
ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful?
កាលយើងនៅក្មេងនៅឡើយ យើងតែងតែយល់ព្រមនូវសេចក្តីបង្រៀនអំពីជំនឿដែលយើងបានទទួល។ លុះដល់ពេលយើងចម្រើនវ័យធំឡើង យើងយល់ឃើញថា ជីវិត និងជំនឿមិនមែនមានពណ៌ខ្មៅ និងសនោះទេ ហើយក៏មិនមែនតែងតែរីករាយ និងងាយស្រួលនោះដែរ។ យើងអាចមានការយល់ច្រឡំ ឬស្រពេចស្រពិល ឬចាប់ផ្តើមមានមន្ទិលនូវសេចក្ដីដែលយើងបានរៀន ខណៈពេលដែលយើងប្រឈមមុខជាមួយសំណួរ និងតថភាពនៃជីវិត។
មានមន្ទិល និងភាពមិនច្បាស់លាស់ គឺជាសញ្ញាសម្គាល់អំពីជំនឿ និងការចម្រើនឡើង មិនមែនខ្វះជំនឿនោះទេ។ ពេលខ្លះ អាចនិយាយបានថា ភាពផ្ទុយនៃជំនឿគឺជា ភាពជាក់ស្តែង ពីព្រោះភាពជាក់ស្ដែងបិទគំនិត និងចិត្ដរបស់យើងចំពោះព្រះជាម្ចាស់ ដែលត្រាស់ហៅយើងឱ្យកាន់តែចម្រើនឡើងនៅក្នុងជំនឿ តាមរយៈជីវិតរបស់យើង។
កើតជាមនុស្សគឺមានមន្ទិល
មានរឿងនិទានមួយអំពីមនុស្សម្នាក់រស់នៅលើកោះ នៅពេលដាច់ស្បៀង គាត់បានដើរទៅកាន់មាត់សមុទ្រដើម្បីស្វែងរកអាហារ។ គាត់មានវ័យចំណាស់ពេកមិនអាចឡើងលើដើមដូងបានឡើយ ហេតុនេះ គាត់ក៏ព្យាយាមអង្រួនដើមដូងដើម្បីឱ្យជ្រុះផ្លែខ្លះៗ។ មានស្វាមួយក្បាលខឹងសម្បាក៏ប្រឡេះផ្លែដូងជាច្រើនផ្លែគ្រវែងដាក់បុរសនោះ។ គាត់ក៏គេចពីផ្លែដូង រួចហើយរើសយកទៅផ្ទះ ទុកបរិភោគបានពីរបីថ្ងៃ។
មន្ទិលប្រៀបបាននឹងផ្លែដូងទាំងនោះ។ ពួកវាអាចសម្លាប់យើងបាន តែក៏ជាមធ្យោយបាយដើម្បីឱ្យយើងរស់ និងចម្រើនឡើង។ ចិត្តវិទូប្រាប់យើងថា ការសម្រេចចិត្ដដ៏សំខាន់ជាងគេនៅក្នុងជីវិតរបស់យើងគឺ តើការងារអ្វីដែលខ្ញុំត្រូវធ្វើ តើនរណាដែលខ្ញុំត្រូវរៀបការជាមួយ សូម្បីតែការចង់បានកូនក៏ត្រូវសម្រេចចិត្ដដែរ។ ទាំងអស់នេះ យើងពុំដែលមានចំណេះដឹងគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តដោយគ្មានមន្ទិលនោះទេ។ ដ្បិតយើងមិនអាចមើលឃើញអំពីអនាគតឡើយ។ កាលណាយើងផ្លាស់ប្ដូរ ស្វាមីភរិយា និងកូនរបស់យើងក៏នឹងផ្លាស់ប្ដូរដែរ។
យើងនឹងមានទុក្ខកង្វល់ ការថប់អារម្មណ៍ និងមានមន្ទិល សូម្បីតែជំងឺនៅលើរូបកាយ ឬរបួសស្នាម ការក្បត់ចិត្ត ឬបាត់បង់មិត្ដសម្លាញ់ ភាពឯកោ វិបត្ដិជំងឺផ្លូវចិត្ត ឬវិបត្ដិក្រមសីលធម៌ធ្ងន់ធ្ងរ ឬការសម្រេចចិត្ដនៅក្នុងជីវិតជាច្រើនទៀតក៏អាចកើតមានបានដែរ។ ស្ថានភាពនៃជីវិតទាំងអស់នេះកើតឡើងដោយសារយើង ដែលមាននៅក្នុងតំណរពូជ ការចិញ្ចឹមបីបាច់ វប្បធម៌ អំណោយទាន ការអប់រំ និងជំនឿរបស់យើង។
យើងមានជំនឿលើព្រះជាម្ចាស់ដ៏សប្បុរស ហើយព្រះអង្គចង់ឱ្យយើងល្អ ជួយយើងឱ្យដឹងថា យើងនៅទីនេះក៏ដោយសារតែសេចក្តីស្រឡាញ់ ព្រមទាំងឱ្យយើងជឿថា សេចក្តីស្រឡាញ់តែងតែមានជ័យជំនះជានិច្ច។ យើងនឹងប្រព្រឹត្ដកំហុស និងជួបឧបសគ្គ ប៉ុន្តែតាមរយៈជំនួយមកពីព្រះជាម្ចាស់ យើងនឹងរៀន ហើយយើងនឹងរីកចម្រើនឡើង។
ដើម្បីក្ដោបក្ដាប់ជីវិតដ៏ពេញលក្ខណៈដែលព្រះយេស៊ូបានសន្យាចំពោះយើង យើងត្រូវតែរៀនរស់នៅក្នុងមន្ទិល សេចក្តីងងឹត និងការចោទសួរសំណួរ។ ការលំបាកដែលយើងជួបប្រទះជារឿយៗនេះ ផ្តល់កំណើតដល់ការលូតលាស់ និងសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ។
តើលទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
សេចក្តីដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អបំភ្លឺយើងឱ្យយល់យ៉ាងច្បាស់ថា មនុស្សជាច្រើនដែលដើរតាមព្រះយេស៊ូក៏ព្រោះតែពួកគេមានជំនឿផ្ទាល់ខ្លួនលើព្រះអង្គ និងលើសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះពួកគេ។ យើងឃើញច្បាស់ សូម្បីតែនៅពេលដែលពួកគេមិនអាចយល់សេចក្ដីបង្រៀនរបស់ព្រះអង្គក៏ដោយ។ អ្នកដើរតាមព្រះយេស៊ូជាច្រើននាក់បោះបង់ចោលព្រះអង្គ នៅពេលដែលព្រះអង្គប្រាប់ពួកគេឱ្យបរិភោគសាច់ និងពិសាលោហិតរបស់ព្រះអង្គ (យហ ៦,៦៦) ហើយព្រះអង្គក៏បានសួរក្រុមសាវ័ក ប្រសិនបើពួកគេចង់ចាកចេញពីព្រះអង្គដែរ។ លោកសិលាបានឆ្លើយតបនឹងព្រះយេស៊ូវិញថា៖ «បពិត្រព្រះអម្ចាស់ តើឱ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឱ្យមក» (យហ ៦,៦៨)។ ចម្លើយនេះបង្ហាញយើងឱ្យដឹងថា ជំនឿផ្ទាល់ខ្លួនម្នាក់ៗគឺជាថ្មដានៃជំនឿរបស់យើង។
តើព្រះគម្ពីរចែងអ្វីខ្លះ?
ព្រះអង្គនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។
ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។
ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖
«ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។
ព្រះអង្គយាងទៅមុខបន្ដិច ក្រាបចុះដល់ដី
ទូលអង្វរសូមឱ្យទុក្ខលំបាកនេះចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។
ព្រះអង្គទូលថា៖ «អ័ប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន
សូមដកយកពែងនៃទុក្ខលំបាកនេះចេញឱ្យឆ្ងាយពីទូលបង្គំទៅ
ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ។»
(មក ១៤,៣៣-៣៦)
ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ
ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?
(មក ១៥,៣៤)
តើដោះស្រាយយ៉ាងដូចម្ដេចនៅពេលមានមន្ទិល?
ចូរនឹកចាំថា មន្ទិលគឺជារឿងធម្មតា។ ទោះបីសន្ដសន្ដីបុគ្គលដ៏ឧត្ដមជាច្រើននាក់ក៏បានរស់នៅដោយឆ្លងកាត់មន្ទិល ហើយក៏បានចម្រើនឡើងដោយសារមន្ទិលនេះដែរ។ មន្ទិលអាចជាឱកាសឱ្យយើងលះបង់ការពឹងពាក់លើការជួយជ្រុមជ្រែង និងលើគំនិតរបស់អ្នកដទៃ ដើម្បីឱ្យយើងជឿជាក់លើទំនាក់ទំនងរបស់ខ្លួនយើងផ្ទាល់ជាមួយព្រះជាម្ចាស់កាន់តែខ្លាំងឡើង។
ទោះបីជាមន្ទិលគឺជារឿងធម្មតាក៏ដោយ ក៏មិនត្រូវស្ទាក់ស្ទើចែករំលែកអំពីវាដោយសេរីជាមួយអ្នកណែនាំ លោកបូជាចារ្យ ឬពន្ធការីឯទៀត។ ការជជែកជារឿយៗអំពីមន្ទិលនឹងធ្វើឱ្យវារសាត់បាត់ទៅ។
ចុងក្រោយ ចេះប្រើប្រាស់និមិត្តរូបអំពីសោភ័ណភាពដ៏ស្រស់ស្អាតនៃព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានឱ្យយើងម្នាក់ៗ។ ប្រព្រឹត្តតាមគំរូរបស់សន្ដថូម៉ាស គឺដាក់ដៃនៅលើស្នាមរបួសរបស់ព្រះយេស៊ូដែលប្រកបដោយសិរីរុងរឿង។ ចូរទទួលកម្លាំង និងសេចក្តីស្រឡាញ់ដែលហូរចេញមកពីព្រះយេស៊ូលាងជម្រះមន្ទិលរបស់អ្នករាល់គ្នាតាមរយៈឫទ្ធានុភាពនៃសេចក្តីស្រឡាញ់នោះ។
ពាក្យអធិដ្ឋានរបស់គ្រីស្តទូតថូម៉ាស
ឱសន្ដថូម៉ាសដ៏ឧត្ដម! សេចក្ដីសោកសង្រេងរបស់លោកចំពោះព្រះយេស៊ូបានរារាំងមិនឱ្យលោកជឿលើព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញឡើយ រហូតទាល់តែលោកបានឃើញព្រះអង្គជាក់ស្ដែង និងបានប៉ះពាល់ស្នាមរបួសរបស់ព្រះអង្គផង។ ប៉ុន្តែ លោកមានចិត្ដស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង និងហ៊ានថ្វាយជីវិតដើម្បីព្រះអង្គ។ ឱសន្ដថូម៉ាសអើយ! សូមជួយអធិដ្ឋានសម្រាប់យើងខ្ញុំ ដើម្បីឱ្យយើងមានចិត្ដសោកសង្រេងចំពោះអំពើបាបរបស់ខ្លួន ដែលបណ្ដាលឱ្យព្រះគ្រីស្ដរងទុក្ខលំបាកយ៉ាងខ្លាំង។ សូមជួយយើងខ្ញុំឱ្យចេះផ្ញើជីវិតបម្រើព្រះអង្គ និងមានសុភមង្គលតាមព្រះបន្ទូលប្រទានពររបស់ព្រះយេស៊ូដល់អស់អ្នកដែលជឿលើព្រះអង្គដោយឥតបានឃើញ។
អាមែន។