សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីយេរេមី
ពាក្យលំនាំ
យេរេមី
ពាក្យលំនាំ
លោកយេរេមីជាព្យាការីមួយរូប ដែលបម្រើព្រះជាម្ចាស់ក្នុងភាពឯកោ ដ្បិតមនុស្សនៅជំនាន់លោកប្រឆាំងនឹងលោកសឹងតែទាំងអស់គ្នា។ ប៉ុន្តែ លោកតស៊ូបំពេញបេសកកម្មដែលព្រះជាម្ចាស់ប្រទានឲ្យ ដោយចិត្តស្មោះត្រង់ រហូតដល់ទីបញ្ចប់។
ព្រះជាម្ចាស់ត្រាស់ហៅព្យាការីយេរេមី ក្នុងពេលដែលលោកមានវ័យក្មេងនៅឡើយ ឲ្យនាំព្រះបន្ទូលរបស់ព្រះអង្គទៅប្រកាសប្រាប់អ្នកក្រុងយេរូសាឡឹម (១.៤) គឺនៅអំឡុងឆ្នាំ៦២៦មុនគ.ស. នារជ្ជកាលព្រះបាទយ៉ូស្យាស(៦៤០-៦០៩)។ លោកបម្រើព្រះអម្ចាស់អស់រយៈពេលជាងសែសិបឆ្នាំ នៅជំនាន់មួយដែលស្រុកយូដាជួបប្រទះនឹងភាពវឹកវរយ៉ាងខ្លាំង។
ក្នុងពេលដែលអាណាចក្របាប៊ីឡូនបានចាប់ផ្តើមវាយលុកអាណាចក្រអាស្ស៊ីរី ព្រះបាទយ៉ូស្យាសឆ្លៀតឱកាសវាយដណ្ដើមទឹកដីអ៊ីស្រាអែលមួយចំនួន ដែលស្ថិតនៅក្រោមការកាន់កាប់របស់ស្រុកអាស្ស៊ីរី យកមកបញ្ចូលជាទឹកដីយូដា។ ប៉ុន្តែ នៅឆ្នាំ ៦០៩ ព្រះបាទយ៉ូស្យាសបានសោយទិវង្គតនៅមេគីដូ ក្នុងពេលស្តេចតទល់នឹងកងទ័ពអេស៊ីប ដែលគេបញ្ជូនឲ្យមកជួយកងទ័ពអាស្ស៊ីរី។ ជនជាតិអេស៊ីបបានចាប់បុត្ររបស់ព្រះបាទយ៉ូស្យាស គឺព្រះបាទសាលូម (ឬយ៉ូអាហាស) ដែលស្នងរាជ្យបន្តពីបិតា នាំយកទៅស្រុកអេស៊ីប ហើយតែងតាំងព្រះបាទយ៉ូយ៉ាគីមឲ្យគ្រងរាជ្យជំនួស។ នៅឆ្នាំ ៥៩៧ កងទ័ពបាប៊ីឡូនដឹកនាំដោយព្រះចៅនេប៊ូកានេសារ វាយយកបានក្រុងយេរូសាឡឹម ហើយកៀរប្រជាជនមួយចំនួនទៅជាឈ្លើយសឹក ព្រមទាំងកៀរស្តេចទៅជាមួយដែរ គឺព្រះបាទយ៉ូយ៉ាគីន ជាបុត្ររបស់ព្រះបាទយូយ៉ាគីម។ ពួកគេលើកព្រះបាទសេដេខ្យាស ជាស្តេចទន់ខ្សោយ និងគ្មានអំណាច ឲ្យឡើងស្នងរាជ្យ។ ប៉ុន្តែ នៅទីបំផុត ព្រះបាទសេដេខ្យាសបានបះបោរប្រឆាំងនឹងរដ្ឋអំណាចបាប៊ីឡូន។ ដូច្នេះ ព្រះចៅនេប៊ូកានេសារបញ្ជូនកងទ័ពឲ្យមកឡោមព័ទ្ធក្រុងយេរូសាឡឹមអស់រយៈពេលមួយឆ្នាំ ហើយវាយយកបានក្រុងយេរូសាឡឹមនៅខែកក្កដា ឆ្នាំ៥៨៧ មុនគ.ស.។ កងទ័ពបាប៊ីឡូនដុតកម្ទេចព្រះវិហារ ហើយចាប់ស្តេច និងកៀរប្រជាជនមួយចំនួនទៀតទៅជាឈ្លើយ។
រដ្ឋអំណាចបាប៊ីឡូនបានតែងតាំងលោកកេដេលីយ៉ាឲ្យធ្វើជាទេសាភិបាល គ្រប់គ្រងលើប្រជាជនដែលនៅសេសសល់ ប៉ុន្តែ បន្តិចក្រោយមក លោកត្រូវគេធ្វើឃាត។ ដូច្នេះ ប្រជាជនយូដាក៏នាំគ្នាភៀសខ្លួនទៅស្រុកអេស៊ីប ដោយបង្ខំឲ្យព្យាការីយេរេមីទៅជាមួយដែរ ហើយលោកទទួលមរណភាពនៅស្រុកនោះ។
ព្យាការីយេរេមីក៏ដូចជាព្យាការីឯទៀតៗដែរ លោកចាត់ទុកសោកនាដកម្មដែលជនជាតិអ៊ីស្រាអែលឆ្លងកាត់ ថា ជាការព្រមានរបស់ព្រះជាម្ចាស់ចំពោះប្រជាជន ដែលនាំគ្នាក្បត់ព្រះអង្គ។ នៅពេលចុងក្រោយ លោកយេរេមីបានប្រកាសថា ដើម្បីគេចផុតពីមហន្តរាយ ប្រជាជនត្រូវតែបែរចិត្តមករកព្រះជាម្ចាស់វិញ។ ពួកគេត្រូវឈប់ទៅរកជំនួយពីស្រុកអេស៊ីប តែត្រូវសុខចិត្តចុះចូលនឹងរដ្ឋអំណាចបាប៊ីឡូន។ ពេលនោះ គេចាត់ទុកលោកយេរេមីជាជនក្បត់ជាតិ ហើយនាំគ្នាធ្វើបាបលោក។ លោកឈឺចាប់ខ្លាំងយ៉ាងណា លោកក៏មានចិត្តស្រឡាញ់ជនរួមជាតិរបស់លោកខ្លាំងយ៉ាងនោះដែរ។ លោកធ្វើដំណើរឆ្លងកាត់ជីវិតនេះ ដោយប្រកាសអំពីការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់ ចំពោះប្រជាជន ដែលក្បត់នឹងព្រះអង្គផង លោកក៏នៅតែមានចិត្តស្រឡាញ់ចំពោះប្រជាជនផងដែរ។ ហេតុនេះហើយបានជាពេលខ្លះ លោករអ៊ូរទាំដាក់ព្រះជាម្ចាស់ (១១.១៨‑១២.៦; ១៥.១០-២១; ១៧.១៤-១៨; ១៨.១៨-២៣; ២០.៧-១៨)។
ទោះបីលោកឃើញថា ប្រជាជនដែលក្បត់ព្រះជាម្ចាស់នេះមុខជាត្រូវវិនាសក្តី ក៏លោកយល់ឃើញយ៉ាងវែងឆ្ងាយថា ព្រះជាម្ចាស់នឹងស្រោចស្រង់ពួកគេ តាមរយៈសម្ពន្ធមេត្រីមួយថ្មី (ចំពូក ៣១)។ ត្រង់នេះធ្វើឲ្យលោកទុកចិត្តលើជ័យជម្នះរបស់ព្រះជាម្ចាស់ ដែលនាំមកនូវសេចក្ដីសង្ឃឹម (ចំពូក ៣២)។
ចំពូក ២‑២៤: មានថ្លែងយ៉ាងក្បោះក្បាយអំពីព្រះបន្ទូលដែលលោកយេរេមីប្រកាស ដែលជួនកាលមានប្រើរូបភាព និងកាយវិការផ្សេងៗជានិមិត្តរូប: ខ្សែក្រវាត់ពុក (ចំពូក ១៣) ជាងស្មូន (១៨) ក្អមបែក(១៩)…។ ល។
នៅដើមចំពូក ២៥: សង្ខេបសេចក្ដីដែលព្យាការីយេរេមីប្រកាស។
ចំពូក ២៦‑៤៥: មានរៀបរាប់អំពីហេតុការណ៍ផ្សេងៗដែលកើតមានក្នុងជីវិតរបស់លោកយេរេមី។
ចំពូក ៤៦‑៥១: សេចក្ដីប្រកាសស្តីអំពីប្រជាជាតិនានា។
ចំពូក ៥២: កំណត់ហេតុអំពីការបែកក្រុងយេរូសាឡឹម។ នៅចុងបញ្ចប់កណ្ឌគម្ពីរនេះ មានរៀបរាប់អំពីការប្រណីសន្ដោសរបស់ស្តេចបាប៊ីឡូន ចំពោះព្រះបាទយ៉ូយ៉ាគីន ដែលគេចាប់យកទៅជាឈ្លើយសឹក។ ដូច្នេះ អវសានកថានៃកណ្ឌគម្ពីរយេរេមីនាំមកនូវសេចក្ដីសង្ឃឹមសម្រាប់ជនជាតិអ៊ីស្រាអែល។
យើងអាចប្រៀបប្រដូចព្យាការីយេរេមីជាអ្នកបម្រើដ៏ស្មោះត្រង់ ហើយត្រូវគេធ្វើទុក្ខបៀតបៀនទៅនឹងព្រះយេស៊ូ (ម៉ាថាយ ១៦.១៤)។ រីឯព្រះយេស៊ូផ្ទាល់ នៅយប់ដែលព្រះអង្គត្រូវគេចាប់បញ្ជូនទៅឲ្យគេឆ្កាង ព្រះអង្គបានធ្វើពិធីជប់លៀងជាមួយពួកសាវ័ក ហើយព្រះអង្គប្រកាសអំពីសម្ពន្ធមេត្រីថ្មីដែលចងឡើងដោយព្រះលោហិតរបស់ព្រះអង្គ គឺសម្ពន្ធមេត្រីដែលលោកយេរេមីបានថ្លែងទុក (លូកា ២២.២០; ១កូរិនថូស ១១.២៥)។
១
ព្រះអម្ចាស់ត្រាស់ហៅលោកយេរេមី
១ នេះជាសេចក្ដីដែលលោកយេរេមីបានថ្លែង និងកិច្ចការដែលលោកបានធ្វើ។ លោកយេរេមីត្រូវជាកូនរបស់លោកហ៊ីលគីយ៉ា ជាបូជាចារ្យ*មួយរូប ក្នុងក្រុមបូជាចារ្យ នៅភូមិអាណាតូត ក្នុងស្រុកបេនយ៉ាមីន។
២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូស្យាស ជាបុត្ររបស់ព្រះបាទអាំម៉ូន និងជាស្តេចស្រុកយូដា។ ៣ ព្រះអង្គមានព្រះបន្ទូលមកលោកទៀត នៅរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូស្យាស និងជាស្តេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេខ្យាស ជាបុត្ររបស់ព្រះបាទយ៉ូស្យាស និងជាស្តេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។
សេចក្ដីប្រកាសអំពីស្រុកយូដា និងក្រុងយេរូសាឡឹម
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
៥ «យើងស្គាល់អ្នកតាំងពីមុនពេល
ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ
យើងក៏បានញែកអ្នកទុកសម្រាប់យើង
តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។
យើងតែងតាំងអ្នកឲ្យធ្វើជាព្យាការី
សម្រាប់ប្រជាជាតិនានា»។
៦ ខ្ញុំទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។
៧ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
«កុំពោលថា “ខ្ញុំនៅក្មេងពេក” នោះឡើយ
អ្នកត្រូវតែទៅជួបអស់អ្នក
ដែលយើងចាត់ឲ្យទៅជួប
ហើយប្រកាសសេចក្ដីទាំងប៉ុន្មាន
ដែលយើងនឹងបង្គាប់អ្នក។
៨ កុំភ័យខ្លាចពួកគេឡើយ
ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ ១០ មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករំលើង និងរំលំ ដើម្បីឲ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមីអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ទូលបង្គំឃើញស្វាយចន្ទីមួយមែក»។ ១២ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ទូលបង្គំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។ ១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក ១៥ ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។ ១៦ យើងនឹងប្រកាសដាក់ទោសប្រជារាស្ដ្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានថ្វាយសក្ការបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។ ១៧ រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់ឲ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឲ្យអ្នករឹតតែតក់ស្លុតថែមទៀត។ ១៨ ថ្ងៃនេះ យើងពង្រឹងអ្នកឲ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឲ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្តេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមបូជាចារ្យ និងអ្នកស្រុកនេះ។ ១៩ ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២
ប្រជាជនអ៊ីស្រាអែលក្បត់ព្រះអម្ចាស់
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ
ដូចតទៅ៖
២ ចូរទៅស្រែកប្រកាសប្រាប់
អ្នកក្រុងយេរូសាឡឹមថា
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
«យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក
កាលអ្នកទើបនឹងពេញក្រមុំ
ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក
ពេលទើបនឹងរៀបការ
គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន
ជាកន្លែងដែលគ្មានអ្វីដុះ។
៣ នៅគ្រានោះ ព្រះអម្ចាស់បានញែកជនជាតិ
អ៊ីស្រាអែលទុកសម្រាប់ព្រះអង្គ
ជាផលផ្លែដំបូងរបស់ព្រះអង្គ
អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស
ហើយរងទុក្ខវេទនាទៀតផង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
អ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល
ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
៥ ព្រះអម្ចាស់មានព្រះបន្ទូលថា:
តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស
ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង
ហើយបែរទៅគោរពព្រះឥតបានការ
ដែលបណ្តាលឲ្យខ្លួនទៅជាឥតបានការ
ដូច្នេះដែរ?
៦ ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា?
គឺព្រះដែលបាននាំពួកយើងចាកចេញពី
ស្រុកអេស៊ីប
ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន
ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង
ជាវាលហួតហែង ជាទីស្មសាន
ជាកន្លែងដែលគ្មាននរណាឆ្លងកាត់
គ្មានមនុស្សណារស់នៅបាន។
៧ យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក
ដែលមានដំណាំដាំដុះ
ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ
ផ្លែឈើដែលមានរសជាតិ។
ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់
អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង
ទៅជាសៅហ្មង
អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក
របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។
៨ ក្រុមបូជាចារ្យពុំដែលសួរថា
“ព្រះអម្ចាស់នៅឯណា?”
គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។
មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង
ពួកព្យាការីនិយាយក្នុងនាមព្រះបាល
ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ
ដែលពុំអាចជួយពួកគេបានឡើយ។
៩ ហេតុនេះហើយបានជាយើងឡើងក្តី
នឹងអ្នករាល់គ្នា
ព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល
ហើយសង្កេតមើលចុះ
ចូរចាត់មនុស្សឲ្យទៅស្រុកកេដា
ហើយស៊ើបសួរឲ្យបានហ្មត់ចត់ថា
តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច
អ្នករាល់គ្នាឬទេ?
១១ តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ
ព្រះរបស់ខ្លួនឬទេ?
(តាមពិត ព្រះទាំងនោះពុំមែនជាព្រះពិតប្រាកដទេ)។
រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ
ព្រះដែលផ្តល់ឲ្យគេមានសិរីរុងរឿង
ហើយបែរជានាំគ្នាគោរពព្រះដែល
ឥតបានការទៅវិញ។
១២ ផ្ទៃមេឃអើយ! ចូរតក់ស្លុត
ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ!
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង
គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ
បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ
មិនអាចទុកទឹកបាននោះទៅវិញ។
១៤ តើអ៊ីស្រាអែលជាទាសករដែលគេទិញមក
ឬជាទាសករដែលកើតក្នុងផ្ទះ
បានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើម
ពួកគេដូច្នេះ?
១៥ ពួកគេគ្រហឹមដាក់អ៊ីស្រាអែលដូចសិង្ហគ្រហឹម
ពួកគេស្រែកគំរាម និងបំផ្លាញស្រុក
ឲ្យវិនាសហិនហោច
ពួកគេដុតក្រុងទាំងឡាយ
ហើយគ្មាននរណារស់ក្នុងក្រុងនោះទៀតទេ។
១៦ សូម្បីតែជនជាតិណូប និងជនជាតិតាប៉ាណែស
ក៏នាំគ្នាកោរសក់អ៊ីស្រាអែល
នាំយកទៅជាឈ្លើយដែរ។
១៧ អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់
ព្រះអម្ចាស់ជាព្រះរបស់អ្នក
ក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។
១៨ ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកឲ្យទៅ
ស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ?
តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអាស្ស៊ីរី
ទៅរកផឹកទឹកទន្លេអឺប្រាតឬ?
១៩ ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក
ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។
ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់
និងការមិនគោរពកោតខ្លាចព្រះអម្ចាស់
ជាព្រះរបស់អ្នក
នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
អ៊ីស្រាអែលក្បត់ព្រះជាម្ចាស់
២០ តាំងពីយូរយារណាស់មកហើយ
អ្នកបានបះបោរប្រឆាំងនឹងយើង
ព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។
អ្នកបានពោលថា:
“ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។
អ្នកបានផិតក្បត់យើង
ទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំ
និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
២១ យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង
ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត
គឺដើមទំពាំងបាយជូរសុទ្ធ
ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា
ដើមទំពាំងបាយជូរក្លាយ
ដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
២២ ទោះបីអ្នកយកមេសាប៊ូដ៏ច្រើន
មកលាងសំអាត និងជម្រះខ្លួនក្តី
ក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់
ចំពោះមុខយើងជានិច្ច
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
២៣ ហេតុអ្វីបានជាអ្នកហ៊ានពោលថា:
“ខ្ញុំមិនបានធ្វើឲ្យខ្លួនសៅហ្មងទេ
ខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។
មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំ
ចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្ត
អ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។
២៤ អ្នកប្រៀបបាននឹងលាញីព្រៃ
ដែលធ្លាប់តែរស់នៅតាមវាលរហោស្ថាន
ត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែង
គ្មាននរណាអាចទប់បានឡើយ។
លាឈ្មោលដែលចង់បានវា
មិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេ
គឺនៅពេលណាតណ្ហាពុះកញ្ជ្រោល
លាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។
២៥ យើងបានប្រាប់អ្នកឲ្យប្រុងប្រយ័ត្នខ្លួន
បើប្រឹងរត់ដូច្នេះ ក្រែងមុតជើង
ហើយស្ងួតបំពង់ក!
ប៉ុន្តែ អ្នកតបវិញថា “មិនបាច់ហាមប្រាមខ្ញុំទេ
ខ្ញុំស្រឡាញ់ព្រះឯទៀតៗ
ហើយខ្ញុំត្រូវតែរត់ទៅតាមព្រះទាំងនោះ”។
២៦ ជនជាតិអ៊ីស្រាអែល ទាំងស្តេច ទាំងនាម៉ឺន
ទាំងបូជាចារ្យ ទាំងព្យាការី
នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់
ក្នុងពេលកំពុងតែលួច។
២៧ គេពោលទៅកាន់រូបធ្វើពីឈើថា
“ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!”
ហើយពោលទៅកាន់រូបធ្វើពីថ្មថា
“ព្រះអង្គបានឲ្យកំណើតខ្ញុំ!”។
ពួកគេបានងាកមុខចេញពីយើង
ហើយបែរខ្នងដាក់យើងវិញ
តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា
“សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
២៨ ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបាន
សូនធ្វើនោះ ទៅណាបាត់អស់ហើយ?
ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាន
នៅពេលអ្នកមានទុក្ខ
ម្ដេចក៏មិនហៅព្រះទាំងនោះទៅ?
ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ!
២៩ ហេតុអ្វីបានជាអ្នករាល់គ្នារករឿង
យើងដូច្នេះ?
អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងយើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣០ យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា
តែគ្មានផលប្រយោជន៍អ្វីសោះ
ដ្បិតពួកគេមិនព្រមរាងចាលទេ
អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ
គឺអ្នករាល់គ្នាបានប្រហារពួកព្យាការី*
របស់អ្នករាល់គ្នា។
៣១ (សូមឲ្យអ្នកនៅជំនាន់នេះយក
ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!)
អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹង
វាលរហោស្ថាន ឬស្រុកដ៏ងងឹត
សម្រាប់អ្នករាល់គ្នាឬ?
ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា
“យើងជាមនុស្សមានសេរីភាព
យើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។
៣២ មិនដែលមានស្ត្រីក្រមុំណា
ភ្លេចគ្រឿងអលង្ការរបស់ខ្លួន
ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច
ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។
រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង
តាំងពីយូរលង់ណាស់មកហើយ។
៣៣ អ្នកប្រសប់ស្វែងរកសង្សារណាស់
ដោយអ្នកធ្លាប់ប្រព្រឹត្តអំពើអាក្រក់ពេក
អ្នកលែងយល់ថា
អំពើនោះជាអំពើអាក្រក់ទៀតហើយ។
៣៤ អាវរបស់អ្នកប្រឡាក់ទៅដោយឈាម
របស់ជនក្រីក្រ
គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ
ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
៣៥ ទោះជាយ៉ាងនេះក្តី អ្នកហ៊ានពោលថា
“ខ្ញុំគ្មានកំហុសអ្វីសោះ
ព្រះអង្គមុខជាមិនព្រះពិរោធនឹងខ្ញុំទេ”។
ដោយអ្នកពោលថា ខ្លួនពុំបានធ្វើអ្វីខុសទេនោះ
យើងនឹងនាំអ្នកទៅតុលាការ។
៣៦ ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ
ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត
ដូចស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
៣៧ អ្នកនឹងចេញពីស្រុកនោះមកវិញ
ទាំងដើរទូលដៃលើក្បាល
ដ្បិតព្រះអម្ចាស់មិនយល់ស្របឲ្យ
អ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេ
ពួកគេពុំអាចជួយអ្នកឡើយ»។
៣
អ៊ីស្រាអែលប្រៀបបាននឹងស្រីពេស្យាដែលមិនដូរគំនិត
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ពេលបុរសម្នាក់លែងលះភរិយា
ហើយភរិយាចាកចេញទៅមានប្ដីមួយទៀត
បុរសនោះអាចវិលទៅរកនាងវិញបានឬ?
ទេ បើធ្វើដូច្នេះ
ស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។
អ៊ីស្រាអែលអើយ ចំណែកឯអ្នកវិញ
អ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើន
តើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២ ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍
តើមានកន្លែងណាមួយដែលអ្នកពុំបាន
ផិតក្បត់យើង?
អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់ចាំគូកំណាន់ចិត្ត
របស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោស្ថាន
អ្នកបានធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង
ព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាក
សីលធម៌ដែលអ្នកប្រព្រឹត្ត។
៣ ហេតុនេះហើយបានជាយើងមិនព្រមឲ្យ
មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ
ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត
អ្នកមិនព្រមទទួលសារភាពកំហុសទេ។
៤ ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា
“ឱព្រះបិតាអើយ ព្រះអង្គបានស្រឡាញ់ខ្ញុំម្ចាស់
តាំងពីខ្ញុំម្ចាស់នៅក្មេងម៉្លេះ!
៥ តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់
ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។
អ្នកពោលដូច្នេះ
តែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។
ចូរកែប្រែចិត្តគំនិតឡើង!
៦ នៅរជ្ជកាលព្រះបាទយ៉ូស្យាស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវ៉ានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។ ៧ យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដា ជាប្អូន ដែលផិតក្បត់ ក៏បានឃើញដែរ។ ៨ យើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវ៉ា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូន ដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។ ៩ ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។ ១០ ទោះបីយ៉ាងនេះក្តី យូដា ជាប្អូន ដែលផិតក្បត់ មិនបានវិលមករកយើងដោយចិត្តស្មោះឡើយ គឺគេគ្រាន់តែនិយាយប៉ុណ្ណោះ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ៊ីស្រាអែលសាវ៉ាគ្រាន់បើជាងយូដាដែលផិតក្បត់។ ១២ ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖
អ៊ីស្រាអែលសាវ៉ាអើយ ចូរវិលមកវិញ
យើងនឹងមិនប្រកាន់ទោសនាងទៀតទេ
ដ្បិតយើងមានមេត្តាករុណា
យើងមិនចងកំហឹងរហូតតទៅឡើយ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ ចូរទទួលស្គាល់កំហុសរបស់ខ្លួន
តែប៉ុណ្ណោះបានហើយ
គឺនាងបានបះបោរប្រឆាំងនឹងព្រះអម្ចាស់
ជាព្រះរបស់នាង
នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង
គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី
ហើយនាងពុំបានស្ដាប់សំឡេងយើងទេ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា។ យើងនឹងយកម្នាក់ពីក្រុងមួយ ហើយយកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។ ១៥ យើងនឹងតែងតាំងមេដឹកនាំដែលគាប់ចិត្តយើង ឲ្យមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។
១៦ នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុកហើយ នឹងលែងមានគេនិយាយអំពីហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនា រវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។ ១៧ នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់ព្រះអម្ចាស់” ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។ ១៨ នៅគ្រានោះ ជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រាអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នា ពីស្រុកខាងជើងមកដល់ទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់គេទុកជាមត៌ក។
១៩ យើងគិតថា យើងសប្បាយចិត្ត
នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ
ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ
ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។
យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា”
ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
២០ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលអើយ
អ្នករាល់គ្នាបានក្បត់ចិត្តយើង
ដូចស្ត្រីក្បត់ចិត្តប្ដីដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ
គឺជាសម្រែកយំសោក និងសម្រែកអង្វរករ
របស់ជនជាតិអ៊ីស្រាអែល
ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា
គេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។
២២ កូនចៅដែលក្បត់ចិត្តយើងអើយ!
ចូរនាំគ្នាវិលត្រឡប់មកវិញ
យើងប្រោសឲ្យអ្នករាល់គ្នា
លែងមានចិត្តសាវ៉ាទៀត។
“យើងខ្ញុំមករកព្រះអង្គហើយ
ដ្បិតព្រះអង្គជាព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។
២៣ យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ
នៅលើកំពូលភ្នំ
យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវ
លើភ្នំខ្ពស់ៗ។
មានតែព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំប៉ុណ្ណោះ
ដែលអាចសង្គ្រោះអ៊ីស្រាអែលបាន។
២៤ តាំងពីយើងខ្ញុំនៅក្មេង
ព្រះគម្រក់បានធ្វើឲ្យអ្វីៗ
ដែលដូនតារបស់យើងខ្ញុំបានសន្សំ
វិនាសហិនហោចអស់
គឺទាំងហ្វូងចៀម និងហ្វូងគោ
ទាំងកូនប្រុស និងកូនស្រី។
២៥ សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួច
ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។
តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ
យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ
បានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់
ជាព្រះនៃយើងខ្ញុំ
យើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀង
របស់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំឡើយ”»។
៤
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«អ៊ីស្រាអែលអើយ
ប្រសិនបើអ្នកចង់វិលមកវិញ
ចូរវិលមករកយើងចុះ!
ប្រសិនបើអ្នកយកព្រះដ៏គួរឲ្យស្អប់ខ្ពើម
ចេញពីមុខយើង
នោះអ្នកនឹងលែងវង្វេង ដើរគ្មានគោលដៅ
ទៀតហើយ។
២ ប្រសិនបើអ្នកស្បថក្នុងនាមព្រះអម្ចាស់
ដែលមានព្រះជន្មគង់នៅ
គឺស្បថដោយនិយាយពាក្យពិត
ស្របតាមយុត្តិធម៌
នោះប្រជាជាតិទាំងឡាយ
មុខជាចង់បានពរពីយើង
ព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
៣ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នា
នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថា
ចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មី
កុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។
៤ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ
ចូរនាំគ្នាធ្វើពិធីកាត់ស្បែកថ្វាយព្រះអម្ចាស់
ចូរប្រគល់ចិត្តគំនិតមកយើង!
បើមិនដូច្នេះទេ
កំហឹងរបស់យើងនឹងឆេះរាលដាល
ព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត
កំហឹងនេះប្រៀបដូចភ្លើងឆេះសន្ធោសន្ធៅ
គ្មាននរណាអាចពន្លត់បានឡើយ»។
យូដាស្ថិតនៅក្នុងភាពអាសន្ន
៥ «ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដា
ចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹម
ចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុក
ហើយស្រែកឲ្យអស់ទំហឹងថា:
“ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុង
ក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!”
៦ ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន
ចូរនាំគ្នារត់ទៅរកកន្លែងពួន
កុំបង្អែបង្អង់ឲ្យសោះ!
ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាច
ចេញមកពីទិសខាងជើង
បណ្តាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
៧ សត្វតោលោតចេញពីរូងរបស់វាហើយ
មេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញ
ពីកន្លែងរបស់ខ្លួន
ដើម្បីកម្ទេចស្រុករបស់អ្នក
ក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយ
លែងមានប្រជាជនរស់នៅទៀតហើយ។
៨ ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ
ចូរគក់ទ្រូងយំសោកសង្រេង
ដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធ
ដ៏ខ្លាំងក្លាចេញពីយើងឡើយ។
៩ ព្រះអម្ចាស់មានព្រះបន្ទូលថា
នៅថ្ងៃនោះ ស្តេច និងនាម៉ឺនមុខជាបាក់ទឹកចិត្ត
ក្រុមបូជាចារ្យនឹងតក់ស្លុត
ក្រុមព្យាការីនឹងស្រឡាំងកាំង។
១០ គេនឹងពោលថា “ឱព្រះជាអម្ចាស់អើយ!
ព្រះអង្គបានបញ្ឆោតទាំងប្រជាជន
ទាំងក្រុងយេរូសាឡឹម
គឺព្រះអង្គសន្យាថាក្រុងនេះនឹងបានសុខសាន្ត
ប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវ
ភ្ជង់ករបស់យើងទៅវិញ!”»។
ខ្មាំងសត្រូវរាតត្បាតគ្រប់ទីកន្លែង
១១ នៅគ្រានោះ ព្រះអម្ចាស់នឹងមានព្រះបន្ទូល
មកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា:
«មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថាន
មកលើប្រជាជនរបស់យើង។
ខ្យល់នោះមិនមែនបក់សម្រាប់រោយស្រូវទេ
១២ គឺជាខ្យល់កំបុតត្បូងដែលបក់បោក
តាមបញ្ជារបស់យើង។
ឥឡូវនេះ ដល់ពេលយើងប្រកាសកាត់ទោស
ពួកគេហើយ»។
១៣ មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹត
រទេះចម្បាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរា
ទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។
យើងខ្ញុំត្រូវវេទនាហើយ
យើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យេរូសាឡឹមអើយ!
ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក
ដើម្បីទទួលការសង្គ្រោះ!
តើអ្នកទុកឲ្យគំនិតអាស្រូវនេះ
នៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
១៥ ដ្បិតមានដំណឹងមួយលេចឮពីក្រុងដាន់
និងតំបន់ភ្នំអេប្រាអ៊ីម
ស្តីអំពីមហន្តរាយដែលនឹងកើតមាន។
១៦ ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយ
ចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថា
ខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់
ពួកគេស្រែកហ៊ោ
ប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។
១៧ ពួកគេឡោមព័ទ្ធក្រុងយេរូសាឡឹម
ដូចអ្នកយាមនៅជុំវិញចម្ការមួយ
ព្រោះអ្នកក្រុងបានបះបោរប្រឆាំងនឹងយើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ ហេតុការណ៍ដែលកើតមានដល់អ្នក
ជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នក
ទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់
រហូតដល់ជម្រៅចិត្ត»។
លោកយេរេមីស្រណោះជនជាតិអ៊ីស្រាអែល
១៩ ខ្ញុំឈឺចុកចាប់ក្នុងឱរា
ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ
ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមឡើយ
ដ្បិតខ្ញុំឮសំឡេងត្រែ
និងសម្រែកប្រកាសប្រយុទ្ធ។
២០ ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នា
ស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយ
ផ្ទះសំបែង និងទីជម្រករបស់ខ្ញុំ
ត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។
២១ តើខ្ញុំត្រូវឃើញទង់សង្គ្រាមនេះដល់កាលណា?
តើខ្ញុំត្រូវឮសំឡេងត្រែដល់កាលណាទៀត?
២២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ប្រជាជនរបស់យើងល្ងីល្ងើណាស់
គេមិនស្គាល់យើងទេ
ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា
គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់
តែមិនចេះធ្វើអំពើល្អឡើយ»។
២៣ ខ្ញុំមើលទៅផែនដី
ឃើញផែនដីគ្មានរូបរាង និងនៅទទេ
ខ្ញុំមើលទៅលើមេឃ
តែពុំឃើញមានពន្លឺអ្វីសោះ។
២៤ ខ្ញុំមើលទៅភ្នំទាំងឡាយ
ឃើញភ្នំទាំងនោះកក្រើករំពើក
រីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
២៥ ខ្ញុំសម្លឹងមើលទៅ ពុំឃើញមានមនុស្សទេ
សូម្បីតែសត្វស្លាបដែលហើរនៅលើមេឃ
ក៏ចាកចេញបាត់អស់ទៅដែរ។
២៦ ខ្ញុំសម្លឹងមើល ឃើញទឹកដីដែលធ្លាប់តែមាន
ដំណាំដាំដុះ ក្លាយជាវាលរហោស្ថាន
ក្រុងទាំងប៉ុន្មានត្រូវឆេះខ្ទេចខ្ទីអស់
ព្រោះតែព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់។
២៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ
ប៉ុន្តែ យើងមិនកម្ទេចឲ្យវិនាសសូន្យ
ទាំងស្រុងទេ។
២៨ ហេតុនេះហើយបានជាផែនដីកាន់ទុក្ខ
ផ្ទៃមេឃដែលនៅខាងលើក៏ងងឹតសូន្យសុងដែរ
ដ្បិតយើងបានសម្រេចតាមគម្រោងការរបស់យើង
យើងមិនសោកស្តាយ ឬដូរគំនិតឡើយ»។
ក្រុងយេរូសាឡឹមអន្តរាយ
២៩ «ពេលឮសន្ធឹកទ័ពសេះ និងទ័ពបាញ់ព្រួញ
ប្រជាជនក្នុងទីក្រុងទាំងមូលនាំគ្នារត់ភៀសខ្លួន
គេចូលទៅពួននៅតាមគុម្ពោតព្រៃ
គេឡើងទៅពួននៅតាមថ្មភ្នំ
ទីក្រុងទាំងមូលត្រូវគេបោះបង់ចោល
ឥតមាននៅសល់នរណាម្នាក់សោះ។
៣០ យេរូសាឡឹមអើយ
ហេតុអ្វីបានជានាងនៅតែតុបតែងខ្លួន
ពាក់គ្រឿងអលង្ការធ្វើពីមាស
និងលាបត្របកភ្នែក?
នាងខំតែងខ្លួនដូច្នេះ ឥតប្រយោជន៍ទេ
អស់អ្នកដែលចង់រួមរ័កជាមួយនាងកាលពីមុន
បែរជាមើលងាយ និងរកសម្លាប់នាងទៅវិញ។
៣១ យើងឮសំឡេងថ្ងូរដូចសំឡេងរបស់ស្ត្រី
ដែលហៀបនឹងសម្រាលកូន
ជាសំឡេងឈឺចុកចាប់ដូចស្ត្រីកូនដំបូង
គឺសំឡេងថ្ងូររបស់ប្រជាជនក្រុងស៊ីយ៉ូន
ដែលលើកដៃប្រណម្យរកគេជួយ
ដោយពោលថា “ខ្ញុំវេទនាណាស់!
ខ្ញុំមុខជាស្លាប់ក្នុងកណ្ដាប់ដៃពេជ្ឈឃាត!”»។
៥
ក្រុងយេរូសាឡឹមពោរពេញដោយអំពើបាប
១ ចូរនាំគ្នាដើរកាត់ក្រុងយេរូសាឡឹម
ចូរសង្កេតមើល
ហើយសាកសួរ និងរកមើលនៅតាមផ្សារ
ក្រែងលោឃើញមាននរណាម្នាក់ស្មោះត្រង់
និងប្រព្រឹត្តតាមសេចក្ដីសុចរិត
ប្រសិនបើអ្នករាល់គ្នារកឃើញតែម្នាក់
នោះយើងអត់ទោសឲ្យក្រុងយេរូសាឡឹម។
២ ទោះបីគេស្បថ ដោយយកព្រះអម្ចាស់
ដែលមានព្រះជន្មគង់នៅធ្វើជាសាក្សីក្តី
ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
៣ បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើល
ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។
ព្រះអង្គបានវាយប្រហារពួកគេ
តែពួកគេធ្វើព្រងើយ
ព្រះអង្គបានធ្វើឲ្យពួកគេវិនាស
តែពួកគេមិនរាងចាលទេ
ពួកគេកាន់ចិត្តរឹងដូចថ្ម
ពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
៤ ខ្ញុំគិតថា: អ្នកទាំងនោះសុទ្ធតែជា
មនុស្សតូចតាច មិនសូវដឹងអី
គេពុំស្គាល់មាគ៌ារបស់ព្រះអម្ចាស់
ហើយក៏មិនស្គាល់វិន័យនៃព្រះរបស់ខ្លួនដែរ។
៥ ខ្ញុំគួរតែទៅរកពួកអ្នកធំវិញ
ដើម្បីនិយាយជាមួយពួកគេ
អ្នកទាំងនោះពិតជាស្គាល់មាគ៌ារបស់ព្រះអម្ចាស់
ហើយស្គាល់វិន័យនៃព្រះរបស់ខ្លួន។
ប៉ុន្តែ អ្នកទាំងនោះក៏បះបោរប្រឆាំងនឹងព្រះអង្គ
ព្រមទាំងផ្ដាច់ចំណងមេត្រីពីព្រះអង្គ
ដូចអ្នកតូចតាចដែរ។
៦ ហេតុនេះហើយបានជាសត្វតោចេញពីព្រៃ
មកប្រហារពួកគេ
សត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ី
ខ្លារខិនមកសំងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុង
អស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ី
ដ្បិតពួកគេបានបះបោរជាច្រើនដង
និងក្បត់ព្រះអម្ចាស់ជាច្រើនលើកច្រើនសា។
៧ «តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន?
កូនចៅរបស់អ្នកបានបោះបង់ចោលយើង
គេស្បថដោយយកព្រះក្លែងក្លាយ
ធ្វើជាសាក្សី។
យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌
តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញ
គឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់
ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
៨ ពួកគេប្រៀបបាននឹងសេះបាដែលពេញកម្លាំង
គឺម្នាក់ៗគិតតែចែចង់ប្រពន្ធគេ។
៩ ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោស
ពួកគេទេឬ?
តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិ
អាក្រក់បែបនេះទេឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេ
ហើយកម្ទេចចោលទៅ
តែកុំកម្ទេចឲ្យអស់ទាំងស្រុងឡើយ។
ចូរកាប់មែកវាចោល
ព្រោះមិនមែនជាមែករបស់ព្រះអម្ចាស់ទេ!
១១ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា
សុទ្ធតែបានក្បត់យើងទាំងស្រុង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ផលវិបាកនៃការបោះបង់ចោលព្រះអម្ចាស់
១២ ពួកគេមិនព្រមទទួលស្គាល់ព្រះអម្ចាស់
គេពោលថា «គ្មានព្រះអម្ចាស់ទេ
ហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរ
យើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
១៣ រីឯពួកព្យាការីគ្មានបានការអ្វីទេ
សេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេ
សូមឲ្យសេចក្ដីដែលពួកគេគំរាមនោះ
កើតមានដល់ពួកគេ!»។
១៤ ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃ
ពិភពទាំងមូល មានព្រះបន្ទូលថា៖
«យេរេមីអើយ ដោយពួកគេពោលដូច្នេះ
យើងនឹងយកពាក្យដែលយើងដាក់
ក្នុងមាត់អ្នកធ្វើជាភ្លើង
ហើយយកប្រជាជននេះធ្វើជាអុស
ដែលភ្លើងឆេះបំផ្លាញ។
១៥ អ៊ីស្រាអែលអើយ!
យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយ
ដើម្បីដាក់ទោសអ្នករាល់គ្នា
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
គឺប្រជាជាតិមួយដ៏ខ្លាំងពូកែ
ជាប្រជាជាតិដែលកកើតឡើង
តាំងពីយូរលង់មកហើយ
ជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសា
ហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។
១៦ ទាហានរបស់គេសុទ្ធតែចំណានៗ
ព្រួញរបស់គេនឹងប្រល័យជីវិតអ្នករាល់គ្នា។
១៧ ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហារ
របស់អ្នករាល់គ្នា
ពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
ពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោ
របស់អ្នករាល់គ្នា
ពួកគេកម្ទេចចម្ការទំពាំងបាយជូរ
និងចម្ការឧទុម្ពររបស់អ្នករាល់គ្នា
ហើយរំលាយក្រុងដែលមានកំពែងរឹងមាំ
ជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។
១៨ ប៉ុន្តែ នៅគ្រានោះ ទោះបីយ៉ាងណាក្តី ក៏យើងមិនកម្ទេចអ្នករាល់គ្នាឲ្យវិនាសទាំងស្រុងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១៩ យេរេមីអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។
ព្រះអម្ចាស់ដាក់ទោសអ៊ីស្រាអែល
២០ «ចូរប្រាប់ឲ្យកូនចៅរបស់លោកយ៉ាកុបដឹង
ចូរប្រកាសដល់ប្រជាជននៅស្រុកយូដាថា:
២១ ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់!
អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ
អ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ
២២ ព្រះអម្ចាស់មានព្រះបន្ទូលថា
តើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រ
នៅចំពោះមុខយើងទេឬ?
យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ច
សម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបាន
ទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណា
ក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។
២៣ រីឯប្រជាជននេះវិញ គេមានចិត្តរឹងរូស
បះបោរប្រឆាំងនឹងយើង
ហើយនាំគ្នាដកខ្លួនចាកចេញពីយើង។
២៤ គេពុំព្រមរិះគិតក្នុងចិត្តថា
“ចូរយើងនាំគ្នាគោរពកោតខ្លាចព្រះអម្ចាស់
ជាព្រះនៃយើង។
ព្រះអង្គប្រទានទឹកភ្លៀងមកយើង
តាមរដូវកាល គឺភ្លៀងនៅដើមរដូវ
និងភ្លៀងនៅចុងរដូវ
ហើយព្រះអង្គក៏បានកំណត់ទុកនូវសប្តាហ៍
ដែលយើងត្រូវច្រូតកាត់ដែរ”។
២៥ កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យ
ធាតុអាកាសប្រែប្រួល
អំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យ
អ្នករាល់គ្នាបាត់បង់ពរទាំងនោះ។
២៦ មានជនពាលស្ថិតនៅក្នុងចំណោម
ប្រជារាស្ដ្ររបស់យើង
ពួកគេដាក់អន្ទាក់ចាំចាប់មនុស្ស
ដូចព្រានដាក់អន្ទាក់ចាំចាប់សត្វ។
២៧ ផ្ទះរបស់ពួកគេមានពោរពេញដោយទ្រព្យ
ដែលគេប្លន់យកបាន
ដូចទ្រុងពេញដោយសត្វស្លាប
គឺពួកគេមានអំណាច និងមានទ្រព្យជាច្រើន
ដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។
២៨ ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់
ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិត
ពួកគេមិនគិតពីយុត្តិធម៌ទេ
ហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។
ពួកគេចេះតែចម្រើនឡើង
ពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
២៩ តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ
ព្រោះតែអំពើទាំងនោះទេឬ?
តើមិនគួរឲ្យយើងសងសឹកប្រជាជាតិ
អាក្រក់បែបនេះទេឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣០ នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវ
ដ៏ថោកទាបបំផុត
៣១ គឺពួកព្យាការីនាំគ្នាថ្លែងពាក្យ
ក្នុងនាមព្រះក្លែងក្លាយ
ក្រុមបូជាចារ្យគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន
ហើយប្រជារាស្ដ្ររបស់យើងពេញចិត្តនឹង
អំពើទាំងនោះណាស់!
ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ
យ៉ាងណាទៀត?»។
៦
ខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡឹម
១ «កូនចៅបេនយ៉ាមីនអើយ
ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ!
ចូរផ្លុំត្រែនៅតេកូអា
ចូរលើកទង់សញ្ញានៅបេតហាកេរិម
ដ្បិតមហន្តរាយ និងទុក្ខវេទនា
កំពុងតែមកពីទិសខាងជើង។
២ ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីត
មុខជាត្រូវវិនាសហើយ!
៣ ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូន
ដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួន
គេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះ
ម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។
៤ ពួកគេស្រែកថា: “ចូរវាយសម្រុកក្រុងនេះ
ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់!
ប៉ុន្តែ គួរឲ្យស្តាយណាស់
ព្រោះថ្ងៃកាន់តែទាបទៅៗ
ហើយយប់ក៏កាន់តែងងឹតទៅៗដែរ!
៥ ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន
យើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។
៦ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
«ចូរនាំគ្នាកាប់ដើមឈើ
ហើយសង់ប៉មឲ្យខ្ពស់
ដើម្បីវាយលុកក្រុងយេរូសាឡឹម!
ត្រូវតែដាក់ទោសក្រុងនេះ
ព្រោះនៅក្នុងទីក្រុងមានសុទ្ធតែការជិះជាន់។
៧ អំពើអាក្រក់ហូរចេញពីក្រុងនេះ
ដូចទឹកហូរចេញពីប្រភពទឹក។
ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ
និងការបំផ្លិចបំផ្លាញ។
ការឈឺចុកចាប់ និងស្នាមរបួស
ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។
៨ យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅ
ក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នក
ហើយធ្វើឲ្យអ្នកវិនាសអន្តរាយ
ក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។
៩ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
«ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រាអែល
ដែលនៅសេសសល់
ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់
គឺគេនឹងមកសាជាថ្មី
ដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមក
ប្រឡេះផ្លែដែលនៅសល់»។
១០ តើខ្ញុំត្រូវនិយាយទៅកាន់នរណា
តើនរណាជួយពន្យល់ពួកគេឲ្យស្ដាប់ខ្ញុំ
ដ្បិតពួកគេធ្វើជាថ្លង់
ហើយមិនអាចយកចិត្តទុកដាក់ស្ដាប់បានទេ។
ពេលខ្ញុំនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់
ពួកគេបែរជានាំគ្នាសើចចំអក
គឺពួកគេមិនចូលចិត្តឮឡើយ។
១១ ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់
ខ្ញុំទប់ចិត្តលែងបានទៀតហើយ។
«ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ
ព្រមទាំងជះទៅលើក្រុមយុវជនផង
ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា
នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។
១២ ពេលណាយើងដាក់ទោសអ្នកស្រុកនេះ
ផ្ទះរបស់គេនឹងត្រូវអ្នកផ្សេងមករស់នៅ
ហើយចម្ការ និងប្រពន្ធរបស់គេ
ក៏នឹងបានទៅជាកម្មសិទ្ធិរបស់អ្នកផ្សេងដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ ពួកគេទាំងអស់គ្នា
ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ
គិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន
ទាំងព្យាការី ទាំងបូជាចារ្យ
សុទ្ធតែជាអ្នកបោកប្រាស់។
១៤ ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយ
នៃប្រជារាស្ដ្ររបស់យើងទេ។
ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»
តែគ្មានសន្តិភាពទាល់តែសោះ!
១៥ ពួកគេគួរតែអៀនខ្មាសចំពោះអំពើព្រៃផ្សៃ
ដែលខ្លួនបានប្រព្រឹត្ត។
ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនចេះខ្មាស។
ហេតុនេះហើយបានជាពួកគេត្រូវវិនាស
ជាមួយអស់អ្នកដែលត្រូវវិនាស
នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ
ពួកគេនឹងត្រូវដួលជាមិនខាន»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍
ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម
ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ
រួចនាំគ្នាដើរតាមមាគ៌ានោះទៅ
ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។
ប៉ុន្តែ ពួកគេឆ្លើយមកវិញថា:
“យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
១៧ យើងបានដាក់អ្នកយាមល្បាត
សម្រាប់នាំដំណឹងមកអ្នករាល់គ្នា
ចូរត្រងត្រាប់ស្ដាប់សំឡេងស្នែងរបស់គេទៅ!
តែពួកគេឆ្លើយថា “យើងមិនរវីរវល់ស្ដាប់ទេ!”
១៨ ហេតុនេះ ប្រជាជាតិទាំងឡាយអើយ ចូរស្ដាប់!
ចូរដឹងថា នឹងមានហេតុការណ៍មួយ
កើតឡើងចំពោះប្រជារាស្ដ្រនេះ។
១៩ ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យ
ប្រជារាស្ដ្រនេះរងទុក្ខវេទនា
ដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេ
ដ្បិតពួកគេពុំបានត្រងត្រាប់
ស្ដាប់ពាក្យរបស់យើងទេ
ពួកគេក៏មើលងាយវិន័យរបស់យើងដែរ។
២០ តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី
ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ
មកថ្វាយយើងឬ?
យើងមិនព្រមទទួលតង្វាយដុតរបស់
អ្នករាល់គ្នាទេ
ហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជា
របស់អ្នករាល់គ្នាដែរ»។
២១ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«ហេតុនេះ យើងនឹងដាក់ថ្ម
ធ្វើជាឧបសគ្គនៅចំពោះមុខប្រជាជននេះ
ជាថ្មដែលនាំឲ្យគេជំពប់ដួល
ហើយវិនាសទាំងឪពុក ទាំងកូន
ទាំងញាតិសន្ដាន ទាំងអ្នកដែលនៅជិតខាង»។
ខ្មាំងសត្រូវពីទិសខាងជើងមកវាយលុក
២២ ព្រះអម្ចាស់មានព្រះបន្ទូលថា:
«មើល៍! មានកងទ័ពមកពីទិសខាងជើង
ប្រជាជាតិមួយដែលជាមហាអំណាច
ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
២៣ ពួកគេលើកធ្នូ លើកលំពែងឡើង
ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ
សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ
ពួកគេជិះសេះមក
ហើយតំរៀបគ្នាជាក្បួនទ័ព
ដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
២៤ «យើងខ្ញុំបានឮដំណឹងនេះ
យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត
និងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។
២៥ កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវ
ដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ!
ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។
២៦ ប្រជាជនរបស់យើងអើយ
ចូរស្លៀកបាវ ហើយអង្គុយក្នុងផេះ
រួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខ
កូនតែមួយគត់ដែលស្លាប់នោះទៅ!
ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅ
ដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នា
ពុំឲ្យដឹងខ្លួនជាមុនឡើយ!
២៧ «យេរេមីអើយ យើងបានតែងតាំងអ្នក
ឲ្យល្បងលមើលប្រជាជនរបស់យើង
ដូចជាងសាកល្បងលោហធាតុ
គឺយើងឲ្យអ្នកសង្កេត និងល្បងលមើល
មាគ៌ារបស់ពួកគេ»។
២៨ «ពួកគេចូលចិត្តនិយាយមួលបង្កាច់
មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែប
ដែលពុំអាចពត់បានឡើយ
គឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា!
២៩ ធម្មតា ភ្លើងដែលគេសប់យ៉ាងក្ដៅ
អាចបន្សុទ្ធលោហធាតុបាន
រីឯប្រជាជននេះវិញ
គ្មាននរណាអាចបន្សុទ្ធបានទេ
ព្រោះអំពើអាក្រក់ស្ថិតជាប់នឹងពួកគេជានិច្ច។
៣០ គេហៅអ្នកទាំងនោះថា “ប្រាក់គ្មានតម្លៃ”
ដ្បិតព្រះអម្ចាស់មិនទទួលពួកគេទេ!»។
៧
លោកយេរេមីប្រកាសព្រះបន្ទូលនៅក្នុងព្រះវិហារ
(សូមប្រៀបធៀប យេរេមី ២៦.១-១៩)
១ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយេរេមីដូចតទៅ៖ ២ «ចូរទៅឈរនៅមាត់ទ្វារព្រះវិហារ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំព្រះអម្ចាស់ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ! ៣ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ ៤ មិនត្រូវអះអាងលើពាក្យ ដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់!” ឡើយ។ ៥ ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ ៦ ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។ ៧ ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកឲ្យអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។
៨ ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។ ៩ អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន ១០ រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។ ១១ តើអ្នករាល់គ្នាស្មានថា ព្រះវិហារ ដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ «ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេចខ្ទី»។ ១៣ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្តី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ ១៤ យើងនឹងប្រព្រឹត្តចំពោះព្រះវិហារនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។ ១៥ យើងនឹងបំបរបង់អ្នករាល់គ្នា ឲ្យឆ្ងាយពីយើង ដូចយើងបានបំបរបង់ពួកអេប្រាអ៊ីមទាំងមូលជាបងប្អូនរបស់អ្នករាល់គ្នាដែរ»។
ពាក្យទូលអង្វរដែលព្រះអម្ចាស់ពុំអាចឆ្លើយតបបាន
១៦ «រីឯអ្នកវិញ កុំទូលអង្វរយើងសម្រាប់ប្រជាជននេះ កុំបន្លឺសំឡេងអធិស្ឋាន ឬទទូចសុំឲ្យយើងប្រណីពួកគេឡើយ យើងមិនស្ដាប់ពាក្យអ្នកទេ។ ១៧ តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្តនៅតាមក្រុងនានាក្នុងស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមទេឬ? ១៨ កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្ដាយច្របាច់ម្សៅធ្វើនំថ្វាយព្រះនាងម្ចាស់សួគ៌ ពួកគេច្រួចស្រាថ្វាយព្រះដទៃ ដើម្បីបញ្ឈឺចិត្តយើង។ ១៩ តាមពិត មិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ២០ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។
២១ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរបន្ថែមតង្វាយដុតពីលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ ២២ ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប យើងពុំបាននិយាយអ្វីជាមួយពួកគេ ហើយយើងក៏ពុំបានបង្គាប់ពួកគេស្តីអំពីតង្វាយដុត និងយញ្ញបូជាដែរ។ ២៣ យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់សំឡេងយើង ដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ដ្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។ ២៤ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ។ ២៥ តាំងពីថ្ងៃដែលបុព្វបុរសរបស់ពួកគេចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ព្យាការីទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរាល់ថ្ងៃ មិនដែលអាក់ខានឡើយ។ ២៦ ផ្ទុយទៅវិញ ពួកគេមិនព្រមស្ដាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត»។
២៧ «ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្ដាប់ ពេលអ្នកហៅពួកគេ ពួកគេមិនព្រមឆ្លើយ។ ២៨ ដូច្នេះ ចូរប្រាប់ពួកគេថា អ្នករាល់គ្នាជាប្រជាជាតិដែលមិនព្រមស្ដាប់ព្រះសូរសៀងព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយក៏មិនព្រមទទួលព្រះបន្ទូលប្រៀនប្រដៅពីព្រះអង្គដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ ពាក្យសម្ដីដែលអ្នករាល់គ្នានិយាយមិនពិតទាល់តែសោះ»។
ជ្រលងភ្នំពិឃាត
២៩ ប្រជាជនក្រុងយេរូសាឡឹមអើយ
អ្នកលែងជាប្រជាជនដែលញែកខ្លួនថ្វាយ
ព្រះអម្ចាស់ទៀតហើយ!
ចូរយំរៀបរាប់នៅលើភ្នំនេះទៅ!
ដ្បិតព្រះអម្ចាស់មិនរវីរវល់នឹងអ្នកទេ
ព្រះអង្គបោះបង់ចោលមនុស្សមួយជំនាន់នេះ
ដែលបាននាំគ្នាធ្វើឲ្យព្រះអង្គពិរោធ។
៣០ «ជនជាតិយូដានាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- គឺពួកគេយករូបព្រះដ៏ចង្រៃមកតម្កល់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង។ ៣១ ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំបេនហ៊ីណូម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់ឲ្យពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។ ៣២ ដូច្នេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ “ជ្រលងភ្នំបេនហ៊ីណូម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”។ គេនឹងយកសពទៅកប់នៅតូផេតនោះ ដ្បិតកន្លែងឯទៀតៗគ្មាននៅសល់ដីសម្រាប់កប់សាកសពទេ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣៣ សាកសពរបស់ប្រជាជននេះនឹងក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ វានឹងស៊ីសាកសពទាំងនោះ ដោយឥតមាននរណាមកដេញវាឡើយ។ ៣៤ តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងឲ្យមានឮសូរសំឡេងដ៏សប្បាយ បទចម្រៀងសម្រាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។
៨
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្តេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជាចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ ២ ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។ ៣ រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ប្រជាជាតិនេះឥតយល់អ្វីទាំងអស់
៤ ចូរប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះបន្ទូល
ដូចតទៅ:
«ធម្មតា អ្នកដួលតែងតែក្រោកឡើងវិញ
ហើយអ្នកវង្វេងផ្លូវ
ក៏តែងតែបកក្រោយវិញដែរ។
៥ ចុះហេតុដូចម្ដេចបានជាប្រជាជន
ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង
ហើយចេះតែមានចិត្តសាវ៉ាដូច្នេះ?
ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ
ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
៦ យើងផ្ទៀងត្រចៀកស្ដាប់
ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ
គ្មាននរណាម្នាក់សោកស្តាយថា
ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា
“ខ្ញុំបានធ្វើខុសហើយ” នោះឡើយ
គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម
អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
៧ កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល
ហើយលលក ត្រចៀកកាំ និងស្មោញ
ក៏ចេះសម្គាល់មើលថា
តើពេលណាវាត្រូវវិលមកវិញដែរ
ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់
ដំបូន្មានរបស់យើងទេ។
៨ តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា
“ពួកយើងជាមនុស្សមានប្រាជ្ញា
ដ្បិតពួកយើងមានវិន័យរបស់ព្រះអម្ចាស់”
បើស្មៀនចម្លងគម្ពីរវិន័យ
នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
៩ អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់
ពួកគេនឹងវង្វេងវង្វាន់ ជាប់អន្ទាក់។
ពួកគេមាក់ងាយព្រះបន្ទូលរបស់ព្រះអម្ចាស់
ដូច្នេះ តើគេមានប្រាជ្ញាអ្វី?
១០ ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ
ទៅឲ្យអ្នកដទៃ
ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ
អស់អ្នកដែលនឹងមកចាប់យក
ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក
ប្រយោជន៍ផ្ទាល់ខ្លួន
គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ
ហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យ
សុទ្ធតែជាអ្នកបោកប្រាស់។
១១ ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនា
នៃប្រជាជនរបស់យើងទេ។
ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»
តែគ្មានសន្តិភាពទាល់តែសោះ!។
១២ ពួកគេគួរតែអាម៉ាស់
ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។
ប៉ុន្តែ ពួកគេមានមុខក្រាស់
មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។
ហេតុនេះហើយបានជាពួកគេត្រូវវិនាស
ជាមួយអស់អ្នកដែលត្រូវវិនាស។
នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ
ពួកគេនឹងត្រូវដួលជាមិនខាន»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
«យើងសម្រេចចិត្តបំផ្លាញពួកគេចោល
ព្រោះពេលយើងចង់ប្រមូលផល
ពួកគេគ្មានផលអ្វីទាល់តែសោះ
គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ
ដូចដើមឧទុម្ពរដែលគ្មានផ្លែ
ហើយស្លឹករបស់វាក៏ស្វិតក្រៀម។
ដូច្នេះ យើងនឹងប្រគល់ដីឲ្យ
អស់អ្នកដែលដើរកាត់តាមនោះ»។
១៤ «ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ
ចូរប្រមែប្រមូលគ្នាមក
ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ
ហើយសំងំចាំស្លាប់នៅទីនោះ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង
ធ្វើឲ្យយើងវិនាស
ព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុល
ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង
ព្រះហឫទ័យរបស់ព្រះអង្គ។
១៥ ពួកយើងសង្ឃឹមថានឹងបានសុខ
តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ!
យើងសង្ឃឹមថា នឹងមានពេលមួយ
យើងបានជាសះស្បើយ
តែយើងបែរជាជួបភ័យអាសន្នទៅវិញ!
១៦ សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់
សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ
ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក
និងអ្វីៗដែលមាននៅក្នុងស្រុក
ពួកគេបំផ្លាញក្រុង
និងប្រជាជនដែលរស់នៅក្នុងក្រុង»។
១៧ «យើងនឹងប្រើពស់វែក និងពស់អសិរពិស
ឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែល
គ្មានគ្រូអាលម្ពាយណាអាចសណ្តំឡើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទំនួញរបស់លោកយេរេមី
១៨ ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ
តែគ្មានអ្វីអាចសម្រាលទុក្ខរបស់ខ្ញុំបានទេ
១៩ សម្រែកយំសោកនៃប្រជាជនរបស់ខ្ញុំ
លាន់ឮពីដែនដីដ៏សែនឆ្ងាយ
ព្រះអម្ចាស់លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ?
ក្រុងស៊ីយ៉ូនលែងមានព្រះមហាក្សត្រហើយឬ?
«ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង
ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ
របស់សាសន៍ដទៃដូច្នេះ?»។
២០ រដូវចម្រូតកន្លងផុតទៅ
រដូវប្រាំងក៏ជិតផុតទៅដែរ
តែពួកយើងពុំបានទទួលការសង្គ្រោះសោះ!
២១ ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ
ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ
ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។
២២ តើនៅស្រុកកាឡាដលែងមានប្រេង
សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ?
តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ?
ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ
មិនព្រមសះដូច្នេះ?
២៣ (៩.១) ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក
ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ
ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់
ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
៩
ប្រជាជនដែលពោរពេញដោយការកុហក
១ (២) ប្រសិនបើមាននរណាឲ្យខ្ទមមួយ
ដែលជាជម្រកសម្រាប់អ្នកដំណើរ
នៅវាលរហោស្ថានមកខ្ញុំ
នោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំ
ខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេ
ដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់
ពួកគេក្បត់ព្រះជាម្ចាស់ទាំងអស់គ្នា។
២ (៣) «អណ្ដាតរបស់គេប្រៀបបាននឹងធ្នូ
ដែលគេយឹតបម្រុងនឹងបាញ់។
គេមានអំណាចនៅក្នុងស្រុក
មិនមែនដោយសារសេចក្ដីពិតទេ
តែមកពីការកុហក
ពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នា
ហើយពួកគេពុំស្គាល់យើងឡើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣ (៤) «ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់
ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយ
ដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯង
ហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។
៤ (៥) ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក
គ្មាននរណានិយាយការពិតទេ
ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យ
ពោលពាក្យភូតភរ
ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
៥ (៦) ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នា
ហើយបោកបញ្ឆោតមិនឈប់ឈរ
ពួកគេបដិសេធមិនព្រមទទួលស្គាល់យើង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៦ (៧) ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង
ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ
ចំពោះប្រជាជនរបស់យើងឡើយ។
៧ (៨) អណ្ដាតរបស់ពួកគេជាព្រួញពិស
គេពោលតែពាក្យបោកបញ្ឆោត
មាត់របស់ពួកគេពោលពាក្យផ្អែមល្ហែម
ទៅកាន់អ្នកដទៃ
តែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។
៨ (៩) តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ
ព្រោះតែអំពើទាំងនោះទេឬ?
តើមិនគួរឲ្យយើងដាក់ទោសប្រជាជាតិ
បែបនេះទេឬ?»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពេលដែលត្រូវយំសោក
៩ (១០) ខ្ញុំនឹងស្រែកទ្រហោយំ
សោកសង្រេងនៅលើភ្នំ
ខ្ញុំនឹងយំរៀបរាប់
នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំ
ដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់
គ្មាននរណាដើរកាត់តាមនោះទៀតទេ
ហើយក៏លែងឮសូរសម្រែកហ្វូងសត្វទៀតដែរ
សត្វស្លាបក៏ដូចជាសត្វចតុប្បាទ
វាចាកចេញបាត់អស់ទៅហើយ។
១០ (១១) «យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹម
ក្លាយទៅជាគំនរឥដ្ឋ
ជាកន្លែងដែលឆ្កែចចកយកធ្វើជាជម្រក។
យើងនឹងធ្វើឲ្យក្រុងទាំងឡាយ
ក្នុងស្រុកយូដាក្លាយទៅជាទីស្ងាត់ជ្រងំ
គ្មាននរណារស់នៅ!»។
១១ (១២) តើនរណាមានប្រាជ្ញា
អាចយល់ហេតុការណ៍ទាំងនេះបាន?
ប្រសិនបើព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈ
អ្នកនោះមែន ចូរឲ្យគេពន្យល់មកមើល
ហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់
ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។
១២ (១៣) ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ហេតុការណ៍ទាំងនេះកើតឡើង មកពីពួកគេបោះបង់ចោលវិន័យ*ដែលយើងប្រគល់ឲ្យពួកគេ ពួកគេមិនបានស្ដាប់ និងធ្វើតាមសេចក្ដីដែលយើងទូន្មានពួកគេទេ។ ១៣ (១៤) ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។ ១៤ (១៥) ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។ ១៥ (១៦) យើងកម្ចាត់កម្ចាយពួកគេឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយដែលពួកគេផ្ទាល់ ឬដូនតារបស់ពួកគេពុំធ្លាប់ស្គាល់។ យើងឲ្យសត្រូវដេញកាប់សម្លាប់ពួកគេ រហូតទាល់តែស្លាប់អស់គ្មានសល់»។ ១៦ (១៧) ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖
«ចូរនាំគ្នាគិតគូរហៅស្រីៗដែលស៊ីឈ្នួលយំ
គឺស្រីៗដែលពូកែយំនោះឲ្យមក»។
១៧ (១៨) ស្រីទាំងនោះត្រូវប្រញាប់យំរៀបរាប់
ស្រណោះយើងទាំងអស់គ្នា
សូមឲ្យទឹកភ្នែករបស់យើងទាំងអស់គ្នា
ហូរដូចទឹកទន្លេ។
១៨ (១៩) សម្រែកថ្ងូរលេចឮចេញមកពីក្រុងស៊ីយ៉ូនថា
យើងវិនាសហិនហោចអស់ហើយ!
យើងសែនអាម៉ាស់
ដ្បិតយើងត្រូវតែបោះបង់ចោលស្រុក
សត្រូវបានរំលំទីលំនៅរបស់យើងហើយ!
១៩ (២០) ស្ត្រីទាំងឡាយអើយ
ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះអង្គ
មានព្រះបន្ទូល!
ចូរបង្ហាត់កូនស្រីរបស់នាងឲ្យចេះទ្រហោយំ
ចូរបង្រៀនគ្នាទៅវិញទៅមក
ឲ្យចេះយំរៀបរាប់
២០ (២១) ដ្បិតសេចក្ដីស្លាប់ឡើងតាមបង្អួចរបស់យើង
សេចក្ដីស្លាប់ចូលមកក្នុងកំពែងក្រុងរបស់យើង
ដកយកជីវិតក្មេងៗនៅតាមដងផ្លូវ
និងដកជីវិតពួកយុវជននៅតាមផ្សារ។
២១(២២) ចូរនាំព្រះបន្ទូលរបស់ព្រះអម្ចាស់
ទៅប្រកាសថា
សាកសពរបស់មនុស្សនឹងនៅពាសពេញលើដី
ដូចលាមកសត្វនៅតាមចម្ការ
និងដូចកណ្ដាប់ដែលគេទើបនឹងច្រូតរួច
តែគ្មាននរណារើសឡើយ។
២២ (២៣) ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញា
អ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំង
ហើយអ្នកមានក៏មិនត្រូវអួត
ព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
២៣ (២៤) បើអ្នកណាចង់អួតខ្លួន
ត្រូវអួត ព្រោះតែការចេះដឹង និងស្គាល់យើង
ជាព្រះអម្ចាស់ ដែលសម្ដែងសេចក្ដីសប្បុរស
សេចក្ដីសុចរិត និងយុត្តិធម៌នៅលើផែនដី។
មនុស្សប្រភេទនេះហើយដែលយើងពេញចិត្ត»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៤ (២៥) ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងដាក់ទោសអស់អ្នកដែលធ្វើពិធីកាត់ស្បែក*តែសំបកក្រៅ ២៥ (២៦) គឺជនជាតិអេស៊ីប ជនជាតិយូដា ជនជាតិអេដុម ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ព្រមទាំងពួកអ្នកកោរជើងសក់ ដែលរស់នៅតាមវាលរហោស្ថាន ដ្បិតប្រជាជាតិទាំងនោះពុំបានកាត់ស្បែកទេ។ សូម្បីតែប្រជាជាតិអ៊ីស្រាអែលទាំងមូលក៏ពុំបានធ្វើពិធីកាត់ស្បែក ដើម្បីប្រគល់ចិត្តគំនិតមកយើងដែរ»។
១០
ព្រះជាម្ចាស់ និងព្រះក្លែងក្លាយ
១ ជនជាតិអ៊ីស្រាអែលអើយ
ចូរនាំគ្នាស្ដាប់សេចក្ដីដែល
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា!
២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយ
ហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់
ផ្សេងៗនៅលើមេឃ
ដូចប្រជាជាតិទាំងឡាយដែរ។
៣ ជំនឿសាសនារបស់សាសន៍នានា
សុទ្ធតែឥតបានការ។
ពួកគេកាប់ដើមឈើពីក្នុងព្រៃ
ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប
៤ រួចគេយកប្រាក់ និងមាសស្រោបពីលើ។
បន្ទាប់មក គេយកដែកគោល និងញញួរ
មកដំភ្ជិតរូបនោះកុំឲ្យរង្គើ។
៥ ព្រះទាំងនោះមិនចេះនិយាយទេ
គឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់
ព្រះទាំងនោះមិនចេះដើរឡើយ
ទៅណាមកណា ត្រូវតែមានអ្នកលីសែង។
កុំខ្លាចព្រះទាំងនោះអី
ព្រះទាំងនោះមិនចេះធ្វើបាបនរណាទេ
ហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។
៦ ឱព្រះអម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង
ព្រះអង្គឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម
ហើយព្រះនាមព្រះអង្គក៏ឧត្តុង្គឧត្ដមដែរ
ព្រោះព្រះអង្គប្រកបដោយឫទ្ធិបារមី។
៧ មនុស្សទាំងអស់ត្រូវតែកោតខ្លាចព្រះអង្គ
ដ្បិតព្រះអង្គជាព្រះមហាក្សត្រ
របស់ប្រជាជាតិនានា។
ក្នុងចំណោមប្រជាជាតិនានា
និងនៅក្នុងនគរទាំងប៉ុន្មាន
គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងព្រះអង្គឡើយ។
៨ ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នា
ដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ
៩ ពួកគេយកសន្លឹកប្រាក់ពីស្រុកតារស៊ីស
និងយកមាសពីស្រុកអ៊ូផាស
ហើយឲ្យជាងទង និងជាងចម្លាក់
យកមាសប្រាក់នោះស្រោបពីលើរូបបដិមា
រួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំ
មកពាក់ឲ្យផង។
រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។
១០ រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិត
ព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ
ជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរ
អស់កល្បជានិច្ច។
ពេលព្រះអង្គសម្ដែងព្រះពិរោធ
នោះផែនដីត្រូវញាប់ញ័រ។
ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។
១១ ចូរប្រាប់ពួកគេថា ព្រះទាំងឡាយ ដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
១២ រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី
ដោយឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតពិភពលោក
ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ
ដោយព្រះតម្រិះរបស់ព្រះអង្គ។
១៣ ពេលព្រះអង្គបន្លឺព្រះសូរសៀង
ទឹកទាំងឡាយមកមូលផ្តុំគ្នានៅលើមេឃ
ពពករសាត់មកពីជើងមេឃ
ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក
ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
១៤ ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ
មនុស្សទាំងអស់បែរជាងឿងឆ្ងល់
ហើយភ័ន្តភាំងស្មារតី
ជាងមាសបែរជាខ្មាសខ្លួនឯង
ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ
ទាំងនោះ ដែលគ្មានវិញ្ញាណ។
១៥ ព្រះទាំងនោះឥតបានការអ្វីសោះ
ជាវត្ថុគួរឲ្យមើលងាយ
ដែលនឹងត្រូវវិនាសសូន្យ
នៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។
១៦ រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេ
ព្រះអង្គបានបង្កើតអ្វីៗទាំងអស់
ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល
ធ្វើជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ
ព្រះអង្គមាននាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល។
មហន្តរាយដ៏ទាន់ហន់
១៧ យេរូសាឡឹមអើយ
សត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ!
ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក!
១៨ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ពេលនេះ យើងនឹងលើកអ្នកស្រុកនេះ
គ្រវែងចោលឲ្យឆ្ងាយពីទឹកដី
យើងនឹងដេញពួកគេយ៉ាងប្រកិត
មិនឲ្យពួកគេរត់រួចឡើយ»។
១៩ ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ!
ដំបៅរបស់ខ្ញុំមើលមិនជាទេ!
ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែន
តែខ្ញុំអាចស៊ូទ្រាំបាន!
២០ ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់
រីឯខ្សែចងជំរំក៏ដាច់អស់ដែរ
កូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយ
គ្មាននរណាជួយដំឡើងជំរំ
និងជួយធ្វើជម្រកឲ្យខ្ញុំសាជាថ្មីឡើយ។
២១ នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ
ពួកគេមិនបានស្វែងរកព្រះអម្ចាស់ទេ
ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ
ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង
របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។
២២ ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេង
លាន់ឮឡើងពីទិសខាងជើង
ដើម្បីមកកម្ទេចក្រុងទាំងឡាយនៃស្រុកយូដា
ឲ្យក្លាយទៅជាទីស្មសាន
ជាជម្រករបស់ឆ្កែព្រៃ។
២៣ ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថា
មនុស្សលោកមិនអាចធ្វើជាម្ចាស់លើ
កិរិយាមារយាទរបស់ខ្លួនទេ
ក្នុងដំណើរជីវិត
គេពុំអាចតម្រង់ផ្លូវរបស់ខ្លួនឡើយ។
២៤ ឱព្រះអម្ចាស់អើយ
សូមកែតម្រង់ទូលបង្គំផង!
សូមកែតម្រង់ទូលបង្គំ ដោយអធ្យាស្រ័យ
គឺកុំប្រើព្រះពិរោធឡើយ
ក្រែងលោទូលបង្គំត្រូវវិនាសសូន្យទៅ។
២៥ សូមបំបែរព្រះពិរោធរបស់ព្រះអង្គ
ទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គ
ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ
ព្រះនាមរបស់ព្រះអង្គ!
ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស
របស់លោកយ៉ាកុប ពួកគេបំបាត់ពូជសាសន៍នេះ
ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា
ទីស្មសានទៀតផង។
១១
ប្រជាជនក្បត់សម្ពន្ធមេត្រី
១ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈលោកយេរេមីដូចតទៅ: ២ «ចូរស្ដាប់សេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រី*នេះ ហើយយកទៅប្រកាសប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ៣ គឺប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកណាមិនធ្វើតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះទេ អ្នកនោះមុខជាត្រូវវេទនាពុំខាន! ៤ យើងបានចងសម្ពន្ធមេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា”។ ៥ ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ទូលព្រះអង្គថា «ពិតមែនហើយព្រះអម្ចាស់!»។
៦ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
«ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”! ៧ ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។ ៨ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងដែរ ម្នាក់ៗនៅតែចចេសធ្វើតាមចិត្តអាក្រក់របស់ខ្លួន។ ហេតុនេះ យើងប្រព្រឹត្តចំពោះពួកគេ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងសម្ពន្ធមេត្រី គឺជាសេចក្ដីដែលយើងបង្គាប់ពួកគេឲ្យប្រតិបត្តិតាម តែពួកគេមិនប្រតិបត្តិតាមទេ»។
៩ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ប្រជាជននៅស្រុកយូដា និងប្រជាជននៅក្រុងយេរូសាឡឹម ឃុបឃិតគ្នាប្រឆាំងនឹងយើង។ ១០ ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាផ្ដាច់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។
១១ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាធ្លាក់មកលើពួកគេ ពួកគេពុំអាចគេចផុតឡើយ។ ពួកគេនឹងស្រែកអង្វរយើង តែយើងមិនស្ដាប់ពួកគេទេ។ ១២ អ្នកក្រុងទាំងឡាយនៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នឹងនាំគ្នាសែន បួងសួងរកព្រះឯទៀតៗដែលពុំអាចជួយសង្គ្រោះពួកគេ នៅគ្រាមានទុក្ខវេទនាឡើយ។ ១៣ យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូសាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។
១៤ «រីឯអ្នកវិញ កុំទូលអង្វរឲ្យប្រជាជននេះធ្វើអ្វី! គឺកុំស្រែកអង្វរ ឬអធិស្ឋានឲ្យពួកគេឡើយ ដ្បិតពេលពួកគេមានទុក្ខ ហើយនាំគ្នាអង្វររកយើង យើងនឹងមិនស្ដាប់ពួកគេជាដាច់ខាត»។
អ៊ីស្រាអែលជាដើមអូលីវរបស់ព្រះអម្ចាស់
១៥ «ប្រជាជនជាទីស្រឡាញ់របស់យើងកំពុងតែ
ប្រព្រឹត្តអំពើវៀចវេរយ៉ាងច្រើនឥតគណនា
តើពួកគេមកក្នុងដំណាក់យើងធ្វើអ្វីទៀត?
តើពួកគេនឹកស្មានថានឹងបានរួចខ្លួន
ដោយយកយញ្ញបូជាមកឲ្យយើង
និងបន់ស្រន់យើងឬ?»។
១៦ ព្រះអម្ចាស់បានដាក់ឈ្មោះឲ្យអ្នកថា
“ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ”
ប៉ុន្តែ ព្រះអង្គនឹងដុតបំផ្លាញដើមអូលីវនេះ
ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង
ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។
១៧ អ៊ីស្រាអែលអើយ ព្រះអម្ចាស់នៃពិភពទាំងមូលបានដាំអ្នក ដូចដាំដើមអូលីវ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាចេះតែប្រព្រឹត្តអំពើអាក្រក់ ដោយនាំគ្នាអុជធូបបួងសួងព្រះបាល។ ហេតុនេះ ព្រះអង្គព្រះអង្គព្រះពិរោធ ហើយធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកជាមិនខាន។
អ្នកភូមិអាណាតូតឃុបឃិតគ្នាប្រឆាំងនឹងលោកយេរេមី
១៨ ព្រះអម្ចាស់បានប្រាប់ខ្ញុំ ហើយខ្ញុំក៏ដឹងអំពីឧបាយកល ដែលពួកគេបម្រុងនឹងធ្វើចំពោះខ្ញុំ។ ១៩ ពីមុន ខ្ញុំប្រៀបបាននឹងកូនចៀមដ៏ស្លូត ដែលគេដឹកទៅទីសត្តឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោងការ ដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា “យើងនាំគ្នារំលំដើមឈើកំពុងតែមានផ្លែនេះទៅ យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឲ្យនរណានឹកនាដល់ឈ្មោះវាទៀត!”។
២០ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល
ព្រះអង្គជាចៅក្រមដ៏សុចរិត
ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស
យ៉ាងច្បាស់
ទូលបង្គំនឹងឃើញព្រះអង្គរកយុត្តិធម៌
ដោយដាក់ទោសពួកគេជាមិនខាន
ទូលបង្គំប្រគល់រឿងហេតុរបស់ទូលបង្គំ
លើព្រះអង្គទាំងស្រុង។
២១ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នកភូមិអាណាតូត ដែលចង់ប្រហារជីវិតខ្ញុំ ដោយពោលមកខ្ញុំថា “កុំថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ឡើយ បើមិនដូច្នោះទេ អ្នកមុខជាស្លាប់ដោយដៃពួកយើងមិនខាន!”។ ២២ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគេ គឺពួកយុវជនរបស់គេនឹងស្លាប់ដោយមុខដាវ កូនប្រុសកូនស្រីរបស់ពួកគេនឹងស្លាប់ដោយទុរ្ភិក្ស។ ២៣ ក្នុងចំណោមពួកគេ គ្មាននៅសេសសល់នរណាម្នាក់សោះ ដ្បិតនៅឆ្នាំដែលយើងដាក់ទោសអ្នកភូមិអាណាតូត យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ពួកគេ»។
១២
១ បពិត្រព្រះអម្ចាស់
ព្រះអង្គសុចរិតពន់ពេកណាស់
ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ
ជាមួយព្រះអង្គបានទេ។
ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ
របស់ព្រះអង្គ
ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើន
ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ?
ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ
យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
២ ព្រះអង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫស
ចម្រើនឡើង និងមានផ្លែផ្កា។
ពួកគេពោលពីព្រះនាមព្រះអង្គមិនដាច់ពីមាត់
តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះអង្គ។
៣ ឱព្រះអម្ចាស់អើយ ព្រះអង្គស្គាល់ទូលបង្គំ
ព្រះអង្គទតឃើញទូលបង្គំ
ព្រះអង្គឈ្វេងយល់ថា
ទូលបង្គំជំពាក់ចិត្តនឹងព្រះអង្គ។
រីឯអ្នកទាំងនោះវិញ
សូមព្រះអង្គយកពួកគេចេញ
ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត
សូមញែកពួកគេទុកដោយឡែក
សម្រាប់ថ្ងៃប្រហារជីវិត។
៤ តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សី ត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ព្រះអង្គមិនឃើញដែរ!”។
៥ «បើអ្នកពុំអាចរត់ប្រណាំងនឹង
មនុស្សថ្មើរជើងបានផង
ធ្វើម្ដេចអាចរត់ប្រណាំងនឹងសេះបាន?
បើអ្នកគ្មានសេចក្ដីសុខនៅក្នុងស្រុកដែល
មានសន្តិសុខផង
ធ្វើដូចម្ដេចអាចមានសេចក្ដីសុខនៅក្នុងព្រៃ
ជិតទន្លេយ័រដាន់?
៦ សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្តី ក៏មិនត្រូវទុកចិត្តពួកគេឡើយ»។
ព្រះអម្ចាស់បោះបង់ចោលព្រះវិហារ និងប្រជាជនរបស់ព្រះអង្គ
៧ យើងបោះបង់ចោលដំណាក់របស់យើង
យើងលះបង់ចោលកេរមត៌ករបស់យើង
យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
៨ ប្រជារាស្ដ្រដែលជាកេរមត៌ករបស់យើងផ្ទាល់
ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ
គឺគេគ្រហឹមដាក់យើង
ហេតុនេះហើយបានជាយើងឈប់
ស្រឡាញ់គេទៀត។
៩ ប្រជារាស្ដ្រដែលជាកេរមត៌ករបស់យើងផ្ទាល់
ប្រៀបបាននឹងបក្សីចម្រុះពណ៌
ដែលត្មាតចោមរោមគ្រប់ទិសទី។
ចូរទៅប្រមែប្រមូលសត្វព្រៃទាំងប៉ុន្មាន
ហើយនាំពួកវាមកស៊ីសាកសព។
១០ ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន
ចម្ការទំពាំងបាយជូររបស់យើង
ពួកគេជាន់កម្ទេចចម្ការរបស់យើង
ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង
ឲ្យក្លាយទៅជាទីស្មសាន
និងវិនាសហិនហោចអស់។
១១ ពិតមែនហើយ ពួកគេបានធ្វើឲ្យចម្ការនេះ
វិនាសហិនហោច គួរឲ្យស្រណោះ។
នៅចំពោះមុខយើង មានសុទ្ធតែការហិនហោច
ស្រុកទេសទាំងមូលត្រូវវិនាសហិនហោចអស់
គ្មាននរណាម្នាក់រវីរវល់នឹងចម្ការនេះឡើយ។
១២ នៅតាមទួលខ្ពស់ៗក្នុងវាលរហោស្ថាន
ពួកបំផ្លិចបំផ្លាញកំពុងតែមកដល់។
ដាវរបស់ព្រះអម្ចាស់នឹងប្រហារស្រុកនេះ
ពីជាយដែនម្ខាងទៅជាយដែនម្ខាង គ្មាននរណាម្នាក់គេចខ្លួនរួចឡើយ។
១៣ ពួកគេសាបព្រោះស្រូវ
លុះដល់ពេលច្រូត គេទទួលបានតែបន្លា
គេខំប្រឹងប្រែងធ្វើការ
ដោយឥតបានទទួលផលអ្វីឡើយ។
អ្នករាល់គ្នានឹងត្រូវខ្មាស
ដោយសារផលនៃចម្រូត
ព្រោះព្រះអម្ចាស់ព្រះអង្គព្រះពិរោធយ៉ាងខ្លាំង!
ព្រះបន្ទូលចំពោះនគរជិតខាងអ៊ីស្រាអែល
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសូមប្រកាសជំទាស់នឹងនគរជិតខាងដ៏អាក្រក់ ហើយឈ្លានពានទឹកដីដែលយើងបានចែកឲ្យអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ទុកជាចំណែកមត៌ក។ យើងនឹងដកប្រជាជននៅស្រុកទាំងនោះចេញពីទឹកដីរបស់ខ្លួន ហើយយើងក៏ដកជនជាតិយូដាចេញពីទឹកដីរបស់ខ្លួនដែរ។ ១៥ ប៉ុន្តែ ក្រោយយើងដកពួកគេចេញពីទឹកដីនោះហើយ យើងនឹងអាណិតមេត្តាពួកគេសាជាថ្មី យើងនាំពួកគេវិលត្រឡប់ទៅកាន់ទឹកដីជាចំណែកមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។ ១៦ ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ដ្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “ព្រះអម្ចាស់មានព្រះជន្មគង់នៅ” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ដ្ររបស់យើងឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ដ្ររបស់យើង។ ១៧ ផ្ទុយទៅវិញ ប្រសិនបើប្រជាជាតិណាមិនព្រមស្ដាប់បង្គាប់ទេ យើងនឹងដកពួកគេចេញ ហើយប្រហារពួកគេឲ្យវិនាសសូន្យ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣
ក្រណាត់ក្រវាត់ចង្កេះ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ ២ ខ្ញុំក៏ទៅទិញក្រណាត់យកមកក្រវាត់ចង្កេះ តាមបញ្ជារបស់ព្រះអម្ចាស់។
៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖ ៤ «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។ ៥ ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតទន្លេអឺប្រាត តាមបញ្ជារបស់ព្រះអម្ចាស់។ ៦ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាតយកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះមកវិញ!»។ ៧ ខ្ញុំក៏ទៅទន្លេអឺប្រាត កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើត។
៨ ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ ៩ «យើងនឹងធ្វើឲ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹម បានដូចក្រណាត់ពុកនោះដែរ។ ១០ ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្ដាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឲ្យពួកគេបានដូចក្រណាត់នេះ ដែលយកទៅប្រើការលែងកើត!។ ១១ មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ស្រាទំពាំងបាយជូរ និងព្រះពិរោធ
១២ «ចូរអ្នកយកពាក្យនេះទៅប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “ធម្មតា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក”។ ពួកគេនឹងតបមកអ្នកវិញថា “យើងដឹងហើយថា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក!”។ ១៣ ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្តេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកបូជាចារ្យ ពួកព្យាការី និងអ្នកក្រុងយេរូសាឡឹមទាំងមូល រហូតដល់ស្រវឹង។ ១៤ យើងនឹងបណ្តាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកម្ទេចពួកគេឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលព្រមាន
១៥ ពេលព្រះអម្ចាស់មានព្រះបន្ទូល
ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់
កុំវាយឫកខ្ពស់ឲ្យសោះ!
១៦ ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នា
មុនពេលព្រះអង្គនាំភាពងងឹតចូលមក
ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ
ដែលគ្របដណ្តប់ដោយភាពអន្ធការ។
អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ
តែព្រះអង្គបានធ្វើឲ្យថ្ងៃនោះក្លាយទៅជា
យប់ដ៏សែនងងឹត
ព្រះអង្គធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា
ពពកដ៏ខ្មៅងងឹត។
១៧ ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ
នោះខ្ញុំនឹងទៅពួនយំ សោកស្តាយ
ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។
ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង
ព្រោះហ្វូងចៀមរបស់ព្រះអម្ចាស់
ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
១៨ ចូរទូលស្តេច និងមាតារបស់ស្តេចថា:
“សូមគង់ផ្ទាល់នឹងដីទៅ!
ដ្បិតមកុដរាជ្យរបស់ព្រះករុណា
បានធ្លាក់ចុះពីសិរសាហើយ”។
១៩ ទ្វារក្រុងទាំងឡាយនៅតំបន់ខាងត្បូង
បិទអស់ហើយ គ្មាននរណាមកបើកទៀតទេ
ជនជាតិយូដាទាំងមូលត្រូវខ្មាំងនាំយកទៅជា
ឈ្លើយសឹកអស់គ្មានសល់។
២០ «យេរូសាឡឹមអើយ ចូរងើបមុខឡើង
សម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើង
តើហ្វូងចៀមដែលយើងបានប្រគល់ឲ្យអ្នក
គឺប្រជាជនដែលធ្លាប់ធ្វើឲ្យអ្នកបានខ្ពស់មុខ
ទៅណាបាត់អស់ហើយ?
២១ អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្ត
ពេលពួកគេមកបំផ្លាញអ្នក
តើអ្នកថ្លែងដូចម្ដេចទៅ?
អ្នកនឹងឈឺចាប់យ៉ាងខ្លាំង
ដូចស្ត្រីដែលហៀបនឹងសម្រាលកូន។
២២ ប្រសិនបើអ្នកនឹកគិតថា “ហេតុអ្វីបានជា
ព្រឹត្តិការណ៍នេះកើតមានចំពោះខ្ញុំ?”
នោះតោងដឹងថា
ខ្មាំងសត្រូវបកកេរ្ដិ៍ខ្មាសរបស់អ្នក
និងរំលោភលើអ្នកដូច្នេះ
ព្រោះតែអ្នកមានកំហុសដ៏ច្រើនឥតគណនា។
២៣ តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ
ហើយខ្លារខិនអាចដូរស្នាមនៅលើ
ស្បែករបស់វាបានឬទេ?
រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ
អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់
ហើយពុំអាចប្រព្រឹត្តល្អឡើយ។
២៤ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា
ដូចចំបើងត្រូវខ្យល់បក់ពីវាលរហោស្ថាន
ផាត់យកទៅ។
២៥ យេរូសាឡឹមអើយ
នេះជាទារុណកម្មដែលយើងបម្រុងទុកសម្រាប់អ្នក
ដ្បិតអ្នកបានបំភ្លេចយើង
ហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៦ យើងនឹងលាត់សំពត់របស់អ្នកឡើង
រហូតដល់ក្បាល
ដើម្បីឲ្យគេឃើញកេរ្ដិ៍ខ្មាសរបស់អ្នក។
២៧ យើងបានឃើញការផិតក្បត់ តម្រេកតណ្ហា
និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក
នៅតាមកំពូលភ្នំ និងនៅតាមទីវាល
យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម
របស់អ្នក!
យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន
ព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេ
តើនៅដូច្នេះដល់កាលណាទៀត?»។
១៤
ព្រះបន្ទូលនៅគ្រារាំងស្ងួត
១ នេះជាសេចក្ដីដែលព្រះអម្ចាស់
មានព្រះបន្ទូលមកកាន់លោក
យេរេមីនៅគ្រារាំងស្ងួត។
២ ប្រជាជននៅស្រុកយូដានាំគ្នាកាន់ទុក្ខ
ទីក្រុងរបស់គេធ្លាក់ដុនដាប
ហើយកាន់តែទ្រុឌទ្រោមទៅៗ។
សម្រែកថ្ងូររបស់អ្នកក្រុងយេរូសាឡឹម
លាន់ឮឡើង។
៣ ពួកអ្នកធំប្រើអ្នកតូចតាចឲ្យទៅរកទឹក
ពេលអ្នកទាំងនោះទៅដល់ស្រះ
ពុំឃើញមានទឹកសោះ។
គេត្រឡប់មកវិញ ក្អមទទេ
ហើយខកចិត្ត អាម៉ាស់
និងអស់សង្ឃឹមទៀតផង។
៤ អ្នកស្រែចម្ការខកចិត្តជាខ្លាំង
ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង
ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។
៥ សូម្បីតែប្រើសនៅតាមព្រៃក៏បោះបង់ចោល
កូនរបស់វាដែលទើបនឹងកើតមកនោះដែរ
ព្រោះគ្មានស្មៅសម្រាប់ជាចំណីឡើយ។
៦ សត្វលាព្រៃនាំគ្នាឈរនៅតាមកំពូលភ្នំ
ហើយហិតខ្យល់ដូចឆ្កែព្រៃ
ភ្នែកវាស្លក់អស់ ព្រោះគ្មានស្មៅស៊ី។
៧ ឱព្រះអម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់
សូមអាណិតមេត្តាដល់យើងខ្ញុំផង
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!
យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង
យើងខ្ញុំបានប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
៨ ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ
នៅពេលមានអាសន្ន។
ហេតុដូចម្ដេចបានជាព្រះអង្គនៅព្រងើយ
ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក
ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ?
៩ ហេតុអ្វីបានជាព្រះអង្គធ្វើហាក់ដូចជា
មនុស្សគ្មានកម្លាំងកំហែង
ឬដូចវីរបុរសដែលពុំអាចជួយសង្គ្រោះ
អ្នកដទៃទៀតដូច្នេះ?
ឱព្រះអម្ចាស់អើយ ព្រះអង្គគង់នៅ
កណ្ដាលចំណោមយើងខ្ញុំស្រាប់ហើយ
យើងខ្ញុំជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ
សូមកុំបោះបង់ចោលយើងខ្ញុំឡើយ។
១០ ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីប្រជាជននេះថា ពួកគេមិនចេះនៅស្ងៀមទេ គឺគេចូលចិត្តរត់ទៅរកព្រះនានា។ ព្រះអម្ចាស់មិនគាប់ព្រះហឫទ័យនឹងពួកគេទេ ព្រះអង្គនឹកឃើញកំហុសរបស់ពួកគេ ហើយព្រះអង្គដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កុំអង្វរយើង ឲ្យត្រាប្រណីប្រជាជននេះធ្វើអ្វី! ១២ ទោះបីពួកគេតមអាហារក្តី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេថ្វាយតង្វាយដុត និងតង្វាយផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។
១៣ ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់ ពួកព្យាការីប្រាប់ពួកគេថា “អ្នករាល់គ្នានឹងមិនជួបសង្គ្រាម មិនជួបទុរ្ភិក្សទេ! ផ្ទុយទៅវិញ ព្រះអម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្តដ៏ពេញលេញ ក្នុងស្រុកនេះ”»។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំវិញថា៖ «ព្យាការីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។ ១៥ ហេតុនេះហើយបានជាយើងដែលជាព្រះអម្ចាស់ យើងសុំប្រកាសថា ព្យាការីដែលនាំគ្នាថ្លែងសេចក្ដីក្នុងនាមយើង ដោយយើងមិនបានប្រើ គឺប្រកាសថា គ្មានសង្គ្រាម ឬទុរ្ភិក្សនៅស្រុកនេះ មុខជាត្រូវវិនាសដោយសារសង្គ្រាម និងទុរ្ភិក្សមិនខាន។ ១៦ រីឯប្រជាជនដែលបានស្ដាប់ពាក្យរបស់ព្យាការីទាំងនោះ ក៏ត្រូវស្លាប់ដោយសារទុរ្ភិក្ស និងសង្គ្រាមដែរ ហើយសាកសពរបស់គេ នឹងត្រូវបោះបង់ចោលនៅតាមដងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ដ្បិតគ្មាននរណាកប់ខ្មោចពួកគេ ឬខ្មោចប្រពន្ធ និងខ្មោចកូនប្រុសស្រីរបស់គេឡើយ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។
១៧ ចូរអ្នកប្រកាសពាក្យនេះថា:
“ទឹកភ្នែករបស់យើងហូរទាំងយប់ទាំងថ្ងៃ
ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី
គឺក្រុងនៃប្រជាជនរបស់យើង
ត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។
១៨ ពេលចេញទៅស្រុកស្រែ
យើងឃើញសុទ្ធតែសាកសព
ដែលស្លាប់ដោយមុខដាវ
ពេលចូលក្នុងទីក្រុង
យើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។
ព្យាការី និងបូជាចារ្យធ្វើដំណើរឆ្លងកាត់ស្រុក
តែពុំយល់អ្វីឡើយ”»។
១៩ ឱព្រះអម្ចាស់អើយ
តើព្រះអង្គពិតជាបោះបង់ចោលយូដាឬ?
តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ?
ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឲ្យរបួស
មើលមិនជាដូច្នេះ?
យើងខ្ញុំសង្ឃឹមថាបានសុខ
តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ
យើងខ្ញុំសង្ឃឹមថាបានជាសះស្បើយ
តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។
២០ ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមសារភាពថា
យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់
ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្ត
អំពើទុច្ចរិតដែរ។
យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹង
ព្រះហឫទ័យរបស់ព្រះអង្គ។
២១ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ
សូមមេត្តាកុំបំបាក់មុខយើងខ្ញុំ
សូមកុំធ្វើឲ្យក្រុងយេរូសាឡឹម
ដែលជាបល្ល័ង្កដ៏រុងរឿងរបស់ព្រះអង្គ
ត្រូវអាម៉ាស់។
សូមនឹកចាំពីសម្ពន្ធមេត្រី
ដែលព្រះអង្គបានចងជាមួយយើងខ្ញុំ
សូមកុំផ្ដាច់សម្ពន្ធមេត្រីនេះឡើយ។
២២ ក្នុងចំណោមព្រះដ៏ឥតបានការរបស់
ប្រជាជាតិទាំងឡាយ
គ្មានព្រះណាអាចធ្វើឲ្យភ្លៀងធ្លាក់បានទេ!
សូម្បីតែមេឃផ្ទាល់
ក៏មិនអាចបង្អុរភ្លៀងចុះមកដែរ។
ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ
មានតែព្រះអង្គទេដែលអាចបង្អុរភ្លៀងបាន
យើងខ្ញុំសង្ឃឹមលើព្រះអង្គតែមួយប៉ុណ្ណោះ
ដ្បិតហេតុការណ៍ទាំងនេះកើតមកពីព្រះអង្គ។
១៥
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាមូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្តី ក៏យើងមិនអត់ឱនឲ្យពួកគេដែរ។ ចូរបណ្តេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ! ២ ពេលគេសួរអ្នកថា “តើឲ្យយើងខ្ញុំទៅណា?” នោះត្រូវឆ្លើយវិញថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
អ្នកណាដែលតម្រូវឲ្យស្លាប់
អ្នកនោះត្រូវតែស្លាប់
អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ
អ្នកនោះនឹងស្លាប់ដោយមុខដាវ!
អ្នកណាដែលតម្រូវឲ្យស្លាប់ដោយអត់ឃ្លាន
អ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន!
អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ
អ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ!»។
៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សម្រាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ីពួកគេ ឥតនៅសេសសល់អ្វីឡើយ។ ៤ ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់អេសេខ្យាសជាស្តេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម។
៥ យេរូសាឡឹមអើយ គ្មាននរណាអាណិតអ្នក
គ្មាននរណាស្រណោះអ្នក
គ្មាននរណាយកចិត្តទុកដាក់ឈឺឆ្អាលនឹងអ្នកទេ
៦ ដ្បិតអ្នកបានបោះបង់ចោលយើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
អ្នកបានបែរខ្នងដាក់យើង
ហេតុនេះហើយបានជាយើងដាក់ទោសអ្នក
យើងបំផ្លាញអ្នកឲ្យវិនាស
យើងលែងស្តាយស្រណោះទៀតហើយ។
៧ យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា
យើងកម្ចាត់កម្ចាយពួកគេ
យើងធ្វើឲ្យប្រជារាស្ដ្ររបស់យើងវិនាស
ដោយបាត់បង់កូនចៅ
ដ្បិតពួកគេពុំព្រមងាកចេញពី
ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។
៨ យើងនឹងធ្វើឲ្យមានស្ត្រីមេម៉ាយច្រើនជាង
គ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។
យើងនឹងនាំមហន្តរាយមកលើពួកគេ
ទាំងកណ្ដាលថ្ងៃត្រង់
គឺមកលើម្ដាយរបស់ទាហានដែលនៅក្មេង
យើងធ្វើឲ្យស្ត្រីនោះតក់ស្លុត ញ័ររន្ធត់។
៩ ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់
បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹម
ពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់
នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។
រីឯអ្នកដែលនៅសេសសល់
យើងនឹងប្រគល់ទៅឲ្យខ្មាំងសត្រូវប្រហារ
ដោយមុខដាវ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពាក្យត្អូញត្អែររបស់លោកយេរេមី
១០ អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី
បើខ្ញុំវេទនាបែបនេះ!
អ្នកស្រុកទាំងមូលនាំគ្នាជំទាស់
ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។
ខ្ញុំពុំបានជំពាក់ប្រាក់គេ
ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ
តែពួកគេជេរប្រទេចផ្តាសាខ្ញុំគ្រប់ៗគ្នា។
១១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងបានលោះអ្នក
ដើម្បីឲ្យអ្នកបានសេចក្ដីសុខ
នៅគ្រាមានទុក្ខវេទនា និងគ្រាមានអាសន្ន
យើងនឹងធ្វើឲ្យខ្មាំងសត្រូវមកអង្វរអ្នក។
១២ គ្មាននរណាអាចកាច់បំបាក់
ដែកមកពីស្រុកខាងជើង ឬលង្ហិនឡើយ។
១៣ យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន
ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ
យើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ
ទាំងប៉ុន្មានរបស់អ្នក។
១៤ យើងនឹងឲ្យខ្មាំងកៀរអ្នកទៅជាឈ្លើយ
នៅក្នុងស្រុកមួយដែលអ្នកពុំស្គាល់
ដ្បិតកំហឹងរបស់យើងកំពុងតែឆេះឆួលឡើង
ទាស់នឹងអ្នករាល់គ្នា»។
១៥ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់
សូមនឹកដល់ទូលបង្គំផង
សូមយាងមកជួយទូលបង្គំ
និងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ!
សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះ
ដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ចំពោះខ្មាំងសត្រូវនោះឡើយ។
សូមជ្រាបថា ព្រោះតែព្រះអង្គ
ទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។
១៦ ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ
ទូលបង្គំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់
ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យចិត្តទូលបង្គំ
ពោរពេញដោយអំណរ និងសុភមង្គល
ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ
ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ។
១៧ ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយ
ពួកលេងសើចឡើយ
គឺព្រះអង្គបង្ខំទូលបង្គំឲ្យនៅដាច់ឡែកពីគេ
ដ្បិតទូលបង្គំពោរពេញដោយកំហឹង
រួមជាមួយព្រះអង្គដែរ។
១៨ ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់
ជានិច្ចបែបនេះ?
ហេតុអ្វីបានជាមុខរបួសទូលបង្គំ
មិនព្រមជាសះដូច្នេះ?
ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្ត
ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ!
១៩ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖
«ប្រសិនបើអ្នកវិលត្រឡប់មករកយើង
នោះយើងនឹងឲ្យអ្នកវិលត្រឡប់
មកបំពេញមុខងារបម្រើយើងវិញ។
ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ
ជាជាងពោលពាក្យឥតបានការ
យើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។
ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក
គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។
២០ យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជា
កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ
ពួកគេនឹងនាំគ្នាវាយប្រហារអ្នក
តែពុំអាចឈ្នះអ្នកឡើយ
ដ្បិតយើងនៅជាមួយអ្នក
ដើម្បីសង្គ្រោះ និងរំដោះអ្នក»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ យើងនឹងរំដោះអ្នកឲ្យរួចផុតពី
កណ្ដាប់ដៃរបស់មនុស្សអាក្រក់
យើងនឹងដោះលែងអ្នកពីអំណាចរបស់
មនុស្សឃោរឃៅ។
១៦
លោកយេរេមីនៅឯកោ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «អ្នកមិនត្រូវយកភរិយា ហើយបង្កើតកូនប្រុសស្រីនៅក្នុងស្រុកនេះឡើយ ៣ ដ្បិតយើងប្រកាសដំណឹងអំពីក្មេងប្រុសស្រីដែលនឹងកើតនៅស្រុកនេះ ហើយអំពីឪពុកម្ដាយដែលបង្កើតពួកគេថា: ៤ គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កុំចូលទៅក្នុងផ្ទះណាដែលមានគេកាន់ទុក្ខ កុំចូលរួមក្នុងពិធីបញ្ចុះសព ហើយកុំជួយរំលែកទុក្ខនរណាឲ្យសោះ ដ្បិតយើងដកសេចក្ដីសុខ សេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តារបស់យើងចេញ ពីប្រជារាស្ដ្រនេះហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៦ អ្នកស្រុកនេះនឹងត្រូវស្លាប់ទាំងអស់គ្នា គឺទាំងអ្នកធំ ទាំងអ្នកតូច ដោយគ្មាននរណាបញ្ចុះសព និងយំសោក ហើយគ្មាននរណាឆូតសាច់ ឬកោរសក់កាន់ទុក្ខទេ។ ៧ គ្មាននរណាកាច់នំបុ័ងចែកដល់គ្រួសារដែលកាន់ទុក្ខ ហើយក៏គ្មាននរណាលើកពែងជូនគេ ដើម្បីជួយរំលែកទុក្ខអ្នកដែលបាត់បង់ឪពុកម្ដាយដែរ។
៨ កុំចូលទៅក្នុងផ្ទះដែលកំពុងតែជប់លៀង គឺកុំអង្គុយស៊ីផឹកជាមួយពួកគេឡើយ ៩ ដ្បិតយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងធ្វើឲ្យលែងមានសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាទៀតហើយ។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះផ្ទាល់នឹងភ្នែកនៅទីនេះ។
១០ ពេលណាអ្នកនាំពាក្យទាំងនេះទៅប្រកាសប្រាប់ប្រជាជន ពួកគេមុខជាសួរថា “ហេតុអ្វីបានជាព្រះអម្ចាស់ចង់ដាក់ទោសពួកយើងយ៉ាងធ្ងន់ធ្ងរបែបនេះ តើពួកយើងធ្វើអ្វីខុស? តើពួកយើងប្រព្រឹត្តអំពើបាបណាមួយទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង?” ១១ ត្រូវឆ្លើយទៅពួកគេវិញ ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមដំបូន្មានរបស់យើងទេ។ ១២ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ជាងដូនតារបស់អ្នករាល់គ្នាទៅទៀត គឺម្នាក់ៗនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ឥតស្ដាប់យើងឡើយ។ ១៣ ហេតុនេះហើយបានជាយើងដេញអ្នករាល់គ្នាចេញពីស្រុកនេះ ទៅស្រុកមួយដែលអ្នករាល់គ្នាមិនស្គាល់ ហើយដូនតារបស់អ្នករាល់គ្នាក៏មិនធ្លាប់ស្គាល់ដែរ។ នៅទីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ទាំងថ្ងៃទាំងយប់ យើងនឹងមិនអាណិតអាសូរអ្នករាល់គ្នាទៀតឡើយ»។
មាតុភូមិនិវត្តន៍
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀតហើយ ១៥ ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងស្រុកឯទៀតៗដែលព្រះអង្គបានកម្ចាត់កម្ចាយពួកគេឲ្យទៅ” យើងនឹងនាំពួកគេឲ្យវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ គឺទឹកដីដែលយើងបានប្រគល់ឲ្យបុព្វបុរស*របស់ពួកគេ»។
ទោសរបស់ជនទុច្ចរិត
១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនឲ្យទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះ ដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនឲ្យទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេ នៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។ ១៧ យើងមើលឃើញអំពើទាំងប៉ុន្មាន ដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។ ១៨ មុនដំបូង យើងសងចំពោះអំពើអាក្រក់ និងអំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើឲ្យទឹកដីដែលជាចំណែកមត៌ករបស់យើង ពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ»។
មនុស្សគ្រប់រូបនឹងទទួលស្គាល់ព្រះដ៏ពិតប្រាកដ
១៩ ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង
និងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ
នៅពេលមានអាសន្ន ព្រះអង្គជាជម្រក
របស់ទូលបង្គំ។
ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល
នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា
“ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ
ទុកជាកេរដំណែល
ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
២០ តើមនុស្សលោកដែលមិនមែនជាព្រះ
អាចបង្កើតព្រះដូចម្ដេចបាន?”
២១ «ដូច្នេះ នៅលើកនេះ យើងនឹងធ្វើឲ្យពួកគេ
ស្គាល់ឫទ្ធិបារមី និងអំណាចរបស់យើង
ហើយគេនឹងទទួលស្គាល់ថា យើងពិតជា
ព្រះអម្ចាស់មែន!»។
១៧
ព្រះអម្ចាស់ប្រកាសអំពើបាបរបស់ជនជាតិយូដា
១ «អំពើបាបរបស់ជនជាតិយូដា
មានចារឹកទុកដូចអក្សរចារឹក
លើថ្ម ដោយដែកដែលមានត្បូងពេជ្រ
នៅខាងចុង។
អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ
និងនៅលើជ្រុងអាសនៈរបស់ពួកគេ។
២ ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ
អាសនៈរបស់ពួកគេ
ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា
នៅក្បែរដើមឈើដ៏ខៀវខ្ចី
ដែលស្ថិតនៅលើកំពូលភ្នំ។
៣ ជនជាតិយូដាអើយ ដោយអ្នកចូលចិត្ត
គោរពព្រះក្លែងក្លាយ នៅលើភ្នំរបស់យើង
យើងនឹងឲ្យខ្មាំងសត្រូវរឹបអូសយក
ទ្រព្យសម្បត្តិ និងធនធានទាំងប៉ុន្មានរបស់អ្នក
ពួកគេនឹងកម្ទេចកន្លែងសក្ការៈរបស់អ្នក
ដែលស្ថិតនៅតាមទួលខ្ពស់ៗ
ព្រោះអ្នកបានប្រព្រឹត្តអំពីបាប
នៅពាសពេញលើទឹកដីនេះ។
៤ អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក
ឲ្យអ្នក ទៅសាសន៍ដទៃ។
យើងនឹងឲ្យអ្នកក្លាយទៅជាទាសករ
របស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់
ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង
ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។
៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា
ជនណាផ្ញើជីវិតលើមនុស្ស
ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍
ដោយបែរចិត្តចេញពីព្រះអម្ចាស់
ជននោះមុខជាត្រូវបណ្ដាសាពុំខាន!
៦ គេប្រៀបបាននឹងដើមឈើក្រិន
នៅតាមព្រៃល្បោះ
គេពុំអាចជួបនឹងសុភមង្គលឡើយ។
គេរស់នៅតាមកន្លែងក្ដៅហួតហែង
ក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ
និងគ្មានមនុស្សនៅ។
៧ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់
និងយកព្រះអង្គធ្វើជាបង្អែក
ពិតជាទទួលព្រះពរមិនខាន!
៨ អ្នកនោះប្រៀបបាននឹងដើមឈើ
ដុះនៅក្បែរផ្លូវទឹក
ដែលមានឫសចាក់ទៅរកទឹកហូរ
វាមិនខ្លាចកម្ដៅ
ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។
នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ
គឺវានៅតែបង្កើតផ្លែផ្កាដដែល។
៩ ចិត្តរបស់មនុស្សតែងតែវៀចវេរ
មិនអាចកែតម្រង់បានឡើយ
ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស
យើងមើលធ្លុះអាថ៌កំបាំងរបស់គេ
ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ
តាមកិរិយាមារយាទរបស់ខ្លួន
និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
១១ អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌
ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។
នៅពេលពាក់កណ្ដាលអាយុ
ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ
ហើយនៅទីបញ្ចប់
គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។
១២ ទីសក្ការៈរបស់យើងជាបល្ល័ង្កមួយដ៏រុងរឿង
តាំងពីដើមដំបូងរៀងមក។
១៣ ឱព្រះអម្ចាស់អើយ
ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល!
អស់អ្នកដែលបោះបង់ចោលព្រះអង្គ
នឹងត្រូវអាម៉ាស់
អស់អ្នកដែលងាកចេញពីព្រះអង្គ
នឹងត្រូវវិនាសទៅជាធូលីដី
ដ្បិតពួកគេបានបោះបង់ចោលព្រះអម្ចាស់
ដែលជាប្រភពទឹកផ្តល់ជីវិត។
លោកយេរេមីទូលសូមព្រះអម្ចាស់ជួយ
១៤ ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជា
នោះទូលបង្គំនឹងបានជា
សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត
ដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យ
ទូលបង្គំសរសើរតម្កើងព្រះអង្គ!
១៥ ពួកគេពោលមកទូលបង្គំថា:
“តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅឯណា
ចូរឲ្យព្រះបន្ទូលនោះសម្រេចជារូបរាងចុះ!”
១៦ ចំណែកឯទូលបង្គំវិញ ទូលបង្គំពុំបានទទូចសូម
ព្រះអង្គដាក់ទោសពួកគេជាប្រញាប់ទេ។
ព្រះអង្គជ្រាបស្រាប់ហើយថា
ទូលបង្គំមិនចង់ឃើញថ្ងៃអន្តរាយនោះ
កើតមានចំពោះពួកគេឡើយ។
ព្រះអង្គជ្រាបនូវពាក្យសម្ដី
របស់ទូលបង្គំច្បាស់ណាស់។
១៧ សូមកុំបំភ័យទូលបង្គំឡើយ
ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ
នៅថ្ងៃដែលទូលបង្គំជួបទុក្ខលំបាក។
១៨ សូមឲ្យអស់អ្នកដែលបៀតបៀនទូលបង្គំ
ត្រូវអាម៉ាស់
តែកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
សូមឲ្យពួកគេញ័ររន្ធត់
តែកុំឲ្យទូលបង្គំញ័ររន្ធត់ឡើយ!
សូមឲ្យថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ
សូមប្រហារពួកគេឲ្យវិនាសអន្តរាយទៅ!
ការគោរពថ្ងៃសប្ប័ទ
១៩ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅឈរនៅមាត់ “ទ្វារប្រជាជន” ជាទ្វារដែលស្តេចស្រុកយូដាតែងតែចេញចូល និងទ្វារទាំងប៉ុន្មានទៀតនៅក្រុងយេរូសាឡឹម។ ២០ ចូរប្រកាសប្រាប់ពួកគេថា: “ព្រះមហាក្សត្រ និងប្រជាជនយូដាទាំងមូល ព្រមទាំងអ្នកក្រុងយេរូសាឡឹមទាំងអស់ ដែលចេញចូលតាមទ្វារទាំងនេះអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ២១ ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃសប្ប័ទ*ឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ ។ ២២ កុំលីសែងអ្វីចេញពីផ្ទះរបស់អ្នករាល់គ្នា នៅថ្ងៃសប្ប័ទ គឺកុំធ្វើការអ្វីទាំងអស់។ ត្រូវញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដូចយើងបានបង្គាប់ដូនតារបស់អ្នករាល់គ្នាស្រាប់ហើយ ២៣ តែពួកគេពុំបានត្រងត្រាប់ស្ដាប់យើងទេ ពួកគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ មិនព្រមទទួលមេរៀនសោះ។ ២៤ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: រីឯអ្នករាល់គ្នាវិញ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់យើង មិនលីសែងអ្វីកាត់តាមទ្វារក្រុងនេះ ហើយញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដោយមិនធ្វើការអ្វីទាំងអស់នៅថ្ងៃនោះទេ ២៥ ស្តេចទាំងឡាយដែលស្នងរាជ្យដាវីឌនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។ ២៦ ប្រជាជននឹងនាំគ្នាមកពីក្រុងនានាក្នុងស្រុកយូដា តំបន់ជិតខាងក្រុងយេរូសាឡឹម ស្រុកបេនយ៉ាមីន ស្រុកដែលនៅខាងលិចជើងភ្នំ ព្រមទាំងតំបន់ភ្នំ និងតំបន់ណេកិប ដើម្បីនាំយកតង្វាយដុតទាំងមូល យញ្ញបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូប មកថ្វាយ ដើម្បីអរព្រះគុណព្រះអម្ចាស់ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ។ ២៧ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃសប្ប័ទទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកម្ទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។
១៨
ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ៖ ២ «ចូរក្រោកឡើង ទៅផ្ទះរបស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្ដីដែលយើងប្រាប់អ្នកឲ្យដឹង»។
៣ ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ ៤ ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។ ៥ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ ៦ «កូនចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។ ៧ ជួនកាល យើងសម្រេចថា រំលើង និងរំលំប្រជាជាតិណាមួយ ឬនគរណាមួយឲ្យវិនាស។ ៨ ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។ ៩ ជួនកាលយើងសម្រេចថា កសាង និងបណ្តុះបណ្តាលប្រជាជាតិណាមួយ ឬនគរណាមួយឡើង។ ១០ ប៉ុន្តែ ប្រសិនបើពួកគេមិនព្រមស្ដាប់ពាក្យប្រៀនប្រដៅរបស់យើង ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់ដែលទាស់ចិត្តយើង នោះយើងនឹងលែងប្រព្រឹត្តល្អចំពោះពួកគេ តាមការសម្រេចរបស់យើង។ ១១ ឥឡូវនេះ យេរេមីអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
១២ ប៉ុន្តែ ពួកគេពោលថា: “មិនបាច់និយាយទៀតទេ! យើងនឹងធ្វើតាមគម្រោងការរបស់យើង ហើយយើងនឹងប្រព្រឹត្តតាមទំនើងចិត្តរបស់យើងតទៅមុខទៀត!”»។
អ៊ីស្រាអែលបំភ្លេចព្រះអម្ចាស់របស់ខ្លួន
១៣ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ចូរសាកសួរក្នុងចំណោមប្រជាជាតិនានាមើល
តើមាននរណាដែលឮរឿងដូច្នេះទេ?
គឺអ៊ីស្រាអែល ដែលប្រៀបដូចជាស្រីព្រហ្មចារី
បានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត!
១៤ គ្មាននរណាបោះបង់ចោលទឹកដែលហូរចេញ
មកពីថ្មដា និងពីទឹកកកនៅស្រុកលីបង់ទេ
គ្មាននរណាលែងរវីរវល់នឹងទឹកដ៏ត្រជាក់
ដែលហូរមកពីឆ្ងាយនោះដែរ។
១៥ ក៏ប៉ុន្តែ ប្រជារាស្ដ្ររបស់យើងបានបំភ្លេចយើង
គេនាំគ្នាថ្វាយគ្រឿងសក្ការបូជា
ដល់ព្រះក្លែងក្លាយ
ដែលបណ្តាលឲ្យពួកគេជំពប់ដួល
នៅតាមផ្លូវដែលពួកគេធ្លាប់ដើរ
ហើយធ្វើឲ្យពួកគេងាកចេញពីផ្លូវរបស់ខ្លួន
ទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។
១៦ ពួកគេបានបំផ្លាញស្រុករបស់ខ្លួន
ឲ្យក្លាយទៅជាទីស្មសាន
ដែលធ្វើឲ្យមនុស្សម្នាស្រឡាំងកាំង។
អស់អ្នកដើរកាត់តាមនោះ នាំគ្នាព្រឺសម្បុរ
ហើយគ្រវីក្បាល។
១៧ ពេលសត្រូវមកដល់ យើងនឹងធ្វើឲ្យ
ប្រជារាស្ដ្ររបស់យើងខ្ចាត់ខ្ចាយ
ដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។
នៅថ្ងៃមហន្តរាយ យើងនឹងបែរខ្នងដាក់ពួកគេ
គឺយើងមិនបែរមុខទៅរកពួកគេឡើយ»។
ការឃុបឃិតប្រឆាំងនឹងលោកយេរេមី
១៨ ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមី! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
១៩ ឱព្រះអម្ចាស់អើយ សូមកុំព្រងើយកន្តើយ
នឹងទូលបង្គំឡើយ
សូមស្ដាប់ពាក្យអ្នកដែលចោទប្រកាន់ទូលបង្គំ!
២០ ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់
តបនឹងអំពើល្អទេ។
រីឯពួកគេវិញ ពួកគេដាក់អន្ទាក់
ចាំដកជីវិតរបស់ទូលបង្គំ
សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរ
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
ដើម្បីទូលអង្វរសម្រាប់ពួកគេ
សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
២១ ហេតុនេះ សូមព្រះអង្គបណ្តាលឲ្យកូនចៅ
របស់គេជួបនឹងទុរ្ភិក្ស
សូមឲ្យពួកគេវិនាសដោយមុខដាវ
សូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅ
និងក្លាយទៅជាស្ត្រីមេម៉ាយ
ព្រោះប្ដីរបស់គេស្លាប់។
សូមឲ្យពួកយុវជនរបស់ពួកគេ
ស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
២២ សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ
សូមឲ្យមានឮសម្រែកឈឺចាប់
ចេញពីផ្ទះរបស់គេ
ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ
និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
២៣ ឱព្រះអម្ចាស់អើយ
ព្រះអង្គជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន
ដែលគេចង់ប្រហារជីវិតទូលបង្គំ។
សូមកុំអត់ទោសឲ្យពួកគេ
សូមកុំលុបអំពើបាបរបស់ពួកគេចេញពី
ព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ!
សូមឲ្យពួកគេជំពប់ដួលនៅមុខព្រះអង្គ
សូមដាក់ទោសពួកគេ
តាមព្រះពិរោធរបស់ព្រះអង្គ។
១៩
ក្អមបែក និងមហន្តរាយរបស់ក្រុងយេរូសាឡឹម
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីថា៖ «ចូរទៅទិញក្អមមួយពីជាងស្មូន រួចបបួលព្រឹទ្ធាចារ្យ*ខ្លះក្នុងចំណោមប្រជាជន និងក្នុងចំណោមបូជាចារ្យ* ទៅជាមួយអ្នក ២ ឆ្ពោះទៅជ្រោះបេនហ៊ីណូមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។ ៣ អ្នកត្រូវប្រកាសដូចតទៅ: “ព្រះមហាក្សត្រស្រុកយូដា និងប្រជាជនក្រុងយេរូសាឡឹមអើយ សូមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!។
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: យើងនឹងធ្វើឲ្យមហន្តរាយកើតមាននៅទីនេះ។ អស់អ្នកដែលឮដំណឹងនេះនឹងក្តុកក្តួលចិត្តយ៉ាងខ្លាំង។ ៤ ប្រជាជនយូដាបោះបង់ចោលយើង ពួកគេធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង គឺពួកគេថ្វាយសក្ការបូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែរក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្តេចរបស់ជនជាតិយូដាទាល់តែសោះ។ ពួកគេធ្វើឲ្យកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។ ៥ ពួកគេសង់ទីសក្ការៈ ដើម្បីយកកូនប្រុសរបស់ខ្លួនទៅបូជា សែនព្រះបាល ជាអំពើមួយដែលយើងពុំបានបង្គាប់សោះ ហើយយើងក៏មិនដែលនឹកឃើញបែបនេះដែរ។ ៦ ហេតុនេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ “ជ្រលងភ្នំបេនហ៊ីណូម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត” វិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៧ នៅទីនោះ យើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើឲ្យពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅឲ្យត្មាត និងចចកធ្វើជាចំណី។ ៨ យើងនឹងធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើឲ្យមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។ ៩ ខ្មាំងសត្រូវ និងអស់អ្នកដែលចង់ប្រហារជីវិតពួកគេមុខជាឡោមព័ទ្ធទីក្រុង បណ្តាលឲ្យពួកគេរងទុក្ខវេទនា និងតប់ប្រមល់យ៉ាងខ្លាំង។ ពេលនោះ យើងនឹងធ្វើឲ្យពួកគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយម្នាក់ៗស៊ីសាច់គ្នាឯង”។
១០ បន្ទាប់មក ត្រូវបំបែកក្អមនោះ នៅមុខអស់អ្នកដែលចេញទៅជាមួយ ហើយពោលថា: ១១ “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងនឹងបំបែកប្រជាជន និងក្រុងនេះ ដូចគេបំបែកក្អមរបស់ជាងស្មូន ដែលគ្មាននរណាអាចជួសជុលឡើងវិញទេ។ គេនឹងកប់ខ្មោចរបស់អ្នកទាំងនោះនៅតូផេត ព្រោះគ្មានកន្លែងណាផ្សេងទៀតឡើយ។ ១២ យើងនឹងធ្វើឲ្យក្រុងនេះ ព្រមទាំងប្រជាជនបានដូចតូផេតដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១៣ ផ្ទះនានានៅក្រុងយេរូសាឡឹម ព្រមទាំងវាំងរបស់ស្តេចស្រុកយូដា ដែលសៅហ្មង ក៏នឹងបានដូចកន្លែងតូផេតដែរ គឺផ្ទះទាំងប៉ុន្មានដែលមានកន្លែងថ្វាយគ្រឿងសក្ការបូជានៅរានហាល សម្រាប់បួងសួងផ្កាយទាំងឡាយ ព្រមទាំងច្រួចស្រាថ្វាយព្រះដទៃ”»។
១៤ លោកយេរេមីវិលត្រឡប់មកពីតូផេត ជាកន្លែងដែលព្រះអម្ចាស់ចាត់លោកឲ្យទៅថ្លែងព្រះបន្ទូល។ បន្ទាប់មក លោកទៅឈរនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពោលទៅកាន់ប្រជាជនទាំងអស់ដូចតទៅ៖ ១៥ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចទាំងប៉ុន្មានដែលយើងបានប្រកាសទុក កើតមានដល់ក្រុងនេះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញ ព្រោះប្រជាជនបានតាំងចិត្តរឹងរូស ពុំព្រមស្ដាប់ពាក្យរបស់យើងទេ”»។
២០
លោកយេរេមី និងបូជាចារ្យប៉ាសួរ
១ ពេលលោកបូជាចារ្យប៉ាសួរ ជាកូនរបស់លោកអ៊ីមែរ និងជាអនុរក្សព្រះដំណាក់របស់ព្រះជាម្ចាស់ បានឮលោកយេរេមីថ្លែងព្រះបន្ទូលទាំងនេះ ២ គាត់ទះកំផ្លៀងលោកយេរេមី រួចបញ្ជាឲ្យគេដាក់ច្រវាក់លោក នៅទ្វារបេនយ៉ាមីនផ្នែកខាងលើ ជាប់នឹងព្រះដំណាក់របស់ព្រះអម្ចាស់។ ៣ នៅថ្ងៃបន្ទាប់ លោកប៉ាសួរមកស្រាយលោកយេរេមី លោកយេរេមីមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់មិនហៅលោកថា “ប៉ាសួរ” ទៀតទេ គឺព្រះអង្គនឹងហៅលោកថា “ម៉ាកូរ-មីស្សាប៊ីប” វិញ ៤ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យការព្រឺខ្លាចកើតមានដល់អ្នក និងមិត្តភក្ដិរបស់អ្នក។ មិត្តភក្ដិទាំងនោះនឹងត្រូវស្លាប់ដោយមុខដាវរបស់ខ្មាំង នៅក្រោមក្រសែភ្នែករបស់អ្នក។ យើងនឹងប្រគល់ជនជាតិយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូនដែរ ស្តេចនោះនឹងកៀរពួកគេយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ហើយប្រហារពួកគេដោយមុខដាវ។ ៥ យើងនឹងប្រគល់ស្បៀងអាហារទាំងប៉ុន្មាននៃក្រុងនេះ ព្រមទាំងសម្បត្តិទ្រព្យដែលជាផលនៃការងាររបស់គេ និងអ្វីៗទាំងអស់ដ៏មានតម្លៃទៅឲ្យខ្មាំង។ យើងនឹងប្រគល់រាជទ្រព្យទាំងប៉ុន្មានរបស់ស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ពួកគេនឹងរឹបអូសយកជាជ័យភ័ណ្ឌ ហើយដឹកជញ្ជូនទៅស្រុកបាប៊ីឡូន។ ៦ រីឯអ្នកវិញ ប៉ាសួរអើយ អ្នក ព្រមទាំងក្រុមគ្រួសាររបស់អ្នកនឹងត្រូវគេកៀរទៅជាឈ្លើយសឹកនៅបាប៊ីឡូន ហើយអ្នកនឹងស្លាប់នៅទីនោះ។ គេនឹងបញ្ចុះសពអ្នក ព្រមទាំងសពមិត្តភក្ដិទាំងអស់ដែលអ្នកបានថ្លែងព្រះបន្ទូលក្លែងក្លាយប្រាប់ពួកគេ”»។
លោកយេរេមីត្អូញត្អែរដាក់ព្រះអម្ចាស់
៧ បពិត្រព្រះអម្ចាស់!
ព្រះអង្គបានលួងលោមទូលបង្គំ
ហើយទូលបង្គំក៏យល់ព្រមតាម
ព្រះអង្គបានបង្ខំទូលបង្គំ
ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។
រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា
សើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។
៨ គ្រប់ពេលដែលទូលបង្គំនិយាយ
ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ
និងមហន្តរាយ។
ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់
ពួកគេត្មះតិះដៀល និងសើចចំអក
ឲ្យទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។
៩ ប្រសិនបើទូលបង្គំសម្រេចចិត្តថា
ឈប់នឹកនាពីព្រះបន្ទូល
ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ
ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន
ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង
ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង
តែវាមិនព្រមរលត់ទេ។
១០ ទូលបង្គំឮមហាជននិយាយមួលបង្កាច់ទូលបង្គំ
ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង
ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។
សូម្បីមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ
ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។
គេនិយាយគ្នាថា
“បើយើងលួងលោមបញ្ឆោតគាត់
យើងនឹងចាប់គាត់បាន
ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
១១ ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយទូលបង្គំ
ព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាច
ហេតុនេះ អស់អ្នកដែលបៀតបៀនទូលបង្គំ
មុខជាដួល ហើយមិនអាចឈ្នះទូលបង្គំបាន។
ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង
ព្រោះធ្វើអ្វីទូលបង្គំមិនកើត
ពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។
១២ ព្រះអម្ចាស់នៃពិភពទាំងមូលស្ទង់មើល
ចិត្តគំនិតរបស់មនុស្សសុចរិត
ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។
ទូលបង្គំនឹងឃើញព្រះអង្គសងសឹកពួកគេ
ជំនួសទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។
១៣ សូមច្រៀងថ្វាយព្រះអម្ចាស់!
សូមសរសើរតម្កើងព្រះអម្ចាស់!
ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុរគត
ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
១៤ សូមឲ្យថ្ងៃកំណើតរបស់ទូលបង្គំ
ត្រូវបណ្ដាសា!
សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយ
របស់ទូលបង្គំបង្កើតទូលបង្គំមកនោះ
ថាជាថ្ងៃប្រកបដោយព្រះពរឡើយ!
១៥ រីឯអ្នកដែលបាននាំដំណឹងទៅជម្រាប
ឪពុកទូលបង្គំ ថា “អ្នកមានកូនប្រុសមួយ”
ហើយធ្វើឲ្យឪពុកទូលបង្គំ
រីករាយយ៉ាងខ្លាំង
សូមឲ្យអ្នកនោះត្រូវបណ្ដាសា!
១៦ សូមឲ្យអ្នកនោះបានដូចក្រុងនានា
ដែលព្រះអម្ចាស់រំលាយ ដោយឥតនឹកស្តាយ!
ពេលព្រឹក សូមឲ្យអ្នកនោះឮសម្រែក
ប្រកាសភាពអាសន្ន
ហើយនៅថ្ងៃត្រង់ ឮសម្រែកខ្មាំងមកដល់!
១៧ ប្រសិនបើព្រះអង្គទុកឲ្យទូលបង្គំស្លាប់
មុនពេលទូលបង្គំកើតមកនោះប្រសើរជាង។
ម្ដាយរបស់ទូលបង្គំនឹងក្លាយទៅជា
ផ្នូររបស់ទូលបង្គំ
ហើយទូលបង្គំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ
រហូតតទៅ។
១៨ ហេតុអ្វីបានជាទូលបង្គំចេញពីផ្ទៃម្ដាយ
ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់
ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?
២១
ព្រះបន្ទូលសម្រាប់ស្តេចសេដេខ្យាស
១ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ឆ្លើយតបមកព្រះបាទសេដេខ្យាស តាមរយៈលោកយេរេមី។ ព្រះបាទសេដេខ្យាសបានចាត់លោកប៉ាសួរ ជាកូនរបស់លោកម៉ាល់គីយ៉ា និងលោកបូជាចារ្យសេផានី ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យមកសួរលោកយេរេមីថា ២ “ចូរសួរព្រះអម្ចាស់ឲ្យយើងផង ដ្បិតព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន លើកទ័ពមកច្បាំងជាមួយយើង។ ព្រះអម្ចាស់ប្រហែលជាធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យព្រះចៅនេប៊ូកានេសារដកទ័ពថយចេញឆ្ងាយពីយើង”។
៣ លោកយេរេមីតបទៅលោកទាំងពីរវិញថា៖ «សូមលោកទូលព្រះបាទសេដេខ្យាសដូចតទៅ: ៤ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងជនជាតិខាល់ដេដែលកំពុងតែឡោមព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។ ៥ យើងនឹងប្រើឫទ្ធានុភាពរបស់យើងវាយប្រហារអ្នករាល់គ្នា ដោយផ្ទាល់ដៃ តាមកំហឹងដ៏ខ្លាំងក្លាបំផុតរបស់យើង។ ៦ យើងនឹងប្រហារទាំងមនុស្ស ទាំងសត្វ នៅក្រុងនេះ ឲ្យស្លាប់ ដោយជំងឺអាសន្នរោគយ៉ាងសាហាវបំផុត។ ៧ បន្ទាប់មកទៀត យើងនឹងប្រគល់សេដេខ្យាស ជាស្តេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជាជន និងអ្នកក្រុងដែលនៅសេសសល់ពីស្លាប់ដោយសារជំងឺអាសន្នរោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្តេចបាប៊ីឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
៨ «ចំណែកឯប្រជាជននោះវិញ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងមានផ្លូវពីរឲ្យអ្នករាល់គ្នាជ្រើសរើស គឺផ្លូវនៃជីវិត និងផ្លូវនៃសេចក្ដីស្លាប់។ ៩ អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកចេញទៅចុះចូលនឹងជនជាតិខាល់ដេដែលឡោមព័ទ្ធទីក្រុង នឹងបានរួចជីវិត។ ១០ យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូន ហើយស្តេចនោះនឹងដុតកម្ទេចទីក្រុង”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ «ចូរប្រកាសប្រាប់ញាតិវង្សរបស់ស្តេចស្រុកយូដាដូចតទៅ:
សូមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
១២ ព្រះរាជវង្សរបស់ស្តេចដាវីឌអើយ!
ព្រះអម្ចាស់មានព្រះបន្ទូលថា:
“ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។
ចូរដោះលែងអស់អ្នកដែលត្រូវគេ
ជិះជាន់សង្កត់សង្កិន។
បើអ្នករាល់គ្នាមិនលះបង់អំពើអាក្រក់ទេនោះ
កំហឹងរបស់យើងផ្ទុះឡើងដូចភ្លើង
ឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បាន។
១៣ អស់អ្នកដែលរស់នៅត្រង់ដីទំនាប
និងនៅត្រង់ថ្មរាបអើយ
យើងប្រឆាំងនឹងអ្នករាល់គ្នាហើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
គឺយើងប្រឆាំងនឹងអ្នករាល់គ្នាដែលពោលថា
តើនរណាអាចចុះមកវាយពួកយើង
តើនរណាអាចចូលមកក្នុងទីតាំងរបស់យើង?
១៤ យើងនឹងដាក់ទោសអ្នករាល់គ្នា
តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត
យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា
ឲ្យឆេះរាលដាលជុំវិញអ្នករាល់គ្នា”
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
២២
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្តេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា: ២ បពិត្រព្រះមហាក្សត្រស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ព្រមទាំងមន្ត្រី និងប្រជាជនដែលចូលតាមទ្វារនេះ សូមព្រះករុណា និងអស់លោកស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ៣ ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។ ៤ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្តេចទាំងឡាយដែលគ្រងរាជ្យតពីស្តេចដាវីឌ នឹងជិះរទេះ ជិះសេះ ចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជាជនតទៅមុខទៀត។ ៥ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ទោះបីយើងចាត់ទុកវាំងរបស់ស្តេចស្រុកយូដា
ថាស្អាតដូចព្រៃនៅស្រុកកាឡាដ
និងដូចកំពូលភ្នំលីបង់ក៏ដោយ
យើងនឹងធ្វើឲ្យវាំងនេះក្លាយទៅជា
វាលរហោស្ថាន
ជាកន្លែងដែលគ្មាននរណារស់នៅ។
៧ យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះ
គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ
បោះទៅក្នុងភ្លើង។
៨ ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុង
មុខជាសួរគ្នាថា “ហេតុអ្វីបានជាព្រះអម្ចាស់
ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?”
៩ គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់
សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន
ហើយបែរទៅក្រាបថ្វាយបង្គំ
និងគោរពបម្រើព្រះដទៃ”»។
ព្រះបន្ទូលស្តីអំពីស្តេចសាលូម
១០ កុំយំស្រណោះស្តេចយ៉ូស្យាស
ដែលសោយទិវង្គតទៅនោះឡើយ
កុំកាន់ទុក្ខអាឡោះអាល័យស្តេចទៀត
ផ្ទុយទៅវិញ ចូរយំស្រណោះស្តេចសាលូម
ដែលនឹងចាកចេញទៅ
ដ្បិតព្រះអង្គនឹងមិនវិលត្រឡប់មកវិញឡើយ
ហើយព្រះអង្គក៏នឹងមិនឃើញស្រុកកំណើត
ទៀតដែរ។
១១ ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីស្តេចសាលូម
ជាបុត្ររបស់ស្តេចយ៉ូស្យាស
ដែលស្នងរាជ្យបិតានៅស្រុកយូដា
ហើយដែលចាកចេញពីទីនេះទៅ ថា
ព្រះអង្គនឹងមិនវិលត្រឡប់មកវិញទេ
១២ ព្រះអង្គនឹងសុគតនៅក្នុងស្រុកដែល
ព្រះអង្គត្រូវគេកៀរយកទៅជាឈ្លើយ
ដោយឥតបានឃើញស្រុកនេះវិញឡើយ។
ព្រះបន្ទូលចំពោះស្តេចយ៉ូយ៉ាគីម
១៣ «យ៉ូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន!
ដ្បិតអ្នកសង់វាំង
តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត
អ្នកសង់បន្ទប់នៅជាន់ខាងលើ
តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌
អ្នកប្រើប្រជារាស្ដ្រឲ្យធ្វើការ
តែមិនឲ្យប្រាក់ឈ្នួលទេ។
១៤ អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ
ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។
អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ
ហើយលាបពណ៌ក្រហម។
១៥ តើអ្នកចង់ពង្រឹងរាជសម្បត្តិ
ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ?
បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក
ដូចអ្នកឯទៀតៗដែរ
តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត
និងយុត្តិធម៌
ហេតុនេះហើយបានជាបិតារបស់អ្នក
បានប្រកបដោយសេចក្ដីសុខសាន្ត។
១៦ បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុរគត
និងជនក្រីក្រ
ហេតុនេះហើយបានជាស្រុកទេស
មានសេចក្ដីសុខសាន្ត។
ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។
១៧ រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក
ប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកបង្ហូរឈាមជនស្លូតត្រង់
និងជិះជាន់ប្រជារាស្ដ្រយ៉ាងព្រៃផ្សៃ»។
១៨ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល
ស្តីអំពីស្តេចយ៉ូយ៉ាគីម ជាបុត្ររបស់
ព្រះបាទយ៉ូស្យាស និងជាស្តេចស្រុកយូដាថា៖
«ពេលយ៉ូយ៉ាគីមស្លាប់
នឹងគ្មាននរណាយំរៀបរាប់ថា
“ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!”
ហើយក៏គ្មាននរណាយំសោក ដោយពោលថា
“ព្រះករុណាជាម្ចាស់អើយ ម្ដេចក៏វេទនាម៉្លេះ!”
១៩ គេនឹងអូសសាកសពយ៉ូយ៉ាគីមចេញពី
ក្រុងយេរូសាឡឹម យកទៅកប់ដូចខ្មោចលា»។
ភាពអាម៉ាស់របស់ក្រុងយេរូសាឡឹម
២០ «យេរូសាឡឹមអើយ
ចូរឡើងទៅភ្នំលីបង់ ហើយស្រែកយំចុះ!
ចូរទៅយំសោកនៅខ្ពង់រាបបាសាន!
ចូរទៅស្រែកពីលើភ្នំអាបារីម!
ដ្បិតគូស្នេហ៍របស់អ្នក
បានវិនាសហិនហោចអស់ហើយ។
២១ ពេលស្រុកសុខសាន្ត
យើងបាននិយាយជាមួយអ្នក
តែអ្នកមិនព្រមស្ដាប់ទេ។
អ្នកតែងប្រកាន់ឫកពាដូច្នេះតាំងពីក្មេងមក
គឺអ្នកមិនព្រមស្ដាប់យើងឡើយ។
២២ ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក
ទៅបាត់អស់ គូស្នេហ៍របស់អ្នក
នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។
ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ
ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
២៣ អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់
និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។
ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ
រមួលខ្លួន ដូចស្ត្រីសម្រាលកូន!»។
ព្រះបន្ទូលសម្រាប់ស្តេចកូនីញ៉ា
២៤ ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ព្រះបាទកូនីញ៉ា បុត្ររបស់ស្តេចយ៉ូយ៉ាគីម ជាស្តេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្តាំក្តី ក៏យើងត្រូវដកអ្នកចេញដែរ។ ២៥ យើងនឹងប្រគល់អ្នកទៅឲ្យពួកដែលចង់ប្រហារជីវិតអ្នក។ យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលធ្វើឲ្យអ្នកញ័ររន្ធត់ គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ។ ២៦ យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុកកំណើតរបស់អ្នក។ ២៧ អ្នកប្រាថ្នាចង់វិលមកស្រុកកំណើតវិញណាស់ តែពុំអាចវិលត្រឡប់មកវិញឡើយ»។
២៨ តើព្រះបាទកូនីញ៉ាក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្តេចនេះ និងព្រះរាជវង្ស ត្រូវព្រះអម្ចាស់បោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់? ២៩ ឱមាតុភូមិ ឱមាតុភូមិអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ៣០ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ចូរចាត់ទុកបុរសនេះដូចមនុស្សគ្មានកូនតពូជ និងដូចមនុស្សធ្វើអ្វីពុំបានសម្រេចនៅក្នុងជីវិត ដ្បិតក្នុងចំណោមពូជពង្សរបស់គេ នឹងគ្មាននរណាម្នាក់ស្នងរាជ្យរបស់ដាវីឌ ហើយក៏គ្មាននរណាម្នាក់គ្រប់គ្រងលើស្រុកយូដាដែរ»។
២៣
ព្រះបន្ទូលប្រឆាំងនឹងអ្នកដឹកនាំមិនស្មោះត្រង់
១ «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ២ ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជាជនរបស់ព្រះអង្គថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!។
៣ «យើងនឹងប្រមូលកូនចៀមរបស់យើង ដែលនៅសេសសល់ពីគ្រប់ស្រុក ដែលយើងបានកម្ចាត់កម្ចាយទៅ នោះឲ្យត្រឡប់មកវិញ។ យើងនឹងកៀងពួកគេចូលវាលស្មៅរបស់ខ្លួន ហើយឲ្យពួកគេបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន ៤ យើងនឹងតែងតាំងពួកគង្វាលឲ្យដឹកនាំពួកគេ ពេលនោះ ចៀមលែងភ័យខ្លាច ឬញ័ររន្ធត់ទៀតឡើយ ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក
គឺស្តេចមួយអង្គដ៏សុចរិតកើតចេញពី
ពូជពង្សរបស់ដាវីឌ។
ស្តេចនោះនឹងគ្រងរាជ្យ ប្រកបដោយប្រាជ្ញា
ព្រមទាំងគ្រប់គ្រងស្រុក
ដោយសុចរិត និងយុត្តិធម៌។
៦ នៅរជ្ជកាលរបស់ស្តេចនោះ
ជនជាតិយូដានឹងទទួលការសង្គ្រោះ
ជនជាតិអ៊ីស្រាអែលនឹងរស់យ៉ាងសុខសាន្ត។
គេថ្វាយព្រះនាមស្តេចនោះថា
“ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀតហើយ ៨ ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងពីស្រុកទាំងប៉ុន្មានដែលព្រះអង្គកម្ចាត់កម្ចាយពួកគេឲ្យទៅ!”។ យើងនឹងនាំពួកគេឲ្យវិលមកតាំងទីលំនៅក្នុងទឹកដីរបស់ខ្លួនវិញ»។
ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ
៩ នេះជាព្រះបន្ទូលស្តីអំពីពួកព្យាការី:
ព្រោះតែព្រះអម្ចាស់ និងព្រះបន្ទូលដ៏វិសុទ្ធ
ចិត្តខ្ញុំប្រេះឆា ឆ្អឹងរបស់ខ្ញុំរញ្ជួយញាប់ញ័រ
ខ្ញុំប្រៀបបាននឹងមនុស្សស្រវឹងស្រា
ដើរទ្រេតទ្រោត។
១០ នៅក្នុងស្រុក ពួកគេប្រព្រឹត្តអំពើផិតក្បត់
គ្រប់ៗគ្នា
អ្នកស្រុកទាំងមូលកាន់ទុក្ខ ព្រោះត្រូវបណ្ដាសា
វាលស្មៅក្រៀមស្ងួតអស់
ព្រោះប្រជាជនគិតតែពីរត់ទៅរកអំពើអាក្រក់
ហើយក្លាហានក្នុងការប្រព្រឹត្តអំពើទុច្ចរិត។
១១ ពួកព្យាការី និងពួកបូជាចារ្យសុទ្ធតែទុច្ចរិត
សូម្បីតែនៅក្នុងដំណាក់របស់យើង
ក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ហេតុនេះហើយបានជាផ្លូវដែលគេដើរ
ក្លាយទៅជាផ្លូវរអិល និងងងឹត
ពួកគេនឹងជំពប់ជើងដួល
ដ្បិតនៅឆ្នាំដែលយើងត្រូវដាក់ទោសពួកគេ
យើងនឹងធ្វើឲ្យគ្រោះកាចកើតមានដល់ពួកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ នៅក្រុងសាម៉ារី យើងបានឃើញពួកព្យាការី
ប្រព្រឹត្តអំពើដ៏អាស្រូវ
គឺពួកគេនាំគ្នាទាយក្នុងនាមព្រះបាល
ពួកគេនាំអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់យើង
ឲ្យវង្វេង។
១៤ រីឯនៅក្រុងយេរូសាឡឹមវិញ
យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម
គឺពួកគេប្រព្រឹត្តអំពើផិតក្បត់
ពួកគេនិយមការកុហក
ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់
ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់
របស់ខ្លួនបានឡើយ។
ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា
អ្នកក្រុងសូដុម
ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា
អ្នកក្រុងកូម៉ូរ៉ាដែរ។
១៥ ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលស្តីអំពីពួកព្យាការីថា៖
«យើងនឹងឲ្យពួកគេបរិភោគផ្លែស្លែង
និងឲ្យពួកគេផឹកទឹកដែលមានជាតិពុល
ដ្បិតអំពើទុច្ចរិតបានរាលដាលពាសពេញ
ស្រុកទាំងមូល ព្រោះតែពួកព្យាការី
នៅក្រុងយេរូសាឡឹមនេះឯង»។
១៦ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះ
ថ្លែងប្រាប់អ្នករាល់គ្នាឡើយ!
ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស
ពួកគេរៀបរាប់អំពីនិមិត្តហេតុ
តាមតែចិត្តរបស់គេនឹកឃើញ
គឺមិនមែនជាពាក្យរបស់យើងទេ។
១៧ ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល
ប្រមាថមាក់ងាយយើងថា
“ព្រះអម្ចាស់មានព្រះបន្ទូលថា
អ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!”
ហើយពោលទៅកាន់អស់អ្នកដែល
មានចិត្តរឹងរូសថា
“គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។
១៨ ក្នុងចំណោមអ្នកទាំងនោះ
តើនរណាបានរួមប្រជុំជាមួយព្រះអម្ចាស់?
តើនរណាបានឃើញ
និងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ?
តើនរណាយកចិត្តទុកដាក់ស្ដាប់
ព្រះបន្ទូលរបស់ព្រះអង្គ?
១៩ ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមក
ដូចជាខ្យល់ព្យុះ។
ព្រះពិរោធនេះប្រៀបដូចជាខ្យល់កំបុតត្បូង
បក់នៅលើក្បាលរបស់ពួកទុច្ចរិត។
២០ ព្រះពិរោធរបស់ព្រះអម្ចាស់នឹងមិនងាករេ
ចេញទៅណាឡើយ
ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ
របស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។
នៅថ្ងៃចុងក្រោយ
អ្នករាល់គ្នាមុខជាយល់ច្បាស់ពុំខាន។
២១ «យើងពុំបានចាត់ព្យាការីទាំងនេះទេ
តែពួកគេនាំគ្នារត់ទៅ
យើងពុំបាននិយាយអ្វីជាមួយពួកគេទេ
តែគេនាំគ្នានិយាយក្នុងនាមយើង។
២២ ប្រសិនបើពួកគេបានជួបពិភាក្សាជាមួយយើង
នោះពួកគេមុខជានាំពាក្យរបស់យើងទៅ
ប្រាប់ប្រជារាស្ដ្ររបស់យើង
ហើយនាំប្រជាជននេះងាកចេញពីផ្លូវអាក្រក់
និងងាកចេញពីអំពើទុច្ចរិតជាមិនខាន។
២៣ យើងមិនមែនជាព្រះដែលមើលឃើញ
តែជិតៗប៉ុណ្ណោះទេ
យើងក៏ជាព្រះដែលមើលឃើញអ្វីៗ
នៅឆ្ងាយដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៤ គ្មាននរណាម្នាក់ពួននៅកន្លែងមួយ
ហើយយើងមើលមិនឃើញនោះទេ
ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ
និងនៅលើផែនដី»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៥ «យើងឮពាក្យដែលព្យាការីទាំងនោះថ្លែងក្នុងនាមយើង ពួកគេនិយាយភូតភរ គឺពោលថា “ខ្ញុំសុបិនឃើញដូច្នេះ! ខ្ញុំសុបិនឃើញដូច្នោះ!”។ ២៦ តើព្យាការីទាំងនោះមានគំនិតបែបណា បានជាគេនៅតែចូលចិត្តថ្លែងពាក្យភូតភរ ថ្លែងពាក្យបោកប្រាស់ តាមទំនើងចិត្តរបស់ខ្លួនដូច្នេះ? ២៧ ពួកគេស្មានថាអាចធ្វើឲ្យប្រជារាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។ ២៨ ដូច្នេះ ព្យាការីណាយល់សុបិន ឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។
កុំលាយអង្កាម និងអង្ករចូលគ្នា
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៩ ពាក្យរបស់យើងប្រៀបបីដូចជាភ្លើង
និងដូចញញួរដំបំបែកថ្ម
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣០ ហេតុនេះហើយបានជាយើងប្រឆាំងនឹងពួកព្យាការី ដែលលួចយកពាក្យគ្នាទៅវិញទៅមក ហើយបន្លំថាជាពាក្យរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣១ យើងប្រឆាំងនឹងពួកព្យាការីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣២ យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ដ្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ដ្ររបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣៣ ប្រសិនបើប្រជាជននេះ ឬព្យាការី* ឬបូជាចារ្យ*ណាម្នាក់ សួរអ្នកថា “តើព្រះអម្ចាស់មានព្រះបន្ទូលព្រមានពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “ព្រះអម្ចាស់ព្រមានថា ព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នា”។ ៣៤ យើងនឹងដាក់ទោសព្យាការី បូជាចារ្យ ឬប្រជាជនណាដែលពោលថា “ព្រះអម្ចាស់ព្រមានពួកយើង” យើងក៏ដាក់ទោសក្រុមគ្រួសាររបស់គេដែរ។ ៣៥ អ្នករាល់គ្នាត្រូវសួរគ្នាទៅវិញទៅមក និងសួរបងប្អូនរបស់ខ្លួនថា “តើព្រះអម្ចាស់ឆ្លើយដូចម្ដេច? ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?” ៣៦ គឺមិនត្រូវពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃយើង។
៣៧ ចូរសួរព្យាការីថា “តើព្រះអម្ចាស់ឆ្លើយមកអ្នកវិញដូចម្ដេច? តើព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេចខ្លះ”? ៣៨ ប្រសិនបើអ្នករាល់គ្នានៅតែពោលថា ព្រះអម្ចាស់ព្រមាន នោះព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងបានហាមអ្នករាល់គ្នាមិនឲ្យពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ប៉ុន្តែ ដោយអ្នករាល់គ្នានៅតែពោលពាក្យនេះ ៣៩ យើងនឹងបោះបង់ចោលអ្នករាល់គ្នា យើងនឹងបណ្តេញអ្នករាល់គ្នាចេញឲ្យឆ្ងាយពីមុខយើង គឺទាំងអ្នករាល់គ្នា ទាំងទីក្រុងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា។ ៤០ យើងនឹងធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់មុខរហូតតទៅ អ្នករាល់គ្នានឹងបាក់មុខអស់កល្បជានិច្ច មិនអាចបំភ្លេចឡើយ»។
២៤
ឧទុម្ពរពីរល្អី
១ ក្រោយពេលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន កៀរព្រះបាទយេកូនីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូយ៉ាគីម ស្តេចស្រុកយូដា ព្រមទាំងពួកមន្ត្រីរបស់ជនជាតិយូដា ពួកជាងឈើ និងជាងដែក ពីក្រុងយេរូសាឡឹមយកទៅក្រុងបាប៊ីឡូន ព្រះអម្ចាស់បានបង្ហាញឲ្យខ្ញុំឃើញឧទុម្ពរ*ពីរល្អី ដែលគេដាក់នៅខាងមុខព្រះវិហាររបស់ព្រះអម្ចាស់។ ២ ល្អីមួយមានដាក់ផ្លែឧទុម្ពរល្អៗ ដូចផ្លែដែលគេបេះនៅដើមរដូវ ល្អីមួយទៀតមានសុទ្ធតែផ្លែឧទុម្ពរស្អុយ ដែលពុំអាចបរិភោគឡើយ។ ៣ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «យេរេមីអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំទូលព្រះអង្គវិញថា៖ «ទូលបង្គំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ៥ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: មនុស្សម្នាចូលចិត្តផ្លែឧទុម្ពរល្អយ៉ាងណា យើងក៏ពេញចិត្តនឹងជនជាតិយូដាដែលយើងបានបណ្តេញចេញពីទីនេះ ឲ្យគេកៀរទៅជាឈ្លើយនៅស្រុកខាល់ដេយ៉ាងនោះដែរ។ ៦ យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្តុះបណ្តាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។ ៧ យើងនឹងប្រគល់ចិត្តថ្មីមួយដល់គេ ដើម្បីឲ្យគេអាចស្គាល់ថា យើងជាព្រះអម្ចាស់។ ពួកគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង យើងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនាំគ្នាវិលមករកយើងវិញដោយចិត្តស្មោះ»។
៨ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រព្រឹត្តចំពោះសេដេខ្យាស ជាស្តេចស្រុកយូដា ពួកមន្ត្រី និងអ្នកក្រុងយេរូសាឡឹមដែលនៅសេសសល់ ហើយរស់នៅក្នុងស្រុកនេះ ព្រមទាំងអ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចមនុស្សបោះចោលផ្លែឧទុម្ពរស្អុយ ពុំអាចបរិភោគបានយ៉ាងនោះដែរ។ ៩ យើងនឹងធ្វើឲ្យនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងមាក់ងាយ ចំអកឲ្យពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។ ១០ យើងនឹងធ្វើឲ្យពួកគេវិនាសដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតដល់ពួកគេបាត់សូន្យពីទឹកដី ដែលយើងប្រគល់ឲ្យពួកគេ និងដូនតារបស់ពួកគេ»។
២៥
ស្រុកបាប៊ីឡូននឹងធ្វើជាមហាអំណាចចិតសិបឆ្នាំ
១ នេះជាសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ស្តីអំពីជនជាតិយូដាទាំងមូល នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ២ លោកយេរេមីប្រកាសព្រះបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចតទៅ:
៣ ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូស្យាស បុត្ររបស់ព្រះបាទអាំម៉ូន ជាស្តេចស្រុកយូដា មកទល់ថ្ងៃនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំព្រះបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំស្ដាប់ទេ។ ៤ ព្រះអម្ចាស់បានចាត់ព្យាការីទាំងប៉ុន្មានដែលជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ឡើយ។ ៥ លោកទាំងនោះប្រកាសព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នានឹងបានរស់នៅក្នុងទឹកដី ដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ជារៀងរហូត។ ៦ កុំរត់តាមព្រះឯទៀតៗដើម្បីគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះឡើយ។ បើអ្នករាល់គ្នាលែងបញ្ឆេះកំហឹងរបស់យើង ដោយសូនរូបព្រះទេនោះ យើងក៏មិនធ្វើទោសអ្នករាល់គ្នាដែរ។ ៧ ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺអ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើងដោយសូនរូបព្រះ ជាហេតុបណ្តាលឲ្យអ្នករាល់គ្នាត្រូវវេទនា។ ៨ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា: ដោយអ្នករាល់គ្នាមិនស្ដាប់ពាក្យយើងទេនោះ ៩ យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។ ១០ យើងនឹងធ្វើឲ្យសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាលែងឮក្នុងចំណោមពួកគេ ហើយសំឡេងត្បាល់កិន និងពន្លឺចង្កៀងក៏លែងមានទៀតដែរ។ ១១ ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិនហោច ហើយប្រជាជាតិទាំងនោះនឹងទៅជាចំណុះស្តេចស្រុកបាប៊ីឡូន អស់រយៈពេលចិតសិបឆ្នាំ។ ១២ លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្តេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។ ១៣ យើងនឹងធ្វើឲ្យស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមីថ្លែងប្រឆាំងនឹងប្រជាជាតិទាំងអស់។ ១៤ យើងក៏ឲ្យប្រជាជាតិជាច្រើន និងស្តេចដ៏ខ្លាំងពូកែយកស្រុកបាប៊ីឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នាដៃដែលគេបានសូនធ្វើ»។
ព្រះអម្ចាស់ដាក់ទោសនគរទាំងអស់នៅលើផែនដី
១៥ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកពែងនេះ ដែលពេញដោយស្រានៃកំហឹង ពីដៃរបស់យើង ទៅបង្អកប្រជាជាតិទាំងអស់ ដែលយើងចាត់អ្នកឲ្យទៅរក។ ១៦ ចូរឲ្យពួកគេផឹក ហើយធីងធោង វង្វេងស្មារតី ដោយឃើញដាវដែលយើងចាត់ឲ្យទៅប្រហារពួកគេ»។
១៧ ខ្ញុំទទួលយកពែងពីព្រះហស្ដរបស់ព្រះអម្ចាស់ ហើយបង្អកប្រជាជាតិទាំងអស់ ដែលព្រះអង្គចាត់ខ្ញុំឲ្យទៅរកនោះ ១៨ គឺក្រុងយេរូសាឡឹម និងក្រុងទាំងឡាយក្នុងស្រុកយូដា ទាំងស្តេច ទាំងមន្ត្រី ដើម្បីឲ្យស្រុកនេះវិនាសសូន្យក្លាយទៅជាទីស្មសាន។ ពេលមនុស្សម្នាឃើញ គេស្រឡាំងកាំង ហើយប្រើឈ្មោះស្រុកនេះដាក់បណ្ដាសាគ្នា។ នេះជាសភាពការណ៍ដែលកើតមានសព្វថ្ងៃ។
១៩ ខ្ញុំក៏បង្អកព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប ព្រមទាំងនាម៉ឺន មន្ត្រី និងប្រជាជនទាំងមូលរបស់ស្តេចនោះ ២០ ប្រជាជនភាគតិចនៅស្រុកអេស៊ីប។ ស្តេចទាំងអស់នៅស្រុកអ៊ូស ស្តេចទាំងអស់នៅស្រុកភីលីស្ទីន គឺស្តេចនៅក្រុងអាស្កាឡូន ក្រុងកាសា ក្រុងអេក្រូន និងក្រុងអាស្តូដដែលនៅសេសសល់។ ២១ ស្រុកអេដុម ស្រុកម៉ូអាប់ និងជនជាតិអាំម៉ូន។ ២២ ស្តេចទាំងអស់នៅក្រុងទីរ៉ុស ស្តេចទាំងអស់នៅក្រុងស៊ីដូន និងស្តេចទាំងឡាយនៅតាមកោះ ដែលនៅខាងនាយសមុទ្រ។ ២៣ ស្រុកដេដន ស្រុកតេម៉ា ស្រុកប៊ូស និងប្រជាជនទាំងប៉ុន្មានដែលកោរជើងសក់។ ២៤ ស្តេចទាំងអស់នៃស្រុកអារ៉ាប៊ី ស្តេចរបស់ប្រជាជនភាគតិចទាំងប៉ុន្មាន ដែលរស់នៅតាមវាលរហោស្ថាន។ ២៥ ស្តេចទាំងអស់របស់ស្រុកស៊ីមរី ស្តេចទាំងអស់របស់ស្រុកអេឡាំ និងស្តេចទាំងអស់របស់ស្រុកម៉ែដ ២៦ ស្តេចទាំងអស់នៅស្រុកខាងជើង ទោះបីនៅជិត ឬឆ្ងាយក្តី ក៏ឥតមានខ្វះនរណាឡើយ ព្រមទាំងនគរទាំងអស់នៅលើផែនដី គឺអស់អ្នកដែលរស់ក្នុងលោកនេះទាំងមូល។ នៅទីបំផុត ស្តេចក្រុងសេសាក់ នឹងសោយស្រាពីពែងនេះក្រោយគេបង្អស់។
២៧ «អ្នកត្រូវប្រកាសប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា ចូរផឹកឲ្យស្រវឹងរហូតដល់ក្អួត។ ពេលឃើញដាវដែលយើងចាត់ឲ្យមកប្រហារអ្នករាល់គ្នា អ្នករាល់គ្នានឹងដួល ក្រោកពុំរួចឡើយ!” ២៨ ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក! ២៩ ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចាប់ពីទីក្រុងរបស់យើងផ្ទាល់។ អ្នករាល់គ្នាពុំអាចរួចខ្លួនឡើយ យើងមិនអត់ឱនឲ្យអ្នករាល់គ្នាទេ យើងនឹងប្រើគេឲ្យទៅប្រហារមនុស្សទាំងអស់នៅលើផែនដីដោយមុខដាវ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល”។
៣០ រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា:
“ព្រះអម្ចាស់គំរាមពីលើមេឃមក
ព្រះអង្គបន្លឺព្រះសូរសៀងពីព្រះដំណាក់ដ៏វិសុទ្ធ
ព្រះអង្គគំរាមកំហែងមកលើទឹកដីរបស់ព្រះអង្គ
ព្រះអង្គស្រែកដាក់ទោស
ប្រជាជននៅលើផែនដីទាំងមូល
ដូចគេស្រែកហ៊ោ
នៅពេលកៀបផ្លែទំពាំងបាយជូរ។
៣១ ព្រះសូរសៀងរបស់ព្រះអង្គលាន់ឮ
រហូតដល់ចុងផែនដី
ដ្បិតព្រះអម្ចាស់មានសំណុំរឿងចោទប្រកាន់
ប្រជាជាតិទាំងអស់
ព្រះអង្គកាត់ក្តីមនុស្សលោកទាំងមូល។
ព្រះអង្គប្រគល់មនុស្សមានទោស
ទៅឲ្យគេប្រហារដោយមុខដាវ”»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣២ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
ទៀតថា គ្រោះកាចនឹងឆ្លងពីប្រជាជាតិមួយ
ទៅប្រជាជាតិមួយទៀត។
ព្យុះសង្ឃរាមួយនឹងបក់បោកមកពី
ទីដាច់ស្រយាលនៃផែនដី។
៣៣ នៅថ្ងៃនោះ សាកសពរបស់អស់អ្នកដែលព្រះអម្ចាស់ប្រហារនឹងស្ថិតនៅពាសពេញលើផែនដី គ្មាននរណាកាន់ទុក្ខ គ្មាននរណាប្រមូលសពពួកគេយកទៅបញ្ចុះឡើយ គឺសាកសពពួកគេនឹងក្លាយទៅជាជីនៅលើដី។
៣៤ ពួកគង្វាលអើយ
ចូរស្រែកឲ្យអស់ទំហឹងទៅ!
អ្នកដឹកនាំហ្វូងចៀមអើយ ចូរននៀលនៅលើដី
ដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នា
មកដល់ហើយ
ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងថូដ៏មានតម្លៃ
ដែលធ្លាក់បែក។
៣៥ គ្មានជម្រកសម្រាប់ពួកគង្វាលទៀតទេ!
គ្មានកន្លែងពួន សម្រាប់អ្នកដឹកនាំ
ហ្វូងចៀមទៀតឡើយ!
៣៦ សំឡេងយំសោករបស់ពួកគង្វាល
និងសម្រែករបស់អ្នកដឹកនាំហ្វូងចៀម
បានលាន់ឮឡើង
ដ្បិតព្រះអម្ចាស់កម្ទេចវាលស្មៅរបស់ពួកគេ។
៣៧ ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់
ធ្វើឲ្យក្រោលដែលធ្លាប់តែសុខសាន្ត
ក្លាយទៅជាទីស្ងាត់ជ្រងំ។
៣៨ ព្រះអង្គបោះបង់ចោលស្រុករបស់ព្រះអង្គ
ដូចសិង្ហបោះបង់ចោលរូងរបស់វា
ដ្បិតព្រះអម្ចាស់បានកម្ទេចស្រុកនេះ
ឲ្យវិនាសអន្តរាយ
ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ឥតត្រាប្រណីឡើយ។
២៦
លោកយេរេមីត្រូវគេកាត់ទោស
១ នៅដើមរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមី ដូចតទៅ: ២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរទៅឈរក្នុងទីលានព្រះដំណាក់របស់ព្រះអម្ចាស់ ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ចូរប្រកាសប្រាប់គេ ឥតចន្លោះពាក្យណាមួយឡើយ។ ៣ ពួកគេប្រហែលជាស្ដាប់ ហើយម្នាក់ៗកែប្រែកិរិយាមារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត ដូចយើងបានសម្រេចនោះទេ។ ៤ អ្នកត្រូវប្រាប់ពួកគេដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ហើយមិនប្រព្រឹត្តតាមវិន័យដែលយើងដាក់ឲ្យអ្នករាល់គ្នា ៥ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យព្យាការី ជាអ្នកបម្រើរបស់យើង ដែលយើងចាត់ឲ្យមកប្រៀនប្រដៅអ្នករាល់គ្នា ជារៀងរហូតមកទេនោះ ៦ យើងនឹងធ្វើឲ្យព្រះដំណាក់នេះវិនាស ដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឲ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្ដាសា»។
៧ ក្រុមបូជាចារ្យ* ក្រុមព្យាការី* និងប្រជាជនទាំងមូល ឮលោកយេរេមីប្រកាសពាក្យទាំងនេះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ៨ កាលលោកយេរេមីប្រកាសសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បញ្ជាឲ្យលោកប្រកាសប្រាប់ប្រជាជនទាំងអស់ចប់សព្វគ្រប់ហើយ ក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងមូល នាំគ្នាចាប់លោក ទាំងពោលថា៖ «ឯងត្រូវតែស្លាប់! ឯងត្រូវតែស្លាប់! ៩ ហេតុដូចម្ដេចបានជាឯងហ៊ានទាយ ក្នុងព្រះនាមរបស់ព្រះអម្ចាស់ថា ព្រះដំណាក់នេះនឹងត្រូវវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយថា ក្រុងនេះនឹងត្រូវខ្ទេចខ្ទី គ្មានមនុស្សរស់នៅតទៅទៀតដូច្នេះ?»។ ប្រជាជនទាំងអស់ចោមរោមលោកយេរេមី នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ១០ កាលមន្ត្រីរបស់ជនជាតិយូដាឮដំណឹងនេះ ក៏នាំគ្នាចេញពីវាំងស្តេច ឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ ហើយអង្គុយត្រង់មាត់ទ្វារថ្មី។ ១១ ពេលនោះ ក្រុមបូជាចារ្យ និងក្រុមព្យាការី ប្ដឹងទៅមន្ត្រី និងប្រជាជនទាំងមូលថា៖ «ជននេះត្រូវតែទទួលទោសដល់ស្លាប់ ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។ ១២ លោកយេរេមីមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រី និងប្រជាជនទាំងអស់ថា៖ «ព្រះអម្ចាស់ទេតើ ដែលចាត់ខ្ញុំឲ្យមកថ្លែងព្រះបន្ទូលប្រឆាំងនឹងព្រះដំណាក់ ព្រមទាំងទីក្រុងនេះ ដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។ ១៣ ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសម្រេចទេ។ ១៤ រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បងប្អូនស្រាប់ហើយ សូមប្រព្រឹត្តចំពោះខ្ញុំតាមអំពើចិត្ត និងតាមគំនិតដែលបងប្អូនយល់ថាត្រឹមត្រូវចុះ! ១៥ តែសូមជ្រាបឲ្យច្បាស់ថា បើបងប្អូនសម្លាប់ខ្ញុំ បងប្អូន និងអ្នកក្រុងទាំងអស់ត្រូវមានទោស ព្រោះសម្លាប់មនុស្សគ្មានកំហុស ដ្បិតព្រះអម្ចាស់ពិតជាបានចាត់ខ្ញុំ ឲ្យនាំពាក្យទាំងនេះមកជម្រាបបងប្អូនមែន»។
១៦ ពេលនោះ ក្រុមមន្ត្រី និងប្រជាជនទាំងមូល ពោលទៅពួកបូជាចារ្យ និងពួកព្យាការីថា៖ «អ្នកនេះគ្មានទោសដល់ស្លាប់ទេ ដ្បិតគាត់បាននិយាយមកយើង ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង ពិតមែន»។
១៧ មានព្រឹទ្ធាចារ្យខ្លះក្រោកឈរឡើង ពោលទៅកាន់អង្គប្រជុំរបស់ប្រជាជនថា៖ ១៨ «នៅរជ្ជកាលព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា លោកមីកា ជាអ្នកស្រុកម៉ូរេសេត បានថ្លែងព្រះបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ដូចតទៅ:
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា
គេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ
ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា
គំនរបាក់បែក
ភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
១៩ នៅសម័យនោះ តើព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ព្យាការីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចព្រះអម្ចាស់ ហើយនាំគ្នាទូលអង្វរព្រះអង្គទៀតផង។ ហេតុនេះហើយបានជាព្រះអង្គមិនដាក់ទោសពួកគេ តាមការសម្រេចរបស់ព្រះអង្គឡើយ។ ប្រសិនបើយើងប្រហារជីវិតលោកនេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
២០ ក្រោយមក មានបុរសម្នាក់ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា ជាអ្នកស្រុកគៀរីយ៉ាត-យ៉ារីម បានថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់ប្រឆាំងនឹងទីក្រុង ព្រមទាំងស្រុកនេះ ដូចលោកយេរេមីដែរ។ ២១ ព្រះបាទយ៉ូយ៉ាគីម ព្រមទាំងរាជបរិពារ និងមន្ត្រីទាំងអស់បានឮពាក្យនោះ ក៏រកសម្លាប់គាត់ចោល។ ពេលលោកអ៊ូរីយ៉ាដឹងដំណឹងនេះ គាត់ភ័យ ហើយរត់ភៀសខ្លួនទៅស្រុកអេស៊ីប។ ២២ ព្រះបាទយ៉ូយ៉ាគីមចាត់លោកអែលណាតន ជាកូនរបស់លោកអាក់ប៊រ និងបក្សពួកគាត់ឲ្យទៅស្រុកអេស៊ីប ២៣ ចាប់លោកអ៊ូរីយ៉ានាំមកប្រគល់ឲ្យស្តេចវិញ។ ស្តេចក៏ប្រហារជីវិតគាត់ដោយមុខដាវ រួចបោះសាកសពរបស់គាត់ទៅក្នុងផ្នូរសាធារណៈ»។
២៤ លោកអហ៊ីកាំ ជាកូនរបស់លោកសាផន តែងតែការពារលោកយេរេមីជានិច្ច។ គាត់រារាំងមិនឲ្យគេប្រគល់លោកយេរេមី ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចង់ប្រហារជីវិតលោកឡើយ។
២៧
លោកយេរេមីយកនឹមមកដាក់លើស្មា
១ នៅដើមរជ្ជកាលព្រះបាទសេដេខ្យាស បុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ:
២ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។ ៣ បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្តេចស្រុកអេដុម ស្តេចស្រុកម៉ូអាប់ ស្តេចស្រុកអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកគាល់សេដេខ្យាស ជាស្តេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ ៤ ចូរផ្តាំអ្នកទាំងនោះឲ្យទៅប្រាប់ស្តេចរបស់ខ្លួនថា: ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរទៅប្រាប់ស្តេចរបស់អ្នករាល់គ្នាថា ៥ យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយមហិទ្ធិឫទ្ធិ និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។ ៦ ឥឡូវនេះ យើងប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើង។ សូម្បីតែសត្វព្រៃទាំងឡាយ ក៏យើងដាក់ឲ្យនៅក្រោមអំណាចនេប៊ូកានេសារដែរ។ ៧ ប្រជាជាតិទាំងអស់នឹងនាំគ្នាបម្រើនេប៊ូកានេសារ ព្រមទាំងកូន និងចៅរបស់គេ រហូតដល់ពេលកំណត់ ដែលស្រុករបស់នេប៊ូកានេសារត្រូវប្រជាជាតិជាច្រើន និងស្តេចដ៏ខ្លាំងពូកែយកធ្វើជាចំណុះ។ ៨ ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបម្រើនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្តេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ គ្រូកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នា ប្រាប់ថា “កុំចុះចូលនឹងស្តេចនេប៊ូកានេសារ!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ ១០ ដ្បិតពួកគេទាយកុហក ធ្វើឲ្យអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺឲ្យយើងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។ ១១ ផ្ទុយទៅវិញ បើប្រជាជាតិណាសុខចិត្តនៅក្រោមនឹម និងបម្រើស្តេចស្រុកបាប៊ីឡូន យើងនឹងឲ្យប្រជាជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចម្ការ និងរស់នៅលើទឹកដីរបស់ខ្លួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ខ្ញុំក៏បាននាំពាក្យទាំងនេះទៅទូលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ដូចតទៅ: សូមព្រះករុណា និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្តេចស្រុកបាប៊ីឡូន សូមបម្រើស្តេច និងប្រជារាស្ដ្រនោះទៅ ទើបព្រះករុណា និងប្រជាជនយូដាបានរួចជីវិត។ ១៣ មិនគួរឲ្យព្រះករុណា និងប្រជាជនត្រូវបាត់បង់ជីវិត ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកអំពីប្រជាជាតិ ដែលពុំព្រមបម្រើស្តេចស្រុកបាប៊ីឡូននោះឡើយ។ ១៤ សូមកុំស្ដាប់ពាក្យរបស់ពួកព្យាការីដែលពោលថា “អ្នករាល់គ្នានឹងមិនបម្រើស្តេចស្រុកបាប៊ីឡូនទេ” ដ្បិតពាក្យដែលគេថ្លែងនោះមិនពិតឡើយ។ ១៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងពុំបានចាត់អ្នកទាំងនោះឲ្យមកទេ ពួកគេបានយកឈ្មោះយើងមកប្រើ ដើម្បីថ្លែងពាក្យកុហក ធ្វើឲ្យយើងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នា ព្រមទាំងពួកព្យាការី ដែលថ្លែងពាក្យក្លែងក្លាយប្រាប់អ្នករាល់គ្នា មុខជាត្រូវវិនាសពុំខាន។
១៦ ខ្ញុំបានប្រាប់ក្រុមបូជាចារ្យ និងប្រជាជនទាំងមូលដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ព្យាការីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នឹងត្រូវគេនាំយកពីស្រុកបាប៊ីឡូនមកវិញ ក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេឲ្យសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។ ១៧ កុំស្ដាប់ព្យាការីទាំងនោះឡើយ ចូរនាំគ្នាបម្រើស្តេចស្រុកបាប៊ីឡូនវិញ ទើបអ្នករាល់គ្នាបានរួចជីវិត។ កុំបណ្តោយឲ្យក្រុងនេះវិនាសឡើយ។ ១៨ ប្រសិនបើអ្នកទាំងនោះពិតជាព្យាការី ហើយប្រសិនបើព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈពួកគេមែន ចូរឲ្យពួកគេទូលអង្វរព្រះអម្ចាស់នៃពិភពទាំងមូល សូមឲ្យសម្ភារៈដែលនៅសេសសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្នុងដំណាក់របស់ស្តេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំឲ្យគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។ ១៩ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលអំពីសសរ អាងធំ និងដែកកំណល់ ព្រមទាំងរបស់ឯទៀតៗដែលនៅសេសសល់ក្នុងក្រុងនេះ ២០ គឺរបស់ដែលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ពុំបានយកទៅជាមួយ នៅពេលស្តេចចាប់ព្រះបាទយេកូនីយ៉ា បុត្ររបស់ព្រះបាទយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា ព្រមទាំងអ្នកធំនៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា យកពីក្រុងយេរូសាឡឹម ទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ ២១ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្តីអំពីសម្ភារៈដែលនៅសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរបស់នៅក្នុងដំណាក់ស្តេច ព្រមទាំងរបស់នៅក្នុងក្រុងយេរូសាឡឹមថា: ២២ គេនឹងដឹកជញ្ជូនរបស់ទាំងនោះទៅស្រុកបាប៊ីឡូន រួចទុកនៅទីនោះ រហូតដល់ថ្ងៃដែលយើងនឹងមក ហើយនាំយកទៅទុកនៅកន្លែងដើមវិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៨
លោកយេរេមីតទល់នឹងលោកហាណានីយ៉ា
១ ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានីយ៉ា ជាកូនរបស់លោកអាស្សួរ ដែលជាព្យាការីនៅភូមិកាបូន ពោលមកខ្ញុំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូលថា៖
២ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងនឹងបំបាក់នឹមស្តេចស្រុកបាប៊ីឡូន! ៣ ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន បានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ ៤ យើងក៏នាំយេកូនីយ៉ា ជាបុត្ររបស់យ៉ូយ៉ាគីម ស្តេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចស្រុកបាប៊ីឡូន”»។
៥ ព្យាការីយេរេមីបានតបទៅព្យាការីហាណានីយ៉ា នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូល ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖ ៦ «អាម៉ែន! សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! ៧ ប៉ុន្តែ សូមស្ដាប់សេចក្ដីដែលខ្ញុំយកមកជម្រាបលោក និងប្រជាជនទាំងមូល ឲ្យបានជ្រាប ដូចតទៅ: ៨ ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់ បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើន ត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។ ៩ ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងដឹងថា ព្រះអម្ចាស់ចាត់ព្យាការីនោះឲ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្ត ដូចពាក្យគាត់ប្រកាស»។
១០ ពេលនោះ ព្យាការីហាណានីយ៉ាបានដោះនឹមចេញពីស្មារបស់ព្យាការីយេរេមី មកកាច់បំបាក់ ១១ ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា: ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការីយេរេមីក៏ដើរចេញពីកន្លែងនោះទៅ។
១២ បន្ទាប់ពីព្យាការីហាណានីយ៉ាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមី ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅ៖ ១៣ «ចូរទៅប្រាប់ហាណានីយ៉ាថា: ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ ១៤ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងនោះ ដើម្បីបង្ក្រាបពួកគេឲ្យនៅក្រោមអំណាចនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូកានេសារ សូម្បីតែសត្វព្រៃក៏យើងប្រគល់ឲ្យស្តេចនោះដែរ»។
១៥ បន្ទាប់មក ព្យាការីយេរេមីមានប្រសាសន៍ទៅកាន់ព្យាការីហាណានីយ៉ាថា៖ «លោកហាណានីយ៉ាអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឲ្យមកទេ! លោកនាំប្រជាជននេះឲ្យសង្ឃឹមលើពាក្យមិនពិត។ ១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្តេញអ្នកឲ្យចាកចេញពីផែនដី! ឆ្នាំនេះ អ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។ ១៧ ព្យាការីហាណានីយ៉ាក៏ទទួលមរណភាព នៅខែទីប្រាំពីរ នាឆ្នាំនោះ។
២៩
លិខិតផ្ញើទៅប្រជាជនដែលជាឈ្លើយសឹក
១ ព្យាការីយេរេមីផ្ញើលិខិតមួយច្បាប់ពីក្រុងយេរូសាឡឹម ទៅជូនក្រុមព្រឹទ្ធាចារ្យ ព្រមទាំងក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងអស់ ដែលព្រះចៅនេប៊ូកានេសារបានកៀរពីក្រុងយេរូសាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ២ ក្រោយពេលដែលព្រះបាទយេកូនីយ៉ា សម្តេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។ ៣ ព្យាការីយេរេមីផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផន និងលោកកេម៉ារីយ៉ា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ចាត់ឲ្យទៅគាល់ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖
៤ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គឲ្យគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា: ៥ “ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។ ៦ ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅឲ្យមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅឲ្យបានកើនចំនួនច្រើនឡើងនៅកន្លែងនោះ កុំចុះថយឡើយ។ ៧ យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចម្រុងចម្រើនឡើង ចូរទូលអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។ ៨ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ ៩ ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេឲ្យមកទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ ១១ យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្តល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្តល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១២ ពេលនោះ អ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។ ១៣ អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។ ១៤ យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងស្តារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។ ១៥ ប៉ុន្តែ អ្នករាល់គ្នាបានពោលថា ព្រះជាម្ចាស់ប្រទានព្យាការីមកឲ្យពួកយើង នៅស្រុកបាប៊ីឡូន!”។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្តេច ដែលគ្រងរាជ្យលើបល្ល័ង្កព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងអស់នៅក្នុងក្រុងនេះ និងបងប្អូនរបស់អ្នករាល់គ្នាដែលសត្រូវមិនបានកៀរយកទៅជាឈ្លើយដូចតទៅ: ១៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “យើងនឹងប្រើដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ ទៅប្រហារពួកគេ គឺយើងធ្វើឲ្យពួកគេបានដូចផ្លែឧទុម្ពរ ស្អុយដែលបរិភោគមិនកើត។ ១៨ យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។ ១៩ ការទាំងនេះកើតមាន ព្រោះពួកគេមិនស្ដាប់ពាក្យយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- យើងបានចាត់ព្យាការី ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្ដាប់ទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២០ រីឯអ្នកទាំងអស់គ្នាដែលព្រះអម្ចាស់បានដេញចេញពីក្រុងយេរូសាឡឹមមកបាប៊ីឡូន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ!។
២១ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្តីអំពីអខាប់ ជាកូនរបស់កូឡាយ៉ា និងសេដេខ្យាស ជាកូនរបស់ម៉ាសេយ៉ា ថា: “អ្នកទាំងពីរបានប្រកាសពាក្យក្លែងក្លាយ ក្នុងនាមយើង ប្រាប់អ្នករាល់គ្នា។ ហេតុនេះ យើងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ហើយស្តេចនេប៊ូកានេសារនឹងប្រហារជីវិតអ្នកទាំងពីរ នៅមុខអ្នករាល់គ្នា។ ២២ ក្នុងចំណោមប្រជាជនយូដាទាំងអស់ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន គេនឹងយកឈ្មោះអ្នកទាំងពីរទៅដាក់បណ្ដាសាគ្នាថា: សូមព្រះអម្ចាស់ដាក់ទោសឯង ដូចសេដេខ្យាស និងអខាប់ ដែលស្តេចស្រុកបាប៊ីឡូន ឲ្យគេយកទៅដុតនៅក្នុងភ្លើង! ២៣ អ្នកទាំងពីរបានប្រព្រឹត្តអំពើដ៏អាស្រូវក្នុងស្រុកអ៊ីស្រាអែល គឺប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ ហើយពោលពាក្យក្លែងក្លាយក្នុងនាមយើង ដោយយើងមិនបានបង្គាប់ឲ្យគេប្រកាសសោះ។ យើងជាសាក្សីដឹងឮអំពីរឿងនេះមែន! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់”»។
២៤ «ចូរប្រាប់សេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំថា ២៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកបានផ្ញើសំបុត្រក្នុងនាមអ្នកផ្ទាល់ ទៅឲ្យប្រជាជនទាំងមូលនៅក្រុងយេរូសាឡឹម ព្រមទាំងបូជាចារ្យសេផានី ជាកូនរបស់ម៉ាសេយ៉ា និងបូជាចារ្យទាំងអស់ មានសេចក្ដីដូចតទៅ: ២៦ “លោកសេផានីអើយ ព្រះអម្ចាស់តែងតាំងលោកជាបូជាចារ្យ ជំនួសបូជាចារ្យយេហូយ៉ាដា ដើម្បីឲ្យលោកទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាព្យាការី។ លោកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។ ២៧ ឥឡូវនេះ ហេតុដូចម្ដេចបានជាលោកមិនដាក់ទោសយេរេមី ជាអ្នកស្រុកអាណាតូត ដែលតាំងខ្លួនជាព្យាការីក្នុងចំណោមអ្នករាល់គ្នាដូច្នេះ? ២៨ គាត់សរសេរសំបុត្រមកពួកយើងនៅស្រុកបាប៊ីឡូននេះថា: អ្នករាល់គ្នាត្រូវតែរស់នៅទីនេះយ៉ាងយូរ ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ!”»។
២៩ បូជាចារ្យសេផានីអានសំបុត្រនោះឲ្យព្យាការីយេរេមីស្ដាប់។ ៣០ ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖ ៣១ «ចូរចាត់គេឲ្យទៅប្រាប់ប្រជាជនទាំងអស់ ដែលជាប់ជាឈ្លើយថា ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ ដូចតទៅ: សេម៉ាយ៉ាថ្លែងប្រាប់អ្នករាល់គ្នានូវសេចក្ដីផ្សេងៗ ធ្វើឲ្យអ្នករាល់គ្នាសង្ឃឹមលើពាក្យមិនពិត តែយើងពុំបានចាត់គាត់ឲ្យមកទេ។ ៣២ ហេតុនេះ យើងនឹងដាក់ទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ និងកូនចៅរបស់គាត់។ គ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ អាចរស់នៅក្នុងចំណោមប្រជារាស្ដ្រនេះ ហើយឃើញប្រជារាស្ដ្ររបស់យើងទទួលសុភមង្គល ដែលយើងនឹងផ្តល់ឲ្យនោះឡើយ ដ្បិតសេម៉ាយ៉ាបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣០
មាតុភូមិនិវត្តន៍
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមីដូចតទៅ: ២ ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរកត់ត្រាទុកក្នុងក្រាំងមួយនូវពាក្យទាំងប៉ុន្មាន ដែលយើងប្រាប់អ្នក។ ៣ នៅគ្រាខាងមុខ យើងនឹងស្តារអ៊ីស្រាអែល និងយូដាជាប្រជារាស្ដ្ររបស់យើង ដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកស្រុក ដែលយើងបានប្រគល់ឲ្យដូនតារបស់ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។
៤ ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ដូចតទៅ:
៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងឮសម្រែកភ័យខ្លាច
ចលាចលកើតមាននៅក្នុងស្រុក
គឺមិនមែនសន្តិភាពទេ!
៦ ចូរស៊ើបសួរ ហើយពិនិត្យមើលចុះ
តើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ?
ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់
យកដៃឱបពោះរបស់ខ្លួន
ដូចស្ត្រីហៀបនឹងសម្រាលកូនដូច្នេះ?
ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេស្លេកស្លាំង?
៧ វេទនាហើយ! ដ្បិតថ្ងៃនោះជាថ្ងៃដ៏សែនវេទនា
ដែលគ្មានថ្ងៃណាមួយប្រដូចបានឡើយ
គឺជាថ្ងៃដែលកូនចៅរបស់យ៉ាកុប
ត្រូវឈឺចុកចាប់យ៉ាងខ្លាំង។
ប៉ុន្តែ ពួកគេមុខជាបានរួចជីវិត»។
៨ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«នៅថ្ងៃនោះ យើងនឹងបំបាក់នឹមដែលស្ថិតនៅ
លើស្មារបស់ពួកគេ
យើងនឹងផ្ដាច់ចំណងចេញពីពួកគេ
ជនបរទេសនឹងលែងយកពួកគេធ្វើជាខ្ញុំបម្រើ
ទៀតហើយ។
៩ ពួកគេនឹងគោរពបម្រើព្រះអម្ចាស់
ជាព្រះរបស់ពួកគេ
ហើយគោរពបម្រើពូជពង្សរបស់ដាវីឌ
ដែលយើងនឹងតែងតាំងឲ្យ
គ្រងរាជ្យលើពួកគេ។
១០ កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!
យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យវិលត្រឡប់
មកពីទឹកដីដ៏ឆ្ងាយវិញ
យើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នា
ពីស្រុកដែលគេជាប់ជាឈ្លើយសឹក។
កូនចៅយ៉ាកុបនឹងវិលមកវិញ
គេនឹងរស់នៅយ៉ាងសុខសាន្ត
គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
១១ យើងស្ថិតនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងលុបបំបាត់ប្រជាជាតិនានា
ដែលយើងបានកម្ចាត់កម្ចាយអ្នក
ឲ្យទៅនៅក្នុងចំណោមពួកគេ
តែយើងមិនលុបបំបាត់អ្នកឡើយ។
យើងបានដាក់ទោសអ្នកដោយយុត្តិធម៌
យើងមិនអាចចាត់ទុកអ្នកថាគ្មានទោសទេ»។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«របួសរបស់អ្នកមើលមិនជាទេ
ដំបៅរបស់អ្នកក៏មិនអាចសះបានដែរ។
១៣ គ្មាននរណារកយុត្តិធម៌ឲ្យអ្នក
និងរុំរបួសឲ្យអ្នកទេ
ហើយក៏គ្មានថ្នាំដ៏ស័ក្តិសិទ្ធិណា
អាចផ្សះរបួសរបស់អ្នកដែរ។
១៤ គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយ
គ្មាននរណានឹកនាដល់អ្នកទៀតទេ
ដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នក
យើងបានដាក់ទោសអ្នកយ៉ាងធ្ងន់
ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា
និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
១៥ ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរ
ព្រោះមហន្តរាយកើតដល់អ្នក
ធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ?
យើងធ្វើទោសអ្នកខ្លាំងដូច្នេះ
ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនា
និងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
១៦ ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក
មុខជាត្រូវគេលេបត្របាក់វិញ
បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ
ទាំងអស់គ្នា។
អស់អ្នកដែលកម្ទេចអ្នក នឹងត្រូវគេកម្ទេចវិញ
យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក
ត្រូវគេប្លន់វិញដែរ។
១៧ យើងនឹងលើកអ្នកឡើងវិញ
យើងនឹងប្រោសឲ្យមុខរបួសអ្នក
ជាសះស្បើយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។
ពួកគេហៅអ្នកថា
“ក្រុងដែលគេបោះបង់ចោល”
គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
១៨ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«យើងនឹងស្តារពូជពង្សរបស់យ៉ាកុបឡើងវិញ
យើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។
គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញ
ហើយសង់វិមាននៅកន្លែងដើមវិញដែរ។
១៩ ការសរសើរតម្កើង និងសំណើចក្អាកក្អាយ
នឹងលាន់ឮឡើងពីក្នុងចំណោមពួកគេ។
យើងនឹងធ្វើឲ្យគេកើនចំនួនច្រើនឡើងៗ
គឺគេមិនចុះថយឡើយ។
យើងនឹងលើកតម្កើងពួកគេ
គឺគេមិនទន់ទាបទៀតទេ។
២០ កូនចៅរបស់គេនឹងបានដូចពីដើម
សហគមន៍របស់គេនឹងស្ថិតស្ថេរ
នៅចំពោះមុខយើង ហើយយើងនឹង
ដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។
២១ មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ
អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។
យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង
ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង
ដោយចិត្តឯងឡើយ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
២២ អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង
ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
២៣ ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមក
ដូចជាខ្យល់ព្យុះ។
ព្រះពិរោធនេះប្រៀបដូចជាព្យុះសង្ឃរា
បក់នៅលើក្បាលរបស់ពួកទុច្ចរិត។
២៤ ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់
នឹងមិនងាករេចេញឡើយ
ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ
របស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។
នៅគ្រាចុងក្រោយ អ្នករាល់គ្នាមុខជាមាន
ប្រាជ្ញាយល់មិនខាន!។
៣១
ស្រុកអ៊ីស្រាអែល និងស្រុកយូដា នឹងត្រូវស្តារឡើងវិញ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«នៅគ្រានោះ យើងនឹងធ្វើជា
ព្រះរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល
ពួកគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង»។
២ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖
«នៅវាលរហោស្ថាន
យើងបានសម្ដែងការប្រណីសន្ដោសដល់
ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចម្បាំង
ហើយអ៊ីស្រាអែលនឹងបានសុខសាន្តត្រាណ។
៣ ពួកគេពោលថា ព្រះអម្ចាស់បានសម្ដែងព្រះអង្គ
ឲ្យខ្ញុំឃើញពីចម្ងាយ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា
“យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់
ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក
ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។
៤ នាងព្រហ្មចារីអ៊ីស្រាអែលអើយ!
យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញ
រួចនាងនឹងចេញមកលោតរាំ
ទាំងលេងក្រាប់យ៉ាងសប្បាយ។
៥ នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការ
នៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។
អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ”។
៦ បន្តិចទៀត ពួកអ្នកយាមនឹងស្រែក
នៅលើភ្នំអេប្រាអ៊ីមថា:
“ចូរក្រោកឡើង!
យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូន
ថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់យើង!”»
៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ចូរហ៊ោកញ្ជ្រៀវអបអរសាទរកូនចៅយ៉ាកុប!
ចូរទទួលប្រជាជនដែលជាមេដឹកនាំ
នៃប្រជាជាតិទាំងឡាយ
ឲ្យបានគគ្រឹកគគ្រេងឡើង!
ចូរបន្លឺសំឡេង ចូរលើកតម្កើងព្រះអម្ចាស់!
ហើយពោលថា: “ព្រះអម្ចាស់អើយ!
សូមសង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គ
គឺជនជាតិអ៊ីស្រាអែលដែលនៅសេសសល់”។
៨ យើងនឹងនាំពួកគេមកពីស្រុកខាងជើង
ហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាល
នៃផែនដីមកវិញដែរ។
ពួកគេមកទាំងអស់គ្នា
គឺមានទាំងមនុស្សខ្វាក់មនុស្សខ្វិន
ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន។
ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។
៩ ពួកគេមកដល់ ទាំងយំផង ទាំងទូលអង្វរផង
យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ
គ្មានអ្វីជំពប់ជើង
តម្រង់ទៅកន្លែងដែលមានទឹកហូរ
ដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រាអែល
ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។
១០ ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ហើយផ្សព្វផ្សាយរហូតដល់កោះឆ្ងាយៗ!
ចូរប្រកាសថា:
«ព្រះដែលកម្ចាត់កម្ចាយជនជាតិអ៊ីស្រាអែល
ព្រះអង្គប្រមូលពួកគេមកវិញហើយ
ព្រះអង្គថែរក្សាអ៊ីស្រាអែល
ដូចគង្វាលរក្សាហ្វូងចៀមរបស់ខ្លួន។
១១ ព្រះអម្ចាស់រំដោះកូនចៅរបស់លោកយ៉ាកុប
ព្រះអង្គលោះពួកគេឲ្យរួចពីខ្មាំង
ដែលមានកម្លាំងខ្លាំងជាងពួកគេ។
១២ ពួកគេត្រឡប់មកវិញ
ទាំងស្រែកហ៊ោដោយអំណរ នៅលើភ្នំស៊ីយ៉ូន
ពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិ
ដែលព្រះអម្ចាស់ប្រទានឲ្យ
គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង
ហ្វូងចៀម និងហ្វូងគោ។
ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យាន
ដែលមានទឹកស្រោចស្រព
ពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។
១៣ ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយ
ហើយពួកយុវជន និងពួកចាស់ទុំ
ក៏នឹងរាំយ៉ាងសប្បាយដែរ។
យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេ
ប្រែទៅជាអំណររីករាយ
យើងនឹងសម្រាលទុក្ខពួកគេ
ហើយធ្វើឲ្យពួកគេមានអំណរសប្បាយ
ឡើងវិញ។
១៤ យើងនឹងឲ្យសាច់ដ៏ល្អៗដល់
ពួកបូជាចារ្យបរិភោគយ៉ាងស្កប់ស្កល់
ហើយយើងនឹងផ្តល់សម្បត្តិដ៏បរិបូណ៌
ដល់ប្រជារាស្ដ្ររបស់យើង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មានឮសំឡេងយំនៅភូមិរ៉ាម៉ា
ជាទំនួញសោកសៅ និងសម្រែកឈឺចាប់
គឺនាងរ៉ាខែលយំសោកអាណិតកូន
នាងមិនព្រមឲ្យនរណាលួងលោមឡើយ
ព្រោះកូនរបស់នាងបាត់បង់ជីវិតអស់ទៅហើយ»។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ!
ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត
កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក
របស់ខ្មាំងសត្រូវមកវិញ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
១៧ អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹម
ព្រោះកូនចៅរបស់នាងវិលត្រឡប់មក
ទឹកដីរបស់ខ្លួនវិញ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ យើងឮអេប្រាអ៊ីមយំរៀបរាប់ថា:
“ព្រះអង្គបានដាក់ទោសទូលបង្គំ
ហើយទូលបង្គំក៏ទទួលទោស
ដូចកូនគោដែលមិនទាន់ផ្សាំង។
សូមនាំទូលបង្គំឲ្យវិលមកវិញ
នោះទូលបង្គំនឹងវិលមកវិញ
ដ្បិតព្រះអង្គជាព្រះអម្ចាស់
និងជាព្រះរបស់ទូលបង្គំ។
១៩ ទូលបង្គំវិលមកវិញ ទាំងនឹកស្តាយកំហុស។
ពេលដឹងខ្លួនខុស ទូលបង្គំក៏គក់ទ្រូង
នឹកស្តាយ ហើយអៀនខ្មាស។
ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំ
ប្រព្រឹត្តកាលនៅពីក្មេង”។
២០ អេប្រាអ៊ីមជាកូនសម្លាញ់
ជាកូនសំណព្វចិត្តរបស់យើង។
ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីម
យើងចេះតែនឹកឃើញគេជានិច្ច
យើងខ្លោចចិត្តអាណិតគេ
យើងស្រឡាញ់គេខ្លាំងណាស់»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ «ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើង
ចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរ
នាងព្រហ្មចារីអ៊ីស្រាអែលអើយ
ចូរវិលត្រឡប់មកវិញ
ចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។
២២ កូនស្រីដែលបះបោរអើយ
តើនាងនៅតែដើរតែលតោល
ដល់កាលណាទៀត?
ព្រះអម្ចាស់បានធ្វើឲ្យមានការមួយថ្មី
កើតឡើងនៅលើផែនដីនេះ
គឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។
សម្ពន្ធមេត្រីថ្មី
២៣ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «នៅពេលដែលយើងស្តារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយ នឹងពោលថា:
“អ្នកជាព្រះដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ
សូមព្រះអម្ចាស់ប្រទានពរអ្នក!”
២៤ អ្នកស្រែចម្ការ ព្រមទាំងអ្នកចិញ្ចឹមសត្វ នឹងរស់នៅជាមួយគ្នា នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។ ២៥ យើងនឹងឲ្យទឹកដល់អ្នកដែលស្រេក ហើយជួយអ្នកខ្សោះល្វើយឲ្យមានកម្លាំងឡើងវិញ»។ ២៦ ពេលនោះ ខ្ញុំភ្ញាក់ឡើងហើយ ឃើញថា ខ្ញុំដេកលក់យ៉ាងស្កប់ស្កល់!។
២៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រាអែល និងស្រុកយូដា។ ២៨ ពីមុន យើងធ្លាប់មករកពួកគេ ដើម្បីរំលើង រំលំ កម្ទេច និងបំផ្លាញឲ្យវិនាសយ៉ាងណា យើងនឹងមករកពួកគេ ដើម្បីសង់ និងដាំឡើងវិញយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ២៩ នៅគ្រានោះ គេលែងពោលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ តែកូនបែរជាឈឺធ្មេញ” ទៀតហើយ ៣០ គឺម្នាក់ៗត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួន។ អ្នកណាបរិភោគក្តឹបទំពាំងបាយជូរ អ្នកនោះនឹងឈឺធ្មេញ»។
៣១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងចងសម្ពន្ធមេត្រីថ្មីជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។ ៣២ សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះ នាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។ ៣៣ សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់វិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ដ្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣៤ គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់ឱនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣៥ ព្រះអម្ចាស់ដែលតែងតាំងព្រះអាទិត្យ
ឲ្យបំភ្លឺនៅពេលថ្ងៃ
ហើយព្រះច័ន្ទ និងហ្វូងតារា
បំភ្លឺនៅពេលយប់ តាមពេលកំណត់
ព្រះអង្គធ្វើឲ្យកក្រើកទឹកសមុទ្រ
និងមានរលកបក់បោក
ព្រះអង្គដែលមានព្រះនាមថា
“ព្រះអម្ចាស់នៃពិភពទាំងមូល”
មានព្រះបន្ទូលថា៖
៣៦ «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាន
នោះអ៊ីស្រាអែលក៏លែងមានឈ្មោះជា
ប្រជាជាតិនៅចំពោះមុខយើង
រហូតតទៅដែរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣៧ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖
«ប្រសិនបើគេអាចវាស់បណ្តោយផ្ទៃមេឃ
និងជម្រៅផែនដីបាន
នោះយើងក៏បោះបង់ចោលពូជពង្សអ៊ីស្រាអែល
ព្រោះតែអំពើទាំងប៉ុន្មាន
ដែលពួកគេប្រព្រឹត្តដែរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣៨ នៅគ្រាខាងមុខ គេនឹងសង់ទីក្រុងឡើងវិញថ្វាយព្រះអម្ចាស់ គឺចាប់តាំងពីប៉មហាណាអែលរហូតដល់ទ្វារនៅជ្រុងកំពែង។ ៣៩ គេនឹងកំណត់ព្រំប្រទល់ថ្មីរបស់ទីក្រុង ចាប់ពីកន្លែងនោះឆ្ពោះទៅទិសខាងលិច រហូតដល់ភ្នំការេប រួចបត់ឆ្ពោះទៅកូអាត។ ៤០ ជ្រលងភ្នំសាកសព និងផេះទាំងមូល ហើយចន្លោះទាំងប៉ុន្មានដែលលាតសន្ធឹងរហូតដល់ជ្រោះកេដ្រូន និងជ្រុងទ្វារសេះដែលនៅខាងកើត ត្រូវញែកថ្វាយព្រះអម្ចាស់។ កន្លែងទាំងនោះ នឹងមិនត្រូវគាស់ ឬកម្ទេចឡើយ។
៣២
លោកយេរេមីទិញដីមួយកន្លែង
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមី នៅឆ្នាំទីដប់នៃរជ្ជកាលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលព្រះចៅនេប៊ូកានេសារ។ ២ ពេលនោះ កងទ័ពរបស់ព្រះចៅនេប៊ូកានេសារ ឡោមព័ទ្ធក្រុងយេរូសាឡឹម។ រីឯព្យាការីយេរេមីត្រូវគេឃុំនៅពន្ធនាគារ ក្នុងវាំងស្តេចស្រុកយូដា។ ៣ ព្រះបាទសេដេខ្យាសជាស្តេចស្រុកយូដា ឲ្យគេយកលោកទៅឃុំឃាំង ទាំងមានរាជឱង្ការដូចតទៅ៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូន ហើយស្តេចនោះនឹងដណ្ដើមយកទីក្រុង។ ៤ សេដេខ្យាស ជាស្តេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេទេ។ គេនឹងប្រគល់ស្តេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេខ្យាសនឹងឃើញស្តេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់ ៥ ហើយស្តេចស្រុកបាប៊ីឡូននឹងនាំស្តេចសេដេខ្យាសទៅស្រុកបាប៊ីឡូនទៀតផង។ ស្តេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះឡើយ»។
៦ លោកយេរេមីមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: ៧ ហាណាមេអែល កូនរបស់សាលូម ជាឪពុកមារបស់អ្នក នឹងមកជួបអ្នក ហើយពោលថា “សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាតូតទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ”»។ ៨ លោកហាណាមេអែល ជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាតូត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ ៩ ខ្ញុំក៏ទិញដីចម្ការនៅអាណាតូត ពីលោកហាណាមេអែល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងឲ្យគាត់។ ១០ ខ្ញុំធ្វើលិខិតបញ្ជាក់មួយ និងបិទត្រា ដោយមានសាក្សីដឹងឮ រួចថ្លឹងប្រាក់លើជញ្ជីង។ ១១ បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។ ១២ ខ្ញុំប្រគល់លិខិតបញ្ជាក់ទិញដីនោះទៅឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅចំពោះមុខលោកហាណាមេអែល ជាកូនរបស់ឪពុកមាខ្ញុំ ដោយមានសាក្សីដែលបានចុះហត្ថលេខានៅលើលិខិតបញ្ជាក់ ព្រមទាំងជនជាតិយូដាដែលស្ថិតនៅក្នុងទីឃុំឃាំងនោះដឹងឮផង។ ១៣ ខ្ញុំបង្គាប់លោកបារូកនៅចំពោះមុខពួកគេ ដូចតទៅ៖ ១៤ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ចូរយកលិខិតបញ្ជាក់ទិញដីនេះ គឺទាំងលិខិតមានបិទត្រា និងលិខិតនៅចំហ ទៅដាក់ក្នុងឆ្នាំងដីមួយ ដើម្បីរក្សាទុកឲ្យបានយូរ។ ១៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: នៅក្នុងស្រុកនេះ ប្រជាជននៅតែទិញផ្ទះ ទិញដីស្រែ និងទិញចម្ការទំពាំងបាយជូរបន្តទៅទៀត”»។
ពាក្យអធិស្ឋានរបស់លោកយេរេមី
១៦ ក្រោយបានប្រគល់លិខិតបញ្ជាក់ទិញដីទៅបារូក ជាកូនរបស់លោកនេរីយ៉ារួចហើយ ខ្ញុំក៏ទូលអង្វរព្រះអម្ចាស់ដូចតទៅ: ១៧ បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដីដោយមហិទ្ធិឫទ្ធិ និងព្រះបារមីរបស់ព្រះអង្គ។ តើមានការអស្ចារ្យអ្វីដែលព្រះអង្គធ្វើមិនកើត? ១៨ ព្រះអង្គសម្ដែងព្រះហឫទ័យប្រណីសន្ដោសរហូតដល់រាប់ពាន់តំណ។ ពេលឪពុកធ្វើខុស ព្រះអង្គដាក់ទោសកូនចៅនៅជំនាន់ក្រោយ។ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដម និងប្រកបដោយព្រះចេស្ដា។ ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ ១៩ គម្រោងការរបស់ព្រះអង្គប្រសើរពន់ពេកក្រៃ ហើយព្រះអង្គអាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ព្រះអង្គពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយព្រះអង្គសងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
២០ កាលពីដើម ព្រះអង្គសម្ដែងឲ្យគេស្គាល់ព្រះអង្គ ដោយធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗនៅស្រុកអេស៊ីប។ សព្វថ្ងៃនេះ ព្រះអង្គក៏សម្ដែងឲ្យគេស្គាល់ព្រះអង្គ ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងមនុស្សជាតិទាំងមូលដែរ។ ព្រះនាមរបស់ព្រះអង្គបានល្បីល្បាញ ដូចយើងខ្ញុំឃើញសព្វថ្ងៃស្រាប់។ ២១ ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយព្រះចេស្ដាបារមីដ៏គួរឲ្យស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គចាកចេញពីស្រុកអេស៊ីប។ ២២ ព្រះអង្គប្រគល់ទឹកដីនេះឲ្យពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកបុព្វបុរស គឺស្រុកដ៏សម្បូណ៌សប្បាយ។ ២៣ ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ ពួកគេពុំបានរស់នៅតាមវិន័យរបស់ព្រះអង្គ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាព្រះអង្គឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
២៤ ជនជាតិខាល់ដេកំពុងតែលើកទួលព័ទ្ធជុំវិញ ដើម្បីវាយយកទីក្រុង។ ក្រុងនេះនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង គឺពួកគេវាយលុកធ្វើឲ្យប្រជាជនស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ ព្រះបន្ទូលដែលព្រះអង្គប្រកាសពិតជាសម្រេចជារូបរាង ដូចព្រះអង្គទតឃើញស្រាប់។ ២៥ ឱព្រះជាអម្ចាស់អើយ ក្រុងនេះជិតធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេហើយ ហេតុអ្វីបានជាព្រះអង្គប្រាប់ឲ្យទូលបង្គំយកប្រាក់ទិញដីចម្ការ ដោយមានសាក្សីដឹងឮទៅវិញ?
ចម្លើយរបស់ព្រះអម្ចាស់
២៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖ ២៧ «យើងជាព្រះអម្ចាស់ ជាព្រះរបស់មនុស្សលោកទាំងមូល គ្មានការអស្ចារ្យអ្វីដែលយើងធ្វើមិនកើតនោះឡើយ។ ២៨ ហេតុនេះហើយបានជាយើងប្រាប់អ្នកថា: យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ និងក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូន។ នេប៊ូកានេសារនឹងដណ្ដើមយកក្រុងនេះ។ ២៩ ជនជាតិខាល់ដេដែលកំពុងតែវាយលុកក្រុងនេះ នឹងនាំគ្នាចូលមកដុតកម្ទេចទីក្រុង ហើយដុតកម្ទេចផ្ទះដែលមានកន្លែងដុតគ្រឿងសក្ការៈនៅតាមដំបូល សម្រាប់សែនព្រះបាល និងច្រួចស្រាសែនព្រះដទៃ ជាហេតុនាំឲ្យយើងខឹង។
៣០ ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ចេះតែនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលទាស់ចិត្តយើងតាំងពីដើមរៀងមក។ ជនជាតិអ៊ីស្រាអែលចេះតែធ្វើឲ្យយើងខឹង ព្រោះតែស្នាដៃរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣១ អ្នកក្រុងយេរូសាឡឹមតែងតែធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលយើងបានសង់ក្រុងនេះ រហូតមកដល់សព្វថ្ងៃ ជាហេតុនាំឲ្យយើងបណ្តេញពួកគេចេញពីមុខយើង។ ៣២ ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា គឺទាំងប្រជាជន ទាំងស្តេច ទាំងមន្ត្រី ទាំងបូជាចារ្យ ទាំងព្យាការី ទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹមនាំគ្នាប្រព្រឹត្តអំពើអាក្រក់បញ្ឆេះកំហឹងយើង។ ៣៣ ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្តី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។ ៣៤ ពួកគេយករូបព្រះដ៏គួរស្អប់ខ្ពើម មកដាក់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង។ ៣៥ ពួកគេបានសង់កន្លែងសក្ការៈនៅទួលខ្ពស់សម្រាប់ព្រះបាល ក្នុងជ្រលងភ្នំបេន-ហ៊ីណូម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួន ទៅសែនព្រះម៉ូឡេក ដោយដុតទាំងរស់។ យើងពុំដែលបង្គាប់ឲ្យគេធ្វើអំពើបែបនេះសោះ យើងក៏មិនដែលនឹកឃើញអំពីការនេះដែរ គឺធ្វើឲ្យជនជាតិយូដាមានទោស ព្រោះតែអំពើព្រៃផ្សៃ»។
៣៦ ប៉ុន្តែ ទោះជាយ៉ាងណាក្តី យើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល យើងសុំប្រាប់អ្នកឲ្យបានដឹងអំពីក្រុងដែលអ្នកពោលថា នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូន ហើយអ្នកក្រុងនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ ៣៧ នៅគ្រាដែលយើងខឹងសម្បារ យើងបានកម្ចាត់កម្ចាយប្រជាជននេះឲ្យទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ ឲ្យរស់នៅយ៉ាងសុខសាន្ត។ ៣៨ ពួកគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។ ៣៩ យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។ ៤០ យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្តល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។ ៤១ យើងសប្បាយចិត្តនឹងផ្តល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
៤២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងធ្វើឲ្យប្រជាជននេះរងទុក្ខវេទនាខ្លាំងយ៉ាងណា យើងក៏ធ្វើឲ្យពួកគេមានសុភមង្គលគ្រប់ប្រការ តាមពាក្យសន្យារបស់យើងយ៉ាងនោះដែរ។ ៤៣ គេនឹងនៅតែទិញដីធ្លីក្នុងស្រុក ដែលអ្នកពោលថា ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ជាស្រុកដែលវិនាសហិនហោច លែងមានមនុស្ស សត្វរស់នៅតទៅទៀត។ ៤៤ គេនឹងថ្លឹងប្រាក់ទិញដីធ្លី គេនឹងធ្វើលិខិតបញ្ជាក់ទិញ ហើយបិទត្រា ព្រមទាំងរកសាក្សីឲ្យដឹងឮផង គឺនៅក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម ក្រុងនានាក្នុងស្រុកយូដា ក្រុងនានានៅតំបន់ភ្នំ ក្រុងនានានៅតំបន់វាលទំនាប និងក្រុងនានានៅតំបន់ណេកិប ដ្បិតយើងនឹងស្តារស្រុកទេសនេះឡើងវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣៣
ព្រះបន្ទូលសន្យាអំពីការស្តារស្រុកឡើងវិញ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីសាជាថ្មី នៅក្នុងទីឃុំឃាំង។
២ ព្រះអម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ ព្រះអម្ចាស់ដែលបានសូនផែនដី ហើយដាក់ឲ្យនៅមាំមួន ឥតរង្គើ ព្រះអង្គដែលមានព្រះនាមថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖ ៣ «ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសម្ដែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។
៤ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្តេចស្រុកយូដា នឹងត្រូវផ្តួលរំលំដោយខ្មាំងលើកទួល វាយលុក។ ៥ ប្រជាជនខ្លះនៅក្នុងក្រុងនេះខំតទល់នឹងពួកខាល់ដេដែរ ជាហេតុបណ្តាលឲ្យផ្ទះរបស់គេមានពេញដោយសាកសព ដែលយើងប្រហារ ដោយសារកំហឹងដ៏ខ្លាំងរបស់យើង។ អំពើអាក្រក់របស់ពួកគេធ្វើឲ្យយើងលែងអាណិតមេត្តាដល់ក្រុងនេះ។ ៦ ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេឲ្យជាទាំងស្រុង យើងនឹងប្រោសពួកគេឲ្យជា យើងនឹងផ្តល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។ ៧ យើងនឹងស្តារស្រុកយូដា និងស្រុកអ៊ីស្រាអែល យើងនឹងឲ្យប្រជាជនរស់នៅដូចដើមឡើងវិញ។ ៨ យើងនឹងជម្រះពួកគេឲ្យបរិសុទ្ធ* រួចផុតពីអំពើបាបទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តទាស់នឹងយើង ហើយបះបោរប្រឆាំងនឹងយើងទៀតផង។ ៩ ក្រុងនេះនឹងធ្វើឲ្យយើងមានអំណរសប្បាយ ហើយមានកេរ្តិ៍ឈ្មោះល្បី។ ពេលប្រជាជាតិទាំងអស់នៅលើផែនដីឮដំណឹងថា យើងឲ្យពរដល់ក្រុងនេះ គេនឹងនាំគ្នាលើកតម្កើងយើង គេនឹងស្ងើចសរសើរ ហើយរំជួលចិត្តដោយឃើញសុភមង្គល និងភាពចម្រុងចម្រើនគ្រប់យ៉ាង ដែលយើងផ្តល់ឲ្យក្រុងនេះ»។
១០ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «អ្នករាល់គ្នាធ្លាប់ពោលថា “ទឹកដីនេះវិនាសអន្តរាយអស់ហើយ លែងមានមនុស្ស លែងមានសត្វ។ ក្រុងនានាក្នុងស្រុកយូដា និងផ្លូវនានាក្នុងក្រុងយេរូសាឡឹម ជាកន្លែងស្ងាត់ជ្រងំ លែងមានមនុស្ស លែងមានសត្វរស់នៅទៀតហើយ”។ ប៉ុន្តែ នៅពេលខាងមុខ ១១ គេនឹងឮសូរស័ព្ទបទចម្រៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចម្រៀងរបស់អស់អ្នកដែលថ្វាយយញ្ញបូជាអរព្រះគុណ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងព្រះអម្ចាស់នៃពិភពទាំងមូល ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្តារស្រុកនេះឲ្យដូចដើមវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅក្នុងក្រុងដែលវិនាសបាក់បែក នឹងគ្មានមនុស្ស គ្មានសត្វ ហើយនៅតាមក្រុងឯទៀតៗ ពួកគង្វាលនឹងនាំគ្នាធ្វើក្រោល ជាជម្រកសម្រាប់ហ្វូងសត្វរបស់ខ្លួនសាជាថ្មី។ ១៣ ក្នុងក្រុងនានានៅតំបន់ភ្នំ តំបន់វាលទំនាប តំបន់ណេកិប ក្នុងទឹកដីបេនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម និងនៅតាមក្រុងនានាក្នុងស្រុកយូដា គង្វាលនឹងរាប់ចំនួនចៀមរបស់ខ្លួនសាជាថ្មី» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។ ១៥ នៅគ្រានេះ យើងនឹងធ្វើឲ្យមានស្តេចមួយអង្គដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្តេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ ១៦ នៅគ្រានោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា “ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
១៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដាវីឌនឹងមិនខ្វះពូជពង្សគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលឡើយ។ ១៨ ពួកបូជាចារ្យ និងពួកលេវី ក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីថ្វាយតង្វាយដុត និងដុតគ្រឿងក្រអូប ជាមួយតង្វាយផ្សេងៗ ហើយថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃដែរ»។
១៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ៖ ២០ «យើងបានធ្វើឲ្យមានថ្ងៃ មានយប់ តាមកំណត់ពេលវេលារបស់វា ប្រសិនបើអ្នករាល់គ្នាអាចបញ្ឈប់ចលនារបស់ថ្ងៃ និងយប់បាន ២១ យើងក៏ផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយដាវីឌ ជាអ្នកបម្រើរបស់យើងដូច្នោះដែរ គឺលែងមានពូជពង្សរបស់គេស្នងរាជ្យ ហើយក៏លែងមានពួកបូជាចារ្យលេវីបំពេញមុខងារនៅចំពោះមុខយើងទៀតដែរ។ ២២ ផ្ទុយទៅវិញ យើងនឹងឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើយើង ព្រមទាំងពួកបូជាចារ្យលេវី ដែលបំពេញមុខងារនៅចំពោះមុខយើង កើនចំនួនច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ»។
២៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ៖ ២៤ «តើអ្នកឮពាក្យរបស់ប្រជាជននេះឬទេ? ពួកគេពោលថា: “ព្រះអម្ចាស់បានបោះបង់ចោលអំបូរទាំងពីរ ដែលព្រះអង្គបានជ្រើសរើសនោះហើយ”។ អ្នកណាពោលដូច្នេះ អ្នកនោះមើលងាយប្រជាជនរបស់យើង ហើយលែងរាប់ពួកគេជាប្រជាជាតិមួយទៀតផង»។ ២៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងបានធ្វើឲ្យមានថ្ងៃ និងយប់ តាមពេលកំណត់ ហើយយើងក៏បានដាក់ច្បាប់ធម្មជាតិសម្រាប់ផ្ទៃមេឃ និងផែនដីដែរ។ ២៦ ដូច្នេះ តើឲ្យយើងបោះបង់ចោលពូជពង្សរបស់យ៉ាកុប និងពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់យើង ដូចម្ដេចបាន? តើយើងលែងជ្រើសរើសមេដឹកនាំ ពីក្នុងចំណោមពូជពង្សរបស់គេ ឲ្យគ្រប់គ្រងលើពូជពង្សអប្រាហាំ អ៊ីសាក និងយ៉ាកុបកើតឬ? ទេ! យើងនឹងស្តារពួកគេឡើងវិញ ព្រមទាំងសម្ដែងចិត្តអាណិតអាសូរពួកគេថែមទៀតផង»។
៣៤
ព្រះបន្ទូលស្តីអំពីស្តេចសេដេខ្យាស
១ នៅគ្រាដែលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន និងកងទ័ពទាំងមូល ព្រមទាំងនគរទាំងប៉ុន្មាន និងប្រជាជនទាំងអស់ ដែលជាចំណុះរបស់ស្តេចស្រុកបាប៊ីឡូន នាំគ្នាលើកទ័ពមកវាយលុកក្រុងយេរូសាឡឹម ព្រមទាំងក្រុងនានានៅជុំវិញ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ:
២ ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់សេដេខ្យាស ជាស្តេចស្រុកយូដាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូន ស្តេចនោះនឹងដុតកម្ទេចទីក្រុង។ ៣ រីឯអ្នកវិញ អ្នកពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ស្តេចនោះឡើយ។ គេនឹងចាប់ចងអ្នកប្រគល់ទៅឲ្យស្តេចស្រុកបាប៊ីឡូន អ្នកនឹងឃើញស្តេចនោះផ្ទាល់នឹងភ្នែក ស្តេចនោះនឹងនិយាយទល់មុខគ្នាជាមួយអ្នក ហើយអ្នកត្រូវទៅស្រុកបាប៊ីឡូន”»។
៤ បពិត្រព្រះករុណាសេដេខ្យាស ជាស្តេចស្រុកយូដា សូមព្រះអង្គសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអង្គមានព្រះបន្ទូលមកព្រះករុណាថា៖ «អ្នកនឹងមិនស្លាប់ដោយមុខដាវឡើយ ៥ តែអ្នកនឹងស្លាប់តាមសម្រួល។ គេនឹងដុតគ្រឿងក្រអូបអប់សពអ្នក ដូចគេដុតសម្រាប់ដូនតា និងស្តេចឯទៀតៗដែលសោយរាជ្យមុនអ្នកដែរ។ គេយំកាន់ទុក្ខអ្នក ដោយរៀបរាប់ថា: “គួរអនិច្ចា ព្រះករុណាជាអម្ចាស់! យើងប្រាប់អ្នកឲ្យដឹងជាមុន”» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៦ ព្យាការីយេរេមីក៏នាំព្រះបន្ទូលទាំងនោះទៅទូលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ ៧ ពេលនោះ កងទ័ពរបស់ស្តេចស្រុកបាប៊ីឡូនវាយលុកក្រុងយេរូសាឡឹម និងក្រុងឯទៀតៗនៅស្រុកយូដា ព្រមទាំងក្រុងឡាគីស និងក្រុងអាសេកា ជាក្រុងមានកំពែងរឹងមាំ ហើយកំពុងតែទប់ទល់នឹងខ្មាំងសត្រូវនៅឡើយ។
អំពីការដោះលែងទាសករ
៨ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមី ក្រោយពេលព្រះបាទសេដេខ្យាសចេញបញ្ជាឲ្យប្រជាជនទាំងមូល នៅក្រុងយេរូសាឡឹម ធ្វើកិច្ចសន្យាដោះលែងទាសករ ៩ គឺប្រជាជនគ្រប់ៗរូបត្រូវដោះលែងទាសាទាសីរបស់ខ្លួនដែលជាជាតិហេប្រឺ។ មិនត្រូវឲ្យនរណាម្នាក់ទុកជនជាតិយូដា ដែលជាបងប្អូនរបស់ខ្លួន ជាទាសករតទៅទៀតឡើយ។ ១០ មន្ត្រី និងប្រជាជនទាំងអស់ ដែលចូលរួមចុះកិច្ចសន្យានោះ នាំគ្នាអនុវត្តតាម ហើយដោះលែងទាសាទាសីរបស់ខ្លួន គឺម្នាក់ៗអនុវត្តតាមកិច្ចសន្យា ដោយបើកឲ្យទាសករទាំងនោះមានសេរីភាព។ ១១ ប៉ុន្តែ ក្រោយមក ពួកគេដូរគំនិត ហើយចាប់ពួកទាសាទាសីដែលខ្លួនបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម។
១២ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ៖ ១៣ «យើងជាព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានចុះកិច្ចសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប គឺនៅស្រុកដែលពួកគេជាប់ជាទាសករ។ យើងបានពោលទៅពួកគេថា: ១៤ “ប្រាំពីរឆ្នាំម្ដង អ្នករាល់គ្នាត្រូវតែដោះលែងជនជាតិហេប្រឺ ដែលអ្នករាល់គ្នាទិញយកមកធ្វើជាទាសករ។ គេនៅបម្រើអ្នកប្រាំមួយឆ្នាំ បន្ទាប់មក ត្រូវដោះលែងគេឲ្យមានសេរីភាព”។ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាពុំស្ដាប់បង្គាប់យើងទេ គឺពួកគេពុំត្រងត្រាប់ស្ដាប់ពាក្យរបស់យើងឡើយ។ ១៥ រីឯអ្នករាល់គ្នាវិញ នៅពេលថ្មីៗនេះ អ្នករាល់គ្នាបានកែប្រែចិត្តគំនិត ដោយប្រព្រឹត្តអំពើសុចរិតដែលយើងពេញចិត្ត គឺម្នាក់ៗបានប្រកាសថា នឹងប្រគល់សេរីភាពឲ្យបងប្អូនរបស់ខ្លួន ហើយអ្នករាល់គ្នាបានចុះកិច្ចសន្យា នៅចំពោះមុខយើង និងនៅក្នុងដំណាក់របស់យើងផ្ទាល់។ ១៦ ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបែរជាដូរគំនិត ហើយប្រមាថនាមរបស់យើង ដោយចាប់ទាសាទាសីដែលអ្នករាល់គ្នាបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម»។
១៧ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នករាល់គ្នាពុំបានស្ដាប់បង្គាប់យើង ក្នុងការដោះលែងបងប្អូន ដែលជាសាច់ឈាមរបស់ខ្លួនទេនោះ យើងក៏នឹងបណ្តោយឲ្យសង្គ្រាម ជំងឺអាសន្នរោគ និងទុរ្ភិក្សកើតមានដល់អ្នករាល់គ្នាដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនគរទាំងប៉ុន្មាននៅផែនដីឃើញអ្នករាល់គ្នា គេនឹងតក់ស្លុតយ៉ាងខ្លាំង។ ១៨ យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើង ដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀងយ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពល័ក្ខខ័ណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។ ១៩ យើងនឹងប្រគល់ពួកមន្ត្រីនៅស្រុកយូដា ពួកមន្ត្រីនៅក្រុងយេរូសាឡឹម ពួកមហាតលិក ពួកបូជាចារ្យ និងប្រជាជននៅស្រុកទាំងមូល ដែលបានដើរកាត់ចន្លោះសាច់ទាំងពីរចំហៀងរបស់កូនគោនោះ ២០ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ ២១ យើងនឹងប្រគល់សេដេខ្យាស ជាស្តេចស្រុកយូដា និងពួកមន្ត្រី ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ និងក្នុងកណ្ដាប់ដៃកងទ័ពរបស់ស្តេចស្រុកបាប៊ីឡូន ទោះបីកងទ័ពបាប៊ីឡូនដកថយមួយរយៈសិនក៏ដោយ។ ២២ យើងនឹងបញ្ជាឲ្យពួកគេវិលមកវាយក្រុងនេះវិញ ពួកគេនឹងវាយយកបានទីក្រុង ព្រមទាំងដុតកម្ទេចចោលទៀតផង។ យើងនឹងធ្វើឲ្យក្រុងនានានៅស្រុកយូដា ក្លាយទៅជាទីស្មសាន គ្មានប្រជាជនរស់នៅ»។
៣៥
លោកយេរេមី និងកូនចៅលោករេកាប
១ នៅរជ្ជកាលព្រះបាទយ៉ូយ៉ាគីមបុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖
២ «ចូរទៅជួបពួកអ្នកក្នុងអំបូររេកាប ហើយនិយាយជាមួយពួកគេ។ បន្ទាប់មក ចូរនាំពួកគេទៅព្រះដំណាក់ ចូលក្នុងបន្ទប់មួយ រួចចាក់ស្រាឲ្យពួកគេផឹក»។ ៣ ខ្ញុំក៏ទៅបបួលលោកយ៉ាសានីយ៉ា ជាកូនរបស់លោកយេរេមីយ៉ា និងជាចៅរបស់លោកហាបាត់សីនីយ៉ា ព្រមទាំងបងប្អូន កូនចៅរបស់គាត់ និងអ្នកនៅក្នុងអំបូររេកាបទាំងមូល ៤ ហើយនាំពួកគេទៅព្រះដំណាក់របស់ព្រះអម្ចាស់ រួចចូលក្នុងបន្ទប់កូនចៅលោកហាណន ជាកូនរបស់លោកយីកដាលីយ៉ា និងជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។ ៥ ខ្ញុំបានយកឪទិនមួយដែលមានស្រាពេញ ព្រមទាំងពែងជាច្រើន មកដាក់នៅមុខពួករេកាប ទាំងពោលថា “សូមអញ្ជើញពិសា!” ៦ ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើង បានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា មិនត្រូវផឹកស្រាជាដាច់ខាត។ ៧ អ្នករាល់គ្នាក៏មិនត្រូវសង់ផ្ទះ មិនត្រូវសាបព្រោះ ដាំទំពាំងបាយជូរ ឬទិញចម្ការទំពាំងបាយជូរ មកធ្វើជាកម្មសិទ្ធិឡើយ។ អ្នករាល់គ្នាត្រូវបោះជំរំរស់នៅអស់មួយជីវិត។ ធ្វើដូច្នេះ អ្នករាល់គ្នាអាចរស់បានយូរលើទឹកដីដែលអ្នករាល់គ្នាទៅស្នាក់អាស្រ័យ”។ ៨ ពួកយើងធ្វើតាមបង្គាប់របស់លោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ជាបុព្វបុរសយើងសព្វគ្រប់ទាំងអស់ ក្នុងមួយជីវិតរបស់ពួកយើង។ ពួកយើងមិនទទួលទានស្រាសោះឡើយ គឺទាំងពួកយើង ទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកយើង។ ៩ ពួកយើងមិនសង់ផ្ទះសម្រាប់រស់នៅ ពួកយើងគ្មានចម្ការទំពាំងបាយជូរ គ្មានដីស្រែ និងដីដាំដំណាំទេ។ ១០ ពួកយើងរស់នៅតាមជំរំ គឺធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូណាដាប់ ជាបុព្វបុរសបានបង្គាប់។ ១១ ពេលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន លើកទ័ពមកលុកលុយស្រុកនេះ ពួកយើងបានបបួលគ្នាមករស់នៅក្រុងយេរូសាឡឹម ដើម្បីរត់គេចពីកងទ័ពខាល់ដេ និងកងទ័ពស៊ីរី។ ហេតុនេះហើយបានជាពួកយើងរស់នៅក្នុងក្រុងយេរូសាឡឹម»។
១២ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ដូចតទៅ: ១៣ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១៤ យ៉ូណាដាប់ ជាកូនរបស់រេកាប ហាមកូនចៅរបស់ខ្លួនមិនឲ្យផឹកស្រា ពួកគេក៏តមស្រារហូតមកដល់សព្វថ្ងៃ គឺពួកគេធ្វើតាមបង្គាប់បុព្វបុរសរបស់ខ្លួន។ រីឯយើងវិញ យើងរំឭកដាស់តឿនអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនស្ដាប់បង្គាប់យើងទេ។ ១៥ យើងបានចាត់ព្យាការីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដី ដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។ ១៦ ប៉ុន្តែ អ្នករាល់គ្នាពុំបានត្រងត្រាប់ស្ដាប់យើង ហើយអ្នករាល់គ្នាក៏ពុំបានស្ដាប់បង្គាប់យើងដែរ!»។ ១៧ ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាទាំងប៉ុន្មាន កើតមានដល់ស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចយើងបានប្រកាសប្រឆាំងនឹងពួកគេស្រាប់ ដ្បិតយើងបាននិយាយជាមួយពួកគេ ពួកគេមិនស្ដាប់បង្គាប់យើងទេ យើងបានហៅពួកគេ តែពួកគេមិនឆ្លើយតបមកយើងវិញឡើយ»។
១៨ បន្ទាប់មក លោកយេរេមីមានប្រសាសន៍ទៅកាន់កូនចៅលោករេកាបថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ដោយអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ូណាដាប់ ជាបុព្វបុរសរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគោរព និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលគាត់បានបង្គាប់ទុក ១៩ នោះនឹងមិនខ្វះពូជពង្សយ៉ូណាដាប់ ជាកូនរបស់រេកាប សម្រាប់បម្រើយើងឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
៣៦
ស្តេចយ៉ូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមី
១ នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស្យាស ស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖
២ «ចូរសរសេរសេចក្ដីទាំងប៉ុន្មាន ដែលយើងបានប្រាប់អ្នក ស្តីអំពីប្រជាជាតិអ៊ីស្រាអែល ប្រជាជាតិយូដា និងប្រជាជាតិទាំងអស់ ចាប់ពីថ្ងៃដែលយើងបាននិយាយជាមួយអ្នក នៅរជ្ជកាលស្តេចយ៉ូស្យាស រហូតមកដល់សព្វថ្ងៃ ទុកនៅក្នុងក្រាំងមួយ។ ៣ ជនជាតិយូដាប្រហែលជាដឹងខ្លួនថា យើងនឹងដាក់ទោសពួកគេ ហើយពួកគេប្រហែលជានាំគ្នាងាកចេញពីផ្លូវអាក្រក់ ដើម្បីយើងលើកលែងទោសពួកគេឲ្យរួចពីបាប»។
៤ លោកយេរេមីហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយលោកយេរេមីក៏ថ្លែងឲ្យលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោក។ ៥ បន្ទាប់មក លោកយេរេមីបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅពេលនេះឡើយ។ ៦ នៅថ្ងៃធ្វើពិធីតមអាហារ ចូរអ្នកទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលខ្ញុំបង្គាប់ឲ្យអ្នកសរសេរក្នុងក្រាំងនេះ ឲ្យប្រជាជនស្ដាប់។ ចូរអានឲ្យប្រជាជនទាំងអស់ដែលមកពីក្រុងនានាក្នុងស្រុកយូដាស្ដាប់ដែរ។ ៧ ពួកគេប្រហែលជានាំគ្នាទូលអង្វរព្រះអម្ចាស់ ហើយងាកចេញពីផ្លូវអាក្រក់ ដ្បិតព្រះអង្គព្រះអង្គព្រះពិរោធយ៉ាងខ្លាំងទាស់នឹងប្រជាជននេះ»។
៨ លោកបារូក ជាកូនរបស់លោកនេរីយ៉ា ធ្វើតាមពាក្យទាំងប៉ុន្មាន ដែលព្យាការីយេរេមីបង្គាប់ គឺគាត់ទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានសរសេរទុកនៅក្នុងក្រាំង។
៩ ក្នុងឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា នៅខែទីប្រាំបួន គេបានប្រកាសឲ្យប្រជាជននៅក្រុងយេរូសាឡឹម និងប្រជាជនដែលមកពីក្រុងនានាក្នុងស្រុកយូដា តមអាហារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ១០ លោកបារូកអានសេចក្ដីដែលលោកយេរេមីបង្គាប់ឲ្យគាត់សរសេរទុកនៅក្នុងក្រាំង ឲ្យប្រជាជនទាំងអស់ស្ដាប់នៅក្នុងព្រះវិហារ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារីយ៉ា ជាកូនរបស់លោកសាផន និងជាស្មៀនហ្លួង បន្ទប់នោះស្ថិតនៅទីធ្លាខាងលើ ជិតទ្វារថ្មីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ១១ កាលលោកមីកា ជាកូនរបស់លោកកេម៉ារីយ៉ា និងជាចៅរបស់លោកសាផន ឮព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ដែលមានសរសេរក្នុងក្រាំងនោះ ១២ គាត់ក៏ចុះទៅវាំង ហើយចូលក្នុងការិយាល័យរបស់ស្មៀនហ្លួង។ ពេលនោះ ពួកមន្ត្រីទាំងអស់កំពុងជួបជុំគ្នា គឺមានលោកអេលីសាម៉ា ជាស្មៀនហ្លួង លោកដេឡាយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា លោកអែលណាតន ជាកូនរបស់លោកអាប់គរ លោកកេម៉ារីយ៉ា ជាកូនរបស់លោកសាផន និងលោកសេដេខ្យាស ជាកូនរបស់លោកហាណានីយ៉ា ព្រមទាំងមន្ត្រីឯទៀតៗ។ ១៣ លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានឲ្យប្រជាជនស្ដាប់។
១៤ ពេលនោះ គណៈរដ្ឋមន្ត្រីចាត់លោកយេហ៊ូឌី ជាកូនរបស់លោកនេតានីយ៉ា ជាចៅរបស់លោកសេលេមីយ៉ា និងជាចៅទួតរបស់លោកគូស៊ី ឲ្យទៅជួបលោកបារូក ប្រាប់ថា៖ «ចូរយកក្រាំងដែលអ្នកអានឲ្យប្រជាជនស្ដាប់នោះមក!»។ លោកបារូក ជាកូនរបស់លោកនេរីយ៉ា ក៏យកក្រាំងទៅជួបពួកមន្ត្រី។ ១៥ ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកលោកស្ដាប់។ ១៦ ពេលឮព្រះបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅទូលព្រះរាជាឲ្យបានជ្រាប»។ ១៧ ពួកគេសួរលោកបារូកទៀតថា៖ «ប្រាប់យើងមើល តើអ្នកសរសេរពាក្យទាំងនេះរបៀបណា?»។ ១៨ លោកបារូកតបថា៖ «លោកយេរេមីបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំប្របាទ ហើយខ្ញុំប្របាទក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។ ១៩ ពួកមន្ត្រីពោលទៅលោកបារូកថា៖ «ចូរអ្នកទៅរកកន្លែងពួនទៅ ហើយលោកយេរេមីក៏ត្រូវពួនដែរ កុំឲ្យនរណាដឹងថា អ្នកទាំងពីរនៅកន្លែងណាឡើយ»។
២០ បន្ទាប់មក ពួកមន្ត្រីទុកក្រាំងនោះនៅក្នុងការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង រួចនាំគ្នាទៅគាល់ព្រះរាជា ហើយទូលថ្វាយអំពីព្រះបន្ទូលទាំងនោះ។ ២១ ព្រះរាជាចាត់លោកយេហ៊ូឌីឲ្យទៅយកក្រាំងនោះមក។ លោកយេហ៊ូឌីក៏ទៅយកក្រាំងពីការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង ហើយអានឲ្យព្រះរាជា និងមន្ត្រីទាំងអស់ដែលឈរអមព្រះរាជាស្ដាប់។ ២២ ពេលនោះ ព្រះរាជាគង់នៅក្នុងដំណាក់សម្រាប់រដូវរងា (ព្រោះជាខែទីប្រាំបួន) ហើយអាំងភ្លើងនឹងជើងក្រានមួយដែលនៅក្បែរនោះ។ ២៣ ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្តេចយកកន្ត្រៃរបស់ស្មៀនហ្លួងមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្តេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។ ២៤ ព្រះរាជា និងនាម៉ឺនសព្វមុខមន្ត្រី បានឮព្រះបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។ ២៥ លោកអែលណាតន លោកដេឡាយ៉ា និងលោកកេម៉ារីយ៉ា ទទូចអង្វរព្រះរាជា សូមកុំឲ្យដុតក្រាំងនោះដែរ តែស្តេចពុំស្ដាប់ពាក្យលោកទាំងបីឡើយ។ ២៦ ព្រះរាជាបង្គាប់ទៅសម្តេចយេរ៉ាមេអែល ជាបុត្រ និងលោកសេរ៉ាយ៉ា ជាកូនរបស់លោកអាសរីអែល ព្រមទាំងលោកសេលេមីអា ជាកូនរបស់លោកអាប់ដេអែល ឲ្យទៅចាប់ព្យាការីយេរេមី និងលោកបារូកជាស្មៀន តែព្រះអម្ចាស់បានលាក់លោកទាំងពីរ។
២៧ ក្រោយពេលព្រះរាជាដុតក្រាំង ដែលលោកយេរេមីបានបង្គាប់ឲ្យលោកបារូកសរសេរនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖ ២៨ «ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា បានដុតចោលនោះ។ ២៩ បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយ៉ូយ៉ាគីម ជាស្តេចស្រុកយូដាដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមីដែលបានសរសេរថា ស្តេចស្រុកបាប៊ីឡូនពិតជាមកកម្ទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។ ៣០ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងយ៉ូយ៉ាគីម ជាស្តេចស្រុកយូដាថា: គ្មានពូជពង្សណាម្នាក់របស់យ៉ូយ៉ាគីម ស្នងរាជ្យស្តេចដាវីឌទេ។ សាកសពរបស់យ៉ូយ៉ាគីមនឹងត្រូវគេទុកចោលហាលថ្ងៃហាលភ្លៀង។ ៣១ យើងនឹងដាក់ទោសយ៉ូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកនាម៉ឺន ព្រោះតែអំពើទុច្ចរិតរបស់ពួកគេ។ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកទាំងនោះ ព្រមទាំងអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចយើងបានប្រកាសទុក តែពួកគេពុំបានស្ដាប់យើងទេ”»។
៣២ លោកយេរេមីយកក្រាំងមួយទៀតប្រគល់ឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ លោកយេរេមីថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលព្រះបាទយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា បានដុតចោល ឲ្យលោកបារូកសរសេរតាម។ លោកបន្ថែមសេចក្ដីជាច្រើនទៀត ដែលមានន័យស្រដៀងគ្នា ទៅក្នុងក្រាំងថ្មីនេះដែរ។
៣៧
លោកយេរេមីជាប់ឃុំឃាំង
១ ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន បានលើកព្រះបាទសេដេខ្យាស បុត្ររបស់ព្រះបាទយ៉ូស្យាស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្តេចយេកូនីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូយ៉ាគីម។ ២ នៅគ្រានោះ ទាំងស្តេច ទាំងនាម៉ឺន ទាំងប្រជាជននៅក្នុងស្រុក គ្មាននរណាម្នាក់ស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈព្យាការីយេរេមីឡើយ។
៣ ព្រះបាទសេដេខ្យាសចាត់លោកយេហូកាល់ ជាកូនរបស់លោកសេលេមីយ៉ា និងលោកបូជាចារ្យសេផានី ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យទៅជួបព្យាការីយេរេមី ហើយប្រាប់ថា៖ «ចូរទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើង សូមព្រះអង្គប្រណីសន្ដោសយើងផង»។ ៤ គ្រានោះ លោកយេរេមីមានសេរីភាពរស់នៅជាមួយប្រជាជននៅឡើយ គឺគេពុំទាន់ឃុំឃាំងលោកទេ។
៥ កងទ័ពខាល់ដេដែលឡោមព័ទ្ធក្រុងយេរូសាឡឹមឮដំណឹងថា កងទ័ពរបស់ព្រះចៅផារ៉ោនលើកគ្នាចេញពីស្រុកអេស៊ីបមក ពួកគេក៏ដកថយពីក្រុងយេរូសាឡឹម។ ៦ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមី ដូចតទៅ៖ ៧ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរទៅប្រាប់ស្តេចដែលបានចាត់អ្នករាល់គ្នាឲ្យមកសួរយើងថា “កងទ័ពស្តេចផារ៉ោនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប ៨ ហើយជនជាតិខាល់ដេនឹងវិលមកវាយលុកក្រុងនេះសាជាថ្មី គេនឹងដណ្ដើមយកក្រុងនេះ ហើយដុតកម្ទេចចោលទៀតផង”។ ៩ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា “កុំបញ្ឆោតចិត្តខ្លួនឯង ដោយនឹកស្មានថា ពួកខាល់ដេដកទ័ពចេញពីអ្នករាល់គ្នារហូតនោះឡើយ ដ្បិតគេមិនចាកចេញទៅទេ។ ១០ ទោះបីអ្នករាល់គ្នាធ្វើឲ្យកងទ័ពខាល់ដេទាំងមូល ដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្តី ក៏ពួកគេអាចក្រោកឡើង ចាកចេញពីជំរំរបស់ខ្លួន មកដុតកម្ទេចក្រុងនេះបានដែរ”»។
១១ កាលកងទ័ពខាល់ដេដកថយពីក្រុងយេរូសាឡឹម ដើម្បីចៀសវាងការប៉ះទង្គិចនឹងកងទ័ពរបស់ព្រះចៅផារ៉ោន ១២ លោកយេរេមីមានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់លោក។ ១៣ ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុង ឈ្មោះយីរីយ៉ា ជាកូនរបស់លោកសេលេមីយ៉ា និងជាចៅរបស់លោកហាណានីយ៉ា ស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមី ទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។ ១៤ លោកយេរេមីតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយីរីយ៉ាមិនព្រមស្ដាប់ពាក្យលោកទេ គាត់ចាប់លោកយេរេមីនាំទៅជួបពួកមន្ត្រី។ ១៥ ពួកមន្ត្រីខឹងនឹងលោកយេរេមីជាខ្លាំង ពួកគេវាយលោក ហើយឃុំលោកក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនហ្លួង ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។ ១៦ នៅទីបញ្ចប់ គេឃុំលោកយេរេមីនៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។
១៧ ព្រះបាទសេដេខ្យាសចាត់គេឲ្យទៅហៅលោកមក ហើយសាកសួរលោកជាសម្ងាត់នៅក្នុងវាំងថា៖ «តើលោកបានទទួលព្រះបន្ទូលណាមួយពីព្រះអម្ចាស់ឬទេ?»។ លោកយេរេមីតបថា៖ «ក្រាបទូល! ព្រះករុណានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកបាប៊ីឡូន»។ ១៨ លោកយេរេមីទូលព្រះបាទសេដេខ្យាសទៀតថា៖ «តើទូលបង្គំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណា ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកទូលបង្គំមកឃុំឃាំងដូច្នេះ? ១៩ តើពួកព្យាការីដែលបានប្រកាសប្រាប់ព្រះករុណា និងប្រជាជនថា “ស្តេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ? ២០ បពិត្រព្រះករុណាជាអម្ចាស់ សូមព្រះអង្គមេត្តាសណ្ដាប់ពាក្យអង្វរកររបស់ទូលបង្គំសិន សូមកុំឲ្យទូលបង្គំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ទូលបង្គំពិតជាត្រូវស្លាប់មិនខាន!»។ ២១ ព្រះបាទសេដេខ្យាសក៏បញ្ជាឲ្យគេឃុំលោកយេរេមីទុកនៅក្នុងបន្ទាយកងរក្សាស្តេច ហើយឲ្យគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនលោកពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ លោកយេរេមីក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្តេច។
៣៨
លោកយេរេមីត្រូវគេឃុំនៅក្នុងអណ្ដូង
១ លោកសេផាទីយ៉ាជាកូនរបស់លោកម៉ាតន លោកកេដេលីយ៉ា ជាកូនរបស់លោកប៉ាសួរ លោកយូកាល់ ជាកូនរបស់លោកសេលេមីយ៉ា និងលោកប៉ាសួរ ជាកូនរបស់លោកម៉ាល់គីយ៉ា បានឮពាក្យដែលលោកយេរេមីធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ ២ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅក្នុងក្រុងនេះតទៅមុខទៀត នឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកដែលចេញទៅចុះចូលនឹងជនជាតិខាល់ដេនឹងបានរួចជីវិត ៣ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ក្រុងនេះពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងទ័ពស្តេចស្រុកបាប៊ីឡូន ហើយគេនឹងដណ្ដើមយកបានមិនខាន»។
៤ មន្ត្រីទាំងនោះទូលស្តេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ដ្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។ ៥ ព្រះបាទសេដេខ្យាសតបថា៖ «គាត់នៅក្នុងកណ្ដាប់ដៃរបស់អស់លោកស្រាប់ហើយ ខ្ញុំជាស្តេចមែន តែខ្ញុំពុំអាចឃាត់អស់លោកបានទេ»។ ៦ គេចាប់លោកយេរេមីទៅទម្លាក់ក្នុងអណ្ដូងរបស់សម្តេចម៉ាល់គីយ៉ា ជាបុត្ររបស់ស្តេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្តេច។ គេយកខ្សែពួរមកចងលោកយេរេមី សម្រូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយលោកយេរេមីជាប់ផុងនៅក្នុងភក់នោះ។
៧ លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់លោកយេរេមីនៅក្នុងអណ្ដូង។ ពេលស្តេចគង់កាត់ក្តីនៅមាត់ទ្វារបេនយ៉ាមីន ៨ លោកអេបេដ-មេលេកចេញពីវាំង ហើយទូលស្តេចដូចតទៅ៖ ៩ «បពិត្រព្រះករុណាជាអម្ចាស់ អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះព្យាការីយេរេមីពន់ពេកណាស់ គឺគេយកលោកទម្លាក់ក្នុងអណ្ដូង លោកមុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។ ១០ ព្រះបាទសេដេខ្យាសបញ្ជាទៅលោកអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ព្យាការីយេរេមីចេញពីអណ្ដូងមក កុំឲ្យគាត់ស្លាប់ទាន់»។ ១១ លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្តេច ហើយទៅខាងក្រោមឃ្លាំងព្រះរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យលោកយេរេមី នៅក្នុងអណ្ដូង។ ១២ លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី ស្រែកប្រាប់លោកយេរេមីថា៖ «សូមលោកយកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗនោះទ្រាប់ពីក្រោមក្លៀក ហើយយកខ្សែពួរចងពីលើទៅ!»។ លោកយេរេមីក៏ធ្វើតាម។ ១៣ ពួកគេទាញខ្សែពួរ លើកលោកយេរេមីឡើងពីអណ្ដូងមក ហើយលោកយេរេមីក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្តេចនោះ។
ព្រះបាទសេដេខ្យាសពិភាក្សាជាមួយលោកយេរេមី
១៤ ព្រះបាទសេដេខ្យាសបានចាត់គេឲ្យទៅអញ្ជើញព្យាការីយេរេមីមកគាល់ នៅក្លោងទ្វារទីបីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ស្តេចមានរាជឱង្ការទៅកាន់លោកយេរេមីថា៖ «ខ្ញុំសុំសួរលោកនូវសំណួរតែមួយ កុំលាក់អ្វីនឹងខ្ញុំឲ្យសោះ!»។ ១៥ លោកយេរេមីទូលព្រះបាទសេដេខ្យាសថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។ ១៦ ព្រះបាទសេដេខ្យាសមានរាជឱង្ការស្បថជាសម្ងាត់ មកលោកយេរេមីថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះដ៏មានព្រះជន្មគង់នៅ ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតលោក ឬប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតលោកឡើយ»។ ១៧ លោកយេរេមីក៏ទូលស្តេចថា៖ «ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ប្រសិនបើព្រះករុណាចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្តេចស្រុកបាប៊ីឡូន ព្រះករុណានឹងបានរួចជីវិត ហើយក្រុងនេះនឹងមិនត្រូវគេដុតកម្ទេចចោលឡើយ រីឯព្រះករុណា ព្រមទាំងរាជវង្សក៏នឹងរស់រានមានជីវិតដែរ។ ១៨ ប៉ុន្តែ ប្រសិនបើព្រះករុណាមិនចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្តេចស្រុកបាប៊ីឡូនទេ ក្រុងនេះមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ពួកគេនឹងដុតបំផ្លាញទីក្រុង ព្រះករុណា និងរាជវង្ស ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ពួកគេឡើយ»។ ១៩ ព្រះបាទសេដេខ្យាសមានរាជឱង្ការមកកាន់លោកយេរេមីថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដា ដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។ ២០ លោកយេរេមីទូលស្តេចថា៖ «គេនឹងមិនប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដាឡើយ។ សូមព្រះករុណាធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលទូលបង្គំទូលថ្វាយព្រះករុណា នោះព្រះករុណានឹងបានសុខសាន្ត ហើយរួចជីវិតមិនខាន។ ២១ ផ្ទុយទៅវិញ ប្រសិនបើព្រះករុណាមិនព្រមចេញទៅចុះចូលទេ ព្រះអម្ចាស់សម្ដែងឲ្យទូលបង្គំដឹងដូចតទៅ: ២២ ស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ស្តេចស្រុកយូដា នឹងត្រូវគេចាប់យកទៅឲ្យពួកមេទ័ពរបស់ស្តេចស្រុកបាប៊ីឡូន នាងទាំងនោះនឹងពោលថា
ពួកជំនិតរបស់ព្រះករុណាបានបញ្ឆោត
និងមានប្រៀបលើព្រះករុណា
ពេលព្រះករុណាមានអាសន្ន
ពួកគេនាំគ្នាបោះបង់ចោលព្រះករុណាអស់។
២៣ គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅឲ្យពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនឡើយ គឺស្តេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកម្ទេចក្រុងនេះផង»។
២៤ ព្រះបាទសេដេខ្យាសមានរាជឱង្ការទៅកាន់លោកយេរេមីថា៖ «កុំឲ្យនរណាដឹងអំពីព្រះបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ លោកនឹងត្រូវស្លាប់។ ២៥ ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយលោក ហើយបើពួកគេមកនិយាយជាមួយលោកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើលោកបាននិយាយអ្វីជាមួយស្តេច ហើយស្តេចនិយាយមកលោកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើង បើលាក់លោកនឹងត្រូវស្លាប់”។ ២៦ លោកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្តេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។
២៧ មន្ត្រីទាំងអស់នាំគ្នាមកជួបលោកយេរេមី ហើយសួរចម្លើយលោក។ លោកឆ្លើយទៅពួកគេវិញ តាមពាក្យដែលស្តេចបានបង្គាប់។ ពួកគេក៏លែងដេញដោលសួរលោក ហើយការទាំងនោះក៏នៅជាការអាថ៌កំបាំង។
២៨ លោកយេរេមីស្នាក់នៅក្នុងបន្ទាយរបស់កងរក្សាស្តេច រហូតដល់ថ្ងៃដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងយេរូសាឡឹម។
៣៩
ស្តេចស្រុកបាប៊ីឡូនវាយយកក្រុងយេរូសាឡឹម
នេះជាដំណើររឿងស្តីអំពីការវាយយកក្រុងយេរូសាឡឹម: ១ នៅខែទីដប់ ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន លើកកងទ័ពទាំងមូលមកដល់ក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធទីក្រុង។ ២ នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេខ្យាស កងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។ ៣ ពេលនោះ មេទ័ពរបស់ស្តេចស្រុកបាប៊ីឡូនដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនេកាល់-សារិស៊ែរ លោកសាំការ-នេប៊ូ លោកសាស៊ែរគីម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនេកាល់-សារិស៊ែរ និងមេទ័ពឯទៀតៗរបស់ស្តេចស្រុកបាប៊ីឡូន។ ៤ ពេលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា និងទាហានទាំងអស់ ឃើញទ័ពបាប៊ីឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់ តាមផ្លូវឧទ្យានរបស់ស្តេច និងតាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ ៥ ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេខ្យាស នៅវាលទំនាប ជិតក្រុងយេរីខូ។ ពួកគេចាប់ស្តេចបញ្ជូនទៅព្រះចៅនេប៊ូកានេសារ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ព្រះចៅនេប៊ូកានេសារប្រកាសកាត់ទោសព្រះបាទសេដេខ្យាស។ ៦ ស្តេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ ក បុត្រាទាំងប៉ុន្មានរបស់ព្រះបាទសេដេខ្យាស នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេខ្យាស។ ស្តេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។ ៧ បន្ទាប់មក ស្តេចនេប៊ូកានេសារឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេខ្យាស រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។ ៨ ជនជាតិខាល់ដេដុតកម្ទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។ ៩ រីឯប្រជាជនដែលនៅសេសសល់ ហើយរស់នៅក្នុងទីក្រុង និងទាហានដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។ ១០ ប៉ុន្តែ លោកមេបញ្ជាការនេប៊ូសារ៉ាដនអនុញ្ញាតឲ្យជនក្រីក្រ គឺអ្នកដែលគ្មានអ្វីទាំងអស់រស់នៅក្នុងស្រុកយូដា ហើយនៅថ្ងៃនោះ គាត់បានចែកចម្ការទំពាំងបាយជូរ និងដីស្រែឲ្យពួកគេទៀតផង។
ស្តេចនេប៊ូកានេសារដោះលែងលោកយេរេមី
១១ ចំពោះព្យាការីយេរេមីវិញ ព្រះចៅនេប៊ូកានេសារបានបញ្ជាឲ្យលោកនេប៊ូសារ៉ាដន ជារាជប្រតិភូថា៖ ១២ «ចូរលោកនាំគាត់ទៅ ហើយទំនុកបម្រុងគាត់ផង កុំធ្វើបាបគាត់ឲ្យសោះ ប្រសិនបើគាត់ចង់បានអ្វី ចូរប្រគល់ឲ្យចុះ»។ ១៣ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូ លោកនេប៊ូសាសបន ជាមេរបស់ពួកមហាតលិក លោកមេបញ្ជាការនេកាល់-សារិស៊ែរ និងមេទ័ពទាំងអស់របស់ស្តេចស្រុកបាប៊ីឡូន ១៤ ចាត់គេឲ្យទៅនាំលោកយេរេមី ចេញពីបន្ទាយកងរក្សាស្តេចស្រុកយូដា ប្រគល់ទៅលោកកេដេលីយ៉ាជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផន ដើម្បីឲ្យគាត់នាំលោកទៅផ្ទះរបស់លោកវិញ ហើយលោករស់នៅក្នុងចំណោមប្រជាជន។
ព្រះបន្ទូលសម្រាប់លោកអេបេដ-មេលេក
១៥ ពេលលោកយេរេមីជាប់ឃុំក្នុងបន្ទាយរបស់កងរក្សាស្តេចនៅឡើយ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖ ១៦ «ចូរទៅប្រាប់អេបេដ-មេលេក ជាជនជាតិអេត្យូពីថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្ដីសុខមកទេ។ នៅថ្ងៃនោះ អ្នកនឹងឃើញហេតុការណ៍កើតឡើងផ្ទាល់នឹងភ្នែក។ ១៧ ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងរំដោះអ្នក - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺអ្នកមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលអ្នកភ័យខ្លាចឡើយ។ ១៨ យើងនឹងឲ្យអ្នកគេចផុតពីកណ្ដាប់ដៃរបស់ខ្មាំង អ្នកមិនត្រូវស្លាប់ដោយមុខដាវទេ គឺអ្នកនឹងរួចជីវិត ដ្បិតអ្នកបានផ្ញើជីវិតលើយើង» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤០
លោកយេរេមីមានសេរីភាព
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ក្រោយពេលដែលលោកនេប៊ូសារ៉ាដន ជារាជប្រតិភូ ឲ្យលោកចាកចេញពីភូមិរ៉ាម៉ា។ កាលលោកនេប៊ូសារ៉ាដនឲ្យគេទៅនាំលោកយេរេមីមកនោះ លោកជាប់ច្រវាក់ជាមួយអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាទាំងអស់ ដែលត្រូវគេនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន។
២ លោករាជប្រតិភូបានឲ្យគេទៅនាំលោកយេរេមីមក ហើយគាត់ពោលទៅលោកថា៖ «ព្រះអម្ចាស់ ជាព្រះរបស់លោក បានសម្រេចនាំមហន្តរាយមកលើទឹកដីនេះ។ ៣ ព្រះអម្ចាស់បានធ្វើឲ្យមហន្តរាយកើតមាន ស្របតាមព្រះបន្ទូល ដែលព្រះអង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ អ្វីៗដែលព្រះអង្គបានប្រកាសទុក សុទ្ធតែសម្រេចទាំងអស់។ ៤ ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងលោកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃលោក។ ប្រសិនបើលោកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងលោក តែបើលោកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងមូលស្ថិតនៅចំពោះមុខលោកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែលោកពេញចិត្ត»។ ៥ ពេលឃើញលោកយេរេមីនៅស្ងៀមមិនទាន់ឆ្លើយ លោកនេប៊ូសារ៉ាដនក៏ពោលទៀតថា៖ «សុំលោកវិលទៅជួបនឹងលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផន ដែលព្រះចៅក្រុងបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុកយូដានោះ ហើយស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនទៅ ឬមួយលោកចង់ទៅកន្លែងណាផ្សេងទៀត តាមចិត្តលោកប្រាថ្នា»។ លោករាជប្រតិភូបានប្រគល់ស្បៀង និងជំនូនខ្លះទៀត ជូនលោក ហើយប្រាប់ឲ្យលោកចេញទៅ។ ៦ លោកយេរេមីក៏ទៅជួបលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ នៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជន ដែលរស់នៅក្នុងស្រុកនៅឡើយ។
លោកកេដេលីយ៉ាគ្រប់គ្រងស្រុកយូដា
៧ កាលមេទាហានទាំងអស់ដែលនៅតាមព្រៃ និងពលទាហានរបស់ពួកគេឮដំណឹងថា ស្តេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំឲ្យគ្រប់គ្រងស្រុក ហើយផ្ទុកផ្តាក់លោកឲ្យមើលខុសត្រូវលើប្រជាជនប្រុសស្រី ក្មេង និងជនក្រីក្រ នៅក្នុងស្រុក ដែលគេមិនបានកៀរយកទៅជាឈ្លើយនៅបាប៊ីឡូន។ ៨ ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដេលីយ៉ានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា លោកយ៉ូហាណាន និងលោកយ៉ូណាថាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកតាន់ហ៊ូម៉េត កូនៗរបស់លោកអេផាយ អ្នកស្រុកនេតូផា និងលោកយេសានីយ៉ា ជាកូនរបស់ពួកម៉ាកាទី ព្រមទាំងទាហានរបស់ពួកគេ។ ៩ លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផន ប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចក្រែងនឹងបម្រើជនជាតិខាល់ដេឡើយ ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន។ ១០ ចំណែកឯខ្ញុំ ខ្ញុំនៅមីសប៉ានេះ ដើម្បីជាតំណាងរបស់អស់លោកនៅចំពោះមុខពួកខាល់ដេ ដែលមកស្រុកយើង។ អស់លោកត្រូវបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗ ព្រមទាំងផលិតប្រេងទុកក្នុងដប ហើយនាំគ្នាស្នាក់នៅក្នុងក្រុង ដែលអស់លោកកាន់កាប់ពីមុននោះទៅ»។
១១ រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗ ក៏ឮដំណឹងថា ស្តេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ ឲ្យរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផន ឲ្យគ្រប់គ្រងលើអ្នកទាំងនោះដែរ។ ១២ ដូច្នេះ ជនជាតិយូដាទាំងអស់នាំគ្នាវិលពីគ្រប់ទីកន្លែង ដែលពួកគេខ្ចាត់ខ្ចាយទៅ ហើយត្រឡប់មករកលោកកេដេលីយ៉ា នៅមីសប៉ា ក្នុងស្រុកយូដាវិញ។ ពួកគេបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗបានយ៉ាងច្រើន។
លោកកេដេលីយ៉ាត្រូវគេធ្វើឃាត
១៣ លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់នៅតាមព្រៃ នាំគ្នាមកជួបលោកកេដេលីយ៉ានៅមីសប៉ា ១៤ ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្តេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ មិនជឿពាក្យអ្នកទាំងនោះទេ។ ១៥ លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ជម្រាបលោកកេដេលីយ៉ាជាសម្ងាត់ នៅមីសប៉ាថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅសម្លាប់អ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកឲ្យគាត់ប្រហារជីវិតលោក ហើយឲ្យជនជាតិយូដាដែលប្រមូលគ្នានៅជុំវិញលោក ត្រូវខ្ចាត់ខ្ចាយ និងឲ្យជនជាតិយូដាដែលនៅសេសសល់ ត្រូវវិនាសអន្តរាយនោះឡើយ»។
១៦ លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ តបទៅលោកយ៉ូហាណានជាកូនរបស់លោកការ៉ាវិញថា៖ «កុំធ្វើដូច្នោះឲ្យសោះ ដ្បិតសេចក្ដីដែលលោកពោលអំពីលោកអ៊ីស្មាអែលនោះ មិនពិតទេ!»។
៤១
១ នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្តេច ហើយធ្លាប់កាន់មុខតំណែងនៅក្នុងវាំង បានមកជួបលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ នៅមីសប៉ា ដោយនាំទាហានដប់នាក់មកជាមួយផង។ ពេលកំពុងតែបរិភោគជាមួយគ្នា ២ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដេលីយ៉ា? ជាកូនរបស់លោកអហ៊ីកាំ ដែលស្តេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុក។ ៣ លោកអ៊ីស្មាអែលក៏បានសម្លាប់ជនជាតិយូដាទាំងអស់ ព្រមទាំងទាហានជាតិខាល់ដេដែលនៅជាមួយលោកកេដេលីយ៉ា នៅមីសប៉ាដែរ។
៤ ពេលនោះ គ្មាននរណាដឹងអំពីការធ្វើឃាតលោកកេដេលីយ៉ាទេ។ នៅថ្ងៃបន្ទាប់ ៥ មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរពីភូមិស៊ីគែម ពីស៊ីឡូ និងពីក្រុងសាម៉ារី មកដល់ទាំងកោរពុកចង្កា និងស្លៀកសម្លៀកបំពាក់រហែក ហើយឆូតសាច់ខ្លួនឯងផង។ ពួកគេកាន់តង្វាយ និងគ្រឿងក្រអូប ដើម្បីយកទៅថ្វាយនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ ៦ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ចេញពីមីសប៉ា ដើរទៅរកពួកគេ ទាំងយំផង។ ពេលជួបពួកគេហើយ គាត់ពោលថា៖ «សូមអញ្ជើញទៅផ្ទះលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំសិន»។ ៧ ពេលទៅដល់កណ្ដាលទីក្រុង លោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា បានសម្លាប់ពួកគេ រួចបោះសាកសពទៅក្នុងអណ្ដូង ដោយមានអស់អ្នកដែលនៅជាមួយគាត់ជួយផង។ ៨ ប៉ុន្តែ ក្នុងចំណោមពួកគេ មានដប់នាក់ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចម្ការ គឺមានស្រូវ មានអង្ករ ប្រេង និងទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតឲ្យអ្នកទាំងដប់នោះ។ ៩ រីឯអណ្ដូងដែលលោកអ៊ីស្មាអែលបោះសាកសពអ្នកដែលគាត់បានសម្លាប់ ជាអណ្ដូងដែលព្រះបាទអសា ជាស្តេចស្រុកយូដាបានជីក នៅគ្រាធ្វើសឹកជាមួយព្រះបាទបេសា ជាស្តេចស្រុកអ៊ីស្រាអែល។ លោកអ៊ីស្មាអែលបោះសាកសពពេញក្នុងអណ្ដូងនោះ។ ១០ លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្តេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដន ជារាជប្រតិភូ ផ្ទុកផ្តាក់ទៅឲ្យលោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ មើលខុសត្រូវ នាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។
១១ កាលលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយ ដឹងពីអំពើអាក្រក់ទាំងប៉ុន្មានដែលលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ាបានប្រព្រឹត្ត ១២ ពួកគេក៏នាំទាហានទាំងអស់ដែលនៅជាមួយ ចេញទៅតាមវាយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា ពួកគេតាមគាត់ទាន់នៅបឹងកាបូន។ ១៣ ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយលោក គេត្រេកអរយ៉ាងខ្លាំង។ ១៤ ពេលនោះ ប្រជាជន ដែលលោកអ៊ីស្មាអែលចាប់ទៅជាឈ្លើយ នាំគ្នាបកក្រោយ ចូលដៃជាមួយលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា។ ១៥ រីឯលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា និងបក្សពួករបស់គាត់ប្រាំបីនាក់ បានគេចខ្លួនរួច ហើយរត់ទៅដល់ស្រុកអាំម៉ូន។ ១៦ លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយបាននាំប្រជាជន ដែលលោករំដោះពីលោកអ៊ីស្មាអែលនៅកាបូនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ ១៧ ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិម បម្រុងនឹងបន្តដំណើរទៅស្រុកអេស៊ីប ១៨ ដើម្បីគេចពីពួកខាល់ដេ ព្រោះពួកគេនឹកខ្លាច ដោយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេតានីយ៉ា បានសម្លាប់លោកកេដេលីយ៉ា ជាកូនរបស់លោកអហ៊ីកាំ ដែលស្តេចស្រុកបាប៊ីឡូនតែងតាំងឲ្យគ្រប់គ្រងស្រុក។
៤២
លោកយេរេមីជំទាស់នឹងជនជាតិយូដាដែលចង់ភៀសខ្លួនទៅស្រុកអេស៊ីប
១ ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយ៉ាសានីយ៉ាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបព្យាការីយេរេមី ២ ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមព្រះអង្គប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចលោកឃើញស្រាប់ហើយ។ ៣ សូមព្រះអម្ចាស់ ជាព្រះរបស់លោក បង្ហាញឲ្យយើងខ្ញុំស្គាល់ផ្លូវដែលយើងខ្ញុំត្រូវដើរ និងអំពើដែលយើងខ្ញុំត្រូវប្រព្រឹត្ត»។ ៤ ព្យាការីយេរេមីតបទៅពួកគេវិញថា៖ «ខ្ញុំយល់ព្រមហើយ ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នករាល់គ្នា រួចហើយ ខ្ញុំនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ឆ្លើយមកអ្នករាល់គ្នាវិញ ឥតលាក់លៀមត្រង់ណាឡើយ»។ ៥ ពួកគេពោលមកកាន់លោកយេរេមីថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់មកយើងខ្ញុំតាមរយៈលោកទេនោះ សូមព្រះអង្គដាក់ទោសយើងខ្ញុំចុះ! ៦ យើងខ្ញុំបានសូមឲ្យលោកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្តី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ»។
៧ ដប់ថ្ងៃកន្លងមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ៨ ហើយលោកក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងមូល តាំងពីអ្នកតូចរហូតដល់អ្នកធំ។ ៩ លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូចតទៅ:
១០ ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ
តទៅទៀត
យើងនឹងបណ្តុះបណ្តាលអ្នករាល់គ្នា
គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។
យើងនឹងដាំអ្នករាល់គ្នា
គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។
យើងនឹងនឹកស្តាយ
ដោយបានដាក់ទោសអ្នករាល់គ្នា។
១១ កុំខ្លាចស្តេចស្រុកបាប៊ីឡូន
ដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វី
កុំខ្លាចឲ្យសោះ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នា
ដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នា
ឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចនោះ។
១២ យើងនឹងធ្វើឲ្យស្តេចស្រុកបាប៊ីឡូន
អាណិតមេត្តាដល់អ្នករាល់គ្នា
ហើយស្តេចនោះក៏អាណិតមេត្តាអ្នករាល់គ្នា
ព្រមទាំងឲ្យអ្នករាល់គ្នាវិលមក
រស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។
១៣ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ១៤ ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!” ១៥ ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:
ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្ត
ភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ
១៦ មុខដាវដែលអ្នករាល់គ្នាខ្លាច
នឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីប
ទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភ
នឹងតាមអ្នករាល់គ្នាជាប់ រហូតដល់ស្រុកអេស៊ីប
ហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។
១៧ អស់អ្នកដែលសម្រេចចិត្តភៀសខ្លួន
ទៅរស់នៅស្រុកអេស៊ីប
មុខជាត្រូវស្លាប់ ដោយមុខដាវ
ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ
គឺគ្មាននរណាម្នាក់រួចជីវិត
ឬគេចផុតពីគ្រោះកាចដែលយើងនឹង
ធ្វើឲ្យកើតមានដល់ពួកគេឡើយ។
១៨ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។ ១៩ ជនជាតិយូដាដែលនៅសេសសល់អើយ ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងឲ្យច្បាស់ថា ថ្ងៃនេះ ខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។ ២០ អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទាំងពោលថា “សូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឲ្យយើងខ្ញុំផង អ្វីៗដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ មានព្រះបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។ ២១ ខ្ញុំក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។ ២២ ឥឡូវនេះ ចូរដឹងឲ្យច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។
៤៣
លោកយេរេមីត្រូវគេនាំទៅស្រុកអេស៊ីប
១ កាលលោកយេរេមីថ្លែងប្រាប់ប្រជាជនទាំងមូលនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះបន្ទូលដែលព្រះអង្គប្រគល់ឲ្យលោកនាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ ២ លោកអសារីយ៉ា ជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងអស់អ្នកដែលវាយឫកខ្ពស់ ពោលមកកាន់លោកយេរេមីថា៖ «លោកនិយាយកុហក! ព្រះអម្ចាស់ ជាព្រះរបស់យើង ពុំបានចាត់លោកឲ្យមកហាមពួកយើងទៅរស់នៅស្រុកអេស៊ីបឡើយ ៣ គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុជអាលលោកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។ ៤ លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ពួកមេទ័ព និងប្រជាជនទាំងអស់ មិនព្រមស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់ឲ្យពួកគេរស់នៅក្នុងស្រុកយូដាឡើយ។ ៥ លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ ៦ រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្តេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដេលីយ៉ា? ជាកូនរបស់លោកអហ៊ីកាំ និងជាចៅរបស់លោកសាផនទៅជាមួយ។ គេក៏នាំព្យាការីយេរេមី និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។ ៧ ពួកគេពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ គឺពួកគេចេញដំណើរទៅស្រុកអេស៊ីប ហើយទៅដល់ក្រុងតាផាណែស។
ព្រះបន្ទូលស្តីអំពីព្រះចៅនេប៊ូកានេសារវាយលុកស្រុកអេស៊ីប
៨ នៅតាផាណែស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមីដូចតទៅ៖
៩ «ចូរយកដុំថ្មធំៗទៅកប់ក្នុងដីឥដ្ឋ ដែលស្ថិតនៅព្រលានធ្វើពីឥដ្ឋខាងមុខមាត់ទ្វារដំណាក់របស់ស្តេចផារ៉ោន នាក្រុងតាផាណែស ឲ្យប្រជាជនយូដាឃើញ ១០ រួចប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងនឹងប្រើគេឲ្យទៅហៅនេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូកានេសារត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូកានេសារក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។ ១១ នេប៊ូកានេសារនឹងមកវាយស្រុកអេស៊ីប។ ពេលនោះ អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរយកទៅជាឈ្លើយ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ! ១២ យើងនឹងដុតកម្ទេចវិហាររបស់ព្រះនានានៃស្រុកអេស៊ីប គឺនេប៊ូកានេសារនឹងដុតកម្ទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជ័យភ័ណ្ឌផង។ នេប៊ូកានេសារនឹងរឹបអូសយកអ្វីៗចេញអស់ពីស្រុកអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ បន្ទាប់មក នេប៊ូកានេសារចាកចេញទៅវិញ ដោយសុខសាន្ត។ ១៣ ស្តេចស្រុកបាប៊ីឡូននឹងកម្ទេចស្តូបទាំងឡាយ នៅក្រុងបេតសេមេសក្នុងស្រុកអេស៊ីប ព្រមទាំងដុតកម្ទេចទីសក្ការៈរបស់ព្រះនានានៃស្រុកអេស៊ីបផង»។
៤៤
ព្រះបន្ទូលស្តីបន្ទោសជនជាតិយូដាដែលភៀសខ្លួនទៅស្រុកអេស៊ីប
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមី ស្តីអំពីជនជាតិយូដាទាំងអស់ ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងតាផាណែស ក្រុងណូប និងនៅស្រុកប៉ាត្រូស ដូចតទៅ:
២ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើឲ្យកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃ ក្រុងទាំងនោះនៅសល់តែគំនរបាក់បែក គ្មានប្រជាជនរស់នៅទេ។ ៣ ហេតុការណ៍ទាំងនេះកើតមាន មកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូប គោរពបម្រើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និងដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ ជាហេតុនាំឲ្យយើងខឹងនឹងពួកគេ។ ៤ យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកព្យាការី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា “កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។ ៥ ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្ដាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។ ៦ កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកម្ទេចក្រុងនានា នៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម ឲ្យនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។ ៧ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងទារក ចេញពីស្រុកយូដា ធ្វើឲ្យហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ? ៨ អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។ ៩ តើអ្នករាល់គ្នាភ្លេចអំពើអាក្រក់ដែលដូនតារបស់អ្នករាល់គ្នា ស្តេចស្រុកយូដា ពួកស្រីស្នំ អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នា បានប្រព្រឹត្តក្នុងស្រុកយូដា និងនៅតាមដងផ្លូវនៃក្រុងយេរូសាឡឹមហើយឬ? ១០ រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្តាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមវិន័យ និងដំបូន្មានដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។
១១ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងសម្រេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ ១២ យើងនឹងប្រហារជនជាតិយូដាដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និងដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នា ដោយមុខដាវ និងដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយ។ ១៣ យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹម ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគដែរ។ ១៤ ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និងរស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្តី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។
១៥ អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅលោកយេរេមីវិញថា៖ ១៦ «ទោះបីលោកមានប្រសាសន៍មកយើងក្នុងនាមព្រះអម្ចាស់ក្តី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់លោកដែរ។ ១៧ យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ ដូចយើង និងដូនតារបស់យើង ព្រមទាំងស្តេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។ ១៨ ប៉ុន្តែ តាំងពីយើងឈប់ដុតគ្រឿងក្រអូប និងឈប់ច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ យើងខ្វះខាតសព្វគ្រប់ ព្រមទាំងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស»។ ១៩ ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាថ្វាយម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌នោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំថ្វាយព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។
២០ ពេលនោះ លោកយេរេមីមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុស ទាំងស្រី និងអស់អ្នកដែលបានឆ្លើយតបមកលោកថា៖ ២១ «គ្រឿងក្រអូបដែលអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា ព្រមទាំងស្តេច មន្ត្រី និងអ្នកស្រុក បានដុតតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម ព្រះអម្ចាស់ក៏បានឃើញ និងចងចាំជានិច្ចដែរ។ ២២ ព្រះអម្ចាស់ពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។ ២៣ ទុក្ខលំបាកដែលកើតមានដល់អ្នករាល់គ្នាដូចសព្វថ្ងៃ មកពីអ្នករាល់គ្នាដុតគ្រឿងក្រអូប និងប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ មិនប្រតិបត្តិតាមវិន័យ ដំបូន្មាន និងការដាស់តឿនរបស់ព្រះអង្គ»។
២៤ លោកយេរេមីមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និងស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ២៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នករាល់គ្នា និងប្រពន្ធរបស់អ្នករាល់គ្នាបាននិយាយ ហើយធ្វើតាមពាក្យរបស់ខ្លួនភ្លាម គឺអ្នករាល់គ្នានិយាយថា “យើងចង់ធ្វើតាមពាក្យដែលយើងបន់ស្រន់ ដោយដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌”។ ដូច្នេះ ចូរអ្នករាល់គ្នាគោរព និងធ្វើតាមពាក្យដែលខ្លួនបន់ស្រន់នោះទៅ!»។ ២៦ ហេតុនេះ ជនជាតិយូដាទាំងអស់ ដែលរស់នៅស្រុកអេស៊ីបអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «យើងសូមស្បថក្នុងនាមដ៏ឧត្ដមរបស់យើងផ្ទាល់ថា: យើងលែងឲ្យជនជាតិយូដាណាម្នាក់ ដែលរស់នៅស្រុកអេស៊ីប យកឈ្មោះយើងមកស្បថ ដោយពោលថា “ព្រះជាអម្ចាស់ដ៏មានព្រះជន្មគង់នៅ” ទៀតហើយ!។ ២៧ យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្តល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និងដោយទុរ្ភិក្ស រហូតដល់ផុតពូជ។ ២៨ មនុស្សមួយចំនួនតូច ដែលគេចផុតពីមុខដាវ នឹងចាកចេញពីស្រុកអេស៊ីប វិលត្រឡប់ទៅស្រុកយូដាវិញ។ ដូច្នេះ ជនជាតិយូដាដែលនៅសេសសល់ទាំងប៉ុន្មាន ពីចំណោមអស់អ្នក ដែលមករស់នៅស្រុកអេស៊ីបនេះ មុខជាដឹងថា ពាក្យរបស់នរណាបានសម្រេចជារូបរាង តើពាក្យរបស់យើង ឬពាក្យរបស់ពួកគេ»។ ២៩ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា យើងនឹងផ្តល់ទីសម្គាល់មួយឲ្យអ្នករាល់គ្នាដឹងថា យើងដាក់ទោសអ្នករាល់គ្នាឲ្យរងទុក្ខវេទនានៅស្រុកនេះ ស្របតាមពាក្យរបស់យើងមែន ៣០ គឺយើងនឹងប្រគល់ផារ៉ោនហូប្រា ជាស្តេចស្រុកអេស៊ីប ទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតស្តេចនេះ ដូចយើងបានប្រគល់សេដេខ្យាស ជាស្តេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន ជាសត្រូវដែលចង់ប្រហារជីវិតសេដេខ្យាសយ៉ាងនោះដែរ។
៤៥
លោកយេរេមីសម្រាលទុក្ខលោកបារូក
១ នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូស្យាស ជាស្តេចស្រុកយូដា លោកបារូក ជាកូនរបស់លោកនេរីយ៉ា សរសេរព្រះបន្ទូលទាំងនេះតាមលោកយេរេមីថ្លែងប្រាប់ ទុកក្នុងក្រាំងមួយ។ ពេលនោះ លោកយេរេមីមានប្រសាសន៍មកកាន់លោកបារូកថា៖
២ «បារូកអើយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលអំពីអ្នកដូចតទៅ: ៣ អ្នកពោលថា “ខ្ញុំត្រូវវេទនាហើយ! ដ្បិតព្រះអម្ចាស់ធ្វើឲ្យខ្ញុំមានទុក្ខកង្វល់ ថែមពីលើការឈឺចាប់ ដែលខ្ញុំកំពុងតែមានស្រាប់ ខ្ញុំថ្ងូររហូតដល់អស់កម្លាំង ខ្ញុំមានទុក្ខឥតស្បើយ”។ ៤ ព្រះអង្គឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកម្ទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។ ៥ រីឯអ្នក តើអ្នកប្រាថ្នាចង់បានភាពឧត្តុង្គឧត្ដមឬ? កុំមានបំណងដូច្នេះទៀតឡើយ! ដ្បិតយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់សត្វលោកទាំងមូល - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- តែយើងនឹងឲ្យអ្នកបានរួចជីវិត នៅគ្រប់ទីកន្លែងដែលអ្នកទៅ”»។
៤៦
សេចក្ដីប្រកាសអំពីប្រជាជាតិនានា
ព្រះបន្ទូលស្តីអំពីស្រុកអេស៊ីប
១ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមី ស្តីអំពីប្រជាជាតិទាំងឡាយ។
២ នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូស្យាស ស្តេចស្រុកយូដា ព្រះចៅផារ៉ោននេកូ ជាស្តេចស្រុកអេស៊ីប ស្ថិតនៅក្រុងកាកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន។ ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីស្រុកអេស៊ីប និងកងទ័ពរបស់ព្រះចៅផារ៉ោននេកូ ដូចតទៅ៖
៣ «ពួកមេទ័ពអេស៊ីបស្រែកឡើងថា:
ចូរតំរៀបគ្នាជាក្បួនទ័ពតូច ឬធំ
ចូររៀបចំខ្លួនចូលច្បាំង!
៤ ទ័ពសេះត្រូវចងបង្ហៀរសេះ
ហើយឡើងជិះទៅ!
ចូរតំរៀបគ្នាជាជួរ ពាក់មួកដែក
សំលៀងមុខលំពែង
ហើយពាក់អាវក្រោះទៅ!
៥ ប៉ុន្តែ ហេតុអ្វីបានជាយើងឃើញពួកគេ
ធ្លាក់ទឹកចិត្តដូច្នេះ?
ពួកគេនាំគ្នាដកទ័ពថយ
ទាហានដ៏ខ្លាំងពូកែត្រូវខ្មាំងសម្លាប់
ពួកគេបាក់ទ័ពរត់ ឥតបែរក្រោយឡើយ
ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៦ អ្នករត់លឿនពុំអាចរត់រួចខ្លួនឡើយ!
អ្នកខ្លាំងពូកែក៏ពុំអាចគេចខ្លួនដែរ!
នៅទិសខាងជើង
ពួកគេនឹងជំពប់ដួលត្រង់ដៃទន្លេអឺប្រាត។
៧ តើនរណាប្រៀបដូចទន្លេនីលជន់ជោរឡើង
ហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង?
៨ គឺស្រុកអេស៊ីបនេះហើយដែលប្រៀបដូច
ទន្លេនីលជន់ជោរឡើង
ហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង
ដ្បិតគេពោលថា:
ខ្ញុំនឹងជន់ឡើងលិចផែនដី ខ្ញុំនឹងវាយក្រុង
ព្រមទាំងប្រជាជនទាំងអស់ឲ្យវិនាស។
៩ ចូរនាំគ្នាឡើងជិះសេះ វាយសម្រុកទៅ!
រទេះចម្បាំង ចូរសម្រុកទៅមុខយ៉ាងលឿន!
ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធ
ដែលជាអ្នកកាន់ខែល
និងទាហានពីស្រុកលូធដែលជាអ្នកបាញ់ព្រួញ
ចូរនាំគ្នាចេញទៅដែរ!
១០ ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់
សងសឹកខ្មាំងសត្រូវ។
មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវ
ហើយមានឈាមដាបគ្រប់ទិសទី។
ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់
នៃពិភពទាំងមូល ធ្វើយញ្ញបូជា
នៅស្រុកខាងជើង
តាមមាត់ទន្លេអឺប្រាត។
១១ ជនជាតិអេស៊ីបអើយ
ចូរឡើងទៅស្រុកកាឡាដរកប្រេងមករឹត
ទើបបានធូរស្បើយ!
តែត្រូវដឹងថា មិនបាច់ខំប្រឹងរកថ្នាំច្រើនមុខទេ
ព្រោះគ្មានថ្នាំណាស័ក្តិសិទ្ធិ
ជួយអ្នកឲ្យជាសះស្បើយឡើយ។
១២ ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់
ព្រោះសម្រែករបស់អ្នក
លាន់ឮពាសពេញលើផែនដី។
ទាហានដ៏ខ្លាំងពូកែរត់បុកគ្នា
ដួលស្លាប់ទាំងពីរនាក់»។
១៣ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងប្រាប់ព្យាការីយេរេមីអំពីព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ត្រូវទៅវាយស្រុកអេស៊ីប៖
១៤ «ចូរប្រកាសនៅស្រុកអេស៊ីប
ចូរប្រាប់ឲ្យគេដឹងនៅក្រុងមីគដូល
ចូរប្រាប់ឲ្យគេដឹងនៅក្រុងណូប
និងក្រុងតាផាណែស!
ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅ
ដ្បិតសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ!
១៥ ហេតុអ្វីបានជាព្រះគោដ៏ខ្លាំងពូកែរបស់អ្នក
បែរជាអស់ឫទ្ធិដូច្នេះ?
នៅពេលព្រះអម្ចាស់ផ្តួលរំលំ
ពួកគេពុំអាចឈរមាំបានឡើយ។
១៦ ព្រះអង្គក៏បានផ្តួលទាហានមួយចំនួនធំដែរ
ពួកគេដួលគរលើគ្នា ទាំងពោលថា
ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង
វិលត្រឡប់ទៅមាតុភូមិរបស់យើងវិញ
ដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
១៧ នៅទីនោះ គេនឹងដាក់ងារព្រះចៅផារ៉ោន
ជាស្តេចស្រុកអេស៊ីបថា
“កោកៗ តែឥតបានការអ្វី!”»។
១៨ ព្រះមហាក្សត្រដែលមានព្រះនាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូល ដោយយកព្រះជន្មរបស់
ព្រះអង្គផ្ទាល់ជាសាក្សីថា៖
«ថាប៊រ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗ
ហើយភ្នំកាម៉ែលនៅជាប់នឹងសមុទ្រយ៉ាងណា
ខ្មាំងសត្រូវពិតជាមកដល់យ៉ាងនោះដែរ។
១៩ ប្រជាជនស្រុកអេស៊ីបអើយ
ចូរវេចបង្វេចទៅ
ដ្បិតខ្មាំងនឹងកៀរអ្នកទៅជាឈ្លើយ។
ក្រុងណូបនឹងក្លាយទៅជាទីស្មសាន
ជាកន្លែងដែលឆេះខ្ទេចខ្ទី
គ្មាននរណារស់នៅ។
២០ ស្រុកអេស៊ីបប្រៀបបាននឹងគោញីស្ទាវដ៏ស្អាត
តែនឹងមានមូសដ៏សាហាវ
ពីទិសខាងជើងមកខាំ។
២១ ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំង
ឲ្យពួកគេ
សុទ្ធតែមានសាច់មានឈាមដូចគោបំប៉ន
តែទាហានទាំងនោះក៏បកក្រោយដែរ
គេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេ
ដ្បិតថ្ងៃមហន្តរាយ
គឺជាពេលដែលយើងដាក់ទោសពួកគេ
បានធ្លាក់មកលើពួកគេហើយ។
២២ ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ
កងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់
ដូចពស់ដែលកំពុងលូន។
សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស
កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
២៣ ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើ
ទោះបីព្រៃនោះពិបាកចូលក៏ដោយ
ដ្បិតពួកគេមានចំនួនច្រើនឥតគណនា
គឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៤ ប្រជាជននៅស្រុកអេស៊ីបត្រូវអាម៉ាស់
ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជន
ដែលមកពីទិសខាងជើង»។
២៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់
ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖
«យើងនឹងដាក់ទោសអាំម៉ូន ជាព្រះនៃក្រុងណូ
ព្រមទាំងផារ៉ោន ជាស្តេចស្រុកអេស៊ីប
គឺយើងដាក់ទោសព្រះ និងស្តេចស្រុកអេស៊ីប
យើងដាក់ទោសផារ៉ោន និងអស់អ្នកដែល
ផ្ញើជីវិតលើស្តេចនេះ។
២៦ យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់
អស់អ្នកដែលចង់ប្រហារជីវិតពួកគេ
គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូកានេសារ
ជាស្តេចស្រុកបាប៊ីឡូន
និងក្នុងកណ្ដាប់ដៃនាយទាហានរបស់គេ។
ក្រោយមកទៀត ស្រុកអេស៊ីបនឹងមាន
មនុស្សរស់នៅ ដូចកាលពីមុន
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៧ កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!
យើងនឹងសង្គ្រោះអ្នកឲ្យវិលត្រឡប់
មកពីទឹកដីដ៏ឆ្ងាយវិញ
យើងនឹងសង្គ្រោះពូជពង្សរបស់អ្នក
ពីស្រុកដែលគេជាប់ជាឈ្លើយ។
កូនចៅយ៉ាកុបនឹងវិលមកវិញ
គេនឹងរស់នៅយ៉ាងសុខក្សេមក្សាន្ត
គ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
២៨ កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយ
កុំភ័យខ្លាចអ្វីឡើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងស្ថិតនៅជាមួយអ្នក
យើងនឹងលុបបំបាត់ប្រជាជាតិនានា
ដែលយើងបានកម្ចាត់កម្ចាយអ្នក
ឲ្យទៅនៅក្នុងចំណោមពួកគេ
តែយើងមិនលុបបំបាត់អ្នកឡើយ។
យើងបានដាក់ទោសអ្នកដោយយុត្តិធម៌
យើងមិនអាចចាត់ទុកអ្នកថា
គ្មានទោសទេ»។
៤៧
ព្រះបន្ទូលស្តីអំពីជនជាតិភីលីស្ទីន
១ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមី ស្តីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។
២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មានទឹកជន់ឡើងនៅទិសខាងជើង
ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង
លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក
លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។
មនុស្សម្នានាំគ្នាស្រែក
អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
៣ ព្រោះឮស្នូរសន្ធឹកជើងសេះ
និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង
អឹងអាប់ដូចផ្គរលាន់។
ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល
មកកូនរបស់ខ្លួនទៀត។
៤ ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច
បានមកដល់ហើយ!
ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន
លែងមាននរណាអាចជួយទៀតឡើយ
ដ្បិតព្រះអម្ចាស់កម្ទេចស្រុកភីលីស្ទីន
គឺពួកអ្នកដែលនៅសេសសល់ពីកោះកាបទ័រ។
៥ ក្រុងកាសាគ្មាននៅសល់អ្វីសោះ
ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។
អ្នកស្រុកវាលទំនាបដែលនៅសេសសល់អើយ
តើអ្នកនៅតែឆូតសាច់របស់ខ្លួន
ដល់កាលណាទៀត?
៦ អ្នករាល់គ្នាពោលថា “ដាវរបស់ព្រះអម្ចាស់អើយ
ដល់ពេលណាទើបសម្រាក?
ចូរចូលទៅក្នុងស្រោមវិញ
ហើយសម្រាកឲ្យស្ងៀមទៅ!”
៧ បើព្រះអម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ
ក្រុងអាស្កាឡូន
និងតំបន់តាមមាត់សមុទ្រហើយនោះ
តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន?
វាត្រូវតែតម្រង់ទៅរកទីនោះ!»។
៤៨
ព្រះបន្ទូលស្តីអំពីជនជាតិម៉ូអាប់
១ នេះជាព្រះបន្ទូលស្តីអំពីជនជាតិម៉ូអាប់។
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់
ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖
«អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា
ដ្បិតភ្នំនេះវិនាសហិនហោចហើយ!
ក្រុងគៀរីយ៉ាតាអ៊ីមត្រូវអាម៉ាស់
ព្រោះត្រូវខ្មាំងវាយយកបាន
បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។
២ ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ
នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា
“ទៅ! យើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពី
ចំណោមប្រជាជាតិទាំងឡាយ!”
រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរ
អ្នកនឹងត្រូវកម្ទេចឲ្យទៅជាទីស្ងាត់ជ្រងំ
ហើយដាវតាមប្រហារអ្នកពីក្រោយ។
៣ មានសម្រែកលាន់ឮឡើងពីក្រុងហូរ៉ូណាអ៊ីម
ដែលត្រូវគេកម្ទេច និងបំផ្លាញទាំងស្រុង។
៤ ស្រុកម៉ូអាប់បែកហើយ
សម្រែកប្រជាជនក៏លាន់ឮឡើងដែរ។
៥ ពួកគេនាំគ្នាឡើងទៅក្រុងលូហ៊ីត ទាំងយំសោក
បច្ចាមិត្តរបស់ពួកគេចុះទៅកាន់
ក្រុងហូរ៉ូណាអ៊ីម ទាំងស្រែកហ៊ោ។
៦ ចូរនាំគ្នារត់គេច ដើម្បីឲ្យរួចជីវិត
ហើយទៅរស់នៅតាមវាលរហោស្ថាន
ដូចគុម្ពបន្លា!។
៧ ម៉ូអាប់អើយ ហេតុការណ៍នេះកើតមានដូច្នេះ
មកពីអ្នកទុកចិត្តលើស្នាដៃ
និងលើទ្រព្យសម្បត្តិរបស់ខ្លួន
អ្នកនឹងត្រូវខ្មាំងវាយយកបាន
រីឯកេម៉ូសជាព្រះរបស់អ្នក
ក៏ត្រូវគេចាប់យកទៅជាឈ្លើយសឹក
ជាមួយពួកបូជាចារ្យ និងពួកមន្ត្រីដែរ។
៨ មេបំផ្លាញនឹងចូលទៅក្នុងក្រុងនីមួយៗ
គ្មានក្រុងណាមួយគេចផុតឡើយ
អ្វីៗនៅតាមជ្រលងភ្នំ និងនៅតាមវាលទំនាប
នឹងត្រូវវិនាសអន្តរាយទាំងអស់។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ ចូររៀបចំផ្នូរឲ្យម៉ូអាប់ទៅ
ដ្បិតស្រុកនេះត្រូវអន្តរាយហើយ!
ក្រុងទាំងឡាយនៅស្រុកម៉ូអាប់នឹងត្រូវ
កម្ទេចឲ្យវិនាសហិនហោច
គ្មានប្រជាជនរស់នៅទៀតឡើយ។
១០ អ្នកណាបំពេញកិច្ចការរបស់ព្រះអម្ចាស់
ដោយខ្ជីខ្ជា គឺពុំបានធ្វើឲ្យដាវរបស់ខ្លួន
ប្រឡាក់ជោកទៅដោយឈាមទេ
អ្នកនោះត្រូវបណ្ដាសាជាពុំខាន!
១១ តាំងពីក្មេងរៀងមក ម៉ូអាប់ពុំដែលមានកង្វល់
អ្វីទាល់តែសោះ
គេសម្រាកយ៉ាងស្រួល ឥតដែលមាននរណា
ដឹកយកទៅជាឈ្លើយសឹកឡើយ។
គេប្រៀបដូចជាស្រាដែលគ្មាននរណាផ្ទេរទៅ
ដបផ្សេងទេ តែស្ថិតនៅក្នុងដបដដែល
ហើយរក្សារសជាតិដើម ឥតដូរសោះ។
១២ ហេតុនេះ នៅគ្រាខាងមុខ យើងនឹងចាត់មនុស្សឲ្យមកផ្ទេរម៉ូអាប់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះនឹងចាក់ម៉ូអាប់ចេញពីដប ហើយបំបែកពាងរបស់ពួកគេចោល។ ១៣ ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រាអែលខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
១៤ អ្នកស្រុកម៉ូអាប់អើយ ហេតុដូចម្ដេចបានជា
អ្នករាល់គ្នាហ៊ានពោលថា
“យើងខ្ញុំជាទាហានដ៏ខ្លាំងពូកែ
យើងខ្ញុំជាពូជអ្នកចម្បាំង” ដូច្នេះ?
១៥ មេបំផ្លាញស្រុកម៉ូអាប់ឡើងទៅ
វាយសម្រុកក្រុងនានានៅស្រុកនោះ
យុវជនដ៏ខ្លាំងពូកែរបស់ពួកគេ
នឹងត្រូវខ្មាំងយកទៅសម្លាប់នៅទីសត្តឃាត។
- នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រដែល
មាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
១៦ មហន្តរាយរបស់ម៉ូអាប់ជិតមកដល់ហើយ
ទុក្ខវេទនារបស់ពួកគេនៅជិតបង្កើយ។
១៧ ប្រជាជនទាំងឡាយដែលនៅជិតខាង
ហើយស្គាល់ឈ្មោះម៉ូអាប់យ៉ាងច្បាស់អើយ
ចូរនាំគ្នាមកជួយរំលែកទុក្ខម៉ូអាប់
ដោយពោលថា “ហេតុអ្វីបានជាមហាអំណាច
ត្រូវរលំបែបនេះ?”។
១៨ ប្រជាជនក្រុងឌីបូនអើយ
ចូរលះបង់ភាពរុងរឿងរបស់ខ្លួន
ហើយអង្គុយនៅលើដីហួតហែងទៅ
ដ្បិតមេបំផ្លាញស្រុកម៉ូអាប់កំពុងតែ
ឡើងមកវាយអ្នក
គេនឹងបំផ្លាញកំពែងដ៏រឹងមាំរបស់អ្នក។
១៩ ប្រជាជនក្រុងអារ៉ូអ៊ែរអើយ
ចូរទៅឈរនៅតាមផ្លូវ ហើយចាំឃ្លាំមើលទៅ
ចូរសាកសួរអ្នកដែលរត់រួចខ្លួនថា
តើមានហេតុការណ៍អ្វីកើតឡើង?
២០ ម៉ូអាប់ត្រូវអាម៉ាស់ ដ្បិតស្រុកនេះរលំហើយ
ចូរនាំគ្នាស្រែកឲ្យអស់ទំហឹង
ចូរប្រកាសនៅតាមស្ទឹងអារណូនថា
ស្រុកម៉ូអាប់វិនាសហិនហោចហើយ!
២១ ការវិនិច្ឆ័យទោសមកដល់ស្រុកនៅតំបន់វាលទំនាបហើយ គឺក្រុងហាឡូន ក្រុងយ៉ាសា និងក្រុងមេផាត ២២ ក្រុងឌីបូន ក្រុងនេបូ ក្រុងបេតឌីបឡាតាអ៊ីម ២៣ ក្រុងគៀរីយ៉ាតាអ៊ីម ក្រុងបេតកាមូល ក្រុងបេតមេអូន ២៤ ក្រុងគៀរីយ៉ូត ក្រុងបូសរ៉ា ក្រុងទាំងប៉ុន្មាននៃស្រុកម៉ូអាប់ ទាំងជិតទាំងឆ្ងាយ។
២៥ អំណាចរបស់ម៉ូអាប់ត្រូវរលំ
ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៦ ចូរបង្អកម៉ូអាប់ឲ្យស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអកឲ្យ។ ២៧ ម៉ូអាប់អើយ ពីមុនអ្នកធ្លាប់សើចចំអកឲ្យអ៊ីស្រាអែល អ្នកងក់ក្បាលឡកឡឺយ ធ្វើហាក់ដូចជាអ៊ីស្រាអែលស្ថិតនៅក្នុងចំណោមចោរដែលគេចាប់បាន។
២៨ ប្រជាជនស្រុកម៉ូអាប់អើយ
ចូរនាំគ្នាបោះបង់ចោលទីក្រុង
ហើយទៅរស់នៅតាមក្រហែងថ្ម
ដូចសត្វព្រាប
ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
២៩ យើងបានឮគេនិយាយថា
ម៉ូអាប់មានអំនួតខ្លាំងពន់ពេកណាស់
គេវាយឫក ព្រហើន ប្រកាន់ខ្លួន
និងមានចិត្តឆ្មើងឆ្មៃខ្លាំងណាស់»។
៣០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្គាល់ឫករបស់ម៉ូអាប់ ហើយអ្វីៗដែលគេនិយាយអួតអាង គ្មានបានការទេ អ្វីៗដែលគេធ្វើ ក៏គ្មានបានការដែរ»។
៣១ ហេតុនេះហើយបានជាយើងយំ
ហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូល
ព្រមទាំងថ្ងូរ ព្រោះតែអ្នកស្រុកគៀរហេរ៉ែស
៣២ ចម្ការទំពាំងបាយជូរនៅស៊ីបម៉ាអើយ
យើងនឹងយំស្រណោះអ្នក
ជាងយំស្រណោះអ្នកក្រុងយ៉ាស៊ែរទៅទៀត
មែករបស់អ្នកលូតហួសសមុទ្រ
ហើយហួសយ៉ាស៊ែរ។
ប៉ុន្តែ មេបំផ្លាញបានកម្ទេចភោគផល
និងផ្លែទំពាំងបាយជូររបស់អ្នក។
៣៣ អំណរសប្បាយ និងការរីករាយចេញបាត់
ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។
យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុង
ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ
ទាំងស្រែកយ៉ាងសប្បាយទៀតដែរ
ផ្ទុយទៅវិញ មានតែសម្រែកវេទនាប៉ុណ្ណោះ។
៣៤ សម្រែករបស់អ្នកក្រុងហេសបូន លាន់ឮទៅដល់ក្រុងអេឡាឡេ គេបន្លឺសំឡេងឮរហូតទៅដល់ក្រុងយ៉ាហាស់។ សម្រែករបស់ពួកគេលាន់ឮពីក្រុងសូអារ រហូតដល់ក្រុងអេក្លាត-សេលីស៊ីយ៉ា ដ្បិតប្រភពទឹកនៅនីមរីមរីងស្ងួតអស់។
៣៥ «យើងនឹងលែងឲ្យមានជនជាតិម៉ូអាប់ឡើងទៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣៦ ហេតុនេះបានជាយើងស្រណោះស្រណោកជនជាតិម៉ូអាប់ ហើយយើងក៏ស្រណោះស្រណោកអ្នកក្រុងគៀរហេរ៉ែសដែរ ដ្បិតអ្វីៗដែលពួកគេខំសន្សំត្រូវវិនាសអស់។ ៣៧ ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។ ៣៨ នៅតាមដំបូលផ្ទះទាំងអស់ និងនៅតាមផ្លូវ មានឮសូរតែសំណោកកាន់ទុក្ខ ព្រោះយើងបានបំបែកម៉ូអាប់ ដូចថូដែលគេលែងពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣៩ ចូរនាំគ្នាស្រែកយំទៅ ព្រោះម៉ូអាប់រលំហើយ! ម៉ូអាប់ងាកមុខចេញដោយអាម៉ាស់ ប្រជាជាតិទាំងអស់នៅជុំវិញ នាំគ្នាសើចចំអកឲ្យម៉ូអាប់ ព្រមទាំងស្រឡាំងកាំងទៀតផង»។
៤០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «សត្រូវមកវាយប្រហារស្រុកម៉ូអាប់ ដូចខ្លែងសំកាំងស្លាប រេពីលើ។
៤១ គេវាយយកបានក្រុងកេរីយ៉ូត
ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។
នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច
នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់
ដូចស្ត្រីហៀបនឹងសម្រាលកូន។
៤២ ម៉ូអាប់នឹងត្រូវវិនាស
លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ
ព្រោះគេបានលើកខ្លួនឡើង
ប្រឆាំងនឹងព្រះអម្ចាស់។
៤៣ ប្រជាជនស្រុកម៉ូអាប់អើយ
អ្នករាល់គ្នាមុខតែភ័យខ្លាច ធ្លាក់រណ្ដៅ
និងជាប់អន្ទាក់ជាមិនខាន!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤៤ អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ
អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់
ដ្បិតយើងធ្វើឲ្យឆ្នាំ
ដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤៥ ជនភៀសខ្លួនដែលអស់កម្លាំងរត់មកជ្រក
នៅហេសបូន ជាក្រុងដែលស្តេចស៊ីហុន
ធ្លាប់គ្រប់គ្រងកាលពីដើម
តែមានភ្លើងឆាបឆេះកណ្ដាលក្រុង
ហើយឆេះរាលដាលទៅដល់ព្រំប្រទល់
និងតាមកំពូលភ្នំរបស់ស្រុកម៉ូអាប់
ដែលជាពូជអ្នកចម្បាំងនេះ។
៤៦ ជនជាតិម៉ូអាប់អើយ អ្នកវេទនាហើយ
ប្រជាជនដែលគោរពព្រះកេម៉ូស
ត្រូវអន្តរាយជាមិនខាន
ដ្បិតកូនប្រុសកូនស្រីរបស់អ្នក
ត្រូវគេកៀរយកទៅជាឈ្លើយ។
៤៧ ប៉ុន្តែ នៅគ្រាចុងក្រោយ
យើងនឹងស្តារស្រុកម៉ូអាប់ឡើងវិញ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ការវិនិច្ឆ័យទោសជនជាតិម៉ូអាប់ចប់តែត្រឹមណេះ។
៤៩
ព្រះបន្ទូលស្តីអំពីជនជាតិអាំម៉ូន
១ នេះជាព្រះបន្ទូលស្តីអំពីជនជាតិអាំម៉ូន។
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖
«តើអ៊ីស្រាអែលគ្មានកូនតពូជទេឬ?
ហេតុអ្វីបានជាព្រះម៉ូឡេកមកកាន់កាប់ទឹកដី
កាដដូច្នេះ?
ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡេក
មករស់នៅក្នុងក្រុងនានានៃស្រុកកាដ?
២ ហេតុនេះ នៅគ្រាខាងមុខ
យើងនឹងឲ្យសង្គ្រាមកើតមានដល់
ជនជាតិអាំម៉ូននៅក្រុងរ៉ាបា
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ក្រុងនោះនឹងក្លាយទៅជាទីស្មសាន
ហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវ
វិនាសដោយភ្លើង។
ពេលនោះ អ៊ីស្រាអែលនឹងយកទឹកដីដែល
ជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣ អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅ
ដ្បិតក្រុងអៃវិនាសសូន្យហើយ!
អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាអើយ
ចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ
ចូររត់ទៅរត់មក តាមបណ្តោយកំពែងក្រុង
ដ្បិតម៉ូឡេកជាព្រះរបស់អ្នករាល់គ្នា
ត្រូវគេចាប់យកទៅជាឈ្លើយ
ជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។
៤ ប្រជាជនដែលបះបោរអើយ
ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ
របស់អ្នកដូច្នេះ?
ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។
អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន
ដោយពោលថា
“តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។
៥ យើងនឹងធ្វើឲ្យភយន្ដរាយពីគ្រប់ទិសទី
កើតមានដល់អ្នក
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃ
ពិភពទាំងមូល។
អ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗរត់ប្រាសអាយុ
គ្មាននរណាប្រមូលផ្តុំអ្នករាល់គ្នាឡើងវិញទេ។
៦ ប៉ុន្តែ ក្រោយមក
យើងនឹងស្តារស្រុកអាំម៉ូនឡើងវិញ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលស្តីអំពីជនជាតិអេដុម
៧ នេះជាព្រះបន្ទូលស្តីអំពីស្រុកអេដុម។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«តើនៅក្រុងតេម៉នលែងមានប្រាជ្ញាហើយឬ?
តើប្រជាជននៅក្រុងនេះបាត់បង់
គំនិតយោបល់អស់ហើយឬ?
តើពួកគេអាប់ប្រាជ្ញាឬ?
៨ អ្នកក្រុងដេដនអើយ
ចូរនាំគ្នារត់ ចូរចាកចេញពីទីនេះ
ចូរនាំគ្នាពួនក្នុងរូងភ្នំទៅ!
ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមាន
ដល់ពូជពង្សរបស់អេសាវ
គឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។
៩ ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ
មកដល់ស្រុកអ្នក
គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។
ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់
គេនឹងយកអ្វីៗដែលគេអាចយកបាន។
១០ យើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវ
យើងនឹងបើកកកាយកន្លែងដែលគេពួន
គឺគេពុំអាចពួនតទៅទៀតឡើយ។
ពូជពង្ស បងប្អូន ព្រមទាំងអ្នកជិតខាងរបស់គេ
នឹងត្រូវអន្តរាយ។
គ្មាននៅសល់នរណាម្នាក់ពោលថា:
១១ “កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយ
ខ្ញុំនឹងចិញ្ចឹមពួកវា
ប្រពន្ធរបស់អ្នកដែលនៅមេម៉ាយ
ក៏អាចទុកចិត្តលើខ្ញុំដែរ”»។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនឡើយ អ្នកត្រូវតែផឹក! ១៣ យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំវិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៤ ព្រះអម្ចាស់ប្រទានដំណឹងមកខ្ញុំ
ព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ
ប្រកាសហៅប្រជាជាតិនានាថា
ចូរប្រមូលគ្នាមកប្រហារស្រុកអេដុម
ចូរក្រោកឡើង វាយលុកស្រុកនេះទៅ!
១៥ «អេដុមអើយ យើងនឹងធ្វើឲ្យអ្នកក្លាយទៅ
ជាប្រជាជាតិមួយតូចជាងគេ
ជាប្រជាជាតិដែលមនុស្សលោកមើលងាយ។
១៦ ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង
តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ
អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ
ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក
ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្តី
ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៧ «ស្រុកអេដុមនឹងវិនាសហិនហោច អស់អ្នកដែលដើរក្បែរនោះនឹងព្រឺសម្បុរ ហើយស្រឡាំងកាំង ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។ ១៨ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្រុកអេដុមប្រៀបបាននឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងក្រុងឯទៀតៗនៅជុំវិញ ដែលត្រូវវិនាសអន្តរាយ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យនៅដែរ។
១៩ សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់
ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា
យើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពី
ស្រុកអេដុមរហ័សយ៉ាងនោះដែរ។
យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន
ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។
តើមាននរណាអាចផ្ទឹមស្មើនឹងយើង?
តើនរណាហ៊ានប្ដឹងយើង?
តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។
២០ ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែល
ព្រះអម្ចាស់សម្រេចធ្វើចំពោះស្រុកអេដុម
និងគម្រោងការដែលព្រះអង្គគ្រោងទុក
ដើម្បីដាក់ទោសអ្នកក្រុងតេម៉ន!
សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ
ដូចកូនចៀមដែលគេកៀរយកទៅ
ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ
ឲ្យហិនហោចទៀតផង។
២១ ពេលស្រុកអេដុមរលំ ផែនដីក៏កក្រើក
សម្រែករបស់គេលាន់ឮរហូតដល់សមុទ្រកក់។
២២ សត្រូវមកវាយប្រហារ
ដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ា
នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច
នៃជនជាតិអេដុម នឹងឈឺចុកចាប់
ដូចស្ត្រីហៀបនឹងសម្រាលកូន»។
ព្រះបន្ទូលស្តីអំពីក្រុងដាម៉ាស់
២៣ នេះជាព្រះបន្ទូលស្តីអំពីក្រុងដាម៉ាស់។
«អ្នកក្រុងហាម៉ាត់ និងអ្នកក្រុងអារប៉ាដ
ត្រូវអាម៉ាស់ ដ្បិតពួកគេទទួលដំណឹងមិនល្អ
ពួកគេញ័ររន្ធត់យ៉ាងខ្លាំង
ពួកគេអន្ទះអន្ទែងដូចទឹកសមុទ្រពុះកញ្ជ្រោល
គ្មាននរណាអាចធ្វើឲ្យស្ងប់ឡើយ។
២៤ អ្នកក្រុងដាម៉ាស់ធ្លាក់ទឹកចិត្ត
ហើយបែរក្រោយ ដើម្បីរត់គេចខ្លួន
ពួកគេភ័យតក់ស្លុតឈឺចុកចាប់
អន្ទះអន្ទែងដូចស្ត្រីហៀបនឹងសម្រាលកូន។
២៥ តើក្រុងដ៏ល្បីល្បាញ ក្រុងដ៏សប្បាយនេះ
ត្រូវគេបោះបង់ចោលមែនឬ?
២៦ នៅថ្ងៃនោះ ពួកយុវជនដួលស្លាប់នៅតាមផ្លូវ
ទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
២៧ យើងនឹងដុតកំពែងក្រុងដាម៉ាស់
ហើយភ្លើងនោះនឹងឆេះបំផ្លាញវិមានរបស់
ស្តេចបេនហាដាដ»។
ព្រះបន្ទូលស្តីអំពីស្រុកកេដារ
២៨ នេះជាព្រះបន្ទូលស្តីអំពីស្រុកកេដារ និងនគរទាំងប៉ុន្មាននៅហាត់ស៊រ ដែលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន វាយយកបាន។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ចូរក្រោកឡើង ទៅវាយលុកស្រុកកេដារ
ចូរកម្ទេចពួកអ្នកស្រុកខាងកើតនោះ
ឲ្យអន្តរាយទៅ!
២៩ ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេ
ព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗ
អីវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។
ចូរស្រែកដាក់ពួកគេថា
ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!
៣០ អ្នកស្រុកហាត់ស៊រអើយ
ចូរនាំគ្នារត់គេចខ្លួនយ៉ាងលឿន
ហើយពួនក្នុងរូងភ្នំទៅ!
ដ្បិតនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន
បានសម្រេចរៀបចំគម្រោងការវាយប្រហារ
អ្នករាល់គ្នាហើយ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣១ ចូរក្រោកឡើងទៅវាយលុកប្រជាជាតិ
ដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេ
គេរស់នៅដាច់តែឯង។
៣២ ខ្មាំងសត្រូវនឹងដណ្ដើមយកហ្វូងអូដ្ឋរបស់ពួកគេ
ព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើន
របស់ពួកគេ ទុកជាជ័យភ័ណ្ឌទៀតផង។
យើងនឹងកម្ចាត់ប្រជាជនដែលកោរជើងសក់
ឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសតំបន់
យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិសទី
កើតមានដល់ពួកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣៣ ស្រុកហាត់ស៊រនឹងក្លាយទៅជាជម្រករបស់ឆ្កែព្រៃ
ជាទីស្មសានរហូតតទៅ
គឺនឹងគ្មានប្រជាជនរស់នៅ
ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យ
នៅទៀតដែរ»។
ព្រះបន្ទូលស្តីអំពីស្រុកអេឡាំ
៣៤ នៅដើមរជ្ជកាលព្រះបាទសេដេខ្យាស ជាស្តេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមី ស្តីអំពីស្រុកអេឡាំដូចតទៅ:
៣៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«យើងកាច់បំបាក់ធ្នូ ជាអាវុធដ៏ល្បីល្បាញ
របស់ជនជាតិអេឡាំ។
៣៦ យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស
បក់មកលើស្រុកអេឡាំ
យើងឲ្យខ្យល់ទាំងនោះកម្ចាត់ពួកគេ
ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី
ជនជាតិអេឡាំទៅនៅក្នុងចំណោម
ប្រជាជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។
៣៧ យើងនឹងធ្វើឲ្យជនជាតិអេឡាំញ័ររន្ធត់
នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខ
អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។
យើងនឹងនាំទុក្ខវេទនាមកលើពួកគេ
ដោយកំហឹងដ៏ខ្លាំងក្លារបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងឲ្យដាវទៅតាមប្រហារពួកគេ
រហូតទាល់តែប្រល័យជីវិតពួកគេ
អស់គ្មានសល់។
៣៨ យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំ
យើងនឹងប្រហារជីវិតស្តេច និងនាម៉ឺនរបស់ពួកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
៣៩ ប៉ុន្តែ នៅគ្រាក្រោយ
យើងនឹងស្តារស្រុកអេឡាំឡើងវិញ»។
៥០
ចក្រភពបាប៊ីឡូនត្រូវរលំ ព្រះជាម្ចាស់រំដោះអ៊ីស្រាអែល
១ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាស តាមរយៈព្យាការីយេរេមី ស្តីអំពីបាប៊ីឡូន និងស្រុកខាល់ដេ។
២ «ចូរប្រកាសប្រាប់ប្រជាជាតិនានា
ចូរប្រាប់ឲ្យពួកគេដឹង
ចូរលើកទង់សញ្ញាឡើង!
ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ!
ចូរប្រកាសថា:
សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ!
ព្រះបែលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ
រូបបដិមារបស់ពួកគេត្រូវអាម៉ាស់
ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
៣ ប្រជាជាតិមួយនៅទិសខាងជើង
លើកទ័ពមកវាយក្រុងបាប៊ីឡូន
ធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសាន
គ្មាននរណារស់នៅទៀតទេ
គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ
អស់គ្មានសល់។
៤ នៅគ្រានោះ កូនចៅអ៊ីស្រាអែល
និងកូនចៅយូដា វិលត្រឡប់មកវិញជាមួយគ្នា
ពួកគេដើរផង យំផង
ហើយស្វែងរកព្រះអម្ចាស់ ជាព្រះរបស់ពួកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-។
៥ ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូន
ហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។
ពួកគេរួមរស់ជាមួយព្រះអម្ចាស់
ដោយចងសម្ពន្ធមេត្រី
ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច
ជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។
៦ ប្រជាជនរបស់យើងប្រៀបបាននឹងហ្វូងចៀម
ដែលវង្វេងបាត់។
ពួកគង្វាលបាននាំពួកគេឲ្យវង្វេង
ដោយពង្វាងទៅតាមភ្នំនានា។
ចៀមរបស់យើងដើរពីភ្នំមួយទៅភ្នំមួយ
រហូតដល់ភ្លេចក្រោលរបស់ខ្លួន។
៧ អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់
ហើយបច្ចាមិត្តរបស់ពួកគេពោលថា:
“បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ
ព្រោះពួកគេបានប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់!”។
ដូនតារបស់ពួកគេបានសង្ឃឹមលើព្រះអម្ចាស់
ដែលជាប្រភពនៃសេចក្ដីសុចរិត។
៨ ចូរនាំគ្នារត់ចេញពីក្រុងបាប៊ីឡូន
ចូរចាកចេញពីស្រុកខាល់ដេ!
ចូរធ្វើដូចជាពពែឈ្មោល
ដែលនៅខាងមុខហ្វូងចៀម។
៩ យើងនឹងប្រមូលប្រជាជាតិនានា
ដែលជាមហាអំណាច ពីស្រុកខាងជើង
ឲ្យមកវាយលុកក្រុងបាប៊ីឡូន។
ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព
វាយយកក្រុងនេះ
ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ
គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ
ដែលឥតត្រឡប់មកវិញ
ដោយពុំបានប្រហារជីវិតមនុស្សឡើយ។
១០ ខ្មាំងនឹងរឹបអូសយកសម្បត្តិរបស់ស្រុកខាល់ដេ
ហើយអស់អ្នកដែលរឹបអូសយកសម្បត្តិ
របស់ស្រុកនោះ មុខជាបានស្កប់ស្កល់មិនខាន
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស
យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង
ម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ!
ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង
ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
១២ ក្រុងបាប៊ីឡូនជាម្ដាយរបស់អ្នករាល់គ្នា
នឹងត្រូវអាម៉ាស់ ហើយបាក់មុខ។
បាប៊ីឡូននឹងក្លាយទៅជាប្រជាជាតិមួយ
អន់ជាងគេបំផុត
ទឹកដីរបស់គេក្លាយទៅជាទីស្មសាន
ជាដីហួតហែង និងជាព្រៃល្បោះ»។
១៣ ដោយសារព្រះពិរោធរបស់ព្រះអម្ចាស់
បាប៊ីឡូននឹងក្លាយទៅជាកន្លែងដែល
គ្មាននរណារស់នៅ
គឺក្រុងបាប៊ីឡូនទាំងមូលនឹងវិនាសហិនហោច
អស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរ
ហើយស្រឡាំងកាំង
ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
១៤ ទ័ពបាញ់ព្រួញអើយ ចូរតំរៀបគ្នាវាយលុក
និងព័ទ្ធជុំវិញក្រុងបាប៊ីឡូនទៅ!
ចូរបាញ់ព្រួញតម្រង់ទៅក្រុងនេះ
ដោយឥតខ្លាចខាតព្រួញឡើយ
ដ្បិតក្រុងនេះបានប្រព្រឹត្តអំពើបាប
ប្រឆាំងនឹងព្រះអម្ចាស់!
១៥ ចូរស្រែកជយឃោសពីគ្រប់ទិសទី
ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។
គ្រឹះរបស់វាត្រូវកក្រើក
ហើយកំពែងរបស់វាក៏រលំដែរ
ដ្បិតព្រះអម្ចាស់សងសឹកនឹងក្រុងនេះ
ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន
ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល
ពួកគេធ្លាប់ប្រព្រឹត្ត។
១៦ ចូរកុំទុកឲ្យមានអ្នកសាបព្រោះ
ឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូន
ទៀតឡើយ។
រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេច
ពីមុខដាវរបស់កងទ័ពដែលមកវាយលុក
ហើយម្នាក់ៗវិលទៅរកប្រជាជន
និងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
១៧ អ៊ីស្រាអែលប្រៀបបាននឹងចៀមវង្វេង
ដែលត្រូវហ្វូងសិង្ហដេញខាំ
មុនដំបូង ស្តេចស្រុកអាស្ស៊ីរីខាំអ៊ីស្រាអែល
បន្ទាប់មក នេប៊ូកានេសារស្តេចស្រុកបាប៊ីឡូន
ហែកស៊ី និងកម្ទេចឆ្អឹងអ៊ីស្រាអែល។
១៨ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភព
ទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
មានព្រះបន្ទូលថា៖
«យើងនឹងធ្វើទោសស្តេចស្រុកបាប៊ីឡូន
និងស្រុករបស់គេ
ដូចយើងបានធ្វើទោសស្តេចស្រុកអាស្ស៊ីរីដែរ។
១៩ យើងនឹងនាំជនជាតិអ៊ីស្រាអែលឲ្យ
វិលត្រឡប់មកស្រុករបស់ខ្លួនវិញ
ពួកគេនឹងរស់នៅលើភ្នំកាម៉ែល និងភ្នំបាសាន
ហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌
នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។
២០ នៅគ្រានោះ គេរកមើលកំហុសរបស់
ជនជាតិអ៊ីស្រាអែលលែងឃើញទៀតហើយ
រីឯអំពើបាបរបស់ជនជាតិយូដា
ក៏ពុំឃើញមានទៀតដែរ
ដ្បិតយើងលើកលែងទោសអស់អ្នកដែលយើង
ទុកឲ្យនៅសេសសល់ពីស្លាប់»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ «ចូរឡើងទៅវាយលុកស្រុកមេរ៉ាតាអ៊ីម
វាយលុកអ្នកស្រុកពេកូដ
ចូរកម្ទេច និងប្រហារពួកគេ
ឥតទុកឲ្យនៅសល់អ្វីឡើយ
ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើង
បានបង្គាប់ដល់អ្នក»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២២ នៅក្នុងស្រុក មានឮសូរសំឡេងសឹកសង្គ្រាម
និងមហន្តរាយ។
២៣ បាប៊ីឡូនដែលប្រៀបដូចជាញញួរដំកម្ទេច
ផែនដីទាំងមូល
បែរជាបាក់បែកខ្ទេចខ្ទីអស់!
ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន
ក្នុងចំណោមប្រជាជាតិនានាដូច្នេះ!
២៤ បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក
ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន
ពេលគេឃើញអ្នក គេចាប់យកភ្លាម
ព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។
២៥ ព្រះអម្ចាស់បានបើកឃ្លាំងរបស់ព្រះអង្គ
ហើយយកគ្រឿងសាស្ត្រាវុធ
នៃព្រះពិរោធចេញមក
ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលត្រូវការប្រើ
គ្រឿងសាស្ត្រាវុធទាំងនេះ នៅស្រុកខាល់ដេ។
២៦ ចូរនាំគ្នាមកពីទីដាច់ស្រយាលនៃផែនដី
ដើម្បីវាយប្រហារបាប៊ីឡូន
ចូរបើកជង្រុករបស់ពួកគេ
ចូរកម្ទេចក្រុងនេះ ហើយបំផ្លាញទាំងអស់
ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់
កុំទុកឲ្យនៅសេសសល់អ្វីឡើយ។
២៧ ចូរសម្លាប់មេទ័ពទាំងអស់នៅស្រុកនោះ
ដូចគោដែលគេសម្លាប់នៅទីសត្តឃាត!
ពួកគេមុខជាវេទនាពុំខាន
ដ្បិតថ្ងៃដែលពួកគេទទួលទារុណកម្ម
មកដល់ហើយ។
២៨ ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុង
បាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា
ព្រះអម្ចាស់ ជាព្រះនៃយើង ព្រះអង្គសងសឹកហើយ
គឺព្រះអង្គសងសឹកពួកបាប៊ីឡូន
ព្រោះគេបានកម្ទេចព្រះវិហាររបស់ព្រះអង្គ!
២៩ ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ
ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន
ចូរបោះទ័ពជុំវិញក្រុងនេះ
កុំឲ្យនរណាម្នាក់រត់រួចឡើយ។
ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ
ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា
ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ
ដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់
ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
៣០ «ហេតុនេះហើយបានជានៅថ្ងៃនោះ
យុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវ
រីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣១ ក្រុងបាប៊ីឡូនដ៏ព្រហើនអើយ
យើងនឹងដាក់ទោសអ្នក
ថ្ងៃដែលអ្នកទទួលទារុណកម្មមកដល់ហើយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះនៃពិភពទាំងមូល។
៣២ ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល
គ្មាននរណាជួយលើកវាឡើងវិញទេ
យើងដុតកម្ទេចក្រុងនានានៅស្រុកបាប៊ីឡូន
ហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
៣៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា
ត្រូវបាប៊ីឡូនសង្កត់សង្កិនរួមជាមួយគ្នា
អស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយ
នៅតែឃុំពួកគេទុកដដែល
មិនព្រមលែងពួកគេឡើយ»។
៣៤ ប៉ុន្តែ ព្រះដែលលោះពួកគេ
ព្រះអង្គប្រកបដោយឫទ្ធានុភាព
ព្រះអង្គមាននាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះអង្គពិតជារកយុត្តិធម៌ឲ្យពួកគេ
ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យ
អ្នកស្រុកបាប៊ីឡូនកើតចលាចល។
៣៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ចូរយកដាវទៅប្រហារជនជាតិខាល់ដេ
អ្នកក្រុងបាប៊ីឡូន
ព្រមទាំងមន្ត្រី និងអ្នកប្រាជ្ញរបស់ពួកគេ។
៣៦ ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ!
អ្នកទាំងនោះជាមនុស្សវិកលចរិត!
ចូរយកដាវទៅប្រហារទាហានដ៏
ខ្លាំងពូកែរបស់ពួកគេ
អ្នកទាំងនោះត្រូវរលំហើយ!
៣៧ ចូរយកដាវទៅប្រហារសេះ
និងរទេះចម្បាំងរបស់ពួកគេ
ហើយប្រហារជនបរទេសដែលមកជួយច្បាំង
រួមជាមួយពួកគេដែរ!
អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី!
ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ
ហើយរឹបអូសយកទាំងអស់ទៅ!
៣៨ ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ
ឲ្យរីងស្ងួត!
ដ្បិតស្រុកនេះពោរពេញដោយរូបបដិមា
ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង
ដ៏គម្រក់របស់ខ្លួន។
៣៩ ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវ
នាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះ
សត្វត្មាតក៏មកធ្វើសំបុករស់នៅដែរ
គ្មានមនុស្សរស់នៅ
អស់កល្បជាអង្វែងតរៀងទៅ។
៤០ ក្រុងនេះប្រៀបបាននឹងក្រុងសូដុម និងកូម៉ូរ៉ា
ព្រមទាំងក្រុងឯទៀតៗ
ដែលព្រះជាម្ចាស់បានបំផ្លាញ
គឺគ្មាននរណាមករស់នៅទៀតឡើយ
ហើយក៏គ្មានមនុស្សណាមកតាំងទីលំនៅ
ទៀតដែរ»។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤១ មើល៍! មានកងទ័ពមកពីទិសខាងជើង
ប្រជាជាតិមួយ និងស្តេចដ៏ខ្លាំងពូកែទាំងឡាយ
ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
៤២ ពួកគេលើកធ្នូ លើកលំពែងឡើង
ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ
សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ
ពួកគេជិះសេះមក
ហើយតំរៀបគ្នាជាក្បួនទ័ព
ដើម្បីវាយលុកក្រុងបាប៊ីឡូន!
៤៣ ស្តេចស្រុកបាប៊ីឡូនបានឮដំណឹងនេះ
ក៏ទន់ដៃទន់ជើង អន្ទះសា
និងឈឺចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន។
៤៤ សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់
ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា
យើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូន
រត់ចេញទៅរហ័សយ៉ាងនោះដែរ។
យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន
ជ្រើសរើស ឲ្យគ្រប់គ្រងលើស្រុកនេះ។
តើមាននរណាអាចផ្ទឹមស្មើនឹងយើង?
តើនរណាហ៊ានប្ដឹងយើង?
តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?
៤៥ ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែលព្រះអម្ចាស់
សម្រេចធ្វើ ចំពោះបាប៊ីឡូន
និងគម្រោងការដែលព្រះអង្គគ្រោងទុក
ដើម្បីដាក់ទោសអ្នកស្រុកខាល់ដេ!
សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ
ដូចកូនចៀមដែលគេកៀរយកទៅ
ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ
ឲ្យហិនហោចទៀតផង។
៤៦ ពេលក្រុងបាប៊ីឡូនរលំ ផែនដីក៏កក្រើក
មានសម្រែកលាន់ឮឡើងក្នុងចំណោម
ប្រជាជាតិទាំងឡាយ។
៥១
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងនឹងធ្វើឲ្យខ្យល់ព្យុះ
បក់បោកបំផ្លាញក្រុងបាប៊ីឡូន
និងប្រជាជននៅក្រុងនោះ។
២ យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូន
ដូចគេរែងអង្ករ។
អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុក
ពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូន
នៅថ្ងៃដ៏សែនវេទនានោះ។
៣ កុំត្រាប្រណីទាហានបាញ់ព្រួញ
និងអ្នកពាក់អាវក្រោះ ដែលពើងទ្រូង!
កុំត្រាប្រណីយុវជនរបស់ពួកគេ!
ចូរបំផ្លាញកងទ័ពទាំងមូលរបស់ពួកគេ
ចោលទៅ!»។
៤ ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេ
អ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវ
ក្នុងក្រុងបាប៊ីឡូន
៥ ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល ពាសពេញក្នុងស្រុក។
ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះ
របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា
ព្រះអង្គមិនបោះបង់ចោលប្រជារាស្ដ្រ
របស់ព្រះអង្គឡើយ។
៦ ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ!
ម្នាក់ៗរត់ប្រាសអាយុ!
មិនគួរទុកឲ្យខ្លួនវិនាសសូន្យ
ព្រោះតែកំហុសរបស់ក្រុងនេះឡើយ!
ដ្បិតពេលនេះ ជាពេលដែលព្រះអម្ចាស់សងសឹក
ព្រះអង្គសងទៅជនជាតិបាប៊ីឡូនវិញ
តាមអំពើដែលពួកគេបានប្រព្រឹត្ត!
៧ ពីមុន បាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុង
ព្រះហស្ដរបស់ព្រះអម្ចាស់
ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹង
ប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះ
ហើយវង្វេងវង្វាន់ទាំងអស់គ្នា។
៨ រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះ
ហើយបាក់បែកខ្ទេចខ្ទីអស់!
ចូរនាំគ្នាយំស្រណោះក្រុងនេះ
ចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វា
វាប្រហែលជាអាចជាឡើងវិញបាន។
៩ ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរ
តែវាពុំអាចជាសះស្បើយទេ។
ដូច្នេះ ចូរបោះបង់ចោលក្រុងនេះ
ហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញ
ដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាង
ផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។
១០ ព្រះអម្ចាស់រកយុត្តិធម៌ឲ្យពួកយើង។
មក! យើងនាំគ្នារៀបរាប់ប្រាប់អ្នកក្រុងស៊ីយ៉ូន
អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ជាព្រះនៃយើង។
១១ ចូរសម្រួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់
ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូន
ហេតុនេះបានជាព្រះអង្គជំរុញ
ស្តេចស្រុកម៉ែដឲ្យសម្រេចការនេះ
ដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូន
ព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!
១២ ចូរលើកទង់សញ្ញាវាយលុកកំពែងក្រុងបាប៊ីឡូន
ចូរបន្ថែមកងយាមល្បាត
ចូរដាក់អ្នកយាមឲ្យឃ្លាំមើល
ចូរបង្កប់ទាហានចាំវាយឆ្មក់
ដ្បិតព្រះអម្ចាស់សម្រេចតាមផែនការ
ដែលព្រះអង្គមានព្រះបន្ទូលប្រឆាំង
នឹងអ្នកក្រុងបាប៊ីឡូន។
១៣ អ្នករស់នៅតាមមាត់ទន្លេ
ហើយមានទ្រព្យសម្បត្តិដ៏ច្រើន
អ្នកមានចិត្តលោភលន់
តែចុងបញ្ចប់របស់អ្នកមកដល់ហើយ!
១៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
យ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖
«យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប
មកវាយលុកអ្នក
ពួកគេស្រែកយកជ័យជម្នះលើអ្នក»។
១៥ ព្រះអម្ចាស់បានសូនផែនដី
ដោយឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតពិភពលោក
ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ
ដោយព្រះតម្រិះរបស់ព្រះអង្គ។
១៦ ពេលព្រះអង្គបន្លឺព្រះសូរសៀង
ទឹកទាំងឡាយមកមូលផ្តុំគ្នានៅលើមេឃ
ពពករសាត់មកពីជើងមេឃ
ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក
ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
១៧ ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ
មនុស្សទាំងអស់បែរជាងឿងឆ្ងល់
លែងយល់អ្វីសោះ
ជាងមាសបែរជាខ្មាសខ្លួនឯង
ដោយបានឆ្លាក់រូបព្រះឥតបានការទាំងនោះ
ដែលគ្មានវិញ្ញាណ។
១៨ ព្រះទាំងនោះឥតបានការអ្វីសោះ
ជារបស់គួរឲ្យមើលងាយ
ដែលនឹងត្រូវវិនាសសូន្យ
នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស។
១៩ រីឯព្រះរបស់លោកយ៉ាកុបវិញ មិនដូច្នោះទេ
គឺព្រះអង្គបានបង្កើតអ្វីៗទាំងអស់
ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល
ធ្វើជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ
ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
ចុងបញ្ចប់នៃអាណាចក្របាប៊ីឡូន
២០ «បាប៊ីឡូនអើយ
កាលពីមុន អ្នកប្រៀបបាននឹងញញួរ
ជាគ្រឿងសាស្ត្រាវុធ
យើងបានប្រើអ្នក សម្រាប់វាយដំប្រជាជាតិនានា
និងកម្ទេចនគរទាំងឡាយ។
២១ យើងបានប្រើអ្នកសម្រាប់កម្ទេចសេះ
និងទាហានដែលជិះនៅលើវា
យើងបានប្រើអ្នក សម្រាប់កម្ទេច
រទេះចម្បាំង និងអ្នកបរវា។
២២ យើងបានប្រើអ្នក
សម្រាប់ប្រហារមនុស្សប្រុសស្រី
យើងបានប្រើអ្នក
សម្រាប់ប្រហារចាស់ៗ និងក្មេងៗ
យើងបានប្រើអ្នក
សម្រាប់ប្រហារយុវជនយុវនារី
២៣ យើងបានប្រើអ្នក សម្រាប់ប្រហារគង្វាល
និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក
សម្រាប់ប្រហារអ្នកភ្ជួរស្រែ
និងគោដែលគេទឹម
យើងបានប្រើអ្នក
សម្រាប់ប្រហារចៅហ្វាយខេត្ត
និងទេសាភិបាល។
២៤ យើងនឹងសងទៅក្រុងបាប៊ីឡូន
និងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើ
ឃោរឃៅដែលគេបានប្រព្រឹត្ត
ចំពោះក្រុងស៊ីយ៉ូន
ក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៥ បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក
អ្នកប្រៀបបាននឹងភ្នំមួយ ដែលកម្ទេច
ផែនដីទាំងមូល
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងលើកដៃប្រហារអ្នក
យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ
ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។
២៦ គេនឹងលែងយកថ្មគ្រឹះដ៏មានតម្លៃ
ឬថ្មសម្រាប់ធ្វើជាសសរ
ចេញពីអ្នកទៀតឡើយ
ដ្បិតអ្នកត្រូវវិនាសហិនហោចរហូតតទៅ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៧ ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ!
ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ!
ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ!
ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត
មិននី និងអាស្កេណាស មកច្បាំងនឹងក្រុងនេះ!
ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព
ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
២៨ ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ
ដោយរួមជាមួយស្តេចស្រុកម៉ែដ
ព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាល
និងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។
២៩ ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល
ដែលព្រះអម្ចាស់ប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន
តាមគម្រោងការរបស់ព្រះអង្គ
គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន
គ្មានមនុស្សរស់នៅ។
៣០ ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន
ឈប់ច្បាំង ហើយសំងំនៅក្នុងបន្ទាយ។
ពួកគេបាត់បង់សេចក្ដីក្លាហាន
ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។
ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ
ហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។
៣១ អ្នករត់នាំគ្នារត់បណ្តាក់គ្នា
អ្នកនាំសារក៏នាំដំណឹងតៗគ្នា
ដើម្បីទៅទូលស្តេចស្រុកបាប៊ីឡូនថា:
សត្រូវវាយយកបានទីក្រុង
ពីជាយម្ខាង ទៅជាយម្ខាងទៀត។
៣២ សត្រូវកាន់កាប់ផ្លូវទឹកទាំងឡាយ
ព្រមទាំងដុតកម្ទេចបន្ទាយផង
ទាហានបាប៊ីឡូននាំគ្នាធ្លាក់ទឹកចិត្ត»។
៣៣ ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់
ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖
«ក្រុងបាប៊ីឡូនប្រៀបបាននឹងលានបោកស្រូវ
នៅតែបន្តិចទៀត ដល់ពេលគេច្រូតកាត់
ក្រុងនេះហើយ!»។
៣៤ ក្រុងស៊ីយ៉ូនពោលថា:
នេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន
បានលេប និងកម្ទេចខ្ញុំ
ធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារ
ស្តេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំ
ស្តេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំ
រួចខ្ជាក់ខ្ញុំចោល។
៣៥ អ្នកក្រុងស៊ីយ៉ូនពោលថា
សូមឲ្យពួកបាប៊ីឡូនរងនូវអំពើឃោរឃៅ
ដែលគេបានប្រព្រឹត្តចំពោះខ្ញុំ។
អ្នកក្រុងយេរូសាឡឹមពោលថា
សូមឲ្យពួកខាល់ដេទទួលទោស
ព្រោះតែបានបង្ហូរឈាមខ្ញុំ។
៣៦ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល
មកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖
«យើងនឹងរកយុត្តិធម៌ឲ្យអ្នក
យើងនឹងសងសឹកជំនួសអ្នក
យើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូន
ហួតហែងរហូតដល់ប្រភពទឹករបស់វា។
៣៧ ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋ
ជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗ
ស្រឡាំងកាំង និងព្រឺសម្បុរ
ជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
៣៨ ជនជាតិបាប៊ីឡូននាំគ្នាគ្រហឹមដូចកូនសិង្ហ
និងដូចសិង្ហស្ទាវ
៣៩ ពេលណាពួកគេពុះកញ្ជ្រោលដល់កម្រិតហើយ
យើងនឹងរៀបចំជប់លៀងឲ្យពួកគេ
យើងនឹងបង្អកពួកគេឲ្យស្រវឹង
ទាល់តែលេលា
ហើយដេកលក់រហូត លែងភ្ញាក់ទៀត
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤០ យើងនឹងនាំពួកគេទៅទីសត្តឃាត
ដូចពពែ និងចៀម។
៤១ ម្ដេចក៏ក្រុងសេសាក
ដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើង
ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ!
ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន
ក្នុងចំណោមប្រជាជាតិនានាបែបនេះ!
៤២ សមុទ្រជន់លិចស្រុកបាប៊ីឡូន
ហើយទឹករលកក៏បក់បោកលើស្រុកនេះដែរ!
៤៣ ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូន
ត្រូវវិនាសអន្តរាយ
ស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះ
ជាស្រុកដែលគ្មាននរណារស់នៅ
ហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
៤៤ យើងនឹងដាក់ទោសបែល
ដែលជាព្រះរបស់ជនជាតិបាប៊ីឡូន
អ្វីៗដែលវាលេបចូលទៅនោះ
យើងនឹងទាញចេញមកវិញ
ប្រជាជាតិទាំងឡាយលែងលើកគ្នា
ទៅរកព្រះនោះទៀតហើយ
រីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
៤៥ ប្រជារាស្ដ្ររបស់យើងអើយ
ចូរនាំគ្នារត់ចេញពីបាប៊ីឡូន
ម្នាក់ៗត្រូវរត់ប្រាសអាយុ
គេចឲ្យផុតពីកំហឹងរបស់យើង
ចំពោះក្រុងនេះ។
៤៦ មិនត្រូវបាក់ទឹកចិត្ត ហើយភ័យខ្លាច
ដោយឮពាក្យចចាមអារ៉ាមដែលគេនិយាយ
ក្នុងស្រុកនោះឡើយ!
ដ្បិតឆ្នាំនេះមានឮពាក្យចចាមអារ៉ាមមួយ
ឆ្នាំក្រោយមានឮពាក្យចចាមអារ៉ាមមួយទៀត
អំពើហិង្សានឹងកើតមាននៅក្នុងស្រុក
ហើយអ្នកកាន់អំណាចផ្ដាច់ការនឹងដណ្ដើម
អំណាចតៗគ្នា។
៤៧ ហេតុនេះ នៅគ្រាខាងមុខ
យើងនឹងដាក់ទោសព្រះក្លែងក្លាយ
របស់ស្រុកបាប៊ីឡូន
ស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់
ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវ
ពាសពេញក្នុងទីក្រុង។
៤៨ អ្វីៗនៅលើមេឃ និងនៅលើផែនដី
នឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
ដោយបាប៊ីឡូនរលំ
ដ្បិតមានសត្រូវពីទិសខាងជើង
មកបំផ្លាញក្រុងនេះ!»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤៩ បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើន
នៅលើផែនដីទាំងមូលបាត់បង់ជីវិត
ឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរ
ព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រាអែល។
៥០ អស់អ្នកដែលគេចផុតពីមុខដាវអើយ
ចូររត់ទៅចុះ កុំឈប់ឲ្យសោះ
ចូរគិតដល់ព្រះអម្ចាស់ពីចម្ងាយ
ហើយនឹកដល់ក្រុងយេរូសាឡឹមជានិច្ច!
៥១ ពួកយើងធ្លាប់អាម៉ាស់
នៅពេលឮខ្មាំងសត្រូវជេរប្រមាថ
ពួកយើងបានបាក់មុខ
នៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈ
នៃព្រះដំណាក់របស់ព្រះអម្ចាស់។
៥២ «ហេតុនេះហើយបានជានៅគ្រាខាងមុខ
យើងនឹងដាក់ទោសព្រះក្លែងក្លាយ
របស់ជនជាតិបាប៊ីឡូន
ហើយអ្នករបួសនឹងថ្ងូរពាសពេញក្នុងស្រុកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៥៣ ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃ
ទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្តី
ក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមក
ប្រហារក្រុងនេះដែរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៥៤ មានសម្រែកលាន់ឮឡើងពីក្រុងបាប៊ីឡូន
ហើយសំឡេងមហន្តរាយលាន់ឮឡើង
ពីស្រុកខាល់ដេ
៥៥ ដ្បិតព្រះអម្ចាស់កម្ទេចក្រុងបាប៊ីឡូន
ព្រះអង្គធ្វើឲ្យសម្រែកលាន់ឮក្នុងក្រុងនេះ
ប្រែទៅជាស្ងាត់ជ្រងំ
កងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរ
នាំគ្នាវាយលុកក្រុងនេះដោយសម្រែក
ទ្រហឹងអឺងអាប់។
៥៦ ពិតមែនហើយ មេបំផ្លាញមកវាយលុក
ក្រុងបាប៊ីឡូន
ទាហានដ៏អង់អាចរបស់ក្រុងនេះ
ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង
ធ្នូរបស់ពួកគេត្រូវបាក់។
ព្រះអម្ចាស់ជាព្រះដែលតែងតែសងទៅមនុស្ស
តាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
៥៧ «យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលមាននាមថាព្រះអម្ចាស់នៃពិភពទាំងមូល។ ៥៨ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូន
បាក់បែករហូតដល់គ្រឹះ
ទ្វារដ៏ខ្ពស់ៗក៏ឆេះអស់
គឺស្នាដៃដែលប្រជាជនទាំងឡាយបានធ្វើ
ក្លាយជាអសារបង់
អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើ
ក្លាយទៅជាចំណីភ្លើង»។
៥៩ នេះជាសេចក្ដីដែលព្យាការីយេរេមី បង្គាប់ដល់លោកសេរ៉ាយ៉ា ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅពេលដែលគាត់ទៅស្រុកបាប៊ីឡូន ជាមួយព្រះបាទសេដេខ្យាស នៅឆ្នាំទីបួន ក្នុងរជ្ជកាលរបស់ស្តេចនេះ។ កាលនោះ លោកសេរ៉ាយ៉ាមានមុខតំណែងជាមេលើពួកមហាតលិក។ ៦០ លោកយេរេមីសរសេរអំពីទុក្ខលំបាកទាំងប៉ុន្មាន ដែលកើតមានដល់ស្រុកបាប៊ីឡូន ទុកក្នុងក្រាំងមួយ គឺព្រះបន្ទូលទាំងអស់ស្តីអំពីស្រុកបាប៊ីឡូន ដូចមានចែងទុកខាងលើនេះស្រាប់។ ៦១ លោកយេរេមីមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលលោកទៅដល់បាប៊ីឡូន លោកត្រូវអានសេចក្ដីទាំងនេះ ៦២ រួចពោលថា: បពិត្រព្រះអម្ចាស់ គឺព្រះអង្គផ្ទាល់ដែលមានព្រះបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។ ៦៣ ពេលលោកអានសេចក្ដីក្នុងក្រាំងនេះចប់ សូមចងភ្ជាប់នឹងថ្មមួយដុំ រួចយកទៅទម្លាក់នៅកណ្ដាលទន្លេអឺប្រាត។ ៦៤ បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលព្រះអម្ចាស់ធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។
ពាក្យរបស់លោកយេរេមីចប់តែត្រឹមណេះ។
៥២
កថាបន្ថែម
ការឡោមព័ទ្ធ និងវាយលុកក្រុងយេរូសាឡឹម
(យរ.៣៩.៤-៧, ២ពង្ស ២៤.១៨-២៥.៧)
១ ពេលព្រះបាទសេដេខ្យាសឡើងសោយរាជ្យ ព្រះអង្គមានជន្មាយុម្ភៃមួយព្រះវស្សា ព្រះអង្គសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា ហាមូតាល់ ជាកូនរបស់លោកយេរេមីយ៉ា ដែលជាអ្នកស្រុកលីបណា។ ២ ព្រះបាទសេដេខ្យាសប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទយ៉ូយ៉ាគីមដែរ។ ៣ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
នៅគ្រានោះ ព្រះបាទសេដេខ្យាសបានបះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។ ៤ ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេខ្យាស នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ ៥ ពួកគេឡោមព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេខ្យាស។
៦ នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ ៧ ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្តី ក៏ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ ៨ កងទ័ពខាល់ដេនាំគ្នាដេញតាមព្រះបាទសេដេខ្យាសទាន់ នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្តេចរត់បែកខ្ញែកគ្នាអស់។ ៩ ទាហានខាល់ដេចាប់ស្តេចបញ្ជូនទៅព្រះចៅនេប៊ូកានេសារនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ព្រះចៅនេប៊ូកានេសារប្រកាសកាត់ទោសព្រះបាទសេដេខ្យាស។ ១០ ស្តេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ ក បុត្រទាំងអស់របស់ព្រះបាទសេដេខ្យាស នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេខ្យាស។ ស្តេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ ក ពួកមន្ត្រីទាំងអស់នៃស្រុកយូដា នៅក្រុងរីបឡាដែរ។ ១១ បន្ទាប់មក ព្រះចៅនេប៊ូកានេសារឲ្យគេចាក់ភ្នែកព្រះបាទសេដេខ្យាស រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្តេចស្រុកបាប៊ីឡូននាំព្រះបាទសេដេខ្យាសទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃសុគត។
១២ នៅថ្ងៃទីដប់ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដន ជារាជប្រតិភូដែលបម្រើស្តេចស្រុកបាប៊ីឡូន មកដល់ក្រុងយេរូសាឡឹម។ ១៣ លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្តេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។ ១៤ កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
១៥ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង គឺជនក្រីក្រមួយចំនួន ទាហានដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ ១៦ ប៉ុន្តែ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូ ទុកឲ្យជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
១៧ ជនជាតិខាល់ដេកម្ទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។ ១៨ ពួកគេយកឆ្នាំង វែក កាំបិត ភាជន៍ ពែង និងគ្រឿងបរិក្ខារឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។ ១៩ លោករាជប្រតិភូក៏យកចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើងចង្កៀង ពែង ចាន គោម និងវត្ថុទាំងប៉ុន្មាន ដែលធ្វើពីមាសពីប្រាក់ ទៅជាមួយដែរ។ ២០ រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។ ២១ សសរទីមួយមានកម្ពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និងមានកម្រាស់បួនហ៊ុន។ ២២ នៅពីលើសសរមានក្បាច់ក្បាលសសរមួយធ្វើពីលង្ហិន ដែលមានកម្ពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរ មានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។ ២៣ មានផ្លែទទឹមទាំងអស់កៅសិបប្រាំមួយនៅជុំវិញ ហើយផ្លែទទឹមដែលនៅជាប់នឹងក្បាច់ក្រឡាអួន មានចំនួនទាំងអស់មួយរយ។
២៤ លោករាជប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមបូជាចារ្យ លោកសេផានី ជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីនាក់យកទៅជាមួយ។ ២៥ លោកក៏ចាប់មហាតលិកមួយរូបដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំពីររូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។ ២៦ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូចាប់អ្នកទាំងនោះ នាំទៅថ្វាយស្តេចស្រុកបាប៊ីឡូននៅរីបឡា។ ២៧ ស្តេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
២៨ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្តេចនេះកៀរជនជាតិយូដាយកទៅជាឈ្លើយ ចំនួន ៣ ០២៣ នាក់។ ២៩ ក្នុងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្តេចនេះកៀរអ្នកក្រុងយេរូសាឡឹមយកទៅជាឈ្លើយចំនួន ៨៣២ នាក់។ ៣០ ក្នុងឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូ កៀរជនជាតិយូដាយកទៅជាឈ្លើយចំនួន ៧៤៥ នាក់។ សរុបទាំងអស់ មានចំនួន ៤ ៦០០ នាក់។
៣១ នៅថ្ងៃទីម្ភៃប្រាំ ខែទីដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្តេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-ម៉ារ៉ាដុក ជាស្តេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-ម៉ារ៉ាដុក ដោះលែងព្រះបាទយ៉ូយ៉ាគីនឲ្យមានសេរីភាព។ ៣២ ស្តេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្តេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។ ៣៣ ស្តេចអនុញ្ញាតឲ្យព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយ ជារៀងរាល់ថ្ងៃ រហូតដល់អស់ព្រះជន្ម។ ៣៤ ស្តេចស្រុកបាប៊ីឡូនទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត រហូតដល់ថ្ងៃព្រះអង្គសោយទិវង្គត។
954 Views