សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅស្រុកកាឡាទី
ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅស្រុកកាឡាទី
ពាក្យលំនាំ
ស្រុកកាឡាទី: សព្វថ្ងៃនៅប៉ែកខាងជើងប្រទេសទួរគី។
គ្រីស្តទូតប៉ូលបានផ្សាយដំណឹងល្អនៅស្រុកកាឡាទី នៅចន្លោះ គ.ស.៤៩-៥០ (កិច្ចការ ១៦.៦ និង១៨.២៣)។ ប្រជាជនស្រុកនោះពុំដែលបានស្គាល់គម្ពីរវិន័យរបស់លោកម៉ូសេទេ តែពួកគេបានទទួលដំណឹងល្អ និងថ្វាយខ្លួនចំពោះព្រះគ្រីស្តដោយចិត្តស្មោះ។ ពេលលោកប៉ូលចាកចេញពីពួកគេ មានជនជាតិយូដាខ្លះបានមកញុះញង់បញ្ចុះបញ្ចូលពួកគេឲ្យគោរពតាមប្រពៃណីសាសនាយូដា គឺឲ្យប្រព្រឹត្តតាមគម្ពីរវិន័យលោកម៉ូសេ មានធ្វើពិធីកាត់ស្បែកជាដើម។ លោកប៉ូលបានទទួលដំណឹងនេះនៅពេលលោកស្នាក់នៅក្រុងអេភេសូ ក្នុងគ.ស.៥៦-៥៧។ លោកក៏សរសេរលិខិតមួយច្បាប់ទៅប្រៀនប្រដៅអស់អ្នក ដែលវង្វេងតាមជនជាតិយូដានោះ ឲ្យវិលត្រឡប់មករកជំនឿត្រឹមត្រូវវិញ។
គោលសំខាន់ៗ:
ក្នុងលិខិតនេះ លោកប៉ូលសរសេរដោយប្រើពាក្យធ្ងន់ៗបន្ដិច ដើម្បីរំឭកគ្រីស្តបរិស័ទអំពីគោលសំខាន់នៃដំណឹងល្អរបស់ព្រះគ្រីស្ត។ តាមដំណឹងល្អនេះ ព្រះជាម្ចាស់សង្គ្រោះអ្នកជឿ មកពីគេពឹងផ្អែកលើព្រះគ្រីស្ត គឺពុំមែនពឹងផ្អែកលើពិធីផ្សេងៗរបស់សាសនាអ៊ីស្រាអែល ឬលើបុណ្យកុសលនោះឡើយ។ គម្ពីរវិន័យរបស់លោកម៉ូសេមានប្រយោជន៍ គ្រាន់តែសម្រាប់អប់រំជនជាតិអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើល្អប៉ុណ្ណោះ តែពុំអាចសង្គ្រោះមនុស្សទេ គឺមនុស្សយើងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះយេស៊ូគ្រីស្តដែលបានស្រឡាញ់យើង និងបានបូជាព្រះជន្មសម្រាប់យើង(២.២០)។ ដំណឹងល្អរបស់ព្រះគ្រីស្តផ្ដល់សេរីភាពដ៏ពេញលេញដល់គ្រីស្តបរិស័ទ តែគ្រីស្តបរិស័ទត្រូវតែរស់ឲ្យស្របតាមការណែនាំរបស់ព្រះវិញ្ញាណ មិនត្រូវរស់តាមគំនិតលោកីយ៍ឡើយ។
គម្រោងគម្ពីរកាឡាទី:
• សេចក្ដីផ្ដើម ១.១-១០
• សិទ្ធិរបស់លោកប៉ូលជាគ្រីស្តទូត ១.១១‑២.២១
• ដំណឹងល្អស្ដីអំពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ៣.១‑៤.៣១
• សេរីភាព និងភារកិច្ចរបស់គ្រីស្តបរិស័ទ ៥.១‑៦.១០
• អវសានកថា ៦.១១-១៨
១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ជាគ្រីស្តទូត* ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយព្រះយេស៊ូគ្រីស្ត និងព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ ២ ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកព្រះសហគមន៍ទាំងឡាយនៅស្រុកកាឡាទី។ ៣ សូមព្រះជាម្ចាស់ ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រីស្ត* ប្រណីសន្ដោស ហើយប្រទានសេចក្ដីសុខដល់បងប្អូន។ ៤ ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។ ៥ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
ដំណឹងល្អមានតែមួយគត់
៦ ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះគ្រីស្ត ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត ៧ តាមពិត គ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើឲ្យកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រីស្តប៉ុណ្ណោះ។ ៨ ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្តី ឬទេវទូត*ណាមួយពីស្ថានបរមសុខ*ក្តី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ! ៩ ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ!។
១០ ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្តឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្តនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់ព្រះគ្រីស្តទៀតហើយ!។
អំពីព្រះយេស៊ូនាំលោកប៉ូលឲ្យស្គាល់ព្រះអង្គ
១១ បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អ*ដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ ១២ រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រីស្ត*ឯណោះ ដែលបានសម្ដែងឲ្យខ្ញុំស្គាល់។
១៣ បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនព្រះសហគមន៍របស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចព្រះសហគមន៍នេះទៀតផង។ ១៤ ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
១៥ ប៉ុន្តែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ ១៦ នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្ដែងឲ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។ ១៧ ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាគ្រីស្តទូត*មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប៊ី រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
១៨ បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកកេផាស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។ ១៩ ប៉ុន្តែ ខ្ញុំពុំបានជួបនឹងគ្រីស្តទូត*ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាបងប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ ២០ សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។
២១ បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និងស្រុកស៊ីលីស៊ី ២២ តែព្រះសហគមន៍នានាដែលជឿព្រះគ្រីស្តនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។ ២៣ បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា “អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អអំពីជំនឿ ដែលគាត់ចង់កម្ទេចពីមុននោះទៅវិញ!”។ ២៤ គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។
២
លោកប៉ូល និងគ្រីស្តទូតឯទៀតៗនៅក្រុងយេរូសាឡឹម
១ ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀតជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ ២ ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។ ៣ រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្តី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីកាត់ស្បែក*ដែរ ៤ ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រីស្តយេស៊ូ ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករវិញ។ ៥ យើងពុំបានសុខចិត្តធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសម្រាប់បងប្អូន។ ៦ រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំឲ្យធ្វើអ្វីផ្សេងទៀតឡើយ។ ៧ ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចព្រះអង្គបានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដាឲ្យលោកសិលាដែរ ៨ ដ្បិតព្រះជាម្ចាស់ដែលប្រោសប្រទានឲ្យលោកសិលាអាចបំពេញមុខងារជាគ្រីស្តទូត*សម្រាប់សាសន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានឲ្យខ្ញុំអាចបំពេញមុខងារជាគ្រីស្តទូត សម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។ ៩ កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ព្រះសហគមន៍ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។ ១០ ពួកលោកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។
ការខ្វែងគំនិតគ្នារវាងលោកប៉ូល និងលោកសិលា
១១ ប៉ុន្តែ នៅពេលដែលលោកសិលាបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ ១២ លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកសិលាតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។ ១៣ បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។ ១៤ ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកសិលានៅមុខគេឯងទាំងអស់គ្នាថាៈ “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។
១៥ រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ ១៦ យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឲ្យសុចរិត ដោយការប្រព្រឹត្តតាមវិន័យទេ គឺសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រីស្តវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះគ្រីស្តយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត តាមរយៈជំនឿរបស់ព្រះគ្រីស្ត គឺមិនមែនដោយបានប្រព្រឹត្តតាមវិន័យនោះទេ ព្រោះគ្មាននរណាម្នាក់សុចរិតដោយប្រព្រឹត្តតាមវិន័យឡើយ។ ១៧ ប៉ុន្តែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រីស្ត ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រីស្តនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ! ១៨ ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះ បានសេចក្ដីថា ខ្ញុំទទួលសារភាពថា ខ្ញុំប្រព្រឹត្តបំពានលើវិន័យ។ ១៩ ដោយសារវិន័យ ខ្ញុំបានរួចពីអំណាចរបស់វិន័យ ដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រីស្ត ២០ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់ គឺព្រះគ្រីស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។ ២១ ខ្ញុំមិនលុបបំបាត់ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារវិន័យនោះ បានសេចក្ដីថា ព្រះគ្រីស្តសោយទិវង្គតឥតបានការអ្វីទេ!។
៣
ជំនឿ និងវិន័យ
១ ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងីល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីព្រះយេស៊ូគ្រីស្ត ដែលត្រូវគេឆ្កាងនោះយ៉ាងច្បាស់លាស់ហើយទេតើ! ២ ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលព្រះវិញ្ញាណមកពីបានប្រព្រឹត្តតាមវិន័យ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? ៣ ម្ដេចក៏បងប្អូនល្ងីល្ងើម៉្លេះ! បងប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយព្រះវិញ្ញាណ តែឥឡូវនេះ ម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ? ៤ បងប្អូនមានការពិសោធយ៉ាងច្រើននោះ តើអសារឥតការឬ? ទេ មិនមែនឥតបានការឡើយ! ៥ ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណមកបងប្អូន និងបញ្ចេញសកម្មភាព ដោយសម្ដែងបាដិហារិយ៍ផ្សេងៗក្នុងចំណោមបងប្អូននោះ តើព្រះអង្គធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្តតាមវិន័យ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់? ៦ លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ។ ៧ ដូច្នេះ សូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះហើយជាកូនចៅរបស់លោកអប្រាហាំ។ ៨ ក្នុងគម្ពីរមានគ្រោងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃឲ្យសុចរិត ដោយសារជំនឿ ហើយលោកអប្រាហាំបានទទួលដំណឹងល្អនេះជាមុនថា«ជាតិសាសន៍ទាំងអស់ នឹងទទួលពរ ដោយសារអ្នក»។ ៩ ហេតុនេះ អស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាអ្នកមានជំនឿនោះដែរ។ ១០ រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។ ១១ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយសារវិន័យនោះឡើយ ដ្បិត«មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ»។ ១២ រីឯវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមានចែងថា «អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនេះ»។ ១៣ ដោយព្រះគ្រីស្តបានទទួលបណ្ដាសាសម្រាប់យើង ព្រះអង្គលោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីវិន័យ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។ ១៤ ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រីស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។
វិន័យ និងព្រះបន្ទូលសន្យា
១៥ បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជម្រាបថា ប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ ឬបន្ថែមបន្ថយអ្វីបានទេ។ ១៦ យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និងដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រីស្ត។ ១៧ ខ្ញុំនិយាយដូច្នេះ ចង់ពន្យល់ថា ព្រះជាម្ចាស់បានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវរួចស្រេចហើយ។ រីឯវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់ព្រះអង្គឡើយ បើពុំនោះទេ ព្រះបន្ទូលសន្យាមុខជាបាត់ខ្លឹមសារមិនខាន។ ១៨ ប្រសិនបើព្រះជាម្ចាស់ប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្តតាមវិន័យ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមព្រះបន្ទូលសន្យាទៀតឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់ប្រណីសន្ដោសលោកអប្រាហាំ ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ។
១៩ បើដូច្នោះ តើវិន័យមានប្រយោជន៍អ្វី? ព្រះជាម្ចាស់ប្រទានវិន័យមកតាមក្រោយ ដើម្បីបង្ហាញអំពើទុច្ចរិតរបស់មនុស្ស ហើយវិន័យនេះមានខ្លឹមសាររហូតដល់ពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យា យាងមកដល់។ ពួកទេវទូត*បាននាំយកវិន័យនេះមក តាមរយៈមនុស្សម្នាក់ ដែលជួយធ្វើអន្តរាគមន៍។ ២០ ប៉ុន្តែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្តរាគមន៍ឡើយ។ រីឯព្រះជាម្ចាស់វិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។
២១ ដូច្នេះ តើបានសេចក្ដីថា វិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើវិន័យដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារវិន័យមែន ២២ ក៏ប៉ុន្តែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រីស្ត។
២៣ មុនពេលជំនឿមកដល់ យើងជាប់ឃុំឃាំងក្រោមអំណាចរបស់វិន័យ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។ ២៤ ដូច្នេះ វិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រីស្ត ដើម្បីឲ្យយើងសុចរិតដោយសារជំនឿ។ ២៥ កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមវិន័យអ្វីដែលណែនាំយើងនោះទៀតទេ ២៦ ដ្បិតដោយសារជំនឿលើព្រះគ្រីស្តយេស៊ូ បងប្អូនសុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។ ២៧ បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក* ដើម្បីឲ្យបានរួមជាមួយព្រះគ្រីស្ត បងប្អូនក៏មានព្រះគ្រីស្តនៅជាប់ជាមួយដែរ។
២៨ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ត្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រីស្តយេស៊ូ។ ២៩ ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រីស្ត បងប្អូនជាពូជពង្សរបស់លោកអប្រាហាំ ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។
៤
១ ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ ២ ក៏កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ ៣ រីឯយើងវិញក៏ដូច្នោះដែរ កាលនៅក្មេងខ្ចីនៅឡើយ យើងធ្វើជាខ្ញុំបម្រើនៃអ្វីៗជាអរូប ដែលមានឥទ្ធិពលលើលោកីយ៍នេះ ៤ ប៉ុន្តែ លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី ហើយប្រសូតក្រោមអំណាចរបស់វិន័យផង ៥ ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ និងឲ្យយើងទទួលឋានៈជាបុត្រធីតារបស់ព្រះអង្គ។ ៦ បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា! ឱព្រះបិតា!»។ ៧ ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្រធីតារបស់ព្រះអង្គវិញ។ បើអ្នកជាបុត្រធីតាមែន អ្នកក៏ត្រូវទទួលមត៌កដែលព្រះជាម្ចាស់ប្រទានឲ្យនោះដែរ។
លោកប៉ូលព្រួយបារម្ភអំពីអ្នកស្រុកកាឡាទី
៨ កាលពីដើម បងប្អូនពុំស្គាល់ព្រះជាម្ចាស់ទេ ហើយក៏ធ្វើជាខ្ញុំបម្រើរបស់ព្រះនានា ដែលមិនមែនជាព្រះពិតប្រាកដ។ ៩ ប៉ុន្តែឥឡូវនេះ បងប្អូនស្គាល់ព្រះជាម្ចាស់ បើនិយាយឲ្យចំ ព្រះអង្គបានស្គាល់បងប្អូនហើយ ហេតុដូចម្ដេចបានជាបងប្អូនបែរជាវិលទៅចុះចូលនឹងអ្វីៗជាអរូប ដែលមានឥទ្ធិពលក្នុងលោកីយ៍ ហើយចង់បម្រើឥទ្ធិពលដ៏ទន់ខ្សោយ គ្មានបារមីទាំងនោះសាជាថ្មីវិញដូច្នេះ? ១០ បើបងប្អូនគោរពថ្ងៃខែ គោរពរដូវ និងគោរពឆ្នាំ។ ១១ ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់បងប្អូន ត្រឡប់ទៅជាឥតបានផលអ្វីសោះ។
១២ បងប្អូនអើយ ខ្ញុំអង្វរបងប្អូនថា សូមកាន់ចិត្តឲ្យបានដូចខ្ញុំ ដូចខ្ញុំបានកាន់ចិត្តដូចបងប្អូនដែរ។ បងប្អូនពុំបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ ១៣ បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានជំងឺ។ ១៤ ក៏ប៉ុន្តែ ទោះបីជំងឺរបស់ខ្ញុំបានបណ្ដាលឲ្យបងប្អូនលំបាកយ៉ាងណាក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ បងប្អូនបានទទួលខ្ញុំទុកដូចទទួលទេវទូត*របស់ព្រះជាម្ចាស់ ឬដូចទទួលព្រះគ្រីស្តយេស៊ូដែរ។ ១៥ តើអំណរសប្បាយដែលបងប្អូនធ្លាប់មានកាលពីមុននោះនៅឯណា? ដ្បិតខ្ញុំហ៊ានធ្វើជាសាក្សីថា នៅពេលនោះ សូម្បីតែភ្នែករបស់បងប្អូនក៏បងប្អូនសុខចិត្តខ្វេះឲ្យខ្ញុំដែរ ប្រសិនបើបងប្អូនអាចធ្វើបាន។ ១៦ ឥឡូវនេះ តើបងប្អូនចាត់ទុកខ្ញុំជាសត្រូវ មកពីខ្ញុំនិយាយសេចក្ដីពិតឬ?។
១៧ រីឯពួកគេវិញ គេយកចិត្តទុកដាក់នឹងបងប្អូនណាស់ តែក្នុងគោលបំណងមិនល្អទេ គេចង់បំបែកបងប្អូនចេញពីយើង ដើម្បីឲ្យបងប្អូនយកចិត្តទុកដាក់ចំពោះគេវិញតែប៉ុណ្ណោះ។ ១៨ ការយកចិត្តទុកដាក់ដោយមានគោលបំណងល្អគ្រប់ពេលវេលានោះ ត្រឹមត្រូវហើយ គឺមិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ។ ១៩ កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ត្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែព្រះគ្រីស្តបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។ ២០ ខ្ញុំចង់នៅជិតបងប្អូនឥឡូវនេះណាស់ ដើម្បីនិយាយជាមួយបងប្អូនផ្ទាល់ តាមរបៀបមួយផ្សេងទៀត ដ្បិតខ្ញុំទ័លគំនិត មិនដឹងជាត្រូវសរសេរយ៉ាងដូចម្ដេចមកបងប្អូនទេ។
សម្ពន្ធមេត្រីចាស់ និងសម្ពន្ធមេត្រីថ្មី
២១ បងប្អូនដែលជាអ្នកចង់ចុះចូលនឹងវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលវិន័យចែងទុកមកទេឬ? ២២ ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្ត្រីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្ត្រីអ្នកជា។ ២៣ ប៉ុន្តែ កូនរបស់ស្ត្រីអ្នកងារនោះ ជាកូនកើតមកតាមធម្មតា រីឯកូនរបស់ស្ត្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ២៤ យើងអាចចាត់ទុករឿងនេះជានិមិត្តរូបមួយដែរ ដ្បិតស្ត្រីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រី*ពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ ២៥ នាងហាការជាតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប៊ី ជានិមិត្តរូបនៃក្រុងយេរូសាឡឹមសព្វថ្ងៃនេះ ដ្បិតនាងហាការ និងកូនចៅរបស់នាង សុទ្ធតែជាអ្នកងារ។ ២៦ រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្ត្រីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ ២៧ ដ្បិតមានចែងទុកមកថាៈ
«នាងជាស្ត្រីអារ នាងជាស្ត្រីមិនបាន
បង្កើតកូនអើយ ចូរអរសប្បាយឡើង!
នាងពុំធ្លាប់ឈឺផ្ទៃអើយ
ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង!
ដ្បិតកូនរបស់ស្ត្រីដែលប្ដីបោះបង់ចោលនោះ
នឹងមានចំនួនច្រើនជាងកូនរបស់ស្ត្រី
ដែលមានប្ដីទៅទៀត»។
២៨ បងប្អូនអើយ បងប្អូនបានកើតមកតាមព្រះបន្ទូលសន្យាដូចលោកអ៊ីសាកដែរ។ ២៩ ប៉ុន្តែ ពីអតីតកាល កូនដែលកើតមកតាមធម្មតា បានធ្វើទុក្ខបៀតបៀនកូន ដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា នៅបច្ចុប្បន្នកាល ក៏នឹងមានយ៉ាងនោះដែរ។ ៣០ តើក្នុងគម្ពីរមានចែងទុកដូចម្ដេច? គឺមានចែងថាៈ «ចូរបណ្ដេញស្ត្រីអ្នកងារ និងកូនរបស់នាងចេញទៅ ដ្បិតកូនរបស់ស្ត្រីអ្នកងារពុំត្រូវទទួលមត៌ក រួមជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ»។ ៣១ ហេតុនេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីអ្នកងារទេ គឺជាកូនរបស់ស្ត្រីអ្នកជា។
៥
សេរីភាពរបស់គ្រីស្តបរិស័ទ
១ ព្រះគ្រីស្ត*បានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។
២ រីឯខ្ញុំ ប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីកាត់ស្បែក*នោះ ព្រះគ្រីស្តលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ។ ៣ ចំពោះអស់អ្នកដែលចង់ទទួលពិធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមវិន័យទាំងស្រុងផងទៅ។ ៤ ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយកាន់វិន័យ បងប្អូននោះបែកចេញពីព្រះគ្រីស្ត ហើយក៏ដាច់ចេញពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ដែរ។ ៥ រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងឲ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឲ្យបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។ ៦ ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រីស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ មិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
៧ បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារាំងបងប្អូនមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ? ៨ ការបញ្ចុះបញ្ចូលបែបនេះមិនមែនមានប្រភពមកពីព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនទេ។ ៩ «មេម្សៅតែបន្ដិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន»។ ១០ ចំពោះខ្ញុំ ព្រះអម្ចាស់ធ្វើឲ្យខ្ញុំទុកចិត្តបងប្អូនថា បងប្អូនមុខជាមិនបែកគំនិតទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើឲ្យបងប្អូនកើតវឹកវរនោះវិញ ទោះជានរណាក៏ដោយ គេត្រូវតែទទួលទោស។ ១១ បងប្អូនអើយ ចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីកាត់ស្បែកទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះ ដំណឹងល្អអំពីព្រះគ្រីស្តជាប់ឆ្កាងនឹងលែងធ្វើឲ្យគេរវាតចិត្ត ឃ្លាតចាកពីជំនឿទៀតហើយ។ ១២ អ្នកដែលនាំឲ្យបងប្អូនជ្រួលច្របល់បែបនេះ ត្រូវតែឲ្យគេក្រៀវខ្លួនឯងតែម្ដងទៅ។
ជីវិតខាងលោកីយ៍ និងជីវិតខាងព្រះវិញ្ញាណ
១៣ បងប្អូនអើយ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមានសេរីភាព ក៏ប៉ុន្តែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមរបៀបលោកីយ៍សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្តស្រឡាញ់ ១៤ ដ្បិតវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ១៥ បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្តរាយ ដោយសារតែគ្នាឯង។
១៦ ខ្ញុំសូមជម្រាបថា ចូររស់នៅឲ្យស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់លោកីយ៍ទៀតឡើយ ១៧ ដ្បិតបំណងលោភលន់របស់លោកីយ៍ តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងលោកីយ៍ដែរ។ លោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះឡើយ។ ១៨ ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់វិន័យទៀតហើយ។
១៩ យើងស្គាល់ច្បាស់នូវអំពើផ្សេងៗ ដែលកើតចេញមកពីលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប ២០ ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នា ប្រឆាំងគ្នា ប្រកាន់បក្សពួក ២១ ឈ្នានីសគ្នា ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឲ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។
២២ រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោស មេត្តា ជំនឿ ២៣ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះទេ។
២៤ អស់អ្នកដែលរួមជាមួយព្រះគ្រីស្តយេស៊ូបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់លោកីយ៍នោះចោលហើយ។ ២៥ ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ។
២៦ យើងមិនត្រូវអួតបំប៉ោង រករឿងគ្នាទៅវិញទៅមក និងឈ្នានីសគ្នានោះឡើយ។
៦
ការជួយធុរៈគ្នាទៅវិញទៅមក
១ បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បងប្អូនដែលមានព្រះវិញ្ញាណនៅក្នុងខ្លួនត្រូវកែតម្រង់អ្នកនោះ ដោយចិត្តស្លូតបូត។ ក៏ប៉ុន្តែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។ ២ ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមវិន័យរបស់ព្រះគ្រីស្ត*ទាំងស្រុង។ ៣ ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។ ៤ ម្នាក់ៗត្រូវពិនិត្យពិច័យមើលអំពើដែលខ្លួនប្រព្រឹត្ត ប្រសិនបើរកឃើញហេតុដែលធ្វើឲ្យខ្លួនឯងខ្ពស់មុខនោះ គឺរកឃើញតែនៅក្នុងខ្លួនឯងផ្ទាល់ មិនមែនដោយប្រៀបផ្ទឹមទៅនឹងអ្នកដទៃទេ ៥ ដ្បិតម្នាក់ៗទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ត។
៦ ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
៧ សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយព្រះជាម្ចាស់ទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។ ៨ អ្នកណាសាបព្រោះតាមលោកីយ៍ អ្នកនោះក៏នឹងច្រូតយកផល ដែលតែងតែរលួយមកពីលោកីយ៍ដែរ។ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ នឹងច្រូតយកផលជាជីវិតអស់កល្បជានិច្ច មកពីព្រះវិញ្ញាណ។ ៩ យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ដ្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់ យើងនឹងច្រូតបានផលជាមិនខាន។ ១០ ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
ពាក្យរំឭកដាស់តឿនចុងបញ្ចប់
១១ តួអក្សរធំៗដែលបងប្អូនឃើញនេះ គឺខ្ញុំបានសរសេរមកបងប្អូនដោយដៃខ្ញុំផ្ទាល់។
១២ អស់អ្នកដែលចង់បានកិត្តិយសខាងលោកីយ៍ បានបង្ខំបងប្អូនឲ្យកាត់ស្បែក* ក្នុងគោលបំណងកុំឲ្យមានគេបៀតបៀន ព្រោះតែឈើឆ្កាងរបស់ព្រះគ្រីស្តប៉ុណ្ណោះ។ ១៣ ចំពោះអ្នកដែលកាត់ស្បែកទាំងនោះ ខ្លួនគេផ្ទាល់ពុំកាន់តាមវិន័យទេ គឺគេចង់ឲ្យបងប្អូនកាត់ស្បែក ដើម្បីឲ្យគេអាចអួតខ្លួនថា គេបានកាត់ស្បែកឲ្យបងប្អូន។ ១៤ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ ១៥ការកាត់ស្បែក ឬមិនកាត់ស្បែក មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះ ទើបសំខាន់។ ១៦ សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត និងមេត្តាករុណាដល់អស់អ្នកដែលអនុវត្តតាមគោលគំនិតនេះ និងដល់ប្រជារាស្ដ្រអ៊ីស្រាអែលរបស់ព្រះអង្គ។
១៧ អំណើះតទៅ សូមកុំឲ្យនរណាម្នាក់ធ្វើឲ្យខ្ញុំពិបាកចិត្តទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូ នៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។
១៨ បងប្អូនអើយ សូមព្រះយេស៊ូគ្រីស្ត* ជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោសដល់វិញ្ញាណរបស់បងប្អូន។ អាម៉ែន។
850 Views