងសត្វស្លាបឯទៀតៗ ហើយដប់ថ្ងៃម្ដង គេយកស្រាទំពាំងបាយជូរដ៏ច្រើនមកឲ្យខ្ញុំដែរ។ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ទាមទារឲ្យប្រជាជនបង់ប្រាក់សម្រាប់ការចាយវាយទាំងនេះទេ ដ្បិតការជួសជុលកំពែងជាបន្ទុកយ៉ាងធ្ងន់ដល់ប្រជាជនរួចស្រេចទៅហើយ។
១៩ «ឱព្រះនៃទូលបង្គំអើយ សូមកុំភ្លេចពីការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះ សូមមេត្តាសន្ដោសដល់ទូលបង្គំផង»។
៦
ខ្មាំងសត្រូវយាយីសាជាថ្មី
១ ពេលលោកសាន់បាឡាត់ លោកតូប៊ីយ៉ា លោកកេសិម ជាជនជាតិអារ៉ាប់ ព្រមទាំងខ្មាំងសត្រូវឯទៀតៗ ទទួលដំណឹងថា ខ្ញុំបានសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ រីឯកន្លែងបាក់បែកក៏បានជួសជុលហើយ - នៅគ្រានោះ ខ្ញុំពុំទាន់បានដាក់សន្លឹកទ្វារក្រុងនៅឡើយ - ២ លោកសាន់បាឡាត់ និងលោកកេសិម ក៏ចាត់គេឲ្យមកប្រាប់ខ្ញុំថា៖ «សូមអញ្ជើញមកពិភាក្សាគ្នានៅកេភីរីម ក្នុងជ្រលងភ្នំអូណូ»។ អ្នកទាំងនោះឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ៣ ខ្ញុំចាត់អ្នកនាំសារឲ្យយកចម្លើយទៅប្រាប់ពួកគេវិញថា៖ «ខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ខ្ញុំមិនអាចចុះមកជួបអស់លោកបានទេ។ ប្រសិនបើខ្ញុំចុះមកជួបអស់លោក ការងារមុខជាត្រូវផ្អាកពុំខាន»។
៤ ពួកគេចាត់មនុស្សឲ្យនាំពាក្យដដែលនេះ មកប្រាប់ខ្ញុំដល់ទៅបួនដង ខ្ញុំក៏ផ្តល់ចម្លើយដដែលទៅពួកគេវិញ។ ៥ លោកសាន់បាឡាត់ចាត់អ្នកជំនិតរបស់គាត់ឲ្យនាំពាក្យដដែលមកជាលើកទីប្រាំ។ អ្នកនាំសារនោះកាន់សំបុត្រដែលបើកចំហមកជាមួយផង។ ៦ សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «មានលេចឮដំណឹងក្នុងចំណោមប្រជាជាតិនានាថា លោក និងជនជាតិយូដាមានបំណងបះបោរ ហេតុនេះហើយបានជាលោកសង់កំពែងក្រុងនេះឡើង។ លោកកេសិមបានបញ្ជាក់អំពីដំណឹងនេះដែរ។ គេថាលោកចង់ឡើងធ្វើជាស្តេចរបស់គេ។ ៧ លោកក៏បានតែងតាំងពួកព្យាការី ឲ្យប្រកាសនៅក្រុងយេរូសាឡឹម ស្តីអំពីរូបលោកថា មានស្តេចមួយអង្គនៅស្រុកយូដាហើយ! ដំណឹងបែបនេះមុខជាលេចឮទៅដល់ព្រះចៅអធិរាជមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នា»។ ៨ ខ្ញុំផ្ញើចម្លើយទៅគាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះមិនពិតទាល់តែសោះ គឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។ ៩ អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។
ឱព្រះអម្ចាស់អើយ សូមប្រទានកម្លាំងឲ្យទូលបង្គំឥឡូវនេះផង! ១០ ខ្ញុំទៅផ្ទះលោកសេម៉ាយ៉ា ជាកូនរបស់លោកដេឡាយ៉ា និងជាចៅរបស់លោកមេហាតាបែល ដ្បិតគាត់ពុំអាចចេញពីផ្ទះបានទេ។ គាត់ប្រាប់ខ្ញុំថា៖ «ចូរយើងទៅព្រះដំណាក់របស់ព្រះជាម្ចាស់ជាមួយគ្នា រួចចូលទៅខាងក្នុងទីសក្ការៈ និងបិទទ្វារយ៉ាងជិត ដ្បិតពួកគេនាំគ្នាមករកសម្លាប់លោក នៅពេលយប់»។ ១១ ខ្ញុំឆ្លើយវិញថា៖ «មនុស្សដូចខ្ញុំនេះមិនចេះរត់គេចខ្លួនទេ! មួយវិញទៀត មនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈ ហើយនៅរស់បានទៀតទេ។ ខ្ញុំមិនចូលទៅក្នុងព្រះវិហារឡើយ»។ ១២ ខ្ញុំយល់ឃើញថា ព្រះជាម្ចាស់មិនបានចាត់គាត់ ឲ្យនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះ មកពីលោកសាន់បាឡាត់ និងលោកតូប៊ីយ៉ា សូកគាត់។ ១៣ ពួកគេសូកគាត់មកពីគេសង្ឃឹមថា ខ្ញុំនឹងភ័យខ្លាច ហើយធ្វើតាមយោបល់របស់គាត់ ជាហេតុនាំឲ្យខ្ញុំប្រព្រឹត្តអំពើបាប រួចគេនឹងយករឿងនេះទៅបរិហារ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ។
១៤ «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកតូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនីណូអាឌីយ៉ា និងព្យាការីឯទៀតៗ ដែលចង់បំភ័យទូលបង្គំដែរ»។
១៥ កំពែងក្រុងត្រូវបានជួសជុលចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺអស់រយៈពេលហាសិបពីរថ្ងៃ។ ១៦ ពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិ ដែលនៅជុំវិញយើង ដឹងដំណឹងនេះ ពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថា សំណង់នេះសម្រេចជារូបរាងឡើង ដោយសារព្រះនៃយើងបានជួយ។
១៧ នៅគ្រានោះ ពួកអភិជននៅស្រុកយូដាតែងតែសរសេរលិខិតឆ្លើយឆ្លង ជាមួយលោកតូប៊ីយ៉ាជាញឹកញាប់ ១៨ ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសារបស់ជនជាតិយូដាម្នាក់ឈ្មោះសេកានីយ៉ា ជាកូនរបស់លោកអរ៉ា ហើយលោកយ៉ូហាណនជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមេស៊ូឡាម ជាកូនរបស់លោកបេរេខ្យា។ ១៩ អ្នកទាំងនោះចេះតែនិយាយសរសើរគាត់នៅមុខខ្ញុំ ហើយថែមទាំងនាំពាក្យដែលខ្ញុំនិយាយ យកទៅប្រាប់គាត់ទៀតផង។ លោកតូប៊ីយ៉ាតែងតែផ្ញើសំបុត្រមកបំភ័យខ្ញុំ។
៧
ជំរឿនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ
១ នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងឲ្យមានអ្នកយាមទ្វារ អ្នកចម្រៀង និងពួកលេវីឡើងវិញ។ ២ ខ្ញុំបានចាត់តាំងមនុស្សពីរនាក់ឲ្យគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានីយ៉ា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។ ៣ ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកម្ដៅឡើយ ហើយនៅពេលល្ងាចត្រូវឲ្យគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។
៤ យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទាន់បានសង់ឡើងវិញនៅឡើយ។ ៥ ព្រះរបស់ខ្ញុំបានបណ្តាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិលមកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ:
៦ ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ ៧ អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយ៉ូស៊ូអា លោកនេហេមី លោកអសារីយ៉ា លោករ៉ាមីយ៉ា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសន លោកមីសពេរ៉េត លោកប៊ីគវ៉ាយ លោកនេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
៨ កូនចៅរបស់លោកប៉ារ៉ូសមាន ២១៧២នាក់
៩ កូនចៅរបស់លោកសេផាទីយ៉ាមាន ៣៧២នាក់
១០ កូនចៅរបស់លោកអរ៉ាមាន ៦៥២នាក់
១១ កូនចៅរបស់លោកប៉ាហាត់-ម៉ូអាប់ កូនចៅរបស់លោកយ៉ូស៊ូអា និងកូនចៅរបស់លោកយ៉ូអាប់មាន ២៨១៨នាក់
១២ កូនចៅរបស់លោកអេឡាំមាន ១២៥៤នាក់
១៣ កូនចៅរបស់លោកសាធូមាន ៨៤៥នាក់
១៤ កូនចៅរបស់លោកសូកៃមាន ៧៦០នាក់
១៥ កូនចៅរបស់លោកប៊ីនូអ៊ីមាន ៦៤៨នាក់
១៦ កូនចៅរបស់លោកបេបាយមាន ៦២៨នាក់
១៧ កូនចៅរបស់លោកអាសកាដមាន ២៣២២នាក់
១៨ កូនចៅរបស់លោកអដូនីកាំមាន ៦៦៧នាក់
១៩ កូនចៅរបស់លោកប៊ីគវ៉ៃមាន ២ ០៦៧នាក់
២០ កូនចៅរបស់លោកអឌីនមាន ៦៥៥នាក់
២១ កូនចៅរបស់លោកអធែរ ដែលជាពូជពង្សរបស់លោកហ៊ីសគីយ៉ាមាន ៩៨នាក់
២២ កូនចៅរបស់លោកហាស៊ូមមាន ៣២៨នាក់
២៣ កូនចៅរបស់លោកបេសាយមាន ៣២៤នាក់
២៤ កូនចៅរបស់លោកហារីបមាន ១១២នាក់
២៥ កូនចៅរបស់អ្នកស្រុកកាបូនមាន ៩៥នាក់
២៦ អ្នកភូមិបេថ្លេហិម និងនេតូផាមាន ១៨៨នាក់
២៧ អ្នកភូមិអាណាតូតមាន ១២៨នាក់
២៨ អ្នកភូមិបេតអាសម៉ាវិតមាន ៤២នាក់
២៩ អ្នកក្រុងគៀរីយ៉ាត-យេអារីម កេភីរ៉ា និងបេរ៉ូតមាន ៧៤៣នាក់
៣០ អ្នកក្រុងរ៉ាម៉ា និងកេបាមាន ៦២១នាក់
៣១ អ្នកក្រុងមីកម៉ាសមាន ១២២នាក់
៣២ អ្នកក្រុងបេតអែល និងអៃមាន ១២៣នាក់
៣៣ អ្នកភូមិណាបូមួយទៀតមាន ៥២នាក់
៣៤ កូនចៅរបស់លោកអេឡាំម្នាក់ទៀតមាន ១២៥៤នាក់
៣៥ កូនចៅរបស់លោកហារីមមាន ៣២០នាក់
៣៦ អ្នកក្រុងយេរីខូមាន ៣៤៥នាក់
៣៧ អ្នកក្រុងឡូដ ហាឌីដ និងអូណូមាន ៧២១នាក់
៣៨ អ្នកក្រុងសេណាមាន ៣៩៣០នាក់។
៣៩ ក្រុមបូជាចារ្យជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយ៉ូស៊ូអាមាន ៩៧៣នាក់
៤០ កូនចៅរបស់លោកអ៊ីមែរមាន ១ ០៥២នាក់
៤១ កូនចៅរបស់លោកប៉ាសួរមាន ១២៤៧នាក់
៤២ កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។
៤៣ ក្រុមលេវីជាកូនចៅរបស់លោកយ៉ូស៊ូអា កូនចៅរបស់លោកកាដមីអែល និងកូនចៅរបស់លោកហូដវ៉ាមាន ៧៤នាក់។
៤៤ ក្រុមចម្រៀងជាកូនចៅរបស់លោកអសាភមាន ១៤៨នាក់។
៤៥ ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអធែរ កូនចៅរបស់លោកថាល់ម៉ូន កូនចៅរបស់លោកអាកគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយមាន ១៣៨នាក់។ ៤៦ ក្រុមអ្នកបម្រើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបូត ៤៧ កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ា កូនចៅរបស់លោកប៉ាដូន ៤៨ កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ ៤៩ កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហា ៥០ កូនចៅរបស់លោករេយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា ៥១ កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកប៉ាសេអា ៥២ កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភីសស៊ីម ៥៣ កូនចៅរបស់លោកបាគប៊ូគ កូនចៅរបស់លោកហាគូបា កូនចៅរបស់លោកហាហួរ ៥៤ កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា ៥៥ កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា ៥៦ កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា ៥៧ កូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរីដា ៥៨ កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដិល ៥៩ កូនចៅរបស់លោកសេផាទីយ៉ា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកប៉ូកេរិត-ហាសេបាអ៊ីម និងកូនចៅរបស់លោកអម៉ូន ៦០ សរុបទាំងអស់ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។
៦១ រីឯអស់អ្នកដែលមកពីតេល-មេឡា តេល-ហារសា កេរូប-អាដូន និងអ៊ីមែរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ ៦២ កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកតូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៤២នាក់។
៦៣ ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហូបាយ៉ា កូនចៅរបស់លោកហាកូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ ៦៤ អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ ៦៥ ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរអ៊ូរីម និងទូមីម* ជាមុនសិន។
៦៦ សហគមន៍ទាំងមូលមានចំនួន ៤២៣៦០នាក់ ៦៧ ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេ ដែលមានចំនួន ៧៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេ មានអ្នកចម្រៀងប្រុសស្រី ២៤៥នាក់។ ៦៨ មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល អូដ្ឋ ៤៣៥ក្បាល និងលា ៦៧២០ក្បាល។
៦៩ មានមេដឹកនាំក្រុមគ្រួសារមួយចំនួន បានថ្វាយប្រាក់ សម្រាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សម្រាប់ព្រះវិហារ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់បូជាចារ្យចំនួនប្រាំរយសាមសិបសម្រាប់។ ៧០ មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង សម្រាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ ៧១ ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យហុកសិបប្រាំពីរសម្រាប់។
៧២ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ប្រជាជន ក្រុមអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។
៨
លោកអែសរ៉ាអានគម្ពីរវិន័យ
១ លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគម្ពីរវិន័យរបស់លោកម៉ូសេ គឺវិន័យដែលព្រះអម្ចាស់ប្រទានមកឲ្យជនជាតិអ៊ីស្រាអែលកាន់តាម។ ២ លោកបូជាចារ្យអែសរ៉ាក៏យកគម្ពីរវិន័យមកខាងមុខអង្គប្រជុំ ដែលមានប្រជាជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះជាថ្ងៃទីមួយនៃខែទីប្រាំពីរ។
៣ តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ លោកអែសរ៉ាអានគម្ពីរវិន័យនេះនៅខាងមុខព្រលាន ដែលស្ថិតនៅទល់មុខទ្វារគង្គា ឲ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុស ទាំងស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់លោកអានគម្ពីរវិន័យ។ ៤ លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធីធីយ៉ា លោកសេម៉ា លោកអាណាយ៉ា លោកអ៊ូរី លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្តាំដៃរបស់លោក ហើយលោកពេដាយ៉ា លោកមីកាអែល លោកម៉ាល់គីយ៉ា លោកហាស៊ូម លោកហាសបាដាណា លោកសាការី និងលោកមេស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។ ៥ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរនៅត្រង់កន្លែងខ្ពស់ជាងគេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ ៦ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏ឧត្តុង្គឧត្ដម ហើយប្រជាជនទាំងមូលឆ្លើយតបវិញ ទាំងលើកដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់ ឱនមុខដល់ដី។ ៧ លោកយ៉ូស៊ូអា លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអាកគូប លោកសាបេថាយ លោកហូឌីយ៉ា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារីយ៉ា លោកយ៉ូសាបាដ លោកហាណន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយគម្ពីរវិន័យពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។ ៨ ពួកគេអានគម្ពីរវិន័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ៗ ព្រមទាំងបកស្រាយអត្ថន័យនៃសេចក្ដី ដែលពួកគេអាននោះឲ្យប្រជាជនយល់។
៩ ពេលប្រជាជនទាំងមូលឮព្រះបន្ទូល ដែលមាននៅក្នុងគម្ពីរវិន័យ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមី លោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។ ១០ លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។ ១១ ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។ ១២ ប្រជាជនទាំងអស់នាំគ្នាចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកឲ្យអស់អ្នកដែលគ្មាន។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយឲ្យស្ដាប់។
ពិធីប្រារព្ធបុណ្យបារាំ
១៣ នៅថ្ងៃទីពីរ មេដឹកនាំក្រុមគ្រួសាររបស់ប្រជាជនទាំងអស់ ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវីជួបជុំគ្នានៅជុំវិញលោកអែសរ៉ាជាបណ្ឌិតខាងវិន័យ ដើម្បីរិះគិតអំពីព្រះបន្ទូលដែលមានចែងទុកក្នុងគម្ពីរវិន័យ។ ១៤ ពួកគេឃើញក្នុងគម្ពីរវិន័យដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេមានចែងថា នៅក្នុងឱកាសពិធីបុណ្យខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលត្រូវរស់នៅក្នុងបារាំ*។ ១៥ ពួកគេត្រូវប្រាប់ដំណឹងនេះឲ្យប្រជាជនទាំងអស់ដឹងនៅតាមក្រុងនានា និងនៅក្រុងយេរូសាឡឹម គឺពួកគេប្រកាសថា “ចូរនាំគ្នាទៅតាមភ្នំ ហើយកាច់មែកអូលីវស្រុក អូលីវព្រៃ មែកចាក មែកទន្សែ និងមែកឈើឯទៀតៗដែលមានស្លឹកច្រើន យកមកសង់បារាំដូចមានចែងទុក”។ ១៦ ពេលនោះ ប្រជាជននាំគ្នាចេញទៅកាច់មែកឈើយកមកសង់បារាំ នៅតាមសំយាបផ្ទះ និងទីធ្លាផ្ទះរបស់ពួកគេរៀងៗខ្លួន ព្រមទាំងសង់បារាំ នៅទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់នៅព្រលានទ្វារគង្គា និងព្រលានទ្វារអេប្រាអ៊ីម។ ១៧ សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់បារាំ រួចស្នាក់នៅក្នុងបារាំនោះ។ តាំងពីជំនាន់លោកយ៉ូស៊ូអា ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រាអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។ ១៨ រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃបង្ហើយបុណ្យ គេអានព្រះបន្ទូលនៅក្នុងគម្ពីរវិន័យរបស់ព្រះជាម្ចាស់។ គេប្រារព្ធពិធីបុណ្យអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបីគេធ្វើបុណ្យយ៉ាងឱឡារិក ស្របតាមក្បួនតម្រាដែលមានចែងទុក។
៩
ប្រជាជនតមអាហារ និងសារភាពអំពើបាបរបស់ខ្លួន
១ នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជនជាតិអ៊ីស្រាអែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួបជុំគ្នាធ្វើពិធីតមអាហារ។ ២ អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។ ៣ បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គម្ពីរវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀត ពួកគេសារភាពអំពើបាប និងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ៤ លោកយ៉ូស៊ូអា លោកបានី លោកកាដមីអែល លោកសេបានីយ៉ា លោកប៊ូនី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។ ៥ បន្ទាប់មក ក្រុមលេវី លោកយ៉ូស៊ូអា លោកកាដមីអែល លោកបានី លោកហាសាបនីយ៉ា លោកសេរេប៊ីយ៉ា លោកហូឌីយ៉ា លោកសេបានីយ៉ា និងលោកពេតាយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។
ពាក្យអធិស្ឋានរបស់ប្រជាជន
«បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើង
ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ
ជាព្រះនាមប្រសើរលើសអ្វីៗទាំងអស់
ដែលពុំអាចរកពាក្យមកថ្លែង
ដើម្បីលើកតម្កើង និងសរសើរបាន!
៦ មានតែព្រះអង្គទេដែលជាព្រះអម្ចាស់
ព្រះអង្គបានបង្កើតផ្ទៃមេឃ
ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត
និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ
ព្រះអង្គក៏បានបង្កើតផែនដី
និងអ្វីៗទាំងអស់នៅលើផែនដី
សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។
ព្រះអង្គប្រទានជីវិតដល់អ្វីៗសព្វសារពើ
ហ្វូងតារាទាំងអស់នៅលើមេឃ
នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
៧ ឱព្រះជាអម្ចាស់អើយ គឺព្រះអង្គហើយ
ដែលបានជ្រើសរើសលោកអាប់រ៉ាម
និងនាំលោកចេញពីក្រុងអួរ នៅស្រុកខាល់ដេ
ហើយព្រះអង្គប្រទាននាមលោកថាអប្រាហាំ។
៨ ព្រះអង្គឈ្វេងយល់លោកមាន
ចិត្តស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គក៏បានចងសម្ពន្ធមេត្រីជាមួយលោក
ដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណាន
ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរីស៊ី
ជនជាតិយេប៊ូស និងជនជាតិគៀរកាស៊ី
ឲ្យពូជពង្សរបស់លោក។
ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យា
ដ្បិតព្រះអង្គជាព្រះដ៏សុចរិត។
៩ ព្រះអង្គទតឃើញទុក្ខវេទនានៃបុព្វបុរស
របស់យើងខ្ញុំនៅស្រុកអេស៊ីប
ព្រះអង្គបានឮសម្រែករបស់ពួកគេ
នៅក្បែរសមុទ្រកក់។
១០ ព្រះអង្គបានសម្ដែងទីសម្គាល់
និងឫទ្ធិបាដិហារិយ៍ផ្សេងៗ
ប្រឆាំងនឹងស្តេចផារ៉ោន
ព្រមទាំងមន្ត្រីទាំងអស់របស់ស្តេច
និងប្រជាជននៅស្រុកអេស៊ីបទាំងមូល
ដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាច
ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។
ព្រះអង្គបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គ
ល្បីល្បាញរហូតដល់សព្វថ្ងៃ។
១១ ព្រះអង្គបានញែកទឹកសមុទ្រចេញពីគ្នា
នៅចំពោះមុខបុព្វបុរសរបស់យើង
ពួកគេដើរកាត់បាតសមុទ្រ
ប៉ុន្តែ ព្រះអង្គបានទម្លាក់អស់អ្នកដែល
ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅ
ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
១២ នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេ
ដោយដុំពពក
នៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេ
ដោយដុំភ្លើង។
១៣ ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃ
ព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេ
ហើយប្រទានបញ្ញាត្តិដ៏ត្រឹមត្រូវ វិន័យ*ដ៏ពិត
ព្រមទាំងក្រឹត្យវិន័យ និងបទបញ្ជាដ៏ល្អបំផុត
មកឲ្យពួកគេ។
១៤ ព្រះអង្គប្រទានឲ្យពួកគេស្គាល់
ថ្ងៃសប្ប័ទ*ដ៏វិសុទ្ធ*របស់ព្រះអង្គ
ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំងវិន័យ*
មកពួកគេ តាមរយៈលោកម៉ូសេ
ជាអ្នកបម្រើរបស់ព្រះអង្គ។
១៥ នៅពេលដែលពួកគេឃ្លាន ព្រះអង្គប្រទាន
អាហារពីលើមេឃមកឲ្យពួកគេ
នៅពេលដែលពួកគេស្រេកទឹក
ព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដា។
ព្រះអង្គបញ្ជាពួកគេឲ្យចូល
ទៅកាន់កាប់ទឹកដីដែលព្រះអង្គបានសន្យា
យ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យពួកគេ។
១៦ ប៉ុន្តែ ដូនតារបស់យើងខ្ញុំមានអំនួត
និងមានចិត្តរឹងចចេស
ពុំព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
១៧ ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់
ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ ដើម្បីជួយពួកគេ។
ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ
ពួកគេបានតែងតាំងមេដឹកនាំម្នាក់
ចង់វិលទៅរកទាសភាពវិញ។
ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោស
ព្រះអង្គប្រកបដោយព្រះហឫទ័យ
អាណិតអាសូរ និងប្រណីសន្ដោស
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
និងពោរពេញដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
១៨ ទោះបីពួកគេសិតរូបកូនគោមួយ
ទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នក
ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!”
ហើយទោះបីពួកគេបានប្រមាថ
ព្រះអង្គខ្លាំងយ៉ាងណាក្តី
១៩ ព្រះអង្គពុំបានបោះបង់ចោលពួកគេ
នៅវាលរហោស្ថានឡើយ
ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ
ពួកគេយ៉ាងខ្លាំង។
នៅពេលថ្ងៃ ព្រះអង្គនៅតែដឹកនាំពួកគេ ដោយដុំពពក
នៅពេលយប់ ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
២០ ព្រះអង្គប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកពួកគេ
ដើម្បីឲ្យពួកគេចេះគិតពិចារណា
ព្រះអង្គប្រទាននំម៉ាណាឲ្យពួកគេបរិភោគ
ព្រមទាំងប្រទានទឹកឲ្យពួកគេ
មិនដែលអាក់ខានឡើយ។
២១ ក្នុងអំឡុងពេលសែសិបឆ្នាំ
ព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់
ដែលពួកគេត្រូវការនៅវាលរហោស្ថាន
ពួកគេមិនដែលខ្វះខាតអ្វីឡើយ
សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល
ហើយជើងរបស់ពួកគេក៏មិនហើមដែរ។
២២ ព្រះអង្គបានប្រគល់ទឹកដីរបស់នគរ
និងជាតិសាសន៍នានា ដែលនៅជិតខាង
មកឲ្យពួកគេកាន់កាប់។
ពួកគេដណ្ដើមយកបានទឹកដីរបស់
ព្រះបាទស៊ីហុន ជាស្តេចក្រុងហែសបូន
និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។
២៣ ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេ
កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ
ហើយព្រះអង្គនាំពួកគេចូលទៅចាប់យកទឹកដី
ដែលព្រះអង្គសន្យាដល់បុព្វបុរសរបស់ពួកគេ
ថានឹងឲ្យពួកគេកាន់កាប់។
២៤ កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដី
ព្រះអង្គបានបង្ក្រាបជនជាតិកាណាន
ជាអ្នកស្រុកនោះ នៅមុខពួកគេ
ព្រះអង្គបានប្រគល់ជនជាតិនោះ ទាំងស្តេច
ទាំងប្រជាជន មកក្នុងកណ្ដាប់ដៃរបស់ពួកគេ
ដើម្បីឲ្យពួកគេប្រព្រឹត្តតាមអំពើចិត្ត។
២៥ ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំ
និងទឹកដីដែលមានជីជាតិល្អ។
ពួកគេចាប់យកបានផ្ទះ
ដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាង
ព្រមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ
ចម្ការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខ
យ៉ាងច្រើនបរិបូណ៌។
ពួកគេបរិភោគឆ្អែត មានសាច់មានឈាម
ហើយរស់នៅយ៉ាងសប្បាយ
ដោយសារព្រះហឫទ័យសប្បុរសដ៏ធំធេង របស់ព្រះអង្គ។
២៦ ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ
ប្រឆាំងនឹងព្រះអង្គ
ពួកគេបោះបង់ចោលវិន័យរបស់ព្រះអង្គ
ហើយសម្លាប់ពួកព្យាការី
ដែលដាស់តឿនពួកគេឲ្យបែរចិត្ត
មករកព្រះអង្គវិញ
ពួកគេនាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
២៧ ពេលនោះ ព្រះអង្គក៏ប្រគល់ពួកគេ
ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត
ហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។
ពេលមានអាសន្ន ពួកគេស្រែកអង្វរព្រះអង្គ
ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ*
ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំង
ព្រះអង្គប្រទានអ្នករំដោះ
មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃ
របស់បច្ចាមិត្ត។
២៨ ពេលបានសុខក្សេមក្សាន្ត
ពួកគេចាប់ផ្តើមប្រព្រឹត្តអំពើអាក្រក់
មិនគាប់ព្រះហឫទ័យព្រះអង្គសាជាថ្មី
ព្រះអង្គក៏បោះបង់ចោលពួកគេ
ឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
ខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។
ពេលនោះ ពួកគេស្រែកអង្វរព្រះអង្គសាជាថ្មី
ព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ
ព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង
ហើយព្រះអង្គសង្គ្រោះពួកគេ
ជាច្រើនលើកច្រើនសា។
២៩ ព្រះអង្គបានដាស់តឿនពួកគេឲ្យវិលមក
កាន់តាមវិន័យរបស់ព្រះអង្គវិញ
តែពួកគេមានចិត្តរឹងចចេស
មិនព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
ច្បាប់របស់ព្រះអង្គតែងតែផ្តល់ជីវិត
ឲ្យមនុស្សដែលប្រតិបត្តិតាម
ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាប
ខុសនឹងច្បាប់ទាំងនេះវិញ។
ពួកគេមានចិត្តមានះ និងរឹងចចេស
មិនព្រមស្ដាប់បង្គាប់ឡើយ។
៣០ ព្រះអង្គទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ
ព្រះអង្គប្រទានព្រះវិញ្ញាណឲ្យមក
រំឭកដាស់តឿនពួកគេ
តាមរយៈពួកព្យាការីរបស់ព្រះអង្គ
ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ
ដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេ
ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
៣១ ដោយព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំង
ព្រះអង្គមិនលុបបំបាត់ពួកគេ
ឬបោះបង់ចោលពួកគេឡើយ
ដ្បិតព្រះអង្គជាព្រះដែលមានព្រះហឫទ័យ
ប្រណីសន្ដោស និងអាណិតអាសូរ។
៣២ ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដម
ប្រកបដោយឫទ្ធានុភាពគួរឲ្យស្ញែងខ្លាច
ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី
ហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។
ឥឡូវនេះ សូមព្រះអង្គមេត្តាទតមកយើងខ្ញុំ
ដែលកំពុងរងទុក្ខលំបាក
គឺស្តេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ
បូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំ
ដូនតារបស់យើងខ្ញុំ
និងប្រជាជនទាំងមូលរបស់ព្រះអង្គ
ចាប់ពីជំនាន់ស្តេចស្រុកអាស្ស៊ីរី
រហូតដល់សព្វថ្ងៃនេះ។
៣៣ ហេតុការណ៍ទាំងប៉ុន្មាន
ដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថា
ព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំ
ដោយយុត្តិធម៌ និងសុចរិតមែន
ព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
៣៤ ស្តេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ
បូជាចារ្យរបស់យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ
ពុំប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ
ហើយពួកគេក៏ពុំយកចិត្តទុកដាក់នឹងបទបញ្ជា
ឬការព្រមានផ្សេងៗ
ដែលព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេដែរ។
៣៥ នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន
ព្រះអង្គប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង
ដ៏សម្បូណ៌សប្បាយ
ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ
ពួកគេពុំព្រមគោរពបម្រើព្រះអង្គទេ
ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់
របស់ខ្លួនដែរ។
៣៦ ថ្ងៃនេះ យើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ!
យើងខ្ញុំធ្វើជាទាសករក្នុងស្រុក
ដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់យើងខ្ញុំ
ដើម្បីឲ្យពួកគេបរិភោគផលផ្លែ
និងទទួលភោគទ្រព្យនៅក្នុងស្រុក!
៣៧ ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះ
បែរជាបម្រុងទុកសម្រាប់ស្តេចនានា
ដែលព្រះអង្គឲ្យយើងខ្ញុំធ្វើជាចំណុះ
ព្រោះតែអំពើបាបរបស់យើងខ្ញុំ។
គេត្រួតត្រាលើរូបកាយយើងខ្ញុំ
និងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំ
តាមអំពើចិត្តរបស់គេ
យើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។
១០
ប្រជាជនសន្យាប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់
១ (៨.៣៨) ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងបូជាចារ្យ។ ២ (១) នៅក្នុងឯកសារដែលបិទត្រានោះ មានចុះហត្ថលេខាដូចតទៅ:
លោកនេហេមីជាអភិបាលអាណាខេត្ត និងជាកូនរបស់លោកហាកាលីយ៉ា ជាចៅរបស់លោកសេដេស្យាស ៣ (២) លោកសេរ៉ាយ៉ា លោកអសារីយ៉ា លោកយេរេមី ៤ (៣) លោកប៉ាសួរ លោកអម៉ារីយ៉ា លោកម៉ាល់គីយ៉ា ៥ (៤) លោកហាទូស លោកសេបានីយ៉ា លោកម៉ាលូក ៦ (៥) លោកហារីម លោកមេរេម៉ុត លោកអូបាឌី ៧ (៦) លោកដានីអែល លោកគីនេថូន លោកបារូក ៨ (៧) លោកមេស៊ូឡាម លោកអប៊ីយ៉ា លោកមីយ៉ាមីន ៩ (៨) លោកម៉ាស៊ីយ៉ា លោកប៊ីលកៃ លោកសេម៉ាយ៉ា។ លោកទាំងនោះសុទ្ធតែជាបូជាចារ្យ។
១០ (៩) ក្រុមលេវីមាន: លោកយ៉ូស៊ូអា ជាកូនរបស់លោកអសានីយ៉ា លោកប៊ីនូអ៊ី ពីអំបូរហេណាដាដ លោកកាដមីអែល ១១ (១០) ព្រមទាំងបងប្អូនរបស់គេទាំងនោះ គឺមានលោកសេបានីយ៉ា លោកហូឌីយ៉ា លោកកេលីតា លោកពេឡាយ៉ា លោកហាណាន ១២ (១១) លោកមីកា លោករេហូប លោកហាសាប៊ីយ៉ា ១៣ (១២) លោកសាគួរ លោកសេរេប៊ីយ៉ា លោកសេបានីយ៉ា ១៤ (១៣) លោកហូឌីយ៉ា លោកបានី និងលោកបេនីនូ។
១៥ (១៤) មេដឹកនាំរបស់ប្រជាជនមាន: លោកប៉ារ៉ូស លោកប៉ាហាត់-ម៉ូអាប់ លោកអេឡាម លោកសាធូ លោកបានី ១៦ (១៥) លោកប៊ូនី លោកអាសកាដ លោកបេបាយ ១៧ (១៦) លោកអដូនីយ៉ា លោកប៊ីគវ៉ាយ លោកអឌីន ១៨ (១៧) លោកអធែរ លោកអេសេខ្យាស លោកអស្យួរ ១៩ (១៨) លោកហូឌីយ៉ា លោកហាស៊ូម លោកបេសាយ ២០ (១៩) លោកហារីប លោកអណាតូត លោកនេបៃ ២១ (២០) លោកម៉ាកពីយ៉ាស លោកមេស៊ូឡាម លោកហេសៀរ ២២ (២១) លោកមេសេសាបេល លោកសាដុក លោកយ៉ាដូអា ២៣ (២២) លោកពេឡាទីយ៉ា លោកហាណាន លោកអសាយ៉ា ២៤ (២៣) លោកហូសេ លោកហាណានីយ៉ា លោកហាស៊ូប ២៥ (២៤) លោកហាឡូហេស លោកពីលហា លោកសូបេក ២៦ (២៥) លោករ៉ាហ៊ូម លោកហាសាបណា លោកមេសាយ៉ា ២៧ (២៦) លោកអហ៊ីយ៉ា លោកហាណាន លោកអណាន ២៨ (២៧) លោកម៉ាលូក លោកហារីម លោកបាណា។ ២៩ (២៨) ប្រជាជនឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ក្រុមបម្រើព្រះវិហារ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមវិន័យរបស់ព្រះជាម្ចាស់ ព្រមទាំងប្រពន្ធ កូនប្រុស កូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន ៣០ (២៩) នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមវិន័យ ដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងច្បាប់ និងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ ៣១ (៣០) យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជារបស់កូនប្រុសយើងដែរ។ ៣២ (៣១) នៅថ្ងៃសប្ប័ទ* និងថ្ងៃបុណ្យផ្សេងៗ យើងមិនទិញទំនិញ ឬគ្រឿងបរិភោគ ដែលជនបរទេសយកមកលក់នោះឡើយ។ នៅឆ្នាំទីប្រាំពីរ យើងនឹងទុកដីឲ្យនៅទំនេរ ហើយលុបបំណុលគ្រប់យ៉ាង។
៣៣ (៣២) យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តម្រូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ៣៤ (៣៣) គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ៣៥ (៣៤) ពួកយើងជាបូជាចារ្យ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ព្រះដំណាក់របស់ព្រះនៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាតង្វាយតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ដូចមានចែងទុកក្នុងគម្ពីរវិន័យ។ ៣៦ (៣៥) យើងក៏សន្យាយកផលដំបូងនៃស្រែចម្ការ និងផ្លែឈើទាំងប៉ុន្មាន មកថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជារៀងរាល់ឆ្នាំដែរ។ ៣៧ (៣៦) យើងនឹងនាំកូនប្រុសច្បងរបស់យើង មកថ្វាយព្រះអម្ចាស់ ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើង មកថ្វាយព្រះអង្គ ដូចមានចែងទុកក្នុងគម្ពីរវិន័យ គឺយើងនឹងនាំមកជូនក្រុមបូជាចារ្យ ដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ៣៨ (៣៧) យើងនឹងនាំម្សៅដំបូងរបស់យើង ព្រមទាំងតង្វាយដែលយើងបានញែកទុកដោយឡែក គឺមានផ្លែឈើគ្រប់មុខ ស្រាទំពាំងបាយជូរថ្មី និងប្រេង មកជូនក្រុមបូជាចារ្យ នៅក្នុងបន្ទប់អមនៃព្រះដំណាក់របស់ព្រះនៃយើង។ យើងនឹងយកភោគផលពីដីរបស់យើងមួយភាគដប់ ជូនក្រុមលេវី។ ក្រុមលេវីត្រូវទៅប្រមូលយកផលទាំងនោះពីស្រុកភូមិ ដែលមានស្រែចម្ការរបស់យើង។ ៣៩ (៣៨) ពេលក្រុមលេវីនាំយកតង្វាយមួយភាគដប់ចូលមក បូជាចារ្យមួយរូបដែលជាពូជពង្សរបស់លោកអរ៉ុន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃតង្វាយមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។ ៤០ (៣៩) ជនជាតិអ៊ីស្រាអែល និងក្រុមលេវី ត្រូវយកតង្វាយដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមបូជាចារ្យដែលត្រូវវេនបម្រើការងារក្រុមយាមទ្វារ និងក្រុមចម្រៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។
១១
ការបែងចែកកន្លែងឲ្យជនជាតិយូដាតាំងទីលំនៅសាជាថ្មី នៅក្រុងយេរូសាឡឹម និងក្រុងឯទៀតៗ
១ មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅ នៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀតត្រូវរស់នៅតាមក្រុងនានា។ ២ ប្រជាជនជូនពរដល់អស់អ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡឹម។ ៣ ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅរបស់អ្នកបម្រើព្រះបាទសាឡូម៉ូន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។ ៤ ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអតាយ៉ាជាកូនរបស់លោកអសារីយ៉ា ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកអម៉ារីយ៉ា ដែលត្រូវជាកូនរបស់លោកសេផាទីយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាហាឡាលេអែល ក្នុងអំបូរពេរេស។ ៥ លោកម៉ាសេយ៉ាជាកូនរបស់លោកបារូក ដែលត្រូវជាកូនរបស់លោកកុលហូសេ ដែលត្រូវជាកូនរបស់លោកហាសាយ៉ា ដែលត្រូវជាកូនរបស់លោកអដាយ៉ា ដែលត្រូវជាកូនរបស់លោកយ៉ូយ៉ារីប ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកស៊ីឡូនី។ ៦ កូនចៅរបស់លោកពេរេស ដែលមកតាំងទីលំនៅនៅក្រុងយេរូសាឡឹម សរុបទាំងអស់មាន ៤៦៨នាក់ សុទ្ធសឹងជាមនុស្សដែលមានចិត្តអង់អាច។ ៧ កូនចៅបេនយ៉ាមីនមានលោកស៊ីលូ ជាកូនរបស់លោកមេស៊ូឡាម ដែលត្រូវជាកូនរបស់លោកយ៉ូអែដ ដែលត្រូវជាកូនរបស់លោកពេដាយ៉ា ដែលត្រូវជាកូនរបស់លោកកូឡាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាសេយ៉ា ដែលត្រូវជាកូនរបស់លោកអ៊ីធីអែល ដែលត្រូវជាកូនរបស់លោកអេសាយ។ ៨ បន្ទាប់មក មានលោកកាបាអ៊ី និងលោកសាឡាអ៊ី។ សរុបទាំងអស់ កូនចៅរបស់បេនយ៉ាមីនមាន ៩២៨នាក់។ ៩ លោកយ៉ូអែល កូនរបស់លោកស៊ីគ្រី ជាអធិការក្រុង ហើយលោកយូដា កូនរបស់លោកសេនូអា ជាអធិការរងរបស់ទីក្រុង។
១០ ពួកបូជាចារ្យមាន: លោកយេដាយ៉ាជាកូនរបស់លោកយ៉ូយ៉ារីប លោកយ៉ាគីន ១១ លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមេស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ុត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ១២ ក្រៅពីនោះ មានបងប្អូនរបស់ពួកគេ ដែលទទួលខុសត្រូវលើការងារផ្សេងៗនៅក្នុងព្រះដំណាក់ មានគ្នាទាំងអស់ ៨២២នាក់។ បន្ទាប់មក មានលោកអដាយ៉ា ជាកូនរបស់លោកយេរ៉ូហាំ ដែលជាកូនរបស់លោកពេឡាទីយ៉ា ដែលជាកូនរបស់លោកអាំស៊ី ដែលជាកូនរបស់លោកសាការី ដែលជាកូនរបស់លោកប៉ាសួរ ដែលជាកូនរបស់លោកម៉ាល់គីយ៉ា ១៣ ព្រមទាំងបងប្អូនរបស់គាត់ ដែលត្រូវជាមេលើក្រុមគ្រួសារ មានគ្នាទាំងអស់ ២៤២នាក់។ បន្ទាប់មកទៀត មានលោកអម៉ាសាយ ជាកូនរបស់លោកអសារេល ដែលជាកូនរបស់លោកអសៃ ដែលជាកូនរបស់លោកមេស៊ីលេម៉ុត ដែលជាកូនរបស់លោកអ៊ីមែរ ១៤ ព្រមទាំងបងប្អូនរបស់គេ សុទ្ធសឹងតែជាមនុស្សសំខាន់ៗ មានគ្នាទាំងអស់ ១២៨នាក់។ លោកសាប់ឌីអែល កូនរបស់លោកកេដូលីម ជាអ្នកគ្រប់គ្រងលើពួកគេ។
១៥ ក្រុមលេវីមាន: លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាស៊ីបា ជាកូនរបស់លោកប៊ូនី។ ១៦ លោកសាបឺថាយ និងលោកយ៉ូសាបាដ ជាអ្នកទទួលបន្ទុកកិច្ចការនៅខាងក្រៅព្រះដំណាក់របស់ព្រះជាម្ចាស់ រួមជាមួយពួកមេដឹកនាំក្រុមលេវី។ ១៧ លោកម៉ាថានីយ៉ា ជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាបឌី ជាកូនរបស់លោកអសាភ ជាមេដឹកនាំក្រុមចម្រៀងសរសើរតម្កើង សម្រាប់ពេលអធិស្ឋាន លោកបាកប៊ូគីយ៉ា ដែលជាមេដឹកនាំរង ព្រមទាំងលោកអាប់ដា ជាកូនរបស់លោកសាមូអា ដែលត្រូវជាកូនរបស់លោកកាឡាល ជាកូនរបស់លោកយេឌូទូន។ ១៨ សរុបទាំងអស់ កូនចៅលេវីដែលរស់នៅក្នុងក្រុងដ៏វិសុទ្ធមានចំនួន ២៨៤នាក់។
១៩ ក្រុមយាមទ្វារមាន: លោកអាកគូប លោកថាលម៉ូន និងបងប្អូនរបស់គេ ជាអ្នកយាមទ្វារដែលមានគ្នាទាំងអស់ ១៧២នាក់។
២០ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី នាំគ្នាតាំងទីលំនៅ តាមក្រុងទាំងប៉ុន្មាននៃស្រុកយូដា ក្នុងទឹកដីដែលជាចំណែករបស់ពួកគេ។
២១ ក្រុមអ្នកបម្រើព្រះវិហារ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។
២២ អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូសាយ ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាប៊ីយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានីយ៉ា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ២៣ ស្តេចបានតាក់តែងច្បាប់មួយផ្សេងសម្រាប់ក្រុមតន្ដ្រី ពួកគេបំពេញមុខងារប្រចាំថ្ងៃ ស្របតាមច្បាប់ដែលបានកំណត់ទុក។ ២៤ លោកពេតាយ៉ា ជាកូនរបស់លោកមេសេសាបេល ក្នុងអំបូរសេរ៉ា ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខព្រះចៅអធិរាជ។
២៥ រីឯនៅតាមភូមិ និងតាមតំបន់នានា កូនចៅយូដាតាំងទីលំនៅនៅគៀរីយ៉ាត-អារបា និងស្រុកភូមិជុំវិញ ឌីបូន និងស្រុកភូមិជុំវិញ យេកាបសេអែល និងភូមិនានាដែលនៅជុំវិញ ២៦ យេស៊ូអា ម៉ូឡាដា បេតប៉ាលែត ២៧ ហាសារ-ស៊ូអាល់ បៀរសេបា និងស្រុកភូមិជុំវិញ ២៨ ស៊ីគឡាក់ ម៉េកូណា និងស្រុកភូមិជុំវិញ ២៩ អេនរីម៉ូន សូរេអា យ៉ាមូត ៣០ សាណូអា អាឌូឡាំ និងភូមិនានាដែលនៅជុំវិញ ឡាគីស និងតំបន់ជុំវិញអាសេកា និងស្រុកភូមិជុំវិញ។ កូនចៅយូដាតាំងទីលំនៅចាប់ពីបៀរសេបា រហូតដល់ជ្រលងភ្នំហ៊ីណូម។
៣១ កូនចៅបេនយ៉ាមីនតាំងទីលំនៅ នៅកេបា មីគម៉ាស់ អាយ៉ា បេតអែល និងស្រុកភូមិជុំវិញ ៣២ អាណាតូត ណូប ហាណានីយ៉ា ៣៣ ហាត់ស៊រ រ៉ាម៉ា គីតាអ៊ីម ៣៤ ហាឌីដ សេបូអ៊ីម នេបាឡាត ៣៥ ឡូដ និងអូណូ ជ្រលងភ្នំរបស់ពួកសិប្បករ។ ៣៦ មានពួកលេវីខ្លះចាកចេញពីតំបន់យូដា ទៅរស់នៅក្នុងតំបន់បេនយ៉ាមីន។
១២
បញ្ជីរាយនាមពួកបូជាចារ្យ និងពួកលេវី
១ នេះជាបញ្ជីរាយនាមពួកបូជាចារ្យ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាឡាធាល និងជាមួយលោកយ៉ូស៊ូអា: លោកសេរ៉ាយ៉ា លោកយេរេមី លោកអែសរ៉ា ២ លោកអម៉ារីយ៉ា លោកម៉ាលូក លោកហាទូស ៣ លោកសេកានីយ៉ា លោករេហ៊ូម លោកមេរេម៉ុត ៤ លោកអ៊ីដូ លោកគីនេតូអ៊ី លោកអប៊ីយ៉ា ៥ លោកមៀរយ៉ាមីន លោកម៉ាឌីយ៉ា លោកប៊ីលកា ៦ លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា ៧ លោកសាលូ លោកអម៉ុក លោកហ៊ីលគីយ៉ា លោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាអ្នកដឹកនាំពួកបូជាចារ្យ និងពួកលេវីនៅជំនាន់លោកយ៉ូស៊ូអា។ ៨ ពួកលេវីមាន: លោកយ៉ូស៊ូអា លោកប៊ីនូអ៊ី លោកកាដមីអែល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានីយ៉ា ដែលជាអ្នកដឹកនាំចម្រៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។ ៩ រីឯលោកបាកប៊ូគីយ៉ា និងលោកអ៊ូនី បំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។
១០ លោកយ៉ូស៊ូអាជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា ១១ លោកយ៉ូយ៉ាដាជាឪពុករបស់លោកយ៉ូណាថាន លោកយ៉ូណាថានជាឪពុករបស់លោកយ៉ាឌូអា។
១២ នៅជំនាន់ដែលលោកយ៉ូយ៉ាគីមធ្វើជាមហាបូជាចារ្យ អ្នកដឹកនាំរបស់ក្រុមគ្រួសារបូជាចារ្យមានរាយនាមដូចតទៅ: លោកមេរីយ៉ាជាមេដឹកនាំគ្រួសារសេរ៉ាយ៉ា លោកហាណានីយ៉ាជាមេដឹកនាំគ្រួសារយេរេមី ១៣ លោកមេស៊ូឡាមជាមេដឹកនាំគ្រួសារអែសរ៉ា លោកយ៉ូហាណានជាមេដឹកនាំគ្រួសារអម៉ារីយ៉ា ១៤ លោកយ៉ូណាថាន ជាមេដឹកនាំគ្រួសារម៉េលូគី លោកយ៉ូសែបជាមេដឹកនាំគ្រួសារសេបានីយ៉ា ១៥ លោកអាដណាជាមេដឹកនាំគ្រួសារហារីម លោកហេលកាយជាមេដឹកនាំគ្រួសារម៉េរ៉ាយ៉ុត ១៦ លោកសាការីជាមេដឹកនាំគ្រួសារអ៊ីដូ លោកមេស៊ូឡាមជាមេដឹកនាំគ្រួសារគីនេថូន ១៧ លោកស៊ីគរីជាមេដឹកនាំគ្រួសារអប៊ីយ៉ា ...ជាមេដឹកនាំគ្រួសារមិនយ៉ាមីន លោកពីលថាយ ជាមេដឹកនាំគ្រួសារម៉ូអាឌីយ៉ា ១៨ លោកសាមូអាជាមេដឹកនាំគ្រួសារប៊ីលកា លោកយ៉ូណាថានជាមេដឹកនាំគ្រួសារសេម៉ាយ៉ា ១៩ លោកម៉ាត់ណៃជាមេដឹកនាំគ្រួសារយ៉ូយ៉ារីប លោកអ៊ូស៊ីជាមេដឹកនាំគ្រួសារយេដាយ៉ា ២០ លោកកាឡាយជាមេដឹកនាំគ្រួសារសាឡាយ លោកអេប៊ែរជាមេដឹកនាំគ្រួសារអម៉ុក ២១ លោកហាសាប៊ីយ៉ាជាមេដឹកនាំគ្រួសារហ៊ីលគីយ៉ា លោកណាថាណាអែលជាមេដឹកនាំគ្រួសារយេដាយ៉ា។
២២ នៅជំនាន់ដែលលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ាដា លោកយ៉ូហាណាន និងលោកយ៉ាឌូអា ធ្វើជាមហាបូជាចារ្យជាបន្តបន្ទាប់គ្នា គេបានធ្វើបញ្ជីរាយនាមក្រុមលេវី ជាមេលើក្រុមគ្រួសារ និងបញ្ជីរាយនាមក្រុមបូជាចារ្យ រហូតដល់រជ្ជកាលព្រះចៅដារីយូស។ ២៣ ក្រុមលេវីដែលជាមេក្រុមគ្រួសារ ក៏មានឈ្មោះក្នុងសៀវភៅកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែរ គឺរហូតដល់ជំនាន់លោកយ៉ូហាណាន ជាចៅរបស់លោកអេលីយ៉ាស៊ីប។
២៤ មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាប៊ីយ៉ា លោកសេរេប៊ីយ៉ា និងលោកយ៉ូស៊ូអា ជាកូនរបស់លោកកាដមីអែល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ ២៥ បន្ទាប់មក មានលោកម៉ាថានីយ៉ា លោកបាកប៊ូគីយ៉ា លោកអូបាឌី លោកមេស៊ូឡាម លោកថាលម៉ូន និងលោកអាកគូប ជាអ្នកយាមនៅមាត់ទ្វារព្រះវិហារ។ ២៦ អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយ៉ូស៊ូអា និងជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមីកាន់តំណែងជាទេសាភិបាល ហើយលោកបូជាចារ្យអែសរ៉ាធ្វើជាបណ្ឌិតខាងវិន័យ។
ពិធីសម្ពោធកំពែងក្រុងយេរូសាឡឹម
២៧ លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ឲ្យមកក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។ ២៨ ក្រុមចម្រៀងប្រមូលគ្នាផ្តុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និងនៅតាមភូមិនានានៅតំបន់នេតូផា ២៩ បេតគីលកាល់ តំបន់កេបា និងអាសម៉ាវេត ដ្បិតក្រុមចម្រៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។ ៣០ ពួកបូជាចារ្យ និងពួកលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះប្រជាជន ជម្រះខ្លោងទ្វារ និងកំពែងក្រុងឲ្យបានបរិសុទ្ធដែរ។
៣១ ខ្ញុំចាត់មេដឹកនាំរបស់ជនជាតិយូដាឲ្យឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចម្រៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្តាំឆ្ពោះទៅកាន់ទ្វារសំរាម។ ៣២ លោកហូសេ និងមេដឹកនាំចំនួនពាក់កណ្ដាល ដើរពីក្រោយក្រុមនោះ ៣៣ បន្ទាប់មក លោកអសារីយ៉ា លោកអែសរ៉ា លោកមេស៊ូឡាម ៣៤ លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមី ៣៥ ពួកបូជាចារ្យដែលកាន់ត្រែ លោកសាការី ជាកូនរបស់លោកយ៉ូណាថាន ដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានីយ៉ា ដែលត្រូវជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាគួរ ដែលត្រូវជាកូនរបស់លោកអសាភ ៣៦ ព្រមទាំងបងប្អូនរបស់លោក គឺលោកសេម៉ាយ៉ា លោកអសារ៉ែល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកណេថាណែល លោកយូដា និងលោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ដ្រីរបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកអែសរ៉ា ជាបណ្ឌិតខាងវិន័យ ដើរនៅខាងមុខគេ។ ៣៧ ពេលមកដល់មាត់ទ្វារប្រភពទឹក ពួកគេឡើងទៅបុរីព្រះបាទដាវីឌ តាមជណ្ដើរកំពែងដែលនៅទល់មុខនោះ កាត់តាមខាងលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារគង្គាដែលនៅខាងកើត។ ៣៨ ក្រុមចម្រៀងទីពីរដើរប៉ែកខាងឆ្វេង ខ្ញុំដើរតាមក្រោយពួកគេជាមួយប្រជាជន មួយផ្នែកទៀត នៅខាងលើកំពែងក្រុង។ យើងដើរកាត់ខាងលើប៉មឡភ្លើង រហូតដល់កំពែងធំ។ ៣៩ បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណាណែល និងប៉មម៉េអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។ ៤០ ក្រុមចម្រៀងទាំងពីរនាំគ្នាឈប់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ រីឯខ្ញុំ និងពួកអ្នកគ្រប់គ្រងដែលនៅជាមួយ ក៏ឈប់នៅទីនោះ ៤១ រួមទាំងលោកបូជាចារ្យអេលីយ៉ាគីម ម៉ាសេយ៉ា មិនយ៉ាមីន មីកា អែលយ៉ូណៃ សាការី ហាណានីយ៉ា ដែលជាអ្នកផ្លុំត្រែ ៤២ ហើយក៏មានលោកម៉ាសេយ៉ា លោកសេម៉ាយ៉ា លោកអេឡាសារ លោកអ៊ូស៊ី លោកយ៉ូហាណន លោកមីលគីយ៉ា លោកអេឡាំ និងលោកអេស៊ែរ។ ពេលនោះ ក្រុមចម្រៀងក៏បន្លឺសំឡេងច្រៀង ក្រោមការដឹកនាំរបស់លោកអធិការយីសរ៉ាយ៉ា។
៤៣ នៅថ្ងៃនោះ ប្រជាជនថ្វាយយញ្ញបូជាជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ព្រោះព្រះជាម្ចាស់ប្រទានឲ្យពួកគេមានអំណរដ៏លើសលប់។ ចំណែកឯស្ត្រី និងក្មេងៗវិញ ក៏នាំគ្នាសប្បាយរីករាយដែរ សម្រែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូសាឡឹមទៅយ៉ាងឆ្ងាយ។
ចំណែករបស់ពួកបូជាចារ្យ និងពួកលេវី
៤៤ នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកថ្វាយជាតង្វាយផលដំបូង ឬតង្វាយមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដូចមានចែងទុកក្នុងក្រឹត្យវិន័យ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមបូជាចារ្យ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន ៤៥ គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលព្រះរបស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចម្រៀង ក្រុមយាមទ្វារព្រះដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចែងទុក។ ៤៦ កាលពីជំនាន់ដើម គឺនៅជំនាន់ព្រះបាទដាវីឌ និងលោកអសាភ តែងតែមានគ្រូចម្រៀងដឹកនាំក្រុមចម្រៀង ច្រៀងសរសើរតម្កើង និងអរព្រះគុណព្រះជាម្ចាស់។ ៤៧ នៅជំនាន់លោកសូរ៉ូបាបិល និងជំនាន់លោកនេហេមី ប្រជាជនអ៊ីស្រាអែលទាំងមូលតែងតែញែកចំណែកដ៏សក្ការៈនៃម្ហូបអាហាររបស់ខ្លួន ទៅជូនក្រុមលេវីជារៀងរាល់ថ្ងៃ ហើយក្រុមលេវីក៏ញែកចំណែកដ៏សក្ការៈនៃអាហាររបស់ខ្លួន ជូនកូនចៅរបស់លោកអរ៉ុនដែរ។
១៣
ការកែទម្រង់ផ្សេងៗ
១ នៅគ្រានោះ ពេលអានគម្ពីរវិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់ជាដាច់ខាត ២ ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រាអែលទេ។ ជនជាតិម៉ូអាប់បានសូកលោកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះរបស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាព្រះពរវិញ។ ៣ ពេលឮវិន័យនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រាអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។ ៤ មុនពេលនោះ គេតែងតាំងលោកបូជាចារ្យអេលីយ៉ាស៊ីប ឲ្យមើលខុសត្រូវបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ដោយលោកត្រូវជាសាច់ញាតិរបស់លោកតូប៊ីយ៉ា ៥ លោកបានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកតូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះវិហារ ព្រមទាំងស្រូវ ស្រាទំពាំងបាយជូរ និងប្រេងជាតង្វាយមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចម្រៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមបូជាចារ្យ។ ៦ ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅគាល់ព្រះចៅអ័រតាស៊ែរសេស ជាស្តេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្តេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលរាជានុញ្ញាត ៧ វិលមកក្រុងយេរូសាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់ សម្រាប់លោកតូប៊ីយ៉ា។ ៨ ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំក៏ឲ្យគេយកសម្ភារៈទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់លោកតូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់ ៩ ខ្ញុំឲ្យគេធ្វើពិធីជម្រះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃព្រះដំណាក់ព្រះជាម្ចាស់ តង្វាយ និងគ្រឿងក្រអូបមកដាក់ជំនួសវិញ។
១០ ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចម្រៀងដែលត្រូវបំពេញមុខងារនៅក្នុងព្រះដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។ ១១ ខ្ញុំស្តីបន្ទោសពួកអ្នកគ្រប់គ្រងថា «ហេតុអ្វីបានជាអស់លោកបោះបង់ចោលព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចម្រៀង ឲ្យមកបំពេញមុខងាររបស់ខ្លួនវិញ។ ១២ ពេលនោះ ប្រជាជនយូដាទាំងមូលយកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ដែលជាតង្វាយមួយភាគដប់មកដាក់ក្នុងឃ្លាំង។ ១៣ ខ្ញុំបានប្រគល់ភារកិច្ចមើលខុសត្រូវឃ្លាំងទៅលោកសេមេលីយ៉ា ជាបូជាចារ្យ លោកសាដុក ជាបណ្ឌិតខាងវិន័យ និងលោកពេដាយ៉ា ពីក្រុមលេវី ហើយក៏មានលោកហាណន ជាកូនរបស់លោកសាគួរ និងជាចៅរបស់លោកម៉ាថានីយ៉ា ធ្វើការរួមជាមួយដែរ។ ប្រជាជនទទួលស្គាល់ថាលោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកគេមានភារកិច្ចចែករបបឲ្យបងប្អូនរបស់ខ្លួន។
១៤ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការដែលទូលបង្គំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលទូលបង្គំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះព្រះដំណាក់របស់ព្រះអង្គ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើព្រះអង្គ។
១៥ នៅគ្រានោះ ខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដា នាំគ្នាកៀបផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ* ហើយខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវ ដឹកស្រា ដឹកផ្លែទំពាំងបាយជូរ ផ្លែឧទុម្ពរ និងរបស់ឯទៀតៗ លើខ្នងលា នាំចូលមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ខ្ញុំព្រមានពួកគេកុំឲ្យលក់ដូរអ្វីនៅថ្ងៃនោះ។ ១៦ មានអ្នកក្រុងទីរ៉ុសខ្លះដែលរស់នៅក្រុងយេរូសាឡឹម តែងតែដឹកត្រី និងទំនិញគ្រប់យ៉ាង មកលក់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទ។ ១៧ ខ្ញុំបន្ទោសពួកអភិជននៃស្រុកយូដាថា៖ «ម្ដេចក៏អស់លោកប្រព្រឹត្តអំពើអាក្រក់ ដោយរំលោភលើថ្ងៃសប្ប័ទដូច្នេះ? ១៨ ព្រះជាម្ចាស់បានធ្វើឲ្យទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និងក្រុងយេរូសាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញ អស់លោករំលោភលើថ្ងៃសប្ប័ទដូច្នេះ តើអស់លោកចង់ធ្វើឲ្យព្រះពិរោធរបស់ព្រះអង្គ ឆាបឆេះលើជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។ ១៩ បន្ទាប់មក ខ្ញុំបញ្ជាឲ្យគេខ្ទាស់ទ្វារក្រុង នៅល្ងាចផ្តើមថ្ងៃសប្ប័ទ ហើយខ្ញុំប្រាប់ឲ្យគេបើកទ្វារវិញ ក្រោយថ្ងៃសប្ប័ទ។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួនឲ្យយាមមាត់ទ្វារក្រុង ដើម្បីកុំឲ្យនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃសប្ប័ទឡើយ។ ២០ ដូច្នេះ អ្នកជំនួញ និងអ្នកលក់ដូរទំនិញគ្រប់យ៉ាង ត្រូវតែនៅខាងក្រៅក្រុងយេរូសាឡឹម មួយយប់ ឬពីរយប់។ ២១ ខ្ញុំព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានៅខាងមុខកំពែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នាធ្វើបែបនេះទៀត ខ្ញុំនឹងចាប់ខ្លួនអ្នករាល់គ្នាជាមិនខាន»។ ចាប់ពីពេលនោះ ពួកគេលែងធ្វើដំណើរមកក្រុងយេរូសាឡឹម នៅថ្ងៃសប្ប័ទទៀតហើយ។ ២២ ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃសប្ប័ទ ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។
ឱព្រះនៃទូលបង្គំអើយ ហេតុនេះ សូមនឹកចាំពីទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។
២៣ នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាស្តូដ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។ ២៤ កូនរបស់ពួកគេចំនួនពាក់កណ្ដាលនិយាយភាសាអាស្តូដ គឺមិនចេះនិយាយភាសាយូដាទេ ពួកគេចេះនិយាយតែភាសារបស់ជនជាតិដទៃប៉ុណ្ណោះ។ ២៥ ខ្ញុំបានស្តីបន្ទោសអ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយឲ្យពួកគេស្បថក្នុងព្រះនាមព្រះជាម្ចាស់ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ ឲ្យកូនប្រុសរបស់ខ្លួនឡើយ។ ២៦ ព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូម៉ូន ជាស្តេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្តេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្តេចឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្តេចឲ្យប្រព្រឹត្តអំពើបាប។ ២៧ ដូច្នេះ យើងមិនចង់ឮដំណឹងថា អ្នករាល់គ្នាផ្ទាល់ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ហើយក្បត់នឹងព្រះនៃយើង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃឡើយ»។
២៨ លោកយ៉ូយ៉ាដាជាកូនរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប មានកូនប្រុសម្នាក់ត្រូវជាកូនប្រសារបស់លោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូន។ ខ្ញុំបានដេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។ ២៩ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអ្នកទាំងនោះ ដែលបានធ្វើឲ្យមុខងាររបស់ខ្លួនជាបូជាចារ្យទៅជាសៅហ្មង ហើយធ្វើឲ្យសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយក្រុមបូជាចារ្យ និងក្រុមលេវី ទៅជាស្មៅហ្មងដែរ។ ៣០ ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញច្បាប់ឲ្យក្រុមបូជាចារ្យ និងក្រុមលេវី អនុវត្ត ស្របតាមមុខងាររបស់ខ្លួន។ ៣១ ខ្ញុំបានចាត់ចែងឲ្យប្រជាជនយកអុសមកថ្វាយតាមពេលកំណត់ ព្រមទាំងតង្វាយដែលជាផលដំបូងនៃដំណាំរបស់គេដែរ។
ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ ហើយប្រព្រឹត្តចំពោះទូលបង្គំ ដោយព្រះហឫទ័យសន្ដោសផង៕
737 Views