សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីមីកា
ពាក្យលំនាំ
មីកា
(ព្យាការីមីកា)
ពាក្យលំនាំ
លោកមីកាជាព្យាការីមួយរូបរស់នៅជំនាន់ព្យាការីអេសាយ លោកបម្រើព្រះអម្ចាស់ក្នុងអំឡុងឆ្នាំ ៧៤០-៧០០ មុនគ្រីស្តសករាជ។ ព្យាការីមីកាក៏ដូចជាព្យាការីអេសាយដែរ លោកនាំព្រះបន្ទូលទៅប្រកាសប្រាប់អ្នកស្រុកយូដា នៅគ្រាដែលពួកគេទទួលការគំរាមកំហែងពីសំណាក់កងទ័ពអាស្ស៊ីរី។
លោកមីកាប្រកាសប្រាប់អ្នកស្រុកថា ទឹកដីរបស់ពួកគេ ជាពិសេស ក្រុងយេរូសាឡឹមនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដូចក្រុងសាម៉ារី ជារាជធានីរបស់អាណាចក្រអ៊ីស្រាអែលខាងជើងដែរ។ លោកប្រាប់ពួកគេឲ្យដឹងថា មហន្តរាយដែលនឹងកើតមាននេះ ជាលទ្ធផលនៃអំពើបាបរបស់ពួកគេ ជាពិសេស អំពើអយុត្តិធម៌នៅក្នុងសង្គមជាតិយូដា។ សេចក្ដីដែលលោកប្រកាសក្នុងនាមព្រះអម្ចាស់ បណ្តាលឲ្យមានការប៉ះទង្គិចជាមួយពួកមេដឹកនាំ ពួកអភិជន អ្នកគ្រប់គ្រង និងពួកបូជាចារ្យជាដើម។ លោកក៏បានប្រកាសប្រឆាំងនឹងពួកព្យាការីមួយចំនួន ដែលបោកបញ្ឆោតប្រជាជន ដោយពោលពាក្យបញ្ចើចបញ្ចើ ជាហេតុធ្វើឲ្យប្រជាជនមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ឬកែប្រែចិត្តគំនិតឡើយ។ តាមរយៈសេចក្ដីដែលលោកប្រកាស ព្យាការីមីកាចង់ណែនាំប្រជាជនឲ្យរិះគិតពិចារណា ហើយប្រកាន់យកគោលជំហរដូចតទៅ: ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយគោរពស្រឡាញ់អ្នកដទៃ។ លោកស្តីប្រដៅប្រជាជនមែន តែលោកក៏ប្រកាសឲ្យគេដឹងថា ព្រះជាម្ចាស់មានគម្រោងការសង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គនៅអនាគតកាលដែរ។
កណ្ឌគម្ពីរមីកាសង្កត់ទៅលើខ្លឹមសារពីរយ៉ាង : ព្រះជាម្ចាស់ប្រកាសថា ព្រះអង្គនឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ ដើម្បីវាយប្រដៅពួកគេ (ចំពូក ១‑៣ និង៦.១‑៧.៧) ហើយព្រះអង្គក៏សន្យានឹងសង្គ្រោះពួកគេដែរ (ចំពូក ៤‑៥ និង៧:៨-២០) ដោយស្តារស្ថានភាពរបស់ពួកគេឡើងវិញ ហើយតែងតាំងមានស្តេចមួយអង្គ ដែលជាពូជពង្សរបស់ព្រះបាទដាវីឌ ឲ្យគ្រងរាជ្យលើពួកគេ (៥:១-៤ក)។
១
១ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរេសិត តាមរយៈនិមិត្តហេតុអស្ចារ្យស្តីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអខាស និងព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា។
ព្រះបន្ទូលព្រមានស្រុកអ៊ីស្រាអែល និងស្រុកយូដា
២ ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់!
ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ
ចូរយកចិត្តទុកដាក់ស្ដាប់!
ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា
ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
៣ ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក
ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។
៤ ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា
ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ
ដូចក្រមួនរលាយនៅមុខភ្លើង
ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
៥ ហេតុការណ៍ទាំងនេះកើតមាន
ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប
និងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។
តើនរណានាំឲ្យកូនចៅ
របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត?
គឺក្រុងសាម៉ារី!
តើនរណានាំឲ្យយូដាគោរព
ព្រះក្លែងក្លាយនៅតាមទីខ្ពស់?
គឺក្រុងយេរូសាឡឹម!
៦ យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋ
ជាចម្ការមួយដែលគេដាំទំពាំងបាយជូរ
យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ
ទម្លាក់ទៅក្នុងជ្រោះ
ហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។
៧ រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែក
គ្រឿងសក្ការបូជាទាំងប៉ុន្មានដែលគេយក
មកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។
យើងនឹងកម្ទេចព្រះក្លែងក្លាយទាំងអស់
រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារ
ដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃ
ស្រីពេស្យា។
៨ ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង
ខ្ញុំដើរជើងទទេ និងខ្លួនទទេ
ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
៩ ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ
ដំបៅនេះស៊ីរហូតដល់ស្រុកយូដា
និងដល់ទ្វារក្រុងយេរូសាឡឹម
ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។
១០ កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ
ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។
កុំដេកននៀលលើដីនៅក្រុងបេត-លេ-ប្រា
ឲ្យសោះ។
១១ អ្នកស្រុកសាភៀរអើយ
ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ!
អ្នកក្រុងសាណនមិនហ៊ានចេញពីទីក្រុងទេ។
អ្នកក្រុងបេតហេសែលនាំគ្នាកាន់ទុក្ខ
ពួកគេមិនអាចធ្វើជាបង្អែករបស់
អ្នករាល់គ្នាទេ។
១២ អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល
ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ
មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។
១៣ អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ!
អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន
ឲ្យប្រព្រឹត្តអំពើបាប
ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែល
ចាប់ផ្តើមឡើងនៅក្នុងក្រុងរបស់អ្នក។
១៤ ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី
ប្រជាជននៅក្រុងម៉ូរេសិត-កាថ។
ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញគេនឹងធ្វើ
ឲ្យស្តេចស្រុកអ៊ីស្រាអែលខកចិត្ត។
១៥ អ្នកស្រុកម៉ារេសាអើយ
ព្រះអម្ចាស់នឹងនាំសត្រូវមកឈ្លានពានអ្នក
មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រាអែល
នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។
១៦ អ្នកក្រុងយេរូសាឡឹមអើយ
ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ
ដ៏ជាទីស្រឡាញ់របស់អ្នក
ចូរទុកក្បាលឲ្យនៅត្រងោល
ដូចក្បាលត្មាត ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក
ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។
២
អ្នកធំប្រើអំណាចជិះជាន់ជនតូចតាច
១ អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត
ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល
លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន
សម្រេចតាមគម្រោងការនេះ
មុខជាត្រូវវេទនាពុំខាន!
២ បើគេប៉ុនប៉ងចង់បានស្រែចម្ការណា
គេដណ្ដើមយកស្រែចម្ការនោះ
បើគេប៉ុនប៉ងចង់បានផ្ទះណា
គេរឹបអូសយកផ្ទះនោះ
គេប្លន់ម្ចាស់ផ្ទះ និងគ្រួសារ
ហើយដណ្ដើមយកមត៌ករបស់គាត់ទៀតផង។
៣ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងកំពុងតែរៀបផែនការដាក់ទោស
មនុស្សប្រភេទនេះ។
ខ្មាំងនឹងជាន់កអ្នករាល់គ្នា
អ្នករាល់គ្នានឹងដើរឱនមុខ
ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។
៤ នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងរបស់អ្នក
ទៅសើចលេង
ហើយចងក្រងបទសម្រាប់ស្មូត្ររៀបរាប់ថា:
“ពួកយើងបាត់បង់អ្វីៗទាំងអស់!
ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង!
បច្ចាមិត្តដេញពួកយើងចេញពីស្រុក
រួចយកទឹកដីចែកគ្នា!”»។
៥ ហេតុនេះ ពេលប្រជាជនរបស់ព្រះអម្ចាស់
បែងចែកដីគ្នា
គ្មាននរណាម្នាក់វាស់ដីចែកឲ្យអ្នកឡើយ។
អស់អ្នកដែលជំទាស់នឹងពាក្យរបស់ព្យាការី
៦ មានអ្នកខ្លះពោលថា:
“កុំចេះតែនិយាយព្រោកប្រាជ្ញបែបនេះ!
កុំពោលថា ពួកយើងគេចមិនផុតពី
ភាពអាម៉ាស់នោះឡើយ!
៧ តើកូនចៅលោកយ៉ាកុបត្រូវបណ្ដាសាឬ?
តើអ្នកស្មានថា ព្រះអម្ចាស់គ្មានខន្តីឬ?
ព្រះអង្គមិនប្រព្រឹត្តរបៀបនេះទេ!”។
ខ្ញុំនិយាយតែពាក្យល្អ
ចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។
៨ «កន្លងទៅនេះ អ្នករាល់គ្នាតាំងខ្លួនជាសត្រូវ
នឹងប្រជារាស្ដ្ររបស់យើង
អ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែល
ត្រឡប់មកពីសមរភូមិយ៉ាងសុខស្រួល។
៩ អ្នករាល់គ្នាដេញស្ត្រីៗរបស់ប្រជារាស្ដ្រយើង
ចេញពីផ្ទះដែលនាងស្រឡាញ់។
រីឯកិត្តិយសដែលយើងបានប្រគល់ឲ្យ
កូនៗរបស់នាង ក៏អ្នករាល់គ្នាដកចេញពីពួកគេ
រហូតតទៅដែរ។
១០ ចូរក្រោកឡើង នាំគ្នាដើរចេញទៅ!
ដ្បិតស្រុកនេះមិនមែនជាកន្លែងសម្រាកទៀតទេ!
អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កឲ្យ
កើតមហន្តរាយយ៉ាងខ្លោចផ្សា។
១១ អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ
ដែលប្រសប់និយាយកុហកបោកប្រាស់ថា
“បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង
ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!”
អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង
ប្រជារាស្ដ្រនេះណាស់!»។
ព្រះអម្ចាស់ប្រមូលផ្តុំជនជាតិអ៊ីស្រាអែលដែលនៅសេសសល់
១២ «កូនចៅយ៉ាកុបអើយ
យើងនឹងប្រមូលផ្តុំអ្នកទាំងអស់គ្នា។
ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់អើយ
យើងនឹងឲ្យអ្នករាល់គ្នាមកនៅជុំគ្នាវិញ
ដូចចៀមស្ថិតនៅក្នុងក្រោលតែមួយ
និងដូចហ្វូងសត្វនៅក្នុងវាលស្មៅតែមួយ។
ពេលនោះ នឹងមានសំឡេងអ៊ូអរឡើងវិញ
នៅក្នុងស្រុករបស់អ្នករាល់គ្នា»។
១៣ អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នា
គេទម្លុះកំពែងក្រុង
ឲ្យអ្នករាល់គ្នាចេញតាមប្រឡោះនោះ។
ស្តេចរបស់អ្នករាល់គ្នាយាងនៅមុខអ្នករាល់គ្នា
ដោយមានព្រះអម្ចាស់យាងនៅមុខគេបង្អស់។
៣
ពាក្យព្រមានមេដឹកនាំ
១ ពួកមេដឹកនាំកូនចៅលោកយ៉ាកុប
និងពួកអ្នកគ្រប់គ្រងលើ
ពូជពង្សអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យខ្ញុំ!
អ្នករាល់គ្នាត្រូវតែស្គាល់ច្បាប់។
២ ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ
ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។
អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន
រហូតដល់បកស្បែកគេ
ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។
៣ អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ
អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ
ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។
៤ អ្នករាល់គ្នាស្រែកអង្វរព្រះអម្ចាស់
តែព្រះអង្គមិនឆ្លើយតបមកវិញឡើយ
ពេលនោះ ព្រះអង្គគេចព្រះភ័ក្ត្រពីអ្នករាល់គ្នា
ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ
៥ ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីពួកព្យាការី
ដែលនាំប្រជាជនរបស់ខ្ញុំឲ្យវង្វេង។
បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត
ពួកគេទាយថា មានសេចក្ដីសុខសាន្ត
តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ
ពួកគេទាយថា មានកើតសង្គ្រាម។
៦ ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ
និមិត្តហេតុអស្ចារ្យទៀតហើយ
ផ្ទុយទៅវិញ មានតែយប់ងងឹត
អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ
ផ្ទុយទៅវិញ មានតែភាពអន្ធការ
ភាពងងឹតសូន្យសុងនឹងគ្របពីលើ
ព្យាការីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។
៧ ពួកគ្រូទាយនឹងត្រូវបាក់មុខ
ពួកហោរានឹងត្រូវអាម៉ាស់
ពួកគេនឹងយកដៃបាំងមុខ
ដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។
៨ ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង
មកពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់។
ព្រះអង្គប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌
និងមានចិត្តក្លាហាន
ដើម្បីប្រាប់ពូជពង្សលោកយ៉ាកុប
ឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួន
ហើយប្រាប់ប្រជាជនអ៊ីស្រាអែល
ឲ្យស្គាល់អំពើបាបរបស់ខ្លួន។
៩ នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុប
មេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយ
សូមនាំគ្នាស្ដាប់!
អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។
១០ អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ
ហើយសង់ក្រុងយេរូសាឡឹម
ដោយជិះជាន់សង្កត់សង្កិនគេ។
១១ ចៅក្រមកាត់ក្តី ដោយចង់បានសំណូក
បូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកម្រៃ
ព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។
ពួកគេយកព្រះនាមព្រះអម្ចាស់មកប្រើ
ទាំងពោលថា: “ព្រះអម្ចាស់គង់នៅជាមួយយើង
មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
១២ ហេតុនេះ ព្រោះតែអ្នករាល់គ្នា
ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ
ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា
គំនរបាក់បែក
រីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
៤
ព្រះអម្ចាស់នឹងស្តារក្រុងយេរូសាឡឹមឡើងវិញ
១ ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើកភ្នំ
ដែលមានព្រះដំណាក់របស់ព្រះអង្គ
ដាក់នៅលើកំពូលភ្នំទាំងឡាយ
ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ
ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ
ជាហូរហែ។
២ ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ
ទាំងពោលថា «ចូរនាំគ្នាមក!
យើងឡើងលើភ្នំរបស់ព្រះអម្ចាស់
យើងឡើងទៅព្រះដំណាក់នៃព្រះរបស់
លោកយ៉ាកុប។
ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ
ហើយយើងនឹងដើរតាមមាគ៌ានេះ»
ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន
ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់
ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
៣ ព្រះអង្គនឹងធ្វើជាចៅក្រមរវាង
ជាតិសាសន៍ដ៏ច្រើន
ព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិដ៏ខ្លាំងពូកែ
ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។
ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន
មកដំធ្វើជាផាលនង្គ័ល
ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។
ប្រជាជាតិមួយឈប់ច្បាំងនឹង
ប្រជាជាតិមួយទៀត
ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។
៤ មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត
ក្រោមម្លប់ដើមទំពាំងបាយជូរ និងដើមឧទុម្ពរ
របស់គេរៀងៗខ្លួន។
គ្មាននរណាមករំខានពួកគេឡើយ
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
៥ ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម
ព្រះរបស់គេរៀងៗខ្លួន
រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់
ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។
៦ «នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស
ដែលដើរពុំរួច
យើងនឹងប្រមូលផ្តុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល
យើងបានធ្វើទោស»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៧ «យើងនឹងឲ្យអ្នករបួសដើរពុំរួច
ក្លាយទៅជាប្រជាជនដែលនៅសេសសល់
ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់
ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។
យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ
នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
៨ រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ
អ្នកប្រៀបដូចជាប៉មចាំយាម
និងជាបន្ទាយដ៏រឹងមាំ
អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម
យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
ព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹមឲ្យរួចពីឈឺចាប់
៩ ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ
ហេតុអ្វីបានជាអ្នកឈឺចុកចាប់
ដូចស្ត្រីសម្រាលកូនដូច្នេះ?
តើអ្នកគ្មានស្តេចទេឬ?
តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?
១០ ក្រុងស៊ីយ៉ូនអើយ
ចូរឈឺចាប់ និងស្រែកថ្ងូរ
ដូចស្ត្រីសម្រាលកូនទៅ!
ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង
ទៅរស់នៅតាមស្រែចម្ការ
អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។
នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក
ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
១១ ឥឡូវនេះ ប្រជាជាតិជាច្រើន
លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា:
“សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស
ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។
១២ ប៉ុន្តែពួកគេពុំស្គាល់ព្រះហឫទ័យ
របស់ព្រះអម្ចាស់ទេ
ហើយក៏ពុំយល់គម្រោងការរបស់ព្រះអង្គដែរ
ព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ
នៅក្នុងលានបោកបែន។
១៣ «ប្រជាជនក្រុងស៊ីយ៉ូនអើយ
ចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ!
យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា
ដូចគោដែលមានស្នែងធ្វើពីដែក
ក្រចកជើងធ្វើពីលង្ហិន
អ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើន
ដូចគេបញ្ជាន់ស្រូវ
ហើយញែកជ័យភ័ណ្ឌរបស់ពួកគេ
ទុកសម្រាប់យើង ដែលជាព្រះអម្ចាស់
និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង
ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។
១៤ ឥឡូវនេះ អ្នកក្រុងយេរូសាឡឹមអើយ
ចូរអារសាច់របស់ខ្លួនទៅ!
ខ្មាំងសត្រូវឡោមព័ទ្ធពួកយើងហើយ
គេយកដំបងវាយថ្ពាល់មេគ្រប់គ្រងរបស់
ជនជាតិអ៊ីស្រាអែល។
៥
ព្រះសង្គ្រោះប្រសូតនៅភូមិបេថ្លេហិម
១ «បេថ្លេហិមអេប្រាតាអើយ!
ក្នុងចំណោមអំបូរទាំងប៉ុន្មាន
នៅស្រុកយូដា អ្នកតូចជាងគេមែន
តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែល
ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។
លោកនោះមានដើមកំណើត
តាំងពីបុរាណកាលដ៏យូរលង់»។
២ ព្រះជាម្ចាស់នឹងបោះបង់ចោល
ប្រជាជនអ៊ីស្រាអែលមួយរយៈសិន
រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។
ពេលនោះ បងប្អូនរបស់បុត្រ
ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា
ជាមួយកូនចៅអ៊ីស្រាអែលវិញ។
៣ ស្តេចនោះនឹងក្រោកឡើង
ហើយដឹកនាំជនជាតិអ៊ីស្រាអែល
ដោយព្រះចេស្ដារបស់ព្រះអម្ចាស់
និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់
ជាព្រះរបស់លោក។
អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត
ដ្បិតចាប់ពីពេលនេះទៅ
ស្តេចនោះមានអំណាចឧត្តុង្គឧត្ដម
រហូតដល់ទីដាច់ស្រយាលនៃផែនដី។
៤ ស្តេចនោះហើយដែលផ្តល់សេចក្ដីសុខសាន្ត!
ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក
វាយលុកស្រុកយើង
ហើយវាយចូលដល់កំពែងក្រុងរបស់យើង
ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់
ឲ្យទៅតយុទ្ធនឹងពួកគេ។
៥ មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ
ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។
ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង
ដើម្បីឈ្លានពានទឹកដីរបស់យើង
ស្តេចនោះនឹងដោះលែងយើងឲ្យរួចពី
កណ្ដាប់ដៃរបស់ពួកគេ។
៦ កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចជាទឹកសន្សើមមកពីព្រះអម្ចាស់
និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ
ដោយឥតត្រូវការមនុស្សជួយឡើយ។
៧ កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ
ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ
និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។
ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ី
ដោយឥតមាននរណាម្នាក់អាចរំដោះ
ឲ្យរួចបានឡើយ។
៨ ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក
ចូរកម្ទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
៩ នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក
យើងនឹងកម្ទេចរទេះចម្បាំងរបស់អ្នក
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ «យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក
យើងនឹងផ្តួលរំលំកំពែងដ៏រឹងមាំ
ទាំងប៉ុន្មានរបស់អ្នក។
១១ យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នក
ហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។
១២ យើងនឹងដកព្រះក្លែងក្លាយ
និងរូបបដិមាចេញពីចំណោមអ្នក
ហើយអ្នកនឹងលែងថ្វាយបង្គំរូប
ដែលជាស្នាដៃរបស់អ្នកទៀតហើយ។
១៣ យើងនឹងរំលំបង្គោលព្រះអាសេរ៉ាចេញពីអ្នក
យើងនឹងកម្ទេចក្រុងរបស់អ្នក។
១៤ យើងនឹងដាក់ទោសប្រជាជាតិនានា
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង
ព្រោះពួកគេពុំបានស្ដាប់យើងទេ»។
៦
ព្រះអម្ចាស់ចោទប្រកាន់ប្រជារាស្ដ្ររបស់ព្រះអង្គ
១ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
ព្រះអម្ចាស់មានព្រះបន្ទូល!
ចូរក្រោកឡើង! នាំពាក្យបណ្តឹងទៅប្រាប់
ឲ្យភ្នំធំៗ និងភ្នំតូចៗ ដឹងឮផង!
២ ភ្នំធំទាំងឡាយអើយ
ចូរស្ដាប់ពាក្យបណ្តឹងរបស់ព្រះអម្ចាស់!
គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ!
ចូរស្ដាប់ពាក្យបណ្តឹងដែលព្រះអម្ចាស់
ចោទប្រកាន់អ៊ីស្រាអែល
ជាប្រជារាស្ដ្ររបស់ព្រះអង្គ៖
៣ «ប្រជារាស្ដ្រយើងអើយ!
តើយើងបានធ្វើអ្វីខ្លះដល់អ្នក?
តើយើងបានធ្វើអ្វីឲ្យអ្នកធុញទ្រាន់?
ចូរឆ្លើយមកយើងមើល៍!
៤ តើមកពីយើងបាននាំអ្នកចេញពី
ស្រុកអេស៊ីបឬ?
តើមកពីយើងបានលោះអ្នក
ឲ្យរួចពីទាសភាពឬ?
តើមកពីយើងចាត់ម៉ូសេ អរ៉ុន និងមៀរីយ៉ាម
ឲ្យនាំមុខអ្នកឬ?
៥ ប្រជារាស្ដ្រយើងអើយ
ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់
ជាស្តេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក!
ចូរនឹកចាំពីស្តេចដែលបាឡាម
ជាកូនរបស់បេអ៊រ ឆ្លើយទៅស្តេចនោះវិញ!
បន្ទាប់មក យើងបាននាំអ្នកពីគីទីម
រហូតដល់គីលកាល់។
អ្នកនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់
យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។
តង្វាយដែលព្រះអម្ចាស់សព្វព្រះហឫទ័យ
៦ ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់
តើខ្ញុំត្រូវយកអ្វីទៅជាមួយ?
ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត
តើខ្ញុំត្រូវយកកូនគោអាយុមួយខួប
មកថ្វាយជាតង្វាយដុតទាំងមូលឬ?
៧ តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួល
ចៀមឈ្មោលរាប់ពាន់ក្បាល
ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ?
តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ
ដើម្បីសុំព្រះអង្គលើកលែងទោស
ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ
ដើម្បីសុំរំដោះបាបឬ?
៨ ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក
ឲ្យស្គាល់ការណាដែលល្អ
និងការណាដែលព្រះអម្ចាស់
សព្វព្រះហឫទ័យឲ្យអ្នកធ្វើ
គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌
ស្រឡាញ់ភាពស្មោះត្រង់
ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ា
នៃព្រះរបស់អ្នក។
ព្រះបន្ទូលប្រឆាំងនឹងការកេងប្រវ័ញ្ច និងអំពើឃោរឃៅ
៩ ព្រះអម្ចាស់បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុង
ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច
ព្រះនាមរបស់ព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលថា៖
«អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ
ចូរនាំគ្នាស្ដាប់!
១០ បើក្នុងផ្ទះរបស់មនុស្សអាក្រក់
នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិត
និងមានថាំងរង្វាល់តូចជ្រុល
ដែលគួរឲ្យស្អប់ខ្ពើមដូច្នេះ
តើឲ្យយើងទ្រាំបានឬ?
១១ តើអ្នកស្មានថាយើងអត់ឱនឲ្យ
អ្នកប្រើជញ្ជីងមិនត្រឹមត្រូវ
និងអ្នកបំបាត់ភ្នែកជញ្ជីងឬ?
១២ អ្នកមាននៅក្រុងនេះប្រព្រឹត្តអំពើឃោរឃៅ
អ្នកក្រុងនេះគិតតែនិយាយកុហក
និងបោកបញ្ឆោតគ្នា។
១៣ ហេតុនេះហើយបានជាយើងប្រហារទីក្រុង
រហូតដល់ធ្វើឲ្យអ្នកឈឺចុកចាប់។
ព្រោះតែអំពើបាបរបស់អ្នក
យើងនឹងបំផ្លាញក្រុងនេះឲ្យវិនាស។
១៤ អ្នកបរិភោគតែពុំចេះឆ្អែតទេ
អ្នកនឹងជួបទុរ្ភិក្ស
អ្នកប្រមូលស្បៀងអាហារទុក
តែទុកមិនចេះគង់។
អ្វីៗដែលអ្នកប្រមូលទុក
យើងនឹងធ្វើឲ្យវិនាសដោយសារសង្គ្រាម។
១៥ សាបព្រោះ តែពុំអាចច្រូតយកផលបានទេ
អ្នកកិនផ្លែអូលីវ តែមិនបានប្រើប្រេងនេះ
អ្នកជាន់ផ្លែទំពាំងបាយជូរ
តែមិនបានផឹកស្រានេះទេ។
១៦ អ្នកយកតម្រាប់តាមស្តេចអ៊ុមរី
និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន
ដែលរាជវង្សស្តេចអខាប់ធ្លាប់ប្រព្រឹត្ត
អ្នករស់នៅតាមទម្លាប់របស់ពួកគេ។
ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវតក់ស្លុត
ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។
អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់់នៃប្រជាជន
របស់យើង»។
៧
១ ខ្ញុំមុខជាត្រូវវេទនាហើយ!
ដ្បិតខ្ញុំប្រៀបដូចជាអ្នកដែលទៅរក
បេះផ្លែឈើ ក្រោយរដូវផ្លែឈើទុំ
ហើយទៅរកបេះផ្លែទំពាំងបាយជូរ
ក្រោយរដូវផ្លែទំពាំងបាយជូរទុំ
គឺគ្មានផ្លែទំពាំងបាយជូរសោះ
ហើយសូម្បីតែឧទុម្ពរ*មួយផ្លែដែលខ្ញុំចូលចិត្ត
ក៏គ្មានដែរ។
២ នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់
ដែលស្មោះត្រង់នឹងព្រះជាម្ចាស់
ហើយក៏គ្មានសល់មនុស្សសុចរិតដែរ
គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់
ចាំប្រហារជីវិតគ្នា
ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប
បងប្អូនរបស់ខ្លួន។
៣ ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់
ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។
អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា
ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
៤ ក្នុងចំណោមពួកគេ
អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ
អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។
ប៉ុន្តែ ថ្ងៃដែលព្រះអម្ចាស់ដាក់ទោសពួកគេ
មកដល់ហើយ
គឺថ្ងៃដែលពួកព្យាការី ជាអ្នកយាមល្បាត
បានប្រកាសទុក។
ឥឡូវនេះ ពួកគេត្រូវអាម៉ាស់មុខហើយ។
៥ កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន
សូម្បីនៅមុខប្រពន្ធរបស់អ្នក
ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។
៦ កូនប្រុសជេរប្រទេចឪពុក
កូនស្រីប្រឆាំងទាស់នឹងម្ដាយ
កូនប្រសាស្រីទាស់នឹងម្ដាយក្មេក
ហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នា
នឹងក្លាយទៅជាសត្រូវនឹងគ្នា។
សេចក្ដីសង្ឃឹមរបស់ប្រជាជន
៧ រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់
ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់
ជាព្រះសង្គ្រោះរបស់ខ្ញុំ
ព្រះរបស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
៨ ខ្មាំងសត្រូវរបស់ខ្ញុំអើយ!
កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ!
ខ្ញុំពិតជាដួលមែន
តែខ្ញុំនឹងងើបឡើងវិញពុំខាន។
ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្តី
ក៏ព្រះអម្ចាស់ជាពន្លឺរបស់ខ្ញុំដែរ។
៩ ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់
ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់
ទាស់នឹងព្រះហឫទ័យព្រះអង្គ។
គង់តែមានថ្ងៃណាមួយ
ព្រះអង្គនឹងការពារក្តីរបស់ខ្ញុំ
ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។
ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ
ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
១០ សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ
គេធ្លាប់ពោលមកខ្ញុំថា “តើព្រះអម្ចាស់
ជាព្រះរបស់អ្នក ទៅណាបាត់ហើយ?”
ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង
គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី
ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
១១ នៅថ្ងៃដែលគេសង់កំពែងក្រុង
របស់អ្នកឡើងវិញ
ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។
១២ នៅថ្ងៃនោះ ប្រជាជនរបស់អ្នក
នឹងវិលមករកអ្នកវិញ
ពីស្រុកអាស្ស៊ីរី និងស្រុកអេស៊ីប
ចាប់ពីទន្លេនីលរហូតដល់ទន្លេអឺប្រាត
ចាប់ពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង
ចាប់ពីភ្នំមួយទៅភ្នំមួយទៀត។
១៣ ផែនដីនឹងក្លាយទៅជាទីស្មសាន
ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់
នៅលើផែនដី។
១៤ ព្រះអម្ចាស់អើយ សូមថែរក្សា
ប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ
ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។
យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ
រស់នៅលើទឹកដីគ្មានជីជាតិ
ដែលមានចម្ការព័ទ្ធជុំវិញ។
សូមនាំយើងខ្ញុំទៅរស់នៅកន្លែង
ដែលមានជីជាតិល្អនៅស្រុកបាសាន
និងស្រុកកាឡាដ ដូចដើមវិញ។
១៥ សូមសម្ដែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូច
កាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។
១៦ ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់
ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្តី។
ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច
ហើយស្ដាប់អ្វីក៏លែងឮដែរ។
១៧ ពួកគេនឹងស៊ីធូលីដីដូចពស់
និងដូចសត្វលូនវារឯទៀតៗ។
ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់
ជាព្រះនៃយើង ដោយភ័យញ័រ
ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។
១៨ បពិត្រព្រះអម្ចាស់! តើមានព្រះណា
ដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ?
ព្រះអង្គលើកលែងទោសឲ្យយើងខ្ញុំ
ព្រះអង្គមិនពិរោធរហូតឡើយ។
ព្រះអង្គមានព្រះហឫទ័យស្រឡាញ់
ប្រជារាស្ដ្ររបស់ព្រះអង្គដែលនៅសេសសល់
ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ។
១៩ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី
ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ
ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មាន
របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។
២០ ព្រះអង្គនឹងសម្ដែងព្រះហឫទ័យស្មោះស្ម័គ្រ
ដល់កូនចៅរបស់លោកយ៉ាកុប
ហើយសម្ដែងព្រះហឫទ័យមេត្តាករុណា
ដល់កូនចៅរបស់លោកអប្រាហាំ
ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរស
របស់យើងខ្ញុំកាលពីជំនាន់ដើម។
375 Views