សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីយ៉ូអែល
ពាក្យលំនាំ
យ៉ូអែល
(ព្យាការីយ៉ូអែល)
ពាក្យលំនាំ
ទោះបីយើងពុំដឹងថា ព្យាការីយ៉ូអែលជានរណា ហើយក៏ពុំដឹងពិតប្រាកដថាលោករស់នៅជំនាន់ណាក្តី ក៏ខ្លឹមសារនៃសេចក្ដីដែលលោកថ្លែង ប្រកបដោយថាមពលវិសេស។ គោលដ៏សំខាន់នៃសេចក្ដីដែលមាននៅក្នុងកណ្ឌគម្ពីរនេះ គឺការប្រកាសអំពីថ្ងៃដែលព្រះអម្ចាស់យាងមកសម្ដែងឫទ្ធានុភាពរបស់ព្រះអង្គ ដោយវិនិច្ឆ័យទោសជាតិសាសន៍នានា និងវិនិច្ឆ័យទោសជនជាតិអ៊ីស្រាអែលតាមគោលជំហរដែលពួកគេប្រកាន់យក នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ មុនពេលព្រះអម្ចាស់យាងមកវិនិច្ឆ័យទោស មានកើតអព្ភូតហេតុអស្ចារ្យផ្សេងៗ និងមហន្តរាយ។ ការរាតត្បាតរបស់សត្វល្អិត ការរាំងស្ងួត អគ្គីភ័យ និងការឈ្លានពានរបស់កងទ័ពបច្ចាមិត្ត ជាសញ្ញាសម្គាល់នៃថ្ងៃរបស់ព្រះអម្ចាស់ (១.២-១២, ១៥-១៨, ២.១-១១)។
ព្យាការីប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ដែលបាត់បង់អ្វីៗទាំងអស់ ឲ្យវិលមករកព្រះអម្ចាស់វិញ (១.១៣-១៤, ១៩-២០, ២.១២-១៧) ដើម្បីទទួលការសង្គ្រោះ។ ប្រសិនបើពួកគេវិលមករកព្រះអង្គនោះ ព្រះអង្គសន្យានឹងប្រទានភាពសម្បូណ៌សប្បាយដល់ពួកគេ (២.១៨-២៧, ៣.១-៥, ៤.១៧-២១) បើមិនដូច្នោះទេ ពួកគេត្រូវខ្វះខាត ហើយរងនូវព្រះពិរោធរបស់ព្រះអង្គទៀតផង។
ប្រជាជាតិនានានឹងត្រូវវិនាសសូន្យ (៤.១-១៦) រីឯប្រជាជាតិអ៊ីស្រាអែលវិញនឹងយល់ថា វត្តមានរបស់ព្រះអម្ចាស់ក្នុងចំណោមពួកគេ នាំមកនូវព្រះពរយ៉ាងណាខ្លះ។ កណ្ឌគម្ពីរយ៉ូអែលប្រកាសទៀតថា ថ្ងៃមួយ ព្រះជាម្ចាស់នឹងគង់ជាមួយមនុស្សគ្រប់ៗរូប ដោយព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គទៅលើពួកគេ (៣.១-២)។ គ្រីស្ដបរិស័ទនៅបឋមសម័យបានទទួលព្រះបន្ទូលសន្យានេះ នៅបុណ្យថ្ងៃទីហាសិប (កិច្ចការ ២.១-២១)។
១
១ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយ៉ូអែល ជាកូនរបស់លោកពេទូអែល។
សត្វកណ្ដូបស៊ីបង្ហិនភោគផល
២ ពួកព្រឹទ្ធាចារ្យអើយ ចូរស្ដាប់!
អ្នកទាំងអស់គ្នាដែលរស់នៅក្នុងស្រុកអើយ
ចូរផ្ទៀងត្រចៀកស្ដាប់!
តើហេតុការណ៍នេះធ្លាប់កើតមាន
នៅជំនាន់អ្នករាល់គ្នា
ឬនៅជំនាន់ដូនតារបស់អ្នករាល់គ្នា?
៣ ចូររៀបរាប់ហេតុការណ៍នេះ
ប្រាប់កូនចៅរបស់អ្នករាល់គ្នា
ហើយឲ្យកូនចៅរបស់អ្នករាល់គ្នា
រៀបរាប់ប្រាប់កូនចៅរបស់ខ្លួន
រួចឲ្យអ្នកទាំងនោះរៀបរាប់ប្រាប់ជាបន្ត
ទៅកូនចៅនៅជំនាន់ក្រោយៗ។
៤ អ្វីៗដែលដង្កូវទុកឲ្យនៅសល់
នោះមានកណ្ដូបស៊ីបង្ហិន
អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់
នោះមានចង្រិតស៊ីបង្ហិន
ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់
នោះមានក្រាស៊ីបង្ហិន។
៥ មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង
ហើយនាំគ្នាយំសោក!
អស់អ្នកចំណូលស្រាអើយ
ចូរសោកសង្រេងទៅ!
អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
៦ មានកណ្ដូបមួយហ្វូងលើកគ្នាដូចកងទ័ពមួយ
មកប្រហារស្រុករបស់យើង
ពួកវាខ្លាំងពូកែ និងមានចំនួនច្រើនឥតគណនា
មានចង្កូម ដូចចង្កូមរបស់សិង្ហឈ្មោល
និងមានថ្គាមដូចថ្គាមរបស់សិង្ហញី។
៧ ពួកវាបំផ្លាញចម្ការទំពាំងបាយជូររបស់យើង
ពួកវាកម្ទេចដើមឧទុម្ពររបស់យើង
ពួកវាស៊ីសំបក និងជម្រុះស្លឹកអស់
បន្សល់ទុកតែមែកខូចខាតប៉ុណ្ណោះ។
៨ ចូរសោកសង្រេង ដូចស្រីក្រមុំយំកាន់ទុក្ខ
ព្រោះគូដណ្ដឹងរបស់នាងស្លាប់។
៩ គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ
មកថ្វាយព្រះអម្ចាស់ក្នុងព្រះដំណាក់ទៀតទេ
ពួកបូជាចារ្យដែលបំពេញមុខងារបម្រើ
ព្រះអម្ចាស់នាំគ្នាកាន់ទុក្ខ។
១០ ចម្ការទាំងឡាយត្រូវហិនហោចអស់
សូម្បីតែដីក៏កាន់ទុក្ខដែរ
គ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មី
ហើយក៏គ្មានប្រេងទៀតផង។
១១ អ្នកភ្ជួររាស់បាក់ទឹកចិត្ត
អ្នកដាំចម្ការទំពាំងបាយជូរសោកសង្រេង
ព្រោះគ្មានស្រូវ គ្មានដំណាំអ្វីដុះទេ
ហើយនៅរដូវចម្រូត ក៏គ្មានអ្វីច្រូតដែរ។
១២ ដើមទំពាំងបាយជូរស្វិតអស់
ដើមឧទុម្ពរក្រៀមស្ងួតអស់
រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត
ព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការ
ក៏ងាប់អស់ដែរ
ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។
១៣ ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវ
ហើយកាន់ទុក្ខទៅ!
អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ
ចូរសោកសង្រេងទៅ!
អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ
ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ
ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ
មកថ្វាយព្រះរបស់អ្នករាល់គ្នា
នៅក្នុងព្រះដំណាក់ទៀតឡើយ។
១៤ ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ
ហើយប្រកាសពិធីបុណ្យដ៏ឱឡារិក។
ចូរប្រមូលពួកព្រឹទ្ធាចារ្យ និងប្រជាជន
នៅក្នុងស្រុកទាំងមូល
ឲ្យមកជួបជុំគ្នាក្នុងដំណាក់របស់ព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នា
ហើយស្រែកអង្វរសូមព្រះអង្គជួយទៅ!
១៥ ថ្ងៃនោះជាថ្ងៃវេទនាពន់ពេកក្រៃ!
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់ហើយ
គឺជាថ្ងៃដែលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
យាងមកបំផ្លាញអ្វីៗទាំងអស់។
១៦ ពួកយើងឃើញម្ហូបអាហាររលាយបាត់
ពីមុខពួកយើង
ហើយនៅក្នុងដំណាក់របស់ព្រះនៃយើង
ក៏លែងមានអំណរ និងការសប្បាយរីករាយ
ទៀតដែរ។
១៧ គ្រាប់ពូជនៅក្នុងដីក្រៀមស្ងួតអស់
ជង្រុកស្រូវនៅទទេ
ឃ្លាំងទុកភោគផលខូចខាតអស់
ដ្បិតគ្មានស្រូវនៅសល់ឡើយ។
១៨ ហ្វូងសត្វនាំគ្នាស្រែកថ្ងូរ
ហ្វូងគោខ្ចាត់ព្រាត់ទៅគ្រប់ទីកន្លែង
ព្រោះគ្មានស្មៅស៊ី
សូម្បីតែហ្វូងចៀមក៏រីងរៃទៅៗដែរ។
១៩ ព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ
ដ្បិតភ្លើងឆេះកម្ទេចវាលស្មៅ
អណ្ដាតភ្លើងឆាបឆេះដើមឈើទាំងប៉ុន្មាន
នៅតាមចម្ការ។
២០ សូម្បីតែសត្វព្រៃក៏បែរមុខទៅរកព្រះអង្គដែរ
ដ្បិតប្រភពទឹកទាំងឡាយរីងស្ងួតអស់
ហើយវាលស្មៅក៏ត្រូវភ្លើងឆាបឆេះអស់ដែរ។
២
ថ្ងៃរបស់ព្រះអម្ចាស់
១ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!
ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ
របស់ព្រះជាម្ចាស់!
ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់!
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមក
ថ្ងៃនោះនៅជិតបង្កើយ។
២ ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ
ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។
ហ្វូងកណ្ដូបដ៏ច្រើនលើសលប់
ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ
កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ
ចាំងមកលើភ្នំ។
តាំងពីដើមមកមិនដែលមានដូច្នេះទេ
ហើយនៅពេលខាងមុខ រហូតតរៀងទៅ
ក៏មិនមានទៀតដែរ។
៣ នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ
នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល
ឆេះបំផ្លាញទាំងអស់
នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន
លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា
វាលរហោស្ថានដ៏ហួតហែង
គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
៤ ពួកវាប្រៀបបីដូចជាទ័ពសេះ
ពួកវាបោលទៅមុខដូចកងពលសេះ
៥ សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចម្បាំង
ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។
សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។
ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ
តំរៀបគ្នាចូលប្រយុទ្ធ។
៦ ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវា
មនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។
៧ ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច
ពួកវាឡើងកំពែងដូចអ្នកចម្បាំងដ៏ពូកែ
ម្នាក់ៗសម្រុកទៅមុខ
ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
៨ គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេ
គឺម្នាក់ៗសម្រុកទៅមុខយ៉ាងត្រង់
ពួកវាលោតឆ្លងឧបសគ្គទាំងឡាយ
ដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។
៩ ពួកវាសម្រុកចូលទៅក្នុងទីក្រុង
រត់នៅលើកំពែងក្រុង
ឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានា
ដូចចោរចូលលួច។
១០ ផែនដីញ័រនៅមុខពួកវា
ផ្ទៃមេឃក៏កក្រើករំពើក
ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី
ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។
១១ ព្រះអម្ចាស់ចេញបញ្ជាទៅកងទ័ពរបស់ព្រះអង្គ
ដែលមានចំនួនច្រើនលើសលប់ និងខ្លាំងពូកែ។
ពួកវាធ្វើតាមបញ្ជារបស់ព្រះអង្គ
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏មហិមា
និងគួរឲ្យស្ញែងខ្លាច
គ្មាននរណាអាចទ្រាំទ្របានឡើយ។
ការកែប្រែចិត្តគំនិត ដោយតមអាហារ
១២ «ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង
ដោយស្មោះអស់ពីចិត្ត
ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
១៣ ចូរកែប្រែចិត្តគំនិត
កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ!
ចូរវិលមករកព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នាវិញ
ដ្បិតព្រះអង្គតែងតែប្រណីសន្ដោស
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ពោរពេញដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។
១៤ ដូច្នេះ ប្រហែលជាព្រះអង្គលែង
ដាក់ទោសអ្នករាល់គ្នា
ហើយប្រទានពរដល់អ្នករាល់គ្នាវិញ
គឺអ្នករាល់គ្នានឹងមានម្សៅ
ស្រាទំពាំងបាយជូរ និងប្រេង
ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
១៥ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!
ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ
ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក!
១៦ ចូរហៅប្រជាជនមកជួបជុំគ្នា
ជាអង្គប្រជុំដ៏វិសុទ្ធ
ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា
ចូរប្រមូលផ្តុំកូនក្មេង
សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ!
ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់!
១៧ ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់
នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ
និងអាសនៈ ទាំងពោលថា:
ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ
ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គផង!
សូមកុំបណ្តោយឲ្យប្រជាជាតិដទៃ
ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ដ្រ
របស់ព្រះអង្គផ្ទាល់នោះឡើយ។
សូមកុំបណ្តោយឲ្យជាតិសាសន៍ទាំងឡាយ
ពោលថា “តើព្រះរបស់ពួកគេនៅឯណា”?។
ព្រះបន្ទូលសន្យា
១៨ ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ស្រុក
របស់ព្រះអង្គខ្លាំងណាស់
ព្រះអង្គអាណិតអាសូរប្រជាជនរបស់ព្រះអង្គ។
១៩ ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេ
ព្រះអង្គមានព្រះបន្ទូលមកពួកគេថា:
«មើល៍! យើងនឹងផ្តល់ស្រូវ ស្រាទំពាំងបាយជូរថ្មី
និងប្រេងឲ្យអ្នករាល់គ្នា
អ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរ
យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ
ប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
២០ យើងបណ្តេញខ្មាំងសត្រូវដែលមកពីស្រុក
ខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នា
យើងនឹងកម្ចាត់ពួកគេឲ្យទៅនៅ
វាលរហោស្ថានដ៏ស្ងួតហួតហែង។
យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខ
ទៅក្នុងសមុទ្រខាងកើត
ហើយជួរទ័ពដែលនៅខាងក្រោយ
ទៅក្នុងសមុទ្រខាងលិច។
សាកសពរបស់ពួកគេនឹងចោលក្លិនអសោច
ក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរ
ដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។
២១ ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វី
ចូរត្រេកអរសប្បាយរីករាយឡើង
ដ្បិតព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត!
២២ សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី
ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ
ដើមឈើនឹងមានផ្លែ
ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ
ក៏បង្កើតភោគផលឡើងវិញដែរ។
២៣ អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ
ចូរអរសប្បាយរីករាយឡើង
ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា
ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ!
ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា
តាំងពីដើមរដូវរហូតដល់ចុងរដូវ
ដូចកាលពីមុនដែរ។
២៤ លានបោកស្រូវនឹងមានពោរពេញ
ដោយស្រូវឡើងវិញ
ហើយពាងក៏មានស្រាទំពាំងបាយជូរថ្មី
និងប្រេង ពេញហូរហៀរឡើងវិញដែរ។
២៥ រីឯភោគផលរបស់អ្នករាល់គ្នា
ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល
យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា
ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន
យើងនឹងសងអ្នករាល់គ្នាវិញ។
២៦ អ្នករាល់គ្នានឹងមានអាហារបរិភោគ
យ៉ាងឆ្អែតបរិបូណ៌
រួចអ្នករាល់គ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នា
ព្រោះព្រះអង្គបានធ្វើការអស្ចារ្យ
សម្រាប់អ្នករាល់គ្នា។
ពេលនោះ ប្រជារាស្ដ្ររបស់យើង
នឹងលែងអាម៉ាស់មុខទៀតហើយ។
២៧ អ្នករាល់គ្នានឹងទទួលស្គាល់ថា
យើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ
ពេលនោះ ប្រជាជនរបស់យើង
នឹងលែងអាម៉ាស់ទៀតហើយ។
៣
ព្រះអម្ចាស់ចាក់បង្ហូរព្រះវិញ្ញាណលើមនុស្សទាំងអស់
១ (២.២៨) ព្រះអម្ចាស់មានព្រះបន្ទូលថា:
ក្រោយមកទៀត
យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង
មកលើមនុស្សលោកទាំងអស់។
កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
នឹងថ្លែងព្រះបន្ទូល
ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត
ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
២ (២៩) ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រី
ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង
ទៅលើពួកគេដែរ។
៣ (៣០) យើងនឹងសម្ដែងឫទ្ធិបាដិហារិយ៍
នៅលើមេឃ និងនៅលើផែនដី
គឺមានឈាម មានភ្លើង និងកំសួលផ្សែង។
៤ (៣១) ពេលថ្ងៃរបស់ព្រះអម្ចាស់មកដល់
គឺជាថ្ងៃដ៏ឧត្តុង្គឧត្ដម គួរឲ្យស្ញែងខ្លាច
ព្រះអាទិត្យនឹងប្រែទៅជាងងឹត បាត់រស្មី
ព្រះច័ន្ទនឹងប្រែទៅជាឈាម។
៥ (៣២) ពេលនោះ អ្នកណាអង្វររកព្រះនាម
ព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។
នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម
អ្នកខ្លះនឹងគេចផុតពីមហន្តរាយ
ដូចព្រះអម្ចាស់បានសន្យាទុក។
អស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅ
នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។
៤
ការវិនិច្ឆ័យទោសប្រជាជាតិនានា
១ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«នៅគ្រានោះ គឺនៅពេលដែលយើង
ស្តារស្រុកយូដា និងក្រុងយេរូសាឡឹម
ដូចដើមឡើងវិញ
២ យើងនឹងប្រមូលប្រជាជាតិទាំងអស់
ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយ៉ូសាផាត។
នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ
ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ
អ៊ីស្រាអែល ជាប្រជារាស្ដ្រ
និងជាចំណែកមត៌ករបស់យើង
ដោយកម្ចាត់កម្ចាយឲ្យទៅនៅក្នុងចំណោម
ជាតិសាសន៍ទាំងឡាយ។
យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ
យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
៣ ពួកគេយកប្រជារាស្ដ្ររបស់យើង
ទៅចាប់ឆ្នោតចែកគ្នា
ពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យា
ពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
៤ រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុស
អ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាន
នៃស្រុកភីលីស្ទីន
តើអ្នករាល់គ្នាចង់ធ្វើអ្វីយើង?
តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ?
ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើង
នោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយ
ហើយយ៉ាងឆាប់រហ័ស
តាមអំពើដែលអ្នករាល់គ្នា
ប្រព្រឹត្តប្រឆាំងនឹងយើង។
៥ អ្នករាល់គ្នាបានយកមាស និងប្រាក់របស់យើង
គឺអ្វីៗដ៏មានតម្លៃ
ទៅទុកនៅក្នុងវិហាររបស់អ្នករាល់គ្នា។
៦ អ្នករាល់គ្នាបានលក់ប្រជាជនស្រុកយូដា
និងអ្នកក្រុងយេរូសាឡឹម ទៅឲ្យជនជាតិក្រិក
ដើម្បីយកពួកគេចេញឆ្ងាយពីទឹកដីរបស់ខ្លួន។
៧ ប៉ុន្តែ យើងនាំពួកគេចាកចេញពីស្រុក
ដែលអ្នករាល់គ្នាលក់គេទៅនោះ
ឲ្យវិលត្រឡប់មកវិញ។
យើងនឹងដាក់ទោសអ្នករាល់គ្នា
តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត។
៨ យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
ទៅឲ្យប្រជាជនស្រុកយូដា
ហើយប្រជាជនយូដានឹងលក់ពួកគេ
ទៅឲ្យអ្នកស្រុកសេបា
ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ ចូរប្រកាសក្នុងចំណោមប្រជាជាតិនានា
ដូចតទៅ:
ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក!
ចូរប្រមូលទាហានដ៏ពូកែ!
ចូរឲ្យអ្នកចម្បាំងចេញទៅសមរភូមិ!
១០ ចូរយកផាលនង្គ័លមកដំធ្វើដាវ
ចូរយកកណ្ដៀវមកដំធ្វើផ្លែលំពែង!
ចូរឲ្យអ្នកទន់ខ្សោយពោលថា
“ខ្ញុំជាមនុស្សខ្លាំងពូកែ!”។
១១ ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយ
ចូរប្រញាប់ប្រញាល់នាំគ្នាមក
ចូរប្រមូលផ្តុំគ្នានៅកន្លែងតែមួយ!
ព្រះអម្ចាស់អើយ
សូមឲ្យកងពលរបស់ព្រះអង្គចុះមក!។
១២ «ចូរឲ្យប្រជាជាតិនានាក្រោកឡើង
ទៅប្រមូលផ្តុំគ្នានៅជ្រលងភ្នំយ៉ូសាផាត
ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ
ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
១៣ ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត!
ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយ
ចូរនាំគ្នាមកជាន់!
ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ!
ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
១៤ មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់
ជ្រលងភ្នំវិនិច្ឆ័យទោស
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់
នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
១៥ ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យ
រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។
១៦ ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន
ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម
ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក
តែព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។
១៧ «ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
យើងស្ថិតនៅលើភ្នំស៊ីយ៉ូន
ជាភ្នំដ៏វិសុទ្ធរបស់យើង
ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ
ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន
ក្រុងនេះទៀត។
១៨ នៅគ្រានោះ នឹងមានចម្ការទំពាំងបាយជូរ
ពាសពេញភ្នំ ផ្តល់ទឹកទំពាំងបាយជូរដ៏ហូរហៀរ។
នៅតាមភ្នំតូចៗក៏មានហ្វូងសត្វយ៉ាងច្រើន
ដែលផ្តល់ទឹកដោះដ៏ហូរហៀរដែរ។
ទឹកនឹងហូរសាជាថ្មី
នៅតាមជ្រោះទាំងប៉ុន្មាន ក្នុងស្រុកយូដា។
មានប្រភពទឹកមួយហូរចេញ
ពីព្រះដំណាក់របស់ព្រះអម្ចាស់
ទៅស្រោចស្រពជ្រលងភ្នំគីទីម។
១៩ ស្រុកអេស៊ីបនឹងក្លាយទៅជាទីស្មសាន
ស្រុកអេដុមនឹងក្លាយទៅជាវាលរហោស្ថាន
ដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើឃោរឃៅ
ដែលពួកគេបានប្រព្រឹត្តចំពោះកូនចៅយូដា
ហើយបង្ហូរឈាមប្រជាជនស្លូតត្រង់
នៅក្នុងស្រុករបស់គេ។
២០ រីឯស្រុកយូដានឹងមានមនុស្សរស់នៅរហូតតទៅ
ហើយក្រុងយេរូសាឡឹមក៏មានមនុស្សរស់នៅ
អស់កល្បជាអង្វែងតរៀងទៅដែរ។
២១ យើងនឹងចាត់ទុកប្រជាជននេះ
ថាគ្មានទោសទៀតឡើយ។
យើងជាព្រះអម្ចាស់ នឹងគង់នៅក្រុងស៊ីយ៉ូន»។
524 Views