សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
| កំណើតពិភពលោក (កណ) | Genesis (Gn) |
| សេរីភាព (សរ) | Exodus (Ex) |
| លេវីវិន័យ (លវ) | Leviticus (Lv) |
| ជំរឿនប្រជាជន (ជរ) | Numbers (Nm) |
| ទុតិយកថា (ទក) | Deuteronomy (Dt) |
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
៤. គម្ពីរព្យាការី (Prophet) 18
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
| ម៉ាថាយ (មថ) | Matthew (Mt) |
| ម៉ាកុស (មក) | Mark (Mk) |
| លូកា (លក) | Luke (Lk) |
| យ៉ូហាន (យហ) | John (Jn) |
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
| កិច្ចការគ្រីស្តទូត (កក) | Acts of the Apostles (Acts) |
៣. លិខិតសន្តប៉ូល (Paul Letters) 13
៤. សំណេរសកល (Catholic Letters) 5
| ហេប្រឺ (ហប) | Hebrews (Heb) |
| យ៉ាកុប (យក) | James (Jas) |
| ១សិលា (១សល) | 1 Peter (1 Pt) |
| ២សិលា (២សល) | 2 Peter (2 Pt) |
| យូដាស (យដ) | Jude (Jude) |
៥. សំណេរសន្តយ៉ូហាន (John Writings) 4
| ១យ៉ូហាន (១យហ) | 1 John (1 Jn) |
| ២យ៉ូហាន (២យហ) | 2 John (2 Jn) |
| ៣យ៉ូហាន (៣យហ) | 3 John (3 Jn) |
| វិវរណៈ (វវ) | Revelation (Rev) |
- ពាក្យលំនាំ
- ១
- ២
- ៣
- ៤
យ៉ូណាស
(ព្យាការីយ៉ូណាស)
ពាក្យលំនាំ
កណ្ឌគម្ពីរយ៉ូណាសរៀបរាប់អំពីព្យាការីមួយរូប ដែលខំប្រឹងរត់គេចពីព្រះជាម្ចាស់ ព្រោះមិនចង់ធ្វើតាមបញ្ជារបស់ព្រះអង្គ។
គោលគំនិតដ៏សំខាន់នៃកណ្ឌគម្ពីរនេះចង់លើកយកមកបង្រៀនយើង គឺព្រះជាម្ចាស់មិនកម្រិតព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះទេ ព្រះអង្គសព្វព្រះហឫទ័យសម្ដែងព្រះហឫទ័យស្រឡាញ់នេះចំពោះសាសន៍ដទៃដែរ។ ពេលណាព្រះអង្គសម្រេចដាក់ទោសមនុស្សលោក ហើយប្រសិនបើគេងាកចេញពីអំពើអាក្រក់ដោយសុទ្ធចិត្ត នោះព្រះអង្គនឹងប្រែព្រះហឫទ័យលែងធ្វើទោសគេ។ ព្រះអង្គជាម្ចាស់លើអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក ហើយព្រះអង្គក៏ជាម្ចាស់លើជីវិត និងសេចក្ដីស្លាប់ដែរ។ ព្រះអង្គសម្រេចដកជីវិត ឬប្រទានជីវិតដល់នរណាក៏បាន ដូច្នេះ ព្យាការីមិនត្រូវមួម៉ៅ ពេលឃើញព្រះអង្គលើកលែងទោសឲ្យមនុស្សបាបឡើយ។
កណ្ឌគម្ពីរយ៉ូណាសលាតត្រដាងឲ្យយើងឃើញថា សូម្បីតែព្យាការីមួយរូបក៏តែងតែជួបប្រទះនឹងបញ្ហាលំបាក ចិត្តមួហ្មង ការល្បួង ឬចិត្តសង្ស័យ ដូចមនុស្សឯទៀតៗដែលព្រះជាម្ចាស់ចាត់ឲ្យទៅបំពេញមុខងារអ្វីមួយដែរ។ ប៉ុន្តែ ព្រះជាម្ចាស់មិនបោះបង់ចោលអ្នកបម្រើរបស់ព្រះអង្គឲ្យនៅឯកោ ឬខកចិត្តឡើយ។ ព្រះអង្គក៏មិនបណ្តោយឲ្យអ្នកបម្រើព្រះអង្គគេចចេញឆ្ងាយពីព្រះអង្គដែរ ផ្ទុយទៅវិញ ព្រះអង្គសព្វព្រះហឫទ័យពន្យល់ហើយពន្យល់ទៀតថា ព្រះអង្គស្រឡាញ់មនុស្សគ្រប់ៗរូប ឥតរើសមុខនរណាឡើយ។
ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូបានលើកយកការផ្សងព្រេងរបស់លោកយ៉ូណាសនៅក្នុងពោះត្រីចំនួនបីថ្ងៃបីយប់ ដើម្បីពន្យល់អំពីការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ។ ព្រះអង្គក៏ទាញឧទាហរណ៍អំពីការកែប្រែចិត្តគំនិតរបស់អ្នកក្រុងនីនីវេ ដើម្បីបន្ទោសមនុស្សមួយចំនួននៅជំនាន់ព្រះអង្គ ដែលតាំងចិត្តរឹងរូសមិនព្រមទទួលដំណឹងល្អដែរ (ម៉ាថាយ ១២.៣៨-៤២)។
ព្រះអម្ចាស់ចាត់លោកយ៉ូណាសទៅក្រុងនីនីវេ
១ ថ្ងៃមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាស ជាកូនរបស់លោកអមីតៃថា៖ ២ «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។
៣ លោកយ៉ូណាសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតារស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ លោកទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតារស៊ីស លោកក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតារស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។
៤ ប៉ុន្តែ ព្រះអម្ចាស់បានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។ ៥ អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ លោកចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។ ៦ ពេលនោះ នាយសំពៅមករកលោកសួរថា៖ «ម្ដេចក៏លោកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើង ទូលអង្វរព្រះរបស់លោកទៅ ក្រែងលោព្រះអង្គអាណិតអាសូរជួយពួកយើងឲ្យរួចផុតពីសេចក្ដីវិនាស»។ ៧ ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើលោកយ៉ូណាស។
៨ ពួកគេសួរលោកយ៉ូណាសថា៖ «លោកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើលោកធ្វើអ្វី? លោកមកពីណា? ស្រុកលោកនៅឯណា? លោកជាជនជាតិអ្វី?»។ ៩ លោកយ៉ូណាសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំព្រះអម្ចាស់ ជាព្រះដែលគង់នៅស្ថានបរមសុខ* ព្រះអង្គបានបង្កើតសមុទ្រ និងដីគោក»។ ១០ លោកយ៉ូណាសក៏តំណាលរឿងរបស់លោក ឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា លោកបានរត់គេចឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះ? ១១ តើយើងត្រូវធ្វើយ៉ាងណាចំពោះលោក ដើម្បីឲ្យសមុទ្របានស្ងប់ឡើងវិញ?»។ ១២ លោកយ៉ូណាសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។
១៣ ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។ ១៤ ពេលនោះ ពួកគេនាំគ្នាអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមព្រះអង្គកុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ ព្រះអម្ចាស់អើយ ព្រះអង្គសម្រេចដូច្នេះ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ!»។ ១៥ បន្ទាប់មក ពួកគេលើកលោកយ៉ូណាសបោះទៅក្នុងសមុទ្រ សមុទ្រក៏ស្ងប់ឈឹងភ្លាម។ ១៦ អ្នកទាំងនោះកោតស្ញប់ស្ញែងព្រះអម្ចាស់យ៉ាងខ្លាំង ពួកគេនាំគ្នាថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ព្រមទាំងបន់ស្រន់ទៀតផង។
លោកយ៉ូណាសនៅក្នុងពោះត្រី
១ ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឲ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់។ ២ នៅក្នុងពោះត្រី លោកអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក។ ៣ លោកពោលថា៖
«ពេលទូលបង្គំមានអាសន្ន
ទូលបង្គំអង្វររកព្រះអម្ចាស់
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។
នៅក្នុងស្ថានមច្ចុរាជ
ទូលបង្គំស្រែកហៅព្រះអង្គជួយ
ព្រះអង្គព្រះអង្គព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។
៤ ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ
ដ៏សែនជ្រៅ
ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។
ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក
មកលើទូលបង្គំដែរ។
៥ ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញ
ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ
ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក
ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។
៦ ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ
សេចក្ដីអន្តរាយមករួបរឹតទូលបង្គំ
មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។
៧ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ
ទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូត
តែព្រះអង្គបានលើកទូលបង្គំឡើងពីរណ្ដៅ
ហើយប្រទានឲ្យទូលបង្គំមានជីវិត។
៨ ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះ
ទូលបង្គំនឹកដល់ព្រះអម្ចាស់
ហើយពាក្យអង្វររបស់ទូលបង្គំ
ក៏បានឮទៅដល់ព្រះអង្គ
ឮដល់ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
៩ សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ
លែងគោរពបម្រើព្រះទាំងនោះទៅ!
១០ រីឯទូលបង្គំវិញ ទូលបង្គំនឹងយកយញ្ញបូជា
មកថ្វាយព្រះអង្គ
ទាំងច្រៀងអរព្រះគុណព្រះអង្គផង។
ទូលបង្គំនឹងថ្វាយតង្វាយ
ស្របតាមពាក្យដែលទូលបង្គំបានបន់
ដ្បិតមានតែព្រះអម្ចាស់ទេ
ដែលសង្គ្រោះទូលបង្គំ»។
១១ ពេលនោះ ព្រះអម្ចាស់បញ្ជាឲ្យត្រីខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។
ព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកក្រុងនីនីវេ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសម្ដងទៀតថា៖ ២ «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។
៣ លើកនេះ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ ៤ លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ៥ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។
៦ ព្រះមហាក្សត្រនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្តេចក៏យាងចុះពីរាជបល្ល័ង្ក ដោះព្រះភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។ ៧ ព្រះរាជាចេញបញ្ជាឲ្យប្រកាសប្រាប់ប្រជារាស្ដ្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនឲ្យបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។ ៨ ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរអង្វររកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត ៩ ក្រែងលោព្រះជាម្ចាស់ប្រែព្រះហឫទ័យលែងព្រះពិរោធទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
១០ ព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គក៏ប្រែព្រះហឫទ័យមិនដាក់ទោសពួកគេ ដូចព្រះអង្គបានសម្រេចកាលពីមុននោះទេ ព្រះអង្គមិនបំផ្លាញពួកគេចោលឡើយ។
ព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់
១ ពេលឃើញដូច្នេះ លោកយ៉ូណាសមិនសប្បាយចិត្តទាល់តែសោះ លោកខឹងយ៉ាងខ្លាំង។ ២ លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចទូលបង្គំបានសង្ស័យ តាំងពីទូលបង្គំនៅស្រុករបស់ទូលបង្គំម៉្លេះ។ ហេតុនេះហើយបានជាទូលបង្គំរត់គេចទៅស្រុកតារស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គជាព្រះប្រកបទៅដោយព្រះហឫទ័យប្រណីសន្ដោស ព្រះអង្គតែងតែអាណិតអាសូរ មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហឫទ័យ មិនព្រមធ្វើទោសគេទេ។ ៣ បពិត្រព្រះអម្ចាស់! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំទៅ ដ្បិតទូលបង្គំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។ ៤ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូណាសវិញថា៖ «តើអ្នកខឹងដូច្នេះសមឬមិនសម?»។
៥ ខណៈនោះ លោកយ៉ូណាសចេញទៅអង្គុយនៅខាងកើតទីក្រុង។ លោកសង់ខ្ទមមួយតូច ហើយអង្គុយក្រោមម្លប់ រង់ចាំមើលព្រឹត្តិការណ៍ដែលនឹងកើតមានដល់ក្រុងនីនីវេ។ ៦ ពេលនោះ ព្រះជាអម្ចាស់ធ្វើឲ្យមានរុក្ខជាតិមួយដើម ដុះឡើងពីលើលោកយ៉ូណាស ធ្វើជាម្លប់ដល់លោក ដើម្បីកុំឲ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។ ៧ នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ ព្រះជាម្ចាស់បញ្ជាឲ្យដង្កូវមួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។ ៨ លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។
៩ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ លោកទូលព្រះអង្គវិញថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។ ១០ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខជាតិដែលអ្នកមិនបានហត់នឿយដាំវាទាល់តែសោះ។ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ ១១ រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។
784 Views
