សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

គម្ពីរដំណឹងល្អតាម
សន្តលូកា

ពាក្យលំនាំ

ដំណឹង‌ល្អ​រៀប‌រៀង​ដោយ

លោក​លូកា

ពាក្យ​លំនាំ
លោក លូកា ជា​គ្រូ​ពេទ្យ​ជាតិ​ក្រិក​មួយ​រូប។ លោក​ពុំ​បាន​ស្គាល់​ព្រះ‌យេស៊ូ​ដោយ​ផ្ទាល់​ខ្លួន​លោក​ទេ ហើយ​លោក​ក៏​ពុំ​មែន​ជា​សាវ័ក​ដំបូង ឬ​ជា​គ្រីស្ដ‌ទូត​របស់​ព្រះ‌អង្គ​ដែរ តែ​លោក​ជា​គ្រីស្ដ‌បរិស័ទ​មួយ​រូប​ដែល​ជា​សហ‌ការី​របស់​គ្រីស្ដ‌ទូត​ប៉ូល ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រកាស​ផ្សាយ​ដំណឹង‌ល្អ នៅ​មជ្ឈិម‌បូព៌ា​ប្រទេស។
លោក​លូកា​បាន​តែង​គម្ពីរ​ពីរ​កណ្ឌ គឺ​គម្ពីរ «ដំណឹង‌ល្អ​លូកា» និង​គម្ពីរ «កិច្ច‌ការ​របស់​គ្រីស្ដ‌ទូត»។ លោក​បាន​ប្រមូល​ឯក‌សារ​ផ្សេងៗ​ស្តី​អំពី​ព្រះ‌យេស៊ូ ហើយ​បាន​ពិនិត្យ​មើល​ដោយ​ហ្មត់‌ចត់ តាម​របៀប​អ្នក​ប្រាជ្ញ​ក្នុង​សម័យ​នោះ។ លោក​បាន​តែង​គម្ពីរ​នេះក្រោម​ការ​បំភ្លឺ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់។ លោក​លូកា​បាន​តែង​គម្ពីរ​ដំណឹង‌ល្អ​នេះ​នៅ​ចន្លោះ​គ.ស.៨០-៩០។
គោល​បំណង​លោក​លូកា
លោក​លូកា​បាន​តែង​គម្ពីរ​នេះ សម្រាប់​ឲ្យ​ជន​ជាតិ​ក្រិក​អាន។ លោក​រ៉ាយ‌រ៉ាប់​ប្រវត្តិ​របស់​ព្រះ‌យេស៊ូ ដោយ​ចង់​ពន្យល់​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​ណែ‌នាំ​ព្រះ‌យេស៊ូ តាំង​ពី​មុន​ព្រះ‌អង្គ​ប្រសូត​មក រហូត​ដល់​ពេល​ព្រះ‌អង្គ​សោយ​ទិវង្គត នៅ​ក្រុង​យេរូ‌សាឡឹម។ ក្រោយ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌វិញ្ញាណ​បាន​ណែ‌នាំ​ក្រុម​គ្រីស្ដ‌បរិស័ទ​ឲ្យ​ប្រកាស​ផ្សាយ​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រីស្ដ រហូត​ដល់​ចុង​កាត់​មាត់‌ញក​នៃ​ផែន‌ដី។
លោក​ប្រៀន‌ប្រដៅ​អ្នក​ដែល​ជឿ​លើ​ព្រះ‌យេស៊ូ​ឲ្យ​មាន​ចិត្ត​មេត្តា​ករុណាដូច​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា។ លោក​ប្រៀន‌ប្រដៅ​គេ​ឲ្យ​ចេះ​ស្រឡាញ់​រាប់​អាន​ជន​ជាតិ​ដទៃ ជា​ពិសេស​ជា​មួយ​ជន​ជាតិ​ដែល​រស់​នៅ​ជិត​ខាង ឲ្យ​ចេះ​អត់‌ទោស​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ក្រីក្រ និង​សុខ​ចិត្ត​លះ‌បង់​អ្វីៗ​ទាំង​អស់ ដោយ​យល់​ដល់​ព្រះ‌គ្រីស្ដ។ អ្នក​ជឿ​ព្រះ‌យេស៊ូ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អធិ‌ស្ឋាន គឺ​និយាយ​សារ‌ស័ព្ទ​ជា​មួយ​ព្រះ‌បិតា​ដោយ​ស្និទ្ធ‌ស្នាល ត្រូវ​មាន​អំណរ​សប្បាយ​ជា‌និច្ច ព្រោះ​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ដ​គង់​នៅ​ជា​មួយ និង​ត្រូវ​យល់​ច្បាស់​ថា​ព្រះ‌ជាម្ចាស់​សង្គ្រោះ​អ្នក​ជឿ​ឥឡូវ​នេះ។
គម្រោង​របស់​គម្ពីរ​លូកា
• បុព្វ‌កថា (១.១-៤)
• កំណើត​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ព្រះ‌យេស៊ូ (១.៥‑២.៥២)
• សេចក្ដី​ប្រកាស​របស់​លោក​យ៉ូហាន‌បាទីស្ដ (៣.១-២០)
• ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក និង​ឈ្នះ​ការ​ល្បួង (៣.២១‑៤.១៣)
• ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ (៤.១៤‑៩.៥០)
• ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម (៩.៥១‑១៩.២៧)
• សប្តាហ៍​ចុង​ក្រោយ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ (១៩.២៨‑២៣.៥៦)
• ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ជឿ​ឃើញ (២៤.១-៥៣)
បុព្វ‌កថា
 សូម​ជម្រាប​មក​ឯក‌ឧត្ដម​ថេអូ‌ភីល សូម​ជ្រាប! មនុស្ស​ជា​ច្រើនខិត‌ខំ​យក​ចិត្ត​ទុក​ដាក់ កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​អំបាល‌ម៉ាន ដែល​កើត​មាន​ក្នុង​ចំណោម​យើង​ខ្ញុំ។  អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក តាំង​ពី​ដំបូង​រៀង​មក ហើយ​ទទួល​មុខ‌ងារ​បម្រើ​ព្រះ‌បន្ទូល បាន​រៀប‌រាប់​ហេតុ‌ការណ៍​ទាំង​នោះ​បន្ដ​មក​យើង​ខ្ញុំ។  ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។  ខ្ញុំ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ចង់​ឲ្យ​លោក​ជ្រាប​ថា សេចក្ដី​ប្រៀន‌ប្រដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ទទួល ពិត​ជា​ត្រឹម‌ត្រូវ​មែន។
ទេវទូត​ជូន​ដំណឹង​អំពី​កំណើត​របស់​យ៉ូហាន‌បាទីស្ដ
 នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប ឈ្មោះ​សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ីយ៉ា ភរិយា​លោកឈ្មោះ​អេលី‌សា‌បិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា‌បូជា‌ចារ្យ*​អរ៉ុន  ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​វិន័យ និង​បញ្ញាតិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។  អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សា‌បិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។  ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។  គេ​បាន​ជ្រើស‌រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់។ ១០ ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជាជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិ‌ស្ឋាន*។ ១១ រំពេច​នោះ លោក​សាការី​ឃើញ​ទេវទូត*​របស់​ព្រះ‌អម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ១២ ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ‌ខ្លាច​ទៀត​ផង។ ១៣ ទេវទូត​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះ‌អម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ។ នាង​អេលី‌សា‌បិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន” ។ ១៤ កូន​នោះ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។ ១៥ កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ ១៦ កូន​នោះ​នឹង​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ ១៧ កូន​នោះ​នឹង​មក​មុន​ព្រះ‌អង្គ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដូច​លោក​អេលី​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន​ ព្រម​ទាំង​បំបែរ​ចិត្ត​មនុស្ស​រឹង​ទទឹង ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀប‌ចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេច ទុក​សម្រាប់​ទទួល​ព្រះ‌អម្ចាស់»។
១៨ លោក​សាការី​សួរ​ទៅ​ទេវទូត*​ថា៖ «តើ​ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថាការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។ ១៩ ទេវទូត​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រី‌អែល ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះមក​ប្រាប់​លោក ២០ ប៉ុន្តែ ដោយ​លោក​ពុំ​ព្រម​ជឿ​ពាក្យ​ខ្ញុំ លោក​នឹង​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត រហូត​ដល់​ថ្ងៃ​ដែល​ហេតុ‌ការណ៍​ទាំង​នោះ​បាន​សម្រេច​តាម​ពេល​កំណត់»។
២១ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជាជន​ទន្ទឹង​រង់‌ចាំ​លោក​សាការី ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​យូរ​ដូច្នេះ។ ២២ កាល​លោក​ចេញ​មក​វិញ លោក​ពុំ​អាច​និយាយ​ទៅ​គេ​បាន​ឡើយ។ ប្រជាជន​ទាំង​នោះ​យល់​ថា ប្រាកដ​ជា​លោក​បាន​ឃើញ​ការ​អស្ចារ្យ​អ្វី​មួយ នៅ​ក្នុង​ទី‌សក្ការៈ​ជា​មិន​ខាន។ លោក​សាការី​ធ្វើ​តែ​កាយ‌វិការ​ឲ្យ​គេ​យល់ ព្រោះ​លោក​នៅ​គ​និយាយ​មិន​កើត។ ២៣ លុះ​លោក​សាការី​បាន​បំពេញ​ការ‌ងារ​តាម​វេន​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ២៤ ក្រោយ​មក នាង​អេលី‌សា‌បិត ជា​ភរិយា​របស់​លោក ក៏​ចាប់​មាន​ផ្ទៃ​ពោះ នាង​លាក់​ខ្លួន​អស់‌រយៈ​ពេល​ប្រាំ​ខែ។ នាង​នឹក​គិត​ថា៖ ២៥ «ឥឡូវ​នេះ ព្រះ‌អម្ចាស់​បាន​ប្រោស‌ប្រណី​ដល់​រូប​ខ្ញុំ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។
ទេវទូត​ជូន​ដំណឹង​អំពី​កំណើត​ព្រះ‌យេស៊ូ
២៦ ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវទូត​កាព្រី‌អែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ២៧ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់ ឈ្មោះ​យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។ ២៨ ទេវទូត​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង!​ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​ជា​មួយ​នាង»។ ២៩ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ៣០ ទេវទូត​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ។ ៣១ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា“យេស៊ូ”។ ៣២ បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា “ព្រះ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ ៣៣ ព្រះ‌អង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល អស់​កល្ប‌ជានិច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។ ៣៤ នាង​ម៉ារី​សួរ​ទៅ​ទេវទូត​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។ ៣៥ ទេវទូត*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះ‌នាម​ដល់​បុត្រ​ដ៏‌វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”។ ៣៦ ម្យ៉ាង​ទៀត នាង​អេលី‌សា‌បិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វី‌ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ ៣៧ ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។ ៣៨ នាង​ម៉ារី​ពោល​ទៅ​ទេវទូត​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវទូត​ចាក‌ចេញ​ពី​នាង​ទៅ។
នាង​ម៉ារី​ទៅ​សួរ​សុខ​ទុក្ខ​នាង​អេលី‌សា‌បិត
៣៩ នៅ​គ្រា​នោះ នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។ ៤០ នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​សាការី ហើយ​ជម្រាប​សួរ​នាង​អេលី‌សា‌បិត។ ៤១ ពេល​នាង​អេលី‌សា‌បិត​ឮ​នាង​ម៉ារី​ជម្រាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បម្រះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ៤២ រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។ ៤៣ តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ?។ ៤៤ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ ៤៥ នាង​ពិត​ជា​មាន​សុភមង្គល​មែន ព្រោះ​នាង​បាន​ជឿ​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​ប្រាប់​នាង​មុខ​ជា​បាន​សម្រេច​មិន​ខាន»។
ទំនុក‌តម្កើង​របស់​នាង​ម៉ារី
៤៦ ពេល​នោះ នាង​ម៉ារី​ថ្លែង​ឡើង​ថា៖
«ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់*
៤៧ ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង
ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ
៤៨ ព្រះ‌អង្គ​ទត​មើល​មក​ខ្ញុំ
ដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ព្រះ‌អង្គ​
អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា
ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន
៤៩ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្ដែង
ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។
ព្រះ‌នាម​របស់​ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ*​មែន!​
៥០ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ
នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ
៥១ ព្រះ‌អង្គ​បាន​សម្ដែង​ឫទ្ធិ‌បារមី
កម្ចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ
៥២ ព្រះ‌អង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង
ហើយ​ព្រះ‌អង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។
៥៣ ព្រះ‌អង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌
ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន
ហើយ​បណ្ដេញ​ពួក​អ្នក​មាន
ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។
៥៤ ព្រះ‌អង្គ​បាន​ជួយ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ហើយ​តែង‌តែ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
៥៥ ដល់​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោក
ជា‌និច្ច​ត​រៀង​ទៅ
ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង
ឥត​ភ្លេច​សោះ​ឡើយ»។
៥៦នាង​ម៉ារី​បាន​ស្នាក់​នៅ​ជា​មួយ​នាង​អេលី‌សា‌បិត អស់‌រយៈ​ពេល​ប្រមាណ​បី​ខែ ទើប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។
កំណើត​លោក​យ៉ូហាន‌បាទីស្ដ
៥៧ លុះ​នាង​អេលី‌សា‌បិត​គ្រប់​ខែ​ហើយ គាត់​សម្រាល​បាន​កូន​ប្រុស​មួយ។ ៥៨ អ្នក​ជិត​ខាង និង​ញាតិ‌សន្ដាន​នាំ​គ្នា​អបអរ‌សាទរ​ជា​មួយ​គាត់ ព្រោះ​គេ​បាន​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ចំពោះ​គាត់​យ៉ាង​ច្រើន​អនេក។
៥៩ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក គេ​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​“សាការី” ដូច​ឪពុក​ដែរ ៦០ តែ​ម្ដាយ​ប្រាប់​ថា៖ «ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា​“យ៉ូហាន” វិញ»។ ៦១ ពួក​គេ​តប​ថា៖ «ក្នុង​ញាតិ‌សន្ដាន​របស់​អ្នក គ្មាន​នរណា​មាន​ឈ្មោះ​ហ្នឹង​ទេ»។ ៦២ គេ​ធ្វើ​សញ្ញា​សួរ​ទៅ​លោក​សាការី​ថា ចង់​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន។ ៦៣ លោក​សាការី​សុំ​ឲ្យ​គេ​យក​ក្តារ‌ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ូហាន»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។ ៦៤  រំពេច​នោះ ស្រាប់​តែ​លោក​និយាយ​បាន​ដូច​ដើម​វិញ រួច​លោក​បន្លឺ​សំឡេង​សរសើរ​ព្រះ‌ជាម្ចាស់។ ៦៥ អ្នក​ជិត​ខាង​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ហើយ​ព្រឹត្តិ‌ការណ៍​នេះ​ឮ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។ ៦៦ អស់​អ្នក​ដែល​បាន​ឮ​ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ថ្ងៃ​ក្រោយ កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌បារមី​ របស់​ព្រះ‌អម្ចាស់​តាម​ជួយ​ថែ‌រក្សា​កូន​នេះ។
ទំនុក‌តម្កើង​របស់​លោក​សាការី
៦៧ ពេល​នោះ លោក​សាការី​ជា​ឪពុក​របស់​ទារក​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ហើយ​ថ្លែង​ពាក្យ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ថា៖
៦៨ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ‌នៃ​ជន​ជាតិ​អ៊ីស្រា‌អែល
ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​យាង​មក
រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
៦៩ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌សង្គ្រោះ
ដ៏​មាន​ឫទ្ធិ​មួយ​ព្រះ‌អង្គ​ពី​ក្នុង​ចំណោម
ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ
ជា​អ្នក​បម្រើ​ព្រះ‌អង្គ​មក​ឲ្យ​យើង។
៧០ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌សង្គ្រោះ​នេះ​មក​យើង
ស្រប​នឹង​ព្រះ‌បន្ទូល​សន្យា​ថ្លែង​តាម‌រយៈ
ព្យាការី*​របស់​ព្រះ‌អង្គ​នៅ​ជំនាន់​ដើម
៧១ គឺ​ព្រះ‌អង្គ​សង្គ្រោះ​យើង
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង
រួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។
៧២ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ
មេត្តា‌ករុណា​ដល់​បុព្វ‌បុរស*​របស់​យើង
ហើយ​គោរព​តាម​សម្ពន្ធ‌មេត្រី*
ដ៏‌វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ
៧៣ គឺ​ព្រះ‌អង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់
លោក​អប្រាហាំ*​ជា​បុព្វ‌បុរស​របស់​យើង​ថា
៧៤ ព្រះ‌អង្គ​នឹង​រំដោះ​យើង
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ
ដើម្បី​យើង​អាច​គោរព​បម្រើ​ព្រះ‌អង្គ​បាន
ដោយ​ឥត​ភ័យ‌ខ្លាច
៧៥ ព្រម​ទាំង​ឲ្យ​យើង​រស់​នៅបាន​បរិសុទ្ធ*
និង​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់
ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។
៧៦ ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី*
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់
ដើម្បី​រៀប‌ចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។
៧៧ កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ដឹង​ថា​ព្រះ‌អង្គ​សង្គ្រោះ​គេ
ដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។
៧៨ ព្រះ​របស់​យើង​មាន​ព្រះ‌ហឫ‌ទ័យ
មេត្តា‌ករុណា​ដ៏​លើស‌លប់
ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មក
ដើម្បី​រំដោះ​យើង
៧៩ និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត
ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ព្រម​ទាំង​តម្រង់​ផ្លូវ​យើង
ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ត»។
៨០ កុមារ​យ៉ូហាន​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ។ គាត់​រស់​នៅ​តែ​ក្នុង​វាល​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ឃើញ។
កំណើត​ព្រះ‌យេស៊ូ
 នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​អូគូស្ដ មាន​ព្រះ‌រាជ‌បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជាជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល​។  ការ​ជំរឿន​ប្រជាជន​លើក​ដំបូង​នេះបាន​ធ្វើ​ឡើង ក្នុង​អំឡុង​ពេល​ដែល​លោក​គីរី‌ញូសធ្វើ​ជា​ទេសា‌ភិបាល នៅ​ស្រុក​ស៊ីរី។  អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។  រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ។  លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។  ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេ‌ហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។  នាង​សម្រាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។
ទេវទូត​ប្រកាស​អំពី​កំណើត​ព្រះ‌យេស៊ូ​ប្រាប់​ពួក​គង្វាល
 ក្នុង​ស្រុក​នោះ ពេល​យប់ មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។  ពេល​នោះ ទេវទូត*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ‌ខ្លាច​យ៉ាង​ខ្លាំង។ ១០ ទេវទូត​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូលមាន​អំណរ​ដ៏​លើស‌លប់។ ១១ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រីស្ដ​ជា​អម្ចាស់។ ១២ នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។
១៣ រំពេច​នោះ មាន​ទេវទូត​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវទូត​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖ ១៤ «សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែន‌ដី!»។
១៥ លុះ​ពួក​ទេវទូត​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។ ១៦ ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារីលោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ១៧ ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប‌រាប់​អំពី​សេចក្ដី​ដែល​ទេវទូត​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។ ១៨ អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ ១៩ រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។ ២០ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញបាន​ឮស្រប​តាម​សេចក្ដី​ដែល​ទេវទូត​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។
២១ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​កាត់​ស្បែក*​ថ្វាយ​ព្រះ‌ឱរស គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូ» ជា​ព្រះ‌នាម​ដែល​ទេវទូត*​បាន​ប្រាប់​នាង​ម៉ារី មុន​ពេល​មាន​ផ្ទៃ​ពោះ។
ពិធី​ថ្វាយ​ព្រះ‌ឱរស​យេស៊ូ​នៅ​ក្នុង​ព្រះ‌វិហារ
២២ លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយឲ្យ​បាន​បរិសុទ្ធ* តាម​គម្ពីរ‌វិន័យ*​លោក​ម៉ូសេ*​​បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះ‌ឱរស​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម ២៣ ដ្បិត​ក្នុង​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់»២៤ អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញ‌បូជា តាម​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដែល​បាន​ចែង​ទុក​មក “គឺ​ថ្វាយ​លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ”​។
២៥ នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ព្រះ‌អង្គ​យាង​មក​សម្រាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​សណ្ឋិត​លើ​គាត់ ២៦ ហើយ​សម្ដែង​ឲ្យ​គាត់​ដឹង​ថាគាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រីស្ដ* ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។ ២៧ ព្រះ‌វិញ្ញាណ​នាំ​លោក​ស៊ីម៉ូន​ចូល​ក្នុង​ព្រះ‌វិហារ*។ ពេល​មាតា‌បិតា​នាំ​ព្រះ‌ឱរស​យេស៊ូ​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាម​គម្ពីរ‌វិន័យ* ២៨ លោក​តា​ស៊ីម៉ូន​ក៏​យក​ព្រះ‌ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖
២៩ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ!
ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាម
ព្រះ‌បន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​ឲ្យ​ទូល‌បង្គំ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ
៣០ ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ
៣១ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យ
ប្រជា‌ជាតិ​ទាំង​អស់
៣២ គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស
គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និង​ជា​សិរី‌រុង​រឿង​របស់​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ»។
ពាក្យ​ទំនាយ​របស់​លោក​ស៊ីម៉ូន
៣៣ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។ ៣៤ លោក​តា​ស៊ីម៉ូន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីជា​មាតា​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។ ៣៥ បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក‌ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​របស់​នាង»។
ពាក្យ​ទំនាយ​របស់​លោក​យាយ​ហាណ្ណា
៣៦ មាន​ព្យាកា‌រិនី​ម្នាក់​ឈ្មោះ ហាណ្ណា ជា​កូន​របស់​លោក​ផានូ‌អែល ក្នុង​កុល‌សម្ព័ន្ធ*​អស៊ែរ។ គាត់​រៀប‌ការ​បាន​ប្រាំ​ពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណ‌ភាព​ចោល​ទៅ ៣៧ គាត់​នៅ​មេ‌ម៉ាយ​រហូត ឥឡូវ​នេះ គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌វិហារ*​ទេ គាត់​នៅ​គោរព​បម្រើ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិ‌ស្ឋាន*​ផង។ ៣៨ ពេល​នោះ លោក​យាយ​ហាណ្ណា​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សាឡឹម។
ព្រះ‌ឱរស​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​វិញ
៣៩ កាល​មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​បាន​បំពេញ​កិច្ច‌ការ​ទាំង​អស់ ស្រប​តាម​គម្ពីរ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសា‌រ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។ ៤០ ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។
ព្រះ‌កុមារ​យេស៊ូ​នៅ​ក្នុង​ព្រះ‌វិហារ
៤១ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* មាតា‌បិតា​របស់​ព្រះ‌យេស៊ូ តែង‌តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។ ៤២ លុះ​ដល់​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា មាតា‌បិតា​ក៏​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។ ៤៣ លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះ‌កុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​មាតា‌បិតា​ពុំ​បាន​ដឹង​ទេ។ ៤៤ គាត់​នឹក​ស្មាន​ថា ព្រះ‌កុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះ‌កុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់ ៤៥ ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​រក​ព្រះ‌អង្គ​នៅ​ទី​នោះ​ទៀត។ ៤៦ បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ* ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​បណ្ឌិត​ខាង​វិន័យ* កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។ ៤៧ អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌កុមារ នឹក​ឆ្ងល់​ពី​ព្រះ‌បន្ទូល​ឆ្លើយ‌ឆ្លង​របស់​ព្រះ‌អង្គ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ៤៨ កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។ ៤៩ ព្រះ‌កុមារ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះ‌បិតា​របស់​កូន​ទេ​ឬ?»។ ៥០ ប៉ុន្តែ មាតា‌បិតា​ពុំ​បាន​យល់​អត្ថ‌ន័យ​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌កុមារ​ឡើយ។
៥១ បន្ទាប់​មក ព្រះ‌កុមារ​យេស៊ូ​យាង​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​មាតា‌បិតា​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ មាតា​របស់​ព្រះ‌អង្គ​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត។ ៥២ ព្រះ‌យេស៊ូ​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​ប្រាជ្ញា​កាន់​តែ​វាង‌វៃ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ និង​ជា​ទី​គាប់‌ចិត្ត​មនុស្ស​ផង​ទាំង​ពួង។
លោក​យ៉ូហាន‌បាទីស្ដ​ប្រៀន‌ប្រដៅ​បណ្ដា‌ជន
(ម៉ាថាយ ៣.១-១២ ម៉ាកុស ១.១-៨ យ៉ូហាន ១.១៩-២៨)
នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជ‌កាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​ទីប៊ែរ លោក​ប៉ុន‌ពី‌ឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ*​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ព្រះ‌បាទ​ភីលីព​អនុជ​របស់​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​តំបន់​អ៊ីទូរេ និង​តំបន់​ត្រាខូ‌នីត ព្រះ‌បាទ​លីសា‌ញ៉ាស​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន លោក​ហាណ្ណា និង​លោក​កៃផាស​ធ្វើ​ជា​មហា‌បូជា‌ចារ្យ*។ ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោ‌ស្ថាន*។ លោក​យ៉ូហាន​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ‌ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។  លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ​ថា៖
«មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង
នៅ​វាល​រហោ‌ស្ថាន​ថាៈ
ចូរ​រៀប‌ចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់
ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។
ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ
និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប
ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់
ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឲ្យ​រាប​ស្មើ​ដែរ
នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ
របស់​ព្រះ‌ជាម្ចាស់»។
លោក​យ៉ូហាន​តែង‌តែ​បន្ទោស​មហា‌ជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​គេច​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់​ ដែល​ជិត​មក​ដល់​ដូច្នេះ?។  ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ‌ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថាមាន​លោក​អប្រាហាំ​ជា​បុព្វ‌បុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។  ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។ ១០ មហា‌ជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ ១១ លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​គ្មាន​ដែរ»។ ១២ មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ ១៣ លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កម្រិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។ ១៤ មាន​ទាហាន​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់‌សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​ឲ្យ​សោះ ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។
១៥ ប្រជាជន​នៅ​តែ​រង់‌ចាំ ហើយ​គេ​រិះ‌គិត​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​ថា ប្រហែល​លោក​នេះ​ទេ​ដឹង​ជា​ព្រះ‌គ្រីស្ដ*!។ ១៦ លោក​យ៉ូហាន​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ ១៧ លោក​កាន់​ចង្អេរ លោក​សំអាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ​យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​សម្ដី​ វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។ ១៨ លោក​យ៉ូហាន​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន​ទៀត​ផង។ ១៩ លោក​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​ថែម​ទៀត ព្រោះ​ព្រះ‌រាជា​បាន​យក​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ*​ស្ដេច​មក​ធ្វើ​ជា​មហេសី​របស់​ស្ដេច​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត លោក​យ៉ូហាន​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ ព្រោះ​ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។ ២០ ព្រះ‌អង្គ​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង។
ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក
(មថ.៣.១៣-១៧ មក.១.៩-១១ យហ.១.៣២-៣៤)
២១ ពេល​ប្រជាជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះ‌យេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះ‌អង្គ​កំពុង​អធិ‌ស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ២២ ហើយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​យាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះ‌អង្គ។ មាន​ឮ​ព្រះ‌សូរ‌សៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះ‌អង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»​។
បញ្ជី​រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ១.១-១៧)
២៣ កាល​ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​ព្រះ‌បរម‌កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន ព្រះ‌អង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​អេលី ២៤ លោក​អេលី​ជា​បុត្រ​លោក​ម៉ាថាត់ លោក​ម៉ាថាត់​ជា​បុត្រ​លោក​លេវី លោក​លេវី​ជា​បុត្រ​លោក​មែលឃី លោក​មែលឃី​ជា​បុត្រ​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​បុត្រ​លោក​យ៉ូសែប ២៥ លោក​យ៉ូសែប​ជា​បុត្រ​លោក​ម៉ាថាធី លោក​ម៉ាថាធី​ជា​បុត្រ​លោក​អម៉ូស លោក​អម៉ូស​ជា​បុត្រ​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​បុត្រ​លោក​ហែស‌លី លោក​ហែស‌លី​ជា​បុត្រ​លោក​ណាកាយ ២៦ លោក​ណាកាយ​ជា​បុត្រ​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​បុត្រ​លោក​ម៉ាថាធី លោក​ម៉ាថាធី​ជា​បុត្រ​លោក​សេមែន លោក​សេមែន​ជា​បុត្រ​លោក​យ៉ូសិច លោក​យ៉ូសិច​ជា​បុត្រ​លោក​យ៉ូដា ២៧ លោក​យ៉ូដា​ជា​បុត្រ​លោក​យ៉ូណាន់ លោក​យ៉ូណាន់​ជា​បុត្រ​លោក​រេសា លោក​រេសា​ជា​បុត្រ​លោក​សូរ៉ូ‌បា‌បែល លោក​សូរ៉ូ‌បា‌បែល​ជា​បុត្រ​លោក​សាឡា‌ធី‌អែល លោក​សាឡា‌ធី‌អែល​ជា​បុត្រ​លោក​នេរី ២៨ លោក​នេរី​ជា​បុត្រ​លោក​មែលឃី លោក​មែលឃី​ជា​បុត្រ​លោក​អាត់ឌី លោក​អាត់ឌី​ជា​បុត្រ​លោក​កូសាម លោក​កូសាម​ជា​បុត្រ​លោក​អែល‌ម៉ា‌ដាម លោក​អែល‌ម៉ា‌ដាម​ជា​បុត្រ​លោក​អ៊ែរ ២៩ លោក​អ៊ែរ​ជា​បុត្រ​លោក​យេស៊ូ លោក​យេស៊ូ​ជា​បុត្រ​លោក​អេលី‌អេ‌ស៊ែរ លោក​អេលី‌អេ‌ស៊ែរ​ជា​បុត្រ​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​បុត្រ​លោក​ម៉ាថាត់ លោក​ម៉ាថាត់​ជា​បុត្រ​លោក​លេវី ៣០ លោក​លេវី​ជា​បុត្រ​លោក​ស៊ីម៉ូន លោក​ស៊ីម៉ូន​ជា​បុត្រ​លោក​យូដា លោក​យូដា​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យ៉ូណាម លោក​យ៉ូណាម​ជា​បុត្រ​លោក​អេលី‌យ៉ា‌គីម ៣១ លោក​អេលី‌យ៉ា‌គីម​ជា​បុត្រ​លោក​ម៉េលា លោក​ម៉េលា​ជា​បុត្រ​លោក​មេណា លោក​មេណា​ជា​បុត្រ​លោក​ម៉ាតា‌ថា លោក​ម៉ាតា‌ថា​ជា​បុត្រ​លោក​ណាថាន់ លោក​ណាថាន់​ជា​បុត្រ​ស្ដេច​ដាវីឌ ៣២ ស្ដេច​ដាវីឌ​ជា​បុត្រ​លោក​យេសាយ លោក​យេសាយ​ជា​បុត្រ​លោក​យ៉ូបេដ លោក​យ៉ូបេដ​ជា​បុត្រ​លោក​បូអូស លោក​បូអូស​ជា​បុត្រ​លោក​សាឡា លោក​សាឡា​ជា​បុត្រ​លោក​ណាសូន ៣៣ លោក​ណាសូន​ជា​បុត្រ​លោក​អមី‌ណា‌ដាប លោក​អមី‌ណា‌ដាប​ជា​បុត្រ​លោក​អាដមីន លោក​អាដមីន​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែស‌រ៉ូម លោក​អែស‌រ៉ូម​ជា​បុត្រ​លោក​ផារ៉ែស លោក​ផារ៉ែស​ជា​បុត្រ​លោក​យូដា ៣៤ លោក​យូដា​ជា​បុត្រ​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​បុត្រ​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​បុត្រ​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​បុត្រ​លោក​តេរ៉ា លោក​តេរ៉ា​ជា​បុត្រ​លោក​ណាហ៊រ ៣៥ លោក​ណាហ៊រ​ជា​បុត្រ​លោក​សេរូក លោក​សេរូក​ជា​បុត្រ​លោក​រ៉ាកៅ លោក​រ៉ាកៅ​ជា​បុត្រ​លោក​ពេឡេក លោក​ពេឡេក​ជា​បុត្រ​លោក​ហេប៊ែរ លោក​ហេប៊ែរ​ជា​បុត្រ​លោក​សេឡា ៣៦ លោក​សេឡា​ជា​បុត្រ​លោក​កៃណាម លោក​កៃណាម​ជា​បុត្រ​លោក​អារប៉ាក‌សាដ លោក​អារប៉ាក‌សាដ​ជា​បុត្រ​លោក​សិម លោក​សិម​ជា​បុត្រ​លោក​ណូអេ លោក​ណូអេ​ជា​បុត្រ​លោក​ឡាម៉េក ៣៧ លោក​ឡាម៉េក​ជា​បុត្រ​លោក​ម៉ាធូ‌សាឡា លោក​ម៉ាធូ‌សាឡា​ជា​បុត្រ​លោក​ហេណុក លោក​ហេណុក​ជា​បុត្រ​លោក​យ៉ារ៉េដ លោក​យ៉ារ៉េដ​ជា​បុត្រ​លោក​ម៉ាឡេ‌ឡែល លោក​ម៉ាឡេ‌ឡែល​ជា​បុត្រ​លោក​កៃណាម ៣៨ លោក​កៃណាម​ជា​បុត្រ​លោក​អេណុស លោក​អេណុស​ជា​បុត្រ​លោក​សេថ លោក​សេថ​ជា​បុត្រ​លោក​អដាំ ហើយ​លោក​អដាំ​ជា​បុត្រ​ព្រះ‌ជាម្ចាស់។
ព្រះ‌យេស៊ូ​ឈ្នះ​ការ​ល្បួង
(ម៉ាថាយ ៤.១-១១ ម៉ាកុស ១.១២-១៣)
 ព្រះ‌យេស៊ូ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ព្រះ‌អង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌អង្គ​ទៅ​វាល​រហោ‌ស្ថាន។  នៅ​ទី​នោះ ព្រះ‌អង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះ‌អង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ព្រះ‌អង្គ​ឃ្លាន។  មារ*​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំបុ័ង​មើល៍»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន‌មែន​រស់​ដោយ‌សារ​តែ​អាហារប៉ុណ្ណោះ​ទេ»។
 មារ​នាំ​ព្រះ‌អង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញនគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​ឲ្យ​ព្រះ‌អង្គ​ឃើញ ក្នុង​មួយ‌រយៈ​ពេល​ដ៏​ខ្លី។  មារ​សាតាំង​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​លោក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន​ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ”»។
បន្ទាប់​មក មារ​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ* ហើយ​ទូល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ១០ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវទូត*​ថែ‌រក្សា​លោក ១១ ហើយ​ទេវទូត​ទាំង​នោះ​នឹង​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។ ១២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ»។ ១៣ លុះ​មារ​ល្បួង​ព្រះ‌យេស៊ូ​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ទៅ រហូត​ដល់​ពេល​កំណត់។
ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​ផ្សាយ​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ អ្នក​ភូមិ​ណាសា‌រ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌អង្គ
(មថ.៤.១២-១៧, ១៣.៥៣-៥៨ មក.១.១៤-១៥, ៦.១-៦)
១៤ ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះ‌អង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។ ១៥ ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។
១៦ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះ‌អង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះ‌អង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។ ១៧ គេ​បាន​យក​គម្ពីរ​របស់​ព្យាការី*​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖
១៨ «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។
ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ
ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។
ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់
ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព
ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា
គេ​នឹង​មើល​ឃើញ​វិញ។
ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ
អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន
១៩ ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់
សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។
២០ លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ព្រះ‌អង្គ​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ សម្លឹង​មើល​ព្រះ‌អង្គ។ ២១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។ ២២ ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន‌មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។ ២៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រហែល​ជា​អ្នក​រាល់​គ្នា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឲ្យ​ជា​សិន​ទៅ” មក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ច‌ការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាផានុម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ​ជា​ស្រុក​កំណើត​របស់​អ្នក ឲ្យ​យើង​ឃើញ​ផង!”»។
២៤ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​ដែល​មាន​ព្យាការី*​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។ ២៥ ខ្ញុំ​សុំ​បញ្ជាក់​ថា នៅ​ជំនាន់​លោក​អេលី មេឃ​រាំង​អស់‌រយៈ​ពេល​បី​ឆ្នាំ​កន្លះ បណ្ដាល​ឲ្យ​មាន​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​ពេញ​ទាំង​ស្រុក។ នៅ​ស្រុក​អ៊ីស្រា‌អែល​មាន​ស្ត្រី‌មេម៉ាយ​ជា​ច្រើន។ ២៦ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ចាត់​ព្យាការី​អេលីឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ណា​ម្នាក់​នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​ព្រះ‌អង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិប‌តា ក្នុង​ក្រុង​ស៊ីដូន​វិញ។ ២៧ នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។
២៨ កាល​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ*​ទាំង​ប៉ុន្មាន​ខឹង​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា។ ២៩ គេ​ក្រោក​ឡើង ចាប់​ប្រអូស​ប្រទាញ​ព្រះ‌យេស៊ូចេញ​ពី​ភូមិ ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​ព្រះ‌អង្គ​ទម្លាក់​ទៅ​ក្រោម។ ៣០ ប៉ុន្តែ ព្រះ‌អង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។
ព្រះ‌យេស៊ូ​ដេញ​ខ្មោច​ចេញ​ពី​មនុស្ស​ម្នាក់
(ម៉ាកុស ១.២១-២៨)
៣១ ព្រះ‌យេស៊ូ​យាង​ទៅ​ក្រុង​កាផានុម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ ព្រះ‌អង្គ​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ*។ ៣២ មនុស្ស​គ្រប់​គ្នា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះ‌អង្គ​បង្រៀន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។ ៣៣ នៅ​ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់​ដែល​ខ្មោច​ចូល ស្រែក​ឡើង​ខ្លាំងៗ​ថា៖ ៣៤ «ព្រះ‌យេស៊ូជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះ‌អង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ*​ដែល​មក​ពី​ព្រះ‌ជាម្ចាស់»។ ៣៥ ព្រះ‌យេស៊ូ​គំរាម​ខ្មោច​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ ខ្មោច​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដា‌ជន រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។ ៣៦ មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សម្ដី​របស់​លោក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​លោក​មាន​អំណាច និង​ឫទ្ធា‌នុភាព​អាច​បញ្ជា​ទៅ​ខ្មោច​ឲ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។ ៣៧ បន្ទាប់​មក ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចារ​ពាស‌ពេញ​តំបន់​នោះ។
ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា
(ម៉ាថាយ ៨.១៤-១៧ ម៉ាកុស ១.២៩-៣៤)
៣៨ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំ*ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​គាត់​ឲ្យ​ជា។ ៣៩ ព្រះ‌យេស៊ូ​ឱន​ទៅ​លើ​អ្នក​ជំងឺ ព្រះ‌អង្គ​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​បាន​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង បម្រើ​ភ្ញៀវ។
៤០ នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បង‌ប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះ‌យេស៊ូ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។ ៤១ មាន​ខ្មោច​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះ‌យេស៊ូ​គំរាម​ខ្មោច​ទាំង​នោះមិន​ឲ្យ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ដ*។
៤២ លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​ព្រះ‌អង្គ។ លុះ​ជួប​ហើយ គេ​ឃាត់​ព្រះ‌អង្គ​ឲ្យ​នៅ​ជា​មួយ មិន​ចង់​ឲ្យ​យាង​ចាក‌ចោល​គេ​ឡើយ។ ៤៣ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ត្រូវ​នាំ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​ការ​នេះ​ឯង»។
៤៤ បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ*​តាម​សាលា​ប្រជុំ*​នានា ក្នុង​ស្រុក​កាលី‌ឡេ។
ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​បី​រូប
(ម៉ាថាយ ៤.១៨-២២ ម៉ាកុស ១.១៦-២០)
 ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​កេនេ‌សា‌រ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។  ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។  ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ព្រះ‌អង្គ​សុំ​ឲ្យ​គាត់​ចេញ​ទូក ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្ដិច។ ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។
 លុះ​ព្រះ‌អង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។  លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។  គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។  គេ​បក់​ដៃ​ហៅ​មិត្ត‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។  ពេល​លោក​ស៊ីម៉ូន‌សិលា​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​បាប»។  លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។ ១០ រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ ១១ ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ‌បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ៨.១-៤ ម៉ាកុស ១.៤០-៤៥)
១២ ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ឃើញ​ព្រះ‌អង្គ គាត់​ចូល​មក​រក ហើយ​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ*​ផង»។ ១៣ ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។
១៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ហាម​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​ឲ្យ​ដឹង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។
១៥ ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ ល្បី​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ។ មហា‌ជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​ព្រះ‌អង្គ ព្រម​ទាំង​សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ខ្លួន​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​ផង។ ១៦ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិ‌ស្ឋាន*។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ៩.១-៨ ម៉ាកុស ២.១-១២)
១៧ ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ អង្គុយ​ស្ដាប់​ព្រះ‌អង្គ​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌យេស៊ូ​ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា។ ១៨ ពេល​នោះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ដល់ គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ។ ១៩ ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សម្រូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះ‌យេស៊ូ។ ២០ ពេល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។ ២១ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះ‌គិត​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថព្រះ‌ជាម្ចាស់​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។ ២២ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ដូច្នេះ? ២៣ បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?។ ២៤ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស*​មាន​អំណាច​នឹង​អត់‌ទោសឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -ព្រះ‌អង្គ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។ ២៥ រំពេច​នោះ អ្នក​ខ្វិន​ក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ ២៦ អស់​អ្នក​ដែល​នៅ​ទី​នោះស្លុត​ស្មារតី​គ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ គេ​ភ័យ‌ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុ‌ការណ៍​ចម្លែក​អស្ចារ្យ​មែន!»។
ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​លោក​លេវី
(ម៉ាថាយ ៩.៩-១៣ ម៉ាកុស ២.១៣-១៧)
២៧ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​ទី​នោះ ព្រះ‌អង្គ​ទត​ឃើញ​អ្នក​ទារ​ពន្ធ*​ម្នាក់ ឈ្មោះ​លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ២៨ លោក​លេវី​ក្រោក​ឡើង ទុក​កិច្ច‌ការ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ ២៩ លោក​លេវី​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះ‌អង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។ ៣០ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​ពី​គណៈ‌ផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សាវ័ក*​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។ ៣១ ព្រះ‌យេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ៣២ ខ្ញុំ​មិន‌មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប ដើម្បី​ឲ្យ​គេ​កែ‌ប្រែ​ចិត្ត​គំនិត»។
អំពី​ការ​តម​អាហារ
(ម៉ាថាយ ៩.១៤-១៧ ម៉ាកុស ២.១៨-២២)
៣៣ មាន​គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈ‌ផារីស៊ី* តែង‌តែ​តម​អាហារ និង​សូត្រ​ធម៌​ជា​ញឹក‌ញាប់ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​បែរ​ជា​នាំ​គ្នា​បរិភោគ​ដូច្នេះ?»។ ៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ?។ ទេ! គេ​មិន​អាច​តម​បាន​ឡើយ។ ៣៥ ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ»។
៣៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀក‌បំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀក‌បំពាក់​ចាស់​នោះ​ឡើយ ធ្វើ​ដូច្នេះ សម្លៀក‌បំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​ក្រណាត់​ចាស់ និង​ក្រណាត់​ថ្មី ក៏​មិន​សម​គ្នា​ដែរ។ ៣៧ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​នោះ​ធ្លុះ បណ្ដាល​ឲ្យ​ស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន ៣៨ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។ ៣៩ កាល​បើ​បាន​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ចាស់​ហើយ មិន​ដែល​មាន​នរណា​ចង់​ពិសា​ស្រា​ថ្មី​ទេ ព្រោះ​គេ​ថា “ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី”»។
ព្រះ‌យេស៊ូ​មាន​អំណាច​លើ​ថ្ងៃ​សប្ប័ទ
(ម៉ាថាយ ១២.១-៨ ម៉ាកុស ២.២៣-២៨)
 មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សាវ័ក*​របស់​ព្រះ‌អង្គ​នាំ​គ្នា​បូត​កួរ​ស្រូវ​សាឡី មក​ឈ្លី​បរិភោគ។  មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​និយាយ​ទៅ​សាវ័ក​ទាំង​នោះ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ*​ដូច្នេះ?»។  ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន  គឺ​ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ​បាន។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ
(ម៉ាថាយ ១២.៩-១៤ ម៉ាកុស ៣.១-៦)
 នៅ​ថ្ងៃ​សប្ប័ទ*​មួយ​ទៀត ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះ‌អង្គ​បង្រៀន​គេ។ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។  ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​តាម​មើល​ព្រះ‌យេស៊ូ ក្រែង​លោ​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ ព្រោះ​គេ​ចង់​រក​លេស​ចោទ​ប្រកាន់​ព្រះ‌អង្គ។  ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​ពួក​គេ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។ បុរស​នោះ​ក៏​ក្រោក​ឈរ​ឡើង។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ?»។ ១០ ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្រ្ត​ទត​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​បាន​ជា​ដូច​ដើម​វិញ។ ១១ ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ។
ព្រះ‌យេស៊ូ​ជ្រើស‌រើស​គ្រីស្តទូត*​ដប់‌ពីរ​រូប
(ម៉ាថាយ ១០.១-៤ ម៉ាកុស ៣.១៣-១៩)
១២ នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិ‌ស្ឋាន*។ ព្រះ‌អង្គ​អធិ‌ស្ឋាន​ពេញ​មួយ​យប់។ ១៣ លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​ត្រាស់‌ហៅ​សាវ័ក*​មក ក្នុង​ចំណោម​សាវ័ក​ទាំង​នោះ ព្រះ‌អង្គ​ជ្រើស​យក​ដប់‌ពីរ​រូប ហើយ​ប្រទាន​ងារ​ជា​ទូត​របស់​ព្រះ‌អង្គ ១៤ គឺ​មាន​ស៊ីម៉ូន​ដែល​ព្រះ‌អង្គ​ប្រទាន​ឈ្មោះ​ថា សិលា និង​អន់ដ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូ‌ឡូមេ ១៥ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម​ ១៦ យូដាស​ជា​កូន​លោក​យ៉ាកុប និង​យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុត ដែល​នឹង​ក្បត់​ព្រះ‌អង្គ។
ព្រះ‌យេស៊ូ​បង្រៀន​បណ្ដា‌ជន និង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា
(ម៉ាថាយ ៤.២៣-២៥)
១៧ ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សាវ័ក*​ទាំង​នោះ​មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ មាន​សាវ័ក​ជា​ច្រើន និង​ប្រជាជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះ‌អង្គ​យ៉ាង​កក‌កុញ។ ១៨ គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះ‌អង្គ និង​សូម​ព្រះ‌អង្គ​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​ខ្មោច​ចូល​ក៏​បាន​ជា​ដែរ។ ១៩ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះ‌អង្គ​មក ប្រោស​គេ​ឲ្យ​ជា​គ្រប់ៗ​គ្នា។
សុភមង្គល និង​អព‌មង្គល
(ម៉ាថាយ ៥.១-១២)
២០ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្រ្ត​ទត​មើល​សាវ័ក*​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ!
អ្នក​មាន​សុភមង្គល*​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។
២១ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ!
អ្នក​មាន​សុភមង្គល​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។
អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ!
អ្នក​មាន​សុភមង្គល​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។
២២ ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា
ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា
ព្រោះ​តែ​បុត្រ​មនុស្ស*
អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។ ២៣ នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរម‌សុខ*។ កាល​ពី​ជំនាន់​មុន បុព្វ‌បុរស*​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ព្យាការី​ដូច្នោះ​ដែរ។
២៤ ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ!
អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បាន
ទទួល​ការ​សម្រាល​ទុក្ខ​រួច​ស្រេច​ហើយ។
២៥ អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ!
អ្នក​នឹង​ត្រូវ​វេទនា
ដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន​ជា​ពុំ‌ខាន។
អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ត្រេក‌អរ​អើយ!
អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា
នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​ជា​ពុំ‌ខាន។
២៦ អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់
កោត​សរសើរ​អើយ!
អ្នក​ត្រូវ​វេទនា​ហើយ
ព្រោះ​បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត
ចំពោះ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ដូច្នោះ​ដែរ!»។
សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្មាំង​សត្រូវ
(ម៉ាថាយ ៥.៣៨-៤៨ និង​៧.១២)
២៧ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ២៨ ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។ ២៩ ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ ៣០ បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ ៣១ បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ ៣២ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ ៣៣ ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ ៣៤ បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ ៣៥ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ ៣៦ ចូរ​មាន​ចិត្ត​មេត្តា‌ករុណាដូច​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។
កុំ​ថ្កោល‌ទោស​អ្នក​ដទៃ
(ម៉ាថាយ ៧.១-៥)
៣៧ «កុំ​ថ្កោល‌ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ថ្កោល‌ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា‌ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ផ្ដន្ទា‌ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា។ ៣៨ ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ព្រះ‌អង្គ​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃ»។
៣៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ទៀត​ថា៖ «មនុស្ស​ខ្វាក់​ពុំ​អាច​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ទៀត​បាន​ឡើយ។ បើ​ធ្វើ​ដូច្នោះ មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន។ ៤០ ពុំ​ដែល​មាន​សិស្ស​ណា​ធំ​ជាង​គ្រូ​ឡើយ ប៉ុន្តែ សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​គ្រូ​បាន។ ៤១ ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​របស់​បង‌ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្ទាល់​ដូច្នេះ?។ ៤២ បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បង‌ប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង‌ប្អូន​អ្នក​បាន»។
ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់
(ម៉ាថាយ ៧.១៦-២០ និង​១២.៣៣-៣៥)
៤៣ «ដើម​ឈើ​ល្អមិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ ក៏​មិន​ដែល​ឲ្យ​ផ្លែ​ល្អ​ដែរ ៤៤ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន ដោយ‌សារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ* ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា​ឡើយ។ ៤៥ មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ព្រោះ​ចិត្ត​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។
មនុស្ស​ពីរ​នាក់​សង់​ផ្ទះ
(ម៉ាថាយ ៧.២៤-២៧)
៤៦ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” តែ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ?។ ៤៧ អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា ៤៨ អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ។ គាត់​ជីក​ដី​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម លុះ​ទឹក​ជំនន់​មក​ដល់ ទោះ​បី​ទឹក​ហូរ​មក​ប៉ះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រង្គើ​ដែរ ព្រោះ​គាត់​បាន​សង់​យ៉ាង​មាំ។ ៤៩ ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។
ព្រះ‌យេស៊ូ​ប្រោស​អ្នក​បម្រើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា
(ម៉ាថាយ ៨.៥-១៣)
 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រជាជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាផានុម។  នៅ​ក្រុង​នោះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ មាន​ជំងឺ​ជា​ទម្ងន់​ជិត​ស្លាប់។  ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន​ជាតិ​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។  ចាស់​ទុំ​ទាំង​នោះ​ទៅ​គាល់​ព្រះ‌យេស៊ូ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់ ដែល​គួរ​តែ​លោក​ប្រោស‌ប្រណី​ដល់​គាត់  ព្រោះ​គាត់​ស្រឡាញ់​ជាតិ​សាសន៍​របស់​យើង ថែម​ទាំង​បាន​សង់​សាលា​ប្រជុំ*​ឲ្យ​យើង​ផង»។  ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ លុះ​យាង​ជិត​ដល់​ហើយ នាយ​ទាហាន​ចាត់​មិត្ត‌ភក្ដិ​របស់​គាត់​ឲ្យ​មក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​ទទួល​លោក​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។  ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​ប្រាកដ​ជា​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។  កាល​ព្រះ‌យេស៊ូ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទាំង​នេះ​ហើយ ព្រះ‌អង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដា‌ជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ​ឡើយ ទោះ​បី​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​គ្មាន​ផង»។ ១០ មិត្ត‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឲ្យ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។
ព្រះ‌យេស៊ូ​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ
១១ ក្រោយ​មក​ទៀត ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន។ សាវ័ក​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ពេល​ព្រះ‌អង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេ‌ម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។ ១៣ កាល​ព្រះ‌អម្ចាស់​ឃើញ​ស្ត្រី​មេ‌ម៉ាយ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គាត់​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។ ១៤ ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ព្រះ‌អង្គ​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង»។ ១៥ រំពេច​នោះ បុគ្គល​ដែល​ស្លាប់ក៏​ក្រោក​អង្គុយ ហើយ​ចាប់‌ផ្ដើម​និយាយ​ស្ដី។ ព្រះ‌យេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។ ១៦ គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះ‌ជាម្ចាស់​យាង​មក​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ»។
១៧ ពាក្យ​ដែល​គេ​និយាយ​អំពី​ព្រះ‌យេស៊ូបាន​លេច​ឮ ពាស‌ពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។
លោក​យ៉ូហាន‌បាទីស្ដ​ចាត់​សិស្ស​ទៅ​ជួប​ព្រះ‌យេស៊ូ
(ម៉ាថាយ ១១.២-១៩)
១៨ សិស្ស​របស់​លោក​យ៉ូហាន បាន​រៀប‌រាប់​ជូន​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់​នោះ។ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​មក ១៩ រួច​ចាត់​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ជា​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រីស្ដ*​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ ២០ អ្នក​ទាំង​ពីរ​ទៅ​ដល់ ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​សួរ​លោក​ថា តើ​លោក​ជា​ព្រះ‌គ្រីស្ដដែល​ត្រូវ​យាង​មក ឬ​មួយ​ក៏​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។ ២១ នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​កំពុង​ប្រោស​អ្នក​ជំងឺ និង​មនុស្ស​ពិការ​ច្រើន​អ្នក​ឲ្យ​ជា ព្រះ‌អង្គ​បណ្ដេញ​ខ្មោច​ពី​មនុស្ស​ខ្មោច​ចូល ព្រម​ទាំង​ប្រោស​មនុស្ស​ខ្វាក់​ច្រើន​នាក់ ឲ្យ​មើល​ឃើញ​ផង។ ២២ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​គេ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ២៣ អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ ២៤ ពេល​សិស្ស​របស់​លោក​យ៉ូហាន​ត្រឡប់​ទៅ​វិញ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ? ២៥ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង ហើយ​មាន​ជីវ‌ភាព​ខ្ពង់‌ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯ‌ណោះ។ ២៦ បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត ២៧ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ ដើម្បី​រៀប‌ចំ​ផ្លូវ​របស់​ព្រះ‌អង្គ”​។ ២៨ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ​ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូហាន​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។ ២៩ ប្រជាជន​ទាំង​មូល និង​អ្នក​ទារ​ពន្ធ*​បាន​ស្ដាប់​លោក​យ៉ូហាន ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌ហឫ‌ទ័យ​សុចរិត​មែន ហើយ​នាំ​គ្នា​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក។ ៣០ រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​មិន​ទទួល​ស្គាល់​គម្រោង‌ការ ដែល​ព្រះ‌ជាម្ចាស់​បាន​រៀប‌ចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន។ ៣១ តើ​ខ្ញុំ​ប្រដូច​មនុស្ស​ជំនាន់​នេះ ទៅ​នឹង​មនុស្ស​ប្រភេទ​ណា? តើ​គេ​ដូច​នរណា? ៣២ គឺ​គេ​ប្រៀប​បី​ដូច​ជា​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ក៏​ពុំ​ព្រម​យំ​ដែរ”។ ៣៣ យ៉ាង​ណា‌មិញ លោក​យ៉ូហាន‌បាទីស្ដ​បាន​មក លោក​តម​អាហារ លោក​តម​សុរា តែ​អ្នក​រាល់​គ្នា​ថា លោក​មាន​ខ្មោច​ចូល។
៣៤ រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​អ្នក​រាល់​គ្នា​ថា “មើល​ចុះ​អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ៣៥ ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម‌ត្រូវ​មែន»។
ព្រះ‌យេស៊ូ​លើក‌លែង​ទោស​ឲ្យ​ស្ត្រី​មាន​បាប​ម្នាក់
៣៦ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី* បាន​យាង​ព្រះ‌យេស៊ូ​ទៅ​សោយ​ព្រះ‌ស្ងោយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ផ្ទះ​បុរស​នោះ ហើយ​គង់​រួម​តុ​ជា​មួយ​គាត់។ ៣៧ នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​មាន​កេរ្តិ៍‌ឈ្មោះ​មិន​ល្អ។ ពេល​ឮ​ថា​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈ‌ផារីស៊ី* នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។ ៣៨ នាង​នៅ​ពី​ក្រោយ​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ នាង​យំ សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។ ៣៩ ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះ‌គិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី*​មែន ច្បាស់​ជា​លោក​ជ្រាប​ថា ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។ ៤០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ខាង​គណៈ‌ផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។ ៤១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ‌រយ ម្នាក់​ទៀត​ហា‌សិប។ ៤២ ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។ ៤៣ លោក​ស៊ីម៉ូន​ទូល‌ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម‌ត្រូវ​មែន»។ ៤៤ បន្ទាប់​មក ព្រះ‌អង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។ ៤៥ លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។ ៤៦ លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ ៤៧ ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​លោក​ដឹង​ថា នាង​សម្ដែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​រួច​ពី​បាប​ជា​ច្រើន។ រីឯ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​តិច ក៏​សម្ដែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។ ៤៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់‌ទោស​ឲ្យ​នាង​បាន​រួច​ពី​បាប​ហើយ»។ ៤៩ អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះ‌គិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។ ៥០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។
ស្ត្រីៗ​ដែល​បម្រើ​ព្រះ‌យេស៊ូ
 បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង តាម​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។ គ្រីស្ត‌ទូត*​ទាំង​ដប់‌ពីរ​រូប​ទៅ​ជា​មួយ​ព្រះ‌អង្គ  ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​ខ្មោច​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​ព្រះ‌អង្គ​បាន​ដេញ​ខ្មោច​ប្រាំ​ពីរ​ចេញ​ពី​នាង  នាង​យ៉ូហាណា ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ព្រះ‌បាទ​ហេរ៉ូដ នាង​ស៊ូសាណា ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះ‌យេស៊ូ និង​សាវ័ក*​របស់​ព្រះ‌អង្គ។
ប្រស្នា​អំពី​គ្រាប់​ពូជ
(ម៉ាថាយ ១៣.១-៩ ម៉ាកុស ៤.១-៩)
 មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ចេញ​ពី​ទី‌ក្រុង​នានា មក​រក​ព្រះ‌យេស៊ូ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖
 «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀតធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម កាល​ពន្លក​ដុះ​ឡើង ក៏​ក្រៀម​ស្វិត​ទៅ​វិញ ព្រោះ​ខ្វះ​ទឹក។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ ហើយ​រួប‌រឹត​គ្រាប់​ពូជ​នោះ​មិន​ឲ្យ​ដុះ​ឡើង​បាន។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ឲ្យ​ផល​មួយ​ជា​មួយ‌រយ»។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរ‌សៀង​ថែម​ទៀត​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។
ព្រះ‌យេស៊ូ​ពន្យល់​ពាក្យ​ប្រស្នា​ស្ដី​អំពី​គ្រាប់​ពូជ
(ម៉ាថាយ ១៣.១០-២៣ ម៉ាកុស ៤.១០-២០)
សាវ័ក*​របស់​ព្រះ‌យេស៊ូទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះមាន​ន័យ​ដូច​ម្ដេច?»។ ១០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ។ ចំពោះ​អ្នក​ដទៃ ព្រះ‌អង្គ​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើលក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ក៏​ពុំ​យល់​ដែរ១១ រីឯ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ត​ទៅ: គ្រាប់​ពូជ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ១២ មនុស្ស​ខ្លះប្រៀប​បី​ដូច​ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​មារ​សាតាំង*​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និង​កុំ​ឲ្យ​គេ​រួច​ជីវិត។ ១៣ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយ‌ភ្លែត ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ‌បង់​ចោល​ជំនឿនៅ​ពេល​ណា​មាន​ការ​ល្បួង។ ១៤ គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​ចិត្ត​ខ្វល់‌ខ្វាយ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល មក​រួប‌រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​ឡើយ។ ១៥ រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ត​ស៊ូ‌ទ្រាំ»។
ប្រស្នា​អំពី​ចង្កៀង
(ម៉ាកុស ៤.២១-២៥)
១៦ «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ក្នុង​ផ្ទះ។ ១៧ គ្រប់​ការ​លាក់​កំបាំងនឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំងក៏​នឹង​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។ ១៨ ដូច្នេះ ចូរ​ប្រុង‌ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់ ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះ‌អង្គ​នឹង​ហូត​យក​នូវ​អ្វីៗ​ដែល​ខ្លួន​ស្មាន​ថា​មាន​នោះ​ផង»។
មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ១២.៤៦-៥០ ម៉ាកុស ៣.៣១-៣៥)
១៩ មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ប៉ុន្តែ មិន​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ឡើយ ព្រោះ​មាន​មនុស្ស​ច្រើន​ពេក។ ២០ មាន​គេ​ទូល​ព្រះ‌អង្គ​ថា៖ «ម្ដាយ​លោក និង​បង‌ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​ជួប​លោក»។ ២១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រតិ‌បត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បង‌ប្អូន​របស់​ខ្ញុំ»។
ព្រះ‌យេស៊ូ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាថាយ ៨.២៣-២៧ ម៉ាកុស ៤.៣៥-៤១)
២២ ថ្ងៃ​មួយ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សាវ័ក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សាវ័ក​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះ‌អង្គ។ ២៣ ពេល​ឆ្លង​ទៅ​នោះ ព្រះ‌យេស៊ូ​ផ្ទំ​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់‌បោក​យ៉ាង​ខ្លាំងមក​លើ​បឹង បណ្ដាល​ឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។ ២៤ ពួក​សាវ័ក​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ ដាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌គ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។ ២៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សាវ័ក​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។
ព្រះ‌យេស៊ូ​ប្រោស​បុរស​ខ្មោច​ចូល​ម្នាក់
(ម៉ាថាយ ៨.២៨-៣៤ ម៉ាកុស ៥.១-២០)
២៦ ព្រះ‌យេស៊ូ និង​សាវ័ក* បាន​មក​ដល់​ក្រុង​កេរ៉ាសា​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលី‌ឡេ។ ២៧ កាល​ព្រះ‌អង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះ‌អង្គ។ គាត់​មាន​ខ្មោច​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។ ២៨ ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​ទូល‌បង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ‌ទោស​ទូល‌បង្គំ​អី»។ ២៩ ខ្មោច​ទូល‌អង្វរ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​ខ្មោច​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។ ៣០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​ខ្មោច​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។ ៣១ ខ្មោច​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។ ៣២ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​ខ្មោច​បាន​អង្វរ​ព្រះ‌អង្គ សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឲ្យ។ ៣៣ ខ្មោច​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។ ៣៤ ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទី‌ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។ ៣៥ មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​ខ្មោច​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះ‌អង្គ។ ៣៦ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប‌រាប់​អំពី​របៀប​ដែល​ព្រះ‌យេស៊ូ​ប្រោស​បុរស​ខ្មោច​ចូល​នោះ​ឲ្យ​បាន​ជា។ ៣៧ អ្នក​ស្រុក​នៅ​តំបន់​កេរ៉ាសា​ទាំង​អស់អង្វរ​ព្រះ‌យេស៊ូ ឲ្យ​ចាក‌ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ‌ខ្លាច​ខ្លាំង​ណាស់។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។ ៣៨ បុរស​ដែល​ខ្មោច​ចូល​ពី​មុន​នោះបាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ៣៩ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប‌រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។
ព្រះ‌យេស៊ូ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ូស​ឲ្យ​រស់​ឡើង​វិញ
(ម៉ាថាយ ៩.១៨-២៦ ម៉ាកុស ៥.២១-៤៣)
៤០ ពេល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដា‌ជន​នាំ​គ្នា​មក​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។ ៤១ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់ ឈ្មោះ​យ៉ៃរ៉ូស ចូល​មក​ជិត​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់ ៤២ ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់‌ពីរ​ឆ្នាំ កំពុង​ឈឺ ជិត​ស្លាប់។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ នៅ​តាម​ផ្លូវ​មាន​មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះ‌អង្គ។ ៤៣ ពេល​នោះ មាន​ស្ត្រី​ម្នាក់ កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​មើល​នាង​ជា​បាន​ឡើយ។ ៤៤ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ ស្រាប់​តែ​ឈាម​ឈប់​ធ្លាក់​មួយ​រំពេច។ ៤៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «នរណា​ពាល់​ខ្ញុំ?»។ គេ​ប្រកែក​គ្រប់​គ្នា​ថា គេ​មិន​បាន​ពាល់​ព្រះ‌អង្គ​ទេ។ លោក​សិលា​ទូល​ថា៖ «ព្រះ‌គ្រូ​អើយ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌គ្រូ ហើយ​គេ​ប៉ះ​ព្រះ‌គ្រូ​ទាំង​អស់​គ្នា»។ ៤៦ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។ ៤៧ ស្ត្រី​នោះ​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទាំង​ញ័រ​រន្ធត់ ព្រោះ​ដឹង​ថា​ខ្លួន​លាក់​រឿង​នេះ​មិន​ជិត។ នាង​ទូល​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល អំពី​ហេតុ​ដែល​នាំ​ឲ្យ​នាង​ពាល់​ព្រះ‌អង្គ ហើយ​នាង​បាន​ជា​ពី​ជំងឺ​ភ្លាម។ ៤៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។
៤៩ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរ៉ូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត!»។ ៥០ ព្រះ‌យេស៊ូ​ឮ​ពាក្យ​បុរស​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរ៉ូស​ថា៖ «កុំ​ខ្លាច​អី ឲ្យ​តែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំ‌ខាន»។ ៥១ លុះ​ព្រះ‌អង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើក‌លែង​តែ​លោក​សិលា លោក​យ៉ូហាន លោក​យ៉ាកុប និង​ឪពុក‌ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។ ៥២ អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ ៥៣ គេ​ចំអក​ដាក់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។ ៥៤ ព្រះ‌យេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​ព្រះ‌សូរ‌សៀង​យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ! ក្រោក​ឡើង»។ ៥៥ រំពេច​នោះ ព្រលឹង​នាង​ក៏​ត្រឡប់​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះ‌យេស៊ូ​សុំ​ឲ្យ​គេ​យក​ចំណី​អាហារ​មក​ឲ្យ​នាង​បរិភោគ។ ៥៦ ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​ព្រះ‌យេស៊ូ​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។
ព្រះ‌យេស៊ូ​ចាត់​សាវ័ក​ដប់‌ពីរ​រូប​ទៅ​ប្រកាស​ដំណឹង‌ល្អ
(ម៉ាថាយ ១៥.៥-១៥ ម៉ាកុស ៦.៧-១៣)
 ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​មក​ជួប‌ជុំ​គ្នា ហើយ​ព្រះ‌អង្គ​ប្រទាន​ឫទ្ធា‌នុភាព ប្រទាន​អំណាច​ឲ្យ​គេ​បណ្ដេញ​អារក្ខ​ទាំង​អស់ និង​មើល​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា។  ព្រះ‌អង្គ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាសអំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ​ទៅ កុំ​យក​អ្វី​ទៅ​ជា​មួយ​ឡើយ ទោះ​បី​ដំបង​ក្តី ថង់​យាម​ក្តី ចំណី​អាហារ ឬ​ប្រាក់​កាស​ក្តី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។  បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។  បើ​ភូមិ​ណា​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ​»។  ពួក​សាវ័ក*​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ឲ្យ​បាន​ជា​ផង។
ព្រះ‌បាទ​ហេរ៉ូដ​នឹក​ឆ្ងល់​អំពី​ព្រះ‌យេស៊ូ
(ម៉ាថាយ ១៤.១-១២ ម៉ាកុស ៦.១៤-២៩)
 កាល​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ព្រះ‌អង្គ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។  អ្នក​ខ្លះ​ទៀត​និយាយ​ថា “ព្យាការី*​អេលី​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ” ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា “មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ”។  រីឯ​ព្រះ‌បាទ​ហេរ៉ូដ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ឲ្យ​គេ​កាត់​ក យ៉ូហាន​ស្លាប់​បាត់​ទៅ​ហើយ​ ចុះ​បុរស​ដែល​គេ​និយាយ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ជា​នរណា?»។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​ចង់​ជួប​ព្រះ‌យេស៊ូ។
ព្រះ‌យេស៊ូ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ‌ពាន់​នាក់
(មថ.១៤.១៣-២១ មក.៦.៣០-៤៤ យហ.៦.១-១៤)
១០ គ្រីស្ត‌ទូត*​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប‌រាប់​ទូល​ព្រះ‌យេស៊ូនូវ​គ្រប់​កិច្ច‌ការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ ព្រះ‌អង្គ​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហា‌ជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេត‌សៃដា ១១ តែ​មហា‌ជន​ដឹង ក៏​នាំ​គ្នា​ទៅ​តាម​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ផង។
១២ ដល់​ថ្ងៃ​ជិត​លិច សាវ័ក​ទាំង​ដប់‌ពីរ​រូប​ចូល​ទៅ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ព្រះ‌អង្គ​ប្រាប់​ឲ្យ​បណ្ដា‌ជន​ចេញ ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។ ១៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ!»។ ១៤ នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ‌ពាន់​នាក់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហា‌សិប​នាក់»។ ១៥ ពួក​សាវ័ក​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។ ១៦ ព្រះ‌យេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​សាវ័ក ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ។ ១៧ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំបុ័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់‌ពីរ​ល្អី។
លោក​សិលា​ប្រកាស​ថា ព្រះ‌យេស៊ូ​ជា​ព្រះ‌គ្រីស្ដ
(ម៉ាថាយ ១៦.១៣-១៩ ម៉ាកុស ៨.២៨-២៩)
១៨ ថ្ងៃ​មួយ ពេល​ព្រះ‌យេស៊ូ​នៅ​អធិ‌ស្ឋាន*​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សាវ័ក*​ក៏​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា ខ្ញុំ​ជា​នរណា?»។ ១៩ ពួក​សាវ័ក​ទូល‌ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា លោក​គ្រូ​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា លោក​ជា​ព្យាការី​អេលី ហើយ​អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។ ២០ ព្រះ‌យេស៊ូ​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថាខ្ញុំ​ជា​នរណា​ដែរ?»។ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រីស្ដ*​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក»។ ២១ ព្រះ‌យេស៊ូ​ក៏​ហាម‌ប្រាម​គេ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។
២២ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «បុត្រ​មនុស្ស*​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* ពួក​បណ្ឌិត​ខាង​វិន័យ* នឹង​បោះ‌បង់​លោក​ចោល ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។
២៣ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ២៤ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ពុំ‌ខាន ប៉ុន្តែ អ្នក​ណា​បាត់‌បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។ ២៥ បើ​មនុស្ស​ម្នាក់​បាន​ពិភព‌លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់‌បង់​ជីវិត​នោះ​មាន​ប្រយោជន៍​អ្វី។ ២៦ បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស*​យាង​មក ប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ព្រម​ទាំង​សិរី‌រុង​រឿង​របស់​ព្រះ‌បិតា និង​របស់​ទេវទូត*​ដ៏‌វិសុទ្ធ* ព្រះ‌អង្គ​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។ ២៧ ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។
សិរី‌រុង​រឿង​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ១៧៧.១-៨ ម៉ាកុស ៩.២-៨)
២៨ ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះ‌អង្គ​នាំ​លោក​សិលា លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិ‌ស្ឋាន*។ ២៩ ពេល​កំពុង​អធិ‌ស្ឋាន ស្រាប់​តែ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។ ៣០ ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលី សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។ ៣១ លោក​ទាំង​ពីរ​លេច​មក​ប្រកប​ដោយ​សិរី‌រុង​រឿង ហើយ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែល​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត នៅ​ក្រុង​យេរូ‌សាឡឹម។ ៣២ លោក​សិលា និង​មិត្ត‌ភក្ដិ​របស់​លោក​សម្រាន្ដ​លង់‌លក់។ លុះ​ភ្ញាក់​ឡើង គេ​ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌យេស៊ូ និង​ឃើញ​លោក​ទាំង​ពីរ​ឈរ​ជា​មួយ​ព្រះ‌អង្គ។ ៣៣ កាល​លោក​ម៉ូសេ និង​ព្យាការី​អេលី កំពុង​តែ​ចាក‌ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលី»។ លោក​សិលា​មាន​ប្រសាសន៍​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។ ៣៤ កាល​លោក​សិលា​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើ​ឲ្យ​សាវ័ក​ភ័យ‌ខ្លាច​ក្រៃ‌លែង ដោយ​មាន​ពពក​មក​គ្រប​បាំង​ដូច្នេះ។ ៣៥ មាន​ព្រះ‌សូរ‌សៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «ព្រះ‌អង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស‌រើស ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!»។ ៣៦ បន្ទាប់​ពី​បាន​ឮ​ព្រះ‌សូរ‌សៀង​នេះ​ហើយ គេ​ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ សាវ័ក​ឥត​បាន​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។
ព្រះ‌យេស៊ូ​ដេញ​ខ្មោច​ចេញ​ពី​ក្មេង​ម្នាក់
(ម៉ាថាយ ១៧.១៤-១៨ ម៉ាកុស ៩.១៤-២៧)
៣៧ នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សាវ័ក​មក​វិញ ពេល​នោះ មាន​បណ្ដា‌ជន​យ៉ាង​ច្រើន​មក​រក​ព្រះ‌អង្គ។ ៣៨ មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស‌ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។ ៣៩ ពេល​ខ្មោច​ចូល​ម្ដងៗ វា​ស្រែក​រើ‌បម្រះ ប្រកាច់‌ប្រកិន បែក​ពពុះ​មាត់។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ ខ្មោច​ក៏​ចេញ​ទៅ ទុក​ឲ្យ​កូន​ខ្ញុំ​ប្របាទ​នៅ​គ្រាំ‌គ្រា។ ៤០ ខ្ញុំ​ប្របាទ​បាន​អង្វរ​សាវ័ក​របស់​លោក​ឲ្យ​ដេញ​ខ្មោច​នោះ​ដែរ ប៉ុន្តែ គេ​មិន​អាច​ដេញ​វា​ចេញ​បាន​សោះ»។ ៤១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់ មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​របស់​អ្នក​មក​ណេះ​មើល៍»។ ៤២ ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្រាប់​តែ​ខ្មោច​ផ្ដួល​វា ធ្វើ​ឲ្យ​វា​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​ទៅ​ខ្មោច ព្រះ‌អង្គ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឪពុក​វា​វិញ។ ៤៣ មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​មហិទ្ធិ‌ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌ជាម្ចាស់។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌អង្គ​សោយ​ទិវង្គត
(ម៉ាថាយ ១៧.២២-២៣ ម៉ាកុស ៩.៣០-៣២)
នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់‌ស្ញែង នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ ៤៤ «ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ត គឺ​បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។ ៤៥ ពួក​សាវ័ក​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ទេ ព្រោះ​ព្រះ‌ជាម្ចាស់​មិន​ទាន់​សម្ដែង​អត្ថ‌ន័យ​ឲ្យ​គេ​យល់ ប៉ុន្តែ ពួក​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​នេះ​ឡើយ។
អ្នក​ដែល​ធំ​ជាង​គេ
(ម៉ាថាយ ១៨.១-៥ ម៉ាកុស ៩.៣៣-៣៧)
៤៦ ខណៈ​នោះ ពួក​សាវ័ក*​ជជែក​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​ធំ​ជាង​គេ។ ៤៧ ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ក៏​យក​ក្មេង​ម្នាក់​មក​ឲ្យ​ឈរ​ក្បែរ​ព្រះ‌អង្គ ៤៨ រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ ដ្បិត​អ្នក​ណា​មាន​ឋានៈ​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។
អ្នក​ណា​មិន​ជំទាស់​នឹង​យើង អ្នក​នោះ​ជា​ពួក​យើង!
(ម៉ាកុស ៩.៣៨-៤០)
៤៩ លោក​យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​ខ្មោច ក្នុង​នាម​ព្រះ‌គ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​ព្រះ‌គ្រូ​ដូច​យើង​ខ្ញុំ»។ ៥០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។
ព្រះ‌យេស៊ូ​យាង​កាត់​ភូមិ​សាសន៍​សាម៉ារី
៥១ លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ព្រះ‌យេស៊ូ​ត្រូវ​យាង​ចាក‌ចេញ​ពី​លោក​នេះ​ទៅ ព្រះ‌អង្គ​សម្រេច​ព្រះ‌ហឫ‌ទ័យ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម ៥២ ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​ដល់​ភូមិ​មួយ​របស់​អ្នក​ស្រុក​សាម៉ារី ដើម្បី​រៀប‌ចំ​កន្លែង​ថ្វាយ​ព្រះ‌អង្គ។ ៥៣ ប៉ុន្តែ អ្នក​ស្រុក​ពុំ​ព្រម​ទទួល​ព្រះ‌អង្គ​ឲ្យ​ស្នាក់​ឡើយ ព្រោះ​ព្រះ‌អង្គ​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ ៥៤ ពេល​សាវ័ក​ពីរ​នាក់ គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កម្ទេច​អ្នក​ទាំង​នេះ​ឬ?»។ ៥៥ ព្រះ‌យេស៊ូ​បែរ​ទៅ​រក​គេ ហើយ​ស្ដី​បន្ទោស​គេ​យ៉ាង​ខ្លាំង។ ៥៦ បន្ទាប់​មក ព្រះ‌អង្គ​យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​ជា​មួយ​សាវ័ក*។
លក្ខណ‌សម្បត្តិ​របស់​អ្នក​ដែល​ចង់​តាម​ព្រះ‌យេស៊ូ
(ម៉ាថាយ ៨.១៩-២២)
៥៧ កាល​ព្រះ‌យេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សាវ័ក មាន​បុរស​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ៥៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស*​គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ ៥៩ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ៦០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹងអំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។ ៦១ មាន​ម្នាក់​ទៀត​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ជម្រាប​លា​ក្រុម​គ្រួសារ​សិន»។ ៦២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «អ្នក​ណា​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ អ្នក​នោះ​គ្មាន​សារ‌ប្រយោជន៍​អ្វី​ដល់​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឡើយ»។
១០
ព្រះ‌យេស៊ូ​ចាត់​សាវ័ក​៧២​រូប​ទៅ​ផ្សាយ​ដំណឹង‌ល្អ
 ក្រោយ​មក ព្រះ‌អម្ចាស់​ជ្រើស​យក​សាវ័ក*​ចិត‌សិប​ពីរ​រូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​ព្រះ‌អង្គ​បម្រុង​នឹង​យាង​ទៅ។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ​ឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក។  ចូរ​នាំ​គ្នា​ទៅ​ចុះ! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដូច​ឲ្យ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។  កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។  ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ” ។  បើ​នៅ​ក្នុង​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត នោះ​គេ​នឹង​បាន​សុខ‌សាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត​ទេ សេចក្ដី​សុខ‌សាន្ត​នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។  ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​ធ្វើ​ការ​តែង‌តែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។  បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា ហើយ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូន​ចុះ។  ត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឲ្យ​បាន​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថាៈ “ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។ ១០ ប៉ុន្តែ កាល​បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា​មួយ ហើយ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​ប្រកាស​តាម​ទី‌ផ្សារ​ថាៈ ១១ “សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្តែ សូម​ជ្រាប​ថា ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​មក​ជិត​បង្កើយ​ហើយ”។ ១២ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​ទទួល​ទោស​ស្រាល​ជាង​អ្នក​ភូមិ​នោះ។
១៣ អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេត‌សៃដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំងនោះ​នឹង​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​​ជា​មិន​ខាន។ ១៤ ហេតុ​នេះ​ហើយបាន​ជា​នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ ១៥ អ្នក​ក្រុង​កាផានុម​អើយ! កុំ​នឹក​ស្មាន​ថា អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន‌សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ»។
១៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក​ទៀត​ថា៖ «អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ ក៏​ដូច​ជា​មិន​ទទួល​ព្រះ‌អង្គដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។
ពួក​សាវ័ក​វិល​ត្រឡប់​មក​វិញ
១៧ ពួក​សាវ័ក*​ទាំង​ចិត‌សិប​ពីរ​រូប​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ សូម្បី​តែ​ខ្មោច​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ»។ ១៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​មារ​សាតាំង*​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក‌បន្ទោរ។ ១៩ ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ដើរ​ជាន់​ពស់ និង​ខ្យា‌ដំរី ព្រម​ទាំង​បង្ក្រាប​ឫទ្ធិ‌អំណាច​គ្រប់​យ៉ាង​របស់​មារ​សត្រូវ​ផង គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ ២០ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៍​កុំ​ត្រេក​អរ​នឹង​ឃើញ​ខ្មោច​ចុះ​ចូល​អ្នក​រាល់​គ្នា គឺ​ត្រូវ​ត្រេក​អរ ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ​វិញ»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ
(ម៉ាថាយ ១១.២៥-២៧, ១៣.១៦-១៧)
២១ ខណៈ​នោះ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះ‌អង្គ​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ដូច្នេះ។ ២២ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​ព្រះ‌បុត្រា​ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្ដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។
២៣ បន្ទាប់​មក ព្រះ‌យេស៊ូ​បែរ​ទៅ​រក​សាវ័ក* ហើយ​មាន​ព្រះ‌បន្ទូល​ដាច់​ឡែក​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​សុភមង្គល*​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​អស់​នេះ! ២៤ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ព្យាការី និង​ស្ដេច​ជា​ច្រើន ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ ហើយ​គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។
ពាក្យ​ប្រស្នា​អំពី​អ្នក​ស្រុក​សាម៉ារី​ម្នាក់​មាន​ចិត្ត​សប្បុរស
២៥ ពេល​នោះ មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ក្រោក​ឈរ​ទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ចង់​ចាប់​កំហុស​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច?»។ ២៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​ក្នុង​គម្ពីរ‌វិន័យ​មាន​ចែង​ទុក​មក​ដូច​ម្ដេច​ខ្លះ? ពេល​លោក​អាន តើ​លោក​យល់​យ៉ាង​ណា?»។ ២៧ គាត់​ទូល‌ឆ្លើយ​ទៅ​ព្រះ‌យេស៊ូ​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​កម្លាំង និង​អស់​ពី​ប្រាជ្ញា ហើយ​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»២៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម‌ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។ ២៩ ប៉ុន្តែ បណ្ឌិត​ខាង​វិន័យ​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម‌ត្រូវ គាត់​ក៏​សួរ​ព្រះ‌យេស៊ូ​ទៀត​ថា៖ «តើ​នរណា​ជា​បង‌ប្អូន​របស់​ខ្ញុំ?»។ ៣០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ វា​ប្លន់​គាត់ ថែម​ទាំង​វាយ‌ដំ​គាត់​ឲ្យ​របួស​ជា​ទម្ងន់ រួច​នាំ​គ្នា​រត់​បាត់​អស់​ទៅ ទុក​គាត់​ចោល​នៅ​ស្ដូក‌ស្ដឹង​បាត់​ស្មារតី​មិន​ដឹង​ខ្លួន។ ៣១ ពេល​នោះ មាន​បូជា‌ចារ្យ*​មួយ​រូប​ធ្វើដំណើរ​ចុះ​តាម​ផ្លូវ​នោះ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។ ៣២ មាន​ម្នាក់​ពី​ក្រុម​លេវី*ដើរ​មក​ដល់​កន្លែង​នោះ​ដែរ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។ ៣៣ គាប់​ជួន​ជា​មាន​អ្នក​ស្រុក​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នោះ​ដែរ គាត់​ឃើញ​បុរស​នោះ គាត់​មាន​ចិត្ត​អាណិត‌អាសូរ​ពន់‌ពេក​ណាស់។ ៣៤ គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា ចាក់​ពី​លើ​មុខ​របួស រុំ​របួស​ឲ្យ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។ ៣៥ ស្អែក​ឡើង គាត់​យក​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ ទាំង​ផ្ដាំ​ថា “សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូន​បង្គ្រប់”។ ៣៦ ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​យល់​ថា អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​បង‌ប្អូន​នឹង​បុរស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់​នោះ?»។ ៣៧ បណ្ឌិត​ខាង​វិន័យ*​ឆ្លើយ​ថា៖ «គឺ​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គាត់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​ចុះ ហើយ​ប្រព្រឹត្ត​ឲ្យ​បាន​ដូច​អ្នក​នោះ​ទៅ»។
ព្រះ‌យេស៊ូ​គង់​នៅ​ផ្ទះ​នាង​ម៉ាថា និង​នាង​ម៉ារី
៣៨ កាល​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​ពួក​សាវ័ក ព្រះ‌អង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ។ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​ព្រះ‌អង្គ​ឲ្យ​ស្នាក់​ក្នុង​ផ្ទះ​នាង។ ៣៩ នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អម្ចាស់* ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ៤០ រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ច‌ការ​រវល់​ជា​ច្រើន ដើម្បី​បម្រើ​ព្រះ‌អង្គ។ នាង​ចូល​មក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ប្អូន​ខ្ញុំ​ម្ចាស់​ទុក​ឲ្យ​ខ្ញុំ​ម្ចាស់​បម្រើ​ព្រះ‌អង្គ​តែ​ម្នាក់​ឯង តើ​ព្រះ‌អង្គ​មិន​អើ‌ពើ​ទេ​ឬ? សូម​ព្រះ‌អង្គ​ប្រាប់​ឲ្យ​នាង​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ ៤១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​មាន​កង្វល់ ហើយ​រវល់​នឹង​កិច្ច‌ការ​ច្រើន​ណាស់ ៤២ ប៉ុន្តែ មាន​កិច្ច‌ការ​តែ​មួយ​គត់​ដែល​ចាំ‌បាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។
១១
ព្រះ‌យេស៊ូ​បង្រៀន​សាវ័ក​អំពី​របៀប​អធិ‌ស្ឋាន*
(ម៉ាថាយ ៦.៩-១៣, ៧.៧-១១)
 មាន​មួយ​ថ្ងៃ ព្រះ‌យេស៊ូ​អធិ‌ស្ឋាន​នៅ​កន្លែង​មួយ។ កាល​ព្រះ‌អង្គ​អធិ‌ស្ឋាន​រួច​ហើយ មាន​សាវ័ក*​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​អធិ‌ស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​អធិ‌ស្ឋាន ត្រូវ​ពោល​ថាៈ
ឱ​ព្រះ‌បិតា​អើយ សូម​សម្ដែង​ព្រះ‌បារមី
ឲ្យ​មនុស្ស​លោក​ស្គាល់ ព្រះ‌នាម​ព្រះអង្គ
សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះ‌អង្គ​បាន​មក​ដល់។
 សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ
ជា​រៀង​រាល់​ថ្ងៃ។
 សូម​អត់‌ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប
ដ្បិត​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ​អស់​អ្នក
ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។
សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ចាញ់
ការ​ល្បួង​ឡើយ»។
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ម្នាក់​មាន​មិត្ត​សម្លាញ់​មក​រក​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ ហើយ​ពោល​ថា “សម្លាញ់​អើយ! ឲ្យ​គ្នា​ខ្ចី​នំបុ័ង​បី​ដុំ​សិន​មក  ព្រោះ​មាន​មិត្ត‌ភក្ដិ​ទើប​នឹង​ធ្វើ​ដំណើរ​មក​ដល់ ហើយ​គ្មាន​អ្វី​ទទួល​គេ​សោះ”។  អ្នក​នៅ​ក្នុង​ផ្ទះ​ឆ្លើយ​មក​វិញ​ថា “កុំ​រំខាន​គ្នា​ធ្វើ​អ្វី គ្នា​បាន​ខ្ទាស់​ទ្វារ​ទៅ​ហើយ ម្យ៉ាង​ទៀត កូន​ចៅ​គ្នា​កំពុង​ដេក​លក់ គ្នា​មិន​អាច​ក្រោក​ទៅ​យក​នំបុ័ង​ឲ្យ​សម្លាញ់​ឯង​បាន​ទេ”។  ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំបុ័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ត​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន‌មែន​មក​ពី​គាត់​យោគ‌យល់​មិត្ត​សម្លាញ់​ទេ គឺ​មក​ពី​មិត្ត​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។  រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ចូរ​ស្វែង​រក គង់​តែ​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះ‌អង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន ១០ ដ្បិត​អ្នក​ណា​សូម អ្នក​នោះ​តែង‌តែ​ទទួល អ្នក​ណា​ស្វែង​រក​រមែង​តែង‌តែ​ឃើញ ហើយ​គេ​តែង‌តែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ ១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​ត្រី មិន​ដែល​មាន​ឪពុក​ណា​យក​ពស់​អសិរ‌ពិស​ឲ្យ​វា​ទេ ១២ បើ​កូន​សុំ​ពង​មាន់ ក៏​មិន​ដែល​មាន​ឪពុក​ណា​យក​ខ្យា‌ដំរី​ឲ្យ​វា​ដែរ។ ១៣ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ឲ្យ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះ‌អង្គ​យ៉ាង​ណា​ទៅ​ទៀត»។
ព្រះ‌យេស៊ូ​ឆ្លើយ​តប​នឹង​ពួក​អ្នក​ចោទ​ប្រកាន់​ព្រះ‌អង្គ
(ម៉ាថាយ ១២.២២-៣០, ៤៣-៤៥ ម៉ាកុស ៣.២០-២៧)
១៤ ព្រះ‌យេស៊ូ​កំពុង​បណ្ដេញ​ខ្មោច​ចេញ​ពី​មនុស្ស គ​ម្នាក់។ លុះ​ខ្មោច​ចេញ​ផុត​ទៅ មនុស្ស​គ​នោះ​និយាយ​បាន ហើយ​មហា‌ជន​ក៏​ស្ងើច​សរសើរ​ក្រៃ‌លែង។ ១៥ ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​ខ្មោច​បាន​ដូច្នេះ ព្រោះ​បេល‌សេ‌ប៊ូល​ជា​ស្ដេច​ខ្មោច​បាន​ប្រគល់​អំណាច​ឲ្យ​គាត់»។ ១៦ មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះ‌អង្គ ក៏​សូម​ឲ្យ​ព្រះ‌អង្គ​សម្ដែង​ទី​សម្គាល់​មួយ បញ្ជាក់​ថា ព្រះ‌អង្គ​បាន​ទទួល​អំណាច​មក​ពី​ព្រះ‌ជាម្ចាស់។ ១៧ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​ជា​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់‌បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​មុខ​ជា​រលំ​សង្កត់​លើ​គ្នា​មិន​ខាន។ ១៨ យ៉ាង​ណា‌មិញ ប្រសិន​បើ​មារ​សាតាំង*​បាក់‌បែក​ទាស់‌ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​ខ្មោច​ដោយ​អំណាច​បេល‌សេ‌ប៊ូល។ ១៩ ប្រសិន​បើ​ខ្ញុំ​ដេញ​ខ្មោច ដោយ​អំណាច​បេល‌សេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​ខ្មោច ដោយ​អំណាច​នរណា​វិញ?។ ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ ២០ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​ខ្មោច ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ ២១ បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការ‌ពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​បាន​គង់‌វង្ស។ ២២ ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង មក​វាយ​យក​ជ័យ‌ជម្នះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។ ២៣ អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។២៤ កាល​បើ​ខ្មោច​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ដែល​អញ​ទើប​នឹង​ចេញ​មក”។ ២៥ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុប‌តែង​ល្អ ២៦ វា​នឹង​ចេញ​ទៅ​បបួល​ខ្មោច​ប្រាំ​ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។
សុភមង្គល​ដ៏​ពិត​ប្រាកដ
២៧ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ទូល​ព្រះ‌អង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គល*​មែន!»។ ២៨ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន»។
ទី​សម្គាល់​របស់​លោក​យ៉ូណាស
(ម៉ាថាយ ១២.៣៨-៤២)
២៩ ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។ ៣០ លោក​យ៉ូណាស​បាន​ធ្វើ​ជា​ទី​សម្គាល់ឲ្យ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា​ បុត្រ​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សម្គាល់​ឲ្យ​មនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។ ៣១ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា‌ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែន‌ដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ស្ដេច​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ស្ដេច​សាឡូម៉ូន​ទៅ​ទៀត។ ៣២ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ‌ប្រែ​ចិត្ត​គំនិត​ នៅ​ពេល​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​លោក​យ៉ូណាស​ទៅ​ទៀត!»។
ពាក្យ​ប្រស្នា​ស្ដី​អំពី​ចង្កៀង
(ម៉ាថាយ ៥.១៥, ៦.២២-២៣)
៣៣ «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង យក​ទៅ​លាក់​ទុក ឬ​យក​ធុង​គ្រប​ពី​លើ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ។ ៣៤ ភ្នែក​ជា​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ក៏​ងងឹត​ដែរ។ ៣៥ ហេតុ​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។ ៣៦ ប្រសិន​បើ​រូប​កាយ​របស់​អ្នក​ទាំង​មូល​មាន​ពន្លឺ ឥត​ងងឹត​ត្រង់​ណា​ទេ​នោះ រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច ដូច​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។
ពុត​ត្បុត​របស់​ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈ‌ផារីស៊ី
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.២៨-៤០)
៣៧ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី* បាន​សូម​យាង​ព្រះ‌អង្គ​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។ ៣៨ អ្នក​ខាង​គណៈ‌ផារីស៊ី​នោះ​ងឿង‌ឆ្ងល់​ក្រៃ‌លែង ព្រោះ​ឃើញ​ព្រះ‌យេស៊ូ​មិន​លាង​ព្រះ‌ហស្ដ​មុន​ពេល​សោយ។
៣៩ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយអ្នក​រាល់​គ្នា​សំអាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​កេង‌ប្រវ័ញ្ច និង​គំនិត​អាក្រក់។ ៤០ មនុស្ស​ឆោត​ល្ងង់​អើយ! ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខាង​ក្រៅ តើ​ព្រះ‌អង្គ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ? ៤១ ចូរ​យក​អ្វីៗ​នៅ​ក្នុង​ចាន ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​ទៅ នោះ​ប្រដាប់​ប្រដា​ទាំង​អស់ នឹង​បាន​ស្អាត​បរិសុទ្ធ* សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រើ‌ប្រាស់​។
៤២ ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌លីងល័ខ និង​បន្លែ​គ្រប់​មុខ មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​ធ្វេស‌ប្រហែសមិន​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត* ហើយ​មិន​បាន​ស្រឡាញ់​ព្រះ‌អង្គ​ឡើយ គឺ​ការ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត ឯ​ការ​ដទៃ​ទៀត​ក៏​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​ដែរ។
៤៣ ពួក​ផារី​ស៊ី​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​កិត្តិ‌យស​ក្នុង​សាលា​ប្រជុំ* ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​អ្នក​រាល់​គ្នា​នៅ​តាម​ផ្សារ។ ៤៤ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច ដែល​គេ​មើល​មិន​ឃើញ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។
៤៥ មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! លោក​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា​លោក​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ»។ ៤៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ពួក​បណ្ឌិត​ខាង​វិន័យ​អើយ អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វេទនា​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្កើត​វិន័យ​តឹង‌រ៉ឹង​យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​អ្នក​រាល់​គ្នា​មិន​ជួយ​គេ​ទេ សូម្បី​តែ​បន្ដិច​ក៏​មិន​ជួយ​ផង។ ៤៧ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ព្យាការី* ដែល​បុព្វ‌បុរស*​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។ ៤៨ អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។ ៤៩ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ចាត់​ព្យាការី* ព្រម​ទាំង​ទូត​របស់​យើង​ជា​ច្រើន​ឲ្យ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀត‌បៀន​ខ្លះ​ទៀត​ផង”។ ៥០ ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពី‌ព្រោះ​បុព្វ‌បុរស​របស់​គេ​បាន​សម្លាប់​ព្យាការី​តាំង​តែ​ពី​កំណើត​ពិភព‌លោក​មក ៥១ គឺ​ចាប់​តាំង​ពី​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទី‌សក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។
៥២ ពួក​បណ្ឌិត​ខាង​វិន័យ*​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។
៥៣ ពេល​ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​ទី​នោះ​ទៅ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈ‌ផារីស៊ី នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ‌ដោល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន ៥៤ ដែល​សុទ្ធ‌សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​ព្រះ‌អង្គ។
១២
ព្រះ‌យេស៊ូ​ទូន្មាន​សាវ័ក​កុំ​ឲ្យ​ភ័យ​បារម្ភ
(ម៉ាថាយ ១០.២៦-៣៣)
 ខណៈ​នោះ មាន​មហា‌ជន​រាប់‌ម៉ឺន​នាក់​ជួប‌ជុំ​គ្នា​ណែន‌ណាន់​តាន់‌តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក*​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ‌ផារីស៊ី គឺ​ពុត‌ត្បុត​របស់​គេ។  ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​លាត​ត្រដាង​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មានក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។  ហេតុ​នេះ​ហើយ​បាន​ជា​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទី‌ងងឹត មុខ​ជា​គេ​ឮ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខ្សឹប​ដាក់​ត្រចៀក​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​អ្នក​ដទៃ​យក​ទៅ​ប្រកាស​យ៉ាង​ខ្លាំង​នៅ​លើ​ដំបូល​ផ្ទះ​មិន​ខាន។
ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​រាល់​គ្នា​ថែម​ទៀត​នោះ​ឡើយ។  ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះ‌អង្គ​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ព្រះ‌អង្គ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។  ធម្មតា គេ​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​សេន ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះ‌ជាម្ចាស់​ឥត​ភ្លេច​ចាប​ណា​មួយ​សោះ​ឡើយ។  សូម្បី​តែ​សក់​នៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​ព្រះ‌អង្គ​រាប់​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ជា​ច្រើន​ទៅ​ទៀត។  ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស*​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវទូត*​របស់​ព្រះ‌ជាម្ចាស់​ដែរ។  រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ១០ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​បាន ប៉ុន្តែ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។ ១១ កាល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​វិនិច្ឆ័យ​ទោស ក្នុង​សាលា​ប្រជុំ ឬ​នៅ​មុខ​ចៅ‌ក្រម និង​អ្នក​កាន់​អំណាច មិន​ត្រូវ​ភ័យ​បារម្ភ​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ការ‌ពារ​ខ្លួន ឬ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ១២ ដ្បិត​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា ឲ្យ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។
ប្រស្នា​អំពី​អ្នក​មាន​ដ៏​ឆោត​ល្ងង់​ម្នាក់
១៣ ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! សូម​លោក​ប្រាប់​បង​ខ្ញុំ​ឲ្យ​យក​កេរ‌មត៌ក​មក​ចែក​ខ្ញុំ​ផង»។ ១៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​បុរស​នោះ​ថា៖ «តើ​នរណា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម ចែក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា?»។ ១៥ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។ ១៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ថា៖ «មាន​បុរស​ម្នាក់​ជា​សេដ្ឋី ដី​ធ្លី​របស់​គាត់​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូណ៌។ ១៧ គាត់​រិះ‌គិត​ក្នុង​ចិត្ត​ថា “ខ្ញុំ​គ្មាន​កន្លែង​ដាក់​ភោគ​ផល​ទាំង​អស់​របស់​ខ្ញុំ​ទេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ១៨ គាត់​គិត​ទៀត​ថា “ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​នេះ គឺ​រុះ​ជង្រុក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុក​ឲ្យ​ធំៗ​ជាង រួច​ខ្ញុំ​ប្រមូល​ស្រូវ ព្រម​ទាំង​ភោគ​ផល​ទាំង​អស់​មក​ដាក់​ក្នុង​ជង្រុក​ថ្មី​នោះ។ ១៩ បន្ទាប់​មក ខ្ញុំ​នឹង​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ថា ឱ​ខ្ញុំ​អើយ! មាន​សម្បត្តិ​យ៉ាង​ច្រើន​បរិបូណ៌ បម្រុង​ទុក​ចិញ្ចឹម​ជីវិត​សម្រាប់​ច្រើន​ឆ្នាំ ខ្ញុំ​ត្រូវ​សម្រាក គិត​តែ​ស៊ី​ផឹក​សប្បាយ​ទៅ!”។ ២០ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សម្រាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។ ២១ អ្នក​ណា​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក​សម្រាប់​តែ​ខ្លួន​ឯង ហើយ​គ្មាន​សម្បត្តិ​សួគ៌​នៅ​ក្នុង​ខ្លួន អ្នក​នោះ​ប្រៀប​បី​ដូច​ជា​សេដ្ឋី​នោះ​ដែរ»។
ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ និង​ស្វែង​រក​សម្បត្តិ​សួគ៌
(ម៉ាថាយ ៦.១៩-៣៤)
២២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក*​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អំពី​ម្ហូប​អាហារសម្រាប់​ចិញ្ចឹម​ជីវិត ឬ​អំពី​សម្លៀក‌បំពាក់សម្រាប់​បិទ‌បាំង​រូប​កាយ​ឡើយ ២៣ ដ្បិត​ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ ២៤ ចូរ​មើល​ក្អែក វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ គ្មាន​ឃ្លាំង គ្មាន​ជង្រុក​សោះ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ចិញ្ចឹម​វា រីឯ​អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​លើស​បក្សា‌បក្សី​ច្រើន​ណាស់។ ២៥ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់‌ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​ឡើយ សូម្បី​តែ​បន្ដិច​ក៏​មិន​បាន​ដែរ។ ២៦ ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាច​សម្រេច​ការ​ដ៏​តូច​បំផុត​នេះ​ផង ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្វល់‌ខ្វាយ​អំពី​រឿង​ផ្សេងៗ​ទៀត។ ២៧ ចូរ​គិត​មើល ផ្កា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ដែល​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ត្បាញ​រវៃ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ស្ដេច​មាន​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​នោះ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ ២៨ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យ​ផ្កា ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ ហើយ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះ‌អង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ២៩ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែ​ពី​ស្វែង​រក​គ្រឿង​បរិភោគ​នោះ​ឡើយ ៣០ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ព្រះ‌អង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ៣១ ចូរ​ខំ​ស្វែង​រក​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​វិញ ទើប​ព្រះ‌អង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។
៣២ «កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នាសព្វ​ព្រះ‌ហឫ‌ទ័យ​ប្រទាន​ព្រះ‌រាជ្យ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ ៣៣ ចូរ​លក់​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា យក​ប្រាក់​ចែក​ជា​ទាន​ដល់​ជន​ក្រីក្រ​ចុះ។ ចូរ​ប្រមូល​ទ្រព្យ​ដែល​មិន​ចេះ​ពុក ជា​សម្បត្តិ​ដែល​មិន​ចេះ​រលាយ ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន​បរម‌សុខ* ជា​ស្ថាន​ដែល​គ្មាន​ចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។ ៣៤ ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ»។
ការ​ប្រុង‌ប្រៀប​ខ្លួន
៣៥ «ចូរ​ប្រុង‌ប្រៀប​ខ្លួន ហើយ​ទុក​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។ ៣៦ ចូរ​ប្រព្រឹត្ត​ឲ្យ​បាន​ដូច​ពួក​អ្នក​បម្រើ ដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់ លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។ ៣៧ ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ​លោក អ្នក​បម្រើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​រៀប‌ចំ​ខ្លួន​បម្រើ​គេ​វិញ។ ៣៨ បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។ ៣៩ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឲ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​ឡើយ។ ៤០ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្ស*​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។
ប្រស្នា​អំពី​អ្នក​បម្រើ​ស្មោះ‌ត្រង់ និង​អ្នក​បម្រើ​មិន​ស្មោះ‌ត្រង់
(ម៉ាថាយ ២៤.៤៥-៥១)
៤១ លោក​សិលា​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សម្រាប់​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប​ដែរ?»។ ៤២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។ ៤៣ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ច‌ការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។ ៤៤ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ៤៥ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។ ៤៦ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។
៤៧ អ្នក​បម្រើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។ ៤៨ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្ដិច​ទេ។ បើ​គេ​ឲ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ច‌ការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។
ការ​បាក់‌បែក​គ្នា​ព្រោះ​ជំនឿ
(ម៉ាថាយ ១០.៣៤-៣៦)
៤៩ «ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ​។ ៥០ ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​​ម្យ៉ាង។ ខ្ញុំ​តាន‌តឹង​ក្នុង​ចិត្ត​ក្រៃ‌លែង ចង់​តែ​ឲ្យ​ពិធី​នោះ​បាន​សម្រេច​ឆាប់ៗ។ ៥១ កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក ដើម្បី​ផ្ដល់​សន្តិ‌ភាព​ឲ្យ​ផែន‌ដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់‌បែក​មក​ទេ​តើ។ ៥២ ចាប់​ពី​ពេល​នេះ​ត​ទៅ ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់‌បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់ ៥៣ ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយ‌ក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយ‌ក្មេក»។
ត្រូវ​យល់​ហេតុ‌ការណ៍​ផ្សេងៗ
(ម៉ាថាយ ១៦.២-៣)
៥៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា ជិត​ភ្លៀង​ហើយ ហើយ​ក៏​ភ្លៀង​មែន។ ៥៥ កាល​ណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខ​ជា​ក្ដៅ​ហើយ ហើយ​ក៏​ក្ដៅ​មែន។ ៥៦ មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ចេះ​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​ផែន‌ដី និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពុំ​យល់​ហេតុ‌ការណ៍ នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»។
ត្រូវ​សម្រុះ‌សម្រួល​រឿង‌រ៉ាវ មុន​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស
(ម៉ាថាយ ៥.២៥-២៦)
៥៧ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង នូវ​អំពើ​សុចរិត ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត? ៥៨ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា‌ការ​ជា​មួយ​គូ‌វិវាទ នៅ​តាម​ផ្លូវ អ្នក​ត្រូវ​ខំ​សម្រុះ‌សម្រួល​ជា​មួយ​អ្នក​នោះ​ឲ្យ​ហើយ​ទៅ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ដល់​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​នគរ‌បាល​យក​អ្នក​ទៅ​ដាក់​គុក។ ៥៩ ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។
១៣
ត្រូវ​កែ‌ប្រែ​ចិត្ត​គំនិត
 ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូអំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀតៗ​ឬ បាន​ជា​គេ​ស្លាប់​របៀប​នេះ?  ទេ មិន‌មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ‌ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច​គេ​មិន​ខាន។  ចុះ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា អ្នក​ទាំង​នោះ​មាន​ទោស​ធ្ងន់​ជាង​អ្នក​ក្រុង​យេរូ‌សាឡឹម​ឯ​ទៀតៗ​ឬ?  ទេ មិន‌មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ‌ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច្នោះ​ដែរ»។
ប្រស្នា​ស្ដី​អំពី​ឧទុម្ពរ​គ្មាន​ផ្លែ
 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «មាន​ឧទុម្ពរ*​មួយ​ដើម​ដុះ​ក្នុង​ចម្ការ​បុរស​ម្នាក់។ ម្ចាស់​ចម្ការ​មក​រក​បេះ​ផ្លែ​ពី​ដើម​ឧទុម្ពរ​នោះ តែ​គ្មាន​ផ្លែ​សោះ  គាត់​ក៏​ប្រាប់​អ្នក​ថែ​ចម្ការ​ថា៖ “មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​មិន​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ ទុក​នាំ​តែ​ខាត​ដី​ទេ!”។  អ្នក​ថែ​ចម្ការ​ឆ្លើយ​តប​ថា៖ “សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ‌វិញ ហើយ​ដាក់​ជី។  ឆ្នាំ​ក្រោយ​ប្រហែល​ជា​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!”»។
ព្រះ‌យេស៊ូ​ប្រោស​ស្ត្រី​ពិការ​ម្នាក់​ឲ្យ​ជា
១០ ថ្ងៃ​មួយជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ*។ ១១ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ខ្មោច​ធ្វើ​ឲ្យ​ពិការ អស់‌រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ នាង​កោង​ខ្នង ងើប​ត្រង់​ពុំ​កើត។ ១២ ពេល​ព្រះ‌យេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ! នាង​បាន​ជា​សះ‌ស្បើយ​ហើយ»។ ១៣ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​នាង នាង​ក៏​ឈរ​ត្រង់​វិញ​បាន​មួយ​រំពេច ព្រម​ទាំង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ ១៤ ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ត​ណាស់ ដោយ​ឃើញ​ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ។ គាត់​ក៏​និយាយ​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មក​រក​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ កុំ​មក​ថ្ងៃ​សប្ប័ទ​ឡើយ!»។ ១៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​នោះ​ថា៖ «មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លា បញ្ចេញ​ពី​ក្រោល ដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?។ ១៦ ឯ​ស្ត្រី​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់‌រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។ ១៧ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ​អៀន‌ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។
ប្រស្នា​ស្ដី​អំពី​គ្រាប់​ពូជ​ល្អិត និង​មេ​ម្សៅ
(ម៉ាថាយ ១៣.៣១-៣៣ ម៉ាកុស ៤.៣០-៣២)
១៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?។ ១៩ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ នៅ​តាម​មែក​របស់​វា»។ ២០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?។ ២១ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។
ទ្វារ​ចង្អៀត
(ម៉ាថាយ ៧.១៣-១៤, ២១-២៣)
២២ ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ផង។ ២៣ មាន​បុរស​ម្នាក់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! អ្នក​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ មាន​ចំនួន​តិច​ទេ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ ២៤ «ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​មនុស្ស​ជា​ច្រើន​ខំ​ចូល​ដែរ ក៏​ប៉ុន្តែ គេ​មិន​អាច​ចូល​បាន​ឡើយ។ ២៥ កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា “ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង”។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា “យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។ ២៦ អ្នក​រាល់​គ្នា​មុខ​ជា​ជម្រាប​លោក​ថា “យើង​ខ្ញុំ​ធ្លាប់​បរិភោគ​ជា​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ធ្លាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​នៅ​តាម​ភូមិ​ដែរ”។ ២៧ លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។ ២៨ កាល​អ្នក​រាល់​គ្នា​ឃើញ​លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប និង​ព្យាការី*​ទាំង‌ឡាយ ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់ តែ​ព្រះ‌អង្គ​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​ខាង​ក្រៅ អ្នក​រាល់​គ្នា​នឹង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។ ២៩ មាន​មនុស្ស​មក​ពី​ទិស​ទាំង​បួន ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់។ ៣០ ពេល​នោះ អ្នក​ខ្លះ​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ខ្លះ​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។
អ្នក​ក្រុង​យេរូ‌សាឡឹម​បដិសេធ​មិន​ទទួល​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៣.៣៧-៣៩)
៣១ នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក»។ ៣២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច  នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​ខ្មោច ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ច‌ការ​របស់​ខ្ញុំ។ ៣៣ ប៉ុន្តែ នៅ​ថ្ងៃ​នេះ ស្អែក និង​ខាន​ស្អែក ខ្ញុំ​ត្រូវ​តែ​បន្ដ​ដំណើរ​របស់​ខ្ញុំ​ទៅ​មុខ​ទៀត ដ្បិត​មិន​គួរ​ឲ្យ​ព្យាការី*​ស្លាប់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។
៣៤ អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ ៣៥ ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បោះ‌បង់​ចោល។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថាៈ
“សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់
ព្រះ‌អង្គ​ដែល​យាង​មក ក្នុង​នាម​ព្រះ‌អម្ចាស់!”​»។
១៤
ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ
 មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈ‌ផារីស៊ី*​ម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះ‌អង្គ។  មាន​បុរស​ម្នាក់​កើត​ទាច ឈរ​នៅ​មុខ​ព្រះ‌អង្គ។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។  គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា ព្រះ‌យេស៊ូ​ហៅ​អ្នក​ជំងឺ​មក ហើយ​ប្រោស​គាត់​ឲ្យ​ជា រួច​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ។  បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​កូន ឬ​គោ ធ្លាក់​អណ្ដូង ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​ក៏​ដោយ ក៏​អ្នក​នោះ​ស្រង់​វា​ឡើង​ជា​បន្ទាន់​មិន​ខាន»។  គេ​ពុំ​អាច​ឆ្លើយ​តប​នឹង​ព្រះ‌អង្គ​អំពី​សេចក្ដី​ទាំង​នេះ​ឡើយ។
កុំ​ចង់​បាន​កន្លែង​កិត្តិ‌យស
 ព្រះ‌យេស៊ូ​សង្កេត​ឃើញ​ភ្ញៀវៗ​ចេះ​តែ​រើស​កន្លែង​កិត្តិ‌យស​អង្គុយ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖  «បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់‌លៀង ក្នុង​ពិធី​មង្គល‌ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយ​កន្លែង​ដែល​គេ​បម្រុង​ទុកសម្រាប់​ភ្ញៀវ​កិត្តិ‌យស ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ម្នាក់​ទៀត មាន​ឋានៈ​ខ្ពស់​ជាង​អ្នក។  ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​ឲ្យ​អ្នក​ទុក​កន្លែង​កិត្តិ‌យស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។ ១០ ដូច្នេះ បើ​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា “សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ” ពេល​នោះ អ្នក​នឹង​មាន​កិត្តិ‌យស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។ ១១ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។
ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ​មក​បរិភោគ
១២ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក ដែល​បាន​យាង​ព្រះ‌អង្គមក​សោយ​ព្រះ‌ស្ងោយ​នោះ​ថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្តី ល្ងាច​ក្តី កុំ​អញ្ជើញ​មិត្ត‌ភក្ដិ បង‌ប្អូន ញាតិ‌សន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាង ដែល​មាន​សម្បត្តិ​ស្ដុក‌ស្តម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។ ១៣ ផ្ទុយ​ទៅ​វិញ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់‌លៀង ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ មនុស្ស​ពិការ ខ្វិន​ខ្វាក់។ ១៤ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល​ជា​មិន​ខាន ដ្បិត​អ្នក​ទាំង​នោះ​ពុំ​អាច​តប​ស្នង​អ្នក​បាន​ឡើយ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នក នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។
ប្រស្នា​ស្ដី​អំពី​អ្នក​ក្រីក្រ​ជប់‌លៀង​ជំនួស​ភ្ញៀវ
(ម៉ាថាយ ២២.១-១០)
១៥ ក្រោយ​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ​ហើយ បុរស​ម្នាក់​ដែល​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «អ្នក​ណា​បាន​ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រាកដ​ជា​មាន​សុភមង្គល*​ហើយ!»។
១៦ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។ ១៧ លុះ​ដល់​ម៉ោង​ជប់‌លៀង លោក​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ភ្ញៀវ​ថា “ម្ហូប​អាហារ​បាន​រៀប‌ចំ​ស្រេច​ហើយ សូម​អញ្ជើញ​មក!”។ ១៨ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះ‌សា​បន្ដ​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចម្ការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។ ១៩ ម្នាក់​និយាយ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​តែ​ទៅ​ទឹម​វា​សាក​ល​មើល សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។ ២០ ម្នាក់​ទៀត​ពោល​ថា “ខ្ញុំ​ទើប​នឹង​រៀប‌ការ​ប្រពន្ធ ខ្ញុំ​ពុំ​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ឡើយ”។ ២១ អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទី‌ក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។ ២២ បន្ដិច​ក្រោយ​មក អ្នក​បម្រើ​ជម្រាប​ចៅហ្វាយ​វិញ​ថា “លោក​ម្ចាស់! ខ្ញុំ​បាទ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ តែ​កន្លែង​អង្គុយ​នៅ​មាន​សល់​ទៀត”។ ២៣ ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បម្រើ​ទៀត​ថា “ចូរ​ទៅ​តាម​ផ្លូវ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្ស‌ម្នា​ឲ្យ​ចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។ ២៤ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ គ្មាន​នរណា​ម្នាក់​បាន​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​របស់​ខ្ញុំ​ឡើយ!”»។
អំពី​របៀប​ដែល​ត្រូវ​តាម​ព្រះ‌យេស៊ូ
(ម៉ាថាយ ១០.៣៧-៣៨)
២៥ មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ‌យេស៊ូ។ ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ ២៦ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក‌ម្ដាយ ប្រពន្ធ កូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ។ ២៧ អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ដែរ។
២៨ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិត‌គូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា ២៩ ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញ មុខ​ជា​សើច​ចំអក​ឲ្យ​មិន​ខាន។ ៣០ គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។
៣១ ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ស្ដេច​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្ដេច​មាន​ទ័ព​មួយ‌ម៉ឺន​នាក់ តើ​ស្ដេច​អាច​ត‌ទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ‌ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា ៣២ បើ​ឃើញ​ថា​មិន​អាច​ត‌ទល់​បាន​ទេ នោះ​ស្ដេច​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្តិ‌ភាព ក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។
៣៣ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សាវ័ក*​របស់​ខ្ញុំ​បាន​ឡើយ»។
កុំ​ឲ្យ​បាត់​ជាតិ​ប្រៃ
(ម៉ាថាយ ៥.១៣ ម៉ាកុស ៩.៥០)
៣៤ «អំបិល​ជា​របស់​មួយ​សំខាន់​ណាស់។ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​វិញ​បាន?។ ៣៥ វា​គ្មាន​សារ​ប្រយោជន៍​អ្វី​ទៀត​ទេ ទោះ​បី​យក​ទៅ​លាយ​ដី ឬ​លាយ​ជី ក៏​មិន​កើត​ដែរ មាន​តែ​ចាក់​ចោល​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។
១៥
ប្រស្នា​អំពី​ចៀម​ដែល​បាត់ ហើយ​រក​ឃើញ​វិញ
(ម៉ាថាយ ១៨.១២-១៤)
 មាន​អ្នក​ទារ​ពន្ធ* និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។  ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​រអ៊ូ‌រទាំ​ថា៖ «មើល៍! អ្នក​នេះ​រាក់‌ទាក់​នឹង​មនុស្ស​បាប ព្រម​ទាំង​បរិភោគ​ជា​មួយ​គេ​ផង!»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​ប្រស្នា​នេះ​ថា៖  «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។  កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ ក  ត្រឡប់​មក​ផ្ទះ​វិញ ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ចៀម​របស់​ខ្ញុំ​ដែល​បាត់​ទៅ​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។  ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ‌ប្រែ​ចិត្ត​គំនិត ខ្លាំង​ជាង​ព្រះ‌អង្គ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​កែ‌ប្រែ​ចិត្ត​គំនិត»។
ប្រស្នា​អំពី​ប្រាក់​ដួង​ដែល​បាត់ ហើយ​រក​ឃើញ​វិញ
 «ម្យ៉ាង​ទៀត ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង* ហើយ​បាត់​មួយ​ដួង គាត់​មុខ​ជា​អុជ​ចង្កៀងបោស​ផ្ទះ​រក​ប្រាក់​នោះ គ្រប់​កៀន​កោះ​រហូត​ទាល់​តែ​បាន​ឃើញ​វិញ។  លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួង*​ដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ ១០ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវទូត*​របស់​ព្រះ‌ជាម្ចាស់​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ‌ប្រែ​ចិត្ត​គំនិត»។
ប្រស្នា​អំពី​កូន​ពៅ​ដែល​បាត់ ហើយ​រក​ឃើញ​វិញ
១១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មាន​បុរស​មួយ​រូប​មាន​កូន​ប្រុស​ពីរ​នាក់។ ១២ កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា “លោក​ឪពុក! សូម​ចែក​កេរ‌មត៌ក​ឲ្យ​កូន​មក”។ ឪពុក​ក៏​ចែក​មត៌ក​ឲ្យ​កូន។ ១៣ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យ‌សម្បត្តិ រួច​ចាក‌ចេញ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ស្រុក​នោះ កូន​ពៅ​បាន​ខ្ជះ‌ខ្ជាយ​បង្ហិន​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន​អស់​ទៅ។ ១៤ ពេល​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​អស់​ហើយ ជួន​ជា​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក កូន​ពៅ​នោះ​ចាប់‌ផ្ដើម​ខ្វះ​ខាត។ ១៥ គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់ គេ​ប្រើ​គាត់​ឲ្យ​មើល​ជ្រូក​តាម​ស្រែ​ចម្ការ។ ១៦ គាត់​ចង់​ចម្អែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​ឲ្យ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​បរិភោគ​ឡើយ។ ១៧ ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះ‌គិត​ក្នុង​ចិត្ត​ថា “អ្នក​បម្រើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរ‌ហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។ អញ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ឪពុក​អញ​វិញ ហើយ​ជម្រាប​គាត់​ថា លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ។ ១៩ មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បម្រើ​ចុះ”។ ២០ លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ត​អាណិត‌អាសូរ​ក្រៃ‌លែង ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។ ២១ កូន​ពៅ​ជម្រាប​ឪពុក​ថា “លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌ជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ មិន​គួរ​ឲ្យ​លោក​ឪពុក​រាប់​ខ្ញុំ​នេះជា​កូន​ទៀត​ទេ”។ ២២ ឪពុក​ប្រាប់​ពួក​អ្នក​បម្រើ​ថា “ចូរ​ទៅ​យក​សម្លៀក‌បំពាក់​ល្អៗ​បំផុត មក​ពាក់​ឲ្យ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង មក​ពាក់​ឲ្យ​ផង។ ២៣ ចូរ​យក​កូន​គោ​ដែល​យើង​បាន​បំប៉ន​ទុក មក​កាប់​ជប់‌លៀង​ឲ្យ​សប្បាយ​ចុះ ២៤ ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។
២៥ ពេល​នោះ កូន​ច្បង​នៅ​ឯ​ចម្ការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ដ្រី និង​ចម្រៀង​របាំ ២៦ គាត់​ហៅ​អ្នក​បម្រើ​ម្នាក់​មក​សួរ​ថា មាន​ការ​អ្វី​កើត​ឡើង។ ២៧ អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត”។ ២៨ កូន​ច្បង​ខឹង​ណាស់​មិន​ព្រម​ចូល​ផ្ទះ​ទេ ឪពុក​ចេញ​មក​អង្វរ​ឲ្យ​ចូល។ ២៩ កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា “ខ្ញុំ​បាន​នៅ​បម្រើ​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បង្គាប់​របស់​លោក​ត្រង់​ណា​ឡើយ តែ​លោក​មិន​ដែល​ឲ្យ​កូន​ពពែ ដើម្បី​ឲ្យ​ខ្ញុំ​កាប់​ជប់‌លៀង​ជា​មួយ​មិត្ត‌ភក្ដិ​ទាល់​តែ​សោះ សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។ ៣០ ពេល​កូន​លោក​ត្រឡប់​មក​វិញ លោក​បាន​កាប់​កូន​គោ​បំប៉ន​ទទួល​វា មើល៍ វា​នេះ បាន​បំផ្លាញ​ទ្រព្យ‌សម្បត្តិ​លោក​ទាំង​អស់​ជា​មួយ​ស្រី​ញី”។ ៣១ ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជា‌និច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។ ៣២ យើង​ត្រូវ​តែ​សប្បាយ​រីក‌រាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។
១៦
ប្រស្នា​អំពី​អ្នក​បម្រើ​ប៉ិន​បោក​បញ្ឆោត
 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក*​ថា៖ «មាន​សេដ្ឋី​មួយ​រូបបាន​ប្រគល់​មុខ‌ងារ​ឲ្យ​អ្នក​បម្រើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​របស់​លោក។ មាន​គេ​មក​ជម្រាប​លោក​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​លោក​យ៉ាង​ខ្ជះ‌ខ្ជាយ។  សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ខុស​ត្រូវ​មក​ប្រាប់​ថា “ចូរ​គិត​បញ្ជី​យក​មក​ឲ្យ​ខ្ញុំ អ្នក​មិន​អាច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​អ្នក មិន​ល្អ​សោះ”។  អ្នក​បម្រើ​នោះ​រិះ‌គិត​ក្នុង​ចិត្ត​ថា “ចៅហ្វាយ​លែង​ឲ្យ​អញ​ទទួល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​លោក​ទៀត​ហើយ។ តើ​អញ​គិត​ទៅ​ធ្វើ​ការ​អ្វី​វិញ​ហ្ន៎? អញ​គ្មាន​កម្លាំង​នឹង​កាប់​គាស់​ដី​ទេ បើ​ដើរ​សុំ​ទាន​ខ្មាស​គេ។  អូ៎! នឹក​ឃើញ​ហើយ គួរ​ធ្វើ​យ៉ាង​នេះ ដើម្បី​អ្នក​ស្រុក​ទទួល​អញ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ នៅ​ពេល​អញ​ឈប់​កាន់​កាប់​ការ‌ងារ​នេះ”។  គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។  កូន​បំណុល​នោះ​ឆ្លើយ​ថា “ប្រេង​មួយ‌រយ​ប៉ោត”។ អ្នក​បម្រើ​ប្រាប់​ថា “នេះ​នែ៎! យក​បញ្ជី​របស់​អ្នកហើយ​អង្គុយ​ចុះ សរសេរ​យ៉ាង​ប្រញាប់​ដាក់​ថា ជំពាក់​ហា‌សិប​ប៉ោត”។  បន្ទាប់​មក គាត់​សួរ​ម្នាក់​ទៀត​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ស្រូវ​ប្រាំ‌រយ​ថាំង”។ អ្នក​បម្រើ​ប្រាប់​ថា “នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​សរសេរ​ដាក់​ថា ជំពាក់​បួន‌រយ​ថាំង”។  ម្ចាស់​ក៏​សរសើរ​អ្នក​បម្រើ​ដែល​ប៉ិន‌ប្រសប់​បោក​បញ្ឆោត។ មនុស្ស​ក្នុង​លោក​នេះ​តែង‌តែ​ប៉ិន‌ប្រសប់​រក​ស៊ី​ជា​មួយ​គ្នា ជាង​អស់​អ្នក​ដែល​ស្គាល់​ពន្លឺ​របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។
សម្បត្តិ​លោកីយ៍ និង​សម្បត្តិ​សួគ៌
«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះទៅ​ធ្វើ​ទាន ដើម្បី​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ មិត្ត‌ភក្ដិ​ទាំង​នោះនឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ១០ អ្នក​ណា​ស្មោះ‌ត្រង់​ក្នុង​កិច្ច‌ការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ‌ត្រង់​ក្នុង​កិច្ច‌ការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ច‌ការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ច‌ការ​ធំ​ដុំ​ដែរ។ ១១ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​ក្នុង​របៀប​ប្រើ‌ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល បញ្ឆោត​ចិត្ត​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​បាន​ដែរ។ ១២ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​នឹង​ទ្រព្យ‌សម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន! ១៣ គ្មាន​អ្នក​ណា​អាច​បម្រើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់ ស្រឡាញ់​ម្នាក់ ស្មោះ‌ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។
វិន័យ និង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់
(ម៉ាថាយ ១១.១២-១៣, ៥.៣១-៣២ ម៉ាកុស ១០.១១-១២)
១៤ កាល​ពួក​ខាង​គណៈ‌ផារីស៊ី*​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។ ១៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែង‌តែ​សម្ដែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ១៦ គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​បាន​ប្រៀន‌ប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​លោក​យ៉ូហាន‌បាទីស្ដ​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​មនុស្ស‌ម្នា​បាន​ឮ​ដំណឹង‌ល្អ* អំពី​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។ ១៧ ផ្ទៃ​មេឃ​ផែន‌ដី​នឹង​រលាយ​សូន្យ​ទៅ តែ​វិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ​តួ​អក្សរ​មួយ​ដ៏​តូច ក៏​មិន​រលាយ​បាត់​ផង។
១៨ បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។
បុរស​អ្នក​មាន និង​ឡាសារ​ជា​អ្នក​ក្រ
១៩ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។ ២០ មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។ ២១ អ្នក​ឡាសារ​ចង់​បរិភោគ​កម្ទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។ ២២ ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ទេវទូត*​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ២៣ នៅ​ស្ថាន​មនុស្ស​ស្លាប់ អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណ‌កម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ​ឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឃើញ​អ្នក​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។ ២៤ គាត់​ស្រែក​អង្វរ​លោក​អប្រាហាំ​ថា “លោក​ឪពុក​អើយ! សូម​អាណិត​មេត្តា​ខ្ញុំ​ផង។ សូម​លោក​ឪពុក​ប្រាប់​ឡាសារ​ឲ្យ​យក​ម្រាម​ដៃ​ជ្រលក់​ទឹក បន្ដក់​លើ​អណ្ដាត​ខ្ញុំ​បន្ដិច ព្រោះ​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​ឈឺ​ចុក‌ចាប់​ណាស់”។ ២៥ លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក‌ចាប់។ ២៦ ម្យ៉ាង​ទៀត មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​អ្នក​រាល់​គ្នា ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​អ្នក​រាល់​គ្នា​មក​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ”។ ២៧ អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្តា​ចាត់​ឡាសារ​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង ២៨ ខ្ញុំ​មាន​បង‌ប្អូន​ប្រាំ​នាក់។ សូម​ឲ្យ​ឡាសារ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន កុំ​ឲ្យ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណ‌កម្ម​នេះ”។ ២៩ លោក​អប្រាហាំ​ឆ្លើយ​ថា “បង‌ប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ពួក​ព្យាការី​ហើយ ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។ ៣០ អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា “ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ‌ប្រែ​ចិត្ត​គំនិត”។ ៣១ ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀន‌ប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀន‌ប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។
១៧
កុំ​នាំ​គេ​ប្រព្រឹត្ត​អំពើ​បាប
(ម៉ាថាយ ១៨.៦-៧, ២១-២២ ម៉ាកុស ៩.៤២)
 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក*​ថា៖ «មាន​មូល​ហេតុ​ជា​ច្រើន ដែល​តែង‌តែ​បណ្ដាល​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ។  ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក ទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូច‌តាច​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប។  ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន! ប្រសិន​បើ​បង‌ប្អូន​ណា​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​កែ‌ប្រែ​ចិត្ត​គំនិត ចូរ​អត់‌ទោស​ឲ្យ​គាត់​ទៅ។  ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំ​ពីរ​ដង ដោយ​ពោល​ថា “ខ្ញុំ​ស្ដាយ​ដោយ​បាន​ធ្វើ​ខុស” ចូរ​អត់‌ទោស​ឲ្យ​គាត់​ទៅ»។
អំពី​ជំនឿ
 ពួក​គ្រីស្ត‌ទូត*​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អង្គ​ប្រទាន​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត ហើយ​បើ​អ្នក​រាល់​គ្នា​និយាយ​ទៅ​កាន់​ដើម​ឈើ​នេះ​ថា “ចូរ​រំលើង​ឫស​ឯង ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ!” វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​មិន​ខាន»។
ភារ‌កិច្ច​របស់​អ្នក​បម្រើ
 «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បម្រើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ” ទេ។  ផ្ទុយ​ទៅ​វិញ ម្ចាស់​តែង‌តែ​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ចូរ​រៀប‌ចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោ‌អាវ​មក​បម្រើ​ខ្ញុំ ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។  ម្ចាស់​មិន​ដែល​អរ‌គុណ​អ្នក​បម្រើ ដែល​បាន​ធ្វើ​តាម​បង្គាប់​ខ្លួន​នោះ​ឡើយ។ ១០ រីឯ​អ្នក​រាល់​គ្នា​វិញ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​សព្វ​គ្រប់​ហើយ ចូរ​ពោល​ថា “យើង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ធម្មតា​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​បាន​បំពេញ​កិច្ច‌ការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ”»។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ដប់​នាក់​ឲ្យ​ជា
១១ កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​យាង​កាត់​តាម​ស្រុក​សាម៉ារី និង​ស្រុក​កាលី‌ឡេ។ ១២ ពេល​ព្រះ‌អង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​ព្រះ‌អង្គ។ គេ​ឈរ​ពី​ចម្ងាយ ១៣ ស្រែក​ឡើង​ថា៖ «លោក​គ្រូ​យេស៊ូ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។ ១៤ ព្រះ‌យេស៊ូ​ទត​មើល​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​បូជា‌ចារ្យ*​ឃើញ​ចុះ»។ ពេល​អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ គេ​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ*​ទាំង​អស់​គ្នា។ ១៥ ពេល​ឃើញ​ខ្លួន​បាន​ជា​សះ‌ស្បើយ​ដូច្នេះ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះត្រឡប់​មក​វិញ ទាំង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ​ផង។ ១៦ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ឱន​ក្បាល​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។ ១៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ទាំង​ដប់​នាក់​មិន​បាន​ជា​ស្អាត​បរិសុទ្ធ​គ្រប់ៗ​គ្នា​ទេឬ ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា? ១៨ មាន​តែ​ជន​បរទេស​ម្នាក់​វិល​ត្រឡប់​មក​វិញ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់!»។ ១៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ»។
ទី​សម្គាល់​អំពី​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់
(ម៉ាថាយ ២៤.២៣-២៨, ៣៧-៤១)
២០ ពួក​ខាង​គណៈ‌ផារីស៊ី*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា ព្រះ‌ជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​មិន‌មែន​មក តាម​បែប​ដែល​មនុស្ស​អាច​មើល​ឃើញ​នឹង​ភ្នែក​ឡើយ។ ២១ គេ​ពុំ​អាច​ពោល​ថា “ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នេះ ឬ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នៅ​ទី​នោះ” បាន​ទេ។ ចូរ​ដឹង​ថា ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។ ២២ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក*​ថា៖ «ពេល​ក្រោយ អ្នក​រាល់​គ្នា​ចង់​ឃើញ​ថ្ងៃ​ដែល​បុត្រ​មនុស្ស*​យាង​មក សូម្បី​តែ​មួយ​ថ្ងៃ​ក៏​បាន​ដែរ តែ​អ្នក​រាល់​គ្នា​ពុំ​ឃើញ​ឡើយ។ ២៣ពេល​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អង្គ​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​រត់​ទៅ​ឲ្យ​សោះ។ ២៤ បុត្រ​មនុស្ស​នឹង​យាង​មកប្រៀប​បី​ដូច​ជា​ផ្លេក‌បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។ ២៥ ប៉ុន្តែ បុត្រ​មនុស្ស​ត្រូវ​តែ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ជា​មុន​សិន ហើយ​មនុស្ស​សម័យ​ឥឡូវ​នេះ​នឹង​បោះ‌បង់​លោក​ចោល។ ២៦ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​នៅ​ជំនាន់​លោក​ណូអេ*​ដែរ។ ២៧ កាល​ណោះ មនុស្ស‌ម្នា​គិត​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​មនុស្ស​អស់​។ ២៨ នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​ជំនាន់​លោក​ឡុត*​​ដែរ កាល​ណោះ​មនុស្ស‌ម្នា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ។ ២៩ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចាក‌ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់‌ធ័រ​បង្អុរ​ពី​លើ​មេឃ​មកដូច​ភ្លៀង បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា​ទៅ។ ៣០ នៅ​ថ្ងៃ​ដែល​បុត្រ​មនុស្ស​បង្ហាញ​ខ្លួន ក៏​នឹង​មាន​ហេតុ‌ការណ៍​ដូច្នោះ​ដែរ។ ៣១ នៅ​ថ្ងៃ​នោះ អ្នក​នៅ​លើ​ដំបូល​ផ្ទះ ហើយ​មាន​របស់​របរ​ទុក​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ។ រីឯ​អ្នក​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឲ្យ​សោះ។ ៣២ ចូរ​នឹក​ចាំ​អំពី​រឿង​ដែល​កើត​មាន​ដល់​ភរិយា​លោក​ឡុត។ ៣៣ អ្នក​ដែល​ខំ​រក្សា​ជីវិត​របស់​ខ្លួន​នឹង​បាត់‌បង់​ជីវិត រីឯ​អ្នក​ដែល​បាត់‌បង់​ជីវិត នឹង​បាន​រួច​ជីវិត​វិញ។ ៣៤ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ បើ​មាន​ពីរ​នាក់​ដេក​លើ​គ្រែ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ ៣៥ បើ​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ [ ៣៦ បើ​មាន​បុរស​ពីរ​នាក់​នៅ​ក្នុង​ចម្ការ ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ]»។
៣៧ ពួក​សាវ័ក*​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ហេតុ‌ការណ៍​ទាំង​នេះនឹង​កើត​មាន​នៅ​ទី​ណា?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ»។
១៨
ប្រស្នា​អំពី​ចៅ‌ក្រម និង​ស្ត្រី​មេ‌ម៉ាយ
 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា ពន្យល់​សាវ័ក*​ឲ្យ​ដឹង​ថា ត្រូវ​តែ​អធិ‌ស្ឋាន​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖
 «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ជា​មនុស្ស​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។  មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។  ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្តី​ឲ្យ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ  ក៏​អញ​ត្រូវ​តែ​កាត់​ក្តី​ឲ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្តី​ឲ្យ​គាត់​ទេ មុខ​ជា​គាត់​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ចូរ​ពិចារណា​ពាក្យ​របស់​ចៅ‌ក្រម​ដ៏​អាក្រក់​នេះ​ចុះ។  ចំណង់​បើ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​រឹត​តែ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ហើយ​ដែល​អង្វរ​ព្រះ‌អង្គ ទាំង​យប់ ទាំង​ថ្ងៃ ព្រះ‌អង្គ​គ្រាន់​តែ​បង្អង់​ប៉ុណ្ណោះ​។  ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​គេ ក្នុង‌រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រ​មនុស្ស*​មក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែន‌ដី​នេះ​ឬ​ទេ?»។
បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី និង​អ្នក​ទារ​ពន្ធ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀតទៅ​កាន់​អ្នក​ខ្លះ ដែល​នឹក​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ហើយ​បែរ​ជា​មើល‌ងាយ​អ្នក​ដទៃ។ ១០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិ‌ស្ឋាន*​ក្នុង​ព្រះ‌វិហារ*។ ម្នាក់​ខាង​គណៈ‌ផារីស៊ី* ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ*។ ១១ បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​អធិ‌ស្ឋាន​ក្នុង​ចិត្ត​ថា “បពិត្រ​ព្រះ‌ជាម្ចាស់ ទូល‌បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជន​ឯ​ទៀតៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ទូល‌បង្គំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ ១២ ទូល‌បង្គំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ហើយ​ទូល‌បង្គំ​ថ្វាយ​របស់​អ្វីៗ​ទាំង​អស់ ដែល​ទូល‌បង្គំ​រក​បាន មួយ​ភាគ​ដប់​ដល់​ព្រះ‌អង្គ”។ ១៣ រីឯ​អ្នក​ទារ​ពន្ធ គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង ទូល​ថា “ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទូល‌បង្គំ​ជា​មនុស្ស​បាប​ផង”។ ១៤ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ប្រោស​អ្នក​ទារ​ពន្ធ​នេះ​ឲ្យ​បាន​សុចរិត ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ រីឯ​បុរស​ខាង​គណៈ‌ផារីស៊ី​មិន​បាន​សុចរិត​ទេ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។
ព្រះ‌យេស៊ូ​ប្រទាន​ពរ​ឲ្យ​ក្មេងៗ
(ម៉ាថាយ ១៩.១-១៥ ម៉ាកុស ១០.១៣-១៦)
១៥ មាន​មនុស្ស‌ម្នា​បី​ទារក​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា។ ឃើញ​ដូច្នោះ ពួក​សាវ័ក*​ស្ដី​បន្ទោស​គេ ១៦ តែ​ព្រះ‌យេស៊ូ​សុំ​ឲ្យ​គេ​យក​ទារក​ទាំង​នោះ​មក​ជិត​ព្រះ‌អង្គ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេង​ទាំង​នេះ​ទេ ទើប​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។ ១៧ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ដូច​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌អង្គ​មិន​បាន​ឡើយ»។
អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប‌ជានិច្ច
(ម៉ាថាយ ១៩.១៦-៣០ ម៉ាកុស ១០.១៧-៣១)
១៨ មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច ទុក​ជា​មត៌ក?»។ ១៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ថា​ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ ២០ លោក​ស្គាល់​វិន័យ*​ស្រាប់​ហើយ​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស ចូរ​គោរព​មាតា‌បិតា”»២១ បុរស​នោះ​ទូល​ព្រះ‌យេស៊ូ​ថា “ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម​វិន័យ​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។ ២២ ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​សល់​កិច្ច‌ការ​មួយ​ទៀត​ដែល​លោក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ។ ធ្វើ​ដូច្នេះ លោក​នឹង​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ​ចុះ»។ ២៣ ពេល​នាម៉ឺន​នោះ​ឮ​ដូច្នេះ គាត់​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ដ្បិត​គាត់​ជា​អ្នក​មាន​ស្ដុក‌ស្តម្ភ។ ២៤ កាល​ព្រះ‌យេស៊ូ​ឃើញ​គាត់​ព្រួយ​ចិត្ត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ណាស់ ២៥ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ ២៦ អស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គពោល​ឡើង​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ២៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះ‌ជាម្ចាស់​ធ្វើ​កើត​ទាំង​អស់»។ ២៨ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ អ្វីៗ​ដែល​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​ទាំង​អស់ ហើយ​មក​តាម​ព្រះ‌អង្គ»។ ២៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង ប្រពន្ធ កូន ឪពុក‌ម្ដាយ និង​បង‌ប្អូន ដោយ​យល់​ដល់​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ ៣០ អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើស‌លប់នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់​កល្ប‌ជានិច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។
ព្រះ‌យេស៊ូ​ប្រកាស​អំពី​ព្រះ‌អង្គ​សោយ​ទិវង្គត
(ម៉ាថាយ ២០.១៧-១៩ ម៉ាកុស ១០.៣២-៣៤)
៣១ ព្រះ‌យេស៊ូ​នាំ​សាវ័ក*​ទាំង​ដប់‌ពីរ​រូបចេញ​ទៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម អ្វីៗ​ទាំង​អស់​ដែល​ព្យាការី*​បាន​ចែង​ទុកអំពី​បុត្រ​មនុស្ស* នឹង​កើត​មាន​នៅ​ទី​នោះ ៣២ គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​ត្មះ‌តិះ‌ដៀល​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ ៣៣ គេ​នឹង​យក​រំពាត់​វាយ​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ ៣៤ ពួក​សាវ័ក​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឲ្យ​ភ្លឺ
(ម៉ាថាយ ២០.២៩-៣៤ ម៉ាកុស ១០.៤៦-៥២)
៣៥ កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។ ៣៦ ពេល​គាត់​ឮ​ស្នូរ​បណ្ដា‌ជន​ដើរ​តាម​នោះ គាត់​សួរ​គេ​ថា​មាន​រឿង​អ្វី ៣៧ គេ​ប្រាប់​គាត់​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​យាង​មក​តាម​ផ្លូវ​នោះ។ ៣៨ មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង!»។ ៣៩ ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង!»។ ៤០ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​បញ្ជា​គេ​ឲ្យ​នាំ​គាត់​ចូល​មក​ជិត​ព្រះ‌អង្គ។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ ៤១ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ភ្នែក​ទូល‌បង្គំបាន​ភ្លឺ​ឡើង​វិញ​ផង»។ ៤២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ចូរ​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ»។ ៤៣ រំពេច​នោះ គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះ‌យេស៊ូ​ទាំង​លើក​តម្កើង សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ ប្រជាជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។
១៩
ព្រះ‌យេស៊ូ និង​លោក​សាខេ
 ព្រះ‌យេស៊ូ​មក​ដល់​ក្រុង​យេរីខូ ហើយ​យាង​កាត់​ទី‌ក្រុង។  មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​អ្នក​ទារ​ពន្ធ* គាត់​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន។  គាត់​ចង់​ឃើញ​ព្រះ‌យេស៊ូ​មាន​ភិន‌ភាគ​យ៉ាង​ណា ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក ហើយ​ដោយ​គាត់​មាន​មាឌ​តូច​ទៀត​ផង​នោះ គាត់​មើល​ព្រះ‌អង្គ​មិន​ឃើញ​ទេ។  គាត់​រត់​ទៅ​ខាង​មុខ ឡើង​ដើម​ឈើ​មួយ​ដើម ចាំ​មើល​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​ត្រូវ​យាង​កាត់​តាម​នោះ។  កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​សាខេ​អើយ! សូម​អញ្ជើញ​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក»។  លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ព្រះ‌យេស៊ូ​ដោយ​អំណរ។  កាល​មនុស្ស​ទាំង​អស់​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖ «មើល៍! លោក​នេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប!»។  លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូល‌បង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូល‌បង្គំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូល‌បង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូល‌បង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ដ្បិត​បុរស​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដែរ។ ១០ បុត្រ​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់‌បង់»។
ប្រស្នា​អំពី​ប្រាក់​ណែន
(ម៉ាថាយ ២៥.១៤-៣០)
១១ កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌អង្គ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​ជា​មិន​ខាន។ ១២ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជា‌ភិសេក។ កាល​ណា​ទទួល​រាជា‌ភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។ ១៣ មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​បាន​ហៅ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ប្រគល់​ប្រាក់​ឲ្យ​គេ​មួយ​ណែន​​ម្នាក់ៗ ទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។ ១៤ រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។
១៥ លុះ​បាន​ទទួល​រាជា‌ភិសេក​ហើយ ព្រះ‌រាជា​ក៏​យាង​ត្រឡប់​មក​វិញ។ ព្រះ‌រាជា​កោះ​ហៅ​អ្នក​បម្រើ​ទាំង​ដប់​នាក់ ដែល​ស្ដេច​បាន​ប្រគល់​ប្រាក់​ណែន​នោះ មក​សួរ ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។ ១៦ អ្នក​បម្រើ​ទី​មួយ​ចូល​មក​គាល់ ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះ‌អង្គ​ប្រទាន​មក ទូល‌បង្គំ​ចំណេញ​បាន​ដប់​ណែន”។ ១៧ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​អើយ យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ដប់ ដ្បិត​អ្នក​បាន​ស្មោះ‌ត្រង់​នឹង​កិច្ច‌ការ​មួយ​ដ៏​តូច​នេះ”។ ១៨ អ្នក​បម្រើ​ទី​ពីរ​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះ‌អង្គ​ប្រទាន​មក ទូល‌បង្គំ​ចំណេញ​បាន​ប្រាំ​ណែន”។ ១៩ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា “យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ប្រាំ”។ ២០ អ្នក​បម្រើ​ម្នាក់​ទៀត​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ នេះ​នែ៎​ប្រាក់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង។ ២១ ទូល‌បង្គំ​នឹក​ខ្លាច​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រិត‌ប្រៀង​ណាស់។ ព្រះ‌អង្គ​តែង​ប្រមូល​យក​អ្វីៗ​ដែល​មិន‌មែន​ជា​របស់​ព្រះ‌អង្គ ហើយ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ព្រះ‌អង្គ​មិន​បាន​សាប​ព្រោះ”។ ២២ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​បម្រើ​នោះ​ថា “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នកឲ្យ​ស្រប​តាម​ពាក្យ​សម្ដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន‌មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ ២៣ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​យក​ប្រាក់​របស់​យើង​ទៅ​ចង​ការ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ទាំង​ដើម ទាំង​ការ នៅ​ពេល​យើង​ត្រឡប់​មក​វិញ?”។ ២៤ បន្ទាប់​មក ព្រះ‌រាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។ ២៥ អ្នក​ទាំង​នោះ​ទូល​ស្ដេច​ថា “បពិត្រ​ព្រះ‌អម្ចាស់! គាត់​មាន​ប្រាក់​ដប់​ណែន​ហើយ”។ ២៦ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​តប​ថា “យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន សូម្បី​តែ​បន្ដិច‌បន្តួច​ក៏​មិន​សល់​ផង។ ២៧ ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។
ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​យេរូ‌សាឡឹម
(មថ.២១.១-១១ មក.១១.១-១១ យហ.១២.១២-១៩)
២៨ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​យាង​នាំ​មុខ​បណ្ដា‌ជន ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ ២៩ លុះ​ព្រះ‌អង្គ​យាង​ជិត​ដល់​ភូមិ​បេតផាសេ និង​ភូមិ​បេត‌ថានី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សាវ័ក*​ពីរ​រូប​ឲ្យ​ទៅ​មុន ៣០ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ ពេល​អ្នក​ទៅ​ដល់ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ពុំ​ទាន់​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។ ៣១ ប្រសិន​បើ​មាន​គេ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?” ចូរ​ឆ្លើយ​ទៅ​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា”»។ ៣២ សាវ័ក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​មែន។ ៣៣ ពេល​គេ​កំពុង​ស្រាយ​កូន​លា ម្ចាស់​វា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​លា​នេះ?» ៣៤ សាវ័ក​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​ត្រូវ​ការ​វា»។ ៣៥ បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា​ថ្វាយ​ព្រះ‌អង្គ​គង់។ ៣៦ នៅ​ពេល​ព្រះ‌អង្គ​យាង​ទៅ​មុខ មនុស្ស‌ម្នា​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។ ៣៧ កាល​ព្រះ‌យេស៊ូ​យាង​តាម​ផ្លូវ​ដែល​ចុះ​ពី​ភ្នំ​ដើម​អូលីវ មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម មាន​សាវ័ក​ច្រើន​កុះ‌ករ​អរ​សប្បាយ នាំ​គ្នា​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ឃើញ។ ៣៨ គេ​ពោល​ថា៖
«សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់
ព្រះ‌មហា​ក្សត្រ​ដែល​យាង​មក
ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
សូម​សន្តិ‌ភាព​កើត​ពី​ស្ថាន​បរម‌សុខ*​មក
សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ
នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»​។
៣៩ មាន​អ្នក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ ដែល​នៅ​ក្នុង​ចំណោម​បណ្ដា‌ជន ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ សូម​ឃាត់​សិស្ស​របស់​លោក​ឲ្យ​នៅ​ស្ងៀម​ផង!»។ ៤០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​មុខ​ជា​ស្រែក​ជំនួស​គេ​វិញ​មិន​ខាន»។
ព្រះ‌យេស៊ូ​សោក‌សៅ​ស្រណោះ​ក្រុង​យេរូ‌សាឡឹម
៤១ កាល​ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​ទត​ឃើញ​ទី‌ក្រុង ហើយ​ព្រះ‌អង្គ​ព្រះ‌កន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ ៤២ «យេរូ‌សាឡឹម​អើយ! គួរ​ឲ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ ដោយ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ អ្នក​ពុំ​អាច​មើល​ឃើញ​បាន​ទេ។ ៤៣ នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស ៤៤ គេ​នឹង​កម្ទេច​អ្នក​ចោល ព្រម​ទាំង​សម្លាប់​អ្នក​ក្រុង​ឲ្យ​វិនាស​បង់​ផង។ គេ​មិន​ទុក​ឲ្យ​ដុំ​ថ្ម នៅ​ត្រួត​ពី​លើ​គ្នា ក្នុង​ក្រុង​ទៀត​ឡើយ ដ្បិត​អ្នក​ពុំ​បាន​ទទួល​ស្គាល់​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​បាន​យាង​មក​សង្គ្រោះ​អ្នក​ទេ»។
ព្រះ‌យេស៊ូ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះ‌វិហារ*
(មថ.២១.១២-១៧ មក.១១.១៥-១៩ យហ.២.១៣-២២)
៤៥ ព្រះ‌យេស៊ូ​យាង​ចូល​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ ៤៦ ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​អធិ‌ស្ឋាន” តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ»។
៤៧ ព្រះ‌យេស៊ូ​បាន​បង្រៀន​គេនៅ​ក្នុង​ព្រះ‌វិហារ ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​នាយក​បូជា‌ចារ្យ* ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​មន្ត្រី នាំ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌អង្គ។ ៤៨ ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជាជន​ទាំង​មូល​ប្រឹង​ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ដោយ​យក​ចិត្ត​ទុក​ដាក់។
២០
អំណាច​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ២១.២៣-២៧ ម៉ាកុស ១១.២៧-៣៣)
 ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះ‌វិហារ ព្រម​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* មាន​ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​បណ្ឌិត​ខាង​វិន័យ* នាំ​គ្នា​មក​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ  ទូល​សួរ​ព្រះ‌អង្គ​ថា៖ «សុំ​លោក​ប្រាប់​ឲ្យ​យើង​ដឹង​ផង លោក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី? តើ​នរណា​ប្រគល់​អំណាច​ឲ្យ​លោក?»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ដល់​អស់​លោក​ដែរ សូម​ប្រាប់​ខ្ញុំ​មើល៍  តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។  គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?”។  បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​ឲ្យ​មក” ប្រជាជន​ទាំង​មូល​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​មិន​ខាន ដ្បិត​គេ​ជឿ‌ជាក់​ថា លោក​យ៉ូហាន​ពិត​ជា​ព្យាការី*​មែន»។  ដូច្នេះ គេ​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ មិន​ដឹង​ជា​អ្នក​ណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ឡើយ»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។
ប្រស្នា​អំពី​អ្នក​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ
(ម៉ាថាយ ២១.៣៣-៤៦ ម៉ាកុស ១២.១-១២)
បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ប្រជាជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង‌បាយ‌ជូរ​មួយ​ចម្ការ ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​អស់‌រយៈ​ពេល​យ៉ាង​យូរ។ ១០ លុះ​ដល់​ទំពាំង‌បាយ‌ជូរ​ទុំ គាត់​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ជួប​ពួក​អ្នក​ថែ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់ ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​បម្រើ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ ១១ ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​នេះ​ដែរ ហើយ​ជេរ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ ១២ គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក​ជា​លើក​ទី​បី។ អ្នក​ថែ​ចម្ការ​បាន​វាយ‌ដំ​អ្នក​បម្រើ​នេះ​ឲ្យ​របួស ហើយ​បោះ​ទៅ​ខាង​ក្រៅ​ចម្ការ។ ១៣ ម្ចាស់​ចម្ការ​គិត​ថា “តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ​ម្ដង គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ខ្ញុំ​ពុំ‌ខាន”។ ១៤ ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​សម្លាប់​វា​ចោល ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ ១៥ គេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចម្ការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដល់​អ្នក​ទាំង​នោះ?។ ១៦ គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​នេះ គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។ ១៧ ព្រះ‌យេស៊ូ​ទត​សម្លឹង​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថាៈ
“ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត”
តើ​ពាក្យ​នេះ​មាន​ន័យ​ដូច​ម្ដេច?។ ១៨ អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់‌បែក​ខ្ទេច‌ខ្ទាំ​មិន​ខាន។ បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កម្ទេច​អ្នក​នោះ​ឲ្យ​ស្លាប់​ជា​ប្រាកដ​ដែរ»។
អំពី​ពន្ធ​ដារ
(ម៉ាថាយ ២២.១៥-២២ ម៉ាកុស ១២.១៣-១៧)
១៩ ពេល​នោះ ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​នាយក​បូជា‌ចារ្យ* រក​មធ្យោ‌បាយ​ចាប់​ព្រះ‌យេស៊ូ ដ្បិត​គេ​យល់​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ ពួក​គេ​ខ្លាច​ប្រជាជន។ ២០ ពួក​គេ​នាំ​គ្នា​ឃ្លាំ​មើល​ព្រះ‌យេស៊ូ ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម​ដាន​យក​ការណ៍​ពី​ព្រះ‌អង្គ។ អ្នក​ទាំង​នោះ​តាំង​ខ្លួន​ជា​មនុស្ស​ប្រកាន់​ឫក‌ពា​ត្រឹម‌ត្រូវ ចាំ​ចាប់​កំហុស​ព្រះ‌យេស៊ូ នៅ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ដើម្បី​ចាប់​បញ្ជូន​ព្រះ‌អង្គ​ទៅ​អាជ្ញា‌ធរ និង​ទៅ​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។ ២១ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​លោក​គ្រូ​មាន​ប្រសាសន៍ និង​ពាក្យ​ដែល​លោក​គ្រូ​ប្រៀន‌ប្រដៅ​សុទ្ធ​តែ​ត្រឹម‌ត្រូវ​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​សេចក្ដី​ពិតអំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ។ ២២ សូម​លោក​ប្រាប់​យើង​ខ្ញុំ​ផង តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។
២៣ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត​ត្បុត​របស់​ពួក​គេ ទើប​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ២៤ «ចូរ​បង្ហាញ​ប្រាក់​មួយ​កាក់​ឲ្យ​ខ្ញុំ​មើល​មើល៍ តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។ ២៥ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។
២៦ អ្នក​ទាំង​នេះ​ពុំ​អាច​ចាប់​កំហុស​ព្រះ‌អង្គ នៅ​ពេល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នៅ​មុខ​ប្រជាជន​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ‌បន្ទូល‌ឆ្លើយ​តប​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់ ហើយ​គេ​ក៏​នៅ​ស្ងៀម។
អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
(ម៉ាថាយ ២២.២៣-៣៣ ម៉ាកុស ១២.១៨-២៧)
២៧ មាន​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី*​ខ្លះចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ ២៨ «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន២៩ ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ​ពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀប‌ការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។ ៣០ ប្អូន​បន្ទាប់ រួច​ប្អូន​ទី​បី ក៏​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ​នោះ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។ ៣១ បន្ទាប់​មក បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់​បាន​រៀប‌ការ​នឹង​ស្ត្រី​នោះ ហើយ​គ្រប់​គ្នា​បាន​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។ ៣២ នៅ​ទី​បំផុត ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។ ៣៣ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់ សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។ ៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ៣៥ ប៉ុន្តែ អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នៅ​លោក​ខាង​មុខ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។៣៦ អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវទូត*។ គេ​ជា​បុត្រ​ធីតា​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។ ៣៧ លោក​ម៉ូសេ​បាន​ចែង​ទុក​យ៉ាង​ច្បាស់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ត្រង់​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា គឺ​លោក​ហៅ​ព្រះ‌អម្ចាស់​ថា ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប៣៨ ព្រះ‌ជាម្ចាស់​មិន‌មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។ ៣៩ ពួក​បណ្ឌិត​ខាង​វិន័យ*​ខ្លះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រឹម‌ត្រូវ​ល្អ​ណាស់»។៤០ បន្ទាប់​មក គេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះ‌អង្គអំពី​រឿង​អ្វី​ទៀត​ឡើយ។
ព្រះ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់​លើ​ស្ដេច​ដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ ម៉ាកុស ១២.៣៥-៣៧)
៤១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស‌ម្នា​ថា ព្រះ‌គ្រីស្ដ*​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ? ៤២ ដ្បិត​ក្នុង​គម្ពីរ​ទំនុក‌តម្កើង ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថាៈ
“ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌អម្ចាស់
របស់​ខ្ញុំ​ថា សូម​គង់​នៅ​ខាង​ស្ដាំ​យើង
៤៣ ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ”
៤៤ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ដ​ថា ព្រះ‌អម្ចាស់ ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រីស្ដ​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​ពុត​ត្បុត​របស់​ពួក​បណ្ឌិត​ខាង​វិន័យ
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.៣៨-៤០)
៤៥ នៅ​ពេល​ប្រជាជន​ទាំង​មូល​កំពុង​ស្ដាប់​ព្រះ‌អង្គ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ ៤៦ «ចូរ​ប្រយ័ត្ន​នឹង​ពួក​បណ្ឌិត​ខាង​វិន័យ*​ឲ្យ​មែន‌ទែន ពួក​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិ‌យស​នៅ​ពេល​ជប់‌លៀង។ ៤៧ អ្នក​ទាំង​នោះ តែង​នាំ​គ្នា​ឆ‌បោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។
២១
តង្វាយ​របស់​ស្ត្រី​មេ‌ម៉ាយ
(ម៉ាកុស ១២.៤១-៤៤)
 ព្រះ‌យេស៊ូ​ទត​ឃើញ​ពួក​អ្នក​មាន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជាម្ចាស់។  ព្រះ‌អង្គ​ទត​ឃើញ​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​យក​ប្រាក់​ពីរ​សេន មក​ដាក់​ក្នុង​ហិប​នោះ​ដែរ។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់  ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំ‌បាច់​សម្រាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជាម្ចាស់​ដែរ»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​ការ​បំផ្លាញ​ព្រះ‌វិហារ និង​ហេតុ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
(ម៉ាថាយ ២៤.១-១៤ ម៉ាកុស ១៣.១-១៣)
 អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖  «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់‌បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។
 គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ​អើយ! ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «ចូរ​ប្រុង‌ប្រយ័ត្ន កុំ​បណ្ដោយ នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ដ*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។  កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះ‌បោរ មិន​ត្រូវ​ភ័យ​តក់‌ស្លុត​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព‌លោក​ភ្លាមៗ​ទេ»។ ១០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត១១ នឹង​មាន​រញ្ជួយ​ផែន‌ដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗបណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។ ១២ ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។ ១៣ ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព​ទៅ​វិញ។ ១៤ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការ‌ពារ​ខ្លួន​ធ្វើ​អ្វី ១៥ ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង អាច​ប្រកែក​ត‌ទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។ ១៦ សូម្បី​តែ​ឪពុក‌ម្ដាយ បង‌ប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឲ្យ​គេ​សម្លាប់​ផង​ដែរ។ ១៧ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ១៨ ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ ១៩ អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​ការ​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម
(ម៉ាថាយ ២៤.១៥-២១ ម៉ាកុស ១៣.១៤-១៩)
២០ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។ ២១ ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ រីឯ​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ត្រូវ​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ស្រុក​ស្រែ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។ ២២ គ្រា​នោះ ជា​គ្រា​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ ២៣ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​នេះ។ ២៤ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម ឲ្យ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។
បុត្រ​មនុស្ស​យាង​ត្រឡប់​មក​វិញ
(ម៉ាថាយ ២៤.២៩-៣១ ម៉ាកុស ១៣.២៤-២៧)
២៥ «គ្រា​នោះនឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់‌បោក ២៦ មនុស្ស‌ម្នា​ភ័យ​ស្លុត​បាត់​ស្មារតី នៅ​ពេល​គិត​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ផែន‌ដី ដ្បិត​ឫទ្ធិ‌បារមី​នានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។ ២៧ ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក*​ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង​ពន់‌ពេក​ក្រៃ។ ២៨ កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់‌ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។
ព្រះ‌បន្ទូល​អំពី​ដើម​ឧទុម្ពរ
(ម៉ាថាយ ២៤.៣២-៣៥ ម៉ាកុស ១៣.២៨-៣១)
២៩ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​ថា៖ «ចូរ​មើល​ដើម​ឧទុម្ពរ* និង​ដើម​ឈើ​ទាំង​អស់​ចុះ! ៣០ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ស្លឹក​វា​លាស់ អ្នក​រាល់​គ្នា​ដឹង​ថា​រដូវ​ប្រាំង​​ជិត​មក​ដល់​ហើយ។ ៣១ ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មក​ជិត​បង្កើយ​ហើយ។ ៣២ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​រស់​នៅ​ឡើយ។ ៣៣ ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។
ការ​ត្រៀម​ខ្លួន​ប្រុង‌ប្រយ័ត្ន
៣៤ «ចូរ​អ្នក​រាល់​គ្នា​ប្រុង‌ប្រយ័ត្ន​ឲ្យ​មែន‌ទែន! កុំ​បណ្ដោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វក់‌វី​នឹង​គ្រឿង​សប្បាយ គ្រឿង​ស្រវឹង ឬ​ក៏​ខ្វល់‌ខ្វាយ​អំពី​រឿង​ជីវិត​នេះ​ឡើយ ក្រែង​លោ​ថ្ងៃ​នោះ​មក​ដល់ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ប្រុង‌ប្រៀប​ខ្លួន ៣៥ ដ្បិត​ថ្ងៃ​នោះ​មក​ដល់ប្រៀប​បាន​នឹង​សំណាញ់ ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន‌ដី​ទាំង​មូល។ ៣៦ ចូរ​ប្រុង​ស្មារតី និង​ទូល‌អង្វរ​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។
៣៧ ពេល​ថ្ងៃ ព្រះ‌យេស៊ូ​តែង​ប្រៀន‌ប្រដៅ​គេ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ចេញ​ទៅ​សម្រាក​នៅ​លើ​ភ្នំ​ដើម​អូលីវ។ ៣៨ ប្រជាជន​ទាំង​មូល​នាំ​គ្នា​មក​តាំង​ពី​ព្រលឹម ស្ដាប់​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ព្រះ‌វិហារ*។
២២
ការ​ឃុប‌ឃិត​ចាប់​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៦.១-៥, ១៤-១៦ ម៉ាកុស ១៤.១-២, ១០-១១ យ៉ូហាន ១១.៤៥-៥៣)
 ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​ចម្លង*​នោះ កាន់​តែ​ជិត​ដល់​ហើយ  ពួក​នាយក​បូជា‌ចារ្យ និង​ពួក​បណ្ឌិត​ខាង​វិន័យ រិះ‌រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ ដ្បិត​គេ​ខ្លាច​ប្រជាជន។  ពេល​នោះ មារ‌សាតាំង​បាន​ចូល​យូដាស ហៅ​អ៊ីស្កា‌រី‌យ៉ុត ជា​សាវ័ក​ម្នាក់ ក្នុង​ក្រុម​ទាំង​ដប់‌ពីរ​រូប។  យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជា‌ចារ្យ និង​មេ​ក្រុម​រក្សា​ព្រះ‌វិហារ* អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​ព្រះ‌អង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។  លោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា នឹង​ឲ្យ​ប្រាក់​គាត់។  យូដាស​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ មិន​ឲ្យ​បណ្ដា‌ជន​ដឹង​ឡើយ។
ព្រះ‌យេស៊ូ​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​បុណ្យ​ចម្លង*
(មថ.២៦.១៧-២៥ មក.១៤.១២-២១ យហ.១៣.២១-៣០)
 លុះ​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា សម្រាប់​បុណ្យ​ចម្លង  ព្រះ‌យេស៊ូ​បាន​ចាត់​លោក​សិលា និង​លោក​យ៉ូហាន​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រៀប‌ចំ​ពិធី​ជប់‌លៀង សម្រាប់​យើង​នៅ​ក្នុង​ពេល​បុណ្យ​ចម្លង*»។  អ្នក​ទាំង​ពីរ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ជប់‌លៀង នៅ​កន្លែង​ណា?»។ ១០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ពេល​ចូល​ទៅ​ដល់​ក្នុង​ទី‌ក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​រហូត​ដល់​ផ្ទះ​ដែល​គាត់​ចូល ១១ ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា “លោក​គ្រូ​ចាត់​យើង​ឲ្យ​មក​សួរ​អ្នក​ថា បន្ទប់​ដែល​លោក​នឹង​ជប់‌លៀង​ជា​មួយ​សិស្ស​ក្នុង​ពេល​បុណ្យ​ចម្លង នៅ​ឯ​ណា?”។ ១២ ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ នៅ​ជាន់​ខាង​លើ ដែល​រៀប‌ចំ​ជា​ស្រេច។ ចូរ​រៀប‌ចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង​នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ ១៣ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន។ គេ​រៀប‌ចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង*។
ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់
(ម៉ាថាយ ២៦.២៦-៣០ ម៉ាកុស ១៤.២២-២៦១​កូរិន‌ថូស ១១.២៣-២៥)
១៤ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌យេស៊ូ​ក៏​រួម​តុ​ជា​មួយ​ក្រុម​គ្រីស្ត‌ទូត* ១៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់!។ ១៦ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​ចម្លង​នេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សម្រេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះ‌រាជ្យ*ព្រះ‌ជាម្ចាស់»។ ១៧ ព្រះ‌អង្គ​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។ ១៨ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​មក​ដល់»។ ១៩ បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះ‌អង្គ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជាសម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំ»។ ២០ លុះ​ជប់‌លៀង​រួច​ហើយ ព្រះ‌អង្គ​ធ្វើ​តាម​បែប​ដដែល ព្រះ‌អង្គ​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ចង​ឡើង ដោយ‌សារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។ ២១ ប៉ុន្តែ តោង​ដឹង​ថា អ្នក​ដែល​នឹង​បញ្ជូន​ខ្ញុំ ក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។ ២២ បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​មក តែ​អ្នក​ដែល​បញ្ជូន​បុត្រ​មនុស្ស មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន»។ ២៣ ពេល​នោះ ពួក​សាវ័ក*​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ តើ​នរណា​មាន​បំណង​ប្រព្រឹត្ត​ដូច្នេះ។
អ្នក​ធំ​ត្រូវ​បម្រើ​អ្នក​តូច
២៤ ខណៈ​នោះ ពួក​សាវ័ក*​ជជែក​ទាស់‌ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។ ២៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​ទាំង‌ឡាយ​តែង‌តែ​ត្រួត‌ត្រា​លើ​ប្រជា‌រាស្ដ្រ ហើយ​អ្នក​កាន់​អំណាច​តែង​ឲ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ ២៦ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បម្រើ​គេ​វិញ។ ២៧ អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បម្រើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​នៅ​តុ ធំ​ជាង​អ្នក​បម្រើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​ទៅ​វិញ។ ២៨ គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ‌ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច។ ២៩ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​ព្រះ‌រាជ្យ*​ឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ដែរ។ ៣០ ក្នុង​ព្រះ‌រាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​លោក​សិលា​បដិសេធ​មិន​ស្គាល់​ព្រះ‌អង្គ
(មថ.២៦.៣១-៣៥ មក.១៤.២៧-៣១ យហ.១៣.៣៦-៣៨)
៣១ «ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាម‌ទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។ ៣២ ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បង‌ប្អូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​មាំ‌មួន​ផង»។ ៣៣ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូល‌បង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំ‌ឃាំង ឬ​ត្រូវ​ស្លាប់​ក៏​ដោយ ទូល‌បង្គំ​សុខ​ចិត្ត​ទៅ​ជា​មួយ​ព្រះ‌អង្គ​រហូត»។ ៣៤​ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «សិលា​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។
៣៥ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​សាវ័ក*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។ ៣៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់ ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​ថង់​យាម ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន ទិញ​ដាវ​មួយ​ទៅ។ ៣៧ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា“គេ​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ”។ ហេតុ‌ការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គម្ពីរ»។ ៣៨ ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! យើង​មាន​ដាវ​ពីរ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់‌គ្រាន់​ហើយ»។
ព្រះ‌យេស៊ូ​អធិ‌ស្ឋាន​នៅ​លើ​ភ្នំ​ដើម​អូលីវ
(ម៉ាថាយ ២៦.៣៦-៤៦ ម៉ាកុស ១៤.៣២-៤២)
៣៩ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះ‌អង្គ សាវ័ក*​ក៏​នាំ​គ្នា​តាម​ព្រះ‌អង្គ​ទៅ​ដែរ។ ៤០ កាល​យាង​ទៅ​ដល់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិ‌ស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ»។ ៤១ បន្ទាប់​មក ព្រះ‌អង្គ​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សាវ័ក ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ ព្រះ‌អង្គ​លុត​ជង្គង់​ចុះ ទូល‌អង្វរ​ថា៖ ៤២ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​វិញ»។ ៤៣ ពេល​នោះ មាន​ទេវទូត*​មួយ​រូប​ចុះ​ពី​ស្ថាន​បរម‌សុខ*​មក ឲ្យ​ព្រះ‌អង្គ​ឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះ‌អង្គ។ ៤៤ ព្រះ‌យេស៊ូ​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ ព្រះ‌អង្គ​ទូល‌អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះ‌អង្គ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។ ៤៥ កាល​ព្រះ‌អង្គ​ទូល‌អង្វរ​រួច​ហើយ ព្រះ‌អង្គ​ក្រោក​ឡើង ត្រឡប់​ទៅ​រក​ពួក​សាវ័ក ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។ ៤៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង អធិ‌ស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង»។
គេ​ចាប់​ព្រះ‌យេស៊ូ
(មថ.២៦.៤៧-៥៦ មក.១៤.៤៣-៥០ យហ.១៨.៣-១១)
៤៧ នៅ​ពេល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​បណ្ដា‌ជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សាវ័ក*​មួយ​រូប ក្នុង​ក្រុម​ទាំង​ដប់‌ពីរ។ គាត់​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ថើប​ព្រះ‌អង្គ។ ៤៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស*​ឬ​អី?»។ ៤៩ ពួក​អ្នក​នៅ​ជា​មួយ​ព្រះ‌យេស៊ូ ឃើញ​ហេតុ‌ការណ៍​ដែល​ហៀប​នឹង​កើត​ឡើង ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់! តើ​ឲ្យ​យើង​ខ្ញុំ​ហូត​ដាវ​កាប់​គេ​ឬ?»។ ៥០ សាវ័ក​ម្នាក់​បាន​កាប់​អ្នក​បម្រើ​របស់​លោក​មហា‌បូជា‌ចារ្យ*​មួយ​ដាវ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។ ៥១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះ‌អង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​ប្រោស​គាត់​ឲ្យ​ជា​ដូច​ដើម​វិញ។ ៥២ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាយក​បូជា‌ចារ្យ* មេ​ក្រុម​រក្សា​ព្រះ‌វិហារ និង​ពួក​ព្រឹទ្ធា‌ចារ្យ* ដែល​មក​ចាប់​ព្រះ‌អង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។ ៥៣ ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។
លោក​សិលា​បដិសេធ​មិន​ស្គាល់​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៦.៥៧-៥៨, ៦៩-៧៥ ម៉ាកុស ១៤.៥៣-៥៤, ៦៦-៧២ យ៉ូហាន ១៨.១២-១៨, ២៥-២៧)
៥៤ ពួក​គេ​ចាប់​ព្រះ‌យេស៊ូ បណ្ដើរ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា‌បូជា‌ចារ្យ*។ លោក​សិលា​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ។ ៥៥ គេ​បាន​ដុត​ភ្លើង​នៅ​កណ្ដាល​ទី‌លាន ហើយ​អង្គុយ​ជុំ‌វិញ លោក​សិលា​ក៏​អង្គុយ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ដែរ។ ៥៦ ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់ ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស‌ពួក​របស់​យេស៊ូ!»។ ៥៧ លោក​សិលា​ប្រកែក​ថា៖ «ទេ​នាង​អើយ! ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។ ៥៨ មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស‌ពួក​គាត់​ដែរ»។ លោក​សិលា​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន‌មែន​ខ្ញុំ​ទេ!»។ ៥៩ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​បែប​ប្រាកដ​ប្រជា​ថា៖ «អ្នក​នេះ​ពិត​ជា​បក្ស‌ពួក​របស់​យេស៊ូ​មែន ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។ ៦០ លោក​សិលា​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ជា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។ គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។ ៦១ ព្រះ‌អម្ចាស់​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​លោក​សិលា។ លោក​សិលា​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ ៦២ លោក​សិលា​ចាក‌ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។
គេ​វាយ‌ដំ​ជេរ​ប្រមាថ​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៦.៦៧-៦៨ ម៉ាកុស ១៤.៦៥)
៦៣ ពួក​អ្នក​យាម​ព្រះ‌យេស៊ូ​ចំអក​ដាក់​ព្រះ‌អង្គ ហើយ​វាយ​តប់​ព្រះ‌អង្គ​ផង។ ៦៤ គេ​យក​ក្រណាត់​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍ អ្នក​ណា​វាយ​ឯង?»។ ៦៥ រួច​គេ​ជេរ​ប្រមាថ​ព្រះ‌អង្គ​ជា​ច្រើន​ថែម​ទៀត​ផង។
ព្រះ‌យេស៊ូ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
(ម៉ាថាយ ២៦.៥៩-៦៦ ម៉ាកុស ១៤.៥៥-៦៤ យ៉ូហាន ១៨.១៩-២៤)
៦៦ លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជាជន ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​ជួប‌ជុំ​គ្នា បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌យេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​គេ។ ៦៧ ពួក​គេ​សួរ​ព្រះ‌អង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះ‌គ្រីស្ដ*​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ ៦៨ ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។ ៦៩ ប៉ុន្តែ អំណើះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយនៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​»។ ៧០ ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ឬ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។ ៧១ គេ​ក៏​និយាយ​ឡើង​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​តែ​ម្ដង!»។
២៣
ព្រះ‌យេស៊ូ​នៅ​មុខ​លោក​ពីឡាត
(ម៉ាថាយ ២៧.១-២, ១១-១៤ ម៉ាកុស ១៥.១-១៥ យ៉ូហាន ១៨.២៨-៣៨)
 ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​លោក​ពីឡាត។  គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះ‌អាង​ខ្លួន​ថា ជា​ព្រះ‌គ្រីស្ដ* គឺ​ជា​ស្ដេច»។  លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។  លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជា‌ចារ្យ* និង​បណ្ដា‌ជន​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ!»។  ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​បំបះ‌បំបោរ​ប្រជាជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេរហូត​មក​ដល់​ទី​នេះ»។
ព្រះ‌យេស៊ូ​នៅ​មុខ​ស្ដេច​ហេរ៉ូដ
 លោក​ពីឡាត​ឮ​ដូច្នោះ​ក៏​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ?»។  កាល​លោក​ពីឡាត​ដឹង​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះ‌អង្គ​ទៅ​ព្រះ‌បាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។  ពេល​ឃើញ​ព្រះ‌យេស៊ូ ព្រះ‌បាទ​ហេរ៉ូដ​សប្បាយ​ព្រះ‌ហឫ‌ទ័យ​ក្រៃ‌លែង ដ្បិត​ស្ដេច​ចង់​ជួប​ព្រះ‌យេស៊ូ​តាំង​ពី​យូរ‌យារ​មក​ហើយ ព្រោះ​ស្ដេច​តែង​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ ហើយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។  ព្រះ‌អង្គ​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះ‌យេស៊ូ​ពុំ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​តប​ទាល់​តែ​សោះ។ ១០ ពួក​មហា‌បូជា‌ចារ្យ* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង​បំផុត។ ១១ ព្រះ‌បាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ​ផង។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​ព្រះ‌អង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។ ១២ កាល​ពី​មុន​ព្រះ‌បាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នោះ​មក លោក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​វិញ។
លោក​ពីឡាត​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៧.១៥-២៦ ម៉ាកុស ១៥.៦-១៥ យ៉ូហាន ១៨.៣៩-១៩.១៦)
១៣ លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជា‌ចារ្យ* ពួក​មន្ត្រី និង​ប្រជាជន​មក​ជួប‌ជុំ​គ្នា។ ១៤ លោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​ឲ្យ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថាគាត់​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ។ ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក តែ​មិន​ឃើញ​មាន​ទោស​អ្វីដូច​អស់​លោក​ចោទ​ប្រកាន់​សោះ។ ១៥ សូម្បី​តែ​ស្ដេច​ហេរ៉ូដ​ក៏​មិន​ឃើញ​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បញ្ជូន​គាត់​មក​វិញ។ បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ១៦ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ [ ១៧ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​ត្រូវ​លែង​អ្នក​ទោស​ម្នាក់]។ ១៨ គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ! លែង​បារ៉ា‌បាស​ឲ្យ​យើង​ខ្ញុំ​វិញ!»។ ១៩ ឈ្មោះ​បារ៉ា‌បាស​នេះ​ជាប់​ឃុំ‌ឃាំង ព្រោះ​គាត់​បាន​បង្ក​ចលា‌ចល​ក្នុង​ទី‌ក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។ ២០ លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។ ២១ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ ២២ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ ២៣ ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាម‌ទារ​ឲ្យ​ឆ្កាង​ព្រះ‌យេស៊ូ សម្រែក​របស់​គេ​មាន​ប្រៀប​ជាង។ ២៤ លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាម‌ទារ​របស់​ពួក​គេ ២៥ លោក​ដោះ​លែង​បារ៉ា‌បាស ជា​អ្នក​ជាប់​ឃុំ‌ឃាំង មក​ពី​បាន​បង្ក​ចលា‌ចល និង​បាន​សម្លាប់​មនុស្ស។ រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ប្រគល់​ឲ្យ​គេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។
គេ​ឆ្កាង​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៧.៣២-៤៤ ម៉ាកុស ១៥.២១-៣២ យ៉ូហាន ១៩.១៧-២៧)
២៦ នៅ​ពេល​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែល​ត្រឡប់​មក​ពី​ចម្ការ។ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង ដើរ​តាម​ក្រោយ​ព្រះ‌យេស៊ូ។ ២៧ ប្រជាជន​ច្រើន​កុះ‌ករ​ដើរ​តាម​ព្រះ‌អង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះ‌អង្គ​ផង។ ២៨ ព្រះ‌យេស៊ូ​ងាក​មក​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «ស្ត្រី​ក្រុង​យេរូ‌សាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ ២៩ ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន​ ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។ ៣០ នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!”៣១ បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​បាប​ដល់​កម្រិត​ណា​ទៅ!»។ ៣២ គេ​បាន​នាំ​អ្នក​ទោស​​ពីរ​នាក់​ទៀត មក​សម្លាប់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ។
៣៣ លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះ‌អង្គ។ ៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌បិតា​អើយ! សូម​ព្រះ‌អង្គ​អត់‌ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គមក​ចាប់​ឆ្នោត​ចែក​គ្នា។ ៣៥ ប្រជាជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​ព្រះ‌អង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ បើ​គាត់​ជា​ព្រះ‌គ្រីស្ដ*​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។ ៣៦ ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះ‌អង្គ​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះ‌អង្គ​សោយ ៣៧ ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន​ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»។ ៣៨ នៅ​ពី​លើ​ព្រះ‌អង្គ មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន​ជាតិ​យូដា»។ ៣៩ អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ដ​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។ ៤០ ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឲ្យ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។ ៤១ គេ​ធ្វើ​ទោស យើង​នេះ​ត្រូវ​ហើយ យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។ រីឯ​លោក​វិញ លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ»។ ៤២ បន្ទាប់​មក គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌យេស៊ូ​អើយ! ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ទូល‌បង្គំ»។ ៤៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ អ្នក​បាន​ទៅ​នៅ​ស្ថាន​បរម‌សុខ*​ជា​មួយ​ខ្ញុំ»។
ព្រះ‌យេស៊ូ​ចូល​ទិវង្គត
(ម៉ាថាយ ២៧.៤៥-៥៦ ម៉ាកុស ១៥.៣៣-៤១ យ៉ូហាន ១៩.២៨-៣០)
៤៤ ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់ ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ​រហូត​ដល់​ម៉ោង​បី​រសៀល ៤៥ ព្រះ‌អាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។ ៤៦ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរ‌សៀង​ខ្លាំងៗ​ថា៖ «ព្រះ‌បិតា! ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូល‌បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌អង្គ​វិញ​»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។ ៤៧ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។ ៤៨ រីឯ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​មក​មើល កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ទាំង​គក់​ទ្រូង។ ៤៩ អ្នក​ជិត‌ដិត​នឹង​ព្រះ‌យេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះ‌អង្គ តាំង​ពី​ស្រុក​កាលី‌ឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុ‌ការណ៍​ទាំង​អស់​ពី​ចម្ងាយ។
ការ​បញ្ចុះ​សព​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៧.៥៧-៦១ ម៉ាកុស ១៥.៤២-៤៧ យ៉ូហាន ១៩.៣៨-៤២)
៥០ មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មួយ​រូប​ឈ្មោះ​យ៉ូសែប។ លោក​ជា​អ្នក​ក្រុង​អារី‌ម៉ាថេ ជា​ក្រុង​មួយ​របស់​ជន​ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត* ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។ ៥១ លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេលើ​ការ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។ ៥២ លោក​បាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ ៥៣ លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ ផ្នូរ​នេះ​ពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។ ៥៤ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​ចម្លង* ហើយ​ថ្ងៃ​សប្ប័ទ*​ជិត​មក​ដល់។ ៥៥ ពួក​ស្ត្រី​ដែល​មក​តាម​ព្រះ‌អង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ។ នាង​បាន​ឃើញ​ផ្នូរ ហើយ​ឃើញ​របៀប​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ​ផង។
៥៦ បន្ទាប់​មក ស្ត្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀប‌ចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​វិន័យ​ចែង​ទុក។
២៤
ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
(ម៉ាថាយ ២៨.១-១០ ម៉ាកុស ១៦.១-៨ យ៉ូហាន ២០.១-២០)
 នៅ​ថ្ងៃ​អាទិត្យ​ ពេល​ព្រលឹម​ស្រាងៗ ស្ត្រីៗ​នាំ​គ្នា​ទៅ​ផ្នូរ ដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀប‌ចំ​ទុក​ទៅ​ជា​មួយ​ផង។  ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ។  នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរ តែ​ពុំ​ឃើញ​ព្រះ‌សព​របស់​ព្រះ‌អម្ចាស់​យេស៊ូ​ទេ។  ស្ត្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​មក​ឈរ​ជិត​នាង។  នាង​ភ័យ‌ខ្លាច​ជា​ខ្លាំង ហើយ​ឱន​មុខ​ចុះ។ បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?  [ព្រះ‌អង្គ​មិន​គង់​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ]។ ចូរ​នឹក​ចាំ​អំពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលី‌ឡេ​ថា  “បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​ព្រះ‌អង្គ តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ” »។  ពួក​នាង​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ។  ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ រៀប‌រាប់​ហេតុ‌ការណ៍​ទាំង​នោះ​ប្រាប់​ក្រុម​សាវ័ក​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។ ១០ ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​យ៉ូហា‌ណា និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប។ ស្ត្រី​ឯ​ទៀតៗ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប‌រាប់​ហេតុ‌ការណ៍​ប្រាប់​ក្រុម​សាវ័ក​ដែរ ១១ ពួក​គេ​ពុំ​ជឿ​ពាក្យ​សម្ដី​នាង​ទេ ព្រោះ​គេ​ថា នាង​ទាំង​នោះ​និយាយ​រឿង​ផ្ដេស‌ផ្ដាស។ ១២ ប៉ុន្តែ លោក​សិលា​ស្ទុះ​រត់​ទៅ​ផ្នូរ គាត់​ឱន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះ‌សព​ប៉ុណ្ណោះ គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ ទាំង​ងឿង‌ឆ្ងល់អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។
សាវ័ក​ពីរ​នាក់​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ា‌អ៊ូស
(ម៉ាកុស ១៦.១២-១៣)
១៣ នៅ​ថ្ងៃ​ដដែល​នោះ មាន​សាវ័ក*​ពីរ​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ា‌អ៊ូស ចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ ១៤ គេ​និយាយ​គ្នា​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។ ១៥ នៅ​ពេល​ដែល​គេ​កំពុង​តែ​ពិភាក្សា​គ្នា ព្រះ‌យេស៊ូ​យាង​មក​ជិត​គេ ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។ ១៦ គេ​ឃើញ​ព្រះ‌យេស៊ូ​ផ្ទាល់​នឹង​ភ្នែក តែ​គេ​មិន​អាច​ស្គាល់​ព្រះ‌អង្គ​ឡើយ។ ១៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ តើ​និយាយ​គ្នា​អំពី​រឿង​អ្វី​ហ្នឹង?»។ គេ​ក៏​ឈប់​ដើរ ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។ ១៨ ម្នាក់​ឈ្មោះ​ក្លេអូ‌ប៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ប្រជាជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹមដឹង​ហេតុ‌ការណ៍ ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់ៗ​គ្នា ម្ដេច​ក៏​លោក​មិន​ដឹង?»។ ១៩ ព្រះ‌អង្គ​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ទូល‌ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ ព្រះ‌ជាម្ចាស់ និង​ប្រជាជន​ទាំង​មូល ទទួល​ស្គាល់​ថា លោក​ជា​ព្យាការី*​មាន​ឫទ្ធា‌នុភាព​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​លោក​បាន​ធ្វើ និង​គ្រប់​ពាក្យ​សម្ដី​ដែល​លោក​បាន​ថ្លែង។ ២០ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ទៅ​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​គេ​ឆ្កាង​លោក​ផង។ ២១ យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រា‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។ ២២ មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង គឺ​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម ២៣ តែ​មិន​បាន​ឃើញ​សព​លោក​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប‌រាប់​ថា នាង​បាន​ឃើញ​ទេវទូត*​មក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។ ២៤ មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ»។ ២៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ! អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​ព្យាការី​បាន​ថ្លែង​សោះ!។ ២៦ ព្រះ‌គ្រីស្ដ*​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ»។ ២៧ បន្ទាប់​មក ព្រះ‌យេស៊ូ​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុកអំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ*​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់។
២៨ លុះ​មក​ជិត​ដល់​ភូមិ​ដែល​សាវ័ក​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះ‌យេស៊ូ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បន្ដ​ទៅ​មុខ​ទៀត។ ២៩ គេ​ឃាត់​ព្រះ‌អង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» ព្រះ‌យេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។ ៣០ ព្រះ‌អង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​កាច់​ប្រទាន​ឲ្យ​គេ។ ៣១ ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះ‌អង្គ​ស្គាល់ ប៉ុន្តែ ព្រះ‌អង្គ​បាត់​ពី​មុខ​គេ​ទៅ។ ៣២ គេ​និយាយ​គ្នា​ថា៖ «កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​ឲ្យ​យើង​ស្ដាប់ នៅ​តាម​ផ្លូវ យើង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង!»។ ៣៣ គេ​ក៏​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ភ្លាម ឃើញ​ក្រុម​សាវ័ក* ទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា​ជា​មួយ​ពួក​គេ​ឯ​ទៀតៗ ៣៤ គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពិត​ប្រាកដ​មែន ហើយ​ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ស៊ីម៉ូន​ឃើញ!»។ ៣៥ សាវ័ក​ទាំង​ពីរ​នាក់​រៀប‌រាប់​ហេតុ‌ការណ៍ ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ ហើយ​គេ​បាន​ស្គាល់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​កាច់​នំបុ័ង។
ពួក​សាវ័ក​បាន​ឃើញ​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៨.១៦-២០ ម៉ាកុស ១៦.១៤-១៨ យ៉ូហាន ២០.១៩-២៣ កិច្ច‌ការ ១.៦-៨)
៣៦ នៅ​ពេល​សាវ័ក​ទាំង​ពីរ​នាក់កំពុង​តែ​និយាយ​រៀប‌រាប់ ព្រះ‌អម្ចាស់​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សាវ័ក​ទាំង​អស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត»។ ៣៧ គេ​ភ័យ​តក់‌ស្លុត ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​ថា​ខ្មោច​លង។ ៣៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រន្ធត់​ចិត្ត​ដូច្នេះ? ម្ដេច​ក៏​អ្នក​រាល់​គ្នា​នៅ​សង្ស័យ? ៣៩ ចូរ​មើល​ដៃ​ជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន! ចូរ​ស្ទាប​មើល៍ ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ»។ ៤០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ក៏​បង្ហាញ​ព្រះ‌ហស្ដ និង​ព្រះ‌បាទា​ឲ្យ​គេ​ឃើញ។ ៤១ សាវ័ក​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។ ៤២ គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ថ្វាយ​ព្រះ‌អង្គ ៤៣ ព្រះ‌អង្គ​ទទួល​យក ហើយ​សោយ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ ៤៤ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ ក្នុង​គម្ពីរ‌វិន័យ*​របស់​លោក​ម៉ូសេ ក្នុង​គម្ពីរ​ព្យាការី* និង​ក្នុង​គម្ពីរ​ទំនុក‌តម្កើង*​ត្រូវ​តែ​កើត​មាន»។ ៤៥ ព្រះ‌អង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​ឲ្យ​យល់​អត្ថ‌ន័យ​គម្ពីរ ៤៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន គឺ​ព្រះ‌គ្រីស្ដ*​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ ៤៧ អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ‌ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។ ៤៨ អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។ ៤៩ ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ រហូត​ដល់​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឫទ្ធា‌នុភាព»។
ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ
(ម៉ាកុស ១៦.១៩-២០ កិច្ច‌ការ ១.៩-១១)
៥០ បន្ទាប់​មក ព្រះ‌យេស៊ូ​នាំ​ពួក​សាវ័ក*​ចេញ​ពី​ទី‌ក្រុង​ទៅ​ភូមិ​បេថានី។ ពេល​ទៅ​ដល់ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។ ៥១ នៅ​ពេល​ដែល​ព្រះ‌អង្គ​កំពុង​តែ​ប្រទាន​ពរ ព្រះ‌ជាម្ចាស់​លើក​យក​ព្រះ‌អង្គ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរម‌សុខ*។ ៥២ ក្រោយ​ពី​បាន​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ប្រកប​ដោយ​អំណរ​ដ៏​លើស‌លប់។ ៥៣ គេ​នៅ​ក្នុង​ព្រះ‌វិហារ*ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ជា‌និច្ច​និរន្តរ៍។
1,154 Views

Theme: Overlay by Kaira