សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
គម្ពីរដំណឹងល្អតាម
សន្តម៉ាកុស
ពាក្យលំនាំ
ដំណឹងល្អរៀបរៀងដោយ
លោកម៉ាកុស
ពាក្យលំនាំ
លោកម៉ាកុសពុំមែនជាគ្រីស្តទូតទេ តែលោកធ្លាប់បានប្រកាសផ្សាយដំណឹងល្អអំពីព្រះយេស៊ូរួមជាមួយគ្រីស្តទូតប៉ូល និងគ្រីស្តទូតសិលា។
លោកបានឮគ្រីស្តទូតសិលារ៉ាយរ៉ាប់អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង ហើយលោកក៏បានតែងកណ្ឌគម្ពីរនេះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។
លោកម៉ាកុសបានរៀបរៀងគម្ពីរដំណឹងល្អនេះមុនគេ គឺប្រហែលជានៅចន្លោះឆ្នាំ ៦៥-៧០ នៃគ្រីស្ដសករាជ ប្រមាណជាសាមសិបឆ្នាំក្រោយព្រះយេស៊ូសោយទិវង្គត។
គោលបំណងលោកម៉ាកុស
លោកម៉ាកុសបានតែងកណ្ឌគម្ពីរនេះសម្រាប់ឲ្យគ្រីស្ដបរិស័ទ ដែលរស់នៅក្រៅប្រទេសអ៊ីស្រាអែលអាន។ លោកមានបំណងពន្យល់ថា ព្រះយេស៊ូពិតជាព្រះមេស្ស៊ី គឺពិតជាព្រះគ្រីស្ដ ដែលជនជាតិអ៊ីស្រាអែលទន្ទឹងរង់ចាំ មករំដោះពួកគេ។
លោកមានបំណងពន្យល់ទៀតថា ព្រះយេស៊ូពិតជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ ក្នុងកណ្ឌគម្ពីរនេះ ព្រះយេស៊ូប្រកាសថា “ព្រះរាជ្យរបស់ព្រះជាម្ចាស់ស្ថិតនៅជិតអ្នករាល់គ្នាហើយ”។ ព្រះអង្គក៏ធ្វើការអស្ចារ្យផ្សេងៗ ដើម្បីបង្ហាញឲ្យគេដឹងថា ព្រះរាជ្យនោះមកដល់ហើយ គឺព្រះអង្គប្រោសអ្នកជំងឺឲ្យជាសះស្បើយ ដេញខ្មោចចេញពីមនុស្ស និងប្រៀនប្រដៅអ្នកស្រុកក្នុងឋានៈជាអ្នកមានអំណាច។ ប៉ុន្តែ ព្រះយេស៊ូមិនសព្វព្រះហឫទ័យឲ្យប្រជាជនស្គាល់ឋានៈរបស់ព្រះអង្គភ្លាមៗទេ ក្រែងពួកគេយល់ច្រឡំ ព្រះអង្គតែងមានព្រះបន្ទូលហាមប្រាមអស់អ្នកដែលស្គាល់ឋានៈរបស់ព្រះអង្គ មិនឲ្យប្រាប់នរណាដឹងឡើយ។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ក្នុងបំណងចង់ឲ្យប្រជាជនយល់ថា ទោះបីព្រះអង្គពិតជាព្រះគ្រីស្ដ និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គត្រូវរងទុក្ខលំបាក ហើយសោយទិវង្គតទៀតផង។ ចំពោះគ្រីស្ដបរិស័ទវិញ ត្រូវយល់ថា ទោះបីព្រះអង្គបានសង្គ្រោះគេរួចហើយក៏ដោយ ក៏គេត្រូវតែរងទុក្ខលំបាករួមជាមួយព្រះអង្គដែរ។
លោកម៉ាកុសធ្វើឲ្យអ្នកអានកណ្ឌគម្ពីរនេះនឹកឆ្ងល់ក្នុងចិត្តថា៖ «តើព្រះយេស៊ូមានឋានៈអ្វី បានជាព្រះអង្គធ្វើការអស្ចារ្យទាំងនោះកើត?»។ ពេលយើងអានកណ្ឌគម្ពីរនេះចប់សព្វគ្រប់ហើយ យើងមុខជាយល់ឃើញថា៖ «ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
គម្រោងរបស់គម្ពីរម៉ាកុសៈ
• សេចក្ដីប្រកាសរបស់លោកយ៉ូហានបាទីស្ដ (១.១-៨)
• ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (១.៩-១៣)
• ព្រះយេស៊ូនៅស្រុកកាលីឡេ (១.១៤‑៩.៥០)
• ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (១០.១-៥២)
• សប្តាហ៍ដែលព្រះយេស៊ូត្រូវគេចាប់យកទៅធ្វើទោស និងសោយទិវង្គត (១១.១‑១៥.៤៧)
• ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ (១៦.១-៨)
• ព្រះយេស៊ូបង្ហាញខ្លួនឲ្យពួកសាវ័កឃើញ (១៦.៩-២០)
១
លោកយ៉ូហានបាទីស្ដប្រៀនប្រដៅបណ្ដាជន
(ម៉ាថាយ ៣.១-៦, ១១-១២ លូកា ៣.១-១៨)
១ ដំណឹងល្អ*អំពីព្រះយេស៊ូគ្រីស្ដ* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅ: ២ ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖
«យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៣ មានសំឡេងបុរសម្នាក់ស្រែកនៅវាលរហោស្ថាន
ថាៈ “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់
ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”»។
៤ ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹក*នៅវាលរហោស្ថាន។ លោកប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។ ៥ អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។ ៦ លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និងទឹកឃ្មុំ។ ៧ លោកប្រកាសប្រាប់បណ្ដាជនថា៖ «លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែឱនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ ៨ ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*»។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គឈ្នះការល្បួង
(ម៉ាថាយ ៣.១៣-១៧, ៤.១-១១ លូកា ៣.២១-២២, ៤.១-២)
៩ នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹក*ពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ ១០ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ ១១ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។
១២ រំពេចនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូឆ្ពោះទៅវាលរហោស្ថាន។ ១៣ ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ*សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវទូត*បម្រើព្រះអង្គផង។
ព្រះយេស៊ូត្រាស់ហៅសាវ័កបួនរូប
(ម៉ាថាយ ៤.១២-២២ លូកា ៤.១៤-១៥, ៥.១-១១)
១៤ ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់។ ១៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យ*របស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។
១៦ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអន់ដ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ១៧ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ១៨ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
១៩ កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ ២០ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។
ព្រះយេស៊ូប្រោសបុរសម្នាក់ ដែលមានខ្មោចចូល
(លូកា ៤.៣១-៣៧)
២១ ព្រះយេស៊ូយាងចូលក្រុងកាផានុមជាមួយពួកសាវ័ក*។ នៅថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនអ្នកស្រុក។ ២២ អ្នកដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកបណ្ឌិតខាងវិន័យ*។ ២៣ នៅពេលនោះ ក្នុងសាលាប្រជុំ* មានបុរសម្នាក់ដែលមានខ្មោចចូល ស្រែកឡើងថា៖ ២៤ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។ ២៥ ព្រះយេស៊ូគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ ២៦ ខ្មោចក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។ ២៧ មនុស្សម្នាទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មី ប្រកបដោយអំណាច។ លោកបញ្ជាទៅខ្មោច ហើយខ្មោចក៏ស្ដាប់បង្គាប់លោក»។ ២៨ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។
ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យជា
(ម៉ាថាយ ៨.១៤-១៧ លូកា ៤.៣៨-៤១)
២៩ ព្រះយេស៊ូ និងសាវ័ក* នាំគ្នាចេញពីសាលាប្រជុំ* ទៅផ្ទះលោកស៊ីម៉ូន និងលោកអន់ដ្រេ លោកយ៉ាកុប និងលោកយ៉ូហាន ក៏ទៅជាមួយដែរ។ ៣០ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។ ៣១ ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។
៣២ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សខ្មោចចូលទាំងអស់ មករកព្រះយេស៊ូ។ ៣៣ អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។ ៣៤ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ ដែលមានជំងឺផ្សេងៗឲ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតឲ្យខ្មោចនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់ព្រះអង្គ។
ព្រះយេស៊ូយាងចាកចេញពីក្រុងកាផានុម
(ម៉ាថាយ ៤.២៣ លូកា ៤.៤១-៤៤)
៣៥ ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ព្រះអង្គយាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយអធិស្ឋាន*នៅទីនោះ។ ៣៦ លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ ៣៧ លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ៣៨ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អ*នៅទីនោះដែរ ដ្បិតខ្ញុំចេញមក ដើម្បីបំពេញការនេះឯង»។
៣៩ ព្រះអង្គយាងទៅគ្រប់ទីកន្លែង ក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*នៅតាមសាលាប្រជុំ*ទាំងឡាយ ព្រមទាំងដេញខ្មោចចេញពីមនុស្សផង។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
(ម៉ាថាយ ៨.១-៤ លូកា ៥.១២-១៦)
៤០ មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ៤១ ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតបរិសុទ្ធចុះ!»។ ៤២ មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។ ៤៣ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឲ្យចេញទៅភ្លាម ទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖ ៤៤ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់ឲ្យនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* រួចថ្វាយតង្វាយ ដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។ ៤៥ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឲ្យគេដឹង។ ហេតុនេះហើយបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុង ដូចពីមុនទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកគាល់ព្រះអង្គ។
២
ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យជា
(ម៉ាថាយ ៩.១-៨ លូកា ៥.១៧-២៦)
១ ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាផានុមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ ២ មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឲ្យគេស្ដាប់។ ៣ មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។ ៤ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះ ចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ ៥ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ ៦ ពួកបណ្ឌិតខាងវិន័យខ្លះដែលអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ ៧ «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្សឲ្យរួចពីបាបបាន!»។ ៨ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? ៩ បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ១០ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសឲ្យមនុស្សនៅលើផែនដីនេះ រួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖ ១១ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ ១២ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឲ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ទាំងពោលថា៖ «យើងមិនដែលបានឃើញការអស្ចារ្យណាមួយ ដូចពេលនេះឡើយ!»។
ព្រះយេស៊ូត្រាស់ហៅលោកលេវី
(ម៉ាថាយ ៩.៩-១៣ លូកា ៥.២៧-៣២)
១៣ ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។ ១៤ កាលព្រះអង្គយាងកាត់តាមនោះ ព្រះអង្គទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។
១៥ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងពួកសាវ័ក*។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ១៦ ពួកបណ្ឌិតខាងវិន័យពីគណៈផារីស៊ី*ឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសាវ័កថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ១៧ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។
អំពីការតមអាហារ
(ម៉ាថាយ ៩.១៤-១៧ លូកា ៥.៣៣-៣៨)
១៨ ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! ដរាបណាកូនកំលោះនៅជាមួយ គេមិនអាចតមអាហារបានឡើយ។ ២០ ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ ២១ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ២២ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឲ្យថង់ស្បែកនោះធ្លាយ បណ្ដាលឲ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
ព្រះយេស៊ូមានអំណាចលើថ្ងៃសប្ប័ទ
(ម៉ាថាយ ១២.១-៨, លូកា ៦.១-៥)
២៣ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សាវ័ក*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ ២៤ ពួកខាងគណៈផារីស៊ី*ទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។ ២៥ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ ២៦ នៅសម័យនោះ លោកអប៊ីយ៉ាធ្វើជាមហាបូជាចារ្យ*។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។ ២៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្ស ដើម្បីឲ្យបម្រើថ្ងៃសប្ប័ទឡើយ។ ២៨ ហេតុនេះហើយបានជាបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ»។
៣
ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា
(ម៉ាថាយ ១២.៩-១៤ លូកា ៦.៦-១១)
១ ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ*ម្ដងទៀត នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ២ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ៣ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ ៤ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ ៥ ព្រះយេស៊ូបែរព្រះភ័ក្ត្រទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ ៦ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។
មហាជនមកតាមព្រះយេស៊ូ
៧ ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសាវ័ក*។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា ៨ ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ូស និងក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ ៩ ព្រះយេស៊ូប្រាប់ពួកសាវ័ក*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ១០ ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា។ ១១ ម្យ៉ាងទៀត ពេលខ្មោចឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ១២ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។
ព្រះយេស៊ូតែងតាំងគ្រីស្តទូត១២រូប
(ម៉ាថាយ ១០.១-៤ លូកា ៦.១២-១៦)
១៣ បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ ១៤ ព្រះអង្គតែងតាំងសាវ័កដប់ពីររូបឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ ១៥ ទាំងឲ្យគេមានអំណាចដេញខ្មោចថែមទៀតផង។ ១៦ ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលព្រះអង្គដាក់ឈ្មោះថា សិលា ១៧ យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោណើកែស” ប្រែថា “អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់” ១៨ អន់ដ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម ១៩ និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
ព្រះញាតិវង្សរបស់ព្រះយេស៊ូមកនាំព្រះអង្គយកទៅវិញ
២០ កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យព្រះអង្គ និងពួកសាវ័ក*រកពេលបរិភោគមិនបានសោះ។ ២១ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។
ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាថាយ ១២.២២-៣២ លូកា ១១.១៤-២៣, ១២.១០)
២២ ពួកបណ្ឌិតខាងវិន័យ* ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចខ្មោចនៅក្នុងខ្លួន គាត់អាចដេញខ្មោចដូច្នេះ ព្រោះស្ដេចខ្មោចប្រគល់អំណាចឲ្យ»។ ២៣ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត? ២៤ ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខឡើយ។ ២៥ ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សដែរ។ ២៦ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ ២៧ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ២៨ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។ ២៩ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។
៣០ ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា ព្រះអង្គមានខ្មោចនៅក្នុងខ្លួន។
ព្រះញាតិវង្សដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
(ម៉ាថាយ ១២.៤៦-៥០ លូកា ៨.១៩-២១)
៣១ ពេលនោះ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេឲ្យចូលមកហៅព្រះអង្គ។ ៣២ បណ្ដាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ ម្ដាយ និងបងប្អូនលោក មករកលោកនៅខាងក្រៅ!»។ ៣៣ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ៣៤ ព្រះអង្គទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ៣៥ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
៤
ប្រស្នាអំពីពូជស្រូវ
(ម៉ាថាយ ១៣.១-៩ លូកា ៨.៤-៨)
១ ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។ ២ ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ ៣ «ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ ៤ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ ៥ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ ៦ លុះដល់ថ្ងៃក្ដៅ ពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ ៧ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវ មិនឲ្យបង្កើតផលបានឡើយ។ ៨ គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឲ្យផលមួយជាសាមសិប ខ្លះទៀតឲ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ ៩ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
១០ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសាវ័កទាំងដប់ពីររូប ទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។ ១១ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។ ១២ ដូច្នេះ ទោះបីគេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្ដាប់ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគេ»។
១៣ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្ដេចឲ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន! ១៤ អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល ១៥ មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយ មារសាតាំង*ក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភ្លាម។ ១៦ មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ ១៧ ប៉ុន្តែ គេពុំទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ ១៨ មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ១៩ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។ ២០ រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។
ប្រស្នាអំពីចង្កៀង
(ម៉ាថាយ ៥.១៥ លូកា ៨.១៦-១៨)
២១ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ ២២ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងត្រូវលេចមកឲ្យមនុស្សគ្រប់គ្នាឃើញច្បាស់ដែរ។ ២៣ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ ២៤ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្ដី ដែលអ្នករាល់គ្នាស្ដាប់នេះឲ្យមែនទែន។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឲ្យអ្នករាល់គ្នា ២៥ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។
ប្រស្នាអំពីគ្រាប់ពូជដុះ
២៦ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ព្រោះស្រូវ នៅក្នុងស្រែរបស់ខ្លួន។ ២៧ ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ ២៨ ដ្បិតដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មក ក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ ២៩ លុះស្រូវទុំ គេយកកណ្ដៀវមកច្រូត ដ្បិតដល់រដូវចម្រូតហើយ»។
ប្រស្នាអំពីគ្រាប់ពូជល្អិត
(ម៉ាថាយ ១៣.៣១-៣២, ៣៤ លូកា ១៣.១៨-១៩)
៣០ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី? តើយើងយកប្រស្នាណា មកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? ៣១ ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ ៣២ លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។
៣៣ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូល ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ ៣៤ ព្រះអង្គតែងមានព្រះបន្ទូលទៅគេសុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្ដាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ពួកសាវ័ក*។
ព្រះយេស៊ូធ្វើឲ្យរលកស្ងប់
(ម៉ាថាយ ៨.២៣-២៧ លូកា ៨.២២-២៥)
៣៥ នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័ក*ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ៣៦ ពួកសាវ័កក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ ៣៧ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ ៣៨ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសាវ័កដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ៣៩ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។
៤០ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ ៤១ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។
៥
ព្រះយេស៊ូប្រោសមនុស្សខ្មោចចូលម្នាក់
(ម៉ាថាយ ៨.២៨-៣៤ លូកា ៨.២៦-៣៩)
១ ព្រះយេស៊ូ និងពួកសាវ័ក* បានទៅដល់ត្រើយម្ខាង ក្នុងតំបន់កេរ៉ាសា។ ២ កាលព្រះអង្គយាងឡើងពីទូកភ្លាម មានបុរសម្នាក់ខ្មោចចូល ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ ៣ បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ ៤ គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់ឡើយ។ ៥ គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំ ទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ ៦ កាលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ ៧ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី!»។ ៨ ខ្មោចនិយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎ខ្មោចបិសាច ចូរចេញពីអ្នកនេះទៅ!»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលសួរខ្មោចថា៖ «ឯងឈ្មោះអី?» ខ្មោចទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ ១០ វាទទូចអង្វរ សូមកុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីស្រុកនោះ។ ១១ នៅក្បែរនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅតាមចង្កេះភ្នំ។ ១២ ខ្មោចអង្វរព្រះយេស៊ូថា៖ «សូមបញ្ជូនយើងខ្ញុំឲ្យទៅចូលក្នុងជ្រូកទាំងនោះទៅ!»។ ១៣ ព្រះយេស៊ូក៏យល់ព្រម។ ខ្មោចចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ ១៤ ពួកអ្នកថែរក្សាហ្វូងជ្រូកយករឿងនេះរត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ។ ១៥ គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានខ្មោចចូលកាលពីមុន អង្គុយ មានសម្លៀកបំពាក់ ហើយដឹងស្មារតី នោះគេក៏នាំគ្នាកោតស្ញប់ស្ញែង។ ១៦ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក រៀបរាប់ប្រាប់គេអំពីហេតុការណ៍ ដែលកើតមានដល់បុរសនោះ និងអំពីហ្វូងជ្រូក។ ១៧ គេទូលអង្វរព្រះយេស៊ូឲ្យចាកចេញពីស្រុកភូមិរបស់គេ។ ១៨ ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលខ្មោចចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។ ១៩ ព្រះយេស៊ូមិនយល់ព្រមទេ ផ្ទុយទៅវិញ ព្រះអង្គ មានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហឫទ័យអាណិតអាសូរ»។
២០ បុរសនោះក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសប្រាប់ឲ្យប្រជាជនក្នុងស្រុកដេកាប៉ូល ដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់ កោតស្ញប់ស្ញែងក្រៃលែង។
ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមឲ្យបានជា និងប្រោសកូនស្រីលោកយ៉ៃរ៉ូសឲ្យរស់ឡើងវិញ
(ម៉ាថាយ ៩.១៨-២៦ លូកា ៨.៤០-៥៦)
២១ ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។ ២២ ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះយ៉ៃរ៉ូសមកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ២៣ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។ ២៤ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
២៥ នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ ២៦ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ ២៧ នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ ២៨ ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។ ២៩ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ ៣០ នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានឫទ្ធានុភាពមួយចេញពីព្រះអង្គ ព្រះអង្គបែរទៅរកបណ្ដាជន មានព្រះបន្ទូលថា៖ «អ្នកណាពាល់អាវខ្ញុំ?»។ ៣១ ពួកសាវ័ក*ទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។ ៣២ ព្រះយេស៊ូទតមើលជុំវិញ ដើម្បីឲ្យដឹងថា អ្នកណាបានពាល់ព្រះអង្គ។ ៣៣ ស្ត្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ត ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។
៣៥ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរ៉ូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។ ៣៦ ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។ ៣៧ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់។ ៣៨ កាលទៅដល់ផ្ទះលោកយ៉ៃរ៉ូស ជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ៣៩ ព្រះអង្គយាងចូលទៅក្នុងផ្ទះ មានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ ៤០ គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញគេឲ្យចេញទៅក្រៅទាំងអស់គ្នា រួចព្រះអង្គនាំតែឪពុកម្ដាយក្មេង និងសាវ័កទាំងបីរូប ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ ៤១ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូម!» (ប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។ ៤២ ក្មេងស្រីក៏ក្រោកឡើង ដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ ៤៣ ប៉ុន្តែ ព្រះយេស៊ូហាមប្រាមគេ មិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់គេឲ្យយកចំណីអាហារមកឲ្យក្មេងស្រីនោះបរិភោគ។
៦
អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះយេស៊ូ
(លូកា ៤.១៦-៣០)
១ ព្រះយេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ពួកសាវ័ក*ក៏ទៅតាមព្រះអង្គដែរ។ ២ លុះដល់ថ្ងៃសប្ប័ទ* ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះកើតឡើងដោយវិធីណា? ៣ តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គឡើយ។ ៤ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការី*តែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ ៥ នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យជាប៉ុណ្ណោះ។ ៦ ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។
ព្រះយេស៊ូចាត់សាវ័កទាំងដប់ពីររូបឲ្យទៅប្រកាសដំណឹងល្អ
(ម៉ាថាយ ១០.៥-១៥ លូកា ៩.១-៦)
ព្រះយេស៊ូយាងទៅភូមិនានាដែលនៅជុំវិញ ហើយព្រះអង្គបង្រៀនអ្នកស្រុក។ ៧ ពេលនោះ ព្រះអង្គត្រាស់ហៅសាវ័ក*ទាំងដប់ពីររូបមក រួចព្រះអង្គចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញខ្មោចផង។ ៨ ព្រះអង្គផ្ដែផ្ដាំគេមិនឲ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ៩ ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឲ្យសោះ»។ ១០ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ ១១ បើនៅកន្លែងណា គេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
១២ ពួកសាវ័កក៏ចេញទៅ ប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត។ ១៣ គេបានដេញអារក្ខជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេជាសះស្បើយ។
ស្ដេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ដ
(ម៉ាថាយ ១៤.១-១២ លូកា ៩.៧-៩)
១៤ ព្រះបាទហេរ៉ូដបានជ្រាបអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្តិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចារ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។ ១៥ អ្នកខ្លះថា៖ «លោកជាព្យាការីអេលី» ហើយខ្លះទៀតថា៖ «លោកជាព្យាការី*ម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។ ១៦ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ព្រះអង្គមានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។
១៧ ព្រះបាទហេរ៉ូដបានបញ្ជាឲ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយព្រះអង្គជឿតាមព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ ១៨ លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។ ១៩ ព្រះនាងហេរ៉ូឌីយ៉ាដាចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ២០ ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះស្ដេចជ្រាបថា លោកជាមនុស្សសុចរិត* និងជាអ្នកដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេចការពារលោក។ កាលស្ដេចព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ស្ដេចសព្វព្រះហឫទ័យជាខ្លាំង តែស្ដេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
២១ មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ស្ដេចបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌីយ៉ាដា។ ២២ បុត្រីរបស់ព្រះនាងក៏ចូលមករាំ ធ្វើឲ្យស្ដេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឲ្យនាង»។ ២៣ បន្ទាប់មកស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ ២៤ នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។ ២៥ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។ ២៦ ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះស្ដេចបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ២៧ ស្ដេចបញ្ជាទាហានម្នាក់ ឲ្យទៅយកក្បាលលោកយ៉ូហានមកភ្លាម។ ២៨ ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយ មកប្រគល់ឲ្យនាង ហើយនាងយកទៅថ្វាយមាតា។ ២៩ កាលពួកសិស្សរបស់លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
ព្រះយេស៊ូប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់បរិភោគ
(ម៉ាថាយ ១៤.១៣-២១ លូកា ៩.១០-១៧ យ៉ូហាន ៦.១-៤)
៣០ ពួកគ្រីស្ដទូត*វិលត្រឡប់មកគាល់ព្រះយេស៊ូវិញ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្ដីទាំងអស់ដែលគេបានបង្រៀន។
៣១ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យព្រះយេស៊ូ និងពួកសាវ័ក* រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្ដិចសិន»។ ៣២ ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសាវ័ក ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ ៣៣ ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និងពួកសាវ័កចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសាវ័ក ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។
៣៤ កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ ៣៥ ពេលនោះ ថ្ងៃកាន់តែជ្រេណាស់ហើយ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង ៣៦ សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។ ៣៧ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង* ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។ ៣៨ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ អ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។ ៣៩ ព្រះយេស៊ូបង្គាប់ពួកសាវ័កឲ្យប្រាប់បណ្ដាជន អង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី។ ៤០ គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ ៤១ ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំបុ័ងប្រទានឲ្យពួកសាវ័ក ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។ ៤២ អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ ៤៣ ពួកសាវ័ក*ប្រមូលនំបុ័ង និងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ ៤៤ ក្នុងចំណោមអ្នកដែលបរិភោគនំបុ័ង មានប្រុសៗចំនួនប្រាំពាន់នាក់។
ព្រះយេស៊ូយាងលើទឹកសមុទ្រ
(ម៉ាថាយ ១៤.២២-៣៣ យ៉ូហាន ៦.១៥-២១)
៤៥ រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសាវ័ក*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។ ៤៦ កាលឲ្យបណ្ដាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងទៅអធិស្ឋាននៅលើភ្នំ។ ៤៧ លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯព្រះយេស៊ូ វិញព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ ៤៨ ព្រះអង្គទតឃើញសាវ័កកំពុងតែអុំទូកយ៉ាងលំបាក ដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។ ៤៩ កាលពួកសាវ័កឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែក ៥០ ដ្បិតគេបានឃើញព្រះអង្គគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ ៥១ បន្ទាប់មក ព្រះអង្គយាងចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ពួកសាវ័កងឿងឆ្ងល់ពន់ពេកណាស់ ៥២ ដ្បិតគេពុំទាន់បានយល់អំពីរឿងនំបុ័ង មកពីគេមានចិត្តរឹងរូស។
ព្រះយេស៊ូប្រោសអ្នកជំងឺនៅស្រុកកេនេសារ៉ែត
(ម៉ាថាយ ១៤.៣៤-៣៦)
៥៣ កាលព្រះយេស៊ូ និងពួកសាវ័ក* បានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកកេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។ ៥៤ ព្រះអង្គយាងឡើងលើគោកជាមួយសាវ័ក* ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។ ៥៥ គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែង ដែលគេឮថាព្រះអង្គគង់នៅ។ ៥៦ គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិ ក្នុងក្រុង ឬតាមស្រុកស្រែក្តី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្ដ្រព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលពាល់ព្រះអង្គ បានជាសះស្បើយគ្រប់ៗគ្នា។
៧
ពួកខាងគណៈផារីស៊ី និងទំនៀមទម្លាប់
(ម៉ាថាយ ១៥.១-៩)
១ មានពួកខាងគណៈផារីស៊ី* និងបណ្ឌិតខាងវិន័យ*ខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ ២ គេឃើញសាវ័ក*របស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ* គឺគេពុំបានលាងដៃជាមុន។ ៣ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ ៤ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ ៥ ពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការី*អេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់ ដូចមានចែងថាៈ
ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់
ឯចិត្តគេនៅឆ្ងាយពីយើង។
៧ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ
ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស
ប៉ុណ្ណោះ។
៨ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ ៩ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាប្រសប់បំបាត់វិន័យរបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ ១០ លោកម៉ូសេ*បានថ្លែងថាៈ “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្តាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត” ១១ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថាៈ “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័របាន់ ស្រេចទៅហើយ” (ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះជាម្ចាស់)។ ១២ អ្នករាល់គ្នាពុំទុកឲ្យគាត់ជួយឪពុកម្ដាយឡើយ។ ១៣ អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។
មូលហេតុដែលបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធ
(ម៉ាថាយ ១៥.១០-២០)
១៤ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់ឲ្យច្បាស់ថា ១៥ អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ*ឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យមិនបរិសុទ្ធ [១៦ អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។ ១៧ កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសាវ័ក*នាំគ្នាទូលសួរព្រះអង្គអំពីប្រស្នានេះ។ ១៨ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ ១៩ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ ២០ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ ២១ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឲ្យប្រព្រឹត្តកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ ២២ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា។ ២៣ ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធ*»។
ស្ត្រីសាសន៍ដទៃម្នាក់ជឿព្រះយេស៊ូ
២៤ ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយ ព្រះអង្គពុំចង់ឲ្យនរណាដឹងថាព្រះអង្គគង់នៅទីនោះឡើយ តែលាក់មិនជិត។ ២៥ ភ្លាមនោះ ស្ត្រីម្នាក់ដែលកូនស្រីមានខ្មោចចូល បានឮគេនិយាយអំពីព្រះយេស៊ូ នាងមកក្រាបទៀបព្រះបាទារបស់ព្រះអង្គ។ ២៦ ស្ត្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីស៊ីក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូដេញខ្មោចចេញពីកូននាង។ ២៧ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកឲ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ ២៨ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។ ២៩ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ ខ្មោចបានចេញពីកូននាងហើយ»។ ៣០ ពេលស្ត្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតខ្មោចបានចេញពីក្មេងនោះហើយ។
ព្រះយេស៊ូប្រោសមនុស្សគថ្លង់ម្នាក់ឲ្យជា
៣១ ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ ៣២ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្ដលើគាត់។ ៣៣ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ព្រះអង្គដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់ ៣៤ រួចព្រះអង្គងើបព្រះភ័ក្ត្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អេផាថា» (ប្រែថាៈ ចូរបើកឡើង)។ ៣៥ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។ ៣៦ ព្រះយេស៊ូបានហាមប្រាមពួកគេ មិនឲ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ ៣៧ មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ»។
៨
ព្រះយេស៊ូប្រទាននំបុ័ងឲ្យមនុស្សបួនពាន់នាក់បរិភោគ
(ម៉ាថាយ ១៥.៣២-៣៩)
១ នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសាវ័ក*មក មានព្រះបន្ទូលថា៖ ២ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ៣ ប្រសិនបើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញ ទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ ៤ ពួកសាវ័កទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឲ្យគេបរិភោគឆ្អែតគ្រប់គ្នាបាន?»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ ៦ ព្រះអង្គក៏ប្រាប់បណ្ដាជនឲ្យអង្គុយផ្ទាល់នឹងដី ព្រះអង្គយកនំបុ័ងទាំងប្រាំពីរដុំមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសាវ័ក*ចែកបណ្ដាជន។ ៧ គេមានត្រីតូចៗខ្លះដែរ។ ព្រះយេស៊ូអរព្រះគុណព្រះជាម្ចាស់ រួចប្រាប់ពួកសាវ័កឲ្យចែកត្រីទាំងនោះដល់គេ។ ៨ គេបានបរិភោគឆ្អែតទាំងអស់គ្នា ហើយប្រមូលនំបុ័ង និងត្រីដែលនៅសល់ បានប្រាំពីរជាល។ ៩ នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក ព្រះយេស៊ូប្រាប់គេឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ១០ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសាវ័កឆ្ពោះទៅតំបន់ដាល់ម៉ានូថា។
ពួកខាងគណៈផារីស៊ីចង់ឃើញការអស្ចារ្យ
(ម៉ាថាយ ១៦.១-៤)
១១ ពួកខាងគណៈផារីស៊ី*មកដល់ ហើយនាំគ្នាជជែកជាមួយព្រះយេស៊ូ ដើម្បីល្បងលមើលព្រះអង្គ គេសូមឲ្យព្រះអង្គសម្ដែងទីសម្គាល់ដ៏អស្ចារ្យអ្វីមួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់។ ១២ ព្រះយេស៊ូដកដង្ហើមធំ រួចមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញទីសម្គាល់ដូច្នេះ? ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះជាម្ចាស់មិនឲ្យគេឃើញទីសម្គាល់ណាឡើយ»។ ១៣ បន្ទាប់មក ព្រះអង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។
ពុតត្បុតរបស់ពួកគណៈផារីស៊ី និងពុតត្បុតរបស់ស្ដេចហេរ៉ូដ
(ម៉ាថាយ ១៦.៥-១២)
១៤ ពួកសាវ័កភ្លេចយកនំបុ័ងទៅជាមួយ។ ក្នុងទូកគេមាននំបុ័ងតែមួយដុំប៉ុណ្ណោះ។ ១៥ ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី* ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។ ១៦ ពួកសាវ័ក*ជជែកគ្នាថា៖ «លោកមានប្រសាសន៍ដូច្នេះ មកពីយើងគ្មាននំបុ័ងទេដឹង!»។ ១៧ ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្តរឹងរូស?។ ១៨ អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀកតែស្ដាប់មិនឮឬ!។ តើអ្នករាល់គ្នាចាំឬទេ? ១៩ កាលខ្ញុំកាច់នំបុ័ងប្រាំដុំ ចែកឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងដែលសល់បានប៉ុន្មានល្អី?»។ គេទូលព្រះអង្គថា៖ «ដប់ពីរល្អី»។ ២០ «ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំ ចែកឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ!»។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់ឲ្យភ្លឺ
២២ ព្រះយេស៊ូ និងពួកសាវ័ក* ធ្វើដំណើរមកដល់ភូមិបេតសៃដា។ នៅពេលនោះ មានគេនាំមនុស្សខ្វាក់ម្នាក់មកគាល់ព្រះអង្គ ហើយទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។ ២៣ ព្រះយេស៊ូក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្ដលើគាត់ ទាំងមានព្រះបន្ទូលសួរថា៖ «តើអ្នកមើលឃើញអ្វីខ្លះទេ?» ២៤ បុរសនោះបើកភ្នែកឡើងទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។ ២៥ ព្រះយេស៊ូក៏ដាក់ព្រះហស្ដលើភ្នែកគាត់ម្ដងទៀត។ បុរសនោះមើលឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។ ២៦ ព្រះយេស៊ូប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។
លោកសិលាប្រកាសថា ព្រះយេស៊ូជាព្រះគ្រីស្ដ
(ម៉ាថាយ ១៦.១៣-២០ លូកា ៩.១៨-២១)
២៧ ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារេភីលីពជាមួយពួកសាវ័ក*។ នៅតាមផ្លូវព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។ ២៨ ពួកសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលី ហើយអ្នកខ្លះទៀតថាលោកជាព្យាការីមួយរូប»។ ២៩ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ»។៣០ ព្រះយេស៊ូហាមប្រាមសាវ័ក*មិនឲ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។
៣១ បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្ដើមបង្រៀនពួកសាវ័កថា បុត្រមនុស្ស*ត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* ពួកបណ្ឌិតខាងវិន័យ* នឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ៣២ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ ដោយឥតលាក់លៀម។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសព្រះអង្គ។ ៣៣ ព្រះយេស៊ូងាកទតទៅពួកសាវ័ក*ឯទៀតៗ ហើយព្រះអង្គមានព្រះបន្ទូលបន្ទោសលោកសិលាវិញថា៖ «នែ៎! មារសាតាំងថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។
៣៤ បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្ដាជន និងសាវ័ក រួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ។ ៣៥ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ* នឹងបានជីវិតវិញ។ ៣៦ បើមនុស្សម្នាក់បានលោកីយ៍ទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? ៣៧ តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? ៣៨ នៅក្នុងចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និងក្នុងចំណោមមនុស្សមានបាបនាសម័យនេះ បើអ្នកណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្រមនុស្សយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតាព្រះអង្គ និងទេវទូត*ដ៏វិសុទ្ធ ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ»។
៩
១ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ប្រកបដោយឫទ្ធានុភាព»។
សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាថាយ ១៧.១-១៣ លូកា ៩.២៨-៣៦)
២ ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័ក*ទាំងបីនាក់ ៣ គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះឡើយ។ ៤ ពេលនោះ សាវ័កទាំងបីនាក់ឃើញព្យាការី*អេលី និងលោកម៉ូសេ* សន្ទនាជាមួយព្រះយេស៊ូ។ ៥ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលី»។ ៦ លោកសិលាមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសាវ័កទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ៧ ពេលនោះ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។ ៨ រំពេចនោះ ពួកសាវ័កក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។
៩ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ព្រះអង្គហាមប្រាមគេមិនឲ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។ ១០ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើ “រស់ឡើងវិញ” មានន័យដូចម្ដេច?»។ ១១ បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកបណ្ឌិតខាងវិន័យចេះតែនិយាយថា ព្យាការីអេលីត្រូវអញ្ជើញមកមុន?»។ ១២ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។ ១៣ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។
ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
(ម៉ាថាយ ១៧.១៤-២១ លូកា ៩.៣៧-៤៣)
១៤ ព្រះយេស៊ូ និងអ្នកទាំងបី បានមកជួបសាវ័កឯទៀតៗ ព្រះអង្គទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសាវ័កទាំងនោះ ហើយឃើញពួកបណ្ឌិតខាងវិន័យ*ជជែកជាមួយគេផង។ ១៥ កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ១៦ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ ១៧ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានខ្មោចក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ ១៨ នៅទីណាក៏ដោយ ពេលខ្មោចចូលម្ដងៗ វាផ្ដួលកូនខ្ញុំប្របាទលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសាវ័ករបស់លោកឲ្យដេញខ្មោចនេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ ២០ គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលខ្មោចឃើញព្រះអង្គ វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ ២១ ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។ ២២ ខ្មោចធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ ២៤ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឲ្យខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។ ២៥ ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមខ្មោចដោយបញ្ជាថា៖ «នែ៎ខ្មោចគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។ ២៦ វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ ២៧ រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។
២៨ កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសាវ័ក*ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនេះចេញបាន?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញខ្មោចប្រភេទនេះបាន លុះត្រាតែអធិស្ឋាន*»។
ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
(ម៉ាថាយ ១៧.២២-២៣ លូកា ៩.៤៣-៤៥)
៣០ ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសាវ័ក* កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាដឹងឡើយ។ ៣១ ព្រះអង្គបង្រៀនពួកសាវ័កឲ្យដឹងថា បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ៣២ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
អ្នកដែលធំជាងគេ
(ម៉ាថាយ ១៨.១-៥ លូកា ៩.៤៦-៤៨)
៣៣ ព្រះយេស៊ូ និងពួកសាវ័ក* ធ្វើដំណើរមកដល់ក្រុងកាផានុម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ ៣៤ ពួកសាវ័កនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ ៣៥ ព្រះយេស៊ូគង់ចុះ ព្រះអង្គត្រាស់ហៅសាវ័កទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ ៣៦ បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ ឲ្យមកឈរនៅកណ្ដាលពួកសាវ័ក។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ ៣៧ «អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ មិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
អ្នកណាមិនជំទាស់យើង អ្នកនោះជាពួកយើង
(លូកា ៩.៤៩-៥០)
៣៨ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោច ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ ៣៩ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ៤០ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ ៤១ ម្យ៉ាងទៀត បើអ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសាវ័ករបស់ព្រះគ្រីស្ដ*ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
កុំនាំអ្នកដទៃឲ្យប្រព្រឹត្តអំពើបាប
(ម៉ាថាយ ១៨.៦-៩ លូកា ១៧.១-២)
៤២ «អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឲ្យគាត់នៅរស់។ ៤៣ ប្រសិនបើដៃនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរក ដែលមានភ្លើងមិនចេះរលត់ [៤៤ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ ៤៥ ប្រសិនបើជើងនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក [៤៦ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ ៤៧ ប្រសិនបើភ្នែកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់មានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ៤៨ ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ ៤៩ ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ ៥០ អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងឲ្យវាប្រៃឡើងវិញបាន? ៥១ ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយរស់នៅជាមួយគ្នាដោយសុខសាន្តទៅ»។
១០
ព្រះដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
(ម៉ាថាយ ១៩.១-១២ លូកា ១៦.១៨)
១ ព្រះយេស៊ូយាងចេញពីទីនោះឆ្ពោះទៅស្រុកយូដា និងត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកព្រះអង្គសាជាថ្មី ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់ព្រះអង្គ។ ២ មានពួកខាងគណៈផារីស៊ី*ចូលមកជិត ក្នុងគោលបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ ៣ ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឲ្យធ្វើអ្វី?»។ ៤ គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឲ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងវិន័យ*ទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ៦ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី។ ៧ “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន] ៨ ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ៩ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ១០ ពេលទៅដល់ផ្ទះ ពួកសាវ័កទូលសួរព្រះយេស៊ូអំពីរឿងនេះម្ដងទៀត។ ១១ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ ១២ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ព្រះយេស៊ូប្រទានពរដល់ក្មេងៗ
(ម៉ាថាយ ១៩.១-១៥ លូកា ១៨.១៥-១៧)
១៣ មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើពួកវា ប៉ុន្តែ ពួកសាវ័ក*ស្ដីបន្ទោសអ្នកទាំងនោះ។ ១៤ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បាន។ ១៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គឡើយ»។
១៦ បន្ទាប់មក ព្រះអង្គឱបក្មេងទាំងនោះ រួចប្រទានពរឲ្យពួកវា ដោយដាក់ព្រះហស្ដពីលើ។
អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
(ម៉ាថាយ ១៩.១៦-៣០ លូកា ១៨.១៨-៣០)
១៧ កាលព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ១៨ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ ១៩ អ្នកស្គាល់វិន័យស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឲ្យសោះ ចូរគោរពមាតាបិតា”»។ ២០ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបានប្រតិបត្តិតាមវិន័យ*ទាំងនេះ តាំងពីក្មេងមក»។ ២១ ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។ ២២ កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្តម្ភណាស់។
២៣ ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅពួកសាវ័កថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បានទេ»។ ២៤ ពួកសាវ័កងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់! ២៥ សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ទៅទៀត»។ ២៦ ពួកសាវ័ករឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ២៧ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។ ២៨ លោកសិលាទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមព្រះអង្គ»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយកូន ឬស្រែចម្ការ ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ* ៣០ អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយ កូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខថែមទៀតផង។ ៣១ មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។
ព្រះយេស៊ូប្រកាសជាលើកទីបីអំពីព្រះអង្គចូលទិវង្គត
(ម៉ាថាយ ២០.១៧-១៩ លូកា ១៨.៣១-៣៤)
៣២ ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសាវ័ក*។ ព្រះអង្គយាងនាំមុខគេ ពួកសាវ័កភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំសាវ័កទាំងដប់ពីររូបមកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ ដែលនឹងកើតមានដល់ព្រះអង្គ៖ ៣៣ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ។ គេនឹងកាត់ទោសប្រហារជីវិតលោក ហើយបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។ ៣៤ ពួកនោះនឹងចំអកឲ្យលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
សំណូមពររបស់លោកយ៉ាកុប និងលោកយ៉ូហាន
(ម៉ាថាយ ២០.២០-២៨)
៣៥ បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ! សូមមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ ៣៦ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វី?»។ ៣៧ គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿង សូមប្រទានឲ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ ៣៨ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។ ៣៩ គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន ៤០ ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឲ្យប៉ុណ្ណោះ»។
៤១ កាលសាវ័កដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។ ៤២ ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ដ្រ។ ៤៣ ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។ ៤៤ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបម្រើគេគ្រប់គ្នាសិន ៤៥ ដ្បិតបុត្រមនុស្ស*មកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេឲ្យភ្លឺ
(ម៉ាថាយ ២០.២៩-៣៤ លូកា ១៨.៣៥-៤៣)
៤៦ ព្រះយេស៊ូ និងពួកសាវ័កធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលព្រះអង្គយាងចេញពីទីក្រុងជាមួយពួកសាវ័ក និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ ៤៧ កាលគាត់ឮថាព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត យាងតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ ៤៨ មនុស្សជាច្រើនបានគំរាមគាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ ៤៩ ព្រះយេស៊ូក៏ឈប់ ហើយមានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖ «កុំអស់សង្ឃឹម ក្រោកឡើង លោកហៅអ្នក»។ ៥០ គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង តម្រង់ទៅរកព្រះយេស៊ូ។ ៥១ ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យភ្លឺផង»។ ៥២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។
១១
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
(មថ.២១.១-១១ លក.១៩.២៨-៤០ យហ.១២.១២-១៩)
១ ព្រះយេស៊ូយាងមកជាមួយសាវ័កជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីររូបឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ ២ «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ៣ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។
៤ សាវ័កទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ ៥ មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ ៦ សាវ័កទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏ឲ្យដឹកចេញទៅ។ ៧ សាវ័កទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។ ៨ មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ ៩ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ១០ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ*ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
១១ កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលក្នុងព្រះវិហារ*។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេថានីជាមួយសាវ័កទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។
ដើមឧទុម្ពរត្រូវបណ្ដាសា
(ម៉ាថាយ ២១.១៨-១៩)
១២ នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេថានី ពេលនោះ ព្រះអង្គឃ្លាន។ ១៣ ព្រះអង្គទតឃើញឧទុម្ពរ*មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ ១៤ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសាវ័ក*បានឮព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះយេស៊ូដេញអ្នកលក់ដូរចេញពីព្រះវិហារ
(មថ.២១.១២-១៧ លក.១៩.៤៥-៤៨ យហ.២.១៣-២២)
១៥ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសាវ័ក ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ១៦ ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ ១៧ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា
ដំណាក់របស់យើងត្រូវធ្វើជាដំណាក់
សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋាន*
តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។
១៨ កាលពួកនាយកបូជាចារ្យ* និងពួកបណ្ឌិតខាងវិន័យ*ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ ១៩ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសាវ័ក។
ដើមឧទុម្ពរងាប់
(ម៉ាថាយ ២១.២០-២២)
២០ ព្រឹកឡើងពេលធ្វើដំណើរតាមផ្លូវនោះ ពួកសាវ័កឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។ ២១ លោកសិលានឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ ២២ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័ក*ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ ២៣ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ ២៤ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ ២៥ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*អត់ទោសឲ្យអ្នករាល់គ្នា»។ [ ២៦ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ* ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ។]
អំណាចរបស់ព្រះយេស៊ូ
(ម៉ាថាយ ២១.២៣-២៧ លូកា ២០.១-៨)
២៧ ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយពួកសាវ័ក*ម្ដងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ* ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ នាំគ្នាមកជួបព្រះអង្គ។ ២៨ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ ៣០ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ ៣១ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន? ៣២ ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់លោកឲ្យមក…» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ ៣៣ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
១២
ប្រស្នាអំពីអ្នកថែរក្សាចម្ការទំពាំងបាយជូរ
(ម៉ាថាយ ២១.៣៣-៤៦ លូកា ២០.៩-១៩)
១ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ ២ លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឲ្យមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ ៣ គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ៤ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេរស្ដីទៀតផង។ ៥ ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ ៦ ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ចាត់បុត្រនោះឲ្យមកក្រោយគេបង្អស់ ដោយយល់ថា ៧ “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ ប៉ុន្តែ ពួកកសិករថែចម្ការទាំងនោះពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅ ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ ៨ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការយកមកសម្លាប់ រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ ៩ តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្ដេច? គាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត។ ១០ អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរ ដែលមានចែងថាៈ
“ថ្មដែលពួកជាងសង់ផ្ទះបោះចោល
បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។
១១ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ
យើងបានឃើញ ហើយស្ងើចសរសើរផង”»។
១២ ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចាកចេញពីព្រះយេស៊ូទៅ។
អំពីពន្ធដារ
(ម៉ាថាយ ២២.១៥-២២ លូកា ២០.២០-២៦)
១៣ គេចាត់ពួកខាងគណៈផារីស៊ី* និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។ ១៤ គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើវិន័យ*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។ ១៥ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។ ១៦ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។ ១៧ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។
អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
(ម៉ាថាយ ២២.២៣-៣៣ លូកា ២០.២៧-៤០)
១៨ មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ ១៩ «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។ ២០ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ ២១ ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅ ទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ ២២ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។ ២៣ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ ២៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ២៥ ពេលមនុស្សស្លាប់ មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវទូត*នៅស្ថានបរមសុខ*។ ២៦ លោកម៉ូសេ*បានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ?។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ ២៧ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។
វិន័យសំខាន់ជាងគេ
(ម៉ាថាយ ២២.៣៤-៤០ លូកា ១០.២៥-២៦)
២៨ មានបណ្ឌិតខាងវិន័យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាវិន័យ*ទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាវិន័យទីមួយៈ “អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ ៣០ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ ៣១ រីឯវិន័យទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ»។ ៣២ បណ្ឌិតខាងវិន័យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ ៣៣ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ ៣៤ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។
ព្រះគ្រីស្ដជាព្រះអម្ចាស់លើស្ដេចដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ លូកា ២០.៤១-៤៤)
៣៥ ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ*ដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្ដេចបានជាពួកបណ្ឌិតខាងវិន័យនិយាយថា ព្រះគ្រីស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?។ ៣៦ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឲ្យមានរាជឱង្ការថាៈ
“ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់
ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង
ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ”។
៣៧ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្ដ*ថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រីស្ដត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។
ព្រះយេស៊ូប្រាប់បណ្ដាជនឲ្យប្រយ័ត្ននឹងពួកបណ្ឌិតខាងវិន័យ
(ម៉ាថាយ ២៣.១-៣៦ លូកា ២០.៤៥-៤៧)
បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ ៣៨ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកបណ្ឌិតខាងវិន័យ*ឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ៣៩ ព្រមទាំងរើសកន្លែងអង្គុយមុខគេ ក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ ៤០ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។
តង្វាយរបស់ស្ត្រីមេម៉ាយ
(លូកា ២១.១-៤)
៤១ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ ៤២ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ៤៣ ព្រះយេស៊ូត្រាស់ហៅពួកសាវ័ក*មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ៤៤ ដ្បិតពួកអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។
១៣
ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ*
(ម៉ាថាយ ២៤.១-២, លូកា ២១.៥-៦)
១ ពេលព្រះយេស៊ូយាងចេញពីព្រះវិហារ*ទៅ មានសាវ័ក*ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ ២ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
ហេតុការណ៍នៅគ្រាចុងក្រោយ
(ម៉ាថាយ ២៤.៣-១៤ លូកា ២១.៧-១៩)
៣ ព្រះអង្គគង់នៅលើភ្នំដើមអូលីវ ទល់មុខព្រះវិហារ*។ លោកសិលា លោកយ៉ាកុប លោកយ៉ូហាន និងលោកអន់ដ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ ៤ «សូមព្រះគ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ៦ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា៖ “ខ្ញុំនេះហើយជាព្រះគ្រីស្ដ*!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ ៧ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ៨ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ ៩ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ* គេនឹងនាំអ្នករាល់គ្នាទៅឲ្យទេសាភិបាល និងឲ្យស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ជាឱកាសសម្រាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យគេដឹងឮ។ ១០ ត្រូវប្រកាសដំណឹងល្អ*ឲ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍បានឮជាមុនសិន។ ១១ ពេលគេចាប់អ្នករាល់គ្នាបញ្ជូនទៅកាត់ទោស កុំភ័យបារម្ភជាមុននឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ត្រូវនិយាយតាមតែព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នានិយាយ នៅពេលនោះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេតើ ដែលនឹងមានព្រះបន្ទូល។ ១២ បងប្អូននឹងចាប់បញ្ជូនគ្នាទៅឲ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។ ១៣ មនុស្សគ្រប់រូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ទីបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។
គ្រាមានទុក្ខលំបាកវេទនា
(ម៉ាថាយ ២៤.១៥-២៨ លូកា ២១.២០-២៤)
១៤ «ពេលណាអ្នករាល់គ្នាឃើញជនចង្រៃដ៏គួរឲ្យស្អប់ខ្ពើមឈរនៅកន្លែងដែលមិនត្រូវឈរ - សូមឲ្យអ្នកអានយល់ពាក្យនេះចុះ - ពេលនោះ អស់អ្នកដែលរស់ក្នុងស្រុកយូដា ត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ ១៥ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ ១៦ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ ១៧ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន។ ១៨ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ ១៩ ដ្បិតពេលនោះ ជាពេលមានទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។ ២០ ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណាបានរួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ២១ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រីស្ដ*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ២២ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រីស្ដ ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ២៣ ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុន សព្វគ្រប់ហើយ»។
បុត្រមនុស្សនឹងយាងមកវិញ
(ម៉ាថាយ ២៤.២៩-៤៤ លូកា ២១.២៥-៣៣)
២៤ «លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ ២៥ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ ២៦ ពេលនោះ គេនឹងឃើញបុត្រមនុស្ស*យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។ ២៧ លោកនឹងចាត់ពួកទេវទូត*របស់លោកឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។
២៨ «ចូរអ្នករាល់គ្នាយកពាក្យប្រស្នាស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។ ២៩ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្ស*ក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ៣០ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ ៣១ ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។ ៣២ រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវទូត*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ ៣៣ អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេ ដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីឲ្យមែនទែន ៣៤ ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកឲ្យពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារឲ្យរៀងៗខ្លួន ព្រមទាំងបង្គាប់ឲ្យអ្នកយាមផ្ទះប្រុងស្មារតីផង។ ៣៥ អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្ដាលអធ្រាត្រ ពេលមាន់រងាវ ឬពេលព្រលឹមទេ ៣៦ ក្រែងលោកត្រឡប់មកវិញ ដោយមិនបានឲ្យដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។ ៣៧ ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា ចូរប្រុងស្មារតី!»។
១៤
ការឃុបឃិតចាប់ព្រះយេស៊ូ
(ម៉ាថាយ ២៦.១-៥ លូកា ២២.១-២ យ៉ូហាន ១១.៤៥-៥៣)
១ នៅពីរថ្ងៃមុនបុណ្យចម្លង* និងបុណ្យនំបុ័ងឥតមេ* ក្រុមនាយកបូជាចារ្យ* និងពួកបណ្ឌិតខាងវិន័យ* នាំគ្នារកមធ្យោបាយ ដើម្បីចាប់ព្រះយេស៊ូដោយកលល្បិចយកទៅធ្វើគុត។ ២ ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
ស្ត្រីម្នាក់ចាក់ប្រេងលើសិរសាព្រះយេស៊ូ
(ម៉ាថាយ ២៦.៦-១៣ យ៉ូហាន ១២.១-៨)
៣ ព្រះយេស៊ូគង់នៅភូមិបេថានី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះសិរសារបស់ព្រះយេស៊ូ។ ៤ មានអ្នកខ្លះនៅទីនោះ ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះខ្ជាយប្រេងក្រអូបដូច្នេះ! ៥ បើយកប្រេងនេះទៅលក់ មុខជាបានប្រាក់ជាងបីរយដួង* ហើយចែកទានដល់ជនក្រីក្រវិញ»។ អ្នកទាំងនោះខឹងនឹងនាងណាស់។ ៦ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តនាងទៅ! ហេតុអ្វីបានជារករឿងនាង? នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។ ៧ អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្តអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ៨ ស្ត្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។ ៩ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល កាលណាគេប្រកាសដំណឹងល្អ* គេក៏នឹងតំណាលអំពីកិច្ចការដែលនាងបានធ្វើនេះដែរ ដើម្បីរំឭកអំពីនាង»។
យូដាសអ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូ
(ម៉ាថាយ ២៦.១៤-១៦ លូកា ២២.៣-៦)
១០ យូដាសអ៊ីស្ការីយ៉ុត ជាសាវ័ក*ម្នាក់ក្នុងក្រុមដប់ពីររូប បានទៅជួបពួកនាយកបូជាចារ្យ* ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។ ១១ កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្តណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសក៏រកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះអង្គ។
ព្រះយេស៊ូធ្វើពិធីបុណ្យចម្លងជាមួយពួកសាវ័ក
(ម៉ាថាយ ២៦.១៧-២៥ លូកា ២២.៧-១៤, ២១-២២ យ៉ូហាន ១៣.២១-៣០)
១២ នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា*សម្រាប់បុណ្យចម្លង* ពួកសាវ័ក*ទូលសួរព្រះយេស៊ូថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង* នៅកន្លែងណា?»។ ១៣ ព្រះអង្គចាត់សាវ័ក*ពីររូបឲ្យទៅ ដោយមានព្រះបន្ទូលថា៖ «ចូរអ្នកទៅទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់ទៅ ១៤ គាត់ចូលផ្ទះណា អ្នកត្រូវនិយាយទៅម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា “បន្ទប់ដែលខ្ញុំនឹងត្រូវជប់លៀងជាមួយពួកសិស្ស ក្នុងពេលបុណ្យចម្លង*នៅឯណា?”។ ១៥ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាងលើ ដែលមានប្រដាប់ប្រដាសព្វគ្រប់រៀបចំជាស្រេច ចូររៀបចំម្ហូបអាហារសម្រាប់យើង នៅក្នុងបន្ទប់នោះចុះ»។ ១៦ សាវ័ក*ទាំងពីរក៏ចេញទៅ លុះដល់ទីក្រុង គេបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន គេក៏រៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។
១៧ លុះដល់ល្ងាច ព្រះអង្គយាងមកដល់ជាមួយសាវ័កទាំងដប់ពីររូប។ ១៨ នៅពេលព្រះយេស៊ូរួមតុ សោយព្រះស្ងោយជាមួយពួកសាវ័ក ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យបានដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ១៩ ពួកសាវ័កព្រួយចិត្តក្រៃលែង គេទូលសួរព្រះអង្គបន្ដបន្ទាប់គ្នាថា៖ «តើទូលបង្គំឬ?»។ ២០ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ដែលកំពុងជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំនេះហើយ។ ២១ បុត្រមនុស្ស*ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់ហើយ។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្សនឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង»។
ពិធីជប់លៀងចុងក្រោយបំផុត
(មថ.២៦.២៦-៣០ លក.២២.១៥-២០ ១ករ.១១.២៣-២៥)
២២ នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំបុ័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។ ២៣ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសាវ័ក* ពួកសាវ័កក៏បរិភោគទាំងអស់គ្នា។ ២៤ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ២៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ២៦ ក្រោយពីបានច្រៀងទំនុកតម្កើងរួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសាវ័ក។
ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសិលាបដិសេធមិនទទួលស្គាល់ព្រះអង្គ
(មថ.២៦.៣១-៣៥លក ២២.៣១-៣៤យហ ១៣.៣៦-៣៨)
២៧ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័ក*ថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ខ្ញុំចោល ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ”។ ២៨ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ ២៩ លោកសិលាទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ព្រះអង្គចោលក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ៣០ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ៣១ ប៉ុន្តែ លោកសិលាប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ សាវ័កឯទៀតៗក៏ទូលព្រះអង្គដូចលោកសិលាដែរ។
ព្រះយេស៊ូអធិស្ឋាននៅក្នុងសួនកេតសេម៉ានី
(ម៉ាថាយ ២៦.៣៦-៤៦ លូកា ២២.៣៩-៤៦)
៣២ ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសាវ័ក*។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន*សិន»។
៣៣ ព្រះអង្គនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ ៣៤ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។
៣៥ ព្រះអង្គយាងទៅមុខបន្ដិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ៣៦ ព្រះអង្គទូលថា៖ «អ័ប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។ ៣៧ ព្រះអង្គយាងទៅរកពួកសាវ័ក ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកសិលាថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ៣៨ ចូរប្រុងស្មារតី ហើយអធិស្ឋាន កុំឲ្យចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្តែ ខ្លួនគេនៅទន់ខ្សោយទេ!»។
៣៩ ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី ហើយទូលអង្វរដោយប្រើពាក្យដដែល។ ៤០ ព្រះអង្គវិលត្រឡប់មករកពួកសាវ័កម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកមិនរួច មិនដឹងទូលព្រះអង្គដូចម្ដេច។ ៤១ ព្រះយេស៊ូវិលមករកគេជាលើកទីបី មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះ ពេលកំណត់មកដល់ហើយ បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។ ៤២ ចូរក្រោកឡើង យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។
គេចាប់ព្រះយេស៊ូ
(ម៉ាថាយ ២៦.៤៧-៥៦ លូកា ២២.៤៧-៥៣ យ៉ូហាន ១៨.៣-១២)
៤៣ ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសាវ័កម្នាក់ ក្នុងចំណោមសាវ័កទាំងដប់ពីររូបមកដល់ ដោយមានបណ្ដាជនមួយក្រុម កាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ*ពួកបណ្ឌិតខាងវិន័យ* និងពួកព្រឹទ្ធាចារ្យ* បានចាត់អ្នកទាំងនោះឲ្យមក។ ៤៤ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅ ដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។ ៤៥ កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូ ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ ៤៦ ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ ៤៧ មានម្នាក់ដែលនៅទីនោះ ហូតដាវកាប់អ្នកបម្រើរបស់មហាបូជាចារ្យដាច់ស្លឹកត្រចៀកម្ខាង។ ៤៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។ ៤៩ ជារៀងរាល់ថ្ងៃ ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោក ទាំងបង្រៀនផង តែអស់លោកពុំបានចាប់ខ្ញុំទេ។ ការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ»។ ៥០ ពេលនោះ ពួកសាវ័កបោះបង់ព្រះយេស៊ូចោល ហើយរត់បាត់អស់ទៅ។
៥១ មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ មានតែសំពត់មួយផ្ទាំងបិទបាំងកាយប៉ុណ្ណោះ គេបានចាប់គាត់ដែរ ៥២ តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។
ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
(ម៉ាថាយ ២៦.៥៧-៦៨ លូកា ២២.៥៤-៥៥, ៦៣-៧១ យ៉ូហាន ១៨.១៣-១៤, ១៩-២០)
៥៣ គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ*។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ* និងពួកបណ្ឌិតខាងវិន័យ* មកជួបជុំទាំងអស់គ្នានៅទីនោះ។ ៥៤ លោកសិលាដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ*។ ៥៥ ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ តែរកមិនបានសោះ។ ៥៦ មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។ ៥៧ មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយ ចោទប្រកាន់ព្រះអង្គថា៖ ៥៨ «យើងបានឮអ្នកនេះពោលថា “ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ”»។ ៥៩ ប៉ុន្តែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។ ៦០ ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?» ៦១ ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រីស្ដ ជាព្រះបុត្រារបស់ព្រះ ដែលយើងសរសើរតម្កើងមែនឬ?»។ ៦២ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក*នៅលើមេឃ»។ ៦៣ លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ៦៤ អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសម្រេចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។ ៦៥ អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភ័ក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។
លោកសិលាបដិសេធថាមិនស្គាល់ព្រះយេស៊ូ
(ម៉ាថាយ ២៦.៦៩-៧៥ លូកា ២២.៥៦-៦២ យ៉ូហាន ១៨.១៥-១៨, ២៥-២៧)
៦៦ ពេលលោកសិលានៅក្នុងទីធ្លា មានស្ត្រីបម្រើម្នាក់របស់លោកមហាបូជាចារ្យមកដល់។ ៦៧ នាងឃើញលោកសិលាកំពុងអាំងភ្លើង ក៏សម្លឹងមើលមុខគាត់ឲ្យបានច្បាស់ រួចពោលថា៖ «អ្នកឯងក៏ជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។ ៦៨ ប៉ុន្តែ លោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកសិលាក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះ មាន់រងាវឡើង។ ៦៩ ស្ត្រីបម្រើឃើញលោកសិលា ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ»។ ៧០ លោកសិលាប្រកែកសាជាថ្មី។ បន្ដិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកសិលាទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។ ៧១ លោកសិលាក៏និយាយឡើងថា៖ «បើខ្ញុំកុហក សូមឲ្យព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។
៧២ ភ្លាមនោះ មាន់រងាវឡើងជាលើកទីពីរ លោកសិលាក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា “មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ” គាត់ក៏ទ្រហោយំ។
១៥
ព្រះយេស៊ូនៅមុខលោកពីឡាត
(ម៉ាថាយ ២៧.១-២, ១១-១៤ លូកា ២៣.១-៥ យ៉ូហាន ១៨.២៨-៣៨)
១ លុះព្រលឹមឡើងពួកនាយកបូជាចារ្យ*ប្រជុំគ្នា ជាមួយពួកព្រឹទ្ធាចារ្យ* ពួកបណ្ឌិតខាងវិន័យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល។ គេបានចងព្រះយេស៊ូ ហើយបញ្ជូនព្រះអង្គទៅលោកពីឡាត។ ២ លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។ ៣ ពួកនាយកបូជាចារ្យបានយករឿងជាច្រើន មកចោទប្រកាន់ព្រះយេស៊ូ។ ៤ លោកពីឡាតសួរព្រះអង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ ៥ ព្រះយេស៊ូពុំបានឆ្លើយតបទៀតឡើយ ជាហេតុនាំឲ្យលោកពីឡាតងឿងឆ្ងល់ជាខ្លាំង។
លោកពីឡាតកាត់ទោសប្រហារជីវិតព្រះយេស៊ូ
(ម៉ាថាយ ២៧.១៥-២៦ លូកា ២៣.១៣-២៥ យ៉ូហាន ១៨.៣៩-១៩.១៦)
៦ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងលែងអ្នកទោសម្នាក់ តាមពាក្យសុំរបស់បណ្ដាជន។ ៧ មានបុរសម្នាក់ ឈ្មោះបារ៉ាបាសជាប់ឃុំឃាំងជាមួយពួកបះបោរ ដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល។ ៨ បណ្ដាជននាំគ្នាឡើងទៅជួបលោកពីឡាត សុំឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកធ្លាប់អនុគ្រោះដល់គេ។ ៩ លោកពីឡាតមានប្រសាសន៍សួរថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬ?»។ ១០ លោកមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកនាយកបូជាចារ្យបញ្ជូនព្រះយេស៊ូមកលោក ព្រោះពួកគេមានចិត្តច្រណែន។
១១ ពួកនាយកបូជាចារ្យ*នាំគ្នាបញ្ចុះបញ្ចូលបណ្ដាជន សុំឲ្យលោកពីឡាតដោះលែងបារ៉ាបាសវិញ។ ១២ លោកពីឡាតមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្ដេចយូដានេះ?»។ ១៣ គេស្រែកឡើងថា៖ «ឆ្កាងទៅ!»។ ១៤ លោកពីឡាតសួរថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។ ប៉ុន្តែ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងៗថា៖ «ឆ្កាងទៅ!»។ ១៥ លោកពីឡាតចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាស។ បន្ទាប់ពីបញ្ជាឲ្យគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។
ទាហានមើលងាយ និងធ្វើបាបព្រះយេស៊ូ
(ម៉ាថាយ ២៧.២៧-៣១ យ៉ូហាន ១៩.២-៣)
១៦ ពួកទាហានបណ្ដើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយហៅកងទាហានទាំងមូលមក។ ១៧ គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គ រួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។ ១៨ គេក៏នាំគ្នាសំពះព្រះអង្គ ទាំងពោលថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ ១៩ គេយកផ្ដៅវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ ព្រមទាំងលុតជង្គង់ថ្វាយបង្គំព្រះអង្គថែមទៀតផង។ ២០ ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញ ហើយបណ្ដើរយកទៅឆ្កាង។
គេឆ្កាងព្រះយេស៊ូ
(មថ.២៧.៣២-៤៤ លក.២៣.២៦-៤៣ យហ.១៩.១៧-២៧)
២១ ពេលនោះ មានបុរសម្នាក់ជាអ្នកស្រុកគីរ៉ែនត្រឡប់មកពីចម្ការ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ អ្នកនោះឈ្មោះស៊ីម៉ូន ជាឪពុករបស់អឡិចសង់ និងរូភូស។ ២២ គេបណ្ដើរព្រះយេស៊ូមកដល់កន្លែងមួយ ឈ្មោះ “កុលកូថា” ដែលប្រែថា “ភ្នំលលាដ៍ក្បាល”។ ២៣ គេយកស្រាទំពាំងបាយជូរលាយជាមួយគ្រឿងញៀនម្យ៉ាង មកថ្វាយព្រះអង្គសោយ ប៉ុន្តែ ព្រះអង្គពុំបានសោយទេ។ ២៤ គេក៏ឆ្កាងព្រះអង្គ ហើយយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ ២៥ គេឆ្កាងព្រះអង្គនៅម៉ោងប្រាំបួនព្រឹក។ ២៦ គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា«ស្ដេចជនជាតិយូដា»។ ២៧ គេក៏បានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ [ ២៨ ហេតុការណ៍នេះកើតឡើងស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរថា «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់»។] ២៩ មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ ៣០ សង្គ្រោះខ្លួនឯងទៅ អញ្ជើញចុះពីឈើឆ្កាងមក!»។ ៣១ រីឯពួកនាយកបូជាចារ្យ និងបណ្ឌិតខាងវិន័យ* ក៏និយាយគ្នាចំអកឲ្យព្រះអង្គដូចគេដែរ ពួកគេពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ!។ ៣២ សូមព្រះគ្រីស្ដ ជាស្ដេចអ៊ីស្រាអែល អញ្ជើញចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង!»។ អ្នកដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដែរ។
ព្រះយេស៊ូសោយទិវង្គត
(មថ.២៧.៤៥-៥៦ លក.២៣.៤៤-៤៩ យហ.១៩.២៨-៣០)
៣៣ នៅពេលថ្ងៃត្រង់ ស្រាប់តែផែនដីទាំងមូលងងឹតសូន្យ រហូតដល់ម៉ោងបីរសៀល។ ៣៤ នៅវេលាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេទ្បយ អេឡយ ឡាម៉ាសេបាច់ថានី?» ពាក្យនេះប្រែថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។ ៣៥ អ្នកខ្លះឈរនៅទីនោះ បានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «ឃើញទេ! គាត់ហៅលោកអេលី!»។ ៣៦ មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «ចាំមើលមើល៍ តើលោកអេលីមកយកគាត់ចុះពីឈើឆ្កាងឬទេ?»។
៣៧ រីឯព្រះយេស៊ូវិញ ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងខ្លាំង រួចរលត់វិញ្ញាណទៅ ៣៨ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ ៣៩ នាយទាហានរ៉ូម៉ាំង ដែលឈរនៅខាងមុខព្រះយេស៊ូ ឃើញព្រះអង្គរលត់វិញ្ញាណរបៀបនេះ ក៏ពោលឡើងថា៖ «បុរសនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
៤០ មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ ៤១ ស្ត្រីទាំងនោះមកជាមួយ ហើយបម្រើព្រះអង្គតាំងពីព្រះអង្គនៅស្រុកកាលីឡេម៉្លេះ។ មានស្ត្រីឯទៀតៗជាច្រើន បានឡើងមកក្រុងយេរូសាឡឹមជាមួយព្រះអង្គដែរ។
ការបញ្ចុះព្រះសពព្រះយេស៊ូ
(មថ.២៧.៥៧-៦១ លក.២៣.៥០-៥៦ យហ.១៩.៣៨-៤២)
៤២ ថ្ងៃនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ*។ លុះដល់ល្ងាច ៤៣ លោកយ៉ូសែបជាអ្នកស្រុកអារីម៉ាថេមកដល់ លោកជាសមាជិក ដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់* ហើយលោកក៏រង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្តក្លាហានហ៊ានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ ៤៤ លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូសោយទិវង្គតយ៉ាងឆាប់ដូច្នេះ។ លោកហៅនាយទាហានមកសួរឲ្យដឹងថា ព្រះយេស៊ូសោយទិវង្គតយូរហើយឬ។ ៤៥ បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ពីនាយទាហានរួចហើយ លោកក៏អនុញ្ញាតឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។
៤៦ លោកយ៉ូសែបទិញក្រណាត់ផាឌិប លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ ៤៧ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
១៦
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ ២៨.១-៨ លូកា ២៤.១-១២ យ៉ូហាន ២០.១-១០)
១ លុះផុតថ្ងៃសប្ប័ទ*ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។ ២ ព្រលឹមឡើងថ្ងៃអាទិត្យ នាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរ នៅពេលថ្ងៃរះ។ ៣ ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»។ ៤ ពេលស្ត្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ ៥ នាងចូលទៅក្នុងផ្នូរ ឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀកបំពាក់ពណ៌ស ពួកនាងភ័យស្រឡាំងកាំង។ ៦ អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់ព្រះសពព្រះអង្គ។ ៧ ចូរនាងទៅប្រាប់សាវ័ករបស់ព្រះអង្គ ព្រមទាំងលោកសិលាផងថា “ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូលទុកស្រាប់”»។ ៨ ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។
ព្រះយេស៊ូបង្ហាញព្រះអង្គឲ្យសាវ័កឃើញ
៩ ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះអង្គបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង។ ១០ នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ ១១ ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។
១២ បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គឲ្យសាវ័ក*ពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ ១៣ អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សាវ័ក*ឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។
១៤ នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនឲ្យសាវ័កទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
១៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អ*ដល់មនុស្សលោកទាំងអស់ចុះ។ ១៦ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ ១៧ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ១៨ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ»។
១៩ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ* ឲ្យគង់នៅខាងស្ដាំព្រះអង្គ។ ២០ ពួកសាវ័កនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្ដែងទីសម្គាល់ផ្សេងៗជាប់ជាមួយផង។
808 Views