សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិត​ផ្ញើ​ជូន
គ្រីស្ត​បរិស័ទ​ជាតិ​ហេប្រឺ

ពាក្យលំនាំ

លិខិត​ផ្ញើ​ជូន

គ្រីស្ត​បរិស័ទ​ជាតិ​ហេប្រឺ

ពាក្យ​លំនាំ

អ្នក​តែងៈ លិខិត​ផ្ញើ​ជូន​គ្រីស្ត‌បរិស័ទ​ជាតិ​ហេប្រឺ មាន​លក្ខណៈ​ប្លែក​ពី​លិខិត​ឯ​ទៀតៗ គឺ​មាន​លំនាំ​ដូច​ជា​សុន្ទរ‌កថា​របស់​បណ្ឌិត​ខាង​វិន័យ​ម្នាក់។ អ្នក​តែង​ស្គាល់​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​យ៉ាង​ច្បាស់ ហើយ​ពន្យល់​តាម​របៀប​បណ្ឌិត​ខាង​វិន័យ។ អ្នក​ខ្លះ​សន្និ‌ដ្ឋាន​ថា លោក​ប៉ូល​ជា​អ្នក​តែង​លិខិត​នេះ អ្នក​ខ្លះ​ទៀត​សន្និ‌ដ្ឋាន​ថា លោក​អប៉ូ‌ឡូស(កិច្ច‌ការ ១៨.២៤‑២៨) ជា​អ្នក​តែង ក៏​ប៉ុន្តែ យើង​ពុំ​ដឹង​ពិត​ប្រាកដ​ថា​នរណា​បាន​សរសេរ​លិខិត​នេះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា​លិខិត​នេះ​សរសេរ​ផ្ញើ​ទៅ​គ្រីស្ត‌បរិស័ទ​ណា​ដែរ។ យើង​គ្រាន់​តែ​យល់​តាម‌រយៈ​លិខិត​នេះ​ថា អ្នក​តែង​ចង់​ដាស់‌តឿន​គ្រីស្ត‌បរិស័ទ​ជាតិ​យូដា ដែល​បាន​ប្រែ​ចិត្ត​ជឿ​ព្រះ‌យេស៊ូ‌គ្រីស្ត។ ក្នុង​ចំណោម​បង‌ប្អូន​ទាំង​នោះ ប្រហែល​ជា​មាន​បូជា‌ចារ្យ​ជា​ច្រើន ដែល​ធ្លាប់​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ​ក្នុង​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម​កាល​ពី​មុន ហើយ​នៅ​អាឡោះ‌អាល័យ​ពិធី​ទាំង​នោះ​ដដែល។ មួយ​វិញ​ទៀត ពួក​គេ​អស់​សង្ឃឹម​ដោយ​ជួប​នឹង​ទុក្ខ​លំបាក ព្រោះ​ត្រូវ​ជន​រួម​ជាតិ​របស់​ខ្លួន​បៀត‌បៀន។

គោល​សំខាន់ៗ:

អ្នក​តែង​លិខិត​នេះ​បាន​លើក​យក​គោល​គំនិត​របស់​សាសនា​យូដា មក​ពន្យល់​អំពី​ឋានៈ​របស់​ព្រះ‌គ្រីស្ត​ដែល​ប្រសើរ​ជាង​លោក​ម៉ូសេ ព្រោះ​ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រសើរ​ជាង​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ ព្រោះ​ព្រះ‌អង្គ​ជា​ព្រះ‌មហា​បូជា‌ចារ្យ​ដែល​អាច​លោះ​បាប​មនុស្ស​លោក​មួយ​ដង​ជា​សូរេច។ ព្រះ‌យេស៊ូ​ក៏​បាន​បូជា​ព្រះ‌ជន្ម​ទុក​ជា​យញ្ញ‌បូជា ប្រសើរ​ជាង​យញ្ញ‌បូជា​ដែល​គេ​ថ្វាយ​ក្នុង​ព្រះ‌វិហារ ព្រោះ​ព្រះ‌អង្គ​នាំ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ ហើយ​តែង‌តាំង​សម្ពន្ធ‌មេត្រី​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។
អ្នក​តែង​លិខិត​នេះក៏​បាន​ដាស់‌តឿន​គ្រីស្ត‌បរិស័ទ​ឲ្យ​មាន​ចិត្ត​តស៊ូ ស្មោះ‌ត្រង់​នឹង​ជំនឿ ដោយ​លើក​យក​អ្នក​ជឿ​ពី​ជំនាន់​ដើម​ធ្វើ​ជា​គំរូ។

គម្រោង​គម្ពីរ​ហេប្រឺៈ

• សេចក្ដី​ផ្ដើម ១.១-៣
• ព្រះ‌គ្រីស្ត​ប្រសើរ​ជាង​ពួក​ទេវទូត ១.៤‑២.១៨
• ព្រះ‌គ្រីស្ត​ប្រសើរ​ជាង​លោក​ម៉ូសេ និង​លោក​យ៉ូស៊ូអា ៣.១‑៤.១៣
• ព្រះ‌គ្រីស្ត​ប្រសើរ​ជាង​មហា​បូជា‌ចារ្យ ៤.១៤‑៧.២៨
• ព្រះ‌គ្រីស្ត​ប្រសើរ​ជាង​សម្ពន្ធ‌មេត្រី ៨.១‑៩.២៨
• ព្រះ‌គ្រីស្ត​ប្រសើរ​ជាង​យញ្ញ‌បូជា ១០.១-៣៩
• អំពី​ជំនឿ ១១.១‑១២.២៩
• ជីវិត​ស្រប​តាម​ព្រះ‌ជាម្ចាស់ ១៣.១-១៩
• អវសាន‌កថា ១៣.២០-២៥
សេចក្ដី​ផ្ដើម
 នៅ​ជំនាន់​ដើម ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស*​យើងជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម‌រយៈ​ពួក​ព្យាការី*។  គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​តាម‌រយៈ​ព្រះ‌បុត្រា។ ព្រះ‌អង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ព្រះ‌អង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​ព្រះ‌បុត្រា​ដែរ។  ព្រះ‌បុត្រា​នេះជា​រស្មី​នៃ​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ​បេះ​បិទ។ ព្រះ‌បុត្រា​ទ្រ‌ព្រះ‌អង្គ​អ្វីៗ​ទាំង​អស់ ដោយ‌សារ​ព្រះ‌បន្ទូល​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ លុះ​ព្រះ‌អង្គ​ប្រោស​មនុស្ស​ឲ្យ​បរិសុទ្ធ*ផុត​ពី​បាប*​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្តុង្គ​ឧត្ដម នា​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។  ព្រះ‌បុត្រា​បាន​ទទួល​ព្រះ‌នាម​ប្រសើរ​លើស​ពួក​ទេវទូត*​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវទូត​យ៉ាង​នោះ​ដែរ។
ព្រះ‌យេស៊ូ‌គ្រីស្ត​មាន​ឋានៈ​ធំ​ជាង​ពួក​ទេវទូត
 ព្រះ‌ជាម្ចាស់​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវទូត​ណា​ថា៖
«ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង
គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះ‌អង្គ
ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ»
ឬ​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង»
សោះ​ឡើយ។
 មួយ​វិញ​ទៀត នៅ​ពេល​ព្រះ‌ជាម្ចាស់​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ផែន‌ដី​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«ទេវទូត*​ទាំង​អស់​របស់​ព្រះ‌ជាម្ចាស់
ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បុត្រា»​។
 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​ទេវទូត​ថា៖
«ព្រះ‌អង្គ​បាន​យក​ពួក​ទេវទូត​ធ្វើ​ជា​ខ្យល់
និង​យក​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ធ្វើ​ជា​អណ្ដាត​ភ្លើង»​។
 ចំពោះ​ព្រះ‌បុត្រា​វិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច
ហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌»​។
 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​តែ​នឹង
សេចក្ដី​សុចរិត
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។
ហេតុ​នេះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​ព្រះ‌អង្គ
បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ
ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់
គឺ​ឲ្យ​ព្រះ‌អង្គ​បាន​ប្រសើរ​ជាង
មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គ»​។
១០ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖
បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​បាន​បង្កើត​ផែន‌ដី
តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ
របស់​ព្រះ‌អង្គ​ដែរ។
១១ ផែន‌ដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ
តែ​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត។
ផែន‌ដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ
ដូច​សម្លៀក‌បំពាក់
១២ ព្រះ‌អង្គ​នឹង​បត់​ទាំង​ផែន‌ដី ទាំង​ផ្ទៃ​មេឃ​ទុក
ដូច​គេ​បត់​អាវ​ធំ
ផែន‌ដី និង​ផ្ទៃ​មេឃ​នឹង​រេច‌រឹល​ទៅ
ដូច​សម្លៀក‌បំពាក់
ចំពោះ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​មិន​ប្រែ‌ប្រួល​ឡើយ
ហើយ​ព្រះ‌ជន្មាយុ​របស់​ព្រះ‌អង្គ
ក៏​មិន​ចេះ​អស់​ដែរ​។
១៣ មួយ​វិញ​ទៀត ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវទូត​ណា​ថា៖
«សូម​គង់​នៅ​ខាង​ស្ដាំ​យើង
ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ»
១៤ ទេវទូត​ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណដែល​នៅ​បម្រើ​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ចាត់​ពួក​លោក​ឲ្យ​មក​បំពេញ​មុខ‌ងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!។
ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស
 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​យើង​បាន​ស្ដាប់​ឲ្យ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។  ប្រសិន​បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវទូត​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ  ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​ឲ្យ​រួច​ខ្លួន​បាន បើ​យើង​ធ្វេស‌ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស​នេះ? ជា​បឋម ព្រះ‌អម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។  ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខី‌ភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សម្ដែង​ទី​សម្គាល់ ឫទ្ធិ​បាដិ‌ហារិយ៍ ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​មក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ផង។
 ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រគល់​ឲ្យ​ពួក​ទេវទូត*​ត្រួត‌ត្រា​ពិភព‌លោក​ខាង​មុខ ដូច​យើង​ធ្លាប់​និយាយ​នោះ​ទេ។  ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខី‌ភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖
«តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ព្រះ‌អង្គ​នឹក
ដល់​គេ​ដូច្នេះ
តើ​បុត្រ​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ព្រះ‌អង្គ​យក
ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ»?
 «ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង
ទេវទូត​តែ​មួយ‌រយៈ​ប៉ុណ្ណោះ
ព្រះ‌អង្គ​ប្រទាន​សិរី‌រុង​រឿង និង​កិត្តិយស​ដល់​គេ
ទុក​ជា​មកុដ​រាជ្យ
 ព្រះ‌អង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ
នៅ​ក្រោម​ជើង​របស់​គេ»​។
ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឥត​ទុក​ឲ្យ​មាន​អ្វី​មួយ​នៅ​សល់ ដែល​ពុំ​បាន​ចុះ​ចូល​នោះ​ឡើយ។ ប៉ុន្តែ នៅ​ពេល​នេះ យើង​ពុំ​ឃើញ​ថា អ្វីៗ​សព្វ​សារ‌ពើ​សុទ្ធ​តែ​បាន​ចុះ​ចូល​នឹង​អំណាច​របស់​មនុស្ស​ហើយ​នោះ​ទេ  តែ​យើង​ឃើញ​ថា ព្រះ‌យេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវទូត​មួយ‌រយៈ ព្រោះ​ព្រះ‌អង្គ​បាន​រង‌ទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះ‌អង្គ​ទទួល​សិរី‌រុង​រឿង និង​ព្រះ‌កិត្តិនាម​ទុក​ជា​មកុដ‌រាជ្យ។ ដោយ‌សារ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ ១០ អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយ‌សារ​ព្រះ‌ជាម្ចាស់ និង​សម្រាប់​ព្រះ‌អង្គ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាំ​បុត្រ‌ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុង​រឿង ដូច្នេះ គួរ​គប្បី​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ​បាន​គ្រប់​លក្ខណៈ ដោយ​រង‌ទុក្ខ​លំបាក។
១១ ព្រះ‌យេស៊ូ​ដែល​ប្រោស​មនុស្ស​ឲ្យ​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​វិសុទ្ធ​នោះ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ មិន​ខ្មាស​នឹង​ហៅ​គេ​ថាជា​បង‌ប្អូន​របស់​ព្រះ‌អង្គ​ឡើយ ១២ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«ទូលបង្គំ​នឹង​ផ្សាយ​ដំណឹង​អំពី​ព្រះ‌នាម
របស់​ព្រះ‌អង្គ​ឲ្យ​បង‌ប្អូន​ទូលបង្គំ​ស្គាល់
ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌អង្គ
នៅ​ក្នុង​អង្គ​ប្រជុំ»
១៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖
«ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ»
ហើយ​ថា«ខ្ញុំ​នៅ​ឯ​នេះ​រួម​ជា​មួយ​នឹង​កូន​ចៅ
ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ»
១៤ ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះ‌អង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្សរួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះ‌អង្គ​សោយ​ទិវង្គត ដើម្បី​កម្ទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ ១៥ និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។ ១៦ ព្រះ‌យេស៊ូ​ពិត​ជា​ពុំ​បាន​យាង​មក​ជួយ​ពួក​ទេវទូត*​ទេ គឺ​ព្រះ‌អង្គ​មក​ជួយ​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​វិញ។ ១៧ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជា‌ចារ្យ* ដែល​មាន​ចិត្ត​មេត្តា‌ករុណា មាន​ចិត្ត​ស្មោះ‌ត្រង់​ក្នុង​ការ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជាជន​ឲ្យ​រួច​ផុត​ពី​បាប*​ផង។ ១៨ ដោយ​ព្រះ‌អង្គ​ផ្ទាល់​បាន​រង‌ទុក្ខ​លំបាក នៅ​ពេល​ជួប​ការ​ល្បង‌ល ព្រះ‌អង្គ​ក៏​អាច​ជួយអស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បង‌ល​បាន​ដែរ។
ព្រះ‌យេស៊ូ​មាន​ឋានៈ​ធំ​ជាង​លោក​ម៉ូសេ
 បង‌ប្អូន​ដ៏‌វិសុទ្ធ*​អើយ ព្រះ‌ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​បង‌ប្អូន​ដែរ! ចូរ​គិត​ពិចារណា​មើល អំពី​ព្រះ‌យេស៊ូ ជា​ទូត ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក និង​ជា​មហា​បូជា‌ចារ្យ*​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ ដូច​យើង​ប្រកាស​នោះ​ទៅ។  ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់ ដែល​បាន​តែង‌តាំង​ព្រះ‌អង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​កិច្ច‌ការ​ក្នុង​ព្រះ‌ដំណាក់​ដែរ។  អ្នក​សង់​ផ្ទះ​មាន​កិត្តិយស ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូ​ក៏​គួរ​នឹង​ទទួល​សិរី‌រុង​រឿងប្រសើរ​លើស​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ  ដ្បិត​ផ្ទះ​ទាំង‌ឡាយ​សុទ្ធ​តែ​មាន​គេ​បាន​សង់​ឡើង រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​បាន​សង់​គ្រប់​អ្វីៗ​ទាំង​អស់។  ចំពោះ​លោក​ម៉ូសេ លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នឹង​កិច្ច‌ការ ក្នុង​ព្រះ‌ដំណាក់​ទាំង​មូល ក្នុង​ឋានៈ​លោក​ជា​អ្នក​បម្រើ ដើម្បី​ផ្ដល់​សក្ខី‌ភាព​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​នឹង​ថ្លែង។  រីឯ​ព្រះ‌គ្រីស្ត​វិញ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ក្នុង​ឋានៈ​ជា​ព្រះ‌បុត្រា ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​ផ្ទាល់​របស់​ព្រះ‌អង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹង‌ប៉ឹង និង​ពឹង​ផ្អែក​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​​ជាប់​ជា‌និច្ច​មែន​នោះ។
 ហេតុ​នេះ ដូច​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​ថា៖
«ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង
របស់​ព្រះ‌អង្គ
 មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ
ក្នុង​ថ្ងៃ​ដែល​គេ​ល្បង‌ល​ព្រះ‌អង្គ
នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ
 បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
ដើម្បី​សាក​មើល​យើង
ហើយ​គេ​ឃើញ​កិច្ច‌ការ​ដែល​យើង​បាន​ធ្វើ
ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។
១០ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ត​នឹង
មនុស្ស​នៅ​ជំនាន់​នោះ​ណាស់
ហើយ​យើង​បាន​ពោល​ថាៈ
ចិត្ត​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ
គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ
១១ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញាថា
មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក
ជា​មួយ​យើង​ជា​ដាច់​ខាត»​។
១២ ដូច្នេះ បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ១៣ ផ្ទុយ​ទៅ​វិញ ចូរ​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ត​រឹង‌រូស ដោយ​ចាញ់​បោក​បាប*។ ១៤ ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​ហើយ ១៥ ព្រោះ​ក្នុង​គម្ពីរ​មាន​ចែង​ថា
«ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង
របស់​ព្រះ‌អង្គ
មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ
នោះ​ឡើយ»។
១៦ តើ​នរណា​ខ្លះ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់ ហើយ​បែរ​ជា​នាំ​គ្នា​បះ‌បោរ? អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ? ១៧ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ តើ​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​នរណា​ខ្លះ? ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ត្រូវ​ស្លាប់​ចោល​ឆ្អឹង​នៅ​វាល​រហោ‌ស្ថាន​នោះ​ឬ? ១៨ តើ​ព្រះ‌អង្គ​បាន​ប្ដេជ្ញា​ថា​មិន​ឲ្យ​នរណា​ខ្លះចូល​មក​សម្រាក​ជា​មួយ​ព្រះ‌អង្គ? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​នោះ​ឬ? ១៩ ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​ពុំ​បាន​ចូល​ទៅ​សម្រាក​មក​ពី​ពួក​គេ​គ្មាន​ជំនឿ។
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ដែល​ថា​ឲ្យ​យើង​ចូល​ទៅ​សម្រាក​ជា​មួយ​ព្រះ‌អង្គ​នោះនៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដូច្នេះ យើង​ត្រូវ​ភ័យ​ខ្លាច ក្រែង​លោ​មាន​បង‌ប្អូន​ណា​ម្នាក់​នឹក​ស្មាន​ថា​ខ្លួន​ចូល​ទៅ​មិន​ទាន់  ដ្បិត​យើង​ក៏​បាន​ទទួល​ដំណឹង‌ល្អ*​ដូច​ពួក​គេ​ដែរ​។ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​ស្ដាប់ គ្មាន​ប្រយោជន៍​អ្វី​ដល់​គេ​ទេ ព្រោះ​ព្រះ‌បន្ទូល​ដែល​គេ​បាន​ឮ​នោះពុំ​បាន​ជ្រួត‌ជ្រាប​ចូល​ក្នុង​ចិត្ត​គេ ដោយ​ជំនឿ​ឡើយ។  ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាកជា​មួយ​យើង​ជា​ដាច់​ខាត»។ ចំពោះ​យើង​ជា​អ្នក​ជឿ​វិញ យើង​បាន​ចូល​មក​សម្រាក​ជា​មួយ​ព្រះ‌អង្គ​ហើយ។
ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​បាន​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ តាំង​ពី​កំណើត​ពិភព‌លោក​មក​ម៉្លេះ  ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ​ពីរ​ថាៈ ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ច‌ការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ រួច​ព្រះ‌អង្គ​ក៏​សម្រាក។  ក្នុង​អត្ថ‌បទ​គម្ពីរ​ខាង​លើ​នេះមាន​ចែង​សា​ជា​ថ្មី​ថាៈ «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។
 ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​សម្រាក ក៏​ប៉ុន្តែ ដោយ​អស់​អ្នក​ដែល​ទទួល​ដំណឹង‌ល្អ​ពី​មុន មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់  ព្រះ‌អង្គ​ក៏​កំណត់​យក “ថ្ងៃ​នេះ” មួយ​ទៀត គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្រះ‌បាទ​ដាវីឌជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថាៈ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ឡើយ»។
 ប្រសិន​បើ​លោក​យ៉ូស៊ូអា​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​បាន​សម្រាក​មែន ក្រោយ​មក​ទៀត​នោះ ព្រះ‌ជាម្ចាស់​មុខ​ជា​ពុំ​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។  ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​ដែរ ១០ ដ្បិត​អ្នក​ណា​ចូល​ទៅ​សម្រាក​ជា​មួយ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​បាន​បង្ហើយ​កិច្ច‌ការ​របស់​ខ្លួន ដូច​ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ដែរ។ ១១ ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះ‌ខ្នែងចូល​ទៅ​រក​សម្រាក​ជា​មួយ​ព្រះ‌អង្គ​នោះ​វិញ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ ១២ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិ‌ឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះ‌បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះ‌បន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។ ១៣ គ្មាន​សត្វ​លោក​ណា​មួយ​ដែល​ព្រះ‌បន្ទូល​មើល​មិន​ឃើញ​ឡើយ ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទ‌បាំង​ទាល់​តែ​សោះ។ យើង​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌បន្ទូល​ពី​គ្រប់​កិច្ច‌ការ​ទាំង​អស់។
ព្រះ‌យេស៊ូ​ជា​មហា​បូជា‌ចារ្យ​ដ៏​ខ្ពង់‌ខ្ពស់​លើស​មហា​បូជា‌ចារ្យ​នៃ​សម្ពន្ធ‌មេត្រី​ចាស់
១៤ ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​យាង​កាត់​ស្ថាន​បរម‌សុខ* គឺ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះឲ្យ​បាន​មាំ‌មួន ១៥ ដ្បិត​យើង​មាន​មហា​បូជា‌ចារ្យ ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង ជា​មនុស្ស​ទន់​ខ្សោយ គឺ​ព្រះ‌អង្គ​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ចំពូក​ដូច​យើង​ដែរ តែ​ព្រះ‌អង្គ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ ១៦ ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ទាំង​ទុក​ចិត្ត ដើម្បី​ឲ្យ​ព្រះ‌អង្គ​មេត្តា​ករុណា និង​ប្រណី‌សន្ដោស​យើង ព្រម​ទាំង​ជួយ​យើង​នៅ​ពេល​ណា​យើង​ត្រូវ​ការ។
 គេ​ជ្រើស‌រើស​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប​ពី​ចំណោម​មនុស្ស ហើយ​តែង‌តាំង​សម្រាប់​ឲ្យ​ទាក់‌ទង​ជា​មួយ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​មនុស្ស។  លោក​មហា​បូជា‌ចារ្យ​អាច​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ  ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជា‌រាស្ដ្រ​រួច​ពី​បាប។  គ្មាន​នរណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​ដូច​លោក​អរ៉ុន ទើប​បំពេញ​បាន។
 រីឯ​ព្រះ‌គ្រីស្ត​វិញ​ក៏​ដូច្នោះ​ដែរ ព្រះ‌អង្គ​ពុំ​បាន​លើក​តម្កើង​ព្រះ‌អង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជា‌ចារ្យ​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ទេ​តើដែល​បាន​តែង‌តាំង​ព្រះ‌អង្គ ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា៖
«ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង
គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន
ទទួល​ព្រះ‌អង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ»​។
 ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ
តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក»​។
 កាល​ព្រះ‌គ្រីស្ត​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះ‌អង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក ទូល‌អង្វរ ទូល​សូម​ព្រះ‌ជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះ‌អង្គ​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​ព្រះ‌គ្រីស្ត​បាន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល‌អង្វរ។  ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ព្រះ‌អង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។  បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ១០ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ប្រកាស​តែង‌តាំង​ព្រះ‌អង្គ​ជា​មហា​បូជា‌ចារ្យ តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក​ដែរ។
ពាក្យ​ដាស់‌តឿន​ឲ្យ​តស៊ូ​ស្មោះ‌ត្រង់​នឹង​ជំនឿ
១១ ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បង‌ប្អូន​បែរ​ជា​ក្រ​នឹង​យល់។ ១២ តាម​ពិត បង‌ប្អូន​គួរ​តែ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ បង‌ប្អូន​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អំពី​សេចក្ដី​ខ្លះៗ ដែល​នៅ​ខាង​ដើម​ដំបូង​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ បង‌ប្អូន​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ គឺ​មិន​មែន​ត្រូវ​ការ​អាហារ​រឹង​ទេ។ ១៣ អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀន‌ប្រដៅ​អំពី​សេចក្ដី​សុចរិត​ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។ ១៤ មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធ ចេះ​វែក‌ញែក ស្គាល់​ល្អ ស្គាល់​អាក្រក់។
 ហេតុ​នេះ ត្រូវ​ឈោង​ចាប់​យក​សេចក្ដី​ណា​ដែល​មាន​ខ្លឹម‌សារ គ្រប់​លក្ខណៈ​របស់​មនុស្ស​ពេញ​វ័យ ដោយ​ទុក​សេចក្ដី​ផ្សេងៗ​នៅ​ដើម​ដំបូង​ស្ដី​អំពី​ព្រះ‌គ្រីស្ត​នោះ​សិន យើង​មិន​បាច់​ចាក់​គ្រឹះ​សា​ជា​ថ្មី​ទៀត​ទេ គឺ​ដូច​ជា​និយាយ​អំពី​ការ​កែ​ប្រែ​ចិត្ត​គំនិត ឈប់​ប្រព្រឹត្ត​អំពើ​ឥត​បាន​ការ​ អំពី​ជំនឿ​លើ​ព្រះ‌ជាម្ចាស់  អំពី​សេចក្ដី​បង្រៀន​ពី​ការ​ជ្រមុជ​ផ្សេងៗ អំពី​ពិធី​ដាក់​ដៃ* អំពី​ការ​រស់​ឡើង​វិញ ឬ​អំពី​ការ​វិនិច្ឆ័យទោស​អស់​កល្ប‌ជានិច្ច​នោះ​ឡើយ។  ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ យើង​នឹង​បរិយាយ​អំពី​សេចក្ដី​ដូច​ត​ទៅ​នេះ។
 មាន​អ្នក​ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជា‌រស​នៃ​ព្រះ‌អំណោយ​ទាន​ពី​ស្ថាន​បរម‌សុខ*​បាន​រួម​ចំណែក​ជា​មួយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*  ព្រម​ទាំង​ស្គាល់​ឱជា‌រស​នៃ​ព្រះ‌បន្ទូល​ដ៏​ល្អ​វិសេស​របស់​ព្រះ‌ជាម្ចាស់ និង​ស្គាល់​ឫទ្ធា‌នុភាព​ទាំង‌ឡាយ​នៃ​បរ‌លោក​ទៀត​ផង។  ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់បាន​ឆ្កាង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះ‌អង្គ​ជា​សាធារណៈ​ផង។
 ដី​ណា​ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគ‌ផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌ជាម្ចាស់​ដែរ។  ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ដី​នោះ​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ គេ​នឹង​ចាត់​ទុក​ថា​គ្មាន​តម្លៃ ជិត​ត្រូវ​បណ្ដា‌សា ហើយ​គេ​មុខ​ជា​ដុត​ចោល​មិន​ខាន។
ក៏​ប៉ុន្តែ បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​អើយ ទោះ​បី​យើង​និយាយ​បែប​នេះ​ក៏​ដោយ ក៏​យើង​ជឿ​ជាក់​ថា បង‌ប្អូន​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ល្អ​ប្រសើរ​បំផុត​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ ១០ ដ្បិត​ព្រះ‌ជាម្ចាស់មិន​មែន​អយុត្ដិ‌ធម៌​ទេ ព្រះ‌អង្គ​មិន​ភ្លេច​អំពើ​ដែល​បង‌ប្អូន​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បង‌ប្អូន​បាន​សម្ដែង​ចំពោះ​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​បង‌ប្អូន​បាន​បម្រើ​ប្រជាជន​ដ៏‌វិសុទ្ធ កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។ ១១ យើង​ចង់​ឲ្យ​បង‌ប្អូន​ម្នាក់ៗ នៅ​តែ​មាន​ចិត្ត​ខ្នះ‌ខ្នែង រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​បង‌ប្អូន​បាន​ពេញ​លក្ខណៈ ១២ ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ​ទ្រាំ។
ព្រះ‌បន្ទូល​សន្យា​ដែល​មិន​ចេះ​ប្រែ‌ប្រួល
១៣ នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អប្រាហាំ ព្រះ‌អង្គ​បាន​ស្បថ​ដោយ​យក​ព្រះ‌អង្គ​ផ្ទាល់​ធ្វើ​ជា​ប្រធាន ព្រោះ​គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​ព្រះ‌អង្គ ធ្វើ​ជា​ប្រធាន​សម្បថ​បាន​ឡើយ។ ១៤ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ«យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»១៥ ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់‌ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះ‌បន្ទូល​សន្យា​មែន។ ១៦ មនុស្ស​តែង‌តែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។ ១៧ ព្រះ‌ជាម្ចាស់​ក៏​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ឲ្យ​អស់​អ្នក​ដែល​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ព្រះ‌អង្គ​សម្រេច​ព្រះ‌ហឫទ័យ​យ៉ាង​ណា​ហើយ​នោះ ព្រះ‌អង្គ​មិន​ប្រែ‌ប្រួល​ទេ។ ហេតុ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ស្បថ​ថែម​លើ​ព្រះ‌បន្ទូល​សន្យា​ទៀត។ ១៨ ចំពោះ​យើង​ដែល​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​ដាក់​នៅ​ខាង​មុខ​យើង ព្រះ‌អង្គ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង ដោយ​មាន​ព្រះ‌បន្ទូល​ទាំង​ពីរ​យ៉ាង​ ដែល​ពុំ​ចេះ​ប្រែ‌ប្រួល ហើយ​ព្រះ‌ជាម្ចាស់​មិន​ចេះ​កុហកក្នុង​ព្រះ‌បន្ទូល​នេះ​ឡើយ។ ១៩ សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​បី​ដូច​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំ‌មួន សម្រាប់​ព្រលឹង​របស់​យើង ហើយ​ក៏​បាន​ចូល​ហួស​វាំងនន​ទៅ​ក្នុង​ទី‌សក្ការៈ​ថែម​ទៀត​ផង ២០ គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​ព្រះ‌យេស៊ូ​បាន​យាង​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះ‌អង្គ​ក៏​បាន​ទទួល​ឋានៈ​ជា​មហា​បូជា‌ចារ្យ*​រហូត​អស់​កល្ប‌ជានិច្ច តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក។
ព្រះ‌បាទ​មែល‌គីសេ‌ដែក​ជា​មហា‌ក្សត្រ និង​ជា​បូជា‌ចារ្យ
 ព្រះ‌បាទ​មែល‌គីសេ‌ដែក​នេះជា​ព្រះ‌មហា​ក្សត្រ​នៅ​ក្រុង​សាឡឹម និង​ជា​បូជា‌ចារ្យ*​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះ‌អង្គ​បាន​ទៅ​ជួប​លោក​អប្រាហាំ ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ព្រះ‌អង្គ​ជូន​ពរ​លោក។  លោក​អប្រាហាំ​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌បាទ​មែល‌គីសេ‌ដែក។ ព្រះ‌នាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា «ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ព្រះ‌អង្គ​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ត»។  ព្រះ‌អង្គ​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេចក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ព្រះ‌អង្គ​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជា‌ចារ្យ*​រហូត​ត​រៀង​ទៅ។
 សូម​បង‌ប្អូន​ពិចារណា​មើល​ចុះ ព្រះ‌បាទ​មែល‌គីសេ‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​ជា​លោក​អប្រាហាំ បុព្វបុរស*​របស់​យើង យក​អ្វីៗ​ដែល​លោក​រឹប​អូស​បាន​ពី​ចម្បាំង ចំនួន​មួយ​ភាគ​ដប់​មក​ថ្វាយ​ដូច្នេះ!  អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី*​ដែល​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ*​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​តង្វាយ​មួយ​ភាគ​ដប់*​ពី​ប្រជាជន ស្រប​តាម​វិន័យ* គឺ​ទារ​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។  ចំណែក​ឯ​ព្រះ‌បាទ​មែល‌គីសេ‌ដែក​វិញ លោក​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​លោក​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់ពី​លោក​អប្រាហាំ! ព្រះ‌អង្គ​ក៏​ជូន​ពរ​ដល់​លោក​អប្រាហាំ ដែល​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា!  ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។  លោក​លេវី​ ដែល​ទទួល​តង្វាយ​មួយ​ភាគ​នោះ ជា​មនុស្ស​តែង‌តែ​ស្លាប់។ រីឯ​ព្រះ‌បាទ​មែល‌គីសេ‌ដែក​វិញ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ដូច​គម្ពីរ​បាន​បញ្ជាក់​ស្រាប់។  យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌បាទ​មែល‌គីសេ‌ដែក តាម‌រយៈ​លោក​អប្រាហាំ​ដែរ ១០ ដ្បិត​នៅ​ពេល​ដែល​ព្រះ‌បាទ​មែល‌គីសេ‌ដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។
១១ មុខ‌ងារ​បូជា‌ចារ្យជា​គ្រឹះ​នៃ​គម្ពីរ‌វិន័យ​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​បូជា‌ចារ្យ​មួយ​ទៀត តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជា‌ចារ្យតាម​របៀប​លោក​អរ៉ុន​ទៅ​វិញ។ ១២ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខ‌ងារ​បូជា‌ចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​វិន័យ​ដែរ។ ១៣ រីឯ​បូជា‌ចារ្យ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ ព្រះ‌អង្គ​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​បូជា‌ចារ្យ​ឡើយ​។ ១៤ យើង​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា​ថា ព្រះ‌អម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុល‌សម្ព័ន្ធ*​យូដា។ ពេល​លោក​ម៉ូសេ​និយាយ​អំពី​បូជា‌ចារ្យ លោក​ពុំ​ដែល​និយាយ​ពី​កុល‌សម្ព័ន្ធ​នេះ​ទេ។ ១៥ ប្រសិន​បើ​មាន​ការ​តែង‌តាំង​បូជា‌ចារ្យ​មួយ​រូប​ទៀត ដូច​ព្រះ‌បាទ​មែល‌គីសេ‌ដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។ ១៦ ព្រះ‌អង្គ​មិន​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វិន័យ​ក្រឹត្យ‌ក្រម​របស់​មនុស្ស​ឡើយ គឺ​ព្រះ‌អង្គ​បាន​ទទួល​មុខ‌ងារ​នេះ​តាម​ឫទ្ធា‌នុភាព​នៃ​ព្រះ‌ជន្ម​មិន​ចេះ​សាប​សូន្យ ១៧ ដ្បិត​គម្ពីរ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌អង្គ​ថា«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​មែល‌គីសេ‌ដែក»១៨ ដូច្នេះ បញ្ញត្តិ​ដែល​មាន​ពី​មុន​មកត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ ១៩ ដ្បិត​វិន័យ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល ទៅ​ជិត​ព្រះ‌ជាម្ចាស់​បាន។
២០ លើស​ពី​នេះ មាន​ព្រះ‌បន្ទូល​សម្បថ។ បូជា‌ចារ្យ​ឯ​ទៀតៗបាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ ដោយ​គ្មាន​ព្រះ‌បន្ទូល​សម្បថ​ទេ។ ២១ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ ដោយ​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​បាន​ស្បថ គឺ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា«“ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់​កល្ប‌ជានិច្ច” ព្រះ‌អម្ចាស់​ព្រះ‌អង្គ​បាន​ស្បថ ហើយ​ព្រះ‌អង្គ​នឹង​មិន​ប្រែ‌ប្រួល​ឡើយ»​។ ២២ ដូច្នេះ ដោយ​មាន​ព្រះ‌បន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា ព្រះ‌យេស៊ូ​ធានា​រ៉ាប់‌រងនូវ​សម្ពន្ធ‌មេត្រី*​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។
២៣ លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​បូជា‌ចារ្យ​តៗ​គ្នា ព្រោះ​ពួក​គេ​តែង‌តែ​ស្លាប់ ពុំ​អាច​ធ្វើ​បូជា‌ចារ្យ​ជា​អចិន្ត្រៃយ៍​ឡើយ។ ២៤ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​បាន​ទេ ព្រោះ​ព្រះ‌អង្គ​គង់​នៅ​អស់​កល្ប‌ជានិច្ច។ ២៥ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌អង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ពួក​គេ។ ២៦ មាន​តែ​មហា​បូជា‌ចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខ*​ទៅ​ទៀត។ ២៧ ព្រះ‌អង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជាជន​ផង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះ‌អង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។ ២៨ វិន័យ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ រីឯ​ព្រះ‌បន្ទូល​សម្បថ ដែល​មាន​មក​តាម​ក្រោយ​វិន័យ បាន​តែង‌តាំង​ព្រះ‌បុត្រា ដែល​គ្រប់​លក្ខណៈ​អស់​កល្ប‌ជានិច្ច ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ​វិញ។
ព្រះ‌យេស៊ូ​ជា​មហា​បូជា‌ចារ្យ​នៃ​សម្ពន្ធ‌មេត្រី​ថ្មី
 គោល​ដ៏​សំខាន់​បំផុតក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា យើង​មាន​មហា​បូជា‌ចារ្យ*​មួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។  ព្រះ‌អង្គ​នៅ​បម្រើ​ក្នុង​ទី‌សក្ការៈ* និង​ក្នុង​ព្រះ‌ពន្លា*​ដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។  ចំពោះ​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប គេ​តែង‌តាំង​ឲ្យ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា ដូច្នេះ លោក​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ថ្វាយ​ជា​ចាំ‌បាច់។  ប្រសិន​បើ​ព្រះ‌គ្រីស្ត​គង់​នៅ​ផែន‌ដី​នេះ ព្រះ‌អង្គ​មិន​មែន​ជា​បូជា‌ចារ្យ​ទេ ព្រោះ​មាន​បូជា‌ចារ្យ​ឯ​ទៀតៗសម្រាប់​យក​តង្វាយ​ទៅ​ថ្វាយ ស្រប​តាម​វិន័យ​រួច​ស្រេច​ទៅ​ហើយ។  អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​ស្ថាន​បរម‌សុខ ដូច​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ពេល​ដែល​ហៀប​នឹង​សង់​ព្រះ‌ពន្លា​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ»។  ឥឡូវ​នេះ ព្រះ‌គ្រីស្ត​បាន​ទទួល​មុខ‌ងារ​ប្រសើរ​ជាង​បូជា‌ចារ្យ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​ព្រះ‌អង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​មួយ​ប្រសើរ​ជាង ជា​សម្ពន្ធ‌មេត្រី​ដែល​ចង​ឡើង ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។
 ប្រសិន​បើ​សម្ពន្ធ‌មេត្រី​មុនល្អ​ឥត​ខ្ចោះហើយ មិន​បាច់​រក​សម្ពន្ធ‌មេត្រី​ទី​ពីរមក​ជំនួស​ឡើយ។  ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​បន្ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដូច​ត​ទៅ៖
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«បន្ដិច​ទៀត យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី
ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល
និង​ពូជ‌ពង្ស​របស់​យូដា។
 សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី​ដែល
យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ
នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​ទាំង​នោះ
ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។
ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធ‌មេត្រី
ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ
ឲ្យ​បាន​ខ្ជាប់‌ខ្ជួន​ទេ
យើង​ក៏​លែង​រវី‌រវល់​នឹង​ពួក​គេ​ដែរ»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
១០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ
យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពូជ‌ពង្ស
អ៊ីស្រា‌អែល​ដូច​ត​ទៅ:
យើង​នឹង​ដាក់​វិន័យ​របស់​យើង​ទាំង​ប៉ុន្មាន
ក្នុង​ប្រាជ្ញា​របស់​ពួក​គេ
យើង​នឹង​ចារ​វិន័យ​ទាំង​នោះ​ទុក
នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ
យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ
ហើយ​គេ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។
១១ ពេល​នោះនឹង​លែង​មាន​នរណា
បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន
ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់
បង‌ប្អូន​របស់​ខ្លួន​ថា
“ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់” ទៀត​ហើយ
ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ
គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា
១២ ដ្បិត​យើង​នឹង​អត់​ឱន​ឲ្យ​គេ
ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត
ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ
ទៀត​ដែរ»​។
១៣ ដោយ​ព្រះ‌អង្គ​ហៅ​សម្ពន្ធ‌មេត្រី​នេះ ថាជា​សម្ពន្ធ‌មេត្រី​ថ្មី​ដូច្នេះ ព្រះ‌អង្គ​ចាត់​ទុក​សម្ពន្ធ‌មេត្រី​មុន​ថាជា​សម្ពន្ធ‌មេត្រី​ចាស់។ ធម្មតា អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ នោះ មុខ​ជា​ត្រូវ​សាប​សូន្យ​បាត់​ទៅ​មិន​ខាន។
ការ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​របៀប​ចាស់ និង​តាម​របៀប​ថ្មី
 ក្នុង​សម្ពន្ធ‌មេត្រី​ទី​មួយមាន​ក្បួន​ផ្សេងៗ សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​មាន​ទី‌សក្ការៈ​នៅ​លើ​ផែន‌ដី​នេះ  ព្រោះ​គេ​បាន​ដំឡើង​ព្រះ‌ពន្លា*​មួយ ហើយ​គេ​ហៅ​ផ្នែក​ខាង​មុខ​ថា“ទី‌សក្ការៈ” នៅ​ទី​នោះ​មាន​ដាក់​ជើង​ចង្កៀង តុ និង​នំបុ័ង​តង្វាយ។  បន្ទាប់​មក ខាង​ក្រោយ​វាំងនន​ទី​ពីរ មាន​ព្រះ‌ពន្លា​មួយ​ទៀត​ហៅ​ថា “ទី‌សក្ការៈ​បំផុត”។  នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប*​នៃ​សម្ពន្ធ‌មេត្រី ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​លោក​អរ៉ុនដែល​មាន​ផ្កា​រីកចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។  នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី មាន​រូប​ខេរូប៊ីម*ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ថ្វាយ​ឈាម​សុំ​ឲ្យ​រួច​ពី​បាប* រូប​នោះ​បង្ហាញ​ពី​វត្ត‌មាន​របស់​ព្រះ‌ជាម្ចាស់​។ ប៉ុន្តែ យើង​មិន​បាច់​រៀប​រាប់​ឲ្យ​បាន​ល្អិត‌ល្អន់ នៅ​ពេល​នេះ​ទេ។  អ្វីៗ​ទាំង​អស់​រៀប‌រយ​ដូច្នេះ​ហើយ ក្រុម​បូជា‌ចារ្យ​ក៏​នាំ​គ្នា​ចូល​ទៅ​គោរព​បម្រើ​នៅ​ផ្នែក​ខាង​មុខ​នៃ​ព្រះ‌ពន្លា​នោះ​ជា​ប្រក្រតី។  រីឯ​ព្រះ‌ពន្លា​ខាង​ក្នុង​វិញ មាន​តែ​លោក​មហា​បូជា‌ចារ្យ​ប៉ុណ្ណោះដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ លោក​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដើម្បី​លាង​កំហុស​របស់​ខ្លួន​លោក​ផ្ទាល់ និង​កំហុស​របស់​ប្រជាជន។  ត្រង់​នេះ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ព្រះ‌ពន្លា​នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈក៏​ពុំ​ទាន់​បើក​ចំហ​ឲ្យ​យើង​ចូល​ទៅ​បាន​ដែរ។  នេះ​ហើយ​ជា​និមិត្ត‌រូបសម្រាប់​បច្ចុប្បន្ន​កាល គឺ​មាន​ន័យ​ថា តង្វាយ និង​យញ្ញ‌បូជា​ដែល​មនុស្ស​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ពុំ​អាច​ធ្វើ​ឲ្យ​មន‌សិការ​របស់​អ្នក​ដែល​មក​គោរព​បម្រើ ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ១០ ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​ខាង​លោកីយ៍​អំពី​ម្ហូប​អាហារ ភេសជ្ជៈ និង​អំពី​ការ​ប្រោះ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជាជន​ត្រូវ​ធ្វើ ទម្រាំ​ដល់​ពេល​ព្រះ‌ជាម្ចាស់​កែ​ទម្រង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។
១១ រីឯ​ព្រះ‌គ្រីស្ត​វិញ ព្រះ‌អង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះ‌អង្គ​បាន​យាង​កាត់​ព្រះ‌ពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះ‌ពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះ‌ពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។ ១២ ព្រះ‌អង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់ ចូល​ទៅ​ថ្វាយក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់​កល្ប‌ជានិច្ច​ផង។ ១៣ ប្រសិន​បើ​ឈាម​ពពែ​ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅ‌ហ្មង ធ្វើ​ឲ្យ​រូប​កាយ​គេ​បាន​បរិសុទ្ធ និង​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ ១៤ ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ត​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​ព្រះ‌វិញ្ញាណដែល​គង់​នៅ​អស់​កល្ប‌ជានិច្ច ព្រះ‌គ្រីស្ត​បាន​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ព្រះ‌ជាម្ចាស់ ទុក​ដូច​ជា​យញ្ញ‌បូជា​ឥត​សៅ‌ហ្មង។
១៥ ហេតុ​នេះ ព្រះ‌អង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។
១៦ ធម្មតា គេ​អាច​ចែក​កេរ‌មត៌ក​តាម​ពាក្យ​បណ្ដាំ​បាន លុះ​ត្រា​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចែង​ពាក្យ​បណ្ដាំ​នោះស្លាប់​ទៅ​ហើយ ១៧ ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់ គេ​ពុំ​អាច​អនុវត្ត​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។ ១៨ ហេតុ​នេះ សូម្បី​តែ​សម្ពន្ធ‌មេត្រី​ពី​មុនក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។ ១៩ ពេល​លោក​ម៉ូសេ​ប្រកាស​បញ្ញត្តិ​ទាំង​អស់ ស្រប​តាម​វិន័យ* ឲ្យ​ប្រជាជន​ទាំង​មូល​ស្ដាប់​រួច​ហើយ លោក​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុប​ មក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជាជន​ទាំង​មូល ២០ លោក​មាន​ប្រសាសន៍​ថាៈ«នេះ​ជា​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម»​។ ២១ បន្ទាប់​មក លោក​ក៏​បាន​ប្រោះ​ឈាម​នោះ​លើ​ព្រះ‌ពន្លា និង​លើ​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​ប្រើ‌ប្រាស់​សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដែរ។ ២២ តាម​វិន័យ អ្វីៗ​ស្ទើរ​តែ​ទាំង​អស់​បាន​បរិសុទ្ធ​ដោយ‌សារ​ឈាម ប្រសិន​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ ក៏​គ្មាន​ការ​លើក‌លែង​ទោស​ដែរ។
ព្រះ‌គ្រីស្ត​ជា​យញ្ញ‌បូជា​រំដោះ​បាប
២៣ អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាងតាម​គំរូ​នៅ​ស្ថាន​បរម​សុខ* បាន​បរិសុទ្ធ* ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ ត្រូវ​តែ​មាន​យញ្ញ‌បូជា​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ទើប​បាន​បរិសុទ្ធ។ ២៤ ព្រះ‌គ្រីស្ត​ពុំ​បាន​យាង​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ព្រះ‌អង្គ​បាន​យាង​ទៅ​ចូល​ក្នុង​ស្ថាន​បរម‌សុខ​តែ​ម្ដង។ ឥឡូវ​នេះ ព្រះ‌អង្គ​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ២៥ ព្រះ‌គ្រីស្ត​ពុំ​បាន​បូជា​ព្រះ‌ជន្ម​ព្រះ‌អង្គ​ផ្ទាល់​ច្រើន​ដង ដូច​លោក​មហា​បូជា‌ចារ្យ* ដែល​តែង‌តែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។ ២៦ បើ​ព្រះ‌អង្គ​បូជា​ព្រះ‌ជន្ម​ច្រើន​ដង ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង‌ទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព‌លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រះ‌អង្គ​បាន​យាង​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម។ ២៧ មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​យ៉ាង​ណា ២៨ ព្រះ‌គ្រីស្ត​ក៏​បាន​ថ្វាយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​តែ​មួយ​ដង ធ្វើ​ជា​យញ្ញ‌បូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ។
១០
 គម្ពីរ‌វិន័យ*​គ្រាន់​តែ​ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​លោក​ខាង​មុខ​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ទេ។ ហេតុ​នេះ វិន័យ​ពុំ​អាច​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ថ្វាយ​សក្ការ‌បូជា បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​គេ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។  ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​នេះបាន​បរិសុទ្ធ ម្ដង​ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញ‌បូជា​ទៀត​ដែរ។  ក៏ប៉ុន្តែ ដោយ​ការ​ថ្វាយ​យញ្ញ‌បូជា​ទាំង​នោះ​ជា​រៀង​រាល់​ឆ្នាំ គេ​តែង‌តែ​នាំ​គ្នា​រំឭក​ពី​អំពើ​បាប  ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល ពុំ​អាច​ដក​បាប​បាន​ឡើយ។
 ហេតុ​នេះ នៅ​ពេល​ដែល​ព្រះ‌គ្រីស្ត​យាង​ចូល​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌ជាម្ចាស់​ថា៖
«ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ
តែ​ព្រះ‌អង្គ​បាន​ធ្វើ​រូប​កាយ​មួយ​ឲ្យ​ទូលបង្គំ
 ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត
ឬ​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ
 ដូច្នេះ ទូលបង្គំ​ពោល​ថាៈ បពិត្រ​ព្រះ‌ជាម្ចាស់ឥឡូវ​នេះ ទូលបង្គំ​សូម​មកធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំនៅ​ក្នុង​គម្ពីរ»
 ជា​បឋម ព្រះ‌គ្រីស្ត​មាន​ព្រះ‌បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន ហើយ​ព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ស្រប​តាម​វិន័យ​ដែរ។  បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មកធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។ ដូច្នេះ ព្រះ‌អង្គ​បាន​លុប​បំបាត់​របៀប​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។ ១០ ព្រះ‌យេស៊ូ‌គ្រីស្ត​ថ្វាយ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ម្ដង​ជា​សូរេច តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រោស​យើង​ឲ្យ​វិសុទ្ធ។
១១ បូជា‌ចារ្យ*​គ្រប់ៗ​រូប​តែង‌តែ​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញ‌បូជា​ដែល​ពុំ​អាច​ដក​បាប​បាន​ជា​ដាច់​ខាត។ ១​២ រីឯ​ព្រះ‌គ្រីស្ត​វិញ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។ ១៣ ឥឡូវ​នេះ ព្រះ‌អង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ។ ១៤ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រីស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។ ១៥ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
១៦ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង
សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ
យើង​នឹង​ដាក់​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង
ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​វិន័យ
ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។
១៧ បន្ទាប់​មក ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖
«ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប
និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ»
១៨ ដូច្នេះ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​ឲ្យ​រួច​ពី​បាប​ទៀត​ឡើយ។
ពាក្យ​ដាស់‌តឿន​ឲ្យ​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន
១៩ ហេតុ​នេះ បង‌ប្អូន​អើយ យើង​មាន​ចិត្ត​រឹង‌ប៉ឹង ចូល​មក​ក្នុង​ទី‌សក្ការៈ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ២០ ព្រោះ​ព្រះ‌អង្គ​បាន​បើក​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ព្រះ‌អង្គ​ឆ្លង​កាត់​វាំងនន ពោលគឺ​រូប​កាយ​របស់​ព្រះ‌អង្គ ដែល​កើត​មក​ជា​មនុស្ស។ ២១ ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ ២២ យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរ‌ពេញ​ដោយ​ជំនឿ​មាំ‌មួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​គំនិត​សៅ‌ហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។ ២៣ ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ​។ ២៤ តោង​យើង​មើល​ថែ‌រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។ ២៥ មិន​ត្រូវ​លះ‌បង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។
២៦ ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញ‌បូជា​ណា​អាច​ធ្វើ​ឲ្យ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ ២៧ គឺ​មាន​តែ​ភិត‌ភ័យ រង់‌ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់‌ចាំ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ! ២៨ នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។ ២៩ ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្ថោក​ព្រះ‌លោហិត​នៃ​សម្ពន្ធ‌មេត្រី ជា​ព្រះ‌លោហិត​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​នោះ សូម​បង‌ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត! ៣០ ដ្បិត​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា«ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ»​។ ៣១ គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាចជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ វិនិច្ឆ័យ​ទោស​ឡើយ!.​។
៣២ ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បង‌ប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះ‌ជាម្ចាស់​ថ្មីៗ។ ពេល​នោះ បង‌ប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បង‌ប្អូន​ក៏​បាន​រង‌ទុក្ខ​លំបាក​ជា​ច្រើន ៣៣ ពេល​ខ្លះ បង‌ប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បង‌ប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។ ៣៤ បង‌ប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បង‌ប្អូន​សុខ​ចិត្ត​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​បង‌ប្អូន ដោយ​រីក‌រាយ ដ្បិត​បង‌ប្អូន​ដឹង​ថា បង‌ប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ៣៥ ហេតុ​នេះ សូម​បង‌ប្អូន​កុំ​លះ‌បង់​ចិត្ត​រឹង‌ប៉ឹង ដែល​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ ៣៦ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​ទទួល​ផល តាម​ព្រះ‌បន្ទូល​សន្យា
៣៧ ដ្បិត​នៅ​តែ​បន្ដិច​ទៀត
គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ
ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក
ព្រះ‌អង្គ​នឹង​យាង​មក​ដល់​ជា​មិន​ខាន
ព្រះ‌អង្គ​មិន​បង្អង់​ឡើយ។
៣៨ «រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ
គេ​នឹង​មាន​ជីវិត​រស់​ដោយ‌សារ​ជំនឿ
តែ​បើ​គេ​ថយ​ក្រោយ
យើង​លែង​ពេញ​ចិត្ត​នឹង​គេ​ហើយ»​។
៣៩ ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ ដើម្បី​សង្គ្រោះ​ជីវិត​។
១១
អំពី​ជំនឿ
 ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន​ និង​ធ្វើ​ឲ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។  ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយបាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្តិ៍‌ឈ្មោះ​ល្អ។
 ដោយ‌សារ​ជំនឿ យើង​យល់​ថា ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព‌លោក​មក។ ដូច្នេះ អ្វីៗ​ដែល​យើង​មើល​ឃើញ មិន​មែន​កើត​ចេញ​មក​ពី​អ្វីៗ​ដែល​មាន​រូប‌រាង​នោះ​ឡើយ។
 ដោយ‌សារ​ជំនឿ លោក​អបិល​បាន​ថ្វាយ​យញ្ញ‌បូជា​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ជា​យញ្ញ‌បូជា​ប្រសើរ​ជាង​យញ្ញ‌បូជា​របស់​លោក​កាអ៊ីន។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយបាន​ជា​ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខី‌ភាព​ថា លោក​ជា​មនុស្ស​សុចរិត។ ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​របស់​លោក ហើយ​ដោយ‌សារ​ជំនឿ ទោះ​បី​លោក​អបិល​ស្លាប់​បាត់​ទៅ​ហើយ​ក្តី ក៏​លោក​នៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ។
 ដោយ‌សារ​ជំនឿ លោក​ហេណុក​ត្រូវ​ព្រះ‌ជាម្ចាស់​លើក​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ផុត​ពី​សេចក្ដី​ស្លាប់ ហើយ​គ្មាន​នរណា​រក​លោក​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះ‌អង្គ​បាន​លើក​លោក​ឡើង​ទៅ។ មុន​ពេល​ព្រះ‌អង្គ​លើក​លោក​ឡើង​ទៅ​នោះ លោក​បាន​ទទួល​សក្ខី‌ភាព​ថា ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក។  បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ‌ជាម្ចាស់​មែន ហើយ​ជឿ​ថាព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។
 ដោយ‌សារ​ជំនឿ លោក​ណូអេ​បាន​ទទួល​ដំណឹង​ពី​ព្រះ‌ជាម្ចាស់ អំពី​ហេតុ‌ការណ៍ ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ លោក​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ​ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ដោយ‌សារ​ជំនឿ លោក​បាន​ដាក់​ទោស​ពិភព‌លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។
 ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​លោក ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មត៌ក។ លោក​ចេញ​ដំណើរ​ទៅ ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។  ដោយ‌សារ​ជំនឿ លោក​បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ថានឹង​ប្រទាន​ឲ្យ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះ‌បន្ទូល​សន្យា​ដដែល។ ១០ លោក​អប្រាហាំ​ទន្ទឹង​រង់‌ចាំ​ទទួល​ក្រុង​មួយដែល​នឹង​មាន​គ្រឹះ​រឹង‌មាំ‌មួន ជា​ក្រុង​ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​គម្រោង និង​សង់​ឡើង។
១១ ដោយ‌សារ​ជំនឿ លោក​ស្រី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វីដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា បើ​ព្រះ‌ជាម្ចាស់​សន្យា​យ៉ាង​ណា ព្រះ‌អង្គ​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។ ១២ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើនឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។
១៣ បុព្វ‌បុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថា ពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​លើ​ផែន‌ដី​នេះ​ប៉ុណ្ណោះ។ ១៤ អ្នក​ណា​និយាយ​ដូច្នេះបង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។ ១៥ ប្រសិន​បើ​បុព្វបុរស​ទាំង​នោះនឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។ ១៦ តាម​ពិត ពួក​លោក​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​ស្ថាន​បរម‌សុខ*​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួក​លោក​រួច​ទៅ​ហើយ។
១៧ ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​បាន​យក​អ៊ីសាក​ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ព្រះ‌ជាម្ចាស់​ល្បង‌ល​មើល​ចិត្ត​លោក។ លោក​ថ្វាយ​កូន​តែ​មួយ​គត់​របស់​លោក ថ្វី‌ដ្បិត​តែ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា ១៨ ហើយ​ថ្វី‌ដ្បិត​តែ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា «អ៊ីសាក​នឹង​បន្ដ​ពូជ‌ពង្ស​ឲ្យ​អ្នក»​ក៏​ដោយ។ ១៩ លោក​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ លោក​ក៏​បាន​ទទួល​កូន​មក​វិញ ដែល​ជា​និមិត្ត‌រូប​មួយ។
២០ ដោយ‌សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប និង​លោក​អេសាវ ទុក​សម្រាប់​អនាគត។
២១ ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ាកុប​ហៀប​នឹង​ទទួល​មរណ‌ភាព លោក​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។
២២ ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ូសែប​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​លោក​ផ្ដាំ​គេ​ឲ្យ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ធាតុ​របស់​លោក។
២៣ ដោយ‌សារ​ជំនឿ ពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​លោក​ទុក​ចំនួន​បី​ខែ ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។
២៤ ដោយ‌សារ​ជំនឿ លុះ​ដល់​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថាជា​កូន​របស់​បុត្រី​ព្រះ‌ចៅ​ផារ៉ោន​ទេ។ ២៥ លោក​សុខ​ចិត្ត​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយ‌ភ្លែត។ ២៦ លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​ព្រះ‌គ្រីស្ត ប្រសើរ​ជាង​បាន​ទ្រព្យ‌សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។ ២៧ ដោយ‌សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះ‌ជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ២៨ ដោយ‌សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​ចម្លង* និង​ប្រោះ​ឈាម​ ដើម្បី​កុំ​ឲ្យ​មច្ចុរាជ​បៀត‌បៀន​កូន​ច្បង​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ។
២៩ ដោយ‌សារ​ជំនឿ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន​ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ​​ស្លាប់​អស់​ទៅ។
៣០ ដោយ‌សារ​ជំនឿ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​ជុំ‌វិញ​ក្រុង​យេរីខូ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ហើយ​កំពែង​ក្រុង​ក៏​រលំ​អស់។
៣១ ដោយ‌សារ​ជំនឿ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ពុំ​បាន​វិនាស​អន្តរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។
៣២ តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​កេដូន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែបថា ព្រះ‌បាទ​ដាវីឌ លោក​សាមូ‌អែល និង​ព្យាការី​នានា​ទេ។ ៣៣ ដោយ‌សារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ បាន​បិទ​មាត់​សឹង្ហ ៣៤ បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។ ៣៥ ស្ត្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម មិន​ព្រម​ឲ្យ​នរណា​ដោះ​លែង​ឡើយ ដើម្បី​ឲ្យ​បាន​ជីវិត​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង។ ៣៦ អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡក‌ឡឺយ ឲ្យ​គេ​វាយ‌ដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំ‌ឃាំង​ថែម​ទៀត​ផង។ ៣៧ អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។ ៣៨ លោកីយ៍​ពុំ​ស័ក្តិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។ ៣៩ ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខី‌ភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្តី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ៤០ ដោយ​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ព្រះ‌អង្គ​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។
១២
ព្រះ‌ជាម្ចាស់​ជា​ឪពុក​របស់​យើង
 ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​ព្រះ‌អម្ចាស់​ដាក់​ឲ្យ​យើង​រត់។  ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះ‌អង្គ​សុខ​ចិត្ត​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​ព្រះ‌អង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាស​សោះ​ឡើយ។ ឥឡូវ​នេះ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់។
 សូម​បង‌ប្អូន​គិត​ពី​ព្រះ‌អង្គ​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ព្រះ‌អង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​នឿយ​ណាយ បាក់​ទឹក​ចិត្ត​ឡើយ។  បង‌ប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ  តែ​បង‌ប្អូន​បែរ​ជា​ភ្លេច​ព្រះ‌បន្ទូល​ទូន្មាន​របស់​ព្រះ‌ជាម្ចាស់​មក​កាន់​បង‌ប្អូន ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថាៈ
«កូន​អើយ មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង
ការ​វាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ
ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត
នៅ​ពេល​ព្រះ‌អង្គ​ស្ដី​បន្ទោស​ដែរ
 ដ្បិត​ព្រះ‌អម្ចាស់​ប្រដៅ
អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់
ហើយ​វាយ​អ្នក​ដែល​ព្រះ‌អង្គ​ទទួល​ជា​កូន»
 បង‌ប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះ‌ជាម្ចាស់​រាប់​បង‌ប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ?  ប្រសិន​បើ​បង‌ប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បង‌ប្អូន​ជា​កូន​ឥត​ខាន់‌ស្លា មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។  ក្នុង​លោក​នេះ យើង​មាន​ឪពុក​ដែល​ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់​ដដែល។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិត​ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។ ១០ ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ‌រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​ឲ្យ​យើង​បាន​វិសុទ្ធ* រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ១១ ការ​វាយ​ប្រដៅ​តែង‌តែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។ ១២ ហេតុ​នេះ«ចូរ​លើក​ដៃ​ដែល​រួយ​ឡើង ហើយ​តម្រង់​ជង្គង់​ដែល​ទន់​នោះ ឲ្យ​រឹង‌ប៉ឹង​ឡើង​ដែរ»​។ ១៣ ត្រូវ​រៀបចំ​ផ្លូវ​ឲ្យ​បាន​ត្រង់ ដើម្បី​ស្រួល​ដើរ​ កុំ​ឲ្យ​អ្នក​ខូច​ជើង រឹត​តែ​ខូច​ជើង​ថែម​ទៀត គឺ​ឲ្យ​គេ​បាន​ជា​វិញ​ប្រសើរ​ជាង។
ត្រូវ​ស្មោះ‌ត្រង់​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ‌ជាម្ចាស់
១៤ ចូរ​ខិត‌ខំ​ឲ្យ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិត‌ខំ​ឲ្យ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះ‌អម្ចាស់​ឡើយ។ ១៥ ចូរ​ប្រយ័ត្ន‌ប្រយែង ក្រែង​លោ​មាន​បង‌ប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់។ មិន​ត្រូវ​ទុក​ឲ្យ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​ឲ្យ​កើត​រឿង‌រ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បង‌ប្អូន​ជា​ច្រើន​នោះ​ឡើយ។
១៦ ចូរ​ប្រយ័ត្ន‌ប្រយែង កុំ​ឲ្យ​បង‌ប្អូន​ណា​ម្នាក់​ប្រាស‌ចាក​សីល‌ធម៌ ឬ​មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​ឲ្យ​សោះ។ ១៧ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​ឲ្យ​ឪពុក​ដូរ​គំនិត​បាន​ដែរ។
១៨ បង‌ប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ​ ដែល​អាច​ពាល់​បាន ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យ‌សុង មាន​ខ្យល់​ព្យុះ​នោះ​ឡើយ ១៩ ហើយ​បង‌ប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះ‌សូរសៀង​ដែរ។ ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត ២០ ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​ព្រះ‌បញ្ជា​នេះ​បាន​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»២១ នេះ​ជា​អព្ភូត‌ហេតុ​មួយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ«ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង»២២ ផ្ទុយ​ទៅ​វិញ បង‌ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ ដែល​មាន​ទេវទូត*​រាប់​លាន​រាប់​កោដិ ២៣ និង​មាន​ព្រះ‌សហគមន៍​របស់​ពួក​រៀម‌ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណៈ ២៤ បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត​ដែល​ទូល‌អង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អេបិល​ទៅ​ទៀត។
២៥ ចូរ​ប្រយ័ត្ន! បើ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បង‌ប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែន‌ដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់ បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គ ដែល​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរម‌សុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​ឡើយ។
២៦ ពី​ដើម ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​កក្រើក​ផែន‌ដី ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ថាៈ«ម្ដង​នេះ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​កក្រើក មិន​ត្រឹម​តែ​ផែន‌ដី​ប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ផង​ដែរ»​។ ២៧ ពាក្យ«ម្ដង​នេះ​ទៀត»បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ ដែល​នៅ​សល់។ ២៨ ដោយ​យើង​បាន​ទទួល​ព្រះ‌រាជ្យ*​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ តាម​របៀប​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ២៩ ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។
១៣
របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់
 ចូរ​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន​ឲ្យ​បាន​ជាប់​ជា‌និច្ច។  សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវទូត*​ទាំង​មិន​ដឹង​ខ្លួន។  ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង ហាក់​បី​ដូច​ជា​បង‌ប្អូន​នៅ​ជាប់​ឃុំ‌ឃាំងរួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បង‌ប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។
 សូម​បង‌ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីល‌ធម៌ និង​ផិត​ក្បត់។  កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ​ គឺ​ត្រូវ​ស្កប់​ចិត្ត​នឹង​ទ្រព្យ‌សម្បត្តិ ដែល​បង‌ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»។  ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹង‌ប៉ឹង​ថា«ព្រះ‌អម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?»
 ចូរ​បង‌ប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បង‌ប្អូន ដែល​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បង‌ប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​ទៅ។
 ព្រះ‌យេស៊ូ‌គ្រីស្ត​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់​កល្ប‌ជានិច្ច ព្រះ‌អង្គ​នៅ​តែ​ដដែល។  សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​ឲ្យ​បាន​រឹង‌ប៉ឹង​ឡើង ដោយ‌សារ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​រឹង‌ប៉ឹង​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។ ១០ យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជា‌ចារ្យ​ធ្វើ​ការ​ក្នុង​ព្រះ‌ពន្លា* គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​ឡើយ។ ១១ លោក​មហា​បូជា‌ចារ្យ តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ក្នុង​ទី‌សក្ការៈ* ដើម្បី​សុំ​ឲ្យ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។ ១២ ព្រះ‌យេស៊ូ​ក៏​ដូច្នោះ​ដែរ ព្រះ‌អង្គ​រង‌ទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជាជន​ឲ្យ​វិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ១៣ ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះ‌អង្គ ទាំង​ស៊ូ​ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ១៤ ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។ ១៥ ចូរ​យើង​ថ្វាយ​យញ្ញ‌បូជាសម្រាប់​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ជា‌និច្ច តាម‌រយៈ​ព្រះ‌យេស៊ូ គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ។ ១៦ កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​បែប​នេះ។
១៧ ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បង‌ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែង‌តែ​ថែ‌រក្សា​ព្រលឹង​បង‌ប្អូន​ជា‌និច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បង‌ប្អូន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បើ​បង‌ប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខ‌ងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខ‌ងារ ទាំង​ថ្ងូរ បង‌ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។
១៨ សូម​អធិស្ឋាន*​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មន‌សិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ត​យ៉ាង​ល្អ​ត្រឹម​ត្រូវ​ក្នុង​គ្រប់​កាលៈ‌ទេសៈ ១៩ ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​មេត្តា​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បង‌ប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។
២០ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្តបាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រីស្ត​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។ ២១ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌អង្គ​សម្រេច​ការ​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​នៅ​ក្នុង​យើង តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។
២២ បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង‌ប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។
២៣ សូម​ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បង‌ប្អូន​របស់​យើង​បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​បង‌ប្អូន​ជា​មួយ​គាត់​ដែរ។
២៤ សូម​ជម្រាប​សួរអ្នក​ដឹក​នាំ​ទាំង​អស់​របស់​បង‌ប្អូន ព្រម​ទាំង​ប្រជាជន​ដ៏‌វិសុទ្ធ*​ទាំង​អស់​ផង។ បង‌ប្អូន​នៅ​ស្រុក​អ៊ីតា‌លីក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។
២៥ សូម​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​បង‌ប្អូន​ទាំង​អស់​គ្នា។
1,011 Views

Theme: Overlay by Kaira