សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិត​របស់
សន្ត​យ៉ាកុប

ពាក្យលំនាំ

លិខិត​របស់

លោក​យ៉ាកុប

ពាក្យ​លំនាំ

លិខិត​របស់​លោក​យ៉ាកុបផ្ញើ​ជូន​ប្រជាជន​អ៊ីស្រា‌អែល​ដែល​បែក‌ខ្ញែក​គ្នា ក្នុង​សកល​លោក​ទាំង​មូល (១.១) ជា​ពាក្យ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ក្នុង​ជីវិត​រៀង​រាល់​ថ្ងៃ​របស់​គ្រីស្ត‌បរិស័ទ គឺ​មាន​របៀប​ទាក់‌ទង​ជា​មួយ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​ជា​ដើម។
អ្នក​តែងៈ អ្នក​ខ្លះ​យល់​ថា លោក​យ៉ាកុប​ដែល​តែង​លិខិត​នេះ គឺ​លោក​យ៉ាកុប​ដែល​ត្រូវ​ជា​ប្អូន​របស់​ព្រះ‌អម្ចាស់ (កាឡា‌ទី ១.១៩) អ្នក​ខ្លះ​ទៀត​ថា​ជា​គ្រីស្តទូត​យ៉ាកុប ជា​កូន​របស់​លោក​អាល់‌ផា (ម៉ាថាយ ១០.៣) ហើយ​អ្នក​ខ្លះ​ទៀត​ថា​ជា​គ្រីស្ត‌បរិស័ទ​ជាតិ​យូដា​មួយ​រូប​ឈ្មោះ​យ៉ាកុប។

គោល​សំខាន់ៗ:

លោក​យ៉ាកុប​ទូន្មាន​អ្នក​ជឿ​ព្រះ‌យេស៊ូ ឲ្យ​រស់​នៅ​ស្រប​តាម​គោល​ជំនឿ​របស់​គ្រីស្ត‌បរិស័ទ។ គ្រីស្ត‌បរិស័ទ​មិន​គ្រាន់​តែ​ស្ដាប់​ព្រះ‌បន្ទូល​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ប្រតិបត្តិ​តាម​ផង​ដែរ។ ជំនឿ​ដែល​មិន​បង្កើត​ផល (អំពើ​ល្អ) ជា​ជំនឿ​ឥត​ខ្លឹម‌សារ។
លោក​យ៉ាកុប​ដាស់​តឿន​គ្រីស្ត‌បរិស័ទ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​ទទួល​អ្នក​ឯ​ទៀតៗ​ដោយ​មិន​ប្រកាន់​វណ្ណៈ មិន​រើស​មុខ ត្រូវ​គោរព​អ្នក​ក្រ និយាយ​ស្ដី​ឲ្យ​ចេះ​ទប់​សម្ដី។ គាត់​ស្ដី​បន្ទោស​ពួក​អ្នក​មាន​យ៉ាង​ខ្លាំង ព្រោះ​គេ​ជិះ‌ជាន់​អ្នក​ក្រ។
នៅ​ចុង​បញ្ចប់ លោក​ដាស់​តឿន​គ្រីស្ត‌បរិស័ទ​ឲ្យ​ព្យាយាម​អធិស្ឋាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

គម្រោង​គម្ពីរ​យ៉ាកុបៈ

• សេចក្ដី​ផ្ដើម ១.១
• ជំនឿ និង​ប្រាជ្ញា ១.២-៨
• អ្នក​ក្រ និង​អ្នក​មាន ១.៩-១១
• ការ​ល្បង​ជំនឿ និង​ការ​ល្បួង ១.១២-១៨
• ការ​ស្ដាប់ និង​ការ​ប្រព្រឹត្ត​តាម ១.១៩-២៧
• មិន​ត្រូវ​ប្រកាន់​វណ្ណៈ ២.១-១៣
• ជំនឿ និង​អំពើ​ល្អ ២.១៤‑២៦
• គ្រីស្ត‌បរិស័ទ និង​អណ្ដាត ៣.១-១៨
• គ្រីស្ត‌បរិស័ទ និង​លោកីយ៍ ៤.១‑៥.៦
• ពាក្យ​ទូន្មាន​ផ្សេងៗ ៥.៧-២០
សេចក្ដី​ផ្ដើម
 ខ្ញុំ យ៉ាកុប ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ និង​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត* សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ ដែល​បែក‌ខ្ញែក​គ្នា​ក្នុង​ពិភព‌លោក​ទាំង​មូល សូម​ជ្រាប។
ការ​ល្បង​ជំនឿ និង​ការ​ល្បួង
 បង‌ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង​ដែល​បង‌ប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថាជា​ការ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ  ដោយ​ដឹង​ថា ការ​ល្បង‌លមើល​ជំនឿ​របស់​បង‌ប្អូននឹង​នាំ​ឲ្យ​បង‌ប្អូន​ចេះ​ស៊ូ​ទ្រាំ។  ប៉ុន្តែ ត្រូវ​ឲ្យ​ការ​ស៊ូ​ទ្រាំ​នេះ បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។
 ក្នុង​ចំណោម​បង‌ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​ទូលាយ ឥត​បន្ទោស​ឡើយ  ប៉ុន្តែ អ្នក​នោះ​ត្រូវ​ទូល​សូម ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។  មនុស្ស​ប្រភេទ​នេះមិន​ត្រូវ​នឹក​ស្មាន​ថានឹង​បាន​ទទួល​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ  ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ត​ពីរ មិន​ដែល​នឹង​ន​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ប្រព្រឹត្ត​ទេ។
សូម​ឲ្យ​បង‌ប្អូន​ដែល​ក្រីក្រ​បាន​ខ្ពស់​មុខ​ឡើង ដោយ​ព្រះ‌ជាម្ចាស់​លើក​តម្កើង​គេ​ហើយ។ ១០ រីឯ​បង‌ប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​ព្រះ‌ជាម្ចាស់​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កា។ ១១ លុះ​ដល់​ថ្ងៃ​រះ​ពេញ​កម្ដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ច‌ការ ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។
១២ អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះ‌ជាម្ចាស់​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់​ ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។
១៣ ពេល​នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ជាម្ចាស់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​ព្រះ‌ជាម្ចាស់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ឡើយ ហើយ​ព្រះ‌អង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។ ១៤ ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់‌ទាញ និង​លួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។ ១៥ ចិត្ត​លោភ‌លន់​តែង‌តែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចម្រើន​ដល់​កម្រិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់​។
១៦ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​យល់​ច្រឡំ​ឡើយ។ ១៧ គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះ‌បិតា​ដែល​បង្កើត​ពន្លឺ​។ ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។ ១៨ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាងនៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌អង្គ​បង្កើត​មក។
ការ​ស្ដាប់ និង​ការ​អនុវត្ត​តាម​ព្រះ‌បន្ទូល
១៩ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង‌ប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង ២០ ដ្បិត​អ្នក​មាន​កំហឹងពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត*​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ ២១ ហេតុ​នេះ បង‌ប្អូន​ត្រូវ​លះ‌បង់​ចិត្ត​សៅ‌ហ្មង​គ្រប់​យ៉ាង និង​ចិត្ត​កំរោល​ឃោរ‌ឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ត​ស្លូត‌បូត ទទួល​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បណ្ដុះ​ក្នុង​បង‌ប្អូន ព្រោះ​ព្រះ‌បន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បង‌ប្អូន។
២២ ចូរ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្ដាប់​ទាំង​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ។ ២៣ អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​ហើយ មិន​ប្រតិបត្តិ​តាម អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន ២៤ លុះ​ពិនិត្យ​មើល​រួច​ហើយ ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថា​មុខ​ខ្លួន​ឯង​ដូច​ម្ដេច​ផង។ ២៥ រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​វិន័យ​ដ៏​គ្រប់​លក្ខណៈ ជា​វិន័យ​ដែល​ផ្ដល់​សេរី‌ភាព ហើយ​ព្យាយាម​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ គឺ​មិន​គ្រាន់​តែ​ស្ដាប់ រួច​ភ្លេច​អស់​ទៅ អ្នក​នោះ​នឹង​មាន​សុភមង្គល*​ក្នុង​កិច្ច‌ការ​ដែល​ខ្លួន​ធ្វើ​ជា​មិន​ខាន។
២៦ ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថាខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ ហើយ​សាសនា​ដែល​ខ្លួន​កាន់​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ២៧ រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ជា​ម្ចាស់​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។
គ្រីស្ត‌បរិស័ទ​មិន​ត្រូវ​ប្រកាន់​វណ្ណៈ
 បង‌ប្អូន​អើយ បង‌ប្អូន​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី​រុង‌រឿង​របស់​យើង​ហើយ ដូច្នេះ សូម​កុំ​ប្រកាន់​វណ្ណៈ​ឲ្យ​សោះ។
ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក​មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក‌បំពាក់​ភ្លឺ‌ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក‌រយ៉ី‌រយ៉ៃ​ចូល​មក​ដែរ  ប្រសិន​បើ​បង‌ប្អូន​រាក់‌ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ‌ផ្លេក​នោះ ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯ‌ណេះ!» ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!» ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯ‌ណេះ!»  តើ​មិន​បាន​សេចក្ដី​ថា បង‌ប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បង‌ប្អូន ដោយ​រើស​មុខ ហើយ​បង‌ប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?។
 បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​ស្ដាប់​ខ្ញុំ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​ព្រះ‌រាជ្យ*​ដែល​ព្រះ‌អង្គ​បាន​សន្យា​ថាប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌អង្គ​ទុក​ជា​មត៌ក។  រីឯ​បង‌ប្អូន បង‌ប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​បង‌ប្អូន និង​អូស​ទាញ​បង‌ប្អូន​យក​ទៅ​ឲ្យ​តុលា​ការ​កាត់​ទោស!  តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់‌ងាយ​ព្រះ‌នាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បង‌ប្អូន​​ទេ​ឬ!
 ប្រសិន​បើ​បង‌ប្អូន​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌រាជ្យ ស្រប​តាម​គម្ពីរ ពោល​គឺ«ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង‌ប្អូន​ពិត​ជា​បាន​សម្រេច​កិច្ច‌ការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។  ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​វិន័យ​ចាត់​ទុក​បង‌ប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ១០ ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​វិន័យ​ទាំង​មូល​ដែរ។ ១១ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ​ហើយ។
១២ បង‌ប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​ឲ្យ​ស្រប​នឹង​វិន័យ​ដែល​ផ្ដល់​សេរី‌ភាព គឺ​មាន​តែ​វិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បង‌ប្អូន ១៣ ដ្បិត​អ្នក​ណា​គ្មាន​ចិត្ត​មេត្តា‌ករុណា ព្រះ‌ជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តា‌ករុណា មិន​ខ្លាច​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ឡើយ។
ជំនឿ និង​អំពើ​ល្អ
១៤ បង‌ប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ? ១៥ ប្រសិន​បើ​បង‌ប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ ១៦ ហើយ​មាន​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត សូម​ឲ្យ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​ឲ្យ​បាន​ឆ្អែត!» តែ​មិន​ឲ្យ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី? ១៧ រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!។
១៨ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថាៈ អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អឲ្យ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ ១៩ អ្នក​ជឿ​ថា​ព្រះ‌ជាម្ចាស់​មាន​តែ​មួយ​ព្រះ‌អង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ខ​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។ ២០ ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ! ២១ លោក​អប្រាហាំ​ជា​បុព្វ‌បុរស​របស់​យើង​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​លោក​ប្រព្រឹត្ត គឺ​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា។ ២២ អ្នក​ឃើញ​ទេ ជំនឿ​របស់​លោក​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​ពេញ​លក្ខណៈ ២៣ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ប្រោស​លោក​ឲ្យ​សុចរិត* ដោយ​យល់​ដល់​ជំនឿ​នេះ» លោក​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ២៤ ដូច្នេះ បង‌ប្អូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដោយ‌សារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយ‌សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ ២៥ នាង​រ៉ាហាប់​ជា​ស្ត្រី​ពេស្យា​ក៏​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​នាង​ប្រព្រឹត្ត​ដែរ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារ​ឲ្យ​ស្នាក់​នៅ ហើយ​ឲ្យ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ ២៦ រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់​យ៉ាង​ណា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​យ៉ាង​នោះ​ដែរ។
អំពី​អណ្ដាត
 បង‌ប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​យើង​ជា​គ្រូយ៉ាង​តឹង‌រ៉ឹង​ជាង​គេ។  យើង​ទាំង​អស់​គ្នា​តែង‌តែ​ធ្វើ​ខុស​ជា​ច្រើន។ អ្នក​ណា​ឥត​ធ្វើ​ខុស ដោយ​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណៈ អាច​ត្រួត​លើ​ខ្លួន​ឯង​ទាំង​មូល​បាន។  ប្រសិន​បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះយើង​អាច​ញាក់​ខ្លួន​វា​ទាំង​មូល ឲ្យ​ទៅ​ណា​ក៏​បាន។  សូម​គិត​ពី​សំពៅ​ដែរ ទោះ​បី​វា​ធំ​ប៉ុន​ណា ហើយ​មាន​ខ្យល់​បក់​មក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ‌សារ​ចង្កូត​ដ៏​តូច​មួយ។  រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​សរីរាង្គ​មួយ​តូច​មែន តែ​ពូកែ​ធ្វើ​ការ​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ផ្កា​ភ្លើង​មួយ​តូចក៏​អាច​ធ្វើ​ឲ្យ​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​បាន​ដែរ!  អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។  មនុស្ស​ជាតិ​អាច​ផ្សាំង​សត្វ​គ្រប់​ប្រភេទ​បាន​ទាំង​អស់ ទាំង​សត្វ​ព្រៃ ទាំង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ សត្វ​នៅ​ក្នុង​ទឹក ក៏​មនុស្ស​ផ្សាំង​បាន​ដែរ  ប៉ុន្តែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ​ដែល​ចេះ​តែ​គន្លាស់​ជា‌និច្ច ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុល បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។  ដោយ‌សារ​អណ្ដាត យើង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដាសា​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ​ដែរ ១០ គឺ​ទាំង​ពាក្យ​អរ​ព្រះ‌គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដាសា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បង‌ប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ១១ តើ​ប្រភព​ទឹក​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង ពី​រន្ធ​តែ​មួយ​បាន​ឬ? ១២ បង‌ប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ឡើយ។
ប្រាជ្ញា​ដែល​មក​ពី​ព្រះ‌ជាម្ចាស់
១៣ ក្នុង​ចំណោម​បង‌ប្អូន បើ​អ្នក​ណា​មាន​ប្រាជ្ញា និង​ចេះ​ដឹង សូម​សម្ដែង​កិរិយា​មារ‌យាទ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ផុស​ចេញ​មក​ពី​ចិត្ត​ស្លូត​បូត និង​ពី​ប្រាជ្ញា​ទាំង​ស្រុង។ ១៤ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​មាន​ចិត្ត​ច្រណែន‌ឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។ ១៥ ប្រាជ្ញា​បែប​នេះមិន​មែន​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អារក្ខ ១៦ ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែង‌តែ​មាន​ការ​ខ្វះ​សណ្ដាប់​ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។ ១៧ រីឯ​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ* បន្ទាប់​មក ជា​ប្រាជ្ញា​ផ្ដល់​សន្តិ‌ភាព មាន​អធ្យាស្រ័យ ទុក​ចិត្ត​គ្នា ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លំអៀង ឥត​មាន​ពុត‌ត្បុត។ ១៨ អស់​អ្នក​កសាង​សន្តិ‌ភាពតែង​សាប​ព្រោះ​សន្តិ‌ភាព ហើយ​ច្រូត​យក​ផល​ជា​ជីវិត​សុចរិត*។
ការ​ស្រឡាញ់​លោកីយ៍
 ការ​ទាស់‌ទែង ឈ្លោះ​ប្រកែក​គ្នា ក្នុង​ចំណោម​បង‌ប្អូន កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ត​ស្រើប‌ស្រាល ដែល​ប្រទាញ‌ប្រទង់​គ្នា​ នៅ​ក្នុង​សរីរាង្គ​របស់​បង‌ប្អូន​ទេ​ឬ?  បង‌ប្អូន​មាន​ចិត្ត​លោភ‌លន់ តែ​មិន​បាន​ដូច​ការ​ប៉ង‌ប្រាថ្នា​ទេ បង‌ប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បង‌ប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បង‌ប្អូន​មិន​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។  បង‌ប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បង‌ប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បង‌ប្អូន​ចង់​បាន​សម្រាប់​តែ​បំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។
 មនុស្ស​ក្បត់​ចិត្ត​អើយ​! បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់!  តើ​បង‌ប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​វិញ្ញាណ ដែល​ព្រះ‌អង្គ​ប្រទានឲ្យ​មក​គង់​ក្នុង​បង‌ប្អូន​រហូត​ដល់​ប្រច័ណ្ឌ។  ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា«ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»
 ដូច្នេះ សូម​បង‌ប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​មិន​ខាន។  សូម​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​បង‌ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ*​ទៅ!​ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជម្រះ​ចិត្ត​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!  ចូរ​ទទួល​ស្គាល់​ថាខ្លួន​ធ្លាក់​ដល់​កម្រិត​ណា​ហើយ ចូរ​កាន់​ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​ឲ្យ​សំណើច​ក្អាក‌ក្អាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​សប្បាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ ១០ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។
កុំ​ថ្កោល​ទោស​បង‌ប្អូន
១១ បង‌ប្អូន​អើយ មិន​ត្រូវ​និយាយ​ដើម​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​ដើម ឬ​ថ្កោល​ទោស​បង‌ប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយ​ដើម​វិន័យ* និង​ថ្កោល​ទោស​វិន័យ​ដែរ។ ប្រសិន​បើ​អ្នក​ថ្កោល​ទោស​វិន័យ​បាន​សេចក្ដី​ថា អ្នក​មិន​មែន​កាន់​វិន័យ​ទេ គឺ​អ្នក​ថ្កោល​ទោស​វិន័យ​ទៅ​វិញ។ ១២ មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​គត់​ដែល​បង្កើត​វិន័យ ហើយ​ព្រះ‌អង្គ​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស។ មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ និង​ធ្វើ​ឲ្យ​វិនាស។ រីឯ​អ្នក​វិញ តើ​អ្នក​មាន​ឋានៈ​អ្វីបាន​ជា​ហ៊ាន​ថ្កោល​ទោស​បង‌ប្អូន​ឯ​ទៀតៗ​ដូច្នេះ!
កុំ​មាន​គំនិត​ខ្ពស់
១៣ ឥឡូវ​នេះ ចំពោះ​បង‌ប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជម្រាប​ថា ១៤ បង‌ប្អូន​ពុំ​ដឹង​ថា ថ្ងៃ​ស្អែក ជីវិត​បង‌ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បង‌ប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយ‌ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ ១៥ បង‌ប្អូន​គួរ​តែ​ពោល​ថា «បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ» ១៦ តែ​ឥឡូវ​នេះ បង‌ប្អូន​បែរ​ជា​ក្អេង‌ក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេង‌ក្អាង​បែប​នេះ​អាក្រក់​ណាស់។ ១៧ ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។
ការ​ព្រមាន​ពួក​អ្នក​មាន
 ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន!  ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា​រលួយ​អស់ ហើយ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កណ្ដៀរ​ស៊ី​ដែរ។  មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នេះ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា ដូច​ភ្លើង​ឆេះ​សុស​ដែរ។ គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត អ្នក​រាល់​គ្នា​បាន​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក  ឥត​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សម្រែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*​។  អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែន‌ដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំ‌ថ្កើង រុង‌រឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ត​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។  អ្នក​រាល់​គ្នា​បាន​ដាក់​ទោស និង​ប្រហារ​ជីវិត​មនុស្ស​សុចរិត តែ​គេ​ពុំ​បាន​ប្រឆាំង​តប​ត​នឹង​អ្នក​រាល់​គ្នា​វិញ​ឡើយ។
ការ​អត់‌ធ្មត់ និង​ការ​ព្យាយាម​អធិស្ឋាន
 ដូច្នេះ បង‌ប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ពេល​ព្រះ‌អម្ចាស់​យាង​មក​យ៉ាង​រុង‌រឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់‌ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​ឲ្យ ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ​។  បង‌ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ តាំង​ចិត្ត​ឲ្យ​រឹង‌ប៉ឹង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។
បង‌ប្អូន​អើយ មិន​ត្រូវ​រអ៊ូ‌រទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ ១០ បង‌ប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រង‌ទុក្ខ​លំបាក និង​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ ១១ យើង​តែង‌តែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បង‌ប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ​ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បង‌ប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះ‌អម្ចាស់​ឲ្យ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ និង​មេត្តា‌ករុណា​យ៉ាង​ក្រៃ‌លែង។
១២ ជា​ពិសេស បង‌ប្អូន​អើយ កុំ​ស្បថ​ឲ្យ​សោះ គឺ​កុំ​យក​មេឃ យក​ផែន‌ដី ឬ​យក​អ្វី​ផ្សេង​ទៀត​មក​ធ្វើ​ជា​ប្រធាន​សម្បថ​ឡើយ បើ​ថា«មែន» ឲ្យ​ប្រាកដ​ជា​«មែន» «ទេ» ឲ្យ​ប្រាកដ​ជា​«ទេ» ដើម្បី​កុំ​ឲ្យ​មាន​ទោស។
១៣ ក្នុង​ចំណោម​បង‌ប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​ឲ្យ​គាត់​អធិស្ឋាន* បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់។ ១៤ ក្នុង​ចំណោម​បង‌ប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​ព្រឹទ្ធា‌ចារ្យ​របស់​ព្រះ‌សហគមន៍​មក ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ​គាត់ និង​លាប​ប្រេង*​ឲ្យ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ ១៥ ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​ក្រោក​ឡើង​វិញ ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះ‌អង្គ​នឹង​លើក‌លែង​ទោស​ឲ្យ។ ១៦ ដូច្នេះ សូម​បង‌ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​ជា​សះ‌ស្បើយ។ ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត*​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។ ១៧ ព្យាការី​អេលី​ជា​មនុស្ស​ដូច​យើង​ដែរ លោក​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែន‌ដី អស់‌រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។ ១៨ បន្ទាប់​មក លោក​អធិស្ឋាន​សា​ជា​ថ្មី មេឃ​ក៏​បង្អុរ​ភ្លៀង​មក ហើយ​ដី​ក៏​បង្កើត​ភោគ​ផល​ដែរ។
១៩ បង‌ប្អូន​អើយ ក្នុង​ចំណោម​បង‌ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ហើយ​បើ​មាន​ម្នាក់​ទៀត​នាំ​គាត់​ឲ្យ​វិល​ត្រឡប់​មក​វិញ ២០ តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​ឲ្យ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់​ផង
528 Views

Theme: Overlay by Kaira