សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
គម្ពីរដំណឹងល្អតាម
សន្តយ៉ូហាន
ពាក្យលំនាំ
ដំណឹងល្អរៀបរៀងដោយ
លោកយ៉ូហាន
ពាក្យលំនាំ
លោកយ៉ូហានជា«សាវ័កដែលព្រះយេស៊ូស្រឡាញ់» ជាកូនរបស់លោកសេបេដេ និងជាប្អូនរបស់លោកយ៉ាកុប។ លោកបានរៀបរៀងកណ្ឌគម្ពីរនេះក្នុងគ.ស.៩០-៩៥។
គោលបំណងរបស់លោកយ៉ូហាន
លោកមានបំណងបកស្រាយអត្ថន័យដ៏លាក់កំបាំងអំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើ ដើម្បីពង្រឹងជំនឿរបស់គ្រីស្ដបរិស័ទ។ លោករ៉ាយរ៉ាប់តែព្រឹត្តិការណ៍ខ្លះដែលជាទីសម្គាល់ បង្ហាញអំពីឋានៈរបស់ព្រះយេស៊ូជាព្រះគ្រីស្ដ និងជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ពាក្យពេចន៍
លោកយ៉ូហានបានពន្យល់អត្ថន័យនៃជីវប្រវត្តិព្រះយេស៊ូ ដោយប្រើពាក្យពេចន៍ដកស្រង់ពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់ និងទស្សនវិជ្ជាក្រិកជំនាន់នោះ។ ឧបមាថាៈ
ព្រះបន្ទូល គឺព្រះយេស៊ូ។ ព្រះអង្គជាព្រះបុត្រារបស់ព្រះបិតា ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គជ្រាបព្រះតម្រិះរបស់ព្រះបិតាសព្វគ្រប់ ហើយព្រះអង្គប្រសូតមកជាមនុស្ស ដើម្បីបង្ហាញឲ្យមនុស្សយើងស្គាល់ព្រះបិតា។
ព្រះនាម សំដៅទៅលើឫទ្ធានុភាព និងអំណាចរបស់ព្រះជាម្ចាស់។
សិរីរុងរឿង គឺព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតា។ លោកយ៉ូហានមានបំណងពន្យល់ថា ព្រះយេស៊ូបង្ហាញព្រះហឫទ័យមេត្តាករុណារបស់ព្រះបិតាគ្រប់ពេលវេលា ជាពិសេស នៅពេលព្រះអង្គសោយទិវង្គត។
ពេលកំណត់ ជាពេលដែលព្រះយេស៊ូសម្ដែងសិរីរុងរឿង គឺពេលព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង។
ជីវិត ឬជីវិតអស់កល្បជានិច្ច គឺព្រះជន្មរបស់ព្រះបិតាផ្ទាល់ ដែលព្រះយេស៊ូប្រោសប្រទានឲ្យអស់អ្នកជឿ សង្ឃឹមលើព្រះអង្គ។ លោកយ៉ូហានប្រើពាក្យ«ជីវិត» មានន័យប្រហាក់ប្រហែលនឹងពាក្យ«ព្រះរាជ្យ»ដែលលោកម៉ាថាយ លោកម៉ាកុស និងលោកលូកានិយមប្រើ។
សេចក្ដីពិត ឬសេចក្ដីពិតប្រាកដតែមួយ គឺព្រះជាម្ចាស់ដែលមានព្រះជន្មដ៏ពេញលក្ខណៈ។ ព្រះយេស៊ូសម្ដែងសេចក្ដីពិតឲ្យមនុស្សលោកស្គាល់ គឺព្រះអង្គសម្ដែងឲ្យស្គាល់ព្រះបិតា។ អ្នកជឿទទួលសេចក្ដីទាំងប៉ុន្មានដែលព្រះយេស៊ូសម្ដែងប្រាប់ ហើយចូលរួមជាមួយព្រះអង្គ។
រីឯហេតុទាំងប៉ុន្មានដែលបណ្ដាលឲ្យមនុស្សឃ្លាតចាកពីព្រះជាម្ចាស់ លោកយ៉ូហានហៅថាសេចក្ដីភូតភរ ឬសេចក្ដីកុហក។ ដូច្នេះ មារសាតាំងជាមេភូតភរ ឬអ្នកសម្លាប់ ព្រោះវានាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដែលជាប្រភពនៃជីវិត និងជាសេចក្ដីពិត។
បន្ទាល់ គឺអ្នកផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកស្គាល់ហេតុការណ៍ដែលកើតមានមក និងពន្យល់អត្ថន័យផង។ ព្រះបិតា ព្រះវិញ្ញាណ លោកយ៉ូហានបាទីស្ដ សាវ័កយ៉ូហាន ពួកសាវ័ក និងកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើសុទ្ធតែជាបន្ទាល់ បញ្ជាក់អំពីឋានៈរបស់ព្រះយេស៊ូ។
ពន្លឺ និងសេចក្ដីងងឹត ពន្លឺ គឺព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្ដ។ រីឯសេចក្ដីងងឹតសំដៅទៅលើអំពើបាប ឬចិត្តអាក្រក់ ដែលបណ្ដាលឲ្យមនុស្សវៀរចាកឆ្ងាយពីព្រះជាម្ចាស់ ពុំអាចទទួលព្រះជន្មរបស់ព្រះអង្គ។
ពិភពលោក មនុស្សលោក ឬលោក ពាក្យនេះមានអត្ថន័យផ្សេងៗ ជួនកាលមានន័យថាមនុស្សដែលរស់នៅលើផែនដីនេះ ជួនកាលសំដៅទៅលើសេចក្ដីអាក្រក់គ្រប់បែបយ៉ាងដែលមាននៅក្នុងចិត្តគំនិតមនុស្ស ជាពិសេស ចិត្តរឹងរូសរបស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះគ្រីស្ដ។
ស្គាល់ មានន័យថាជឿផង ស្រឡាញ់ផង។
«ដំណឹងល្អតែងដោយលោកយ៉ូហាន» ស្រួលអានតែមានអត្ថន័យជ្រៅជាងគេ។ ត្រូវអានមួយៗជាច្រើនដង ដោយរិះគិតពិចារណា ជាពិសេសត្រូវទូលអង្វរព្រះវិញ្ញាណ សូមព្រះអង្គបំភ្លឺចិត្តគំនិតឲ្យយល់។ «ព្រះវិញ្ញាណណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក» (១៦.១៣)។
គម្រោងគម្ពីរយ៉ូហាន
• បុរេកថា (១.១‑១៨)។
• លោកយ៉ូហានបាទីស្ដ និងសាវ័កដើមដំបូងបង្អស់របស់ព្រះយេស៊ូ (១.១៩-៥១)។
• ព្រះយេស៊ូបំពេញព្រះបរមកិច្ចរបស់ព្រះអង្គក្នុងចំណោមប្រជាជន (២.១‑១២.៥០)។
• ព្រះយេស៊ូនៅក្រុងយេរូសាឡឹម និងភូមិជុំវិញ (១៣.១‑១៩.៤២)។
• ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យពួកសាវ័កឃើញ (២០.១-៣១)។
• អវសានកថាៈ ព្រះយេស៊ូមកជួបពួកសាវ័កនៅស្រុកកាលីឡេ (២១.១-៣៥)។
១
បុរេកថា
១ កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ២ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ ៣ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ៤ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ៥ ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។
៦ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឲ្យមក។ ៧ លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារលោក។ ៨ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ៩ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ១០ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ១១ ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ដ្រនោះពុំបានទទួលព្រះអង្គឡើយ។ ១២ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។ ១៣ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
១៤ ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះហឫទ័យប្រណីសន្ដោស និងសេចក្ដីពិត។ ១៥ លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។ ១៦ យើងទាំងអស់គ្នាបានទទួលព្រះហឫទ័យប្រណីសន្ដោសមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ១៧ ដ្បិតព្រះជាម្ចាស់ប្រទានគម្ពីរវិន័យ*តាមរយៈលោកម៉ូសេ ហើយព្រះអង្គបានសម្ដែងព្រះហឫទ័យប្រណីសន្ដោស និងសេចក្ដីពិត តាមរយៈព្រះយេស៊ូគ្រីស្ដ។ ១៨ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។
សក្ខីភាពរបស់លោកយ៉ូហានបាទីស្ដ
(ម៉ាថាយ ៣.១-១២ ម៉ាកុស ១.១-៨ លូកា ៣.១-១៨)
១៩ ជនជាតិយូដាចាត់ពួកបូជាចារ្យ* និងពួកលេវី* ពីក្រុងយេរូសាឡឹម ឲ្យទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។ ២០ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្ដ*ទេ»។ ២១ ពួកគេសួរលោកថា៖ «ដូច្នេះ តើលោកជានរណា? តើលោកជាព្យាការីអេលីឬ?»។ លោកឆ្លើយថា៖ «ទេ មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការី*ដែលយើងរង់ចាំនោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។ ២២ គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោក ដែលចាត់យើងខ្ញុំឲ្យមក តើលោកថាខ្លួនលោកជានរណា!»។ ២៣ លោកយ៉ូហានមានប្រសាសន៍ថា៖
«ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក
នៅវាលរហោស្ថាន*ថាៈ
“ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់”
ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ ២៤ អ្នកដែលគេចាត់ឲ្យមកនោះ ជាពួកខាងគណៈផារីស៊ី*។ ២៥ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រីស្ដ មិនមែនជាព្យាការីអេលី ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹក*ដូច្នេះ?»។ ២៦ លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ ២៧ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ២៨ ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក*។
ព្រះយេស៊ូជាកូនចៀមរបស់ព្រះជាម្ចាស់
២៩ នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក ៣០ គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ ៣១ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក* ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រាអែលស្គាល់»។ ៣២ លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខ* ដូចសត្វព្រាបមកសណ្ឋិតលើលោក។ ៣៣ ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*”។ ៣៤ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
សាវ័កដែលតាមព្រះយេស៊ូមុនគេ
៣៥ ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។ ៣៦ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ ៣៧ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ៣៨ ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ៣៩ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ៤០ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលា*។ ៤១ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ “មេស្ស៊ី” នេះ ប្រែថា“ព្រះគ្រីស្ដ”)។ ៤២ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស” នេះ ប្រែថា សិលា*)»។
៤៣ លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។ ៤៤ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអន់ដ្រេ និងលោកសិលាដែរ។ ៤៥ លោកភីលីពទៅជួបលោកណាថាណាអែល ប្រាប់គាត់ថា៖ «លោកដែលគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការីចែងទុកនោះ ឥឡូវនេះ យើងបានឃើញហើយ លោកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ ៤៦ លោកណាថាណាអែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតឡើយ»។ ៤៧ លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមក អ្នកនឹងបានឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ ៤៨ លោកណាថាណាអែលទូលសួរព្រះអង្គថា៖ «តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ ៤៩ លោកណាថាណែលទូលព្រះអង្គថា៖ «ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ៥០ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរ* ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ៥១ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូត*របស់ព្រះជាម្ចាស់ចុះឡើងនៅពីលើបុត្រមនុស្ស*»។
២
ពិធីមង្គលការនៅភូមិកាណា
១ បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ ២ ហើយគេក៏បានយាងព្រះយេស៊ូ និងអញ្ជើញពួកសាវ័ក*របស់ព្រះអង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ ៣ ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។ ៤ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ ៥ មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ ៦ នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអម្រែក។ ៧ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ៨ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ ៩ លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹក មកចាក់ពាងទើបដឹង។ ១០ គាត់ហៅកូនកំលោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
១១ នេះជាទីសម្គាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើ នៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសាវ័កក៏បានជឿលើព្រះអង្គ។ ១២ បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាផានុមជាមួយមាតា ព្រមទាំងបងប្អូន និងសាវ័ករបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។
ព្រះយេស៊ូបណ្ដេញអ្នកលក់ដូរចេញពីព្រះវិហារ
(មថ.២១.១២-១៣ មក.១១.១៥-១៧ លក.១៩.៤៥-៤៦)
១៣ បុណ្យចម្លង*របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ ១៤ នៅក្នុងបរិវេណព្រះវិហារ* ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ ១៥ ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ* ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ ១៦ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំ ធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ១៧ ពួកសាវ័ក*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖
«មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ
បានជាគេប្រហារជីវិតទូលបង្គំ»។
១៨ ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសម្គាល់អ្វី បង្ហាញឲ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនេះ?»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារ*នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ ២០ ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ ២១ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ ២២ ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសាវ័កនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។
ព្រះយេស៊ូយល់ជម្រៅចិត្តមនុស្ស
២៣ ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង* មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។ ២៤ ប៉ុន្តែ ព្រះយេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះអង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ ២៥ មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។
៣
ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម
១ មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី*។ ២ លោកបានមកគាល់ព្រះយេស៊ូទាំងយប់ ហើយទូលថា៖ «លោកគ្រូ យើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដូចលោកគ្រូឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។ ៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។ ៤ លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។ ៥ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។ ៦ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។៧ ពេលខ្ញុំជម្រាបលោកថា “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់ឲ្យសោះ។ ៨ ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។ ៩ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ? ១១ ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ ១២ ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ ១៣ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស*ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។
១៤ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ១៥ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។ ១៦ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។ ១៧ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។ ១៨ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ១៩ ហេតុដែលបណ្ដាលឲ្យមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្តែ មនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។ ២០ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ២១ ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតតែងតែចូលមករកពន្លឺ ដើម្បីឲ្យគេឃើញថា អំពើដែលខ្លួនប្រព្រឹត្តនោះស្របតាមព្រះជាម្ចាស់មែន»។
សក្ខីភាពរបស់លោកយ៉ូហានបាទីស្ដ
២២ បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសាវ័ក*។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេ ព្រមទាំងជ្រមុជទឹក*ឲ្យបណ្ដាជនផង។ ២៣ រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកឲ្យគេ នៅអៃណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកឲ្យ។ ២៤ កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។
២៥ ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជម្រះកាយឲ្យបានបរិសុទ្ធ*។ ២៦ គេនាំគ្នាទៅជួបលោកយ៉ូហាន ជម្រាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក*ឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។ ២៧ លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានឲ្យទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ ២៨ អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រីស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គ។ ២៩ នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្តសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្តត្រេកអរក្រៃលែង ដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ ៣០ ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។ ៣១ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ព្រះអង្គមានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ព្រះអង្គមានឋានៈធំលើសគេទាំងអស់។ ៣២ ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្តែ គ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ ៣៣ អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបានបញ្ជាក់ថា ព្រះជាម្ចាស់បានសម្ដែងសេចក្ដីពិតមែន។ ៣៤ ព្រះអង្គដែលព្រះជាម្ចាស់ចាត់ឲ្យយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៌។ ៣៥ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ ឲ្យនៅក្រោមអំណាចរបស់ព្រះបុត្រា។ ៣៦ អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។
៤
ព្រះយេស៊ូសន្ទនាជាមួយស្ត្រីសាសន៍សាម៉ារីម្នាក់
១ ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសាវ័ក*ច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកឲ្យមនុស្សច្រើនជាងដែរ។ ២ តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកឲ្យគេផ្ទាល់ព្រះអង្គឡើយ គឺពួកសាវ័កវិញទេដែលជាអ្នកជ្រមុជទឹក។ ៣ ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ៤ ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។
៥ ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ីខា នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឲ្យលោកយ៉ូសែបជាកូន។ ៦ នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។ ៧ មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្ដិច»។ ៨ (សាវ័កនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ៩ ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំ ជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ ១០ ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្ដិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។ ១១ នាងទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក?។ ១២ តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរស*របស់យើង ដែលបានទុកអណ្ដូងនេះឲ្យយើងឬ?។ លោកយ៉ាកុប និងកូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្ដូងនេះដែរ»។ ១៣ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះ នៅតែស្រេកតទៅមុខទៀត ១៤ រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។ ១៥ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្តាផ្ដល់ទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក និងកុំឲ្យរវល់មកដងទឹកអណ្ដូងនេះទៀត»។
១៦ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។ ១៧ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះ ត្រូវមែន ១៨ ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។ ១៩ នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការី*មែន។ ២០ បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ ២២ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ ២៣ ប៉ុន្តែដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ ២៤ ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។ ២៥ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រីស្ដ*នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។ ២៦ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។
២៧ ពេលនោះ ពួកសាវ័កត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្ដេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។ ២៨ ស្ត្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖ ២៩ «សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រីស្ដហើយមើលទៅ!»។ ៣០ អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។ ៣១ ក្នុងពេលជាមួយគ្នានោះ ពួកសាវ័កទូលព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញពិសា!»។ ៣២ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ ៣៣ ពួកសាវ័កក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឲ្យបានសម្រេច។ ៣៥ អ្នករាល់គ្នាតែងពោលថា “បួនខែទៀត ដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។ ៣៦ អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសម្រាប់ជីវិតអស់កល្បជានិច្ច ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា ៣៧ ស្របតាមពាក្យចាស់លោកថាៈ“ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ៣៨ ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។
៣៩ ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត”។ ៤០ ហេតុនេះហើយបានជាកាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់នៅជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។ ៤១ មានមនុស្សច្រើនជាងនោះទៅទៀត បានជឿលើព្រះអង្គ ដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។ ៤២ ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។
ព្រះយេស៊ូប្រោសកូនប្រុសរបស់មន្ត្រីម្នាក់ឲ្យជា
៤៣ ពីរថ្ងៃក្រោយមក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។ ៤៤ ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។ ៤៥ លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានសម្ដែង ក្នុងឱកាសពិធីបុណ្យចម្លង*នៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។ ៤៦ ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។
នៅទីនោះ មានអ្នករាជការម្នាក់មកពីក្រុងកាផានុម កូនប្រុសរបស់លោកមានជំងឺ។ ៤៧ កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោកដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យបានជាសះស្បើយ។ ៤៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។ ៤៩ មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមលោកអញ្ជើញមក ក្រែងកូនរបស់ខ្ញុំប្របាទស្លាប់»។ ៥០ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូក៏ចេញដំណើរទៅ។ ៥១ ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញមកជម្រាបថា កូនរបស់លោករស់ហើយ។ ៥២ លោកក៏សួរអ្នកបម្រើឲ្យដឹងថា កូនរបស់លោកបានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។ ៥៣ ឪពុកដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា“កូនរបស់លោករស់ហើយ!”។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូល ក៏ជឿលើព្រះអង្គដែរ។ ៥៤ នេះជាទីសម្គាល់លើកទីពីរដែលព្រះយេស៊ូបានធ្វើ នៅពេលដែលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។
៥
ព្រះយេស៊ូប្រោសមនុស្សពិការម្នាក់ឲ្យជា
១ ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។ ២ នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេតសាថា» ក្បែរស្រះនោះ មានថែវប្រាំ។ ៣ មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់ចាំទឹកកម្រើក ៤ ដ្បិតយូរៗម្ដង មានទេវទូត*មួយរូបចុះមកធ្វើឲ្យទឹកស្រះកម្រើក អ្នកណាចុះទៅក្នុងទឹកកម្រើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។ ៥ នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ ៦ ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ ៧ អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលទឹកកម្រើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់ មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។ ៩ ពេលនោះ ស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ។ ១០ រីឯថ្ងៃនោះជាថ្ងៃសប្ប័ទ* ជនជាតិយូដាស្ដីឲ្យបុរសដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានសិទ្ធិលីគ្រែស្នែងរបស់អ្នកដូច្នេះឡើយ»។ ១១ គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើឲ្យខ្ញុំជា ប្រាប់ខ្ញុំថា “ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!”»។ ១២ គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឲ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។ ១៣ ប៉ុន្តែ បុរសដែលបានជា មិនដឹងថានរណាបានប្រោសគាត់ឲ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។
១៤ ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្តអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។ ១៥ បុរសនោះចេញទៅប្រាប់ជនជាតិយូដាឲ្យដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់ឲ្យជា។ ១៦ ហេតុនេះហើយបានជាជនជាតិយូដានាំគ្នាបៀតបៀនព្រះយេស៊ូ ព្រោះព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។ ១៨ កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនមកពីព្រះអង្គមិនបានគោរពតាមវិន័យ* សម្រាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។
អំណាចរបស់ព្រះយេស៊ូ
១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់បានឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណា ដែលព្រះអង្គបានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។ ២០ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់ព្រះបុត្រា និងបង្ហាញឲ្យព្រះបុត្រាឃើញគ្រប់កិច្ចការដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញឲ្យព្រះបុត្រាឃើញកិច្ចការធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាងឿងឆ្ងល់។ ២១ ដូចព្រះបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ។ ២២ ព្រះបិតាមិនដាក់ទោសនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចដាក់ទោសទាំងអស់ឲ្យព្រះបុត្រាវិញ ២៣ ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតា។ អ្នកណាមិនគោរពព្រះបុត្រាទេ អ្នកនោះក៏មិនគោរពព្រះបិតា ដែលបានចាត់ព្រះបុត្រាឲ្យយាងមកនោះដែរ។ ២៤ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។ ២៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់ គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះនឹងមានជីវិតរស់នៅ ២៦ ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានឲ្យព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ ២៧ ហើយព្រះបិតាក៏ប្រទានឲ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រាជាបុត្រមនុស្ស*។ ២៨ សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា ២៩ ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
សក្ខីភាពអំពីអំណាចរបស់ព្រះយេស៊ូ
៣០ «ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់ឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។ ៣១ ប្រសិនបើខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ សក្ខីភាពរបស់ខ្ញុំមិនពិតទេ។ ៣២ ប៉ុន្តែ មានម្នាក់ទៀតធ្វើជាបន្ទាល់ឲ្យខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។ ៣៣ អ្នករាល់គ្នាបានចាត់គេឲ្យទៅសួរលោកយ៉ូហាន លោកក៏ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត។ ៣៤ ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយ តែខ្ញុំពោលដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលការសង្គ្រោះ។ ៣៥ លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។ ៣៦ រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានឲ្យខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។ ៣៧ ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គផង។ ៣៨ អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តទេ ព្រោះអ្នករាល់គ្នាពុំជឿអ្នកដែលព្រះបិតាបានចាត់ឲ្យមក។ ៣៩ អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ច ដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់ឲ្យខ្ញុំ ៤០ ប៉ុន្តែ អ្នករាល់គ្នាមិនចង់មករកខ្ញុំ ដើម្បីឲ្យបានជីវិតឡើយ។ ៤១ ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។ ៤២ ម្យ៉ាងទៀត ខ្ញុំស្គាល់ចិត្តអ្នករាល់គ្នាហើយ អ្នករាល់គ្នាគ្មានចិត្តស្រឡាញ់ព្រះជាម្ចាស់សោះ។ ៤៣ ខ្ញុំមក ក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន! ៤៤ តើឲ្យអ្នករាល់គ្នាអាចជឿដូចម្ដេចបានបើអ្នករាល់គ្នាចូលចិត្តទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះជាម្ចាស់តែមួយគត់សោះនោះ? ៤៥ កុំនឹកស្មានថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះភ័ក្ត្រព្រះបិតាឡើយ គឺលោកម៉ូសេជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេ ដែលនឹងចោទប្រកាន់។ ៤៦ ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេ អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះលោកបានសរសេរទុកក្នុងគម្ពីរស្ដីអំពីខ្ញុំ ៤៧ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលលោកបានសរសេរទុកទៅហើយនោះ ធ្វើម្ដេចនឹងឲ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន!»។
៦
ព្រះយេស៊ូប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់
(ម៉ាថាយ ១៤.១៣-២១ ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧)
១ បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាសមុទ្រទីបេរីយ៉ាដ។ ២ មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ ៣ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសាវ័ក*។
៤ ពេលនោះ បុណ្យចម្លង* ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។ ៥ ព្រះយេស៊ូទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ព្រះអង្គមានព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបាន?»។ ៦ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ ៧ លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង*ទៅទិញនំបុ័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ ៨ មានសាវ័កម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ ៩ «នៅទីនេះ ក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំឲ្យគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្ដាជនក៏នាំគ្នាអង្គុយ មានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ ១១ ព្រះយេស៊ូយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ព្រះអង្គប្រទានឲ្យគេ តាមតែម្នាក់ៗចង់បាន។ ១២ លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ «ចូរប្រមូលនំបុ័ងដែលនៅសល់ កុំឲ្យមានបាត់មួយដុំសោះឡើយ»។ ១៣ ពួកសាវ័កនាំគ្នារើសសំណល់នំបុ័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ ១៤ កាលមនុស្សម្នាឃើញទីសម្គាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការី*ដែលត្រូវមកក្នុងពិភពលោកមែន»។ ១៥ ព្រះយេស៊ូជ្រាបថាគេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។
ព្រះយេស៊ូយាងលើទឹកសមុទ្រ
(ម៉ាថាយ ១៤.២២-៣៤ ម៉ាកុស ៦.៤៥-៥២)
១៦ លុះដល់ល្ងាច ពួកសាវ័ក*នាំគ្នាចុះទៅមាត់សមុទ្រ។ ១៧ គេជិះទូកឆ្លងទៅក្រុងកាផានុម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ១៨ ខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ ១៩ កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ២០ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។ ២១ ពួកសាវ័កចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបម្រុងនឹងទៅ។
ព្រះយេស៊ូជាអាហារដែលផ្ដល់ជីវិត
២២ ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសាវ័ក*ទេ គឺមានតែពួកសាវ័កប៉ុណ្ណោះ ដែលបានជិះទូកចេញទៅ។ ២៣ ប៉ុន្តែ មានទូកឯទៀតៗមកពីភូមិទីបេរីយ៉ាដ ចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។ ២៤ កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និងពួកសាវ័កនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាផានុម តាមរកព្រះអង្គ។
២៥ បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ២៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។ ២៧ កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ ២៨ គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។ ៣០ គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ?។ ៣១ បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំបុ័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក”»។ ៣២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ*មកឲ្យអ្នករាល់គ្នា ៣៣ ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ ៣៤ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។ ៣៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។ ៣៦ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ”។ ៣៧ អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត ៣៨ ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ ៣៩ រីឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ៤០ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឲ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
៤១ ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ*”។ ៤២ គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូ ជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថា គាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។ ៤៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទាំទៅ!។ ៤៤ ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំឲ្យមកមិនទាក់ទាញចិត្តគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំបានឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ៤៥ ក្នុងគម្ពីរព្យាការីមានចែងទុកមកថា “ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់”។ អស់អ្នកដែលបានស្ដាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ មុខជាមករកខ្ញុំពុំខាន។ ៤៦ សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺអ្នកនោះហើយដែលបានឃើញព្រះអង្គ។ ៤៧ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។ ៤៨ ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ ៤៩ បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។ ៥០ រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគ អ្នកនោះមិនស្លាប់ឡើយ។ ៥១ ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំផ្ទាល់ដែលត្រូវបូជាសម្រាប់ឲ្យមនុស្សលោកមានជីវិត»។
៥២ ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចឲ្យខ្លួនគាត់ផ្ទាល់ មកយើងបរិភោគដូចម្ដេចកើត?»។
៥៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្ស*ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ ៥៤ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ ៥៥ សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ ៥៦ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ៥៧ ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។ ៥៨ អាហារដែលបានចុះពីស្ថានបរមសុខមក មានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស*របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច»។
៥៩ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ* នៅក្រុងកាផានុម។ ៦០ ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសាវ័ក*មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។ ៦១ ព្រះយេស៊ូឈ្វេងយល់ថា ពួកសាវ័ករអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ? ៦២ ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស*ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ ៦៣ មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ ៦៤ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។ ៦៥ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ ៦៦ ចាប់ពីពេលនោះមក ក្នុងចំណោមសាវ័ក មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។ ៦៧ ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសាវ័កទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ ៦៨ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ ៦៩ យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ៧០ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។ ៧១ ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសាវ័កមួយរូបក្នុងចំណោមសាវ័កទាំងដប់ពីរក៏ដោយ។
៧
ព្រះញាតិវង្សព្រះយេស៊ូមិនជឿលើព្រះអង្គ
១ ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។ ២ ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ*។ ៣ បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។ ៤ អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះ ត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។ ៥ បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។ ៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។ ៧ មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្តែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។ ៨ ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។
ព្រះយេស៊ូនៅក្រុងយេរូសាឡឹមក្នុងឱកាសពិធីបុណ្យ
១០ កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ព្រះអង្គយាងទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។ ១១ ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។ ១២ បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះអង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។ ១៣ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។ ១៤ លុះដល់ពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូយាងឡើងទៅព្រះវិហារ* ហើយបង្រៀនបណ្ដាជន។ ១៥ ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។ ១៦ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក។ ១៧ អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះមកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។ ១៨ អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសឡ សម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក និយាយតែសេចក្ដីពិតឥតកុហកឡើយ។ ១៩ លោកម៉ូសេប្រគល់វិន័យទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ប្រតិបត្តិតាមវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
២០ បណ្ដាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានខ្មោចចូលហើយបានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។ ២២ លោកម៉ូសេ*បានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីកាត់ស្បែក* (តាមពិត គឺបុព្វបុរស*របស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ*។ ២៣ បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលឲ្យជា នៅថ្ងៃសប្ប័ទដូច្នេះ? ២៤ កុំនាំគ្នាវិនិច្ឆ័យ ដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។
ព្រះយេស៊ូជាព្រះគ្រីស្ដមែនឬ
២៥ មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់ ២៦ ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ?។ អ្នកដឹកនាំរបស់យើងប្រហែលជាទទួលស្គាល់ថា លោកពិតជាព្រះគ្រីស្ដ*ទេដឹង ២៧ ប៉ុន្តែ ពេលព្រះគ្រីស្ដយាងមក គ្មាននរណាដឹងថាព្រះអង្គយាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។ ២៨ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គសម្ដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ ២៩ រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយព្រះអង្គបានចាត់ខ្ញុំឲ្យមក»។
៣០ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។ ៣១ ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រីស្ដយាងមក តើព្រះអង្គនឹងសម្ដែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។
គេចាត់កងរក្សាព្រះវិហារឲ្យមកចាប់ព្រះយេស៊ូ
៣២ ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ*ឲ្យមកចាប់ព្រះអង្គ។ ៣៣ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។ ៣៤ អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែង ដែលខ្ញុំនៅនោះឡើយ»។ ៣៥ ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ? ៣៦ គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះឡើយ” តើមានន័យដូចម្ដេច?»។
ទន្លេដែលមានទឹកផ្ដល់ជីវិត
៣៧ ថ្ងៃបញ្ចប់ពិធីបុណ្យជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។ ៣៨ អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិតចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។ ៣៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណ ដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួល ដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សម្ដែងសិរីរុងរឿងនៅឡើយ។
បណ្ដាជនខ្វែងគំនិតគ្នាអំពីព្រះយេស៊ូ
៤០ ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះពោលថា៖ «លោកនេះពិតជាព្យាការី*ដែលយើងរង់ចាំនោះមែន!»។ ៤១ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រីស្ដ*»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រីស្ដមិនមែនមកពីស្រុកកាលីឡេទេ ៤២ ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រីស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ”»។ ៤៣ បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ ៤៤ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។
ពួកអ្នកធំមិនជឿលើព្រះអង្គ
៤៥ កងរក្សាព្រះវិហារ*វិលទៅជួបពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី*វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។ ៤៦ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។ ៤៧ ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! ៤៨ ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ ៤៩ មានតែបណ្ដាជនដែលមិនស្គាល់គម្ពីរវិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដាសា!»។ ៥០ ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖ ៥១ «តាមវិន័យរបស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់ឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។ ៥២ ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ? សុំលោកពិនិត្យពិច័យគម្ពីរមើល៍ គ្មានព្យាការីណាម្នាក់កើតពីស្រុកកាលីឡេឡើយ»។
៥៣ បន្ទាប់មក ម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
៨
ស្ត្រីម្នាក់ប្រព្រឹត្តសហាយស្មន់
១ ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ ២ លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។ ៣ ពេលនោះ ពួកបណ្ឌិតខាងវិន័យ* និងពួកខាងគណៈផារីស៊ី*នាំស្ត្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន ៤ ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ យើងចាប់ស្ត្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។ ៥ ក្នុងគម្ពីរ លោកម៉ូសេបានបង្គាប់ឲ្យយើងយកដុំថ្ម គប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ ៦ ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។ ៧ ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។ ៨ បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។ ៩ ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។ ១០ ពេលនោះ ព្រះយេស៊ូងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។ ១១ នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្តអំពើបាបទៀតឡើយ»។
ព្រះយេស៊ូជាពន្លឺពិភពលោក
១២ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។ ១៣ ពួកខាងគណៈផារីស៊ី*ទូលព្រះអង្គថា៖ «លោកធ្វើជាបន្ទាល់ឲ្យខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។ ១៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណា ហើយទៅណាឡើយ។ ១៥ អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ ១៦ ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្ដីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានព្រះបិតាដែលបានចាត់ខ្ញុំឲ្យមកវិនិច្ឆ័យជាមួយខ្ញុំ។ ១៧ ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន។ ១៨ ខ្ញុំនេះហើយជាបន្ទាល់សម្រាប់ខ្លួនខ្ញុំផ្ទាល់ ហើយព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ក៏ធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ»។
១៩ ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតារបស់ខ្ញុំមិនខាន»។
២០ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្តែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
ឋានៈរបស់បុត្រមនុស្ស
២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅឡើយ»។ ២២ ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន” ដូច្នេះ?»។ ២៣ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីលោកីយ៍នេះឡើយ។ ២៤ ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។ ២៥ គេទូលសួរព្រះអង្គថា៖ «តើលោកមានឋានៈអ្វី?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ ២៦ ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្តែ ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គសម្ដែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។ ២៧ អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។ ២៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ ២៩ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។ ៣០ ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ មានមនុស្សជាច្រើនជឿលើព្រះអង្គ។
អ្នកជា និងអ្នកងារ
៣១ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ ៣២ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ ៣៣ គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបម្រើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា “អ្នករាល់គ្នានឹងមានសេរីភាព” ដូច្នេះ?»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ ៣៥ ធម្មតា ខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ៣៦ ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។ ៣៧ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ក៏ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ៣៨ ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ ៣៩ គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន ៤០ តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។ ៤១ អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺព្រះជាម្ចាស់»។ ៤២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក។ ៤៣ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។ ៤៤ អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង* ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្តឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក។ ៤៥ រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិត តែអ្នករាល់គ្នាមិនជឿខ្ញុំទេ។ ៤៦ ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? ៤៧ អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
ព្រះយេស៊ូ និងលោកអប្រាហាំ
៤៨ ជនជាតិយូដាទូលព្រះអង្គថា៖ «យើងនិយាយថា លោកជាសាសន៍សាម៉ារី ហើយថាមានអារក្ខចូលលោកនោះត្រូវមែន!»។ ៤៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្ខណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។ ៥០ ខ្ញុំមិនរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកឲ្យខ្ញុំ ហើយវិនិច្ឆ័យទៀតផង។ ៥១ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
៥២ ជនជាតិយូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថា លោកពិតជាមានអារក្ខចូលមែន។ លោកអប្រាហាំ និងពួកព្យាការី*បានទទួលមរណភាពទៅហើយ រីឯលោកវិញ លោកហ៊ានពោលថា អ្នកណាកាន់តាមពាក្យលោក អ្នកនោះមិនស្លាប់សោះឡើយ។ ៥៣ តើលោកមានឋានៈធំជាងលោកអប្រាហាំជាបុព្វបុរសរបស់យើង ដែលទទួលមរណភាពទៅហើយនោះឬ? រីឯពួកព្យាការី ក៏ទទួលមរណភាពទៅដែរ។ ចុះលោកលោកតាំងខ្លួនជាអ្វី?»។ ៥៤ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បើខ្ញុំលើកតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នាថាជា “ព្រះរបស់យើង”។ ៥៥ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គ ប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់ព្រះអង្គទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គថែមទៀតផង។ ៥៦ លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នាមានចិត្តត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថានឹងឃើញខ្ញុំមកដល់។ លោកក៏បានឃើញមែន ហើយត្រេកអរសប្បាយ»។ ៥៧ ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្ដេចក៏ថា បានឃើញលោកអប្រាហាំដូច្នេះ?»។ ៥៨ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។ ៥៩ ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូភៀសព្រះអង្គចេញពីព្រះវិហារ*បាត់ទៅ។
៩
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឲ្យជា
១ ព្រះយេស៊ូយាងតាមផ្លូវ ព្រះអង្គទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។ ២ ពួកសាវ័កទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។ ៣ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ ៤ យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។ ៥ ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ ៦ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ ៧ រួចព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ» (ពាក្យ“ស៊ីឡោម” នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។ ៨ អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។ ៩ អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។ ១០ គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។ ១១ គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។ ១២ គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
ពួកផារីស៊ីសួរចម្លើយអ្នកខ្វាក់ពីមុន
១៣ គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី*។ ១៤ ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យភ្លឺនោះជាថ្ងៃសប្ប័ទ ១៥ ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀត អំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ ១៦ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពវិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?» ពួកគេក៏បាក់បែកគ្នា។ ១៧ គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការី*មែន!»។ ១៨ ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។ ១៩ គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នក ដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។ ២០ ឪពុកម្ដាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។ ២១ ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឲ្យភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។ ២២ ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រីស្ដ* ចេញពីសាលាប្រជុំ*របស់គេ។ ២៣ ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយ សូមសួរវាទៅ!”។
២៤ ពួកខាងគណៈផារីស៊ី*បានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់! យើងដឹងថា អ្នកនោះពិតជាមនុស្សបាបមែន!»។ ២៥ បុរសនោះតបថា៖ «លោកនោះជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះ ខ្ញុំមើលឃើញ»។ ២៦ ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើឲ្យភ្នែកអ្នកភ្លឺ ដោយវិធីណា?»។ ២៧ គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់ឲ្យខ្ញុំនិយាយម្ដងទៀតដូច្នេះ? អស់លោកប្រហែលជាចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។ ២៨ ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញ យើងជាសិស្សរបស់លោកម៉ូសេ!។ ២៩ យើងដឹងថា ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។ ៣០ បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរឲ្យឆ្ងល់ណាស់។ ៣១ យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និងប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ។ ៣២ តាំងពីដើមរៀងមក យើងមិនដែលឮថា មាននរណាធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតភ្លឺនោះឡើយ។ ៣៣ ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។ ៣៤ ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួន តាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។
៣៥ ព្រះយេស៊ូជ្រាបថា គេបានបណ្ដេញគាត់ កាលព្រះអង្គជួបគាត់ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្ស*ឬទេ?»។ ៣៦ គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំជឿលើព្រះអង្គ»។ ៣៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រមនុស្ស»។ ៣៨ គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿលើព្រះអង្គហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។
៣៩ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្តមនុស្ស គឺឲ្យមនុស្សខ្វាក់មើលឃើញ ហើយឲ្យមនុស្សមើលឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។ ៤០ ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយព្រះអង្គ បានឮដូច្នេះ ក៏ទូលព្រះអង្គថា៖ «លោកប្រហែលជាចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។ ៤១ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។
១០
ព្រះយេស៊ូជាគង្វាលដ៏ល្អ
១ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ ២ រីឯអ្នកដែលចូលតាមទ្វារ ពិតជាគង្វាលរបស់ចៀម។ ៣ ឆ្មាំទ្វារបើកទ្វារឲ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ ៤ លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ៥ ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។
៦ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឲ្យគេស្ដាប់ ប៉ុន្តែ គេពុំបានយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។
៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឲ្យចៀមចេញចូល។ ៨ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។ ៩ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារថែមទៀតផង។ ១០ ចោរវាមក គិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យមនុស្សលោកមានជីវិត ហើយឲ្យគេមានជីវិតពេញបរិបូណ៌»។
១១ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។ ១២ រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀម ទុកឲ្យចចកខាំអូសយកទៅ ហើយដេញកម្ចាត់កម្ចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។ ១៣ អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ។ ១៤ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ ១៥ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។ ១៦ ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។ ១៧ «ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។ ១៨ គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមព្រះបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
១៩ ព្រះបន្ទូលទាំងនេះធ្វើឲ្យជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។ ២០ មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្ខចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។ ២១ អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានខ្មោចចូលទេ! តើខ្មោចអាចធ្វើឲ្យភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។
ជនជាតិយូដាមិនទទួលស្គាល់ព្រះយេស៊ូ
២២ ពេលនោះ ជារដូវរងា គេនាំគ្នាធ្វើបុណ្យរំឭកពិធីឆ្លងព្រះវិហារ* នៅក្រុងយេរូសាឡឹម។ ២៣ ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។ ២៤ ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្តដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រីស្ដ*មែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាព*បញ្ជាក់អំពីខ្ញុំស្រាប់។ ២៦ ប៉ុន្តែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។ ២៧ ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។ ២៨ ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្តរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។ ២៩ ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកឲ្យខ្ញុំ ព្រះអង្គមានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីព្រះហស្ដព្រះបិតាបានឡើយ។ ៣០ ខ្ញុំ និងព្រះបិតាជាអង្គតែមួយ»។ ៣១ ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បម្រុងនឹងគប់សម្លាប់ព្រះអង្គ។ ៣២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។ ៣៣ ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរវិន័យ*របស់អ្នករាល់គ្នាមានចែងថា ព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នាជាព្រះ។ ៣៥ យើងមិនអាចលុបបំបាត់គម្ពីរឡើយ បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា “ព្រះ” ដូច្នេះ ៣៦ ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថា ខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំឲ្យវិសុទ្ធ ហើយចាត់ខ្ញុំឲ្យមកក្នុងពិភពលោកនេះទៀតផង។ ៣៧ ប្រសិនបើខ្ញុំមិនធ្វើការរបស់ព្រះបិតាទេនោះ សុំកុំជឿខ្ញុំឡើយ។ ៣៨ ប៉ុន្តែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យបានដឹង ហើយរឹតតែដឹងទៀតថា ព្រះបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងព្រះបិតា»។
៣៩ គេរកចាប់ព្រះយេស៊ូម្ដងទៀត ប៉ុន្តែ ព្រះអង្គគេចផុតពីគេទៅ។
៤០ ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជទឹក*ឲ្យបណ្ដាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ។ ៤១ មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសម្គាល់ណាមួយឡើយ ប៉ុន្តែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។ ៤២ មនុស្សជាច្រើននៅទីនោះ បានជឿលើព្រះយេស៊ូ។
១១
លោកឡាសារទទួលមរណភាព
១ នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ ២ នាងម៉ារីនេះជាស្ត្រីម្នាក់ ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ ៣ នាងទាំងពីរនាក់បានចាត់គេឲ្យទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់ អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ»។ ៤ កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្ដែងសិរីរុងរឿងវិញ»។
៥ ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ ៦ កាលព្រះអង្គជ្រាបដំណឹងថា លោកឡាសារមានជំងឺ ព្រះអង្គគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត ៧ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសាវ័ក*ថា៖ «យើងនាំគ្នាត្រឡប់ទៅស្រុកយូដាវិញ»។ ៨ ពួកសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូ ជនជាតិយូដាទើបនឹងចង់យកដុំថ្មគប់ធ្វើគុតព្រះអង្គថ្មីៗនេះសោះ ហេតុដូចម្ដេចបានជាព្រះអង្គចង់វិលទៅស្រុកនោះវិញ!»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ក្នុងមួយថ្ងៃមានដប់ពីរម៉ោង អ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ជើងដួលឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ ១០ ផ្ទុយទៅវិញ អ្នកណាដើរនៅពេលយប់ អ្នកនោះមុខតែជំពប់ជើងដួលជាមិនខាន ព្រោះគេគ្មានពន្លឺនៅក្នុងខ្លួនទេ»។ ១១ ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅគេថែមទៀតថា៖ «ឡាសារជាមិត្តសម្លាញ់របស់យើងសម្រាន្ដលក់ទៅហើយ ខ្ញុំត្រូវតែទៅដាស់គាត់ឲ្យភ្ញាក់ឡើងវិញ»។ ១២ ពួកសាវ័កទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រសិនបើគាត់សម្រាន្ដលក់ដូច្នេះ គាត់នឹងបានជាវិញមិនខាន»។ ១៣ តាមពិត ព្រះយេស៊ូចង់មានព្រះបន្ទូលថា លោកឡាសារស្លាប់បាត់ទៅហើយ ប៉ុន្តែ ពួកសាវ័កស្មានថា ព្រះអង្គមានព្រះបន្ទូលថាគាត់សម្រាន្ដលក់ធម្មតា។ ១៤ ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ទៅហើយ ១៥ បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ត ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះ យើងនាំគ្នាទៅផ្ទះគាត់»។ ១៦ ពេលនោះ សាវ័កថូម៉ាសហៅឌីឌីម ពោលទៅសាវ័កឯទៀតថា៖ «មក! យើងនាំគ្នាទៅរួមស្លាប់ជាមួយព្រះអង្គដែរ!»។
ព្រះយេស៊ូជាអ្នកផ្ដល់ជីវិតរស់ឡើងវិញ
១៧ កាលព្រះយេស៊ូយាងទៅដល់ ព្រះអង្គក៏ជ្រាបថា គេបានដាក់សពលោកឡាសារក្នុងផ្នូរ បួនថ្ងៃហើយ។ ១៨ ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ១៩ មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
២០ កាលនាងម៉ាថាបានដឹងថាព្រះយេស៊ូយាងមកដល់ នាងក៏ចេញទៅទទួលព្រះអង្គ រីឯនាងម៉ារីវិញ នាងអង្គុយនៅក្នុងផ្ទះ។ ២១ នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ២២ ប៉ុន្តែ ឥឡូវនេះ នាងខ្ញុំដឹងថា បើលោកសុំអ្វីពីព្រះជាម្ចាស់ក៏ដោយ ព្រះអង្គមុខជានឹងប្រទានឲ្យមិនខាន»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ ២៤ នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឲ្យរស់ឡើងវិញ ខ្ញុំនឹងផ្ដល់ឲ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ ២៦ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។ ២៧ នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រីស្ដ* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។
ព្រះយេស៊ូព្រះអង្គព្រះកន្សែង
២៨ នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូន ដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយ ព្រះអង្គហៅប្អូនឯង»។ ២៩ នាងម៉ារីឮហើយ ក៏ស្ទុះក្រោកឡើង ទៅគាល់ព្រះយេស៊ូជាប្រញាប់។ ៣០ ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។ ៣១ ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ ៣២ លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទា ទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ ៣៣ ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ ៣៤ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមក លោកនឹងឃើញ»។ ៣៥ ពេលនោះ ព្រះយេស៊ូព្រះអង្គព្រះកន្សែង។ ៣៦ ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។ ៣៧ ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។
ព្រះយេស៊ូប្រោសឡាសារឲ្យរស់ឡើងវិញ
៣៨ ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មបាំងនៅមាត់រូង។ ៣៩ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថា ជាបងរបស់សព ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ សពធុំក្លិនហើយ ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ»។ ៤០ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ ៤១ គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលព្រះអង្គព្រះសណ្ដាប់ទូលបង្គំ។ ៤២ ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គព្រះអង្គព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញទូលបង្គំជឿថា ព្រះអង្គពិតជាបានចាត់ទូលបង្គំឲ្យមកមែន»។ ៤៣ លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។ ៤៤ ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
ការឃុបឃិតចាប់ព្រះយេស៊ូ
៤៥ ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ ៤៦ ប៉ុន្តែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី* រៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ ៤៧ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។ ៤៨ ប្រសិនបើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញព្រះវិហារ* និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ ៤៩ នៅក្នុងចំណោមពួកគេ មានលោកម្នាក់ឈ្មោះ កៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! ៥០ តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រនោះ ប្រសើរជាងទុកឲ្យជាតិទាំងមូលត្រូវវិនាស!»។ ៥១ លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថា ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា ៥២ មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ ៥៣ តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* បានសម្រេចធ្វើគុតព្រះយេស៊ូ។ ៥៤ ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយព្រះអង្គស្នាក់នៅក្នុងភូមិនោះជាមួយពួកសាវ័ក*។ ៥៥ ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លង*របស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើន នាំគ្នាឡើងទៅក្រុងយេរូសាឡឹម មុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*។ ៥៦ គេរកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារ*ថា៖ «អ្នកគិតដូចម្ដេច? លោកមិនហ៊ានមកចូលរួមក្នុងពិធីបុណ្យទេមើលទៅ!»។ ៥៧ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានចេញបញ្ជាថា បើអ្នកណាដឹងព្រះអង្គគង់នៅឯណា ត្រូវប្រាប់ពួកគេ ដើម្បីឲ្យគេចាប់ព្រះអង្គ។
១២
នាងម៉ារីចាក់ប្រេងក្រអូបលាបព្រះបាទាព្រះយេស៊ូ
(ម៉ាថាយ ២៦.៦-១៣ ម៉ាកុស ១៤.៣-៩)
១ ប្រាំមួយថ្ងៃ មុនបុណ្យចម្លង* ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញ។ ២ នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ ៣ នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ ៤ ពេលនោះ សាវ័ក*ម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គពោលឡើងថា៖ ៥ «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង* ទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ ៦ គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ ៧ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមបំណងចិត្តនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។ ៨ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
ការឃុបឃិតចង់សម្លាប់លោកឡាសារ
៩ ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមក មិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ ១០ ពួកនាយកបូជាចារ្យ*បានសម្រេចចិត្តសម្លាប់លោកឡាសារដែរ ១១ ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេ មកជឿលើព្រះយេស៊ូ។
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
(មថ.២១.១-១១ មក.១១.១-១១ លក.១៩.២៨-៤០)
១២ នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង*។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ១៣ គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖
«ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ
ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់
គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!»
១៤ ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖
១៥ «ប្រជាជនក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី!
មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក
យាងមកដល់ហើយ
ព្រះអង្គគង់លើខ្នងកូនលា»។
១៦ នៅពេលនោះ ពួកសាវ័ក*ពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសម្ដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ថ្វាយព្រះអង្គស្របតាមគម្ពីរដែរ។ ១៧ អស់អ្នកដែលនៅជាមួយព្រះយេស៊ូ កាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ឡើងវិញនោះ នាំគ្នាផ្ដល់សក្ខីភាពអំពីកិច្ចការដែលព្រះអង្គបានធ្វើ។ ១៨ បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។ ១៩ ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
ជនជាតិក្រិកចង់ជួបព្រះយេស៊ូ
២០ ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង* មានជនជាតិក្រិកខ្លះដែរ។ ២១ គេចូលទៅជិតលោកភីលីព ជាអ្នកភូមិបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។ ២២ លោកភីលីពទៅប្រាប់លោកអន់ដ្រេ ហើយលោកអន់ដ្រេ និងលោកភីលីព ចូលទៅទូលព្រះយេស៊ូ។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសម្ដែងសិរីរុងរឿងហើយ។ ២៤ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ ២៥ អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ២៦ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត
២៧ «ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ ២៨ ព្រះបិតាអើយ សម្ដែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសម្ដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសម្ដែងសិរីរុងរឿងជាថ្មីទៀត»។
២៩ បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានទេវទូត*និយាយមកលោក»។ ៣០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសម្រាប់អ្នករាល់គ្នា មិនមែនសម្រាប់ខ្ញុំទេ។ ៣១ ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។ ៣២ រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ ៣៣ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។ ៣៤ បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមគម្ពីរវិន័យថា ព្រះគ្រីស្ដ*ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? ៣៥ តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្ដិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។ ៣៦ ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គយាងចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។
បណ្ដាជនមិនព្រមជឿព្រះយេស៊ូ
៣៧ ទោះបីព្រះយេស៊ូធ្វើទីសម្គាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល ៣៨ គឺស្របតាមសេចក្ដីដែលព្យាការី*អេសាយបានថ្លែងទុកមកថា៖
«បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី
ដែលយើងនិយាយប្រាប់?
តើព្រះអម្ចាស់បានសម្ដែងឫទ្ធិបារមី
ឲ្យនរណាឃើញ?»។
៣៩ គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖
៤០ «ព្រះអង្គបានធ្វើឲ្យភ្នែកគេខ្វាក់
ឲ្យចិត្តគេរឹង
មិនឲ្យភ្នែកគេមើលឃើញ
មិនឲ្យប្រាជ្ញាគេយល់
ហើយមិនឲ្យគេងាកមករកយើង
ក្រែងលោយើងប្រោសគេឲ្យជា»។
៤១ ព្យាការីអេសាយពោលពាក្យទាំងនេះ មកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។
៤២ ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្តែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី* និងខ្លាចគេដេញចេញពីសាលាប្រជុំ* ៤៣ ដ្បិតពួកគេចូលចិត្តទទួលសិរីរុងរឿងពីមនុស្សជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។
៤៤ ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ។ ៤៥ អ្នកណាឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ។ ៤៦ ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។ ៤៧ បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្តិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។ ៤៨ អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។ ៤៩ ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គបង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។ ៥០ ខ្ញុំដឹងថាអ្វីៗដែលព្រះអង្គបង្គាប់សុទ្ធតែផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ»។
១៣
ព្រះយេស៊ូលាងជើងពួកសាវ័ក
១ នៅមុនថ្ងៃបុណ្យចម្លង* ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ ២ ពេលនោះ ព្រះយេស៊ូ និងពួកសាវ័កកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ៣ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់ មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ៤ ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ ៥ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសាវ័ក ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ៦ ពេលព្រះអង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនសិលា លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះ!»។ ៧ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន»។ ៨ លោកសិលាទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតឡើយ»។ ៩ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ*ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។ ១១ ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា” ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។
១២ កាលព្រះយេស៊ូលាងជើងឲ្យគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការ ដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នានេះឬទេ? ១៣ អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ ១៤ បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ១៥ ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។ ១៦ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបម្រើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកចាត់ខ្លួនឲ្យទៅនោះដែរ។ ១៧ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ ១៨ ខ្ញុំនិយាយដូច្នេះមិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។ ១៩ ខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីឥឡូវនេះឲ្យហើយ មុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។ ២០ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
ព្រះយេស៊ូប្រកាសអំពីយូដាសក្បត់ព្រះអង្គ
(មថ.២៦.២០-២៥ មក.១៤.១៧-២១ កណ.២២.២១-២៣)
២១ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
២២ ពួកសាវ័ក*ងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។ ២៣ សាវ័កម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។ ២៤ លោកស៊ីម៉ូនសិលាធ្វើសញ្ញាឲ្យគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។ ២៥ សាវ័កនោះក៏ឱនទៅជិតព្រះឱរាព្រះយេស៊ូ ទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។ ២៦ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំបុ័ងមួយដុំ ហុចទៅឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនរបស់លោកស៊ីម៉ូន។ ២៧ ពេលយូដាសទទួលដុំនំបុ័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។ ២៨ ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។ ២៩ ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់ឲ្យទៅទិញរបស់របរសម្រាប់ពិធីបុណ្យ ឬឲ្យយកប្រាក់ទៅចែកដល់ជនក្រីក្រ។ ៣០ យូដាសទទួលយកដុំនំបុ័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។
វិន័យថ្មី
៣១ លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្សបានសម្ដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្ដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។ ៣២ បើព្រះជាម្ចាស់បានសម្ដែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្ដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសម្ដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងពេលឆាប់ៗខាងមុខនេះ។
៣៣ ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្តែ ឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះឡើយ។ ៣៤ ខ្ញុំឲ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ៣៥ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ក*របស់ខ្ញុំមែន»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសិលាបដិសេធ មិនទទួលស្គាល់ព្រះអង្គ
(មថ.២៦.៣១-៣៥ មក.១៤.២៧-៣១ យហ.២២.៣១-៣៤)
៣៦ លោកស៊ីម៉ូនសិលាទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះទេ ថ្ងៃក្រោយ ទើបអ្នកទៅបាន»។ ៣៧ លោកសិលាទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ព្រះអង្គ»។ ៣៨ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
១៤
ព្រះយេស៊ូជាមាគ៌ាទៅកាន់ព្រះបិតា
១ «កុំរន្ធត់ចិត្តធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។ ២ ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នាឡើយ។ ៣ ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ ៤ ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។
៥ លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចឲ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។ ៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ ៧ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។
៨ លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្តហើយ»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូច្នេះ? ១០ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ។ ១១ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។
១២ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ ១៣ អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឲ្យព្រះបិតាសម្ដែងសិរីរុងរឿងក្នុងព្រះបុត្រា។ ១៤ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
ព្រះបន្ទូលសន្យាអំពីព្រះវិញ្ញាណ
១៥ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ ១៦ ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយព្រះអង្គប្រទានព្រះដ៏ជួយការពារមួយអង្គទៀត ឲ្យគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ ១៧ ព្រះអង្គជាព្រះវិញ្ញាណដែលសម្ដែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។ ១៨ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ ១៩ បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំ ព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។ ២០ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ ២១ អ្នកណាមានវិន័យរបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
២២ លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាព្រះអង្គបង្ហាញឲ្យតែយើងខ្ញុំស្គាល់ព្រះអង្គ មិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ ២៤ អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក។
២៥ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះឲ្យអ្នករាល់គ្នាដឹង ក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ ២៦ ប៉ុន្តែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ* ដែលព្រះបិតាចាត់ឲ្យមកក្នុងនាមខ្ញុំ នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំឭកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។
២៧ ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។ ២៨ អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។ ២៩ ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។ ៣០ ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមក វាគ្មានអំណាចអ្វីលើខ្ញុំសោះ។ ៣១ វាមកដូច្នេះ ជាឱកាសឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំសុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។
១៥
ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
១ «ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំជាម្ចាស់ចម្ការ។ ២ មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឲ្យមានផ្លែកាន់តែច្រើនឡើងទៀត។ ៣ ពាក្យដែលខ្ញុំបានប្រាប់ ធ្វើឲ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ ៤ ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។ ៥ ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ ៦ អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ ៧ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។ ៨ ព្រះបិតារបស់ខ្ញុំសម្ដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ ៩ ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ១០ បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមវិន័យរបស់ព្រះបិតា ហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ១១ ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឲ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។
១២ វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ១៣ គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ ១៤ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ១៥ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។ ១៦ មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។ ១៧ រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
មនុស្សលោកស្អប់ព្រះយេស៊ូ និងស្អប់សាវ័ករបស់ព្រះអង្គ
១៨ «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ ១៩ ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្តែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ ២០ ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ២១ ប៉ុន្តែ គេប្រព្រឹត្តអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកទេ។ ២២ ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្តែ ឥឡូវនេះ គេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។ ២៣ អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ ២៤ ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះ គេបានឃើញ ហើយស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះបិតាខ្ញុំទៀតផង ២៥ គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពី វិន័យ*របស់គេថា “គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ”។ ២៦ រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសម្ដែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងធ្វើជាបន្ទាល់អំពីខ្ញុំ ២៧ ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។
១៦
១ ខ្ញុំនិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តងាកចេញពីជំនឿ។ ២ គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ* ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នា នឹកស្មានថាខ្លួនគោរពបម្រើព្រះជាម្ចាស់។ ៣ គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។ ៤ ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
ព្រះបរមកិច្ចរបស់ព្រះវិញ្ញាណ
៥ «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា “តើលោកអញ្ជើញទៅណា” ឡើយ។ ៦ ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្តខ្លាំងណាស់។ ៧ ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។ ៨ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។ ៩ គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ ១០ អំពីសេចក្ដីសុចរិត ព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ ១១ អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។
១២ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះទេ។ ១៣ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលព្រះអង្គព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ១៤ ព្រះអង្គនឹងសម្ដែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ ១៥ អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។
ទុក្ខព្រួយនឹងប្រែទៅជាអំណរសប្បាយ
១៦ «បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ ១៧ សាវ័ក*ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា” តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។ ១៨ គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្ដិចទៀត” នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។
១៩ ព្រះយេស៊ូជ្រាបថាគេចង់សួរព្រះអង្គ ទើបព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថា បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ។ ២០ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ២១ ពេលស្ត្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្តណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សម្រាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។ ២២ អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាឡើយ។ ២៣ នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។ ២៤ មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
ព្រះយេស៊ូមានជ័យជម្នះ
២៥ «ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្ដិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។ ២៦ នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឲ្យអ្នករាល់គ្នាឡើយ ២៧ ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។ ២៨ ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។
២៩ ពួកសាវ័ក*ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំហើយ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។ ៣០ ឥឡូវនេះ យើងខ្ញុំដឹងថា ព្រះអង្គឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។ ៣១ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះ អ្នករាល់គ្នាជឿមែនឬ! ៣២ ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឲ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។ ៣៣ ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
១៧
ព្រះយេស៊ូទូលអង្វរឲ្យពួកសាវ័ក
១ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភ័ក្ត្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសម្ដែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីឲ្យបុត្រសម្ដែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ២ ព្រះអង្គបានប្រទានឲ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។ ៣ រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រីស្ដ* ដែលព្រះអង្គចាត់ឲ្យមក។ ៤ ទូលបង្គំបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជាឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ៥ ព្រះបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំឲ្យមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។
៦ ទូលបង្គំបានសម្ដែងព្រះនាមរបស់ព្រះអង្គឲ្យអស់អ្នក ដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឲ្យទូលបង្គំ ហើយគេបានប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ៧ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់ ៨ ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឲ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកទៀតផង។
៩ ទូលបង្គំសូមអង្វរព្រះអង្គឲ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ ១០ អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសម្ដែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ ១១ ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ ១២ កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ១៣ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយ ទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។ ១៤ ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឲ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ ១៥ ទូលបង្គំមិនអង្វរព្រះអង្គឲ្យយកគេចេញពីលោកនេះឡើយ គឺសូមព្រះអង្គមេត្តាការពារគេពីអំណាចមារ*កំណាចវិញ។ ១៦ គេមិនកើតពីលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ ១៧ សូមប្រោសគេឲ្យវិសុទ្ធ* ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ ១៨ ទូលបង្គំចាត់គេឲ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងលោកដែរ។ ១៩ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានវិសុទ្ធ ដោយសារសេចក្ដីពិត។
២០ ទូលបង្គំមិនអង្វរព្រះអង្គឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ ២១ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ២២ រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ ២៣ គឺឲ្យទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ២៤ ឱព្រះបិតាអើយ! ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ២៥ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ២៦ ទូលបង្គំបានសម្ដែងព្រះនាមព្រះអង្គឲ្យគេស្គាល់ ហើយទូលបង្គំនឹងសម្ដែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។
១៨
គេចាប់ព្រះយេស៊ូ
(មថ.២៦.៤៧-៥៦ មក.១៤.៤៣-៥០ កណ.២២.៤៧-៥៣)
១ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសាវ័ក*។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសាវ័ក។ ២ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និងពួកសាវ័កធ្លាប់ជួបជុំគ្នាជាញឹកញាប់។ ៣ ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។ ៤ ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មាន ដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។ ៥ គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ ៦ កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ” ដូច្នេះ គេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ ៧ ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេទូលថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ»។ ៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះអង្គបានថ្លែងទុកមកថា «“អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ” »។ ១០ លោកស៊ីម៉ូនសិលាមានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀកស្ដាំ អ្នកបម្រើនោះឈ្មោះម៉ាល់ឃូស។ ១១ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកសិលាថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។
ព្រះយេស៊ូនៅមុខលោកមហាបូជាចារ្យលោកសិលាបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ
(ម៉ាថាយ ២៦.៦៩-៧០ ម៉ាកុស ១៤.៦៦-៦៨ លូកា ២២.៥៥-៥៧)
១២ ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ*របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។ ១៣ គេនាំព្រះអង្គទៅជួបលោកហាណ្ណាមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ ១៤ គឺលោកកៃផាសនេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ដ្រ”។
១៥ លោកស៊ីម៉ូនសិលាដើរតាមព្រះយេស៊ូជាមួយសាវ័ក*ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សាវ័កម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ ១៦ រីឯលោកសិលាវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សាវ័កដែលលោកមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ត្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកសិលាចូលទៅខាងក្នុងដែរ។ ១៧ ស្ត្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកសិលាថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកសិលាតបថា៖ «ទេ! មិនមែនទេ!»។ ១៨ ពួកអ្នកបម្រើរបស់លោកមហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកសិលាក៏នៅអាំងភ្លើងជាមួយពួកគេដែរ។
មហាបូជាចារ្យសួរចម្លើយព្រះយេស៊ូ
(មថ.២៦.៥៩-៦៦ មក.១៤.៥៥-៦៤ លក.២២.៦៦-៧១)
១៩ លោកមហាបូជាចារ្យ*សួរព្រះយេស៊ូអំពីពួកសាវ័ក*របស់ព្រះអង្គ និងអំពីសេចក្ដីដែលព្រះអង្គបង្រៀន។ ២០ ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ* និងនៅក្នុងព្រះវិហារ* ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។ ២១ ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។ ២២ ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ!»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលតបទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ?»។ ២៤ ពេលនោះ លោកហាណ្ណាបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផាស ជាមហាបូជាចារ្យ។
លោកសិលាបដិសេធសាជាថ្មីថាមិនស្គាល់ព្រះយេស៊ូ
(មថ.២៦.៧១-៧៥ មក.១៤.៦៩-៧២ លក.២២.៥៨-៦២)
២៥ លោកស៊ីម៉ូនសិលាអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកសិលាប្រកែកថា៖ «ទេ! មិនមែនទេ!»។ ២៦ មានអ្នកបម្រើរបស់មហាបូជាចារ្យ*ម្នាក់ ត្រូវជាបងប្អូននឹងអ្នក ដែលលោកសិលាកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។ ២៧ លោកសិលាប្រកែកសាជាថ្មីម្ដងទៀត។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង។
ព្រះយេស៊ូនៅមុខលោកពីឡាត
(មថ.២៧.១-២, ១១-១៤ មក.១៥.១-៥ កណ.២៣.១-៥)
២៨ បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន។ ២៩ ដូច្នេះ លោកពីឡាតចេញមកជួបពួកគេ សួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»។ ៣០ គេជម្រាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្តអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។ ៣១ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។ ៣២ គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។
៣៣ លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជម្រាបលោក?»។ ៣៥ លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។ ៣៦ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះទេ»។ ៣៧ លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។ ៣៨ លោកពីឡាតទូលព្រះអង្គថា៖ «អ្វីទៅសេចក្ដីពិតនោះ?»។
គេកាត់ទោសប្រហារជីវិតព្រះយេស៊ូ
(មថ.២៧.១៥-៣១ មក.១៥.៦-២០ លក.២៣.១៣-២៥)
លោកពីឡាតមានប្រសាសន៍ដូច្នោះហើយ ក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្ដងទៀត ប្រាប់ថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះឡើយ។ ៣៩ តាមទំនៀមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង*។ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬទេ?»។ ៤០ ពេលនោះ គេនាំគ្នាស្រែកឡើងសាជាថ្មីថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។ រីឯឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។
១៩
១ ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ ២ ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ ៣ បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។
៤ លោកពីឡាតចេញទៅជួបជនជាតិយូដា សាជាថ្មីមានប្រសាសន៍ទៅគេថា៖ «មើល៍ ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
៥ ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ ៦ កាលពួកនាយកបូជាចារ្យ* និងកងរក្សាព្រះវិហារ*ឃើញព្រះអង្គ គេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ ៧ ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានវិន័យ ហើយតាមវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់។
៨ កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។ ៩ លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។ ១០ ហេតុនេះ លោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។ ១១ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប*ធ្ងន់ជាងលោកទៅទៀត»។
១២ តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។ ១៣ កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ ឲ្យគង់លើវេទិកាសម្រាប់កាត់ក្តី» នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា” ១៤ ពេលនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។ ១៥ ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។ ១៦ ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។
គេឆ្កាងព្រះយេស៊ូ
(មថ.២៧.៣២-៤៤ មក.១៥.២១-៣២ កណ.២៣.២៦-៤៣)
១៧ ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល” ដែលគេហៅជាភាសាហេប្រឺថា “កុលកូថា” ១៨ គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ ១៩ លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូ អ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។ ២០ ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ ២១ ពួកនាយកបូជាចារ្យ*របស់ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា” វិញ»។ ២២ លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។
២៣ ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖ ២៤ «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ»។ ២៥ មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ២៦ ព្រះយេស៊ូឃើញមាតា ព្រមទាំងសាវ័កដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ ២៧ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សាវ័កនោះយកគាត់មកនៅជាមួយ។
ព្រះយេស៊ូសោយទិវង្គត
(មថ.២៧.៤៥-៤៦ មក.១៥.៣៣-៤១ កណ.២៣.៤៤-៤៨)
២៨ បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។ ២៩ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ ៣០ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
៣១ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ*ឡើយ ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ ៣២ ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។ ៣៣ លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ ៣៤ ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ ៣៥ សាវ័កម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសាវ័កនោះនិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាជឿដែរ។ ៣៦ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។ ៣៧ មានអត្ថបទគម្ពីរមួយទៀតចែងថា៖ «គេនាំគ្នាមើលអ្នកដែលគេចាក់ទម្លុះ»។
ការបញ្ចុះសពព្រះយេស៊ូ
(មថ.២៧.៥៧-៦១ មក.១៥.៤២-៤៧ កណ.២៣.៥០-៥៦)
៣៨ បន្ទាប់មក លោកយ៉ូសែប ជាអ្នកស្រុកអារីម៉ាថេបានទៅសុំច្បាប់លោកពីឡាត យកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះក៏ជាសាវ័ក*របស់ព្រះយេស៊ូដែរ តែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឲ្យ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។ ៣៩ រីឯលោកនីកូដេម ដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។ ៤០ លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូប តាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ ៤១ នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ ៤២ គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង*។
២០
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ ២៨.១-៨ ម៉ាកុស ១៦.១-៨ លូកា ២៤.១-១២)
១ នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ ២ នាងក៏រត់មកជម្រាបលោកស៊ីម៉ូនសិលា និងសាវ័ក*ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ ៣ លោកសិលា និងសាវ័កម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។ ៤ សាវ័កទាំងពីររត់ទៅជាមួយគ្នា តែសាវ័កម្នាក់នោះរត់លឿនជាងលោកសិលា ទៅដល់ផ្នូរមុន។ ៥ គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ ៦ លោកស៊ីម៉ូនសិលារត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ ៧ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ៨ ពេលនោះ សាវ័កដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។ ៩ កាលណោះ ពួកសាវ័កពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។ ១០ បន្ទាប់មក សាវ័កទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។
នាងម៉ារីជាអ្នកស្រុកម៉ាដាឡាបានឃើញព្រះយេស៊ូ
(ម៉ាថាយ ២៨.៩-១០ ម៉ាកុស ១៦.៩-១០)
១១ នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ ១២ ឃើញទេវទូត*ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ១៣ ទេវទូតពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវទូតវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ ១៤ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។ ១៥ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក»។ ១៦ ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“ព្រះគ្រូ!”។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ ១៨ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជម្រាបពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។
ពួកសាវ័កបានឃើញព្រះយេស៊ូ
(មថ.២៨.១៦-២០ មក.១៦.១៤-១៨ កណ.២៤.៣៦-៤៨)
១៩ នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសាវ័ក*នៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។ ២០ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ពួកសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។
២២ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ!។ ២៣ បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឲ្យរួចពីបាប* ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។
ព្រះយេស៊ូ និងលោកថូម៉ាស
២៤ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសាវ័ក*ម្នាក់ ក្នុងចំណោមសាវ័កទាំងដប់ពីរ មិនបាននៅជាមួយពួកគេទេ។ ២៥ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។
២៦ ប្រាំបីថ្ងៃក្រោយមក ពួកសាវ័កជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះនៅខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។ ២៧ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។ ២៨ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល*ហើយ!»។
គោលដៅរបស់គម្ពីរយ៉ូហាន
៣០ ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឲ្យពួកសាវ័កឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ ៣១ រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ដ និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។
២១
ព្រះយេស៊ូបង្ហាញព្រះអង្គឲ្យពួកសាវ័កឃើញនៅជិតមាត់សមុទ្រទីបេរីយ៉ាដ
១ ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនឲ្យពួកសាវ័កឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរីយ៉ាដ គឺព្រះអង្គបង្ហាញឲ្យគេឃើញដូចតទៅ៖
២ លោកស៊ីម៉ូនសិលា លោកថូម៉ាសហៅឌីឌីម លោកណាថាណាអែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសាវ័ករបស់ព្រះយេស៊ូពីរនាក់ទៀត នៅជុំគ្នា។ ៣ លោកស៊ីម៉ូនសិលានិយាយទៅកាន់សាវ័កឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែ នៅយប់នោះ គេឥតបានត្រីសោះ។ ៤ ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្តែ ពួកសាវ័កមិនដឹងថាជាព្រះអង្គទេ។ ៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ! មានអ្វីបរិភោគឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។ ៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅ មុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ ៧ ពេលនោះ សាវ័កដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកសិលាថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនសិលាឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។ ៨ សាវ័កឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ ៩ គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និងនំបុ័ងអាំងពីលើផង។ ១០ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។ ១១ លោកស៊ីម៉ូនសិលាចុះទៅក្នុងទូក ទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ ១២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសាវ័កណាម្នាក់ហ៊ានសួរព្រះអង្គថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ ១៣ ព្រះយេស៊ូយាងទៅជិតពួកគេ ព្រះអង្គយកនំបុ័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។
១៤ តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសម្ដែងព្រះអង្គឲ្យពួកសាវ័កឃើញ។
ព្រះយេស៊ូមានព្រះបន្ទូលផ្ដាំលោកសិលា
១៥ លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនសិលាថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ១៦ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលាទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ១៧ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកសិលាព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ ១៨ ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្តអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឲ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ ១៩ ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកសិលាស្លាប់ ដើម្បីសម្ដែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។
ព្រះយេស៊ូ និងសាវ័កដែលព្រះអង្គស្រឡាញ់
២០ លោកសិលាងាកមើលក្រោយឃើញសាវ័ក* ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សាវ័កនោះហើយ ដែលបានឱនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?”។ ២១ កាលលោកសិលាឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ ២២ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។ ២៣ ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សាវ័កនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកសិលាថា សាវ័កនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា “ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?”។
អវសានកថា
២៤ សាវ័ក*នោះហើយ ដែលបានផ្ដល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ ២៥ ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មមសម្រាប់ទុកសៀវភៅ ដែលគេកត់ត្រានោះបានឡើយ។
1,314 Views