សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
កំណើតពិភពលោក
ពាក្យលំនាំ
កំណើតពិភពលោក
(លោកុប្បត្តិ)
ពាក្យលំនាំ
កំណើតពិភពលោករៀបរាប់អំពីដើមកំណើតពិភពលោក ដើមកំណើតមនុស្សជាតិ និងដើមកំណើតជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ក្នុងគម្ពីរដើមជាភាសាហេប្រឺ គេយកពាក្យខាងដើមបង្អស់ ធ្វើជាចំណងជើងរបស់កណ្ឌគម្ពីរនេះ គឺ «កាលពីដើមដំបូងបង្អស់»។
យើងអាចចែកកណ្ឌគម្ពីរនេះជាពីរផ្នែកគឺៈ
• ១‑១១: កំណើតពិភពលោក កំណើតបុរស និងស្ត្រី មនុស្សផ្ដាច់ចំណងមេត្រីជាមួយព្រះជាម្ចាស់ លោកកាអ៊ីន និងលោកអេបិល លោកណូអេ និងទឹកជំនន់ធំ ប៉មនៅបាបិល។ គ្មាននរណាអាចបញ្ជាក់អំពីពេលវេលានៃព្រឹត្តិការណ៍ដែលកើតមាននោះទេ ប៉ុន្តែ ព្រឹត្តិការណ៍ទាំងនោះអាចជួយយើងឲ្យយល់បញ្ហាជីវិត ដែលយើងជួបប្រទះរាល់ថ្ងៃ ដូចជាជីវិតមានអត្ថន័យដូចម្តេច? តើមនុស្សយើងមានតួនាទីអ្វីក្នុងលោកនេះ? ហេតុអ្វីបានជាទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ពិបាកយ៉ាងនេះ?...។
• ១២‑៥0: ក្នុងផ្នែកនេះមានរៀបរាប់អំពីរបៀបដែលព្រះជាម្ចាស់ចាប់ផ្តើមសង្គ្រោះមនុស្សជាតិ គឺព្រះអង្គបានត្រាស់ហៅបុព្វបុរសនៃជនជាតិអ៊ីស្រាអែលឲ្យស្គាល់ និងគោរពបម្រើព្រះអង្គ :
- លោកអប្រាហាំ (១២.១‑២៥.១៨) ដែលជាគំរូរបស់អ្នកជឿ និងស្តាប់ឱវាទព្រះជាម្ចាស់
- លោកអ៊ីសាក ជាកូនលោកអប្រាហាំ
- លោកយ៉ាកុបជាចៅរបស់លោកអប្រាហាំ (២៥.១៩‑៣៧.១) ដែលទទួលនាមថា «អ៊ីស្រាអែល»។ លោកមានកូនប្រុសដប់ពីរនាក់ ដែលជាកំណើតកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។
- លោកយ៉ូសែប (៣៧.២‑៥0.២៦) ជាកូនម្នាក់ ក្នុងចំណោមកូនទាំងដប់ពីររបស់លោកយ៉ាកុប។
កណ្ឌគម្ពីរ «កំណើតពិភពលោក» ណែនាំអ្នកអានឲ្យស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺមុនដំបូងបង្អស់ ព្រះអង្គបានបង្កើតពិភពលោក និងប្រទានឲ្យអ្វីៗសព្វសារពើក្នុងពិភពលោកនេះ មានតម្លៃដ៏វិសេស ហើយពិភពលោកទាំងមូលត្រូវស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។ ប៉ុន្តែ មនុស្សលោកបានផ្ដាច់ចំណងសម្ពន្ធមេត្រីពីព្រះជាម្ចាស់ ដែលធ្វើឲ្យអំពើបាបចូលមករាតត្បាតពិភពលោក។ ព្រះជាម្ចាស់បានជ្រើសរើសជនជាតិអ៊ីស្រាអែល ដើម្បីរៀបចំគម្រោងការសង្គ្រោះពិភពលោក។
១
ដើមកំណើតពិភពលោក និងដើមកំណើតមនុស្សលោក
កំណើតពិភពលោក
១ កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី។
២ នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។
៣ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ ៤ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។ ៥ ព្រះជាម្ចាស់ហៅពន្លឺថា “ថ្ងៃ” និងហៅភាពងងឹតថា “យប់”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយ។
៦ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ ៧ ព្រះជាម្ចាស់បានបង្កើតលំហដ៏រឹងមាំនោះ ព្រះអង្គញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។ ៨ ព្រះជាម្ចាស់ហៅលំហដ៏រឹងមាំនោះថា “មេឃ”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីពីរ។
៩ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ ១០ ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។
១១ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន ១២ គឺតិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ ១៣ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។
១៤ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់ សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ ១៥ ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។
១៦ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាង ឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាង ឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ១៧ ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី ១៨ ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ ១៩ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
២០ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
២១ ព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ២២ ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។ ២៣ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
២៤ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ២៥ ព្រះជាម្ចាស់បានបង្កើតសត្វព្រៃ តាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
២៦ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្សជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
២៧ ព្រះជាម្ចាស់បានបង្កើតមនុស្ស
ជាតំណាងរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈ
ដូចព្រះជាម្ចាស់
ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី។
២៨ ព្រះជាម្ចាស់បានប្រទានពរឲ្យគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មាន ដែលលូនវារនៅលើដី»។ ២៩ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មើល៍ យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងដើមឈើដែលមានផ្លែមានគ្រាប់បន្តពូជ ឲ្យអ្នករាល់គ្នាធ្វើជាអាហារ ៣០ យើងក៏ឲ្យស្មៅខៀវខ្ចីទាំងប៉ុន្មានដល់សត្វព្រៃទាំងអស់ ដល់បក្សាបក្សីទាំងអស់នៅលើមេឃ ដល់សត្វទាំងអស់ដែលលូនវារនៅលើដី គឺដល់សត្វទាំងប៉ុន្មាន ដែលមានដង្ហើមជីវិត ធ្វើជាអាហារដែរ» នោះក៏កើតមានដូច្នោះមែន។
៣១ ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គឈ្វេងយល់ថាល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។
២
១ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដីចប់សព្វគ្រប់ហើយ។ ២ នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក ព្រះអង្គក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។ ៣ ព្រះជាម្ចាស់ប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានវិសុទ្ធ* ដ្បិតថ្ងៃនោះ ព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានបង្កើត។
៤ នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។
មនុស្សដើមដំបូងបង្អស់
បុរស និងស្ត្រី នៅក្នុងសួនអេដែន
ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី ៥ នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទង ក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតព្រះជាអម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។ ៦ ប៉ុន្តែ មានទឹកហូរចេញពីដីមកស្រោចស្រពផ្ទៃដីទាំងមូល។
៧ ព្រះជាអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
៨ ព្រះជាអម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែន ដែលនៅខាងកើត រួចយកមនុស្ស ដែលព្រះអង្គបានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។ ៩ ព្រះជាអម្ចាស់បានធ្វើឲ្យដើមឈើគ្រប់មុខដុះចេញពីដីមក មានសម្រស់គួរឲ្យទាក់ទាញចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្ដាលសួនឧទ្យានក៏មានដើមឈើដែលផ្តល់ជីវិត និងដើមឈើដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ដែរ។
១០ មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនឧទ្យាន ហើយនៅត្រង់សួនឧទ្យានទន្លេនោះក៏បែកចេញជាបួន។ ១១ ដៃទន្លេទីមួយឈ្មោះ ពីខូន គឺទន្លេនេះហើយដែលហូរព័ទ្ធស្រុកហាវីឡា ជាស្រុកដែលមានមាស។ ១២ មាសនៅស្រុកនេះមានគុណភាពល្អ ហើយក៏មានជ័រប្តេល្យុម និងត្បូងអូនីក្សដែរ។ ១៣ ទន្លេទីពីរឈ្មោះ គីហូន ជាទន្លេដែលហូរព័ទ្ធស្រុកគូស។ ១៤ ទន្លេទីបីឈ្មោះ ហ៊ីដេកែល ជាទន្លេដែលហូរនៅខាងកើតស្រុកអាស្សួរ។ ទន្លេទីបួនឈ្មោះ អឺប្រាត។
១៥ ព្រះជាអម្ចាស់បានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឲ្យគេភ្ជួររាស់ និងថែរក្សាសួននោះ។ ១៦ ព្រះជាអម្ចាស់បានបញ្ជាមនុស្សដូចតទៅ: «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មានក្នុងសួនឧទ្យាននេះបាន ១៧ តែមិនត្រូវបរិភោគផ្លែឈើពីដើម ដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
១៨ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនស្រួលទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា។» ១៩ ព្រះជាអម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះព្រះអង្គចង់ជ្រាបថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់ឲ្យ។ ២០ មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកទាំងអស់ ឲ្យបក្សាបក្សីដែលហើរនៅលើមេឃ និងឲ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ ២១ ដូច្នេះ ព្រះជាអម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ២២ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលព្រះអង្គបានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចព្រះអង្គនាំនាងមកជួបគាត់។ ២៣ បុរសក៏ពោលឡើងថា៖
«លើកនេះពិតជាឆ្អឹង
ដែលកើតចេញមកពីឆ្អឹងអញ
ជាសាច់ដែលកើតចេញមកពីសាច់អញ
ត្រូវហៅនាងថា “ស្ត្រី”
ព្រោះនាងបានកើតចេញពីបុរសមក»។
២៤ ហេតុនេះ បុរសចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។
២៥ ពេលនោះ បុរស និងភរិយារបស់គាត់ នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។
៣
១ ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលព្រះជាអម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ២ ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន ៣ រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ ៤ ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ ៥ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។
៦ ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ៧ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។
៨ អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រី ក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យព្រះជាអម្ចាស់ទតឃើញ។ ៩ ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» ១០ គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ១១ ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ ១២ បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ ១៣ ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។ ១៤ ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖
«ដោយឯងបានធ្វើដូច្នេះ
ក្នុងបណ្តាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន
ឯងនឹងត្រូវបណ្ដាសាហើយ។
ឯងត្រូវតែលូននឹងពោះ
ហើយស៊ីតែធូលីដីអស់មួយជីវិត។
១៥ យើងនឹងធ្វើឲ្យឯង និងស្ត្រី
ព្រមទាំងពូជឯង និងពូជស្ត្រី
ក្លាយទៅជាសត្រូវនឹងគ្នា
ពូជនាងនឹងជាន់ក្បាលរបស់ឯង
ហើយឯងនឹងចឹកកែងជើងនាង»។
១៦ ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖
«នៅពេលនាងមានផ្ទៃពោះ
យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង
នាងនឹងសម្រាលកូនទាំងឈឺចុកចាប់។
តណ្ហាជំរុញនាងឲ្យត្រូវការប្តី
តែប្តីនឹងធ្វើជាម្ចាស់លើនាង»។
១៧ ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្តាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ
ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។
ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា
ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
១៨ ដីនឹងដុះចេញជាបន្លា និងអញ្ចាញ
ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ
ដែលដុះនៅតាមទីវាល។
១៩ អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស
រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ
ដ្បិតអ្នកមានកំណើតមកពីដី។
អ្នកកើតពីធូលីដី
អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
២០ បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “អេវ៉ា” ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ ២១ ព្រះជាអម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យលោកអដាំ និងភរិយារបស់គាត់។ ២២ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ បានទៅជាព្រះមួយដូចយើងដែរ ដូច្នេះ គួរតែយើងរារាំងគេ កុំឲ្យលូកដៃបេះផ្លែពីដើមឈើដែលផ្តល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។
២៣ ព្រះជាអម្ចាស់ក៏បណ្តេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីឲ្យទៅភ្ជួររាស់ដីដែលព្រះអង្គបានសូនបង្កើតគេមកនោះ។ ២៤ ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ ព្រះអង្គដាក់ខេរូប៊ីម*នៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះឡើយ។
៤
លោកកាអ៊ីន និងលោកអេបិល
១ លោកអដាំរួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។ ២ នាងសម្រាលបានកូនមួយទៀត គឺអេបិល ជាកូនប្អូន។ ក្រោយមក លោកអេបិលបានប្រកបរបរជាគង្វាលចៀម រីឯលោកកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
៣ លុះដល់ពេលប្រមូលផលហើយ លោកកាអ៊ីនក៏យកភោគផលពីស្រែចម្ការរបស់គាត់មកថ្វាយព្រះអម្ចាស់។ ៤ លោកអេបិលក៏បាននាំយកកូនសត្វដែលកើតមុនគេបង្អស់ ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វា មកថ្វាយដែរ។ ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងលោកអេបិល ព្រមទាំងតង្វាយរបស់គាត់ ៥ តែព្រះអង្គមិនគាប់ព្រះហប្ញទ័យនឹងលោកកាអ៊ីន ព្រមទាំងតង្វាយរបស់គាត់ទេ។ លោកកាអ៊ីនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក្រពុលមុខទៀតផង។ ៦ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកក្ដៅក្រហាយ? ហេតុអ្វីបានជាអ្នកក្រពុលមុខដូច្នេះ? ៧ ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។
៨ លោកកាអ៊ីនបានបបួលលោកអេបិលជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
៩ ព្រះអម្ចាស់សួរលោកកាអ៊ីនថា៖ «អេបិលប្អូនរបស់អ្នកនៅឯណា?»។ គាត់ទូលព្រះអង្គថា៖ «ទូលបង្គំមិនដឹងទេ! តើទូលបង្គំជាអ្នកឃ្វាលប្អូនរបស់ទូលបង្គំឬ?»។ ១០ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកកាអ៊ីនថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។ ១១ ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។ ១២ ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។ ១៣ លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។ ១៤ ថ្ងៃនេះ ព្រះអង្គដេញទូលបង្គំចេញពីដីដែលមានជីជាតិល្អ ទូលបង្គំក៏ត្រូវចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀត ហើយនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបទូលបង្គំ គេមុខជាសម្លាប់ទូលបង្គំមិនខាន»។ ១៥ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កាអ៊ីន គេនឹងសងសឹកអ្នកនោះវិញ មួយជាប្រាំពីរ»។ បន្ទាប់មក ព្រះអម្ចាស់ដៅសញ្ញាសម្គាល់មួយនៅលើលោកកាអ៊ីន។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។ ១៦ បន្ទាប់មកទៀត លោកកាអ៊ីនបានចាកចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ទៅរស់នៅឯស្រុកណូដ ដែលស្ថិតនៅខាងកើតស្រុកអេដែន។
ពូជពង្សរបស់លោកកាអ៊ីន
១៧ លោកកាអ៊ីនបានរួមរស់ជាមួយភរិយារបស់គាត់ នាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនមួយ ឈ្មោះហេណុក។ បន្ទាប់មក គាត់កសាងក្រុងមួយ ហើយដាក់ឈ្មោះថាក្រុងហេណុក តាមឈ្មោះកូនរបស់គាត់។ ១៨ លោកហេណុកមានកូនឈ្មោះអ៊ីរ៉ាដ បន្ទាប់មក លោកអ៊ីរ៉ាដបង្កើតមេហ៊ូយ៉ាអែល លោកមេហ៊ូយ៉ាអែលបង្កើតម៉េទូសាអែល លោកម៉េទូសាអែលបង្កើតឡាម៉េក។
១៩ លោកឡាម៉េកបានយកភរិយាពីរ ម្នាក់ឈ្មោះនាងអដា ម្នាក់ទៀតឈ្មោះនាងស៊ីឡា។ ២០ នាងអដាបង្កើតកូនមួយ ឈ្មោះយ៉ាបាល ជាបុព្វបុរសរបស់ជនជាតិដែលបោះជំរំរស់នៅ ហើយចិញ្ចឹមហ្វូងសត្វ។ ២១ ប្អូនរបស់លោកយ៉ាបាលឈ្មោះលោកយូបាល ជាបុព្វបុរសរបស់ពួកអ្នកលេងពិណ និងចាប៉ី។ ២២ រីឯនាងស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់លោកទូបាល-កាអ៊ីន ឈ្មោះនាងណាម៉ា។
២៣ លោកឡាម៉េកនិយាយទៅកាន់ភរិយាទាំងពីរថា៖
«អដា និងស៊ីឡាអើយ ចូរស្តាប់សម្ដីខ្ញុំ!
ភរិយារបស់ឡាម៉េកអើយ
ចូរផ្ទៀងត្រចៀកស្តាប់សេចក្តីដែលខ្ញុំនិយាយ!
ខ្ញុំបានសម្លាប់មនុស្សម្នាក់
ព្រោះតែគេធ្វើឲ្យខ្ញុំមានមុខរបួសមួយ
ហើយខ្ញុំបានសម្លាប់ក្មេងម្នាក់
ព្រោះតែស្នាមជាំមួយ។
២៤ បើគេវាយសម្លាប់លោកកាអ៊ីន
ត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញ
ប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េក
ត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់
ដើម្បីសងសឹក»។
២៥ លោកអដាំរួមរស់ជាមួយភរិយាម្តងទៀត នាងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថា សេថ ដ្បិតនាងពោលថា «ដ្បិតព្រះជាម្ចាស់ប្រទានកូនមួយទៀតមកឲ្យខ្ញុំ ដើម្បីបន្តពូជជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់»។
២៦ លោកសេថបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា អេណុស។ ចាប់តាំងពីពេលនោះមក គេនាំគ្នាគោរពថ្វាយបង្គំព្រះជាម្ចាស់ ដោយហៅព្រះអង្គថា «ព្រះអម្ចាស់»។
៥
បញ្ជីរាយនាមបុព្វបុរស ពីលោកអដាំដល់លោកណូអេ
១ នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់លោកអដាំ:
នៅថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ ២ ព្រះអង្គបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ ព្រះអង្គហៅគេថា «មនុស្ស»។
៣ ពេលលោកអដាំមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយ មានលក្ខណៈដូចលោក និងជាតំណាងរបស់លោក ហើយដាក់ឈ្មោះថា «សេថ»។ ៤ ក្រោយពីលោកអដាំបង្កើតលោកសេថមក លោករស់បា នប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ៥ លោករស់បានទាំងអស់ប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ទទួលមរណភាព។
៦ ពេលលោកសេថមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស។ ៧ ក្រោយពីបង្កើតអេណុសមក លោកសេថរស់បានប្រាំបីរយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ៨ លោករស់បានទាំងអស់ប្រាំបួនរយដប់ពីរឆ្នាំ។ ៩ ពេលលោកអេណុសមានអាយុកៅសិបឆ្នាំ លោកបង្កើតបានកេណន។ ១០ ក្រោយពីបង្កើតកេណនមក លោកអេណុសរស់បានប្រាំបីរយដប់ប្រាំឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ១១ លោករស់បានទាំងអស់ប្រាំបួនរយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាព។
១២ ពេលលោកកេណនមានអាយុចិតសិបឆ្នាំ លោកបង្កើតបានម៉ាហាឡាឡេអែល។ ១៣ ក្រោយពីបង្កើតម៉ាហាឡាឡេអែលមក លោកកេណនរស់បានប្រាំបីរយសែសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ១៤ លោករស់បានទាំងអស់ប្រាំបួនរយដប់ឆ្នាំ រួចលោកក៏ទទួលមរណភាព។
១៥ ពេលលោកម៉ាហាឡាឡេអែលមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានយេរ៉េដ។ ១៦ ក្រោយពីបង្កើតយេរ៉េដមក លោកម៉ាហាឡាឡេអែលរស់បានប្រាំបីរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ១៧ លោករស់បានទាំងអស់ប្រាំបីរយកៅសិបប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាព។
១៨ ពេលលោកយេរ៉េដមានអាយុមួយរយហុកសិបពីរឆ្នាំ លោកបង្កើតបានហេណុក។ ១៩ ក្រោយពីបង្កើតហេណុកមក លោកយេរ៉េដរស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ២០ លោករស់បានទាំងអស់ប្រាំបួនរយហុកសិបពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។
២១ ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានម៉ាធូសាឡឹម។ ២២ ក្រោយពីបង្កើតម៉ាធូសាឡឹម លោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់អស់រយៈពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន ២៣ លោករស់បានទាំងអស់បីរយហុកសិបប្រាំឆ្នាំ។ ២៤ លោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ។
២៥ ពេលលោកម៉ាធូសាឡឹមមានអាយុមួយរយប៉ែតសិបប្រាំពីរឆ្នាំ លោកបង្កើតបានឡាម៉េក។ ២៦ ក្រោយពីបង្កើតឡាម៉េកមក លោកម៉ាធូសាឡឹមរស់បានប្រាំពីររយប៉ែតសិបពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ២៧ លោករស់បានទាំងអស់ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចលោកក៏ទទួលមរណភាព។
២៨ ពេលលោកឡាម៉េកមានអាយុមួយរយប៉ែតសិបពីរឆ្នាំ លោកបង្កើតបានកូនប្រុសម្នាក់ ២៩ ដែលលោកដាក់ឈ្មោះថា “ណូអេ” ព្រោះលោកពោលថា “កូននេះនឹងជួយសម្រាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលព្រះអម្ចាស់បានដាក់បណ្ដាសា”។ ៣០ ក្រោយពីបង្កើតណូអេមក លោកឡាម៉េករស់បានប្រាំរយកៅសិបប្រាំឆ្នាំទៀត ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ ៣១ លោករស់បានទាំងអស់ប្រាំពីររយចិតសិបប្រាំពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។
៣២ ពេលលោកណូអេអាយុប្រាំរយឆ្នាំ លោកបង្កើតបាន សិម ហាំ និងយ៉ាផេត។
៦
ទឹកជំនន់ធំ
ព្រះជាម្ចាស់សម្រេចដាក់ទោសមនុស្សលោក
១ មនុស្សលោកចាប់ផ្តើមកើនចំនួនកាន់តែច្រើនឡើងពាសពេញលើផែនដី ហើយគេក៏បង្កើតកូនស្រីៗ។ ២ កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាកូនស្រីៗរបស់មនុស្សមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។
៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកម្រិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
៤ សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ ដែលកូនប្រុសៗរបស់ព្រះជាម្ចាស់ នាំគ្នាមកយកកូនស្រីៗរបស់មនុស្សធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវីរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។
៥ ព្រះអម្ចាស់ទតឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលំអៀងទៅប្រព្រឹត្តអំពើអាក្រក់។ ៦ ព្រះអម្ចាស់នឹកស្តាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហប្ញទ័យ។ ៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្សរហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្តាយដោយបានបង្កើតគេមក»។
៨ ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងលោកណូអេ។
ព្រះជាម្ចាស់រក្សាទុកក្រុមគ្រួសារលោកណូអេ
៩ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកណូអេ។
លោកណូអេជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក។ លោកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។
១០ លោកណូអេបានបង្កើតកូនប្រុសបីនាក់ឈ្មោះសិម ហាំ និងយ៉ាផេត។
១១ គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។ ១២ ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។ ១៣ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
១៤ ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ ១៥ អ្នកត្រូវធ្វើដូចតទៅនេះ : ទូកធំនោះមានបណ្តោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ។ ១៦ អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កម្ពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ ១៧ រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ ១៨ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ ១៩ អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្តាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីឲ្យវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។ ២០ សត្វមួយគូៗ ក្នុងពូជនីមួយៗនឹងនាំគ្នាមករកអ្នក ដើម្បីឲ្យបានរួចជីវិត គឺមានសត្វស្លាប សត្វស្រុក សត្វលូនវារនៅលើដី។ ២១ អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារសម្រាប់បរិភោគ និងទុកជាចំណីសម្រាប់សត្វដែរ»។
២២ លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។
៧
លោកណូអេចូលក្នុងទូកធំ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។ ២ ចូរនាំសត្វប្រាំពីរគូពីចំណោមសត្វទាំងប៉ុន្មានដែលបរិសុទ្ធមក គឺយកឈ្មោល និងញី ចំពោះសត្វមិនបរិសុទ្ធវិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។ ៣ ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល ៤ ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើឲ្យភ្លៀងបង្អុរចុះមកលើផែនដី ក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី»។ ៥ លោកណូអេបានធ្វើតាមសព្វគ្រប់ទាំងអស់ ដូចព្រះអម្ចាស់បង្គាប់។
៦ នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ លោកណូអេមានអាយុប្រាំមួយរយឆ្នាំ។
៧ លោកណូអេបានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និងកូនប្រសាស្រីរបស់លោក ដើម្បីឲ្យបានរួចខ្លួនពីទឹកជំនន់ធំ។ ៨ មានសត្វទាំងឡាយពីចំណោមសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី ៩ ទាំងគូៗ មានឈ្មោល មានញីនាំគ្នាចូលមកក្នុងទូកធំជាមួយលោកណូអេ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ។
១០ ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។ ១១ ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។ ១២ ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។ ១៣ នៅថ្ងៃដដែលនោះ លោកណូអេ កូនប្រុសរបស់លោក គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសាស្រីទាំងបីរបស់លោក នាំគ្នាចូលទៅក្នុងទូកធំ។ ១៤ សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មានតាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាបក៏ចូលជាមួយដែរ។ ១៥ សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកលោកណូអេនៅក្នុងទូកធំ ១៦ គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ រួចហើយព្រះអម្ចាស់ក៏បិទទ្វារទូកនោះទៅ។
១៧ ទឹកជំនន់ធំបានលិចផែនដី អស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង ហើយលើកទូកធំឲ្យអណ្តែតឡើងផុតពីដី។ ១៨ ទឹកជន់កាន់តែខ្លាំងឡើងៗ កម្ពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្តែតពីលើផ្ទៃទឹក។ ១៩ ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។ ២០ ទឹកជន់លិចភ្នំទាំងឡាយ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។ ២១ សត្វលោកទាំងឡាយដែលកម្រើកនៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ ២២ អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។ ២៣ ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។ ២៤ ទឹកជន់នៅនឹងថ្កល់លើផែនដី អស់រយៈពេលមួយរយហាសិបថ្ងៃ។
៨
លោកណូអេចេញពីទូកធំ
១ ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។ ២ ប្រភពទឹកដែលផុសចេញពីទីជម្រៅ និងទ្វារមេឃ បិទជិតវិញ ហើយភ្លៀងក៏ឈប់ធ្លាក់ដែរ។ ៣ ទឹកបានស្រកចុះពីផែនដីបន្តិចម្តងៗ កម្ពស់ទឹកចាប់ផ្តើមថយចុះ នៅថ្ងៃទីមួយរយហាសិប។
៤ នៅថ្ងៃទីដប់ប្រាំពីរនៃខែទីប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ ៥ រីឯទឹកក៏កាន់តែស្រកទៅៗរហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។
៦ សែសិបថ្ងៃក្រោយមក លោកណូអេបានបើកបង្អួចទូកធំដែលលោកបានធ្វើ ៧ ហើយលោកបានលែងសត្វក្អែកមួយ សត្វនោះក៏ហើរទៅហើរមក រហូតទាល់តែដីគោកលេចឡើង។ ៨ បន្ទាប់មក លោកបានលែងសត្វព្រាបមួយ ព្រោះចង់ដឹងថា ទឹកបានស្រកចុះឬយ៉ាងណា។ ៩ ប៉ុន្តែ ព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកលោកក្នុងទូកធំវិញ ដ្បិតទឹកនៅមានពាសពេញលើផែនដីទាំងមូលនៅឡើយ លោកក៏លាតដៃទទួលព្រាបនោះ ចូលមកក្នុងទូកធំជាមួយលោកវិញ។ ១០ លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកធំទៅសាជាថ្មី។ ១១ នៅពេលល្ងាចព្រាបបានវិលមករកលោកវិញ ទាំងពាំត្រួយអូលីវមកជាមួយផង ដូច្នេះ លោកណូអេដឹងថា ទឹកបានស្រកពីផែនដីហើយ។ ១២ លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបមិនបានវិលត្រឡប់មករកលោកវិញទេ។ ១៣ នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយមួយឆ្នាំ ទឹកបានរីងអស់ពីផែនដី។ លោកណូអេបើកដំបូលទូកធំក៏ឃើញថាដីគោកអស់ហើយ។ ១៤ នៅថ្ងៃទីម្ភៃប្រាំពីរនៃខែទីពីរ ផែនដីបានរីងស្ងួតអស់។
១៥ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកណូអេថា៖ ១៦ «ចូរចេញពីទូកធំនេះទៅ គឺចេញទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។ ១៧ ចូរនាំសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញទៅផង គឺនាំទាំងបក្សាបក្សី ទាំងសត្វជើងបួន និងសត្វលូនវារលើដីទាំងប៉ុន្មាន ដើម្បីឲ្យវានៅពាសពេញលើផែនដី ព្រមទាំងបង្កើតកូនចៅ និងកើនចំនួនយ៉ាងច្រើននៅលើផែនដី»។ ១៨ លោកណូអេក៏ចេញពីទូកធំ រីឯកូនប្រុស ភរិយា និងកូនប្រសាស្រីរបស់លោកក៏ចេញមកដែរ។ ១៩ សត្វជើងបួន ឧរង្គសត្វ បក្សាបក្សី និងសត្វដែលលូនវារនៅលើដីទាំងប៉ុន្មាន នាំគ្នាចេញពីទូកធំ តាមពូជរបស់វាដែរ។
២០ លោកណូអេបានសង់អាសនៈ*មួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។ លោកបានយកសត្វខ្លះពីក្នុងចំណោមសត្វបរិសុទ្ធគ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបបរិសុទ្ធគ្រប់ប្រភេទ មកដុតទាំងមូល ថ្វាយជាយញ្ញបូជានៅលើអាសនៈ។ ២១ ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ព្រះអង្គក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលំអៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។ ២២ ដរាបណានៅតែមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្ដៅ មានរដូវក្ដៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។
៩
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយលោកណូអេ
១ ព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ ព្រមទាំងកូនប្រុសទាំងបីនាក់របស់លោក ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនពាសពេញផែនដីទៅ! ២ សត្វចតុប្បាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាន នឹងភ័យខ្លាចអ្នករាល់គ្នា។ យើងឲ្យអ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។ ៣ សត្វទាំងប៉ុន្មានដែលលូនវារ ហើយមានជីវិត នឹងបានទៅជាអាហារសម្រាប់អ្នករាល់គ្នា គឺយើងឲ្យអ្វីៗមកអ្នករាល់គ្នា ដូចយើងបានឲ្យធញ្ញជាតិដល់អ្នករាល់គ្នាដែរ។ ៤ ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។ ៥ ប្រសិនបើសត្វណាសម្លាប់អ្នករាល់គ្នា យើងនឹងឲ្យវាសងឈាមដែលជាជីវិតរបស់អ្នករាល់គ្នាពីសត្វនោះវិញ ដូចយើងឲ្យមនុស្សសងជីវិត នៅពេលណាដែលគេសម្លាប់មនុស្សដូចគ្នាដែរ។
៦ អ្នកណាបង្ហូរឈាមមនុស្ស
អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញ
មិនខាន។
ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សលោក មកជាតំណាងរបស់ព្រះអង្គ។ ៧ ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើនកុះករលើផែនដី ហើយឲ្យមានពាសពេញលើផែនដីចុះ»។
៨ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេ និងកូនប្រុសទាំងបីរបស់លោកទៀតថា៖ ៩ «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ ១០ ជាមួយសត្វមានជីវិតទាំងប៉ុន្មានដែលនៅជាមួយអ្នករាល់គ្នា មានបក្សាបក្សី សត្វស្រុក និងសត្វព្រៃទាំងអស់នៅលើផែនដី ពោលគឺសត្វទាំងប៉ុន្មានដែលចេញពីទូកធំ។ ១១ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺគ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិត ដោយសារទឹកជំនន់ធំទៀតឡើយ ហើយក៏លែងមានទឹកជំនន់ធំលិចបំផ្លាញផែនដីទៀតដែរ»។ ១២ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ ១៣ គឺយើងដាក់ឥន្ទធនូរបស់យើងនៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយផែនដី។ ១៤ ពេលណាយើងប្រមូលពពកឲ្យមូលផ្តុំគ្នាពីលើផែនដី ឥន្ទធនូក៏នឹងលេចចេញនៅលើមេឃដែរ។ ១៥ ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។ ១៦ ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។ ១៧ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «ឥន្ទធនូនេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី»។
មនុស្សលោកពីជំនាន់លោកណូអេ រហូតដល់ជំនាន់លោកអប្រាហាំ
លោកណូអេ និងកូនប្រុសទាំងបីរបស់លោក
១៨ កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។ ១៩ កូនប្រុសទាំងបីរបស់លោកណូអេបានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។
២០ លោកណូអេបានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។ ២១ លោកបានពិសាស្រាទំពាំងបាយជូរ ហើយស្រវឹង របូតខោអាវនៅក្នុងជំរំរបស់លោក។ ២២ លោកហាំដែលជាបុព្វបុរសរបស់ជនជាតិកាណាន បានឃើញឪពុកនៅខ្លួនទទេដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀតដែលនៅខាងក្រៅ។ ២៣ ពេលនោះ លោកសិម និងលោកយ៉ាផេត បានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេឡើយ។ ២៤ ពេលលោកណូអេស្វាងស្រា ហើយដឹងអំពីហេតុការណ៍ដែលកូនពៅរបស់លោកធ្វើ ២៥ លោកក៏ពោលថា៖
«កាណានត្រូវបណ្ដាសាហើយ!
សូមឲ្យបងប្អូនរបស់វាប្រើវា
ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។
២៦ លោកពោលទៀតថា៖
«សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់សិម
សូមឲ្យកាណានបានទៅជា
ទាសកររបស់សិមចុះ!
២៧ សូមព្រះជាម្ចាស់ប្រទានឲ្យយ៉ាផេត
មានចិត្តទូលំទូលាយ
ឲ្យគេបានស្នាក់នៅក្នុងជំរំរបស់សិម
ហើយឲ្យកាណានបានទៅជាទាសករ
របស់អ្នកទាំងពីរ»។
២៨ ក្រោយទឹកជំនន់ធំ លោកណូអេរស់បានបីរយហាសិបឆ្នាំទៀត។ ២៩ លោករស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មក លោកក៏ទទួលមរណភាព។
១០
ពូជពង្សរបស់លោកណូអេ
១ នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់លោកណូអេ។ ក្រោយទឹកជំនន់ធំ អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅនេះ៖
២ កូនចៅរបស់លោកយ៉ាផេតមានកូមែរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ន ទូបាល ម៉េសេក និងទីរ៉ាស។ ៣ កូនចៅរបស់កូមែរមានអាកេណាស រីផាត និងតូការម៉ា។ ៤ កូនចៅរបស់យ៉ាវ៉នមាន អេលីសា តារសុស គីទីម និងដូដានីម ៥ គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។
៦ កូនចៅរបស់លោកហាំមាន គូស មីតស្រាអ៊ីម ពូថ និងកាណាន។ ៧ កូនចៅរបស់គូសមាន សេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតេកា។ កូនចៅរបស់រ៉ាម៉ាមានសាបា និងដេដន។ ៨ លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនីមរ៉ូដនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ ៩ គាត់ជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហេតុនេះហើយបានជាគេតែងពោលថា «អ្នកនេះជាអ្នកប្រមាញ់ដ៏ពូកែ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចនីមរ៉ូដ»។ ១០ មុនដំបូង គាត់គ្រប់គ្រងនៅក្រុងបាបិល ក្រុងអេរេក ក្រុងអាកាដ និងក្រុងកាល់ណេ នៅស្រុកស៊ីណេអារ។ ១១ បន្ទាប់មក គាត់ចាកចេញពីស្រុកនោះទៅស្រុកអាស្សួរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡា ១២ និងក្រុងរេសេនដែលជាក្រុងមួយដ៏ធំនៅចន្លោះក្រុងនីនីវេ និងក្រុងកាឡា។ ១៣ មីតស្រាអ៊ីមបង្កើត ជនជាតិលូឌ ជនជាតិអណាអ៊ីម ជនជាតិលេហាប ជនជាតិណាប់ទូអា ១៤ ជនជាតិប៉ាទ្រូស៊ី ជនជាតិកាសលូហា ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ទរ។ ១៥ លោកកាណានបង្កើតបានស៊ីដូន ជាកូនច្បង និងហេត ១៦ ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគៀរកាស៊ី ១៧ ជនជាតិហេវី ជនជាតិអារគី ជនជាតិស៊ីនី ១៨ ជនជាតិអារវ៉ាដ ជនជាតិសេម៉ារី ជនជាតិហាម៉ាទី។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។ ១៩ ទឹកដីរបស់ជនជាតិកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបូអ៊ីម ហើយរហូតទៅដល់ក្រុងលេសា។ ២០ គឺជនជាតិទាំងនោះហើយ ដែលជាពូជពង្សរបស់លោកហាំ តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។
២១ រីឯលោកសិមដែលជាបងបង្អស់របស់លោកយ៉ាផេត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ែរ។ ២២ កូនរបស់លោកសិមមានអេឡាំ អាស្សួរ អារប៉ាកសាដ លូឌ និងអារ៉ាម។ ២៣ កូនរបស់អារ៉ាមមាន អ៊ូស ហ៊ូល កេទែរ និងម៉ាស។ ២៤ អាប៉ាកសាដបង្កើតសេឡា ហើយសេឡាបង្កើតហេប៊ែរ។ ២៥ ហេប៊ែរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះពេឡេក ដ្បិតនៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា ប្អូនរបស់គាត់ឈ្មោះយ៉ុកតន។ ២៦ យ៉ុកតនបង្កើតបានអាល់ម៉ូដាដ សេឡេប ហាសារម៉ាវ៉េត យេរ៉ា ២៧ ហាដូរ៉ាម អ៊ូសាល ឌីកឡា ២៨ អូបាល អាប៊ីម៉ាអែល សាបា ២៩ អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកតន។ ៣០ គេរស់នៅចាប់តាំងពីស្រុកមេសា ប៉ែកខាងសេផាររហូតទៅដល់តំបន់ភ្នំខាងកើត។ ៣១ នេះហើយជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។
៣២ នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដី ក្រោយទឹកជំនន់ធំ។
១១
ប្រាសាទនៅក្រុងបាបិល
១ នៅគ្រានោះ មនុស្សនៅលើផែនដីទាំងមូលនិយាយភាសាតែមួយ មានពាក្យសម្ដីតែមួយ។ ២ ពេលគេធ្វើដំណើរពីទិសខាងកើតមកដល់វាលរាបមួយក្នុងស្រុកស៊ីណេអារ គេក៏តាំងទីលំនៅក្នុងតំបន់នោះ។ ៣ គេនិយាយគ្នាទៅវិញទៅមកថា៖ «តោះយើងនាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវា»។ គេប្រើដុំឥដ្ឋនោះជាថ្ម និងប្រើជ័រខ្មៅជាបាយអ។ ៤ បន្ទាប់មក គេពោលថា៖ «តោះយើងនាំគ្នាសង់ក្រុងមួយ និងប្រាសាទមួយ ដែលមានកំពូលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងមានឈ្មោះល្បី ហើយយើងនឹងមិនបែកខ្ញែកគ្នាទៅពាសពេញលើផែនដីឡើយ»។
៥ ព្រះអម្ចាស់យាងចុះមកទតមើលទីក្រុង និងប្រាសាទដែលមនុស្សលោកបានសង់ ៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេទាំងអស់គ្នាជាប្រជាជនតែមួយ និយាយភាសាតែមួយ! បើគេធ្វើការនេះកើត គេក៏នឹងអាចធ្វើអ្វីៗផ្សេងទៀត តាមតែគេប្រាថ្នាចង់ធ្វើនោះបានដែរ គ្មានឧបសគ្គណារារាំងពួកគេឡើយ។ ៧ ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។ ៨ ព្រះអម្ចាស់ក៏ធ្វើឲ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ ៩ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា “បាបិល” ដ្បិតនៅទីនោះហើយដែលព្រះអម្ចាស់បានបំបែកភាសារបស់មនុស្សលោកទាំងមូល ហើយព្រះអង្គធ្វើឲ្យមនុស្សបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល។
បញ្ជីរាយនាមបុព្វបុរសរបស់លោកអប្រាហាំ
១០ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកសិម។ ពេលលោកសិមអាយុមួយរយឆ្នាំ គឺពីរឆ្នាំក្រោយទឹកជំនន់ធំ លោកបង្កើតបានអារប៉ាកសាដ។ ១១ ក្រោយកំណើតអារប៉ាកសាដ លោកសិមរស់បានប្រាំរយឆ្នាំទៀត ហើយបង្កើតកូនប្រុស កូនស្រីជាច្រើន។
១២ ពេលលោកអារប៉ាកសាដអាយុសាមសិបប្រាំឆ្នាំ លោកបង្កើតបានសេឡា។ ១៣ ក្រោយកំណើតសេឡា លោកអារប៉ាកសាដរស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ ១៤ ពេលលោកសេឡាអាយុសាមសិបឆ្នាំ លោកបង្កើតបានហេប៊ែរ។ ១៥ ក្រោយកំណើតហេប៊ែរ លោកសេឡារស់បានបួនរយបីឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
១៦ ពេលលោកហេប៊ែរអាយុសាមសិបបួនឆ្នាំ លោកបង្កើតបានពេឡេក។ ១៧ ក្រោយកំណើតពេឡេក លោកហេប៊ែររស់បានបួនរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
១៨ ពេលលោកពេឡេកអាយុសាមសិបឆ្នាំ លោកបង្កើតបានរេអ៊ូ។ ១៩ ក្រោយកំណើតរេអ៊ូ លោកពេឡេករស់បានពីររយប្រាំបួនឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
២០ ពេលលោករេអ៊ូអាយុសាមសិបពីរឆ្នាំ លោកបង្កើតបានសេរូក។ ២១ ក្រោយកំណើតសេរូក លោករេអ៊ូរស់បានពីររយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
២២ ពេលលោកសេរូកអាយុសាមសិបឆ្នាំ លោកបង្កើតបានណាហ៊រ។ ២៣ ក្រោយកំណើតណាហ៊រ លោកសេរូករស់បានពីររយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
២៤ ពេលលោកណាហ៊រអាយុម្ភៃប្រាំបួនឆ្នាំ លោកបង្កើតបានតេរ៉ា។ ២៥ ក្រោយកំណើតតេរ៉ា លោកណាហ៊ររស់បានមួយរយដប់ប្រាំបួនឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
២៦ ពេលលោកតេរ៉ាអាយុចិតសិបឆ្នាំ លោកបង្កើតបានអប្រាម ណាហ៊រ និងហារ៉ន។
២៧ នេះជាបញ្ជីរាយនាមកូនចៅលោកតេរ៉ា។ លោកតេរ៉ាបង្កើតលោកអប្រាម លោកណាហ៊រ និងលោកហារ៉ន។ លោកហារ៉នបង្កើតឡុត។ ២៨ លោកហារ៉នបានទទួលមរណភាព នៅក្រុងអួរនៃស្រុកខាល់ដេ ជាស្រុកកំណើតរបស់លោក ក្នុងពេលលោកតេរ៉ានៅរស់នៅឡើយ។ ២៩ លោកអប្រាម និងលោកណាហ៊រ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់លោកអប្រាមឈ្មោះនាងសារ៉ាយ រីឯភរិយារបស់លោកណាហ៊រឈ្មោះនាងមីលកា ជាកូនរបស់លោកហារ៉ន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។ ៣០ នាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
៣១ លោកតេរ៉ាបាននាំលោកអប្រាមជាកូន និងលោកឡុតដែលជាកូនរបស់លោកហារ៉ន ហើយត្រូវជាចៅរបស់លោក ព្រមទាំងនាំនាងសារ៉ាយជាកូនប្រសាស្រី ដែលត្រូវជាភរិយារបស់លោកអប្រាម កូនប្រុសរបស់លោក ចេញដំណើរជាមួយគ្នាពីក្រុងអួរនៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកលោកបាននាំគ្នាមកដល់ស្រុកហារ៉ន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
៣២ លោកតេរ៉ារស់បានពីររយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ។
១២
ប្រវត្តិរបស់លោកអប្រាហាំ
ព្រះអម្ចាស់ត្រាស់ហៅលោកអប្រាម
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាមថា៖ «ចូរចាកចេញពីស្រុករបស់អ្នក ចាកចេញពីញាតិសន្តាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក។
២ យើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
៣ យើងនឹងឲ្យពរដល់ជនទាំងឡាយណា
ដែលឲ្យពរអ្នក
យើងក៏នឹងដាក់បណ្ដាសាដល់ជនទាំងឡាយណា
ដែលដាក់បណ្ដាសាអ្នកដែរ
ក្រុមគ្រួសារទាំងអស់នៅលើផែនដី
នឹងបានទទួលពរដោយសារអ្នក»។
៤ លោកអប្រាមក៏ចេញដំណើរទៅ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ទៅជាមួយលោកដែរ។ ៥ នៅពេលលោកអប្រាមចាកចេញពីស្រុកហារ៉នទៅនោះ លោកមានអាយុចិតសិបប្រាំឆ្នាំ។ លោកបាននាំលោកស្រីសារ៉ាយជាភរិយា និងលោកឡុតជាក្មួយ ទៅជាមួយ។ លោកក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកលោករកបាន ព្រមទាំងអ្នកបម្រើដែលពួកលោកទិញបាន នៅស្រុកហារ៉នទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។
លោកអប្រាមនៅស្រុកកាណាន
លុះបានមកដល់ស្រុកកាណានហើយ ៦ លោកអប្រាមដើរកាត់ស្រុកកាណានរហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់លោកតាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។ ៧ ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអប្រាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។
៨ បន្ទាប់មក លោកចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល លោកបោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ លោកបានសង់អាសនៈមួយសម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ហើយគោរពបម្រើព្រះនាមព្រះអម្ចាស់។ ៩ លោកបន្តដំណើរពីកន្លែងមួយ ទៅកន្លែងមួយ ឆ្ពោះទៅកាន់តំបន់ណេកិប។
លោកអប្រាមទៅស្នាក់នៅស្រុកអេស៊ីប
១០ ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ លោកអប្រាមចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។ ១១ ពេលទៅដល់ជិតស្រុកអេស៊ីប លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយ ជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថាអូនមានរូបស្អាតណាស់។ ១២ ហេតុនេះ ពេលជនជាតិអេស៊ីបឃើញអូន គេមុខជាពោលថា “នាងនេះជាប្រពន្ធរបស់គាត់!” គេនឹងសម្លាប់បងជាមិនខាន ហើយទុកជីវិតអូនឲ្យនៅរស់។ ១៣ ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។ ១៤ កាលលោកអប្រាមទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់លោកមានរូបស្អាតណាស់។ ១៥ ពួកមន្ត្រីរបស់ព្រះចៅផារ៉ោនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទូលព្រះចៅផារ៉ោន។ គេក៏នាំលោកស្រីសារ៉ាយចូលទៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ ១៦ រីឯលោកអប្រាមវិញ គេរាប់រកលោកដោយមេត្រី ព្រោះតែភរិយារបស់លោក។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនលោកអប្រាម។ ១៧ ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះចៅផារ៉ោន និងព្រះញាតិវង្ស ជួបនឹងគ្រោះកាចដ៏សែនវេទនា ព្រោះតែលោកស្រីសារ៉ាយ ជាភរិយារបស់លោកអប្រាម។
១៨ ពេលនោះ ព្រះចៅផារ៉ោនកោះហៅលោកអប្រាមមក មានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្តេចក៏អ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក? ១៩ ហេតុអ្វីបានជាអ្នកថានាងជាប្អូនទៅវិញ បណ្តាលឲ្យយើងយកនាងមកធ្វើជាមហេសីរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។ ២០ ព្រះចៅផារ៉ោនបញ្ជារាជបម្រើឲ្យបើកផ្លូវដល់លោកអប្រាម ចាកចេញទៅជាមួយភរិយារបស់លោក ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់លោកទៅជាមួយផង។
១៣
លោកឡុតបែកចេញពីលោកអប្រាម
១ លោកអប្រាមបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិប ជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់លោក។ លោកឡុតក៏មកជាមួយដែរ។ ២ លោកអប្រាមមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ ៣ លោកបានធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិបរហូតទៅដល់បេតអែល ជាកន្លែងដែលលោកធ្លាប់បោះជំរំកាលពីដំបូង នៅចន្លោះបេតអែល និងក្រុងអៃ ៤ គឺនៅកន្លែងដែលលោកបានសង់អាសនៈមួយកាលពីមុន។ លោកក៏គោរពបម្រើព្រះនាមព្រះអម្ចាស់នៅទីនោះ។
៥ លោកឡុតដែលមកជាមួយលោកអប្រាម ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ ៦ ស្រុកនោះពុំមានលទ្ធភាពឲ្យលោកទាំងពីរនៅជាមួយគ្នាឡើយ ដ្បិតលោកទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។ ៧ ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអប្រាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិភេរីស៊ី ក៏រស់នៅក្នុងស្រុកនោះដែរ។ ៨ លោកអប្រាមមានប្រសាសន៍ទៅកាន់លោកឡុតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ ៩ មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្តាំ ហើយបើក្មួយទៅខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។
១០ លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ ១១ លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។ ១២ លោកអប្រាមរស់នៅក្នុងស្រុកកាណាន រីឯលោកឡុតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។ ១៣ អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។
ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់
១៤ ក្រោយពេលលោកឡុតបែកចេញពីលោកអប្រាមទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាមថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ! ១៥ ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។ ១៦ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។ ១៧ ចូរក្រោកឡើង ដើរឲ្យសព្វទីកន្លែងក្នុងស្រុកនេះទៅ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ ១៨ លោកអប្រាមរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ ជិតក្រុងហេប្រូន។ នៅទីនោះ លោកបានសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។
១៤
លោកអប្រាមច្បាំងឈ្នះស្តេចជាច្រើន
១ នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណេអារ ព្រះបាទអើយ៉ុកជាស្តេចស្រុកអេឡាសារ ព្រះបាទកេឌ័រឡោមែរជាស្តេចស្រុកអេឡាំ និងព្រះបាទទីដាលជាស្តេចស្រុកកូយីម ២ បាននាំគ្នាលើកទ័ពទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្តេចក្រុងសូដុម ព្រះបាទប៊ីសារជាស្តេចក្រុងកូម៉ូរ៉ា ព្រះបាទឃីណាប់ជាស្តេចក្រុងអាដម៉ា ព្រះបាទសេមេប៊ែរជាស្តេចក្រុងសេបូអ៊ីម និងស្តេចក្រុងបេឡា គឺក្រុងសូអារ។ ៣ ស្តេចទាំងនេះបានមកបោះទ័ពជាមួយគ្នា នៅជ្រលងភ្នំស៊ីឌីម គឺនៅសមុទ្រប្រៃ។ ៤ ស្តេចទាំងនេះនៅជារណបរបស់ព្រះបាទកេឌ័រឡោមែរ អស់រយៈពេលដប់ពីរឆ្នាំ ហើយនៅឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ ៥ ប៉ុន្តែ នៅឆ្នាំទីដប់បួន ព្រះបាទកេឌ័រឡោមែរ និងស្តេចទាំងប៉ុន្មាន ដែលនៅជាមួយព្រះអង្គ បានលើកគ្នាមកវាយជនជាតិរេផាអ៊ីម នៅក្រុងអាសតេរ៉ូត-ការណាអ៊ីម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីន នៅក្រុងខាវេគីរីយ៉ាតាអ៊ីម ៦ និងជនជាតិហូរី នៅតំបន់ភ្នំសេអៀរ រហូតដល់ជួរភ្នំប៉ារ៉ន ដែលនៅជិតវាលរហោស្ថាន។ ៧ បន្ទាប់មក ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេយីន-មីសប៉ាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេកនៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាត់សាត់សន-តាម៉ារ។
៨ ពេលនោះ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាដម៉ា ស្តេចក្រុងសេបូអ៊ីម និងស្តេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្តេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម ៩ គឺតទល់នឹងព្រះបាទកេឌ័រឡោមែរជាស្តេចស្រុកអេឡាំ ព្រះបាទទីដាលជាស្តេចស្រុកកូយីម ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណេអារ និងព្រះបាទអរីយ៉ុកជាស្តេចស្រុកអេឡាសារ គឺស្តេចបួនអង្គតទល់នឹងស្តេចប្រាំអង្គ។ ១០ នៅជ្រលងភ្នំស៊ីឌីម មានអណ្ដូងប្រេងជាច្រើន។ ស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ា បានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្ដូងនោះ ហើយស្តេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។ ១១ រីឯស្តេចដែលច្បាំងឈ្នះ បាននាំគ្នារឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ ១២ គេក៏នាំលោកឡុតជាក្មួយលោកអប្រាម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ លោកឡុតរស់នៅក្នុងក្រុងសូដុម។ ១៣ មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបលោកអប្រាម ជាជនជាតិហេប្រឺ។ លោកអប្រាមតាំងទីលំនៅនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ។ លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់លោកអេកុល និងលោកអនែរ ដែលជាសម្ពន្ធមិត្តរបស់លោកអប្រាម។ ១៤ កាលលោកអប្រាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្តាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្តេចទាំងនោះហូតទៅដល់ក្រុងដាន់។ ១៥ លោកបានចែកកងទ័ពរបស់លោកជាក្រុមៗ រួចវាយស្តេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្តេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ ១៦ លោកយកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំលោកឡុតជាបងប្អូនរបស់លោក ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
លោកអប្រាម និងស្តេចមែលគីសេដែក
១៧ ក្រោយពេលដែលលោកអប្រាមត្រឡប់មកពីធ្វើសឹកឈ្នះស្តេចកេឌ័រឡោមែរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយ ស្តេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំហ្លួង។ ១៨ ព្រះបាទមែលគីសេដែក ជាមហាក្សត្រនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនលោកអប្រាម។ ស្តេចជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ១៩ ស្តេចបានឲ្យពរលោកអប្រាមថា៖
«សូមព្រះដ៏ខ្ពង់ខ្ពស់បំផុត
ដែលបានបង្កើតផ្ទៃមេឃ និងផែនដី
ប្រទានពរដល់លោកអប្រាម
២០ សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត
ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ
មកក្នុងកណ្ដាប់ដៃរបស់លោក!»។
លោកអប្រាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទមែលគីសេដែកមួយភាគដប់។
២ ស្តេចក្រុងសូដុមមានរាជឱង្ការទៅកាន់លោកអប្រាមថា៖ «សូមលោកប្រគល់ប្រជាជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់លោកទៅ»។ ២២ លោកអប្រាមទូលស្តេចសូដុមវិញថា៖ «ទូលបង្គំសូមយកព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ធ្វើជាសាក្សីថា ២៣ ទូលបង្គំមិនយកអ្វីៗដែលជាសម្បត្តិរបស់ព្រះករុណាសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ទូលបង្គំមិនយកដែរ កុំឲ្យព្រះករុណាមានរាជឱង្ការថា “យើងបានធ្វើឲ្យអប្រាមទៅជាអ្នកមាន”។ ២៤ ទូលបង្គំមិនចង់បានអ្វីឡើយ គឺសុំតែម្ហូបអាហារសម្រាប់ពួកយុវជន ដែលមកច្បាំងជាមួយទូលបង្គំ និងសុំយកអ្វីៗជាចំណែករបស់អស់អ្នកដែលមកជាមួយទូលបង្គំប៉ុណ្ណោះ គឺរបស់លោកអានែរ លោកអេកុល និងលោកម៉ាមរ៉េ។ អ្នកទាំងនោះនឹងយកអ្វីៗដែលជាចំណែករបស់ខ្លួន ដោយខ្លួនឯងផ្ទាល់»។
១៥
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយលោកអប្រាម
១ ក្រោយហេតុការណ៍ទាំងនោះមក លោកអប្រាមនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អប្រាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។ ២ លោកអប្រាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ទូលបង្គំ គឺអេលីយេស៊ែរជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។ ៣ លោកមានប្រសាសន៍ទៀតថា៖ «ព្រះអង្គពុំបានប្រទានឲ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។ ៤ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។ ៥ ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។ ៦ លោកអប្រាមជឿលើព្រះអម្ចាស់ ហើយដោយយល់ដល់ជំនឿនេះ ព្រះអង្គប្រោសលោកឲ្យសុចរិត*។
៧ ព្រះអង្គមានព្រះបន្ទូលមកលោកទៀតថា៖ «យើងជាព្រះអម្ចាស់ដែលបាននាំអ្នកចេញពីក្រុងអួរនៅស្រុកខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាសម្បត្តិ»។ ៨ លោកអប្រាមទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់ តើធ្វើម្តេចឲ្យដឹងថា ទូលបង្គំនឹងទទួលស្រុកនេះ?» ៩ ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។ ១០ លោកក៏យកសត្វទាំងនោះមកពុះជាពីរ រួចដាក់ទន្ទឹមគ្នា តែលោកពុំបានពុះសត្វស្លាបជាពីរទេ។ ១១ ពេលនោះ មានត្មាតមកឆាបសាច់សត្វ តែលោកអប្រាមបានដេញវា។ ១២ នៅពេលថ្ងៃជិតលិច លោកអប្រាមលង់លក់ ហើយព្រឺខ្លាចជាខ្លាំង ព្រោះមានភាពងងឹតមកគ្របដណ្តប់លើលោក។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាមថា៖ «តោងដឹងថា ពូជពង្សរបស់អ្នកនឹងទៅស្នាក់នៅក្នុងស្រុកមួយដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងធ្លាក់ខ្លួនទៅជាទាសករនៅក្នុងស្រុកនោះ ហើយអ្នកស្រុកនោះនឹងជិះជាន់គេ អស់រយៈពេលបួនរយឆ្នាំ។ ១៤ ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ដោយនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយផង។ ១៥ រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នក ដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។ ១៦ នៅតំណទីបួន ទើបពូជពង្សរបស់អ្នកវិលត្រឡប់មកទីនេះវិញ ដ្បិតជនជាតិអាម៉ូរីប្រព្រឹត្តបទល្មើសមិនទាន់ដល់កម្រិតនៅឡើយ»។
១៧ លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្តាតភ្លើងឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។ ១៨ នៅថ្ងៃនោះ ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយលោកអប្រាម ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត ១៩ ស្រុកគេនី ស្រុកគេនីស៊ី ស្រុកកាត់ម៉ូនី ស្រុកហ៊ីទី ស្រុកពេរីស៊ី ស្រុករេផាអ៊ីម ២០ ស្រុកអាម៉ូរី ស្រុកកាណាន ស្រុកគៀរកាស៊ី និងស្រុកយេប៊ូស»។
១៦
កំណើតអ៊ីស្មាអែល
១ លោកស្រីសារ៉ាយ ជាភរិយារបស់លោកអប្រាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ ២ លោកស្រីសារ៉ាយជម្រាបលោកអប្រាមថា៖ «ដោយព្រះអម្ចាស់មិនប្រទានឲ្យខ្ញុំមានកូន ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំនឹងបានកូនប្រុសមួយតាមរយៈនាង»។ លោកអប្រាមក៏ស្តាប់តាមពាក្យសម្ដីរបស់លោកស្រីសារ៉ាយ។ ៣ ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអប្រាមជាស្វាមី ធ្វើជាប្រពន្ធ លោកអប្រាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។ ៤ លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយម្ចាស់ស្រីរបស់ខ្លួន។ ៥ លោកស្រីសារ៉ាយពោលទៅកាន់លោកអប្រាមថា៖ «ព្រោះតែលោកហ្នឹងហើយបានជាខ្ញុំត្រូវអាម៉ាស់!។ ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់លោក។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមរវាងលោក និងខ្ញុំចុះ!»។ ៦ លោកអប្រាមតបទៅលោកស្រីសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។
លោកស្រីសារ៉ាយក៏ធ្វើបាបនាងហាការ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។
៧ ទេវទូត*របស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកសួរ។ ៨ ទេវទូតនោះពោលថា៖ «នាងហាការជាស្រីបម្រើរបស់នាងសារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីលោកស្រីសារ៉ាយ ជាម្ចាស់របស់នាងខ្ញុំ»។ ៩ ទេវទូតរបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្តាប់បង្គាប់គាត់ទៅ»។ ១០ ទេវទូតរបស់ព្រះអម្ចាស់ពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងកើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជពង្សរបស់នាងនឹងមានច្រើនឥតគណនា»។ ១១ ទេវទូតរបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។
នាងនឹងសម្រាលបានកូនប្រុសមួយ
នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល
ដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាង
នៅពេលដែលនាងរងទុក្ខវេទនា។
១២ កូននេះប្រៀបបានទៅនឹងលាព្រៃ
វានឹងវាយមនុស្សទាំងអស់
ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។
វានឹងរស់នៅដាច់ដោយឡែកពី
បងប្អូនរបស់វា»។
១៣ នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកនាងថា “ព្រះអង្គជាអែលរ៉ូអ៊ី” ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះអង្គ»។ ១៤ ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយរ៉ូហ៊ី”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដែស និងភូមិបេរ៉េដ។
១៥ នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអប្រាម ហើយលោកអប្រាមដាក់ឈ្មោះកូន ដែលនាងហាការបានបង្កើតជូនលោកនោះថា “អ៊ីស្មាអែល”។ ១៦ នៅពេលនាងហាការបង្កើតអ៊ីស្មាអែលជូនលោកនោះ លោកអប្រាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ ហើយ។
១៧
សញ្ញាសម្គាល់នៃសម្ពន្ធមេត្រី
១ នៅពេលលោកអប្រាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់យាងមកឲ្យលោកអប្រាមឃើញ ហើយមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើងឲ្យបានល្អឥតខ្ចោះចុះ។ ២ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនជាអនេក»។ ៣ លោកអប្រាមក្រាបចុះឱនមុខដល់ដី ហើយព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ ៤ «ចំណែកយើង យើងចងសម្ពន្ធមេត្រីជាមួយអ្នកដូចតទៅ: អ្នកនឹងបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន ៥ គេលែងហៅអ្នកថា“អប្រាម”ទៀតហើយ តែអ្នកនឹងមានឈ្មោះថា“អប្រាហាំ”វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។ ៦ យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនជាអនេក យើងនឹងធ្វើឲ្យអ្នកបង្កើតប្រជាជាតិជាច្រើន ហើយនឹងមានស្តេចជាច្រើនកើតចេញពីអ្នកដែរ។ ៧ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាព្រះរបស់អ្នក ហើយជាព្រះរបស់ពូជពង្សអ្នកដែលកើតមកតាមក្រោយដែរ។ ៨ យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។
៩ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយត្រូវគោរពតាមគ្រប់តំណតទៅ។ ១០ អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវកាត់ស្បែក*ឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា។ ១១ អ្នករាល់គ្នាកាត់ស្បែកជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា។ ១២ នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្តី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។ ១៣ គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។ ១៤ រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។
១៥ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ។ ១៦ យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្តេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។ ១៧ លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។ ១៨ លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។ ១៩ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នក នឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា “អ៊ីសាក”។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្សដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។ ២០ ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្តេចដប់ពីរអង្គនឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។ ២១ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយក្នុងខែនេះ»។ ២២ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីលោកអប្រាហាំឡើងទៅ។
២៣ នៅថ្ងៃដដែលនោះ លោកអប្រាហាំបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក ព្រមទាំងអស់អ្នកដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក មកធ្វើពិធីកាត់ស្បែក*ឲ្យ ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោក។ ២៤ ពេលលោកអប្រាហាំទទួលពិធីកាត់ស្បែកនោះ លោកមានអាយុកៅសិបប្រាំបួនឆ្នាំហើយ ២៥ រីឯអ៊ីស្មាអែលជាកូនរបស់លោក មានអាយុដប់បីឆ្នាំ នៅពេលទទួលពិធីកាត់ស្បែក។ ២៦ លោកអប្រាហាំ និងអ៊ីស្មាអែល ជាកូន បានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ២៧ ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់លោក ឬអ្នកក្រៅដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។
១៨
ព្រះជាម្ចាស់យាងមកឲ្យលោកអប្រាហាំឃើញសាជាថ្មី នៅដើមជ្រៃលោកតាម៉ាមរ៉េ
១ ព្រះអម្ចាស់បានយាងមកឲ្យលោកអប្រាហាំឃើញ នៅដើមជ្រៃលោកតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកម្ដៅហើយ លោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំរបស់លោក ២ លោកងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតលោក។ ពេលឃើញបុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ក្រាបដល់ដី ៣ ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ ៤ សូមឲ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ ៥ ខ្ញុំប្របាទនឹងទៅយកនំបុ័ងមួយដុំមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យលោកចុះ»។
៦ លោកអប្រាហាំប្រញាប់ប្រញាល់ចូលទៅរកនាងសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឲ្យបានរួសរាន់ទៅ»។ ៧ បន្ទាប់មក លោករត់ទៅរកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឲ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ ធ្វើម្ហូបជាបន្ទាន់។ ៨ លោកយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះ មកដាក់នៅមុខបុរសទាំងបី។ ខ្លួនលោកផ្ទាល់ឈរកំដរបុរសទាំងបីក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។
៩ បន្ទាប់មក បុរសទាំងបីពោលមកលោកថា៖ «នាងសារ៉ាភរិយារបស់លោកនៅឯណា?»។ លោកតបវិញថា៖ «នាងនៅក្នុងជំរំឯណោះ»។ ១០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឆ្នាំក្រោយ នៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្តាប់ក្រោយខ្នងលោក នៅមាត់ទ្វារជំរំ។ ១១ លោកអប្រាហាំ និងលោកស្រីសារ៉ាមានវ័យចាស់ណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ ១២ គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតម្រេកទៀតឬ? រីឯលោកម្ចាស់របស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។ ១៣ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «ហេតុដូចម្តេចបានជាសារ៉ាសើច ទាំងពោលថា “តើខ្ញុំដែលចាស់ណាស់ហើយ អាចនឹងមានកូនទៅកើតឬ?” ១៤ តើមានការអ្វីអស្ចារ្យពេកដែលព្រះអម្ចាស់ធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ ១៥ លោកស្រីសារ៉ាបដិសេធថា៖ «ខ្ញុំម្ចាស់ពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
លោកអប្រាហាំទូលអង្វរឲ្យក្រុងសូដុម
១៦ បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅ ដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអប្រាហាំជូនដំណើរ ដើម្បីលាគ្នា។ ១៧ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបម្រុងនឹងធ្វើនោះ មិនឲ្យអប្រាហាំដឹងឬ? ១៨ អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ ១៩ ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអប្រាហាំ ស្របតាមសេចក្តីដែលព្រះអង្គមានព្រះបន្ទូលទុកអំពីគាត់»។
២០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្តអំពើបាបជាច្រើនដែរ។ ២១ យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យ ដែលលាន់ឮមកដល់យើងឬយ៉ាងណា។ បើពិត ឬមិនពិត យើងមុខជាដឹងមិនខាន»។
២២ បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯលោកអប្រាហាំវិញ លោកឈរនៅជាមួយព្រះអម្ចាស់ដដែល។ ២៣ លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖ «តើព្រះអង្គនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? ២៤ ក្នុងក្រុងនោះប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែនឬ? តើព្រះអង្គមិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះទេឬ? ២៥ ព្រះអង្គធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូលតោងតែវិនិច្ឆ័យទោស ដោយយុត្តិធម៌!»។ ២៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឲ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។ ២៧ លោកអប្រាហាំទូលសាជាថ្មីថា៖ «ទូលបង្គំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ទូលបង្គំ ដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់បែបនេះ។ ២៨ មនុស្សសុចរិតប្រហែលជាមិនទាន់បានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើព្រះអង្គនឹងរំលាយទីក្រុងទាំងមូលចោល ព្រោះតែប្រាំនាក់នោះឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ ២៩ លោកអប្រាហាំនៅតែទូលព្រះអង្គថា៖ «ប្រហែលមានតែសែសិបនាក់ទេ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសែសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ ៣០ លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំសូមអង្វរម្តងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ ៣១ លោកអប្រាហាំទូលថា៖ «សូមមេត្តាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ ៣២ លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំ ទូលបង្គំសូមអង្វរតែម្តងទៀតទេ។ ប្រហែលជាមានតែដប់នាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងដប់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។
៣៣ កាលព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោកអប្រាហាំរួចរាល់ហើយ ព្រះអង្គក៏យាងចាកចេញទៅ រីឯលោកអប្រាហាំក៏វិលទៅជំរំលោកវិញដែរ។
១៩
លោកឡុតភៀសខ្លួនចេញពីក្រុងសូដុម
១ នៅពេលល្ងាច ទេវទូត*ទាំងពីរបានទៅដល់ក្រុងសូដុម។ លោកឡុតអង្គុយនៅមាត់ទ្វារក្រុង។ ពេលលោកឡុតឃើញទេវទូតទាំងពីរ គាត់ក្រោកឡើងទៅទទួលដោយក្រាបចុះ ឱនមុខដល់ដី។ ២ គាត់ពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោកសិន សូមលោកម្ចាស់លាងជើង ហើយស្នាក់នៅទីនេះមួយយប់ ចាំស្អែកសឹមបន្តដំណើរទៅមុខទៀតតាំងពីព្រលឹម»។ ទេវទូតតបថា៖ «ទេ យប់នេះ យើងសម្រាកនៅតាមទីធ្លាក្រុងក៏បាន»។ ៣ ប៉ុន្តែ ដោយលោកឡុតចេះតែទទូចអង្វរខ្លាំងពេក ទេវទូតទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំបុ័ងឥតមេជូនទេវទូត ទេវទូតក៏បរិភោគ។
៤ ពេលនោះ គេមិនទាន់ចូលដំណេកនៅឡើយទេ ស្រាប់តែមានអ្នកក្រុងនោះ គឺប្រុសៗនៅក្រុងសូដុមគ្រប់ៗគ្នា តាំងពីក្មេងរហូតដល់ចាស់ នាំគ្នាឡោមព័ទ្ធផ្ទះលោកឡុត។ ៥ គេស្រែកសួរលោកឡុតថា៖ «តើពួកអ្នកដែលចូលមកផ្ទះអ្នកឯងពីល្ងាចមិញនៅឯណា? ចូរឲ្យគេចេញមក! យើងនឹងរួមដំណេកជាមួយពួកគេ»។ ៦ លោកឡុតចេញមកជួបពួកគេនៅមាត់ទ្វារ ហើយបិទទ្វារពីក្រោយខ្នងវិញ។ ៧ គាត់ពោលថា៖ «បងប្អូនអើយ សូមមេត្តាកុំប្រព្រឹត្តអំពើអាក្រក់អី! ៨ ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។ ៩ ពួកគេតបថា៖ «ថយទៅ!»។ គេពោលទៀតថា៖ «មើល៍ ជនបរទេសម្នាក់នេះមកនៅស្រុកយើង តែឥឡូវបែរជាចង់ធ្វើម្ចាស់ស្រុកទៅវិញ! ទេ មិនបានទេ យើងនឹងធ្វើបាបអ្នកឯងខ្លាំងជាងជនពីរនាក់នោះទៅទៀត»។ ពួកគេក៏ច្រានលោកឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅ បម្រុងនឹងទម្លាយទ្វារ។ ១០ ពេលនោះ ទេវទូតទាំងពីរលូកដៃទៅទាញលោកឡុតចូលមកក្នុងផ្ទះ រួចបិទទ្វារជិតវិញ។ ១១ បន្ទាប់មក ទេវទូតបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារ ខ្វាក់ភ្នែកទាំងអស់គ្នា តាំងពីតូចដល់ធំ ដូច្នេះ ពួកគេពុំអាចរកមាត់ទ្វារចូលទៅក្នុងផ្ទះបានឡើយ។
១២ ទេវទូតពោលទៅលោកឡុតថា៖ «តើមាននរណាខ្លះនៅជាមួយលោក? បើមានកូនប្រសា កូនប្រុស កូនស្រី និងមានអ្វីទៀតជាកម្មសិទ្ធិរបស់លោកនៅក្នុងក្រុង ចូរនាំចេញពីកន្លែងនេះទៅ ១៣ ដ្បិតយើងនឹងរំលាយក្រុងនេះចោល ពីព្រោះពាក្យចោទប្រកាន់ក្រុងនេះបានលាន់ឮជាខ្លាំង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះអម្ចាស់បានចាត់ពួកយើងឲ្យមករំលាយក្រុងនេះចោល»។ ១៤ លោកឡុតក៏ចេញទៅប្រាប់កូនប្រសាប្រុសៗ ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះអម្ចាស់នឹងរំលាយទីក្រុងចោល!»។ ប៉ុន្តែ កូនប្រសារបស់គាត់យល់ឃើញថា គាត់គ្រាន់តែនិយាយលេងប៉ុណ្ណោះ។ ១៥ ពេលភ្លឺស្រាងៗ ទេវទូតនាំគ្នាបង្ខំលោកឡុតថា៖ «ចូរក្រោកឡើង នាំប្រពន្ធ និងកូនស្រីទាំងពីររបស់លោកដែលនៅជាមួយចេញទៅ កុំឲ្យវិនាស ព្រោះតែអំពើទុច្ចរិតរបស់ក្រុងនេះឡើយ»។ ១៦ ប៉ុន្តែ ដោយលោកឡុតនៅបង្អែបង្អង់ ទេវទូតក៏ចាប់ដៃគាត់ ប្រពន្ធគាត់ និងកូនស្រីគាត់ទាំងពីរ ទាញចេញទៅ ទុកឲ្យនៅខាងក្រៅទីក្រុង ដ្បិតព្រះអម្ចាស់សព្វព្រះហប្ញទ័យឲ្យគាត់បានរួចជីវិត។ ១៧ ពេលនាំគាត់ចេញផុតពីក្រុងនោះ ទេវទូតម្នាក់ពោលថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលក្រោយ! កុំឈប់នៅតំបន់វាលរាបឲ្យសោះ! ចូររត់ទៅតំបន់ភ្នំ ដើម្បីឲ្យរួចអាយុជីវិត»។ ១៨ លោកឡុតពោលទៅទេវទូតវិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្តាប់ពាក្យអង្វររបស់ខ្ញុំប្របាទផង! ១៩ សូមលោកម្ចាស់អធ្យាស្រ័យទៅចុះ ដ្បិតលោកម្ចាស់សម្ដែងសប្បុរសធម៌យ៉ាងខ្លាំងចំពោះខ្ញុំប្របាទ ដោយទុកជីវិតខ្ញុំប្របាទឲ្យនៅរស់។ ប៉ុន្តែ ខ្ញុំប្របាទពុំអាចរត់ទៅតំបន់ភ្នំទាន់ទេ ព្រោះខ្ញុំប្របាទមុខជាជួបនឹងមហន្តរាយនេះ ហើយត្រូវស្លាប់មិនខាន។ ២០ សូមលោកម្ចាស់អធ្យាស្រ័យឲ្យខ្ញុំប្របាទផង មើល៍ មានក្រុងមួយនៅជិតនេះស្រាប់ ខ្ញុំប្របាទអាចរត់ទៅជ្រកកោនបាន ព្រោះក្រុងនេះតូចទេ! សូមមេត្តាឲ្យខ្ញុំប្របាទរត់ទៅជ្រកនៅក្រុងនោះ ដ្បិតក្រុងនោះពិតជាតូចមែន! ខ្ញុំប្របាទនឹងស្នាក់នៅទីនោះ ឲ្យបានរួចជីវិត»។ ២១ ទេវទូតពោលទៅគាត់វិញថា៖ «ខ្ញុំយោគយល់ដល់លោកម្តងទៀត ខ្ញុំមិនរំលាយក្រុងដែលលោកនិយាយនេះទេ។ ២២ ចូរប្រញាប់ប្រញាល់រត់ឲ្យដល់ក្រុងនោះចុះ ដ្បិតខ្ញុំមិនអាចធ្វើអ្វីមុនលោកទៅដល់ឡើយ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះក្រុងនោះថា «សូអារ»។ ២៣ ពេលលោកឡុតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។
២៤ ពេលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីព្រះអម្ចាស់ ធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ២៥ ព្រះអង្គបានរំលាយក្រុងទាំងនោះ តំបន់វាលរាបទាំងមូល និងអ្នកក្រុងទាំងប៉ុន្មាន ព្រមទាំងរុក្ខជាតិទាំងឡាយដែលដុះនៅលើដី ត្រូវវិនាសអន្តរាយអស់។ ២៦ រីឯភរិយារបស់លោកឡុតវិញ គាត់បានងាកមើលក្រោយ គាត់ក៏ក្លាយទៅជារូបចម្លាក់អំបិល។
២៧ លុះព្រលឹមឡើង លោកអប្រាហាំទៅកន្លែងដែលលោកបាននៅជាមួយព្រះអម្ចាស់។ ២៨ លោកសម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូល ឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។ ២៩ នៅពេលព្រះជាម្ចាស់រំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ ព្រះអង្គបាននឹកគិតដល់លោកអប្រាហាំ គឺព្រះអង្គបានប្រោសលោកឡុតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលព្រះអង្គរំលាយក្រុងដែលលោកឡុតរស់នៅនោះ។
លោកឡុត និងកូនស្រីទាំងពីររបស់គាត់ ដើមកំណើតរបស់ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន
៣០ លោកឡុតបានចាកចេញពីក្រុងសូអារជាមួយកូនស្រីទាំងពីរ ឡើងទៅរស់នៅតាមភ្នំ ដ្បិតគាត់មិនហ៊ាននៅក្នុងក្រុងសូអារនោះទេ។ គាត់ស្នាក់នៅតាមរូងភ្នំជាមួយកូនស្រីទាំងពីរ។
៣១ ពេលនោះ នាងបងនិយាយទៅកាន់នាងពៅថា៖ «ឪពុកយើងចាស់ហើយ ហើយនៅក្នុងស្រុកនេះក៏គ្មានប្រុសណាមកយកយើងធ្វើជាប្រពន្ធ ដូចគេដូចឯងក្នុងលោកនេះឡើយ។ ៣២ ដូច្នេះ មក៍! យើងនាំគ្នាបង្អកស្រាឪពុកយើង រួចរួមដំណេកជាមួយគាត់ទៅ ដើម្បីឲ្យយើងបានបន្តពូជពីឪពុកយើង»។ ៣៣ នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឪពុករបស់ខ្លួន រួចហើយ នាងបងចូលរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។ ៣៤ លុះស្អែកឡើង នាងបងបាននិយាយទៅកាន់នាងប្អូនថា៖ «ពីយប់មិញ បងបានរួមដំណេកជាមួយឪពុក យប់នេះ យើងយកស្រាមកបង្អកគាត់ទៀតទៅ រួចសិមឯងចូលដេកជាមួយគាត់ម្តង ដើម្បីតពូជពីឪពុករបស់យើង»។ ៣៥ នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឲ្យឪពុកសាជាថ្មី ហើយនាងពៅក៏ចូលទៅរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។ ៣៦ ក្រោយមក កូនស្រីទាំងពីររបស់លោកឡុតមានផ្ទៃពោះជាមួយឪពុករបស់ខ្លួន។ ៣៧ នាងបងសម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។ ៣៨ នាងពៅក៏សម្រាលបានកូនប្រុសមួយដែរ នាងដាក់ឈ្មោះកូននោះថា បេនអាំមី ដែលជាឪពុករបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។
២០
លោកអប្រាហាំ និងស្តេចអប៊ីមេឡេក
១ លោកអប្រាហាំចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ លោកបានតាំងទីលំនៅនៅចន្លោះក្រុងកាដែស និងក្រុងសួរ បន្ទាប់មក លោកបានទៅនៅក្រុងកេរ៉ា។ ២ លោកអប្រាហាំតែងប្រាប់គេថា លោកស្រីសារ៉ា ជាភរិយារបស់លោកនោះ ត្រូវជាប្អូនស្រីរបស់លោកទេ។ ព្រះបាទអប៊ីមេឡេក ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់លោកស្រីសារ៉ាមក។ ៣ ពេលនោះ ព្រះជាម្ចាស់យាងមកជួបស្តេចអប៊ីមេឡេក ក្នុងសុបិននិមិត្តនៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានចាប់មកនោះជាមិនខាន ដ្បិតនាងមានប្តីហើយ»។ ៤ ព្រះបាទអប៊ីមេឡេកពុំទាន់បានប៉ះពាល់លោកស្រីសារ៉ានៅឡើយទេ ស្តេចទូលវិញថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? ៥ បុរសនោះទេតើដែលបានប្រាប់ទូលបង្គំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ទូលបង្គំថា“គាត់ត្រូវជាបងខ្ញុំដែរ”។ ទូលបង្គំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។ ៦ ព្រះជាម្ចាស់មានព្រះបន្ទូលមកស្តេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះ ដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្តោយឲ្យអ្នកប៉ះពាល់នាងឡើយ។ ៧ ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាព្យាការីមួយរូប គាត់នឹងទូលអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។
៨ ព្រះបាទអប៊ីមេឡេកក្រោកឡើងពីព្រលឹម ស្តេចកោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីហេតុការណ៍អស់ទាំងនេះ។ ពួកបម្រើរបស់ស្តេចព្រឺខ្លាចជាខ្លាំង។ ៩ ព្រះបាទអប៊ីមេឡេកហៅលោកអប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុដូចម្តេចបានជាលោកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះលោក បានជាលោកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? លោកប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។ ១០ បន្ទាប់មក ព្រះបាទអប៊ីមេឡេកមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ ១១ លោកអប្រាហាំតបថា៖ «ទូលបង្គំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចព្រះជាម្ចាស់ទេមើលទៅ គេមុខជាប្រហារជីវិតទូលបង្គំ ព្រោះតែប្រពន្ធទូលបង្គំមិនខាន។ ១២ មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ទូលបង្គំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកទូលបង្គំដែរ តែម្តាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយទូលបង្គំ។ ១៣ នៅពេលព្រះជាម្ចាស់នាំទូលបង្គំចាកចេញឆ្ងាយពីញាតិសន្តានរបស់ទូលបង្គំ ទូលបង្គំបានប្រាប់នាងសារ៉ាថា “នៅទីណាដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។
១៤ ព្រះបាទអប៊ីមេឡេកបានយកចៀម យកគោ ពីក្នុងហ្វូងសត្វរបស់ស្តេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនលោកអប្រាហាំ ហើយក៏បានប្រគល់លោកស្រីសារ៉ាជូនលោកវិញដែរ។ ១៥ ព្រះបាទអប៊ីមេឡេកមានរាជឱង្ការថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខលោកស្រាប់ហើយ លោកចង់តាំងទីលំនៅនៅទីណាក៏បាន តាមតែលោកពេញចិត្ត»។ ១៦ ព្រះអង្គមានរាជឱង្ការទៅកាន់លោកស្រីសារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។ ១៧ លោកអប្រាហាំបានទូលអង្វរព្រះជាម្ចាស់ សូមមេត្តាប្រោសព្រះបាទអប៊ីមេឡេក ព្រមទាំងមហេសី និងពួកស្រីស្នំរបស់ព្រះអង្គ ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន ១៨ ដ្បិតព្រះអម្ចាស់បានធ្វើឲ្យស្ត្រីៗ ក្នុងព្រះរាជវង្សរបស់ព្រះបាទអប៊ីមេឡេកទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែលោកស្រីសារ៉ាជាភរិយារបស់លោកអប្រាហាំ។
២១
កំណើតរបស់អ៊ីសាក
១ ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្តីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។ ២ លោកស្រីសារ៉ាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកអប្រាហាំ ក្នុងពេលលោកមានវ័យចាស់ជរា ត្រូវតាមពេលកំណត់ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោក។ ៣ លោកដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលលោកស្រីសារ៉ាបានបង្កើតជូនលោកថា “អ៊ីសាក”។ ៤ ពេលអ៊ីសាកជាកូនកើតបានប្រាំបីថ្ងៃ លោកអប្រាហាំធ្វើពិធីកាត់ស្បែកឲ្យ ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់។ ៥ ពេលអ៊ីសាកជាកូនកើតមកនោះ លោកអប្រាហាំមានអាយុមួយរយឆ្នាំហើយ។ ៦ ពេលនោះ លោកស្រីសារ៉ាពោលថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។ ៧ គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅលោកអប្រាហាំថា “ថ្ងៃមួយ អ្នកសារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនលោក ក្នុងគ្រាដែលលោកមានវ័យចាស់ណាស់ទៅហើយ»។
នាងហាការ និងអ៊ីស្មាអែល នៅវាលរហោស្ថាន
៨ លុះអ៊ីសាកបានធំបន្តិច ហើយត្រូវផ្ដាច់ដោះ លោកអប្រាហាំរៀបចំពិធីជប់លៀងមួយយ៉ាងធំ នៅថ្ងៃផ្ដាច់ដោះនោះ។ ៩ លោកស្រីសារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលនាងហាការ ស្ត្រីសាសន៍អេស៊ីប បង្កើតជូនលោកអប្រាហាំ កំពុងតែសើចលេង ១០ គាត់ជម្រាបលោកអប្រាហាំថា៖ «សូមបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះទទួលមត៌ករួមជាមួយអ៊ីសាក កូនរបស់ខ្ញុំឡើយ»។ ១១ ពាក្យនេះធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។ ១២ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាមពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។ ១៣ រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។
១៤ ស្អែកឡើង លោកអប្រាហាំក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹក ប្រគល់ឲ្យនាងហាការ ដោយលើកដាក់លើ កនាង។ លោកក៏ប្រគល់កូនទៅឲ្យនាង រួចប្រាប់នាងឲ្យចេញទៅ។ នាងហាការចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។ ១៥ ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ ១៦ រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្តើមទ្រហោយំ។ ១៧ ព្រះជាម្ចាស់ព្រះអង្គព្រះសណ្តាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវទូតរបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ព្រះអង្គព្រះសណ្តាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ ១៨ ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។ ១៩ ព្រះជាម្ចាស់បានប្រោសឲ្យនាងឃើញអណ្ដូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។
២០ ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។ ២១ អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ន ហើយម្តាយក៏ដណ្ដឹងកូនស្រីជាតិអេស៊ីបម្នាក់មកឲ្យធ្វើជាភរិយា។
លោកអប្រាហាំចងសម្ពន្ធមេត្រីជាមួយព្រះបាទអប៊ីមេឡេក
២២ នៅគ្រានោះ ព្រះបាទអប៊ីមេឡេកយាងមកជួបលោកអប្រាហាំ ដោយមានលោកពីកុល ជាមេទ័ពរបស់ព្រះអង្គមកជាមួយដែរ។ ស្តេចមានរាជឱង្ការទៅលោកដូចតទៅ៖ «ព្រះជាម្ចាស់គង់ជាមួយលោកក្នុងគ្រប់កិច្ចការដែលលោកធ្វើ។ ២៣ ដូច្នេះ សូមលោកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានព្រះជាម្ចាស់ជាសាក្សីនៅទីនេះ ថាលោកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះលោកយ៉ាងណា សូមលោកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលលោកស្នាក់នៅនេះយ៉ាងនោះដែរ»។ ២៤ លោកអប្រាហាំទូលស្តេចថា៖ «ទូលបង្គំសូមស្បថដូច្នេះ!»។ ២៥ ប៉ុន្តែ លោកអប្រាហាំប្ដឹងព្រះបាទអប៊ីមេឡេកស្តីអំពីអណ្ដូងទឹក ដែលប្រជារាស្ត្ររបស់ព្រះបាទអប៊ីមេឡេកបានដណ្ដើមយកពីលោក។ ២៦ ព្រះបាទអប៊ីមេឡេកតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះលោកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។
២៧ លោកអប្រាហាំបានយកចៀម និងគោ មកថ្វាយព្រះបាទអប៊ីមេឡេក រួចលោកទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។ ២៨ លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។ ២៩ ព្រះបាទអប៊ីមេឡេកសួរលោកថា៖ «លោកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។ ៣០ លោកតបថា៖ «សូមព្រះអង្គមេត្តាទទួលយកចៀមទាំងប្រាំពីរនេះពីដៃទូលបង្គំផ្ទាល់ ដើម្បីបញ្ជាក់ថា ទូលបង្គំពិតជាបានជីកអណ្ដូងទឹកនោះមែន»។ ៣១ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “បៀរសេបា” ដ្បិតនៅកន្លែងនោះហើយដែលលោកទាំងពីរបានស្បថនឹងគ្នាទៅវិញទៅមក។ ៣២ ដូច្នេះ លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នានៅបៀរសេបា។ បន្ទាប់មក ព្រះបាទអប៊ីមេឡេកក៏ចេញដំណើរជាមួយលោកពីកុល មេទ័ពរបស់ស្តេច វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ៣៣ លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយលោកគោរពបម្រើព្រះដ៏គង់នៅអស់កល្បជានិច្ច ដោយហៅព្រះនាមព្រះអង្គថា ព្រះអម្ចាស់។ ៣៤ លោកអប្រាហាំស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលយ៉ាងយូរ។
២២
លោកអប្រាហាំសុខចិត្តបូជាកូនថ្វាយព្រះអម្ចាស់
១ ក្រោយហេតុការណ៍ទាំងនោះមក ព្រះជាម្ចាស់ក៏ល្បងលមើលចិត្តរបស់លោកអប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់»។ ២ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាកកូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
៣ លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសម្រាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះជាម្ចាស់បានប្រាប់លោក។ ៤ លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ ៥ លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំ ឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ ៦ លោកអប្រាហាំយកអុសសម្រាប់ធ្វើយញ្ញបូជាមកឲ្យអ៊ីសាកជាកូនលី រីឯលោកវិញ លោកកាន់ភ្លើង និងកាំបិត ហើយទាំងឪពុក ទាំងកូន ដើរទៅជាមួយគ្នា។ ៧ ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។ ៨ លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុក ទាំងកូន ក៏ដើរទៅមុខជាមួយគ្នា។
៩ លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាក ជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។ ១០ បន្ទាប់មក លោកអប្រាហាំទាញកាំបិតបម្រុងនឹងអារ កកូនធ្វើយញ្ញបូជា។ ១១ ពេលនោះ ស្រាប់តែទេវទូតរបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។ ១២ ទេវទូតពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។ ១៣ លោកអប្រាហាំងើបមុខឡើង ក្រឡេកទៅខាងក្រោយ ឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកចៀមនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។ ១៤ លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហេតុនេះហើយបានជាសព្វថ្ងៃនេះ គេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ព្រះអង្គនឹងផ្គត់ផ្គង់ឲ្យ»។
១៥ ទេវទូតរបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្តងទៀតថា៖ ១៦ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា ១៧ យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។ ១៨ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់យើង»។
១៩ លោកអប្រាហាំវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ លោកអប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
២០ ក្រោយហេតុការណ៍ទាំងនោះមក មានគេនាំដំណឹងមកជម្រាបលោកអប្រាហាំថា៖ «នាងមីលកាក៏បានបង្កើតកូនប្រុសជាច្រើនជូនលោកណាហ៊រ ជាប្អូនរបស់លោកដែរ គឺមាន ២១ អ៊ូសជាកូនច្បង ប៊ូសជាប្អូន កេមូអែលដែលត្រូវជាឪពុករបស់អារ៉ាម ២២ កេសេដ ហាសូ ពីលដាក យីដឡាប និងបេទូអែល។ ២៣ លោកបេទូអែលត្រូវជាឪពុករបស់នាងរេបេកា។ អ្នកទាំងប្រាំបីនេះជាកូន ដែលនាងមីលកាបានបង្កើតជូនលោកណាហ៊រ ប្អូនរបស់លោកអប្រាហាំ»។ ២៤ រីឯប្រពន្ធទីពីររបស់លោកណាហ៊រ ឈ្មោះនាងរេអ៊ូម៉ា ក៏មានកូនដែរ គឺតេបា កាហាំ តាហាស និងម៉ាកា។
២៣
ផ្នូររបស់លោកស្រីសារ៉ា
១ លោកស្រីសារ៉ារស់បានទាំងអស់មួយរយម្ភៃប្រាំពីរឆ្នាំ។ ២ ក្រោយមក គាត់ក៏បានទទួលមរណភាពនៅក្រុងគៀរីយ៉ាតអារបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ លោកអប្រាហាំមករៀបចំបញ្ចុះសពលោកស្រីសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ ៣ បន្ទាប់មក លោកអប្រាហាំចាកចេញពីសាកសពភរិយាទៅនិយាយនឹងជនជាតិហេតដូចតទៅ៖ ៤ «ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។ ៥ ជនជាតិហេតតបមកលោកអប្រាហាំវិញថា៖ ៦ «លោកម្ចាស់ សូមមេត្តាស្តាប់យើងខ្ញុំសិន! ព្រះជាម្ចាស់បានប្រទានឲ្យលោកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមលោកបញ្ចុះសពភរិយារបស់លោក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពភរិយារបស់លោកឡើយ»។ ៧ លោកអប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។ ៨ លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមឲ្យខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារឲ្យខ្ញុំផង ៩ គឺសូមឲ្យគាត់ផ្ទេរគុហាម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។
១០ លោកអេប្រូន ជាជនជាតិហេត ក៏អង្គុយរួមជាមួយជនរួមជាតិរបស់គាត់ឯទៀតៗដែរ។ គាត់ឆ្លើយទៅលោកអប្រាហាំវិញ នៅចំពោះមុខជនជាតិហេត និងនៅចំពោះមុខមនុស្សម្នាទាំងប៉ុន្មាន ដែលអង្គុយនៅមាត់ទ្វារក្រុងថា៖ ១១ «លោកម្ចាស់ សូមស្តាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ដីចម្ការ ព្រមទាំងគុហានៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទជូនលោកម្ចាស់នៅចំពោះមុខជនជាតិខ្ញុំប្របាទទាំងអស់។ សូមលោកម្ចាស់បញ្ចុះសពភរិយារបស់លោកម្ចាស់នៅទីនោះទៅ»។
១២ លោកអប្រាហាំក្រាបចុះនៅមុខអ្នកស្រុកនោះ ១៣ ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្តាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ ១៤ ប៉ុន្តែ លោកអេប្រូនតបទៅលោកអប្រាហាំថា៖ ១៥ «លោកម្ចាស់ សូមស្តាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់លោកទៅ!»។ ១៦ លោកអប្រាហាំក៏ព្រមព្រៀងជាមួយលោកអេប្រូន ហើយថ្លឹងប្រាក់ឲ្យគាត់ តាមចំនួនដែលគាត់បាននិយាយនៅមុខជនជាតិហេត គឺប្រាក់សុទ្ធមួយរយម្ភៃតម្លឹង គិតតាមតម្លៃដែលគេលក់ដីនៅសម័យនោះ។
១៧ តាំងពីពេលនោះមក ដីចម្ការរបស់លោកអេប្រូននៅម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ គឺទាំងដីចម្ការ ទាំងគុហា និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះទាំងមូល ១៨ បានត្រឡប់មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុងជាសាក្សី។
១៩ បន្ទាប់មក លោកអប្រាហាំក៏បានបញ្ចុះសពលោកស្រីសារ៉ា ជាភរិយា ក្នុងគុហា នៅចម្ការម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ ២០ ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងគុហាដែលនៅលើដីនោះ មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារលោក។
២៤
អាពាហ៍ពិពាហ៍របស់លោកអ៊ីសាក
១ លោកអប្រាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយ ព្រះអម្ចាស់ក៏បានប្រទានពរលោកសព្វគ្រប់ទាំងអស់។
២ លោកអប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ ៣ ហើយស្បថដោយយកព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ ៤ គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិសន្តានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។ ៥ អ្នកបម្រើតបថា៖ «នាងនោះប្រហែលជាមិនព្រមតាមខ្ញុំប្របាទមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំប្របាទនាំកូនប្រុសរបស់លោក ទៅស្រុក ដែលលោកបានចាកចេញមកនោះឬ?»។ ៦ លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! ៧ ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ ដែលបានយកខ្ញុំចេញពីញាតិសន្តាន និងពីស្រុកកំណើតរបស់ខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ព្រះអង្គពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ ព្រះអង្គមុខជាចាត់ទេវទូតរបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។ ៨ ប្រសិនបើនាងមិនយល់ព្រមមកតាមអ្នកទេ អ្នកនឹងរួចពីសម្បថនេះ តែកុំនាំកូនប្រុសខ្ញុំទៅស្រុកនោះជាដាច់ខាត»។ ៩ អ្នកបម្រើក៏ដាក់ដៃក្រោមភ្លៅលោកអប្រាហាំ ជាម្ចាស់របស់គាត់ ទាំងស្បថជូនលោកអំពីរឿងនេះ។
១០ អ្នកបម្រើនោះបានយកអូដ្ឋដប់ក្បាល ពីក្នុងហ្វូងអូដ្ឋម្ចាស់របស់គាត់ រួចចេញដំណើរឆ្ពោះទៅក្រុងណាហ៊រ ក្នុងស្រុកមេសូប៉ូតាមី ដោយនាំយកទ្រព្យដ៏ល្អវិសេសរបស់ម្ចាស់គាត់ទៅជាមួយផង។ ១១ លុះមកដល់ជិតអណ្ដូងទឹកមួយនៅខាងក្រៅទីក្រុង គាត់ក៏ឲ្យអូដ្ឋទាំងអស់លុតជង្គង់។ ពេលនោះ ល្ងាចហើយ ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។ ១២ គាត់ក៏អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ចៅហ្វាយរបស់ទូលបង្គំ សូមព្រះអង្គមេត្តាជួយឲ្យទូលបង្គំបានជួបនឹងនារីម្នាក់ដូចប្រាថ្នាផង។ សូមសម្ដែងព្រះហប្ញទ័យសន្តោសមេត្តាដល់លោកអប្រាហាំជាម្ចាស់ទូលបង្គំផង!។ ១៣ ទូលបង្គំឈរនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ ១៤ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសម្ដែងព្រះហប្ញទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។
១៥ គាត់និយាយមិនទាន់ទាំងចប់ផង ស្រាប់តែនាងរេបេកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងត្រូវជាកូនរបស់លោកបេទូអែល ជាចៅរបស់លោកស្រីមីលកា និងលោកណាហ៊រ ដែលជាប្អូនរបស់លោកអប្រាហាំ។ ១៦ នាងមានសម្ផស្សស្អាតល្អណាស់ ហើយក៏ជាស្ត្រីក្រមុំព្រហ្មចារី មិនទាន់រួមរស់ជាមួយបុរសណាឡើយ។ នាងចុះទៅប្រភពទឹក លុះដងទឹកដាក់ពេញក្អមរួចហើយ នាងក៏ឡើងមកវិញ។ ១៧ អ្នកបម្រើរបស់លោកអប្រាហាំរត់ទៅរកនាង ពោលថា៖ «សូមនាងមេត្តាចាក់ទឹកពីក្អមនាង ឲ្យខ្ញុំទទួលទានបន្តិច»។ ១៨ នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមឲ្យទឹកអ្នកបម្រើនោះពិសា។ ១៩ ពេលនាងឲ្យគាត់ពិសាទឹករួចហើយ ក៏ពោលថា៖ «នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ ទាល់តែវាបានឆ្អែតគ្រប់គ្រាន់»។ ២០ នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកទៅក្នុងស្នូកសត្វ រួចនាងរត់ទៅដងពីអណ្ដូងមកទៀត គឺនាងបានដងទឹកឲ្យអូដ្ឋទាំងអស់ផឹក។ ២១ បុរសនោះសម្លឹងមើលនាង ហើយនឹកក្នុងចិត្តចង់ដឹងថា តើព្រះជាម្ចាស់ប្រោសឲ្យដំណើររបស់គាត់បានសម្រេចតាមបំណង មែនឬយ៉ាងណា។
២២ កាលអូដ្ឋបានផឹកទឹកឆ្អែតហើយ អ្នកបម្រើនោះក៏យកចិញ្ចៀនមាសមួយវង់ ទម្ងន់មួយជីកន្លះ មកឲ្យនាង រួចយកកងដៃមាសមួយគូ ដែលមានទម្ងន់បីតម្លឹង មកពាក់ឲ្យនាងដែរ។ ២៣ គាត់សួរនាងថា៖ «នាងត្រូវជាកូនចៅរបស់លោកណា? សូមមេត្តាប្រាប់ឲ្យខ្ញុំដឹងផង។ តើនៅផ្ទះឪពុកនាង មានកន្លែងឲ្យយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?»។ ២៤ នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេទូអែល ជាចៅរបស់លោកយាយមីលកា និងលោកតាណាហ៊រ»។ ២៥ នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅស្ងួតយ៉ាងច្រើនបរិបូណ៌ ហើយក៏មានកន្លែងជូនអស់លោកស្នាក់ដែរ»។ ២៦ បុរសនោះលុតជង្គង់ចុះ ក្រាបថ្វាយបង្គំព្រះអម្ចាស់ ២៧ ទាំងពោលថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលតែងតែសម្ដែងព្រះហប្ញទ័យសន្តោសមេត្តា និងព្រះហប្ញទ័យស្មោះត្រង់ចំពោះលោកម្ចាស់ខ្ញុំជានិច្ច! ព្រះអម្ចាស់នាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនលោកម្ចាស់ខ្ញុំ»។
២៨ នាងក្រមុំរត់នាំដំណឹងនេះទៅប្រាប់ម្តាយ។ ២៩ នាងរេបេកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ឡាបាន់ក៏រត់ចេញទៅរកបុរសនោះ នៅខាងក្រៅ ជិតអណ្ដូងទឹក ៣០ ព្រោះគាត់បានឃើញចិញ្ចៀន និងកងដៃដែលពាក់នៅនឹងដៃរបស់ប្អូនស្រី ហើយគាត់ក៏បានឮនាងរេបេកាជាប្អូនរៀបរាប់នូវសេចក្តីដែលបុរសនោះនិយាយ។ គាត់ក៏ទៅជួបបុរសនោះ ដែលឈរនៅជាមួយអូដ្ឋ ជិតអណ្ដូងទឹក។ ៣១ គាត់ពោលថា៖ «អ្នកដែលព្រះអម្ចាស់ប្រទានពរអើយ សូមអញ្ជើញមក ម្តេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនលោក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។ ៣២ បុរសនោះចូលទៅក្នុងផ្ទះ គេយករបស់របរចុះពីខ្នងអូដ្ឋ រួចដាក់ចំបើង និងស្មៅឲ្យវាស៊ី ហើយយកទឹកមកលាងជើងឲ្យបុរសនោះ ព្រមទាំងឲ្យអស់អ្នកដែលមកជាមួយដែរ។ ៣៣ បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូននូវសេចក្តីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
៣៤ បុរសនោះក៏ពោលឡើងថា៖ «ខ្ញុំបាទជាអ្នកបម្រើរបស់លោកអប្រាហាំ។ ៣៥ ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានឲ្យលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។ ៣៦ ក្នុងគ្រាដែលម្ចាស់របស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ លោកស្រីសារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនលោក គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីលោក។ ៣៧ ម្ចាស់របស់ខ្ញុំបានឲ្យខ្ញុំស្បថថា “អ្នកមិនត្រូវដណ្ដឹងកូនស្រីជនជាតិកាណាន ក្នុងស្រុកដែលខ្ញុំនៅនេះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំឡើយ។ ៣៨ ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្តានខ្ញុំ ហើយដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ”។ ៣៩ ខ្ញុំបានជម្រាបលោកម្ចាស់របស់ខ្ញុំថា “នាងនោះប្រហែលជាមិនព្រមមកស្រុកនេះ តាមខ្ញុំប្របាទទេមើលទៅ”។ ៤០ លោកតបមកខ្ញុំវិញថា “ព្រះអម្ចាស់ ជាព្រះដែលខ្ញុំគោរពប្រណិប័តន៍ ព្រះអង្គនឹងចាត់ទេវទូត*របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយព្រះអង្គនឹងធ្វើឲ្យដំណើររបស់អ្នកបានសម្រេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្ដឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្តាន និងក្រុមគ្រួសារខ្ញុំ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ។ ៤១ ពេលអ្នកទៅជួបញាតិសន្តានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ ៤២ ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហប្ញទ័យឲ្យដំណើររបស់ទូលបង្គំបានសម្រេច ដូចប្រាថ្នាមែន ៤៣ ទូលបង្គំនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ដែលចេញមកដងទឹកថា “សុំនាងឲ្យទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច” ៤៤ ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” នោះសូមឲ្យចំលើនារីដែលព្រះអង្គបានបម្រុងទុកជាភរិយារបស់កូនប្រុសម្ចាស់ទូលបង្គំ។ ៤៥ ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែនាងរេបេកាកណ្តៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។ ៤៦ នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្តៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកថែមទៀត”។ ៤៧ ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់លោកណា” នាងឆ្លើយថា “នាងខ្ញុំជាកូនរបស់លោកបេទូអែល ជាចៅរបស់លោកតាណាហ៊រ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃពាក់ឲ្យនាង។ ៤៨ បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំព្រះអម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលព្រះអង្គបានដឹកនាំខ្ញុំ ដោយព្រះហប្ញទ័យស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្ដឹងក្មួយស្រីរបស់លោក យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់លោក។ ៤៩ ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះម្ចាស់របស់ខ្ញុំ សូមមានប្រសាសន៍មក ដើម្បីឲ្យខ្ញុំអាចគិតគូរទៅតាមនោះផង»។
៥០ លោកឡាបាន់ និងលោកបេទូអែល តបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីព្រះអម្ចាស់ដូច្នេះ យើងខ្ញុំពុំអាចប្រាប់លោកថា យើងយល់ព្រម ឬជំទាស់ឡើយ។ ៥១ នាងរេបេកានៅមុខលោកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឲ្យនាងបានទៅជាភរិយារបស់កូនប្រុសម្ចាស់លោក ដូចព្រះអម្ចាស់មានព្រះបន្ទូល»។
៥២ កាលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំព្រះអម្ចាស់ ៥៣ រួចគាត់យកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមកជូននាងរេបេកា ហើយគាត់លើកជំនូនដ៏មានតម្លៃផ្សេងៗទៀត ជូនទៅបងប្រុស និងម្តាយរបស់នាងដែរ។ ៥៤ បន្ទាប់មក ទើបគាត់បរិភោគបាយទឹកជាមួយអស់អ្នកដែលរួមដំណើរជាមួយគាត់ ហើយយប់នោះ គេក៏នាំគ្នាស្នាក់នៅទីនោះទៅ។ លុះព្រឹកឡើងពេលក្រោកពីដំណេក អ្នកបម្រើពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកម្ចាស់ខ្ញុំវិញហើយ»។ ៥៥ បងប្រុស និងម្តាយរបស់នាងរេបេកាពោលថា៖ «សុំឲ្យរេបេកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។ ៥៦ គាត់តបទៅវិញថា៖ «ព្រះអម្ចាស់បានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះ សូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកម្ចាស់ខ្ញុំវិញចុះ»។ ៥៧ គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។ ៥៨ គេក៏ហៅនាងរេបេកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។
៥៩ គេក៏អនុញ្ញាតឲ្យនាងរេបេកាជាប្អូន និងមេដោះរបស់នាង ចាកចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងអស់អ្នកដែលមកជាមួយគាត់។ ៦០ ក្រុមគ្រួសារបានឲ្យពរនាងរេបេកាថា៖
«ប្អូនរេបេកាអើយ
សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស
រាប់លានរាប់កោដិនាក់
សូមឲ្យពូជពង្សនាងគ្រប់គ្រង
លើពួកខ្មាំងសត្រូវរបស់នាង»។
៦១ រេបេកាក្រោកឡើង ជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋ ទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំនាងរេបេកាចេញទៅ។
៦២ នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយរ៉ូហ៊ីហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ ៦៣ ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។ ៦៤ រីឯនាងរេបេកាវិញ នាងក៏ក្រឡេកមើលមកដែរ។ ពេលនាងឃើញអ៊ីសាក នាងលោតចុះពីខ្នងអូដ្ឋ ៦៥ សួរអ្នកបម្រើថា៖ «អ្នកដែលឈរនៅតាមវាល ហើយកំពុងតែដើរមករកយើងនោះជានរណា?» ៦៦ អ្នកបម្រើតបថា៖ «គឺលោកហើយដែលជាម្ចាស់របស់ខ្ញុំ»។ នាងក៏យកស្បៃមកគ្របមុខ។ អ្នកបម្រើក៏រៀបរាប់ប្រាប់លោកអ៊ីសាក នូវកិច្ចការទាំងប៉ុន្មាន ដែលគាត់បានធ្វើ។
៦៧ លោកអ៊ីសាកនាំនាងរេបេកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្តាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។
២៥
លោកអប្រាហាំទទួលមរណភាព ពូជពង្សឯទៀតៗរបស់លោកអប្រាហាំ
១ លោកអប្រាហាំយកភរិយាមួយទៀត ឈ្មោះកេទូរ៉ា។ ២ គាត់បង្កើតបានកូនប្រុសជូនលោក ដែលមានឈ្មោះដូចតទៅគឺ ស៊ីមរ៉ន យ៉ូកសន ម៉េដន ម៉ាឌីយ៉ាន យីសបាក និងសួអា។ ៣ យ៉ូកសនបង្កើតសេបា និងដេដន។ កូនចៅរបស់ដេដន គឺជនជាតិអស៊ូមីម ឡេទូស៊ីម និងឡេអ៊ូមីម។ ៤ កូនចៅរបស់ម៉ាឌីយ៉ានមាន អេផា អេភែរ ហេណុក អប៊ីដា និងអែលដា។ គឺអ្នកទាំងនោះហើយដែលជាកូនចៅរបស់នាងកេទូរ៉ា។
៥ លោកអប្រាហាំបានប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោកមាន ឲ្យលោកអ៊ីសាក។ ៦ រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកបានចែកអំណោយដល់គេ ក្នុងកាលដែលលោកនៅមានជីវិតរស់នៅឡើយ រួចលោកឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។
៧ លោកអប្រាហាំរស់បានទាំងអស់ មួយរយចិតសិបប្រាំឆ្នាំ។ ៨ បន្ទាប់មក លោកអប្រាហាំទទួលមរណភាពទៅ គឺក្រោយពីលោករស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកក៏បានទៅជួបជុំនឹងបុព្វបុរសរបស់លោក ដែលចែកស្ថានទៅហើយ។
៩ លោកអ៊ីសាក និងលោកអ៊ីស្មាអែល ជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរ៉េ ១០ គឺចម្ការដែលលោកអប្រាហាំបានទិញពីជនជាតិហេតមក។ គេបានបញ្ចុះសពលោកអប្រាហាំ និងលោកស្រីសារ៉ានៅទីនោះ។
១១ ក្រោយលោកអប្រាហាំទទួលមរណភាពផុតទៅ ព្រះជាម្ចាស់ក៏បានប្រទានពរឲ្យអ៊ីសាក កូនប្រុសរបស់លោក ដែលរស់នៅក្បែរអណ្ដូងទឹកឡាហាយរ៉ូអ៊ី។
១២ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ ជាកូនដែលនាងហាការ អ្នកបម្រើរបស់លោកស្រីសារ៉ា បង្កើតជូនលោកអប្រាហាំ។ ១៣ កូនចៅរបស់លោកអ៊ីស្មាអែលមានឈ្មោះតាមជំនួរវង្សត្រកូល ដូចតទៅ : នេបាយ៉ូត ជាកូនច្បង កេដារ អាដបេអែល មីបសាំ ១៤ មីសម៉ា ឌូម៉ា ម៉ាស្សា ១៥ ហាដាដ តេម៉ា យេទួរ ណាភីស និងកេដម៉ា។ ១៦ គឺអ្នកទាំងនោះហើយ ដែលជាកូនប្រុសទាំងដប់ពីររបស់លោកអ៊ីស្មាអែល។ អ្នកទាំងនោះជាមេកន្ទ្រាញលើអំបូររៀងៗខ្លួន ហើយជំរំរបស់ជនជាតិអ៊ីស្មាអែល និងភូមិស្រុករបស់គេសុទ្ធតែមានឈ្មោះទាំងនោះ។ ១៧ លោកអ៊ីស្មាអែលរស់បានទាំងអស់មួយរយសាមសិបប្រាំពីរឆ្នាំ។ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងបុព្វបុរស ដែលបានចែកស្ថានផុតទៅហើយនោះវិញ។ ១៨ ជនជាតិអ៊ីស្មាអែលរស់នៅ ចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកសួរ ដែលនៅជាប់នឹងស្រុកអេស៊ីប និងវាតរហូតទៅដល់ស្រុកអាសួរ។ ជនជាតិអ៊ីស្មាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
ប្រវត្តិរបស់លោកយ៉ាកុប
អេសាវ និងយ៉ាកុប
១៩ នេះជាដំណើររឿងរបស់លោកអ៊ីសាកជាកូនលោកអប្រាហាំ។ លោកអប្រាហាំបានបង្កើតលោកអ៊ីសាក។ ២០ ពេលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានរៀបការនឹងនាងរេបេកា ដែលត្រូវជាកូនរបស់លោកបេទូអែល ជាជនជាតិអារ៉ាម នៅស្រុកប៉ាដនអារ៉ាម និងត្រូវជាប្អូនស្រីរបស់លោកឡាបាន់ ជនជាតិអារ៉ាម។ ២១ លោកអ៊ីសាកបានទូលអង្វរ សូមព្រះអម្ចាស់ប្រោសប្រណីភរិយារបស់លោក ដ្បិតនាងជាស្ត្រីអារ។ ព្រះអម្ចាស់ព្រះអង្គព្រះសណ្តាប់ពាក្យអង្វររបស់លោក ហើយលោកស្រីរេបេកាក៏មានផ្ទៃពោះ។ ២២ ដោយទារកកម្រើកប៉ះគ្នានៅក្នុងផ្ទៃ គាត់ក៏ពោលថា៖ «ម្តេចក៏ខ្ញុំកើតអ៊ីចឹង?»។ គាត់ទៅសួរព្រះអម្ចាស់។ ២៣ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖
«នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ
សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង
សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត
កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
២៤ ពេលគាត់គ្រប់ខែហើយ កូនភ្លោះក៏កើតចេញពីគាត់មែន។ ២៥ កូនទីមួយ កើតចេញមកមានពណ៌ក្រហម ស្បែកដូចរោមសត្វ។ គេដាក់ឈ្មោះថា “អេសាវ”។ ២៦ បន្ទាប់មកទៀត កូនប្អូនក៏កើតមកទាំងតោងកែងជើងរបស់អេសាវជាប់។ គេដាក់ឈ្មោះថា “យ៉ាកុប”។ នៅពេលកូនទាំងពីរកើតមកនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
២៧ កូនប្រុសទាំងពីរ មានវ័យចម្រើនធំឡើង។ អេសាវក៏បានទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ គាត់ចូលចិត្តនៅតាមទីវាល។ រីឯយ៉ាកុបវិញ គាត់ចូលចិត្តស្ងៀមស្ងាត់ ហើយនៅតែក្នុងជំរំ។ ២៨ លោកអ៊ីសាកស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯលោកស្រីរេបេកាវិញ គាត់ស្រឡាញ់យ៉ាកុប។
២៩ ថ្ងៃមួយ លោកយ៉ាកុបកំពុងស្លសម្ល ហើយលោកអេសាវវិលត្រឡប់មកពីវាលវិញ ទាំងហេវហត់ជាខ្លាំង។ ៣០ លោកអេសាវពោលទៅកាន់លោកយ៉ាកុបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថា មនុស្សពណ៌ក្រហម)។ ៣១ លោកយ៉ាកុបតបវិញថា៖ «សូមលក់សិទ្ធិជាកូនច្បងមកឲ្យខ្ញុំនៅថ្ងៃនេះសិនមក»។ ៣២ លោកអេសាវតបថា៖ «បងដាច់ពោះស្លាប់ឥឡូវហើយ តើសិទ្ធិជាកូនច្បងនោះមានប្រយោជន៍អ្វីដល់បង?»។
៣៣ លោកយ៉ាកុបពោលថា៖ «ដូច្នេះ ចូរស្បថឲ្យខ្ញុំសិន»។ លោកអេសាវក៏ស្បថលក់សិទ្ធិជាកូនច្បងឲ្យលោកយ៉ាកុប។ ៣៤ លោកយ៉ាកុបយកនំបុ័ង ព្រមទាំងសម្លសណ្តែកក្រហម មកជូនគាត់ពិសា។ លោកអេសាវពិសាបាយទឹក រួចចាកចេញទៅ។ គាត់បានមាក់ងាយសិទ្ធិរបស់ខ្លួនជាកូនច្បង។
២៦
លោកអ៊ីសាក និងព្រះបាទអប៊ីមេឡេក
១ នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្សដែលកើតមាននៅជំនាន់លោកអប្រាហាំ។ លោកអ៊ីសាកក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងព្រះបាទអប៊ីមេឡេក ជាស្តេចនៃជនជាតិភីលីស្ទីន។ ២ ព្រះអម្ចាស់បានយាងមកជួបគាត់ ហើយមានព្រះបន្ទូលថា៖ «កុំចុះទៅស្រុកអេស៊ីបឡើយ តែត្រូវទៅរស់នៅក្នុងស្រុក ដែលយើងនឹងបង្ហាញប្រាប់អ្នកវិញ។ ៣ ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអប្រាហាំ ជាឪពុករបស់អ្នក។ ៤ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក ៥ ដ្បិតអប្រាហាំបានស្តាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមវិន័យរបស់យើង»។ ៦ លោកអ៊ីសាកក៏រស់នៅក្នុងក្រុងកេរ៉ានោះ។ ៧ ពេលណាអ្នកស្រុកនៅទីនោះសួរលោកអំពីភរិយារបស់លោក លោកតែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ លោកមិនហ៊ានប្រាប់គេថា នាងជាភរិយារបស់លោកឡើយ ព្រោះលោកខ្លាចអ្នកស្រុកនោះសម្លាប់លោក ដ្បិតលោកស្រីរេបេកាមានរូបឆោមស្អាតល្អណាស់។ ៨ លោកស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ ព្រះបាទអប៊ីមេឡេក ជាស្តេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួច ឃើញលោកអ៊ីសាកកំពុងតែប្រឡែងលេងជាមួយលោកស្រីរេបេកា ជាភរិយារបស់លោក។ ៩ ព្រះបាទអប៊ីមេឡេកបានប្រើគេឲ្យទៅហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «នាងជាភរិយារបស់លោកទេតើ! ហេតុដូចម្តេចបានជាលោកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ លោកអ៊ីសាកទូលស្តេចថា៖ «ទូលបង្គំនិយាយដូច្នេះ មកពីទូលបង្គំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ទូលបង្គំ»។ ១០ ព្រះបាទអប៊ីមេឡេកមានរាជឱង្ការទៅលោកថា៖ «ម្តេចក៏លោកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់លោក នោះ លោកមុខជាបណ្តាលឲ្យយើងទាំងអស់គ្នា មានទោសមិនខាន»។ ១១ ព្រះបាទអប៊ីមេឡេកចេញបញ្ជាទៅប្រជារាស្ត្រទាំងមូល ដូចតទៅនេះ៖ «ប្រសិនបើនរណាម្នាក់ប៉ះពាល់បុរសនេះ និងភរិយារបស់គាត់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់»។
លោកអ៊ីសាកចងសម្ពន្ធមេត្រីជាមួយស្តេចអប៊ីមេឡេក
១២ លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។ ១៣ លោកក៏ទៅជាអ្នកមាន ហើយរកបានសម្បត្តិកាន់តែច្រើនឡើងៗ រហូតបានទៅជាមហាសេដ្ឋី។ ១៤ លោកមានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងលោក ១៥ ហើយយកដីមកលុបបំពេញអណ្ដូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអប្រាហាំនៅរស់នៅឡើយ។ ១៦ ព្រះបាទអប៊ីមេឡេកមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមលោកចាកចេញពីស្រុកយើងទៅ ដ្បិតលោកមានសម្បត្តិស្តុកស្តម្ភជាងយើងណាស់»។
១៧ លោកអ៊ីសាកក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ ១៨ លោកអ៊ីសាកឲ្យគេស្តារអណ្ដូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់លោកអប្រាហាំ ជាឪពុកលោក ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលលោកអប្រាហាំទទួលមរណភាព។ លោកដាក់ឈ្មោះអណ្ដូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកលោកបានដាក់ឲ្យកាលពីមុន។ ១៩ ពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្ដូងមួយទៀត នៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។ ២០ ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ារករឿងនឹងពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកក៏ដាក់ឈ្មោះអណ្ដូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងលោក។ ២១ ពួកអ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាជីកអណ្ដូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្តងទៀត ដូច្នេះ លោកដាក់ឈ្មោះអណ្ដូងនោះថា “ស៊ីតណា”។ ២២ លោករើជំរំពីទីនោះ ហើយជីកអណ្ដូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ លោកដាក់ឈ្មោះអណ្ដូងនោះថា “រេហូបុត” ដ្បិតលោកពោលថា «ឥឡូវនេះ ព្រះអម្ចាស់បើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចម្រុងចម្រើនក្នុងស្រុកនេះ»។
២៣ លោកចាកចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងបៀរសេបា។ ២៤ នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។ ២៥ លោកអ៊ីសាកបានសង់អាសនៈមួយនៅទីនោះ ហើយគោរពបម្រើព្រះអង្គ ដោយហៅព្រះនាមព្រះអង្គថា ព្រះអម្ចាស់។ លោកបានបោះជំរំនៅទីនោះ ហើយអ្នកបម្រើរបស់លោកក៏នាំគ្នាជីកអណ្ដូងទឹកនៅទីនោះដែរ។
២៦ ព្រះបាទអប៊ីមេឡេកបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក ដោយមានលោកអហ៊ូសាតជាទីប្រឹក្សារបស់ស្តេច និងលោកពីកុល ជាមេទ័ពរបស់ស្តេចមកជាមួយផង។ ២៧ លោកអ៊ីសាកមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោក យាង និងអញ្ជើញមកជួបទូលបង្គំដូច្នេះ ដ្បិតព្រះរាជា និងអស់លោក ស្អប់ទូលបង្គំ ព្រមទាំងបណ្តេញទូលបង្គំ ចេញពីស្រុករបស់ព្រះរាជា និងអស់លោកថែមទៀតផង!»។ ២៨ ព្រះបាទអប៊ីមេឡេក និងអស់អ្នកដែលមកជាមួយស្តេចតបទៅលោកវិញថា៖ «យើងសង្កេតឃើញថា ព្រះអម្ចាស់ពិតជាគង់ជាមួយលោកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។ ២៩ រីឯល័ក្ខខ័ណ្ឌនៃសម្ពន្ធមេត្រីនោះ គឺសូមលោកស្បថនឹងយើងថា លោកមិនប្រព្រឹត្តអំពើអ្វីទាស់នឹងយើង ហើយយើងក៏ស្បថមិនធ្វើបាបលោកដែរ។ យើងតែងតែប្រព្រឹត្តល្អចំពោះលោក និងឲ្យលោកចាកចេញមកដោយសុខសាន្ត ហើយឥឡូវនេះ លោកក៏បានទទួលព្រះពរពីព្រះអម្ចាស់ថែមទៀតផង»។
៣០ លោកអ៊ីសាកធ្វើពិធីជប់លៀងថ្វាយស្តេច និងជូនលោកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។ ៣១ បន្ទាប់មក ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថសន្យានឹងគ្នាទៅវិញទៅមក។ លោកអ៊ីសាកជូនដំណើរស្តេច និងអស់លោកដែលមកជាមួយ ហើយពួកគេនាំគ្នាចាកចេញទៅដោយសុខសាន្ត។
៣២ នៅថ្ងៃដដែលនោះ អ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាមកជម្រាបលោក អំពីអណ្ដូងដែលគេកំពុងជីកថា៖ «យើងខ្ញុំរកឃើញទឹកហើយ!»។ ៣៣ លោកអ៊ីសាកដាក់ឈ្មោះអណ្ដូងនោះថា “ស៊ីបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។
៣៤ ពេលលោកអេសាវអាយុសែសិបឆ្នាំ លោករៀបការជាមួយនាងយេហ៊ូឌីត ជាកូនរបស់លោកបេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងនាងបាសម៉ាត់ ជាកូនរបស់លោកអេឡូន ជនជាតិហេត។ ៣៥ នាងទាំងពីរបានធ្វើឲ្យលោកអ៊ីសាក និងលោកស្រីរេបេកាពិបាកចិត្តជាខ្លាំង។
២៧
លោកយ៉ាកុបលួចយកពររបស់លោកអេសាវ
១ លោកអ៊ីសាកមានវ័យចាស់ជរា ហើយភ្នែករបស់លោកចុះអន់ថយ រហូតមើលលែងឃើញទៀត។ ពេលនោះ លោកហៅលោកអេសាវ ជាកូនច្បង មកថា៖ «កូនអើយ!»។ លោកអេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។ ២ លោកមានប្រសាសន៍ទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។ ៣ ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកឲ្យឪពុក។ ៤ បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។
៥ ពេលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវ លោកស្រីរេបេកាក៏បានលួចស្តាប់ដែរ។ លោកអេសាវចេញដំណើរទៅព្រៃ ដើម្បីបរបាញ់សត្វនាំយកមកផ្ទះវិញ។ ៦ ពេលនោះ លោកស្រីរេបេកាពោលទៅកាន់លោកយ៉ាកុប ជាកូនថា៖ «ម្តាយបានឮឪពុកកូននិយាយទៅកាន់អេសាវ ជាបងរបស់កូនថា ៧ “ចូរទៅបាញ់សត្វនៅព្រៃយកមក ហើយធ្វើម្ហូបយ៉ាងឆ្ងាញ់ឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូននៅមុខព្រះអម្ចាស់ មុនពេលឪពុកស្លាប់”។ ៨ ឥឡូវនេះ កូនអើយ ចូរស្តាប់ពាក្យដែលម្តាយប្រាប់ឲ្យធ្វើ។ ៩ ចូរទៅយកកូនពពែធាត់ល្អៗពីរមក ម្តាយនឹងធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកកូនចូលចិត្ត។ ១០ បន្ទាប់មក កូននឹងយកម្ហូបនោះជូនឪពុកពិសា គាត់នឹងឲ្យពរកូនមុនពេលគាត់ស្លាប់»។ ១១ លោកយ៉ាកុបតបទៅលោកស្រីរេបេកា ជាម្តាយវិញថា៖ «បងអេសាវមានរោមពេញខ្លួន តែកូនអត់មានទេ។ ១២ ប្រសិនបើលោកឪពុកស្ទាបកូន ហើយឃើញថាកូនបញ្ឆោតលោក នោះកូនមុខជាទទួលបណ្ដាសាមិនខាន គឺមិនមែនទទួលពរទេ»។ ១៣ ម្តាយតបមកវិញថា៖ «កូនអើយ ទុកឲ្យបណ្ដាសានោះធ្លាក់មកលើម្តាយចុះ! រីឯកូនគ្រាន់តែស្តាប់ពាក្យម្តាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។ ១៤ លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។ ១៥ បន្ទាប់មក លោកស្រីរេបេកាយកសម្លៀកបំពាក់របស់លោកអេសាវជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ ១៦ គាត់ក៏យករោមពពែមករុំដៃ និងរុំករបស់លោកយ៉ាកុប ត្រង់កន្លែងដែលគ្មានរោម។ ១៧ បន្ទាប់មកទៀត គាត់យកម្ហូបដ៏ឆ្ងាញ់ និងនំបុ័ងដែលគាត់បានធ្វើ មកឲ្យលោកយ៉ាកុបជាកូនកាន់។ ១៨ លោកយ៉ាកុបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ លោកអ៊ីសាកឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។ ១៩ លោកយ៉ាកុបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។ ២០ លោកអ៊ីសាកតបវិញថា៖ «កូនបាញ់សត្វបានរហ័សណាស់!»។ លោកយ៉ាកុបឆ្លើយថា៖ «មកពីព្រះអម្ចាស់ ជាព្រះរបស់លោកឪពុក បានជួយកូន»។ ២១ លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបទៀតថា៖ «ចូរកូនខិតមកជិតឪពុកបន្តិច ឪពុកនឹងស្ទាបមើល ដើម្បីឲ្យដឹងថា កូនពិតជាអេសាវមែន ឬមិនមែន»។ ២២ លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាក ជាឪពុក ហើយលោកក៏ស្ទាបមើលគាត់ ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ ២៣ លោកពុំបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោមដូចដៃរបស់លោកអេសាវដែរ។ ប៉ុន្តែ មុននឹងឲ្យពរ ២៤ លោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន!»។ ២៥ លោកអ៊ីសាកក៏មានប្រសាសន៍ថា៖ «លើកម្ហូបឲ្យឪពុកមក ឪពុកនឹងបរិភោគសាច់ដែលកូនបាញ់បាន រួចសឹមឪពុកឲ្យពរកូន»។ លោកយ៉ាកុបរៀបចំជូនឪពុកពិសា គាត់បានចាក់ស្រាទំពាំងបាយជូរជូនលោកពិសាដែរ។ ២៦ បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។ ២៧ លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឲ្យពរលោកយ៉ាកុប ដូចតទៅនេះ៖
«ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ
មួយដែលទទួលពរពីព្រះអម្ចាស់។
២៨ សូមព្រះជាម្ចាស់ប្រទានទឹកសន្សើម
ពីលើមេឃមកឲ្យកូន
ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។
ព្រះអង្គប្រទានឲ្យកូនមានស្រូវ
និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
២៩ សូមឲ្យជាតិសាសន៍នានាបានទៅជា
ខ្ញុំបម្រើរបស់កូន
ហើយឲ្យប្រជាជាតិជាច្រើន
ក្រាបថ្វាយបង្គំកូន!។
សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន!
សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន
ក្រាបថ្វាយបង្គំកូន!
អ្នកណាដាក់បណ្ដាសាកូន
អ្នកនោះមុខជាទទួលបណ្ដាសាមិនខាន!
រីឯអ្នកណាឲ្យពរកូន
អ្នកនោះក៏នឹងទទួលពរដែរ»។
៣០ ពេលលោកអ៊ីសាកឲ្យពរលោកយ៉ាកុបចប់សព្វគ្រប់ហើយ លោកយ៉ាកុបក៏ចាកចេញពីឪពុកទៅ។ លោកអេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។ ៣១ គាត់រៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ រួចសឹមឲ្យពរកូន»។ ៣២ លោកអ៊ីសាកជាឪពុកសួរថា៖ «នរណាហ្នឹង?» លោកអេសាវតបថា៖ «ខ្ញុំ អេសាវ ជាកូនច្បងរបស់លោកឪពុក»។ ៣៣ លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។
៣៤ ពេលលោកអេសាវឮពាក្យរបស់ឪពុកដូច្នេះ ក៏ស្រែកឡើងយ៉ាងខ្លាំង ព្រោះក្ដៅក្រហាយពេក គាត់អង្វរឪពុកថា៖ «លោកឪពុក សូមឲ្យពរមកកូនផងដែរ!»។ ៣៥ លោកអ៊ីសាកឆ្លើយវិញថា៖ «ប្អូនរបស់កូនបានប្រើកលល្បិច ដណ្ដើមយកពររបស់កូនបាត់ទៅហើយ!»។ ៣៦ លោកអេសាវពោលថា៖ «គេដាក់ឈ្មោះវាថា “យ៉ាកុប” ដូច្នេះ ត្រូវហើយ ព្រោះវាបានបោកបញ្ឆោតខ្ញុំដល់ទៅពីរដង គឺវាដណ្ដើមយកសិទ្ធិជាកូនច្បងពីខ្ញុំ រួចស្រេចទៅហើយ ឥឡូវនេះ វាបោកយកពរពីខ្ញុំទៀត! តើលោកឪពុកនៅមានសល់ពរណាទៀតសម្រាប់កូនឬទេ?»។ ៣៧ លោកអ៊ីសាកមានប្រសាសន៍ទៅកាន់លោកអេសាវវិញថា៖ «ឪពុកបានឲ្យវាធ្វើជាម្ចាស់លើកូនឯង និងឲ្យបងប្អូនរបស់វាទាំងអស់ទៅជាអ្នកបម្រើរបស់វាហើយ។ ឪពុកក៏បានឲ្យស្រូវ និងស្រាទំពាំងបាយជូរថ្មីទៅវាដែរ ដូច្នេះ ឪពុកមិនអាចធ្វើអ្វីទៀតសម្រាប់កូនទេ»។ ៣៨ លោកអេសាវអង្វរឪពុកទៀតថា៖ «តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? លោកឪពុកអើយ សូមឲ្យពរកូនផងដែរ!»។ ពេលនោះ លោកអេសាវទ្រហោយំ។
៣៩ លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖
«កូននឹងរស់នៅលើដីដែលគ្មានជីជាតិ
ហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។
៤០ កូននឹងចិញ្ចឹមជីវិតដោយមុខដាវ
កូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូន
ក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពី
នឹមរបស់ប្អូនកូន»។
លោកយ៉ាកុបទៅនៅជាមួយលោកឡាបាន់
៤១ លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។ ៤២ មានគេជម្រាបលោកស្រីរេបេកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។ ៤៣ ឥឡូវនេះ កូនអើយ ចូរស្តាប់ម្តាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកហារ៉នទៅ។ ៤៤ កូនត្រូវទៅនៅជាមួយគាត់មួយរយៈសិន ទម្រាំបងរបស់កូនត្រជាក់ចិត្តវិញ។ ៤៥ ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្តាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្តាយមិនចង់ឲ្យកូនទាំងពីរនាក់បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។
៤៦ លោកស្រីរេបេកាជម្រាបលោកអ៊ីសាកថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកុបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
២៨
១ លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណានធ្វើជាភរិយាទេ។ ២ ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្តាយរបស់កូន នៅប៉ាដន-អារ៉ាម ហើយរកប្រពន្ធពីចំណោមកូនស្រីរបស់លោកឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ ៣ សូមព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ!។ ៤ សូមព្រះអង្គប្រទានពរកូន និងពូជពង្សកូន ដូចព្រះអង្គបានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។ ៥ បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដន-អារ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេទូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបេកា ម្តាយរបស់លោកយ៉ាកុប និងលោកអេសាវ។
៦ លោកអេសាវឃើញលោកអ៊ីសាកឲ្យពរលោកយ៉ាកុប និងចាត់គាត់ឲ្យទៅរកប្រពន្ធនៅស្រុកប៉ាដន-អារ៉ាម ទាំងផ្តែផ្តាំនៅពេលឲ្យពរនោះថា កុំយកស្ត្រីសាសន៍កាណានមកធ្វើជាភរិយា ៧ គាត់ឃើញលោកយ៉ាកុបធ្វើតាមបង្គាប់ឪពុកម្តាយ ចេញដំណើរទៅស្រុកប៉ាដន-អារ៉ាម ៨ លោកអេសាវយល់ឃើញថា លោកអ៊ីសាក ជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។ ៩ លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងណេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។
សុបិននិមិត្តរបស់លោកយ៉ាកុប
១០ លោកយ៉ាកុបចាកចេញពីក្រុងបៀរសេបាឆ្ពោះទៅកាន់ស្រុកហារ៉ន។ ១១ ពេលថ្ងៃជិតលិច លោកបានទៅដល់កន្លែងមួយ ហើយស្នាក់នៅទីនោះ។ លោកបានយកថ្មមួយដុំមកកើយ រួចសម្រាន្តលក់នៅទីនោះទៅ។ ១២ លោកសុបិនឃើញមានជណ្ដើរមួយបញ្ឈរលើផែនដី ចុងវាខ្ពស់រហូតដល់មេឃ ហើយមានទេវទូត*របស់ព្រះជាម្ចាស់ នាំគ្នាចុះឡើងតាមជណ្ដើរនោះ។ ១៣ ពេលនោះ ព្រះអម្ចាស់គង់នៅក្បែរលោក មានព្រះបន្ទូលថា៖ «យើងជាព្រះអម្ចាស់ ជាព្រះរបស់អប្រាហាំ ជីតាអ្នក ហើយក៏ជាព្រះរបស់អ៊ីសាកដែរ។ យើងនឹងប្រគល់ទឹកដីដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ ១៤ ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរ ដោយសារអ្នក និងពូជពង្សរបស់អ្នក។ ១៥ ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់តាមពាក្យដែលយើងសន្យានេះ»។
១៦ លោកយ៉ាកុបភ្ញាក់ឡើង ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាគង់នៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។ ១៧ លោកភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «កន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់! គឺពិតជាព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយពិតជាទ្វារនៃស្ថានបរមសុខ!»។ ១៨ លោកយ៉ាកុបក្រោកឡើងពីព្រលឹម យកដុំថ្មដែលលោកកើយនោះ មកដាក់បញ្ឈរជាស្តូប រួចចាក់ប្រេងពីលើ។ ១៩ លោកដាក់ឈ្មោះកន្លែងនោះថា«បេតអែល»។ ប៉ុន្តែ កាលពីដើម គេហៅកន្លែងនោះថា «លូស»។ ២០ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ ២១ ហើយប្រសិនបើខ្ញុំវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញ ដោយសុខសាន្ត នោះខ្ញុំនឹងគោរពបម្រើព្រះអម្ចាស់ទុកជាព្រះរបស់ខ្ញុំមែន។ ២២ ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់! អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងយកមួយភាគដប់ថ្វាយព្រះអង្គវិញ»។
២៩
លោកយ៉ាកុបជួបនឹងនាងរ៉ាខែល
១ លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ ២ លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។ ៣ កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្តុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្ដូង ឲ្យហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្ដូងវិញ។ ៤ លោកយ៉ាកុបសួរពួកគង្វាលថា៖ «បងប្អូនអើយ តើបងប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកហារ៉ន»។ ៥ លោកសួរគេទៀតថា៖ «តើបងប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាហ៊រឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ ៦ លោកយ៉ាកុបមានប្រសាសន៍ទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាខែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។ ៧ លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។ ៨ គេតបមកវិញថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ គឺត្រូវចាំទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នាសិន សឹមបើកគម្របអណ្ដូងឲ្យវាផឹកទឹក»។
៩ លោកយ៉ាកុបកំពុងនិយាយជាមួយពួកគង្វាលទាំងនោះនៅឡើយ ស្រាប់តែនាងរ៉ាខែលនាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។ ១០ ពេលលោកយ៉ាកុបឃើញនាងរ៉ាខែល ជាកូនរបស់លោកឡាបាន់ ដែលជាបងប្រុសរបស់ម្តាយលោក និងហ្វូងចៀមរបស់លោកឡាបាន់មកដល់ លោកក៏ចូលទៅជិតប្រមៀលថ្មចេញពីមាត់អណ្ដូង រួចដងទឹកឲ្យសត្វរបស់លោកឡាបាន់ផឹក។ ១១ បន្ទាប់មក លោកថើបនាងរ៉ាខែល ហើយទ្រហោយំ។ ១២ លោកយ៉ាកុបប្រាប់នាងរ៉ាខែលថា លោកត្រូវជាសាច់ញាតិនឹងឪពុកនាង គឺលោកជាកូនរបស់លោកស្រីរេបេកា នាងរ៉ាខែលក៏រត់នាំដំណឹងនេះទៅប្រាប់ឪពុក។ ១៣ កាលលោកឡាបាន់ឮដំណឹងថា លោកយ៉ាកុបជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំលោកយ៉ាកុបចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបរៀបរាប់ប្រាប់លោកឡាបាន់ តាមដំណើររឿងទាំងអស់។ ១៤ លោកឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ លោកយ៉ាកុបស្នាក់នៅជាមួយលោកឡាបាន់អស់រយៈពេលមួយខែ។
លោកយ៉ាកុបរៀបការជាមួយនាងលេអា និងនាងរ៉ាខែល
១៥ ថ្ងៃមួយ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ក្មួយជាសាច់ញាតិរបស់អ៊ំមែន តែក្មួយមិនត្រូវធ្វើការឲ្យអ៊ំ ដោយមិនយកកម្រៃនោះឡើយ។ សូមក្មួយប្រាប់អ៊ំមក ក្មួយចង់បានថ្លៃឈ្នួលប៉ុន្មាន?»។ ១៦ លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាខែល។ ១៧ នាងលេអាមានភ្នែកស្រស់ល្អ រីឯនាងរ៉ាខែលវិញ នាងមានរូបឆោមស្អាតល្អណាស់។ ១៨ ដោយលោកយ៉ាកុបស្រឡាញ់នាងរ៉ាខែល លោកឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាខែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។ ១៩ លោកឡាបាន់តបថា៖ «អ៊ំពេញចិត្តនឹងលើកកូនឲ្យក្មួយ ជាជាងលើកឲ្យប្រុសដទៃទៀត។ ដូច្នេះ ចូរក្មួយនៅជាមួយនឹងអ៊ំទៅ!»។ ២០ លោកយ៉ាកុបនៅបម្រើលោកឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបាននាងរ៉ាខែល ប៉ុន្តែ ដោយលោកស្រឡាញ់នាងរ៉ាខែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ២១ បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមលោកអ៊ំឲ្យក្មួយរៀបការជាមួយនឹងរ៉ាខែលទៅ ព្រោះក្មួយនៅបម្រើលោកអ៊ំចប់សព្វគ្រប់ តាមដែលយើងបានកំណត់នោះហើយ»។ ២២ លោកឡាបាន់ក៏អញ្ជើញអ្នកស្រុកទាំងអស់មក ហើយរៀបចំជប់លៀង។ ២៣ នៅពេលល្ងាច គាត់នាំនាងលេអាទៅផ្សំដំណេកជាមួយលោកយ៉ាកុប។ ២៤ លោកឡាបាន់ប្រគល់នាងស៊ីលប៉ា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។ ២៥ លុះព្រលឹមឡើង លោកយ៉ាកុបឃើញថាជានាងលេអា លោកពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចក៏លោកឪពុកធ្វើដូច្នេះ? ខ្ញុំនៅបម្រើលោកឪពុក ដើម្បីនាងរ៉ាខែលទេតើ ហេតុអ្វីបានជាលោកឪពុកបោកប្រាស់ខ្ញុំបែបនេះ?»។ ២៦ លោកឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះមិនដែលមាននរណាលើកកូនពៅឲ្យគេ មុនកូនច្បងឡើយ ២៧ ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។
២៨ លោកយ៉ាកុបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយនាងលេអាអស់មួយអាទិត្យ។ បន្ទាប់មក លោកឡាបាន់បានឲ្យនាងរ៉ាខែលទៅលោកយ៉ាកុបទៀត។ ២៩ លោកឡាបាន់ប្រគល់នាងប៊ីលហា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងរ៉ាខែល។ ៣០ លោកយ៉ាកុបក៏បានរួមដំណេកជាមួយនាងរ៉ាខែលដែរ។ លោកស្រឡាញ់នាងរ៉ាខែលខ្លាំងជាងនាងលេអា។ បន្ទាប់មក លោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។
កូនចៅរបស់លោកយ៉ាកុប
៣១ កាលព្រះអម្ចាស់ទតឃើញថា លោកយ៉ាកុបមិនសូវស្រឡាញ់លោកស្រីលេអាដូច្នេះ ព្រះអង្គក៏ប្រោសឲ្យគាត់មានកូន រីឯលោកស្រីរ៉ាខែលវិញ នៅជាស្ត្រីអារ។ ៣២ លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្តីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ ៣៣ គាត់មានផ្ទៃពោះម្តងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ព្រះអម្ចាស់ជ្រាបថា ប្តីខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានជាព្រះអង្គប្រទានកូនប្រុសមួយទៀតនេះមកឲ្យខ្ញុំ»។ គាត់ដាក់ឈ្មោះកូនថា “ស៊ីម៉ូន”។ ៣៤ បន្ទាប់មក គាត់មានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយទៀត។ គាត់ពោលថា៖ «លើកនេះ ប្តីខ្ញុំពិតជាជំពាក់ចិត្តនឹងខ្ញុំមិនខាន ព្រោះខ្ញុំបង្កើតកូនប្រុសជូនគាត់ ដល់ទៅបីហើយ»។ ហេតុនេះ បានជាគេហៅឈ្មោះកូននោះថា “លេវី”។ ៣៥ គាត់មានផ្ទៃពោះម្តងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះ ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។
៣០
១ ពេលលោកស្រីរ៉ាខែលឃើញថា គាត់មិនបានបង្កើតកូនជូនលោកយ៉ាកុបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ លោកស្រីរ៉ាខែលពោលទៅកាន់លោកយ៉ាកុបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។ ២ លោកយ៉ាកុបខឹងនឹងលោកស្រីរ៉ាខែលជាខ្លាំង ហើយតបថា៖ «បងជាព្រះជាម្ចាស់ឬ? គឺព្រះអង្គទេតើដែលបង្ខាំងអូនឯងមិនឲ្យមានកូន!»។ ៣ លោកស្រីរ៉ាខែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់»។ ៤ លោកស្រីរ៉ាខែលក៏យកនាងប៊ីលហាមកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ លោករួមដំណេកជាមួយនាង ៥ នាងប៊ីលហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកយ៉ាកុប។ ៦ លោកស្រីរ៉ាខែលពោលថា៖ «ព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យខ្ញុំ ព្រះអង្គព្រះសណ្តាប់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។ ៧ នាងប៊ីលហា ជាស្រីបម្រើរបស់លោកស្រីរ៉ាខែល មានផ្ទៃពោះសាជាថ្មី នាងសម្រាលបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។ ៨ លោកស្រីរ៉ាខែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជម្នះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។ ៩ កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលប៉ា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។ ១០ នាងស៊ីលប៉ា ជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។ ១១ លោកស្រីលេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។ ១២ នាងស៊ីលប៉ា ជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។ ១៣ លោកស្រីលេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា“អស៊ែរ”។
១៤ ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្តាយ។ ពេលនោះ លោកស្រីរ៉ាខែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។ ១៥ លោកស្រីលេអាតបថា៖ «ឯងយកប្តីរបស់អញប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬ បានជាចង់យកផ្លែស្នេហ៍កូនអញទៀត?»។ លោកស្រីរ៉ាខែលតបវិញថា៖ «ដូច្នេះយប់នេះ ឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ ១៦ នៅពេលល្ងាច លោកយ៉ាកុបវិលត្រឡប់មកពីចម្ការវិញ លោកស្រីលេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះ បងត្រូវសម្រាន្ត្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំមកដូរជាថ្នូរហើយ»។ ដូច្នេះ លោកយ៉ាកុបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។ ១៧ ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយទៀត ជាកូនទីប្រាំ ជូនលោកយ៉ាកុប។ ១៨ គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្តីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាកា”។ ១៩ លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប ២០ លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្តីរបស់ខ្ញុំមុខជាផ្តល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប៊ូឡូន”។ ២១ បន្ទាប់មក គាត់សម្រាលបានកូនស្រីមួយ ដែលគាត់ដាក់ឈ្មោះថា «ឌីណា»។
២២ ព្រះជាម្ចាស់មិនភ្លេចលោកស្រីរ៉ាខែលទេ ព្រះអង្គព្រះសណ្តាប់ពាក្យរបស់គាត់ ដោយប្រោសឲ្យគាត់មានកូន។ ២៣ គាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «ព្រះជាម្ចាស់បានដកសេចក្តីអាម៉ាស់ចេញពីខ្ញុំហើយ»។ ២៤ គាត់ដាក់ឈ្មោះកូននោះថា “យ៉ូសែប” ទាំងពោលថា៖ «សូមព្រះជាម្ចាស់បន្ថែមឲ្យខ្ញុំមានកូនប្រុសមួយទៀត!»។
លោកយ៉ាកុប និងលោកឡាបាន់
២៥ ក្រោយពេលលោកស្រីរ៉ាខែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។ ២៦ សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ជ្រាបថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។ ២៧ លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក។ ២៨ ចូរប្រាប់ពុកមក កូនចង់បានថ្លៃឈ្នួលប៉ុន្មាន ពុកនឹងប្រគល់ឲ្យ»។ ២៩ លោកយ៉ាកុបជម្រាបគាត់ថា៖ «លោកឪពុកជ្រាបស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុកក៏បានកើនចំនួនយ៉ាងណាដែរ ៣០ គឺមុនពេលខ្ញុំមកដល់ លោកឪពុកមានហ្វូងសត្វតែបន្តិចបន្តួចទេ តែឥឡូវនេះ វាកើនចំនួនច្រើន ព្រោះតាំងពីខ្ញុំមកនៅជាមួយលោកឪពុក ព្រះអម្ចាស់ប្រទានពរលោកឪពុក។ ឥឡូវនេះ ដល់ពេលខ្ញុំធ្វើការសម្រាប់ក្រុមគ្រួសារខ្ញុំផ្ទាល់ម្តង»។ ៣១ លោកឡាបាន់មានប្រសាសន៍ថា៖ «តើពុកត្រូវឲ្យអ្វីខ្លះដល់កូន?» លោកយ៉ាកុបតបថា៖ «លោកឪពុកមិនបាច់ឲ្យអ្វីមកខ្ញុំទេ គឺលោកឪពុកគ្រាន់តែស្តាប់សេចក្តីដែលខ្ញុំនឹងស្នើសុំនេះក៏ល្មមហើយ ខ្ញុំនឹងមើលថែទាំហ្វូងសត្វរបស់លោកឪពុកតទៅមុខទៀត។ ៣២ ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មានដែលមានសម្បុរពព្លាក់ ពពាល និងចៀមទាំងប៉ុន្មាន ដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មាន ដែលមានសម្បុរពពាល និងពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។ ៣៣ ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាជ្រាបថា ខ្ញុំជាមនុស្សទៀងត្រង់។ ប្រសិនបើលោកឪពុកឃើញមានសត្វសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វណាដែលមានសម្បុរស្រអាប់ក្នុងចំណោមកូនចៀមវិញ បានសេចក្តីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។ ៣៤ លោកឡាបាន់មានប្រសាសន៍ថា៖ «អីចឹងក៏បាន! ចូរធ្វើតាមពាក្យរបស់កូនទៅ!»។ ៣៥ នៅថ្ងៃដដែលនោះ លោកឡាបាន់ញែកចៀមឈ្មោលដែលមានសម្បុរឆ្នូតៗ ពពាល និងពពែដែលមានសម្បុរពពាលពព្លាក់ ពពែដែលមានក្រឡាពណ៌ស ព្រមទាំងចៀមដែលមានសម្បុរស្រអាប់ទាំងប៉ុន្មាន ដោយឡែក ហើយប្រគល់ទៅឲ្យកូនៗរបស់គាត់មើលថែទាំ ៣៦ រួចគាត់ឲ្យពួកគេទៅឆ្ងាយពីលោកយ៉ាកុប ចម្ងាយដើរផ្លូវបីថ្ងៃ។
រីឯលោកយ៉ាកុបវិញ លោកឃ្វាលហ្វូងសត្វរបស់លោកឡាបាន់ដែលនៅសល់។ ៣៧ លោកយ៉ាកុបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។ ៣៨ បន្ទាប់មក លោកយកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូក ជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។ ៣៩ សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមក វាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។ ៤០ ចំណែកឯចៀមដែលលោកយ៉ាកុបញែកទុកដោយឡែកនោះ លោកដាក់វាឲ្យមើលសត្វរបស់លោកឡាបាន់ ដែលមានសម្បុរឆ្នូតៗ និងស្រអាប់។ ធ្វើដូច្នេះ លោកបង្កបង្កើតបានហ្វូងសត្វមួយរបស់លោកផ្ទាល់ ហើយលោកមិនទុកឲ្យវានៅឡូកឡំជាមួយហ្វូងសត្វរបស់លោកឡាបាន់ទេ។ ៤១ ពេលណាមានសត្វមាំៗមកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ ៤២ តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា លោកមិនដាក់មែកឈើទេ។ ធ្វើដូច្នេះ សត្វខ្សោយៗជាកម្មសិទ្ធិរបស់លោកឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់លោកយ៉ាកុប។
លោកយ៉ាកុបរត់ទៅស្រុកកាណានវិញ
៤៣ លោកយ៉ាកុបមានសម្បត្តិទ្រព្យកាន់តែច្រើនឡើងៗ។ លោកមានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។
៣១
១ លោកយ៉ាកុបបានឮកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។ ២ លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនសូវរាប់រកលោកដូចមុនទៀតឡើយ។ ៣ ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកលោកយ៉ាកុបថា៖ «ចូរវិលទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។ ៤ លោកយ៉ាកុបចាត់គេទៅហៅលោកស្រីរ៉ាខែល និងលោកស្រីលេអា ឲ្យទៅទីវាលត្រង់កន្លែងហ្វូងសត្វរបស់លោក។ ៥ លោកមានប្រសាសន៍ទៅលោកស្រីទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់នាងមិនសូវរាប់រកបងដូចមុនទៀតឡើយ។ ក៏ប៉ុន្តែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។ ៦ នាងទាំងពីរដឹងស្រាប់ហើយថា បងបាននៅបម្រើឪពុករបស់នាងយ៉ាងអស់ពីចិត្ត ៧ តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងឡើយ។ ៨ ប្រសិនបើឪពុករបស់នាងពោលមកបងថា “សត្វដែលមានសម្បុរពពាលនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។ ៩ ព្រះជាម្ចាស់បានដកហូតហ្វូងសត្វពីឪពុករបស់នាង ហើយប្រគល់មកឲ្យបង។ ១០ នៅរដូវដែលសត្វតែងជាន់គ្នា បងបានឃើញក្នុងសុបិនថា សត្វឈ្មោលៗដែលជាន់សត្វញីៗនោះ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ ១១ ទេវទូត*របស់ព្រះជាម្ចាស់ហៅបងក្នុងសុបិននោះថា “យ៉ាកុបអើយ!”បងឆ្លើយវិញថា “បាទ!”។ ១២ ទេវទូតពោលថា “ចូរសម្លឹងមើលនុ៎ះ! សត្វឈ្មោលៗទាំងប៉ុន្មានដែលជាន់សត្វញីៗ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ យើងឃើញអំពើដែលឡាបាន់ប្រព្រឹត្តចំពោះអ្នកហើយ ១៣ យើងជាព្រះនៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើស្តូបថ្មមួយ ថែមទាំងបានបន់ស្រន់ទៀតផង។ ឥឡូវនេះ ចូរក្រោកឡើង ចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។
១៤ លោកស្រីរ៉ាខែល និងលោកស្រីលេអា ពោលទៅលោកយ៉ាកុបវិញថា៖ «ឪពុកយើងមិនឲ្យយើងមានចំណែកមត៌កអ្វី នៅក្នុងក្រុមគ្រួសារគាត់ទៀតទេ។ ១៥ គាត់ក៏បានចាត់ទុកយើងដូចជាអ្នកដទៃដូច្នោះដែរ គឺគាត់បានលក់យើងទាំងពីរនាក់ ហើយយកប្រាក់របស់យើងថែមទៀត!។ ១៦ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលព្រះជាម្ចាស់បានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់បងទៅ»។
១៧ លោកយ៉ាកុបក្រោកឡើង នាំកូន និងប្រពន្ធ ជិះអូដ្ឋចេញដំណើរទៅ។ ១៨ លោកនាំហ្វូងសត្វរបស់លោក ព្រមទាំងទ្រព្យសម្បត្តិដែលលោករកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលលោករកបាននៅស្រុកប៉ាដនអារ៉ាម។ លោកធ្វើដំណើរត្រឡប់ទៅរកលោកអ៊ីសាក ជាឪពុក នៅស្រុកកាណានវិញ។ ១៩ ពេលនោះ លោកឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ លោកស្រីរ៉ាខែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។ ២០ រីឯលោកយ៉ាកុបវិញ លោកបានលួចរត់ចេញពីលោកឡាបាន់ ជាជនជាតិអារ៉ាម ដោយពុំប្រាប់ឲ្យគាត់ដឹងមុនឡើយ ២១ លោកបានរត់ចេញទៅ ដោយនាំយកអ្វីៗទាំងអស់ដែលលោកមាន ទៅជាមួយផង។ លោកបានឆ្លងកាត់ទន្លេអឺប្រាត តម្រង់ឆ្ពោះទៅកាន់តំបន់ភ្នំកាឡាដ។
សន្ធិសញ្ញារវាងលោកឡាបាន់ និងលោកយ៉ាកុប
២២ នៅថ្ងៃទីបី មានគេមកជម្រាបលោកឡាបាន់ថា លោកយ៉ាកុបរត់បាត់ទៅហើយ។ ២៣ គាត់ក៏នាំបងប្អូនដេញតាមលោកយ៉ាកុប។ គាត់ដើរផ្លូវអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុប នៅតំបន់ភ្នំកាឡាដ។ ២៤ ក៏ប៉ុន្តែ ព្រះជាម្ចាស់យាងមកឲ្យលោកឡាបាន់ ជាជនជាតិអារ៉ាមឃើញ ក្នុងសុបិននៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អ ឬអាក្រក់ក្តី»។
២៥ លោកឡាបាន់បានតាមលោកយ៉ាកុបទាន់។ លោកយ៉ាកុបបោះជំរំនៅលើភ្នំ រីឯលោកឡាបាន់វិញ លោកក៏បោះជំរំជាមួយបងប្អូនលោក នៅលើភ្នំកាឡាដដែរ។ ២៦ លោកឡាបាន់ពោលទៅកាន់លោកយ៉ាកុបថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង? ២៧ ហេតុអ្វីបានជាកូនលួចរត់មកដូច្នេះ? កូនបានបញ្ឆោតពុកហើយ គឺមិនប្រាប់ឲ្យឪពុកបានដឹងសោះ។ បើពុកដឹងមុន ម៉្លេះសមពុកជូនដំណើរកូន ដោយអំណរសប្បាយ គឺមានច្រៀង វាយស្គរ និងលេងពិណផង។ ២៨ កូនមិនបានទុកឲ្យពុក ថើបលាកូនចៅប្រុសស្រីរបស់ពុកឡើយ កូនធ្វើដូច្នេះពិតជាល្ងីល្ងើមែន។ ២៩ ពុកមានអំណាចអាចធ្វើទោសឯងរាល់គ្នាបាន តែព្រះនៃដូនតារបស់ឯងរាល់គ្នាមានព្រះបន្ទូលមកកាន់ពុកពីយប់មិញថា “ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អ ឬអាក្រក់ក្តី”។ ៣០ ឥឡូវនេះ បើថាកូនរត់ចេញមក ព្រោះតែនឹកញាតិសន្តានឪពុករបស់កូននោះ មិនអីទេ ចុះហេតុដូចម្តេចបានជាលួចយករូបព្រះរបស់ពុកមកដែរ?»។
៣១ លោកយ៉ាកុបឆ្លើយទៅលោកឡាបាន់វិញថា៖ «ខ្ញុំធ្វើដូច្នេះមកពីភ័យពេក ខ្លាចក្រែងលោកឪពុកដណ្ដើមយកកូនស្រីរបស់លោកឪពុកពីខ្ញុំ។ ៣២ ប្រសិនបើលោកឪពុករកឃើញរូបព្រះរបស់លោកឪពុកនៅជាមួយនរណា អ្នកនោះនឹងត្រូវទទួលទោសដល់ជីវិត! សូមលោកឪពុកឆែកមើលអស់អ្នកដែលនៅជាមួយខ្ញុំ ដោយមានបងប្អូនយើងនៅទីនេះជាសាក្សីស្រាប់ ហើយអ្វីៗដែលជារបស់លោកឪពុក សូមអញ្ជើញយកទៅវិញចុះ»។ លោកយ៉ាកុបពុំដឹងថា លោកស្រីរ៉ាខែលបានលួចយករូបព្រះទាំងនោះទេ។ ៣៣ លោកឡាបាន់ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ជំរំរបស់លោកស្រីលេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លោកស្រីលេអា ចូលទៅក្នុងជំរំរបស់លោកស្រីរ៉ាខែល។ ៣៤ លោកស្រីរ៉ាខែលបានយករូបព្រះទាំងនោះដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ លោកឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។ ៣៥ លោកស្រីរ៉ាខែលជម្រាបឪពុកថា៖ «សូមលោកម្ចាស់កុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ លោកឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។ ៣៦ លោកយ៉ាកុបខឹងយ៉ាងខ្លាំង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ? ៣៧ ពេលលោកឪពុកឆែកឆេរមើលអីវ៉ាន់ទាំងប៉ុន្មានរបស់ខ្ញុំ តើលោកឪពុកឃើញមានអ្វីខ្លះ ដែលជារបស់ក្រុមគ្រួសារលោកឪពុក? សូមបង្ហាញឲ្យបងប្អូនរបស់ខ្ញុំ និងបងប្អូនលោកឪពុក បានឃើញនៅទីនេះផង ដើម្បីឲ្យគេជួយអារកាត់រឿងយើងទាំងពីរ។ ៣៨ ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។ ៣៩ ខ្ញុំពុំបានយកសត្វណាដែលត្រូវសត្វព្រៃខាំសម្លាប់មកជូនលោកឪពុកវិញទេ គឺខ្ញុំតែងតែសងជានិច្ច ហើយប្រសិនបើគេលួចសត្វនៅពេលថ្ងៃក្តី ឬយប់ក្តី លោកឪពុកតែងចាប់ឲ្យខ្ញុំសងទាំងអស់។ ៤០ ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកម្ដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។ ៤១ ខ្ញុំបានរស់នៅជាមួយក្រុមគ្រួសារលោកឪពុក អស់រយៈពេលម្ភៃឆ្នាំមកហើយ ខ្ញុំបាននៅបម្រើលោកឪពុកដប់បួនឆ្នាំ ដើម្បីបានកូនស្រីទាំងពីររបស់លោកឪពុកមកធ្វើជាភរិយា ហើយប្រាំមួយឆ្នាំទៀត ដើម្បីឲ្យបានហ្វូងចៀមរបស់លោកឪពុក។ ប៉ុន្តែ លោកឪពុកបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់ខ្ញុំដល់ទៅដប់ដង។ ៤២ ប្រសិនបើព្រះនៃលោកអប្រាហាំ ជាជីតារបស់ខ្ញុំ ជាព្រះដែលលោកអ៊ីសាកគោរពកោតខ្លាច មិនបានគង់ជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ព្រះជាម្ចាស់បានទតឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ព្រះអង្គកាន់ខាងខ្ញុំ»។ ៤៣ លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបវិញថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ក្មេងប្រុសទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយអ្វីៗទាំងប៉ុន្មានដែលកូនមើលឃើញនៅទីនេះ ក៏សុទ្ធតែជារបស់ពុកដែរ តែថ្ងៃនេះ ពុកមិនទាមទារយកកូនស្រីរបស់ពុក ព្រមទាំងកូនៗដែលកើតចេញពីនាងនោះមកវិញឡើយ។ ៤៤ ដូច្នេះ ឥឡូវនេះដល់ពេលដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយគ្នា ហើយសូមឲ្យមានសាក្សីដឹងឮផង!»។ ៤៥ លោកយ៉ាកុបបានយកដុំថ្មមួយ មកបញ្ឈរធ្វើជាស្តូប។ ៤៦ លោកយ៉ាកុបប្រាប់បងប្អូនរបស់លោកថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគនៅលើគំនរថ្មនោះ។ ៤៧ លោកឡាបាន់ហៅកន្លែងនោះថា «យេកា-សាហាឌូតា» តែលោកយ៉ាកុបហៅកន្លែងនោះថា «កាឡេដ»វិញ។ ៤៨ លោកឡាបាន់ពោលថា៖ «ថ្ងៃនេះ ពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។ ៤៩ គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះលោកឡាបាន់ពោលថា «សូមព្រះអម្ចាស់តាមឃ្លាំមើលកូន និងពុក នៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។ ៥០ ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ហើយទៅយកប្រពន្ធផ្សេងទៀតនោះ ចូរប្រយ័ត្ន ទោះបីគ្មាននរណានៅជាមួយយើងក្តី ក៏មានព្រះជាម្ចាស់ធ្វើជាសាក្សីរវាងកូន និងពុកដែរ»។ ៥១ លោកឡាបាន់មានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «មើលនែ៎ គំនរថ្ម និងស្តូបនេះ ដែលពុកបានដាក់នៅចន្លោះកូន និងពុក។ ៥២ គំនរថ្ម និងស្តូប ជាសាក្សីបញ្ជាក់ថា ពុកនឹងមិនរំលងគំនរថ្មនេះទេ ហើយកូនក៏នឹងមិនរំលងគំនរថ្ម និងស្តូប តាមរករឿងធ្វើបាបពុកដែរ។ ៥៣ សូមព្រះរបស់លោកអប្រាហាំ និងព្រះរបស់លោកណាហ៊រ គឺព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ លោកយ៉ាកុបក៏បានស្បថ ដោយយកព្រះដែលលោកអ៊ីសាក ជាឪពុករបស់លោកគោរពកោតខ្លាច ធ្វើជាប្រធាន។
៥៤ លោកយ៉ាកុបបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់នៅលើភ្នំនោះ ហើយអញ្ជើញបងប្អូនរបស់លោកបរិភោគជាមួយគ្នា។ គេនាំគ្នាបរិភោគ ហើយពេលយប់ គេក៏ស្នាក់នៅលើភ្នំនោះទៅ។
៣២
១ លោកឡាបាន់ក្រោកឡើងតាំងពីព្រលឹម គាត់ថើបកូនប្រុសកូនស្រីរបស់គាត់ ថែមទាំងឲ្យពរគេទៀតផង។ បន្ទាប់មក លោកឡាបាន់ធ្វើដំណើរវិលត្រឡប់ទៅស្រុកគាត់វិញ។
លោកយ៉ាកុបរៀបចំខ្លួនជួបលោកអេសាវ
២ លោកយ៉ាកុបបន្តដំណើរទៅមុខទៀត ហើយមានទេវទូត*របស់ព្រះជាម្ចាស់មកជួបលោក។ ៣ ពេលឃើញទេវទូតទាំងនោះ លោកយ៉ាកុបក៏ពោលឡើងថា៖ «ទីនេះ ពិតជាព្រះពន្លារបស់ព្រះជាម្ចាស់!»។ លោកដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណាអ៊ីម»។ ៤ លោកយ៉ាកុបបានចាត់អ្នកនាំសារឲ្យទៅមុនលោក ដើម្បីជួបនឹងលោកអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។ ៥ លោកបានផ្តែផ្តាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបលោកអេសាវ ជាម្ចាស់ខ្ញុំ ដូចតទៅ : យ៉ាកុប ជាអ្នកបម្រើរបស់លោក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។ ៦ ខ្ញុំមានគោ លា ចៀម និងមានអ្នកបម្រើប្រុសស្រីជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្តីសន្តោសមេត្តាពីលោកម្ចាស់”»។
៧ អ្នកនាំសារបានវិលមកជួបលោកយ៉ាកុបវិញ ជម្រាបថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវ ជាបងរបស់លោកហើយ។ លោកអេសាវក៏កំពុងតែធ្វើដំណើរមកជួបលោកដែរ ដោយមានគ្នាបួនរយនាក់មកជាមួយផង»។ ៨ លោកយ៉ាកុបភ័យខ្លាច និងតប់ប្រមល់យ៉ាងខ្លាំង លោកក៏ចែកពួកលោកជាពីរជំរំ ហើយចែកហ្វូងចៀម ហ្វូងគោ និងអូដ្ឋ ជាពីរហ្វូងដែរ ៩ ព្រោះលោកគិតថា ប្រសិនបើលោកអេសាវមកវាយប្រហារជំរំមួយ ជំរំមួយទៀតអាចរត់រួចបាន។
១០ បន្ទាប់មក លោកយ៉ាកុបទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃលោកអប្រាហាំ ដែលជាជីតារបស់ទូលបង្គំ ជាព្រះនៃលោកអ៊ីសាកដែលជាឪពុករបស់ទូលបង្គំអើយ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ចូរវិលទៅស្រុកអ្នក វិលទៅរកញាតិសន្តានរបស់អ្នកវិញទៅ យើងនឹងឲ្យអ្នកបានសុខដុមរមនា!”។ ១១ ទូលបង្គំជាមនុស្សទន់ទាបណាស់ មិនសមឲ្យព្រះអង្គសម្ដែងព្រះហប្ញទ័យសប្បុរស និងព្រះហប្ញទ័យស្មោះត្រង់ចំពោះទូលបង្គំដល់កម្រិតនេះឡើយ។ កាលទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះទៅ ទូលបង្គំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ទូលបង្គំមានគ្នារហូតដល់ទៅពីរជំរំ។ ១២ សូមព្រះអង្គមេត្តាប្រោសទូលបង្គំឲ្យបានរួចពីកណ្ដាប់ដៃអេសាវ ជាបងប្រុសរបស់ទូលបង្គំផង!។ ដ្បិតទូលបង្គំខ្លាចគាត់មកដល់ សម្លាប់រង្គាលទូលបង្គំ និងគ្រួសារទូលបង្គំ ទាំងស្រីទាំងក្មេង។ ១៣ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “យើងនឹងឲ្យអ្នកបានសុខដុមរមនា ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងឥតគណនា ដូចខ្សាច់នៅឆ្នេរសមុទ្រ”»។
១៤ យប់នោះ លោកយ៉ាកុបក៏ស្នាក់នៅកន្លែងនោះ។ លោកបានយកសត្វមួយចំនួន ដែលលោកមាន មកធ្វើជាជំនូន ដល់លោកអេសាវ ជាបង ១៥ គឺពពែញីពីររយក្បាល ពពែឈ្មោលម្ភៃក្បាល ចៀមញីពីររយក្បាល ចៀមឈ្មោលម្ភៃក្បាល ១៦ អូដ្ឋញីសាមសិបក្បាល ព្រមទាំងកូនវាដែលនៅបៅដោះ គោញីសែសិបក្បាល គោបាដប់ក្បាល លាញីម្ភៃក្បាល និងលាឈ្មោលដប់ក្បាល។ ១៧ លោកបានប្រគល់សត្វទាំងនោះឲ្យពួកអ្នកបម្រើ តាមហ្វូងរបស់វា ទីទៃៗពីគ្នា រួចលោកប្រាប់អ្នកបម្រើទាំងនោះថា៖ «ចូរនាំគ្នាចេញទៅមុនខ្ញុំ ហើយឲ្យហ្វូងសត្វនៅដាច់ពីគ្នា ដោយពួកៗ»។ ១៨ លោកបង្គាប់ទៅអ្នកដែលដើរនៅមុខគេថា៖ «បើលោកអេសាវជាបងរបស់ខ្ញុំជួបអ្នក ហើយសួរអ្នកថា “អ្នកណាជាចៅហ្វាយរបស់អ្នករាល់គ្នា? តើអ្នកទៅណាមកណា? ហ្វូងសត្វដែលដើរនៅមុខអ្នករាល់គ្នាជារបស់នរណា?” ១៩ នោះអ្នកត្រូវតបវិញថា “ហ្វូងសត្វទាំងនេះជារបស់យ៉ាកុប ជាអ្នកបម្រើរបស់លោក គាត់សូមផ្ញើសត្វនេះមកជូនលោកអេសាវជាម្ចាស់។ រីឯគាត់វិញ គាត់កំពុងតែមកតាមក្រោយយើងខ្ញុំ”»។ ២០ លោកយ៉ាកុបបានបង្គាប់អ្នកដែលនៅបន្ទាប់ពីអ្នកដើរខាងមុខ និងអ្នកទីបី ព្រមទាំងអ្នកឯទៀតៗ ដែលដើរតាមហ្វូងសត្វដូចៗគ្នាទាំងអស់។ លោកបង្គាប់គេថា៖ «បើអ្នករាល់គ្នាជួបលោកអេសាវ ជាម្ចាស់ ត្រូវជម្រាបលោកដូច្នេះ ២១ គឺជម្រាបលោកថា “យ៉ាកុបជាអ្នកបម្រើរបស់លោក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ លោកយ៉ាកុបធ្វើដូច្នេះ ព្រោះលោកគិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យគាត់បានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ គាត់ប្រហែលជាទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។ ២២ គេក៏នាំសត្វទាំងឡាយដែលលោកផ្ញើជាជំនូននោះទៅមុន តែយប់នោះ លោកយ៉ាកុបស្នាក់នៅក្នុងជំរំ។ ២៣ នៅយប់ដដែលនោះ លោកបានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។ ២៤ កាលលោកឲ្យក្រុមគ្រួសារឆ្លងទឹករួចហើយ លោកក៏ឲ្យគេចម្លងអ្វីៗដែលជារបស់លោកទៅដែរ។
លោកយ៉ាកុបបោកចំបាប់ជាមួយព្រះជាម្ចាស់
២៥ លោកយ៉ាកុបនៅតែម្នាក់ឯង។ ពេលនោះ មានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។ ២៦ កាលបុរសនោះឃើញថាពុំអាចឈ្នះលោកយ៉ាកុបបាន ក៏វាយលោកចំចង្កេះ។ លោកយ៉ាកុបក៏ថ្លោះចង្កេះ នៅពេលបោកចំបាប់គ្នានោះ។ ២៧ បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។ ២៨ បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។ ២៩ បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជម្នះ»។ ៣០ លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។ ៣១ លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា «ពេនីអែល» ដ្បិតលោកពោលថា «ខ្ញុំបានឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។ ៣២ ពេលលោកយ៉ាកុបឆ្លងពីកន្លែងពេនីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ លោកដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។ ៣៣ ហេតុនេះហើយបានជាមកទល់សព្វថ្ងៃ កូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ចន្លក នៅត្រង់ចង្កេះសត្វឡើយ ដ្បិតព្រះជាម្ចាស់បានវាយចំចន្លកចង្កេះរបស់លោកយ៉ាកុប។
៣៣
លោកយ៉ាកុប និងលោកអេសាវជានាគ្នាវិញ
១ លោកយ៉ាកុបងើបមុខឡើង ឃើញលោកអេសាវមកដល់ ដោយមានគ្នាបួនរយនាក់មកជាមួយផង លោកក៏ចែកកូនឲ្យលោកស្រីលេអា លោកស្រីរ៉ាខែល និងស្ត្រីបម្រើទាំងពីរ។ ២ លោកដាក់ស្ត្រីបម្រើទាំងពីរ និងកូនរបស់នាង ឲ្យដើរមុខគេ បន្ទាប់មក លោកស្រីលេអា និងកូនរបស់គាត់ ហើយលោកស្រីរ៉ាខែល និងយ៉ូសែប ដើរក្រោយគេ។ ៣ រីឯខ្លួនលោកផ្ទាល់ លោកដើរមុខគេបង្អស់ ហើយលោកក្រាបសំពះដល់ដីប្រាំពីរដង រហូតទៅជិតដល់លោកអេសាវ។ ៤ លោកអេសាវរត់មកជួបលោក រួចឱបលោកទៀតផង។ គាត់ឱបកលោក ថើបលោក ហើយទាំងពីរនាក់ក៏នាំគ្នាយំ។ ៥ លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងក្មេងៗ លោកសួរថា៖ «តើអស់អ្នកដែលនៅជាមួយប្អូននេះ ជានរណាដែរ?»។ លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំប្របាទ»។ ៦ ស្ត្រីបម្រើក៏នាំគ្នាចូលមកជាមួយកូនៗរបស់នាង រួចក្រាបសំពះលោកអេសាវ។ ៧ លោកស្រីលេអា និងកូនៗរបស់គាត់ ក៏ចូលមកក្រាបសំពះ ហើយយ៉ូសែប និងលោកស្រីរ៉ាខែល នាំគ្នាចូលមកក្រាបសំពះដែរ។
៨ លោកអេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មានដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ ៩ លោកអេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។ ១០ លោកយ៉ាកុបឆ្លើយវិញថា៖ «ទេ ប្រសិនបើលោកបងយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមទទួលយកជំនូននេះពីដៃខ្ញុំផ្ទាល់ទៅ។ ពេលខ្ញុំឃើញមុខលោកបង ក៏ដូចជាបានឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ដូច្នោះដែរ ព្រោះលោកបងបានទទួលខ្ញុំយ៉ាងរាក់ទាក់។ ១១ ដូច្នេះ សូមលោកបងទទួលយកជំនូន ដែលខ្ញុំជូននេះទៅ ដ្បិតព្រះជាម្ចាស់បានប្រទានពរដល់ខ្ញុំ ហើយឲ្យខ្ញុំមានសព្វគ្រប់ទាំងអស់»។ ដោយលោកយ៉ាកុបចេះតែបង្ខំខ្លាំងពេក លោកអេសាវក៏យល់ព្រមទទួល។
១២ លោកអេសាវពោលថា៖ «តោះ យើងចេញដំណើរទៅ បងនឹងទៅជាមួយប្អូន»។ ១៣ លោកយ៉ាកុបតបវិញថា៖ «លោកបងជ្រាបស្រាប់ហើយថា ធ្វើដំណើរជាមួយកូនក្មេងមិនស្រួលទេ ហើយខ្ញុំក៏មានចៀម និងគោដែលបំបៅកូនមកជាមួយដែរ។ បើយើងបង្ខំឲ្យដើរលឿនតែមួយថ្ងៃ ហ្វូងចៀមមុខជាត្រូវវិនាសអស់មិនខាន។ ១៤ ដូច្នេះ សូមលោកបងអញ្ជើញទៅមុនខ្ញុំចុះ ខ្ញុំនឹងដើរសន្សឹមតាមក្រោយ ជាមួយហ្វូងសត្វ និងក្មេងៗ រហូតទៅដល់ទីលំនៅរបស់លោកបង នៅស្រុកសៀរ»។ ១៥ លោកអេសាវពោលថា៖ «យ៉ាងហោចណាស់ក៏បងចង់ទុកគ្នាបងខ្លះ ឲ្យរួមដំណើរជាមួយប្អូនដែរ»។ លោកយ៉ាកុបតបថា៖ «មិនចាំបាច់ទេ លោកបងបានអធ្យាស្រ័យដល់រូបខ្ញុំតែប៉ុណ្ណេះ ក៏ល្មមហើយ»។ ១៦ នៅថ្ងៃដដែលនោះ លោកអេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ ១៧ រីឯលោកយ៉ាកុប លោកចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ លោកបានសង់ផ្ទះមួយសម្រាប់លោក និងសង់រោងសម្រាប់ហ្វូងសត្វរបស់លោកដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត។
លោកយ៉ាកុបតាំងទីលំនៅនៅជិតស៊ីគែម
១៨ លោកយ៉ាកុបបានវិលពីស្រុកប៉ាដន-អារ៉ាមវិញ មកដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយលោកក៏បោះជំរំទល់មុខនឹងទីក្រុងនោះ។ ១៩ លោកបានទិញដីមួយកន្លែងពីកូនចៅរបស់លោកហាម័រ ដែលត្រូវជាឪពុករបស់លោកស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។ ២០ លោកបានសង់អាសនៈមួយនៅទីនោះ ដែលលោកដាក់ឈ្មោះថា «ព្រះជាម្ចាស់ជាព្រះរបស់អ៊ីស្រាអែល»។
៣៤
ស៊ីម៉ូន និងលេវី សងសឹកជំនួសនាងឌីណាជាប្អូនស្រី
១ លោកស្រីលេអាបានបង្កើតកូនស្រីមួយជូនលោកយ៉ាកុប ឈ្មោះឌីណា។ ថ្ងៃមួយ នាងឌីណាបានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។ ២ ពេលនោះ ស៊ីគែមជាកូនរបស់លោកហាម័រ សាសន៍ហេវី ដែលជាមេកន្ទ្រាញនៅស្រុកនោះ បានឃើញនាង ហើយក៏ចាប់នាងរំលោភ។ ៣ ស៊ីគែមជំពាក់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបយ៉ាងខ្លាំង គាត់ស្រឡាញ់នាង ហើយចង់លួងលោមចិត្តនាង។ ៤ ស៊ីគែមជម្រាបលោកហាម័រ ជាឪពុកថា៖ «សូមលោកឪពុកដណ្ដឹងនាងនេះ ឲ្យកូនធ្វើជាប្រពន្ធមក»។ ៥ លោកយ៉ាកុបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់លោកបាត់បង់កិត្តិយស តែដោយកូនប្រុសរបស់លោកទៅឃ្វាលចៀមនៅវាលអស់ទៅ លោកនៅស្ងៀម ទម្រាំពួកគេត្រឡប់មកវិញ។
៦ លោកហាម័រជាឪពុកស៊ីគែម ក៏បានចេញមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ ៧ កាលកូនប្រុសៗរបស់លោកយ៉ាកុបវិលមកពីវាលវិញ បានដឹងរឿងនេះ គេយល់ឃើញថាគេក៏បាក់មុខដែរ ហើយក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះស៊ីគែមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុត ជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត នៅស្រុកអ៊ីស្រាអែល គឺគាត់បានរំលោភលើកូនស្រីរបស់លោកយ៉ាកុប។ ៨ លោកហាម័របាននិយាយទៅកាន់លោកយ៉ាកុប និងកូនថា៖ «ស៊ីគែម កូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅ។ ៩ សូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំ ដោយសារចំណងអាពាហ៍ពិពាហ៍ គឺបងប្អូនលើកកូនចៅស្រីៗមកឲ្យយើងខ្ញុំ ហើយបងប្អូនក៏យកកូនចៅស្រីៗរបស់យើងខ្ញុំវិញដែរ។ ១០ បងប្អូនអាចរស់នៅជាមួយយើងខ្ញុំបាន ដ្បិតស្រុកទេសនេះនៅចំហសម្រាប់បងប្អូន ដូច្នេះ សូមបងប្អូនតាំងទីលំនៅរកស៊ី និងទិញដីធ្លី នៅស្រុកនេះហើយ»។
១១ ស៊ីគែមពោលទៅកាន់ឪពុក និងបងប្រុសទាំងអស់របស់នាងឌីណាថា៖ «សូមមេត្តាអធ្យាស្រ័យឲ្យខ្ញុំផង អ្វីក៏ដោយឲ្យតែអស់លោកបង្គាប់ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់។ ១២ សូមបង្គាប់ខ្ញុំបាទឲ្យជូនបណ្តាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាងមកជាភរិយារបស់ខ្ញុំបាទ»។ ១៣ ដោយស៊ីគែមបានធ្វើឲ្យនាងឌីណា ជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅស៊ីគែម និងលោកហាម័រ ជាឪពុកគាត់វិញ ដោយកលល្បិចថា៖ ១៤ «យើងមិនអាចយល់ព្រមតាមពាក្យស្នើរបស់អ្នកទេ គឺយើងពុំអាចលើកប្អូនស្រីឲ្យបុរសណា ដែលមិនកាត់ស្បែក*ឡើយ ធ្វើដូច្នេះ នឹងនាំឲ្យយើងបាក់មុខជាមិនខាន។ ១៥ យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកលោកសុខចិត្តកាត់ស្បែកដូចយើង គឺត្រូវកាត់ស្បែកឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកលោក។ ១៦ ធ្វើដូច្នោះ ទើបយើងលើកកូនស្រីៗរបស់យើងឲ្យពួកលោក ហើយយើងក៏នឹងដណ្ដឹងកូនស្រីរបស់ពួកលោកដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។ ១៧ ប៉ុន្តែ ប្រសិនបើអស់លោកមិនព្រមកាត់ស្បែកដូចយើងទេនោះ យើងនឹងយកកូនស្រីរបស់យើងវិញ ហើយចាកចេញពីទីនេះទៅ»។
១៨ លោកហាម័រ និងស៊ីគែមជាកូន ក៏យល់ស្របតាមពាក្យស្នើនេះ។ ១៩ អ្នកកំលោះនោះមិនបង្អែបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ ក្នុងគ្រួសាររបស់លោកហាម័រ គេគោរពស៊ីគែមជាងគេ។
២០ លោកហាម័រ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖ ២១ «អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះ ទុកឲ្យពួកគេរស់នៅ និងរកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងឲ្យគេចូលមកចុះ។ យើងនាំគ្នាដណ្ដឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើងឲ្យគេធ្វើជាប្រពន្ធដែរ។ ២២ ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និងចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ក្នុងចំណោមពួកយើងកាត់ស្បែកដូចពួកគេដែរ។ ២៣ បើយើងសុខចិត្តធ្វើតាមពាក្យស្នើរបស់គេ គេសុខចិត្តរស់នៅជាមួយយើង ហើយហ្វូងសត្វ ទ្រព្យសម្បត្តិ និងសត្វទាំងប៉ុន្មានរបស់គេ នឹងត្រូវបានមកជាកម្មសិទ្ធិរបស់យើងមិនខាន»។ ២៤ មនុស្សម្នាទាំងប៉ុន្មានដែលបានចេញទៅស្តាប់លោកហាម័រ និងស៊ីគែម កូនរបស់គាត់ នៅមាត់ទ្វារក្រុង ក៏យល់ស្របតាមពាក្យរបស់អ្នកទាំងពីរ ហើយប្រុសៗដែលទៅស្តាប់នៅមាត់ទ្វារក្រុង បានទទួលពិធីកាត់ស្បែកទាំងអស់គ្នា។
២៥ នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះកំពុងតែឈឺ កូនប្រុសពីរនាក់របស់លោកយ៉ាកុប គឺលោកស៊ីម៉ូន និងលោកលេវី ដែលត្រូវជាបងរបស់នាងឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ ២៦ គេក៏បានប្រហារជីវិតលោកហាម័រ និងស៊ីគែម ជាកូន ដោយមុខដាវដែរ រួចហើយគេក៏យកនាងឌីណាចេញពីផ្ទះរបស់ស៊ីគែម។ ២៧ កូនប្រុសលោកយ៉ាកុបឯទៀតៗបានរឹបអូសយករបស់របរលើសាកសព ហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផង ដ្បិតអ្នកក្រុងនោះបានធ្វើឲ្យនាងឌីណា ជាប្អូនស្រីរបស់ពួកគេ បាត់បង់កិត្តិយស។ ២៨ ពួកគេបានចាប់ហ្វូងចៀម និងហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះ ទាំងនៅក្នុងក្រុង ទាំងនៅតាមស្រុកស្រែ យកទៅជាមួយ។ ២៩ ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងផ្ទះគេផង។
៣០ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកស៊ីម៉ូន និងលោកលេវីថា៖ «កូនទាំងពីរប្រព្រឹត្តដូច្នេះ នាំឲ្យពុកមានកង្វល់ហើយ ព្រោះអ្នកស្រុកនេះ គឺជនជាតិកាណាន និងជនជាតិភេរីស៊ី មុខជានាំគ្នាស្អប់ពុក។ ប្រសិនបើពួកគេលើកគ្នាមកវាយប្រហារពុក នោះពុកត្រូវវិនាសជាមួយក្រុមគ្រួសារពុកជាមិនខាន ដ្បិតពុកមានទ័ពតែបន្តិចបន្តួចប៉ុណ្ណោះ»។ ៣១ លោកស៊ីម៉ូន និងលោកលេវីតបថា៖ «ពួកកូនមិនទុកឲ្យគេប្រមាថមាក់ងាយប្អូនស្រីរបស់ពួកកូន ដូចជាស្រីខូចនោះឡើយ»។
៣៥
លោកយ៉ាកុបចាកចេញពីស៊ីគែមទៅបេតអែល
១ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយថ្វាយព្រះជាម្ចាស់ ដែលបានយាងមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។ ២ លោកយ៉ាកុបមានប្រសាសន៍ទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមានបោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ* ហើយផ្លាស់សម្លៀកបំពាក់ទៅ។ ៣ យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយព្រះអង្គក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរដែរ»។ ៤ គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនលោកយ៉ាកុប។ លោកយ៉ាកុបក៏យករបស់ទាំងនោះទៅកប់ក្រោមដើមពោធិ នៅជិតក្រុងស៊ីគែម។ ៥ បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ ព្រះជាម្ចាស់បានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាននៅជិតៗនោះ ភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបឡើយ។
៦ លោកយ៉ាកុប និងអស់អ្នកដែលនៅជាមួយ បានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ ៧ លោកបានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “ព្រះនៃបេតអែល” ព្រោះនៅកន្លែងនោះហើយដែលព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។ ៨ នៅគ្រានោះ លោកស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់លោកស្រីរេបេកា បានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។
៩ ក្រោយពេលដែលលោកយ៉ាកុបត្រឡប់មកពីស្រុកប៉ាដន-អារ៉ាមវិញ ព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញសាជាថ្មី ហើយព្រះអង្គប្រទានពរលោក។ ១០ ព្រះអង្គមានព្រះបន្ទូលថា៖
«អ្នកឈ្មោះយ៉ាកុប
តែគេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ
គឺអ្នកនឹងមានឈ្មោះថាអ៊ីស្រាអែលវិញ»។
ដូច្នេះ ព្រះអង្គក៏ដាក់ឈ្មោះលោកថា
អ៊ីស្រាអែល។
១១ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖
«យើងជាព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ចូរអ្នកបង្កើតកូនចៅ
ឲ្យបានចំនួនកើនឡើងជាច្រើន។
ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត
នឹងកើតចេញពីអ្នក
ហើយក៏នឹងមានស្តេចជាច្រើនអង្គកើតចេញពី
ពូជពង្សរបស់អ្នកដែរ។
១២ រីឯស្រុកដែលយើងបានប្រគល់ឲ្យ
អប្រាហាំ និងអ៊ីសាកនោះ
យើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នក
ដែលកើតមកតាមក្រោយដែរ»។
១៣ បន្ទាប់មក ព្រះជាម្ចាស់យាងចាកចេញពីកន្លែង ដែលព្រះអង្គមានព្រះបន្ទូលជាមួយលោកយ៉ាកុបនោះ ឡើងទៅវិញ។ ១៤ លោកយ៉ាកុបបានបញ្ឈរថ្មមួយជាស្តូប នៅត្រង់កន្លែងដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោក ហើយលោកក៏បានច្រួចស្រាទំពាំងបាយជូរ និងចាក់ប្រេងពីលើថ្មនោះទុកជាទីសក្ការៈ។ ១៥ លោកយ៉ាកុបបានដាក់ឈ្មោះកន្លែង ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោកនោះថា «បេតអែល»។
កំណើតរបស់បេនយ៉ាមីន លោកស្រីរ៉ាខែលទទួលមរណភាព
១៦ លោកយ៉ាកុបបាននាំក្រុមគ្រួសាររបស់លោកចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា លោកស្រីរ៉ាខែលបានសម្រាលកូនយ៉ាងសែនលំបាក ១៧ ពេលគាត់កំពុងតែសម្រាលកូនយ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។ ១៨ លោកស្រីរ៉ាខែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “បេនយ៉ាមីន” មានន័យថា “កូនខាងស្តាំ”។ ១៩ លោកស្រីរ៉ាខែលបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
២០ លោកយ៉ាកុបបានបញ្ឈរថ្មមួយ ជាស្តូបនៅលើផ្នូរ គឺស្តូបផ្នូរនាងរ៉ាខែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃ។
២១ លោកអ៊ីស្រាអែលចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយភូមិមីគដាល-អេឌែរ។ ២២ គ្រាដែលលោកអ៊ីស្រាអែលអាស្រ័យនៅស្រុកនោះ លោករូបេនរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ លោកយ៉ាកុបមានកូនប្រុសដប់ពីរនាក់គឺ: ២៣ កូនប្រុសរបស់លោកស្រីលេអាមាន រូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម៉ូន លេវី យូដា អ៊ីសាកា និងសាប៊ូឡូន។ ២៤ កូនរបស់លោកស្រីរ៉ាខែល មានយ៉ូសែប និងបេនយ៉ាមីន។ ២៥ កូនរបស់នាងប៊ីលហា ជាស្រីបម្រើរបស់លោកស្រីរ៉ាខែល មានដាន់ និងណែបថាលី។ ២៦ កូនប្រុសរបស់នាងស៊ីលប៉ា ជាស្រីបម្រើរបស់លោកស្រីលេអា មានកាដ និងអស៊ែរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដន-អារ៉ាម។
២៧ លោកយ៉ាកុបបានវិលទៅនៅជាមួយលោកអ៊ីសាកជាឪពុក ត្រង់ដើមជ្រៃរបស់តាម៉ាមរ៉េ នៅភូមិគៀរីយ៉ាត-ហារបា គឺនៅហេប្រូន ជាភូមិដែលលោកអប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។ ២៨ លោកអ៊ីសាករស់បានទាំងអស់មួយរយប៉ែតសិបឆ្នាំ។ ២៩ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
៣៦
លោកអេសាវតាំងទីលំនៅនៅស្រុកអេដុម
១ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ពោលគឺលោកអេដុម។ ២ លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអូហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបូន ជនជាតិហេវី ៣ និងនាងបាសម៉ាត ជាកូនរបស់លោកអ៊ីស្មាអែល គឺប្អូនស្រីរបស់លោកណេបាយ៉ុត។ ៤ នាងអដាបង្កើតបានអេលីផាសជូនលោកអេសាវ នាងបាសម៉ាតបង្កើតរេអ៊ូអែល ៥ ហើយនាងអូហូលីបាម៉ាបង្កើតបានយេអ៊ូស យេឡាំ និងកូរ៉ា។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។
៦ លោកអេសាវបាននាំប្រពន្ធកូន ព្រមទាំងអ្នកបម្រើ ហ្វូងសត្វ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោករកបាននៅស្រុកកាណាន ចេញដំណើរឆ្ពោះទៅស្រុកមួយទៀត ឆ្ងាយពីលោកយ៉ាកុបជាប្អូនរបស់លោក ៧ ដ្បិតលោកទាំងពីរមានទ្រព្យសម្បត្តិច្រើនពេក ពុំអាចរស់នៅជាមួយគ្នាឡើយ។ រីឯស្រុកដែលលោកទាំងពីររស់នៅនោះ ក៏ពុំមានលទ្ធភាពល្មម សម្រាប់ឲ្យហ្វូងសត្វរបស់លោកទាំងពីរនៅជាមួយគ្នាដែរ។ ៨ លោកអេសាវរស់នៅតាមតំបន់ភ្នំសៀរ។ លោកអេសាវក៏មានឈ្មោះថា អេដុមដែរ។
ពូជពង្សរបស់លោកអេសាវ
៩ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ ១០ កូនចៅរបស់លោកអេសាវមានឈ្មោះដូចតទៅ: អេលីផាស ជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេអ៊ូអែល ជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
១១ កូនរបស់អេលីផាស គឺតេម៉ន អូម៉ារ សេផូ កេតាំ និងកេណាស។ ១២ អេលីផាស ជាកូនរបស់លោកអេសាវ មានប្រពន្ធចុងឈ្មោះ នាងទីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។
១៣ កូនចៅរបស់រេអ៊ូអែលគឺ ណាហាត់ សេរ៉ា សាំម៉ា និងមីសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
១៤ កូនចៅរបស់នាងអូហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបូន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
១៥ រីឯមេកន្ទ្រាញរបស់កូនចៅលោកអេសាវមានរាយនាមដូចតទៅ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកតេម៉ន លោកអូម៉ារ លោកសេផូ លោកកេណាស ១៦ លោកកូរ៉ា លោកកេតាំ លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងអដា។ ១៧ រីឯមេកន្ទ្រាញនៃកូនចៅរបស់លោករេអ៊ូអែល ដែលត្រូវជាកូនរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ា លោកសាម៉ា លោកមីសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេអ៊ូអែល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ជាភរិយារបស់លោកអេសាវ។ ១៨ មេកន្ទ្រាញនៃកូនចៅរបស់នាងអូហូលីបាម៉ា ដែលត្រូវជាភរិយារបស់លោកអេសាវ មានលោកយេអ៊ូស លោកយ៉ាឡាម និងលោកកូរ៉ា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់នាងអូហូលីបាម៉ា ជាភរិយារបស់លោកអេសាវ និងជាកូនរបស់លោកអណា។
១៩ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។
២០ រីឯកូនចៅរបស់លោកសៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូតន សូបាល ស៊ីបូន អណា ២១ ឌីសូន អេស៊ែរ និងឌីសន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់លោកសៀរ នៅស្រុកអេដុម។ ២២ កូនចៅរបស់ឡូតន មាន ហូរី និងហេម៉ម។ ប្អូនស្រីរបស់ឡូតន ឈ្មោះនាងទីមណា។ ២៣ រីឯកូនចៅរបស់សូបាល មានឈ្មោះដូចតទៅ: អាល់វ៉ន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។ ២៤ រីឯកូនចៅរបស់ស៊ីបូនមានឈ្មោះ អវ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបូន ជាឪពុក។ ២៥ កូនចៅរបស់លោកអណាមាន ឌីសូន និងនាងអូហូលីបាម៉ា។ ២៦ កូនចៅរបស់ឌីសូនមានឈ្មោះដូចតទៅ: ហេមដន អេសបន យីត្រន និងកេរ៉ន។ ២៧ កូនចៅរបស់អេស៊ែរមានឈ្មោះដូចតទៅ: ប៊ីលហន សាវ៉ន និងអកន។ ២៨ កូនចៅរបស់ឌីសូនមាន អ៊ូស និងអរ៉ន។
២៩ រីឯមេកន្ទ្រាញរបស់ជនជាតិហូរីមានឈ្មោះដូចតទៅ: លោកឡូតន លោកសូបាល លោកស៊ីបូន លោកអណា ៣០ លោកឌីសូន លោកអេស៊ែរ និងលោកឌីសន។ អ្នកទាំងនេះជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។
៣១ មុនពេលមានស្តេចគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមាននាមដូចតទៅ ៣២ ព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានគ្រងរាជ្យនៅក្រុងឌីនហាបា ក្នុងស្រុកអេដុម។ ៣៣ លុះព្រះបាទបេឡាបានសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ា អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួស។ ៣៤ ព្រះបាទយ៉ូបាបសោយទិវង្គតទៅ ព្រះបាទហ៊ូសាំ ជាអ្នកស្រុកតេម៉ន បានឡើងគ្រងរាជ្យជំនួស ៣៥ ព្រះបាទហ៊ូសាំសោយទិវង្គតទៅ ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត បានឡើងគ្រងរាជ្យជំនួស។ គឺស្តេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌីយ៉ាន នៅស្រុកម៉ូអាប់។ ៣៦ ព្រះបាទហាដាដសោយទិវង្គតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួស។ ៣៧ ព្រះបាទសាំឡាសោយទិវង្គតទៅ ព្រះបាទសាអ៊ូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ បានឡើងគ្រងរាជ្យជំនួស។ ៣៨ ព្រះបាទសាអ៊ូលសោយទិវង្គតទៅ ព្រះបាទបាលហាណន ជាបុត្ររបស់លោកអាក់បូរ បានឡើងគ្រងរាជ្យជំនួស។ ៣៩ ព្រះបាទបាលហាណន ជាបុត្ររបស់លោកអាក់បូរ សោយទិវង្គតទៅ ព្រះបាទហាដារ ជាអ្នកក្រុងប៉ាអ៊ូ បានឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្តេចមាននាមថា ម៉េហេតាបេអែល ជាបុត្រីរបស់លោកម៉ាត្រេត និងជាចៅរបស់លោកម៉េសេហាប់។
៤០ រីឯមេកន្ទ្រាញរបស់ជនជាតិអេសាវមានឈ្មោះតាមអំបូរ និងតាមទឹកដីដូចតទៅ: លោកទីមណា លោកអាល់វ៉ា លោកយេតេត ៤១ លោកអូហូលីបាម៉ា លោកអេឡា លោកពីណូន ៤២ លោកកេណាស លោកតេម៉ន លោកមីបសារ ៤៣ លោកម៉ាកឌីអែល និងលោកអ៊ីរ៉ាម។ លោកទាំងនោះហើយ ដែលជាមេកន្ទ្រាញនៃជនជាតិអេដុម តាមទីលំនៅ និងតាមតំបន់ដែលជាទឹកដីរបស់គេ។ លោកអេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។
៣៧
ប្រវត្តិរបស់លោកយ៉ូសែប
សុបិនរបស់លោកយ៉ូសែប
១ លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។
២ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលប៉ា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរៀបរាប់ប្រាប់ឪពុក អំពីពាក្យសម្ដីអាក្រក់របស់បងៗ។ ៣ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ ៤ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់ឡើយ។
៥ យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ ៦ គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្តាប់សុបិនរបស់ខ្ញុំ ៧ គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ ៨ បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។
៩ ក្រោយមក យ៉ូសែបយល់សប្តិម្តងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្តងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ ១០ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្តេចក៏អស្ចារ្យម៉្លេះ! តើម្តាយ បងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ ១១ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
លោកយ៉ូសែបត្រូវគេចាប់យកទៅលក់
១២ នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ ១៣ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។ ១៤ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
១៥ បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ ១៦ គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផងថា ពួកគាត់ឃ្វាលចៀមនៅកន្លែងណា»។ ១៧ បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូតន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូតន។
១៨ កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។ ១៩ គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! ២០ យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថា សុបិនរបស់វានឹងបានទៅជាយ៉ាងណា»។ ២១ ពេលលោករូបេនឮដូច្នោះ គាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃពួកគេ។ គាត់ពោលថា៖ «កុំប្រហារជីវិតវាធ្វើអ្វី»។ ២២ លោករូបេនពោលថែមទៀតថា៖ «កុំបង្ហូរឈាមវាធ្វើអ្វី គឺគ្រាន់តែបោះវាទៅក្នុងអណ្ដូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះ មកពីចង់រំដោះយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃបងៗ ហើយនាំយកទៅជូនឪពុកវិញ។
២៣ ពេលយ៉ូសែបដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។ ២៤ គេចាប់គាត់បោះទៅក្នុងអណ្ដូង។ អណ្ដូងនោះរីង គ្មានទឹកទេ។
២៥ បន្ទាប់មក គេអង្គុយបរិភោគអាហារ។ ពេលនោះ គេក្រឡេកទៅ ឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស យកទៅស្រុកអេស៊ីប។ ២៦ លោកយូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ ២៧ មក៍ យើងលក់វាឲ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្តាប់តាមពាក្យគាត់។ ២៨ បន្ទាប់មក មានឈ្មួញជាតិម៉ាឌីយ៉ានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីអណ្ដូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅស្រុកអេស៊ីប។
២៩ កាលលោករូបេនត្រឡប់មកដល់អណ្ដូងវិញ គាត់មិនឃើញយ៉ូសែបនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ៣០ រួចទៅជួបប្អូនៗប្រាប់ថា៖ «បាត់ក្មេងនោះហើយ! តើបងត្រូវធ្វើយ៉ាងណា?»។ ៣១ គេក៏នាំគ្នាយកអាវបំពង់ដ៏ល្អប្រណីតរបស់យ៉ូសែបមក ហើយសម្លាប់ចៀមឈ្មោលមួយ រួចជ្រលក់អាវក្នុងឈាមវា។ ៣២ បន្ទាប់មក គេផ្ញើអាវបំពង់ដ៏ល្អប្រណីតនោះទៅឪពុក ទាំងផ្តាំថា៖ «ពួកកូនបានរកឃើញអាវនេះ សូមលោកឪពុកពិនិត្យមើល តើអាវនេះពិតជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន?»។ ៣៣ លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។ ៣៤ លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់លោក និងយកបាវមកស្លៀក រួចលោកកាន់ទុក្ខកូនជាយូរថ្ងៃ។ ៣៥ កូនចៅរបស់លោកទាំងប្រុសទាំងស្រីនាំគ្នាមករំលែកទុក្ខលោក តែលោកមិនព្រមឲ្យនរណារំលែកទុក្ខលោកឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុក ទាំងកាន់ទុក្ខ!» ហើយលោកក៏យំអាឡោះអាល័យកូន។
៣៦ រីឯយ៉ូសែបវិញ ជនជាតិម៉ាឌីយ៉ានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឲ្យមន្ត្រីរបស់ព្រះចៅផារ៉ោន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្តេច។
៣៨
លោកយូដា និងនាងថាម៉ារ
១ គ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់លោក ទៅនៅជាមួយបុរសម្នាក់ឈ្មោះហ៊ីរ៉ា នៅភូមិអាឌូឡាំ។ ២ នៅទីនោះ គាត់បានឃើញកូនស្រីរបស់លោកស៊ូអា ជាជនជាតិកាណាន គាត់ក៏យកនាងមកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង។ ៣ នាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អ៊ែរ”។ ៤ នាងមានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អូណន”។ ៥ នាងមានផ្ទៃពោះម្តងទៀត ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសម្រាលកូននោះ លោកយូដារស់នៅភូមិកេស៊ីប។
៦ លោកយូដាបានដណ្ដឹងនារីម្នាក់ ឈ្មោះថាម៉ារ មកឲ្យធ្វើជាភរិយារបស់អ៊ែរ ជាកូនច្បងរបស់គាត់។ ៧ អ៊ែរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។ ៨ ពេលនោះ លោកយូដាពោលទៅកាន់អូណនថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។ ៩ ដោយអូណនដឹងថា ពូជពង្សដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងសម្រក់ចោលទៅដី ព្រោះមិនចង់បន្តពូជឲ្យបងប្រុស។ ១០ អំពើអាក្រក់ដែលគាត់ប្រព្រឹត្តនេះ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ដែរ។ ១១ ពេលនោះ លោកយូដាពោលទៅកាន់នាងថាម៉ារជាកូនប្រសាថា៖ «ចូរកូននៅជាស្ត្រីមេម៉ាយ ហើយទៅរស់នៅផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យ»។ គាត់គិតថា «សូមកុំឲ្យកូនមួយនេះស្លាប់ដូចបងៗវាឡើយ»។ នាងថាម៉ារក៏ទៅរស់នៅផ្ទះឪពុកនាង។
១២ យូរថ្ងៃក្រោយមក ភរិយារបស់លោកយូដា គឺកូនស្រីរបស់លោកស៊ូអា បានទទួលមរណភាព។ កាលលោកយូដាបានធូរស្បើយពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិទីមណាជាមួយលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាំ មិត្តរបស់គាត់ ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។ ១៣ មានគេមកប្រាប់នាងថាម៉ារថា៖ «ឪពុកក្មេករបស់នាងឡើងទៅកាត់រោមចៀមនៅទីមណា»។ ១៤ ឮដូច្នេះ នាងថាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវចូលភូមិអេណាអ៊ីម ដែលស្ថិតនៅតាមផ្លូវទៅទីមណា។ នាងធ្វើដូច្នេះមកពីនាងឃើញថា សេឡាធំពេញវ័យហើយ តែលោកយូដាពុំបានយកនាងទៅឲ្យធ្វើជាភរិយាឡើយ។
១៥ កាលលោកយូដាឃើញនាង គាត់ស្មានថាជាស្ត្រីពេស្យា ដ្បិតនាងមានស្បៃបាំងមុខ។ ១៦ គាត់ចូលទៅជិតនាង ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថាជាកូនប្រសារបស់គាត់ទេ។ នាងតបថា៖ «បើខ្ញុំទៅជាមួយលោក តើលោកឲ្យអ្វីខ្ញុំ?»។ ១៧ គាត់ឆ្លើយថា «ខ្ញុំនឹងផ្ញើកូនពពែមួយមកឲ្យនាង»។ នាងតបទៅវិញថា៖ «ចា៎ស ខ្ញុំយល់ព្រម តែលោកត្រូវបញ្ចាំអ្វីមួយទុកឲ្យខ្ញុំ ទម្រាំខ្ញុំបានទទួលកូនពពែនោះ»។ ១៨ គាត់ពោលទៅវិញថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីទុក?»។ នាងឆ្លើយថា៖ «សុំប្រគល់ត្រារបស់លោក និងខ្សែវា ព្រមទាំងដំបងដែលលោកកាន់នោះមកឲ្យខ្ញុំ»។ លោកយូដាប្រគល់របស់ទាំងនោះឲ្យនាង រួចគាត់ក៏រួមរ័កជាមួយនាង។ បន្ទាប់មក នាងមានផ្ទៃពោះជាមួយគាត់។ ១៩ នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។
២០ លោកយូដាបានផ្ញើកូនពពែទៅឲ្យនាង តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់លោកយូដារកនាងពុំឃើញសោះ។ ២១ គាត់សួរអ្នកស្រុកនៅកន្លែងនោះថា៖ «ស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណាអ៊ីមនោះ នៅឯណា?»។ គេតបមកវិញថា៖ «នៅទីនេះ មិនដែលមានស្ត្រីពេស្យាទេ!»។ ២២ គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកស្រីនោះពុំឃើញទេ ហើយអ្នកស្រុកនោះបានប្រាប់ខ្ញុំថា “នៅទីនេះមិនដែលមានស្ត្រីពេស្យាទេ”»។ ២៣ លោកយូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅ! យើងមិនបាច់សួរដេញដោល នាំតែអ្នកស្រុកមើលងាយទេ។ ខ្ញុំបានផ្ញើកូនពពែទៅឲ្យនាងតាមសន្យា តែបើសម្លាញ់ឯងរកនាងមិនឃើញ ក៏ហីទៅចុះ!»។
២៤ បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់លោកយូដាថា៖ «នាងថាម៉ារ ជាកូនប្រសារបស់លោក បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ លោកយូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។ ២៥ ពេលគេកំពុងតែនាំនាងចេញទៅក្រៅ នាងថាម៉ារឲ្យគេទៅជម្រាបលោកយូដាថា៖ «ខ្ញុំមានផ្ទៃពោះជាមួយម្ចាស់វត្ថុទាំងនេះ សូមពុកមើលមើល៍ តើត្រានេះ និងខ្សែវា ព្រមទាំងដំបងនេះជារបស់នរណា?»។ ២៦ លោកយូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាងមកឲ្យធ្វើជាភរិយារបស់សេឡា ជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក លោកយូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
២៧ លុះជិតដល់ពេលសម្រាលកូន គេដឹងថានាងមានកូនភ្លោះក្នុងផ្ទៃនាង។ ២៨ ពេលសម្រាលកូនមានកូនមួយចេញដៃមកមុន ឆ្មបក៏យកអំបោះក្រហមចងដៃទារកនោះ ទាំងពោលថា៖ «កូនមួយនេះកើតមុន»។ ២៩ ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះ ឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្ដើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។ ៣០ បន្ទាប់មកទៀត កូនប្អូនកើតចេញមក ទាំងមានអំបោះក្រហមនៅជាប់នឹងដៃផង។ គេដាក់ឈ្មោះកូននោះថា “សេរ៉ា”។
៣៩
លោកយ៉ូសែបនៅស្រុកអេស៊ីប
១ ជនជាតិអ៊ីស្មាអែលបាននាំយ៉ូសែបចុះទៅស្រុកអេស៊ីប ហើយលក់លោកឲ្យជនជាតិអេស៊ីបម្នាក់ ឈ្មោះប៉ូទីផារ ជាមន្ត្រីរបស់ព្រះចៅផារ៉ោន និងជាមេបញ្ជាការកងរក្សាស្តេច។ ២ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ការអ្វីដែលលោកធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ លោករស់នៅក្នុងផ្ទះម្ចាស់របស់លោក ដែលជាជនជាតិអេស៊ីបនោះ។ ៣ ម្ចាស់របស់លោកឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោក ហើយការអ្វីដែលលោកធ្វើ ព្រះអង្គប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ ៤ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ គាត់ក៏ឲ្យលោកធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។ ៥ ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង និងលើទ្រព្យសម្បត្តិរបស់គាត់មក ព្រះអម្ចាស់ប្រទានពរដល់ជនជាតិអេស៊ីបនេះ ព្រោះតែលោកយ៉ូសែប ហើយព្រះអង្គក៏ប្រទានពរដល់អ្វីៗទាំងអស់ ដែលជាកម្មសិទ្ធិរបស់គាត់ គឺទាំងផ្ទះសំបែង ទាំងស្រែចម្ការ។ ៦ គាត់ប្រគល់ឲ្យលោកយ៉ូសែបគ្រប់គ្រងលើអ្វីៗទាំងអស់ដែលគាត់មាន ហើយក្រៅតែពីបរិភោគ គាត់មិនខ្វល់ខ្វាយនឹងកិច្ចការអ្វីទៀតឡើយ។ លោកយ៉ូសែបមានរូបរាងសង្ហាណាស់។
៧ ក្រោយមក ភរិយាម្ចាស់របស់លោកយ៉ូសែបចាប់ចិត្តស្រឡាញ់លោក ហើយបបួលលោកថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ ៨ លោកយ៉ូសែបបានបដិសេធ លោកពោលទៅភរិយាម្ចាស់របស់លោកថា៖ «លោកម្ចាស់របស់ខ្ញុំបានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកមាន គឺលោកមិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់លោកឡើយ។ ៩ ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ លោកអនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់ វៀរលែងតែលោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់លោក។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យព្រះជាម្ចាស់ដែរ»។ ១០ ស្ត្រីនោះលួងលោមលោកយ៉ូសែប ជារៀងរាល់ថ្ងៃ ឲ្យរួមរ័កជាមួយនាង តែលោកពុំព្រមធ្វើតាមពាក្យនាងឡើយ។ ១១ ថ្ងៃមួយ លោកយ៉ូសែបបានចូលទៅបំពេញកិច្ចការរបស់លោកនៅក្នុងផ្ទះ ពេលនោះ គ្មានអ្នកបម្រើណានៅក្នុងផ្ទះទេ ១២ ភរិយារបស់លោកប៉ូទីផារក៏ទាញអាវលោកយ៉ូសែបជាប់ ទាំងពោលថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ លោកក៏ទុកអាវលោកចោលក្នុងដៃនាង ហើយរត់ចេញមកខាងក្រៅ។ ១៣ ពេលនាងឃើញលោកទុកអាវលោកក្នុងដៃនាង និងឃើញលោករត់ចេញមកក្រៅដូច្នេះ ១៤ នាងក៏ស្រែកហៅពួកអ្នកបម្រើមកប្រាប់ថា៖ «មើលចុះ ប្តីខ្ញុំបានយកជនជាតិហេប្រឺនេះមកឲ្យមាក់ងាយយើង។ វាចូលមកបម្រុងនឹងរំលោភលើខ្ញុំ ប៉ុន្តែ ខ្ញុំបានស្រែកយ៉ាងខ្លាំង។ ១៥ ពេលវាឮខ្ញុំស្រែកហៅគេយ៉ាងខ្លាំងដូច្នេះ វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។ ១៦ នាងបានទុកអាវរបស់លោកយ៉ូសែបនៅជាមួយនាង រហូតទាល់តែប្តីវិលត្រឡប់មកផ្ទះវិញ។ ១៧ នាងបាននិយាយពាក្យដដែលទៅកាន់ប្តីថា៖ «ទាសករជាតិហេប្រឺដែលបងបានយកមកនោះ វាមករករំលោភលើខ្ញុំ ១៨ តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅនឹងខ្ញុំ ហើយរត់ចេញទៅខាងក្រៅ»។
១៩ ក្រោយពីបានឮភរិយាពោលថា “ទាសកររបស់បងប្រព្រឹត្តបែបនេះមកលើខ្ញុំ!” ម្ចាស់របស់លោកយ៉ូសែបក្ដៅក្រហាយយ៉ាងខ្លាំង។ ២០ គាត់ឲ្យគេចាប់លោកយកទៅដាក់ក្នុងពន្ធនាគារ ដែលគេឃុំឃាំងអ្នកទោសរបស់ស្តេច។
លោកយ៉ូសែបនៅក្នុងពន្ធនាគារ
ពេលលោកយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ ២១ ព្រះអម្ចាស់គង់ជាមួយលោក ហើយសម្ដែងព្រះហប្ញទ័យសប្បុរសចំពោះលោក គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់លោក។ ២២ នាយកពន្ធនាគារប្រគល់ឲ្យលោកយ៉ូសែបមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយលោកមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាននៅក្នុងពន្ធនាគារ។ ២៣ នាយកពន្ធនាគារលែងខ្វល់ខ្វាយនឹងកិច្ចការអ្វី ដែលគាត់ដាក់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ដ្បិតព្រះអម្ចាស់គង់ជាមួយលោកយ៉ូសែប កិច្ចការអ្វីដែលលោកធ្វើ ព្រះអម្ចាស់ប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
៤០
លោកយ៉ូសែបកាត់សប្តិឲ្យអ្នកទោសពីរនាក់
១ ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និងម្នាក់ទៀតមាននាទីថ្វាយនំបុ័ង។ ២ ព្រះចៅផារ៉ោនមានព្រះហប្ញទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំបុ័ងនោះជាខ្លាំង។ ៣ ស្តេចក៏បញ្ជាឲ្យយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្តេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។ ៤ មេបញ្ជាការប្រគល់លោកទាំងពីរឲ្យលោកយ៉ូសែបមើលខុសត្រូវ។
ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក ៥ មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំបុ័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។ ៦ ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់ ៧ លោកក៏សួរមហាតលិកទាំងពីររបស់ស្តេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្តេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ ៨ គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
៩ មហាតលិកដែលមាននាទីថ្វាយស្រាស្តេច បានរៀបរាប់ប្រាប់លោកយ៉ូសែបអំពីសុបិនរបស់គាត់ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពាំងបាយជូរមួយដើម នៅពីមុខខ្ញុំ។ ១០ ដើមទំពាំងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។ ១១ ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។ ១២ លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។ ១៣ បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្តេច ដូចលោកធ្លាប់ធ្វើកាលពីមុន។ ១៤ ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង ១៥ ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុសគួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
១៦ មហាតលិកដែលមាននាទីថ្វាយនំបុ័ង ឃើញលោកយ៉ូសែបកាត់សប្តិឲ្យមហាតលិកម្នាក់ទៀតល្អគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។ ១៧ នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខ ដែលព្រះចៅផារ៉ោនធ្លាប់សោយ។ ក៏ប៉ុន្តែ មានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។ ១៨ លោកយ៉ូសែបតបវិញថា៖ «សុបិនរបស់លោកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។ ១៩ នៅបីថ្ងៃទៀត ព្រះចៅផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គេយកលោកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់លោក»។
២០ បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មព្រះចៅផារ៉ោន ស្តេចបានជប់លៀងក្រុមមន្ត្រីរបស់ស្តេច។ ពេលនោះ ស្តេចបានឲ្យគេដោះលែងមហាតលិកទាំងពីរ នៅមុខមន្ត្រីទាំងអស់។ ២១ ព្រះរាជាបានតែងតាំងមហាតលិកដែលមាននាទីថ្វាយស្រា ឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។ ២២ ប៉ុន្តែ ស្តេចបញ្ជាឲ្យគេយកមហាតលិកថ្វាយនំបុ័ងទៅព្យួរ ក ស្របតាមពាក្យដែលលោកយ៉ូសែបបកស្រាយប្រាប់។
២៣ រីឯមហាតលិកដែលមាននាទីថ្វាយស្រា មិនបាននឹកនាដល់លោកយ៉ូសែបទេ គាត់ភ្លេចសូន្យឈឹង។
៤១
សុបិនរបស់ព្រះចៅផារ៉ោន
១ ពីរឆ្នាំក្រោយមក ព្រះចៅផារ៉ោនសុបិនដូចតទៅ គឺឃើញព្រះអង្គឈរនៅមាត់ទន្លេនីល។ ២ មានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។ ៣ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗសល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។ ៤ គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។ ៥ បន្ទាប់មក ស្តេចផ្ទំលក់សាជាថ្មី ហើយព្រះអង្គសុបិនម្តងទៀត។ ស្តេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ ៦ ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ ៧ កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។
៨ ព្រឹកឡើង ព្រះចៅផារ៉ោនមានព្រះហប្ញទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយតំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះថ្វាយព្រះចៅផារ៉ោនឡើយ។ ៩ ពេលនោះ មហាតលិកដែលមាននាទីថ្វាយស្រា បានទូលព្រះចៅផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំសូមសារភាពកំហុសមួយ។ ១០ កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើរបស់ព្រះអង្គ ហើយបញ្ជាឲ្យគេយកទូលបង្គំ ព្រមទាំងមហាតលិកដែលមាននាទីថ្វាយនំបុ័ង ទៅឃុំឃាំងក្នុងពន្ធនាគាររបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ។ ១១ ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ដែលមានន័យប្លែកពីគ្នា។ ១២ ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរបានតំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យទូលបង្គំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។ ១៣ ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺព្រះករុណាប្រទានឲ្យទូលបង្គំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្តេចឲ្យគេព្យួរ ក មហាតលិកម្នាក់ទៀត»។
១៤ ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។ ១៥ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេតំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។ ១៦ លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «មិនមែនទូលបង្គំទេដែលចេះកាត់ស្រាយន័យ! មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យថ្វាយព្រះករុណាបាន»។
១៧ ពេលនោះ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបថា៖ «យើងបានយល់សុបិនថា យើងកំពុងតែឈរនៅមាត់ទន្លេ។ ១៨ ពេលនោះ មានគោញីធាត់ៗល្អប្រាំពីរក្បាល ឡើងពីទន្លេមក ស៊ីស្មៅតាមមាត់ច្រាំង។ ១៩ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗ អាក្រក់មើល សល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយដែរ យើងមិនដែលឃើញគោណាអាក្រក់មើលបែបនេះ នៅស្រុកអេស៊ីបទាំងមូលឡើយ។ ២០ គោញីស្គមៗសល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗ ដែលឡើងមកមុននោះអស់ទៅ។ ២១ ទោះបីគោញីស្គមៗលេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ ២២ បន្ទាប់មក យើងយល់សុបិនម្តងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ ២៣ ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ ២៤ កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានតំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឲ្យយើងបានឡើយ»។
២៥ លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាមានអត្ថន័យដូចគ្នាទេ គឺព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីកិច្ចការ ដែលព្រះអង្គបម្រុងនឹងធ្វើ។ ២៦ គោញីធាត់ៗល្អទាំងប្រាំពីរក្បាលមានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។ ២៧ គោញីប្រាំពីរក្បាលស្គម សល់តែស្បែក និងឆ្អឹង ដែលឡើងមកតាមក្រោយនោះ មានន័យថាប្រាំពីរឆ្នាំដែរ ហើយកួរស្រូវស្កកដែលស្លោកដោយចំហាយខ្យល់ពីទិសខាងកើតនោះ មានន័យថា មានកើតទុរ្ភិក្សប្រាំពីរឆ្នាំ។ ២៨ បពិត្រព្រះចៅផារ៉ោន ទូលបង្គំទើបនឹងទូលព្រះករុណាស្រាប់ហើយ ថាព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលព្រះអង្គបម្រុងនឹងធ្វើ ២៩ គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូលនឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។ ៣០ ប្រាំពីរឆ្នាំបន្ទាប់មកទៀតនឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។ ៣១ ប្រជាជននឹងលែងនឹកឃើញអំពីគ្រាសម្បូណ៌ហូរហៀរ ក្នុងស្រុកទៀតហើយ ព្រោះតែអត់ឃ្លានខ្លាំងពេក។ ៣២ ព្រះករុណាព្រះអង្គសុបិនដល់ទៅពីរដងដូច្នេះ បញ្ជាក់ថា ព្រះជាម្ចាស់បានគ្រោងនឹងធ្វើកិច្ចការនេះរួចស្រេចហើយ ហើយព្រះអង្គនឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។ ៣៣ ឥឡូវនេះ សូមព្រះករុណារកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប។ ៣៤ សូមព្រះករុណាតែងតាំងមន្ត្រីផ្សេងៗឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំ ពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។ ៣៥ មន្ត្រីទាំងនោះត្រូវប្រមែប្រមូលស្បៀងអាហារ ក្នុងរយៈពេលប្រាំពីរឆ្នាំសម្បូណ៌ហូរហៀរ បង្ការទុកនៅក្នុងឃ្លាំងតាមក្រុងនានា ក្រោមព្រះរាជបញ្ជារបស់ព្រះករុណាផ្ទាល់។ ៣៦ ស្បៀងនោះត្រូវរក្សាទុកសម្រាប់ស្រុកទេស ដើម្បីយកមកប្រើប្រាស់ក្នុងពេលទុរ្ភិក្សប្រាំពីរឆ្នាំ នៅស្រុកអេស៊ីប កុំឲ្យប្រជាជនត្រូវស្លាប់ដោយអត់ឃ្លាន»។
ព្រះចៅផារ៉ោនតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីប
៣៧ ព្រះចៅផារ៉ោនសព្វព្រះហប្ញទ័យនឹងពាក្យរបស់លោកយ៉ូសែប ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ ៣៨ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយ ដូចលោកនេះឡើយ»។ ៣៩ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញឲ្យលោកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចលោកទេ។ ៤០ ដូច្នេះ យើងសុំតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីប ហើយប្រជារាស្ត្ររបស់យើងទាំងមូលនឹងស្ថិតនៅក្រោមបញ្ជារបស់លោក។ មានតែព្រះរាជបល្ល័ង្កមួយប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឋានៈខ្ពស់ជាងលោក»។ ៤១ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «ឥឡូវនេះ យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។ ៤២ ពេលនោះ ព្រះចៅផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តព្រះអង្គ ពាក់ឲ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកថែមទៀតផង ៤៣ រួចឲ្យលោកឡើងជិះរាជរថ ដែលនៅបន្ទាប់ពីព្រះអង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយបង្គំ!»។ ព្រះចៅផារ៉ោនបានតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។ ៤៤ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។ ៤៥ ព្រះចៅផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា “សាផ្នាតប៉ាណេអា” ហើយស្តេចដណ្ដឹងនាងអស្នាថ ដែលត្រូវជាកូនស្រីរបស់លោកប៉ូទីភេរ៉ា ជាបូជាចារ្យនៅក្រុងអូន មកឲ្យលោកធ្វើជាភរិយា។ ពេលនោះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។ ៤៦ កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
៤៧ ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្តល់ភោគផលយ៉ាងច្រើនបរិបូណ៌។ ៤៨ ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។ ៤៩ លោកយ៉ូសែបប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់ឡើយ។
៥០ នៅឆ្នាំមុនកើតទុរ្ភិក្ស លោកស្រីអស្នាថ ជាកូនរបស់លោកប៉ូទីភេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតកូនប្រុសពីរជូនលោកយ៉ូសែប។ ៥១ លោកយ៉ូសែបដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតលោកពោលថា “ព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្តានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។ ៥២ លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុក ដែលខ្ញុំបានរងទុក្ខវេទនានេះ”។
៥៣ លុះស្រុកអេស៊ីបបានសម្បូណ៌ហូរហៀរគម្រប់ប្រាំពីរឆ្នាំហើយ ៥៤ ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្តើមកើតមាន ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូលមានអាហារបរិភោគគ្រប់គ្រាន់។ ៥៥ ក្រោយមក ប្រជាជននៅស្រុកអេស៊ីបចាប់ផ្តើមខ្វះខាត គេក៏នាំគ្នាទាមទារសុំស្បៀងអាហារពីព្រះចៅផារ៉ោន ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមពាក្យលោកចុះ»។ ៥៦ ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញស្រុកអេស៊ីបទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងប៉ុន្មាននៅតាមក្រុងនានា លក់ស្រូវឲ្យជនជាតិអេស៊ីប ប៉ុន្តែ ទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗ ក្នុងស្រុកអេស៊ីប។ ៥៧ មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។
៤២
លោកយ៉ាកុបចាត់កូនឲ្យទៅស្រុកអេស៊ីប
១ នៅគ្រានោះ លោកយ៉ាកុបបានឮដំណឹងថាមានស្រូវនៅស្រុកអេស៊ីប លោកក៏មានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។ ២ លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកូននាំគ្នាចុះទៅស្រុកអេស៊ីប រកទិញស្បៀងអាហារមក ដើម្បីយើងបានរួចជីវិត កុំឲ្យយើងអត់បាយស្លាប់ឡើយ»។ ៣ បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប ៤ តែលោកយ៉ាកុបពុំបានចាត់បេនយ៉ាមីន ជាប្អូនរបស់លោកយ៉ូសែប ឲ្យទៅជាមួយបងៗឡើយ ព្រោះលោកគិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។ ៥ កូនៗរបស់លោកអ៊ីស្រាអែលបាននាំគ្នាមកទិញស្រូវ ដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។ ៦ នៅគ្រានោះ លោកយ៉ូសែបមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយលោកចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់លោកនាំគ្នាមកក្រាបថ្វាយបង្គំលោក ឱនមុខចុះដល់ដី។ ៧ កាលលោកយ៉ូសែបឃើញបងៗ លោកស្គាល់ភ្លាម តែលោកមិនបានធ្វើឲ្យគេស្គាល់វិញទេ។ លោកមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំប្របាទមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។ ៨ លោកយ៉ូសែបស្គាល់បងៗ តែពួកគេមិនបានស្គាល់លោកទេ។ ៩ ពេលនោះ លោកយ៉ូសែបនឹកឃើញសុបិនរបស់លោកស្តីអំពីបងៗថ្វាយបង្គំលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែង ដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។ ១០ ពួកគេតបវិញថា៖ «ប្របាទទេ លោកម្ចាស់! យើងខ្ញុំមកនេះ ដើម្បីសុំទិញស្បៀងទេតើ។ ១១ យើងខ្ញុំទាំងអស់គ្នាជាបងប្អូនបង្កើត មានឪពុកតែមួយ យើងខ្ញុំប្របាទសុទ្ធតែជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ»។ ១២ លោកយ៉ូសែបតបថា៖ «មិនពិតទេ! ពួកឯងមកទីនេះក្នុងគោលបំណងរកមើលកន្លែងដែលគ្មានទីតាំងមាំទាំ»។ ១៣ ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំប្របាទមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយ នៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។ ១៤ លោកយ៉ូសែបមានប្រសាសន៍ថា៖ «ឃើញទេ ពិតដូចពាក្យខ្ញុំថាមែន គឺឯងរាល់គ្នាជាអ្នកស៊ើបការណ៍! ១៥ ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាព្រះចៅផារ៉ោននៅមានព្រះជន្ម ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! ១៦ ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅហៅប្អូនពៅពួកឯងមក រីឯឯងរាល់គ្នាត្រូវនៅជាប់គុកសិន។ ធ្វើដូច្នេះ យើងនឹងដឹងថាពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងមុខជាដឹងថា ឯងរាល់គ្នាជាអ្នកស៊ើបការណ៍មែន។ សូមព្រះចៅផារ៉ោនធ្វើជាសាក្សី!»។ ១៧ បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគេឃុំឃាំងបងៗ អស់រយៈពេលបីថ្ងៃ។ ១៨ នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅបងៗថា៖ «ខ្ញុំជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ បើពួកឯងចង់បានរួចជីវិត ត្រូវធ្វើដូចតទៅ: ១៩ ប្រសិនបើឯងរាល់គ្នាពិតជាមនុស្សទៀងត្រង់មែន ត្រូវទុកនរណាម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យជាប់ឃុំឃាំងនៅទីនេះសិន រីឯអ្នកឯទៀតៗត្រូវវិលត្រឡប់ទៅស្រុកវិញ ដោយយកស្បៀងអាហារទៅឲ្យក្រុមគ្រួសារ ដែលកំពុងតែអត់ឃ្លាននោះចុះ។ ២០ បន្ទាប់មក ត្រូវនាំប្អូនរបស់ឯងរាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលឯងរាល់គ្នានិយាយ។ ដូច្នេះ ឯងរាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។ ២១ គេក៏យល់ស្របធ្វើតាម ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ យើងបានប្រព្រឹត្តខុសចំពោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខលំបាករបស់វា នៅពេលដែលវាទទូចអង្វរយើង តែយើងពុំបានស្តាប់វាទេ។ ហេតុនេះហើយបានជាយើងកើតទុក្ខលំបាកដូច្នោះដែរ»។ ២២ លោករូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នាហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្តាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។ ២៣ ពួកគេពុំដឹងថា លោកយ៉ូសែបស្តាប់បានទាំងអស់ទេ ដ្បិតពេលលោកនិយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ ២៤ លោកយ៉ូសែបចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយ៉ូសែបបានយកលោកស៊ីម៉ូនចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។ ២៥ លោកយ៉ូសែបបញ្ជាអ្នកបម្រើឲ្យច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់ទៅក្នុងថង់របស់គេរៀងៗខ្លួនវិញ ព្រមទាំងឲ្យស្បៀងសម្រាប់បរិភោគតាមផ្លូវទៀតផង។ លោកប្រព្រឹត្តដូច្នេះចំពោះបងៗ។ ២៦ ពួកបងៗក៏នាំគ្នាលើកស្រូវដាក់លើខ្នងលា រួចចេញដំណើរពីទីនោះទៅ។ ២៧ លុះទៅដល់កន្លែងឈប់សម្រាកនៅតាមផ្លូវ មានពួកគេម្នាក់ស្រាយបាវ យកស្មៅឲ្យលាស៊ី ហើយឃើញប្រាក់របស់ខ្លួននៅមាត់បាវ។ ២៨ គាត់ក៏ប្រាប់បងប្អូនថា៖ «គេសងប្រាក់ខ្ញុំវិញហើយ មើលនែ៎ ប្រាក់ខ្ញុំនៅក្នុងបាវ!»។ ពេលនោះ គេភាំងស្មារតី តក់ស្លុតជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «មិនដឹងជាព្រះជាម្ចាស់ចង់ធ្វើយ៉ាងណាចំពោះយើងទេ!»។
២៩ ពេលពួកគេបានទៅជួបជុំនឹងលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់លោកនូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។ ៣០ ពួកគេជម្រាបឪពុកថា៖ «លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការណ៍ទៀតផង។ ៣១ ពួកកូនបានឆ្លើយវិញថា “យើងខ្ញុំជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ។ ៣២ យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ឪពុកតែមួយ ប្អូនយើងខ្ញុំម្នាក់បានស្លាប់បាត់ទៅហើយ រីឯប្អូនពៅនៅជាមួយឪពុក នៅស្រុកកាណាន”។ ៣៣ លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបនោះ មានប្រសាសន៍មកពួកកូនវិញថា “តោងធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំដឹងថា ឯងរាល់គ្នាពិតជានិយាយត្រង់មែនឬយ៉ាងណា គឺទុកម្នាក់ឲ្យនៅទីនេះជាមួយខ្ញុំសិន ហើយអ្នកឯទៀតៗយកស្រូវតាមសេចក្តីត្រូវការរបស់គ្រួសារ ដែលកំពុងអត់ឃ្លាន ៣៤ រួចនាំគ្នាទៅចុះ។ បន្ទាប់មក ចូរនាំប្អូនពៅមកជួបខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ តែជាមនុស្សទៀងត្រង់។ បន្ទាប់មក ខ្ញុំនឹងដោះលែងអ្នកដែលជាប់ឃុំឃាំងនៅទីនេះ ហើយអ្នករាល់គ្នាអាចរកស៊ីលក់ដូរនៅស្រុកនេះបាន”»។
៣៥ ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។ ៣៦ លោកយ៉ាកុប ជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយ៉ូសែបក៏បាត់ ស៊ីម៉ូនក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។ ៣៧ លោករូបេនជម្រាបឪពុកថា៖ «ប្រសិនបើកូនមិននាំបេនយ៉ាមីនមកជូនលោកឪពុកវិញទេនោះ សូមសម្លាប់កូនប្រុសទាំងពីររបស់កូនទៅ! កូនសូមធានាខុសត្រូវទាំងស្រុង គឺកូនមុខជានាំវាមកជូនលោកឪពុកវិញមិនខាន»។ ៣៨ លោកយ៉ាកុបមានប្រសាសន៍ថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវ ដែលកូនៗបម្រុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
៤៣
លោកបេនយ៉ាមីនទៅស្រុកអេស៊ីបជាមួយបងៗ
១ ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ ២ កាលបរិភោគស្រូវដែលគេបានយកមកពីស្រុកអេស៊ីបនោះអស់ហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកូនៗថា៖ «ចូរកូននាំគ្នាវិលទៅរកទិញស្បៀងអាហារខ្លះពីស្រុកអេស៊ីបមក»។ ៣ លោកយូដាតបថា៖ «លោកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”។ ៤ ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបកូនសុខចិត្តចុះទៅរកទិញស្បៀងអាហារមក។ ៥ ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតលោកនោះមានប្រសាសន៍ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ ៦ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបលោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។ ៧ ពួកគេតបវិញថា៖ «លោកបានជំរិតសួរចម្លើយពួកកូន ឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្តានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់លោក។ ពួកកូនមិននឹកស្មានថា លោកនឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។ ៨ លោកយូដាជម្រាបលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យអាពៅទៅជាមួយកូនចុះ។ យើងត្រូវតែរៀបចំខ្លួនចេញទៅ ដើម្បីកុំឲ្យយើងស្លាប់ គឺឲ្យយើងបានរួចជីវិត ទាំងលោកឪពុក ទាំងចៅៗ និងពួកកូនផ្ទាល់។ ៩ កូននឹងធានាមើលថែរក្សាវា កូនសូមរ៉ាប់រងទាំងអស់ ប្រសិនបើកូនមិនយកវាមកឲ្យលោកឪពុកឃើញមុខទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត។ ១០ មួយវិញទៀត ប្រសិនបើយើងមិនពន្យារពេលទេនោះ ម៉្លេះសមយើងត្រឡប់មកវិញពីរដងរួចទៅហើយ»។ ១១ លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនលោកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្តែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ ១២ ចូរយកប្រាក់ទៅជាមួយពីរដងច្រើនជាងមុន គឺយកប្រាក់ដែលពួកកូនបានឃើញនៅក្នុងបាវស្រូវនោះទៅផង ប្រហែលមកពីគេដាក់ច្រឡំ។ ១៣ ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបលោកនោះទៅ។ ១៤ សូមព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុតប្រទានឲ្យលោកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម៉ូន និងបេនយ៉ាមីនវិលត្រឡប់មកវិញជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។
លោកយ៉ូសែបជួបបងប្អូនជាលើកទីពីរ
១៥ កូនៗរបស់លោកយ៉ាកុបបាននាំគ្នាយកជំនូន យកប្រាក់មួយជាទ្វេ ព្រមទាំងយកបេនយ៉ាមីន ចេញដំណើរឆ្ពោះទៅស្រុកអេស៊ីប ហើយចូលជួបលោកយ៉ូសែប។ ១៦ កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយបងៗ លោកក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់រួមជាមួយខ្ញុំ»។ ១៧ បុរសនោះធ្វើតាមពាក្យលោកយ៉ូសែបបង្គាប់ រួចនាំពួកគេចូលទៅក្នុងផ្ទះ។ ១៨ កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ ១៩ ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់លោកយ៉ូសែប ហើយពោលទៅគាត់ថា៖ ២០ «សូមទោសលោកម្ចាស់ យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្តងរួចមកហើយ។ ២១ ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ ២២ ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះ ក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។ ២៣ បុរសនោះតបវិញថា៖ «កុំព្រួយបារម្ភ ហើយកុំភ័យខ្លាចធ្វើអ្វី! គឺព្រះរបស់អ្នករាល់គ្នា ជាព្រះនៃឪពុករបស់អ្នករាល់គ្នាទេតើ ដែលបានដាក់ប្រាក់ទៅក្នុងបាវនោះ។ រីឯប្រាក់ថ្លៃស្រូវ ខ្ញុំបានទទួលគ្រប់អស់ហើយ»។ បន្ទាប់មក គាត់ដោះលែងស៊ីម៉ូនឲ្យជួបជុំនឹងពួកគេវិញដែរ។ ២៤ បុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប គាត់យកទឹកឲ្យពួកគេលាងជើង ហើយយកស្មៅមកឲ្យលាស៊ីផងដែរ។ ២៥ ក្នុងពេលរង់ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់នោះ ពួកគេបានរៀបចំជំនូនសម្រាប់លោកយ៉ូសែប ដ្បិតពួកគេឮដំណឹងថា ពួកគេនឹងពិសាបាយនៅទីនេះ។
២៦ ពេលលោកយ៉ូសែបមកដល់ផ្ទះវិញ បងៗក៏នាំគ្នាយកជំនូនមកជូនលោក ហើយក្រាបដល់ដីថ្វាយបង្គំលោក។ ២៧ លោកសួរសុខទុក្ខពួកគេ ហើយមានប្រសាសន៍ថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថាមានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?» ២៨ ពួកគេតបថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាឱនកាយក្រាបថ្វាយបង្គំលោក។ ២៩ លោកយ៉ូសែបសម្លឹងមើលទៅឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកសួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានតំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចលោកបន្ថែមថា៖ «សូមព្រះជាម្ចាស់ប្រណីសន្តោសដល់អ្នក!»។ ៣០ ពេលលោកយ៉ូសែបឃើញប្អូន លោកអួលដើមក លោកក៏ចូលទៅយំនៅក្នុងបន្ទប់ ព្រោះទប់ទឹកភ្នែកពុំបាន។ ៣១ ក្រោយលុបលាងមុខរួចហើយ លោកក៏ចេញមកវិញ ទាំងខំប្រឹងទប់ចិត្តឲ្យស្ងប់ ហើយប្រាប់គេឲ្យលើកម្ហូបអាហារមក។ ៣២ គេលើកម្ហូបអាហារមកជូនលោកដោយឡែក បងប្អូនលោកដោយឡែក និងជនជាតិអេស៊ីបដែលបរិភោគជាមួយលោក ដោយឡែក ដ្បិតជនជាតិអេស៊ីបគ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។ ៣៣ បងប្អូនរបស់លោកយ៉ូសែបអង្គុយបរិភោគ នៅទល់មុខលោក តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេរហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។ ៣៤ លោកយ៉ូសែបឲ្យអ្នកបម្រើយកម្ហូបអាហារពីតុរបស់លោកទៅជូនបងប្អូន បេនយ៉ាមីនទទួលប្រាំដងច្រើនជាងបងៗទាំងអស់សរុបគ្នា។ ពួកគេក៏ផឹកស្រាយ៉ាងច្រើនជាមួយលោកយ៉ូសែបដែរ។
៤៤
លោកយ៉ូសែបលមើលចិត្តបងៗ
១ បន្ទាប់មក លោកយ៉ូសែបបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗនៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។ ២ ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។ ៣ លុះភ្លឺឡើង គេអនុញ្ញាតឲ្យកូនៗរបស់លោកយ៉ាកុបដឹកលាចាកចេញទៅ តាំងពីព្រលឹម។ ៤ ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច លោកយ៉ូសែបមានប្រសាសន៍ទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់លោកថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ? ៥ ម្ចាស់របស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។ ៦ អ្នកមើលខុសត្រូវលើផ្ទះដេញតាមពួកគេទាន់ ហើយនិយាយទៅពួកគេ តាមពាក្យលោកយ៉ូសែបបង្គាប់។ ៧ ពួកគេតបមកវិញថា៖ «ហេតុដូចម្តេចបានជាលោកម្ចាស់មានប្រសាសន៍ដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។ ៨ ពេលយើងខ្ញុំឃើញប្រាក់នៅមាត់បាវស្រូវ យើងខ្ញុំបានយកប្រាក់នោះ ពីស្រុកកាណានមកជូនលោកវិញ ដូច្នេះ តើឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះម្ចាស់របស់លោកដូចម្តេចកើត!។ ៩ ក្នុងចំណោមយើងខ្ញុំ បើលោកម្ចាស់រកឃើញថា អ្នកណាលួចយកពែង អ្នកនោះត្រូវទទួលទោសដល់ជីវិត ហើយសូមយកយើងខ្ញុំទៅធ្វើជាទាសករចុះ!»។ ១០ បុរសនោះតបថា៖ «អ៊ីចឹងក៏បាន ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នករាល់គ្នា! បើខ្ញុំរកឃើញពែងក្នុងបាវអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ ប៉ុន្តែ អ្នកឯទៀតៗនឹងបានរួចខ្លួន»។ ១១ ពួកគេប្រញាប់ប្រញាល់ទម្លាក់បាវស្រូវរៀងៗខ្លួនចុះមកដី ហើយស្រាយមាត់បាវ។ ១២ អ្នកមើលខុសត្រូវលើផ្ទះលោកយ៉ូសែប ក៏ចាប់ផ្តើមឆែកឆេរមើលបាវរបស់អ្នកដែលចាស់ជាងគេ រហូតដល់អ្នកដែលក្មេងជាងគេ ហើយរកពែងនោះឃើញនៅក្នុងបាវរបស់បេនយ៉ាមីន។ ១៣ បងៗនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន ហើយម្នាក់ៗលើកបាវដាក់លើខ្នងលា ត្រឡប់ទៅទីក្រុងវិញ។
១៤ លោកយូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់លោកយ៉ូសែប ឃើញលោកនៅទីនោះនៅឡើយ។ ពួកគេក្រាបថ្វាយបង្គំលោកដល់ដី។ ១៥ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។ ១៦ លោកយូដាតបថា៖ «យើងខ្ញុំប្របាទគ្មានអ្វីឆ្លើយនឹងលោកម្ចាស់ទេ យើងខ្ញុំក៏រកពាក្យមកដោះសាពុំបានដែរ ព្រះជាម្ចាស់បានបង្ហាញកំហុសរបស់យើងខ្ញុំស្រាប់ហើយ ដូច្នេះ យើងខ្ញុំ ព្រមទាំងអ្នកដែលបានលួចពែង សុខចិត្តធ្វើជាទាសកររបស់លោកម្ចាស់»។ ១៧ លោកយ៉ូសែបប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញដោយសុខសាន្តចុះ»។
លោកយូដាអង្វរករឲ្យលោកបេនយ៉ាមីន
១៨ ពេលនោះ លោកយូដាខិតចូលទៅជិតលោកយ៉ូសែបអង្វរថា៖ «លោកម្ចាស់អើយ សូមមេត្តាប្រោសប្រណី សូមអនុញ្ញាតឲ្យខ្ញុំប្របាទជម្រាបជូនលោកម្ចាស់ស្តាប់មួយម៉ាត់សិន សូមកុំខឹងនឹងខ្ញុំប្របាទឡើយ ដ្បិតលោកម្ចាស់មានអំណាចស្មើនឹងព្រះចៅផារ៉ោនដែរ។ ១៩ លោកម្ចាស់បានសួរយើងខ្ញុំថា “អ្នករាល់គ្នាមានឪពុក មានប្អូនឬទេ” ២០ យើងខ្ញុំបានជម្រាបលោកម្ចាស់វិញថា “យើងខ្ញុំមានឪពុកចាស់ជរា ហើយយើងខ្ញុំក៏មានប្អូនពៅម្នាក់ ដែលកើតមកក្នុងពេលឪពុកចាស់ហើយនោះដែរ បងរបស់វាបានស្លាប់បាត់ទៅហើយ ដូច្នេះ ក្នុងចំណោមកូនដែលកើតមកពីម្តាយវា នៅសល់តែវាម្នាក់គត់។ ឪពុកស្រឡាញ់ប្អូនពៅនេះខ្លាំងណាស់”។ ២១ លោកម្ចាស់បានប្រាប់យើងខ្ញុំថា “ចូរនាំវាមកឲ្យយើងឃើញផ្ទាល់នឹងភ្នែកផង!”។ ២២ យើងខ្ញុំបានជម្រាបលោកម្ចាស់ថា “ប្អូនប្រុសរបស់យើងខ្ញុំពុំអាចឃ្លាតចេញពីឪពុកបានឡើយ បើវាឃ្លាតចេញនោះ ឪពុកយើងខ្ញុំមុខជាទទួលមរណភាពមិនខាន”។ ២៣ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។ ២៤ ពេលយើងខ្ញុំវិលទៅជួបឪពុកវិញ យើងខ្ញុំបានយកប្រសាសន៍របស់លោកម្ចាស់ទៅរៀបរាប់ជម្រាបគាត់។ ២៥ ឪពុកមានប្រសាសន៍មកយើងខ្ញុំថា “ចូរនាំគ្នាវិលទៅរកទិញស្បៀងអាហារសម្រាប់ក្រុមគ្រួសារយើងមក”។ ២៦ យើងខ្ញុំតបវិញថា “កូនៗមិនអាចទៅបានទេ ទាល់តែអាពៅទៅជាមួយ ទើបកូនៗទៅបាន ដ្បិតកូនៗអាចជួបមុខលោកនោះបាន លុះត្រាណាតែមានប្អូនទៅជាមួយ”។ ២៧ ឪពុករបស់យើងខ្ញុំមានប្រសាសន៍មកយើងខ្ញុំថា “កូនៗដឹងហើយថា ប្រពន្ធរបស់ពុកមានកូនប្រុសតែពីរនាក់ទេ។ ២៨ ម្នាក់បានចាកចេញពីពុកទៅហើយ ប្រហែលមានសត្វព្រៃមកហែកវាស៊ី បានជាពុកលែងឃើញវារហូតមកទល់សព្វថ្ងៃ។ ២៩ ឥឡូវនេះ កូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជាធ្វើឲ្យពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងវេទនាមិនខាន”។ ៣០ ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ ៣១ ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។ ៣២ ខ្ញុំប្របាទផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំប្របាទថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។ ៣៣ ដូច្នេះ សូមលោកម្ចាស់មេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទធ្វើជាទាសកររបស់លោកម្ចាស់នៅទីនេះ ជំនួសប្អូន។ សូមលោកម្ចាស់អនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។ ៣៤ ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំប្របាទមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំប្របាទមិនចង់ឃើញឪពុកខ្ញុំប្របាទមានទុក្ខវេទនាឡើយ»។
៤៥
លោកយ៉ូសែបបង្ហាញខ្លួនឲ្យបងប្អូនស្គាល់
១ ដោយលោកយ៉ូសែបពុំអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជុំវិញលោក លោកក៏បញ្ជាឲ្យពួកគេចេញទៅ។ ពេលលោកយ៉ូសែបបង្ហាញឲ្យបងៗស្គាល់លោកនោះ គ្មានអ្នកឯទៀតៗនៅជាមួយទេ។ ២ លោកទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ព្រះចៅផារ៉ោនក៏បានឮដែរ។ ៣ លោកមានប្រសាសន៍ទៅបងប្អូនលោកថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បងប្អូនរបស់លោករកឆ្លើយពុំបានទេ គេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញលោកនៅនឹងមុខដូច្នេះ។ ៤ លោកយ៉ូសែបមានប្រសាសន៍ថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែបប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនាំយកមកស្រុកអេស៊ីបនេះ។ ៥ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្តាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ ៦ មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។ ៧ ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ ៨ ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនឲ្យមកទីនេះ ព្រះអង្គបានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺឲ្យប្អូនត្រួតត្រាលើព្រះរាជវាំងរបស់ស្តេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។ ៩ សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជម្រាបលោកថា “យ៉ូសែប ជាកូនលោកឪពុក សូមផ្តាំមកថា ព្រះជាម្ចាស់បានតែងតាំងកូនឲ្យធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ ១០ លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ក្បែរកូន គឺទាំងលោកឪពុក ទាំងកូន ទាំងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាននោះផងដែរ។ ១១ កូននឹងជួយឧបត្ថម្ភលោកឪពុក មិនឲ្យលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។ ១២ បងៗបានឃើញប្អូនផ្ទាល់នឹងភ្នែក ប្អូនបេនយ៉ាមីនក៏បានឃើញផ្ទាល់នឹងភ្នែកដែរថា គឺពិតជាខ្ញុំហ្នឹងហើយ ដែលកំពុងតែនិយាយជាមួយបងៗ។ ១៣ សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានជ្រាបផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានជ្រាបនូវអ្វីៗទាំងអស់ ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។
១៤ លោកយ៉ូសែបស្ទុះទៅឱបបេនយ៉ាមីន ជាប្អូន រួចយំ រីឯបេនយ៉ាមីនក៏យំឱបលោកយ៉ូសែបដែរ។ ១៥ បន្ទាប់មក លោកថើបបងៗទាំងអស់ ទាំងយំទៀតផង រួចហើយ បងប្អូនលោកក៏និយាយសំណេះសំណាលជាមួយលោក។
១៦ ដំណឹងនេះបានលេចឮទៅដល់វាំងរបស់ព្រះចៅផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបមកដល់ហើយ ធ្វើឲ្យទាំងស្តេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។ ១៧ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សុំប្រាប់បងប្អូនរបស់លោកថា “ចូរនាំគ្នារៀបចំសត្វពាហនៈចេញដំណើរទៅស្រុកកាណានយ៉ាងប្រញាប់ ១៨ រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។ ១៩ សុំលោកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។ ២០ មិនត្រូវនឹកស្តាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតនៅស្រុកអេស៊ីបអ្នករាល់គ្នានឹងបានកន្លែងដ៏ល្អជាងគេ”»។ ២១ កូនៗរបស់លោកអ៊ីស្រាអែលនាំគ្នាធ្វើតាមរាជឱង្ការនេះ។ លោកយ៉ូសែបយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ព្រះចៅផារ៉ោន ហើយលោកក៏ឲ្យស្បៀងអាហារគេ សម្រាប់បរិភោគតាមផ្លូវដែរ។ ២២ លោកបានយកសម្លៀកបំពាក់មកឲ្យបងៗទាំងអស់គ្នា។ រីឯបេនយ៉ាមីនវិញ លោកឲ្យប្រាក់សុទ្ធប្រមាណកៅសិបតម្លឹង និងឲ្យសម្លៀកបំពាក់ប្រាំបន្លាស់។ ២៣ លោកក៏ផ្ញើលាឈ្មោលដប់ក្បាល ដែលមានផ្ទុកភោគផលដ៏ល្អបំផុតនៅស្រុកអេស៊ីប ព្រមទាំងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងស្បៀងអាហារផ្សេងៗ ទៅជូនឪពុករបស់លោក ទុកសម្រាប់ធ្វើដំណើរមក។ ២៤ បន្ទាប់មក លោកឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្តាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
២៥ ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ។ ២៦ គេនាំគ្នាជម្រាបលោកយ៉ាកុបថា៖ «យ៉ូសែបនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ លោកយ៉ាកុបមិនរំភើបចិត្តសោះ ព្រោះលោកមិនជឿសម្ដីរបស់ពួកគេទេ។ ២៧ ពួកគេក៏ជម្រាបជូននូវសេចក្តីទាំងប៉ុន្មានដែលលោកយ៉ូសែបបានផ្តាំមក។ ពេលឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីដឹកលោកទៅស្រុកអេស៊ីប លោកយ៉ាកុប ជាឪពុក ក៏ភ្ញាក់ស្មារតីឡើងវិញ ២៨ ហើយមានប្រសាសន៍ថា៖ «បានហើយ ពុកជឿ! យ៉ូសែបកូនប្រុសឪពុកនៅរស់នៅឡើយ! ពុកចង់ទៅជួបមុខវា មុននឹងពុកលាចាកលោកនេះ»។
៤៦
លោកយ៉ាកុបទៅនៅប្រទេសអេស៊ីប
១ លោកអ៊ីស្រាអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ លុះទៅដល់បៀរសេបា លោកបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ជាព្រះរបស់លោកអ៊ីសាក ជាឪពុក។
២ ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកអ៊ីស្រាអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រាអែលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់!»។ ៣ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។ ៤ យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។
៥ លោកយ៉ាកុបចាកចេញពីបៀរសេបា។ កូនរបស់លោកអ៊ីស្រាអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលព្រះចៅផារ៉ោនបានបញ្ជូនឲ្យមកទទួលនោះ។ ៦ គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ លោកយ៉ាកុបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។ ៧ លោកនាំកូនប្រុស ចៅប្រុស កូនស្រី ចៅស្រី គឺនាំពូជពង្សទាំងប៉ុន្មានរបស់លោក ទៅស្រុកអេស៊ីប។
៨ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្រាអែល ដែលធ្វើដំណើរទៅស្រុកអេស៊ីបមានលោកយ៉ាកុប និងកូនប្រុសរបស់លោក។ កូនច្បងរបស់លោកយ៉ាកុបគឺរូបេន។ ៩ កូនប្រុសរបស់លោករូបេនមាន ហេណុក ប៉ាល់លូ ហេតស្រូន និងការមី។ ១០ កូនប្រុសរបស់លោកស៊ីម៉ូនមាន យេមូអែល យ៉ាមីន អូហាដ យ៉ាគីន សូហារ និងសាអ៊ូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ ១១ កូនប្រុសរបស់លោកលេវីមាន គែរសូន គើហាត់ និងមេរ៉ារី។ ១២ កូនប្រុសរបស់លោកយូដាមាន អ៊ែរ អូណន សេឡា ពេរេស និងសេរ៉ា (អ៊ែរ និងអូណន បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេតស្រូន និងហាមូល។ ១៣ កូនប្រុសរបស់លោកអ៊ីសាកាមាន តូឡា ពូវ៉ាយ៉ុប និងស៊ីមរ៉ូន។ ១៤ កូនប្រុសរបស់លោកសាប៊ូឡូមាន សេរ៉េដ អេឡូន និងយ៉ាឡេអែល។ ១៥ លោកទាំងនោះជាកូន ដែលលោកស្រីលេអាបានបង្កើតជូនលោកយ៉ាកុប នៅស្រុកប៉ាដន-អារ៉ាម។ ក្រៅពីលោកទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លោកស្រីលេអាមានទាំងអស់សាមសិបបីនាក់។
១៦ កូនប្រុសរបស់លោកកាដមាន ស៊ីបយ៉ន ហាក់គី ស៊ូនី អេសបូន អេរី អរ៉ូឌី និងអរេអេលី។ ១៧ កូនរបស់លោកអស៊ែរមាន យីមម៉ា យីសវ៉ា យីសវី និងបេរីយ៉ា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរីយ៉ាមាន ហេប៊ែរ និងម៉ាលគីអែល។ ១៨ លោកទាំងនោះជាកូនរបស់នាងស៊ីលប៉ា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីលេអា។ នាងស៊ីលប៉ាបានបង្កើតកូនពីរនាក់នេះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ដប់ប្រាំមួយនាក់។
១៩ កូនប្រុសរបស់លោកស្រីរ៉ាខែល ជាភរិយាលោកយ៉ាកុប មានយ៉ូសែប និងបេនយ៉ាមីន។ ២០ នៅស្រុកអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលលោកស្រីអស្នាថ កូនស្រីលោកប៉ូទីភេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនលោក។ ២១ កូនប្រុសរបស់បេនយ៉ាមីនមាន បេឡា បេគែរ អាសបែល គេរ៉ា ណាអាម៉ាន អេហ៊ី រ៉ូស មូពីម ហូពីម និងអាដ។ ២២ លោកទាំងនោះជាកូនដែលលោកស្រីរ៉ាខែលបានបង្កើតជូនលោកយ៉ាកុប។ កូន និងចៅរបស់លោកស្រីរ៉ាខែល មានចំនួនទាំងអស់ដប់បួននាក់។ ២៣ កូនប្រុសរបស់លោកដាន់មាន ហ៊ូស៊ីម។ ២៤ កូនប្រុសរបស់លោកណែបថាលីមាន យ៉ាសេអែល គូនី យ៉េតស៊ែរ និងស៊ីលឡែម។ ២៥ លោកទាំងនេះជាកូនរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីរ៉ាខែល។ នាងបានបង្កើតកូនទាំងនោះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ប្រាំពីរនាក់។
២៦ ក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលមកស្រុកអេស៊ីបជាមួយលោក មានគ្នាទាំងអស់ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសាស្រីទេ។ ២៧ បើរាប់បញ្ចូលកូនទាំងពីររបស់លោកយ៉ូសែប ដែលកើតនៅស្រុកអេស៊ីបផង ចំនួនសរុបនៃក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលមករស់នៅក្នុងស្រុកអេស៊ីប មានទាំងអស់ចិតសិបនាក់។
លោកយ៉ាកុបនៅស្រុកអេស៊ីប
២៨ លោកយ៉ាកុបបានចាត់លោកយូដា ឲ្យទៅតំបន់កូសែនមុនលោក។ ពេលក្រុមគ្រួសាររបស់លោកយ៉ាកុបទៅដល់តំបន់កូសែន ២៩ លោកយ៉ូសែបបានទឹមរថរបស់លោក រួចឡើងទៅកូសែន ដើម្បីទទួលលោកអ៊ីស្រាអែលជាឪពុក។ ពេលទៅដល់ភ្លាម លោកឱបឪពុក ហើយយំយ៉ាងយូរ។ ៣០ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅកាន់លោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។ ៣១ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗ និងក្រុមគ្រួសារឪពុកលោកថា៖ «ខ្ញុំនឹងទៅទូលព្រះចៅផារ៉ោនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំ នៅស្រុកកាណាន បានមកជួបជុំនឹងទូលបង្គំហើយ។ ៣២ ពួកគេទាំងអស់គ្នាសុទ្ធតែជាគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។ ៣៣ កាលណាព្រះចៅផារ៉ោនកោះហៅបងៗទៅសួរថា “តើអ្នករាល់គ្នាមានមុខរបរអ្វី?” ៣៤ ត្រូវទូលស្តេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើទូលដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។
៤៧
១ លោកយ៉ូសែបទៅទូលព្រះចៅផារ៉ោនថា៖ «ឪពុក និងបងប្អូនរបស់ទូលបង្គំបានមកពីស្រុកកាណាន ទាំងនាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយផង ឥឡូវនេះ គេនៅតំបន់កូសែន»។ ២ លោកយ៉ូសែបបាននាំបងប្អូនរបស់លោកប្រាំនាក់ ចូលទៅគាល់ព្រះចៅផារ៉ោន ៣ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់បងប្អូនលោកយ៉ូសែបថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេទូលស្តេចថា៖ «ទូលបង្គំយើងខ្ញុំជាគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។ ៤ ពួកគេទូលស្តេចទៀតថា៖ «ទូលបង្គំយើងខ្ញុំបានមកជ្រកកោននៅស្រុកនេះ ព្រោះនៅស្រុកកាណានកើតទុរ្ភិក្សខ្លាំងណាស់ ពុំមានស្មៅសម្រាប់ហ្វូងចៀមរបស់ទូលបង្គំយើងខ្ញុំឡើយ។ ហេតុនេះ សូមព្រះអង្គមេត្តាប្រោសឲ្យទូលបង្គំយើងខ្ញុំ រស់នៅក្នុងតំបន់កូសែនផង»។ ៥ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។ ៦ លោកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំលោកចាត់ចែងឲ្យឪពុក និងបងប្អូនលោក តាំងទីលំនៅលើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំឲ្យពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើលោកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេឲ្យមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។
៧ លោកយ៉ូសែបនាំលោកយ៉ាកុប ជាឪពុក មកគាល់ព្រះចៅផារ៉ោនដែរ។ លោកយ៉ាកុបបានថ្វាយពរដល់ព្រះរាជា។ ៨ ព្រះចៅផារ៉ោនសួរលោកយ៉ាកុបថា៖ «តើលោកតាអាយុប៉ុន្មានហើយ?»។ ៩ លោកយ៉ាកុបទូលព្រះរាជាវិញថា៖ «ទូលបង្គំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុទូលបង្គំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺទូលបង្គំរស់មិនបានយូរដូចបុព្វបុរសរបស់ទូលបង្គំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។ ១០ លោកយ៉ាកុបថ្វាយពរព្រះចៅផារ៉ោនសាជាថ្មី រួចចាកចេញពីព្រះរាជាទៅ។
១១ លោកយ៉ូសែបបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបឲ្យឪពុក និងបងប្អូនរបស់លោកតាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមរាជបញ្ជារបស់ព្រះចៅផារ៉ោន។ ១២ លោកយ៉ូសែបបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់លោក ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
លោកយ៉ូសែបគ្រប់គ្រងស្រុកអេស៊ីបក្នុងពេលទុរ្ភិក្ស
១៣ ទុរ្ភិក្សកើតមានកាន់តែខ្លាំង ធ្វើឲ្យគ្មានស្បៀងអាហារបរិភោគ ក្នុងស្រុកទាំងមូល។ ស្រុកកាណាន និងស្រុកអេស៊ីបត្រូវហិនហោច ព្រោះតែទុរ្ភិក្សនេះ។ ១៤ លោកយ៉ូសែបបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះចៅផារ៉ោន។ ១៥ ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបលោកយ៉ូសែប ពោលថា៖ «សូមផ្តល់ស្បៀងអាហារឲ្យយើងខ្ញុំផង! មិនត្រូវឲ្យយើងស្លាប់នៅមុខលោក ព្រោះតែគ្មានប្រាក់នោះឡើយ!»។ ១៦ លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកឲ្យខ្ញុំ ខ្ញុំនឹងផ្តល់ស្បៀងអាហារឲ្យអ្នករាល់គ្នាបរិភោគ»។ ១៧ គេនាំហ្វូងសត្វមកជូនលោកយ៉ូសែប លោកយ៉ូសែបក៏ផ្តល់ស្បៀងអាហារឲ្យគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលាផង។ ដូច្នេះ នៅឆ្នាំនោះ លោកបានផ្តល់ស្បៀងអាហារឲ្យគេ ហើយយកហ្វូងសត្វទាំងអស់របស់គេជាថ្នូរ។
១៨ លុះឆ្នាំនោះកន្លងផុតទៅ នៅឆ្នាំបន្ទាប់ ពួកគេមករកលោកម្តងទៀត ពោលថា៖ «យើងខ្ញុំសូមជម្រាបលោកម្ចាស់តាមត្រង់ថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏យើងខ្ញុំបានយកមកជូនលោកម្ចាស់អស់ដែរ យើងខ្ញុំគ្មានសល់អ្វីក្រៅពីខ្លួនប្រាណ និងដីធ្លី ជូនលោកម្ចាស់ប៉ុណ្ណោះ។ ១៩ មិនត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកម្ចាស់ឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមលោកម្ចាស់ទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ព្រះចៅផារ៉ោន ហើយដីធ្លីរបស់យើងខ្ញុំក៏ទៅជាកម្មសិទ្ធិរបស់ស្តេចដែរ។ សូមលោកម្ចាស់ផ្តល់ពូជស្រូវឲ្យយើងខ្ញុំសាបព្រោះ ដើម្បីឲ្យយើងខ្ញុំបានរួចជីវិតផុតពីសេចក្តីស្លាប់ កុំឲ្យដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។ ២០ លោកយ៉ូសែបបានទិញដីទាំងអស់នៅស្រុកអេស៊ីប ថ្វាយព្រះចៅផារ៉ោន ដ្បិតជនជាតិអេស៊ីបនាំគ្នាលក់ដីរបស់គេរៀងៗខ្លួន ព្រោះតែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗដូច្នេះ ស្រុកទាំងមូលក៏បានទៅជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។ ២១ លោកយ៉ូសែបបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀត ក្នុងស្រុកអេស៊ីប។ ២២ រីឯពួកបូជាចារ្យវិញ លោកយ៉ូសែបពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះព្រះចៅផារ៉ោនមានចេញព្រះរាជក្រឹត្យមួយ ការពារពួកបូជាចារ្យទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្តេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។ ២៣ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ថ្វាយព្រះចៅផារ៉ោនហើយ។ ខ្ញុំនឹងផ្តល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។ ២៤ លុះដល់ពេលប្រមូលភោគផល អ្នករាល់គ្នាត្រូវយកមួយភាគប្រាំទៅថ្វាយព្រះចៅផារ៉ោន ហើយអ្នករាល់គ្នាទុកបួនភាគប្រាំទៀតសម្រាប់ធ្វើពូជ និងសម្រាប់អ្នករាល់គ្នា ព្រមទាំងកូនចៅ និងអស់អ្នកដែលនៅជាមួយបរិភោគ»។ ២៥ ប្រជាជននាំគ្នាពោលថា៖ «លោកម្ចាស់បានសង្គ្រោះអាយុជីវិតយើងខ្ញុំ! សូមលោកម្ចាស់យល់អធ្យាស្រ័យដល់យើងខ្ញុំផង យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់ព្រះចៅផារ៉ោនហើយ»។ ២៦ លោកយ៉ូសែបបានចេញក្រឹត្យមួយ ដែលគេរក្សាទុករហូតមកទល់សព្វថ្ងៃ គឺត្រូវយកភោគផលពីដីស្រុកអេស៊ីបមួយភាគប្រាំ មកថ្វាយព្រះចៅផារ៉ោន មានតែដីរបស់បូជាចារ្យប៉ុណ្ណោះ ដែលមិនមែនជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។
បណ្តាំចុងក្រោយរបស់លោកយ៉ាកុប
២៧ ជនជាតិអ៊ីស្រាអែលរស់នៅស្រុកអេស៊ីប ក្នុងតំបន់កូសែន។ គេបានដីនោះជាកម្មសិទ្ធិ ហើយបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន។ ២៨ លោកយ៉ាកុបរស់នៅស្រុកអេស៊ីប អស់រយៈពេលដប់ប្រាំពីរឆ្នាំ។ លោករស់បានទាំងអស់មួយរយសែសិបប្រាំពីរឆ្នាំ។ ២៩ ពេលលោកអ៊ីស្រាអែលជិតទទួលមរណភាព លោកបានហៅលោកយ៉ូសែបជាកូនមកផ្តាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសម្ដែងចិត្តសប្បុរស និងស្មោះត្រង់ចំពោះពុក ដូចតទៅនេះ គឺមិនត្រូវបញ្ចុះសពពុកនៅស្រុកអេស៊ីបឡើយ!។ ៣០ ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។ ៣១ លោកយ៉ាកុបពោលទៀតថា៖ «ចូរកូនស្បថឲ្យពុកមក» លោកយ៉ូសែបក៏ស្បថជូន។ បន្ទាប់មក លោកអ៊ីស្រាអែលក្រាបនៅក្បាលដំណេករបស់លោក។
៤៨
លោកយ៉ាកុបឲ្យពរកូនរបស់លោកយ៉ូសែប
១ ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។ ២ គេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបជាកូនមករកជួបលោក»។ លោកអ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។ ៣ លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត ដែលយាងមកឲ្យពុកឃើញ នៅលូស ក្នុងស្រុកកាណាន បានប្រទានពរពុក។ ៤ ព្រះអង្គមានព្រះបន្ទូលមកពុកថា “យើងនឹងធ្វើឲ្យអ្នកមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិដ៏ច្រើន។ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក ទុកជាកម្មសិទ្ធិរហូតតទៅ”។ ៥ ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម៉ូនដែរ។ ៦ ចំពោះកូនឯទៀតៗដែលកូនបានបង្កើតមកតាមក្រោយ ទើបរាប់ថាជាកូនរបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះនឹងទទួលកេរមត៌ក តាមរយៈអេប្រាអ៊ីម និងម៉ាណាសេ។ ៧ ពេលពុកត្រឡប់មកពីស្រុកប៉ាដនវិញ រ៉ាខែល ម្តាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្តាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេហិម»។
៨ លោកអ៊ីស្រាអែលសម្លឹងមើលកូនប្រុសរបស់លោកយ៉ូសែប ហើយសួរថា៖ «អ្នកទាំងពីរជានរណា?»។ ៩ លោកយ៉ូសែបឆ្លើយថា៖ «នេះជាកូនៗដែលព្រះជាម្ចាស់ប្រទានមកកូន នៅស្រុកនេះ»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូននាំវាចូលមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។ ១០ ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលចុះអន់ថយ ព្រោះលោកចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ លោកយ៉ូសែបនាំកូនចូលទៅជិតឪពុក លោកអ៊ីស្រាអែលក៏ឱបថើបចៅ។ ១១ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថានឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។ ១២ លោកយ៉ូសែបបានយកកូនៗចេញពីភ្លៅឪពុក រួចលោកក្រាបចុះ ឱនមុខដល់ដី។ ១៣ បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចូលមកជិតឪពុក លោកកាន់អេប្រាអ៊ីមនៅដៃស្តាំ គឺឲ្យនៅខាងឆ្វេងលោកអ៊ីស្រាអែល និងកាន់ម៉ាណាសេនៅដៃឆ្វេង គឺនៅខាងស្តាំលោកអ៊ីស្រាអែល។ ១៤ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកដាក់ដៃស្តាំលើក្បាលអេប្រាអ៊ីមជាប្អូន និងដាក់ដៃឆ្វេងលើក្បាលម៉ាណាសេជាកូនច្បង ១៥ រួចលោកឲ្យពរលោកយ៉ូសែបថា៖
«សូមព្រះជាម្ចាស់ដែលលោកអប្រាហាំ
និងលោកអ៊ីសាកធ្លាប់គោរពបម្រើ
សូមព្រះជាម្ចាស់ដែលថែរក្សាពុក
តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃនេះ
១៦ សូមទេវទូត ដែលបានរំដោះពុកឲ្យរួចផុត
ពីគ្រោះថ្នាក់គ្រប់យ៉ាង
ប្រទានពរកូនប្រុសទាំងពីរ!
សូមឲ្យគេរំឭកឈ្មោះពុក
ឈ្មោះរបស់លោកអប្រាហាំជាជីតា
និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក
តាមរយៈកូនទាំងពីរ។
សូមឲ្យកូនទាំងពីរមានកូនចៅជាច្រើនអនេក
នៅក្នុងស្រុកនេះ!»។
១៧ លោកយ៉ូសែបឃើញឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអ៊ីមដូច្នេះ លោកមិនពេញចិត្តទេ។ លោកទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។ ១៨ លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្តាំលើក្បាលវាឯណេះវិញ»។ ១៩ ប៉ុន្តែ ឪពុកលោកប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថាម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងទៅបានជាប្រជាជាតិដ៏ធំ»។ ២០ នៅថ្ងៃនោះ លោកអ៊ីស្រាអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រាអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមព្រះជាម្ចាស់ប្រោសប្រទានឲ្យអ្នកបានចម្រុងចម្រើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ លោកអ៊ីស្រាអែលហៅឈ្មោះអេប្រាអ៊ីមមុនម៉ាណាសេ។ ២១ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ ព្រះជាម្ចាស់គង់នៅជាមួយកូនៗទាំងអស់គ្នា ព្រះអង្គក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។ ២២ ពុកឲ្យតំបន់ស៊ីគែមដល់កូន គឺមួយចំណែកលើសបងប្អូនរបស់កូន ជាដីដែលពុកបានរឹបយកពីជនជាតិអាម៉ូរី ដោយដាវ និងធ្នូរបស់ពុកផ្ទាល់»។
៤៩
លោកយ៉ាកុបឲ្យពរកូនៗទាំងដប់ពីរនាក់
១ លោកយ៉ាកុបហៅកូនៗឲ្យមកជុំគ្នា ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ពុកនឹងប្រាប់ឲ្យកូនៗដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានដល់កូនៗក្នុងពេលអនាគត។
២ កូនចៅរបស់យ៉ាកុបអើយ
ចូរមកជួបជុំគ្នា ហើយស្តាប់!
ចូរស្តាប់អ៊ីស្រាអែលជាឪពុក
៣ រូបេនជាកូនច្បងរបស់ពុក
កូនជាផលនៃកម្លាំងរបស់ពុក
ហើយពុកបានបង្កើតកូនមកមុនគេ
ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។
កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
៤ កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង
តែកូនមិនអាចធ្វើជាមេគេទេ
ព្រោះកូនបានបង្អាប់កិត្តិយសពុក
ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។
៥ ស៊ីម៉ូន និងលេវីជាបងប្អូននឹងគ្នា
គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ
៦ ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិត
របស់គេទេ។
ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ
ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស
ហើយពេលចង់សប្បាយ
គេកាត់ជើងគោលេង។
៧ ពុកដាក់បណ្ដាសាកំហឹងរបស់គេ
ព្រោះកំហឹងនេះកាចសាហាវណាស់
ហើយពេលគេក្ដៅក្រហាយ
គេគ្មានចិត្តត្រាប្រណីទាល់តែសោះ!
ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកុប
ពុកនឹងកម្ចាត់កម្ចាយគេក្នុងស្រុកអ៊ីស្រាអែល។
៨ យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង
កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន
បងប្អូនបង្កើតរបស់កូននឹងក្រាបថ្វាយបង្គំកូន។
៩ យូដាកូនអើយ កូនប្រៀបបាននឹងសត្វ
សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី
ពេលសិង្ហស្ទាវនេះក្រាបក្តី ដេកក្តី
វាមានប្ញទ្ធិដូចសិង្ហឈ្មោល និងសិង្ហញី
គ្មាននរណាហ៊ានដាស់ទេ។
១០ ព្រះខ័នរាជ្យនឹងមិនចាកចេញពីយូដាឡើយ
ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច
រហូតទាល់តែព្រះមហាក្សត្រ
ដែលជាម្ចាស់នៃព្រះខ័នរាជ្យនេះយាងមកដល់
ហើយប្រជារាស្ត្រនានាត្រូវតែចុះចូល
នឹងព្រះអង្គ។
១១ ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹង
ដើមទំពាំងបាយជូរ
ហើយចងកូនលាជាប់នឹងមែកវា។
ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គ
ក្នុងស្រាទំពាំងបាយជូរ
ហើយលាងព្រះភូសារបស់ព្រះអង្គ
ក្នុងទឹកទំពាំងបាយជូរ។
១២ ព្រះនេត្ររបស់ព្រះអង្គក្រហម
ជាងស្រាទំពាំងបាយជូរ
ហើយព្រះទន្តរបស់ព្រះអង្គ
សជាងទឹកដោះគោទៅទៀត។
១៣ សាប៊ូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ
ព្រមទាំងនាវាចតនៅតាមកំពង់ផែ
ព្រំប្រទល់របស់សាប៊ូឡូន
លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។
១៤ អ៊ីសាកាប្រៀបដូចជាសត្វលាដ៏មាំ
ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។
១៥ អ៊ីសាកាយល់ឃើញថា
កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ
ហើយស្រុកនោះក៏ស្រួលរស់នៅផង
ដូច្នេះ អ៊ីសាកាក៏ឱនខ្លួនឲ្យគេដាក់កែប
ផ្ទុករបស់របរពីលើ
និងឲ្យគេប្រើដូចទាសករផង។
១៦ ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន
ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល
១៧ ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ
ដូចពស់វែកនៅតាមផ្លូវលំ
ដែលចាំតែចឹកកែងជើងសេះ បណ្តាលឲ្យ
អ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
១៨ ឱព្រះអម្ចាស់អើយ
ទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ!
១៩ កាដត្រូវកងទ័ពមួយមកវាយសម្រុក
តែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។
២០ អស៊ែរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេស
កូននឹងធ្វើព្រះស្ងោយថ្វាយព្រះមហាក្សត្រ។
២១ ណែបថាលីប្រៀបបាននឹងសត្វក្តាន់ញី
ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។
២២ យ៉ូសែបប្រៀបបាននឹងពន្លក
លូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹក
មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។
២៣ ខ្មាំងសត្រូវនាំគ្នារករឿងយ៉ូសែប
គេបាញ់ព្រួញមកលើយ៉ូសែប
២៤ ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង
យ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។
សូមប្ញទ្ធានុភាពនៃព្រះរបស់យ៉ាកុប
ដែលគ្មាននរណាអាចយកជ័យជម្នះបាន
សូមព្រះអង្គដែលជាគង្វាល
និងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល
២៥ សូមព្រះរបស់ពុកជួយទំនុកបម្រុងកូន
សូមព្រះដ៏មានប្ញទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ប្រទានពរកូន
គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ
ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ
ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។
២៦ សូមឲ្យពរដែលពុកផ្តល់ដល់កូននេះ
បានប្រសើរលើសពរដូនតារបស់ពុក
និងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិតស្ថេរ
អស់កល្បជានិច្ចទៅទៀត។
សូមឲ្យពរទាំងនេះធ្លាក់មកលើយ៉ូសែប
គឺធ្លាក់មកលើសក់របស់យ៉ូសែប ដែលព្រះអង្គ
បានញែកចេញពីចំណោមបងប្អូនរបស់ខ្លួន
ដើម្បីឲ្យបម្រើព្រះអង្គ។
២៧ បេនយ៉ាមីនប្រៀបបាននឹងចចកដ៏សាហាវ
ដែលសម្លាប់សត្វហែកស៊ីនៅពេលព្រឹក
និងយករំពាមកចែកគ្នានៅពេលល្ងាច»។
២៨ លោកទាំងនោះជាកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ាកុបបានផ្តែផ្តាំដូច្នេះ នៅពេលលោកឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។
លោកយ៉ាកុបទទួលមរណភាព
២៩ បន្ទាប់មក លោកយ៉ាកុបផ្តែផ្តាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួបជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងគុហា ដែលនៅក្នុងចម្ការរបស់លោកអេប្រូន ជាជនជាតិហេត ៣០ គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ ៣១ នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបេកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។ ៣២ លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។
៣៣ លោកយ៉ាកុបបានផ្តែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកលើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់លោក។
៥០
ពិធីបញ្ចុះសពរបស់លោកយ៉ាកុប
១ លោកយ៉ូសែបឱបឪពុក ហើយយំសម្រក់ទឹកភ្នែកលើមុខឪពុក ព្រមទាំងថើបលោកទៀតផង។ ២ បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើលោក អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពលោកអ៊ីស្រាអែល។ ៣ គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខលោកយ៉ាកុប អស់រយៈពេលចិតសិបថ្ងៃ។
៤ លុះផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅទូលថ្វាយព្រះករុណាដូចតទៅនេះ: ៥ ឪពុកទូលបង្គំបានសុំឲ្យទូលបង្គំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់ កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ទូលបង្គំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយទូលបង្គំវិលត្រឡប់មកវិញ»។
៦ ព្រះចៅផារ៉ោនមានរាជឱង្ការតបមកវិញថា៖ «សុំលោកអញ្ជើញទៅបញ្ចុះសពឪពុករបស់លោក ដូចលោកបានស្បថជាមួយគាត់ចុះ»។ ៧ លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោន ក្រុមព្រឹទ្ធាចារ្យនៃរាជវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។ ៨ ក្រុមគ្រួសាររបស់លោកយ៉ូសែបទាំងមូល បងប្អូន និងញាតិសន្តានឪពុករបស់លោកទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។ ៩ មានរទេះ មានទ័ពសេះ ធ្វើដំណើរទៅជាមួយលោកយ៉ូសែបដែរ ធ្វើឲ្យក្បួនដង្ហែសពនោះអធិកអធមក្រៃលែង។
១០ លុះមកដល់កន្លែងមួយឈ្មោះកូរ៉ែន-អាតាដ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំឭកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។ ១១ ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅកូរ៉ែន-អាតាដដូច្នេះ ក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីតស្រាអ៊ីម”។ ១២ កូនៗរបស់លោកយ៉ាកុបនាំគ្នាធ្វើតាមបណ្តាំរបស់ឪពុក ១៣ គឺគេបានយកសពលោកទៅស្រុកកាណាន រួចបញ្ចុះក្នុងគុហានៅចម្ការម៉ាកពេឡា ជាចម្ការដែលលោកអប្រាហាំបានទិញពីលោកអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសព នៅជិតម៉ាមរ៉េ។ ១៤ ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកលោក។
លោកយ៉ូសែបលើកទឹកចិត្តបងៗកុំឲ្យបារម្ភ
១៥ កាលបងៗរបស់លោកយ៉ូសែបឃើញឪពុករបស់គេទទួលមរណភាពហើយ គេនិយាយគ្នាថា៖ «យ៉ូសែបប្រហែលជាស្អប់យើង ព្រមទាំងសងសឹកនឹងអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តចំពោះគេហើយមើលទៅ!»។ ១៦ ដូច្នេះ បងប្អូនបានឲ្យគេជម្រាបលោកយ៉ូសែបដូចតទៅ៖ «មុននឹងទទួលមរណភាព ឪពុកយើងបានផ្តាំថា: ១៧ ចូរកូនៗប្រាប់យ៉ូសែបថា “កូនអើយ ចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន” តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលពុកគោរពនោះផងទៅ!»។ លោកយ៉ូសែបឮដូច្នេះ លោកក៏យំ។ ១៨ បងៗរបស់លោកនាំគ្នាមកជួបលោកផ្ទាល់ ពួកគេក្រាបនៅទៀបជើងលោក ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់លោកប្អូន»។ ១៩ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសព្រះជាម្ចាស់ទេ! ២០ បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែព្រះជាម្ចាស់បានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។ ២១ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅរបស់បងៗ»។ លោកយ៉ូសែបបានលើកទឹកចិត្តបងៗ ដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។
លោកយ៉ូសែបទទួលមរណភាព
២២ លោកយ៉ូសែប និងក្រុមគ្រួសារឪពុករបស់លោកបានរស់នៅក្នុងស្រុកអេស៊ីប លោករស់បានមួយរយដប់ឆ្នាំ។ ២៣ លោកយ៉ូសែបបានឃើញកូនចៅរបស់អេប្រាអ៊ីមរហូតដល់ទៅបីតំណ ហើយលោកក៏បានឃើញកូនរបស់ម៉ាកៀរ ជាកូនរបស់ម៉ាណាសេ ដែលលោកបានបីដាក់លើភ្លៅផងដែរ។ ២៤ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គសន្យាថានឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។ ២៥ បន្ទាប់មក លោកយ៉ូសែបឲ្យកូនចៅលោកអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះជាម្ចាស់យាងមកជួយអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកធាតុរបស់ខ្ញុំពីទីនេះទៅជាមួយផង»។
២៦ លោកយ៉ូសែបក៏ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ គេបានអប់សពលោក ហើយដាក់ក្នុងក្តារមឈូសមួយនៅស្រុកអេស៊ីប។
1,953 Views