សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
យ៉ូស៊ូអា
ពាក្យលំនាំ
លោកយ៉ូស៊ូអា
(យ៉ូស្វេ)
ពាក្យលំនាំ
គម្ពីរ «យ៉ូស៊ូអា» រៀបរាប់អំពីលោកយ៉ូស៊ូអាដឹកនាំជនជាតិអ៊ីស្រាអែលវាយដណ្ដើមយកស្រុកកាណាន ព្រមទាំងការបែងចែកទឹកដីរវាងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។ យើងអាចបែងចែកកណ្ឌគម្ពីរនេះជាបីផ្នែក:
• ការវាយដណ្ដើមយកស្រុកកាណាន (១ - ១២)
• ការបែងចែកទឹកដី (១៣ - ២១)
• ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស៊ូអា (២២ - ២៤)
ព្រះជាម្ចាស់ប្រទានទឹកដីស្រុកកាណានឲ្យប្រជាជនអ៊ីស្រាអែលដូច្នេះ ដើម្បីសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ។ ក្នុងដំណើររឿងដែលបរិយាយអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងជនជាតិអ៊ីស្រាអែល ការវាយយកស្រុកកាណានមានសារសំខាន់ដូចការចាកចេញពីស្រុកអេស៊ីបដែរ គឺព្រះជាម្ចាស់ជួយប្រជារាស្ដ្ររបស់ព្រះអង្គឲ្យមានជ័យជម្នះក្នុងការចាប់យកទឹកដី ដូចព្រះអង្គបានជួយពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចផារ៉ោន។
ការបែងចែកទឹកដីឲ្យកុលសម្ព័ន្ធនីមួយៗ បង្ហាញនូវព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលចង់ឲ្យជនជាតិអ៊ីស្រាអែលគ្រប់ៗរូបមានទឹកដីជាចំណែកមត៌ករបស់ខ្លួន ដើម្បីរកស៊ីចិញ្ចឹមជីវិត។ គោលគំនិតនេះជួយយើងឲ្យយល់អំពីការរៀបរាប់យ៉ាងលំអិតនូវឈ្មោះក្រុង និងស្រុកភូមិផ្សេងៗ ជាពិសេសនៅចំពូក១៣,១៥,១៦។
ក្នុងដំណើររឿងអំពីការវាយយកស្រុកកាណាន កណ្ឌគម្ពីរយ៉ូស៊ូអារំឭកយើងអំពីព្រះហឫទ័យស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយព្រះអង្គសព្វព្រះហឫទ័យឲ្យប្រជារាស្ដ្ររបស់ព្រះអង្គសម្ដែងទឹកចិត្តស្មោះត្រង់ឆ្លើយតបវិញដែរ។
ជនជាតិអ៊ីស្រាអែលតាំងទីលំនៅក្នុងចំណោមជាតិសាសន៍នានាដូច្នេះ អាចក្លាយទៅជាការល្បួងម្យ៉ាង ដែលនាំឲ្យពួកគេបែកចិត្តចេញពីព្រះជាម្ចាស់។ ហេតុនេះហើយបានជាលោកយ៉ូស៊ូអាកោះហៅប្រជាជនឲ្យជួបជុំគ្នានៅស៊ីគែម (ចំពូក ២៤) ដើម្បីប្ដេជ្ញាចិត្តបញ្ជាក់នូវសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសរបស់ពួកគេ គឺប្រជាជនត្រូវសម្រេចចិត្តគោរពបម្រើតែព្រះអម្ចាស់មួយអង្គប៉ុណ្ណោះ។
កណ្ឌគម្ពីរនេះចាប់ផ្តើមទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល និងទឹកដីរបស់ខ្លួន។ ពួកគេអាចរក្សាទឹកដីនេះគង់វង្ស ឬបាត់បង់ទៅវិញ អាស្រ័យលើភាពស្មោះត្រង់ ឬមិនស្មោះត្រង់របស់ពួកគេលើព្រះរបស់ខ្លួន។
១
ការដណ្ដើមយកស្រុកកាណាន
លោកយ៉ូស៊ូអាបន្តមុខងារពីលោកម៉ូសេ
១ ក្រោយពីលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានទទួលមរណភាពផុតទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់លោកម៉ូសេថា៖ ២ «ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជាជនទាំងអស់ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។ ៣ អ្នករាល់គ្នាឈានជើងជាន់កន្លែងណា យើងប្រគល់ឲ្យទាំងអស់ ដូចយើងបានសន្យាជាមួយម៉ូសេស្រាប់ហើយ។ ៤ ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹងចាប់តាំងពីវាលរហោស្ថាន រហូតដល់ភ្នំលីបង់ និងចាប់តាំងពីទន្លេអឺប្រាត ដែលជាទន្លេធំ រហូតដល់សមុទ្រធំនៅទិសខាងលិច គឺស្រុករបស់ជនជាតិហេតទាំងមូល។
៥ ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។ ៦ ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះឲ្យគ្រប់គ្រងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។ ៧ ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យ*ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីវិន័យនេះ ដោយងាកទៅស្តាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជម្នះគ្រប់ទីកន្លែងដែលអ្នកទៅ។ ៨ ត្រូវទន្ទេញគម្ពីរវិន័យនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចម្រុងចម្រើន និងទទួលជោគជ័យ។ ៩ តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
ការរៀបចំមុននឹងឆ្លងទន្លេយ័រដាន់
១០ នៅពេលនោះ លោកយ៉ូស៊ូអាបានបញ្ជាទៅពួកនាយក្រុមរបស់ប្រជាជនដូចតទៅ៖ ១១ «ចូរនាំគ្នាដើរកាត់ជំរំ ហើយប្រកាសប្រាប់ប្រជាជនថា “ចូររៀបចំស្បៀងអាហារ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ដើម្បីចូលទៅវាយយកស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកម្មសិទ្ធិ”»។ ១២ បន្ទាប់មក លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធ*រូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដូចតទៅ៖ ១៣ «ចូរចងចាំនូវពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បង្គាប់អ្នករាល់គ្នាថា “ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាបានសម្រាក គឺព្រះអង្គប្រទានស្រុកនេះឲ្យអ្នករាល់គ្នាហើយ”។ ១៤ ប្រពន្ធ កូន ព្រមទាំងហ្វូងសត្វរបស់អ្នករាល់គ្នានឹងស្ថិតនៅក្នុងស្រុក ដែលលោកម៉ូសេបានប្រគល់ឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ រីឯអ្នករាល់គ្នា ដែលសុទ្ធតែជាទាហានដ៏អង់អាចវិញ ត្រូវប្រដាប់អាវុធ ដើរខាងមុខបងប្អូនរបស់អ្នករាល់គ្នា ដើម្បីជួយគេ ១៥ រហូតដល់ព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសម្រាកដូចអ្នករាល់គ្នាដែរ ហើយឲ្យពួកគេកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យពួកគេ។ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់មកកាន់កាប់ស្រុក ដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាវិញ គឺស្រុកដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់»។
១៦ ពួកគេឆ្លើយទៅលោកយ៉ូស៊ូអាថា៖ «អ្វីៗទាំងប៉ុន្មានដែលលោកបង្គាប់មកយើងខ្ញុំ យើងខ្ញុំនឹងគោរពធ្វើតាមទាំងអស់។ លោកចាត់យើងខ្ញុំឲ្យទៅទីណា យើងខ្ញុំនឹងទៅទីនោះ។ ១៧ យើងខ្ញុំធ្លាប់ស្ដាប់បង្គាប់លោកម៉ូសេសព្វគ្រប់យ៉ាងណា យើងក៏ស្ដាប់បង្គាប់លោកយ៉ាងនោះដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គបានគង់នៅជាមួយលោកម៉ូសេដែរ។ ១៨ ប្រសិនបើអ្នកណាម្នាក់ប្រឆាំងនឹងបញ្ជារបស់លោក ហើយមិនព្រមធ្វើតាមបញ្ជារបស់លោកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯលោកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។
២
លោកយ៉ូស៊ូអាចាត់អ្នកស៊ើបការណ៍ទៅក្រុងយេរីខូ
១ លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីជំរំស៊ីទីមទៅស៊ើបការណ៍។ លោកមានប្រសាសន៍ថា៖ «ចូរទៅពិនិត្យមើលស្រុកនោះ និងក្រុងយេរីខូផង!»។ អ្នកទាំងពីរនាំគ្នាចេញដំណើរឆ្ពោះទៅក្រុងយេរីខូ ហើយចូលទៅស្នាក់នៅផ្ទះរបស់ស្រីពេស្យាម្នាក់ឈ្មោះនាងរ៉ាហាប។ ២ មានគេទូលស្តេចក្រុងយេរីខូថា៖ «យប់នេះ មានពួកអ៊ីស្រាអែលចូលមកក្នុងទីក្រុង ដើម្បីស៊ើបការណ៍»។ ៣ ស្តេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។ ៤ ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់ រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ ៥ លុះដល់ពេលព្រលប់ គឺពេលដែលគេបិទទ្វារក្រុង បុរសនោះបានចេញទៅបាត់ នាងខ្ញុំពុំដឹងថាពួកគេទៅទីណាទេ។ សូមដេញតាមឲ្យលឿន អស់លោកមុខជាទាន់ពួកគេពុំខាន!»។ ៦ តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ ៧ អ្នកទាំងនោះដេញតាមរកពួកគេ ឆ្ពោះទៅកាន់ទន្លេយ័រដាន់ គឺនៅកន្លែងទឹករាក់ៗដែលអាចឆ្លងបាន។ កាលពួកអ្នកដេញតាមចេញផុតអស់ទៅ គេក៏បិទទ្វារទីក្រុង។
៨ នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក ៩ ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា ព្រះអម្ចាស់ប្រគល់ស្រុកនេះដល់ពួកលោក។ ពួកលោកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកលោក ១០ ដ្បិតយើងបានឮគេនិយាយថា ព្រះអម្ចាស់ធ្វើឲ្យសមុទ្រកក់រីងស្ងួតនៅចំពោះមុខពួកលោក នៅគ្រាពួកលោកចាកចេញពីស្រុកអេស៊ីប។ យើងក៏ដឹងដែរថា ពួកលោកបានប្រព្រឹត្តបែបណាចំពោះព្រះបាទស៊ីហុន និងព្រះបាទអុក ជាស្តេចរបស់ជនជាតិអាម៉ូរី នៅខាងកើតទន្លេយ័រដាន់ គឺពួកលោកបានបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ ១១ ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកលោក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ពួកលោក ជាព្រះដែលគង់នៅលើមេឃដ៏ខ្ពស់បំផុត ហើយព្រះអង្គក៏គង់នៅផែនដីខាងក្រោមនេះដែរ។ ១២ ឥឡូវនេះ សូមលោកទាំងពីរស្បថឲ្យនាងខ្ញុំ ដោយយកព្រះអម្ចាស់ជាសាក្សីថា នាងខ្ញុំបានជួយលោកទាំងពីរដោយសប្បុរសយ៉ាងណា សូមលោកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្តុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា ១៣ ពួកលោកនឹងអនុគ្រោះដល់ជីវិតឪពុកម្ដាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាឲ្យបានរួចជីវិតផង»។ ១៤ បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាព្រះអម្ចាស់ប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។ ១៥ បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្ដង។ ១៦ នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកអ្នកដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។ ១៧ បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ ១៨ ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហមនៅមាត់បង្អួច ដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល ឲ្យមកជួបជុំជាមួយនាង។ ១៩ ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ! ២០ ប៉ុន្តែ បើនាងយករឿងរបស់យើងទៅបរិហារប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។ ២១ នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់លោកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។
២២ បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។ ២៣ បន្ទាប់មក បុរសទាំងពីរបានចុះពីភ្នំ ឆ្លងកាត់ទន្លេយ័រដាន់ វិលទៅជួបលោកយ៉ូស៊ូអា ជាកូនរបស់លោកនូនវិញ ហើយជម្រាបលោកនូវហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់ពួកគេ។ ២៤ បុរសទាំងពីរជម្រាបលោកយ៉ូស៊ូអាថា៖ «ព្រះអម្ចាស់ពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកឲ្យយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុកក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។
៣
ជនជាតិអ៊ីស្រាអែលឆ្លងកាត់ទន្លេយ័រដាន់
១ លោកយ៉ូស៊ូអាក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រាអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ ២ បីថ្ងៃក្រោយមក ពួកនាយក្រុមបានដើរកាត់ជំរំ ៣ ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមបូជាចារ្យលេវី*សែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ ៤ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។ ៥ បន្ទាប់មក លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរជម្រះខ្លួនឲ្យវិសុទ្ធ ដ្បិតថ្ងៃស្អែក ព្រះអម្ចាស់នឹងសម្ដែងការអស្ចារ្យនៅកណ្ដាលចំណោមអ្នករាល់គ្នា»។ ៦ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់អស់លោកបូជាចារ្យថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ឆ្លងទៅមុនប្រជាជនទៅ!»។ គេក៏សែងហិបឆ្លងទៅមុនប្រជាជន។
៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «ថ្ងៃនេះ យើងចាប់ផ្តើមពង្រឹងអំណាចរបស់អ្នក ឲ្យជនជាតិអ៊ីស្រាអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសេកាលពីមុនដែរ។ ៨ រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមបូជាចារ្យ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្ដង”»។ ៩ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរមកនេះ ស្ដាប់ព្រះបន្ទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសិន»។ ១០ លោកយ៉ូស៊ូអាមានប្រសាសន៍ទៀតថា៖ «មានសញ្ញាសម្គាល់មួយដែលនាំឲ្យអ្នករាល់គ្នាដឹងថា ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពិតជាសណ្ឋិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គពិតជាបណ្តេញជនជាតិកាណាន ជនជាតិហេត ជនជាតិហេវី ជនជាតិពេរីស៊ី ជនជាតិគៀរកាស៊ី ជនជាតិអាម៉ូរី និងយេប៊ូស ឲ្យចេញពីមុខអ្នករាល់គ្នាមែន ១១ គឺហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូលនឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។ ១២ ឥឡូវនេះ ចូរជ្រើសរើសយកបុរសដប់ពីរនាក់ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល គឺក្នុងកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។ ១៣ ពេលណាក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្តុំគ្នានៅនឹងថ្កល់មួយកន្លែង»។
១៤ នៅគ្រាដែលប្រជាជនចាកចេញពីជំរំ បម្រុងនឹងឆ្លងទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រី នាំគ្នាដើរនៅខាងមុខប្រជាជន។ ១៥ ពេលនោះ ជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង ១៦ ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្តុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្តុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំ ជាក្រុងមួយនៅជិតសារតាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិល ត្រូវកាត់ផ្ដាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។ ១៧ នៅពេលដែលប្រជាជនអ៊ីស្រាអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នាំគ្នាឈរលើដីស្ងួត នៅកណ្ដាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។
៤
ស្តូបថ្មទាំងដប់ពីរ
១ ពេលប្រជាជាតិទាំងមូលឆ្លងទន្លេយ័រដាន់រួចអស់ហើយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ ២ «ចូរនាំគ្នាជ្រើសរើសយកបុរសដប់ពីរនាក់ ពីចំណោមប្រជាជន គឺក្នុងកុលសម្ព័ន្ធនីមួយៗ រើសយកម្នាក់ ៣ ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមបូជាចារ្យដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។
៤ លោកយ៉ូស៊ូអាហៅបុរសដប់ពីរនាក់ ដែលលោកជ្រើសរើសក្នុងចំណោមជនជាតិអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗយកម្នាក់ ៥ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅគេថា៖ «ចូរទៅខាងមុខហិបរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់។ នៅទីនោះ សូមឲ្យម្នាក់ៗយកថ្មមួយដុំមកដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ៦ ទុកជាសញ្ញាសម្គាល់នៅកណ្ដាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្ដេច?” ៧ អ្នករាល់គ្នាត្រូវប្រាប់គេថា “ព្រះអម្ចាស់បានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់ នៅខាងមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺនៅពេលគេសែងហិបនោះឆ្លងទន្លេយ័រដាន់ ព្រះអង្គបានកាត់ផ្ដាច់ទន្លេយ័រដាន់។ ថ្មទាំងនេះជាទីរំឭកសម្រាប់ជនជាតិអ៊ីស្រាអែលរហូតតទៅ”»។
៨ ជនជាតិអ៊ីស្រាអែលបានធ្វើតាមសេចក្ដីដែលលោកយ៉ូស៊ូអាបង្គាប់ គឺយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដូចព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូស៊ូអា។ ពួកគេលីដុំថ្មទាំងនេះឆ្លងទៅជាមួយ រហូតដល់កន្លែងស្នាក់នៅពេលយប់ ហើយទុកនៅទីនោះ។ ៩ លោកយ៉ូស៊ូអាឲ្យគេបញ្ឈរថ្មដប់ពីរដុំ នៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។
១០ ក្រុមបូជាចារ្យសែងហិបនាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស៊ូអា គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្តែផ្តាំលោកយ៉ូស៊ូអា។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។ ១១ កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមបូជាចារ្យសែងហិបនៃព្រះអម្ចាស់ឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។ ១២ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់ ១៣ មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹក ដើរនៅខាងមុខព្រះអម្ចាស់ ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។
១៤ នៅថ្ងៃនោះ ព្រះអម្ចាស់ពង្រឹងអំណាចលោកយ៉ូស៊ូអា នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេនាំគ្នាគោរពកោតខ្លាចលោក ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់លោក ដូចគេធ្លាប់គោរពកោតខ្លាចលោកម៉ូសេដែរ។
១៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ ១៦ «ចូរបង្គាប់ក្រុមបូជាចារ្យដែលសែងហិបនៃសន្ធិសញ្ញា ឲ្យឡើងពីទន្លេយ័រដាន់មក»។ ១៧ លោកយ៉ូស៊ូអាក៏បង្គាប់ទៅក្រុមបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!»។ ១៨ ពេលក្រុមបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឡើងពីកណ្ដាលទន្លេយ័រដាន់ គឺនៅពេលពួកគេឈានជើងជាន់ដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរដូចដើម តាមខ្សែទឹករបស់វាវិញ។ ១៩ ប្រជាជនឡើងពីទន្លេយ័រដាន់ នាថ្ងៃទីដប់ ខែទីមួយ ហើយបោះជំរំត្រង់កន្លែងមួយឈ្មោះគីលកាល់ នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។ ២០ រីឯថ្មទាំងដប់ពីរដុំ ដែលគេយកពីទន្លេយ័រដាន់មក លោកយ៉ូស៊ូអាបានបញ្ឈរនៅគីលកាល់។ ២១ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្ដេច?”។ ២២ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅ អំពីគ្រា ដែលប្រជាជនអ៊ីស្រាអែលបានដើរឆ្លងបាតទន្លេយ័រដាន់នេះ ២៣ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាឆ្លងផុត ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យសមុទ្រកក់ រីងស្ងួតនៅចំពោះមុខយើង រហូតទាល់តែយើងឆ្លងផុតដែរ។ ២៤ ព្រះអម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីដឹងថា ព្រះអម្ចាស់មានឫទ្ធានុភាពដ៏ខ្លាំងពូកែ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នារហូតតទៅ»។
៥
១ កាលស្តេចទាំងប៉ុន្មាននៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា ព្រះអម្ចាស់ធ្វើឲ្យទន្លេយ័រដាន់រីងស្ងួត នៅចំពោះមុខជនជាតិអ៊ីស្រាអែលរហូតដល់គេឆ្លងផុត ស្តេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹង នៅចំពោះមុខជនជាតិអ៊ីស្រាអែល។
ជនជាតិអ៊ីស្រាអែលទទួលពិធីកាត់ស្បែកនៅគីលកាល់
២ នៅគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីកាត់ស្បែក*ឲ្យជនជាតិអ៊ីស្រាអែលសាជាថ្មីម្ដងទៀត»។ ៣ លោកយ៉ូស៊ូអាក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីកាត់ស្បែកឲ្យជនជាតិអ៊ីស្រាអែលនៅលើភ្នំហារ៉ាឡុត។ ៤ រីឯមូលហេតុដែលនាំឲ្យលោកយ៉ូស៊ូអាធ្វើពិធីកាត់ស្បែកឲ្យពួកគេនោះ មានដូចតទៅ: ប្រជាជនទាំងមូលដែលបានចាកចេញពីស្រុកអេស៊ីប គឺប្រុសៗទាំងប៉ុន្មានដែលជាអ្នកចម្បាំងបានស្លាប់តាមវាលរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីប។ ៥ អ្នកទាំងនោះសុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្តែ ប្រជាជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោស្ថានពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។ ៦ ជនជាតិអ៊ីស្រាអែលធ្វើដំណើរនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែអ្នកចម្បាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្ដាប់បង្គាប់ព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅពួកគេយ៉ាងដាច់អហង្ការថា មិនឲ្យពួកគេឃើញស្រុកដែលព្រះអង្គសន្យាជាមួយបុព្វបុរស ថានឹងប្រទានមកឲ្យយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ។
៧ ព្រះអម្ចាស់បាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ លោកយ៉ូស៊ូអាធ្វើពិធីកាត់ស្បែកឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវ ពួកគេពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ។ ៨ កាលបានធ្វើពិធីកាត់ស្បែកឲ្យប្រជាជាតិទាំងមូលហើយ ពួកគេក៏នៅក្នុងជំរំរហូតដល់ជាសះស្បើយទាំងអស់គ្នា។ ៩ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «ថ្ងៃនេះ យើងដកសេចក្ដីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្ដីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីលកាល់” រហូតដល់សព្វថ្ងៃ។
បុណ្យចម្លងដំបូងបង្អស់នៅស្រុកកាណាន
១០ ជនជាតិអ៊ីស្រាអែលបោះជំរំនៅគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យចម្លង* នៅល្ងាចថ្ងៃទីដប់បួននៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។ ១១ ស្អែកឡើង គឺមួយថ្ងៃក្រោយបុណ្យចម្លង ពួកគេបរិភោគនំបុ័ងឥតមេ និងគ្រាប់ស្រូវលីង ដែលជាភោគផលរបស់ស្រុកនោះ។ ១២ ចាប់តាំងពីថ្ងៃពួកគេបរិភោគភោគផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជនជាតិអ៊ីស្រាអែលនាំគ្នាបរិភោគភោគផលនៃស្រុកកាណាន។
មេទ័ពរបស់ព្រះអម្ចាស់
១៣ ពេលដែលលោកយ៉ូស៊ូអានៅជិតក្រុងយេរីខូ លោកងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខលោក ទាំងហូតដាវកាន់នៅដៃផង។ លោកយ៉ូស៊ូអាដើរទៅជិត សួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។ ១៤ បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់ ខ្ញុំទើបនឹងមកដល់»។ ពេលនោះ លោកយ៉ូស៊ូអាក្រាបថ្វាយបង្គំឱនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ?»។ ១៥ មេទ័ពរបស់ព្រះអម្ចាស់មានប្រសាសន៍មកកាន់លោកយ៉ូស៊ូអាថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងលោកឈរជាកន្លែងដ៏វិសុទ្ធ»។ លោកយ៉ូស៊ូអាក៏ធ្វើតាម។
៦
ជនជាតិអ៊ីស្រាអែលវាយយកក្រុងយេរីខូ
១ ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជនជាតិអ៊ីស្រាអែល។ ២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «មើល៍! យើងប្រគល់ក្រុងយេរីខូ ទាំងស្តេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ ៣ អ្នករាល់គ្នា និងពលទាហានទាំងអស់ ត្រូវដើរព័ទ្ធជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះ ចំនួនប្រាំមួយថ្ងៃ។ ៤ ត្រូវឲ្យបូជាចារ្យ ប្រាំពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធមេត្រី*។ លុះដល់ថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវដើរជុំវិញទីក្រុងប្រាំពីរជុំ រួចឲ្យក្រុមបូជាចារ្យផ្លុំស្នែងចៀម។ ៥ ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែង ប្រជាជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង កំពែងក្រុងមុខជារលំចុះនៅនឹងកន្លែង ហើយប្រជាជនត្រូវសម្រុកចូលទៅក្នុងទីក្រុងរៀងៗខ្លួន»។
៦ លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ហៅក្រុមបូជាចារ្យមក មានប្រសាសន៍ទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយឲ្យបូជាចារ្យប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ ៧ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពលទាហានប្រដាប់អាវុធដើរខាងមុខហិបរបស់ព្រះអម្ចាស់»។ ៨ ប្រជាជនធ្វើតាមប្រសាសន៍របស់លោកយ៉ូស៊ូអា គឺបូជាចារ្យប្រាំពីររូបដែលកាន់ស្នែងចៀមទាំងប្រាំពីរ ដើរនៅខាងមុខព្រះអម្ចាស់ នាំគ្នាចេញទៅទាំងផ្លុំស្នែង ហើយគេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដើរតាមក្រោយ។ ៩ ពលទាហានប្រដាប់អាវុធដើរខាងមុខក្រុមបូជាចារ្យដែលផ្លុំស្នែង ហើយក៏មានពលទាហានដើរពីក្រោយហិបដែរ។ ពួកគេដើរទៅមុខតាមសំឡេងស្នែង។ ១០ លោកយ៉ូស៊ូអាបញ្ជាទៅប្រជាជនថា៖ «កុំស្រែកជយឃោស កុំបន្លឺសំឡេង កុំនិយាយស្តីអ្វីទាំងអស់ រហូតដល់ថ្ងៃខ្ញុំប្រាប់អ្នករាល់គ្នាឲ្យស្រែក នោះសឹមស្រែក»។ ១១ លោកឲ្យគេសែងហិបរបស់ព្រះអម្ចាស់ដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចប្រជាជនវិលចូលជំរំវិញ ហើយសម្រាកពេលយប់នៅទីនោះ។
១២ លោកយ៉ូស៊ូអាក្រោកពីព្រលឹម ហើយក្រុមបូជាចារ្យនាំគ្នាសែងហិបព្រះអម្ចាស់សាជាថ្មី។ ១៣ បូជាចារ្យទាំងប្រាំពីរនាក់ដែលកាន់ស្នែងចៀមដើរខាងមុខហិបព្រះអម្ចាស់ ក៏ចេញដំណើរម្ដងទៀត ទាំងផ្លុំស្នែងផង។ មានពលទាហានប្រដាប់អាវុធដើរខាងមុខ ហើយក៏មានពលទាហានដើរតាមក្រោយហិបព្រះអម្ចាស់ដែរ ពួកគេដើរទៅមុខតាមសំឡេងស្នែង។ ១៤ នៅថ្ងៃទីពីរនោះ ពួកគេដើរព័ទ្ធជុំវិញទីក្រុងបានមួយជុំ រួចវិលចូលជំរំវិញ។ ពួកគេធ្វើដូច្នេះអស់រយៈពេលប្រាំមួយថ្ងៃ។ ១៥ នៅថ្ងៃទីប្រាំពីរ ពួកគេក្រោកពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងប្រាំពីរជុំតាមរបៀបដដែល គឺមានតែថ្ងៃនោះទេ ដែលពួកគេដើរព័ទ្ធជុំវិញទីក្រុងចំនួនប្រាំពីរជុំ។ ១៦ នៅជុំទីប្រាំពីរ ពេលក្រុមបូជាចារ្យផ្លុំស្នែង លោកយ៉ូស៊ូអាបញ្ជាទៅប្រជាជនថា៖ «ចូរស្រែកជយឃោសឡើង! ដ្បិតព្រះអម្ចាស់បានប្រគល់ទីក្រុងឲ្យអ្នករាល់គ្នាហើយ។ ១៧ ចូរបំផ្លាញទីក្រុង និងអ្វីៗទាំងអស់ក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ តែត្រូវទុកជីវិតឲ្យនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះ ព្រោះនាងបានលាក់អ្នកស៊ើបការណ៍ ដែលយើងចាត់ឲ្យមក។ ១៨ រីឯអ្នករាល់គ្នាវិញ ចូរប្រយ័ត្ន! កុំប៉ះពាល់របស់អ្វីដែលត្រូវបំផ្លាញនោះជាដាច់ខាត ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយប៉ះពាល់របស់ដែលត្រូវបំផ្លាញនោះ! មួយវិញទៀត បើធ្វើដូច្នោះអ្នករាល់គ្នាមុខជាធ្វើឲ្យមហន្តរាយ និងទុក្ខទោស កើតមានដល់អស់អ្នកដែលស្ថិតនៅក្នុងជំរំអ៊ីស្រាអែលមិនខាន។ ១៩ រីឯមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬពីដែកទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់ ហើយបញ្ចូលទៅក្នុងសម្បត្តិរបស់ព្រះអង្គ»។
២០ ប្រជាជនស្រែកជយឃោស ហើយក្រុមបូជាចារ្យក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែង គេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះ កំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្ដើមយកទីក្រុង។ ២១ ពួកគេបំផ្លាញអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងទីក្រុង ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គឺប្រហារមនុស្សទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។
លោកយ៉ូស៊ូអាទុកជីវិតនាងរ៉ាហាប
២២ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់បុរសទាំងពីរនាក់ ដែលបានទៅស៊ើបការណ៍នៅក្រុងយេរីខូថា៖ «ចូរទៅផ្ទះស្រីពេស្យា ហើយនាំនាង ព្រមទាំងក្រុមគ្រួសាររបស់នាងចេញមក ដូចអ្នកបានស្បថជាមួយគេ»។ ២៣ យុវបុរសទាំងពីរដែលជាអ្នកស៊ើបការណ៍ក៏ចូលទៅក្នុងផ្ទះ ហើយនាំនាងរ៉ាហាប ឪពុកម្ដាយ បងប្អូន និងអស់អ្នកដែលនៅជាមួយនាងចេញមក។ ពួកគេនាំញាតិសន្ដានទាំងអស់របស់នាងចេញមក ឲ្យនៅកន្លែងផុតពីគ្រោះថ្នាក់ ក្បែរជំរំអ៊ីស្រាអែល។ ២៤ ចំណែកឯទីក្រុងវិញ ពួកគេដុតចោលជាមួយអ្វីៗទាំងអស់ដែលមាននៅក្នុងនោះ លើកលែងតែមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬដែក ដែលគេដាក់បញ្ចូលក្នុងសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ២៥ លោកយ៉ូស៊ូអាបានទុកជីវិតនាងរ៉ាហាបជាស្រីពេស្យា ព្រមទាំងក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយនាង ដ្បិតនាងបានលាក់បុរសទាំងពីរ ដែលលោកយ៉ូស៊ូអាចាត់ឲ្យមកស៊ើបការណ៍នៅក្រុងយេរីខូ។ នាងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល រហូតដល់សព្វថ្ងៃ។
២៦ នៅគ្រានោះ លោកយ៉ូស៊ូអាបានប្រកាសយ៉ាងឱឡារិក៖
«អ្នកណាចង់សង់ក្រុងយេរីខូនេះឡើងវិញ
អ្នកនោះមុខជាត្រូវបណ្ដាសាពីព្រះអម្ចាស់!
គឺបើគេហ៊ានចាក់គ្រឹះ
កូនប្រុសច្បងរបស់គេនឹងត្រូវស្លាប់
ហើយបើគេហ៊ានដាក់ទ្វារក្រុង
កូនពៅរបស់គេនឹងត្រូវស្លាប់»។
២៧ ព្រះអម្ចាស់គង់ជាមួយលោកយ៉ូស៊ូអា ហើយលោកក៏មានកេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយ ក្នុងស្រុកនោះទាំងមូល។
៧
បទល្មើសរបស់លោកអកាន ជនជាតិអ៊ីស្រាអែលទទួលបរាជ័យនៅក្រុងអៃ
១ ពេលនោះ ជនជាតិអ៊ីស្រាអែលបានបំពានលើព្រះបន្ទូល ដែលព្រះអម្ចាស់ហាមមិនឲ្យប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអកាន ជាកូនរបស់លោកកាមី ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ា ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលព្រះអម្ចាស់ហាមឃាត់ ជាហេតុធ្វើឲ្យព្រះអង្គព្រះអង្គព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល។
២ លោកយ៉ូស៊ូអាបានចាត់អ្នកខ្លះពីក្រុងយេរីខូឲ្យទៅក្រុងអៃ ដែលនៅជិតបេតអាវេន នៅខាងកើតបេតអែល ទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើបការណ៍នៅក្រុងអៃ។ ៣ អ្នកទាំងនោះវិលមកជួបលោកយ៉ូស៊ូអាវិញ ជម្រាបថា៖ «មិនបាច់ឲ្យប្រជាជនទាំងមូលឡើងទៅវាយទេ គឺឲ្យតែទ័ពពីរ ឬបីពាន់នាក់ ឡើងទៅវាយយកក្រុងអៃប៉ុណ្ណោះបានហើយ! អ្នកក្រុងនោះមានគ្នាតិចតួចទេ ដូច្នេះ មិនបាច់ចាត់កងទ័ពទាំងមូលឲ្យទៅ នាំឲ្យពិបាកឡើយ»។ ៤ ពេលនោះ ទ័ពអ៊ីស្រាអែលប្រមាណបីពាន់នាក់ក៏ឡើងទៅវាយយកក្រុងអៃ ប៉ុន្តែ ពួកគេត្រូវបាក់ទ័ព។ ៥ អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រាអែលអស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជម្រាលភ្នំ។ ប្រជាជនអ៊ីស្រាអែលបាក់ទឹកចិត្ត បាត់បង់សេចក្ដីក្លាហានអស់។
៦ លោកយ៉ូស៊ូអា និងព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់ព្រះអម្ចាស់ ឱនមុខដល់ដី រហូតដល់ល្ងាច ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។ ៧ លោកយ៉ូស៊ូអាទូលថា៖ «ឱព្រះជាអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្ដេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ? ៨ ឱព្រះអម្ចាស់អើយ! ឥឡូវនេះ តើឲ្យទូលបង្គំនិយាយដូចម្ដេចកើត បើជនជាតិអ៊ីស្រាអែលបាក់ទ័ពនៅមុខខ្មាំងសត្រូវដូច្នេះ? ៩ ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើព្រះអង្គធ្វើយ៉ាងណា ដើម្បីការពារព្រះកិត្តិនាមរបស់ព្រះអង្គ?»។
១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ ឱនមុខដល់ដីដូច្នេះ? ១១ ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយអីវ៉ាន់របស់ខ្លួន។ ១២ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ! ១៣ ក្រោកឡើង ជម្រះប្រជាជនឲ្យវិសុទ្ធ! ត្រូវប្រាប់ពួកគេថា “ចូរជម្រះខ្លួនឲ្យវិសុទ្ធ*សម្រាប់ថ្ងៃស្អែក ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ៊ីស្រាអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។ ១៤ ព្រឹកឡើង អ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេលព្រះអម្ចាស់ចង្អុលកុលសម្ព័ន្ធណា កុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេលព្រះអម្ចាស់ចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេលព្រះអម្ចាស់ចង្អុលក្រុមគ្រួសារណា ត្រូវឲ្យមេក្រុមគ្រួសារនោះចូលមកម្នាក់ម្ដងៗ។ ១៥ ពេលប៉ះចំលើអ្នកដែលមានកំហុស ដោយលាក់ទុករបស់ដែលត្រូវបំផ្លាញ ចូរដុតអ្នកនោះជាមួយអ្វីៗដែលខ្លួនមាន ព្រោះគេបានរំលោភលើសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ គឺគេបានប្រព្រឹត្តអំពើមួយដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល”»។
១៦ លោកយ៉ូស៊ូអាក្រោកពីព្រលឹម ហើយបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះ ប៉ះចំលើកុលសម្ព័ន្ធយូដា។ ១៧ លោកយ៉ូស៊ូអាបញ្ជាឲ្យអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ា។ លោកឲ្យអំបូរសេរ៉ាចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។ ១៨ បន្ទាប់មក លោកឲ្យក្រុមគ្រួសារសាបឌីចូលមកម្នាក់ម្ដងៗ ហើយប៉ះចំលើលោកអកាន ជាកូនរបស់លោកកាមី ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាក្នុងកុលសម្ព័ន្ធយូដា។
១៩ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់លោកអកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល! ចូរលើកកិត្តិយសព្រះអង្គឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។ ២០ លោកអកានឆ្លើយទៅលោកយ៉ូស៊ូអាវិញថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពិតប្រាកដមែន! គឺខ្ញុំប្របាទបានប្រព្រឹត្តដូចតទៅ: ២១ ក្នុងជ័យភ័ណ្ឌ ខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណេអារ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំប្របាទចង់បានពេក ខ្ញុំប្របាទក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំប្របាទកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។ ២២ លោកយ៉ូស៊ូអាចាត់គេឲ្យរត់ទៅតង់ត៍របស់លោកអកាន ហើយឃើញវត្ថុកប់ទុកនៅទីនោះមែន គឺប្រាក់នៅពីក្រោមគេបង្អស់។ ២៣ ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
២៤ លោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចាប់លោកអកាន ជាចៅទួតរបស់លោកសេរ៉ា ហើយយកប្រាក់ អាវធំ និងដុំមាស ព្រមទាំងកូនប្រុស កូនស្រី គោ លា ចៀម តង់ត៍ និងអ្វីៗទាំងអស់ដែលគាត់មាន នាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។ ២៥ លោកយ៉ូស៊ូអាមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសមកឲ្យពួកយើងដូច្នេះ? ថ្ងៃនេះ សូមព្រះអម្ចាស់ធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាសម្លាប់លោកអកាន និងក្រុមគ្រួសារគាត់ ដោយគប់នឹងថ្ម ព្រមទាំងដុតអ្វីៗទាំងប៉ុន្មានដែលគាត់មានចោលដែរ។ ២៦ បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ ព្រះអម្ចាស់ឈប់ព្រះពិរោធ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។
៨
ជនជាតិអ៊ីស្រាអែលវាយដណ្ដើមយកទីក្រុងអៃ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរអ្នកនាំទ័ពទាំងអស់ឡើងទៅជាមួយ ហើយវាយយកក្រុងអៃចុះ។ មើល៍! យើងប្រគល់ស្តេចក្រុងអៃ ប្រជាជននៅក្នុងក្រុង និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ២ ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្តេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់គេដែរ។ ប៉ុន្តែ លើកនេះ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជ័យភ័ណ្ឌបាន។ ចូររៀបចំទ័ពវាយឆ្មក់ទីក្រុងពីខាងក្រោយ»។
៣ លោកយ៉ូស៊ូអានាំកងទ័ពទាំងមូលឆ្ពោះទៅក្រុងអៃ ជាប្រញាប់។ លោកជ្រើសរើសពលទាហានដ៏អង់អាចបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។ ៤ លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា! ៥ រីឯខ្ញុំ និងអស់អ្នកដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាពួកគេចេញមកវាយយើងដូចពីលើកមុន យើងនឹងរត់នៅមុខពួកគេ។ ៦ ពួកគេមុខជាចេញមកដេញតាមយើងពីក្រោយ យើងទាក់ទាញពួកគេឲ្យចេញឆ្ងាយពីក្រុង។ ពួកគេនឹងគិតថា “ពួកវាបាក់ទ័ពរត់នៅមុខយើង ដូចពីលើកមុនដែរ”។ នៅពេលដែលយើងរត់នៅមុខពួកគេ ៧ អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្ដើមយកទីក្រុងទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។ ៨ កាលអ្នករាល់គ្នាយកទីក្រុងបាន ត្រូវដុតចោល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់ឲ្យអ្នករាល់គ្នាធ្វើ។ ដូច្នេះ ត្រូវធ្វើតាមបញ្ជាដែលខ្ញុំប្រាប់អ្នករាល់គ្នា!»។ ៩ លោកយ៉ូស៊ូអាចាត់ពួកគេឲ្យចេញទៅ ពួកគេក៏ទៅបង្កប់ខ្លួននៅខាងលិចទីក្រុងអៃ គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ យប់នោះ លោកយ៉ូស៊ូអាសម្រាន្ដជាមួយប្រជាជន។
១០ លោកយ៉ូស៊ូអាក្រោកឡើងពីព្រលឹម ហើយត្រួតពល។ បន្ទាប់មក លោកដើរជាមួយពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំមុខប្រជាជនឆ្ពោះទៅក្រុងអៃ។ ១១ ទ័ពទាំងប៉ុន្មានដែលនៅជាមួយលោកនាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។ ១២ លោកយ៉ូស៊ូអាយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ ១៣ កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុងរួចហើយ យប់នោះ លោកយ៉ូស៊ូអាក៏ទៅស្នាក់នៅកណ្ដាលជ្រលងភ្នំ។
១៤ ព្រលឹមឡើង កាលស្តេចក្រុងអៃឃើញកងទ័ពរបស់លោកយ៉ូស៊ូអា ស្តេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រាអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។ ១៥ លោកយ៉ូស៊ូអា និងកងទ័ពអ៊ីស្រាអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។ ១៦ ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូលដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេនាំគ្នាដេញតាមលោកយ៉ូស៊ូអា ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។ ១៧ នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រាអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។
១៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស៊ូអាលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។ ១៩ ពេលលោកលើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្ដើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។ ២០ កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រាអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។ ២១ លោកយ៉ូស៊ូអា និងកងទ័ពអ៊ីស្រាអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។ ២២ ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រាអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។ ២៣ រីឯស្តេចក្រុងអៃវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស៊ូអា។ ២៤ ជនជាតិអ៊ីស្រាអែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជនជាតិអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។ ២៥ អ្នកក្រុងអៃទាំងប្រុសទាំងស្រីដែលស្លាប់នៅថ្ងៃនោះ មានចំនួនទាំងអស់មួយម៉ឺនពីរពាន់នាក់។ ២៦ លោកយ៉ូស៊ូអាឥតទម្លាក់ដៃទាល់តែសោះ គឺលោកលើកលំពែងឡើង រហូតទាល់តែជនជាតិអ៊ីស្រាអែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។ ២៧ ជនជាតិអ៊ីស្រាអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជ័យភ័ណ្ឌ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកយ៉ូស៊ូអា។ ២៨ លោកយ៉ូស៊ូអាដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។ ២៩ រីឯស្តេចក្រុងអៃវិញ លោកយ៉ូស៊ូអាបានយកទៅព្យួរកនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។
លោកយ៉ូស៊ូអាសង់អាសនៈនៅលើភ្នំអេបាល
៣០ លោកយ៉ូស៊ូអាសង់អាសនៈថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល នៅលើភ្នំអេបាល ៣១ ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ជនជាតិអ៊ីស្រាអែល គឺដូចមានចែងក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា «អាសនៈត្រូវធ្វើពីថ្ម ដែលមិនទាន់មាននរណាយកដែកមកដាប់ពីលើ»។ ជនជាតិអ៊ីស្រាអែលយកសត្វមកធ្វើជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជាមេត្រីភាពផង។
៣២ លោកយ៉ូស៊ូអាចម្លងវិន័យដែលលោកម៉ូសេបានចែងទុក ដោយចារលើថ្ម នៅមុខប្រជាជនអ៊ីស្រាអែល។ ៣៣ ប្រជាជនអ៊ីស្រាអែលទាំងមូល ក្រុមព្រឹទ្ធាចារ្យ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមបូជាចារ្យលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ប្រជាជនចំនួនពាក់កណ្ដាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្ដាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រាអែល។ ៣៤ បន្ទាប់មក លោកយ៉ូស៊ូអាអានព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងគម្ពីរវិន័យ គឺមានទាំងព្រះពរ ទាំងបណ្ដាសា ដែលមានចែងទុកក្នុងគម្ពីរវិន័យទាំងមូល។ ៣៥ លោកយ៉ូស៊ូអាអានគ្រប់សេចក្ដីទាំងអស់ដែលលោកម៉ូសេបានចែងទុក ឥតខ្វះត្រង់ណាឡើយ លោកអាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រាអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។
៩
កលល្បិចរបស់អ្នកស្រុកកាបូន
១ កាលស្តេចទាំងប៉ុន្មានដែលនៅត្រើយខាងលិចទន្លេយ័រដាន់ គឺនៅតំបន់ភ្នំ នៅតំបន់វាលទំនាប នៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅតំបន់ភ្នំលីបង់ គឺស្តេចរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស ជ្រាបពីជោគជ័យរបស់ជនជាតិអ៊ីស្រាអែល ២ ពួកគេបានរួបរួមគ្នាជាបក្សសម្ព័ន្ធ ដើម្បីច្បាំងតទល់ជាមួយលោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែល។
៣ អ្នកស្រុកកាបូនបានឮអំពីការទាំងប៉ុន្មានដែលលោកយ៉ូស៊ូអាប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។ ៤ ដូច្នេះ ពួកគេប្រើឧបាយកលបោកប្រាស់លោក គឺគេរៀបចំជាប្រតិភូទៅជួបលោក ដោយយកទៃចាស់ៗ និងថង់ស្រាចាស់ៗពេញទៅដោយបំណះ មកចងនឹងលារបស់ខ្លួន។ ៥ ពួកគេស្លៀកសម្លៀកបំពាក់ចាស់រយីករយាក និងពាក់ស្បែកជើងចាស់សឹក ពេញទៅដោយថ្នេរ។ រីឯនំបុ័ងដែលគេយកទៅជាស្បៀងនោះសុទ្ធតែរឹង ហើយដុះផ្សិតអស់។ ៦ ពួកគេនាំគ្នាទៅជួបលោកយ៉ូស៊ូអានៅជំរំគីលកាល់ រួចនិយាយទៅកាន់លោក និងជនជាតិអ៊ីស្រាអែលថា៖ «សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង ដ្បិតយើងខ្ញុំមកពីស្រុកឆ្ងាយ»។ ៧ ជនជាតិអ៊ីស្រាអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើឲ្យយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»។ ៨ ប៉ុន្តែ ពួកគេជម្រាបលោកយ៉ូស៊ូអាថា៖ «យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់លោក»។ លោកយ៉ូស៊ូអាសួរពួកគេថា៖ «តើអ្នករាល់គ្នាជានរណា? អ្នករាល់គ្នាមកពីណា»?។ ៩ ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមកពីស្រុកឆ្ងាយណាស់ ព្រោះតែព្រះនាមដ៏ល្បីនៃព្រះអម្ចាស់ ជាព្រះរបស់លោក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប ១០ និងកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើចំពោះស្តេចរបស់ជនជាតិអាម៉ូរីទាំងពីរអង្គ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺព្រះបាទស៊ីហុន ជាស្តេចក្រុងហេសបូន និងព្រះបាទអុក ជាស្តេចស្រុកបាសាន ដែលគង់នៅក្រុងអាសតារ៉ូត។ ១១ ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុកយើងខ្ញុំបានប្រាប់យើងខ្ញុំ ឲ្យយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជម្រាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំ ឥឡូវនេះផង!” ១២ សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្ដៅៗទេ តែឥឡូវនេះវារឹង ហើយដុះផ្សិតអស់។ ១៣ រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។ ១៤ ជនជាតិអ៊ីស្រាអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានទូលសួរយោបល់ពីព្រះអម្ចាស់ឡើយ។ ១៥ លោកយ៉ូស៊ូអាក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតឲ្យពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រាអែលបានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។
១៦ បីថ្ងៃក្រោយបានចងសម្ពន្ធមេត្រីជាមួយពួកគេ ទើបជនជាតិអ៊ីស្រាអែលដឹងថា អ្នកទាំងនោះជាអ្នកដែលរស់នៅជិតខាងខ្លួន។ ១៧ ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះគឺក្រុងកាបូន ក្រុងកេភីរ៉ា ក្រុងបេរ៉ូត និងក្រុងគៀរីយ៉ាត-យេអារីម។ ១៨ ជនជាតិអ៊ីស្រាអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។ ១៩ អ្នកដឹកនាំទាំងអស់បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេឡើយ។ ២០ យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ យើងនឹងបណ្តាលឲ្យខ្លួនមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។ ២១ អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹក សម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។
២២ លោកយ៉ូស៊ូអាបានហៅអ្នកស្រុកកាបូនមក ហើយមានប្រសាសន៍ទៅគេថា៖ «ម្ដេចក៏អ្នករាល់គ្នាបោកប្រាស់យើង ដោយពោលថាអ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ! ២៣ ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹក សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ»។ ២៤ ពួកគេឆ្លើយតបមកលោកយ៉ូស៊ូអាថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់ដល់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកលោក និងឲ្យពួកលោកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកលោកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្តាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។ ២៥ ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។ ២៦ លោកយ៉ូស៊ូអាប្រព្រឹត្តចំពោះពួកគេបែបនេះឯង គឺលោករំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលពុំបានសម្លាប់ពួកគេទេ។ ២៧ នៅថ្ងៃនោះ លោកយ៉ូស៊ូអាបានប្រើពួកគេឲ្យពុះអុស ដងទឹក សម្រាប់សហគមន៍ និងសម្រាប់អាសនៈរបស់ព្រះអម្ចាស់។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលព្រះអង្គជ្រើសរើស។
១០
ជ័យជម្នះលើស្តេចរបស់ជនជាតិអាម៉ូរី
១ ព្រះបាទអដូនី-សេដេក ជាស្តេចក្រុងយេរូសាឡឹម ទទួលដំណឹងថា លោកយ៉ូស៊ូអាដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្តេចរបស់គេដែរ។ ស្តេចក៏ទទួលដំណឹងថា អ្នកស្រុកកាបូនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។ ២ ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងកាបូនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។ ៣ ព្រះបាទអដូនី-សេដេក ជាស្តេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅព្រះបាទហូហាំ ជាស្តេចក្រុងហេប្រូន ព្រះបាទពីរ៉ាម ជាស្តេចក្រុងយ៉ារមូត ព្រះបាទយ៉ាភីអា ជាស្តេចក្រុងឡាគីស និងព្រះបាទដេបៀរ ជាស្តេចក្រុងអេក្លូនថា៖ ៤ «សូមស្តេចយាងមក ហើយជួយទូលបង្គំវាយក្រុងកាបូនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែល»។
៥ ស្តេចរបស់ជនជាតិអាម៉ូរីទាំងប្រាំអង្គ គឺស្តេចក្រុងយេរូសាឡឹម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន បានពួតដៃគ្នាលើកទ័ពទាំងអស់ទៅឡោមព័ទ្ធក្រុងកាបូន ហើយវាយក្រុងនោះ។ ៦ អ្នកស្រុកកាបូនចាត់គេឲ្យទៅជម្រាបលោកយ៉ូស៊ូអា នៅជំរំគីលកាល់ថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំប្របាទឡើយ! សូមអញ្ជើញមករំដោះយើងខ្ញុំជាប្រញាប់ សូមជួយសង្គ្រោះយើងខ្ញុំផង ដ្បិតស្តេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរី ដែលនៅស្រុកភ្នំ បានរួមគ្នាប្រឆាំងនឹងយើងខ្ញុំ»។
៧ លោកយ៉ូស៊ូអាក៏នាំកងទ័ពទាំងមូលចេញពីគីលកាល់ ដោយមានកងទាហានដ៏អង់អាចរបស់លោកមកជាមួយផង។ ៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។ ៩ លោកយ៉ូស៊ូអាធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសម្រុកពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុនឡើយ។ ១០ ព្រះអម្ចាស់ធ្វើឲ្យជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងកាបូន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេ តាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។ ១១ ពេលជនជាតិអាម៉ូរីបាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់បានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹលមានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។
១២ នៅថ្ងៃដែលព្រះអម្ចាស់ប្រទានឲ្យជនជាតិអ៊ីស្រាអែលមានជ័យជម្នះលើជនជាតិអាម៉ូរី លោកយ៉ូស៊ូអាទូលទៅព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖
«ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម
នៅលើក្រុងកាបូនទៅ!
ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម
នៅលើជ្រលងភ្នំអៃយ៉ាឡូនទៅ»។
១៣ ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម
ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ
រហូតទាល់តែប្រជាជាតិអ៊ីស្រាអែលវាយឈ្នះ
ខ្មាំងសត្រូវរបស់ខ្លួន។
ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង«ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។ ១៤ តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺព្រះអម្ចាស់ធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតព្រះអម្ចាស់បានច្បាំងរួមជាមួយជនជាតិអ៊ីស្រាអែល។
១៥ បន្ទាប់មក លោកយ៉ូស៊ូអា និងប្រជាជនអ៊ីស្រាអែលទាំងមូល នាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។
លោកយ៉ូស៊ូអាចាប់បានស្តេចជនជាតិអាម៉ូរីទាំងប្រាំអង្គ
១៦ ស្តេចជនជាតិអាម៉ូរីទាំងប្រាំអង្គបានរត់ទៅពួនក្នុងរូងភ្នំនៅម៉ាកេដា។ ១៧ មានគេទៅរាយការណ៍ជូនលោកយ៉ូស៊ូអាថា ស្តេចទាំងប្រាំអង្គនោះពួនក្នុងរូងភ្នំនៅម៉ាកេដា។ ១៨ លោកយ៉ូស៊ូអាមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។ ១៩ រីឯអ្នករាល់គ្នាវិញ ត្រូវដេញតាមខ្មាំងសត្រូវកុំឈប់ឲ្យសោះ។ ត្រូវវាយគេពីខាងក្រោយ កុំទុកឲ្យពួកគេចូលទៅក្នុងក្រុងរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ ២០ លោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែល បានវាយប្រហារជនជាតិអាម៉ូរីឲ្យបរាជ័យយ៉ាងធ្ងន់ ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួច ចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។ ២១ បន្ទាប់មក កងទ័ពអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកជំរំ ដោយសុខសាន្ត ពួកគេជួបនឹងលោកយ៉ូស៊ូអានៅម៉ាកេដា។ ចាប់ពីពេលនោះមក គ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រាអែលទៀតឡើយ។
២២ បន្ទាប់មក លោកយ៉ូស៊ូអាមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្តេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។ ២៣ គេក៏បើកមាត់រូង ហើយនាំស្តេចទាំងប្រាំអង្គ គឺស្តេចក្រុងយេរូសាឡឹម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន ចេញមកជួបលោក។ ២៤ កាលគេនាំស្តេចទាំងប្រាំអង្គចេញមកជួបលោកយ៉ូស៊ូអាហើយ លោកក៏ហៅកងទ័ពអ៊ីស្រាអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោក ឲ្យចូលមកជិត និងយកជើងជាន់កស្តេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្តេចទាំងនោះ។ ២៥ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ ២៦ លោកយ៉ូស៊ូអាប្រហារជីវិតស្តេចទាំងនោះ ហើយយកទៅព្យួរកនៅនឹងដើមឈើប្រាំដើម។ សពស្តេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។ ២៧ ពេលថ្ងៃលិច លោកយ៉ូស៊ូអាបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅបោះចោលក្នុងរូងភ្នំ ដែលស្តេចទាំងនោះបានពួន។ គេយកផ្ទាំងថ្មធំមកបិទមាត់រូង ហើយផ្ទាំងថ្មទាំងនោះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។
លោកយ៉ូស៊ូអាដណ្ដើមយកក្រុងនានានៅទិសខាងត្បូង
២៨ នៅថ្ងៃដដែលនោះ លោកយ៉ូស៊ូអាវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្តេចទាំងប្រជាជន គឺលោកបានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់ គ្មាននរណាម្នាក់រួចជីវិតឡើយ។ លោកប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។
២៩ លោកយ៉ូស៊ូអា និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងម៉ាកេដាឆ្ពោះទៅក្រុងលីបណា ហើយវាយលុកក្រុងនោះ។ ៣០ ព្រះអម្ចាស់ក៏បានប្រគល់ក្រុងលីបណា និងស្តេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ លោកយ៉ូស៊ូអាប្រព្រឹត្តចំពោះស្តេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។
៣១ បន្ទាប់មក លោកយ៉ូស៊ូអា និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។ ៣២ ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។ ៣៣ ពេលនោះ ព្រះបាទហារ៉ាម ជាស្តេចក្រុងកេស៊ែរ បានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ លោកយ៉ូស៊ូអាវាយប្រហារទាំងស្តេច ទាំងប្រជាជនរបស់ស្តេចនោះ ឥតទុកឲ្យអ្នកណាម្នាក់រួចជីវិតឡើយ។
៣៤ បន្ទាប់មកទៀត លោកយ៉ូស៊ូអា និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុង ដើម្បីវាយលុកក្រុងនោះ។ ៣៥ នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។
៣៦ លោកយ៉ូស៊ូអា និងប្រជាជនអ៊ីស្រាអែលទាំងមូល ឡើងពីក្រុងអេក្លូនឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។ ៣៧ គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្តេច ព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ លោកយ៉ូស៊ូអាបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។
៣៨ លោកយ៉ូស៊ូអា និងប្រជាជនអ៊ីស្រាអែលទាំងមូល ងាកទៅរកក្រុងដេបៀរ ហើយវាយលុកក្រុងនោះ។ ៣៩ លោកវាយយកក្រុងនោះ ហើយចាប់បានស្តេច ព្រមទាំងដណ្ដើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ លោកយ៉ូស៊ូអាប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណា ព្រមទាំងស្តេចរបស់គេដែរ។
៤០ លោកយ៉ូស៊ូអាវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិប តំបន់វាលទំនាប និងតំបន់ជម្រាលភ្នំ ព្រមទាំងប្រហារជីវិតស្តេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។ ៤១ លោកយ៉ូស៊ូអាវាយលុកចាប់តាំងពីកាដែស-បារណេអារហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងកាបូន។ ៤២ លោកយ៉ូស៊ូអាវាយយកស្រុកទាំងនោះ ហើយចាប់បានស្តេចរបស់គេក្នុងគ្រាតែមួយ ព្រោះព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល រួមប្រយុទ្ធជាមួយអ៊ីស្រាអែល។ ៤៣ បន្ទាប់មក លោកយ៉ូស៊ូអា និងប្រជាជនអ៊ីស្រាអែលទាំងមូល វិលត្រឡប់មកជំរំនៅគីលកាល់វិញ។
១១
សមរភូមិនៅត្រង់ជ្រោះមេរ៉ូម
១ កាលព្រះបាទយ៉ាប៊ីន ជាស្តេចក្រុងហាត់ស៊រ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចផ្ញើរាជសារទៅព្រះបាទយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាភ ២ ព្រមទាំងស្តេចនានានៅខាងជើងក្នុងតំបន់ភ្នំ តំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។ ៣ ស្តេចក៏បានផ្ញើរាជសារទៅជនជាតិកាណាន នៅខាងកើត និងខាងលិចទន្លេយ័រដាន់ ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ី ជនជាតិយេប៊ូស នៅតំបន់ភ្នំ និងជនជាតិហេវីនៅតំបន់ជើងភ្នំហ៊ែរម៉ូន ក្នុងស្រុកមីសប៉ា។ ៤ ស្តេចទាំងនោះបានលើករេហ៍ពលចេញមកផ្ដុំគ្នា ជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចម្បាំងយ៉ាងច្រើនអនេកដែរ។ ៥ ស្តេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រាអែល។
៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចម្បាំងរបស់គេចោលទៅ»។ ៧ លោកយ៉ូស៊ូអា និងពលទាហានទាំងប៉ុន្មានរបស់លោក បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។ ៨ ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរ៉េ-ផូតម៉ាអ៊ីម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ ៩ លោកយ៉ូស៊ូអាបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺលោកកាប់សរសៃជើងសេះ និងដុតរទេះចម្បាំងរបស់ពួកគេចោល។
លោកយ៉ូស៊ូអាវាយយកក្រុងហាត់ស៊រ
១០ ពេលនោះ លោកយ៉ូស៊ូអាវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាត់ស៊រ ព្រមទាំងប្រហារស្តេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាត់ស៊រជារាជធានីនៃអាណាចក្រទាំងនោះ។ ១១ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាត់ស៊រចោលដែរ។
១២ លោកយ៉ូស៊ូអាវាយយកក្រុងទាំងអស់ និងចាប់ស្តេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ស្របតាមបញ្ជារបស់លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់។ ១៣ ជនជាតិអ៊ីស្រាអែលមិនបានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើកលែងតែក្រុងហាត់ស៊រមួយប៉ុណ្ណោះ ដែលលោកយ៉ូស៊ូអាបានដុតចោល។ ១៤ ជនជាតិអ៊ីស្រាអែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះ ទុកជាជ័យភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ ១៥ ព្រះអម្ចាស់បង្គាប់មកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បានបង្គាប់មកលោកយ៉ូស៊ូអាយ៉ាងនោះដែរ ហើយលោកយ៉ូស៊ូអាធ្វើតាម គឺលោកប្រព្រឹត្តតាមសេចក្ដីទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។
សមរភូមិចុងក្រោយ
១៦ លោកយ៉ូស៊ូអាយកបានស្រុកនោះទាំងមូល គឺតំបន់ភ្នំ តំបន់ណេកិបទាំងមូល ស្រុកកូសែនទាំងមូល តំបន់វាលទំនាប តំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំស្រុកអ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ។ ១៧ លោកវាយឈ្នះ និងប្រហារជីវិតស្តេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ែរម៉ូន។ ១៨ លោកយ៉ូស៊ូអាធ្វើសង្គ្រាមជាមួយស្តេចទាំងនោះអស់រយៈពេលយ៉ាងយូរ។ ១៩ គ្មានក្រុងណាមួយសុំសន្តិភាពពីជនជាតិអ៊ីស្រាអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងកាបូនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រាអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។ ២០ ព្រះអម្ចាស់បានធ្វើឲ្យប្រជាជននៅស្រុកនោះ មានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២១ នៅគ្រាដដែលនោះ លោកយ៉ូស៊ូអាលើកទ័ពទៅវាយជនជាតិអាណាក់ ដែលរស់នៅតាមតំបន់ភ្នំ គឺនៅក្រុងហេប្រូន ក្រុងដេបៀរ ក្រុងអាណាប់ ព្រមទាំងនៅតាមតំបន់ភ្នំស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស៊ូអាបំផ្លាញពួកគេ និងក្រុងរបស់គេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ២២ គ្មានសេសសល់ជនជាតិអាណាក់ណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលឡើយ គឺមានសល់តែនៅក្រុងកាសា ក្រុងកាថ និងក្រុងអាសដូតប៉ុណ្ណោះ។ ២៣ លោកយ៉ូស៊ូអាយកបានស្រុកទាំងមូល ស្របតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ លោកយ៉ូស៊ូអាយកទឹកដីនោះមកចែកឲ្យជនជាតិអ៊ីស្រាអែល ទុកជាមត៌ក តាមកុលសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។
១២
ស្តេចដែលបរាជ័យនៅចំពោះមុខជនជាតិអ៊ីស្រាអែល
១ ជនជាតិអ៊ីស្រាអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អារណូនរហូតដល់ភ្នំហ៊ែរម៉ូន និងតំបន់អារ៉ាបាទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្តេចនានានៅស្រុកនោះ ដូចតទៅ: ២ គឺព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ែរ ដែលនៅក្បែរទឹកធ្លាក់អារណូន និងចាប់តាំងពីស្រុកដែលនៅពាក់កណ្ដាលទឹកធ្លាក់នោះរហូតដល់មួយចំហៀងស្រុកកាឡាដ និងរហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន ៣ ព្រមទាំងតំបន់អារ៉ាបារហូតដល់សមុទ្រគីណារ៉ូត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូងមានជម្រាលភ្នំពីស្កា។ ៤ រីឯស្តេចមួយទៀត គឺព្រះបាទអុក ជាស្តេចស្រុកបាសាន និងជាជនជាតិរេផាអ៊ីមមួយរូប ក្នុងចំណោមជនជាតិរេផាអ៊ីមចុងក្រោយបង្អស់ ស្តេចគង់នៅក្រុងអាសតារ៉ូត និងក្រុងអេដ្រេអ៊ី។ ៥ ព្រះបាទអុកគ្រប់គ្រងតំបន់ភ្នំហ៊ែរម៉ូន ក្រុងសាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេសួរ និងស្រុកម៉ាកា ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ព្រះបាទស៊ីហុន ស្តេចក្រុងហេសបូន។ ៦ លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារស្តេចទាំងពីរអង្គនេះ ហើយលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាកម្មសិទ្ធិ។
៧ លោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែល បានវាយឈ្នះស្តេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស៊ូអាប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។ ៨ ទឹកដីទាំងនោះ មានតំបន់ភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាលភ្នំ តំបន់វាលរហោស្ថាន និងតំបន់ណេកិប គឺស្រុករបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស។
៩ រីឯស្តេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រាអែលមានៈ ស្តេចក្រុងយេរីខូ ស្តេចក្រុងអៃ ដែលស្ថិតនៅជិតក្រុងបេតអែល ១០ ស្តេចក្រុងយេរូសាឡឹម ស្តេចក្រុងហេប្រូន ១១ ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស ១២ ស្តេចក្រុងអេក្លូន ស្តេចក្រុងកេស៊ែរ ១៣ ស្តេចក្រុងដេបៀរ ស្តេចក្រុងកេឌែរ ១៤ ស្តេចក្រុងហ៊រម៉ា ស្តេចក្រុងអារ៉ាដ ១៥ ស្តេចក្រុងលីបណា ស្តេចក្រុងអាឌូឡាំ ១៦ ស្តេចក្រុងម៉ាកេដា ស្តេចក្រុងបេតអែល ១៧ ស្តេចក្រុងតាពូអា ស្តេចក្រុងហេភែរ ១៨ ស្តេចក្រុងអាផេក ស្តេចក្រុងឡាសារ៉ូន ១៩ ស្តេចក្រុងម៉ាដូន ស្តេចក្រុងហាត់ស៊រ ២០ ស្តេចក្រុងស៊ីមរ៉ូន-មេរ៉ូន ស្តេចក្រុងអាកសាផ ២១ ស្តេចក្រុងតាណាក ស្តេចក្រុងមេគីដូ ២២ ស្តេចក្រុងកេដែស ស្តេចក្រុងយ៉ូកណេអាំ នៅភ្នំការម៉ែល ២៣ ស្តេចក្រុងឌ័រនៅវាលរាបឌ័រ ស្តេចក្រុងកូយីម នៅជិតគីលកាល់ ២៤ ស្តេចក្រុងទៀរសា។ សរុបទាំងអស់មានស្តេចសាមសិបមួយអង្គ។
១៣
ការបែងចែកទឹកដី
ទឹកដីដែលត្រូវវាយយកបន្តទៀត
១ នៅគ្រានោះ លោកយ៉ូស៊ូអាមានវ័យចាស់ជរាណាស់ហើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ រីឯទឹកដីដែលត្រូវវាយយក ក៏នៅសល់ច្រើនណាស់ដែរ។ ២ ទឹកដីដែលមិនទាន់យកបាន គឺស្រុកភីលីស្ទីនទាំងមូល និងស្រុកកេសួរទាំងមូល ៣ ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហ៊រ នៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះ មាននគរប្រាំរបស់ជនជាតិភីលីស្ទីន ដែលមានរាជធានីនៅក្រុងកាសា ក្រុងអាស្ដូដ ក្រុងអាស្កាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជនជាតិអាវីក៏រស់នៅលើទឹកដីដែរ។ ៤ នៅខាងត្បូង មានស្រុកកាណានទាំងមូល និងក្រុងមេអារ៉ា ដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ីដូន រហូតទៅដល់ក្រុងអាផេក និងព្រំប្រទល់ស្រុកអាម៉ូរី ៥ ស្រុកគីបលី និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ែរម៉ូន រហូតដល់ច្រកហាម៉ាត់។ ៦ ក្នុងនោះក៏មានទឹកដីទាំងប៉ុន្មានរបស់ជនជាតិស៊ីដូន ដែលរស់នៅតាមតំបន់ភ្នំ គឺចាប់តាំងពីភ្នំលីបង់រហូតដល់ក្រុងមីសរ៉េផូត-ម៉ាអ៊ីមដែរ។ យើងនឹងបណ្តេញជនជាតិទាំងនោះ ចេញពីមុខជនជាតិអ៊ីស្រាអែល។ ត្រូវបែងចែកទឹកដីនោះដល់ជនជាតិអ៊ីស្រាអែល ដូចយើងបានបង្គាប់ដល់អ្នកស្រាប់ហើយ។ ៧ ឥឡូវនេះ ចូរបែងចែកទឹកដីកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាមត៌កទៅ»។
ការបែងចែកទឹកដីនៅខាងកើតទន្លេយ័រដាន់
៨ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត បានទទួលទឹកដីពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។ ៩ ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងអារ៉ូអ៊ែរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អារណូន និងចាប់តាំងពីទីក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបមេដេបាទាំងមូល រហូតដល់ក្រុងឌីបូន។ ១០ ទឹកដីនោះលាតសន្ធឹងរហូតដល់ព្រំប្រទល់នៃស្រុករបស់ជនជាតិអាំម៉ូន ពោលគឺក្រុងទាំងប៉ុន្មានរបស់ព្រះបាទស៊ីហុន ជាស្តេចនៃជនជាតិអាម៉ូរី ដែលសោយរាជ្យនៅក្រុងហេសបូន ១១ និងស្រុកកាឡាដ ទឹកដីស្រុកកេសួរ និងម៉ាកា ព្រមទាំងតំបន់ភ្នំហ៊ែរម៉ូនទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា ១២ ពោលគឺអាណាចក្រទាំងមូលរបស់ព្រះបាទអុក នៅស្រុកបាសាន ហើយជាជនជាតិរេផាអ៊ីមមួយរូប ក្នុងចំណោមជនជាតិរេផាអ៊ីមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសតារ៉ូត និងក្រុងអេដ្រេអ៊ី។ លោកម៉ូសេបានវាយយកទឹកដីពីស្តេចទាំងនោះ។ ១៣ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលពុំបានបណ្តេញជនជាតិកេសួរ និងជនជាតិម៉ាកាចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកេសួរ និងជនជាតិម៉ាកា រស់នៅជាមួយជនជាតិអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។ ១៤ មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះដែលពុំបានទទួលទឹកដីជាមត៌ក ព្រោះពួកគេទទួលតង្វាយដុត ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ នេះហើយជាមត៌ករបស់ពួកគេ ដូចព្រះអង្គបានបង្គាប់មកពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធរូបេន
១៥ លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធរូបេន ទៅតាមអំបូររៀងៗខ្លួន។ ១៦ ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអារ៉ូអ៊ែរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អារណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេដេបា ១៧ ក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូតបាល ក្រុងបេតបាលមេអូន ១៨ ក្រុងយ៉ាសា ក្រុងកេដេមតូ ក្រុងមេផាត ១៩ ក្រុងគៀរីយ៉ាត-តាអ៊ីម ក្រុងស៊ីបម៉ា ក្រុងសេរេត-សាហារ ដែលស្ថិតនៅលើភ្នំជាប់នឹងវាលទំនាប ២០ ក្រុងបេតពេអ៊រ ជម្រាលភ្នំពីស្កា ក្រុងបេតយេស៊ីម៉ុត ២១ ក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន។ លោកម៉ូសេបានវាយប្រហារព្រះបាទស៊ីហុន ព្រមទាំងស្តេចឯទៀតៗ ដែលជាចំណុះរបស់ព្រះបាទស៊ីហុន គឺមានស្តេចរបស់ជនជាតិម៉ាឌីយ៉ាន ជនជាតិអេវី ជនជាតិរេគែម ជនជាតិសួរ ជនជាតិហួរ និងជនជាតិរេបា ដែលរស់នៅក្នុងស្រុកនោះ។ ២២ ក្នុងចំណោមអស់អ្នកដែលជនជាតិអ៊ីស្រាអែលបានសម្លាប់ មានលោកបាឡាមជាគ្រូទាយ ដែលត្រូវជាកូនរបស់លោកបេអ៊រ។ ២៣ ព្រំប្រទល់ខាងលិចនៃទឹកដីរបស់កុលសម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុលសម្ព័ន្ធរូបេន តាមអំបូរ និងស្រុកភូមិរបស់គេ។
ទឹកដីរបស់កុលសម្ព័ន្ធកាដ
២៤ លោកម៉ូសេក៏បានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេដែរ។ ២៥ ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ែរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្ដាលស្រុកអាំម៉ូន រហូតដល់អារ៉ូអ៊ែរដែលនៅខាងមុខក្រុងរ៉ាបា។ ២៦ ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត-មីសប៉េ និងក្រុងបេតូនីម ហើយចាប់តាំងពីក្រុងម៉ាហាណាអ៊ីមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។ ២៧ នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ព្រះបាទស៊ីហុន ជាស្តេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគីនេរ៉េត។ ២៨ នេះជាមត៌ករបស់កុលសម្ព័ន្ធកាដ តាមអំបូរ និងស្រុកភូមិរបស់គេ។
ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេខាងកើត
២៩ លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅតាមអំបូររបស់គេ។ ៣០ ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហាណាអ៊ីម ស្រុកបាសាន ជាអាណាចក្រទាំងមូលរបស់ព្រះបាទអុក ស្តេចស្រុកបាសាន ព្រមទាំងភូមិហុកសិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន ៣១ ពាក់កណ្ដាលស្រុកកាឡាដ ក្រុងអាសតារ៉ូត និងក្រុងអេដ្រេអ៊ី ជារាជធានីរបស់ព្រះបាទអុក នៅស្រុកបាសាន។ លោកម៉ូសេបានប្រគល់ទឹកដីទាំងនោះ ឲ្យពូជអំបូរពាក់កណ្ដាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។
៣២ នេះហើយជាទឹកដីដែលលោកម៉ូសេបានប្រគល់ឲ្យពួកគេ ទុកជាមត៌ក នៅខាងកើតក្រុងយេរីខូ និងត្រើយខាងកើតទន្លេយ័រដាន់ គឺនៅវាលរាបស្រុកម៉ូអាប់។ ៣៣ លោកម៉ូសេពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ទុកជាមត៌កទេ ប៉ុន្តែ លោកប្រាប់ពួកគេថា មត៌ករបស់ពួកគេ គឺបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
១៤
ការបែងចែកទឹកដីខាងលិចទន្លេយ័រដាន់
១ ជនជាតិអ៊ីស្រាអែលបានទទួលទឹកដីស្រុកកាណាន ដែលលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានា បែងចែកឲ្យជាមត៌កដូចតទៅ ២ គឺកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀតបានទទួលទឹកដីជាមត៌កដោយចាប់ឆ្នោត ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ ៣ ដ្បិតកាលពីមុន លោកម៉ូសេចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែលោកពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។ ៤ គេចាត់ទុកកូនចៅលោកយ៉ូសែបជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធលេវីពុំបានទទួលទឹកដីទេ គឺពួកគេទទួលតែកន្លែងសម្រាប់ស្នាក់អាស្រ័យនៅតាមក្រុងនានា ព្រមទាំងដីធ្លីសម្រាប់សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។ ៥ ជនជាតិអ៊ីស្រាអែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមព្រះបន្ទូល ដែលព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។
លោកកាលែបទទួលទឹកដីហេប្រូន
៦ កូនចៅយូដាបាននាំគ្នាមកជួបលោកយ៉ូស៊ូអា នៅគីលកាល់។ ពេលនោះ លោកកាលែប ជាកូនរបស់លោកយេភូនេ ក្នុងអំបូរកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស៊ូអាថា៖ «លោកជ្រាបស្រាប់ហើយនូវព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នៅស្រុកកាដេស-បារណេអា ស្តីអំពីយើងទាំងពីរ គឺលោក និងខ្ញុំ។ ៧ កាលនោះ ខ្ញុំមានអាយុសែសិបឆ្នាំ លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចាត់ខ្ញុំពីកាដេស-បារណេអាឲ្យមកស៊ើបការណ៍នៅស្រុកនេះ។ ខ្ញុំក៏បានធ្វើសេចក្ដីរាយការណ៍ជូនទៅលោកវិញ ដោយស្មោះត្រង់។ ៨ បងប្អូនដែលបានឡើងមកស៊ើបការណ៍ជាមួយខ្ញុំ នាំគ្នាធ្វើឲ្យប្រជាជនបាក់ទឹកចិត្ត។ ចំណែកឯខ្ញុំវិញ ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។ ៩ នៅថ្ងៃនោះ លោកម៉ូសេបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយខ្ញុំថា កូនចៅរបស់ខ្ញុំ ព្រមទាំងខ្ញុំ នឹងទទួលទឹកដីដែលខ្ញុំឈានជើងជាន់នេះទុកជាមត៌ករហូតតទៅ ព្រោះខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃខ្ញុំ យ៉ាងស្មោះអស់ពីចិត្ត។ ១០ ព្រះអម្ចាស់មានព្រះបន្ទូលនេះមកលោកម៉ូសេកាលពីសែសិបប្រាំឆ្នាំមុន គឺនៅគ្រាដែលជនជាតិអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថាន។ ព្រះអម្ចាស់បានទុកជីវិតឲ្យខ្ញុំនៅរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ឥឡូវនេះ ខ្ញុំមានអាយុប៉ែតសិបប្រាំឆ្នាំហើយ។ ១១ សព្វថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំងដូចថ្ងៃ ដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះដែរ។ ខ្ញុំនៅតែមានកម្លាំងដូចមុន ល្មមនឹងចេញទៅប្រយុទ្ធ ឬធ្វើការអ្វីផ្សេងទៀត។ ១២ សូមប្រគល់ស្រុកភ្នំមកឲ្យខ្ញុំ ដ្បិតនៅគ្រានោះ ព្រះអម្ចាស់បានសន្យាថានឹងប្រទានមកខ្ញុំ។ នៅថ្ងៃដដែលនោះ ខ្ញុំបានជម្រាបលោកស្រាប់ហើយថា មានជនជាតិអាណាក់រស់នៅទីនោះ ក្រុងរបស់គេជាក្រុងធំៗ ដែលមានកំពែងយ៉ាងមាំ។ ប្រសិនបើព្រះអម្ចាស់គង់ជាមួយខ្ញុំ ខ្ញុំមុខជាវាយយកក្រុងទាំងនោះពីកណ្ដាប់ដៃរបស់ពួកគេមិនខាន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់»។
១៣ លោកយ៉ូស៊ូអាក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនលោក ទុកជាមត៌ក។ ១៤ ក្រុងហេប្រូននៅជាកម្មសិទ្ធិរបស់កូនចៅកាលែប ជាកូនលោកយេភូនេ ក្នុងអំបូរកេណាស រហូតដល់សព្វថ្ងៃ ព្រោះលោកបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយស្មោះអស់ពីចិត្ត។ ១៥ កាលពីដើម ក្រុងហេប្រូនមានឈ្មោះថា គៀរីយ៉ាត-អារបា។ លោកអារបាជាបុរសម្នាក់ដែលមានមាឌធំជាងគេ ក្នុងចំណោមជនជាតិអាណាក់។
ចាប់ពីពេលនោះមក ស្រុកទេសក៏បានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។
១៥
ទឹកដីរបស់កុលសម្ព័ន្ធយូដា
១ ទឹកដីដែលជាចំណែករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ទិសខាងត្បូង លាតសន្ធឹងរហូតដល់ព្រំប្រទល់ស្រុកអេដុម ដែលមានវាលរហោស្ថានស៊ីន នៅខាងត្បូងបំផុត។ ២ ព្រំប្រទល់ខាងត្បូងនេះលាតសន្ធឹងចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោស្ថានណេកិប ៣ រហូតទៅដល់ខាងត្បូងផ្លូវដែលឆ្លងកាត់ច្រកភ្នំអាក្រាប៊ីម និងវាលរហោស្ថានស៊ីន ហើយឡើងទៅដល់ខាងត្បូងស្រុកកាដេស-បារណេអា រួចបន្តទៅដល់ហេតស្រូន ឡើងទៅដល់អាដា និងបត់ទៅការកា។ ៤ ទឹកដីនោះលាតសន្ធឹងបន្តទៅទៀត ចាប់ពីអាសម៉ូនរហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយជាព្រំប្រទល់ខាងត្បូងរបស់កុលសម្ព័ន្ធយូដា។ ៥ រីឯព្រំប្រទល់ខាងកើតវិញ លាតសន្ធឹងចាប់តាំងពីសមុទ្រអំបិល រហូតដល់ចុងទន្លេយ័រដាន់។ ព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់តាំងពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់ ៦ ឡើងរហូតទៅដល់បេតហូក្លា កាត់តាមខាងជើងបេតអារ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។ ៧ ព្រំប្រទល់នេះក៏ឡើងទៅដល់ក្រុងដេបៀរ ដោយកាត់តាមជ្រលងភ្នំអាគ័រ រួចបែរទៅខាងជើងក្បែរគីលកាល់ ដែលនៅទល់មុខនឹងផ្លូវឡើងទៅអាឌូមីម ខាងត្បូងទឹកធ្លាក់។ បន្ទាប់មក ព្រំប្រទល់នេះឡើងទៅជិតប្រភពទឹកអេន-សេម៉េស ហើយទៅដល់អេន-រ៉ូកែល ៨ រួចឡើងទៅដល់ជ្រលងភ្នំបេនហ៊ីនុម ដែលនៅជម្រាលខាងត្បូងនៃក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹមឡើងរហូតទៅដល់កំពូលភ្នំ ដែលនៅខាងលិចជ្រលងភ្នំហ៊ីនុម និងនៅចុងខាងជើងជ្រលងភ្នំរេផាអ៊ីម។ ៩ ព្រំប្រទល់ចេញពីកំពូលភ្នំនោះ ឆៀងទៅរកប្រភពទឹកណិបតា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគៀរីយ៉ាត-យេអារីម។ ១០ ពីបាឡា ព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជម្រាលខាងជើងនៃភ្នំយេអារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេម៉េស ដោយកាត់តាមទីមណា ១១ រួចទៅដល់ខាងជើងជម្រាលភ្នំអេក្រូន បត់ទៅរកស៊ីក្រូន កាត់តាមភ្នំបាឡា រហូតទៅដល់យ៉ាប់ណេអែល និងសមុទ្រមេឌីទែរ៉ាណេ។ ១២ រីឯព្រំប្រទល់ខាងលិចគឺសមុទ្រមេឌីទែរ៉ាណេ និងតំបន់ឆ្នេរសមុទ្រ។ នេះហើយជាព្រំប្រទល់ជុំវិញទឹកដីរបស់កូនចៅយូដា តាមអំបូររបស់គេ។
លោកកាលែបវាយយកក្រុងហេប្រូន និងក្រុងដេបៀរ
១៣ រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនលោក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស៊ូអា។ ទឹកដីនោះគឺក្រុងហេប្រូន ដែលពីដើមមានឈ្មោះថា គៀរីយ៉ាត-អារបា -លោកអារបាត្រូវជាឪពុករបស់លោកអាណាក់។ ១៤ លោកកាលែបបានដណ្ដើមយកទឹកដីនោះពីពូជពង្សទាំងបីរបស់លោកអាណាក់ គឺអំបូរសេសាយ អំបូរអហ៊ីម៉ាន់ និងអំបូរតាលម៉ាយ។ ១៥ បន្ទាប់មក លោកបានឡើងពីទីនោះទៅវាយលុកអ្នកក្រុងដេបៀរ។ កាលពីដើម ក្រុងដេបៀរនេះមានឈ្មោះថាគៀរីយ៉ាត-សេភែរ។ ១៦ លោកកាលែបមានប្រសាសន៍ថា៖ «អ្នកណាវាយយកក្រុងគៀរីយ៉ាត-សេភែរបាន ខ្ញុំនឹងលើកនាងអាក់សា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ ១៧ លោកអូថនីអែល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។ ១៨ កាលនាងបានចូលមករួមរស់ជាមួយលោកអូថនីអែលជាប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុក។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។ ១៩ នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកឲ្យកូននៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមចែកអណ្ដូងឲ្យកូនផង!»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោមឲ្យនាង។
ស្រុកភូមិរបស់កុលសម្ព័ន្ធយូដា
២០ ទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ២១ ក្រុងនានាដែលស្ថិតនៅចុងខាងត្បូងនៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសេអែល អេឌែរ យ៉ាគួរ ២២ គីណា ឌីម៉ូណា អាដាដា ២៣ កេដែស ហាត់ស៊រ អ៊ីតតាន ២៤ ស៊ីភ តេលែម បេអាឡូត ២៥ ហាត់ស៊រ-ហាដាតា កេរីយ៉ូត-ហេតស្រូន (គឺហាត់ស៊រ) ២៦ អាម៉ាម សេម៉ា ម៉ូឡាដា ២៧ ហាត់សារ-កាដដា ហេសម៉ូន បេតប៉ាលេត ២៨ ហាត់សារ-សូអាល បៀរសេបា ប៊ីសយ៉ូថយ៉ា ២៩ បាឡា អ៊ីយ៉ីម អាត់សែម ៣០ អេលតូឡាដ កេស៊ីល ហ៊រម៉ា ៣១ ស៊ីគឡាក់ មាដម៉ាណា សាន-សាណា ៣២ លេបាអូត ស៊ីលហ៊ីម អៃយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
៣៣ រីឯក្រុងទាំងឡាយដែលស្ថិតនៅតាមតំបន់វាលទំនាបមាន: អេសតូល សូរ៉ា អាសណា ៣៤ សាណូអា អេន-កានីម តាពូអា អេណាម ៣៥ យ៉ារមូត អាឌូឡាំ សូកូ អាសេកា ៣៦ សារ៉ាអ៊ីម អាឌីតាអ៊ីម កេដេរ៉ា និងកេដេរ៉ូតាអ៊ីម គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
៣៧ បន្ទាប់មក មាន: សេណាន ហាដាសា មីគដាល-កាដ ៣៨ ឌីលេអាន មីសប៉េ យ៉ុគតេអែល ៣៩ ឡាគីស បុតកាស អេក្លូន ៤០ កាបូន ឡាម៉ាស គីតលីស ៤១ កេដេរ៉ូត បេតដាកូន ណាម៉ា និងម៉ាកេដា គឺមានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
៤២ បន្ទាប់មក មាន: លីបណា អេទែរ អាសាន ៤៣ យីបតា អាសណា ណេតស៊ីប ៤៤ កេអ៊ីឡា អាកស៊ីប និងម៉ារេសា គឺមានទាំងអស់ប្រាំបួនក្រុង និងភូមិដែលនៅជុំវិញ។
៤៥ បន្ទាប់មក មាន: ក្រុងអេក្រូន និងស្រុកភូមិនៅជុំវិញ ៤៦ ព្រមទាំងក្រុង និងភូមិទាំងប៉ុន្មាននៅជុំវិញក្រុងអាស្ដូដផង គឺចាប់ពីក្រុងអេក្រូន រហូតដល់សមុទ្រមេឌីទែរ៉ាណេ ៤៧ ក្រុងអាស្ដូដ និងស្រុកភូមិនៅជុំវិញ ក្រុងកាសា និងស្រុកភូមិនៅជុំវិញ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប និងឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
៤៨ រីឯក្រុងទាំងឡាយដែលស្ថិតនៅតាមតំបន់ភ្នំមាន: សាមៀរ យ៉ាតទៀរ សូកូ ៤៩ ដាណា គៀរីយ៉ាត-សានណា (គឺដេបៀរ) ៥០ អាណាប អេសតេម៉ូ អានីម ៥១ កូសែន ហូឡូន និងគីឡូ គឺមានទាំងអស់ដប់មួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
៥២ បន្ទាប់មក មាន: អារ៉ាប ឌូម៉ា អេសេន ៥៣ យ៉ានូម បេត-តាពូអា អាផេកា ៥៤ ហ៊ូមេតា គៀរីយ៉ាត-អារបា (គឺហេប្រូន) និងស៊ីអ៊រ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
៥៥ បន្ទាប់មក មាន: ម៉ាអូន ការម៉ែល ស៊ីភ យូតា ៥៦ យីសរេអែល យ៉ុកដេម សាណូអា ៥៧ កាអ៊ីន គីបា និងទីមណា គឺមានទាំងអស់ដប់ក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
៥៨ បន្ទាប់មក មាន: ហាល់ហ៊ូល បេតសួរ កេឌ័រ ៥៩ ម៉ារ៉ាត បេតអាណូត និងអែលតេកូន គឺមានទាំងអស់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
៦០ បន្ទាប់មក មាន: គៀរីយ៉ាត-បាល (គឺគៀរីយ៉ាត-យេអារីម) និងរ៉ាប់បា គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
៦១ រីឯក្រុងទាំងឡាយដែលស្ថិតនៅវាលរហោស្ថានមាន: បេតអារ៉ាបា មីតឌីន សេកាកា ៦២ នីបសាន អៀហា មេឡា និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
៦៣ កូនចៅយូដាពុំអាចបណ្តេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមចេញឡើយ។ ហេតុនេះ ជនជាតិយេប៊ូសរស់នៅជាមួយកូនចៅយូដានៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
១៦
ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម
១ ទឹកដីជាចំណែករបស់កូនចៅលោកយ៉ូសែបលាតសន្ធឹងចាប់ពីទន្លេយ័រដាន់ ជិតក្រុងយេរីខូ គឺចាប់តាំងពីអណ្ដូងទឹកដែលនៅខាងកើតក្រុងយេរីខូ រហូតដល់វាលរហោស្ថានដែលឡើងពីក្រុងយេរីខូទៅភ្នំបេតអែល។ ២ ទឹកដីនេះលាតសន្ធឹងពីបេតអែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកអារគី ត្រង់ក្រុងអាតារ៉ូត ៣ រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ែរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ ៤ នេះហើយទឹកដីដែលជាមត៌ករបស់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធម៉ាណាសេ និងកុលសម្ព័ន្ធអេប្រាអ៊ីម។
៥ ព្រំប្រទល់ទឹកដីកូនចៅអេប្រាអ៊ីម តាមអំបូររបស់គេ មានដូចតទៅ: នៅខាងកើត ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអាតារ៉ូត-អាតដារហូតដល់បេតហូរ៉ូនលើ ៦ ហើយបន្តឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ។ ខាងជើងកាត់តាមក្រុងមីគមេតាត ហើយឆៀងខាងកើតក្រុងនោះ រហូតទៅក្រុងតាណាត-ស៊ីឡូ ហើយឆ្លងកាត់ស្រុកនោះឆ្ពោះទៅខាងកើតយ៉ាណូអា។ ៧ បន្ទាប់មក ព្រំប្រទល់នោះចុះពីយ៉ាណូអាទៅអាតារ៉ូត និងណារ៉ាតា ហើយបែរមកក្រុងយេរីខូវិញ រហូតដល់ទន្លេយ័រដាន់។ ៨ បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពូអាឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់កាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ ៩ ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។ ១០ កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ែរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីមមកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។
១៧
ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេខាងលិច
១ កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនច្បងរបស់លោកយ៉ូសែប ក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរ ជាកូនច្បងរបស់លោកម៉ាណាសេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចម្បាំងមួយរូបដ៏ចំណាន។ ២ រីឯកូនចៅឯទៀតៗរបស់លោកម៉ាណាសេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអប៊ីយេស៊ែរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាសរីអែល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភែរ និងកូនចៅរបស់លោកសេមីដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។ ៣ លោកសេឡូផាត ជាកូនរបស់លោកហេភែរ ជាចៅរបស់លោកកាឡាដ ជាចៅទួតរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណាសេ គ្មានកូនប្រុសទេ មានតែកូនស្រីដែលមានឈ្មោះដូចតទៅ គឺនាងម៉ាឡា នាងណូអា នាងហូក្លា នាងមីលកា និងទៀរសា។ ៤ នាងទាំងនោះបានទៅជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេដឹកនាំប្រជាជន ជម្រាបថា “ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេឲ្យប្រគល់ទឹកដីមកពួកនាងខ្ញុំ ទុកជាមត៌ក ក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ពួកនាងខ្ញុំដែរ”។ គេក៏ប្រគល់ទឹកដីឲ្យពួកនាងទុកជាមត៌កក្នុងចំណោមញាតិសន្ដានប្រុសៗរបស់ឪពុកនាង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៥ ដូច្នេះ កុលសម្ព័ន្ធម៉ាណាសេទទួលទឹកដីដប់ចំណែកទៀតថែមពីលើទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេយ័រដាន់ ៦ ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ កូនចៅស្រីៗក៏បានទទួលមត៌ក ក្នុងចំណោមកូនចៅប្រុសៗដែរ។ រីឯទឹកដីស្រុកកាឡាដបានទៅជាមត៌ករបស់កូនចៅម៉ាណាសេឯទៀតៗ។
៧ ទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេលាតសន្ធឹងពីស្រុកអស៊ែរទៅក្រុងមីគមេតាត ដែលនៅទល់មុខនឹងស៊ីគែម ហើយលាតសន្ធឹងទៅខាងត្បូង រហូតដល់ទឹកដីអ្នកស្រុកអេន-តាពូអា។ ៨ ទឹកដីស្រុកតាពូអាជាកម្មសិទ្ធិរបស់កូនចៅម៉ាណាសេ ប៉ុន្តែ ក្រុងតាពូអាដែលជាប់នឹងព្រំប្រទល់ម៉ាណាសេ ជាកម្មសិទ្ធិរបស់កូនចៅអេប្រាអ៊ីម ៩ ទឹកដីនេះលាតសន្ធឹងរហូតទៅដល់ខាងត្បូងទឹកធ្លាក់កាណា។ រីឯក្រុងនានាដែលនៅខាងត្បូងទឹកធ្លាក់ ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ថ្វីដ្បិតតែក្រុងទាំងនោះស្ថិតនៅលើទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេក៏ដោយ។ ទឹកដីរបស់ម៉ាណាសេនៅខាងជើងទឹកធ្លាក់លាតសន្ធឹងរហូតដល់សមុទ្រមេឌីទែរ៉ាណេ។ ១០ ដូច្នេះ ទឹកដីខាងត្បូង ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធអេប្រាអ៊ីម ហើយខាងជើងជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាណាសេ។ សមុទ្រមេឌីទែរ៉ាណេជាព្រំប្រទល់ខាងលិច ស្រុកអស៊ែរជាព្រំប្រទល់ខាងជើង ហើយស្រុកអ៊ីសាកាជាព្រំប្រទល់ខាងកើត។ ១១ កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាកា និងស្រុកអស៊ែរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងអ៊ីបឡាម និងភូមិដែលនៅជុំវិញ ក្រុងឌ័រ ក្រុងអេនឌ័រ ក្រុងតាណាក់ ក្រុងមេគីដូ និងភូមិដែលនៅជុំវិញក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកឌ័រទាំងមូល។ ១២ ប៉ុន្តែ កូនចៅម៉ាណាសេពុំអាចបណ្តេញជនជាតិកាណានចេញពីក្រុងទាំងនោះទេ ជនជាតិកាណានប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។ ១៣ ពេលជនជាតិអ៊ីស្រាអែលបានរឹងប៉ឹងមាំមួនហើយ ពួកគេបង្ខិតបង្ខំជនជាតិកាណានឲ្យធ្វើការជាទម្ងន់ ប៉ុន្តែ ពួកគេពុំអាចបណ្តេញជនជាតិនេះចេញពីស្រុកឡើយ។
កុលសម្ព័ន្ធអេប្រាអ៊ីម និងម៉ាណាសេខាងលិច ទាមទារទឹកដីថែមទៀត
១៤ កូនចៅរបស់លោកយ៉ូសែបជម្រាបលោកយ៉ូស៊ូអាថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីជាមត៌កឲ្យយើងខ្ញុំតែមួយចំណែកដូច្នេះ? យើងខ្ញុំមានគ្នាច្រើន ព្រោះព្រះអម្ចាស់ប្រទានពរឲ្យយើងខ្ញុំ រហូតមកទល់ពេលនេះ»។ ១៥ លោកយ៉ូស៊ូអាតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ី និងស្រុករេផាអ៊ីមទៅ»។ ១៦ កូនចៅរបស់លោកយ៉ូសែបតបទៅលោកវិញថា៖ «តំបន់ភ្នំនេះមិនល្មមគ្រប់គ្រាន់សម្រាប់យើងខ្ញុំទេ ហើយក្រៅពីនេះ ជនជាតិកាណាន ទាំងអ្នកដែលរស់នៅតំបន់វាលរាប ទាំងអ្នកនៅក្រុងបេតសាន និងភូមិជិតខាង ព្រមទាំងអស់អ្នកដែលរស់នៅតាមជ្រលងភ្នំយីសរេអែល សុទ្ធតែមានរទេះដែកទាំងអស់គ្នា»។ ១៧ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេខាងលិចថា៖ «បងប្អូនមានគ្នាច្រើន ហើយក៏មានកម្លាំងខ្លាំងដែរ ដូច្នេះ បងប្អូនត្រូវទទួលទឹកដី លើសពីមួយចំណែក។ ១៨ បងប្អូននឹងទទួលតំបន់ភ្នំ ទោះបីមានសុទ្ធតែព្រៃក៏ដោយ។ បងប្អូនត្រូវឆ្ការព្រៃនោះធ្វើជាកម្មសិទ្ធិ ហើយត្រូវបណ្តេញជនជាតិកាណានចេញទៅ ទោះបីពួកគេមានរទេះដែក និងមានកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយ»។
១៨
ទឹកដីរបស់កុលសម្ព័ន្ធប្រាំពីរទៀត
១ ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងព្រះពន្លាជួបព្រះអម្ចាស់នៅទីនោះ។ ២ ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានកុលសម្ព័ន្ធប្រាំពីរទៀតដែលពុំទាន់បានទទួលទឹកដីជាមត៌កនៅឡើយ។ ៣ លោកយ៉ូស៊ូអាក៏មានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នារង់ចាំដល់កាលណាទៀត ទើបទៅចាប់យកទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរស*របស់អ្នករាល់គ្នា ប្រទានឲ្យ? ៤ ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍ឲ្យខ្ញុំដឹង។ ៥ ពួកគេនឹងចែកទឹកដីនោះជាប្រាំពីរចំណែក គឺកុលសម្ព័ន្ធយូដានឹងទៅរស់នៅលើទឹកដីរបស់គេ ក្នុងភូមិភាគខាងត្បូង ហើយក្រុមគ្រួសារលោកយ៉ូសែបទៅនៅលើទឹកដីរបស់គេក្នុងភូមិភាគខាងជើង។ ៦ ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ ៧ ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាបូជាចារ្យ*បម្រើព្រះអម្ចាស់ ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលលោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ»។
៨ បុរសដែលលោកយ៉ូស៊ូអាចាត់ឲ្យទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅលោកយ៉ូស៊ូអាបានផ្តែផ្តាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។ ៩ បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុក រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបលោកយ៉ូស៊ូអានៅជំរំស៊ីឡូវិញ។ ១០ នៅស៊ីឡូ លោកយ៉ូស៊ូអាចាប់ឆ្នោត ចែកទឹកដីឲ្យជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។
ទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន
១១ ឆ្នោតលើកដំបូងត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេស្ថិតនៅចន្លោះទឹកដីរបស់កូនចៅយូដា និងទឹកដីរបស់កូនចៅយ៉ូសែប។ ១២ ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេចាប់ផ្តើមពីទន្លេយ័រដាន់ ឡើងតាមជម្រាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាន នៅបេតអាវេន។ ១៣ បន្ទាប់មក ព្រំប្រទល់ចេញពីទីនោះតម្រង់ទៅទីក្រុងលូស ដោយកាត់តាមជម្រាលខាងត្បូងក្រុងនោះ (គឺបេតអែល) រួចចុះទៅអាត្រុថ-អាតដារ កាត់តាមភ្នំដែលនៅខាងត្បូងបេតហូរ៉ូនក្រោម។ ១៤ នៅខាងលិចភ្នំនេះ ព្រំប្រទល់បត់ទៅទិសខាងត្បូងរហូតទៅទល់នឹងគៀរីយ៉ាត-បាល គឺគៀរីយ៉ាត-យេអារីម ជាក្រុងរបស់កូនចៅយូដា។ នេះហើយព្រំប្រទល់ខាងលិចរបស់គេ។
១៥ រីឯព្រំប្រទល់ប៉ែកខាងត្បូងចេញពីគៀរីយ៉ាត-យេអារីម បន្តឆ្ពោះទៅទិសខាងលិច រហូតដល់ប្រភពទឹកណិបតា។ ១៦ ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំបេនហ៊ីនុម ខាងជើងវាលរាបរេផាអ៊ីម រួចចុះតាមវាលរាបបេនហ៊ីនុម ត្រង់ជម្រាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។ ១៧ បន្ទាប់មក ព្រំប្រទល់បត់ទៅខាងជើងដល់អេន-សេម៉េស និងកេលីឡូត ដែលស្ថិតនៅទល់មុខនឹងច្រកភ្នំអាឌូមីម ហើយចុះទៅផ្ទាំងថ្មរបស់លោកបូហាន ជាកូនរបស់លោករូបេន។ ១៨ ព្រំប្រទល់នេះកាត់តាមជម្រាលភ្នំខាងជើងដែលនៅជាប់តំបន់អារ៉ាបា ហើយចុះទៅក្នុងតំបន់អារ៉ាបានោះ ១៩ រួចបន្តទៅខាងជើងបេត-ហូក្លា រហូតដល់ខាងជើងឈូងសមុទ្រ គឺចុងខាងត្បូងបំផុតនៃទន្លេយ័រដាន់។ នេះហើយព្រំប្រទល់ខាងត្បូងរបស់គេ។ ២០ រីឯព្រំប្រទល់ខាងកើតគឺទន្លេយ័រដាន់។ នេះហើយព្រំប្រទល់នៃទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។
២១ ក្រុងទាំងឡាយរបស់កុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ មានដូចតទៅ: យេរីខូ បេត-ហូក្លា វអេមិក-កេស៊ី ២២ បេត-អារ៉ាបា សេម៉ារ៉ាអ៊ីម បេតអែល ២៣ អាវីម ប៉ារ៉ា អូប្រា ២៤ កេផា-អាម៉ូណា អូបនី កេបា គឺមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
២៥ បន្ទាប់មក មានក្រុងកាបូន រ៉ាម៉ា បេរ៉ូត ២៦ មីសប៉េ កេភីរ៉ា ម៉ូសា ២៧ រេគែម យៀរពែល តារ៉ាឡា ២៨ សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបា គៀរីយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។
១៩
ទឹកដីរបស់កុលសម្ព័ន្ធស៊ីម៉ូន
១ ឆ្នោតលើកទីពីរត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម៉ូន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្ដាលទឹកដីរបស់កូនចៅយូដា។ ២ ពួកគេបានទទួលក្រុងដូចតទៅ ទុកជាមត៌ក គឺបៀរសេបា សេបា ម៉ូឡាដា ៣ ហាតសា-ស៊ូអាល បាឡា អេតសែម ៤ អែលតូឡាត បេទូល ហ៊រម៉ា ៥ ស៊ីគឡាក់ បេត-ម៉ាកាបុត ហាតសា-សូសា ៦ បេត-ឡេបូត សារូហេន គឺមានទាំងអស់ដប់បីក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ៧ ក្រុងឯទៀតៗមាន: អៃយីន រីម៉ូន អេទែរ និងអាសន គឺមានទាំងអស់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ៨ បន្ទាប់មក មានស្រុកភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់បាឡាត-បៀរ គឺរ៉ាម៉ាត់ខាងត្បូង។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅស៊ីម៉ូន តាមអំបូររបស់ពួកគេ។ ៩ ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែកមកចែកឲ្យកូនចៅស៊ីម៉ូន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម៉ូនស្ថិតនៅកណ្ដាលទឹកដីយូដា។
ទឹកដីរបស់កុលសម្ព័ន្ធសាប៊ូឡូន
១០ ឆ្នោតលើកទីបីត្រូវចំលើកូនចៅសាប៊ូឡូន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេលាតសន្ធឹងរហូតដល់សារីដ។ ១១ ព្រំប្រទល់ឡើងឆ្ពោះទៅទិសខាងលិចរហូតដល់ម៉ារ៉ាឡា ហើយទៅដល់ដាបេសេត និងរហូតទៅដល់ទឹកធ្លាក់ ដែលនៅទល់មុខនឹងយុកណាម។ ១២ ពីសារីដ ព្រំប្រទល់នេះបត់ទៅទិសខាងកើត ដល់ព្រំប្រទល់ស្រុកគីស្លូត-តាប៊រ បន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាព្យា។ ១៣ បន្ទាប់មក ព្រំប្រទល់នេះបន្តទៅខាងកើត រហូតដល់កាតា-ហេភែរ អ៊ីតា-កាតស៊ីន ហើយទៅដល់រីម៉ូន រួចបត់ទៅណេអា។ ១៤ ព្រំប្រទល់នេះវាងទៅខាងជើងហាណាថូន ហើយទៅដល់ជ្រោះយីបតាអែល។ ១៥ ទឹកដីនេះមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង ក្នុងចំណោមក្រុងទាំងនោះមានកាតាត ណា-ហាឡាល់ ស៊ីមរ៉ូន យីដាឡា និងបេថ្លេហិមជាដើម។ ១៦ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កូនចៅសាប៊ូឡូន តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាកា
១៧ ឆ្នោតលើកទីបួនត្រូវចំលើកូនចៅអ៊ីសាកា តាមអំបូររបស់ពួកគេ។ ១៨ ទឹកដីរបស់គេមានក្រុងយីសរេអែល កេស៊ូឡូត ស៊ូណេម ១៩ ហាផា-រ៉ាអ៊ីម ស៉្យូន អាណាហារ៉ាត ២០ រ៉ាប់ប៊ីត គីស៊ីយ៉ូន អាបេស ២១ រេមេត អេន-កានីម អេន-ហាដា បេតប៉ាត់សេ។ ២២ ព្រំប្រទល់នៃទឹកដីនេះភ្ជាប់ទៅនឹងក្រុងតាប៊រ សាហាត់ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ២៣ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអ៊ីសាកា តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធអស៊ែរ
២៤ ឆ្នោតលើកទីប្រាំត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅអស៊ែរ តាមអំបូររបស់ពួកគេ។ ២៥ ទឹកដីរបស់គេមានក្រុងហែលកាថ ហាលី បេតែន អាកសាប ២៦ អាឡាមេឡេក អាម៉ាដ មីសាល។ នៅទិសខាងលិច ព្រំប្រទល់នៃទឹកដីនេះទៅដល់ភ្នំការមែល ដោយកាត់តាមស៊ីហ៊រ-លីបណាថ។ ២៧ នៅខាងកើត ព្រំប្រទល់ឡើងទៅដល់បេតដាកូន ជាប់នឹងទឹកដីសាប៊ូឡូន និងជ្រលងភ្នំយីបតាអែល រួចបត់ទៅទិសខាងជើង ដល់បេតអេមេក និងណេយែល ហើយកាត់តាមខាងឆ្វេងក្រុងកាប៊ូល ២៨ ទៅដល់អាប់ដូន រេហូប ហាម៉ូន និងកាណា រហូតដល់ក្រុងស៊ីដូនមហានគរ។ ២៩ បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសា រួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។ ៣០ បន្ទាប់មក មានក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានទាំងអស់ម្ភៃពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ៣១ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអស៊ែរ តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធណែបថាលី
៣២ ឆ្នោតលើកទីប្រាំមួយត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ ៣៣ ព្រំប្រទល់របស់គេលាតសន្ធឹងពីហេលេប ពីដើមជ្រៃសានណានីម កាត់តាមអាដាមី-ណេកិប និងយ៉ាប់ណែល រហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។ ៣៤ នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាប៊រ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្តោយទឹកដីសាប៊ូឡូនផ្នែកខាងត្បូង និងទឹកដីអស៊ែរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។ ៣៥ ក្រុងដែលមានកំពែងក្នុងស្រុកនេះ គឺស៊ីឌីម ស៊ែរ ហាម៉ាត់ រ៉ាកាត់ គីនេរ៉េត ៣៦ អាដាម៉ា រ៉ាម៉ា ហាត់ស៊រ ៣៧ កេដែស អេដ្រេអ៊ី អេន-ហាត់ស៊រ ៣៨ យីរ៉ន មីកដាល-អែល ហូរេម បេតអាណាត និងបេត-សេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ៣៩ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។
ទឹកដីរបស់កុលសម្ព័ន្ធដាន់
៤០ ឆ្នោតលើកទីប្រាំពីរត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។ ៤១ ទឹកដីដែលជាចំណែកមត៌ករបស់គេមានក្រុងសូរ៉ា អែសតូល អៀ-សេមែស ៤២ សាឡាប៊ីន អៃយ៉ាឡូន យីត-ឡា ៤៣ អេឡូន ទីមណាតា អេក្រូន ៤៤ អែលតេកេ គីបេតូន បាឡាត ៤៥ យេហ៊ូដ បេនេ-បេរ៉ាក់ កាថ-រីម៉ូន ៤៦ ស្ទឹងយ៉ាកូន និងរ៉ាកូន ព្រមទាំងទឹកដីដែលនៅទល់មុខក្រុងយ៉ុបប៉េ។
៤៧ ពេលកូនចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។ ៤៨ ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅដាន់ តាមអំបូររបស់ពួកគេ។
ចំណែកមត៌ករបស់លោកយ៉ូស៊ូអា
៤៩ កាលជនជាតិអ៊ីស្រាអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ទុកជាមត៌កដែរ។ ៥០ ពួកគេបានជូនក្រុងទីមណាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅនៅទីនោះ។ ៥១ លោកបូជាចារ្យ*អេឡាសារ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ព្រមទាំងមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល បានចែកទឹកដីទាំងនេះជាមត៌កឲ្យពួកគេ ដោយចាប់ឆ្នោតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារព្រះពន្លាជួបព្រះអម្ចាស់នៅស៊ីឡូ។ ពួកគេបានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។
២០
ក្រុងជម្រក
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ ២ «ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យជ្រើសរើសក្រុងជម្រក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈលោកម៉ូសេស្រាប់។ ៣ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចឲ្យផុតពីអ្នកដែលត្រូវសងសឹក។ ៤ អ្នកនោះអាចរត់ទៅកាន់ក្រុងណាមួយក្នុងចំណោមក្រុងជម្រក ហើយឈប់នៅមាត់ទ្វារក្រុង និងបរិយាយរៀបរាប់រឿងរបស់ខ្លួនប្រាប់ពួកព្រឹទ្ធាចារ្យនៅក្រុងនោះ។ ពួកព្រឹទ្ធាចារ្យនឹងអនុញ្ញាតឲ្យគាត់ចូលក្នុងក្រុង ព្រមទាំងផ្តល់កន្លែងឲ្យស្នាក់អាស្រ័យនៅជាមួយពួកគេ។ ៥ ប្រសិនបើអ្នកដែលត្រូវសងសឹកមកតាមគាត់ ពួកព្រឹទ្ធាចារ្យគ្មានសិទ្ធិនឹងប្រគល់អ្នកសម្លាប់គេទៅឲ្យអ្នកនោះទេ ដ្បិតគាត់បានសម្លាប់បងប្អូនរួមជាតិរបស់ខ្លួន ដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់ ហើយគ្មានចិត្តសម្អប់មកពីមុនឡើយ។ ៦ គាត់ត្រូវស្នាក់នៅក្រុងនោះរហូតដល់សហគមន៍ជំនុំជម្រះ ហើយរហូតដល់លោកមហាបូជាចារ្យ*ដែលកាន់មុខតំណែងនៅពេលនោះ ទទួលមរណភាពផុតទៅ។ ក្រោយមក ទើបអ្នកដែលបានសម្លាប់គេនោះអាចវិលត្រឡប់ទៅនៅស្រុកភូមិរបស់ខ្លួន គឺកន្លែងដែលគាត់រត់ចេញមក»។
៧ ជនជាតិអ៊ីស្រាអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែមនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងក្រុងគៀរីយ៉ាត-អារបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។ ៨ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ែរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាន នៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។ ៩ គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេ អាចរត់ទៅជ្រកកោន នៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្ដាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។
២១
ក្រុងទាំងឡាយរបស់កុលសម្ព័ន្ធលេវី
១ មេក្រុមគ្រួសារនៃកូនចៅលេវីនាំគ្នាមកជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ព្រមទាំងមេគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ២ នៅស៊ីឡូ ក្នុងស្រុកកាណាន ជម្រាបថា៖ «ព្រះអម្ចាស់បានបញ្ជាតាមរយៈលោកម៉ូសេថា ត្រូវប្រគល់ក្រុងសម្រាប់ឲ្យយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ ៣ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកឲ្យពួកលេវី ស្របតាមបញ្ជារបស់ព្រះអម្ចាស់។
៤ គេបានចាប់ឆ្នោតសម្រាប់អំបូរនានានៃកូនចៅគើហាត។ ក្នុងចំណោមពួកលេវីទាំងនោះ កូនចៅរបស់បូជាចារ្យអរ៉ុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម៉ូន និងកុលសម្ព័ន្ធបេនយ៉ាមីន។ ៥ កូនចៅឯទៀតៗរបស់គើហាតទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់ កណ្ដាល ដែលនៅខាងលិច។ ៦ កូនចៅរបស់លោកគែរសូនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីកុលសម្ព័ន្ធអ៊ីសាកា កុលសម្ព័ន្ធអស៊ែរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលស្ថិតនៅក្នុងស្រុកបាសាន។ ៧ កូនចៅរបស់លោកមេរ៉ារីទទួលបានក្រុងចំនួនដប់ពីរ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប៊ូឡូន។ ៨ ជនជាតិអ៊ីស្រាអែលបានចែកក្រុង និងវាលស្មៅនៅជុំវិញឲ្យពួកលេវី ដោយការចាប់ឆ្នោត ស្របតាមបញ្ជារបស់ព្រះអម្ចាស់មកលោកម៉ូសេ។
៩ កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម៉ូន បានចែកក្រុងដែលមានឈ្មោះដូចខាងក្រោមនេះ ១០ ឲ្យកូនចៅលោកអរ៉ុននៃអំបូរលោកគើហាត ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ ១១ ពួកគេទទួលបានក្រុងគៀរីយ៉ាត-អារបា ពោលគឺក្រុងហេប្រូនដែលស្ថិតនៅក្នុងតំបន់ភ្នំស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ លោកអារបាជាបុព្វបុរសរបស់ជនជាតិអាណាក់។ ១២ រីឯដីចម្ការ និងភូមិនានាដែលនៅជាប់ក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។ ១៣ ពួកគេបានចែកក្រុងដូចតទៅនេះ ឲ្យកូនចៅលោកបូជាចារ្យអរ៉ុន សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងហេប្រូន និងវាលស្មៅនៅជុំវិញ ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ១៤ ក្រុងយ៉ាទៀរ និងវាលស្មៅនៅជុំវិញ ក្រុងអេសតេម៉ា និងវាលស្មៅនៅជុំវិញ ១៥ ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ ១៦ ក្រុងអៃយ៉ីន និងវាលស្មៅនៅជុំវិញ ក្រុងយូតា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម៉ូន។ ១៧ ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកលេវីទទួលបានក្រុងកាបូន និងវាលស្មៅនៅជុំវិញ ក្រុងកេបា និងវាលស្មៅនៅជុំវិញ ១៨ ក្រុងអាណាតូត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ ១៩ សរុបទាំងអស់ ក្រុមបូជាចារ្យដែលជាកូនចៅលោកអរ៉ុនទទួលបានដប់បីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញផង។
២០ ពួកលេវីក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកគើហាត ទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។ ២១ ពួកគេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺមានក្រុងស៊ីគែម និងវាលស្មៅនៅជុំវិញ ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ក្រុងកេស៊ែរ និងវាលស្មៅនៅជុំវិញ ២២ ក្រុងគីបសាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ ២៣ ក្នុងទឹកដីនៃកុលសម្ព័ន្ធដាន់ គេទទួលបានក្រុងអែលតេកេ និងវាលស្មៅនៅជុំវិញ ក្រុងគីបតូន និងវាលស្មៅនៅជុំវិញ ២៤ ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ២៥ ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។ ២៦ សរុបមក អំបូរឯទៀតៗនៃកូនចៅរបស់លោកគើហាតទទួលបានដប់ក្រុង ព្រមទាំងវាលស្មៅនៅជុំវិញ។
២៧ ពួកលេវីជាកូនចៅលោកគែរសូនទទួលបានក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងកើត សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ: ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសតេរ៉ា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។ ២៨ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាកា គេទទួលបានក្រុងគីសយ៉ូន និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ ២៩ ក្រុងយ៉ាមូត និងវាលស្មៅនៅជុំវិញក្រុងអេនកានីន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៣០ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអស៊ែរ គេទទួលបានក្រុងមីសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ ៣១ ក្រុងហែលកាថ និងវាលស្មៅនៅជុំវិញ ក្រុងរេហូប និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៣២ ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងកេដែស និងវាលស្មៅនៅជុំវិញ ក្នុងស្រុកកាលីឡេ ក្រុងហាមម៉ូត-ឌ័រ និងវាលស្មៅនៅជុំវិញ ក្រុងការកាន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបី។ ៣៣ សរុបទាំងអស់ ពួកលេវីជាកូនចៅរបស់លោកគែរសូន តាមក្រុមគ្រួសាររបស់ពួកគេទទួលបានក្រុងដប់បី ព្រមទាំងវាលស្មៅនៅជុំវិញផង។
៣៤ ចំពោះអំបូរលេវីឯទៀតៗ គឺកូនចៅលោកមេរ៉ារី គេទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប៊ូឡូន: ក្រុងយ៉ុកណាម និងវាលស្មៅនៅជុំវិញ ក្រុងការតា និងវាលស្មៅនៅជុំវិញ ៣៥ ក្រុងឌីមណា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងណា-ហាឡាល់ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៣៦ ក្នុងទឹកដីនៃកុលសម្ព័ន្ធរូបេនដែលនៅត្រើយខាងកើតទន្លេយ័រដាន់ គេបានទទួលក្រុងបេស៊ែរ និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាសា និងវាលស្មៅនៅជុំវិញ ៣៧ ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងមេផាត និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៣៨ ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណាអ៊ីម និងវាលស្មៅនៅជុំវិញ ៣៩ ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ែរ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៤០ សរុបទាំងអស់ កូនចៅលោកមេរ៉ារីតាមអំបូររបស់ពួកគេ ពោលគឺអំបូរលេវីដែលនៅសល់ ទទួលបានក្រុងចំនួនដប់ពីរ ដោយការចាប់ឆ្នោត។
៤១ រួមទាំងអស់ ក្រុងរបស់ពួកលេវី ក្នុងទឹកដីរបស់ជនជាតិអ៊ីស្រាអែល មានសែសិបប្រាំបីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញ។ ៤២ ក្រុងនីមួយៗមានវាលស្មៅនៅជុំវិញ គឺក្រុងទាំងអស់សុទ្ធតែមានវាលស្មៅដូចៗគ្នា។
៤៣ ព្រះអម្ចាស់បានប្រគល់ស្រុកនោះទាំងមូលឲ្យជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថានឹងប្រទានឲ្យបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅនៅទីនោះ។ ៤៤ ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្តនៅជុំវិញស្រុករបស់ពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេឡើយ ព្រោះព្រះអម្ចាស់បានប្រគល់ខ្មាំងសត្រូវទាំងអស់មកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ៤៥ ហេតុនេះ ព្រះបន្ទូលដ៏ប្រសើរដែលព្រះអម្ចាស់សន្យាជាមួយប្រជាជនអ៊ីស្រាអែលបានសម្រេចជាស្ថាពរ ឥតមានខ្វះត្រង់ណាឡើយ។
២២
ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស៊ូអា
កុលសម្ព័ន្ធនៅខាងកើតទន្លេយ័រដាន់វិលត្រឡប់ទៅកាន់ទឹកដីរបស់គេវិញ
១ ពេលនោះ លោកយ៉ូស៊ូអាកោះហៅកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលមកពីខាងកើត។ ២ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្ដីទាំងអស់ដែលលោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសម្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។ ៣ អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះបង់ចោលបងប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ៤ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។
៥ ប៉ុន្តែ ចូរប្រុងប្រយ័ត្នឲ្យមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងវិន័យ ដែលលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ: គឺត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ព្រះអង្គ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត»។
៦ លោកយ៉ូស៊ូអាបានឲ្យពរ និងប្រាប់ពួកគេឲ្យចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗខ្លួនវិញ។ ៧ លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់ ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។ លោកយ៉ូស៊ូអាក៏បានចែកទឹកដីមួយចំណែកជាមត៌ក ឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ លោកយ៉ូស៊ូអាប្រាប់ពួកគេឲ្យវិលត្រឡប់ទៅជំរំវិញ ទាំងឲ្យពរពួកគេផង។ ៨ លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជ័យភ័ណ្ឌដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ឲ្យបងប្អូនរបស់អ្នករាល់គ្នាផង»។
កុលសម្ព័ន្ធខាងកើតសង់អាសនៈមួយក្បែរទន្លេយ័រដាន់
៩ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ១០ កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយដ៏ធំស្កឹមស្កៃ នៅមាត់ទន្លេយ័រដាន់។ ១១ ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។ ១២ កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្តុំសហគមន៍ទាំងមូលនៅស៊ីឡូ បម្រុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។ ១៣ ជនជាតិអ៊ីស្រាអែលបានចាត់លោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារ ១៤ ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល គឺម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល។ ១៥ ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖ ១៦ «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់ ដោយសង់អាសនៈមួយសម្រាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ? ១៧ នៅពេអ៊រ យើងបានប្រព្រឹត្តខុសយ៉ាងធ្ងន់ ធ្វើឲ្យយើងដែលជាសហគមន៍របស់ព្រះអម្ចាស់ត្រូវរងគ្រោះកាច ហើយរហូតមកទល់សព្វថ្ងៃនេះ យើងមិនទាន់បានស្អាតបរិសុទ្ធផង! តើប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់ទេឬ? ១៨ ថ្ងៃនេះ អ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់! ប្រសិនបើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះអង្គថ្ងៃនេះ ថ្ងៃស្អែកព្រះអម្ចាស់មុខជាពិរោធនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។ ១៩ បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុកជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ដែលមានព្រះដំណាក់របស់ព្រះអង្គផង។ ចូរមកកាន់កាប់ទឹកដីនេះជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សម្រាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ ២០ កាលលោកអកានជាកូនរបស់លោកសេរ៉ា ប្រព្រឹត្តមិនស្មោះត្រង់ចំពោះទ្រព្យដែលត្រូវបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់នោះ សហគមន៍អ៊ីស្រាអែលទាំងមូលបានរងគ្រោះ នៅពេលដែលព្រះអម្ចាស់ព្រះអង្គព្រះពិរោធ កំហុសរបស់គាត់ ពុំបានធ្វើឲ្យគាត់វិនាសតែម្នាក់ឯងទេ»។
២១ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រាអែលថា៖ ២២ «ព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអម្ចាស់ពិតជាព្រះដ៏ខ្ពង់ខ្ពស់បំផុតមែន! ព្រះអង្គជ្រាបអ្វីៗទាំងអស់! អ៊ីស្រាអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរ ឬមានចិត្តមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ សូមកុំឲ្យព្រះអង្គទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។ ២៣ ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីព្រះអម្ចាស់ និងដើម្បីថ្វាយតង្វាយដុតទាំងមូល ឬតង្វាយនានា ឬដើម្បីថ្វាយយញ្ញបូជាមេត្រីភាពមែននោះ សូមព្រះអម្ចាស់ដាក់ទោសយើងខ្ញុំទៅ! ២៤ តាមពិត មិនមែនដូច្នោះទេ យើងខ្ញុំប្រព្រឹត្តបែបនេះ មកពីយើងខ្ញុំបារម្ភក្រែងដល់ថ្ងៃក្រោយ កូនចៅរបស់បងប្អូនសួរកូនចៅរបស់យើងខ្ញុំថា “តើអ្នករាល់គ្នាមានទំនាក់ទំនងអ្វីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល? ២៥ ពួករូបេន និងពួកកាដអើយ! ព្រះអម្ចាស់បានយកទន្លេយ័រដាន់ធ្វើជាព្រំប្រទល់រវាងពួកយើង និងអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់ទេ!”។ កូនចៅរបស់បងប្អូនមុខជាបណ្តាលឲ្យកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាចព្រះអម្ចាស់ទៀតមិនខាន។ ២៦ ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា យើងខ្ញុំត្រូវតែសង់អាសនៈនេះឡើង មិនមែនដើម្បីថ្វាយតង្វាយដុតទាំងមូល ឬសម្រាប់ថ្វាយយញ្ញបូជាឯទៀតៗឡើយ ២៧ ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបម្រើព្រះអម្ចាស់ ដោយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងយញ្ញបូជាឯទៀតៗដែរ។ ដូច្នេះ នៅអនាគត កូនចៅរបស់បងប្អូននឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់”ឡើយ។ ២៨ យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគត បើសិនជាគេពោលពាក្យសម្ដីនេះចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់ព្រះអម្ចាស់បេះបិទ តែមិនមែនដើម្បីថ្វាយតង្វាយដុតទាំងមូល ឬថ្វាយយញ្ញបូជាឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។ ២៩ យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ ឬក៏ចង់បែកចិត្តចេញពីព្រះអង្គ នៅថ្ងៃនេះ ដោយសង់អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងថ្វាយតង្វាយនានា ឬយញ្ញបូជាអ្វីផ្សេង ក្រៅពីថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់យើង គឺអាសនៈដែលស្ថិតនៅមុខព្រះដំណាក់របស់ព្រះអង្គនោះឡើយ!»។
៣០ ពេលលោកបូជាចារ្យភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រាអែលនៅទីនោះ បានឮពាក្យសម្ដីដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេរៀបរាប់ ពួកគេក៏ពេញចិត្ត។ ៣១ លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ មានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «ថ្ងៃនេះ យើងដឹងថា ព្រះអម្ចាស់ពិតជាគង់នៅជាមួយយើងរាល់គ្នាមែន ដ្បិតបងប្អូនពុំបានក្បត់ព្រះអម្ចាស់ គឺបងប្អូនពុំបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលទទួលទោសពីព្រះអម្ចាស់ឡើយ»។
៣២ បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់លោកបូជាចារ្យអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រាអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។ ៣៣ ប្រជាជនអ៊ីស្រាអែលពេញចិត្តនឹងរបាយការណ៍ ហើយអរព្រះគុណព្រះជាម្ចាស់ ព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។ ៣៤ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ បានដាក់ឈ្មោះអាសនៈនោះថា «សក្ខីភាព» ដ្បិតអាសនៈនោះធ្វើជាសាក្សីនៅចំពោះមុខយើងទាំងអស់គ្នាថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។
២៣
បណ្តាំរបស់លោកយ៉ូស៊ូអា
១ ព្រះអម្ចាស់ប្រោសប្រទានឲ្យប្រជាជនអ៊ីស្រាអែលរួចពីខ្មាំងសត្រូវទាំងឡាយដែលនៅជុំវិញ និងមានសុខសន្តិភាព។ ជាយូរឆ្នាំក្រោយមកទៀត លោកយ៉ូស៊ូអាមានវ័យចាស់ជរា ២ លោកបានកោះហៅជនជាតិអ៊ីស្រាអែលទាំងអស់ គឺទាំងក្រុមព្រឹទ្ធាចារ្យ ទាំងក្រុមអ្នកដឹកនាំ ទាំងក្រុមចៅក្រម និងនាយក្រុម មកផ្តែផ្តាំថា៖ «ឥឡូវនេះ ខ្ញុំមានវ័យចាស់ជរាហើយ ៣ អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះប្រជាជាតិទាំងនោះសម្រាប់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធ ដើម្បីអ្នករាល់គ្នា។ ៤ មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន ដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ដែលខ្ញុំដណ្ដើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើត រហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។ ៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាផ្ទាល់ នឹងបណ្តេញពួកគេចេញឲ្យឆ្ងាយពីអ្នករាល់គ្នា ហើយយកទឹកដីរបស់ពួកគេមកប្រគល់ឲ្យអ្នករាល់គ្នាកាន់កាប់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា»។ ៦ ចូរមានកម្លាំងខ្លាំងក្លាឡើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យ*របស់លោកម៉ូសេ ដោយមិនប្រាសចាកទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ។ ៧ មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។ ៨ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាជំពាក់ចិត្តនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នា ធ្លាប់ប្រព្រឹត្តរហូតមកដល់សព្វថ្ងៃ ៩ ព្រះអម្ចាស់នឹងយកទឹកដីពីប្រជាជាតិដ៏ធំៗ និងមានកម្លាំងខ្លាំងក្លា មកប្រគល់ឲ្យអ្នករាល់គ្នា។ រហូតមកដល់សព្វថ្ងៃ គ្មាននរណាអាចប្រយុទ្ធតទល់នឹងអ្នករាល់គ្នាឡើយ។ ១០ មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចដេញតាមពួកគេមួយពាន់នាក់ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា។ ១១ ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ១២ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ ទៅជំពាក់ចិត្តនឹងប្រជាជាតិនានា ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នារៀបការជាមួយពួកគេ ព្រមទាំងពាក់ព័ន្ធជាមួយពួកគេ ១៣ ចូរចងចាំឲ្យច្បាស់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលែងបណ្តេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំពាត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យ។ ១៤ «ចំណែកខ្ញុំវិញ ពេលនេះ ខ្ញុំជិតលាចាកលោកហើយ។ អ្នករាល់គ្នាត្រូវទទួលស្គាល់ ឲ្យអស់ពីចិត្ត អស់ពីគំនិតថា ព្រះបន្ទូលទាំងប៉ុន្មានស្តីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នានោះ នឹងសម្រេចចំពោះអ្នករាល់គ្នាសព្វគ្រប់ទាំងអស់ ឥតខ្វះ ឥតចន្លោះត្រង់ណាឡើយ។ ១៥ ព្រះបន្ទូលស្តីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសន្យា សុទ្ធតែបានសម្រេចសព្វគ្រប់យ៉ាងណា ព្រះបន្ទូលដែលព្រះអង្គព្រមានអ្នករាល់គ្នា ក៏នឹងសម្រេចយ៉ាងនោះដែរ រហូតដល់អ្នករាល់គ្នាវិនាសសាបសូន្យពីទឹកដីដ៏ល្អ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យ។ ១៦ ប្រសិនបើអ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម ហើយប្រសិនបើអ្នករាល់គ្នាបែរទៅគោរពបម្រើ និងថ្វាយបង្គំព្រះដទៃ នោះព្រះអម្ចាស់នឹងពិរោធចំពោះអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសូន្យយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នា»។
២៤
សម្ពន្ធមេត្រីនៅស៊ីគែម
១ លោកយ៉ូស៊ូអាបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ២ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺតេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។ ៣ យើងបាននាំអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក ឲ្យដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើឲ្យកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានឲ្យគាត់បង្កើតអ៊ីសាកដែរ។ ៤ យើងបានឲ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។ ៥ បន្ទាប់មក យើងចាត់ម៉ូសេ និងអរ៉ុនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច ដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ ៦ យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ មានទាំងរទេះចម្បាំង និងទ័ពសេះមកជាមួយផង។ ៧ បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពក*ដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឲ្យទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។ ៨ បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។ ៩ ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ស្តេចបានចាត់គេឲ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រ មកដាក់បណ្ដាសាអ្នករាល់គ្នា។ ១០ ប៉ុន្តែ យើងមិនព្រមស្ដាប់ពាក្យបាឡាមទេ គឺគាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្តេចបាឡាក់។
១១ អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរីស៊ី ជនជាតិកាណាន ជនជាតិហេត ជនជាតិគៀរកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផង បានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ១២ យើងបានប្រើសត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកម្ចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរី ឲ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជម្នះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ ១៣ យើងបានប្រគល់ស្រុកមួយឲ្យអ្នករាល់គ្នា ដោយអ្នករាល់គ្នាមិនបាននឿយហត់ភ្ជួររាស់ អ្នករាល់គ្នាមានទីក្រុងស្នាក់នៅដោយអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវ ពីចម្ការដែលអ្នករាល់គ្នាមិនបានដាំ”»។
១៤ លោកយ៉ូស៊ូអាមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងគោរពបម្រើព្រះអង្គ ឲ្យអស់ពីចិត្ត និងដោយស្មោះត្រង់បំផុត។ ចូរដកយកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើ នៅខាងនាយទន្លេអឺប្រាត និងនៅស្រុកអេស៊ីបនោះចោលទៅ ហើយនាំគ្នាគោរពបម្រើព្រះអម្ចាស់។ ១៥ ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរស*របស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះអម្ចាស់»។
១៦ ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត! ១៧ ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្ដែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ ១៨ ព្រះអម្ចាស់បណ្តេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេស ជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។
១៩ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់ទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។ ២០ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នកគ្នារួចមកហើយក៏ដោយ»។
២១ ប្រជាជនឆ្លើយតបទៅលោកយ៉ូស៊ូអាវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។ ២២ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយ យើងខ្ញុំជាសាក្សី»។
២៣ លោកយ៉ូស៊ូអាមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។ ២៤ ប្រជាជនឆ្លើយតបទៅលោកយ៉ូស៊ូអាថា៖ «យើងខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។
២៥ នៅថ្ងៃនោះ លោកយ៉ូស៊ូអាបានចងសម្ពន្ធមេត្រីជាមួយប្រជាជននៅស៊ីគែម ហើយលោកចេញច្បាប់ និងវិន័យឲ្យពួកគេកាន់តាមទៀតផង។ ២៦ លោកយ៉ូស៊ូអាចារសេចក្ដីទាំងនេះទុកនៅក្នុងគម្ពីរវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់ព្រះអម្ចាស់។ ២៧ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ព្រះរបស់អ្នករាល់គ្នា»។
២៨ បន្ទាប់មក លោកយ៉ូស៊ូអាបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។
លោកយ៉ូស៊ូអាទទួលមរណភាព
២៩ ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស៊ូអាដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ ៣០ គេបានបញ្ចុះសពលោកនៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់លោក នៅទីមណាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាស។ ៣១ ប្រជាជនអ៊ីស្រាអែលគោរពបម្រើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស៊ូអា។ ក្រោយពីលោកយ៉ូស៊ូអាទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សម្ដែងការអស្ចារ្យទាំងប៉ុន្មាន ដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។
៣២ រីឯធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែម ក្នុងចម្ការដែលលោកយ៉ាកុបបានទិញពីកូនចៅលោកហាម៊រ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោកយ៉ូសែប។ ៣៣ លោកអេឡាសារ ជាកូនលោកអរ៉ុន ក៏បានទទួលមរណភាពដែរ។ គេបានបញ្ចុះសពលោកនៅលើភ្នំរបស់លោកភីនេហាស ជាកូន គឺទឹកដីដែលលោកបានទទួលនៅតំបន់ភ្នំអេប្រាអ៊ីម។
695 Views