សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីហាកាយ
ពាក្យលំនាំ
ហាកាយ
(ព្យាការីហាកាយ)
ពាក្យលំនាំ
កណ្ឌគម្ពីរនេះមានចងក្រងព្រះបន្ទូលដែលព្យាការីហាកាយបានថ្លែង ដើម្បីលើកទឹកចិត្តប្រជាជនក្នុងការសង់ព្រះវិហារ ក្រោយពេលជនជាតិយូដាមួយចំនួនដែលជាប់ជាឈ្លើយ វិលត្រឡប់មកពីស្រុកបាប៊ីឡូនវិញ។ ព្យាការីហាកាយប្រកាសព្រះបន្ទូលក្នុងអំឡុងឆ្នាំ ៥២០ មុនគ្រីស្តសករាជ។
ចាប់ពីឆ្នាំ ៥៣៨ មុនគ្រីស្តសករាជ ជនជាតិយូដាចាប់ផ្តើមវិលត្រឡប់មកស្រុកកំណើតវិញ ហើយនាំគ្នាសង់ព្រះវិហារនៅក្រុងយេរូសាឡឹម ដែលកងទ័ពបាប៊ីឡូនបានកម្ទេចនៅឆ្នាំ ៥៨៧ មុនគ.ស.។ បន្តិចក្រោយមក ពួកគេបាក់ទឹកចិត្ត ហេតុនេះហើយបានជាព្យាការីថ្លែងព្រះបន្ទូល ដើម្បីលើកទឹកចិត្តមេដឹកនាំរបស់ប្រជាជន ឲ្យគេបន្តការសាងសង់ទៅមុខទៀត។ ដូច្នេះ នៅឆ្នាំ ៥២០ មុនគ.ស. ជនជាតិយូដានាំគ្នាបន្តការងារសង់ព្រះវិហារ។ ព្យាការីប្រកាសថា ប្រជាជនធ្លាក់ខ្លួនក្រ ហើយភោគផលក្នុងស្រុកក៏មិនសូវបានច្រើន ព្រោះតែព្រះវិហារស្ថិតក្នុងភាពបាក់បែក (១:១-១៤)។ លោកប្រកាសទៀតថា ព្រះវិហារថ្មីនឹងរុងរឿងជាងព្រះវិហារដែលកងទ័ពបាប៊ីឡូនបានកម្ទេចចោល(២:១-៩) ហើយពេលណាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់សង់ព្រះវិហារនេះឡើងវិញ នោះគេក៏នឹងបានសម្បូណ៌សប្បាយឡើងវិញដែរ (២:១០-២០)។ លោកទេសាភិបាលសូរ៉ូបាបិល ដែលជាពូជពង្សរបស់ព្រះបាទដាវីឌ នឹងស្គាល់អនាគតដ៏ភ្លឺស្វាង (២:២០-៣០)។
ប្រជាជនដែលវិលត្រឡប់មកមាតុភូមិវិញ ទន្ទឹងរង់ចាំព្រះវិហារមួយថ្មី ដែលរុងរឿងជាងមុន ហើយពួកគេរង់ចាំព្រះជាម្ចាស់ស្តារស្ថានភាពរបស់ពួកគេឡើងវិញ តាមរយៈអ្នកបម្រើដែលព្រះអង្គជ្រើសរើស។ ព្យាការីហាកាយលើកទឹកចិត្តជនរួមជាតិរបស់លោក ឲ្យប្ដេជ្ញាចិត្តធ្វើការយ៉ាងសកម្ម ដោយសម្លឹងមើលទៅលើស្ថានភាពថ្មីដែលព្រះជាម្ចាស់បម្រុងទុកសម្រាប់ពួកគេ។
១
ពេលត្រូវសង់ព្រះវិហារឡើងវិញ
១ នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ដូចតទៅ:
២ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។ ៣ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយ ដូចតទៅ៖
៤ «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ
តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង
ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។
៥ ឥឡូវនេះ ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
៦ អ្នករាល់គ្នាសាបព្រោះច្រើន
តែច្រូតបានផលតិច
អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត
អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់
អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ
អ្នកធ្វើការទទួលប្រាក់ឈ្នួល
តែដូចជាទុកនៅក្នុងថង់កណ្តាច»។
៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា!
៨ ចូរនាំគ្នាឡើងទៅលើភ្នំ
យកឈើមកសង់ដំណាក់របស់យើង។
យើងពេញចិត្តនឹងដំណាក់នេះ
ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន
តែអ្នករាល់គ្នាទទួលបានតិច។
អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ
តែយើងបានផ្លុំបំបាត់អស់ទៅ។
ហេតុអ្វីបានជាដូច្នេះ?
គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ
ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង
ពីរឿងផ្ទះសំបែងរបស់ខ្លួន
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
១០ ហេតុនេះហើយបានជាមេឃទប់មិនឲ្យ
មានភ្លៀងធ្លាក់
ដីក៏មិនផ្តល់ភោគផលឲ្យអ្នករាល់គ្នាដែរ។
១១ យើងនឹងធ្វើឲ្យកើតរាំងស្ងួត
គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ
លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ
លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។
ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ
ឥតបង្កើតបានផលអ្វីឡើយ»។
១២ ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។ ១៣ លោកហាកាយ ដែលព្រះអម្ចាស់ចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ១៤ ព្រះអម្ចាស់ដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ហើយព្រះអង្គក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្តើមសង់ ព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ ១៥ នៅថ្ងៃទីម្ភៃបួន ខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស។
២
ព្រះវិហារថ្មី
១ នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំពីរ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយដូចតទៅ៖
២ «ចូរប្រាប់សូរ៉ូបាបិល ជាកូនរបស់លោកសាលធាល ទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយ៉ូស៊ូអា ជាកូនរបស់លោកយេហូសាដាក ព្រមទាំងប្រជាជនដែលនៅសេសសល់ថា
៣ ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់
តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿង
កាលពីជំនាន់មុន?
ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី
មានភាពដូចម្ដេចដែរ?
អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះ
មិនល្អទាល់តែសោះ!
៤ ឥឡូវនេះ សូរ៉ូបាបិលអើយ
ចូរមានចិត្តក្លាហានឡើង!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
មហាបូជាចារ្យយ៉ូស៊ូអា
ជាកូនរបស់លោកយេហូសាដាកអើយ
ចូរមានចិត្តក្លាហានឡើង!
ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ
ចូរមានចិត្តក្លាហានឡើង!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចូរនាំគ្នាធ្វើការទៅ
ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៥ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ
អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល
អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប
ដូច្នេះ កុំខ្លាចអ្វីឡើយ!»។
៦ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«បន្តិចទៀត យើងនឹងធ្វើឲ្យ
ផ្ទៃមេឃ និងផែនដី
ព្រមទាំងសមុទ្រ និងដីគោក កក្រើក។
៧ យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។
ទ្រព្យសម្បត្តិដ៏មានតម្លៃ
របស់ប្រជាជាតិទាំងអស់
នឹងហូរចូលមកក្នុងដំណាក់របស់យើង
ហើយយើងនឹងធ្វើឲ្យដំណាក់នេះ
បានថ្កុំថ្កើងរុងរឿង
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៨ ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៩ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង
ជាងសិរីរុងរឿងរបស់ដំណាក់
កាលពីជំនាន់មុនទៅទៀត។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
នៅកន្លែងនេះ យើងនឹងផ្តល់ឲ្យអ្នករាល់គ្នា
បានប្រកបដោយសេចក្ដីសុខសាន្ត»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
ប្រជាជននៅមិនទាន់បរិសុទ្ធ
១០ នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីហាកាយដូចតទៅ:
១១ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរសួរយោបល់ពួកបូជាចារ្យដូចតទៅ: ១២ “ប្រសិនបើក្នុងថ្នក់អាវរបស់នរណាម្នាក់ មានសាច់ដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំបុ័ង បន្លែ ស្រា ប្រេង ឬអាហារណាមួយផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជារបស់សក្ការៈបានឬទេ?”»។ ពួកបូជាចារ្យឆ្លើយថា«ទេ!»។ ១៣ លោកហាកាយមានប្រសាសន៍ទៀតថា៖ «ប្រសិនបើនរណាម្នាក់ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ហើយពេលគាត់ប៉ះពាល់របស់ឯទៀតៗ តើរបស់នោះទៅជាសៅហ្មងដែរឬទេ?»។ ពួកបូជាចារ្យតបថា៖ «របស់ទាំងនោះនឹងទៅជាសៅហ្មងមែន»។
១៤ លោកហាកាយក៏មានប្រសាសន៍ថា៖
ប្រជាជននេះក៏ដូច្នោះដែរ
យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង
ហើយអ្វីៗដែលពួកគេធ្វើ
និងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះ
ក៏សៅហ្មងដែរ។
១៥ ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍
ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។
មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា
ដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់
១៦ អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង
នោះឃើញមានតែដប់ថាំងទេ។
អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ
ដើម្បីដួសយកស្រាហាសិបធុង
នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
១៧ យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នា
ខូចខាត ស្រូវអ្នករាល់គ្នាស្កក
មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់
ទោះបីយ៉ាងនេះក្តី ក៏អ្នករាល់គ្នាមិនវិលមករក
យើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល
កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។
ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន
គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់
ព្រះវិហាររបស់ព្រះអម្ចាស់។
ចូរសង្កេតមើលចុះ!
១៩ នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ
សូម្បីតែចម្ការទំពាំងបាយជូរ
ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ
ក៏មិនផ្តល់ភោគផលអ្វីដែរ។
ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ យើងនឹងឲ្យពរ
អ្នករាល់គ្នាបានចម្រុងចម្រើន។
ព្រះបន្ទូលសន្យាចំពោះលោកសូរ៉ូបាបិល
២០ នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖
២១ ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់
អាណាខេត្តយូដាថា:
យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក
២២ យើងនឹងទម្លាក់ស្តេចរបស់នគរទាំងឡាយ
យើងនឹងកម្ទេចកម្លាំងរបស់ប្រជាជាតិនានា។
យើងនឹងរំលំរទេះចម្បាំង
ព្រមទាំងអស់អ្នកដែលបររទេះនោះ។
យើងនឹងផ្តួលសេះ ព្រមទាំងអ្នកជិះ
បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
២៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយ
អ្នកជាអ្នកបម្រើរបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
នៅថ្ងៃនោះ យើងនឹងតែងតាំងអ្នកឲ្យ
ធ្វើជាត្រារបស់យើងផ្ទាល់
ព្រោះយើងបានជ្រើសរើសអ្នកហើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
404 Views