សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីហូសេ

ពាក្យលំនាំ

ហូសេ

(ព្យាការី​ហូសេ)

ពាក្យ​លំនាំ

ព្រះ‌ជាម្ចាស់​ត្រាស់‌ហៅ​លោក​ហូសេ​ឲ្យ​ធ្វើ​ជា​ព្យាការី នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទៅ​ថ្លែង​ប្រាប់​ប្រជាជន​អ៊ីស្រា‌អែល (រាជា‌ណា​ចក្រ​ខាង​ជើង) ប្រមាណ​ដប់​ឆ្នាំ ក្រោយ​ព្យាការី​អម៉ូស ពោល គឺ​នៅ​អំឡុង​ឆ្នាំ ៧៥០ មុន​គ្រីស្ដ‌សករាជ។ លោក​បម្រើ​ព្រះ‌អង្គ​អស់‌រយៈ​ពេល​ប្រមាណ​ម្ភៃ​ប្រាំ​ឆ្នាំ គឺ​ជិត​ដល់​គ្រា​ដែល​កង‌ទ័ព​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ប្រជាជន​យក​ទៅ​ជា​ឈ្លើយ​នៅ​ឆ្នាំ ៧២២-៧២១ មុន​គ្រីស្ត‌សករាជ។
ក្នុង​អំឡុង​ពេល​នោះ (សូម​អាន ២​ពង្ស.១៤:២៣‑១៧.២៣) ក្រោយ​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម​ទី ២ អាណា‌ចក្រ​អ៊ីស្រា‌អែល​ខាង​ជើង​កាន់​តែ​ចុះ​ឱន​ថយ​ទៅ។ ពី​ខាង​ក្រៅ កង‌ទ័ព​ស្រុក​អាស្ស៊ីរី​ឈ្លាន‌ពាន​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឡើងៗ រីឯ​នៅ​ផ្ទៃ​ក្នុង រដ្ឋ​ប្រហារ​ដណ្ដើម​រាជ‌សម្បត្តិ​ក៏​កើត​ឡើង​ផ្ទួនៗ​គ្នា​ដែរ។ ស្តេច​ថ្មីៗ​ដែល​ឡើង​សោយ​រាជ្យ តែង​ប្រកាន់​ជំហរ​នយោ‌បាយ​ផ្សេងៗ​ពី​គ្នា។ ពី​មុន លោក​អម៉ូស​ធ្លាប់​បាន​ប្រកាស​អំពី​កង្វះ​សម‌ភាព​នៅ​ក្នុង​សង្គម​ដែរ ប៉ុន្តែ នៅ​ជំនាន់​របស់​លោក​ហូសេ ស្ថាន‌ភាព​នេះ​ចេះ​តែ​កើន​ធ្ងន់‌ធ្ងរ​ឡើងៗ។ លើស​ពី​នោះ ជំនឿ​នៃ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​ធ្លាក់​ឱន​ថយ គឺ​ពួក​គេ​បោះ‌បង់​ចោល​ព្រះ‌អង្គ​បែរ​ទៅ​គោរព​សាសនា​របស់​ជន​ជាតិ​កាណាន។
កណ្ឌ​គម្ពីរ​ហូសេ​រៀប‌រាប់​នូវ​ភាព​ប្រេះ​ឆា​ក្នុង​ក្រុម​គ្រួសារ​របស់​ព្យាការី ដែល​ជា​ទី​សម្គាល់​អំពី​ស្ថាន‌ភាព​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ភរិយា​របស់​ព្យាការី​ហូសេ​បាន​ក្បត់​ចិត្ត​លោក ធ្វើ​ឲ្យ​លោក​របួស​ចិត្ត ជា​រូប‌ភាព​មួយ​លាត​ត្រដាង​អំពី​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌ជាម្ចាស់ ដែល​ត្រូវ​ប្រជាជន​អ៊ីស្រា‌អែល​បោះ‌បង់​ចោល ដោយ​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ។ ទោះ​បី​ទំនាក់‌ទំនង​រវាង​ព្រះ‌ជាម្ចាស់ និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ធ្លាក់​ដុន‌ដាប​យ៉ាង​នេះ​ក្តី ក៏​ព្យាការី​ហូសេ​ប្រកាស​ថា នៅ​ទី​បញ្ចប់ សេចក្ដី​ស្រឡាញ់​រវាង​ព្រះ‌ជាម្ចាស់ និង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​នឹង​ផ្សា​គ្នា​ជាប់​វិញ ដូច​រូប​លោក​ផ្ទាល់​ទទួល​ភរិយា​ដែល​ក្បត់​ចិត្ត​មក​វិញ​ដែរ។
យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​ហូសេ​ជា​បួន​ផ្នែក:
• បញ្ហា​ក្នុង​គ្រួសារ​របស់​ព្យាការី​ជា​ទី​សម្គាល់​នៃ​ស្ថាន‌ភាព​ជន​ជាតិ​អ៊ីស្រា‌អែល (ចំពូក ១‑៣)។
• ស្ថាន‌ភាព​ជន​ជាតិ​អ៊ីស្រា‌អែល និង​អត្ថ‌ន័យ​ខាង​ផ្លូវ​វិញ្ញាណ (៤.១‑៩.៩)។
• អ៊ីស្រា‌អែល​ក្បត់​ចិត្ត​ព្រះ‌ជាម្ចាស់ តាំង​ពី​យូរ‌លង់​មក​ហើយ (៩.១០-១៤.១)។
• ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​មិន​ប្រែ‌ប្រួល​ឡើយ (១៤.២‑១០)។
 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​ហូសេ ជា​កូន​របស់​លោក​បេរី នៅ​រជ្ជ‌កាល​ព្រះ‌បាទ​អសា‌រីយ៉ា ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អខាស និង​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​ស្តេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។
អាពាហ៍‌ពិពាហ៍​របស់​លោក​ហូសេ
 ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម‌រយៈ​លោក​ហូសេ ចាប់​ផ្តើម​ដូច​ត​ទៅ:
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជាជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់!»។
 លោក​ហូសេ​ក៏​ទៅ​យក​នាង​កូមែរ ជា​កូន​របស់​លោក​ឌីប‌ឡា‌អ៊ីម មក​ធ្វើ​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “យីស‌រេ‌អែល”  ដ្បិត​បន្តិច​ទៀត យើង​នឹង​វិនិច្ឆ័យ​ទោស​រាជ‌វង្ស​របស់​ស្តេច​យេហ៊ូ ព្រោះ​តែ​ស្តេច​នេះ​បាន​បង្ហូរ​ឈាម​គេ​នៅ​យីស‌រេ‌អែល។ យើង​នឹង​លែង​ឲ្យ​មាន​ស្តេច​សោយ​រាជ្យ​លើ​ពូជ‌ពង្ស​អ៊ីស្រា‌អែល។  ថ្ងៃ​នោះ យើង​នឹង​បំបែក​កម្លាំង​ទ័ព​អ៊ីស្រា‌អែល​នៅ​វាល​យីស‌រេ‌អែល»។
 នាង​កូមែរ​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូរូ‌ហាម៉ា”  ដ្បិត​យើង​នឹង​លែង​អាណិត‌អាសូរ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ក៏​លែង​អត់‌ទោស​ឲ្យ​ពួក​គេ​រហូត​ដែរ។  ប៉ុន្តែ យើង​អាណិត‌អាសូរ​កូន​ចៅ​យូដា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​យើង​ផ្ទាល់ គឺ​មិន‌មែន​ដោយ​ប្រើ​ធ្នូ ដាវ សង្គ្រាម សេះ​ចម្បាំង ឬ​ដោយ​កង‌ពល‌សេះ​ឡើយ»។
 ក្រោយ​ពី​បាន​ផ្ដាច់​ដោះ​ឡូរូ‌ហាម៉ា​រួច​ហើយ នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត។  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូអាំមី”  ដ្បិត​អ្នក​រាល់​គ្នា​មិន‌មែន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន‌មែន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។
ថ្ងៃ​ដែល​អ៊ីស្រា‌អែល​បាន​រុង‌រឿង​ឡើង​វិញ
 (10) ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រា‌អែល
នឹង​កើន​ចំនួន​ច្រើន​ឡើង
ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ
គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។
នៅ​ទី​ណា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
“អ្នក​រាល់​គ្នា​មិន‌មែន​ជា​ប្រជាជន​របស់​យើង”
នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា:
“អ្នក​រាល់​គ្នា​ជា​បុត្រ‌ធីតា​របស់
ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ”។
 (១១) ពេល​នោះ កូន​ចៅ​យូដា
និង​កូន​ចៅ​អ៊ីស្រា‌អែល រួប‌រួម​គ្នា​វិញ
ពួក​គេ​ជ្រើស‌រើស​យក​មេ​ដឹក​នាំ​តែ​មួយ
ពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​ស្រុក​របស់​ខ្លួន​វិញ។
“ទិវា​យីស‌រេ‌អែល”
ពិត​ជា​ព្រឹត្តិ‌ការណ៍​មួយ​ដ៏​សំខាន់!  (១) ចូរ​ហៅ​បង‌ប្អូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ថា “អាំមី”
ចូរ​ហៅ​បង‌ប្អូន​ស្រី​របស់​អ្នក​រាល់​គ្នា​ថា
“រូហា‌ម៉ា”។
ជន​ជាតិ​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ភរិយា​ក្បត់​ចិត្ត
 (២) ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ
ដ្បិត​នាង​មិន‌មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ
ហើយ​យើង​ក៏​មិន‌មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ!
ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ពេស្យា
ចេញ​ពី​មុខ​របស់​ខ្លួន
ចូរ​ឲ្យ​នាង​ដក​សញ្ញា​សម្គាល់​ស្រី​ក្បត់​ប្ដី
ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!
 (៣) បើ​មិន​ដូច្នោះ​ទេ
យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង
ទុក​ឲ្យ​ខ្លួន​នៅ​ទទេ
ដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើត
យើង​ធ្វើ​ឲ្យ​នាង​ប្រៀប​បាន​នឹង
វាល​រហោ‌ស្ថាន។
យើង​ធ្វើ​ឲ្យ​នាង​ក្លាយ​ដូច​ជា​ដី​ហួត‌ហែង
យើង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។
 (៤) យើង​នឹង​មិន​អាណិត‌អាសូរ​កូន​របស់​នាង​ទេ
ព្រោះ​កូន​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ដែល​កើត​ពី
អំពើ​ពេស្យា‌ចារ។
 (៥) ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា
ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ
បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់
នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ
ព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹក
រោម​ចៀម និង​ក្រណាត់​ទេស‌ឯក
សម្រាប់​បិទ‌បាំង​កាយ
ព្រម​ទាំង​ប្រេង និង​ស្រា​ផង។
 (៦) ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​បន្លា
មក​ស្រះ​ផ្លូវ​របស់​នាង
យើង​ដាក់​របង​ឃាំង​នាង
ដើម្បី​កុំ​ឲ្យ​នាង​រក​ផ្លូវ​ឃើញ​ទៀត​ឡើយ។
 (៧) នាង​ខំ​រត់​តាម​គូ​ស្នេហ៍​របស់​នាង
តែ​តាម​ពួក​គេ​មិន​ទាន់​ទេ
នាង​ខំ​ដើរ​រក​ពួក​គេ តែ​រក​មិន​ឃើញ​ឡើយ។
នាង​ក៏​ពោល​ថា:
បើ​ដូច្នេះ ខ្ញុំ​នឹង​វិល​ទៅ​រក​ប្ដី​ដើម​វិញ
ដ្បិត​ពី​មុន ខ្ញុំ​សប្បាយ​ចិត្ត​ជាង​សព្វ​ថ្ងៃ​នេះ។
១០ (៨) នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯ‌ណេះ​ទេ
ដែល​ផ្តល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​ឲ្យ​នាង
យើង​ក៏​ផ្តល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរ
តែ​នាង បែរ​ជា​យក​របស់​ទាំង​នោះ​សែន
ព្រះ​បាល​ទៅ​វិញ។
១១ (៩) ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យក
ស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចម្រូត
យើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញ
នៅ​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ
យើង​ក៏​នឹង​យក​រោម​ចៀម
និង​ក្រណាត់​ទេស‌ឯក
សម្រាប់​បិទ‌បាំង​កាយ​នាង​ទៅ​វិញ​ដែរ។
១២ (១០) ឥឡូវ​នេះ យើង​បើក​កេរ្ដិ៍‌ខ្មាស​នាង
នៅ​ចំពោះ​មុខ​គូ​ស្នេហ៍​របស់​នាង
គ្មាន​នរណា​អាច​រំដោះ​នាង​ពី​ដៃ​យើង​បាន​ទេ។
១៣ (១១) យើង​ធ្វើ​ឲ្យ​នាង​បាត់​បង់
ការ​សប្បាយ​ទាំង​ប៉ុន្មាន
ហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មី
បុណ្យ​សប្ប័ទ* និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មាន
ក៏​លែង​មាន​ទៀត​ដែរ។
១៤ (១២) យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ
និង​ចម្ការ​ឧទុម្ពរ​របស់​នាង
ព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះ
ជា​កម្រៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។
យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃ
ហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។
១៥ (១៣) យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃ
ដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែន
ព្រះ​បាល​ទាំង‌ឡាយ
នាង​បាន​តុប‌តែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ក
រត់​តាម​គូ​ស្នេហ៍​របស់​នាង។
រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៦ (១៤) ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាង
ដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថាន
យើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។
១៧ (១៥) ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការ
ទំពាំង‌បាយ‌ជូរ​ឲ្យ​នាង​វិញ។
ជ្រលង​ភ្នំ​អាគរនឹង​ក្លាយ​ទៅ​ជា​ទ្វារ​នាំ​នាង​ទៅ​រក
សេចក្ដី​សង្ឃឹម។
នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង
ដូច​គ្រា​នាង​នៅ​ពី​ក្មេង
គឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។
១៨ (១៦) នៅ​ថ្ងៃ​នោះ នាង​នឹង​ហៅ​យើង​ថា “ស្វាមី”
គឺ​នាង​លែង​ហៅ​យើង​ថា
“ព្រះ​ម្ចាស់​នាង​ខ្ញុំ!”ទៀត​ហើយ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៩ (១៧) យើង​នឹង​ឲ្យ​នាង​លែង​បញ្ចេញ
ឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ទៀត
គឺ​គេ​លែង​រំឭក​ឈ្មោះ​ទាំង​នេះ​ទៀត​ហើយ។
២០ (១៨) នៅ​ថ្ងៃ​នោះ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី
ជា​មួយ​សត្វ​ព្រៃ បក្សា‌បក្សី និង​សត្វ​លូន​វារ
ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ដ្រ​របស់​យើង
យើង​នឹង​កាច់​បំបាក់​ធ្នូ និង​ដាវ
មិន​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក​ទៀត​ទេ
គឺ​យើង​នឹង​ឲ្យ​ពួក​គេ​ដេក​យ៉ាង​សុខ​ស្រួល។
២១ (១៩) យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា
ជា​ដរាប​ត​រៀង​ទៅ
យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា
ដោយ​សុចរិត និង​យុត្តិ‌ធម៌
ដោយ​ភក្តី‌ភាព និង​អាណិត‌អាសូរ។
២២ (២០) យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា
ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ
ហើយ​នាង​នឹង​ទទួល​ស្គាល់​ព្រះ‌អម្ចាស់
២៣ (២១) នៅ​ថ្ងៃ​នោះ យើង​នឹង​ឆ្លើយ​តប
ពាក្យ​អង្វរ​របស់​ពួក​គេ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
យើង​នឹង​ធ្វើ​ឲ្យ​មេឃ​បង្អុរ​ភ្លៀង
យើង​នឹង​ធ្វើ​ឲ្យ​ដី​បង្កើត​ផល
តាម​សេចក្ដី​ត្រូវ​ការ។
២៤ (២២) ផែន‌ដី​នឹង​ធ្វើ​ឲ្យ​មាន​ស្រូវ
ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង
តាម​សេចក្ដី​ត្រូវ​ការ​របស់​វាល​យីស‌រេ‌អែល។
២៥ (២៣) យើង​នឹង​ព្រោះ​ពូជ​ទុក​សម្រាប់​យើង
នៅ​ក្នុង​ស្រុក។
យើង​នឹង​ស្រឡាញ់​ឡូរូ‌ហាម៉ា
យើង​នឹង​ហៅ​ឡូអាំមី​ថា
“ប្រជា‌រាស្ដ្រ​របស់​យើង”
ហើយ​គេ​នឹង​ពោល​មក​យើង​ថា
“ព្រះ​នៃ​ទូល‌បង្គំ!”។
លោក​ហូសេ​ជា‌នា​ជា​មួយ​ភរិយា​វិញ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​រួមរ័ក​ជា​មួយ​ស្រី​ដែល​មាន​គូ​ស្នេហ៍ ជា​ស្រី​ផិត​ក្បត់​នេះ​សា​ជា​ថ្មី​ចុះ ចូរ​ស្រឡាញ់​នាង ដូច​ព្រះ‌អម្ចាស់​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រា‌អែល ទោះ​បី​ពួក​គេ​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​ចូល​ចិត្ត​នំ​ទំពាំង‌បាយ‌ជូរក៏​ដោយ»។
 ខ្ញុំ​ក៏​លោះ​នាង​មក​វិញ ដោយ​បង់​ប្រាក់​បួន​តម្លឹង​កន្លះ និង​ស្រូវ​ប្រាំ​មួយ​ថាំង។  ខ្ញុំ​ប្រាប់​នាង​ថា៖ «ចូរ​នៅ​ជា​មួយ​ខ្ញុំ​ឲ្យ​បាន​យូរ ចូរ​ឈប់​ធ្វើ​ស្ត្រី​ពេស្យា ហើយ​ឈប់​ស្រឡាញ់​បុរស​ផ្សេង​ទៀត​ទៅ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​វិញ​ដូច្នោះ​ដែរ»។
 ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន​ជាតិ​អ៊ីស្រា‌អែល​នឹង​គ្មាន​ស្តេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា គ្មាន​ស្តូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ។  ប៉ុន្តែ ក្រោយ​មក​ជន​ជាតិ​អ៊ីស្រា‌អែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រក​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ព្រម​ទាំង​ព្រះ‌បាទ​ដាវីឌ​ជា​ស្តេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រក​ព្រះ‌អម្ចាស់​ទាំង​ញាប់‌ញ័រ ហើយ​ស្វែង​រក​ព្រះ‌ពរ​ពី​ព្រះ‌អង្គ។
ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
 ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!
ព្រះ‌អម្ចាស់​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះ
ដ្បិត​នៅ​ក្នុង​ស្រុក​នេះ
គ្មាន​ការ​ស្មោះ‌ត្រង់ គ្មាន​ភក្តី‌ភាព
ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌ជាម្ចាស់​ដែរ។
 ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ដាក់​បណ្ដាសា​គ្នា
ការ​បោក‌ប្រាស់​គ្នា សម្លាប់​គ្នា
អំពើ​ចោរ‌កម្ម និង​ការ​ផិត​ក្បត់
ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ និង​ឃាត‌កម្ម
ជា​បន្ត​បន្ទាប់​គ្នា។
 ហេតុ​នេះ ស្រុក​របស់​ពួក​គេ​នឹង​រាំង​ស្ងួត
អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង
សត្វ​ព្រៃ និង​បក្សា‌បក្សី ធ្លាក់​ទន់​ខ្សោយ
សូម្បី​តែ​ត្រី​នៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យ
ជា​មួយ​ពួក​គេ​ដែរ។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​បូជា‌ចារ្យ
 ប៉ុន្តែ បូជា‌ចារ្យ​អើយ មិន​ត្រូវ​ឲ្យ​នរណា​ជំទាស់
ឬ​ស្តី​បន្ទោស​ប្រជាជន​ឡើយ
ដ្បិត​យើង​ចោទ​ប្រកាន់​តែ​អ្នក។
 នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួល
នៅ​ពេល​យប់ ព្យាការី​ជំពប់​ដួល​ជា​មួយ​អ្នក
ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នក
ត្រូវ​វិនាស​ដែរ។
 ប្រជាជន​របស់​យើង​វិនាស
ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។
ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង
យើង​នឹង​បណ្តេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារ
ជា​បូជា‌ចារ្យ​របស់​យើង​ទៀត​ដែរ។
ដោយ​អ្នក​បាន​បំភ្លេច​វិន័យ​នៃ​ព្រះ​របស់​អ្នក
យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។
 ពួក​បូជា‌ចារ្យ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ប្រព្រឹត្ត
អំពើ​បាប​ប្រឆាំង​នឹង​យើង
យើង​នឹង​ដូរ​កិត្តិ‌យស​របស់​ពួក​គេ
ឲ្យ​ទៅ​ជា​ភាព​អាម៉ាស់។
 អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារ
តង្វាយ​លោះ​បាប​នៃ​ប្រជាជន​របស់​យើង
ហើយ​សប្បាយ​ចិត្ត
ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។
 បូជា‌ចារ្យ​ក៏​ដូច​ជា​ប្រជាជន​ដែរ
យើង​នឹង​ដាក់​ទោស​ពួក​គេ
តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត
គឺ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា
យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។
១០ ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែត
ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
តែ​មិន​បាន​ចម្រុង‌ចម្រើន​ទេ
ដ្បិត​ពួក​គេ​បោះ‌បង់​ចោល​យើង
ដែល​ជា​ព្រះ‌អម្ចាស់ ទៅ​ប្រព្រឹត្ត
១១ អំពើ​ពេស្យា‌ចារ ចិត្ត​ប្រាថ្នា​ចង់
បាន​ស្រា​ចាស់ និង​ស្រា​ថ្មី
បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។
១២ ប្រជា‌រាស្ដ្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ
ឲ្យ​ទស្សន៍‌ទាយ
ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង!
គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង
ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
ដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។
១៣ ពួក​គេ​តែង‌តែ​ធ្វើ​យញ្ញ‌បូជា​នៅ​តាម​កំពូល​ភ្នំ
ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់
នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិ
និង​ក្រោម​ដើម​ម៉ៃ‌សាក់
ដែល​មាន​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ!
ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា
ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។
១៤ យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
ហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់
អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ផិត​ក្បត់​របស់​គេ​ដែរ
ដ្បិត​អ្នក​រាល់​គ្នា​ផ្ទាល់​បាន​ដក​ខ្លួន
ទៅ​ជា​មួយ​ស្រី​ពេស្យា
និង​ធ្វើ​យញ្ញ‌បូជា​រួម​ជា​មួយ​ស្រី​ពេស្យា​សក្ការៈ។
ប្រជាជន​ដែល​មិន​ចេះ​គិត​ពិចារណា​បែប​នេះ
រមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។
១៥ អ៊ីស្រា‌អែល​អើយ
ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ដូច្នេះ
មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ
កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន
ឬ​ក៏​ស្បថ​ក្នុង​នាម
ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ដែរ។
១៦ អ៊ីស្រា‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ? ១៧ បើ​អេប្រា‌អ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ទុក​ឲ្យ​គេ​ចូល​រួម​ទៅ! ១៨ ពួក​គេ​ផឹក​ស្រា​មិន​ទាន់​អស់​ចិត្ត​ផង នោះ​ពួក​គេ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​អំពើ​ដ៏​អាម៉ាស់។ ១៩ ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។
 បូជា‌ចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ!
ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ចង់​ចិត្ត!
ញាតិ​វង្ស​របស់​ស្តេច​អើយ ចូរ​ត្រង់‌ត្រាប់​ស្ដាប់!
គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិ‌ធម៌
ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា
អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាប៊រ
 អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីម
យើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំ‌ខាន។
 យើង​ស្គាល់​អេប្រា‌អ៊ីម​យ៉ាង​ច្បាស់
យើង​មើល​អ៊ីស្រា‌អែល​ធ្លុះ​ទាំង​អស់។
អេប្រា‌អ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
ដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅ‌ហ្មង។
 អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត
រា‌រាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រក
ព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយ
ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
ពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។
 អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង
អ៊ីស្រា‌អែល និង​អេប្រា‌អ៊ីម ជំពប់​ដួល
ព្រោះ​តែ​កំហុស​របស់​ខ្លួន
ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។
 ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់
ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ
ដើម្បី​ថ្វាយ​យញ្ញ‌បូជា
តែ​ពួក​គេ​រក​ព្រះ‌អង្គ​ពុំ​ឃើញ​ឡើយ
ព្រោះ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ពួក​គេ​ហើយ។
 ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់
ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។
ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា
មហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។
សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​អ៊ីស្រា‌អែល និង​យូដា
 ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបា!
ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា!
ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន!
បេន‌យ៉ាមីន​ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!
 នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​ដាក់​ទោស
អេប្រា‌អ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។
យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានា
នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដឹង​ជា​មុន។
១០ មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​ប្រៀប​បាន​នឹង
អស់​អ្នក​ដែល​បង្ខិត​បង្គោល​របង
យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ
ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។
១១ អេប្រា‌អ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោស
ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន
ព្រោះ​អេប្រា‌អ៊ីម​រត់​ទៅ​ពឹង‌ពាក់​លើ​អ្វីៗ
ដែល​ឥត​បាន​ការ។
១២ រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែ
ដែល​ស៊ី​ពួក​អេប្រា‌អ៊ីម
ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។
១៣ អេប្រា‌អ៊ីម​ឃើញ​រោគ​របស់​ខ្លួន
យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ
ដូច្នេះ អេប្រា‌អ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី
គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​អធិរាជ
ប៉ុន្តែ ស្តេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា
ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា
ឲ្យ​ជា​សះ​បាន​ឡើយ។
១៤ យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រា‌អ៊ីម
និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី
គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ
រួច​យើង​ចាក‌ចេញ​ទៅ
ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ
ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។
១៥ យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ
រហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុស
ហើយ​ស្វែង​រក​យើង។
នៅ​ពេល​មាន​អាសន្ន
ពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។
ប្រជាជន​ពិត​ជា​វិល​មក​រក​ព្រះ‌អម្ចាស់​មែន​ឬ?
 អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក!
ពួក​យើង​វិល​ទៅ​រក​ព្រះ‌អម្ចាស់​វិញ។
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស
ព្រះ‌អង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ
ព្រះ‌អង្គ​បាន​ប្រហារ​ពួក​យើង
ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។
 ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត
មក​ពួក​យើង​វិញ។
នៅ​ថ្ងៃ​ទី​បី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ
ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ។
 យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់​ព្រះ‌អម្ចាស់
ឲ្យ​បាន​ច្បាស់
ព្រះ‌អង្គ​ប្រាកដ​ជា​យាង​មក​ជួយ​ពួក​យើង
គឺ​ពិត​ដូច​ថ្ងៃ​រះ។
ព្រះ‌អង្គ​នឹង​យាង​មក​ប្រោស​ពួក​យើង
ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែន‌ដី
តាម​រដូវ​កាល”។
 «អេប្រា‌អ៊ីម​អើយ!
តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន?
យូដា​អើយ!
តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន
បើ​ចិត្ត​ភក្តី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង
ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម
និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក
ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!
 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ព្យាការី
ឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។
យើង​ប្រហារ​អ្នក​រាល់​គ្នា
ដោយ​ពាក្យ​សម្ដី​ដែល​យើង​ថ្លែង​ប្រាប់។
ការ​វិនិច្ឆ័យ​របស់​យើងមក​ដល់​ដូច​ផ្លេក‌បន្ទោរ
 ដ្បិត​យើង​ចង់​បាន​តែ​ចិត្ត​ភក្តី​ប៉ុណ្ណោះ
គឺ​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ
យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​យើង
ជា​ជាង​យក​តង្វាយ​ដុត​មក​ឲ្យ​យើង។
 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើ
សម្ពន្ធ‌មេត្រី* ដូច​អដាំ
គឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។
 កាឡាដ​ជា​សំបុក​ជន​ឧក្រិដ្ឋ ដែល​បង្ហូរ​ឈាម។
 ក្រុម​បូជា‌ចារ្យ*​ប្រហារ​ជីវិត​មនុស្ស
នៅ​តាម​ផ្លូវ​ទៅ​ស៊ីគែម
ដូច​ពួក​ចោរ​លប​ចាំ​ប្លន់​មនុស្ស​ដែរ
ពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​បំផុត!
១០ ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល
យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម
គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រា‌អ៊ីម
បាន​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅ‌ហ្មង។
១១ យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ
យើង​ប្រុង‌ប្រៀប​វិនិច្ឆ័យ​ទោស​អ្នក​ហើយ។
លុះ​ដល់​ពេល​យើង​ត្រូវ​នាំ​ប្រជា‌រាស្ដ្រ
របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ
 គឺ​នៅ​ពេល​យើង​ចង់​ប្រោស
អ៊ីស្រា‌អែល​ឲ្យ​បាន​ជា
នោះ​កំហុស​របស់​អេប្រា‌អ៊ីម និង​អំពើ​ទុច្ចរិត
របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក
ដ្បិត​ពួក​គេ​បោក‌ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក
ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។
 ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពី
អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។
ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេ
ឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយ
យើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។
 ពួក​គេ​ធ្វើ​ឲ្យ​ស្តេច​សប្បាយ​ចិត្ត
ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្ត
ដោយ​ពួក​គេ​បោក‌ប្រាស់។
 ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់
ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ
ដែល​អ្នក​ដុត​នំបុ័ង​លែង​បន្ថែម​អុស
ចាប់​ពី​ពេល​គាត់​រៀប‌ចំ​ម្សៅ
រហូត​ដល់​ពេល​ដែល​ម្សៅ​ដោរ​ឡើង។
 នៅ​ថ្ងៃ​បុណ្យ​របស់​ស្តេច
ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង
ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។
 ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង
រៀប‌ចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​អាក្រក់
ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់
ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ
ដូច​អគ្គី‌ភ័យ។
 ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង
ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។
ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់‌បង់​ជីវិត
ជា​បន្ត​បន្ទាប់​គ្នា
តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។
 អេប្រា‌អ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃ
អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ
 ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេ
គេ​នៅ​តែ​មិន​ដឹង​ខ្លួន
គេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ
នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។
១០ អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង
តែ​ពួក​គេ​ពុំ​បាន​វិល​មក​រក​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ពួក​គេ​វិញ​ទេ
គឺ​ទោះ​បី​មាន​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ក្តី
ក៏​ពួក​គេ​មិន​ស្វែង​រក​ព្រះ‌អង្គ​ដែរ។
១១ អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ
គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ
ពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយ
ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។
១២ ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ
យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ
យើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប
យើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថា
ពួក​គេ​ជួប‌ជុំ​គ្នា។
១៣ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខាន
ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើង
ពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយ
ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។
តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បាន
បើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហក
ដាក់​យើង​ដូច្នេះ?
១៤ ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ
ពួក​គេ​ចូល​ដំណេក ទាំង​សោក‌សង្រេង
ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន
ដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។
១៥ យើង​បាន​បណ្តុះ‌បណ្តាល
និង​ចម្រើន​កម្លាំង​ឲ្យ​ពួក​គេ
ប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះ‌គិត​គម្រោង​អាក្រក់
ប្រឆាំង​នឹង​យើង។
១៦ ពួក​គេ​វិល​មក​វិញ តែ​មិន‌មែន​មក​រក​យើង​ទេ
ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។
មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ
ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង‌កាច​របស់​ខ្លួន។
ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប
សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។
អ៊ីស្រា‌អែល​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ
 ចូរ​ផ្លុំ​ស្នែង​ប្រកាស​ភាព​អាសន្ន!
ខ្មាំង​សត្រូវ​បោះ‌ពួយ​ដូច​សត្វ​ឥន្ទ្រី
មក​លើ​ទឹក​ដី​របស់​យើង ជា​ព្រះ‌អម្ចាស់
ដ្បិត​ប្រជាជន​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី
របស់​យើង
ពួក​គេ​ប្រព្រឹត្ត​បំពាន​លើ​ច្បាប់​របស់​យើង។
 ពួក​គេ​ស្រែក​រក​យើង​ថា “ព្រះ​នៃ​ទូល‌បង្គំ​អើយ
យើង​ខ្ញុំ​ជា​ជន​ជាតិ​អ៊ីស្រា‌អែល
យើង​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ”។
 អ៊ីស្រា‌អែល​បាន​បោះ‌បង់​ការ​ល្អ
ហេតុ​នេះ​បាន​ជា​សត្រូវ​ដេញ​តាម​ពួក​គេ។
 ពួក​គេ​តែង​តាំង​ស្តេច ដោយ​ឥត​សាក‌សួរ​យើង
ហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។
ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួន
ទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ
ដែល​បណ្តាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។
 អ្នក​ក្រុង​សាម៉ារី​អើយ
ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។
កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើ
អ្នក​ក្រុង​សាម៉ារី
តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ
ដោយ​ឥត​សៅ‌ហ្មង?
 រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រា‌អែល
មាន​ជាង​ឆ្លាក់​វា គឺ​វា​មិន‌មែន​ជា​ព្រះ​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារី
នឹង​ត្រូវ​បាក់‌បែក​ខ្ទេច‌ខ្ទី​ជា​ពុំ‌ខាន។
 ពួក​គេ​សាប‌ព្រោះ​ខ្យល់
ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។
ស្រូវ​ស្កក គ្មាន​បាយ​ហូប
ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស
មក​លេប​យក​ទៅ​បាត់​ដែរ។
 អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ!
ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម
ប្រជា‌ជាតិ​នានា
ដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។
 សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ
តែ​អេប្រា‌អ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យ
ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។
១០ ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ
ប្រជា‌ជាតិ​នានា​ក្តី
ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ
ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា
ក្រោម​អំណាច​ព្រះ‌ចៅ​អធិរាជ។
១១ អេប្រា‌អ៊ីម​បាន​សង់​អាសនៈ​កាន់​តែ​ច្រើន​ឡើងៗ
ដើម្បី​ឲ្យ​រួច​ពី​បាប
តែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែង
ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​វិញ!
១២ ទោះ​បី​យើង​បាន​ចែង​វិន័យ​ទុក​ឲ្យ​គេ
ច្រើន​យ៉ាង​ណា​ក្តី
ក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។
១៣ ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញ‌បូជា​ឲ្យ​យើង
ព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។
ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់
មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេ
យើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ
ហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។
ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។
១៤ អ៊ីស្រា‌អែល​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក
ហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។
រីឯ​យូដា​វិញ គេ​សង់​ទី‌ក្រុង
ដែល​មាន​កំពែង​រឹង‌មាំ​កាន់​តែ​ច្រើន
តែ​យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ក្រុង​របស់​គេ
ព្រម​ទាំង​ឆេះ​កម្ទេច​វិមាន​របស់​ពួក​គេ​ផង។
ប្រជាជន​របស់​ព្រះ‌ជាម្ចាស់​នឹង​បាត់‌បង់​អ្វីៗ​ទាំង​អស់
 អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរ
និង​សប្បាយ​រីក‌រាយ
ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ
ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
ដោយ​បោះ‌បង់​ចោល​ព្រះ​របស់​ខ្លួន
អ្នក​ចូល​ចិត្ត​ទទួល​កម្រៃ​មិន​បរិសុទ្ធ
ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម
លាន​បោក​ស្រូវ។
 ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវ
ដែល​គេ​បោក‌បែន ឬ​ប្រេង​ដែល​គេ​កៀប
ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។
 ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ព្រះ‌អម្ចាស់
អេប្រា‌អ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ
ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ
នៅ​ស្រុក​អាស្ស៊ីរី។
 ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់
យញ្ញ‌បូជា​របស់​ពួក​គេ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ
របស់​ព្រះ‌អង្គ​ឡើយ។
សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគ
ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ
អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ
នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។
អាហារ​របស់​គេ​បាន​ត្រឹម​តែ
ចម្អែត​ក្រពះ​ប៉ុណ្ណោះ
គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់
ព្រះ‌អម្ចាស់​បាន​ឡើយ។
 តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ
សំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?
 មើល​ចុះ! ពួក​គេ​ចាក‌ចេញ​ទៅ
ព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។
ស្រុក​អេស៊ីប​ទទួល​ពួក​គេ
ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប
ចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ
ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ។
 អ៊ីស្រា‌អែល​ត្រូវ​តែ​ដឹង​ថា
គ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ
គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ
ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ
ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង
ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី
ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់
និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក។
 អ្នក​យាម‌ល្បាត​ឲ្យ​អេប្រា‌អ៊ីម គឺ​ព្យាការី
ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។
គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទី
ហើយ​គេ​ប្រឆាំង​នឹង​គាត់
នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។
 ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ
កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបា​ដែរ
ព្រះ‌អម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ
ហើយ​ព្រះ‌អង្គ​នឹង​ដាក់​ទោស​ពួក​គេ
តាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
១០ «ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល
ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​វាល​រហោ‌ស្ថាន
យើង​បាន​ឃើញ​ដូន‌តា​របស់​អ្នក​រាល់​គ្នា
ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។
ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រ
ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គម្រក់
ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម
ដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។
១១ កិត្តិ‌យស​របស់​អេប្រា‌អ៊ីម​នឹង​ចាក‌ចេញ​ពី​គេ
ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ
គឺ​គ្មាន​ទារក​កើត​ទៀត​ទេ
ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ
ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។
១២ ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ
យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ
មុន​ពេល​វា​ធំ​ពេញ​វ័យ។
កាល​ណា​យើង​នឹង​ចាក‌ចេញ​ពី​ពួក​គេ
ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!
១៣ យើង​ឃើញ​ថា អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង
ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល
តែ​អេប្រា‌អ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន
ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។
១៤ ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ
តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា?
គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេ
មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។
១៥ «អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ
លេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីល‌កាល់
គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្តើម
ស្អប់​ខ្ពើម​ពួក​គេ។
ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់
យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពី
ដំណាក់​របស់​យើង។
យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយ
មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ
សុទ្ធ​តែ​ជា​ជន​បះ‌បោរ។
១៦ អេប្រា‌អ៊ីម​ត្រូវ​បណ្ដាសា​ហើយ
ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់
ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។
ប្រសិន​បើ​ពួក​គេ​បង្កើត​កូន
នោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់
របស់​ពួក​គេ​បាត់‌បង់​ជីវិត»។
១៧ ព្រះ​របស់​ខ្ញុំ​នឹង​បោះ‌បង់​ចោល​ពួក​គេ
ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ព្រះ‌អង្គ​ទេ។
ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់‌ព្រាត់​ទៅ​នៅ
ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។
១០
ការ​វិនាស​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល
 ពី​ដើម ប្រជាជន​អ៊ីស្រា‌អែល
ប្រៀប​ដូច​ជា​ចម្ការ​ទំពាំង‌បាយ‌ជូរ
ដែល​ដុះ​ទ្រុប‌ទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។
ប៉ុន្តែ ផ្លែ​ចម្រើន​ឡើង​យ៉ាង​ណា
ចំនួន​អាសនៈ​សម្រាប់​ព្រះ​ក្លែង‌ក្លាយ
ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។
ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា
គេ​ក៏​តុប‌តែង​ស្តូប​សម្រាប់​ព្រះ​ក្លែង‌ក្លាយ
កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។
 ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ
ពួក​គេ​ត្រូវ​តែ​ទទួល​ទោស
គឺ​ព្រះ‌អម្ចាស់​នឹង​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ
ព្រម​ទាំង​កម្ទេច​ស្តូប​របស់​ពួក​គេ​ទៀត​ផង។
 ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា:
«យើង​គ្មាន​ស្តេច​ទេ ព្រោះ​យើង​មិន​បាន
គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
(ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្តេច
តើ​ស្តេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។
 ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការ
និយាយ​ស្បថ​បំពាន
ហើយ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​ទៀត​ផង។
ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិ‌ធម៌​ប្រៀប​បាន​នឹង
ពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុល
ដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់។
 អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុត
ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព
នៅ​បេត-‌អាវេន
ប្រជាជន និង​ពួក​បូជា‌ចារ្យ​ដែល​គោរព​បូជា
រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។
ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ
ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ
ពី​ចំណោម​ពួក​គេ។
 គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី
ថ្វាយ​ព្រះ‌ចៅ​អធិរាជ។
អេប្រា‌អ៊ីម​នឹង​ត្រូវ​អាម៉ាស់
អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខ
ព្រោះ​តែ​នយោ‌បាយ​របស់​ខ្លួន។
 អ្នក​ក្រុង​សាម៉ារី និង​ស្តេច​របស់​គេ​ប្រៀប​បី​ដូច
កម្ទេច​ឈើ​អណ្ដែត‌ត្រសែត​នៅ​លើ​ផ្ទៃ​ទឹក។
 ចំណែក​ឯ​ទី​សក្ការៈ​ទាំង‌ឡាយ​នៅ​អាវេន
ជា​កន្លែង​ដែល​ប្រជាជន​អ៊ីស្រា‌អែល
ប្រព្រឹត្ត​អំពើ​បាប ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ។
រពាក់ និង​អញ្ចាញ នឹង​ដុះ​លើ​អាសនៈ​របស់​គេ។
ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា:
ចូរ​ជួយ​លាក់​យើង​ខ្ញុំ​ផង!
ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា:
ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក!។
 ចាប់​តាំង​ពី​គ្រា​នៅ​គីបា អ៊ីស្រា‌អែល​ចេះ​តែ
ប្រព្រឹត្ត​អំពើ​បាប ឥត​រាង‌ចាល​ឡើយ។
ដូច្នេះ គួរ​ឲ្យ​សង្គ្រាម​កើត​មាន​នៅ​គីបា
សម្រាប់​ដាក់​ទោស​ជន‌ពាល!
១០ យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើង
ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ
ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស
ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។
១១ អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង​គោ​ញី
ដែល​គេ​បង្ហាត់​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ
ពេល​យើង​ឃើញ ក​របស់​អេប្រា‌អ៊ីម​មាំ​ល្អ​ដូច្នេះ
យើង​ទឹម​អេប្រា‌អ៊ីម
យូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់។
១២ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ
ចូរ​នាំ​គ្នា​សាប‌ព្រោះ​សេចក្ដី​សុចរិត
អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្តី‌ភាព​យ៉ាង​បរិបូណ៌!
ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី!
ដល់​ពេល​ត្រូវ​ស្វែង​រក​ព្រះ‌អម្ចាស់​ហើយ
គឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ព្រះ‌អង្គ​យាង​មក
ចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។
១៣ អ្នក​រាល់​គ្នា​សាប‌ព្រោះ​អំពើ​អាក្រក់
នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិត
ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក‌ប្រាស់។
អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង
និង​លើ​ចំនួន​ទាហាន​ដ៏​អង់‌អាច​របស់​អ្នក។
១៤ ហេតុ​នេះ សម្រែក​បរា‌ជ័យ​លេច​ឮ
ក្នុង​កង‌ទ័ព​របស់​អ្នក
ទី‌ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នក
នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្តេច​សាល់‌ម៉ន
បាន​បំផ្លាញ​ក្រុង​បេត-‌អាបិល
នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម
គេ​បាន​កិន​កម្ទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។
១៥ នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ
ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល។
នៅ​ពេល​ថ្ងៃ​រះ ស្តេច​ស្រុក​អ៊ីស្រា‌អែល​នឹង​ត្រូវ
វិនាស​សូន្យ។
១១
ការ​រមិល‌គុណ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
 «កាល​អ៊ីស្រា‌អែល​នៅ​ពី​ក្មេង
យើង​បាន​ស្រឡាញ់​អ៊ីស្រា‌អែល
យើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប។
 យើងបាន​ហៅ​គេ​មក​យ៉ាង​ណា
គេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។
ប្រជាជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា
សែន​ព្រះ​បាល​ទាំង‌ឡាយ
ហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការ​បូជា
ចំពោះ​រូប​បដិមា។
 យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃ
និង​បង្ហាត់​អេប្រា‌អ៊ីម​ឲ្យ​ចេះ​ដើរ
តែ​គេ​មិន​ទទួល​ស្គាល់​ថា យើង​ថែ‌រក្សា​គេ​ទេ។
 យើង​បាន​ណែ‌នាំ​គេ​ដោយ​ចិត្ត​អាណិត‌អាសូរ
និង​ដោយ​ចិត្ត​ស្រឡាញ់។
យើង​បាន​ថ្នាក់‌ថ្នម​គេ
ដូច​ឪពុក​លើក​កូន​មក​បី​ថើប
ហើយ​យើង​ឱន​កាយ​បញ្ចុក​ចំណី​ដល់​គេ។
 ពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ឡើយ
ជន​ជាតិ​អាស្ស៊ីរី​នឹង​គ្រប់‌គ្រង​លើ​ពួក​គេ
ដ្បិត​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រក
យើង​វិញ​ទេ។
 សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេ
ព្រម​ទាំង​រំលំ​កំពែង​ការ‌ពារ​ក្រុង
ហើយ​កម្ទេច​អ្វីៗ​ទាំង​អស់។
នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយ
របស់​អ៊ីស្រា‌អែល។
 ប្រជាជន​របស់​យើង​នៅ​តែ​រឹង​ចចេស
បោះ‌បង់​ចោល​យើង​រហូត
យើង​ហៅ​ពួក​គេ​ឲ្យ​ងើប​មើល​មក​យើង
តែ​គ្មាន​នរណា​រវី‌រវល់​តម្កើង​យើង​ទេ។
 អេប្រា‌អ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ
អ្នក​យ៉ាង​ដូច​ម្ដេច?
អ៊ីស្រា‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នក
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ?
តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច
ក្រុង​អាដម៉ា​ឬ?
តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច
ក្រុង​សេបូ‌អ៊ីម​ឬ?
ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេ
យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។
 យើង​មិន​អាច​ប្រព្រឹត្ត
តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង
យើង​មិន‌មែន​មក ដើម្បី​បំផ្លាញ​អេប្រា‌អ៊ីម
ព្រោះ​យើង​ជា​ព្រះ‌ជាម្ចាស់
មិន‌មែន​ជា​មនុស្ស​ទេ!
យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក
យើង​មិន‌មែន​មក ដោយ​កំហឹង​ឡើយ។
១០ ពួក​គេ​នឹង​ដើរ​តាម​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​នឹង​បន្លឺ​ព្រះ‌សូរ‌សៀង​ដូច​សត្វ​សិង្ហ
ពេល​ឮ​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង
កូន​ចៅ​របស់​ព្រះ‌អង្គ​នឹង​ប្រញាប់​រត់​ចេញ
ពី​ស្រុក​ខាង​លិច ទាំង​ញ័រ​រន្ធត់។
១១ ពួក​គេ​ប្រញាប់​រត់​ចេញ​ពី​ស្រុក​អេស៊ីប
ដូច​ហ្វូង​ចាប​ទាំង​ញ័រ​រន្ធត់
ហើយ​រត់​ចេញ​ពី​ស្រុក​អាស្ស៊ីរី​ដូច​ហ្វូង​ព្រាប
យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​លំ‌នៅ‌ដ្ឋាន
របស់​ខ្លួន​វិញ»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១២
ទោស​របស់​កូន​ចៅ​លោក​យ៉ាកុប
 «អេប្រា‌អ៊ីម​ចេះ​តែ​នាំ​គ្នា​បោក
បញ្ឆោត​យើង
កូន​ចៅ​អ៊ីស្រា‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង»
តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់​នៅ​ឡើយ
គេ​ស្មោះ‌ត្រង់​នឹង​ព្រះ​ដ៏‌វិសុទ្ធ។
 អ្វីៗ​ដែល​អេប្រា‌អ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ
គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។
រៀង‌រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក‌ប្រាស់
និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។
អេប្រា‌អ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី
ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ
ស្រុក​អេស៊ីប។
 ព្រះ‌អម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ
ព្រះ‌អង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុប
ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ
ព្រះ‌អង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញ
តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
 ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
លោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន
លុះ​ដល់​ពេល​ធំ​ពេញ​វ័យ
គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់។
 គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ទេវទូត
គាត់​បាន​ឈ្នះ​ទេវទូត​នោះ
រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។
គាត់​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល
គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អង្គ​មាន
មាន​ព្រះ‌បន្ទូល​មក​កាន់​គាត់។
 ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល
ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់
 ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក
ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិ‌ធម៌
ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​រហូត​ត​ទៅ។
 ប្រជាជន​កាន់​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​នៅ​ដៃ
ដូច​កាណានដែរ
គេ​ចូល​ចិត្ត​កេង‌ប្រវ័ញ្ច​អ្នក​ផ្សេង។
 អេប្រា‌អ៊ីម​ពោល​ថា:
“ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធាន
ដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង
គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។
១០ «ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់
យើង​ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។
យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទម
សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។
១១ យើង​នឹង​និយាយ​ទៅ​កាន់​ពួក​ព្យាការី
យើង​នឹង​សម្ដែង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន
ហើយ​យើង​ក៏​នឹង​ចោទ​ជា​ប្រស្នា
តាម‌រយៈ​ពួក​ព្យាការី​ដែរ»។
១២ អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិត
ដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។
ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​យញ្ញ‌បូជា
នៅ​គីលកាល់
ហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា
គំនរ​ឥដ្ឋ​នៅ​រាត់‌រាយ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ។
១៣ លោក​យ៉ាកុប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អារ៉ាម
លោក​អ៊ីស្រា‌អែល​បម្រើ​គេ
ព្រោះ​ចង់​បាន​ប្រពន្ធ
គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។
១៤ ព្រះ‌អម្ចាស់​បាន​ប្រើ​ព្យាការី​មួយ​រូប​ឲ្យ​នាំ
ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប
ហើយ​ព្រះ‌អង្គ​ប្រើ​ព្យាការី​ឲ្យ​មើល​ថែ​ទាំ
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
១៥ អេប្រា‌អ៊ីម​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់
ខក​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ខ្លាំង
ព្រះ‌អម្ចាស់​របស់​គេ​នឹង​ដាក់​ទោស​គេ
ព្រោះ​គេ​បាន​បង្ហូរ​ឈាម។
ព្រះ‌អង្គ​ដាក់​ទោស​គេ
ព្រោះ​គេ​ព្រហើន​ដាក់​ព្រះ‌អង្គ។
១៣
ការ​វិនាស​របស់​ប្រជាជន​ដែល​បះ‌បោរ ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
 ពេល​អេប្រា‌អ៊ីម​ហា​មាត់​និយាយ
ប្រជាជន​ញ័រ​រន្ធត់​គ្រប់ៗ​គ្នា
អេប្រា‌អ៊ីម​ជា​មេ​ដឹក​នាំ​របស់​ស្រុក​អ៊ីស្រា‌អែល
ប៉ុន្តែ គេ​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​បាល
ហើយ​គេ​ក៏​បាត់‌បង់​ជីវិត។
 ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប
ដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមា
តាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។
រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាង
ប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា
“យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ថ្វាយ​ព្រះ​នេះ!”
តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?
 ហេតុ​នេះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អ័ព្ទ
នៅ​ពេល​ព្រលឹម
ដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹក
ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ
ដូច​កម្ទេច​ចំបើង​ប៉ើង​ចេញ​ពី​លាន​បោក​ស្រូវ
និង​ដូច​ផ្សែង​ហុយ​ចេញ​ពី​រោង​បាយ។
 ចំណែក​ឯ​យើង​វិញ
យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក
តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ព្រះ​ណា​ផ្សេង
ទៀត​ក្រៅ​ពី​យើង​ទេ
ក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។
 យើង​បាន​ថែ​ទាំ​អ្នក​នៅ​វាល​រហោ‌ស្ថាន
នៅ​លើ​ទឹក​ដី​ហួត‌ហែង។
 ពេល​ពួក​គេ​មក​ដល់​កន្លែង​សម្បូណ៌‌សប្បាយ
ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់។
ពេល​ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែត‌ឆ្អន់
ពួក​គេ​វាយ‌ឫក​ខ្ពស់
ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បំភ្លេច​យើង។
 យើង​នឹង​ប្រែ​ក្លាយ​ដូច​ជា​សិង្ហ
និង​ដូច​ខ្លា‌រខិន​នៅ​តាម​ផ្លូវ
យើង​ឃ្លាំ​មើល ដើម្បី​សង្គ្រប់​លើ​ពួក​គេ។
 យើង​នឹង​ប្រហារ​ពួក​គេ​យ៉ាង​សាហាវ
ដូច​ខ្លា‌ឃ្មុំ​ញី​បាត់​កូន។
យើង​នឹង​ហែក​ទ្រូង​ពួក​គេ
យើង​ហែក​ពួក​គេ​ស៊ី ដូច​សិង្ហ​ញី​ត្របាក់​លេប
ហើយ​សត្វ​ព្រៃ​នឹង​មក​ហែក​ស៊ី​សាក‌សព
របស់​ពួក​គេ។
 អ៊ីស្រា‌អែល​អើយ ដោយ​អ្នក​ប្រឆាំង​នឹង​យើង
អ្នក​នឹង​ត្រូវ​វិនាស​ពុំ‌ខាន!
គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ទេ!
១០ តើ​ស្តេច​របស់​អ្នក​នៅ​ឯ​ណា
ម្ដេច​ក៏​មិន​ឃើញ​មក​ជួយ​សង្គ្រោះ​អ្នក
នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន?
រីឯ​ពួក​វីរបុរស ដែល​អ្នក​ធ្លាប់​ពោល​ទៅ​គេ​ថា
“សូម​តែង​តាំង​ស្តេច និង​មេ​ដឹក​នាំ
ឲ្យ​គ្រប់‌គ្រង​លើ​យើង”
តើ​អ្នក​ទាំង​នោះ​ទៅ​ណា​អស់​ហើយ។
១១ យើង​បាន​ប្រគល់​ស្តេច​ឲ្យ​អ្នក ទាំង​ខឹង
យើង​ដក​ស្តេច​នោះ​វិញ ទាំង​ក្រេវ‌ក្រោធ។
១២ កំហុស និង​អំពើ​បាប​របស់​អេប្រា‌អ៊ីម
មាន​កត់‌ត្រា​ទុក​យ៉ាង​ច្បាស់‌លាស់​ណាស់។
១៣ ពួក​គេ​នឹង​ឈឺ​ចុក‌ចាប់ ដូច​នៅ​ពេល​សម្រាល​កូន
ពួក​គេ​ជា​កូន​ល្ងី‌ល្ងើ ដ្បិត​ដល់​ពេល​កើត
វា​ពុំ​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។
១៤ តើ​យើង​គួរ​រំដោះ​ពួក​គេ​ពី​ស្ថាន‌មច្ចុរាជ​ឬ?
តើ​យើង​គួរ​លោះ​ពួក​គេ​ឲ្យ​រួច​ពី​ស្លាប់​ឬ?
មច្ចុរាជ​អើយ មហន្ត‌រាយ​របស់​ឯង​នៅ​ឯ​ណា?
ស្ថាន​មច្ចុរាជ​អើយ
អំណាច​ប្រហារ​ជីវិត​របស់​ឯង​នៅ​ឯ​ណា?
យើង​លែង​មាន​ចិត្ត​អាណិត​មេត្តា​ទៀត​ហើយ។
១៥ ទោះ​បី​អេប្រា‌អ៊ីម​រីក​ចម្រើន​ឡើង
នៅ​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន​ក្តី
គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត
គឺ​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​ពី​វាល​រហោ‌ស្ថាន
ធ្វើ​ឲ្យ​ប្រភព​ទឹក​របស់​អេប្រា‌អ៊ីម​រីង​ស្ងួត
ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។
សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ
ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។
១៤
 (១៣.១៦) អ្នក​ក្រុង​សាម៉ារី​នឹង​ទទួល​ទោស
ព្រោះ​គេ​បាន​បះ‌បោរ
ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន។
ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ
ខ្មាំង​នឹង​ជាន់​កម្ទេច​កូន​ក្មេង
ហើយ​វះ​ពោះ​ស្ត្រី​មាន​គភ៌។
ព្រះ‌បន្ទូល​សន្យា
 (១) អ៊ីស្រា‌អែល​អើយ! ចូរ​វិល​ត្រឡប់​មក​រកព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​វិញ
ដ្បិត​អំពើ​បាប​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ដួល។
 (២) ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់​វិញ
ដោយ​រៀប‌ចំ​ពាក្យ​សម្ដី ហើយ​ទូល​ព្រះ‌អង្គ​ថា:
សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ
សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ
ទុក​ជា​យញ្ញ‌បូជា​ជំនួស​គោ​បា។
 (៣) ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ
យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ
យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ
ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា
“ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។
មាន​តែ​ព្រះ‌អង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យ
អាណិត‌អាសូរ​ដល់​ជន​កំព្រា។
 (៤) «យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ
ឲ្យ​បាន​ជា​សះ‌ស្បើយ
គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត
ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។
 (៥) យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជាជន​អ៊ីស្រា‌អែល
ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក
ពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ
ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ស្រុក​លីបង់។
 (៦) ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ
និង​មាន​គន្ធ‌ពិដោរ​ក្រអូប
ដូច​ព្រៃ​នៅ​ស្រុក​លីបង់។
 (៧) អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោម
ម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។
ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មី
ពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយ‌ជូរ
ហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រា
នៅ​ស្រុក​លីបង់។
 (៨) អេប្រា‌អ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើង
ទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ហើយ​ឬ​នៅ?
គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប
និង​មើល​ថែ‌រក្សា​អ្នក។
យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចី
យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។
១០ (៩) តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ
អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន?
មាគ៌ា​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ទៀង​ត្រង់
មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ
រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល
ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។
387 Views

Theme: Overlay by Kaira