សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
សំណោក
ពាក្យលំនាំ
សំណោក
(បរិទេវ)
ពាក្យលំនាំ
តាមប្រពៃណីរបស់ជនជាតិយូដា គេចាត់ទុកកណ្ឌគម្ពីរនេះជាស្នាដៃរបស់ព្យាការីយេរេមី ហើយនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ជាភាសាក្រិក គេហៅកណ្ឌគម្ពីរនេះថា «សំណោករបស់លោកយេរេមី»។ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ជាភាសាហេប្រឺ មានចំណងជើង «ម្ដេចក៏បែបនេះ!» ដោយយោងតាមពាក្យនៅខាងដើមកណ្ឌគម្ពីរនេះ។ កណ្ឌគម្ពីរ «សំណោក» ចងក្រងឡើងជាលំនាំកំណាព្យប្រាំ ដែលវគ្គនីមួយៗចាប់ផ្តើមដោយតួអក្សររបស់ព្យញ្ជនៈហេប្រឺ និងតាមលំដាប់លំដោយ។
កំណាព្យទាំងប្រាំនៅក្នុងកណ្ឌគម្ពីរនេះ ថ្លែងពីសេចក្ដីតែមួយ គឺក្រុងយេរូសាឡឹមធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងទ័ពបាប៊ីឡូន នៅឆ្នាំ ៥៨៧ មុនគ្រីស្តសករាជ។ ការបែកក្រុងយេរូសាឡឹមនេះជាចុងបញ្ចប់នៃរាជាណាចក្រយូដា រាជវង្សអ៊ីស្រាអែលត្រូវរលាយ ហើយប្រជាជាតិអ៊ីស្រាអែលទាំងមូលត្រូវវេទនា និងអាម៉ាស់។
អស់អ្នកដែលនៅសេសសល់ពីមហន្តរាយនេះ ចងចាំទុកនូវសោកនាដកម្ម ដែលពួកគេបានឆ្លងកាត់ និងចោទសួរថា «តើនរណាជាមូលហេតុនៃមហន្តរាយរបស់ប្រជាជាតិនេះ? ហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះប្រជារាស្ដ្ររបស់ព្រះអង្គ ហាក់ដូចជាប្រព្រឹត្តចំពោះសត្រូវដូច្នេះ?»។ តាមរយៈព្រឹត្តិការណ៍នេះ តើព្រះជាម្ចាស់សព្វព្រះហឫទ័យលុបបំបាត់ព្រះបន្ទូលសន្យារបស់ព្រះអង្គចំពោះព្រះបាទដាវីឌឬ? ព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌថា «ពូជពង្ស និងរាជសម្បត្តិរបស់អ្នកនឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងបានរឹងមាំរហូតតទៅដែរ» (២សម ៧.១៦)។ ឥឡូវនេះ ស្រុកទេសត្រូវវិនាស ធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំង ហើយរាជវង្សក៏រលាយដែរ។ ប៉ុន្តែ អ្នកទាំងនោះទទួលស្គាល់ថា អ៊ីស្រាអែលត្រូវវេទនា ព្រោះតែអំពើបាបរបស់ខ្លួន។ ពួកគេក៏នឹកចាំដែរថា ព្រះអង្គតែងតែសម្ដែងព្រះហឫទ័យសប្បុរស ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមានទំហំធំពន់ពេកក្រៃ (៣.២២,២៣)។
កណ្ឌគម្ពីរនេះជួយយើងឲ្យយល់ថា ទោះបីមានទុក្ខលំបាកធំៗកើតឡើងក្តី ព្រះជាម្ចាស់ប្រទានសេចក្ដីសង្ឃឹមជានិច្ច។
១
សំណោកអំពីក្រុងយេរូសាឡឹម
១ ម្ដេចក៏ក្រុងដែលធ្លាប់តែមាន
ប្រជាជនច្រើនកុះករ
បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ!
ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា
ក្រុងដែលជាម្ចាស់ក្សត្រិយ៍លើអាណាខេត្តនានា
ធ្លាក់ខ្លួនទៅជាទាសី!
២ នៅពេលយប់ នាងយំឥតស្រាកស្រាន្ត
ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។
ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន
គ្មាននរណាម្នាក់សម្រាលទុក្ខនាងឡើយ
មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង
ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។
៣ កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ
ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី
នាងតែលតោលនៅក្នុងចំណោម
ប្រជាជាតិទាំងឡាយ
រកកន្លែងស្នាក់អាស្រ័យពុំបាន។
ខ្មាំងសត្រូវឡោមព័ទ្ធនាង
ធ្វើឲ្យនាងរកច្រកចេញពុំរួច។
៤ ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ
ដ្បិតគ្មាននរណាឡើងទៅ
ប្រារព្ធពិធីបុណ្យទៀតទេ។
ទ្វារក្រុងបាក់បែកអស់
បូជាចារ្យរបស់ក្រុងនេះនាំគ្នាយំថ្ងូរ
ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ
ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
៥ បច្ចាមិត្តមានប្រៀបលើនាង
ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត
ព្រះអម្ចាស់បានធ្វើឲ្យនាងរងទុក្ខវេទនា
ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង
កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក
ទៅជាឈ្លើយ។
៦ ក្រុងស៊ីយ៉ូនបានបាត់បង់ភាពរុងរឿងរបស់ខ្លួន
ពួកមន្ត្រីរបស់នាងប្រៀបបាននឹងប្រើស
ដែលរកវាលស្មៅស៊ីលែងបានទៀត។
ពួកគេចាកចេញទៅ ទាំងបាក់កម្លាំង
នៅមុខសត្រូវដែលដេញតាម។
៧ នៅគ្រាមានទុក្ខវេទនា តែលតោល
យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ
ដែលនាងធ្លាប់មានកាលពីមុន។
ពេលប្រជាជនរបស់នាងធ្លាក់
ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ
បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក
ព្រោះនាងត្រូវវិនាសបាត់បង់។
៨ យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន
ហេតុនេះហើយបានជានាងក្លាយទៅ
ជាមិនបរិសុទ្ធ*
អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន
បែរជានាំគ្នាមើលងាយនាង
ដោយឃើញនាងនៅខ្លួនទទេ
នាងយំថ្ងូរ ហើយដកខ្លួនថយ។
៩ ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង
សំពត់របស់នាង
នាងពុំបានគិតដល់ហេតុការណ៍
ដែលនឹងកើតមានចំពោះនាង
នាងផុងខ្លួនជ្រៅពេក
គ្មាននរណាអាចសម្រាលទុក្ខនាងឡើយ។
«ឱព្រះអម្ចាស់អើយ សូមទតមកទុក្ខវេទនា
របស់ខ្ញុំម្ចាស់ផង
សត្រូវមានជ័យជម្នះលើខ្ញុំម្ចាស់ហើយ!»
១០ សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាង
នាងឃើញប្រជាជាតិនានាចូលមកក្នុង
ទីសក្ការៈរបស់ព្រះអម្ចាស់
គឺប្រជាជាតិដែលព្រះអង្គបានហាមមិនឲ្យ
ចូលក្នុងអង្គប្រជុំរបស់ព្រះអង្គឡើយ។
១១ ប្រជាជនទាំងមូលនាំគ្នាយំថ្ងូរ
គេចង់បានអាហារបរិភោគ
គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ
ដើម្បីឲ្យបានរស់រានមានជីវិត។
ព្រះអម្ចាស់អើយ សូមទតមកខ្ញុំម្ចាស់ផង
ខ្ញុំម្ចាស់អាម៉ាស់មុខខ្លាំងណាស់!
១២ អស់អ្នកដែលដើរកាត់តាមនេះអើយ
សូមមើលមកចុះ!
តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ!
នៅថ្ងៃព្រះអម្ចាស់ព្រះអង្គព្រះពិរោធដ៏ខ្លាំង
ព្រះអង្គបានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
១៣ ព្រះអង្គបានបោះភ្លើងពីស្ថានលើ
ចូលមកក្នុងឆ្អឹងរបស់ខ្ញុំ
ព្រះអង្គដាក់អន្ទាក់នៅក្រោមជើងរបស់ខ្ញុំ
ព្រះអង្គធ្វើឲ្យខ្ញុំដកខ្លួនថយ
ព្រះអង្គទុកឲ្យខ្ញុំនៅឯកោ
ហើយឈឺចាប់រៀងរាល់ថ្ងៃ។
១៤ ព្រះអង្គប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត
យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ
ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។
ព្រះអម្ចាស់បានប្រគល់ខ្ញុំ
ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ
ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
១៥ ព្រះអម្ចាស់បានកម្ចាត់ទាហានដ៏ចំណាន
ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ
ព្រះអង្គចាត់កងទ័ពឲ្យមកប្រហារ
ពួកយុវជនរបស់ខ្ញុំ
ព្រះអម្ចាស់បានកម្ទេចប្រជាជនយូដា
ដូចគេជាន់ផ្លែទំពាំងបាយជូរ។
១៦ ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត
ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ
គ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំ
គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រាន
ឡើងវិញឡើយ។
កូនចៅរបស់ខ្ញុំត្រូវវិនាស
ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
១៧ ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ
តែគ្មាននរណាមកសម្រាលទុក្ខនាងទេ
ព្រះអម្ចាស់បញ្ជាឲ្យសត្រូវដែលនៅជុំវិញ
មកវាយប្រហារពូជពង្សរបស់លោកយ៉ាកុប
យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ
នៅក្នុងចំណោមពួកគេ។
១៨ ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន
ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះអង្គ។
ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ
សូមមើលមកការឈឺចាប់របស់ខ្ញុំ។
យុវជន និងយុវនារីរបស់ខ្ញុំ
ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
១៩ ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយ
តែពួកគេបែរជាបោកប្រាស់ខ្ញុំ។
ពួកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ខ្ញុំ
ដួលស្លាប់នៅតាមផ្លូវ
ក្នុងពេលពួកគេស្វែងរកអាហារបរិភោគ
ដើម្បីឲ្យបានរស់រានមានជីវិត។
២០ ព្រះអម្ចាស់អើយ
សូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់
ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមា
ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង
ដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំង
នឹងព្រះអង្គមែន!
នៅខាងក្រៅ សត្រូវកាប់សម្លាប់
នៅខាងក្នុង ដូចស្ថានមច្ចុរាជ។
២១ គេបានឮខ្ញុំម្ចាស់យំថ្ងូរ
ក៏ប៉ុន្តែ គ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំម្ចាស់ទេ
សត្រូវទាំងប៉ុន្មានបានឮថា
ខ្ញុំម្ចាស់រងទុក្ខវេទនា
គេនាំគ្នាសប្បាយចិត្ត
ដោយឃើញព្រះអង្គធ្វើទោសខ្ញុំម្ចាស់
ព្រះអង្គធ្វើឲ្យថ្ងៃដែលព្រះអង្គកំណត់ទុក
បានមកដល់។
សូមឲ្យពួកគេរងទុក្ខដូចខ្ញុំម្ចាស់ដែរ!
២២ សូមទតមើលអំពើអាក្រក់ទាំងប៉ុន្មាន
ដែលពួកគេប្រព្រឹត្ត។
សូមដាក់ទោសពួកគេ ដូចព្រះអង្គបាន
ដាក់ទោសខ្ញុំម្ចាស់ ព្រោះតែកំហុសទាំងប៉ុន្មាន
ដែលខ្ញុំម្ចាស់ប្រព្រឹត្ត
ខ្ញុំម្ចាស់យំថ្ងូរយ៉ាងសែនវេទនា
ហើយចិត្តខ្ញុំម្ចាស់ក៏ឈឺចាប់ជាខ្លាំងដែរ។
២
ព្រះអម្ចាស់ដាក់ទោសក្រុងយេរូសាឡឹម
១ ម្ដេចក៏ព្រះអម្ចាស់ព្រះអង្គព្រះពិរោធ
ខ្លាំងដូច្នេះ!
ព្រះអង្គធ្វើឲ្យពពកអាប់អួរ
គ្របបាំងលើក្រុងស៊ីយ៉ូន
ព្រះអង្គធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រាអែល
ធ្លាក់ពីលើមេឃចុះមកផែនដី!
នៅថ្ងៃព្រះអង្គព្រះពិរោធ
ព្រះអង្គមិននឹកឃើញថា ក្រុងស៊ីយ៉ូនជា
កំណល់កល់ព្រះបាទារបស់ព្រះអង្គទេ។
២ ព្រះអម្ចាស់បានកម្ទេចទីលំនៅទាំងប៉ុន្មាន
របស់លោកយ៉ាកុប ដោយឥតត្រាប្រណី។
ក្នុងពេលព្រះអង្គក្រេវក្រោធ
ព្រះអង្គរំលំកំពែងក្រុងរបស់ស្រុកយូដា។
ព្រះអង្គបានបន្ទាបបន្ថោកនគរ
និងមេដឹកនាំរបស់នគរនេះ។
៣ ក្នុងពេលព្រះអង្គព្រះអង្គព្រះពិរោធយ៉ាងខ្លាំង
ព្រះអង្គបានបំបាក់កម្លាំងរបស់អ៊ីស្រាអែល
ព្រះអង្គលែងជួយពួកគេ
ឲ្យតទល់នឹងខ្មាំងសត្រូវទៀតហើយ។
ព្រះអង្គបានធ្វើឲ្យភ្លើងឆាបឆេះគ្រប់ទិសទី
នៅក្នុងស្រុករបស់លោកយ៉ាកុប។
៤ ព្រះអង្គយឹតធ្នូដូចគូសត្រូវ
ព្រះអង្គលើកព្រះហស្ដប្រហារដូចបច្ចាមិត្ត
ព្រះអង្គកម្ទេចអ្វីៗទាំងអស់ដែលមានតម្លៃ
សម្រាប់យើង
ព្រះអង្គជះព្រះពិរោធមកលើក្រុងស៊ីយ៉ូន
ដូចភ្លើងឆេះរាលដាល។
៥ ព្រះអម្ចាស់ធ្វើដូចជាខ្មាំងសត្រូវ
ព្រះអង្គលេបបំបាត់អ៊ីស្រាអែល
ព្រះអង្គលេបបំបាត់វិមាន
ព្រះអង្គកម្ទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ
ព្រះអង្គធ្វើឲ្យប្រជាជនយូដាសោកសង្រេង
និងយំថ្ងូរឥតមានពេលល្ហែ។
៦ ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការ
របស់ព្រះអង្គ
ព្រះអង្គកម្ទេចព្រះដំណាក់ និងព្រះពន្លា
របស់ព្រះអង្គ។
ព្រះអម្ចាស់ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន
លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។
ដោយសារព្រះពិរោធរបស់ព្រះអង្គ
ព្រះអង្គធ្វើឲ្យស្តេច និងបូជាចារ្យ
ត្រូវអាម៉ាស់។
៧ ព្រះអម្ចាស់បោះបង់ចោលអាសនៈរបស់ព្រះអង្គ
ព្រះអង្គស្អប់ខ្ពើមទីសក្ការៈរបស់ព្រះអង្គ
ព្រះអង្គបណ្តោយខ្មាំងសត្រូវរំលំកំពែងក្រុង
ពួកគេនាំគ្នាស្រែកជយឃោស
នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។
៨ ព្រះអម្ចាស់សម្រេចរំលំកំពែងក្រុងស៊ីយ៉ូន
ព្រះអង្គវាស់កំពែងនេះ
ហើយព្រះអង្គមិនដកព្រះហស្ដមកវិញទេ
ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន
ព្រះអង្គបានធ្វើឲ្យប៉ម និងកំពែងក្រុង
រំលំគរលើគ្នា។
៩ ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុត
កប់ទៅក្នុងដី
ព្រមទាំងបំបាក់រនុកទៀតផង។
ស្តេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ
ក្នុងចំណោមប្រជាជាតិទាំងឡាយ
វិន័យលែងមានទៀតហើយ
សូម្បីតែពួកព្យាការីក៏លែងនិមិត្ត
ឃើញការអស្ចារ្យពីព្រះអម្ចាស់ទៀតដែរ។
១០ ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូន
នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្តីលែងកើត
ពួកគេរោយធូលីដីលើក្បាល
ហើយស្លៀកបាវកាន់ទុក្ខ។
ស្រីក្រមុំនៅក្រុងយេរូសាឡឹម
នាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។
១១ ខ្ញុំយំទាល់តែហើមភ្នែក
ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ
ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ
ក្នុងបុរីនេះ។
១២ ពួកវាយំទារអាហារ និងទឹកពីម្ដាយ
ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង
ដូចអ្នករបួស
ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។
១៣ ក្រុងស៊ីយ៉ូនអើយ
តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត
នាងក្រមុំស៊ីយ៉ូនអើយ
តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម
ដើម្បីសម្រាលទុក្ខនាងបាន?
ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ
តើនរណាអាចព្យាបាលនាងបាន?
១៤ ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្ត
ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង
ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង
ដើម្បីស្តារស្រុករបស់នាងឡើងវិញឡើយ
ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត
ឥតបានការមកបញ្ឆោតនាង។
១៥ អស់អ្នកដើរកាត់តាមនេះ
គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល
ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម
ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ
សរសើរថាស្អាតបំផុត និងសប្បាយបំផុត
នៅលើផែនដី?”។
១៦ ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង
ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា
“យើងបានត្របាក់លេបវាហើយ!
ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ
យើងបានឃើញផ្ទាល់នឹងភ្នែកហើយ”!
១៧ ព្រះអម្ចាស់សម្រេចតាមគម្រោងការរបស់ព្រះអង្គ
ព្រះអង្គធ្វើតាមព្រះបន្ទូលដែលព្រះអង្គថ្លែងទុក
តាំងពីយូរលង់ណាស់មកហើយ
ព្រះអង្គបានកម្ទេចនាង ឥតត្រាប្រណី
ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយ
ដោយឃើញនាងបរាជ័យ
ព្រះអង្គប្រទានកម្លាំង
ឲ្យបច្ចាមិត្តរបស់នាង។
១៨ កំពែងក្រុងស៊ីយ៉ូនអើយ
ចូរស្រែកអង្វរព្រះអម្ចាស់យ៉ាងអស់ពីចិត្ត
ចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេ
ចូរយំទាំងថ្ងៃ ទាំងយប់
ឥតស្រាកស្រាន្តសោះឡើយ។
១៩ ចូរក្រោកឡើង!
ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ!
ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់
ដោយឥតលាក់លៀមអ្វីឡើយ
ចូរលើកដៃអង្វរព្រះអង្គ
សូមព្រះអង្គប្រណីសន្ដោសជីវិតក្មេងៗ
ដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។
២០ ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គ
ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ
សូមទតមើលចុះ!
ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន!
ពួកបូជាចារ្យ និងពួកព្យាការី ត្រូវគេសម្លាប់
នៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
២១ ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ
ក្រមុំ កំលោះរបស់ខ្ញុំម្ចាស់ ស្លាប់ដោយមុខដាវ
នៅថ្ងៃព្រះអង្គព្រះអង្គព្រះពិរោធ
ព្រះអង្គប្រហារជីវិតពួកគេ ឥតត្រាប្រណី។
២២ ព្រះអង្គបានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែង
មកគ្របសង្កត់លើខ្ញុំម្ចាស់
ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។
នៅថ្ងៃព្រះអង្គព្រះអង្គព្រះពិរោធ
គ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។
ប្រជាជនដែលខ្ញុំម្ចាស់ចិញ្ចឹមបីបាច់
ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។
៣
ត្រូវតែមានសង្ឃឹមជានិច្ច!
១ ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា
នៅគ្រាដែលព្រះជាម្ចាស់
ព្រះអង្គព្រះពិរោធ។
២ ព្រះអង្គបណ្តើរខ្ញុំ ហើយនាំខ្ញុំទៅនៅក្នុងទីងងឹត
គឺមិនមែនក្នុងពន្លឺឡើយ។
៣ ជារៀងរាល់ថ្ងៃ ព្រះអង្គលើកព្រះហស្ដ
វាយខ្ញុំ ហើយវាយទៀត។
៤ ព្រះអង្គវាយខ្ញុំដាច់សាច់ដាច់ស្បែក
ព្រះអង្គវាយបំបាក់ឆ្អឹងរបស់ខ្ញុំ។
៥ ព្រះអង្គយកការឈឺចាប់ និងទុក្ខវេទនា
មករុំព័ទ្ធជុំវិញខ្ញុំ។
៦ ព្រះអង្គទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹត
ដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។
៧ ព្រះអង្គចងខ្ញុំជាប់នឹងជញ្ជាំង
ដើម្បីកុំឲ្យខ្ញុំចេញរួច
ព្រះអង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។
៨ ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ
តែព្រះអង្គឃាត់ឃាំងគេ
មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
៩ ព្រះអង្គដាក់ផ្ទាំងថ្មរាំងផ្លូវខ្ញុំ
ព្រះអង្គបានពង្វាងផ្លូវខ្ញុំ។
១០ ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំ
និងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
១១ ព្រះអង្គដេញខ្ញុំចេញពីផ្លូវ
ព្រះអង្គហែកសាច់ខ្ញុំ
ព្រមទាំងធ្វើឲ្យខ្ញុំត្រូវអន្តរាយ។
១២ ព្រះអង្គយឹតធ្នូ
ហើយបាញ់ព្រួញតម្រង់មកខ្ញុំ។
១៣ ព្រះអង្គយកព្រួញទាំងអស់
ពីបំពង់របស់ព្រះអង្គ បាញ់ទម្លុះរូបកាយខ្ញុំ។
១៤ ប្រជាជនរបស់ខ្ញុំទាំងមូលសើចចំអកឲ្យខ្ញុំ
រៀងរាល់ថ្ងៃ ពួកគេច្រៀងឡកឡឺយដាក់ខ្ញុំ។
១៥ ព្រះអង្គឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់
ព្រះអង្គឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។
១៦ ព្រះអង្គឲ្យខ្ញុំខាំថ្មបាក់ធ្មេញ
ព្រះអង្គធ្វើឲ្យខ្ញុំដួលផ្កាប់មុខនៅក្នុងផេះ។
១៧ ព្រះអង្គធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំ
ហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។
១៨ ខ្ញុំក៏ពោលថា “ខ្ញុំលែងមានអ្វីជាទីពឹងហើយ
សូម្បីតែសេចក្ដីសង្ឃឹមរបស់ខ្ញុំលើព្រះអម្ចាស់
ក៏លែងមានទៀតដែរ”។
១៩ ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល
ដែលខ្ញុំជួបប្រទះ
នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
២០ ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្តី
ក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។
២១ តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗ
ដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ
២២ គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរស
របស់ព្រះអម្ចាស់ ដែលមិនចេះរលត់។
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ
ចំពោះខ្ញុំ ឥតទីបញ្ចប់។
២៣ ព្រះអង្គតែងតែសម្ដែងព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យអាណិតអាសូរនេះ សាជាថ្មី
រៀងរាល់ព្រឹក
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
មានទំហំធំពន់ពេកក្រៃ។
២៤ ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី
ក្រៅពីព្រះអម្ចាស់ទេ
ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។
២៥ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ចំពោះអ្នកដែលពឹងផ្អែកលើព្រះអង្គ
និងចំពោះអ្នកដែលស្វែងរកព្រះអង្គ។
២៦ ការតាំងចិត្តស្ងប់ស្ងៀម
រង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះ
នោះពិតជាការល្អប្រពៃមែន។
២៧ ជាការប្រពៃណាស់ដែលមនុស្ស
ទទួលការលត់ដំតាំងពីក្មេងទៅ។
២៨ ពេលណាព្រះអង្គធ្វើទោស
យើងត្រូវអង្គុយយ៉ាងស្ងៀមស្ងាត់
ដាច់ឡែកតែឯង
២៩ ហើយក្រាបចុះ ឱនមុខដល់ដី
ធ្វើដូច្នេះ ប្រហែលជាមានសេចក្ដីសង្ឃឹម។
៣០ ត្រូវបែរថ្ពាល់ឲ្យគេទះ
និងទ្រាំឲ្យគេជេរប្រមាថចុះ
៣១ ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលយើង
រហូតឡើយ។
៣២ ទោះបីព្រះអង្គដាក់ទោសក្តី
ព្រះអង្គនៅតែអាណិតមេត្តាដដែល
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ធំពន់ពេកក្រៃ។
៣៣ ព្រះអង្គមិនសប្បាយព្រះហឫទ័យនឹង
ដាក់ទោស ឬធ្វើទណ្ឌកម្មមនុស្សម្នាទេ។
៣៤ ពេលគេជិះជាន់ធ្វើបាបអស់អ្នកដែល
ជាប់ជាឈ្លើយក្នុងស្រុកណាមួយ
៣៥ ពេលគេរំលោភលើសិទ្ធិមនុស្ស
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
៣៦ ពេលគេកាត់ក្តីមនុស្សដោយអយុត្តិធម៌
ព្រះអម្ចាស់ទតឃើញទាំងអស់!
៣៧ ពេលព្រះអម្ចាស់បង្គាប់អ្វីមួយ
ការនោះត្រូវតែកើតឡើង
ក្រៅពីព្រះអង្គ គ្មាននរណាធ្វើដូច្នេះបានទេ។
៣៨ សុខ ឬទុក្ខសុទ្ធតែចេញមកពីព្រះឱស្ឋរបស់
ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
៣៩ ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្តី
ក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែល
ដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
៤០ តោងយើងពិនិត្យពិច័យ និងស្ទង់មើល
កិរិយាមារយាទរបស់ខ្លួន
ហើយបែរចិត្តគំនិតមករកព្រះអម្ចាស់វិញ។
៤១ ពេលយើងលើកដៃអធិស្ឋាន*រកព្រះជាម្ចាស់
ដែលគង់នៅស្ថានបរមសុខ*
តោងយើងផ្ចង់ចិត្តទៅរកព្រះអង្គដែរ។
៤២ ព្រះអម្ចាស់អើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប
ហើយបះបោរប្រឆាំងនឹងព្រះអង្គ
ព្រះអង្គមិនអត់ទោសឲ្យយើងខ្ញុំទេ។
៤៣ ព្រះអង្គតាមប្រហារជីវិតយើងខ្ញុំ
ព្រះពិរោធបានបាំងព្រះអង្គមិនឲ្យ
ត្រាប្រណីយើងខ្ញុំ។
៤៤ ព្រះអង្គពួននៅក្នុងពពក*
ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូលអង្វរ
ឮទៅដល់ព្រះអង្គឡើយ។
៤៥ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជា
សំរាម ដែលគ្មាននរណារាប់រក
ក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
៤៦ ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ
នាំគ្នាជេរប្រមាថយើងខ្ញុំ។
៤៧ យើងខ្ញុំជួបប្រទះតែគ្រោះកាច
ការភ័យខ្លាច និងការវិនាសអន្តរាយ។
៤៨ ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹង
ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
៤៩ ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរ
និងឥតស្រាកស្រាន្ត
៥០ រហូតទាល់តែព្រះអម្ចាស់ទតឃើញ
ពីស្ថានបរមសុខ។
៥១ ចិត្តខ្ញុំសោកសៅអាណិតស្រីក្រមុំទាំងប៉ុន្មាន
នៅក្នុងក្រុងរបស់ខ្ញុំ។
៥២ អស់អ្នកដែលតាំងខ្លួនជាសត្រូវរបស់ខ្ញុំ
ដោយឥតហេតុផល
ដេញតាមប្រហារខ្ញុំ ដូចតាមបាញ់សត្វស្លាប។
៥៣ ពួកគេបោះខ្ញុំក្នុងអណ្ដូង
រួចយកថ្មគ្របពីលើ ដើម្បីឲ្យខ្ញុំថប់ដង្ហើម។
៥៤ ពេលនោះ ទឹកលិចក្បាលខ្ញុំ
ខ្ញុំពោលថា ខ្ញុំស្លាប់ហើយ!
៥៥ ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះនាម
របស់ព្រះអង្គពីបាតអណ្ដូងនោះមក។
៥៦ ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំ
ស្រែកអង្វរថា:
“សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយ
សូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំ
សូមជួយទូលបង្គំផង!”។
៥៧ នៅថ្ងៃដែលទូលបង្គំអង្វររកព្រះអង្គ
ព្រះអង្គយាងចូលមកជិតទូលបង្គំ
ព្រះអង្គមានព្រះបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
៥៨ ព្រះអម្ចាស់អើយ
ព្រះអង្គរកយុត្តិធម៌ឲ្យទូលបង្គំ
ព្រះអង្គបានលោះជីវិតទូលបង្គំមកវិញ។
៥៩ ព្រះអម្ចាស់អើយ ព្រះអង្គបានទតឃើញពួកគេ
សង្កត់សង្កិនទូលបង្គំ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
៦០ ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេ
ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន
ប្រឆាំងនឹងទូលបង្គំ។
៦១ ព្រះអម្ចាស់អើយ ព្រះអង្គបានឮពាក្យដែល
ពួកគេជេរប្រមាថ
ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន
ប្រឆាំងនឹងទូលបង្គំ។
៦២ ព្រះអង្គបានឮពួកគេនិយាយ
ហើយក៏ឮពួកគេគិតគូរគម្រោងការ
ប្រឆាំងនឹងទូលបង្គំដែរ។
៦៣ សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្តី
ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។
៦៤ ឱព្រះអម្ចាស់អើយ សូមតបស្នងទៅពួកគេវិញ
ស្របតាមអំពើដែលពួកគេប្រព្រឹត្ត។
៦៥ សូមធ្វើឲ្យពួកគេមានចិត្តរឹងរូស
ហើយដាក់បណ្ដាសាពួកគេទៅ។
៦៦ ព្រះអង្គដេញតាមពួកគេ ទាំងព្រះពិរោធ
ហើយប្រល័យជីវិតពួកគេឲ្យបាត់សូន្យ
ពីផែនដីនេះ។
៤
ទុក្ខវេទនារបស់អ្នកក្រុងយេរូសាឡឹម
១ ម្ដេចក៏មាសប្រែជាស្រអាប់
ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ!
ថ្មព្រះវិហារនៅរប៉ាត់រប៉ាយគ្រប់ទីកន្លែង
តាមដងផ្លូវទាំងអស់!
២ ប្រជាជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់
គឺមានតម្លៃដូចមាស។
ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជា
ក្អមដីដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
៣ សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែរ
រីឯប្រជាជនរបស់ខ្ញុំវិញ
គេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួន
ដូចសត្វអូទ្រុសនៅវាលរហោស្ថាន។
៤ កូនតូចៗរបស់គេស្រេកទឹកខះក
ក្មេងៗនាំគ្នាយំទាររកបាយ
តែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។
៥ អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ
បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ
អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង
តាំងពីក្មេងមក
បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
៦ ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង
អ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់
ដោយគ្មាននរណាប្រហារនោះទៅទៀត។
៧ ពួកមេដឹកនាំធ្លាប់តែជាមនុស្សបរិសុទ្ធឥតខ្ចោះ
ហើយសជាងសម្លីទៅទៀត
ពួកគេមានរូបកាយល្អស្អាតជាងផ្កាថ្ម
ហើយផ្ទៃមុខភ្លឺដូចកែវមរកត។
៨ ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូង
នៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេ
ពួកគេស្គមសល់តែស្បែក និងឆ្អឹង
ហើយស្បែករបស់គេស្ងួតដូចសំបកឈើ។
៩ អ្នកស្លាប់ដោយមុខដាវមានសំណាង
ជាងអ្នកស្លាប់ដោយអត់អាហារ
ដែលវិនាសបន្តិចម្ដងៗ ព្រោះគ្មានអ្វីបរិភោគ។
១០ នៅពេលមហន្តរាយមកដល់
ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តា
បែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
១១ ព្រះអម្ចាស់ក្រេវក្រោធដល់កម្រិត
ព្រះអង្គបានជះព្រះពិរោធ
ព្រះអង្គបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន
ឲ្យឆេះរហូតដល់គ្រឹះ។
១២ ស្តេចទាំងឡាយនៅលើផែនដី
ព្រមទាំងមនុស្សម្នាក្នុងលោកទាំងមូល
ពិបាកជឿថា បច្ចាមិត្តអាចចូលមកក្នុង
ក្រុងយេរូសាឡឹមបានយ៉ាងនេះ។
១៣ ហេតុការណ៍នេះកើតឡើង
ព្រោះតែអំពើបាបរបស់ពួកព្យាការី
និងកំហុសរបស់ពួកបូជាចារ្យ
ដែលប្រហារជីវិតមនុស្សសុចរិតនៅក្នុងទីក្រុង!
១៤ អ្នកទាំងនោះដើរតែលតោលនៅតាមផ្លូវ
ដូចមនុស្សខ្វាក់
ខ្លួនប្រាណរបស់គេប្រឡាក់ទៅដោយឈាម
សូម្បីតែសម្លៀកបំពាក់របស់ពួកគេ
ក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ។
១៥ អ្នកឯទៀតៗស្រែកដាក់អ្នកទាំងនោះថា:
ជនមិនបរិសុទ្ធអើយ ចូរចៀសចេញទៅ!
ចៀស! ចូរចៀសឲ្យឆ្ងាយទៅ!
កុំប៉ះពាល់ឲ្យសោះ!
ពួកគេរត់ភៀសខ្លួន
ពីប្រជាជាតិមួយទៅប្រជាជាតិមួយ
តែគ្មាននរណាទទួលពួកគេ
ឲ្យស្នាក់អាស្រ័យឡើយ។
១៦ ព្រះអម្ចាស់ផ្ទាល់បានកម្ចាត់កម្ចាយពួកគេ
ព្រះអង្គលែងរវីរវល់នឹងពួកគេ។
គ្មាននរណាគោរពពួកបូជាចារ្យ
ឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។
១៧ យើងទន្ទឹងរង់ចាំរហូតដល់ផ្សាភ្នែក
តែមិនឃើញមាននរណាមកសង្គ្រោះសោះ
យើងឃ្លាំមើល ហើយឃ្លាំមើលទៀត
តែគ្មានប្រជាជាតិណាមួយសង្គ្រោះយើងទេ។
១៨ សត្រូវនាំគ្នាពួនស្ទាក់ចាំប្រហារយើង
សូម្បីតែនៅតាមផ្លូវក្នុងក្រុងរបស់យើង
ក៏យើងដើរមិនបានផង។
ថ្ងៃដែលយើងត្រូវស្លាប់ ជិតមកដល់
យើងជិតអស់អាយុ
ថ្ងៃដែលយើងត្រូវស្លាប់ មកដល់ហើយ!
១៩ អ្នកដែលប្រហារយើង នាំគ្នាដេញតាមយើង
លឿនជាងសត្វឥន្ទ្រីហោះហើរនៅលើមេឃ
ពួកគេដេញតាមយើងនៅលើភ្នំ
ពួកគេចាំស្ទាក់យើងនៅវាលរហោស្ថាន។
២០ យើងធ្លាប់ពោលថា
ដោយសារម្លប់ត្រជាក់ត្រជុំនៃព្រះមហាក្សត្រ
យើងនឹងរស់នៅក្នុងចំណោម
ប្រជាជាតិទាំងឡាយ។
ប៉ុន្តែ ឥឡូវនេះ ព្រះមហាក្សត្រ
ដែលជាម្ចាស់ជីវិតរបស់យើង
គឺស្តេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក
ព្រះអង្គជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
២១ ប្រជាជនស្រុកអេដុម ប្រជាជនស្រុកអ៊ូសអើយ
ចូរសប្បាយចិត្ត ចូររីករាយទៅ!
ដ្បិតអ្នកត្រូវទទួលពែងនៃទុក្ខលំបាកនេះដែរ
អ្នកនឹងស្រវឹង ហើយនៅខ្លួនទទេ។
២២ ប្រជាជនក្រុងស៊ីយ៉ូនអើយ
អ្នកទទួលទោសដល់កម្រិតហើយ
គ្មាននរណាកៀរអ្នកយកទៅជាឈ្លើយទៀតទេ
រីឯប្រជាជនស្រុកអេដុមវិញ
ព្រះអម្ចាស់នឹងធ្វើទណ្ឌកម្មពួកគេ
ស្របតាមអំពើដែលគេប្រព្រឹត្ត
គឺព្រះអង្គលាតត្រដាងអំពើបាបរបស់ពួកគេ។
៥
ពាក្យទូលអង្វរសូមព្រះអម្ចាស់អាណិតមេត្តា
១ ព្រះអម្ចាស់អើយ
សូមនឹកដល់ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ
សូមទតមើលចុះ
តើគេត្មះតិះដៀលយើងខ្ញុំដល់កម្រិតណា!
២ ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ
បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស
ផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ
របស់ជនដទៃ។
៣ យើងខ្ញុំធ្លាក់ខ្លួនដូចក្មេងកំព្រា គ្មានឪពុកម្ដាយ
យើងខ្ញុំរស់នៅដូចស្ត្រីមេម៉ាយ។
៤ យើងខ្ញុំត្រូវបង់ប្រាក់
ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់
ហើយត្រូវបង់ប្រាក់
ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។
៥ ពួកអ្នកដែលតាមប្រហារយើងខ្ញុំ
ស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ច
យើងខ្ញុំអស់កម្លាំង
តែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។
៦ យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប
និងស្រុកអាស្ស៊ីរី ដើម្បីចម្អែតក្រពះ។
៧ ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែន
តែពួកគេស្លាប់អស់ហើយ
គឺយើងខ្ញុំទេដែលរងទុក្ខទោស
ព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។
៨ ពួកទាសករត្រួតត្រាលើយើងខ្ញុំ
តែគ្មាននរណារំដោះយើងខ្ញុំ
ចេញពីកណ្ដាប់ដៃរបស់អ្នកទាំងនោះទេ។
៩ យើងខ្ញុំប្រថុយជីវិត ឆ្លងកាត់មុខដាវ
ដើម្បីទៅរកស្បៀងអាហារ។
១០ ដោយឃ្លានខ្លាំងពេក
ស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។
១១ សត្រូវរំលោភស្ត្រីនៅក្នុងក្រុងស៊ីយ៉ូន
និងរំលោភស្ត្រីក្រមុំនៅតាមក្រុងនានា
ក្នុងស្រុកយូដា។
១២ ពួកគេព្យួរកពួកមន្ត្រីរបស់យើងខ្ញុំ
ហើយគ្មាននរណាគោរពចាស់ជរាទេ។
១៣ គេប្រើឲ្យពួកយុវជនលីត្បាល់កិន
គេប្រើក្មេងប្រុសៗឲ្យលីឈើដ៏ធ្ងន់
រហូតដល់ជំពប់ជើងដួល។
១៤ ពួកព្រឹទ្ធាចារ្យលែងអង្គុយនៅមាត់ទ្វារក្រុង
ទៀតហើយ
រីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។
១៥ អំណរបានចាកចេញបាត់ពីចិត្តយើងខ្ញុំ
យើងខ្ញុំនាំគ្នាកាន់ទុក្ខជំនួសការរាំរែក
១៦ យើងខ្ញុំបាត់បង់កិត្តិយស
យើងខ្ញុំត្រូវវេទនា
ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
១៧ ហេតុនេះហើយបានជាចិត្តយើងខ្ញុំខ្លោចផ្សា
យើងខ្ញុំយំរហូតដល់ហើមភ្នែក។
១៨ ភ្នំស៊ីយ៉ូនក្លាយទៅជាទីស្មសាន
ជាកន្លែងដែលកញ្ជ្រោងដើររកស៊ី។
១៩ ព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យរហូតតទៅ
បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរ
អស់កល្បជាអង្វែងតរៀងទៅ។
២០ ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ
រហូតដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលយើងខ្ញុំ
អស់មួយជីវិត?
២១ ព្រះអម្ចាស់អើយ
សូមនាំយើងខ្ញុំឲ្យវិលត្រឡប់មកវិញ
នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ
សូមប្រទានអាយុជីវិតមកយើងខ្ញុំសាជាថ្មី។
២២ តើព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតមែនឬ?
តើព្រះអង្គព្រះអង្គព្រះពិរោធនឹងយើងខ្ញុំ
ហួសកម្រិតបែបនេះឬ?
482 Views