សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
យ៉ូប
ពាក្យលំនាំ
លោកយ៉ូប
ពាក្យលំនាំ
• លោកយ៉ូបជាមនុស្សម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពោរពេញដោយសុភមង្គលដែរ។ ប៉ុន្តែ មារសាតាំងចោទប្រកាន់ថា គាត់គោរពកោតខ្លាចព្រះជាម្ចាស់ដូច្នេះ ព្រោះតែព្រះអង្គប្រទានពរឲ្យគាត់។ ក្រោយមក គាត់បាត់បង់អ្វីៗទាំងអស់ដ៏ជាទីស្រឡាញ់ និងមានតម្លៃសម្រាប់គាត់ គឺកូនៗស្លាប់អស់ ទ្រព្យសម្បត្តិក៏ត្រូវវិនាសហិនហោចអស់ ហើយខ្លួនក៏មានជំងឺទៀត។ ក្នុងពេលរងទុក្ខលំបាកដូច្នេះ តើគាត់នៅតែគោរពកោតខ្លាចព្រះជាម្ចាស់តទៅទៀតឬ?
តើព្រះជាម្ចាស់ជានរណា? ប្រសិនបើព្រះអង្គជាព្រះដ៏សុចរិតមែន ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យលោកយ៉ូបរងទុក្ខលំបាកបែបនេះ? មិត្តភក្ដិបីរូបរបស់លោកយ៉ូបចង់ពន្យល់ឲ្យលោកយ៉ូបទទួលស្គាល់ថា ទុក្ខវេទនាជាលទ្ធផលនៃកំហុសដែលគាត់បានប្រព្រឹត្ត។ ប៉ុន្តែ លោកយ៉ូបជំទាស់នឹងគំនិតរបស់មិត្តភក្ដិទាំងបីនាក់ គាត់ប្រកាន់ជំហរថា គាត់ពុំបានប្រព្រឹត្តអ្វីខុសឡើយ ហើយគាត់ចោទមិត្តភក្ដិរបស់គាត់ថា ពួកគេយល់ខុសអំពីព្រះជាម្ចាស់។ ពីចំពូក៣ដល់៣១ ដែលចងក្រងឡើងជាកំណាព្យ លាតត្រដាងនូវការជជែកវែកញែករបស់លោកយ៉ូប និងមិត្តភក្ដិរបស់លោក ម្នាក់ៗរកហេតុផលការពារគោលជំហររបស់ខ្លួន។
បន្ទាប់មក មានបុរសម្នាក់ទៀតឈ្មោះលោកអេលីហ៊ូ (ចំពូក៣២‑៣៧) បានប្រឡូកចូលមកក្នុងការជជែកវែកញែកនេះដែរ។ លោកអេលីហ៊ូអះអាងថា ព្រះជាម្ចាស់ធ្វើឲ្យមនុស្សរងទុក្ខវេទនា ដើម្បីព្រមានពួកគេ ហើយគ្មាននរណាម្នាក់អាចសួរថា ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះឡើយ។
នៅទីបញ្ចប់ ព្រះជាម្ចាស់ផ្ទាល់បានធ្វើអន្តរាគមន៍ (៣៨.១‑៤២.៦) ក្នុងការជជែកវែកញែកនេះ។ ព្រះអង្គមិននាំចម្លើយមកទេ តែព្រះអង្គចោទសួរជាសំណួរ ដើម្បីឲ្យមានការរិះគិតទៅវិញ។ ពេលនោះ លោកយ៉ូបទទួលស្គាល់ថា លោកភ័ន្តច្រឡំ គឺលោកបាននិយាយពីព្រះជាម្ចាស់ដោយពុំដឹងច្បាស់ថា ព្រះអង្គមានលក្ខណៈបែបណា។
ចុងបញ្ចប់នៃគម្ពីរនេះ ព្រះជាម្ចាស់អះអាងថា លោកយ៉ូបបាននិយាយអំពីព្រះអង្គយ៉ាងត្រឹមត្រូវ។ នៅទីបំផុត ព្រះអង្គប្រទានឲ្យលោកយ៉ូបទទួលអ្វីៗដែលបាត់បង់មួយទ្វេជាពីរ។
១
លោកយ៉ូបបាត់បង់អ្វីៗទាំងអស់
ទុក្ខលំបាកលើកទីមួយរបស់លោកយ៉ូប
១ កាលពីដើម នៅស្រុកអ៊ូសមានបុរសម្នាក់ ឈ្មោះយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ លោកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។ ២ លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ ៣ លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
៤ កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។ ៥ ក្រោយពេលជប់លៀង លោកយ៉ូបតែងតែហៅកូនៗរបស់លោកមកធ្វើពិធីជម្រះកាយឲ្យវិសុទ្ធ*។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុតទាំងមូលសម្រាប់កូននីមួយៗ ដ្បិតលោកខ្លាចក្រែងកូនរបស់លោកប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន។ លោកយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
៦ ថ្ងៃមួយ ពពួកទេវទូតរបស់ព្រះអម្ចាស់នាំគ្នាចូលទៅគាល់ព្រះអង្គ មារ*សាតាំងក៏ស្ថិតនៅក្នុងចំណោមទេវទូតទាំងនោះដែរ។ ៧ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?»។ មារសាតាំងទូលព្រះអម្ចាស់វិញថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តនៅលើផែនដី»។ ៨ ព្រះអម្ចាស់សួរមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដី គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់»។ ៩ មារសាតាំងទូលព្រះអម្ចាស់វិញថា៖ «តើយ៉ូបពិតជាគោរពកោតខ្លាចព្រះអង្គដោយសុទ្ធចិត្តមែនឬ? ១០ តាមពិត គាត់គោរពព្រះអង្គដូច្នេះ មកពីព្រះអង្គការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ព្រះអង្គប្រទានពរឲ្យគាត់បានចម្រើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់កើនចំនួនច្រើនពាសពេញស្រុកដែរ។ ១១ ប្រសិនបើព្រះអង្គបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថព្រះអង្គមិនខាន»។ ១២ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយ ប៉ុន្តែ កុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ពេលនោះ មារសាតាំងក៏ចាកចេញពីព្រះអម្ចាស់ទៅ។
លោកយ៉ូបបាត់បង់កូន និងទ្រព្យសម្បត្តិ
១៣ ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងនៅផ្ទះកូនច្បង ១៤ នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ ១៥ ស្រាប់តែមានជនជាតិសេបាមកវាយពួកយើង ប្លន់យកហ្វូងសត្វរបស់លោកម្ចាស់អស់។ ពួកគេបានសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ ១៦ ពេលអ្នកនោះកំពុងតែនិយាយនៅឡើយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀមរបស់លោកម្ចាស់ ហើយអ្នកបម្រើឯទៀតៗក៏ស្លាប់អស់ដែរ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោកម្ចាស់»។ ១៧ អ្នកនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានជនជាតិខាល់ដេ លើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋ និងសម្លាប់អ្នកបម្រើឯទៀតៗរបស់លោកម្ចាស់ គឺមានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលបានរួចជីវិត ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
១៨ អ្នកនោះកំពុងនិយាយនៅឡើយ ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «កូនប្រុសកូនស្រីរបស់លោកម្ចាស់ កំពុងជប់លៀងនៅផ្ទះកូនច្បង ១៩ ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួន ផ្ទះក៏រលំសង្កត់យុវជនទាំងនោះស្លាប់អស់ហើយ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលនៅរស់ ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
២០ ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់។ បន្ទាប់មក លោកផ្តួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ ២១ ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ ព្រះអម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះអង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់»។ ២២ ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់ព្រះជាម្ចាស់ដែរ។
២
ទុក្ខលំបាកទីពីររបស់លោកយ៉ូប
១ ថ្ងៃមួយ ពួកទេវទូត*នាំគ្នាចូលមកគាល់ព្រះអម្ចាស់ ហើយមារសាតាំងក៏មកគាល់ព្រះអង្គជាមួយពួកគេដែរ។ ២ ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកមកពីណា?»។ សាតាំងទូលព្រះអង្គថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តជុំវិញផែនដី»។ ៣ ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដីនេះ គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។ យ៉ូបនៅតែទៀងត្រង់ជានិច្ច អ្នកចង់ឲ្យយើងបំផ្លាញគេ ដោយឥតហេតុផល»។
៤ មារសាតាំងទូលព្រះអម្ចាស់ថា៖ «ស្បែកសងស្បែក! មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។ ៥ សូមព្រះអង្គធ្វើឲ្យរូបកាយគាត់ឈឺចាប់មើល៍ នោះគាត់មុខជាដាក់បណ្ដាសាព្រះអង្គមិនខាន»។ ៦ ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «យ៉ូបស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកស្រាប់ហើយ តែធ្វើយ៉ាងណាក៏ដោយ កុំប៉ះពាល់ដល់ជីវិតគេឲ្យសោះ»។ ៧ ពេលនោះ មារសាតាំងចាកចេញពីព្រះអម្ចាស់ទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។ ៨ លោកយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។ ៩ ភរិយារបស់លោកពោលថា៖ «តើបងនៅតាំងខ្លួនជាមនុស្សទៀងត្រង់ដូច្នេះដល់កាលណាទៀត សូមដាក់បណ្ដាសាព្រះជាម្ចាស់ ហើយស្លាប់ទៅចុះ!»។ ១០ លោកយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីព្រះជាម្ចាស់យ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីព្រះអង្គយ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសម្ដីឡើយ។
មិត្តភក្ដិបីនាក់មករំលែកទុក្ខលោកយ៉ូប
១១ មិត្តភក្ដិបីនាក់របស់លោកយ៉ូបបានឮដំណឹងពីទុក្ខវេទនា ដែលកើតមានចំពោះលោក ពួកគេចាកចេញពីស្រុករៀងៗខ្លួន ដោយមូលមតិគ្នាទៅរំលែកទុក្ខ និងជួយលើកទឹកចិត្តលោក។ អ្នកទាំងនោះ គឺលោកអេលីផាសជាអ្នកស្រុកតេម៉ន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាម៉ា។ ១២ ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលលោកយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។ ១៣ អ្នកទាំងបីអង្គុយផ្ទាល់នឹងដីជាមួយលោក អស់រយៈពេលប្រាំពីរថ្ងៃប្រាំពីរយប់ ឥតនិយាយអ្វីមួយម៉ាត់ទៅកាន់លោកឡើយ ព្រោះពួកគេឃើញលោកឈឺចាប់ឥតឧបមា។
៣
ពាក្យសន្ទនារវាងលោកយ៉ូប និងមិត្តភក្ដិរបស់លោក
សំណោករបស់លោកយ៉ូបៈ រស់នៅបានប្រយោជន៍អ្វី?
១ បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្តើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។
២ លោកយ៉ូបមានប្រសាសន៍ថា៖
៣ «សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះ
ក្លាយទៅជាថ្ងៃអពមង្គល!
រីឯយប់ដែលគេពោលថា
មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ
ជាយប់អពមង្គលដែរ!
៤ សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត
ហើយកុំឲ្យព្រះជាម្ចាស់ដែលគង់នៅ
ស្ថានលើ រវីរវល់នឹងថ្ងៃនោះ
ហើយក៏កុំឲ្យមានពន្លឺបំភ្លឺថ្ងៃនោះឡើយ!
៥ សូមឲ្យភាពងងឹត និងភាពអន្ធការ
គ្របបាំងថ្ងៃនោះ
ហើយសូមឲ្យមានភាពអាប់អួរគ្របបាំងព្រះអាទិត្យ!
៦ រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹត
គ្របបាំងវាដែរ!
សូមកុំឲ្យគេរាប់បញ្ចូលយប់នោះ
ទៅក្នុងខែ និងឆ្នាំឡើយ!
៧ សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ
ហើយក៏កុំឲ្យមានសម្រែកអរសប្បាយ
នៅយប់នោះដែរ!
៨ សូមឲ្យយប់នោះត្រូវបណ្ដាសា
របស់គ្រូនក្ខត្តឫក្ស
និងត្រូវបណ្ដាសារបស់គ្រូដាស់ស្តេចក្រពើ!
៩ សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ!
យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ
ហើយក៏មិនឃើញអរុណរះដែរ
១០ ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត
ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ
ចេញពីមុខខ្ញុំដែរ!
១១ ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ?
ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេល
ចេញពីផ្ទៃម្ដាយ?
១២ ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ
ហើយមានដោះចាំបំបៅខ្ញុំដូច្នេះ?
១៣ ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ
ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ
១៤ រួមជាមួយស្តេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី
ជាអ្នកដែលបានកសាងប្រាសាទសិលា
ទុកសម្រាប់ខ្លួន។
១៥ ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ
ដែលមានមាសប្រាក់ពេញផ្ទះ។
១៦ ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត
ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ
នោះប្រសើរជាង។
១៧ នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមាន
សកម្មភាពទៀតហើយ
រីឯអ្នកដែលនឿយហត់ អស់កម្លាំង
នឹងនាំគ្នាសម្រាក។
១៨ អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត
គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។
១៩ អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា
ទាសករក៏លែងនៅក្រោមអំណាច
ម្ចាស់របស់ខ្លួនទៀតដែរ។
២០ ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យ
មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ
ហើយផ្តល់ជីវិតឲ្យអ្នកដែលស្គាល់តែ
ទុក្ខលំបាក?
២១ គេទន្ទឹងរង់ចាំសេចក្ដីស្លាប់
តែមិនឃើញសេចក្ដីស្លាប់មកទេ។
គេប្រាថ្នាចង់បានសេចក្ដីស្លាប់
ជាងទ្រព្យសម្បត្តិទៅទៀត។
២២ ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួន
នោះគេមុខជាសប្បាយរីករាយឥតឧបមា។
២៣ ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច
ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។
២៤ ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ
សម្រែកឈឺចាប់របស់ខ្ញុំ
ចេះតែហូរចេញមកដូចទឹក។
២៥ ខ្ញុំភ័យខ្លាចការអ្វី ការនោះកើតមានដល់ខ្ញុំ
ហើយខ្ញុំជួបប្រទះនឹងហេតុការណ៍ណាដែល
ខ្ញុំមិនចង់ជួប។
២៦ ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល
ហើយក៏មិនបានសម្រាកដែរ
គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។
៤
ប្រសាសន៍របស់លោកអេលីផាស: អ្នកដែលត្រូវព្រះជាម្ចាស់ស្តីប្រដៅពិតជាមានសុភមង្គលមិនខាន!
១ លោកអេលីផាស ជាអ្នកស្រុកតេម៉ន ពោលឡើងថា៖
២ «ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់
តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ?
ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?
៣ លោកបានទូន្មានមនុស្សជាច្រើន
ហើយលោកក៏បានជួយមនុស្សជាច្រើន
ឲ្យមានកម្លាំងឡើងវិញដែរ។
៤ ពាក្យដែលលោកមានប្រសាសន៍
បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ
លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់
អាចឈរមាំមួនឡើងវិញដែរ។
៥ ឥឡូវនេះ ដល់វេនលោក
លោកបែរជាបាក់ទឹកចិត្ត
ពេលហេតុការណ៍នេះកើតមានដល់លោក
លោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
៦ លោកគោរពកោតខ្លាចព្រះជាម្ចាស់
ហើយរស់នៅដោយទៀងត្រង់
ដូច្នេះ ចូរមានសង្ឃឹម
និងផ្ញើជីវិតលើព្រះអង្គចុះ។
៧ សូមលោកគិតមើលចុះថា
តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ
ហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
៨ ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់
សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិត
រមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
៩ គឺពួកគេវិនាសដោយសារព្រះពិរោធរបស់
ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ
ដូចព្យុះសង្ឃរា។
១០ ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា
តែព្រះអម្ចាស់នឹងបំបិទមាត់
ហើយបំបាក់ចង្កូមរបស់ពួកគេ។
១១ សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារ
កូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
១២ ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ
ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ
យ៉ាងស្រាលៗ។
១៣ ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់
គឺក្នុងពេលដែលមនុស្សដេកលង់លក់
ឥតដឹងខ្លួន។
១៤ ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ
១៥ គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង
ផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។
១៦ មានម្នាក់ឈរនៅក្បែរខ្ញុំ
តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ
មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ
ហើយក្នុងភាពស្ងប់ស្ងាត់នោះ
ខ្ញុំឮសំឡេងមួយបន្លឺឡើងថា:
១៧ “តើមនុស្សដែលរមែងតែងតែស្លាប់
សុចរិតជាងព្រះជាម្ចាស់?
តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ?
១៨ សូម្បីតែពួកទេវទូត ជាអ្នកបម្រើរបស់ព្រះអង្គ
ក៏ព្រះអង្គទុកចិត្តពុំបានទៅហើយ
ព្រោះព្រះអង្គទតឃើញគេមានកំហុស
១៩ នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ
កើតមកពីធូលីដី
ហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះ
តើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន?
២០ ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយ
ហើយវិនាសសូន្យទៅ
ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
២១ ពេលខ្សែជីវិតរបស់គេត្រូវដាច់
គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់”។
៥
១ ឥឡូវនេះ សូមលោកស្រែកចុះ
ក្រែងលោមាននរណាម្នាក់
ឆ្លើយតបមកលោក។
តើលោកអាចហៅទេវទូតណាមួយ
ឲ្យមកជួយបាន?
២ ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ
ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ
មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
៣ ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចម្រុងចម្រើន
ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសា
ផ្ទះរបស់គេថា:
៤ សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់
ហើយកុំឲ្យមាននរណាការពារគេ
នៅពេលចៅក្រមដាក់ទោស។
៥ សូមឲ្យមនុស្សអត់បាយនាំគ្នាមក
ដណ្ដើមយកភោគផលរបស់គេ
ទោះបីមានបន្លាជុំវិញចម្ការក៏ដោយ។
សូមឲ្យមនុស្សស្រេកឃ្លាននាំគ្នាមក
រឹបអូសយកទ្រព្យសម្បត្តិរបស់គេ។
៦ អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេ
ហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។
៧ មនុស្សកើតមក ដើម្បីរងទុក្ខវេទនា
ដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុង
លំហអាកាសដែរ។
៨ ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញ
ខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់
ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ
មកទូលថ្វាយព្រះអង្គ។
៩ ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបាន
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
មានចំនួនច្រើនឥតគណនា។
១០ ព្រះអង្គធ្វើឲ្យភ្លៀងបង្អុរមកលើផែនដី
និងប្រទានឲ្យមានទឹកស្រោចស្រពស្រែចម្ការ។
១១ ព្រះអង្គលើកមនុស្សទន់ទាបឡើង
ហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
១២ ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិច
មិនឲ្យគេសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។
១៣ ព្រះអង្គធ្វើឲ្យអ្នកប្រាជ្ញ
ធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួន
ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់
របស់ពួកគេ ប្រែជាឥតបានការ។
១៤ នៅពេលថ្ងៃ ពួកគេជំពប់ជើង
ដូចដើរនៅពេលយប់ងងឹត
ហើយពួកគេដើរស្ទាបៗ
នៅកណ្ដាលថ្ងៃត្រង់
ដូចដើរនៅពេលយប់ដែរ។
១៥ ប៉ុន្តែ ព្រះអង្គសង្គ្រោះជនទុរគត
ឲ្យរួចផុតពីមុខដាវ ពីចង្កូម
និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
១៦ ព្រះអង្គប្រទានសេចក្ដីសង្ឃឹម
ដល់មនុស្សទន់ខ្សោយ
តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
១៧ ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្តីប្រដៅ
ពិតជាមានសុភមង្គលមិនខាន។
មិនត្រូវមាក់ងាយការស្តីបន្ទោសរបស់ព្រះ
ដែលប្រកបដោយឫទ្ធានុភាពឡើយ។
១៨ ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់
តែព្រះអង្គនឹងព្យាបាលឡើងវិញ
ព្រះអង្គធ្វើឲ្យរបួស
តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ
ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
១៩ ព្រះអង្គជួយលោកឲ្យរួចពីទុក្ខកង្វល់
ចំនួនប្រាំមួយដង
តែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាច
កើតមានដល់លោកទេ។
២០ នៅពេលកើតទុរ្ភិក្ស
ព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់
ហើយនៅពេលកើតសង្គ្រាម
ព្រះអង្គរំដោះលោកពីមុខដាវ។
២១ ព្រះអង្គនឹងការពារលោកពីពាក្យ
បរិហាររបស់អ្នកដទៃ
ហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយ
ដែលកើតឡើងដែរ។
២២ លោកនឹងមិនញញើតនៅចំពោះមុខ
មហន្តរាយ ការអត់ឃ្លាន
សត្វសាហាវមិនធ្វើឲ្យលោកភ័យខ្លាច។
២៣ ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្ម
ហើយគ្មានសត្វសាហាវមកយាយីលោកទេ។
២៤ លោកនឹងបានសុខសាន្តនៅក្នុង
ទីលំនៅរបស់លោក
ហើយពេលលោកមើលទៅហ្វូងសត្វ
ក៏មិនឃើញមានបាត់បង់ដែរ។
២៥ លោកនឹងឃើញពូជពង្សរបស់លោក
កើនចំនួនច្រើនឡើង
កូនចៅរបស់លោកកើនចំនួន
ដូចស្មៅដុះនៅតាមទីវាល។
២៦ លោករស់បានអាយុវែង ស្កប់ស្កល់
ហើយលាចាកលោកនេះទៅ
ដូចស្រូវទុំនៅរដូវចម្រូត។
២៧ យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ
ហើយឃើញថាពិតជាកើតមានដូច្នេះមែន។
ហេតុនេះ ចូរត្រងត្រាប់ស្ដាប់
ហើយយកជាមេរៀនចុះ!»។
៦
លោកយ៉ូបរអ៊ូរទាំនឹងមិត្តភក្ដិរបស់លោក
១ លោកយ៉ូបមានប្រសាសន៍ថា៖
២ «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំ
ប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំ
ដាក់លើជញ្ជីង
៣ គេនឹងឃើញវាធ្ងន់ជាងខ្សាច់
នៅតាមឆ្នេរសមុទ្រទៅទៀត។
ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច
៤ ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាព
បាញ់ទម្លុះខ្ញុំ
ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប
ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។
ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ
ដូចមានសត្រូវតំរៀបគ្នាជាក្បួនទ័ព
វាយប្រហារខ្ញុំ។
៥ ពេលមានស្មៅខៀវខ្ចីស៊ី
តើលាព្រៃដែលស្រែកឬទេ?
ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ?
៦ តើគេអាចបរិភោគម្ហូបសាប
ដោយមិនបង់អំបិលកើតឬ?
តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
៧ ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេ
ព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។
៨ សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេច
ហើយសូមព្រះជាម្ចាស់ប្រោសប្រទាន
តាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។
៩ គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំ
សូមព្រះអង្គលាតព្រះហស្ដ
បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ!
១០ ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ
ហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្តី
ក៏ខ្ញុំមានអំណរសប្បាយដែរ
ព្រោះខ្ញុំមិនបានបោះបង់ចោលព្រះបន្ទូលរបស់
ព្រះដ៏វិសុទ្ធឡើយ។
១១ ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម
ហើយខ្ញុំក៏គ្មានគោលដៅអ្វី
ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។
១២ តើខ្ញុំមានកម្លាំងរឹងដូចថ្ម
ហើយរូបកាយដូចលង្ហិនឬ?
១៣ ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយ
ហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។
១៤ អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួល
ចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួន
បើមិនដូច្នេះទេ គេមុខជាលែងគោរព
កោតខ្លាចព្រះជាម្ចាស់។
១៥ បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត
ដូចទឹកជ្រោះដែលរីង
ដូចជ្រលងដងអូរដែលគ្មានទឹក។
១៦ នៅចុងរដូវត្រជាក់
ទឹកអូរទាំងនោះប្រែជាល្អក់កករ
ព្រោះតែភ្លៀង និងទឹកកករលាយ។
១៧ នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែង
ព្រោះតែកម្ដៅថ្ងៃ។
១៨ ក្បួនអ្នកដំណើរវង្វេងផ្លូវ
នាំគ្នាចូលទៅវាលរហោស្ថាន
ហើយវិនាសបាត់បង់អស់ទៅ។
១៩ ក្បួនអ្នកដំណើរពីស្រុកតេម៉ា
នាំគ្នាសម្លឹងមើលអូរទាំងនោះ
ក្បួនអ្នកដំណើរពីស្រុកសាបានាំគ្នា
សង្ឃឹមលើអូរទាំងនោះ
២០ ប៉ុន្តែ ពួកគេត្រូវអាម៉ាស់
ព្រោះតែទុកចិត្តលើអូរទាំងនោះ
ហើយពួកគេខកចិត្តនៅពេលទៅដល់។
២១ នៅពេលនេះ អស់លោកក៏ដូច្នោះដែរ
អស់លោកឃើញខ្ញុំមានអាសន្ន
ហើយបែរជាភ័យខ្លាច!
២២ ខ្ញុំមិនដែលសុំឲ្យអស់លោក
យករបស់អ្វីមួយមកឲ្យខ្ញុំ
ឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។
២៣ ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំ
ឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃ
របស់មនុស្សឃោរឃៅដែរ។
២៤ សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀម
សូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា?
២៥ បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល
តែពាក្យដែលអស់លោកស្តីបន្ទោសនោះ
មិនសមហេតុសមផលទេ។
២៦ ពាក្យដែលខ្ញុំនិយាយនេះ
តើអស់លោកចង់បន្ទោសកន្លែងណា
តើអស់លោកយល់ថាពាក្យសម្ដីរបស់
មនុស្សអស់សង្ឃឹម ឥតបានការឬ?
២៧ អស់លោកហ៊ានដល់ទៅចាប់ឆ្នោត
យកក្មេងកំព្រា
ហើយសូម្បីតែមិត្តសម្លាញ់
ក៏អស់លោកមិនញញើតនឹងលក់ដែរ។
២៨ ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំ
តើខ្ញុំនិយាយបំផ្លើសត្រង់ណា?
២៩ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក
ហើយក៏កុំអយុត្តិធម៌បែបនេះដែរ
កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។
៣០ តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវ
ពាក្យទុច្ចរិត
ហើយមាត់របស់ខ្ញុំស្រដីចេញមក
នូវពាក្យអពមង្គលឬទេ?
៧
លោកយ៉ូបរអ៊ូរទាំនឹងព្រះជាម្ចាស់
១ ជីវិតរបស់មនុស្សនៅលើផែនដី
មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ
ឲ្យធ្វើការជាទម្ងន់ទេ
ហើយអាយុជីវិតរបស់គេក៏មិនខុសពី
អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
២ ទាសករប្រាថ្នាជ្រកក្រោមម្លប់
ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា
៣ ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ
ហើយរងទុក្ខសោកជាច្រើនយប់
យ៉ាងនោះដែរ។
៤ ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា
“តើពេលណាខ្ញុំនឹងក្រោកឡើងបាន?”
ប៉ុន្តែ យប់ពន្យារកាន់តែយូរ
ហើយខ្ញុំចេះតែប្រះខ្លួនរហូតដល់ទៀបភ្លឺ។
៥ រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ
ស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។
៦ អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ
លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត!
ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
៧ សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំ
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
ទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
៨ ព្រះអង្គទតមកទូលបង្គំ
តែលែងឃើញទូលបង្គំទៀតហើយ
ព្រះអង្គនឹងខំរកមើលទូលបង្គំ
តែទូលបង្គំបាត់សូន្យទៅ។
៩ ពពកតែងតែរសាត់បាត់ទៅ
រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់
ក៏ពុំអាចឡើងមកវិញបានដែរ។
១០ គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ
ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
១១ ហេតុនេះ ទូលបង្គំមិនអាចនៅស្ងៀមបានឡើយ
ទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្ត
ទូលបង្គំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។
១២ តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សម្បើម
ដែលរស់នៅក្នុងសមុទ្រឬ
បានជាព្រះអង្គដាក់អ្នកយាមល្បាត
នៅជុំវិញទូលបង្គំបែបនេះ?
១៣ ទូលបង្គំនឹកថា “បើខ្ញុំចូលដំណេក
នោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់”
១៤ ប៉ុន្តែ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុត
ដោយយល់សប្ដិអាក្រក់
ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់
ដោយឃើញសុបិននិមិត្តមិនល្អ។
១៥ ទូលបង្គំចង់អត់ដង្ហើមស្លាប់
ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ!
១៦ ទូលបង្គំឆ្អែតចិត្តណាស់
ទូលបង្គំមិនចង់រស់រហូតទេ
សូមទុកទូលបង្គំឲ្យនៅតែឯង
ដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
១៧ តើមនុស្សលោកជាអ្វី
បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ
ហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេ
យ៉ាងខ្លាំងដូច្នេះ?
១៨ ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹក
ព្រះអង្គល្បងលគេគ្រប់ពេលវេលា។
១៩ តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំ
ដល់កាលណាទៀត
សូមទុកឲ្យទូលបង្គំមានពេល
លេបទឹកមាត់ផង។
២០ ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ
ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន
តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ?
ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ
ដូចជាផ្ទាំងស៊ីប?
តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
២១ តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ
និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ?
ដ្បិតបន្តិចទៀត ទូលបង្គំនឹងទៅនៅក្នុងផ្នូរ
ព្រះអង្គនឹងរកទូលបង្គំ
តែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។
៨
ប្រសាសន៍របស់លោកប៊ីលដាដ: កំហុសតែងតែនាំមកនូវទុក្ខទោស
១ លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា
មានប្រសាសន៍ថា៖
២ «តើលោកនៅតែមានប្រសាសន៍បែបនេះ
ដល់កាលណា?
តើលោកបញ្ចេញពាក្យសម្ដី
ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត?
៣ តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
បង្ខូចសេចក្ដីសុចរិតឬ?
៤ ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត
អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ
ព្រះអង្គដាក់ទោសពួកគេ
តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
៥ ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ
បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុត
៦ បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន
ព្រះអង្គមុខជាជួយលោក
ហើយស្តារស្ថានភាពរបស់លោក
ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
៧ អ្វីៗដែលលោកធ្លាប់មានពីមុន
ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ
ដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខ
មានចំនួនច្រើនលើសនោះទៅទៀត។
៨ ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន
ហើយរំពឹងគិតអំពីបទពិសោធ៍
ដែលដូនតារបស់លោករកឃើញ
៩ ដ្បិតយើងជាមនុស្សទើបនឹងដឹងក្តី
យើងមិនដឹងអ្វីទាំងអស់
អាយុជីវិតរបស់យើងនៅលើផែនដីនេះ
ប្រៀបដូចជាស្រមោល។
១០ សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះ
ចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាប
នូវអ្វីៗដែលពួកលោកធ្លាប់ដឹង។
១១ តើដើមត្រែងអាចដុះនៅក្រៅត្រពាំង
ហើយដើមកក់អាចដុះនៅកន្លែង
ដែលគ្មានទឹកបានឬ?
១២ បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចី
ទោះបីគ្មាននរណាកាត់ក៏ដោយ
ក៏វាក្រៀមស្ងួត
មុនតិណជាតិទាំងប៉ុន្មានទៅទៀត។
១៣ រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់
ក៏ធ្លាក់ខ្លួនដូច្នោះដែរ
សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ
នឹងរលាយសូន្យ។
១៤ បង្អែករបស់គេត្រូវបាក់
អ្វីៗដែលគេទុកចិត្ត
ប្រៀបដូចជាសំបុកពីងពាង។
១៥ គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ
គេខំប្រឹងតោងផ្ទះ
តែផ្ទះមិននៅស្ថិតស្ថេរឡើយ។
១៦ គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ
ព្រោះសម្បូណ៌កម្ដៅថ្ងៃ
ហើយបែកមែកសាខាពាសពេញឧទ្យាន។
១៧ ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម
ហើយរុកទៅដល់ផ្ទាំងសិលា។
១៨ ប៉ុន្តែ ពេលណាគេត្រូវរំលើងចេញពីកន្លែង
របស់ខ្លួនហើយនោះ
សូម្បីតែញាតិសន្ដានក៏លែងរាប់រកគេទៀតដែរ!
១៩ មនុស្សទមិឡរមែងទទួលផលបែបនេះ
ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។
២០ ព្រះជាម្ចាស់មិនបោះបង់ចោល
មនុស្សគ្មានកំហុសឡើយ
ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់
អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
២១ បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោក
សើចសប្បាយឡើងវិញ
ហើយឲ្យលោកបន្លឺសំឡេងដោយអំណរ។
២២ អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់
ហើយលំនៅរបស់មនុស្សអាក្រក់នឹងរលាយសូន្យ»។
៩
ចម្លើយរបស់លោកយ៉ូប: ខ្ញុំមិនអាចតទល់នឹងព្រះជាម្ចាស់ទេ
១ លោកយ៉ូបមានប្រសាសន៍តបវិញថា៖
២ ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើតមានដូច្នោះមែន។
មនុស្សមិនអាចតវ៉ានៅចំពោះព្រះភ័ក្ត្រ
ព្រះជាម្ចាស់ថាខ្លួនសុចរិតបានឡើយ។
៣ បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ
ក្នុងមួយពាន់សំណួរ
សូម្បីតែមួយក៏មនុស្សពុំអាចឆ្លើយផង។
៤ ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ
និងមហិទ្ធិឫទ្ធិ
អ្នកដែលប្រឆាំងនឹងព្រះអង្គ
មិនអាចរួចខ្លួនទេ។
៥ ព្រះអង្គរើភ្នំទាំងឡាយមិនឲ្យវាដឹងខ្លួន
ព្រះអង្គរំលើងភ្នំ ដោយសារព្រះពិរោធ
របស់ព្រះអង្គ។
៦ ព្រះអង្គធ្វើឲ្យផែនដីកក្រើកនៅលើ
គ្រឹះរបស់វា
ហើយសសររបស់វាក៏រញ្ជួយដែរ។
៧ ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃ
នោះថ្ងៃមិនរះទេ
ព្រះអង្គក៏ឃាត់ផ្កាយមិនឲ្យចាំងពន្លឺដែរ។
៨ ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ
ដោយគ្មាននរណាជួយ
ព្រះអង្គយាងនៅលើរលកសមុទ្រ។
៩ ព្រះអង្គបានបង្កើតផ្កាយក្រពើ
ផ្កាយនង្គ័ល និងផ្កាយកូនមាន់
ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។
១០ ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យ
ដែលពុំអាចយល់បាន
ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។
១១ ព្រះអង្គយាងមកក្បែរខ្ញុំ
ក៏ខ្ញុំមើលព្រះអង្គមិនឃើញ
ព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។
១២ ពេលព្រះអង្គដកយកអ្វីទៅហើយ
គ្មាននរណាអាចឃាត់ព្រះអង្គទេ
ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា
“ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ” ដែរ។
១៣ ពេលព្រះអង្គព្រះពិរោធហើយ
ព្រះអង្គមិនប្រែព្រះហឫទ័យទេ
ព្រះអង្គបង្ក្រាបសត្វសម្បើមនៅក្នុងសមុទ្រ
និងបរិវាររបស់វា។
១៤ ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គ
ដូចម្ដេចបាន?
តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ?
១៥ ទោះបីខ្ញុំសុចរិតក្តី ក៏ខ្ញុំពុំអាចឆ្លើយនឹង
ព្រះអង្គដែរ
គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ
មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
១៦ ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ
នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ
ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌
ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
១៧ ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ
ព្រះអង្គធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន
ដោយឥតហេតុផល។
១៨ ព្រះអង្គមិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ
ដ្បិតព្រះអង្គធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សា
ពន់ប្រមាណ។
១៩ ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ
ព្រះអង្គមានឫទ្ធានុភាពជាង
ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌
តើនរណាហៅព្រះអង្គមកកាត់ក្តី?
២០ ទោះបីខ្ញុំសុចរិតក្តី
ក៏ពាក្យសម្ដីរបស់ខ្ញុំដាក់ទោសខ្ញុំ
ទោះបីខ្ញុំស្លូតត្រង់ក្តី
ក៏ពាក្យសម្ដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
២១ តើខ្ញុំពិតជាមនុស្សស្លូតត្រង់មែនឬ?
ទេ ខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ទេ!
ខ្ញុំឆ្អែតចិត្តនឹងជីវិតរបស់ខ្ញុំណាស់។
២២ ណ្ហើយ បណ្តោយតាមដំណើរទៅចុះ!
ហេតុនេះហើយបានជាខ្ញុំពោលថា
“ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់
ទាំងមនុស្សអាក្រក់”។
២៣ ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្តាល
ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ
ព្រះអង្គសើចចំអកឲ្យគេ
នៅពេលគេវេទនា។
២៤ ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់
ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយ
បើព្រះអង្គមិនធ្វើបែបនេះទេ
តើនរណាជាអ្នកធ្វើ?
២៥ ពេលវេលារបស់ខ្ញុំខិតទៅមុខ
លឿនជាងអ្នកដែលរត់ទៅទៀត
គឺពេលវេលានេះចេះតែរត់ទៅមុខ
ដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។
២៦ ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ
លឿនជាងនាវា
ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។
២៧ ប្រសិនបើខ្ញុំពោលថា:
“ខ្ញុំនឹងបំភ្លេចការសោកសង្រេង
ខ្ញុំនឹងធ្វើទឹកមុខរីករាយ
ហើយខំប្រឹងសើចសប្បាយឡើងវិញ”
២៨ នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ
ធ្វើឲ្យខ្ញុំតក់ស្លុត
ដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជា
មនុស្សគ្មានទោសឡើយ។
២៩ ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស
ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួន
បានការអ្វី?
៣០ ទោះបីទូលបង្គំយកទឹកមកលាងខ្លួន
ទោះបីទូលបង្គំយកសាប៊ូមកលាងដៃ
៣១ ក៏ព្រះអង្គបោះទូលបង្គំទៅក្នុងភក់ជ្រាំ
ហើយសូម្បីតែសម្លៀកបំពាក់របស់ទូលបង្គំ
ក៏ខ្ពើមទូលបង្គំដែរ។
៣២ ព្រះអង្គមិនមែនជាមនុស្សដូចខ្ញុំ
ដែលខ្ញុំអាចតវ៉ា
និងហៅឡើងទៅតុលាការបានឡើយ។
៣៣ គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាល
សម្រុះសម្រួលរឿងរ៉ាវរវាង
ព្រះអង្គ និងខ្ញុំបានទេ។
៣៤ សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ
សូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គ
ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
៣៥ ពេលនោះ ទើបខ្ញុំនិយាយស្តីបាន
ដោយលែងភិតភ័យ។
ប៉ុន្តែ តាមពិត ខ្ញុំនៅតែម្នាក់ឯង!
១០
ព្រះជាម្ចាស់ឲ្យខ្ញុំកើតមក ដើម្បីបំផ្លាញខ្ញុំ
១ «ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់!
ខ្ញុំមិនអាចទប់ការត្អូញត្អែរ
របស់ខ្ញុំបានទៀតទេ
ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
២ ខ្ញុំនឹងទូលព្រះជាម្ចាស់ថា:
សូមកុំដាក់ទោសទូលបង្គំឡើយ!
សូមប្រាប់ឲ្យទូលបង្គំដឹងផងថា
តើព្រះអង្គមានមូលហេតុអ្វី
ចោទប្រកាន់ទូលបង្គំ?
៣ តើមានប្រយោជន៍អ្វី
បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ
ហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គ
រួចបែរជាជួយជ្រោមជ្រែងផែនការ
របស់មនុស្សអាក្រក់ទៅវិញ?
៤ តើព្រះអង្គមានព្រះនេត្រ ហើយទតមើល
តាមរបៀបដូចមនុស្សលោកដែរឬ?
៥ តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃ
របស់មនុស្សលោក
ហើយចំនួនឆ្នាំរបស់ព្រះអង្គ ក៏ដូចជាចំនួនឆ្នាំ
របស់មនុស្សលោកដែរឬ
៦ បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំ
ហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ?
៧ ព្រះអង្គជ្រាបស្រាប់ហើយថា
ទូលបង្គំគ្មានកំហុសអ្វីទេ
ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុត
ពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
៨ ព្រះអង្គបានសូនទូលបង្គំ និងបង្កើតទូលបង្គំ
ដោយសារព្រះហស្ដរបស់ព្រះអង្គផ្ទាល់
តែព្រះអង្គបែរចង់រំលាយទូលបង្គំទៅវិញ!
៩ សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំ
ដូចគេសូនដីឥដ្ឋធ្វើភាជន៍។
តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំ
ត្រឡប់ទៅជាធូលីដីវិញឬ?
១០ ព្រះអង្គបានសូនទូលបង្គំ
និងឲ្យទូលបង្គំចម្រើនធំឡើង
ក្នុងផ្ទៃម្ដាយ។
១១ ព្រះអង្គបំពាក់ស្បែក និងសាច់
ពាសពេញរូបកាយទូលបង្គំ
ព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។
១២ ព្រះអង្គប្រទានជីវិត និងសម្ដែងព្រះហឫទ័យ
មេត្តាករុណាចំពោះទូលបង្គំ
ព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
១៣ ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗ
ដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ
១៤ គឺព្រះអង្គឃ្លាំមើលទូលបង្គំ
ក្រែងលោទូលបង្គំប្រព្រឹត្តអំពើបាប
ហើយព្រះអង្គមិនព្រមលើកលែងទោស
ឲ្យទូលបង្គំទាល់តែសោះ។
១៥ ប្រសិនបើទូលបង្គំមានទោស
នោះទូលបង្គំពិតជាវេទនាមិនខាន!
ប្រសិនបើទូលបង្គំសុចរិត
នោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរ
ទូលបង្គំត្រូវអាម៉ាស់
ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
១៦ ប្រសិនបើទូលបង្គំហ៊ានងើបមុខ
ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ
ព្រះអង្គនឹងសម្ដែងការអស្ចារ្យផ្សេងៗ
ប្រហារទូលបង្គំថែមទៀត។
១៧ ព្រះអង្គចេះតែរកមូលហេតុថ្មីៗ
មកចោទប្រកាន់ទូលបង្គំ
ព្រះអង្គព្រះអង្គព្រះពិរោធនឹងទូលបង្គំ
កាន់តែខ្លាំងឡើងៗ
ព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។
១៨ ព្រះអង្គឲ្យទូលបង្គំចេញពីផ្ទៃម្ដាយធ្វើអ្វី?
បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃ
នោះគ្មាននរណាឃើញទេ។
១៩ បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយ
ទៅកប់ក្នុងផ្នូរ
នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
២០ អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ
សូមឈប់វាយប្រហារទូលបង្គំ
សូមយាងចាកចេញពីទូលបង្គំទៅ
ដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច
២១ មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត
ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ឥតវិលត្រឡប់វិញឡើយ។
២២ ស្ថាននោះងងឹតជាងភាពអន្ធការទៅទៀត
ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់
ជាកន្លែងដែលគ្មានរបៀបរៀបរយ
ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។
១១
ប្រសាសន៍របស់លោកសូផារ: សូមវិលមករកព្រះជាម្ចាស់វិញ!
១ លោកសូផារ ជាអ្នកស្រុកណាអាម៉ា ឆ្លើយឡើងថា៖
២ «តើយើងគួរនៅស្ងៀម
មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ?
សម្ដីរបស់អ្នកពូកែវោហារ
មិនមែនធ្វើឲ្យខ្លួនសុចរិតទេ។
៣ ពាក្យព្រោកប្រាជ្ញរបស់លោក
មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។
បើលោកមើលងាយគេ
គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។
៤ លោកមានប្រសាសន៍ថា:
“អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវ
ទូលបង្គំជាមនុស្សបរិសុទ្ធ
ដូចព្រះអង្គជ្រាបស្រាប់ហើយ”។
៥ ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូល
គឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោក
ផ្ទាល់តែម្ដង។
៦ សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង
នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស
ពេលនោះ លោកនឹងដឹងថា
ព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែក
របស់លោក។
៧ តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យ
របស់ព្រះជាម្ចាស់
ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ
នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
៨ លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ
ខ្ពស់លើសផ្ទៃមេឃ
ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត
ដែលលោកមិនអាចធ្វើ ឬយល់ឡើយ។
៩ លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដី
ហើយទូលាយជាងសមុទ្រទៅទៀត។
១០ បើព្រះអង្គយាងមកចាប់អ្នកមានទោស
នាំទៅតុលាការ
តើនរណាអាចជំទាស់នឹងព្រះអង្គបាន?
១១ ព្រះជាម្ចាស់ស្គាល់មនុស្សឥតបានការយ៉ាងច្បាស់
ព្រះអង្គទតឃើញអំពើទុច្ចរិតរបស់គេ
ដោយមិនបាច់ពិចារណាវែងឆ្ងាយ។
១២ មនុស្សល្ងីល្ងើប្រែទៅជាមានប្រាជ្ញា
លុះត្រាណាតែសេះដុះស្នែង។
១៣ ចំណែកឯលោកវិញ
ប្រសិនបើលោកបែរចិត្តរកព្រះជាម្ចាស់
ហើយលើកដៃអង្វរករព្រះអង្គ
១៤ ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់
ដែលលោកប្រព្រឹត្ត
ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក
១៥ នោះលោកនឹងអាចងើបមុខឡើងវិញ
ព្រោះលោកគ្មានកំហុសទៀតទេ
លោកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។
១៦ លោកនឹងភ្លេចអស់នូវទុក្ខកង្វល់
ដូចទឹកដែលហូរបាត់ទៅ
គឺលោកនឹងមិននឹកចាំទៀតទេ។
១៧ ជីវិតរបស់លោកនឹងភ្លឺជាងពន្លឺព្រះអាទិត្យ
នៅពេលថ្ងៃត្រង់ទៅទៀត
ហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។
១៨ លោកនឹងមិនបារម្ភអ្វីសោះឡើយ
ព្រោះលោកមានសង្ឃឹម។
លោកលែងអាម៉ាស់់
ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
១៩ ពេលលោកសម្រាក
គ្មាននរណាមករំខានលោកឡើយ។
មនុស្សជាច្រើននឹងកោតសរសើរលោក។
២០ ចំណែកឯមនុស្សអាក្រក់វិញ
ភ្នែករបស់ពួកគេនឹងងងឹតទៅៗ
ពួកគេរកទីពឹងពុំបានឡើយ
ពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។
១២
ចម្លើយរបស់លោកយ៉ូប: គ្មាននរណាអាចបង្ក្រាបព្រះជាម្ចាស់បានទេ
១ លោកយ៉ូបតបវិញថា៖
២ «ពិតមែនហើយ
ចំណេះដឹងទាំងប៉ុន្មានរបស់មនុស្ស
ស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។
ដូច្នេះ ពេលណាអស់លោកស្លាប់
ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ!
៣ ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោក
គឺខ្ញុំមិនអន់ជាងអស់លោកទេ។
សេចក្ដីដែលអស់លោកថ្លែងនោះ
តើនរណាមិនដឹង!
៤ ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ
ខ្ញុំអង្វររកព្រះជាម្ចាស់ សូមចម្លើយពីព្រះអង្គ
តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្តី
ក៏ត្រូវគេមើលងាយដែរ។
៥ អស់អ្នកដែលធ្លាប់រស់នៅដោយសុខសាន្ត
តែងតែមើលងាយមនុស្សវេទនា
ហើយពួកគេគិតថា អ្នកដែលភ្លាត់ជើងដួល
ត្រូវតែវេទនាដូច្នេះ។
៦ មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន
ដោយឥតកង្វល់
អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់
ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ
តែងតែរស់នៅដោយឥតបារម្ភ។
៧ ក៏ប៉ុន្តែ សូមលោកសាកសួរសត្វធាតុទៅ
នោះវានឹងប្រៀនប្រដៅលោក
សូមសួរសត្វស្លាបទៅ
នោះវានឹងប្រាប់លោកឲ្យដឹង។
៨ សូមសាកសួរផែនដីទៅ
នោះផែនដីនឹងប្រៀនប្រដៅលោក
សូមសួរត្រីនៅក្នុងសមុទ្រ
នោះវានឹងនិទានប្រាប់លោក។
៩ ក្នុងចំណោមសត្វទាំងនោះ តើសត្វណាមួយ
មិនដឹងថា អ្វីៗទាំងអស់កើតមកពីព្រះជាម្ចាស់!
១០ ព្រះអង្គក្តាប់ព្រលឹងសត្វលោកទាំងអស់
នៅក្នុងព្រះហស្ដរបស់ព្រះអង្គ
ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង
ព្រះហស្ដរបស់ព្រះអង្គដែរ។
១១ ត្រចៀកស្ដាប់យល់ពាក្យសម្ដី
ដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។
១២ មនុស្សចាស់ជរារមែងមានប្រាជ្ញា
ហើយអ្នកដែលមានអាយុវែង
ក៏មានការយល់ដឹងដែរ។
១៣ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ
ដែលមានប្រាជ្ញា និងឫទ្ធានុភាព
ព្រមទាំងយោបល់ និងការយល់ដឹង។
១៤ ប្រសិនបើព្រះអង្គកម្ទេចអ្វីមួយ
គ្មាននរណាសង់ឡើងវិញបានទេ
ប្រសិនបើព្រះអង្គឃុំមនុស្សម្នាក់
នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
១៥ ប្រសិនបើព្រះអង្គទប់ទឹក នោះនឹងកើតរាំងស្ងួត
ប្រសិនបើព្រះអង្គបើក នោះទឹកនឹងលិចផែនដី។
១៦ ព្រះអង្គប្រកបដោយព្រះចេស្ដា
ហើយសម្រេចកិច្ចការអ្វីៗ តាមព្រះហឫទ័យ
រីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេង
ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។
១៧ ព្រះអង្គដកអ្នកធំចេញពីតំណែង
ព្រះអង្គធ្វើឲ្យចៅក្រមទៅជាលេលា។
១៨ ព្រះអង្គទម្លាក់ស្តេចនានាចេញពីអំណាច
ហើយធ្វើឲ្យពួកគេជាប់ជាឈ្លើយសឹក។
១៩ ព្រះអង្គដកពួកបូជាចារ្យចេញពីតំណែង
ព្រះអង្គទម្លាក់អ្នកដែលមានអំណាចរឹងមាំ។
២០ ព្រះអង្គដកពាក្យសម្ដីចេញពីអ្នកពូកែវោហារ
ព្រះអង្គយកតម្រិះប្រាជ្ញាចេញពី
ចាស់ព្រឹទ្ធាចារ្យ។
២១ ព្រះអង្គធ្វើឲ្យមេដឹកនាំទៅជាថោកទាប
ហើយដកអំណាចចេញពីអ្នកខ្លាំងពូកែ។
២២ ព្រះអង្គយកភាពងងឹតចេញពីទីជម្រៅ
ហើយលើកស្ថានមនុស្សស្លាប់
មកដាក់ក្រោមពន្លឺ។
២៣ ព្រះអង្គធ្វើឲ្យប្រជាជាតិនានាចម្រើនឡើង
ហើយព្រះអង្គធ្វើឲ្យពួកគេវិនាសទៅវិញ
ព្រះអង្គពង្រីកទឹកដីរបស់ប្រជាជាតិនានា
យ៉ាងទូលាយ
រួចព្រះអង្គកម្ចាត់កម្ចាយពួកគេ។
២៤ ព្រះអង្គដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជន
នៅលើផែនដី
ហើយឲ្យពួកគេវង្វេងនៅក្នុងទីស្មសាន
ដែលគ្មានច្រកចេញ។
២៥ ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ
ព្រះអង្គធ្វើឲ្យពួកគេលែងដឹងខុសត្រូវ
ដូចមនុស្សស្រវឹងស្រា។
១៣
១ ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ
ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក
ហើយខ្ញុំក៏បានយល់។
២ អ្វីៗដែលអស់លោកដឹង ខ្ញុំក៏ដឹងដែរ
គឺខ្ញុំមិនអន់ជាងអស់លោកទេ។
៣ ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុត
ខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយ
ព្រះជាម្ចាស់តែប៉ុណ្ណោះ
៤ ដ្បិតអស់លោកចេះតែយកការកុហក
មកឡូកឡំជាមួយការពិត
អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
៥ ប្រសិនបើអស់លោកនៅស្ងៀម
នោះដូចជាមានប្រាជ្ញាជាង!
៦ ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់
ពាក្យតវ៉ារបស់ខ្ញុំសិន។
៧ តើអស់លោកពោលពាក្យមិនត្រឹមត្រូវ
ក្នុងនាមព្រះជាម្ចាស់
ហើយនិយាយពាក្យមិនពិត
ក្នុងនាមព្រះអង្គកើតឬ?
៨ តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់
ហើយចង់តវ៉ាជំនួសព្រះអង្គឬ?
៩ ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោក
តើព្រះអង្គអាចឃើញការល្អ
នៅក្នុងអស់លោកឬទេ?
តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់
ដូចបញ្ឆោតមនុស្សឬ?
១០ ប្រសិនបើអស់លោកមានគំនិតកាន់ជើង
ដោយលួចលាក់នោះ
ព្រះអង្គមុខជាស្តីបន្ទោសអស់លោកមិនខាន។
១១ ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ
នឹងធ្វើឲ្យអស់លោកញ័ររន្ធត់
ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។
១២ ពាក្យដែលអស់លោកនិយាយ
សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ
ពាក្យដែលអស់លោកលើកយកមកតវ៉ា
ប្រៀបបាននឹងភក់។
១៣ សូមអស់លោកនៅស្ងៀម
ទុកឲ្យខ្ញុំនិយាយផង!
បើមានផលវិបាកអ្វីកើតចំពោះខ្ញុំ
ទុកឲ្យកើតទៅចុះ!
១៤ ខ្ញុំមិននឹកស្តាយខ្លួនទេ
គឺខ្ញុំសុខចិត្តប្រថុយជីវិតរបស់ខ្ញុំ។
១៥ ព្រះអង្គមុខជាប្រហារខ្ញុំ
ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ
ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ
ព្រះភ័ក្ត្រព្រះអង្គ។
១៦ ធ្វើដូច្នេះ ខ្ញុំប្រហែលជាបានរួចជីវិត
ដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរ
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ។
១៧ សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យ
ដែលខ្ញុំនឹងថ្លែង
សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
១៨ ខ្ញុំនឹងនិយាយការពារខ្លួនខ្ញុំ
ព្រោះខ្ញុំដឹងថា ខ្ញុំគ្មានកំហុសអ្វីទេ។
១៩ តើនរណាចង់ចោទប្រកាន់ខ្ញុំ?
ប្រសិនបើខ្ញុំខុសមែន ខ្ញុំសុខចិត្តនៅស្ងៀម
ហើយអត់ដង្ហើមឲ្យស្លាប់។
២០ ប៉ុន្តែ សូមព្រះអង្គមេត្តាអនុញ្ញាតតាម
សំណូមពរពីររបស់ទូលបង្គំ
នោះទូលបង្គំលែងលាក់ខ្លួនឆ្ងាយពីព្រះភ័ក្ត្រ
របស់ព្រះអង្គទៀតឡើយ
២១ គឺសូមដកព្រះហស្ដចេញពីទូលបង្គំ
ហើយក៏កុំធ្វើឲ្យទូលបង្គំ
ភ័យតក់ស្លុតទៀតដែរ។
២២ បន្ទាប់មក សូមព្រះអង្គមានព្រះបន្ទូល
មកកាន់ទូលបង្គំចុះ
ទូលបង្គំនឹងឆ្លើយតបវិញ
ឬមួយសូមទុកឲ្យទូលបង្គំនិយាយមុន
រួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បាន។
២៣ តើកំហុស និងអំពើបាបរបស់ទូលបង្គំ
មានចំនួនច្រើនប៉ុនណា?
សូមប្រាប់ឲ្យទូលបង្គំដឹងពីអំពើទុច្ចរិត
និងអំពើបាបរបស់ទូលបង្គំផង។
២៤ ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រ
នឹងទូលបង្គំ
ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ
ជាសត្រូវនឹងព្រះអង្គដូច្នេះ?
២៥ ទូលបង្គំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួត
ដែលប៉ើងតាមខ្យល់
តើព្រះអង្គដេញតាមប្រហារទូលបង្គំធ្វើអ្វី?
២៦ ព្រះអង្គបានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ
ដែលទូលបង្គំប្រព្រឹត្ត
ព្រះអង្គឲ្យទូលបង្គំទទួលខុសត្រូវលើកំហុស
ដែលទូលបង្គំប្រព្រឹត្តកាលពីនៅក្មេង។
២៧ ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំ
ព្រះអង្គឃ្លាំមើលអ្វីៗទាំងអស់
ដែលទូលបង្គំប្រព្រឹត្ត
សូម្បីតែដានជើងទូលបង្គំ
ក៏ព្រះអង្គតាមពិនិត្យមើលដែរ។
២៨ រូបកាយទូលបង្គំប្រៀបបាននឹងឈើពុក
ឬដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។
១៤
ស្ថានភាពដ៏លំបាករបស់មនុស្សលោក
១ មនុស្សដែលកើតពីស្ត្រី
រមែងមានអាយុខ្លី
ហើយមានពោរពេញដោយទុក្ខកង្វល់។
២ គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល
គេវិនាសបាត់ទៅដូចស្រមោល
គឺមិននៅស្ថិតស្ថេរឡើយ។
៣ ក៏ប៉ុន្តែ ព្រះអង្គទតមើលមក
មនុស្សលោកដូចទូលបង្គំនេះ
ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្តី!
៤ គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធ
ចេញពីមនុស្សមិនបរិសុទ្ធឡើយ។
៥ ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេ
និងចំនួនខែដែលគេត្រូវរស់
ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេ
ដែលគេពុំអាចឆ្លងផុតជាដាច់ខាត។
៦ សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅ
ដើម្បីឲ្យគេបានសម្រាក
ហើយឲ្យគេបានសប្បាយដូចកម្មករ
ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។
៧ ដើមឈើតែងតែមានសង្ឃឹមជានិច្ច
ទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញ
គឺវាមិនខ្វះពន្លកចេញពីគល់ទេ។
៨ ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី
ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្តី
៩ នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញ
ហើយបែកមែកដូចកូនឈើមួយដែរ។
១០ រីឯមនុស្សវិញ គេបាត់បង់កម្លាំង ហើយស្លាប់
គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។
១១ ទឹកសមុទ្រអាចស្រកចុះ
ហើយស្ទឹងក៏អាចរីងស្ងួតដែរ
១២ រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយ
គេមិនអាចក្រោកឡើងវិញបានទេ
សូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរ
គឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។
១៣ សូមព្រះអង្គមេត្តាឲ្យទូលបង្គំជ្រក
នៅក្នុងស្ថានមនុស្សស្លាប់
សូមលាក់ទូលបង្គំនៅទីនោះ
រហូតដល់ព្រះអង្គស្ងប់ព្រះពិរោធ
ហើយសូមកំណត់ពេលមួយ
ដែលព្រះអង្គនឹកចាំពីទូលបង្គំឡើងវិញ។
១៤ ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ
អាចរស់ឡើងវិញ
នោះទូលបង្គំនឹងនៅរង់ចាំគ្រប់ពេលវេលា
រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
១៥ ពេលនោះ ព្រះអង្គហៅទូលបង្គំ
ទូលបង្គំនឹងឆ្លើយទៅព្រះអង្គវិញ
ហើយព្រះអង្គមុខជារីករាយនឹងទូលបង្គំ
ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ។
១៦ នៅពេលនោះ ព្រះអង្គមើលថែទាំជំហាន
របស់ទូលបង្គំ
ហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
១៧ ព្រះអង្គនឹងបំភ្លេចចោលនូវកំហុសរបស់ទូលបង្គំ
ហើយគ្របបាំងអំពើទុច្ចរិតរបស់ទូលបង្គំ។
១៨ ក៏ប៉ុន្តែ ភ្នំត្រូវរង្គើ រួចរលំ
រីឯផ្ទាំងសិលាកក្រើកចេញពីកន្លែងរបស់វា
១៩ ទឹកធ្វើឲ្យថ្មសឹក
ហើយទឹកហូរនាំយកដីទៅយ៉ាងណា
ព្រះអង្គក៏ធ្វើឲ្យសេចក្ដីសង្ឃឹម
របស់មនុស្សលោករលាយយ៉ាងនោះដែរ។
២០ ព្រះអង្គមានប្រៀបលើគេជានិច្ច
រួចធ្វើឲ្យគេក៏វិនាសសូន្យទៅ
ព្រះអង្គបំផ្លាស់បំប្រែផ្ទៃមុខរបស់គេ
ហើយដេញគេទៅឆ្ងាយពីព្រះអង្គ។
២១ កូនចៅរបស់គេទទួលកិត្តិយស គេពុំដឹង
កូនចៅរបស់គេបាត់បង់កិត្តិយស
ក៏គេមិនឃើញដែរ
២២ គឺគេដឹងតែពីការឈឺចាប់នៅក្នុងរូបកាយ
ហើយរងទុក្ខនៅក្នុងចិត្តតែម្នាក់ឯង»។
១៥
ប្រសាសន៍លើកទីពីររបស់លោកអេលីផាស: មនុស្សអាក្រក់ពុំអាចរួចខ្លួនឡើយ
១ លោកអេលីផាស ជាអ្នកស្រុក
តេម៉ន ពោលឡើងថា៖
២ «តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ
មកឆ្លើយដែរឬ?
តើគេយកសេចក្ដីឥតបានការ
ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា
មកដាក់ពេញខ្លួនកើតឬ?
៣ តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍
មកនិយាយការពារខ្លួនដែរឬ?
៤ ចំណែកឯលោកវិញ លោកធ្វើឲ្យគេឯង
លែងគោរពកោតខ្លាចព្រះជាម្ចាស់
ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍
នៅចំពោះព្រះភ័ក្ត្រព្រះអង្គបានទៀត!
៥ សេចក្ដីទុច្ចរិតជំរុញឲ្យលោកស្រដីចេញមក
លោកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។
៦ មិនមែនខ្ញុំទេ ដែលថ្កោលទោសលោក
គឺមាត់របស់លោកផ្ទាល់ថ្កោលទោសលោក
ហើយពាក្យសម្ដីរបស់លោក
ចោទប្រកាន់ខ្លួនឯង។
៧ ក្នុងចំណោមមនុស្សទាំងអស់
តើលោកកើតមកមុនគេឬ
តើលោកកើតមក មុនភ្នំទាំងឡាយឬ?
៨ តើលោកបានឮគម្រោងការរបស់ព្រះជាម្ចាស់
ហើយមានតែលោកម្នាក់ឬដែលមានប្រាជ្ញា?
៩ តើមានការអ្វីដែលលោកដឹង
តែយើងខ្ញុំមិនដឹង?
តើមានការអ្វីដែលលោកយល់
តែយើងខ្ញុំមិនយល់?
១០ ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យ
ដែលមានវ័យចំណាស់ៗ
មានអាយុវែងជាងឪពុករបស់លោកទៅទៀត!
១១ ព្រះជាម្ចាស់ឲ្យយើងខ្ញុំមក
សម្រាលទុក្ខលោក ដោយពាក្យសម្ដីទន់ភ្លន់
តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ?
១២ ហេតុអ្វីបានជាលោកមានចិត្តពុះកញ្ជ្រោល
និងមើលមកយើងខ្ញុំដោយកំហឹងបែបនេះ?
១៣ ធ្វើដូច្នេះ លោកដូចជាខឹងនឹងព្រះជាម្ចាស់
ហើយពោលពាក្យប្រឆាំងនឹងព្រះអង្គដែរ។
១៤ តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត
តើមនុស្សដែលកើតចេញមកពីស្ត្រី
អាចសុចរិតដូចម្ដេចកើត?
១៥ សូម្បីតែពួកទេវទូតដ៏វិសុទ្ធរបស់ព្រះអង្គ
ក៏ព្រះអង្គទុកចិត្តពុំបាន
ហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធ
នៅចំពោះព្រះភ័ក្ត្រព្រះអង្គទៅហើយ
១៦ ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម
ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក
នោះព្រះអង្គរឹតតែមិនទុកចិត្តទៅទៀត!
១៧ ឥឡូវនេះ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងពន្យល់លោក
ខ្ញុំនឹងប្រាប់លោកពីការដែលខ្ញុំបានឃើញ
១៨ គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល
ពីដូនតារបស់ពួកគេ
ហើយយកមកថ្លែងប្រាប់
ដោយឥតលាក់លៀម។
១៩ ព្រះជាម្ចាស់ប្រទានទឹកដីឲ្យ
ដូនតារបស់ពួកគេតែប៉ុណ្ណោះ
គ្មានអ្នកដទៃទៀតមកឡូកឡំ
ក្នុងទឹកដីនោះឡើយ។
២០ មនុស្សអាក្រក់នឹងរងទុក្ខលំបាក
ជារៀងរាល់ថ្ងៃ
មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។
២១ មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង
ត្រចៀករបស់គេ
មេបំផ្លាញនឹងមកប្រហារគេ
ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
២២ គេគ្មានសង្ឃឹមថាអាចគេចផុតពីសេចក្ដីងងឹត
និងគេចផុតពីមុខដាវឡើយ។
២៣ គេត្រេចចរស្វែងរកអាហារ
គេដឹងថា អនាគតរបស់គេ
មានតែភាពងងឹតសូន្យសុង។
២៤ ភាពអាសន្ន និងការឈឺចាប់អន្ទះសា
ប្រៀបដូចស្តេចមួយអង្គលើកទ័ពមកប្រហារ
ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង
២៥ ព្រោះគេបានលើកដៃប្រហារព្រះជាម្ចាស់
ហើយលើកខ្លួនប្រឆាំងនឹង
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
២៦ គេហ៊ានរត់ទៅវាយប្រហារព្រះអង្គ
ទាំងកាន់ខែលដ៏ក្រាស់ទៅជាមួយផង។
២៧ មុខគេឡើងខ្លាញ់ ហើយបានចម្រុងចម្រើន។
២៨ គេនឹងកាន់កាប់ទីក្រុងបាក់បែក
រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល
ជាផ្ទះដែលជិតរលំ។
២៩ ប៉ុន្តែ គេមិនអាចធ្វើជាអ្នកមានតទៅទៀត
ទ្រព្យសម្បត្តិរបស់គេមិននៅស្ថិតស្ថេរ
គេនឹងមិនចម្រុងចម្រើននៅលើផែនដីឡើយ។
៣០ គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់
ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេ
ហើយគេនឹងខ្ចាត់បាត់ទៅ
ដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់។
៣១ កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍
បណ្តាលឲ្យខកចិត្តនោះឡើយ
ដ្បិតគេនឹងទទួលការឥតប្រយោជន៍
ទុកជារង្វាន់។
៣២ ហេតុការណ៍នេះនឹងកើតមានដល់គេ
មុនពេលស្លាប់
គឺប្រៀបដូចជាដើមឈើ
ដែលលែងមានស្លឹកខៀវខ្ចីទៀតហើយ។
៣៣ គេប្រៀបដូចជាដើមទំពាំងបាយជូរ
ពេលផ្លែនៅខ្ចី ស្រាប់តែជ្រុះផ្លែអស់
ហើយក៏ដូចដើមអូលីវ ដែលជ្រុះផ្កាអស់ដែរ។
៣៤ ពូជរបស់មនុស្សទមិឡនឹងគ្មានកូន
ហើយភ្លើងនឹងឆាបឆេះទីលំនៅ
របស់ជនពុករលួយ។
៣៥ អ្នកបង្កគម្រោងការអាក្រក់
តែងតែបង្កើតឲ្យមានទុក្ខវេទនា
អ្វីៗដែលកើតចេញពីគេ
ធ្វើឲ្យគេខកចិត្ត»។
១៦
ចម្លើយរបស់លោកយ៉ូប: សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ
១ លោកយ៉ូបឆ្លើយវិញថា៖
២ «សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ
ជាច្រើនលើកច្រើនសាមកហើយ។
អស់លោកមកជួយសម្រាលទុក្ខ
តែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ!
៣ តើអស់លោកនិយាយឥតបានការដូច្នេះ
ដល់អង្កាល់ទើបចប់?
តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោល
បានជាអស់លោកឆ្លើយដូច្នេះ?
៤ ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច
អស់លោកដែរ
គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ
ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក
ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
៥ ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក
ខ្ញុំនឹងរកពាក្យមកថ្លែង
ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។
៦ រីឯខ្ញុំវិញ ទោះបីខ្ញុំនិយាយ
ក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយ
បើខ្ញុំមិននិយាយ
ក៏ការឈឺចាប់មិនចាកចេញឆ្ងាយពីខ្ញុំដែរ។
៧ ឥឡូវនេះ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំបាក់កម្លាំង...
ព្រះអង្គបានធ្វើឲ្យគ្រួសារទូលបង្គំ
វិនាសទាំងស្រុង។
៨ ព្រះអង្គឲ្យទូលបង្គំនៅសល់តែ
ស្បែក និងឆ្អឹង
ដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថា
ទូលបង្គំមានកំហុស។
៩ ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំ
ដូចសត្វសាហាវហែកសាច់ខ្ញុំ
បញ្ចេញចង្កូមដាក់ខ្ញុំ
ព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
១០ មនុស្សម្នាបើកមាត់យ៉ាងធំ
ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ
ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ
ហើយព្រួតគ្នាទាស់នឹងខ្ញុំ។
១១ ព្រះជាម្ចាស់ប្រគល់ខ្ញុំទៅឲ្យ
ក្មេងក្មាងមើលងាយ
ព្រះអង្គប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃ
របស់មនុស្សពាល។
១២ ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្ត
ព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរ
ព្រះអង្គចាប់កញ្ចឹងកខ្ញុំ
ហើយបោកខ្ញុំឲ្យដួល
ព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។
១៣ ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទី
ព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តា
ព្រះអង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយ
ចេញមកលើដី។
១៤ ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា
ព្រះអង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។
១៥ ខ្ញុំបានដេរបាវយកមកស្លៀក
ខ្ញុំជាន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដី។
១៦ ខ្ញុំយំសោករហូតដល់ហើមភ្នែក
ភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។
១៧ ប៉ុន្តែ ខ្ញុំពុំបានប្រព្រឹត្តអំពើឃោរឃៅទេ
ហើយពាក្យអធិស្ឋានរបស់ខ្ញុំ
នៅតែបរិសុទ្ធដដែល។
១៨ ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយ
ហើយក៏កុំឲ្យមានអ្វីមកខ្ទប់
សម្រែករបស់ខ្ញុំដែរ។
១៩ ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខ
អ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។
២០ មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ
ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។
២១ សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជា
អាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំ
ដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាង
មនុស្ស និងមនុស្ស។
២២ អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយ
ខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយ
ដែលពុំអាចវិលត្រឡប់មកវិញបានទេ។
១៧
ខ្ញុំលែងមានសង្ឃឹមទៀតហើយ
១ ដង្ហើមរបស់ខ្ញុំចង់ផុត
អាយុជីវិតរបស់ខ្ញុំជិតរលត់
ហើយផ្នូរក៏នៅរង់ចាំខ្ញុំ។
២ ជនមើលងាយស្ថិតនៅជុំវិញខ្ញុំ
ពាក្យចំអករបស់ពួកគេធ្វើឲ្យខ្ញុំ
ដេកមិនលក់។
៣ ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង
ដ្បិតក្រៅពីព្រះអង្គ គ្មាននរណាផ្សេង
ហ៊ានធានារ៉ាប់រងទូលបង្គំទេ។
៤ ព្រះអង្គបានខ្ទប់ចិត្តរបស់ពួកគេ
មិនឲ្យស្វែងយល់
ដូច្នេះ សូមកុំឲ្យពួកគេឈ្នះឡើយ។
៥ ពួកគេជាមនុស្សដែលហៅមិត្តភក្ដិ
មកចែកទ្រព្យសម្បត្តិ
តែមិនទុកឲ្យកូនចៅទទួលចំណែកទេ។
៦ ព្រះជាម្ចាស់ធ្វើឲ្យប្រជាជនទាំងឡាយ
យករឿងខ្ញុំទៅនិយាយលេងសើច
ពួកគេស្តោះទឹកមាត់ដាក់មុខខ្ញុំ។
៧ ភ្នែករបស់ខ្ញុំប្រែជាស្រវាំង ព្រោះតែទុក្ខព្រួយ
រូបកាយរបស់ខ្ញុំនៅសល់តែស្បែក និងឆ្អឹង។
៨ មនុស្សទៀងត្រង់នាំគ្នាស្រឡាំងកាំង
ហើយមនុស្សស្លូតត្រង់ចាត់ទុកខ្ញុំជា
មនុស្សទមិឡ។
៩ មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន
តទៅមុខទៀត
ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ
កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
១០ ចំណែកឯអស់លោក សូមអញ្ជើញមកវិញ
ហើយថ្លែងសាជាថ្មីចុះ
ខ្ញុំមុខជាឃើញថា ក្នុងចំណោមអស់លោក
គ្មានអ្នកប្រាជ្ញសោះឡើយ។
១១ អាយុជីវិតខ្ញុំដល់ទីបញ្ចប់
គម្រោងការផ្សេងៗរបស់ខ្ញុំរលាយសូន្យ
សេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំក៏ផុតរលត់ដែរ។
១២ មិត្តភក្ដិរបស់ខ្ញុំនាំគ្នាអះអាងថាយប់ជាថ្ងៃ
ហើយពេលងងឹតចូលមកដល់
ពួកគេពោលថា ជិតភ្លឺហើយ។
១៣ ក៏ប៉ុន្តែ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំ
គឺស្ថានមច្ចុរាជ
ខ្ញុំរៀបចំដំណេករបស់ខ្ញុំក្នុងភាពងងឹត។
១៤ ខ្ញុំហៅរណ្ដៅថាជាឪពុករបស់ខ្ញុំ
ហៅដង្កូវថាជាម្ដាយ និងបងស្រីរបស់ខ្ញុំ។
១៥ តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា?
មាននរណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំឬទេ?
១៦ សេចក្ដីសង្ឃឹមនឹងចុះទៅកាន់ស្ថានមនុស្សស្លាប់
ហើយស្ថិតនៅក្នុងធូលីដីជាមួយខ្ញុំ»។
១៨
ប្រសាសន៍លើកទីពីររបស់លោកប៊ីលដាដ: អន្ទាក់របស់មនុស្សអាក្រក់
១ លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា
ពោលឡើងថា៖
២ «តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសម្ដីបែបនេះ
ដល់ពេលណាទៀត?
ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។
៣ ហេតុអ្វីបានជាអ្នករាល់គ្នាបណ្តោយឲ្យ
គាត់ចាត់ទុកយើងដូចសត្វធាតុ?
ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើង
ដូចមនុស្សល្ងីល្ងើ?
៤ ឱលោកដែលអារសាច់ខ្លួនឯង
ព្រោះតែកំហឹងអើយ
តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន
និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែលោកឬ?
៥ ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់
ហើយអណ្ដាតភ្លើងនៅចង្ក្រានរបស់គេ
ក៏លែងភ្លឺដែរ។
៦ ពន្លឺនៅក្នុងទីលំនៅរបស់គេនឹងត្រូវងងឹតសូន្យ
ចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។
៧ ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោង
គម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល
៨ ដ្បិតជើងរបស់គេឈានទៅរកអន្ទាក់
គេដើរឆ្ពោះទៅកាន់រណ្ដៅ។
៩ កជើងរបស់គេជាប់អន្ទាក់
ហើយចំណងរួតរឹតគេ។
១០ មានអង្គប់បង្កប់ចាំចាប់គេ
ហើយក៏មានអន្ទាក់នៅតាមផ្លូវរបស់គេដែរ។
១១ ការភ័យខ្លាចឡោមព័ទ្ធជុំវិញគេ
ព្រមទាំងដេញកិតពីក្រោយគេជានិច្ច។
១២ គេបាត់បង់កម្លាំង ព្រោះតែការស្រេកឃ្លាន
ទុក្ខវេទនាស្ថិតនៅជាប់ជាមួយគេ។
១៣ ស្បែករបស់គេដាច់ជាដុំៗ
ហើយដំបៅក៏ស៊ីរូងដៃជើងរបស់គេដែរ។
១៤ សេចក្ដីស្លាប់ដកគេចេញពីលំនៅ
ដែលជាទីទុកចិត្តរបស់គេ
ហើយនាំគេទៅជួបមច្ចុរាជ។
១៥ នរណាក៏អាចមករស់ក្នុងលំនៅរបស់គេដែរ
ព្រោះជាលំនៅដែលគ្មានម្ចាស់។
គេរាយស្ពាន់ធ័រពេញទីលំនៅរបស់គេ។
១៦ ឫសរបស់គេត្រូវងាប់
ហើយមែកខ្ចីៗរបស់គេត្រូវស្លោក។
១៧ គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ
ហើយក៏គ្មាននរណានិយាយពីឈ្មោះរបស់គេទៀតដែរ។
១៨ មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹត
ព្រមទាំងដកគេចេញពីពិភពលោក។
១៩ គេគ្មានកូន គ្មានចៅតពូជក្នុងចំណោម
ប្រជាជនរបស់ខ្លួន
ហើយនៅក្នុងក្រុមគ្រួសាររបស់គេ
គ្មាននរណាម្នាក់នៅសេសសល់ឡើយ។
២០ ពីទិសខាងកើតរហូតដល់ទិសខាងលិច
អស់អ្នកដែលបានឮពីការវេទនារបស់គេ
នឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។
២១ មនុស្សអាក្រក់ មិនស្គាល់ព្រះជាម្ចាស់
រមែងជួបមហន្តរាយបែបនេះឯង!»។
១៩
លោកយ៉ូបឆ្លើយតបទៅលោកប៊ីលដាដ: នៅទីបញ្ចប់ ព្រះអង្គមុខជាធ្វើអន្តរាគមន៍មិនខាន!
១ លោកយ៉ូបឆ្លើយវិញថា៖
២ «តើអស់លោកធ្វើឲ្យ
ខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកម្ទេចខ្ញុំ
ដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត?
៣ អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយ
តើអស់លោកមិនចេះខ្មាស
ដោយធ្វើបាបខ្ញុំបែបនេះទេឬ?
៤ ប្រសិនបើខ្ញុំបានធ្វើខុសមែននោះ
កំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។
៥ ប្រសិនបើអស់លោកបន្តុះបង្អាប់ខ្ញុំ
ដើម្បីលើកតម្កើងខ្លួនឯង
ហើយយកទុក្ខវេទនារបស់ខ្ញុំ
មកធ្វើជាភស្តុតាងចោទថាខ្ញុំមានទោស
៦ នោះតោងដឹងថាព្រះជាម្ចាស់ទេតើ
ដែលដាក់កំហុសនេះមកលើខ្ញុំ
ព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។
៧ ប្រសិនបើខ្ញុំស្រែកហៅគេជួយ
ក៏គ្មាននរណាឆ្លើយ
ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌
ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។
៨ ព្រះអង្គឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួច
ព្រះអង្គធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។
៩ ព្រះអង្គដកកិត្តិយសចេញពីខ្ញុំ
ព្រះអង្គយកមកុដចេញពីក្បាលរបស់ខ្ញុំ។
១០ ព្រះអង្គប្រហារខ្ញុំពីគ្រប់ទិសទី
ធ្វើឲ្យខ្ញុំវិនាស
ព្រះអង្គរំលើងសេចក្ដីសង្ឃឹមរបស់ខ្ញុំ
ដូចគេរំលើងដើមឈើ។
១១ ព្រះពិរោធរបស់ព្រះអង្គឆាបឆេះមកលើខ្ញុំ
ព្រះអង្គចាត់ទុកខ្ញុំដូចជាបច្ចាមិត្ត។
១២ កងទ័ពរបស់ព្រះអង្គលើកគ្នាមកវាយលុកខ្ញុំ
ពួកគេបោះទ័ពព័ទ្ធជុំវិញលំនៅខ្ញុំ។
១៣ ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ
អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ
បានក្លាយជាអ្នកដទៃទៅវិញ។
១៤ សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ
អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
១៥ ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំ
បានចាត់ទុកខ្ញុំដូចជាអ្នកដទៃ
គេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។
១៦ ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ
តែគេមិនឆ្លើយតបវិញទេ
ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។
១៧ ដង្ហើមរបស់ខ្ញុំជះក្លិនអសោច
ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន
បងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។
១៨ សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំ
ពេលខ្ញុំងើបឈរឡើង
នោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។
១៩ អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ
អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា
ប្រឆាំងនឹងខ្ញុំ។
២០ ខ្ញុំនៅសល់តែស្បែក និងឆ្អឹង
ហើយវិះតែនឹងស្លាប់ទៀតផង។
២១ មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ
សូមអាណិតមេត្តាខ្ញុំផង!
ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។
២២ ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ
ដូចព្រះជាម្ចាស់យ៉ាងនេះ
អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ?
២៣ សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុក
គឺចារទុកនៅក្នុងក្រាំងមួយ!
២៤ សូមឲ្យគេចារឹកពាក្យនេះ
ដោយដែកឆ្លាក់ និងសំណ
ទុកនៅលើផ្ទាំងថ្មរហូតតទៅ។
២៥ ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ
ព្រះអង្គមានព្រះជន្មគង់នៅ
ព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់
នៅលើផែនដី។
២៦ ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ
នោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់
២៧ ខ្ញុំនឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែក
គឺព្រះអង្គដែលខ្ញុំធ្លាប់ស្គាល់
ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។
២៨ អស់លោកពោលថា
“យើងមិនបានតាមធ្វើបាបគាត់ទេ
ទុក្ខទោសរបស់គាត់បណ្តាលមកពី
ខ្លួនគាត់ផ្ទាល់ទេតើ!”
២៩ ចូរខ្លាចមុខដាវទៅ
ដ្បិតការចោទប្រកាន់របស់អស់លោក
តែងតែទទួលទោសដ៏សាហាវបែបនេះឯង។
ពេលនោះ អស់លោកមុខជាដឹងថា
ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។
២០
ប្រសាសន៍លើកទីពីររបស់លោកសូផារ: ទុក្ខវេទនារបស់មនុស្សអាក្រក់
១ លោកសូផារ ជាអ្នកស្រុក
ណាម៉ា ពោលឡើងថា៖
២ «ការរិះគិតរបស់ខ្ញុំធ្វើឲ្យខ្ញុំទ្រាំមិនបាន
គឺខ្ញុំត្រូវតែឆ្លើយតបនឹងលោកវិញ។
៣ ពាក្យស្តីបន្ទោសរបស់លោក
ដូចជាបន្តុះបង្អាប់យើងខ្ញុំជ្រុលពេកហើយ
ហេតុនេះ ខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំ
មកឆ្លើយតប។
៤ លោកមិនជ្រាបទេឬថា តាំងពីបុរាណរៀងមក
គឺចាប់ពីពេលដែលព្រះជាម្ចាស់ដាក់មនុស្ស
នៅលើផែនដីនេះ
៥ មនុស្សអាក្រក់មានជ័យជម្នះតែមួយស្របក់ទេ
ហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។
៦ ទោះបីគេមានកម្ពស់រហូតដល់មេឃ
ហើយក្បាលរបស់គេទើសពពកក្តី
៧ ក៏គេមុខជាវិនាសរហូតតទៅ
ដូចលាមករបស់ខ្លួនដែរ។
អស់អ្នកដែលធ្លាប់ស្គាល់អ្នកនោះនឹងពោលថា
“តើគាត់ទៅណាបាត់ហើយ?”
៨ គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ
គ្មាននរណាឃើញគេទៀតឡើយ
គេនឹងរលាយសូន្យទៅ
ដូចសុបិននិមិត្តនៅពេលយប់។
៩ អ្នកដែលធ្លាប់ឃើញគេ
នឹងលែងឃើញគេទៀតហើយ
នៅកន្លែងដែលគេធ្លាប់ស្នាក់អាស្រ័យ
ក៏គ្មាននរណាឃើញគេទៀតដែរ។
១០ គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបាន
ទៅឲ្យម្ចាស់ដើមវិញ
ហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រ
តទៅមុខទៀត។
១១ រូបរាងកាយរបស់គេពោរពេញ
ដោយកម្លាំងរបស់យុវវ័យ
តែកម្លាំងនេះនឹងរលាយទៅជាធូលីដី
ជាមួយគេដែរ។
១២ ទោះបីអំពើអាក្រក់មានរសជាតិផ្អែម
នៅក្នុងមាត់របស់គេ
ទោះបីគេលាក់វានៅក្រោមអណ្ដាត
១៣ ទោះបីគេខំរក្សាទុក ដោយមិនលេប
គឺបៀមទុកនៅក្នុងមាត់ក្តី
១៤ គង់តែអាហារនោះរលាយ
ក្លាយដូចជាពិសរបស់ពស់អាសិរពិស
នៅក្នុងពោះរបស់គេ។
១៥ គេបានលេបទ្រព្យសម្បត្តិចូលទៅក្នុងពោះ
តែគេនឹងក្អួតចេញមកវិញ
គឺព្រះជាម្ចាស់នឹងហូតយកទ្រព្យសម្បត្តិនោះ
ចេញពីពោះរបស់គេ។
១៦ គេជញ្ជក់ពិសរបស់ពស់អាសិរពិស
គេនឹងត្រូវស្លាប់ដោយពស់វែកចឹក។
១៧ គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោ
ដ៏សម្បូណ៌ហូរហៀរ
ដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។
១៨ អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញ
គឺគេមិនអាចរក្សាទុកឡើយ
ហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិ
ដែលគេរកស៊ីបាននោះដែរ។
១៩ គេជិះជាន់ និងបោះបង់ចោលជនក្រីក្រ
គេរឹបអូសយកផ្ទះដែលខ្លួនមិនបានសង់។
២០ គេមានចិត្តលោភលន់មិនចេះស្កប់
តែគេមិនអាចរក្សាទុកនូវអ្វីៗ
ដែលគេពេញចិត្តនោះឡើយ។
២១ គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់
តែភាពចម្រុងចម្រើនរបស់គេ
នឹងមិននៅស្ថិតស្ថេររហូតទេ។
២២ ក្នុងពេលកំពុងតែសម្បូណ៌សប្បាយ
នោះគេបែរជាខ្វះខាតវិញ
ទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។
២៣ នៅពេលដែលគេកំពុងតែបំពេញក្រពះ
នោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លា
របស់ព្រះអង្គទៅលើគេ ទុកជាអាហារ។
២៤ ប្រសិនបើគេរត់គេចពីអាវុធដែក
នោះធ្នូលង្ហិននឹងបាញ់ព្រួញទៅទម្លុះគេ
២៥ ប្រសិនបើគេដកព្រួញចេញពីខ្លួន
នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ
រហូតដល់ថ្លើមរបស់គេ។
ការភ័យតក់ស្លុតនឹងកើតមានដល់គេ។
២៦ ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់
ក្នុងភាពងងឹតអន្ធការ
ភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេ
អ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេ
ក៏ឆេះអស់ដែរ។
២៧ ផ្ទៃមេឃលាតត្រដាងកំហុសរបស់គេ
ផែនដីក្រោកឡើងប្រឆាំងនឹងគេ។
២៨ នៅថ្ងៃដែលព្រះជាម្ចាស់សម្ដែងព្រះពិរោធ
ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ
នឹងត្រូវអ្នកដទៃរឹបអូសយកទៅអស់។
២៩ នេះជាចំណែកមត៌កដែលព្រះជាម្ចាស់
បម្រុងទុកសម្រាប់មនុស្សអាក្រក់»។
២១
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកសូផារ: មនុស្សអាក្រក់តែងតែមានសុភមង្គលរហូតឬ?
១ លោកយ៉ូបឆ្លើយវិញថា៖
២ «សូមអស់លោកត្រងត្រាប់
ស្ដាប់ពាក្យដែលខ្ញុំថ្លែង
ដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។
៣ សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន
ពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។
៤ ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេ
ខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។
៥ សូមក្រឡេកមើលមកខ្ញុំ
នោះអស់លោកនឹងស្រឡាំងកាំង
ហាមាត់និយាយលែងកើត។
៦ ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែល
កើតមានចំពោះខ្ញុំ
នោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។
៧ ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ
ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ?
៨ កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេ
ហើយពូជពង្សរបស់គេក៏ចម្រុងចម្រើន
នៅចំពោះមុខគេដែរ។
៩ ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ
គឺគ្មានការភ័យខ្លាចអ្វីឡើយ
ព្រះជាម្ចាស់មិនដែលលើកដំបង
វាយប្រហារពួកគេសោះ។
១០ ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើង
ឥតដែលមានខូចបង់អ្វីឡើយ។
១១ កូនតូចៗរបស់ពួកគេរត់លេង
មានគ្នាច្រើនដូចហ្វូងសត្វ
ហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។
១២ ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ
ហើយសប្បាយរីករាយនឹងសំឡេងប៉ី។
១៣ រៀងរាល់ថ្ងៃ ពួកគេរស់នៅ
ប្រកបដោយសុភមង្គល
រួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។
១៤ អ្នកទាំងនោះធ្លាប់ទូលព្រះជាម្ចាស់ថា
“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ
យើងខ្ញុំមិនចង់ស្គាល់មាគ៌ារបស់ព្រះអង្គទេ។
១៥ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតជាអ្វី
បានជាយើងត្រូវបម្រើព្រះអង្គ?
តើយើងទូលអង្វរព្រះអង្គបានប្រយោជន៍អ្វី?”
១៦ អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅ
ក្នុងកណ្ដាប់ដៃរបស់ខ្លួន។
ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មាន
របស់មនុស្សអាក្រក់?
១៧ ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់
តែងតែរលត់
ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេ
ព្រះជាម្ចាស់ដាក់ទោសពួកគេ
ស្របតាមព្រះពិរោធរបស់ព្រះអង្គ។
១៨ ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់
និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
១៩ អស់លោកពោលថា
“ព្រះជាម្ចាស់នឹងដាក់ទោសកូនចៅ
ព្រោះតែអំពើអាក្រក់ដែលឪពុកប្រព្រឹត្ត”
ក៏ប៉ុន្តែ សូមព្រះអង្គដាក់ទោស
មនុស្សអាក្រក់វិញ ដើម្បីឲ្យគេដឹងខ្លួន។
២០ សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន
គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធ
របស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
២១ កាលណាចំនួនខែដែលគេត្រូវរស់
ឈានដល់ទីបញ្ចប់ហើយ
គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ
របស់ខ្លួនទេ។
២២ គ្មាននរណាអាចបង្រៀនព្រះជាម្ចាស់
ឲ្យចេះដឹងបានឡើយ
ដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់
ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់
ព្រះអង្គដែរ។
២៣ អ្នកខ្លះស្លាប់ ក្រោយពីបានរស់នៅយ៉ាងស្រណុក
ហើយស្គាល់តែសេចក្ដីសុខសាន្ត ឥតទុក្ខកង្វល់
២៤ សាច់ឈាមនៅស្រស់ល្អ កម្លាំងនៅរឹងប៉ឹង។
២៥ អ្នកខ្លះទៀតស្លាប់ ក្រោយពីបានរងទុក្ខព្រួយ
ហើយពុំធ្លាប់ស្គាល់សុភមង្គលទាល់តែសោះ។
២៦ ប៉ុន្តែ សពរបស់អ្នកទាំងពីរត្រូវគេយកទៅកប់
ហើយមានដង្កូវចោះដូចគ្នា។
២៧ ខ្ញុំស្គាល់គំនិតរបស់អស់លោកច្បាស់ណាស់
ហើយក៏ស្គាល់ការរិះគិតរបស់អស់លោក
ចំពោះខ្ញុំដែរ។
២៨ អស់លោកសួរថា “ផ្ទះរបស់អ្នកធំនៅឯណា
លំនៅដែលមនុស្សអាក្រក់ធ្លាប់រស់នៅនោះ
នៅឯណា”
២៩ តើអស់លោកមិនបានសួរអ្នកដើរតាមផ្លូវទេឬ?
តើអស់លោកមិនឮគេប្រាប់ទេឬ ថា
៣០ នៅថ្ងៃមានទុក្ខវេទនា
នៅថ្ងៃដែលព្រះជាម្ចាស់ព្រះអង្គព្រះពិរោធ
មនុស្សអាក្រក់តែងតែរួចខ្លួន។
៣១ មិនដែលមាននរណាបន្ទោសអ្នកនោះ
ចំពោះមុខទេ
ហើយក៏គ្មាននរណាធ្វើទោសគេ
តាមអំពើដែលគេបានប្រព្រឹត្តដែរ។
៣២ គេនឹងសែងសពមនុស្សអាក្រក់ទៅបញ្ចុះ
ហើយមានមនុស្សចាំយាមផ្នូរទៀតផង
៣៣ មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ
ហើយគំនរដីនៅជ្រលងភ្នំ
ដែលលុបពីលើសពរបស់គេ
ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។
៣៤ ហេតុអ្វីបានជាអស់លោកយកពាក្យសម្ដី
ឥតបានការ មកសម្រាលទុក្ខខ្ញុំដូច្នេះ?
ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។
២២
ប្រសាសន៍លើកទីបីរបស់លោកអេលីផាស: លោកយ៉ូបពិតជាមានកំហុសមែន!
១ លោកអេលីផាស
ជាអ្នកស្រុកតេម៉ន
ពោលឡើងថា៖
២ «តើមនុស្សមានប្រយោជន៍អ្វី
សម្រាប់ព្រះជាម្ចាស់? គ្មានទេ!
មនុស្សដែលមានសុភនិច្ឆ័យ នាំមកនូវ
ផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ!
៣ បើលោកសុចរិត
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
សព្វព្រះហឫទ័យដែរឬ?
បើលោករស់នៅដោយទៀងត្រង់
តើព្រះអង្គបានចំណេញអ្វី?
៤ តើព្រះអង្គស្តីបន្ទោសលោក
ហើយនាំលោកទៅវិនិច្ឆ័យទោស
មកពីលោកគោរពប្រណិប័តន៍ព្រះអង្គឬ?
៥ ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់លោក
និងកំហុសដ៏ច្រើនឥតគណនារបស់លោក។
៦ លោកបានយករបស់បញ្ចាំ
ពីជនរួមជាតិរបស់លោកដោយឥតហេតុផល
ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ
ទុកឲ្យនៅខ្លួនទទេ។
៧ លោកពុំបានផ្តល់ទឹកទៅឲ្យអ្នកស្រេក
ហើយក៏ពុំបានផ្តល់អាហារ
ទៅឲ្យអ្នកឃ្លានដែរ។
៨ លោកប្រើអំណាចធ្វើជាម្ចាស់ទឹកដី
និងឲ្យបក្សពួករបស់លោក
កាន់កាប់ទឹកដី។
៩ លោកបណ្តេញស្ត្រីមេម៉ាយឲ្យចេញទៅ
ដោយដៃទទេ
ហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
១០ ហេតុនេះហើយបានជាមានអន្ទាក់
ឡោមព័ទ្ធលោកគ្រប់ទិសទី
មហន្តរាយធ្លាក់មកលើលោកយ៉ាងទាន់ហន់។
១១ ភាពងងឹតគ្របពីលើលោក
ធ្វើឲ្យលោកមើលអ្វីមិនឃើញ
ទឹកក៏កំពុងតែជន់លិចលោកដែរ។
១២ ព្រះជាម្ចាស់គង់នៅស្ថានដ៏ខ្ពស់បំផុត
សូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា!
១៣ លោកបែរជាពោលថា
“តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះ?
តើព្រះអង្គទតពពកដ៏ងងឹតធ្លុះដែរឬ?
១៤ ពេលព្រះអង្គយាងព័ទ្ធជុំវិញចក្រវាល
មានពពកដ៏ក្រាស់បាំងព្រះអង្គ
មិនឲ្យមើលឃើញអ្វីទាំងអស់”។
១៥ ហេតុអ្វីបានជាលោកចូលចិត្តដើរតាមផ្លូវចាស់
ជាផ្លូវដែលមនុស្សទុច្ចរិតធ្លាប់ដើរដូច្នេះ?
១៦ អ្នកទាំងនោះអន្តរាយមុនពេលកំណត់
ទឹកជន់ហូរនាំយកគ្រឹះរបស់គេបាត់ទៅ។
១៧ ពួកគេទូលព្រះជាម្ចាស់ថា
“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ!
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច
ធ្វើអ្វីយើងខ្ញុំឡើយ”។
១៨ ក៏ប៉ុន្តែ គឺព្រះអង្គហើយដែលប្រទានឲ្យ
ពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។
ខ្ញុំមិនអាចទទួលយកដំបូន្មាន
របស់មនុស្សអាក្រក់ទេ។
១៩ មនុស្សសុចរិត និងមនុស្សស្លូតត្រង់
ឃើញមនុស្សអាក្រក់វិនាស
គេនាំគ្នាសប្បាយរីករាយ
និងសើចចំអកឲ្យថា:
២០ “អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើង
វិនាសសូន្យបាត់ទៅហើយ
អ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។
២១ ដូច្នេះ សូមចុះសំរុងជាមួយព្រះជាម្ចាស់ទៅ
កុំចាត់ទុកព្រះអង្គជាបច្ចាមិត្តទៀតឡើយ
នោះព្រះអង្គនឹងប្រទានពរលោក។
២២ សូមទទួលយកដំបូន្មានរបស់ព្រះអង្គ
ហើយរក្សាព្រះបន្ទូលព្រះអង្គទុកនៅក្នុងចិត្ត។
២៣ ប្រសិនបើលោកវិលមករក
ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នោះព្រះអង្គនឹងលើកលោកឡើងវិញ។
សូមដកអំពើទុច្ចរិតចេញឆ្ងាយ
ពីទីលំនៅរបស់លោក។
២៤ សូមយកដុំមាសរបស់លោកទៅបោះចោល
ក្នុងធូលីដី
សូមយកមាសដ៏ល្អបំផុតទៅបោះចោល
ក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ
២៥ នោះព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នឹងទៅជាដុំមាស និងគំនរប្រាក់របស់លោក។
២៦ ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នឹងប្រទានឲ្យលោកមានអំណរសប្បាយ
ហើយលោកងើបមុខសម្លឹងទៅរកព្រះអង្គ។
២៧ ពេលលោកទូលអង្វរព្រះអង្គ
ព្រះអង្គនឹងឆ្លើយតបមកលោកវិញ
ហើយលោកនឹងថ្វាយតង្វាយ
តាមពាក្យដែលលោកបន់។
២៨ ពេលលោកសម្រេចចិត្តធ្វើការអ្វីមួយ
ការនោះនឹងកើតជារូបរាងឡើង
ផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
២៩ ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួត
តែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។
៣០ សូម្បីតែមនុស្សមានទោសក៏ព្រះអង្គរំដោះដែរ
ដូច្នេះ ព្រះអង្គនឹងរំដោះលោក
តាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។
២៣
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកអេលីផាស: ព្រះអង្គមិនព្រមចរចាជាមួយខ្ញុំទេ!
១ លោកយ៉ូបឆ្លើយវិញថា៖
២ «នៅថ្ងៃនេះទៀត
ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្តី
ក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀត។
៣ បើខ្ញុំដឹងថា ព្រះអង្គនៅទីណា
បើខ្ញុំអាចទៅដល់កន្លែងដែលព្រះអង្គគង់នៅ
៤ នោះខ្ញុំនឹងនាំសំណុំរឿងទៅទូលព្រះអង្គ
ខ្ញុំនឹងថ្លែងប្រាប់ព្រះអង្គឲ្យអស់សេចក្ដី។
៥ ខ្ញុំមុខជាដឹងសេចក្ដីដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ
ព្រមទាំងយល់សេចក្ដីដែលព្រះអង្គ
សព្វព្រះហឫទ័យមានព្រះបន្ទូលមកខ្ញុំ។
៦ តើព្រះអង្គនឹងប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ
ដើម្បីចោទប្រកាន់ខ្ញុំឬ?
ទេ! ព្រះអង្គមុខជាស្ដាប់ខ្ញុំពុំខាន។
៧ ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះអង្គ
ព្រោះខ្ញុំជាមនុស្សទៀងត្រង់
ពេលនោះ ព្រះអង្គដែលជាចៅក្រមរបស់ខ្ញុំ
នឹងប្រកាសថា ខ្ញុំជាមនុស្សគ្មានទោស
រហូតតទៅ។
៨ ប្រសិនបើខ្ញុំទៅទិសខាងកើត
ព្រះអង្គមិនគង់នៅទីនោះទេ
ប្រសិនខ្ញុំទៅទិសខាងលិច
ក៏មិនឃើញព្រះអង្គនៅទីនោះដែរ។
៩ តើព្រះអង្គរវល់នៅទិសខាងជើងឬ
បានជាខ្ញុំមិនអាចឃើញព្រះអង្គ?
ឬមួយព្រះអង្គពួននៅទិសខាងត្បូង
ហើយខ្ញុំមិនអាចឃើញព្រះអង្គ។
១០ ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ
ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ
ព្រះអង្គមុខជាឃើញថា
ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
១១ ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គ
ខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ច
ឥតងាកចេញឡើយ។
១២ ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលព្រះអង្គបង្គាប់
ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គ
គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
១៣ ប្រសិនបើព្រះអង្គសម្រេចធ្វើការអ្វីមួយ
គ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់
ព្រះអង្គទេ
ព្រះអង្គចង់ធ្វើអ្វីមួយ ព្រះអង្គធ្វើការនោះ។
១៤ ព្រះអង្គវិនិច្ឆ័យទោសខ្ញុំយ៉ាងណា
ព្រះអង្គនឹងដាក់ទោសខ្ញុំយ៉ាងនោះ
ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត
ដែលព្រះអង្គគ្រោងទុកដែរ។
១៥ ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
ពេលណាខ្ញុំរិះគិតដូច្នេះ
ខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងៗ។
១៦ ព្រះអង្គបានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។
១៧ ទោះបីសេចក្ដីងងឹតនៅជុំវិញខ្ញុំ
ទោះបីភាពអន្ធការគ្របបាំងលើខ្ញុំ
ក៏ខ្ញុំមិននៅស្ងៀមដែរ។
២៤
ព្រះជាម្ចាស់បណ្តោយឲ្យមនុស្សអាក្រក់ធ្វើតាមចិត្ត
១ ហេតុអ្វីបានជាព្រះដ៏មាន
ឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្ស?
ហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះអង្គ
មិនឃើញព្រះអង្គរកយុត្តិធម៌ឲ្យ?
២ មនុស្សតែងតែលួចបង្ខិតបង្គោលរបង
គេលួចសត្វរបស់អ្នកដទៃយកទៅទុក
ក្នុងក្រោលរបស់ខ្លួន។
៣ គេជំរឹតយកលារបស់ក្មេងកំព្រា
គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ
ទុកជារបស់បញ្ចាំ។
៤ គេដេញជនក្រីក្រឲ្យចេញពីផ្លូវ
ហើយបង្ខំជនទុរគតនៅក្នុងស្រុក
ឲ្យរត់ពួនទាំងអស់គ្នា។
៥ ជនក្រីក្រទាំងនោះចេញទៅរកអាហារ
មកចិញ្ចឹមកូនចៅរបស់ខ្លួន
ដូចសត្វលាព្រៃ នៅវាលរហោស្ថាន។
៦ ពួកគេទៅរើសកួរស្រូវដែលជ្រុះនៅតាមស្រែ
និងបេះផ្លែទំពាំងបាយជូរដែលនៅសេសសល់
ក្នុងចម្ការរបស់មនុស្សអាក្រក់។
៧ នៅពេលយប់ ពួកគេដេកខ្លួនទទេ
គ្មានសម្លៀកបំពាក់
គ្មានភួយដណ្តប់នៅពេលរងា។
៨ រូបកាយរបស់ពួកគេទទឹកជោកទៅដោយ
ភ្លៀងដែលធ្លាក់នៅតាមភ្នំ
ហើយពួកគេគ្មានអ្វីជាជម្រក
ក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។
៩ មានអ្នកខ្លះទៀត ចាប់កូនក្មេងកំព្រា
ផ្ដាច់ចេញពីដោះម្ដាយ
ហើយយកកូនរបស់ជនក្រីក្រ
ទុកជារបស់បញ្ចាំ។
១០ ជនក្រីក្រទាំងនោះដើរខ្លួនទទេ
គ្មានសម្លៀកបំពាក់បិទបាំងកាយ
ហើយត្រូវគេបង្ខំឲ្យលីស្រូវ
តែគ្មានអ្វីបរិភោគ។
១១ ពួកគេចម្រាញ់ប្រេងអូលីវ
និងបញ្ជាន់ផ្លែទំពាំងបាយជូរឲ្យអ្នកដទៃ
តែខ្លួនឯងផ្ទាល់គ្មានអ្វីផឹក។
១២ អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ
ស្រែកអង្វរព្រះជាម្ចាស់ពីទីក្រុង
ប៉ុន្តែ ព្រះអង្គធ្វើព្រងើយ
មិនដាក់ទោសអ្នក
ដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
១៣ មានអ្នកខ្លះទៀតបះបោរប្រឆាំងនឹងពន្លឺ
ពួកគេមិនស្គាល់ផ្លូវរបស់ពន្លឺទេ
ហើយក៏មិនដើរនៅក្នុងមាគ៌ានៃពន្លឺដែរ។
១៤ ឃាតកក្រោកឡើងពីព្រលឹម
គេសម្លាប់ជនក្រីក្រ និងជនទុរគត
នៅពេលយប់ គេធ្វើជាចោរប្លន់។
១៥ មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិច
ពួកគេយកក្រណាត់បិទមុខ
កុំឲ្យនរណាមើលស្គាល់។
១៦ នៅពេលងងឹត ពួកគេចូលប្លន់ផ្ទះនានា
នៅពេលថ្ងៃ ពួកគេលាក់ខ្លួន
គឺពួកគេមិនស្គាល់ពន្លឺសោះឡើយ។
១៧ ពួកគេខ្លាចពន្លឺនៅពេលព្រឹក ដូចខ្លាចមច្ចុរាជ
ហើយចូលចិត្តតែភាពងងឹតអន្ធការ។
១៨ អស់លោកពោលថា “មនុស្សអាក្រក់
មុខជាត្រូវទឹកហូរនាំយកបាត់ទៅ
ដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសា
ហើយគេមិនចូលទៅក្នុងចម្ការ
ទំពាំងបាយជូរទៀតទេ។
១៩ ការរាំងស្ងួត និងកម្ដៅ
ធ្វើឲ្យទឹកកករលាយយ៉ាងណា
ស្ថានមនុស្សស្លាប់ក៏នឹងធ្វើឲ្យមនុស្សបាប
រលាយសូន្យយ៉ាងនោះដែរ។
២០ ម្ដាយបង្កើតរបស់គេនឹងភ្លេចគេ
ដង្កូវនឹងស៊ីសពគេ ទុកជាអាហារយ៉ាងឆ្ងាញ់
គ្មាននរណានឹកដល់គេទៀតទេ។
អំពើអាក្រក់នឹងត្រូវគេកាប់រំលំ
ដូចដើមឈើ!”។
២១ ពួកគេធ្វើបាបស្ត្រីអារ
ហើយគ្មានចិត្តមេត្តាដល់ស្ត្រីមេម៉ាយទេ។
២២ ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះចេស្ដា
ដកមនុស្សមានអំណាចចេញ
ពេលព្រះអង្គក្រោកឡើង ពួកគេគ្មានសង្ឃឹមថា
នឹងរស់តទៅទៀតឡើយ។
២៣ ព្រះអង្គបណ្តោយឲ្យពួកគេស្មានថា
ខ្លួនរស់នៅយ៉ាងសុខសាន្ត
ប៉ុន្តែ ព្រះអង្គទតមើលអំពើ
ដែលពួកគេប្រព្រឹត្តជានិច្ច។
២៤ ពួកគេបានថ្កើងឡើងតែមួយភ្លែត
រួចហើយវិនាសបាត់ទៅ
ពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទង
ហើយស្លោកអស់ទៅ
និងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។
២៥ បើពាក្យរបស់ខ្ញុំមិនពិតទេ
សូមតវ៉ា និងបង្ហាញថា
ខ្ញុំពិតជានិយាយខុសមែន»។
២៥
ប្រសាសន៍លើកទីបីរបស់លោកប៊ីលដាដ: អំណាចរបស់ព្រះជាម្ចាស់
១ លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា ពោលឡើងថា៖
២ «ព្រះជាម្ចាស់មានអំណាចគ្រប់គ្រង
ព្រះអង្គគួរឲ្យស្ញែងខ្លាច
ព្រះអង្គតាំងឲ្យមានសេចក្ដីសុខសាន្ត
នៅលើស្ថានដ៏ខ្ពស់បំផុត។
៣ គ្មាននរណាអាចរាប់ចំនួនកងពលរបស់
ព្រះអង្គទេ
ពន្លឺរបស់ព្រះអង្គចាំងដល់មនុស្សគ្រប់ៗគ្នា។
៤ ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត
នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឬ?
តើអ្នកដែលកើតចេញពីស្ត្រីអះអាងថា
ខ្លួនបរិសុទ្ធដូចម្ដេចកើត?
៥ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
សូម្បីតែព្រះច័ន្ទក៏បាត់រស្មី
ហើយហ្វូងតារាក៏មិនភ្លឺទៅហើយ
៦ ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ
ហើយកូនមនុស្សដែលមិនខុសពីជន្លេន
តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។
២៦
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកប៊ីលដាដ: លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន!
១ លោកយ៉ូបឆ្លើយវិញថា៖
២ «លោកប៉ិនប្រសប់ជួយ
អ្នកដែលគ្មានកម្លាំងមែន!
លោកប៉ិនប្រសប់ជួយស្រោចស្រង់
មនុស្សទន់ខ្សោយ!
៣ លោកក៏ប៉ិនប្រសប់ជួយយោបល់
អ្នកដែលគ្មានប្រាជ្ញាដែរ!
លោកពូកែណែនាំគេឲ្យចេះរិះគិតណាស់!
៤ តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា?
នរណាបណ្តាលចិត្តលោកឲ្យថ្លែងដូច្នេះ?
អំណាចរបស់ព្រះជាម្ចាស់
៥ អស់អ្នកដែលស្លាប់ទៅហើយ
នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ
និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។
៦ ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះព្រះភ័ក្ត្រ
របស់ព្រះអង្គឡើយ
ព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។
៧ ព្រះអង្គលាតត្រដាងទិសឧត្តរនៅលើអាកាស
ព្រះអង្គព្យួរផែនដីនៅលើលំហ។
៨ ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក
តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។
៩ ព្រះអង្គលាតត្រដាងពពក
បាំងបល្ល័ង្ករបស់ព្រះអង្គ។
១០ ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹក
ត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។
១១ សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុត
នៅពេលឮព្រះអង្គស្រែកគំរាម។
១២ ព្រះអង្គបង្ក្រាបសមុទ្រ
ដោយសារព្រះចេស្ដារបស់ព្រះអង្គ។
ព្រះអង្គកម្ទេចសត្វដ៏សម្បើមនៅក្នុងសមុទ្រ
ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
១៣ ព្រះអង្គធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ
ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ
ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន
ដោយសារព្រះហស្ដរបស់ព្រះអង្គ។
១៤ នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ
ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ
ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ
តើនរណាអាចស្វែងយល់បាន?»។
២៧
មនុស្សមានទោសមិនអាចអង្វរករព្រះអង្គទេ
១ លោកយ៉ូបរៀបរាប់សាជាថ្មី
ដូចតទៅ៖
២ «ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់
ដែលមានព្រះជន្មគង់នៅ!
ព្រះអង្គមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើ
ឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
៣ ដរាបណាខ្ញុំនៅមានដង្ហើមចេញចូល
ហើយខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់
ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ
៤ នោះមាត់របស់ខ្ញុំនឹងមិនស្រដីចេញមក
នូវពាក្យអាក្រក់
ហើយអណ្ដាតរបស់ខ្ញុំក៏មិនថ្លែង
ពាក្យវៀចវេរដែរ។
៥ ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា
ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ
រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា
ខ្ញុំមានទោសឡើយ។
៦ ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំសុចរិត
ដរាបណាខ្ញុំមានជីវិត
មនសិការរបស់ខ្ញុំមិនចោទប្រកាន់ខ្ញុំទេ។
៧ សូមឲ្យខ្មាំងសត្រូវរបស់ខ្ញុំ
ទទួលទោសដូចមនុស្សអាក្រក់
សូមឲ្យអស់អ្នកដែលប្រឆាំងនឹងខ្ញុំ
ទទួលទោសដូចមនុស្សទុច្ចរិត។
៨ ពេលព្រះជាម្ចាស់លុបបំបាត់មនុស្សទមិឡ
ព្រះអង្គដកជីវិតរបស់គេ
តើគេនៅមានសង្ឃឹមអ្វីទៀត?
៩ ពេលគេជួបនឹងភ័យអាសន្ន
តើព្រះជាម្ចាស់ស្ដាប់សម្រែករបស់គេឬទេ?
១០ តើគេយកព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ?
តើគេអង្វររកព្រះជាម្ចាស់
គ្រប់ពេលវេលាឬទេ?
១១ ខ្ញុំសូមបង្ហាញឲ្យអស់លោកស្គាល់
ឫទ្ធានុភាពរបស់ព្រះជាម្ចាស់
ខ្ញុំនឹងមិនលាក់គម្រោងការរបស់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតឡើយ។
១២ អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ
ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ
ទាំងអស់គ្នាដូច្នេះ?
ការចម្រុងចម្រើនដែលមិននៅស្ថិតស្ថេរ
១៣ មនុស្សអាក្រក់ មនុស្សឃោរឃៅ
ទទួលចំណែកមត៌កពីព្រះជាម្ចាស់ដូចតទៅ:
១៤ ប្រសិនបើគេមានកូនចៅច្រើន
កូនចៅទាំងនោះនឹងស្លាប់ដោយមុខដាវ
ពូជពង្សរបស់គេគ្មានអាហារ
បរិភោគគ្រប់គ្រាន់ឡើយ។
១៥ កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់
ដោយជំងឺរាតត្បាត
ប្រពន្ធរបស់គេដែលនៅមេម៉ាយ
នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។
១៦ ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដី
ហើយសម្លៀកបំពាក់គរដូចភ្នំ
១៧ គេបានត្រឹមតែប្រមូលប៉ុណ្ណោះ
តែមនុស្សសុចរិតនឹងប្រើសម្លៀកបំពាក់នោះ
ហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។
១៨ ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ
ឬដូចខ្ទមរបស់ឆ្មាំចម្ការ។
១៩ ពេលចូលដំណេក គេជាអ្នកមាន
ប៉ុន្តែ នេះជាលើកចុងក្រោយហើយ
ដ្បិតពេលភ្ញាក់ឡើង
គេបាត់បង់ទ្រព្យសម្បត្តិអស់។
២០ ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់
ហើយនៅពេលយប់
ខ្យល់កួចនាំយកគេបាត់ទៅ។
២១ ខ្យល់ពីទិសខាងកើតបក់មក
កន្ត្រាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។
២២ ខ្យល់នោះបក់បោកទៅលើគេឥតត្រាប្រណី
ធ្វើឲ្យគេខិតខំរត់គេចចេញ។
២៣ អ្នកដទៃឃើញដូច្នេះក៏ទះដៃហ៊ោ
ហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែង
ដែលគេធ្លាប់រស់នៅ។
២៨
អាថ៌កំបាំងនៃប្រាជ្ញា
១ មានអណ្ដូងរ៉ែ សម្រាប់ជីកយកប្រាក់
ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។
២ គេយកដែកចេញពីដី
ហើយយកលង្ហិនចេញពីថ្ម។
៣ មនុស្សចុះរហូតទៅដល់ទីងងឹត ជីករកថ្ម
ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។
៤ គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ
មនុស្សដើរខាងលើក៏មិនដឹង
គេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ
ហើយយោលចុះយោលឡើងនៅទីនោះ
ឆ្ងាយពីស្រុកភូមិ។
៥ ដីតែងតែផ្តល់អាហារដល់មនុស្ស
តែនៅខាងក្រោម
ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។
៦ គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី
ហើយរកបានមាសក្នុងធូលីដី។
៧ សត្វត្មាតមិនស្គាល់ច្រកចូលទៅ
ក្នុងអណ្ដូងរ៉ែនោះទេ
ហើយសត្វរអាតក៏មើលមិនឃើញដែរ។
៨ សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ
សត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។
៩ មនុស្សជីកយកថ្មដ៏រឹង
ហើយរំលើងភ្នំរហូតដល់ឫសរបស់វា។
១០ គេចោះរូងនៅក្នុងថ្មដា
ហើយឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។
១១ គេទប់ប្រភពទឹកឲ្យរីងស្ងួត
ហើយនាំយកអ្វីៗដែលលាក់កំបាំង
មកដាក់ក្រោមពន្លឺ។
១២ រីឯប្រាជ្ញាវិញ តើគេអាចរកបាននៅឯណា?
តើការយល់ដឹងស្ថិតនៅកន្លែងណា?
១៣ មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ
ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។
១៤ ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ”
មហាសមុទ្រពោលថា
“ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ”
១៥ គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា
ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។
១៦ គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ
កែវមរកត ពេជ្រ
ឬត្បូងកណ្ដៀងឡើយ។
១៧ គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ
ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ
ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។
១៨ ផ្កាថ្ម និងគុជ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន
ហើយមានប្រាជ្ញាប្រសើរជាងមាន
កែវមុក្ដាទៅទៀត។
១៩ ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូច
ទៅនឹងប្រាជ្ញា
ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង
ជាមួយមាសទេ។
២០ ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណា
តើការយល់ដឹងស្ថិតនៅកន្លែងណា?
២១ មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ
រីឯសត្វដែលហើរនៅលើមេឃ
ក៏មិនអាចមើលឃើញដែរ។
២២ រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា
“យើងបានឮគេនិយាយពីប្រាជ្ញា”។
២៣ មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវ
ហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា
២៤ ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ
ទីដាច់ស្រយាលនៃផែនដី
និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
២៥ ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់
និងទំហំរបស់សមុទ្រ
២៦ ពេលណាព្រះអង្គកំណត់ច្បាប់មួយ
សម្រាប់ទឹកភ្លៀង
ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គរ
រួចស្រេចហើយ
២៧ ព្រះអង្គក៏ទតឃើញប្រាជ្ញា
ព្រះអង្គលើកតម្លៃប្រាជ្ញានោះ
ព្រះអង្គតាំងប្រាជ្ញាឡើង
ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។
២៨ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូល
មកកាន់មនុស្សលោកថា:
“ការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រាជ្ញា
ការងាកចេញពីអំពើអាក្រក់ជាការយល់ដឹង”»។
២៩
លោកយ៉ូបរំឭកពីគ្រាដែលលោកបានរុងរឿង
១ លោកយ៉ូបរៀបរាប់សាជាថ្មី
ដូចតទៅ៖
២ «ខ្ញុំប្រាថ្នាឲ្យបានដូចកាលពីមុន
គឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំ
៣ នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ
ហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំ
ឲ្យដើរកាត់ភាពងងឹត។
៤ ពេលខ្ញុំកំពុងតែចម្រុងចម្រើននោះ
ព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំ
ព្រះអង្គជួយការពារក្រុមគ្រួសាររបស់ខ្ញុំ។
៥ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
គង់នៅជាមួយខ្ញុំ
ហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។
៦ ហ្វូងសត្វរបស់ខ្ញុំផ្តល់ទឹកដោះឲ្យខ្ញុំ
យ៉ាងបរិបូណ៌
ចម្ការអូលីវរបស់ខ្ញុំ
ផ្តល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។
៧ ពេលខ្ញុំចេញទៅមាត់ទ្វារក្រុង
អង្គុយកាត់ក្តីក្នុងចំណោមពួកព្រឹទ្ធាចារ្យ
៨ ពួកយុវជនឃើញខ្ញុំ គេនាំគ្នាដកខ្លួនថយ
ពួកចាស់ទុំនាំគ្នាក្រោកឈរ។
៩ ពួកមេដឹកនាំឈប់និយាយ
យកដៃខ្ទប់មាត់ ហើយនៅស្ងៀម
១០ ពួកអភិជនក៏នៅស្ងៀមស្ងាត់
មិនហ៊ាននិយាយស្តីទេ។
១១ ពេលមនុស្សម្នាឮខ្ញុំនិយាយ គេឲ្យពរខ្ញុំ
ពេលគេឃើញខ្ញុំ គេពោលសរសើរខ្ញុំ
១២ ដ្បិតពេលមនុស្សវេទនាស្រែកអង្វរ
ខ្ញុំជួយយកអាសាគេ
ហើយខ្ញុំក៏បានជួយក្មេងកំព្រា គ្មានទីពឹងដែរ។
១៣ អ្នកដែលហៀបនឹងស្លាប់ តែងឲ្យពរខ្ញុំ
ហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយ
ឲ្យមានអំណរសប្បាយ។
១៤ សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំ
ប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំ
ហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំ
និងឆ្នួតក្បាលរបស់ខ្ញុំដែរ។
១៥ ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់
និងជាជើងរបស់មនុស្សខ្វិន។
១៦ ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ
ហើយជួយរកខុសត្រូវឲ្យមនុស្ស
ដែលខ្ញុំពុំស្គាល់ផង។
១៧ ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត
ដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។
១៨ ពេលនោះ ខ្ញុំគិតថា ខ្ញុំមុខជាមានអាយុវែង
ហើយខ្ញុំនឹងស្លាប់ក្នុងទីលំនៅដ៏កក់ក្ដៅរបស់ខ្ញុំ។
១៩ ខ្ញុំប្រៀបដូចជាដើមឈើ
ដែលមានឫសចាក់ទៅរកទឹក
ហើយនៅពេលយប់ មានសន្សើមធ្លាក់
មកលើមែក។
២០ ខ្ញុំនឹងទទួលកិត្តិយសមិនចេះចប់
កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសាជាថ្មី
ដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។
២១ មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ
ពេលខ្ញុំផ្តល់យោបល់ គេនៅស្ងៀមស្ងាត់។
២២ អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ
គ្មាននរណាប្រកែកតវ៉ាទេ
តែពួកគេទទួលយកទាំងអស់គ្នា។
២៣ ពួកគេរង់ចាំខ្ញុំ ដូចរង់ចាំទឹកភ្លៀង
គឺដូចអ្នកស្រែទន្ទឹងរង់ចាំភ្លៀងចុងរដូវ។
២៤ ពេលខ្ញុំញញឹមដាក់ពួកគេ
ពួកគេរកជឿមិនបាន។
ពួកគេរង់ចាំខ្ញុំសម្ដែងចិត្តមេត្តាករុណា
ចំពោះពួកគេ។
២៥ ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ
ខ្ញុំនឹងបង្ហាញផ្លូវពួកគេ
ហើយខ្ញុំស្ថិតនៅជាមួយពួកគេ
ដូចស្តេចស្ថិតនៅជាមួយកងពលរបស់ខ្លួន
និងដូចមនុស្សម្នាក់លើកទឹកចិត្ត
អស់អ្នកដែលកើតទុក្ខ។
៣០
ទុក្ខលំបាករបស់លោកយ៉ូប
១ ឥឡូវនេះ អស់អ្នកដែលនៅក្មេង
ជាងខ្ញុំ សើចចំអកឲ្យខ្ញុំ!
ឪពុករបស់អ្នកទាំងនោះសុទ្ធតែជា
មនុស្សប្រើការមិនកើត
សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ
ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
២ អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ
ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។
៣ ដោយខ្វះខាត និងឃ្លានខ្លាំងពេក
ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន
រាំងស្ងួតតាំងពីយូរយារមកហើយ។
៤ ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត
យកមកធ្វើជាអាហារ
សូម្បីតែមើមក្តួច ក៏ពួកគេបរិភោគដែរ។
៥ មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន
ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
៦ ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ
នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច
និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
៧ ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុ
ហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
៨ អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់
ឥតពូជ ឥតអំបូរ
ហើយត្រូវប្រជាជនដេញចេញពីស្រុក។
៩ ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នា
ច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។
១០ ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំ
ពួកគេមិនញញើតនឹងស្តោះទឹកមាត់
ដាក់ខ្ញុំឡើយ។
១១ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ
ព្រះអង្គបន្ទាបបន្ថោកខ្ញុំ
ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ
តាមចិត្តរបស់ពួកគេ។
១២ ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្តាំ
ពួកគេទាត់ជើងខ្ញុំ
ហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំ។
១៣ ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួច
ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស
ដោយមិនបាច់មាននរណាជួយពួកគេឡើយ។
១៤ ពួកគេលើកគ្នាសម្រុកមកលើខ្ញុំ
ដូចកងទ័ពទម្លុះកំពែង
សម្រុកចូលវាយក្រុងមួយ។
១៥ ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ
កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់
ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
១៦ ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់
គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។
១៧ នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំ
ឥតមានពេលល្ហែសោះឡើយ
១៨ ការឈឺចាប់នេះមានកម្រិតខ្លាំងពេក
រហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំ
ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
១៩ ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំ
ខ្ញុំមិនខុសពីធូលីដី និងផេះទេ។
២០ ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយ
តែព្រះអង្គមិនឆ្លើយមកទូលបង្គំទេ
ពេលទូលបង្គំក្រោកឈរ
ព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
២១ ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ
ព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមី
ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
២២ ព្រះអង្គលើកទូលបង្គំឡើង
ហើយឲ្យខ្យល់ផាត់ទូលបង្គំយកទៅ
ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក
មកលើទូលបង្គំផង។
២៣ ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំ
ទៅរកសេចក្ដីស្លាប់
គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
២៤ អ្នកដែលកំពុងតែវិនាស និងមានអាសន្ន
តែងតែលើកដៃអង្វរឲ្យគេជួយ។
២៥ ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក
រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក
ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់
កំសត់ទុរគតទេឬ?
២៦ ខ្ញុំសង្ឃឹមថាបានសុភមង្គល
តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ
ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា
កើតមានដល់ខ្ញុំទៅវិញ។
២៧ ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរ
ទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។
២៨ មុខខ្ញុំឡើងខ្មៅ
តែមិនមែនដោយសារកម្ដៅថ្ងៃទេ
ខ្ញុំក្រោកឈរនៅទីប្រជុំជន
ស្រែកហៅគេឲ្យជួយ។
២៩ ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ
និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។
៣០ ស្បែករបស់ខ្ញុំឡើងខ្មៅ
គ្រុនក្ដៅឆាបឆេះរហូតដល់ឆ្អឹងរបស់ខ្ញុំ។
៣១ ពិណរបស់ខ្ញុំលេងបានតែបទទំនួញ
សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ
អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។
៣១
លោកយ៉ូបប្រកាសខ្លួនលោកថាជាមនុស្សស្លូតត្រង់
១ ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា
ខ្ញុំនឹងមិនសម្លឹងមើលទៅ
ស្ត្រីក្រមុំណាម្នាក់
ដោយចិត្តស្រើបស្រាលឡើយ។
២ ដូច្នេះ តើព្រះជាម្ចាស់បម្រុងរង្វាន់អ្វី
ពីស្ថានលើទុកសម្រាប់ខ្ញុំ?
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ?
៣ មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនា
អស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។
៤ ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ
ហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។
៥ ខ្ញុំពុំដែលបោកប្រាស់គេ
ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។
៦ សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីង
ដ៏ត្រឹមត្រូវចុះ
នោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។
៧ ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ
ប្រសិនបើចិត្តខ្ញុំបណ្តោយឲ្យភ្នែកអូសទាញ
ប្រសិនបើមានអំពើសៅហ្មងណាមួយ
នៅជាប់នឹងដៃរបស់ខ្ញុំ
៨ នោះពេលខ្ញុំសាបព្រោះអ្វី
សូមឲ្យអ្នកផ្សេងមកទទួលយកផល
ហើយរំលើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
៩ ប្រសិនបើចិត្តខ្ញុំវង្វេង ព្រោះតែស្ត្រីណាម្នាក់
ប្រសិនបើខ្ញុំឃ្លាំមើលប្ដីគេមិននៅផ្ទះ
១០ នោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេង
ហើយឲ្យគេរួមរ័កជាមួយនាងទៅចុះ
១១ ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត
ជាអំពើដែលចៅក្រមត្រូវដាក់ទោស។
១២ អំពើនេះប្រៀបបាននឹងភ្លើង
ឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាស
ហើយអាចឆេះកម្ទេចអ្វីៗទាំងអស់
ដែលខ្ញុំមាន។
១៣ ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រី
នៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
១៤ ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោស
តើឲ្យខ្ញុំធ្វើដូចម្ដេច
ពេលព្រះអង្គសួរចម្លើយ
តើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
១៥ ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា
ព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមក
យ៉ាងនោះដែរ
គឺព្រះតែមួយដែលបានសូនយើង
ក្នុងផ្ទៃម្ដាយដូចគ្នា។
១៦ ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ
ខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។
១៧ ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង
ដោយឥតចែកឲ្យក្មេងកំព្រាទេ
១៨ គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេ
ហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមក
ខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។
១៩ ពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់
ហើយឃើញជនទុរគតខ្វះភួយដណ្តប់
២០ ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយ
និងឲ្យរោមចៀមទៅគេដណ្តប់
ហើយគេក៏ដឹងគុណខ្ញុំ។
២១ ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រា
ដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ
២២ សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា
ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ
ដាច់ចេញពីកែងដៃទៅចុះ!
២៣ ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់
ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង
របស់ព្រះអង្គឡើយ។
២៤ ខ្ញុំមិនដែលផ្ញើជីវិតលើមាស
ហើយយកមាសសុទ្ធធ្វើជាទីពឹងទេ។
២៥ ខ្ញុំក៏គ្មានអំនួត ព្រោះតែទ្រព្យសម្បត្តិស្តុកស្តម្ភ
ដែលខ្ញុំរកបាននោះដែរ។
២៦ ពេលសម្លឹងមើលទៅព្រះអាទិត្យ
ដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច
ហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់
២៧ ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរព
ថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។
២៨ ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោស
ព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់
ដែលគង់នៅស្ថានដ៏ខ្ពស់។
២៩ ខ្ញុំមិនដែលសប្បាយចិត្ត
ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា
ហើយខ្ញុំក៏មិនដែលលោតកព្ឆោង
ពេលឃើញគេជួបអន្តរាយឡើយ។
៣០ ខ្ញុំមិនដែលបណ្តោយខ្លួនឲ្យមានបាប
ព្រោះតែពាក្យសម្ដី
គឺខ្ញុំមិនដែលដាក់បណ្ដាសាគេ
ប្រាថ្នាឲ្យគេស្លាប់នោះឡើយ។
៣១ អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំ
តែងតែពោលថា ខ្ញុំឲ្យអាហារ
ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
៣២ តាមពិត ខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំ
ទទួលអ្នកដំណើរ
ទោះបីខ្ញុំមិនស្គាល់គេក្តី ក៏ខ្ញុំមិនទុកឲ្យគេ
ដេកនៅខាងក្រៅផ្ទះឡើយ។
៣៣ ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំ
ដូចមនុស្សឯទៀតៗ
ដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
៣៤ ខ្ញុំមិនដែលខ្លាចបណ្តាជនត្មះតិះដៀល
ខ្លាចគ្រួសារឯទៀតៗមាក់ងាយ
ហើយខ្ញុំក៏មិនដែលសំងំនៅស្ងៀម
មិនហ៊ានចេញពីផ្ទះដែរ។
៣៥ ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ
ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ!
សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ឆ្លើយតបមកខ្ញុំផង!
រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក
ដើម្បីចោទប្រកាន់ខ្ញុំ
៣៦ ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំ
ហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។
៣៧ ខ្ញុំនឹងទូលព្រះអង្គនូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្ត
ខ្ញុំនឹងចូលទៅជិតព្រះអង្គ ដោយឥតអាម៉ាស់។
៣៨ ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ
ប្រសិនបើគន្លងនង្គ័លនាំគ្នាយំសោក
៣៩ ប្រសិនបើខ្ញុំបរិភោគផល
ដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់
ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត
៤០ នោះសូមឲ្យមានតែបន្លា និងស្រងែ
ដុះនៅក្នុងស្រែជំនួសស្រូវ»។
- ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ -
៣២
អន្តរាគមន៍របស់លោកអេលីហ៊ូ
ប្រសាសន៍របស់លោកអេលីហ៊ូ
១ កាលមិត្តភក្ដិទាំងបីរូបរបស់លោកយ៉ូបឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅលោកវិញ។ ២ ពេលនោះ លោកអេលីហ៊ូ ជាកូនរបស់លោកបារ៉ាកែល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្តើមខឹងជាខ្លាំង។ គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់។ ៣ គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន។ ៤ ដោយលោកអេលីហ៊ូក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។ ៥ ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។
៦ លោកអេលីហ៊ូ ជាកូនរបស់លោកបារ៉ាកែល ក្នុងអំបូរប៊ូស ពោលឡើងថា៖
«ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ
ហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រ
មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។
៧ ខ្ញុំតែងគិតថា មនុស្សមានអាយុវែង
រមែងប្រសប់និយាយ
អ្នករស់បានច្រើនឆ្នាំប្រសប់ផ្តល់យោបល់។
៨ ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស
គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ
ទើបផ្តល់ឲ្យគេយល់ដឹងបាន។
៩ រស់បានច្រើនឆ្នាំមិនផ្តល់ឲ្យមនុស្ស
មានប្រាជ្ញាឡើយ
ហើយមនុស្សចាស់ជរាក៏មិនស្គាល់
ការវិនិច្ឆ័យដែរ។
១០ ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដង
ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។
ខ្ញុំបានរង់ចាំអស់លោកមានប្រសាសន៍
រហូតដល់ចប់
១១ ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ
ដែលអស់លោកថ្លែង
រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
១២ ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក
ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក
ជជែកឈ្នះលោកយ៉ូប
ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ!
១៣ ហេតុនេះ សូមកុំអះអាងថា
អស់លោករកបានប្រាជ្ញានោះឡើយ។
មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាច
តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។
១៤ លោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ
ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ
តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។
១៥ លោកយ៉ូបអើយ
លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ
ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។
១៦ ខ្ញុំរង់ចាំដែរ តែមិនឃើញពួកគាត់និយាយទេ
ដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះ
១៧ ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដង
ខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។
១៨ ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ
គឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀម
ទៀតឡើយ។
១៩ ប្រសិនបើខ្ញុំមិននិយាយទេ
ចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក
ដែលដាក់ស្រាទំពាំងបាយជូរថ្មី។
២០ ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង
ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។
២១ ខ្ញុំមិនរើសមុខនរណាឡើយ
ហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។
២២ ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ
បើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជា
ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។
៣៣
ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈទុក្ខលំបាក
១ លោកយ៉ូបអើយ
សូមស្ដាប់សេចក្ដីដែលខ្ញុំថ្លែង
នៅពេលនេះចុះ
សូមត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ!
២ ខ្ញុំរៀបចំពាក្យសម្ដី
ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។
៣ ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្ត
ខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។
៤ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើង
ខ្យល់ដង្ហើមរបស់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ធ្វើឲ្យខ្ញុំរស់រានមានជីវិត។
៥ សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន
សូមរកហេតុផលតទល់នឹងខ្ញុំចុះ!
៦ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
ខ្ញុំមិនខុសពីលោកទេ
ព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។
៧ ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ
ហើយក៏កុំនឹកស្មានថា
ខ្ញុំចង់យកអំណាច
មកគាបសង្កត់លោកឲ្យសោះ។
៨ ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់
ហើយខ្ញុំចងចាំឥតភ្លេចឡើយ
៩ គឺលោកពោលថា:
“ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប
ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
១០ តែព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំ
ព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។
១១ ព្រះអង្គដាក់ខ្នោះជើងខ្ញុំ
ព្រះអង្គឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំ”។
១២ លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេ
ចាំខ្ញុំពន្យល់លោក
ដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។
១៣ ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថា
ព្រះអង្គមិនឆ្លើយតបនឹងពាក្យ
របស់លោកដូច្នេះ?
១៤ ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗ
តែគ្មាននរណាចាប់អារម្មណ៍ទេ។
១៥ ព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្ដិ
តាមរយៈសុបិននិមិត្តនារាត្រីកាល
ក្នុងពេលដែលមនុស្សកំពុងតែដេក
លង់លក់មិនដឹងខ្លួន។
១៦ ព្រះអង្គក៏សម្ដែងឲ្យគេស្គាល់
ព្រះហឫទ័យរបស់ព្រះអង្គ
ព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គ
ឲ្យគេយល់យ៉ាងច្បាស់ផង។
១៧ ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាក
ចេញពីអំពើអាក្រក់
ហើយការពារមនុស្សកុំឲ្យមានអំនួត
១៨ ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅ
និងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។
១៩ ព្រះជាម្ចាស់ក៏វាយប្រដៅមនុស្សតាមរយៈ
ការឈឺចាប់ដែរ
គឺនៅពេលដែលគេដេកឈឺចុកចាប់
សព្វសព៌ាង្គកាយ។
២០ ពេលនោះ គេបរិភោគអាហារលែងកើត
ហើយក៏លែងនឹកឃ្លានម្ហូបចំណីទៀតដែរ។
២១ រូបកាយរបស់គេកាន់តែស្គមទៅៗ
នៅសល់តែស្បែក និងឆ្អឹង។
២២ គេកាន់តែខិតជិតរណ្ដៅ
ជីវិតរបស់គេ ក៏ខិតទៅជិតមច្ចុរាជដែរ។
២៣ ក៏ប៉ុន្តែ ប្រសិនបើមានទេវទូតមួយរូប
ក្នុងចំណោមទេវទូតមួយពាន់
មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ
ស្គាល់ផ្លូវត្រឹមត្រូវ
២៤ ព្រះជាម្ចាស់មុខជាលើកលែងទោសឲ្យគេ
ដ្បិតទេវទូតអង្វរថា:
“សូមដោះលែងអ្នកនេះទៅ
កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ
ទូលបង្គំរកបានហេតុផល
ដើម្បីរំដោះគេហើយ!”។
២៥ ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជា
ស្រស់ស្អាតដូចគ្រានៅពីក្មេង
ហើយគេនឹងបានដូចគ្រានៅវ័យជំទង់។
២៦ ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេ
គេចូលទៅគាល់ព្រះអង្គដោយអំណរ
ព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។
២៧ ពេលនោះ គេនឹងច្រៀង
នៅចំពោះមុខមនុស្សម្នាថា:
“ខ្ញុំបានប្រព្រឹត្តអំពើបាប
ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ
តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ
ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
២៨ ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់
ទៅក្នុងរណ្ដៅ
ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។
២៩ ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរ
ឬបីលើក ចំពោះមនុស្ស
៣០ ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅ
ហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។
៣១ លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ!
សូមលោកនៅស្ងៀមទៅ
ទុកឲ្យខ្ញុំនិយាយម្ដង!
៣២ ប្រសិនបើលោកចង់ឆ្លើយ
សូមឆ្លើយមកចុះ!
សូមមានប្រសាសន៍មក
ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។
៣៣ បើគ្មានទេ សូមស្ដាប់ខ្ញុំ!
សូមនៅស្ងៀមទៅ
ខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា»។
៣៤
ព្រះជាម្ចាស់មិនប្រព្រឹត្តអំពើទុច្ចរិតឡើយ
១ លោកអេលីហ៊ូមានប្រសាសន៍
ទៀតថា៖
២ «អស់អ្នកដែលមានប្រាជ្ញាអើយ
សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ!
អស់អ្នកដែលចេះដឹងអើយ
សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ!
៣ ដ្បិតត្រចៀកស្ដាប់យល់ពាក្យសម្ដី
ដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។
៤ យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ
ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។
៥ លោកយ៉ូបមានប្រសាសន៍ថា៖
«ខ្ញុំជាមនុស្សសុចរិត
តែព្រះជាម្ចាស់មិនព្រមរកយុត្តិធម៌
ឲ្យខ្ញុំទេ។
៦ ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវ
ក៏ព្រះអង្គចាត់ទុកខ្ញុំជាមនុស្សកុហកដែរ
របួសរបស់ខ្ញុំពុំអាចព្យាបាលបានទេ
តែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។
៧ តើមាននរណាម្នាក់ដូចលោកយ៉ូបទេ
គាត់ពោលពាក្យប្រមាថយ៉ាងងាយ
ដូចគេផឹកទឹក។
៨ គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិត
ហើយដើរជាមួយមនុស្សអាក្រក់
៩ ដ្បិតគាត់ពោលថា តើមនុស្សខិតខំ
ផ្គាប់ផ្គុនព្រះជាម្ចាស់បានប្រយោជន៍អ្វី។
១០ «ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ
សូមនាំគ្នាស្ដាប់ខ្ញុំ!
ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ
ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
១១ ព្រះអង្គតបស្នងចំពោះមនុស្សលោក
តាមអំពើដែលខ្លួនប្រព្រឹត្ត
ព្រះអង្គឲ្យម្នាក់ៗទទួលផល
តាមរបៀបដែលខ្លួនរស់នៅ។
១២ ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្ត
អំពើអាក្រក់ជាដាច់ខាត
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនប្រាសចាកយុត្តិធម៌ឡើយ។
១៣ តើនរណាប្រគល់អំណាចឲ្យព្រះអង្គ
គ្រប់គ្រងផែនដី?
តើនរណាប្រគល់ពិភពលោកទាំងមូល
មកឲ្យព្រះអង្គកាន់កាប់?
១៤ ប្រសិនបើព្រះជាម្ចាស់ខ្វល់ខ្វាយតែ
ចំពោះព្រះអង្គផ្ទាល់
ហើយបើព្រះអង្គដកយកព្រះវិញ្ញាណ
និងដង្ហើមជីវិតទៅវិញនោះ
១៥ សត្វលោកទាំងអស់នឹងត្រូវវិនាសជាមួយគ្នា
មនុស្សលោកនឹងវិលទៅជាធូលីដីវិញ។
១៦ ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំចុះ
សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំថ្លែង!
១៧ ប្រសិនបើព្រះជាម្ចាស់ស្អប់យុត្តិធម៌
តើព្រះអង្គគ្រប់គ្រងផែនដីកើតឬ?
តើលោកហ៊ានថ្កោលទោសព្រះដ៏សុចរិត
ជាព្រះដ៏ឧត្តុង្គឧត្ដមឬ?
១៨ មិនដែលមាននរណាហ៊ានបន្ទោសស្តេចថា
“មនុស្សពាល!”
ឬស្តីឲ្យអ្នកធំថា “មនុស្សទុយ៌ស!” ទេ
១៩ រីឯព្រះជាម្ចាស់វិញ
ព្រះអង្គមិនរើសមុខមេដឹកនាំឡើយ
ហើយព្រះអង្គក៏មិនយោគយល់អ្នកមាន
ជាងអ្នកក្រដែរ
ដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
២០ ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក
នៅពាក់កណ្ដាលអធ្រាត្រ
ប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅ
គេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
២១ ព្រះជាម្ចាស់ទតមើលផ្លូវដែលមនុស្សដើរ
ព្រះអង្គឃ្លាំមើលគ្រប់ជំហានរបស់គេ។
២២ គ្មានភាពងងឹត ឬភាពអន្ធការណា
បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
មិនឲ្យព្រះអង្គទតឃើញឡើយ។
២៣ ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យ
មុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្តី
របស់ព្រះអង្គឡើយ។
២៤ ព្រះអង្គផ្តួលរំលំអ្នកកាន់អំណាច
ដោយមិនបាច់សួរនាំ
ហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស
២៥ ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្ត
ព្រះអង្គផ្តួលរំលំពួកគេឲ្យធ្លាក់ពីអំណាច
ក្នុងពេលតែមួយយប់។
២៦ ព្រះអង្គវាយពួកគេនៅចំពោះមុខប្រជាជន
ដូចវាយជនទុច្ចរិត
២៧ ព្រោះពួកគេងាកចេញពីព្រះអង្គ
ហើយមិនចង់ស្វែងយល់អំពីមាគ៌ា
របស់ព្រះអង្គទេ។
២៨ ពួកគេធ្វើបាបជនទុរគត និងជនក្រីក្រ
រហូតដល់អ្នកទាំងនោះស្រែករកព្រះអង្គ
ហើយព្រះអង្គព្រះអង្គព្រះសណ្ដាប់សម្រែកនេះ។
២៩ ប្រសិនបើព្រះជាម្ចាស់សំងំនៅស្ងៀម
តើនរណាហ៊ានថ្កោលទោសព្រះអង្គ?
ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះ
តើនរណាមើលព្រះអង្គឃើញ?
ព្រះអង្គពិនិត្យមើលមនុស្សម្នាក់
ក៏ដូចជាប្រជាជាតិមួយដែរ
៣០ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យ
ជនពាលគ្រងរាជ្យ
ហើយធ្វើជាអន្ទាក់ដល់ប្រជារាស្ដ្រឡើយ។
៣១ បើមាននរណាម្នាក់ទូលព្រះជាម្ចាស់ថា:
“ទូលបង្គំបានរងទុក្ខទោសរួចស្រេចហើយ
ទូលបង្គំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។
៣២ សូមបង្ហាញកំហុសណាដែលទូលបង្គំ
មើលមិនឃើញ
ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិតនោះ
ទូលបង្គំរាងចាលហើយ”
៣៣ តាមយោបល់របស់លោក តើព្រះអង្គត្រូវ
ដាក់ទោសអ្នកពោលដូច្នេះឬទេ?
ខ្ញុំសួរបែបនេះ ព្រោះលោកជាអ្នកតិទៀន
គឺលោកទេតើដែលបានសម្រេចដូច្នេះ
មិនមែនខ្ញុំទេ
ហេតុនេះបើលោកដឹង សូមនិយាយមកចុះ!
៣៤ មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំ
មនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា
៣៥ លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវ
ពាក្យសម្ដីរបស់គាត់គ្មានខ្លឹមសារសោះ។
៣៦ សូមសួរចម្លើយលោកយ៉ូប
រហូតដល់ចប់ចុងចប់ដើម
ព្រោះគាត់និយាយដូចមនុស្សទុច្ចរិត!
៣៧ ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់
ពីលើអំពើបាបរបស់ខ្លួន
គឺគាត់ពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់
ហើយបង្កឲ្យមានការសង្ស័យ
ក្នុងចំណោមពួកយើង»។
៣៥
លោកអេលីហ៊ូចោទលោកយ៉ូបថានិយាយមិនបានការ
១ លោកអេលីហ៊ូមានប្រសាសន៍
ទៀតថា៖
២ «តើលោកស្មានថាលោកត្រូវទាំងស្រុងឬ?
តើលោកអាចពោលថា លោកសុចរិត
ជាងព្រះជាម្ចាស់ឬ?
៣ លោកបានទូលព្រះអង្គថា:
“បើទូលបង្គំមិនប្រព្រឹត្តអំពើបាបសោះ
នោះគ្មានប្រយោជន៍អ្វីសម្រាប់ព្រះអង្គទេ
ហើយទូលបង្គំក៏មិនចំណេញអ្វីដែរ!”។
៤ ខ្ញុំសូមឆ្លើយទៅលោក
ព្រមទាំងមិត្តភក្ដិរបស់លោកដូចតទៅ:
៥ សូមលោកសម្លឹងមើលទៅលើមេឃ
សូមមើលទៅពពក
ថាតើវាខ្ពស់ជាងលោកប៉ុនណា!
៦ បើលោកប្រព្រឹត្តអំពើបាប
តើលោកធ្វើឲ្យព្រះអង្គអំពល់យ៉ាងណា
បើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗ
តើព្រះអង្គខ្វល់ខ្វាយឬទេ?
៧ បើលោកជាមនុស្សសុចរិត
តើបានផលអ្វីចំពោះព្រះអង្គ?
តើព្រះអង្គទទួលអ្វីពីលោក?
៨ តាមពិត អំពើអាក្រក់ដែលលោកប្រព្រឹត្ត
ផ្តល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះ
ហើយអំពើសុចរិតដែលលោកប្រព្រឹត្ត
ក៏ផ្តល់ផលប្រយោជន៍សម្រាប់តែមនុស្សដែរ។
៩ ពេលណាមានការជិះជាន់សង្កត់សង្កិនច្រើន
មនុស្សតែងតែស្រែកថ្ងូរ
ហើយពេលណាអ្នកកាន់អំណាចប្រព្រឹត្ត
អំពើឃោរឃៅកាន់តែខ្លាំងឡើងៗ
មនុស្សតែងតែស្រែកហៅគេជួយ
១០ តែពុំមាននរណាម្នាក់ពោលថា:
“ព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំ
ហើយធ្លាប់ដាស់តឿនខ្ញុំ
ឲ្យស្មូត្រទំនុកតម្កើងនៅពេលរាត្រីនោះ
តើព្រះអង្គគង់នៅឯណា”?
១១ ព្រះអង្គប្រៀនប្រដៅឲ្យយើងមានចំណេះ
ជាងសត្វដែលរស់នៅលើដី
ព្រះអង្គប្រទានឲ្យយើងមានប្រាជ្ញា
ជាងបក្សាបក្សីដែលហើរនៅលើមេឃ។
១២ ពេលគេស្រែករកព្រះអង្គ
ព្រោះតែអំនួត និងអំពើអាក្រក់របស់គេ
ព្រះអង្គមិនឆ្លើយទេ
១៣ គេស្រែករកព្រះអង្គ
តែឥតបានផលអ្វីឡើយ
ព្រោះព្រះអង្គមិនព្រមស្ដាប់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនរវីរវល់នឹងគេទេ។
១៤ លោកពោលថា លោកមិនឃើញព្រះអង្គ
លោកបានផ្ញើសំណុំរឿងទៅព្រះអង្គ
ហើយលោកនៅរង់ចាំ។
១៥ លោកគិតថាព្រះអង្គមិនដាក់ទោស
ហើយព្រះអង្គក៏មិនចាប់ភ្លឹកនឹងការបះបោរ
របស់លោកដែរ។
១៦ អ្វីៗដែលលោកយ៉ូបនិយាយសុទ្ធតែឥតបានការ
លោកចេះតែពោលពាក្យសម្ដីឥតខ្លឹមសារ»។
៣៦
លោកអេលីហ៊ូពន្យល់ពីរបៀបដែលព្រះជាម្ចាស់ ប្រៀនប្រដៅមនុស្សលោក
១ លោកអេលីហ៊ូមានប្រសាសន៍
ទៀតថា៖
២ «សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹង
ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវថ្លែង
ក្នុងនាមព្រះជាម្ចាស់។
៣ ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន
ហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថា
ព្រះដែលបង្កើតខ្ញុំ ព្រះអង្គសុចរិត
៤ ដ្បិតសេចក្ដីដែលខ្ញុំថ្លែង
មិនមែនជាពាក្យបោកបញ្ឆោតទេ
ខ្ញុំនិយាយជាមួយលោក
ក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ!
៥ ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដម
មិនមើលងាយនរណាម្នាក់ឡើយ
ព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដម
ព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់។
៦ ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ
ហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យ
ជនទុរគតជានិច្ច។
៧ ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយ
ពីមនុស្សសុចរិតឡើយ
ព្រះអង្គប្រទានឲ្យគេគ្រងរាជ្យ
រួមជាមួយស្តេចនានា
ហើយប្រទានឲ្យរាជសម្បត្តិរបស់គេ
នៅស្ថិតស្ថេរ
ព្រមទាំងលើកតម្កើងគេថែមទៀតផង។
៨ ប៉ុន្តែ ប្រសិនបើគេជាប់ច្រវាក់
ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក
៩ គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់
អំពើដែលខ្លួនប្រព្រឹត្ត
នៅពេលមានអំនួត គេបានបះបោរ
ប្រឆាំងនឹងព្រះអង្គ។
១០ ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់
ស្ដាប់ដំបូន្មាន
ព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
១១ ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល
គេមុខជាមានសុភមង្គល និងអំណរសប្បាយ
រហូតដល់ថ្ងៃលាចាកលោកនេះទៅ។
១២ ប្រសិនបើគេមិនព្រមស្ដាប់ទេ
គេមុខជាត្រូវវិនាសដោយមុខលំពែង
គេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។
១៣ មនុស្សទមិឡរមែងចូលចិត្តកំហឹង
ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ
នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
១៤ គេស្លាប់ទៅ ទាំងខ្លួននៅក្មេង
គេបាត់បង់ជីវិតជាមួយពួកពេស្យាសក្ការៈ*។
១៥ ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុរគត
ដើម្បីរំដោះជនទុរគត
ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
១៦ ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី
ភាពអាសន្ននេះ
ព្រមទាំងប្រទានឲ្យលោក
បានចម្រុងចម្រើន
ហើយតុរបស់លោកនឹងពោរពេញដោយ
ចំណីអាហារដ៏ឆ្ងាញ់ពិសា។
១៧ ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់
លោកនឹងទទួលទោស ស្របតាមយុត្តិធម៌
ចៀសមិនផុតឡើយ។
១៨ សូមកុំបណ្តោយឲ្យកំហឹងទាក់ទាញលោក
រហូតដល់ទៅមាក់ងាយព្រះអង្គ
ហើយក៏កុំបណ្តោយឲ្យសំណូកដ៏ច្រើន
ទាក់ទាញលោកឲ្យវង្វេងដែរ!
១៩ ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក
ឲ្យរួចពីភាពអាសន្នបានទេ
រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក
ក៏ពុំអាចជួយលោកបានដែរ។
២០ កុំទន្ទឹងរង់ចាំរាត្រីកាល ជាពេលដែល
ជាតិសាសន៍ទាំងឡាយត្រូវវិនាសនោះឡើយ។
២១ ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើអាក្រក់
ដ្បិតលោកសុខចិត្តប្រព្រឹត្តដូច្នេះ
ជាជាងស៊ូទ្រាំរងទុក្ខលំបាក។
២២ ព្រះជាម្ចាស់សម្ដែងភាពឧត្តុង្គឧត្ដម
តាមរយៈព្រះចេស្ដារបស់ព្រះអង្គ
តើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
២៣ តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅ
តើនរណាអាចពោលថា:
“ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”?
២៤ ហេតុនេះ សូមកុំភ្លេចលើកតម្កើង
ស្នាព្រះហស្ដរបស់ព្រះអង្គ
ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
២៥ មនុស្សលោកទាំងអស់មើលឃើញ
ស្នាព្រះហស្ដនេះពីចម្ងាយ
ហើយស្ងើចសរសើរគ្រប់ៗគ្នា។
២៦ ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម
ដែលយើងពុំអាចស្វែងយល់ឡើយ
ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ
របស់ព្រះអង្គដែរ។
២៧ ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្តុំគ្នា
ជាចំហាយ និងទឹកភ្លៀង។
២៨ ពពកបង្អុរភ្លៀងចុះមកស្រោចស្រព
បណ្តាជននៅលើផែនដី។
២៩ តើនរណាអាចយល់ដំណើរពពករសាត់
ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍?
៣០ ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ
តែព្រះអង្គធ្វើឲ្យមានភាពងងឹត
នៅបាតសមុទ្រ។
៣១ ព្រះអង្គគ្រប់គ្រងលើជាតិសាសន៍ទាំងឡាយ
ដោយប្រទានទឹកភ្លៀង
និងផ្តល់ឲ្យគេមានអាហារដ៏បរិបូណ៌។
៣២ ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ដ
ហើយបាញ់តម្រង់ទៅរកទិសដៅ។
៣៣ ព្រះអង្គប្រើផ្គរលាន់
ដើម្បីប្រកាសអំពីវត្តមានរបស់ព្រះអង្គ
ពេលព្រះអង្គយាងចូលមកជិត
នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។
៣៧
១ ពេលនោះ ខ្ញុំញ័ររន្ធត់ជាខ្លាំង
ស្ទើរតែគាំងបេះដូង។
២ ចូរនាំគ្នាស្ដាប់ចុះ ចូរនាំគ្នាស្ដាប់ព្រះសូរសៀង
ដែលលាន់ឮគគ្រឹកគគ្រេង
គឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
៣ ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ
ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់
ទីដាច់ស្រយាលនៃផែនដី។
៤ បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គ
លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង
ហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះ
ព្រះអង្គបណ្តោយឲ្យផ្លេកបន្ទោរ
ជះពន្លឺដ៏ព្រោងព្រាត។
៥ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែង
ព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត
ដែលយើងពុំអាចស្វែងយល់បាន។
៦ ព្រះអង្គបង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី
ព្រះអង្គបង្គាប់ឲ្យភ្លៀងទាំងមេៗ
បង្អុរចុះមក។
៧ ពេលនោះ ព្រះអង្គបញ្ឈប់សកម្មភាព
របស់មនុស្សទាំងអស់
ដើម្បីឲ្យគេទទួលស្គាល់ស្នាព្រះហស្ដ
របស់ព្រះអង្គ។
៨ សត្វព្រៃនាំគ្នារត់ទៅរកជម្រក
ហើយសំងំនៅក្នុងរូងរបស់វា។
៩ ខ្យល់កួចបក់មកពីទិសខាងត្បូង
ហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។
១០ ដោយសារខ្យល់របស់ព្រះជាម្ចាស់
ទឹកប្រែជាកក ហើយផ្ទៃទឹកប្រែជារឹង។
១១ ព្រះអង្គធ្វើឲ្យមានចំហាយនៅក្នុងពពក
ព្រមទាំងឲ្យពពកនោះជះពន្លឺដ៏ភ្លឺផ្លេក។
១២ ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទី
ស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវា
ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
១៣ ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្ស
នៅលើផែនដី
ឬសម្ដែងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
១៤ លោកយ៉ូបអើយ
សូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ
សូមនៅស្ងៀម ហើយរិះគិតអំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គ!
១៥ សូមលោកសង្កេតឲ្យច្បាស់ថា
តើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះ
និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គ
តាមរបៀបណា?
១៦ តើលោកដឹងឬទេថា ពពករក្សាលំនឹង
នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា?
ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ
ទើបសម្រេចការអស្ចារ្យបែបនេះបាន។
១៧ ពេលធាតុអាកាសហប់
ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង
នោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ
១៨ ដូច្នេះ តើលោកអាចជួយព្រះជាម្ចាស់
ដើម្បីលាតសន្ធឹងអាកាសវេហាស៍
ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ?
១៩ សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល
យើងត្រូវទូលព្រះអង្គផង
យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ
ព្រោះយើងជាមនុស្សល្ងិតល្ងង់។
២០ ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេ
ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គ
បំផ្លាញខ្ញុំ។
២១ រំពេចនោះ គេមិនអាចមើលឃើញពន្លឺទៀតទេ
ព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពក
ហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃ
ប្រែជាស្រឡះ។
២២ មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង
ព័ទ្ធជុំវិញព្រះជាម្ចាស់ដ៏ថ្កុំថ្កើង
និងគួរឲ្យស្ញែងខ្លាចណាស់។
២៣ យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុតឡើយ
ព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដា
ព្រះអង្គប្រកបដោយយុត្តិធម៌
ហើយសុចរិតបំផុត
ព្រះអង្គមិនបំពានលើនរណាឡើយ!
២៤ ហេតុនេះហើយបានជាមនុស្សលោកត្រូវ
គោរពកោតខ្លាចព្រះអង្គ។
ព្រះអង្គមិនរវីរវល់នឹងអ្នកដែលតាំងខ្លួន
ជាមនុស្សមានប្រាជ្ញាឡើយ»។
៣៨
អន្តរាគមន៍របស់ព្រះជាម្ចាស់
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូប
១ ព្រះអម្ចាស់ មានព្រះបន្ទូលមក
កាន់លោកយ៉ូបពីក្នុងខ្យល់ព្យុះ
ដូចតទៅ៖
២ «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង
ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ?
៣ ចូរប្រុងប្រៀបខ្លួន ដូចមនុស្សអង់អាច
យើងនឹងសួរអ្នក
ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
៤ នៅគ្រាដែលយើងបង្កបង្កើតផែនដី
នោះតើអ្នកនៅឯណា?
ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ
ចូរថ្លែងមកចុះ។
៥ នរណាជាអ្នកកំណត់ទំហំផែនដី
នរណាជាអ្នកទាញខ្សែវាស់ផែនដី
តើអ្នកដឹងឬទេ?
៦ តើផែនដីចាក់គ្រឹះនៅលើអ្វី?
តើនរណាបានបញ្ចុះថ្មដ៏សំខាន់
៧ ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា
ហើយពពួកទេវទូតបន្លឺសំឡេងយ៉ាងសប្បាយ?
៨ តើនរណាទប់សមុទ្រជាប់ នៅពេលដែល
ទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី?
៩ គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ
ទុកដូចជាសម្លៀកបំពាក់
ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
១០ យើងបានកំណត់ព្រំដែនឲ្យសមុទ្រ
យើងបានទប់សមុទ្រជាប់
ដូចបិទទ្វារ និងខ្ទាស់រនុក។
១១ យើងបញ្ជាទៅសមុទ្រថា
“ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ!
ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់
ត្រង់កន្លែងនេះ!”។
១២ តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា
ឲ្យមានពេលព្រឹក
ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
១៣ បំភ្លឺជាយផែនដី
និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ?
១៤ ផែនដីទាំងមូលចាប់ផ្តើមមានរូបរាង
ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព
ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។
១៥ រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេ
ដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។
១៦ តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ
ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ?
១៧ តើមាននរណាបង្ហាញឲ្យអ្នកឃើញ
ទ្វារស្ថានមច្ចុរាជ
ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
១៨ តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា?
បើអ្នកដឹង ចូរនិយាយមកចុះ!
១៩ តើពន្លឺស្ថិតនៅកន្លែងណា?
តើសេចក្ដីងងឹតនៅឯណា?
២០ បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វា
ហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។
២១ អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយ
រីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ!
២២ តើអ្នកធ្លាប់ទៅដល់ប្រភពរបស់ហិមៈឬទេ?
តើអ្នកធ្លាប់ឃើញប្រភពរបស់ព្រឹលឬទេ?
២៣ យើងទុកហិមៈ និងព្រឹលដោយឡែក
សម្រាប់គ្រាមហន្តរាយ
និងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។
២៤ ពន្លឺចាំងចែងមក តាមផ្លូវណា
ហើយខ្យល់ដែលបក់ពីទិសខាងជើង
មកលើផែនដី តាមផ្លូវណា
តើអ្នកដឹងឬទេ?
២៥ តើនរណាបើកផ្លូវឲ្យទឹកភ្លៀង
ហើយកំណត់ផ្លូវឲ្យផ្លេកបន្ទោរ និងផ្គរលាន់
២៦ រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ
និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
២៧ ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង
និងធ្វើឲ្យមានតិណជាតិដុះឡើង?
២៨ តើភ្លៀងមានឪពុកឬទេ?
នរណាផ្តល់កំណើតឲ្យដំណក់ទឹកសន្សើម?
២៩ តើនរណាជាម្ដាយរបស់ទឹកដែលកក
ព្រមទាំងសម្រាលចេញជាសន្សើមកក
ដែលធ្លាក់ចុះពីលើមេឃ?
៣០ ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម
ហើយមហាសាគរក៏កកដែរ។
៣១ តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា
ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?
៣២ តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមក
តាមពេលកំណត់របស់វា
និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
៣៣ តើអ្នកស្គាល់ច្បាប់នៅលើមេឃ
ហើយអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើ
ផែនដីបានឬទេ?
៣៤ ពេលអ្នកស្រែកបញ្ជាទៅពពក
តើភ្លៀងបង្អុរមកលើអ្នកឬទេ?
៣៥ ពេលអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញរស្មី
តើវាយល់ព្រមទៅឬទេ?
៣៦ តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុន
ថាដល់ពេលទឹកឡើង
ហើយដឹងថារដូវវស្សាចូលមកដល់?
៣៧ តើនរណាមានប្រាជ្ញាអាចរាប់ដុំពពក
ព្រមទាំងផ្អៀងអាងនៅលើមេឃ
ឲ្យបង្ហូរទឹកចុះមក
៣៨ ដើម្បីស្រោចស្រពធូលីដីឲ្យនៅផ្គុំគ្នា
ហើយធ្វើឲ្យដីបែកក្រហែង
មកនៅជាប់គ្នាវិញ។
៣៩ តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី
និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន
៤០ នៅពេលដែលវាក្រាបក្នុងរូង
ឬសំងំចាប់រំពានៅក្នុងព្រៃល្បោះ?
៤១ តើនរណាជាអ្នកផ្តល់ចំណីឲ្យសត្វក្អែក
នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់
ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
៣៩
១ ពពែព្រៃមានកូននៅពេលណា
តើអ្នកដឹងឬទេ?
តើអ្នកដែលសង្កេតឃើញ
ក្តាន់ញីបង្កើតកូនឬទេ?
២ តើអ្នកបានរាប់ចំនួនខែដែលវាផើម
ហើយដឹងពេលដែលវាត្រូវបង្កើតកូនឬទេ?
៣ វាក្រាបចុះ រួចបង្កើតកូនចេញមក
ហើយបាត់ការឈឺចាប់។
៤ កូនរបស់វាក៏មានកម្លាំងមាំមួន
ហើយចម្រើនធំឡើងនៅតាមទីវាល
រួចចាកចេញពីមេវាទៅ
ឥតវិលត្រឡប់មកវិញឡើយ។
៥ តើនរណាផ្តល់សេរីភាពឲ្យលាព្រៃ
ដោយស្រាយចំណងរបស់វា?
៦ យើងបានឲ្យវារស់នៅតាមព្រៃល្បោះ
ដីដែលមានជាតិប្រៃជាលំនៅរបស់វា។
៧ វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ
ហើយក៏មិនដែលឮសំឡេងម្ចាស់ណា
ស្រែកដាក់វាដែរ។
៨ វារកស៊ីនៅតាមដងភ្នំ
វាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។
៩ តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នក
ហើយចង់ដេកនៅក្នុងក្រោលគោ
របស់អ្នកឬទេ?
១០ តើអ្នកអាចយកខ្សែមកចងគោព្រៃ
បង្ខំវាឲ្យភ្ជួរស្រែបានឬទេ?
តើវាសុខចិត្តអូសរនាស់ឲ្យអ្នក
នៅតាមជ្រលងភ្នំឬទេ?
១១ តើអ្នកអាចទុកចិត្តវា
ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា
ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន
របស់អ្នកឬទេ?
១២ តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ
យកទៅលានបោកបែន
ហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ?
១៣ សត្វអូទ្រុសទទះស្លាបយ៉ាងសង្ហា
ក៏ប៉ុន្តែ តើវាអាចហើរដូចសត្វកុកបានឬ?
១៤ វាពងចោលនៅលើដី
ហើយបង្កប់ពងនោះឲ្យក្ដៅនៅក្នុងខ្សាច់
១៥ ដោយពុំនឹកស្មានថា គេអាចដើរពីលើ
ឬមានសត្វព្រៃមកជាន់កម្ទេចឡើយ។
១៦ វាតឹងតែងជាមួយកូនរបស់វា
ធ្វើហាក់ដូចជាមិនមែនកូនរបស់វា។
វាខំប្រឹងពង ទោះបីមិនបានការ
ក៏វាមិនខ្វល់ខ្វាយអ្វីដែរ
១៧ ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញា
ហើយគ្មានគំនិតយោបល់។
១៨ ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខ
នោះសេះ និងអ្នកជិះសេះ
ពុំអាចដេញតាមវាទាន់ឡើយ។
១៩ តើអ្នកឬដែលផ្តល់កម្លាំងឲ្យសេះ?
តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ
ដុះនៅលើកញ្ចឹងករបស់វា?
២០ តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប
និងមានសម្រែកគួរឲ្យញាប់ញ័រ?
២១ វាបោលនៅតាមជ្រលងភ្នំ
ហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរភូមិ។
២២ វាមិនចេះភ័យខ្លាច ឬតក់ស្លុត
ហើយមិនរាថយនៅចំពោះមុខដាវឡើយ។
២៣ សំឡេងបំពង់ព្រួញ សន្ធឹកលំពែង
និងស្ន លាន់ឮនៅលើខ្លួនវា។
២៤ វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខ
ហើយពេលឮគេផ្លុំស្នែង
វាពុំអាចនៅស្ងៀមទេ។
២៥ កាលណាឮគេផ្លុំស្នែង វាស្រែកឡើង
វាស្រង់ក្លិនចម្បាំងពីចម្ងាយ
ហើយក៏ស្គាល់សំឡេងរបស់មេទ័ព
និងសម្រែកប្រកាសសឹកដែរ។
២៦ តើសត្វប្រមង់សំកាំងស្លាប
តម្រង់ទៅទិសខាងត្បូង
ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី
ដោយសារគំនិតយោបល់របស់អ្នកឬ?
២៧ តើសត្វឥន្ទ្រីហើរឡើងទៅលើ
ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ
តាមបញ្ជារបស់អ្នកឬ?
២៨ នៅពេលយប់ វាស្នាក់នៅតាមថ្ម
វាយកក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ៗ
ធ្វើជាកំពែងការពារខ្លួន។
២៩ ពីទីខ្ពស់នោះ វាសម្លឹងចាំចាប់រំពា
វាអាចមើលឃើញពីចម្ងាយ។
៣០ កូនរបស់វាជញ្ជក់ឈាម
ទីណាមានសាកសព វាស្ថិតនៅទីនោះ»។
៤០
ព្រះជាម្ចាស់ឆ្លើយនឹងប្រសាសន៍របស់លោកយ៉ូប
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
លោកយ៉ូបទៀតថា៖
២ «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ
តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត?
អ្នកចូលចិត្តជជែកតវ៉ាជាមួយ
ព្រះជាម្ចាស់ដូច្នេះ
តើអ្នកមានចម្លើយឬទេ?»។
៣ លោកយ៉ូបទូលព្រះអម្ចាស់ថា៖
៤ «ទូលបង្គំជាមនុស្សទន់ទាបណាស់
តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ
ដូចម្ដេចបាន?
ទូលបង្គំនឹងយកដៃខ្ទប់មាត់។
៥ ទូលបង្គំបាននិយាយម្ដងរួចមកហើយ
ទូលបង្គំមិននិយាយទៀតទេ
ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ
ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូប ពីក្នុងខ្យល់ព្យុះដូចតទៅ៖
៧ «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាច
យើងនឹងសួរអ្នក
ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
៨ តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌
ហើយអ្នកចង់ថ្កោលទោសយើង
ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
៩ តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់
ហើយមានសំឡេងដូចផ្គរលាន់
ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
១០ តើអ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដម
ហើយពោរពេញទៅដោយពន្លឺរស្មីដ៏រុងរឿង
ដូចព្រះជាម្ចាស់ឬ?
១១ ចូរក្រឡេកមើលមនុស្សមានអំនួត
ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ
និងបន្ទាបពួកគេទាំងអស់គ្នាទៅ។
១២ ចូរក្រឡេកមើលមនុស្សមានអំនួត
ហើយបន្ថោកពួកគេទាំងអស់គ្នា!
ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅ។
១៣ ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នា
ចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។
១៤ ពេលនោះ យើងនឹងលើកតម្កើងអ្នក
ដ្បិតអ្នកបានទទួលជោគជ័យ
ដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។
១៥ ចូរមើលទៅសត្វដំរីទឹក
ដែលយើងបានបង្កើតមកដូចជាអ្នកដែរ
វាស៊ីស្មៅដូចគោ
១៦ កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ
សន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា
១៧ កន្ទុយរបស់វារឹងដូចដើមតាត្រៅ
សរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា
១៨ ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន
ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។
១៩ វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់
មានតែព្រះដែលបង្កើតវាទេ
ដែលអាចបង្ក្រាបវាបាន។
២០ វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែល
សត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
២១ វាដេកនៅក្រោមស្លឹកឈូក
ហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។
២២ ម្លប់ស្លឹកឈូកបាំងលើវា
ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។
២៣ ទោះបីទឹកហូរយ៉ាងខ្លាំងក្តី ក៏វាមិនបារម្ភ
ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង
ក៏វាមិនព្រួយដែរ។
២៤ គ្មាននរណាអាចចាប់វាបាន
ក្នុងពេលដែលវាកំពុងតែបើកភ្នែក
ហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះ
របស់វាបានដែរ។
២៥ តើអ្នកអាចយកសន្ទូចទៅស្ទូចស្តេចក្រពើ
ហើយយកខ្សែទៅចងអណ្ដាតរបស់វាបានឬ?
២៦ តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា
ហើយយកដែកទៅចោះថ្គាមរបស់វាបានឬ?
២៧ តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក
ហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ?
២៨ តើវាចេះចុះខសន្យាជាមួយអ្នក
ហើយអ្នកប្រើវាជាទាសករបានរហូតឬ?
២៩ តើអ្នកអាចលេងជាមួយវា ដូចលេងចាប
ឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នក
មើលកំសាន្ត?
៣០ តើពួកអ្នករកស៊ីអាចយកវាទៅលក់
ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ?
៣១ តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា
ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ?
៣២ ចូរលូកដៃពាល់វាមើល៍
ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា
នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់
ទៀតមិនខាន!
៤១
១ អ្នកណាប្រាថ្នាចង់ចាប់វា
អ្នកនោះយល់ច្រឡំហើយ
ព្រោះពេលឃើញវា គេមុខជាតក់ស្លុត
២ បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ
តើនរណាអាចប្រឈមមុខនឹងយើងបាន?
៣ គ្មាននរណាឲ្យរបស់មកយើងខ្ចី
ហើយយើងត្រូវសងទៅគេវិញនោះឡើយ
ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ
សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
៤ មកដល់ត្រឹមណេះ យើងមិនទាន់បានថ្លែង
អំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អ
របស់ក្រពើនៅឡើយទេ។
៥ តើនរណាអាចពន្លាត់ស្បែកវាបាន?
តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា?
៦ តើនរណាហ៊ានបើកមាត់របស់វា?
ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់។
៧ ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា
ទៅវិញទៅមកយ៉ាងស្អិតល្មួត។
៨ ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត
សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
៩ ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំ
ដែលពុំអាចបំបែកចេញពីគ្នាឡើយ។
១០ កាលណាវាព្រួសទឹកចេញមក
នោះមានបែកជាពន្លឺ
ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។
១១ មានភ្លើងចេញពីមាត់របស់វា
ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។
១២ មានផ្សែងហុយចេញតាមច្រមុះរបស់វា
ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។
១៣ ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន
ហើយក៏មានអណ្ដាតភ្លើងផុសចេញពី
ក្នុងមាត់របស់វាដែរ។
១៤ ករបស់វាមានកម្លាំងណាស់
ធ្វើឲ្យអស់អ្នកដែលឃើញវា ចូលមកជិត
ភ័យខ្លាចជាខ្លាំង។
១៥ សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ
ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។
១៦ បេះដូងរបស់វារឹងដូចដុំថ្ម
គឺរឹងដូចត្បាល់ថ្ម។
១៧ ពេលណាវាក្រោកឡើង
សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ
ហើយរត់ចេញទៅ ទាំងបាក់ស្បាត។
១៨ ទោះបីគេយកដាវ លំពែង ស្ន និងព្រួញ
មកចាក់ទម្លុះ ក៏មិនមុតដែរ
១៩ ដ្បិតវាចាត់ទុកដែកដូចជាចំបើង
ហើយលង្ហិនដូចជាឈើពុក។
២០ ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ
រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់
ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
២១ វាមើលមកព្រនង់ដូចជាចំបើង
ហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
២២ ពោះរបស់វាមុតដូចអំបែងឆ្នាំង
ធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។
២៣ វាធ្វើឲ្យទឹកនៅក្នុងមហាសាគរ
ពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាង
ហើយធ្វើឲ្យសមុទ្រប្រៀបដូចជា
ឆ្នាំងរំងាស់ទឹកអប់
២៤ វាធ្វើឲ្យមានដានរលោងនៅពីក្រោយវា
គឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។
២៥ នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយ
យើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។
២៦ វាមិនញញើតនឹងមើលទៅសត្វដ៏សម្បើមៗ
ដ្បិតវាជាស្តេចលើសត្វសាហាវទាំងអស់»។
៤២
ចម្លើយចុងក្រោយរបស់លោកយ៉ូប
១ លោកយ៉ូបទូលព្រះអម្ចាស់ថា៖
២ «ទូលបង្គំទទួលស្គាល់ថា
ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន
ហើយគ្មានការអ្វីមួយដែលធ្វើឲ្យព្រះអង្គ
ទាល់ព្រះតម្រិះឡើយ។
៣ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា
“ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង
ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?”
ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី
ដ៏អស្ចារ្យដោយពុំដឹងខ្លួន
គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា
ដែលទូលបង្គំអាចយល់ និងអាចស្គាល់។
៤ ព្រះអង្គមានព្រះបន្ទូលទៀតថា
“ចូរស្ដាប់សេចក្ដីដែលយើងថ្លែង
យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ”
៥ កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ
អំពីព្រះអង្គ
ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គ
ផ្ទាល់នឹងភ្នែកតែម្ដង។
៦ ហេតុនេះ ទូលបង្គំសូមសារភាពកំហុស
ហើយដាក់ខ្លួន
ដោយក្រាបនៅក្នុងធូលីដី និងផេះ»។
ព្រះអម្ចាស់ប្រទានពរឲ្យលោកយ៉ូបសាជាថ្មី
៧ ក្រោយពេលព្រះអម្ចាស់មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកតេម៉នថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។ ៨ ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល*សម្រាប់អ្នករាល់គ្នាចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូលអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់យ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។
៩ លោកអេលីផាសជាអ្នកស្រុកតេម៉ន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាម៉ា នាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់។ ពេលនោះ ព្រះអម្ចាស់ក៏អធ្យាស្រ័យដល់លោកយ៉ូប។
១០ នៅពេលលោកយ៉ូបទូលអង្វរឲ្យមិត្តភក្ដិរបស់លោក ព្រះអម្ចាស់ប្រោសប្រណីលោកឲ្យបានចម្រុងចម្រើនឡើងវិញ។ ព្រះអម្ចាស់ប្រទានឲ្យលោកទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។ ១១ បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោក និងញាតិមិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខលោក ហើយបរិភោគអាហាររួមជាមួយលោក នៅក្នុងផ្ទះរបស់លោក។ ពួកគេសម្ដែងការអាណិតអាសូរ និងសម្រាលទុក្ខលោក ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលព្រះអម្ចាស់បានបណ្តាលឲ្យកើតមានដល់លោក។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនលោក។ ១២ ព្រះអម្ចាស់ ប្រទានពរដល់លោកយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។ ១៣ លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ ១៤ លោកដាក់ឈ្មោះកូនស្រីទីមួយថា «យេមីណា» កូនស្រីទីពីរ «កេស៊ីតា» និងកូនស្រីទីបី «កេរេន-ហាពូក»។ ១៥ នៅក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាតដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។
១៦ ក្រោយមក លោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។ ១៧ បន្ទាប់ពីមានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកយ៉ូបក៏លាចាកលោកនេះទៅ៕
582 Views